ជប៉ុនផ្តល់ថវិកា ១,៣លានដុល្លារបន្ថែម ដើម្បីគាំទ្រគម្រោង «ការឆ្លើយតបទៅនឹងតម្រូវការបន្ទាន់របស់ជនទេសន្តរប្រវេសន៍ និងជនភៀសសឹកដែលងាយរងគ្រោះដោយសារវិបត្តិព្រំដែនកម្ពុជា-ថៃ និងការកសាងភាពធន់នឹងវិបត្តិនាពេលអនាគត»
ជនជាតិចិន ១៦៤នាក់ពាក់ទៀត ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ដឹកនាំក្រុមការងារបរិច្ចាគឈាមស្ម័គ្រចិត្ត ដើម្បីរម្លឹកនូវព្រះរាជគុណូបការៈដ៏ថ្លៃថ្លា និងអបអរសាទរនាឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចយាយ
ឯកឧត្តម គន់ គីម អញ្ជើញដឹកនាំគណៈប្រតិភូចូលរួមមហាសន្និបាត តំណាងទូទាំងប្រទេសសមាគមអតីតយុទ្ធជនវៀតណាមលើកទី៨

ព័ត៌មានជាតិ

អ្នកនាំពាក្យ៖ ក្រសួងព័ត៌មានបានតាមដានយ៉ាងជាប់លាប់ និងត្រៀមខ្លួនផ្តល់ការគាំទ្រផ្នែកច្បាប់ លើ​ករណីពាក់ព័ន្ធនឹងអ្នកសារព័ត៌មាននៅខេត្តបន្ទាយមានជ័យ

2026/02/13 11:47:46 am        186
អ្នកនាំពាក្យក្រសួងព័ត៌មានបានឱ្យដឹងនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ នេះថា ក្រសួង​ព័ត៌មាន​បាន​តាម​ដានយ៉ាងជាប់លាប់លើករណីពាក់ព័ន្ធនឹងអ្នកសារព័ត៌មាននៅខេត្តបន្ទាយមានជ័យ ហើយ​បាន​សហការជាមួយអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីទទួលព័ត៌មានបន្ថែមជុំវិញករណី ដែល​បាន​កើតឡើងនេះពាក់ព័ន្ធនឹងអ្នកសារព័ត៌មាន។ ជាមួយគ្នានេះ គេចាំបាច់ត្រូវពិនិត្យ ស្វែង​យល់​បន្ថែម​អំពីអង្គហេតុ និងអង្គច្បាប់ពាក់ព័ន្ធនឹងករណីមួយនេះផងដែរ។សូមបញ្ជាក់ថា លោក ហែម វណ្ណា ជាចាងហ្វាងកាសែត HVNN TV Online ត្រូវបាន​អាជ្ញាធរ​ខេត្ត​បន្ទា​យ​មានជ័យ ចាប់ខ្លួនកាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ និង​បទ​ស្តាប់ឮ និងថតពាក្យសម្ងាត់ឯកជន។ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មាន បានមាន​ប្រសាសន៍​ថា​ក្រសួង​ព័ត៌មានត្រៀមខ្លួនក្នុងការផ្តល់ការគាំទ្រផ្នែកច្បាប់ ដោយអាចពិនិត្យ​សំណើ​មក​ក្រសួង​ដើម្បី​ក្រសួង​ចូលរួមផ្តល់ការគាំទ្រផ្នែកច្បាប់លើសំណុំរឿង អាចរាប់ទាំងការ​គាំទ្រ​ក្នុង​ដំណើរ​ការ​នីតិ​វិធី​តុលាការ។ ឯកឧត្តមអ្នកនាំពាក្យបានបន្តថា ការពិនិត្យសំណើ ក្រសួងនឹង​ពិនិត្យ​មើល​លើ​លក្ខ​ខណ្ឌ ​ទាំងការអនុវត្តការងារដោយប្រតិបត្តិក្នុងក្របខណ្ឌច្បាប់កំណត់ និងដោយ​ក្រម​សីលធម៌ ​ស្របតាមធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ក្នុងចំណោមលក្ខខណ្ឌត្រូវពិនិត្យ។ ឯកឧត្តម ទេព អស្នារិទ្ធ បានមានប្រសាសន៍គូសបញ្ជាក់ថា ទាក់ទងនឹងការ​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធបច្ចេកវិទ្យា នៅកម្ពុជា ដែលរាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្ត បាន និងកំពុងបន្តធ្វើយ៉ាងសកម្ម សស្រាក់សស្រាំ ដែលកិច្ច​ខិត​ខំទាំ​ង​នេះ​បាន​ការ​ទទួល​ស្គាល់​ពី​បណ្តាប្រទេស និងដៃគូអន្តរជាតិ, ការចូលរួមពីសារព័ត៌មាន ក្នុងការផ្សាយព័ត៌មាន​ដោយមាន​មូល​ដ្ឋានព័ត៌មានត្រឹមត្រូវ មានប្រភពព័ត៌មានច្បាស់លាស់ ពិតប្រាកដអាចទុកចិត្តបាន ហើយដោយយក/ប្រមូល និងផ្សាយព័ត៌មានដោយក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ អ្នកសារព័ត៌មាន និងការផ្សាយបែបនេះត្រូវបានលើកទឹកចិត្ត។ ឯកឧត្តម បានមានប្រសាសន៍លើកឡើងពីករណីសហការរវាងសារព័ត៌មាននិងសមត្ថកិច្ច ថានាពេលកន្លងទៅ បន្ថែមលើការស្រាវជ្រាវរបស់ជំនាញរបស់ខ្លួន សមត្ថកិច្ចក៏បានទទួលព័ត៌មានអំពីការឆបោកសម្រាប់ករណីខ្លះ ពីអ្នកកាសែតដែរ ដែលជាការរួមចំណែកព័ត៌មានសម្រាប់ការឆ្លើយតបរបស់អាជ្ញាសមត្ថកិច្ច។សម្រាប់ករណីនៅបន្ទាយមានជ័យ ឯកឧត្តមអ្នកនាំពាក្យក្រសួងព័ត៌មានបានអំពាវនាវថា៖ «ខ្ញុំសូមស្នើដល់អាជ្ញាធរពាក់ព័ន្ធ សូមមេត្តាផ្តល់អាទិភាពដល់ការធានាតម្លាភាព និងយុត្តិធម៌ ស្របតាមច្បាប់កំណត់ ដោយធានាថាអង្គហេតុ និងអង្គច្បាប់ ក៏ដូចជាព័ត៌មានពាក់ព័ន្ធ និងការស្រាវជ្រាវ ត្រូវបានដាក់បញ្ចូលក្នុងដំណើរការនៃសំណុំរឿង សម្រាប់ការពិនិត្យ និងពិចារណាគ្រប់ជ្រុងជ្រោយ»។ ឯកឧត្តមក៏បានក្រើនរំលឹកដល់អ្នកសារព័ត៌មានឱ្យពង្រឹងការប្រតិបត្តិក្រមសីលធម៌ក្នុងការអនុវត្តការងាររបស់ខ្លួនផងដែរ ដោយបានមានប្រសាសន៍ថា៖ «ជាមួយគ្នានេះ ខ្ញុំសូមអំពាវនាវយ៉ាងទទូចផងដែរដល់អ្នកសារព័ត៌មាន ក្រៅពីការផ្សាយ សូមផ្តល់កិច្ចសហការជាមួយសមត្ថកិច្ច និងអាជ្ញាធរអនុវត្តច្បាប់ ដើម្បីផ្តល់ព័ត៌មាន ដែលខ្លួនទទួលបានដល់សមត្ថកិច្ច ដើម្បីអាចរួមចំណែកជាបច្ច័យដល់ការត្រៀមលក្ខណៈ និងរៀបចំឱ្យស្របតាមបទដ្ឋានការងារ និងការអនុវត្តនីតិវិធីរបស់សមត្ថកិច្ចជំនាញ ឧទាហរណ៍ ទាក់ទងនឹងការចុះបង្រ្កាបជាដើម ដើម្បីអាចជួយឱ្យការចុះបង្ក្រាបកាន់តែមានប្រសិទ្ធភាព។ ទាំងនេះគឺ ដើម្បីធានាសុវត្ថិភាពដល់អ្នកសារព័ត៌មានសម្រាប់ការអនុវត្តសកម្មភាពក្នុងវិជ្ជាជីវៈរបស់ខ្លួន និងការចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះជាមួយរាជរដ្ឋាភិបាល»។កម្ពុជាជាប្រទេសរងគ្រោះ ដោយការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលជាបញ្ហាមានលក្ខណៈអន្តរជាតិ ហើយជាឧក្រិដ្ឋកម្មឆ្លងដែនដែលមានទម្រង់ដ៏ស្មុគ្រស្មាញបំផុត។ ការធ្វើតុល្យភាពរវាងវិជ្ជាជីវៈសារព័ត៌មាន ដែលត្រូវរាយការណ៍ការពិត ស្របតាមនិយាមវិជ្ជាជីវៈ ក្រមសីលធម៌ត្រឹមត្រូវ និងតម្រូវការនៃការធានាប្រសិទ្ធភាពនៃកិច្ចប្រតិបត្តិការច្បាប់របស់សមត្ថកិច្ចជំនាញ គឺជាសិល្បៈនៃការធ្វើការងាររួមគ្នា ដើម្បីឧត្តមប្រយោជន៍សង្គមជាតិ៕

វិចារណកថាក្រសួងបរិស្ថាន៖ ទិសដៅខ្យល់បច្ចុប្បន្នបង្ហាញថា អ័ព្ទផ្សែង​ពីកម្ពុជា​មិនមែន​ជា​មូល​ហេតុ​នៃ​បញ្ហាបំពុលខ្យល់នៅទីក្រុងបាងកកឡើយ

2026/02/13 11:26:49 am        139
ភ្នំពេញ៖ ការវាយតម្លៃផ្នែកបច្ចេកទេសលើលក្ខខណ្ឌអាកាសធាតុបច្ចុប្បន្នបានបង្ហាញថា ក្រោម​ឥទ្ធិពល នៃ​របបខ្យល់មូសុងប្រាំង ដែលមានទិសដៅ​ខ្យល់​បក់​ពីទិសខាង​ជើង​ឆ្ពោះទៅ​ទិស​ខាង​ត្បូង ​អ័ព្ទផ្សែង ដែលមានប្រភពចេញពីប្រទេសកម្ពុជា​មិនសូវ​មាន​លទ្ធភាព​ក្នុង​ការ​បង្ក​ផល​ប៉ះពាល់​ដល់​គុណភាពខ្យល់នៅទីក្រុងបាងកកនោះទេ។យោងតាមគោលការណ៍ឧតុនិយម ក្នុងអំឡុងរដូវប្រាំង តំបន់អាស៊ីអាគ្នេយ៍​ទទួល​រង​ឥទ្ធិពល​ពី​របប​ខ្យល់មូសុងប្រាំង ដែលជាទូទៅខ្យល់បក់ពីទិសខាងជើង ឬឦសាន ឆ្ពោះទៅទិសខាងត្បូង ឬ​និ​រតី។ ក្រោមលក្ខខណ្ឌនេះ ម៉ាសខ្យល់មានទិសដៅផ្លាស់ទីឆ្ងាយពីតំបន់កណ្ដាលនៃប្រទេសថៃ ជា​ជាង​ផ្លាស់ទីពីតំបន់ភាគអាគ្នេយ៍ ឆ្ពោះទៅទីក្រុងបាងកក។ ដូច្នេះ ការលើក​ឡើង​ថា​ផ្សែង​បក់​ពី​តំបន់​ភាគ​អាគ្នេយ៍ (កម្ពុជា) ឆ្ពោះទៅកាន់ទីក្រុងបាងកក គឺមិនស្របទៅ​នឹង​ទិស​ដៅ​ខ្យល់​បច្ចុប្បន្ន​ឡើយ​។អ្នកជំនាញបានពន្យល់ថា ការសាយភាយនៃភាគល្អិត PM2.5 ឆ្លងដែន អាស្រ័យទៅលើ​កត្តា​សំខាន់​ៗ​ដូចជា ទិសដៅ និងល្បឿនខ្យល់ ស្ថិរភាពបរិយាកាស និងលក្ខណៈភូមិសាស្ត្រ។ នៅ​ពេល​ដែល​ទិស​ដៅខ្យល់មិនស្របគ្នា លទ្ធភាពនៃការសាយ​ភាយ​ការ​បំពុល​ពី​តំបន់​មួយ​ទៅតំ​បន់​មួយ​ទៀត​គឺទាប។ ការវិភាគបង្ហាញថា អ័ព្ទផ្សែងដែលកើតមាននៅកម្ពុជា មាននិន្នា​ការ​សាយភាយ​ក្នុង​តំ​បន់ជិតខាង ឬឆ្ពោះទៅទិសខាងត្បូង ច្រើនជាង​ការ​បក់​បញ្ច្រាស​ទិស​ទៅ​ភាគ​ពាយ័ព្យ​ដែល​ជា​ទី​តាំង​របស់ទីក្រុងបាងកក។អ្នកជំនាញបានបញ្ជាក់ថា អ័ព្ទផ្សែងឆ្លងដែន គឺជាបាតុភូតដែលអាច​កើត​មាន​បាន​​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ក្រោមលក្ខខណ្ឌអាកាសធាតុខុសៗគ្នា ជាពិសេសនៅពេលមានការផ្លាស់​ប្តូរ​ទិស​ដៅ​ខ្យល់​។ ដូច្នេះ ការតាមដានបន្តអំពីទិសដៅខ្យល់ សកម្មភាពចំណុចក្តៅ និងលក្ខខណ្ឌបរិយាកាស នៅ​តែ​មានសារៈសំខាន់ សម្រាប់ការវាយតម្លៃប្រភពបំពុលឱ្យបានត្រឹមត្រូវ។ជារួម ការវាយតម្លៃបច្ចេកទេសសន្និដ្ឋានថា ក្រោមស្ថានភាពអាកាសធាតុនាពេលនេះ ប្រភព​បំពុល​ពី​កម្ពុជា​មិនមែន​ជា​កត្តា​សំខាន់​ដែល​នាំ​ឱ្យ​គុណ​ភាព​ខ្យល់​នៅ​ទីក្រុង​បាង​កក​ធ្លាក់​ចុះនោះ​ទេ​៕​

ប្រធានក្រុមប្រឹក្សាអ្នកច្បាប់បើកវគ្គបណ្តុះបណ្តាលស្តីពីគោលការណ៍ណែនាំស្តីពីនីតិវិធី និងវិធាននៃការតាក់តែងសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀតដល់សិក្ខាកាមមកពីក្រសួងស្ថាប័ននានា

2026/02/13 09:14:08 am        173
(ទីស្តីការគណៈរដ្ឋមន្រ្តី)៖ នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់ បានអញ្ជើញអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីគោលការណ៍ណែនាំស្តីពីនីតិវិធី និងវិធាននៃការតាក់តែងសេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត។ វគ្គបណ្តុះបណ្តាលនេះ មានសិក្ខាកាមចូលរួមមកពីគ្រប់ក្រសួងស្ថាប័ននានា ព្រមទាំងសមាជិកសហភាពសហព័ន្ធយុវជនកម្ពុជាបម្រើការនៅទីស្តីការគណៈរដ្ឋមន្ត្រី សរុបប្រមាណ ៥០០នាក់។ថ្លែងក្នុងការបើកវគ្គបណ្តុះបណ្តាលនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានលើកឡើងថា វគ្គបណ្តុះបណ្តាលលើកទី៣នេះ ក៏ដូចជា២លើកកន្លងមក គឺមានគោលបំណងធ្វើសុខដុមនីយកម្ម និងពង្រឹងការរៀបចំ និងការតាក់តែងសេចក្ដីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្ដផ្សេងទៀត ឱ្យមានឯកភាព ឯកសណ្ឋាន នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដើម្បីធានាបាននូវឯកភាពផ្នែករដ្ឋបាល ដែលជាកត្តាមួយយ៉ាងសំខាន់នៃឯកភាពជាតិ ស្របតាមគោលការណ៍ណែនាំស្តីពីនីតិវិធីនិងវិធាននៃការតាក់តែងសេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត ដែលត្រូវបានដាក់ឱ្យអនុវត្តដោយអនុក្រឹត្យលេខ១៧០ អនក្រ.បក ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ក៏ដូចជាដើម្បីពង្រឹងប្រសិទ្ធភាព និងសមត្ថភាពក្នុងការរៀបចំសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត ឱ្យកាន់តែមានគុណភាព និងសង្គតិភាព សំដៅធានាសន្តិសុខគតិយុត្ត និងការលើកកម្ពស់វប្បធម៌នីតិរដ្ឋនៅក្នុងប្រទេសកម្ពុជា។ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានបន្តលើកឡើងថា ក្នុងបរិការណ៍ដែលសណ្តាប់ធ្នាប់ពិភពលោកកំពុងបែកបាក់ ហើយប្រទេសខ្លាំងរំលោភប្រទេសខ្សោយ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ដោយឯកតោភាគី ចាកចេញពីគោលការណ៍ពុហភាគី ដែលជាគោលការណ៍ដ៏សំខាន់ក្នុងការគ្រប់គ្រងប្រព័ន្ធអន្តរជាតិ ក៏ដូចជាសង្រ្គាមឈ្លានពានរបស់ថៃមកលើកម្ពុជា ព្រមទាំងបញ្ហាប្រឈម និងហានិភ័យផ្សេងៗទៀត ទាំងខាងក្នុង និងខាងក្រៅ បានធ្វើឱ្យកម្ពុជាយើងដែលជាប្រទេសតូច និងទន់ខ្សោយ បានស្ថិតនៅក្នុងស្ថានភាពមួយដ៏គ្រោះថ្នាក់ ដែលជាការគំរាមកំហែងទៅដល់អត្ថិភាពរបស់ជាតិយើង។ ចំពោះមុខស្ថានភាពនេះទាមទារឱ្យយើងទាំងអស់ត្រូវបន្តខិតខំកសាងពង្រឹងខ្លួន និងអភិវឌ្ឍជាតិឱ្យកាន់តែខ្លាំងក្លាលើគ្រប់វិស័យ។ ជាការពិតយើងមានការដ្ឋានច្រើន ដែលត្រូវយកមកគិត និងត្រូវយកមកធ្វើ ក៏ប៉ុន្តែខ្ញុំយល់ឃើញថា ក្នុងពេលនេះជាងពេលណាៗទាំងអស់ យើងចាំបាច់ណាស់ត្រូវតែកសាងប្រព័ន្ធច្បាប់រឹងមាំ ដែលជាសមាសធាតុមួយមិនអាចខ្វះបានក្នុងការលើកស្ទួយនីតិរដ្ឋ ដើម្បីទ្រទ្រង់ដល់ការពង្រឹងការកសាង និងការអភិវឌ្ឍជាតិយើង ឱ្យងើបឡើង និងឱ្យខ្លាំងក្លាឡើង ទោះបីជាកម្ពុជាយើងជាប្រទេសតូចក្តី។ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ក៏មានប្រសាសន៍លើកឡើងផងដែរ អំពីទស្សនៈរួមក្នុងការរៀបចំច្បាប់ និងការកសាងនីតិរដ្ឋនៅកម្ពុជា ដោយបានគូសបញ្ជាក់ថា នីតិរដ្ឋ គឺជាចន្ទុល ឬសសរស្ដម្ភមួយ ដែលមិនអាចខ្វះបានក្នុងការគ្រប់គ្រងរដ្ឋ។ ទស្សនាទាននីតិរដ្ឋនេះ បានចារឹកទុកក្នុងរដ្ឋធម្មនុញ្ញ និងក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល ចាប់តាំងពីយុទ្ធសាស្ត្រត្រីកោណ និងយុទ្ធសាស្រ្តចតុកោណ រហូតមកដល់យុទ្ធសាស្រ្តបញ្ចកោណ ពោលគឺកម្ពុជាបានទទួលយកនូវគោលការណ៍នីតិរដ្ឋជាធំ ក្នុងការគ្រប់គ្រងរដ្ឋ និងការអភិវឌ្ឍប្រទេសជាតិនោះទេ។ ឯកឧត្តមបានបន្តថា ដើម្បីពង្រឹងនីតិរដ្ឋ គឺ៖ ទី១.ត្រូវកសាងប្រព័ន្ធច្បាប់មួយដែលមានបូរណភាពភាពពេញលេញគ្រប់ជ្រុងជ្រោយ និងទី២.ត្រូវបណ្តុះនិងលើកស្ទួយវប្បធម៌នីតិរដ្ឋ ដែលមានន័យថា ប្រជាជនយើងម្នាក់ៗ មានការយល់ដឹង និងមានវប្បធម៌គោរពច្បាប់ទាំងអស់គ្នាទាំងអ្នកអនុវត្ត ទាំងអ្នកទទួលរង ដោយភ្ញាក់រលឹក និងដោយយល់ដឹង។នៅក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ក៏បានផ្តល់អនុសាសន៍ចំនួន៧ ចំណុច ដល់សិក្ខាកាមដែលបានចូលរួមវគ្គបណ្តុះបណ្តាល មានដូចតទៅ ៖ទី១. រដ្ឋធម្មនុញ្ញកម្ពុជា មានចែងយ៉ាងច្បាស់អំពីគោលការណ៍សមភាពចំពោះមុខច្បាប់ ដែលទាំងអស់គ្នាត្រូវគោរពច្បាប់ និងមិនមាននរណាម្នាក់នៅលើច្បាប់ទេ។ ដូចនេះ ជាទស្សនវិជ្ជានៃការរៀបចំប្រព័ន្ធច្បាប់ ដែលមិនអាចខ្វះបាន គឺច្បាប់នោះត្រូវតាក់តែងឱ្យបានល្អ ដោយកំណត់នូវរាល់វិធាននានា ឱ្យច្បាស់លាស់ និងត្រូវតែមានប្រសិទ្ធភាព មានប្រយោជន៍ បម្រើមនុស្ស បម្រើសង្គមជាតិកម្ពុជា ព្រមទាំងត្រូវស័ក្តិសមទៅនឹងតថភាពជាក់ស្តែងរបស់កម្ពុជា ដោយបង្កប់នូវគុណតម្លៃល្អៗ ក្នុងនោះ មានទាំងគុណតម្លៃផ្នែកសីលធម៌ និយាមសង្គម ប្រពៃណី និងទំនៀមទម្លាប់ផងដែរ។ ទន្ទឹមនេះ ក៏ត្រូវគិតគូរដល់គុណតម្លៃសកលផងដែរ តែមិនត្រូវយកគុណតម្លៃសកលនេះមកសង្កត់យើងនោះទេ ពោលគឺយើងមានសេរីភាពសម្រេច និងជ្រើសរើសអ្វីដែលជារបស់ខ្លួនឯង។ទី២. មុននឹងធ្វើច្បាប់ ឬតាក់តែងច្បាប់ ក៏ត្រូវគិតគូរផងដែរដល់ជម្រើសផ្សេងៗ ក្រៅពីការធ្វើច្បាប់ ឬលិខិតបទដ្ឋានគតិយុត្តផ្សេងទៀតក្រោមច្បាប់ ដូចជាវិធានការអប់រំ និងណែនាំ វិធានការរដ្ឋបាល និងវិធានការសេដ្ឋកិច្ច ព្រមទាំងវិធានការផ្សេងៗទៀត ដែលមិនមែនជាលិខិតបទដ្ឋានគតិយុត្ត។ ក្នុងករណីជ្រើសយកជម្រើសវិធានការធ្វើច្បាប់ គឺត្រូវតែសិក្សាឱ្យបានច្បាស់អំពីផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្តមកលើសេដ្ឋកិច្ច សង្គម បរិស្ថាន ធុរកិច្ច បុគ្គល និងថវិកាជាតិ ស្របតាមទិសស្លោកដែលថា លិខិតបទដ្ឋានគតិយុត្តល្អ សេដ្ឋកិច្ចរីកចម្រើន ជីវភាពប្រជាជនល្អប្រសើរ!។ តាមទស្សនវិជ្ជា ខុងជឺ ពេលធ្វើច្បាប់ត្រូវគិតពី Natural Acceptance និងពីអារម្មណ៍ប្រជាជន។ទី៣. អភិក្រមនៃការរៀបចំច្បាប់ គឺដើម្បីដោះស្រាយបញ្ហារបស់មនុស្ស និងសង្គម គប្បីចៀសវាងឱ្យបាននូវបញ្ហា Vested Interest និង Conflict of Interest, កាត់បន្ថយនូវភាពស្មុគស្មាញ ឬការិយាធិបតេយ្យហួសហេតុ (red-tape) ដែលអាចបង្កការលំបាកដល់ការរីកធំធាត់ និងបង្កើនបន្ទុកមិនចំាបាច់ដល់ធុរកិច្ច អាជីវកម្ម និងប្រជាជន។ ទី៤. ការកសាងច្បាប់ ត្រូវគិតគូរ និងផ្សារភ្ជាប់ជាមួយនឹងការកសាងជាតិ និងចក្ខុវិស័យកម្ពុជារយៈពេលវែង ព្រមទាំងត្រូវបើកច្រកទុកឱ្យយើងអាចបត់បែនបាន ប៉ុន្តែបត់បែនក្នុងន័យបម្រើឱ្យការរស់រាន ការរីកចម្រើន និងស្ថិរភាព ចីរភាព នៃការអភិវឌ្ឍ និងការកសាងប្រជាជាតិកម្ពុជារបស់យើង។ ការរៀបចំប្រព័ន្ធច្បាប់របស់យើងនិង វប្បធម៌នីតិរដ្ឋ ត្រូវឆ្លុះបញ្ចាំងពីគោលដៅ និងទស្សនវិជ្ជា ក្នុងដំណើរដ៏វែងឆ្ងាយឆ្ពោះទៅរក២០៥០ ពោលគឺធ្វើ Alignment ជា Aspiration របស់ជាតិកម្ពុជាទាំងមូល។ទី៥. ចំពោះការរៀបចំតាក់តែងសេចក្ដីព្រាងច្បាប់ដែលមានលក្ខណៈជាច្បាប់គោល ត្រូវគិតគូរដល់គោលការណ៍រួម ដែលពាក់ព័ន្ធនឹងវិស័យច្បាប់នោះ (ឧទាហរណ៍ ដូចជាច្បាប់ស្ដីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈឆ្នាំ២០២៣ ដែលបានកំណត់ឱ្យមានគោលការណ៍ចំនួន១០ចំណុច)។ ដូចនេះគ្រប់ច្បាប់ គួរមានចែងអំពីគោលការណ៍រួម ក្នុងនោះជាពិសេស ពាក់ព័ន្ធនឹងវិស័យជំនាញបច្ចេកទេសនិងបច្ចេកវិទ្យា ដូចជា បញ្ញាសិប្បនិម្មិត(AI) និងឧក្រិដ្ឋកម្មសាយប័រ(Cyber Crimes) ជាដើម។ទី៦. យើងត្រូវរៀនសូត្រ និងដកស្រង់បទពិសោធពីឧត្តមានុវត្តន៍អន្តរជាតិឱ្យបានច្រើន ជាពិសេសពាក់ព័ន្ធនឹងវិស័យថ្មីៗ ដូចជាវិស័យបច្ចេកវិទ្យាឌីជីថល និងនវានុវត្តន៍ជាដើម។ បើចាំបាច់យើងមិនគួរខ្លាចការចម្លងពីគេ ដើម្បីរៀបចំច្បាប់របស់យើងនោះទេ បើសិនជា Ecosystem ហ្នឹងស្រដៀងគ្នា និងមានប្រយោជន៍ ហើយស័ក្តិសមនឹងតថភាពប្រទេសយើង ព្រោះក្នុងបរិបទសាកលភាវូបនីយកម្ម យើងត្រូវបើកចំហរ ទាំងនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម ហើយអ្វីៗឆ្លងគ្នាទៅវិញទៅមក។ទី៧. មុននឹងចុះសន្ធិសញ្ញា អនុសញ្ញា ឬកិច្ចព្រមព្រៀងអន្តរជាតិនានា គួរគិតគូរពីការទទួលយកទាំងស្រុង ឬចំណុចណាដែលមិនគួរទទួលយក។ បើចំណុចណាពុំផ្តល់ប្រយោជន៍សម្រាប់ប្រទេសជាតិ កុំទទួលយក យើងត្រូវធ្វើខរក្សាសិទ្ធិ មិនត្រូវទទួលយក១០០% ទេ។

កាណាដា ប្រកាសគាំទ្រ និងត្រៀមខ្លួនរួចរាល់ ដើម្បីជួយកម្ពុជាក្នុងការរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីឆ្នាំ២០២៦

2026/02/13 08:56:11 am        282
នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតឱ្យ ឯកឧត្តម Alan Bowman អគ្គនាយក ទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ និងអូសេអានី នៃក្រសួងការបរទេសកាណាដា ចូលជួបសម្តែងការ គួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង ក្នុងអំឡុងពេលដែលឯកឧត្តមអញ្ជើញមកបំពេញ ទស្សនកិច្ចការងារនៅកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីកម្ពុជា-កាណាដា លើកទី២ ។នៅក្នុងជំនួប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម Alan Bowman សម្រាប់ការធ្វើដំណើរទស្សនកិច្ចការងារមកកម្ពុជា និងបានកត់សម្គាល់ដោយការ ពេញចិត្តនូវសន្ទុះកើនឡើងនៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះភាពជោគជ័យនៃកិច្ចពិគ្រោះយោបល់ទ្វេភាគីលើកទីមួយ រវាងក្រសួងការ បរទេសនៃប្រទេសទាំងពីរ និងសង្ឃឹមថា កិច្ចពិគ្រោះយោបល់ទ្វេភាគីលើកទីពីរ នឹងទទួលបានលទ្ធផល ប្រកបដោយផ្លែផ្កាបន្ថែមទៀត។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ភាគី កាណាដាសម្រាប់ការគាំទ្រកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីឆ្នាំ២០២៦ ព្រមទាំងបាន ជម្រាបពីវឌ្ឍនភាពនៃការងារត្រៀមរៀបចំកិច្ចប្រជុំកំពូលនេះផងដែរ។ឯកឧត្តម Alan Bowman បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា កិច្ចពិគ្រោះយោបល់ ទ្វេភាគីលើកទីពីរនេះ នឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀត និងបាន សម្តែងការគាំទ្រជាថ្មីចំពោះកម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី។ ឯកឧត្តម ក៏ បានគូសបញ្ជាក់ការប្តេជ្ញាខ្ពស់របស់ថ្នាក់ដឹកនាំជាន់ខ្ពស់កាណាដា ក្នុងការអញ្ជើញចូលរួមកិច្ចប្រជុំ កំពូលនេះនៅទីក្រុងភ្នំពេញ ព្រមទាំងបានបង្ហាញការត្រៀមខ្លួនរួចរាល់ ដើម្បីជួយគាំទ្រកម្ពុជាក្នុង ការរៀបចំកិច្ចប្រជុំកំពូលនេះ តាមរយៈបទពិសោធន៍របស់កាណាដាក្នុងការរៀបចំកិច្ចប្រជុំកំពូលធំៗ ជាច្រើនកន្លងមក។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានជម្រាបជូន ឯកឧត្តម Alan Bowman អំពីការវិវត្តនាពេលថ្មីៗនេះពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ និងបានថ្លែងអំណរគុណប្រទេស កាណាដា ចំពោះការគាំទ្រកិច្ចខិតខំប្រឹងប្រែងស្វែងរកសន្តិភាពក្នុងជម្លោះព្រំដែននេះ។

ប្រតិភូក្រុមហ៊ុនចំនួនពីរ ធ្វើបទបង្ហាញលើគម្រោងបង្កើតសួនកែច្នៃកាកសំណល់ និងការផលិតថាមពល

2026/02/13 08:41:22 am        267
ប្រតិភូក្រុមហ៊ុន Vinci Construction និងក្រុមហ៊ុន SUEZ ធ្វើបទបង្ហាញ អំពីរបាយការណ៍នៃការសិក្សាសមិទ្ធិលទ្ធភាពគម្រោង “សួនកែច្នៃកាកសំណល់-ការជ្រើសរើសបច្ចេកវិទ្យាសម្រាប់ប្រព្រឹត្តកម្មសំណល់រឹងក្នុងទីក្រុង និងការផលិតថាមពល”ជូនថ្នាក់ដឹកនាំ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ បានអនុញ្ញាតជូនគណៈប្រតិភូក្រុមហ៊ុន Vinci Construction និងក្រុមហ៊ុន SUEZ ដឹកនាំដោយលោក Thomas CHAUVEAU នាយកគ្រប់គ្រងផ្នែកប្រតិបត្តិការថាមពល និងអាជីវកម្មថ្មីៗ នៃក្រុមហ៊ុន Vinci Construction ចូលជួបសម្តែងការគួរ សម និងពិភាក្សាការងារ។ជំនួបនោះគណៈប្រតិភូក្រុមហ៊ុននៃក្រុមហ៊ុនទាំងពីរ បានធ្វើបទបង្ហាញជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រី អំពីរបាយការណ៍ នៃ ការសិក្សាសមិទ្ធិលទ្ធភាពគម្រោង “សួនកែច្នៃកាកសំណល់-ការជ្រើសរើសបច្ចេកវិទ្យាសម្រាប់ប្រព្រឹត្តកម្មសំណល់រឹងក្នុងទីក្រុង និងការ ផលិតថាមពល” ដែលត្រូវបានសហការសិក្សាដោយ អ្នកជំនាញពីក្រុមហ៊ុន Vinci Construction និងក្រុមហ៊ុន SUEZ Company។ តាមរយៈបទបង្ហាញនេះដែរ អ្នកជំនាញបានជម្រាបអំពីព័ត៌មានជាអាទិ៍៖ ទិន្នន័យពាក់ព័ន្ធដែលប្រមូលបាន បច្ចុប្បន្នភាព នៃការសិក្សា គម្រោង និងបច្ចេកវិទ្យានានាសម្រាប់ការធ្វើប្រព្រឹត្តកម្មរោងចក្រកាកសំណល់ និងបំប្លែងជាថាមពលសម្រាប់ប្រើប្រាស់បន្តទៀត។សូមជម្រាបថា ទាក់ទងគម្រោងខាងលើនេះ ក្រុមហ៊ុនទាំងពីរបានសហការសិក្សាគ្នា ក្នុងគោលបំណងរួមមាន៖ (១)- បង្កើតថាមពល ស្អាត និងតម្លៃសមរម្យ ដោយបំប្លែងកាកសំណល់ប្លាស្ទិកទៅជាអគ្គិសនី, (២)- បង្កើនអាយុកាលនៃទីលានចាក់សំរាម, (៣)- លើក កម្ពស់សុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ, (៤)- លើកកម្ពស់វិស័យឧស្សាហកម្ម នវានុវត្តន៍ និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ តាមរយៈការសាងសង់រោងចក្រកែច្នៃកាកសំណល់ ជាមួយនឹងបច្ចេកវិទ្យាចុងក្រោយ និង (៥)- ពង្រឹងការគ្រប់គ្រងការចំណាយ ក្នុង ការកែច្នៃកាកសំណល់ក្នុងទីក្រុង៕អត្ថបទ៖ សុន រ៉ាឌី

កម្ពុជាទទួលបានការចុះបញ្ជីវិនិយោគតាមថ្នាលជាតិ មានទុនសរុបជិត ២២ ប៊ីលានដុល្លារ

2026/02/13 08:30:53 am        247
គិតត្រឹមថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦, កម្ពុជាទទួលបានក្រុមហ៊ុនចុះបញ្ជី តាមប្រព័ន្ធចុះបញ្ជីអាជីវកម្មនៃថ្នាលបច្ចេកវិទ្យាព័ត៌មាន ដែលបានអនុម័ត មានចំនួនសរុបជាង ៥៤ ពាន់ក្រុមហ៊ុន-សហគ្រាស មានដើមទុនវិនិយោគចំនួនប្រមាណជាង ៩០ ទ្រីលានរៀល ត្រូវជិត ២២ ប៊ីលានដុល្លាអាមេរិក។យោងតាមសេចក្ដីប្រកាសព័ត៌មានរួម នៃប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ហៅកាត់ថា CamDX ជាថ្នាល បច្ចេកវិទ្យាឌីជីថលមួយ សម្រាប់សម្រួលដល់កិច្ចការវិនិយោគរបស់រាជរដ្ឋាភិបាល, គិតមកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ កម្ពុជាទទួល បានការចុះបញ្ជីតាមថ្នាលជាតិ មានចំនួនជាង ៥៤ ពាន់ក្រុមហ៊ុន/សហគ្រាស ដែលមានដើមទុនវិនិយោគប្រមាណជិត ៩០ ទ្រីលាន រៀល ត្រូវប្រមាណជិត ២២ ប៊ីលានដុល្លារអាមេរិក ដែលការចុះបញ្ជីនេះឃើញថា មានកំណើនកើនឡើងជាលំដាប់ ដោយប្រការទាំង នេះបានកំពុងបង្ហាញឲ្យឃើញពីវឌ្ឍនភាពនៃការរីកចម្រើន សម្រាប់ការធ្វើអាជីវកម្ម ពាណិជ្ជកម្ម ក្នុងការប្រកួតប្រជែងប្រកបដោយ បរិយាបន្នរបស់ធុរកិច្ចគ្រប់ៗនៅកម្ពុជា។ជាក់ស្តែងគិតមកដល់រយៈពេលនេះ កម្ពុជាទទួលបានការចុះបញ្ជីតាមថ្នាលបច្ចេកវិទ្យាព័ត៌មានរួមមាន៖ សកម្មភាពអចលន- ទ្រព្យ ដោយប្រើប្រាស់អចលនទ្រព្យផ្ទាល់ខ្លួន ឬជួលពីគេ មានទឹកប្រាក់វិនិយោគប្រមាណ ១,៩២ ប៊ីលានដុល្លារ, សកម្មភាពសេវាកម្ម ស្នាក់នៅ ១,៦៤ ប៊ីលានដុល្លារ, ការសាងសង់អគារ ១,៥៥ ប៊ីលានដុល្លារ, កម្មន្តសាលសម្លៀកបំពាក់លើកលែងសម្លៀកបំពាក ធ្វើពីរោម ១,១៣ ប៊ីលានដុល្លារ, សកម្មភាពពិគ្រោះយោបល់ផ្នែកគ្រប់គ្រង ៩៤៨ លានដុល្លារ និងការចុះបញ្ជីរបស់ក្រុមហ៊ុនអាជីវកម្ម ផ្សេងៗទៀត មានចំនួនប្រមាណជាង ១៤ ប៊ីលានដុល្លារ។ចំពោះក្រុមហ៊ុន និងសហគ្រាសដែលទទួលបានចុះបញ្ជីច្រើនជាងគេរួមមាន៖ សកម្មភាពសេវាភោជនីយដ្ឋាន និងសេវាផ្គត់ ផ្គង់សេវាចល័ត មានចំនួន ៤,៨៨៣ សហគ្រាស, ការលក់ដុំឯកទេសផ្សេងៗ ជាង ៣,០០០ សហគ្រាស, ការលក់ដុំទំនិញសម្រាប់ការ ប្រើប្រាស់ក្នុងផ្ទះ ២,៥៧៥ សហគ្រាស, ការសាងសង់អគារ ២,១៧១ ក្រុមហ៊ុន, ការលក់រាយទំនិញផ្សេងៗនៅក្នុងហាងឯកទេស ២,១១០ សហគ្រាស និងអាជីវកម្មផ្សេងៗមានចំនួនជិត ៤០ ក្រុមហ៊ុន-សហគ្រាស៕អត្ថបទ៖ សុន រ៉ាឌី

ជន​បបរទេស ៨៣៥នាក់​ទៀតត្រូវបានបណ្ដេញចេញ​ពីកម្ពុជា ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)

2026/02/12 06:56:10 pm        203
នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ អនុវត្តតាម​អនុសាសន៍​​ដ៏ខ្ពង់ខ្ពស់ របស់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក​អន្តោ​ប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី បន្តធ្វើ​ការ​បណ្តេញ​ជន​បរទេស​សរុបចំនួន ៨៣៥នាក់ (ស្រី ២៦នាក់) មាន ១០សញ្ជាតិ រួមមាន កាមេរូន នីហ្សេរីយ៉ា លីប៊េរីយ៉ា ហ្វីលីពីន ម៉ាឡេស៊ី ចិន នេប៉ាល់ ប៉ាគីស្ថាន ឥណ្ឌា ឥណ្ឌូណេស៊ី ក្នុងនោះមានជនជាតិចិនចំនួន ៣១៩នាក់ (ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសអន្តរជាតិតេជោ និងមួយចំនួនទៀតពាក់​ព័ន្ធករណីលួចឆ្លងដែន ស្នាក់នៅធ្វើ​ការងារ​ខុស​ច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជា។ការបណ្ដេញចេញជនជាតិបរទេសខាងលើនេះ គឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសំអាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែងនោះឡើយចំពោះមេខ្លោងដែលនៅពីក្រោយ ក៏ដូចជាការជួយសង្គ្រោះជនរងគ្រោះដែលត្រូវមេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ៕

កម្ពុជា-អាល្លឺម៉ង់បេ្តជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ

2026/02/12 05:39:27 pm        132
(ប្រទេសបារាំង)៖ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជួបប្រជុំទ្វេភាគីជាមួយលោកជំទាវ Garbel Kofler រដ្ឋលេខាធិការក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ (BMZ) ក្នុងឱកាសដែលឯកឧត្តមបានដឹកនាំគណៈប្រតិភូត្រីភាគីកម្ពុជាចូលរួមវេទិការបស់អង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច(OECD) ស្តីពីការត្រួតពិនិត្យអនុលោមភាពនៅក្នុងវិស័យកាត់ដេរ និងផលិតស្បែកជើង នៅទីស្នាក់ការកណ្តាលអង្គការ OECD ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង។ នៅក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវបានសម្តែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការនាពេលកន្លងមក ដែលបានរួមចំណែកធ្វើឱ្យវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈកាន់តែល្អប្រសើរឡើង។ភាគីទាំងពីរ បានឯកភាពគ្នាក្នុងការខិតខំបន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែមានវិសាលភាពទូលំទូលាយបន្ថែមទៀត សំដៅលើកកម្ពស់ផលិតភាព ការអភិវឌ្ឍជំនាញ ការពង្រឹងសមត្ថភាពរបស់អង្គការវិជ្ជាជីវៈខាងនិយោជក និងកម្មករនិយោជិត។ ទន្ទឹមនឹងនេះ ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរបទពិសោធ បញ្ហាប្រឈម និងកាលានុវត្តភាពក្នុងការអភិវឌ្ឍវិស័យទំនាក់ទំនងវិជ្ជាជីវៈផងដែរ៕

រដ្ឋមន្រ្តីសុខាភិបាល «សាមគ្គី បង្កើតបានកម្លាំងមួយដ៏រឹងមាំ ដើម្បីធ្វើឱ្យវិជ្ជាជីវៈនីមួយៗមានវឌ្ឍនភាពជានិរន្តរ៍»

2026/02/12 04:19:37 pm        204
ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានគូសរំលេចថា «ការសាមគ្គីរួបរួមគ្នាជាក្រុមក្នុងរូបភាពជាតួអង្គវេជ្ជសាស្រ្តតែមួយ គឺបង្កើតបានកម្លាំងមួយដ៏ធំ រឹងមាំ ដើម្បីធ្វើឱ្យវិជ្ជាជីវៈនីមួយៗ មានវឌ្ឍនភាពជានិរន្តរ៍»។​ការថ្លែងរបស់ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា យ៉ាងដូច្នេះ នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និសីទវេជ្ជសាស្ត្រ សល្យសាស្រ្តប្រចាំឆ្នាំ លើកទី២៨ និងសិក្ខាសាលាវិទ្យាសាស្ត្រថែទាំ លើកទី១៥ ក្រោមប្រធានបទ៖ «ការអនុវត្តពហុជំនាញនៃវិទ្យាសាស្រ្តប្រព័ន្ធប្រសាទ» នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នាព្រឹកថ្ងៃទី១២ ខែកុម្ភះ ឆ្នាំ២០២៦នេះ។ឯកឧត្តម រដ្ឋមន្រ្តី បានលើកឡើងពីចំនុចដែលគួរចងចាំ ដូចជាគោលការណ៍សុវត្ថិភាពអ្នកជំងឺ «គ្មានគុណភាពឯណា បានមកពីសេវាដែលគ្មានសុវត្ថិភាពនោះទេ»។ សុវត្ថិភាពអ្នកជំងឺមិនមែនជាការងារបន្ថែមរបស់យើងនោះទេ វាគឺជាមូលដ្ឋានគ្រឹះនៃការថែទាំសំដៅគុណភាព។ សុវត្ថិភាពអ្នកជំងឺ គឺជាការងារជាប្រព័ន្ធមួយ ដែលចាប់ផ្តើមពីថ្នាក់ដឹកនាំរបស់មន្ទីរពេទ្យគ្រប់កម្រិត ក្នុងការបណ្តុះភាពជាអ្នកដឹកនាំ កសាងវប្បធម៌សុវត្ថិភាព ជំរុញឱ្យបុគ្គលិកចូលរួមមតិយោបល់ ការកាត់បន្ថយកំហុសវេជ្ជសាស្ត្រតាមរយៈ ការអនុវត្តគោលការណ៍ណែនាំ ពិធីសារថែទាំព្យាបាល និងការទទួលខុសត្រូវលើតួនាទីរបស់អ្នកវិជ្ជាជីវៈ ក្នុងការរក្សាសុវត្ថិភាពអ្នកជំងឺ។ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានសង្កត់ធ្ងន់ថា តាមរយៈការជួបនេះ អ្នកចូលរួមនឹងទទួលបាននូវបទពិសោធន៍ល្អៗ ដើម្បីយកទៅអនុវត្ត ក្នុងការពិនិត្យ ព្យាបាលអ្នកជំងឺប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងសមធម៌ ស្របតាមផែនការយុទ្ធសាស្រ្តគន្លឹះ ៩ចំណុច និងអាទិភាព ៣ចំណុច និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ ស្វាហាប់ និងពោរពេញដោយសមត្ថភាពរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។បើតាមឯកឧត្តមសាស្រ្តាចារ្យ ងី ម៉េង នាយកមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត លើកឡើងថា ចំណុចពិសេសនៃការរៀបចំសន្និសីទ នាឆ្នាំ២០២៦នេះ មន្ទីរពេទ្យបានប្រមូលផ្តុំប្រធានបទដ៏ល្អៗពីវាគ្មិនថ្នាក់ជាតិ អន្តរជាតិ ដោយគ្របដណ្តប់លើគ្រប់ជំនាញទាំងអស់ ដែលមានប្រធានបទទាំងអស់សរុបចំនួនជាង ៥៧ប្រធានបទ ក្នុងនោះផ្នែកវេជ្ជសាស្ត្រ-សល្យសាស្ត្រមានចំនួន ៣៦ប្រធានបទ និងវិទ្យាសាស្ត្រថែទាំ មានចំនួន ២១ប្រធានបទ ដែលផ្តោតសំខាន់ទៅលើការលើកកម្ពស់ការព្យាបាល និងថែទាំ ចែក រំលែកនូវរបបគំហើញថ្មីៗ និងលើកស្ទួយកិច្ចសហប្រតិបត្តិការជាពហុជំនាញ លើប្រធានបទសំខាន់ៗ។ អង្គពិធីនេះ មានការចូលរួមពីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ លោក លោកស្រី ប្រធានមន្ទីរពេទ្យជាតិ សាកលវិទ្យាល័យនានា ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ព្រមទាំងមន្រ្តីរាជការ និងបុគ្គលិកសុខាភិបាលទាំងអស់ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលចូលរួមផ្ទាល់ ចំនួន ២៤២នាក់ និងសមាសភាពតាមប្រព័ន្ធអនឡាញ Zoom ជាមន្រ្តី បុគ្គលិកសុខាភិបាល មន្ទីរពេទ្យសម្ព័ន្ធមេត្រីភាពខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ និងកំពង់ធំ សរុប ៦០៤នាក់៕ អត្ថបទ រដ្ឋា

​ រដ្ឋាភិបាលជប៉ុន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និង WFP ចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃ ១.៥ លានដុល្លារ ដើម្បីគាំទ្រការស្ដារជីវភាពរស់នៅ និងការលើកកម្ពស់អាហារូបត្ថម្ភក្នុងសហគមន៍ដែលរងផលប៉ះពាល់ដោយជម្លោះព្រំដែននៅកម្ពុជា

2026/02/12 03:56:29 pm        236
​ប្រទេសកម្ពុជា ​ រដ្ឋាភិបាលជប៉ុន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងកម្មវិធីស្បៀងអាហារពិភពលោក របស់អង្គការសហប្រជាជាតិ (WFP) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្រាប់គាំទ្រការស្ដារជីវភាពរស់នៅ និងការលើកកម្ពស់អាហារូបត្ថម្ភក្នុងសហគមន៍ដែលរងផលប៉ះពាល់ដោយជម្លោះព្រំដែនកាលពីឆ្នាំ២០២៥។ កិច្ចព្រមព្រៀងនេះបានបញ្ជាក់ជាផ្លូវការនូវជំនួយជាសាច់ប្រាក់ចំនួន ២២១ លានយេនជប៉ុន (ដែលស្មីនឹង ១.៥ លានដុល្លារអាមេរិក) ពីរដ្ឋាភិបាលជប៉ុន ដើម្បីឧបត្ថម្ភ “គម្រោង គាំទ្រការស្ដារជីវភាពរស់នៅ និងការលើកកម្ពស់អាហារូបត្ថម្ភក្នុងសហគមន៍ដែលរងផលប៉ះពាល់ដោយជម្លោះព្រំដែន ក្នុងព្រះរាជាណាចក្រកម្ពុជា “ ដែលនឹងអនុវត្តដោយ WFP ចាប់ពីខែកុម្ភៈ ២០២៦ ដល់ខែកុម្ភៈ ២០២៧។កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាជាផ្លូវការដោយ ឯកឧត្ដម អឺអិណុ អាហ្សឺហ្ស៉ី (Atsushi UENO) ឯកអគ្គរាជទូតពិសេសនិងមានសិទ្ធិពេញលេញនៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោកស្រី យ៉ុងណាន ផាក (Kyungnan PARK)​ តំណាងប្រចាំប្រទេសនិងជានាយកប្រតិបត្តិនៃអង្គការ WFP ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី និង ជាអនុប្រធានទីមួយនៃ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។គម្រោងនេះនឹងគាំទ្រការស្តារជីវភាពនិងអាហារូបត្ថម្ភឡើងវិញនៅខេត្តព្រះវិហារ និង ខេត្តឧត្ដរមានជ័យ ដែលសហគមន៍ត្រូវបានទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ និង បន្តប្រឈមមុខនឹងផលលំបាកផ្សេងៗដែលបង្កដោយការខូចខាតប្រព័ន្ធហេត្ថារចនាសម្ព័ន្ធ  ការបាត់បង់ មុខរបរចិញ្ចឹមជីវិត​និងអសន្តិសុខស្បៀង បន្ទាប់ពី វិវាទនៅខែកក្កដា និងធ្នូ ឆ្នាំ ២០២៥ នៅតាមបណ្តោយព្រំដែនកម្ពុជា–ថៃ។ កាលដែលស្ថានភាពជម្លោះបានកើនដល់កម្រិតក្តៅបំផុត នៅខែធ្នូ ឆ្នាំ ២០២៥ នោះ ប្រជាជន ច្រើនជាង ៦០០,០០០ ត្រូវរត់ភាសសឹក ហើយ កម្មករចំណាកស្រុកប្រមាណ៩០០,០០០ នាក់បានត្រឡប់មកពីប្រទេសថៃវិញ ដែលបានបន្ថែមបន្ទុកទៅលើ សេដ្ឋកិច្ចក្នុងសហគមន៍ និងសេវាសង្គម។តាមរយៈយន្តការជំនួយអាហារសម្រាប់កសាងរចនាសម្ព័ន្ធក្នុងសហគមន៍ឡើងវិញ គម្រោងនេះក៏នឹងអនុញ្ញាតឱ្យគ្រួសារដែលទទួលរងផលប៉ះពាល់​ អាចបំពេញតម្រូវការអាហារ និងអាហារូបត្ថម្ភរបស់ពួកគាត់ផង និងអាច​ ចូលរួមយ៉ាងសកម្មក្នុងការស្ដារឡើងវិញនូវហេត្ថារចនាសម្ព័ន្ធក្នុងសហគមន៍ ដូចជា ផ្លូវថ្នល់ សាលារៀន ប្រព័ន្ធធារាសាស្រ្ត និងប្រព័ន្ធទឹកស្អាតផង ។ អ្នកចូលរួមក្នុងគម្រោងនឹងទទួលបានអង្ករលាយមីក្រូសារជាតិ និង ប័ណ្ណប្រាក់សម្រាប់ប្រើក្នុងការទិញម្ហូបដែលសម្យូរដោយអាហារូបត្ថម្ភ  ដើម្បីលើកកម្ពស់ទីផ្សារក្នុងសហគមន៍ និងពង្រឹងភាពមាំរបស់ក្រុមគ្រួសារពួកគាត់ ។ក្នុងរយៈពេល ១២ ខែ នៃគម្រោងនេះ គ្រួសារប្រមាណ ១,៥០០ ដែលត្រូវជា​ ចំនួនមនុស្សប្រមាណ ៦,០០០ នាក់ នឹង ទទួលបាន អត្ថប្រយោជន៍ផ្ទាល់ដូចជាអង្ករលាយមីក្រូសារជាតិ និង ប័ណ្ណប្រាក់ ប៉ុន្តែហេត្ថារចនាសម្ព័ន្ធក្នុងសហគមន៍ដែលបានស្ដារឡើងវិញនឹងអាចជួយបម្រើដល់ មនុស្សរាប់ពាន់នាក់ទៀត ។ ការយកចិត្តទុកដាក់ពិសេសនឹងត្រូវបានផ្តល់ឱ្យគ្រួសារភាសសឹក  កម្មករដែលត្រលប់មកពីប្រទេសថៃវិញ  ស្ត្រី កុមារ និងក្រុមមនុស្សដែលមានកង្វះអាហារូបត្ថម្ភ ។លោក ឯកឧត្តម អឺអិណុ អាហ្សឺហ្ស៉ី បានបញ្ជាក់ម្តងទៀតពីការប្តេជ្ញាចិត្ត របស់ជប៉ុនចំពោះកិច្ចខិតខំស្តារឡើងវិញរបស់កម្ពុជា៖ “តាមរយៈការសហការរបស់យើងជាមួយកម្មវិធីស្បៀង អាហារពិភពលោក (WFP) ខ្ញុំសង្ឃឹមយ៉ាងជ្រាលជ្រៅថាគម្រោងនេះ ដែលបានភ្ជាប់ជំនួយស្បៀង ជាមួយនឹងការស្តារជីវភាពឡើងវិញ នឹងក្លាយជាគ្រឹះដ៏រឹងមាំសម្រាប់ជួយអោយសហគមន៍ដែលរងផលប៉ះពាល់អាចស្តារឡើងវិញនូវជីវភាព និង កិត្តិយស របស់ពួកគាត់ឡើងវិញ។លោកស្រី យ៉ុងណាន ផាក (Kyungnan PARK)​ តំណាងប្រចាំប្រទេសនិងជានាយកប្រតិបត្តិនៃអង្គការ WFP បានលើកឡើងពីសារ:សំខាន់នៃវិធីសាស្ត្រសមាហរណកម្ម របស់គម្រោងនេះថាៈ “គម្រោងនេះដែលមានថវិកាផ្តល់ដោយរាជរដ្ឋាភិបាលជប៉ុន នឹងផ្តោតគោលដៅរួមបញ្ចូលគ្នារវាង ការធានាលើសន្តិសុខស្បៀង  ការលើកកម្ពស់អាហារូបត្ថម្ភ  ការធ្វើអោយប្រសើរឡើងនូវជីវភាពរស់នៅ និងការស្តារហេត្ថារចនាសម្ព័ន្ធរបស់សហគមន៍ឡើងវិញ ។ ដោយការរួមបញ្ចូលរវាងជំនួយស្បៀងបន្ទាន់ជាមួយនឹងការស្តារសហគមន៍ឡើងវិញ ពួកយើងកំពុងគាំទ្រគ្រួសារដែលរងផលប៉ះពាល់អោយអាចកសាងជីវិតរបស់ពួកគេ ឡើងវិញ ក្នុងខណៈដែលពួកគាត់កំពុងកសាង មូលដ្ឋានគ្រឹងសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងសហគមន៍ និង ការកសាង ស្ថិរភាពរយៈពេលវែងនៅតាមតំបន់ព្រំដែនកម្ពុជា។ឯកឧត្ដម គន់​ គីម  បានលើកឡើងពីសារ:សំខាន់នៃការសម្របសម្រួល និងការត្រៀមខ្លួនជាមុន ៖ “រាជរដ្ឋាភិបាលកម្ពុជា សូមស្វាគមន៍ជំនួយគាំទ្រដ៏ទាន់ពេលវេលាមួយនេះពីប្រទេសជប៉ុន និងកម្មវិធីស្បៀងអាហារពិភពលោក ។ ការពង្រឹងហេត្ថារចនាសម្ព័ន្ធសហគមន៍ និង សមត្ថភាពមូលដ្ឋាគឺចាំបាច់ណាស់សម្រាប់ការស្ដារឡើងវិញនៅថ្ងៃនេះ និងសម្រាប់ជាការត្រៀមទុកជាមុនប្រឆាំងនឹងគ្រោះមហន្តរាយផ្សេងៗដែលអាចកើតមាននៅពេលអនាគតផងដែរ។”

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សង្រ្គាមបានលួចពហុកីឡដ្ឋានតំបន់ហ្កាហ្សា ប៉ុន្តែមិនអាចលួចក្តីស្រលាញ់ការប្រកួតបាល់ទាត់បានទេ
06/17/2026 09:06 PM
ក្រុមមេដឹកនាំ G7ជួបជុំគ្នានៅថ្ងៃចុងក្រោយកិច្ចប្រជុំកំពូលក្នុងប្រទេសបារាំង
06/17/2026 09:06 PM
មេដឹកនាំ G7ពិភាក្សាលើការគ្រប់គ្រងប្រព័ន្ធ AI ជាមួយប្រធានបច្ចេកវិទ្យា ក្នុងកិច្ចប្រជុំកំពូលនៅបារាំង
06/17/2026 08:06 PM
លោក​ប្រធានាធិបតី Aoun និយាយថា លីបង់មាន «ផ្លូវឯករាជ្យ» ក្នុងការចរចាជាមួយ​អ៊ីស្រាអែល
06/17/2026 08:06 PM
មេដឹកនាំអាស៊ានធ្វើដំណើរទៅដល់ទីក្រុង Kazan ដើម្បីចូលរួមកិច្ចប្រជុំកំពូលរុស្ស៊ី-អាស៊ាន
06/17/2026 08:06 PM
បារាំងប្រកាសហាមឃាត់ការប្រើប្រាស់ទូរស័ព្ទដៃ នៅក្នុងសាលាវិទ្យាល័យ ចាប់ពីខែកញ្ញា
06/17/2026 08:06 PM
លោក Trump ៖ គ្មាននរណាម្នាក់ រួមទាំងលោក Obama មិនអាចបង្កើតកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់បានទេ
06/17/2026 08:06 PM
ក្រុមឧទ្ទាមកូឡុំប៊ីស្វាគមន៍កិច្ចប្រជុំជាមួយប្រធានាធិបតីថ្មី តែពួកគេក៏អាចរស់រានពីការវាយប្រហារយោធាដែរ
06/17/2026 08:06 PM
កោះតៃវ៉ាន់អះអាងថា កេនយ៉ាងរារាំងខ្លួនមិនឲ្យចូលរួមសន្និសីទដោយសារសម្ពាធពីចិន
06/17/2026 08:06 PM
សំណុំផ្សែងនៅតែបន្តឃើញមាននៅតំបន់ភាគខាងត្បូងលីបង់ បើទោះបីជាមានកិច្ចព្រមព្រៀងអាមេរិក-អ៊ីរ៉ង់
06/17/2026 08:06 PM