ជប៉ុនផ្តល់ថវិកា ១,៣លានដុល្លារបន្ថែម ដើម្បីគាំទ្រគម្រោង «ការឆ្លើយតបទៅនឹងតម្រូវការបន្ទាន់របស់ជនទេសន្តរប្រវេសន៍ និងជនភៀសសឹកដែលងាយរងគ្រោះដោយសារវិបត្តិព្រំដែនកម្ពុជា-ថៃ និងការកសាងភាពធន់នឹងវិបត្តិនាពេលអនាគត»
ជនជាតិចិន ១៦៤នាក់ពាក់ទៀត ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ដឹកនាំក្រុមការងារបរិច្ចាគឈាមស្ម័គ្រចិត្ត ដើម្បីរម្លឹកនូវព្រះរាជគុណូបការៈដ៏ថ្លៃថ្លា និងអបអរសាទរនាឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចយាយ
ឯកឧត្តម គន់ គីម អញ្ជើញដឹកនាំគណៈប្រតិភូចូលរួមមហាសន្និបាត តំណាងទូទាំងប្រទេសសមាគមអតីតយុទ្ធជនវៀតណាមលើកទី៨

ព័ត៌មានជាតិ

ផ្កាអង្គាសីលនៅតែដើរតួសំខាន់ក្នុងឱកាសចូលឆ្នាំចិន តែការលក់ហាក់ថមថយបន្តិច

2026/02/13 01:42:00 pm        206
ប្រជាពលរដ្ឋខ្មែរកាត់ខ្សែស្រឡាយចិន បានបន្តនាំគ្នាទិញដើមផ្កាអង្គាសីល សម្រាប់​យក​ទៅ​តុប​តែងលម្អលំនៅឋាន ដើម្បីទទួលលាភជ័យពីទេវតាឆ្នាំថ្មីនៃប្រពៃណីចិន។ វា​នៅ​តែ​ជា​តម្រូវ​ការចាំ​បាច់​តែការ​លក់ហាក់ថមថយបន្តិច។ ស្របពេល​ដែលបុណ្យចូលឆ្នាំប្រពៃណីចិនវៀតណាម កាន់តែគៀកគិតចូលមកដល់ បងប្អូន​ប្រជា​ពលរដ្ឋ​ខ្មែរ​កាត់ខ្សែស្រឡាយចិន បាននឹងកំពុងយកចិត្តទុកដាក់ ក្នុងការត្រៀម​លក្ខណៈ​សម្រាប់​ការ​សែន​ព្រេន​ជូនដូនតា តាមរយៈការរៀបសំណែន គ្រឿងដង្វាយ និងការតុបតែងលម្អរនានា នៅ​តាម​លំ​នៅ​ឋានរស់នៅរៀងៗខ្លួន ទៅតាមធនធាន និងលទ្ធភាព។ ក្នុង​នោះដែរ ផ្កាអង្គាសិល្ប៍ ក៏ជាផ្នែកសំខាន់មួយ ដែលចំបាច់ឲ្យអ្នកជាប់ខ្សែស្រឡាយចិន ត្រូវ​ទិញ​យក​ទៅរៀបចំនៅតាមផ្ទះ ដើម្បីទទួលលាភជ័យ។ អាជីវករ​លក់​ដូរដើមផ្កាអង្គាសិល្ប៍ នៅលើផ្លូវ១៩៨ ក្រោយវត្តសំពៅមាស ក្នុងមូលដ្ឋាន​ខណ្ឌ​៧​មករា​បានឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ មានការមកទទួលជាវដើមផ្កាអង្គាសិល្ប៍ និង​ដើម​ក្រូច​ជាបន្តបន្ទាប់គួរសមពីសំណាក់អ្នកកាត់ខ្សែស្រឡាយចិន ប៉ុន្តែមិន​សូវ​ច្រើន​ខ្លាំង​ដូច​រាល់​ឆ្នាំ​កន្លង​ទៅ​នោះ​ឡើយ។ សូមបញ្ជាក់ថា បុណ្យចូលឆ្នាំប្រពៃណីចិនវៀតណាម នឹងប្រព្រឹត្តិទៅរយះពេល០៤ថ្ងៃ គិតពីថ្ងៃទី ១៦ ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ដែលបុណ្យនេះ គឺជាពេលវេលាដែលពលរដ្ឋកម្ពុជា មាន​ឈាម​ជ័រ​ជាប់​ខ្សែស្រឡាយកាត់ចិន ក៏នឹងចូលរួមរៀបចំពិធីសែនជូនដូនតា ដើម្បីសុំ​សេច​ក្តី​សុខ​សប្បាយ ​និងសុំពរជ័យឱ្យរកស៊ីទទួលទានកាន់តែរីកចម្រើន តាមបែប​លក្ខណះ​​គ្រួសារ​រៀង​ៗ​ខ្លួន​៕ ​អត្ថបទ៖ លីហេង 

មន្រ្តីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានគយ៖ ការបន្តបិទព្រំដែនដោយឯកតោភាគីរបស់ថៃ មិន​បង្កឱ្យ​កម្ពុជា​ខ្វះខាតស្បៀងនោះទេ

2026/02/13 01:31:47 pm        225
គិតចាប់ពីខែមិថុនា ឆ្នាំ២០២៥ រហូតមកដល់បច្ចុប្បន្ននេះ ការ​បន្ត​បិទ​ព្រំដែន​ដោយ​ឯក​តោ​ភាគី​របស់​ថៃ មិនបង្ក​ឱ្យ​កម្ពុជាខ្វះខាតស្បៀងនោះទេ ជាពិសេសការបិទមិនឱ្យនាំចូលប្រេងឥន្ធនៈ និង​ឧស្ម័ន​ពី​ប្រទេស​ថៃ​ក៏កម្ពុជាអាចនាំចូលពីប្រទេសដទៃអាចផ្គត់ផ្គង់ទីផ្សារកម្ពុជាបានជាធម្មតា។ នេះ​បើ​តាម​ការបញ្ជាក់របស់មន្រ្ដីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ក្រោយចប់​កិច្ច​ប្រជុំ​បូកស​រុប​លទ្ធផល​ការ​ងារ​របស់​អគ្គ​នាយក​ដ្ឋាន​គយ ​និងរដ្ឋាករកម្ពុជា ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ នៅថ្ងៃទី១២ ខែ​កុម្ភៈ​នេះ ​ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាអគ្គនាយក នៃ​អគ្គ​នាយក​ដ្ឋា​​នគយ និងរដ្ឋាករកម្ពុជា មានប្រសាសន៍ថា ការបិទព្រំដែនផ្លូវគោកជាមួយប្រទេសថៃ គឺ​មិន​បាន​បង្ក​ផលប៉ះពាល់ដល់ការផ្គត់ផ្គង់ទំនិញក្នុងប្រទេសកម្ពុជាទេ ជាការពិតទំនិញ​ដែល​នាំ​ចូល​ពី​ប្រទេស​ថៃ​មក​កាន់កម្ពុជា បន្តមានការធ្លាក់ចុះខ្លាំង។ទាក់ទងនឹងការលើកឡើងរបស់មហាជន ជុំវិញការបន្តមាននាំចូល​ផលិត​ផល​ថៃ​មក​​ទីផ្សារ​ប្រទេស​កម្ពុជា ​ឯកឧត្តមបណ្ឌិត គុណ ញឹម បានឱ្យដឹងថា ភាគច្រើននៃទំនិញទាំងនោះ គឺជា​ទំនិញ​ប្រភេទ​ឧបករណ៍ បរិក្ខា ដែលបម្រើដល់ឧស្សាហកម្ម និងកសិកម្ម រួមប្រភេទគ្រឿង​ចក្រ​កសិកម្ម ដូចជាត្រាក់ទ័រ និងម៉ាស៊ីនច្រូតជាដើម។ ព្រម​ទាំង​ទំនិញ​មួយ​ចំនួន​ទៀត​ដែល​ជា​ធាតុ​ចូលរ​បស់​ឧស្សាហកម្មធុនធំមួយចំនួន សម្រាប់បម្រើផលិតកម្មរបស់ក្រុមហ៊ុនជប៉ុន និង​ទំនិញ​មួយ​ចំនួន​ទៀត គឺប្រភេទគ្រឿងបង្គុំសម្រាប់ថែទាំផលិតកម្មរបស់ក្រុមហ៊ុនដំឡើងរថយន្ត និង​ម៉ូតូ​មួយ​ចំ​នួន។ឯកឧត្តមបណ្ឌិត គុណ ញឹម បានបញ្ជាក់ថា ទំនិញដែលនាំចូលសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ គឺ​មាន​ការ​ថយចុះប្រមាណ ៦០ ភាគរយ ស្របពេលទំនិញដែលហាមឃាត់ដូចជា ប្រេងឥន្ទនៈ បន្លែ ផ្លែ​ឈើ បានធ្លាក់ចុះដល់សូន្យភាគរយដោយសារចលនាពហិការ បាន​ធ្វើ​ឱ្យ​ទំនិញ​ដែ​ល​នាំ​ចូល​មក​ហើយ ​លក់មិនចេញត្រូវបាននាំចេញទៅវិញ ហើយទំនិញខ្លះទៀត នឹងត្រូវដុតកម្ទេចចោល ដោយ​សារ​ហួសសុពលភាពប្រើប្រាស់។យោងតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា គិតត្រឹមឆ្នាំ២០២៥ ការ​ប្រមូលចំណូលពន្ធរបស់កម្ពុជា សម្រេចបានលើសផែនការគ្រោងទុក ដែលគិតជា​ទឹក​ប្រាក់​ចំនួន​សរុប ១២,៧៦១ ប៊ីលានរៀល (១២ ៧៦០ ៥០៥លានរៀល) ស្មើនឹងប្រមាណ ៣,១៨១​លាន​ដុល្លារ មានការកើនឡើងចំនួន ២១ភាគរយ ប្រៀបធៀបទៅនឹងឆ្នាំ២០២៤ សម្រេច​បាន​ចំនួន​ ១០,៥៤២ ប៊ីលានរៀល (១០ ២៤៨ ៥៦៩លានរៀល) ស្មើនឹងប្រមាណ ២,៥៩០​លាន​ដុល្លារ​៕ អត្ថបទ៖ ឈិត បូរ៉ាវី 

ប្រធាន AVI ជឿជាក់ថា ប្រធានប្តូរវេនអាស៊ាននឹងបន្តបេសកកម្ម ដោះស្រាយជម្លោះព្រំដែន កម្ពុជា-ថៃ

2026/02/13 01:11:39 pm        248
ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) បានបង្ហាញការជឿជាក់ថា ប្រទេសហ្វីលីពីន​ដែល​ជា​ប្រធាន​អាស៊ាន នឹងបន្តនូវសកម្មភាពរបស់ខ្លួន​យ៉ាងសកម្ម​ដោយ​ភាព​ច្នៃ​ប្រឌិត​ក្នុង​ការ​សម្រប​សម្រួល​ដោះស្រាយជម្លោះព្រំដែន កម្ពុជា-ថៃ ដើម្បីធានាឱ្យអាស៊ានក្លា​យទៅជាតំបន់​មួយមាន​សន្តិភាព ស្ថិរភាព សន្តិសុខ និងមានការអភិវឌ្ឍន៍។លោកបណ្ឌិត ឆេង គឹមឡុង ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) មើលឃើញថា អាស៊ាន​នៅតែ​​ជា​តួអង្គដ៏សំខាន់មួយ ក្នុងការកៀរគរឱ្យមានការគាំទ្រជាលក្ខណៈតំបន់ និងអន្តរជាតិ​ពីព្រោះ​ប្រទេស​ហ្វីលីពីន ក្នុងនាមជាប្រធានអាស៊ានប្តូរវេននឹងដើរតួនាទីយ៉ាងសកម្ម ហើយ​រឹតតែ​បន្ត​សកម្មភាពបេសកម្មបន្ទាប់ពីប្រធានអាស៊ានកាលពីអាណត្តិឆ្នាំ២០២៥ កន្លងទៅ ដែលមាន ឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី​បានដឹកនាំឱ្យមានការជជែក​ពិភាក្សាឈាន​ទៅ​ដល់​ការព្រមព្រៀងបទឈប់បាញ់គ្នាមួយចំនួន និងជួបពិភាក្សា​នៃក្រុមកិច្ចការ​ងារ​ព្រំដែន​កម្ពុជា​-ថៃ ជាបន្តបន្ទាប់។លោកបណ្ឌិត បន្ថែមថា បើទោះបីជាយន្តការអាស៊ាននៅមានកម្រិតនៅមានកម្រិតខ្វះខាត ក៏​ប៉ុន្តែ​យន្តការ​អាស៊ាននៅតែជាយន្តការមួយដែលចាំបាច់ និងសំខាន់ហើយជាយន្តការ​គន្លឹះសម្រាប់​ដោះស្រាយ​ជម្លោះ​អន្តរជាតិ ជាពិសេស ជម្លោះព្រំដែនកម្ពុជា-ថៃ។ យន្តការអាស៊ាន ក៏នឹងជំរុញ​ឱ្យ​កម្ពុជា-ថៃ ងាកទៅរកការចរចាដោយសន្តិភាពផ្នែកទៅលើច្បាប់អន្តរជាតិ ដើម្បីធានា​នូវយុត្តិធម៌​ដល់​ប្រទេស​រៀងៗខ្លួន និងធានានូវសុខសន្តិភាព បញ្ជៀសឱ្យបានការប្រើ​ប្រាស់​ប្រដាប់​អាវុធដាក់​គ្នាឡើង​វិញ។ ប្រធាន AVI រូបនេះ ជឿថា ប្រធានធិបតី ហ្វីលីពិន Marcos Jr. ដែលជាប្រធានអាស៊ាន នឹងកៀរ​គរ​ឱ្យ​មានការគាំទ្រពីសហគមអន្តរជាតិ ពីព្រោះប្រទេសហ្វីលីពីន គឺជាប្រទេសមួយ​មានទំនាក់​ទំនង​ទូលំទូលាយ​ទាំងនៅក្នុងតំបន់អាស៊ាន អាស៊ីប៉ាស៊ីហ្វិក និងសកលលោក ហើយប្រធានធិបតី ហ្វីលីពីន​ក៏អាចនឹងជំរុញឱ្យមានគំនិតផ្តួចផ្តើមឬក៏ដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតថ្មីៗ ធ្វើ​យ៉ាងណាឱ្យការអនុវត្តបទឈប់បាញ់គ្នាមានប្រសិទ្ធភាព។សូបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ROMEO S BRAWNER JR អគ្គមេបញ្ជាការ នៃកងទ័ពហ្វីលីពីន នឹងធ្វើដំណើរទៅខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ដោយ​ចុះទៅពិនិត្យ កន្លែងមួយចំនួននៅតាមព្រំដែន ជួបជាមួយជនភៀសសឹកផងដែរ៕ អត្ថបទ៖ ធូ វិរៈ

អគ្គមេបញ្ជាការនៃកងទ័ពហ្វីលីពីន អញ្ជើញមកទស្សនកិច្ចទីតាំងមួយចំនួននៅក្នុងខេត្តបន្ទាយមានជ័យ

2026/02/13 01:03:17 pm        240
នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ក្រុមសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ទទួលស្វាគមន៍ ឯកឧត្តម នាយឧត្តមសេនីយ៍ ROMEO S BRAWNER JR អគ្គមេបញ្ជាការ នៃកងទ័ពហ្វីលីពីន ដែលអញ្ជើញមកទស្សនកិច្ចទីតាំងមួយចំនួននៅក្នុងខេត្តបន្ទាយមានជ័យ។ នៅវេលាម៉ោង ១០:០០នាទីព្រឹក គណៈប្រតិភូបានអញ្ជើញទៅទស្សនកិច្ចស្នាក់ការ២ ស្ថិតនៅក្រុងសិរីសោភ័ណ ដោយក្នុងឱកាសនោះ វរសេនីយ៍ឯក MOHD FARID BIN MOHD YUSOP ប្រធានក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំកម្ពុជាក៏បានធ្វើបទបង្ហាញជូនឯកឧត្តម អគ្គមេបញ្ជាការ និងគណៈប្រតិភូ ស្តីពីវឌ្ឍនភាពការងាររបស់ខ្លួនផងដែរ។ សូមជម្រាបជូនផងដែរថា ឯកឧត្តម នាយឧត្តមសេនីយ៍ ROMEO S BRAWNER JR អគ្គមេបញ្ជាការ នៃកងទ័ពហ្វីលីពីន បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា រយៈពេល ៤ថ្ងៃ គឺចាប់ពីថ្ងៃទី១១ រហូតដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦។ ក្នុងដំណើរទស្សនកិច្ចរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ នៃកងទ័ពហ្វីលីពីន មកកាន់ព្រះរាជាណាចក្រនាពេលនេះ គឺដើម្បីចុះមកពិនិត្យ និងសិក្សាស្វែងយល់ក្នុងការត្រៀមលក្ខណៈទទួល និងបំពេញតួនាទីជាប្រធានក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក្នុងឆ្នាំ២០២៦ បន្តពីប្រទេសម៉ាឡេស៊ីនាពេលឆាប់ៗខាងមុខនេះ។ សូមគូសបញ្ជាក់ផងដែរថា កម្ពុជាតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់យន្តការក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់មិនអាចខ្វះបាន ក្នុងការពង្រឹងតួនាទី និងអាណត្តិរបស់ AOT ដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព សំដៅលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក។

ឆ្នាំ២០២៥ អគ្គនាយកដ្ឋានសុខភាពសត្វ និង​ផលិតកម្ម​សត្វ​ប្រមូល​ចំណូល​បាន​ជិត ២០​ពាន់​លាន​រៀល

2026/02/13 12:56:07 pm        181
អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក្នុងឆ្នាំ២០២៥ បាន​ប្រមូល​ចំណូល​សរុប​បាន​ចំនួន​ជិត ២០ពាន់លានរៀល ក្នុងនោះ ចំណូលបានពីអគ្គនាយដ្ឋានសុខភាពសត្វ និង​ផលិត​កម្ម​សត្វជិត ១៣ពាន់លានរៀល និងការិយាល័យផលិតកម្ម និងបសុព្យាបាលរាជធានី ខេត្តជាង ៦,៥ ពាន់លានរៀល។ឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃ​អគ្គ​នាយក​ដ្ឋាន​សុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ លើកឡើង​ក្នុង​ពិធី​បិទ​កិច្ចប្រជុំបូកសរុបការងារសុខភាពសត្វ និងផលិតកម្មសត្វប្រចាំឆ្នាំ២០២៥ និង​ទិស​ដៅ​ការងារ​ឆ្នាំ២០២៦ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦នេះថា ក្នុងឆ្នាំ២០២៥ ជុំវិញបញ្ហា​សុខ​ភាព​សត្វ ​និងផលិតកម្មសត្វនេះ នៅក្នុងឆ្នាំ២០២៥ កន្លងមក អគ្គនាយកដ្ឋាន​បាន​ប្រមូល​ចំណូល​សរុប​ចំនួន​ជិត ២០ពាន់លានរៀល ក្នុងនោះចំណូលបានពីអគ្គនាយដ្ឋាន សុខភាពសត្វ និង​ផលិត​កម្ម​សត្វ មានចំនួនជិត ១៣ ពាន់លានរៀល ដោយបានកើន ១១៥% និង​ការិយាល័យ​ផលិត​កម្ម ​និងបសុព្យាបាល រាជធានី-ខេត្ត ប្រមូលបានជាង ៦,៥ ពាន់លានរៀល កើនជិត ៣៨% បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៤។ដោយ​ឡែកការអនុវត្តថវិកាកម្មវិធី សម្រេចបាន ១១ ១៤៧ លានរៀល ស្មើជាង ៩៨% ធៀប​នឹង​ច្បាប់​ថ​វិកាចំនួន ១១ ៣២៨ លានរៀល។ ការអនុវត្តសម្រេចបានលទ្ធផលល្អ លើសពី​ការ​រំពឹង​ទុក​ត្រឹមតែ ៩៥% នៃច្បាប់ថវិកា ដោយសារការខិតខំប្រឹងប្រែងរបស់មន្ត្រី ទទួលបន្ទុក​គ្រប់​លំដាប់​ថ្នាក់​ មានការទទួលខុសត្រូវខ្ពស់ ព្រមទាំងមានការ​សម្រប​សម្រួល​របស់​ថ្នាក់​ដឹក​នាំ​គ្រប់​លំដាប់​ថ្នាក់ ជាពិសេស ឯកឧត្តម ឌីត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ដែ​ល​តែងតែយកចិត្តទុកដាក់ខ្ពស់។លោកជំទាវ ហោ ម៉ាលីន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បាន​ជំរុញ​ឱ្យ​អគ្គនាយក​ដ្ឋានសុខភាពសត្វ ផលិតកម្មសត្វ ការអភិវឌ្ឍអនុវិស័យសុខភាពសត្វ និងផលិត​កម្ម​សត្វ​ឱ្យ​កាន់តែរីកចម្រើនថែមទៀត និងបន្តរក្សាបាននូវតុល្យភាព រវាងការ អភិរក្ស និងការ​អភិវឌ្ឍ​ដូច​ជា ធ្វើឱ្យសម្រេចបាននូវលទ្ធផលការងារចែងក្នុងយុទ្ឋសាស្រ្តបញ្ចកោណដំណាក់កាលទី១ រាជ​រដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលនយោបាយអាទិភាពរួមមាន ការលើក​ស្ទួយ​ផលិត​កម្ម​កសិកម្ម​ រកទីផ្សារ រក្សាលំនឹងថ្លៃកសិផល តាមរយៈកម្មវិធីហិរញ្ញ ប្បទាន និងការដាក់​ពង្រាយ​មន្ត្រី​កសិកម្ម​ឃុំ-សង្កាត់ និងការអភិវឌ្ឍសហគមន៍កសិកម្មទំនើប៕ អត្ថបទ៖ សុន រ៉ាឌី

អ្នកនាំពាក្យ៖ អាស៊ានបន្តយកចិត្តទុកដាក់ខ្ពស់លើការសម្របសម្រួលដោះស្រាយបញ្ហារវាង កម្ពុជា និងថៃ

2026/02/13 12:49:01 pm        251
អាស៊ាន បន្តយកចិត្តទុកដាក់ខ្ពស់លើការសម្របសម្រួលដោះស្រាយបញ្ហាព្រំដែន រវាង កម្ពុជា និងថៃ ខណៈនៅឆ្នាំ២០២៦នេះ ប្រទេសហ្វីលីពីន កំពុងធ្វើជាប្រធានប្ដូរវេនអាស៊ាន ប្រកាសត្រៀមខ្លួនរួចរាល់ក្នុងការបន្តដឹកនាំក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីសម្របសម្រួលដោះស្រាយបញ្ហាព្រំដែន កម្ពុជា-ថៃ ជាពិសេសការគោរពបទឈប់បាញ់ឱ្យមានប្រសិទ្ធភាព។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា។ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះថា ជាក់ស្ដែង នាយឧត្តមសេនីយ៍ Romeo S. Brawner Jr អគ្គមេបញ្ជាការនៃកងទ័ពហ្វីលីពីន បានដឹកនាំគណៈប្រតិភូមួយក្រុមមកបំពេញទស្សនកិច្ចនៅកម្ពុជាចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦។ ដំណើរទស្សនកិច្ចនេះធ្វើឡើងដើម្បីពិនិត្យមើលស្ថានការណ៍វិវត្តន៍នៅតាមព្រំដែន និងត្រៀមទទួលតួនាទីជាប្រធានក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បន្តពីម៉ាឡេស៊ីក្នុងការសម្របសសម្រួលដោះស្រាយបញ្ហាកម្ពុជា-ថៃ។ ឯកឧត្តមបន្តថា នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ ២០២៦នេះ នាយឧត្តមសេនីយ៍ Romeo S. Brawner Jr បានអញ្ជើញចុះទៅពិនិត្យមើលដោយផ្ទាល់នៅតំបន់ព្រំដែនក្នុងខេត្តបន្ទាយមានជ័យ និងត្រៀមស្ដាប់បទបង្ហាញពីក្រុម AOT។ ខណៈមុននឹងបំពេញបេសកកម្មពិនិត្យមើលស្ថានការណ៍ពិតនៅតាមជាយដែន អគ្គមេបញ្ជាការនៃកងទ័ពហ្វីលីពីន ក៏បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ ព្រមទាំងបានជួបពិភាក្សាកាងារជាមួយថ្នាក់ដឹកនាំយោធាកម្ពុជាមួយចំនួនទៀត។ សូមបញ្ជាក់ថា តាមរយៈជំនួបជាមួយសម្ដេចធិបទី នាយករដ្ឋមន្រ្ដីកាលពីថ្ងៃទី១២ កុម្ភៈ ម្សិលមិញនេះ នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការកងទ័ពហ្វីលីពីនបានបញ្ជាក់ថា ហ្វីលីពីនបានតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះបញ្ហានេះនិងបានត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តដឹកនាំក្រុម AOT ដើម្បីសម្របសម្រួលដោះស្រាយបញ្ហាព្រំដែនកម្ពុជាថៃដោយអព្យាក្រឹត្យសំដៅនាំមកនូវសន្តិភាព និងស្ថិរភាពយូរអង្វែងសម្រាប់ប្រទេសទាំងពីរក៏ដូចជាសម្រាប់តំបន់ទាំងមូល។ ចំណែកនៅឯកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅកោះសេប៊ូ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ ២០២៦ រដ្ឋមន្ត្រីការបរទេសហ្វីលីពីន ក៏បានបញ្ជាក់ដែរថា ហ្វីលីពីនបានត្រៀមខ្លួនជាស្រេចក្នុងការសម្របសម្រួលដើម្បីធ្វើយ៉ាងណាឱ្យសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥ ត្រូវបានគោរពយ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាព។ ទាំងនេះគឺជាសំឡេងដែលបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ប្រធានប្តូរវេនាអាស៊ានឆ្នាំ ២០២៦ ចំពោះបញ្ហាព្រំដែនកម្ពុជា-ថៃ និងក៏ជាសារដែលបញ្ជាក់ថា អាស៊ានបន្តយកចិត្តទុកដាក់ខ្ពស់លើការសម្របសម្រួលដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ៕

កម្ពុជាកំពុងពន្លឿនការផ្តល់សេវាទូរស័ព្ទ5Gនៅទូទាំងប្រទេស ដោយដំឡើងស្ថានីយអង់តែនរួចរាល់ជិត ១ ៥០០ទីតាំង

2026/02/13 12:37:21 pm        457
បន្ទាប់ពីការដាក់ឱ្យដំណើរការ ជាផ្លូវការនូវសេវាទូរស័ព្ទចល័តជំនាន់ទី៥ (5G) រាជរដ្ឋាភិបាលតាមរយៈ និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានដាក់ឱ្យដំណើរការជាផ្លូវការនូវស្ថានីយអង់តែន 5G ជិត ១៥០០ ដើម្បីពន្លឿនការផ្តល់សេវា 5G យ៉ាងសកម្ម ដោយផ្តោតសំខាន់លើសេវាអ៊ីនធឺណិតល្បឿនលឿនសម្រាប់អ្នកប្រើប្រាស់សេវាទូរស័ព្ទចល័ត និងគេហដ្ឋាន។សេចក្តីជូនដំណឹង របស់និយ័តករទូរគមនាគមន៍កម្ពុជា បានផ្សាយនៅថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០២៦ បញ្ជាក់ថា បន្ទាប់ពីការដាក់ឱ្យដំណើរការ ជាផ្លូវការនូវសេវាទូរស័ព្ទចល័តជំនាន់ទី៥ (5G) កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ ប្រតិបត្តិករទាំង ៣ រួមមាន ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក, ក្រុមហ៊ុន ស្មាត អាស្យាតា ខូអិលធីឌី និងក្រុមហ៊ុន វៀតធេល (ខេមបូឌា) បានដាក់ដំណើរការស្ថានីយអង់តែន 5G សរុបចំនួន ១ ៤៩៤ ទីតាំង នៅតាមបណ្តាខេត្ត-ក្រុងសំខាន់ៗ នៅទូទាំងប្រទេស។និយ័តករទូរគមនាគមន៍កម្ពុជា បន្ថែមទៀតថា ក្នុងនោះ ក្រុមហ៊ុន ស្មាត អាស្យាតា ខូអិលធីឌី បានដាក់ដំណើរការស្ថានីយអង់តែន 5G ចំនួន ៦៧៤ នៅតាមតំបន់ គោលដៅសំខាន់ៗក្នុងរាជធានីភ្នំពេញ និងទីរួមខេត្តជាច្រើន រួមមាន ខេត្តក្រចេះ, ខេត្តកណ្ដាល, ខេត្តកែប, ខេត្តកំពត, ខេត្តកំពង់ចាម, ខេត្តកំពង់ឆ្នាំង, ខេត្តកំពង់ធំ, ខេត្តកំពង់ស្ពឺ, ខេត្តកោះកុង, ខេត្តតាកែវ, ខេត្តត្បូងឃ្មុំខេត្តបាត់ដំបង, ខេត្តបន្ទាយមានជ័យ, ខេត្តព្រៃវែង, ខេត្តព្រះសីហនុ, ខេត្តមណ្ឌលគីរី, ខេត្តស្វាយរៀង និងខេត្តសៀមរាប។ក្រុមហ៊ុន វៀតធេល (ខេមបូឌា) បានដាក់ដំណើរការស្ថានីយអង់តែន 5G ចំនួន ៥៣១ នៅតាមតំបន់គោលដៅសំខាន់ៗក្នុងរាជធានីភ្នំពេញ និងទីរួមខេត្តជាច្រើន រួមមាន ខេត្តក្រចេះ ខេត្តកណ្ដាល ខេត្តកំពត, ខេត្តកំពង់ចាម, ខេត្តកំពង់ឆ្នាំង, ខេត្តកំពង់ធំ, ខេត្តកំពង់ស្ពឺ, ខេត្តកោះកុង, ខេត្តតាកែវ, ខេត្តបាត់ដំបង, ខេត្តបន្ទាយមានជ័យ, ខេត្តព្រៃវែង, ខេត្តពោធិ៍សាត់, ខេត្តព្រះសីហនុ, ខេត្តមណ្ឌលគីរី, ខេត្តរតនគិរី, ខេត្តស្វាយរៀង, ខេត្តស្ទឹងត្រែង, ខេត្តសៀមរាប, ខេត្តឧត្តរមានជ័យ, ខេត្តកែប, ខេត្តត្បូងឃ្មុំ, ខេត្តព្រះវិហារ និងខេត្តប៉ៃលិន។ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក បានដាក់ដំណើរការស្ថានីយអង់តែន 5G ចំនួន ២៨៩ នៅតាមតំបន់គោលដៅសំខាន់ៗក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល។ (បញ្ជីទីតាំងស្ថានីយអង់តែនដែលអាចប្រើប្រាស់សេវា 5G មានជូនភ្ជាប់ក្នុងឧបសម្ព័ន្ធ)បច្ចុប្បន្ន ប្រតិបត្តិករទាំង ៣ កំពុងពន្លឿនការផ្តល់សេវា 5G យ៉ាងសកម្ម ដោយផ្តោតសំខាន់លើសេវាអ៊ីនធឺណិតល្បឿនលឿនសម្រាប់ទាំងអ្នកប្រើប្រាស់សេវាទូរស័ព្ទចល័ត និងគេហដ្ឋាន (5G Home Broadband)។ព្រមទាំងផ្តល់បទពិសោធន៍កម្សាន្តកម្រិតខ្ពស់ និងដំណោះស្រាយបច្ចេកវិទ្យាសម្រាប់សហគ្រាស និងការតភ្ជាប់កម្រិតបញ្ជូនខ្ពស់ (High Bandwidth) សម្រាប់អាជីវកម្មឌីជីថល និងពង្រីកសេវាគ្របដណ្តប់ 4G បន្ថែមទៀត។ ការណ៍នេះនឹងជំរុញឱ្យកម្ពុជាមានភាពប្រកួតប្រជែងខ្ពស់ក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថល។ទន្ទឹមនឹងវឌ្ឍនភាពនេះ និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) នឹងបន្តជំរុញប្រតិបត្តិករទាំងអស់ ក្នុងកិច្ចសហការសាងសង់ស្ថានីយអង់តែន 5G ឱ្យកាន់តែច្រើនបន្ថែមទៀត ដើម្បីធានាឱ្យបាននូវវិសាលភាពគ្របដណ្តប់កាន់តែទូលំទូលាយនៅទូទាំងប្រទេស។ ន.ទ.ក. ក៏នឹងបន្តតាមដាននិងជំរុញការពង្រឹងគុណភាពសេវា 4G ឱ្យកាន់តែល្អប្រសើរ ដើម្បីរួមចំណែកធានាឱ្យបាននូវការតភ្ជាប់ដែលមានស្ថិរភាពនិងប្រសិទ្ធភាពខ្ពស់៕ អត្ថបទ៖ ធូ វិរៈ

អ្នកជំនាញ៖ សហគ្រិន​ក្នុង​ស្រុក​កំពុង​ផ្លាស់ប្តូរ​ទម្លាប់​ចាប់​យក​បច្ចេក​វិទ្យា​ឌីជីថល​បម្រើ​ក្នុង​អាជីវកម្ម

2026/02/13 12:37:10 pm        149
អ្នកជំនាញក្នុងវិស័យបច្ចេកវិទ្យាឌីជីថល មើលឃើញថា ល្បឿន​នៃ​ឌីជីថល​ភាវូប​នីយកម្ម​នៅ​កម្ពុជា ​កំពុងមានភាពយ៉ាងសកម្ម ខណៈដែលម្ចាស់អាជីវកម្ម និងអ្នកធ្វើធុរកិច្ច បាន​និង​កំពុង​ផ្លាស់​ប្តូរ​ទម្លាប់របស់ខ្លួន តាមរយៈការចាប់យកបច្ចេកវិទ្យាឌីជីថលបម្រើក្នុង​ចលនាអាជីវកម្ម និង​ពាណិជ្ជកម្ម ដើម្បីបង្កើនការងារ និងប្រាក់ចំណូល។ឧកញ៉ាបណ្ឌិត ឈិន កេន ប្រធានសមាគមបច្ចេកវិទ្យាឌីជីថលនៃកម្ពុជា លើកឡើង​ក្នុង​កិច្ច​សម្ភាសន៍​ជា​មួយ BTV ស្តីពីការ ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល និងការប្រើប្រាស់​បច្ចេក​វិទ្យា​ក្នុង​ពេល​បច្ចុប្បន្ន​នេះថា នៅក្នុងរយៈពេល ២៥ឆ្នាំ​តទៅមុខយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល នឹង​ជំរុញ​ឱ្យ​កាន់តែមានភាពប្រទាក់ក្រឡា​ក្នុងនោះការអភិវឌ្ឍធនធានមនុស្ស គឺជាលក្ខ​ខណ្ឌ​ចាំ​បាច់​មិន​អាចខ្វះបាន ដើម្បីជំរុញពិពិធកម្ម និងកំណើនសេដ្ឋកិច្ច, មូលធនមនុស្សមានគុណភាពខ្ពស់ និង​មាន​សុខភាពល្អ គឺជាទ្រព្យសកម្មជាតិដ៏រឹងមាំ សម្រាប់បង្កើនតម្លៃសេដ្ឋកិច្ច លើក​កម្ពស់​តម្លៃ​វប្បធម៌ និងបង្កើតគំនិតថ្មីៗ សំដៅធានាចីរភាពកំណើនសេដ្ឋកិច្ចរយៈពេលវែង នៅលើការ​អភិវឌ្ឍ​សេដ្ឋកិច្ច​-សង្គម។ឧកញ៉ាបណ្ឌិតបន្តថា ទាក់ទិនបច្ចេកវិទ្យានេះឃើញថា នៅក្នុងរយៈពេលជាង​២​ទស្សវត្ស​ចុង​ក្រោយ​នេះ បច្ចេកវិទ្យាឌីជីថល បានក្លាយជាផ្នែក​មួយ​យ៉ាង​សំខាន់​នៅ​ក្នុង​សកម្ម​ភាព​សេដ្ឋកិច្ច និង​សង្គម និងបានផ្តល់នូវកាលានុវត្តន៍ថ្មីៗជាច្រើន និងបាននាំមកនូវគំរូ ធុរកិច្ច​ប្រកប​ដោយ​នវា​នុវត្តន៍​, ការបង្កើនប្រសិទ្ធភាព និងប្រសិទ្ធផល, និងការធ្វើឱ្យ​បរិយាកាស​ប្រកួត​ប្រជែង​មាន​ភាព​កាន់​តែប្រ​សើរ​ ជាក់ស្តែងក្នុងពេលបច្ចុប្បន្នឃើញថា ម្ចាស់អាជីវកម្មបាន និងកំពុងផ្លាស់ប្តូរទម្លាប់ នៃកា​រ​ចាប់យកបច្ចេកវិទ្យាឌីជីថល បម្រើក្នុងខ្សែ ច្រវាក់ផលិតកម្មរបស់ខ្លួន តាមរយៈ​ការ​ទំនាក់​ទំនង​ ការផ្សព្វផ្សាយ និងកាលក់ផលិតផលនានាជាដើម។សូមបញ្ជាក់ថា ឆ្លើយតបតាមបរិបថនៃការប្តូរផ្លាស់វិស័យបច្ចេវិទ្យាសម្រាប់សេដ្ឋកិច្ច-សង្គម នេះថា ពិភព​លោកបានកំពុងដើរតាមបរិបថ ៤.០ ដែលបរិបថនេះកំពុងឈានចូលបរិបថថ្មីមួយទៀត គឺ ៥.០ ខណៈដែលមុននឹងការផ្លាស់ប្តូរសម័យកាលនេះ ឃើញថា នៅចុង បរិបថ ៤.០ បាន​កំពុង​ពុះ​កញ្ជោល​យ៉ាងខ្លាំង គឺការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា Ai ឬហៅថា បញ្ញាសិប្បនិម្មិត Ai ។ Ai នេះ​បាន​កំពុង ចាត់ទុកជាទីប្រឹក្សាដ៏សំខាន់មួយ សម្រាប់ជា​ជំនួយ​ក្នុង​ការ​អភិវឌ្ឍ​តាម​ផែន​ការ​សកម្មភាព ការងារ និងអាជីវកម្ម និងបានកំពុងក្លាយជា ប្រធានបទយ៉ាងសំខាន់ នៃការស្វែង​រក​ដំណោះ​ស្រាយ ការផ្លាស់ប្តូរបទពិសោធន៍ ការជជែកវែកញ៉ែក លើបច្ចេកវិទ្យាបញ្ញា សិប្បនិម្មិត AI ក្នុង​បរិវត្តកម្មវិស័យអប់រំ ទំនើបកម្មអាជីវកម្ម ការអភិវឌ្ឍឧស្សាហកម្ម និង AI សម្រាប់​ជំរុញ​ពិពិ​ធ​កម្ម​សេដ្ឋ​កិច្ច។ ជុំវិញប្រព័ន្ធ បច្ចេកវិទ្យាឌីជីថលនេះដែរ បាននិងកំពុង​ជំរុញ​បណ្តុះ​គំនិត​ច្នៃ​ប្រឌិត​ដល់​ធុរកិច្ច តាមរយៈការចាប់យកបច្ចេកវិទ្យា សម្រាប់ដំណោះ ស្រាយក្នុងអាជីវកម្ម (អាជីវកម្ម​ជំនាន់​ថ្មី​) ដែលបានចូលរួមចំណែកគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលផង និង​បំពេញ​សេចក្តី​ ត្រូវការក្នុងសង្គមផង ក្នុងគោលបំណងរុញសេដ្ឋកិច្ចជាតិឱ្យមានកំណើនកាន់តែប្រសើរ៕ អត្ថបទ៖ សុន រ៉ាឌី

ជនជាតិចិន ៣១៩នាក់ទៀត ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធ​ករណី​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ (Online Scams)

2026/02/13 12:08:02 pm        236
នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមអភិសន្តិបណ្ឌិត ឧប​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក​អន្តោ​ប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី សហការ​ជាមួយ​ស្ថាន​ទូត​ចិន បន្តធ្វើការបណ្តេញជនជាតិចិនសរុបចំនួន ៣១៩នាក់ (ស្រី២៣នាក់) ពាក់ព័ន្ធ​ករណី​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ (Online Scams) ត្រូវបានបណ្ដេញចេញតាមរយៈយន្តហោះពិសេស នៅ​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារអាកាសអន្តរជាតិតេជោ។ការបណ្ដេញចេញជនជាតិបរទេសខាងលើនេះ គឺជាការអនុវត្ត​តាម​វិធានការ​ច្បាប់​យ៉ាង​ម៉ឺង​ម៉ាត់​របស់​រាជ​រដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសំអាត និងលុប​បំបាត់​ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និង​សកល​លោក ដោយគ្មានការលើកលែងនោះឡើយចំពោះមេខ្លោងដែលនៅពីក្រោយ ក៏ដូចជាការ​ជួយ​សង្គ្រោះ​ជនរងគ្រោះដែ​ល​ត្រូវ​មេខ្លោ​ងបោក​បញ្ឆោត​ឱ្យ​មក​ធ្វើ​ការ​ក្នុង​សកម្មភាព​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា ហើយមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ៕

ទូតកម្ពុជាប្រចាំប្រទេសបារាំង បង្ហាញអំពីការ​បន្តរំលោភ​បំពាន​របស់​យោធាថៃ​លើ​ដែន​អធិបតេយ្យ​ភាពកម្ពុជា ដល់គណៈកម្មការនយោបាយនៃអង្គការ OIF នៅប្រទេសបារាំង

2026/02/13 11:56:27 am        256
ភ្នំពេញ៖ បើទោះជាមានបទឈប់បាញ់ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ប៉ុន្តែគួរឱ្យសោកស្តាយ ស្ថាន​កាណ៍នៅព្រំដែននៅតែគួរឱ្យព្រួយបារម្ភដដែល។ កងកម្លាំង​យោធាថៃ​នៅ​តែ​បន្ត​បំផ្លាញ​ផ្ទះ​សម្បែង​របស់ប្រជាពលរដ្ឋ រាយបន្លាលួស ដាក់ទូកុងតឺន័រ និងជីកលេណដ្ឋាន នៅក្នុងតំបន់​ដែល​ខ្លួន​កាន់​កាប់​លើទឹកដីអធិបតេយ្យរបស់កម្ពុជា ខណៈសកម្មភាព​ទាំង​នេះ​បង្កើត​ស្ថាន​ភាព​ថ្មី​នៅលើ​ទីតាំង​ជាក់ស្តែង និងរារាំងដល់ការវិលត្រឡប់ដោយសុវត្ថិភាព និងថ្លៃថ្នូររបស់​ជនស៊ី​វិល​ទៅ​ផ្ទះ​ស​ម្បែងរបស់ពួកគេវិញ។ នេះជាការបញ្ជាក់របស់ ឯកឧត្តម លុយ ដាវីត ឯកអគ្គរាជ​ទូត​កម្ពុ​ជា​ប្រចាំ​ប្រទេសបារាំង នៅក្នុងបទអន្តរាគមន៍របស់ ក្នុងកិច្ចប្រជុំគណៈកម្មការនយោបាយនៃអង្គការ OIF លើកទី២៥៧ នៅប្រទេសបារាំង កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦កន្លងទៅ។ឯកឧត្តម ឯកអគ្គរាជទូត លុយ ដាវីត បានរម្លឹកជូនអង្គប្រជុំថា៖ “ថៃបានបើកការវាយប្រហារ ក្នុងគោលបំណងឈ្លានពានកម្ពុជា ដោយបានប្រើប្រាស់អាវុធធុនធ្ងន់ កាំភ្លើងធំ ដ្រូន និងយន្តហោះចម្បាំង បានបណ្តាលឱ្យមានការបាត់បង់ជីវិតជនស៊ីវិល បំផ្លិចបំផ្លាញផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ បណ្តាលឱ្យប្រជាពលរដ្ឋរាប់ម៉ឺននាក់ត្រូវភៀសខ្លួន និងធ្វើឱ្យខូចខាតធ្ងន់ធ្ងរដល់ទីតាំងបេតិកភណ្ឌវប្បធម៌សំខាន់ៗ រួមមានប្រាសាទព្រះវិហារដែលបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក ព្រមទាំងប្រាសាទតាក្របី និងតាមាន់ធំ។ ប្រាសាទទាំងនេះស្ថិតនៅលើទឹកដីអធិបតេយ្យរបស់កម្ពុជា ដូចដែលបានកំណត់យ៉ាងច្បាស់ក្នុងសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និង១៩០៧ និងផែនទីភ្ជាប់ជាមួយ ដែលជាមូលដ្ឋានច្បាប់ដូចគ្នាដែលតុលាការយុត្តិធម៌អន្តរជាតិ (ICJ) បានយកមកប្រើជាសំអាង ក្នុងសាលក្រមឆ្នាំ១៩៦២ និងឆ្នាំ២០១៣ ពាក់ព័ន្ធនឹងប្រាសាទព្រះវិហារ។ឯកឧត្តមឯកអគ្គរាជទូត បញ្ជាក់បន្ថែមនៅក្នុងកិច្ចប្រជុំផងដែរ៖ “ប្រឈមនឹងស្ថានភាពដ៏គួរឱ្យព្រួយបារម្ភនេះ រាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងឱ្យមានកិច្ចព្រមព្រៀងបទឈប់បាញ់មួយ ដែលត្រូវបានចុះហត្ថលេខា នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក្នុងកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មការព្រំដែនទូទៅរវាងប្រទេសទាំងពីរ ក្រោមការឃ្លាំមើលរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន។ កិច្ចព្រមព្រៀងនេះមានគោលបំណងបញ្ឈប់ការប្រយុទ្ធគ្នា បញ្ឈប់ការចល័តទ័ព និងអនុញ្ញាតឱ្យជនភៀសសឹកអាចវិលត្រឡប់ទៅលំនៅឋានវិញដោយសុវត្ថិភាព និងថ្លៃថ្នូរ។ គួរឱ្យសោកស្តាយ ស្ថានកាណ៍នៅព្រំដែននៅតែគួរឱ្យព្រួយបារម្ភ ខណៈកងកម្លាំងយោធាថៃនៅតែបន្តបំផ្លាញផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ រាយបន្លាលួស ដាក់ទូកុងតឺន័រ និងជីកលេណដ្ឋាន នៅក្នុងតំបន់ដែលខ្លួនកាន់កាប់ក្នុងដែនអធិបតេយ្យរបស់កម្ពុជា។ សកម្មភាពទាំងនេះបង្កើតស្ថានភាពថ្មីនៅលើទីតាំងជាក់ស្តែង និងរារាំងដល់ការវិលត្រឡប់ដោយសុវត្ថិភាព និងថ្លៃថ្នូររបស់ជនស៊ីវិលទៅផ្ទះសម្បែងរបស់ពួកគេវិញ។ ជារួមស្ថានភាពអមនុស្សធម៌បែបនេះរបស់កងកម្លាំងថៃមិនអាចទទួលយកបានឡើយ។ឯកឧត្តមឯកអគ្គរាជទូត បានបញ្ជាក់ជូនកិច្ចប្រជុំគណៈកម្មការនយោបាយនៃអង្គការ OIF ថា៖ “កម្ពុជាគោរពយ៉ាងម៉ឺងម៉ាត់នូវកិច្ចព្រមព្រៀងបទឈប់បាញ់ និងប្រកាន់ខ្ជាប់នូវកិច្ចព្រមព្រៀងដែលបានសម្រេចរវាងប្រទេសទាំងពីរ។ យើងសូមសាទរតួនាទីរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន និងនៅតែបន្តប្តេជ្ញាចិត្តចំពោះការសន្ទនា ការគោរពគ្នាទៅវិញទៅមក និងការគោរពច្បាប់អន្តរជាតិ។ យើងក៏សូមអំពាវនាវឱ្យភាគីថៃគោរពឱ្យបានពេញលេញនូវកាតព្វកិច្ចរបស់ខ្លួន ដកបន្លាលួស និងទូរកុងតឺន័រខុសច្បាប់ចេញទាំងអស់ និងអនុញ្ញាតឱ្យជនភៀសសឹកកម្ពុជាអាចវិលត្រឡប់ដោយសុវត្ថិភាព ទៅកាន់ភូមិឋានរបស់ពួកគេវិញ ស្របតាមកិច្ចព្រមព្រៀងបទឈប់បាញ់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ យើងក៏សូមអំពាវនាវផងដែរដល់គ្រួសារហ្វ្រង់កូហ្វូនី និងសហគមន៍អន្តរជាតិ ឱ្យតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះស្ថានការណ៍នេះ និងគាំទ្រដល់ការដោះស្រាយវិវាទដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ”។មុននឹងបញ្ចប់បទអន្តរាគមន៍ ឯកឧត្តមឯកអគ្គរាជទូត បានបញ្ជាក់ផងដែរថា ព្រំដែនមិនអាចត្រូវបានកំណត់ដោយកម្លាំងឡើយ! រាល់ការប៉ុនប៉ងផ្លាស់ប្តូរខ្សែបន្ទាត់ព្រំដែនដោយឯកតោភាគី គឺផ្ទុយនឹងច្បាប់អន្តរជាតិ។ សន្តិភាព និងស្ថិរភាព អាចធានាបាន លុះត្រាតែមានការគោរពច្បាប់អន្តរជាតិ និងអធិបតេយ្យភាពរវាងរដ្ឋ និងរដ្ឋ។ ភាពស្ងៀមស្ងាត់ និងការមិនអើពើចំពោះស្ថានការណ៍បែបនេះ អាច​ជំរុញ​ឱ្យ​មាន​ការ​បំពាន​ច្បាប់ និងបន្តបង្កើនទុក្ខវេទនាដល់ពលរដ្ឋស៊ីវិល។ កម្ពុជានឹង​បន្ត​អនុវត្ត​ប្រកប​ដោយ​ការ​ទទួល​ខុសត្រូវ និងអត់ធ្មត់ ប៉ុន្តែព្រំដែន អធិបតេយ្យភាព និងកិត្តិយសរបស់ប្រជាជនកម្ពុជា មិន​អាច​ឱ្យ​មានការរំលោភដោយកម្លាំងបានឡើយ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សង្រ្គាមបានលួចពហុកីឡដ្ឋានតំបន់ហ្កាហ្សា ប៉ុន្តែមិនអាចលួចក្តីស្រលាញ់ការប្រកួតបាល់ទាត់បានទេ
06/17/2026 09:06 PM
ក្រុមមេដឹកនាំ G7ជួបជុំគ្នានៅថ្ងៃចុងក្រោយកិច្ចប្រជុំកំពូលក្នុងប្រទេសបារាំង
06/17/2026 09:06 PM
មេដឹកនាំ G7ពិភាក្សាលើការគ្រប់គ្រងប្រព័ន្ធ AI ជាមួយប្រធានបច្ចេកវិទ្យា ក្នុងកិច្ចប្រជុំកំពូលនៅបារាំង
06/17/2026 08:06 PM
លោក​ប្រធានាធិបតី Aoun និយាយថា លីបង់មាន «ផ្លូវឯករាជ្យ» ក្នុងការចរចាជាមួយ​អ៊ីស្រាអែល
06/17/2026 08:06 PM
មេដឹកនាំអាស៊ានធ្វើដំណើរទៅដល់ទីក្រុង Kazan ដើម្បីចូលរួមកិច្ចប្រជុំកំពូលរុស្ស៊ី-អាស៊ាន
06/17/2026 08:06 PM
បារាំងប្រកាសហាមឃាត់ការប្រើប្រាស់ទូរស័ព្ទដៃ នៅក្នុងសាលាវិទ្យាល័យ ចាប់ពីខែកញ្ញា
06/17/2026 08:06 PM
លោក Trump ៖ គ្មាននរណាម្នាក់ រួមទាំងលោក Obama មិនអាចបង្កើតកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់បានទេ
06/17/2026 08:06 PM
ក្រុមឧទ្ទាមកូឡុំប៊ីស្វាគមន៍កិច្ចប្រជុំជាមួយប្រធានាធិបតីថ្មី តែពួកគេក៏អាចរស់រានពីការវាយប្រហារយោធាដែរ
06/17/2026 08:06 PM
កោះតៃវ៉ាន់អះអាងថា កេនយ៉ាងរារាំងខ្លួនមិនឲ្យចូលរួមសន្និសីទដោយសារសម្ពាធពីចិន
06/17/2026 08:06 PM
សំណុំផ្សែងនៅតែបន្តឃើញមាននៅតំបន់ភាគខាងត្បូងលីបង់ បើទោះបីជាមានកិច្ចព្រមព្រៀងអាមេរិក-អ៊ីរ៉ង់
06/17/2026 08:06 PM