កាកបាទក្រហមកម្ពុជា ទទួលថវិកាពីសមាគមឧកញ៉ាកម្ពុជាចំនួន ១,០០៩,៩៩៩ ដុល្លារ អាមេរិក ក្នុងទិវា ៨ឧសភា ២០២៦
ឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវ​បាននាំ​យក​ទៅផ្សព្វផ្សាយជូន​ពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប
វិស័យរដ្ឋបញ្ជាក់ពីការ​ប្តេជ្ញាចិត្តក្នុងការជួយពង្រឹងការយល់ដឹងអំពីច្បាប់ និងនីតិវិធីគយដល់វិស័យ SMEs
សមត្ថកិច្ចរាជធានីភ្នំពេញ បន្តត្រួតពិនិត្យទីតាំងស្នាក់នៅប្រមូលផ្ដុំ ដើម្បីស្វែងរក និង​បោស​សម្អាត​​បទ​ល្មើស Online Scams

ព័ត៌មានជាតិ

អាជ្ញាធរបង្កើនការត្រួតពិនិត្យទីតាំងនានាដើម្បីទប់ស្កាត់ និងបង្ក្រាប​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ

2026/02/04 02:15:47 pm        199
កម្លាំងអាជ្ញាធរមានសមត្ថកិច្ចនៅតាមថ្នាក់មូលដ្ឋាន បាន​និង​កំពុ​ង​បន្ត​បង្កើន​ការ​ចុះ​ត្រួត​ពិនិត្យ​ជា​ប្រចាំ​​ទៅលើទីតាំងជួលការស្នាក់នៅនានាសម្រាប់ជនបរទេស ដើម្បីតាម​ដាន​លើ​ឧក្រិដ្ឋ​កម្ម​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ។ ដើម្បីជាការឆ្លើយតប ក្រោយការទទួលបានបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កងកម្លាំងអាជ្ញាធរមានសមត្ថកិច្ចនៅគ្រប់ជាន់ថ្នាក់ ទាំងថ្នាក់ជាតិ និងរ​ដ្ឋបាល​ក្រោម​ជាតិ​ បាននិងកំពុងបន្តការយកចិត្តទុកដាក់ខ្ពស់ក្នុងយុទ្ធនាការទប់ស្កាត់ និងបង្ក្រាប​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ លើបទល្មើសឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ( Online Scams ) ។ យុទ្ធនាការ នៃការចុះរដ្ឋបាលត្រួតពិនិត្យនេះ គឺ​តែង​បាន​ធ្វើ​ឡើង​ជា​រឿយៗ​ទៅ​តាម​ទីតាំង​ជួល​ការ​ស្នាក់​នៅ​តាម​ទីតាំងផ្ទះជួល ,អគារបន្ទប់ជួល , អគារខុនដូរ , ផ្ទះសំណាក់ និងសណ្ឋាគារនានា ដើម្បី​ធ្វើបច្ចុប្បន្នភាពកំណត់ឲ្យ​បាន​ច្បាស់​អំពី​ការ​រស់​នៅ​ដោយ​ស្រប​ច្បាប់​ត្រឹម​ត្រូវ​របស់​ជន​បរទេស​ទាំង​ឡាយ ជៀសវៀងការស្នាក់​នៅ​ដោយ​លួច​លាក់​ប្រព្រឹត្តិ​ឧក្រិដ្ឋកម្ម​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា។ ពលរដ្ឋ បង្ហាញនូវការគាំទ្រខ្ពស់ ចំពោះវិធានការដ៏ម៉ឺងម៉ាត់ ក្នុងការ​កម្ទេច​បទ​ល្មើស​ឧក្រិដ្ឋ​ទាំង​ឡាយ​ដែលបានបង្កអសន្តិសុខ និងអស្ថេរភាពដល់ប្រទេសជាតិ ។ ពលរដ្ឋ មិនចង់ឲ្យកម្ពុជា ក្លាយ​ជា​ជម្រក នៃបទល្មើសឧក្រិដ្ឋទាំងឡាយនោះទេ ពោលចង់ឲ្យ​កម្ពុជា​លេច​មុខ​លេច​មាត់​នៅ​ឆាក​អន្តរជាតិ តាមរយៈលទ្ធផលវិជ្ជមានជាច្រើន ដូចជាវប្បធម៌ ទំនៀមទំលាប់ ប្រពៃណី សន្តិភាព ក៏​ដូច​ជា​ការ​អភិវឌ្ឍន៍ជាដើម ។ គួរបញ្ជាក់ថា ការចុះរដ្ឋបាលពិនិត្យជាប្រចាំនេះ ក៏មានការសហការចូលរួមល្អ ពីតាម​ប​ណ្តា​ម្ចាស់​ទីតាំង​ពាក់​ព័ន្ធទាំងអស់ផងដែរ ដើម្បីឲ្យដំណើរការ ទប់ស្កាត់ និងបង្ក្រាបឧក្រិដ្ឋឆបោកនេះ កាន់​តែ​មាន​ប្រសិទ្ធ​ភាពខ្ពស់។ ទន្ទឹមនឹងនោះដែរ សមត្ថកិច្ច ស្នើដល់ម្ចាស់អាជីវកម្ម​ជួល​ការ​ស្នាក់​នៅ​ទាំង​អស់​ សូមកុំចូលដៃចូលជើងពាក់ពាក់ព័ន្ធបទល្មើសទាំងនេះឲ្យសោះ ក្នុងករណី​ប្រសិន​បើរ​ក​ឃើញ​ថា​មានការគប់គិតគ្នា នោះសមត្ថកិច្ចនឹងចាត់វិធានការច្បាប់ជាធរមាន ដោយ​មិន​លើក​លែង​នោះ​ឡើយ​៕ អត្ថបទ៖ លីហេង 

សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ប្រោសព្រះរាជទានព្រះរាជទ្រព្យ ១០ម៉ឺនដុល្លារ ដល់ស៊ីម៉ាក់

2026/02/04 01:58:29 pm        186
ភ្នំពេញ៖ មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) ទទួលបានការ សព្វព្រះរាជហឫទ័យពី សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ប្រោសព្រះរាជទានព្រះរាជទ្រព្យ ១០ម៉ឺនដុល្លារ ដើម្បីប្រើប្រាស់ក្នុងសកម្មភាពបោសសម្អាតមីន។ឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក់ កាលពីថ្ងៃទី៣កុម្ភៈ បានគូសបញ្ជាក់ថា ព្រះរាជអំណោយរបស់សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នាពេលនេះ ក៏ដូចជាពេលកន្លងមក ទាំងព្រះរាជអំណាយជាថវិកា និងជាសម្ភារ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយអត្រាគ្រោះថ្នាក់ដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះសំណល់សង្គ្រាម។ឯកឧត្តម ហេង រតនា បន្តថា ជាពិសេសព្រះរាជអំណោយរបស់ទ្រង់ បានបង្ហាញពីព្រះរាជហឫទ័យទុកដាក់ខ្ពស់បំផុតដល់កងកម្លាំងទាំងអស់នៃអង្គភាពស៊ីម៉ាក់ ដែលកំពុងបំពេញប្រតិបត្តិការបោសសម្អាតគ្រាប់មីន សំណល់យុទ្ធភណ្ឌសង្គ្រាមចាស់ និងសំណល់យុទ្ធភណ្ឌសង្គ្រាមបន្សល់ទុកដោយយោធាសៀមឈ្លានពានថ្មីៗនេះ។ សូមរំឭកថា កាលពីដើមខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅ សម្តេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរ ទ្រង់សព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជទ្រព្យចំនួន២ម៉ឺនដុល្លារស៊ីម៉ាក់រួចមកហើយ៕

ពលរដ្ឋភៀសសឹកមានភាពកក់ក្ដៅ ចំពោះការមើលថែរបស់រាជរដ្ឋាភិបាល ក្នុងការផ្តល់ដីលំនៅឋានថ្មី

2026/02/04 01:57:34 pm        238
នៅព្រឹកថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ប្រជាពលរដ្ឋដែលកំពុងបន្តស្នាក់នៅជាបណ្តោះអាសន្ន ក្នុងជំរំសុវត្ថិភាព ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ បានសម្តែងក្តីសង្ឃឹមជឿជាក់យ៉ាងមុតមាំ និងថ្លែងអំណរអរគុណលើការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ​ដែលបានផ្តល់ដីលំនៅឋាន ជាជម្រកថ្មីរស់នៅ​បណ្តោះ​អាសន្ន​ជូន​បងប្អូន​ដែលភៀសសឹកទាំងអស់​នៅពេលនេះ ​ដែលមិនអាចទាន់​បានវិលត្រឡប់​ចូល​ទៅលំនៅ​ឋាន​របស់ខ្លួនវិញ ។ប្រជាពលរដ្ឋភៀសសឹករូបនេះ បានបន្តទៀតថា ដោយសារតែ​ការ​ឈ្លានពាន​របស់​ទាហាន​សៀម​ធ្វើការ​បាញ់ប្រហារ​មក​លើភូមិឋាន​រស់នៅរបស់ពួកគាត់​ ក្បែរតំបន់ព្រំដែន​ដោយ​គឃ្លើន​យ៉ាង​សាហាវ​ព្រៃផ្សៃ​រំលោភ​ចូល​អធិបតេយ្យភាព​កម្ពុជា​ដោយមិនគោរពច្បាប់អន្តរជាតិនោះឡើយ​ ។សកម្មភាព​ទាំងអស់នេះហើយ​ ធ្វើឲ្យពលរដ្ឋកម្ពុជា​ទាំងចាស់​ ទាំងក្មេង ត្រូវ​បង្ខំ​ចិត្ត​ចាកចេញ​ពី​លំ​នៅឋាន​ និងផ្ទះ​សម្បែង​របស់ខ្លួនជាច្រើនកន្លែង​ត្រូវបាន​ក្រុមទាហាន​សៀម​ធ្វើការ​កម្ទេច​បំផ្លាញ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ស៊ីវិលស្លូតត្រង់​កម្ពុជាផងដែរ៕ អត្ថបទ៖ ឃិន ​សារិទ្ធ

ក្រសួងទេសចរណ៍ រៀបចំព្រាងខ្សែទស្សនកិច្ច CLUSTER វៃឆ្លាត​ទាក់ទាញ​ភ្ញៀវទេសចរ​អន្តរជាតិ​ស្នាក់​នៅ​យូរ

2026/02/04 01:31:31 pm        289
ក្រសួងទេសចរណ៍ និងក្រុមអ្នកជំនាញ បានរួមគ្នាបង្កើតខ្សែទស្សនកិច្ច CLUSTER វៃឆ្លាត ដើម្បី​បង្កើន​តម្លៃបន្ថែម និងទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជា មានឱកាសស្នាក់នៅយូរ និង​ជំរុញផ្តល់ប្រភពចំណូលជូនសហគមន៍ ពលរដ្ឋនានាដែល​ប្រកប​របរ​ពឹង​អាស្រ័យ​វិស័យ​ទេសចរណ៍​។នៅក្នុង​សន្និបាតបូកសរុបលទ្ធផលការងារវិស័យទេសចរណ៍ឆ្នាំ២០២៥ និង​លើក​ទិស​ដៅ​អនុវត្ត​បន្តសម្រាប់ឆ្នាំ២០២៦ ឯកឧត្តម នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានថ្លែងប្រាប់BTV នៅ​ថ្ងៃ​ទី៤ ខែកុម្ភៈនេះ ថាមកដល់ពេលនេះ ក្រសួងទេសចរណ៍ បានរៀបចំសេចក្តី​ព្រាង​ខ្សែ​ទស្សន​កិច្ច ​CLUSTER វៃឆ្លាត បានប្រមាណ១០០កញ្ចប់ខ្សែទស្សនកិច្ច ហើយក៏មានក្រុមហ៊ុន ការី​ទេសចរណ៍​មួយចំនួនបានយកទៅអនុវត្ត និងបន្តផ្សព្វផ្សាយលក់ទៅក្រៅប្រទេសរួចហើយ ហើយ​បច្ចុប្បន្ន​ក្រសួងក៏កំពុងពិនិត្យពិភាក្សាកែសម្រួល សេចក្តីព្រាង​ខែ្ស​ទស្សន​កិច្ច​ CLUSTER ផ្សេង​ៗ​ទៀត​ ដើម្បី​បង្កើន​ការ​ផ្តល់​នូវ​ភាព​ប្រទាក់​ក្រឡា​គ្នា​ពី​គោល​ដៅ​ទេសចរណ៍​មួយ​ទៅ​គោល​ដៅ​ទេសចរណ៍​មួយទៀត ចំណាយពេលស្នាក់នៅដើរកម្សាន្តរយៈពេលយូរ និងធានាបាន​នូវ​ភាព​ទាក់​ទាញ​ម្តងទៀតហើយម្តងទៀត។ក្រុមអ្នកជំនាញ បានលើកឡើងដែរថា កញ្ចប់ខ្សែទស្សនកិច្ចទស្សនាកម្ពុជា ដែលភ្ញៀវទេសចរអន្តរ ជាតិ​ទិញ ភាគច្រើនគឺមានរយៈពេលតែ៣ទៅ៤ថ្ងៃ ហើយការ​ជំរុញ​បង្កើត​ខ្សែ​ទស្សនកិច្ច CLUSTER វៃឆ្លាត ចំណាយពេលវេលាស្នាក់នៅយូរ ១០ថ្ងៃ ដែលមានពង្រីកគោល​ដៅ​ដើរ​កម្សាន្ត​ច្រើន​កន្លែង មានភាពប្រទាក់ប្រឡាគ្នា និងមានភាពទាក់ទាញ។សូមបញ្ជាក់ថា នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ​០២២៦ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៤ ខែកុម្ភៈ នេះ គឺមានប្រធានបទគន្លឹះចំនួន៩ ដែល​ក្រុមអ្នកជំនាញបើកការពិភាក្សាដោះស្រាយ និងប្រមូលធាតុចូល ជំរុញការអនុវត្ត​ដើម្បី​ទាក់​ទាញ​ទេសចរ​ទស្សនា រួមមានៈ ការជំរុញការពង្រឹងគុណភាពសេវាកម្មទេសចរណ៍៖ ពីស្តង់ដាទៅ​ភាព​ជឿជាក់ និងការវិលត្រឡប់ មកវិញរបស់ភ្ញៀវ, ការបង្កើតខែ្សទស្សនកិច្ច CLUSTER វៃឆ្លាត, យុទ្ធនាការទស្សនាកម្ពុជា រដូវកាលបៃតង, ការ ទូតទេសចរណ៍ និងម្ហូបអាហារ, យុទ្ធសាស្ត្រ​ទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា និងប្រធានបទ បរិវត្តកម្ម ទេសចរណ៍ឌីជីថល៖ ទិស​ដៅ​ថ្មី សម្រាប់បង្កើនការប្រកួតប្រជែងជាដើម៕ អត្ថបទ៖ ស៊ុម សុខជា

សម្តេចប្រធានរដ្ឋសភា និងឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថាន ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការសភាប្រទេសទំាងពីរ ដើម្បីលើកកម្ពស់ផលប្រយោជន៍ប្រជាពលរដ្ឋ

2026/02/04 01:14:57 pm        171
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ស៊ីយ៉េដ យូសាហ្វ រ៉ាហ្ស៉ា ហ្គីឡានី (Syed Yusaf Raza Gilani) ប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន បានប្តេជ្ញាចិត្តរួមគ្នានៅក្នុងការលើកកម្ពស់ពង្រឹងកិច្ចសហប្រតិបត្តិការទំនាក់ទំនងប្រជាជននៃប្រទេសទំាងពីរឱ្យកាន់តែជិតស្និទ្ធឡើង ស្របតាមចំណងមិត្តភាព កិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទំាងពីរ ដែលបានឈរយ៉ាងរឹងមាំ ឈ្មោះត្រង់ ជឿទុកចិត្តគ្នា ក្នុងការស្វែងរកផលប្រយោជន៍ជូនពលរដ្ឋទំាងសងខាង។សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ស៊ីយ៉េដ យូសាហ្វ រ៉ាហ្ស៉ា ហ្គីឡា នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈឆ្នាំ២០២៦ នៅវិមានរដ្ឋសភា នៅក្នុងពេល ឯកឧត្តមប្រធានព្រឹទ្ធសភា បានដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាពនៅកម្ពុជា តបតាមការអញ្ជើញរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។សម្ដេចរដ្ឋសភាធិបតី ឃួន សុដារី បានសម្ដែងនូវការស្វាគមន៍ដោយក្តីរីករាយចំពោះវត្តមានឯកឧត្តមប្រធានព្រឹទ្ធសភា និងបានចាត់ទុកវត្តមាន ឯកឧត្តមនៅកម្ពុជាជាផ្នែកដ៏សំខាន់ក្នុងការធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែរីកចម្រើនបន្ថែមទៀត ទាំងក្នុងក្របខ័ណ្ឌស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ។សម្តេចប្រធានរដ្ឋសភា បានអបអរសាទរចំពោះភាពជោគជ័យថ្មីៗនេះរបស់ប៉ាគីស្ថាន ដែលបានរៀបចំនូវសន្និសីទ ប្រធានសភានៃអន្តរសភា(ISC) កាលពីខែវិច្ឆិកាកន្លងទៅ ដែលសន្និសីទនេះក៏បានចេញសេចក្តីប្រកាសគំាទ្រចំពោះកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ និងបានជំរុញឱ្យភាគីទំាងពីរ អនុវត្តកិច្ចព្រមព្រៀងនោះ ឱ្យមានប្រសិទ្ធភាពខ្ពស់ក្នុងការដោះស្រាយជម្លោះព្រំដែនរវាងគ្នា។ ឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថានបានសម្ដែងនូវការអរគុណចំពោះសម្តេចប្រធានរដ្ឋសភា ដែលបានទទួលស្វាគមន៍ដ៏កក់ក្តៅជូនគណៈប្រតិភូនាឱកាសនេះ ជាពិសេសឯកឧត្តមបានអរគុណសម្ដេចតេជោ ហ៊ុន សែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងពលរដ្ឋកម្ពុជា ទំាងអស់ដែលបានទទួលស្វាគមន៍គណៈប្រតិភូព្រឹទ្ធសភាប៉ាគីស្ថានយ៉ាងកក់ក្តៅជាទីបំផុតចាប់តំាងពេលអញ្ជើញដល់កម្ពុជា។ ឯកឧត្តមប្រធានព្រឹទ្ធសភាបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនគ្រប់វិស័យនៅកម្ពុជា និងបានគូសបញ្ជាក់ថា ឯកឧត្តមបានអញ្ជើញមកកាន់ប្រទេសកម្ពុជា ចំនួន៣លើករួចមកហើយ ពោលគឺតាំងពីឆ្នាំ២០១៩ បន្ទាប់មកនៅឆ្នាំ២០២៣ ដែលពេលនោះឯកឧត្តមក៏បានអញ្ជើញចូលរួមក្នុងការសង្កេតការណ៍បោះឆ្នោតនៅកម្ពុជា និងលើកទី៣នេះ ជាដំណើរទស្សនកិច្ចក្នុងនាមឯកឧត្តមជាប្រធានព្រឹទ្ធសភាប៉ាគីស្ថាន។ សម្ដេចប្រធានរដ្ឋសភានិងឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថានក៏បានពិភាក្សាបន្ថែមទៀតទៅលើការជំរុញ និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងរដ្ឋសភាកម្ពុជានិងព្រឹទ្ធសភាប៉ាគីស្ថាន ក្នុងការលើកកម្ពស់ទំនាក់ទំនងប្រជាជននៃប្រទេសទំាងពីរឱ្យកាន់តែជិតស្និទ្ធ ដែលជាមូលដ្ឋានគ្រឹះក្នុងការឈានដល់ការពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតនៅលើវិស័យនានា មានដូចជាវិស័យពាណិជ្ជកម្ម ទេសចរណ៍ អប់រំ វប្បធម៌ បច្ចេកវិទ្យាព័ត៍មាន និងកសិកម្មជាដើម។ រដ្ឋសភាកម្ពុជានិងព្រឹទ្ធសភាប៉ាគីស្ថាន នឹងជំរុញឱ្យមានកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្នាទៅវិញទៅមក ទំាងកម្រិតថ្នាក់ដឹកនាំកំពូល ក្រុមមិត្តភាពនិងកម្រិតអគ្គលេខាធិការដ្ឋាន។ ថ្នាក់ដឹកនាំសភាប្រទេសទំាងពីរបានឯកភាពគ្នាពីសារៈសំខាន់នៅក្នុងការគោរពច្បាប់អន្តរជាតិ ការគោរព ឱ្យតម្លៃគ្នាទៅវិញទៅមក ដើម្បីផលប្រយោជន៍រួម ជំរុញសុខសន្តិភាព វិបុលភាពមនុស្សជាតិ។ មិនថាទេសតូច ឬប្រទេសធំនោះទេ ត្រូវគោរពអធិបតេយ្យភាពគ្នានិងឱ្យតម្លៃគ្នាទៅវិញទៅមក។ សម្តេចប្រធានរដ្ឋសភា បានស្នើផងដែរសុំឱ្យប៉ាគីស្ថានពិចារណានៅក្នុងការផ្សារភ្ជាប់ជើងហោះហើរត្រង់រវាងប្រទេសទំាងពីរ។សម្តេចរដ្ឋសភាធិបតីឃួន សុដារី បានជម្រាបជូនឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថានថាសម្តេចតេជោ ហ៊ុន សែន បានទទួលយកសំណើរបស់ឯកឧត្តមប្រធានព្រឹទ្ធសភានៅក្នុងការទទួលរៀបចំសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ នៅក្នុងឆ្នាំ២០២៦នេះ។ ថ្នាក់ដឹកនាំសភាប្រទេសទំាងពីរបានវាយតម្លៃខ្ពស់ចំពោះ សន្និសីទ ប្រធានសភានៃអន្តរសភា ថាជាវេទិកាអន្តរសភាមួយដ៏មានសារៈសំខាន់នៅក្នុងការលើកកម្ពស់វប្បធម៌សន្ទនា ការកសាងទំនុកចិត្តនិងការយោគយល់គ្នាដើម្បីផលប្រយោជន៍រួម នៅក្នុងកាលៈទេសៈដែលសកលលោកកំពុងប្រឈមការគំរាមកំហែងបញ្ហាជាច្រើនទំាងភូមិសាស្រ្តនយោបាយនិងសេដ្ឋកិច្ចជាដើមនោះ។ សម្តេចប្រធានរដ្ឋសភា បានលើកឡើងពីសុខដុមនីយកម្មសាសនា នៅកម្ពុជា ដែលបានដើរតួនាទីដ៏សំខាន់ សម្រាប់សុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ ។ ជាមួយគ្នានេះ ឯកឧត្តម ស៊ីយ៉េដ យូសាហ្វ រ៉ាហ្ស៉ា ហ្គីឡានី បានប្រកាសថាប៉ាគីស្ថាន គំាទ្រកម្ពុជាដើម្បីក្លាយជាសមាជិកអង្គការឥស្លាម (OIC)។ ជាមួយគ្នានេះ ឯកឧត្តមសង្ឃឹមថា កម្ពុជានឹងបើកស្ថានទូតជាផ្លូវការនៅប៉ាគីស្ថានក្នុងពេលឆាប់ៗនេះ៕

ពលករខ្មែរមកពីថៃជាង ៦២ម៉ឺននាក់មានការងារធ្វើនៅក្នុងប្រទេស និង​ទទួល​បាន​ប្រាក់​ខែ​សមរម្យ

2026/02/04 01:09:26 pm        254
ក្រោមការសម្របសម្រួលពីក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ និងដៃគូពាក់ព័ន្ធ ពលករ​ខ្មែរ ​ត្រឡប់មកពីប្រទេសថៃ ចំនួនជាង៦២ម៉ឺននាក់ ក្នុងចំណោមពលករសរុបជាង ៨០ម៉ឺនាក់ មាន​ការងារធ្វើ នៅក្នុងប្រទេស ដោយទទួលបានប្រាក់ខែសមរម្យ។តាមរយៈ​បទសម្ភាសជាមួយ BTV នៅថ្ងៃទី០៤ ខែកុម្ភៈ នេះ ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រ សួង​ការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា គិតត្រឹមចុងខែមករា ឆ្នាំ២០២៦នេះ ពលរដ្ឋ​ខ្មែររស់នៅប្រទេសថៃ ត្រឡប់មកប្រទេសកម្ពុជាវិញ មានចំនួនជិត ៩៦ម៉ឺននាក់ ក្នុង​នោះ​មា​​​នជាង ៨០ម៉ឺននាក់ ជា ពលករ និងទទួលបានការងារធ្វើ មានជាង៦២ម៉ឺននាក់ តាមរយៈ​យន្តការ​ក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ និងដៃគូពាក់ព័ន្ធនានា។ឯកឧត្តមបានបន្តថា ការជួយសម្របសម្រួលឲ្យពលករមានការងារធ្វើនេះ ក្រសួងការងារបានបែង ចែក​ជា ៤ដំណាក់ធំៗ ហើយពលករទទួលបានប្រាក់ខែសមរម្យ។លោក សំ សឿន ប្រធានសហជីពពលកម្មជាតិកម្ពុជា (NLC) បានលើកឡើងដែរថា តាមការ សង្កេតក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានយកចិត្តទុកដាក់ខ្ពស់ពីសុខទុក្ខ សុវត្ថិភាព​របស់​ពលករខ្មែរពេលត្រឡប់មកពីប្រទេសថៃ ដោយ​រង់​ចាំ​ទទួល​ពលករ​ទាំង​នោះ​នៅ​តាម​ច្រក​ព្រំដែន ​និងជួយសម្រួលការធ្វើដំណើរ និងរកការងាជូន ជាដើម។ លោក​បាន​កោត​សរសើរ​ចំពោះ​ការ​ខិត​ខំ​ប្រឹងប្រែងរបស់ក្រសួងការងារផងដែរ។ បន្ទាប់ពីប្រទេសថៃបង្កសង្គ្រាមឈ្លានពានប្រទេសកម្ពុជា នៅក្នុងឆ្នាំ២០២៥មក ពលរដ្ឋខ្មែរ​រស់​នៅ​ប្រទេសថៃ រាប់បញ្ចូលទាំងពលករដែលនោះ បានត្រឡប់​មក​កាន់​មាតុ​ប្រទេស​វិញ​ជា​បន្ត​បន្ទាប់​ស្របតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា៕ អត្ថបទ៖ ទូច សោភ័ណ 

អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ កម្ពុជា កំពុងជំរុញ​ឱ្យមាន​ដំណោះ​ស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ភាគី​ថៃ​ដោយ​សន្តិវិធី

2026/02/04 12:57:33 pm        194
រាជរដ្ឋាភិបាលកម្ពុជា មិននៅស្ងៀមឡើយចំពោះ​មុខ​សកម្មភាព​រំលោភ​បំពាន​មក​លើ​ដែន​អធិបតេយ្យ​​ភា​ពរបស់កម្ពុជា និងកំពុងជំរុញឱ្យ​មាន​ដំណោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយភា​គី​ថៃ​ដោយ​សន្តិវិធី និងតាមច្បាប់អន្តរជាតិ។ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះថា ជាក់ស្ដែងក្នុងពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បន្ត​ប្រកាស​តវ៉ា​ជាថ្មី​ទៀត​ប្រឆាំង​នឹង​សកម្ម​ភាព​របស់​ភាគី​ថៃនៅ​ក្នុង​ទីតាំង​ដែល​ខ្លួន​ដណ្តើម​កាន់​កាប់​ដោយ​កម្លាំង​យោធា​ក្នុង​ដែនអធិបតេយ្យរបស់កម្ពុជា។ ឯកឧត្តមបញ្ជាក់ថា កម្ពុជាបដិសេធ និងជំទាស់យ៉ាងដាច់អហង្ការចំពោះប្រតិបត្តិការ ដែល​ធ្វើ​ឡើង​ដោយកងកម្លាំងយោធាថៃ រួមទាំងការអនុវត្តអធិបតេយ្យរបស់ថៃដោយខុសច្បាប់ នៅ​លើ​ដែន​អធិបតេយ្យភាពកម្ពុជា ដែលសកម្មភាពនេះ ជាការរំលោភលើធម្មនុញ្ញអង្គការសហប្រជាជាតិ និង​ធម្មនុញ្ញអាស៊ាន និងជាការ​ប៉ុនប៉ង​ធ្វើ​ឱ្យ​ស្រប​ច្បាប់​នូវ​ការ​កាន់​កាប់របស់​ខ្លួន​លើ​ទឹក​ដី​អធិបតេយ្យ​របស់ក​ម្ពុជា។សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាចិត្តដ៏ខ្ជាប់ខ្ជួន និងឥតងាករេរបស់ខ្លួន​ក្នុង​ការ​ស្វែង​រក​ដំណោះ​ស្រាយ​ចំពោះជម្លោះព្រំដែនទាំងអស់ជាមួយប្រទេសថៃ ក៏ដូចជាជាមួយប្រទេស​ជិត​ខាង​ទាំង​អស់​ តាមរយៈមធ្យោបាយសន្តិភាព ស្របតាមច្បាប់អន្តរជាតិ ហើយកម្ពុជា​នៅ​តែ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​រក្សាជំហរជាគោលការណ៍របស់ខ្លួនថា ព្រំដែនមិនត្រូវផ្លាស់ប្តូរដោយកម្លាំងឡើយ៕

សាលាបណ្តុះបណ្តាលជំនាញ អំពាវនាវពលករ និងជនភៀសសឹក​មក​រៀន​ជំនាញ​បន្ថែម​ដើម្បី​បង្កើត​ការងារ​ថ្មី

2026/02/04 12:41:43 pm        271
អ្នកជំនាញក្នុងវិស័យអប់រំបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (ធីវ៉េត) បាន​ផ្ញើ​សារ​អំពាវ​នាវ​ជូនដល់សាធារណជនទូទៅ ជាពិសេសប្រជាពលរដ្ឋត្រឡប់មកពីថៃ ក៏ដូចជាជន​ភៀស​សឹក​ ឱ្យឆ្លៀតពេលរៀនជំនាញបន្ថែមដើម្បីពង្រឹងជំនាញ ពង្រឹងសេដ្ឋកិច្ច ផ្តល់​ឱកាស​ខ្លួន​ឯង​ដើម្បី​​ស្វែងរកការងារថ្មីធ្វើ និងឱកាសការងារជាច្រើនផ្សេងៗទៀត ក្រៅពីការងារនៅប្រទេសថៃ។ នៅ​ក្នុងបទសម្ភាសន៍ជាមួយព័ត៌មាន ប៊ីធីវី ឯកឧត្តម ជិន តារ៉ា នាយក​វិទ្យា​ស្ថាន​បច្ចេក​ទេស​ឧស្សា​ហ​កម្ម (ITI) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា ថ្មីៗនេះ ក្រៅ​ពី​ប្រទេស​បានជួបនូវបញ្ហាវិបត្តិតាមព្រំដែន កម្ពុជា-ថៃ បានមើលឃើញថា ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ និង​ធ្វើការនៅប្រទេសថៃជាច្រើន បានវិលត្រឡប់មកស្រុកកំណើតរៀងៗខ្លួនវិញ ហើយ​រាជ​រដ្ឋាភិបាល​កម្ពុជា​ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលជីវៈ ជាសេនាធិការក៏បាន​ខិតខំ​ប្រឹង​ប្រែង​ក្នុង​ការ​ជួយសម្របសម្រួលទាំងការដឹកជញ្ជូន អាហារ ការស្វែងរកការងារ និងការ​ផ្តល់​វ​គ្គ​បណ្តុះ​បណ្តាល​ជំនាញ ដោយឥតគិតថ្លៃជាដើម ជូនដល់ប្រជាពលរដ្ឋ។ឯកឧត្តមនាយក បានបន្តថា ដោយឡែក ជនភៀសសឹក ក៏ទទួលស្គាល់ថា មួយរយៈកន្លងមក ក៏​មាន​បញ្ហា​ស្មារតីដែលមានការព្រួយបារម្ភ មិននឹងន ប៉ុន្តែចំពោះមុខ យើងគួរ​ប្រែ​ក្លាយ​ការ​ឈឺ​ចាប់​នេះ ឱ្យទៅជាការប្រឹងប្រែង មានន័យថា បើយើងមានជំនាញ យើង​មាន​ក្រុម​ហ៊ុន​វិនិយោគ​នៅ​ប្រទេស​យើង​ច្រើន ប្រទេសនឹងរីកចម្រើនខាងផ្នែកសេដ្ឋកិច្ច យើងនឹងរឹងមាំ យើងនឹងមិន​ពឹង​ផ្អែក​លើ​ប្រទេស​ជិតខាងដែលគេមើលងាយ មើលស្រាយលនោះទេ។ ឯកឧត្តមបន្ថែមទៀតថា យើង​ត្រូវ​រក​ការងារដោយខ្លួនឯង និងរកប្រទេសណាដែលមានអរិយធម៌ល្អ មានវប្បធម៌ល្អ ហើយ​មាន​ការ​ងារ​ល្អ​ធ្វើសម្រាប់ត្រឡប់មកជួយប្រទេសជាតិវិញ ខណៈកម្ពុជា​មាន​ប្រទេស​ជា​ច្រើន​ផ្សេង​ទៀត​ជា​ដៃ​គូក្នុងការផ្តល់កូតាការងារល្អ និងមានប្រាក់បៀវត្សរ៍ខ្ពស់ ជូនដល់ប្រជាពលរដ្ឋ ក្នុង​នោះ​មាន​ដូច​ជា កូរ៉េ ជប៉ុន សឹង្ហបុរី ម៉ាឡេស៊ី និងជាមួយបណ្តាប្រទេសអឺរ៉ុប ដូចជាអូស្រ្តាលីជាដើម។ ជាក់​ស្តែងថ្មីៗនេះ វិទ្យាស្ថាន ITI ក៏មាន​កិច្ច​សហការ​ជាមួយ​មជ្ឈ​មណ្ឌល​បណ្តុះ​បណ្តាល​ជំនាញ​យាន​យន្ត ដែលជាស្តង់ដារអូស្រ្តាលី ដូច្នេះយើងមានឱកាសច្រើនណាស់ កុំប្រែក្លាយពីការឈឺចាប់ ទៅ​បាក់ទឹកចិត្ត យើងគួរប្រែក្លាយពីការឈឺចាប់ ទៅជាការពង្រឹងជំនាញ ការពង្រឹងសេដ្ឋកិច្ច ពង្រឹង​ឱកាសខ្លួនឯង ដើម្បីស្វែងរកការងារថ្មីធ្វើ។ជុំវិញការលើកឡើងខាងលើនេះ លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បាន​គាំទ្រ​ចំពោះ​ការ​អំពាវនាវ នេះទៅកាន់អតីពលករមកពីថៃ ក៏ដូចជាជនភៀសសឹកក្តី ការ​ទទួល​យក​ការ​បណ្តុះ​បណ្តាល​ជំនាញរបស់រាជរដ្ឋាភិបាល ពិតជាមានសារៈសំខាន់​សម្រាប់​អ្នក​ដែល​មាន​ជំនាញ​ហើយ ​និងងាយស្រួលក្នុងការស្វែងរកការងារធ្វើ ឬការប្រកបមុខរបរជាអាជីវកម្មខ្លួនឯងក្តី។ ជា​ពិសេស​ការ​រៀនជំនាញ ដោយមិនគិតថ្លៃ ដែលជាឱកាសដ៏កម្រមាន ព្រោះថា ក្រៅពីមិន​ចំណាយ​ប្រាក់​លើ​ថ្លៃ​រៀន ថែមទាំងទទួលនូវចំណេះ ជំនាញមួយពិតប្រាកដ ដើម្បីងាយស្រួល​ស្វែង​រក​ការ​ងារ​ ឬការបើកអាជីវកម្មផ្ទាល់ខ្លួនជាដើម។គិតមកដល់ពេលនេះ ប្រជាពលរដ្ឋខ្មែរដែលបានវិលត្រឡប់មកស្រុកកំណើតដើមវិញ មាន​ចំនួន​ជិត ១លាននាក់។ ក្នុងនោះ អ្នកទទួលបានការងារធ្វើក្នុងស្រុកមានចំនួនជាង ៦០ម៉ឺននាក់។ ដោយ​ឡែក គិតមកត្រឹមបំណាច់ឆ្នាំ២០២៥នេះដែរ តាមរយៈកម្ម​វីធី​បណ្តុះ​បណ្តាល​ជំនា​ញ​វិជ្ជា​ជីវៈ​ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ឬហៅថា កម្មវិធី TVET 1,5M បានទទលការចុះឈ្មោះដើម្បីចំនួនជិត ១៥ម៉ឺននាក់ ។ ក្នុងនោះ យុវជនជាង ៥ម៉ឺន​នាក់ មានការងារធ្វើ បន្ទាប់ពីបញ្ចប់ការសិក្សាជំនាញ ធីវ៉េត៕ អត្ថបទ៖ ឈិត បូរ៉ាវី 

ក្រសួងការងារ និងតំណាង UN ថ្មី ដាក់គោលដៅបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និង​បណ្តុះបណ្តាលជំនាញ

2026/02/04 12:22:54 pm        155
ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជា​មួយលោកស្រី វ៉្លាដាន់កា អាន់ឌ្រេវ៉ា (Vladanka Andreeva) អ្នកសម្រ​ប​សម្រួល​អង្គ​ការ​សហ​ប្រជាជាតិ​ថ្មីប្រចាំកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនង និងបង្កើនកិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់​តែ​ស៊ី​ជម្រៅបន្ថែមទៀត។ក្រោយចប់ជំនួបការងារ កាលពីរសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រសួងការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈបានសសេរឱ្យដឹងថា ក្រៅពីការអបអរ​សាទរ​ចំពោះ​ការ​តែង​តាំង​ជា​អ្នក​សម្រប​សម្រួល​អង្គ​ការសហប្រជាជាតិថ្មី ប្រចាំកម្ពុជា ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ អំពីយុទ្ធ​សាស្រ្ត​សម្រាប់ការបន្តកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍជំនាញ តាមរយៈការ​អប់​រំ​បណ្តុះ​បណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈ (TVET) ក៏ដូចជាកម្មវិធីការងារសម្រាប់យុវជន តាមរយៈ​កម្ម​វិធី​ការ​ងារ​សមរម្យប្រចាំប្រទេសកម្ពុជា (DWCP), កម្មវិធីមុខរបរ និងការងារ​សមរម្យ​សម្រាប់​យុវជន​នៅក​ម្ពុជា ដំណាក់កាលទី៣ (DEY III) និងការអនុវត្តផែនទីបង្ហាញផ្លូវកាតាលីករសកល។ឯកឧត្តម បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការងារ ក្នុង​ការ​លើក​កម្ពស់លក្ខខណ្ឌការងារឱ្យកាន់តែប្រសើរ, ការកំណត់​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​និយោជិត, ការផ្តល់អត្ថប្រយោជន៍របបសន្តិសុខសង្គម និងការផ្តល់​ឱកាស​ការងារ​សម្រាប់​យុវជន​ ជាពិសេសបងប្អូនអតីត​ពលករ​ត្រឡប់​មក​ពី​ប្រទេស​ថៃ​តាម​រយៈ​ការ​រៀប​ចំ​វេទិកា​ការងារ​នៅ​ទូទាំង​ប្រទេស។ ឯកឧត្តម បានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្ត និងការត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​បន្ត​ពង្រឹង​ភាព​ជា​ដៃគូ​យ៉ាងជិតស្និទ្ធជាមួយអង្គការសហប្រជាជាតិ ដោយបង្ហាញការជឿជាក់យ៉ាងមុតមាំថា កិច្ច​សហប្រតិបត្តិការដំណាក់កាលបន្ទាប់នេះ នឹងផ្តោតសំខាន់លើការអភិវឌ្ឍជំនាញសម្រាប់យុវជន និង​កម្លាំង​ពលកម្មកម្ពុជា ប្រកបដោយផលិតភាពខ្ពស់ ប្រសិទ្ធភាព និងសក្ដិសិទ្ធភាព ដែល​ស្រប​តាម​គោល​ដៅអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព។ ជាការឆ្លើយតប លោកស្រី អាន់ឌ្រេវ៉ា បានកោតសរសើរចំពោះចក្ខុវិស័យរបស់រាជរដ្ឋាភិបាល និង​ក្រសួង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំង​បាន​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​អង្គការ​សហ​ប្រជា​ជាតិ​ ដែលបានត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​បន្ត​កិច្ច​សហការ​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​កម្ពុជា​ប្រកប​ដោយ​ចីរភាព តាមរយៈវិធីសាស្ត្រដ៏មានប្រសិទ្ធភាព ភាពរហ័សរហួន និងការសម្រ​ប​សម្រួល​យ៉ាង​ល្អ ដើម្បីកសាងអនាគតដែលរួមបញ្ចូល និងមានភាពធន់សម្រាប់ប្រជាជនកម្ពុជា។ លោក​ស្រី​មានជំនឿយ៉ាងមុតមាំថា ភាពជាដៃគូ​ដ៏​ចាំ​បាច់​នេះ​នឹង​ចូល​រួម​ចំណែក​យ៉ាង​សំខាន់​ដល់​ការ​សម្រេច​បាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងចក្ខុវិស័យសេដ្ឋកិច្ច​របស់​កម្ពុជា​នា​ពេល​អនាគត​៕ អត្ថបទ៖ ឈិត បូរ៉ាវី

សម្តេចប្រធានរដ្ឋសភាកម្ពុជា ទទួលជួបពិភាក្សាការងារជាមួយ ប្រធានព្រឹទ្ធសភាប៉ាគីស្ថាន

2026/02/04 12:18:41 pm        189
នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបជាមួយ ឯកឧត្តម ស៊ីយ៉េដ យូសាហ្វ រ៉ាហ្សា ជីឡានី (Syed Yousaf Raza Gilani) ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន។ក្រោយជំនួបនេះ ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ អគ្គលេខាធិការរង នាយកខុទ្ទកាល័យ និងជាអ្នកនាំពាក្យសម្តេចប្រធានរដ្ឋសភា បានធ្វើសន្និសីទសារព័ត៌មាន ដើម្បីបង្ហាញពីលទ្ធផលផ្លែផ្កានៃជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាង សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ស៊ីយ៉េដ យូសាហ្វ រ៉ាហ្សា ជីឡានី (Syed Yousaf Raza Gilani) ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន។អ្នកនាំពាក្យសម្តេចប្រធានរដ្ឋសភា បានថ្លែងថា ជំនួបដ៏មានសារៈសំខាន់នេះបានប្រព្រឹត្តទៅនៅវិមានរដ្ឋសភា ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការអន្តរសភាឱ្យកាន់តែស៊ីជម្រៅ។ចំពោះខ្លឹមសារលម្អិតនៃជំនួបពិភាក្សាដ៏មានសារៈសំខាន់នេះ BTV នឹងជម្រាបជូនបន្ថែមនាពេលខាងមុខនេះ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កាកបាទក្រហមកម្ពុជា ទទួលថវិកាពីសមាគមឧកញ៉ាកម្ពុជាចំនួន ១,០០៩,៩៩៩ ដុល្លារ អាមេរិក ក្នុងទិវា ៨ឧសភា ២០២៦
06/13/2026 05:06 PM
យន្តហោះចម្បាំងស៊ុយអែត ស្ទាក់យន្តហោះប្រយុទ្ធ​របស់​រុស្ស៊ី នៅជិតព្រំដែន
06/13/2026 05:06 PM
លីបង់រាយការណ៍ពីការវាយប្រហាររបស់អ៊ីស្រាអែលនៅភាគខាងត្បូង ក្រោយ​មាន​ការព្រមានជម្លៀស
06/13/2026 05:06 PM
ប៉ាគីស្ថាន និងអេហ្ស៊ីបស្វាគមន៍វឌ្ឍនភាព រវាងអាមេរិក និងអ៊ីរ៉ង់ ដោយសង្ឃឹមមាន​កិច្ចព្រមព្រៀងសន្តិភាពដំបូង
06/13/2026 05:06 PM
ចំនួនអ្នកស្លាប់ដោយសារ​​រញ្ជួយដី នៅហ្វីលីពីន កើនឡើងដល់ ៦១នាក់ ខណៈប្រតិបត្តិការ​ជួយ​សង្គ្រោះកំពុង​បន្ត​
06/13/2026 05:06 PM
នាយករដ្ឋមន្ត្រីឥណ្ឌា លោក Modi ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការទៅកាន់បារាំង និងស្លូវ៉ាគី
06/13/2026 05:06 PM
[UPDATE] គ្រោះថ្នាក់ធ្លាក់យន្តហោះរបស់កងទ័ពអាកាសឥណ្ឌា មាន​អ្នកស្លាប់ ៥នាក់​
06/13/2026 05:06 PM
យន្តហោះដឹកជញ្ជូនយោធាធ្លាក់ នៅឥណ្ឌា ខណៈចំនួនអ្នកស្លាប់ និងរបួស មិន​ទាន់​ដឹង​នៅ​ឡើយទេ
06/13/2026 04:06 PM
ឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវ​បាននាំ​យក​ទៅផ្សព្វផ្សាយជូន​ពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប
06/13/2026 04:06 PM
វិស័យរដ្ឋបញ្ជាក់ពីការ​ប្តេជ្ញាចិត្តក្នុងការជួយពង្រឹងការយល់ដឹងអំពីច្បាប់ និងនីតិវិធីគយដល់វិស័យ SMEs
06/13/2026 04:06 PM