កាកបាទក្រហមកម្ពុជា ទទួលថវិកាពីសមាគមឧកញ៉ាកម្ពុជាចំនួន ១,០០៩,៩៩៩ ដុល្លារ អាមេរិក ក្នុងទិវា ៨ឧសភា ២០២៦
ឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវ​បាននាំ​យក​ទៅផ្សព្វផ្សាយជូន​ពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប
វិស័យរដ្ឋបញ្ជាក់ពីការ​ប្តេជ្ញាចិត្តក្នុងការជួយពង្រឹងការយល់ដឹងអំពីច្បាប់ និងនីតិវិធីគយដល់វិស័យ SMEs
សមត្ថកិច្ចរាជធានីភ្នំពេញ បន្តត្រួតពិនិត្យទីតាំងស្នាក់នៅប្រមូលផ្ដុំ ដើម្បីស្វែងរក និង​បោស​សម្អាត​​បទ​ល្មើស Online Scams

ព័ត៌មានជាតិ

CMAC រកឃើញគ្រាប់បែកចង្កោមមិនទាន់ផ្ទុះ ១២០គ្រាប់ ដែលបន្សល់ដោយយោធាឈ្លានពានថៃ នៅភូមិសាស្ត្រខេត្តបន្ទាយមានជ័យ

2026/02/04 06:25:40 pm        227
លោកឧត្តមសេនីយ៍ត្រី នេត រដ្ឋា ប្រធានកងឯកភាពកំចាត់មីនទី១ នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ធ្វើបទបង្ហាញទីតាំងរងផលប៉ះពាល់ដោយសារទម្ងន់គ្រាប់ផ្លោង និងគ្រាប់ទម្លាក់ពីយន្តហោះ រួមទាំងគ្រាប់បែកចង្កោមរបស់យោធាថៃ មកលើតំបន់ស៉ីវិលកម្ពុជា ស្ថិតនៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៦។លោកបានបន្ថែមថា ជាបឋម CMAC រកឃើញគ្រាប់បែកចង្កោមមិនទាន់ផ្ទុះចំនួន ១២០គ្រាប់ ដែលបង្កដោយយោធាឈ្លានពានថៃ មកលើភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។ការធ្វើបទបង្ហាញនេះបានធ្វើឡើងក្នុងឱកាសដែលក្រសួងព័ត៌មាន តំណាងដោយលោកជំទាវ ធន សយនារីរ័ត្ន ទីប្រឹក្សាក្រសួង ដឹកនាំអ្នកសារព័ត៌មានមកពីរាជធានីភ្នំពេញ ចុះផ្តិតយកទិដ្ឋភាពដោយផ្ទាល់ទីតាំងរងគ្រោះ៕ រូប (AKP)

ជប៉ុនផ្តល់ថវិកាជាង ៦៦ ម៉ឺនដុល្លារអាមេរិកសម្រាប់ការបោសសម្អាតគ្រាប់បែកចង្កោមនៅកម្ពុជា

2026/02/04 05:39:58 pm        164
រដ្ឋាភិបាលជប៉ុន នឹងផ្តល់ថវិកាសរុបចំនួន ៦៦៥,១៨៦ ដុល្លារអាមេរិក ដល់ស្ថាប័នទទួលជំនួយមួយ ក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន។ កិច្ចសន្យាផ្តល់ជំនួយ ត្រូវ បានចុះហត្ថលេខានៅថ្ងៃនេះ ដោយ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព របស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងអ្នកតំណាងស្ថាប័នទទួលជំនួយ សម្រាប់អនុវត្តគម្រោង។ក្នុងនោះ ថវិកាចំនួន ៦៦៥,១៨៦ ដុល្លារអាមេរិក សម្រាប់គម្រោងគាំទ្រការស្ថាបនាឡើងវិញជាមួយការបោសសម្អាត គ្រាប់បែកចង្កោមនៅខេត្តស្ទឹងត្រែង ហៅកាត់ថាគម្រោង PRCS (ថវិកាចំនួន ៦៦៥,១៨៦ ដុល្លារអាមេរិក) និងស្ថាប័នទទួលជំនួយ៖ អង្គការសកម្មភាពកំចាត់មីនជប៉ុន (JMAS)។ នៅក្នុងគម្រោងនេះ អង្គការ JMAS នឹងបោសសម្អាតតំបន់ដែលមានគ្រាប់បែកចង្កោមចំនួន ១៧០ហិច តា និងបង្រៀនមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) អំពីវិធីសាស្ត្រដែលមានសក្តិសិទ្ធភាព និង សុវត្ថិភាព ក្នុងការបោសសម្អាតគ្រាប់បែកចង្កោម។ មិនតែប៉ុណ្ណោះ គម្រោងនេះ នឹងផ្តល់ការអប់រំអំពីការ បញ្ចៀសពីហានិភ័យនៃគ្រាប់មីន ដល់ប្រជាជនមូលដ្ឋាន និងបណ្តុះបណ្តាលកសិករអំពីការគ្រប់គ្រង និងប ច្ចេកវិទ្យាកសិកម្ម។ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជាក្នុងឆ្នាំ ២០០២ ដើម្បីគាំទ្រដល់សកម្មភាពរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីជួយដល់ ការអភិវឌ្ឍ និងស្ថាបនាប្រទេសកម្ពុជាឡើងវិញនៅកម្រិតមូលដ្ឋាន។ ចាប់តាំងពីឆ្នាំ២០០២ មក រដ្ឋាភិបាល ជប៉ុនបានផ្តល់ថវិកាជាង ៦០លាន ដុល្លារអាមេរិក ដល់គម្រោងចំនួន ១៧០ ដែលផ្តោតសំខាន់ទៅលើវិស័យ អប់រំនៅកម្រិតបឋមសិក្សា វិស័យសុខាភិបាល វិស័យកសិកម្ម និងសកម្មភាពបោសសម្អាតមីនក្នុងប្រទេស កម្ពុជា៕

មន្ត្រីជំនាញ CMAC ធ្វើបទបង្ហាញទីតាំងរងផលប៉ះពាល់ដោយសារគ្រាប់ផ្លោង មេគ្រាប់​បែក​ចង្កោម​ដ៏​គ្រោះថ្នាក់​តាម​ផ្លូវ​ជាតិ​លេខ៥៨

2026/02/04 05:28:51 pm        123
លោកឧត្តមសេនីយ៍ត្រី នេត រដ្ឋា ប្រធានកងឯកភាពកំចាត់មីនទី១ នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ធ្វើបទបង្ហាញជូនក្រុមអ្នកសារព័ត៌មានពីទីតាំងរងផលប៉ះពាល់ដោយសារទម្ងន់គ្រាប់ផ្លោង មេគ្រាប់​បែក​ចង្កោម​ដ៏​គ្រោះថ្នាក់​​​ធ្លាក់​មុជដី​ជម្រៅ​ជិត ២ម៉ែត្រ ដែល​​ប្រទះឃើញ​តាម​ផ្លូវ​ជាតិ​លេខ៥៨ ចេញពី​តំបន់បឹងត្រកួន ទៅ​ប្រាសាទតាមាន់ ដែលស្ថិតនៅតំបន់ស៊ីវិលកម្ពុជា ស្ថិតនៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ការធ្វើបទបង្ហាញនេះបានធ្វើឡើងនៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ក្នុងឱកាសដែលក្រុមការងារក្រសួងព័ត៌មាន ដឹកនាំដោយលោកជំទាវ ធន សយនារីរ័ត្ន ទីប្រឹក្សាក្រសួងព័ត៌មាន រួមជាមួយអ្នកសារព័ត៌មានមកពីរាជធានីភ្នំពេញ ចុះផ្តិតយកទិដ្ឋភាពដោយផ្ទាល់ទីតាំងរងគ្រោះ៕ រូប (AKP)

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ចូលរួមគោរពវិញ្ញាណក្ខន្ធរបស់វីរយុទ្ធជនពលី

2026/02/04 05:16:32 pm        136
រតនគិរី៖ រសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ដោយក្តីអាឡោះអាឡ័យជាពន់ពេក លោកជំទាវបណ្ឌិត បានអញ្ជើញចូលរួមរំលែកមរណទុក្ខ និងគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជនពលីដោយផ្ទាល់នៅគេហដ្ឋានរបស់សពនៅខេត្តរតនគិរី។ក្នុងវេលាដ៏ក្រៀមក្រំនេះផងដែរ លោកជំទាវបណ្ឌិត បានពាំនាំប្រសាសន៍ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត និងប្រសាសន៍សួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់ក្រុមគ្រួសារនៃសពផងដែរ ។ ទន្ទឹមនឹងនេះ លោកជំទាវបណ្ឌិត ក៏បាននាំយកមកជាមួយនូវអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់ក្រុមគ្រួសារនៃសព ដើម្បីប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។រាជរដ្ឋាភិបាល រួមទាំងប្រជាជនកម្ពុជាទាំងអស់សូមចងចាំនូវវីរភាពដ៏អង់អាចក្លាហានរបស់ វីរយុទ្ធជនកម្ពុជា ដែលបានពលីអាយុជីវិតដើម្បីការពារបូរណភាពទឹកដី ក៏ដូចជាការផ្តល់ជូនមកវិញនូវសន្តិភាពជូនជាតិ មាតុភូមិ៕

អ្នកជំនាញ៖ វិស័យដឹកជញ្ជូនឆ្នាំ២០២៦នេះ នឹងបន្តនិន្នាការល្អ គាំទ្រ​ការ​ងើប​ឡើង​នៃ​អនុវិស័យ​ផ្សេង​ៗ

2026/02/04 04:35:49 pm        442
អ្នកជំនាញក្នុងវិស័យដឹកជញ្ជូន រំពឹងថា វិស័យដឹកជញ្ជូនក្នុងឆ្នាំ២០២៦នេះ នឹងបន្ត​មាន​និន្នាការ​ល្អ គាំទ្រដោយការងើបឡើងនៃ អនុវិស័យមួយចំនួន ក៏ដូចជាលំហូរនៃការវិនិយោគ ដែល​នឹង​រុញ​ច្រាន​ដល់​សកម្មភាពការរីកចម្រើន នៃខ្សែវាក់ផលិតកម្មក្នុងស្រុក គាំទ្រដល់ទីផ្សារនៃការនាំចេញ។ឧកញ៉ាបណ្ឌិត ស៊ិន ចន្ធី សមាជិកទីប្រឹក្សាសភាពាណិជ្ជកម្មកម្ពុជា និងជា​អនុ​ប្រធាន​សមាគម​ភស្ដុភារ​កម្ម​កម្ពុជា លើកឡើង ក្នុងកិច្ចជាមួយក្រុមសារព័ត៌មាន ស្តីពីបច្ចុប្បន្នភាព​នៃ​វិស័យ​ដឹក​ជញ្ជូននេះថា ទាក់ទងការដឹកជញ្ជូនក្នុងឆ្នាំ២០២៥ ទោះបីកម្ពុជាជួប បញ្ហា ការដំឡើង​អត្រា​ពន្ធ​បដិការ​ពី​សហរដ្ឋអាមេរិក និងជម្លោះព្រំដែនដែលបង្កដោយភាគីថៃ និងមានការបិទ​ខ្ទប់​រវាង​ប្រទេស​ទាំង​ពីរ ក៏សកម្មភាពសេដ្ឋកិច្ចក្នុងស្រុក នៅតែបន្តងើបឡើងយ៉ាងល្អប្រសើរ បានគាំទ្រ​ដល់​វិ​​ស័យដឹកជញ្ជូន នៅក្នុងប្រតិបត្តិការអាជីវកម្មទៅ ដោយរលូន។ឧកញ៉ាបណ្ឌិត បន្តថា ចំណែកទាក់ទងវិស័យដឹកជញ្ជូនក្នុងឆ្នាំ២០២៦នេះ នឹងបន្ត​ក្នុង​ប្រតិបត្តិ​ការ​​សេវាដឹកជញ្ជូនល្អប្រសើរ ជាពិសេសការដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវអាកាស បន្ទាប់​ពី​កម្ពុជា​បា​ន​​បើកជាផ្លូវការ នៃអាកាសយានដ្ឋានអន្តរជាតិតេជោ, ជាពិសេស ការទទួល​លំហូរ​វិនិយោគ​នៅ​ឆ្នាំ​២០២៥​ មកបង្កើតរោងចក្រ សហគ្រាសក្នុងស្រុក គឺជាការជួយគាំទ្រ​ដល់​ការ​រីក​លូត​លាស់​ក្នុង​ខ្សែ ច្រវាក់ផលិតកម្ម ដែលនឹងរុញច្រាន់ដល់សេវានៃការដឹកជញ្ជូនអាចមានភាពកាន់តែសកម្ម ដើម្បី​រួម​ចំណែកដល់ចលនាការនៃចន្ទល់ សេដ្ឋកិច្ចជាតិ។សូមបញ្ជាក់ថា ជុំវិញវិស័យដឹកជញ្ជូននេះ បើយោងតាម​ច្បាប់​ស្តីពី​ហិរញ្ញ​វត្ថុ​សម្រាប់​ការ​គ្រប់​គ្រង​ឆ្នាំ​២០២៦ វិស័យសេវាកម្មបានព្យាករ ថា នឹងមានកំណើនទាបក្នុងរង្វង់ ៣,៧% ដោយសារ​ការ​រំពឹង​ទុក​នៃការអូសបន្លាយផលប៉ះពាល់ពីការបិទខ្ទប់ព្រំដែនគោកកម្ពុជា-ថៃ នៃអនុវិស័​យចន្ទល់​កំណើន​សំខាន់ៗមួយចំនួនដូចជា អនុវិស័យបដិសណ្ឋារកិច្ច និងសេវាកម្មម្ហូបអាហារ (ទេសចរណ៍​), លក់ដុំ-រាយ, ហិរញ្ញវត្ថុ និងធានារ៉ាប់រង។ ចំណែកអនុវិស័យដឹកជញ្ជូននិងស្តុក បើទោះបីមានកំណើនថមថយបន្តិចក្នុងឆ្នាំ២០២៦ ក៏កំណើនក្នុង រយៈពេលមធ្យមខាងមុខ នៅបន្តរក្សាបាននិន្នាការកើនឡើង ដោយសារការបន្តងើបវិញនៃអនុវិស័យគាំទ្រមួយចំនួនដូចជា អនុវិស័យ កាត់ដេរនិងមិនមែនកាត់ដេរ គួបផ្សំនឹងការបន្តកើនឡើងនៃការដឹកជញ្ជូនបញ្ញើរហ័សក្នុងស្រុក៕ អត្ថបទ៖ សុន រ៉ាឌី

ក្រសួងបរិស្ថានចាត់វិធានការច្បាប់ឱ្យក្រុមហ៊ុនមួយនៅរាជធានីភ្នំពេញ បញ្ឈប់ដុតកំទេចក្រណាត់ និងរៀបចំប្រព័ន្ធសម្អាតផ្សែងចេញពីឡចំហាយឱ្យបានត្រឹមត្រូវ ដើម្បីទប់ស្កាត់ការបំពុលបរិស្ថាន

2026/02/04 04:34:23 pm        160
ក្រសួងបរិស្ថានបានចាត់វិធានការច្បាប់និងបច្ចេកទេសបរិស្ថាន លើក្រុមហ៊ុន រេន ហេង ហ្គាមេន ខូអិលធីឌី ជាប្រទេភរោងចក្រកាត់ដេរសម្លៀកបំពាក់ជាប្រទេភរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្ថិតនៅភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បន្ទាប់ពីបានរកឃើញថាក្រុមហ៊ុន ធ្វើការការដុតកំទេចក្រណាត់ និងមិនទាន់រៀបចំប្រព័ន្ធសម្អាតផ្សែងចេញពីឡចំហាយឱ្យបានត្រឹមត្រូវ នាំឱ្យមានការបំពុលខ្យល់ និងប៉ះពាល់ដល់គុណភាពបរិស្ថាននៅជុំវិញ។ ជាមួយគ្នានេះ ក្រសួងបរិស្ថានក៏តម្រូវឱ្យក្រុមហ៊ុនអនុវត្ត បញ្ឈប់ការដុតកម្ទេចក្រណាត់ក្នុងឡចំហាយជាដាច់ខាត ទោះក្នុងរូបភាពណាក៏ដោយ និង ត្រូវទទួលរងពិន័យអន្ដរការណ៍ យោងតាមក្រមបរិស្ថាននិងធនធានធម្មជាតិ មាត្រា១៦១ មាត្រា១៧៣ និងមាត្រា៦៦៨ និងអនុក្រឹត្យលេខ៤២ ស្ដីពីការត្រួតពិនិត្យការបំពុលខ្យល់។ ក្រុមហ៊ុនត្រូវផ្ដល់សំណងផលប៉ះពាល់សុខភាពសាធារណៈ និងការខូចខាតបរិស្ថាន តាមការវាយតម្លៃជាក់ស្ដែងពីមន្រ្តីជំនាញ។ លើសពីនេះ ក្រុមហ៊ុនត្រូវរៀបចំបំពាក់ប្រព័ន្ឋសម្អាតផ្សែងចេញពីឡចំហាយឱ្យបានត្រឹមត្រូវ និងត្រូវធ្វើកិច្ចសន្យាដឹកជញ្ជូនសំណល់រឹងឧស្សាហកម្ម ជាមួយក្រុមហ៊ុនដែលទទួលស្គាល់ពីក្រសួងបរិស្ថាន។សូមបញ្ជាក់ថា នៅថ្ងៃទី៣ ខែកុម្ភ: ឆ្នាំ២០២៦ ក្រុមការងារអធិការកិច្ច នៃអគ្គនាយដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន បានសហការជាមួយមន្ត្រីនៃមន្ទីរបរិស្ថានរាជធានីភ្នំពេញ ចុះត្រួតពិនិត្យករណីមានផ្សែងខ្មៅហុយចេញពីបំពង់ផ្សែងឡចំហាយរបស់ក្រុមហ៊ុនខាងលើ។ ក្រុមការងារបានរកឃើញនៅក្រៅបរិវេណរោថចក្រ បំពង់ផ្សែងឡចំហាយមានហុយផ្សែងខ្មៅ តែពុំមានក្លិនឈ្ងៀមនៅទេ។ ដោយឡែកនៅក្នុងបរិវេណរោងចក្រ ក្រុមការងារបានរកឃើញ មានឡចំហាយ ១គ្រឿង កម្លាំង ១៥០០គ.ក្រ/ម៉ោង ដែលើប្រើប្រាស់អុសដុត ២ម៉ែត្រគូប/ថ្ងៃ និងកម្ទេចក្រណាត់ជាមធ្យម ៥គ.ក្រ/ថ្ងៃ។ ក្រុមការងារបានយកឧបករណ៍ត្រួតពិនិត្យសារធាតុបំពុលខ្យល់ចេញពីបំពង់ផ្សែងឡចំហាយ ជាលទ្ឋផលឃើញថា ៖ CO = 4281ppm, ការបញ្ចេញសារធាតុបំពុលខ្យល់ចេញពីបំពង់ផ្សែងឡចំហាយ មានលើសស្តង់ដា បើប្រៀបធៀបទៅនឹងស្តង់ដាបញ្ចេញសារធាតុបំពុលខ្យល់ CO = 1000ppm។ ជាមួយគ្នានេះ ក្រុមហ៊ុន បានដំណើរផលិត ដោយមិនបានបំពាក់ប្រព័ន្ឋសម្អាតផ្សែងចេញពីឡចំហាយ គ្មានកិច្ចសន្យាដឹកជញ្ជូនសំណល់រឹងឧស្សាហកម្ម និងគ្មានលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនឹងវិស័យបរិស្ថាន៕

សម្ដេចតេជោ អរគុណពលរដ្ឋខ្មែរនៅអាមេរិក ដែលជួយឧបត្ថម្ភជនភៀសសឹក និង​ឈឺ​ឆ្អាល​ចំពោះ​ជាតិ​សាសន៍​ពេល​ជួបទុក្ខលំបាក

2026/02/04 04:22:30 pm        457
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និង​ជា​ប្រធាន​គណបក្សប្រជាជនកម្ពុជា បានថ្លែងអំណរអរគុណពលរដ្ឋខ្មែររស់នៅអាមេរិក ដែលបា​ន​យក​ចិត្ត​ទុក​ដាក់ដល់ជាតិសាស៍ពេលជួបទុក្ខលំបាក និងបាន​ជួយ​ឧបត្ថម្ភ​ដល់​ពលរដ្ឋ​ភៀស​សឹក​ជា​បន្ត​បន្ទាប់។សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអរគុណបែបនេះ ក្នុងឱកាសសម្ដេច អនុញ្ញាត​ឱ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​ដែល​ជា​យុវជន​គណបក្សប្រជាជនកម្ពុជានៅក្នុងរដ្ឋនានា នៅតំបន់​ឆ្នេរ​ខាង​លិច​នៃ​សហរដ្ឋ​អាមេរិក ​ចូលជួបសម្តែងការគួរសម នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភាជាតិកម្ពុជា រាជធានីភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានឱ្យដឹងនៅក្រោយជំនួបនេះថា នៅ​ក្នុង​ជំនួប​សំណេះសំណាលនេះ សម្ដេចតេជោ បានឆ្លៀតអរគុណដល់យុវជន ក៏ដូចជា​ក្រុម​ការ​ងារ​របស់​គណបក្ស​ប្រជាជនកម្ពុជា នៅតាមតំបន់ឆ្នេរខាងលិចនៃសហរដ្ឋអាមេរិក ដែល​ពេល​នេះ​ពួក​គាត់​បាន​អញ្ជើញ​មកប្រទេសកម្ពុជា និងបានចូលរួមចំណែកក្នុងការជួយដល់ជនភៀសសឹកកម្ពុជា ដោយ​បាន​យកអំណោយ និងថវិកាទៅឧបត្ថម្ភដល់ពលរដ្ឋភៀសសឹក។ សម្ដេចតេជោ បានចាត់ទុកសកម្មភាពនេះ បានបង្ហាញអំពី​ការ​ឈឺឆ្អាល​របស់​ពួក​គាត់​ចំពោះប​ង​ប្អូន​ភៀស​សឹក បើទោះបីជាពួកគាត់រស់នៅឯនាយសមុទ្រក៏ពិតមែន ក៏ប៉ុន្ដែ​ពួក​គាត់​នៅ​ជាប់​ជាមួ​យ​សុខ​ទុក្ខរបស់ប្រជាជនខ្មែរ។ សម្ដេចតេជោ ហ៊ុន សែន ក៏បានអរគុណយ៉ាង​ខ្លាំង​ចំពោះ​ការ​យក​ចិត្ត​ទុក​ដាក់​អំពី​ប្រជា​ពលរដ្ឋ​ខ្មែរ​ដែល​ជា​យុវជនគណបក្សប្រជាជនកម្ពុជានៅក្នុងរដ្ឋនានា នៅតំបន់ឆ្នេរខាងលិច​នៃ​សហរដ្ឋ​អាមេរិក​ ដែលបានយកចិត្តទុកដាក់ចំពោះជាតិសាសន៍ និងទឹកដីរបស់ខ្លួនបែបនេះ៕

ក្រុមលេខា RBC កម្ពុជា-ថៃ បានជួបប្រជុំគ្នានៅច្រកអន្តរជាតិចាំយាម-ហាតលឹក ក្រោម​ការ​សង្កេត​ការណ៍​ពីក្រុម AOT ប៉ុន្ដែមិនទាន់រកឃើញនូវចំណុចកណ្តាលរួមគ្នាមួយនៅឡើយ

2026/02/04 04:07:27 pm        328
ភ្នំពេញ៖ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ១៤:១៧នាទីរសៀលនេះ ក្រុម​លេខា​ធិការដ្ឋាន​នៃ​គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) រវាងយោធ​ភូមិ​ភាគ​ទី៣ ភាគីកម្ពុជា និងបញ្ជាការការពារព្រំដែនចន្ទបុរី-ត្រាត ភាគីថៃ បានជួបប្រជុំ​គ្នា​នៅ​ច្រក​អន្តរជាតិ​ចាំ​យាម-ហាតលឹក ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង ក្រោមការសង្កេតការណ៍​ពី​ក្រុម​អ្នក​សង្កេត​ការណ៍អាស៊ាន (AOT) របស់កម្ពុជា និងថៃផងដែរ។ នេះបើតាម លោកជំទាវ ឧត្តមសេនីយ៍​ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា។បើតាមអ្នក​នាំ​ពាក្យក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថាក្រុម​លេខា​ធិការ​របស់​កម្ពុជា​ដឹក​នាំ​ដោយ​ឧត្តមសេនីយ៍ទោ មុំ សាម៉ឺឌី មេបញ្ជាការរង យោធភូមិភាគទី៣ និងក្រុមលេខាធិការ​រប​ស់​ថៃ ​ដឹកនាំដោយវរនាវីឯក ឧត្តម គុនសិរិប៉ាន់យ៉ោ នាយសេនាធិការ បញ្ជាការការពារ​ព្រំដែន​ចន្ទបុរី-ត្រាត​។អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបញ្ជាក់ថា ដោយសារតែភាគីទាំងពីរ​មិន​ទាន់​រក​ឃើញ​នូ​វ​ចំណុច​កណ្តាលរួមគ្នាមួយនៅឡើយ ដូច្នេះ​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​ដក​ឃ្លា​វិល​ត្រលប់​ទៅ​ទីបញ្ជាការ​រៀង​ខ្លួនវិញ ហើយបន្តផ្លាស់ប្តូរឯកសារ និងពិភាក្សាគ្នាឈានដល់​ការ​ឯកភាព​គ្នា​នាពេ​លខាង​មុខទើបមានការរៀបចំពិធីចុះហត្ថលេខា និងកិច្ចប្រជុំគណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធភូ​មិ​ភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៣ របស់កម្ពុជា និងបញ្ជាការការពារព្រំដែនចន្ទបុរី-ត្រាត របស់ថៃ ។ គួររំលឹកផងដែរថា កិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នេះធ្វើឡើងផ្អែកតាមស្មារតីនៃសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ នៃ​គណៈ​កម្មាធិការព្រំដែនទូទៅ (GBC) រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ កាល​ពី​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលភាគីទាំងពីរបានបញ្ជាក់សាជាថ្មី អំពីការបន្ត​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​ខ្ជាប់​ខ្ជួននូ​វលទ្ធផលនៃកិច្ចប្រជុំពិសេសនេះឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ក៏​ដូច​ជា​ការបន្តកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយភាពតានតឹងតាមបណ្តោយព្រំដែន ព្រមទាំង​ស្វែង​រក​កិច្ចស​ហប្រតិបត្តិការជាក់ស្តែងសំដៅលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ និង​ឈាន​ដល់ការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញបានឆាប់រហ័ស៕

កម្ពុជានាំចេញវិស័យកម្មន្តសាលមិនមែនកាត់ដេរក្នុងឆ្នាំ២០២៥ បានបន្តចលន​ការកំណើន​ល្អ​ប្រសើរ

2026/02/04 03:59:56 pm        279
កម្ពុជានាំចេញទំនិញ ដែលជាប្រភេទកម្មន្តសាលមិនមែនកាត់ដេរ ទៅកាន់​ទីផ្សា​រ​អន្តរជាតិ​ក្នុង​ឆ្នាំ​២០២៥ បានបន្តចលនការ កំណើនល្អប្រសើរ ទោះបីមានការគំរាមគំហែង ពីការដំឡើង​អត្រា​ពន្ធ​បដិការ​ពី​សហរដ្ឋអាមេរិក និងការអូសបន្លាយនៃជម្លោះព្រំដែន កម្ពុជា-ថៃក៏ដោយ។ ជុំវិញការនាំចេញវិស័យកម្មន្តសាលមិនមែនកាត់ដេរនៅក្នុងឆ្នាំ២០២៥, បើយោង​តាម​របាយការណ៍​របស់​អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចំពោះមុខទំនិញនៅក្នុង​វិស័យកម្មន្ត​សាល​មិន​មែនកាត់ដេរ ដែលជួយគាំទ្រដល់កំណើននៃការនាំចេញមានដូចជា ការនំាចេញ​សំបក​កង់​ឡាន​ មានទឹកប្រាក់ ជាង ១ ៣០០ លានដុល្លារ, ម៉ាស៊ីន បរិធានមេខនិក និងសម្ភារៈអគ្គិសនី ជិត ២២០ លាន ដុល្លារ កើនឡើងជិត ២៧ ភាគរយ, គ្រឿងសង្ហារឹម មានទឹកប្រាក់ជាង ១ ៥០០ លានដុល្លារ កើនជិត ៣៤ ភាគរយ, ប្រដាប់ប្រដា ក្មេងលេង ជាង ៧៣១ លានដុល្លារ កើន​ជាង ១១៥ ភាគរយ, វត្ថុធាតុប្លាស្ទិក កៅស៊ូ និងធ្វើពីកៅស៊ូ ជាង ២៧៨ លានដុល្លារ កើន ១១ ភាគរយ ក្រៅពីនេះនៅមានប្រភេទទំនិញជាច្រើនទៀតនៅក្នុងវិស័យកម្មន្តសាលមិនមែនកាត់ដេរ ដែលបាន​ជួយជ្រោមជ្រែងដល់ ការនាំចេញ។ចំណែកវិស័យឯកជន, អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លើកឡើងថា ជុំវិញទីផ្សារនាំចេញទំនិញ របស់កម្ពុជាក្នុងឆ្នាំ២០២៥ ទោះបីកម្ពុជាជួបបញ្ហានៃការដំឡើងអត្រាពន្ធបដិការពីសហរដ្ឋអាមេរិក និងការអូសបន្លាយនៃជម្លោះ ព្រំដែនកម្ពុជា-ថៃ ក៏ការនាំចេញរបស់កម្ពុជានូវវតែសម្រេចបានកំណើនកើនឡើងល្អប្រសើរ ប៉ុន្តែទោះបីយ៉ាងណាយើងក៏ជួបបញ្ហា ប្រឈម អំពីការរកស៊ីទទួលទានរបស់ប្រជាជននៅតាមព្រំដែនកម្ពុជា-ថៃ ដែលបញ្ហានេះសភាពាណិជ្ជកម្មកម្ពុជា កំពុងគិតគូរយកចិត្ត ទុកដាក់ ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់អាជីវករ ក៏ដូចប្រជាជននៅតាមព្រំដែនផងដែរ។សូមបញ្ជាក់ថា ការធ្វើពាណិជ្ជកម្មលើទីផ្សារអន្តរជាតិពេញមួយឆ្នាំ នៅក្នុងបំណាច់ឆ្នាំ ២០២៥ របស់កម្ពុជា, មានទំហំទឹកប្រាក់សរុប ជាង ៦៤ ពាន់លានដុល្លារអាមេរិក កើនជិត ១៧ ភាគរយ ក្នុងនោះការនាំចេញទំនិញរបស់កម្ពុជា មានទឹកប្រាក់ជាង ៣០ ពាន់លាន ដុល្លារ កើនឡើងជិត ១៥ ភាគរយ ខណៈការនាំចូលពីបរទេស មានចំនួនជិត ៣៤ ពាន់លានដុល្លារ កើនឡើងជិត ១៩ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៤៕ អត្ថបទ៖ សុន រ៉ាឌី

រាជរដ្ឋាភិបាលនឹងពង្រឹងប្រមូលចំណូលមិនមែនសារពើពន្ធ ដើម្បីពង្រីក​ប្រសិទ្ធភាព​ចំណូល​សម្រាប់​ជាតិ

2026/02/04 03:15:23 pm        239
រាជរដ្ឋាភិបាលក្នុងឆ្នាំ២០២៦នេះ នឹងជំរុញពង្រឹងការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ និង​ការ​ចាត់​ចែង​លើទ្រព្យសម្បត្តិរដ្ឋ បន្តស្វែងរកមុខចំណូលថ្មីៗ ជាពិសេស​ពង្រឹង​យន្តការ​នៃ​ការ​ប្រមូល​ចំណូល​ពី​វិស័យធនធានរ៉ែឱ្យអស់សក្តានុពល ដើម្បីពង្រឹងប្រសិទ្ធភាព នៃការប្រមូល​ចំណូល​ដែល​មានស្រាប់។ជុំវិញចំណូលមិនមែនសារពើរពន្ធ បើយោងតាមច្បាប់​ស្តីពី​ហិរញ្ញ​វត្ថុ​សម្រាប់​ការ​គ្រប់​គ្រង​ថវិកា​ឆ្នាំ​២០២៦​ រាជរដ្ឋាភិបាលជំរុញ និងពង្រឹងការអនុវត្តច្បាប់ ស្តីពីការគ្រប់គ្រង​ចំណូល​មិនមែន​សារ​ពើ​ពន្ធ​, ច្បាប់ស្តីពីការគ្រប់គ្រងការប្រើប្រាស់និងការចាត់ចែងទ្រព្យ សម្បត្តិរដ្ឋ, ព្រមទាំងច្បាប់ និង​បទ​ដ្ឋានគតិយុត្តនានា ពាក់ព័ន្ធចំណូលមិនមែនសារពើរពន្ធ, ការស្វែងរកចំណូលថ្មីៗ ដើម្បី​ពង្រឹង និង​ពង្រីកការប្រមូលចំណូលមិនមែនសារពើពន្ធ និងចំណូលដែលមានសក្តានុពល ជាពិសេស​ការ​ប្រមូល​ចំណូល​លើ​វិស័យធនធានរ៉ែឱ្យ អស់សក្តានុពល ដើម្បីពង្រឹងដល់ប្រសិទ្ធភាព​នៃ​ការ​ប្រមូល​ចំណូល​របស់​រាជរដ្ឋាភិបាល សម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ។ទាក់ទងវិស័យរ៉ែ, ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លើកឡើងក្នុង​សន្និបាត​បោះ​ឆ្នោត​ជ្រើស​រើសក្រុមប្រឹក្សា ភិបាលសមាគមថ្មអារកម្ពុជា នៅថ្ងៃទី២ ខែកុម្ភៈ នេះថា ជុំវិញការ​ប្រមូល​ចំណូល​សួយសារពីវិស័យធនធានរ៉ែមានជាអាទិ៍ រ៉ែមាស រ៉ែខ្សាច់ រ៉ែសំណង់ រ៉ែដែក​ឆៅ​ជា​ដើម​ នៅក្នុងអាណត្តិទី៦ កន្លងមក, រាជរដ្ឋាភិបាលប្រមូលចំណូលពីវិស័យនេះ បាន​ក្នុង​រង្វង់​ប្រមាណ ​៤០លានដុល្លារអាមេរិក ប៉ុន្តែនៅក្នុងអាណត្តិថ្មី, ជាពិសេសនៅក្នុងឆ្នាំ២០២៥ ការ​ប្រមូល​​​សួយសារពីវិស័យទាំងនេះ បានចំណូលចូល ថវិការដ្ឋសរុបជាង ១៣៥ លានដុល្លារ​អាមេរិក ក្នុងនោះបើគិតទាំងចំណូលពន្ធ វិស័យធនធានរ៉ែ បានរួមចំណែករាប់រយលានដុល្លារ ចូល​ថវិកាជាតិ ដែលនេះបង្ហាញពីមោនទភាពរបស់កម្ពុជា។ឯកឧត្តម​រដ្ឋមន្ត្រី សង្កត់ធ្ងន់ថា ជុំវិញវិស័យរ៉ែនេះ នៅពេលរាជរដ្ឋាភិបាលធ្វើការអភិវឌ្ឍ ពិតណាស់គឺយើងត្រូវគិតគូរពីបរិស្ថាន និងផលប៉ះពាល់ទាំងមនុស្ស និងសត្វជាដើម, បញ្ហានេះប្រសិនការរសិក្សារកឃើញផលប៉ះពាល់តិចតួច និងហុចផលប្រយោជន៍មក វិញច្រើន រាជរដ្ឋាភិបាលនឹងជំរុញអភិវឌ្ឍន៍ ព្រោះការអភិវឌ្ឍនេះនឹងចូលរួមបង្កើតការងារ និងប្រាក់ចំណូល ជាក់ស្តែងមកដល់ពេល នេះ វិស័យរ៉ែទាំងមូល បានបង្កើតការងារជូនប្រជាពលរដ្ឋជិត ២ ម៉ឺនកន្លែងផងដែរ។សូមបញ្ជាក់ថា ជុំវិញការប្រមូលចំណូលមិនមែនសារពើរពន្ធនេះ ក្នុងនោះចំពោះវិស័យរ៉ែ ក្នុងឆ្នាំ២០២៦នេះ, រាជរដ្ឋាភិបាលនឹងបន្ត ពង្រឹងយន្តការ និងប្រសិទ្ធភាពនៃការប្រមូលចំណូលពីវិស័យធនធានរ៉ែឱ្យអស់សក្តានុពល ជាពិសេសផលិតផលរ៉ែសម្រាប់ការនាំចេញ ក្រៅប្រទេសរួមមាន៖ រ៉ែមាស រ៉ែដែកឆៅ រ៉ែម៉ង់កាណែសឆៅ និងរ៉ែខ្សាច់ជាដើម និងការចុះពិនិត្យផ្ទាល់ដល់ការដ្ឋានអាជីវកម្ម ដោយ ក្រុមការងារអន្តរក្រសួង-ស្ថាប័ន ដើម្បីត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លើការបង់សួយសារ និងបរិមាណធ្វើអាជីវកម្មជាក់ស្តែង៕ អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កាកបាទក្រហមកម្ពុជា ទទួលថវិកាពីសមាគមឧកញ៉ាកម្ពុជាចំនួន ១,០០៩,៩៩៩ ដុល្លារ អាមេរិក ក្នុងទិវា ៨ឧសភា ២០២៦
06/13/2026 05:06 PM
យន្តហោះចម្បាំងស៊ុយអែត ស្ទាក់យន្តហោះប្រយុទ្ធ​របស់​រុស្ស៊ី នៅជិតព្រំដែន
06/13/2026 05:06 PM
លីបង់រាយការណ៍ពីការវាយប្រហាររបស់អ៊ីស្រាអែលនៅភាគខាងត្បូង ក្រោយ​មាន​ការព្រមានជម្លៀស
06/13/2026 05:06 PM
ប៉ាគីស្ថាន និងអេហ្ស៊ីបស្វាគមន៍វឌ្ឍនភាព រវាងអាមេរិក និងអ៊ីរ៉ង់ ដោយសង្ឃឹមមាន​កិច្ចព្រមព្រៀងសន្តិភាពដំបូង
06/13/2026 05:06 PM
ចំនួនអ្នកស្លាប់ដោយសារ​​រញ្ជួយដី នៅហ្វីលីពីន កើនឡើងដល់ ៦១នាក់ ខណៈប្រតិបត្តិការ​ជួយ​សង្គ្រោះកំពុង​បន្ត​
06/13/2026 05:06 PM
នាយករដ្ឋមន្ត្រីឥណ្ឌា លោក Modi ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការទៅកាន់បារាំង និងស្លូវ៉ាគី
06/13/2026 05:06 PM
[UPDATE] គ្រោះថ្នាក់ធ្លាក់យន្តហោះរបស់កងទ័ពអាកាសឥណ្ឌា មាន​អ្នកស្លាប់ ៥នាក់​
06/13/2026 05:06 PM
យន្តហោះដឹកជញ្ជូនយោធាធ្លាក់ នៅឥណ្ឌា ខណៈចំនួនអ្នកស្លាប់ និងរបួស មិន​ទាន់​ដឹង​នៅ​ឡើយទេ
06/13/2026 04:06 PM
ឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវ​បាននាំ​យក​ទៅផ្សព្វផ្សាយជូន​ពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប
06/13/2026 04:06 PM
វិស័យរដ្ឋបញ្ជាក់ពីការ​ប្តេជ្ញាចិត្តក្នុងការជួយពង្រឹងការយល់ដឹងអំពីច្បាប់ និងនីតិវិធីគយដល់វិស័យ SMEs
06/13/2026 04:06 PM