ក្រសួងព័ត៌មាន ប្រគល់ថវិកា ១០៦លានរៀល ប្រមូលបានពីព្រឹត្តិការណ៍រត់ដើម្បីមនុស្សធម៌​ «ដើម្បីកុមារ ដើម្បីអនាគតយើង» ជូនមូលនិធិគន្ធបុប្ផាកម្ពុជា សម្រាប់គាំទ្រការព្យាបាល និងថែទាំសុខភាពកុមារដោយឥតគិតថ្លៃ
អាជ្ញាធរខេត្តប៉ៃលិនចុះពិនិត្យការប្រមូលផលទុរេន ដើម្បីបង្ការការក្លែងបន្លំ ខណៈឆ្នាំនេះទីផ្សារល្អជាងឆ្នាំមុន
ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនមន្ត្រីនគរបាល-អាវុធហត្ថខេត្តកំពត និងអ្នកទទួលផលចោរកម្មសរុបចំនួន ៤៧នាក់
គណៈកម្មការទី១ ព្រឹទ្ធសភា រួមជាមួយក្រុមសមាជិកព្រឹទ្ធសភាភូមិភាគទី៤ ប្រារព្ធទិវាកុមារអន្តរជាតិ និងទិវាប្រឆាំងពលកម្មកុមារ នៅខេត្តបាត់ដំបង

ព័ត៌មានជាតិ

តំណាងសមាគមស្វាយចន្ទី៖ ការប្រមូលគ្រាប់ស្វាយចន្ទីឆ្នាំនេះ អាចបានផលច្រើន បើអាកាសធាតុល្អ

2026/01/20 03:19:46 pm        374
តំណាងសមាគមស្វាយចន្ទីកម្ពុជា ព្រួយបារម្ភរណ៍ទាក់ទិននិងការប្រែប្រួលអាកាសធាតុកំពុងអូសបន្លាយ ដែលនឹង អាចធ្វើឱ្យ ប៉ះពាល់នៅក្នុងរដូវស្វាយចន្ទីចេញផ្កា ប៉ុន្តែប្រសិនបើអាកាសធាតុនឹងបញ្ចប់ក្នុងយៈពេលខ្លី ការប្រមូលគ្រាប់ស្វាយចន្ទីក្នុងឆ្នាំ២០២៦នេះនឹងទទួលបានផលច្រើន ។លោក ស៊ុយ កុកធាន អនុប្រធានសមាគមស្វាយចន្ទីកម្ពុជា លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន ស្តីពីការដាំដុះ និងការនាំចេញគ្រាប់ស្វាយចន្ទី នេះថា ជុំវិញការដាំដុះស្វាយចន្ទី កម្ពុជាគឺជាប្រទេសដែលផលិតគ្រាប់ស្វាយចន្ទីឆៅធំទី២ នៅលើ ពិភពលោក ជាក់ស្តែងនៅក្នុងឆ្នាំកន្លងមកនេះ កម្ពុជាទទួលបានការបញ្ជាទិញពីក្រៅប្រទេសជាច្រើន ដែលធ្វើការនាំចេញបានចំនួន ក្នុងរង្វង់ ១ លានតោន បើគិតជាទឹកប្រាក់ក្នុងរង្វង់ប្រមាណ ១,៥ ពាន់លានដុល្លាអាម៉េរិក ចំណែកទីផ្សារធំៗដែលបាននាំចេញរួមមាន ប្រទេសវៀតណាម, ឥណ្ឌា, ចិន និងការនាំចេញទៅបណ្តាលប្រទេសមួយចំនួនផ្សេងទៀត។លោក បន្តឱ្យដឹងថា សម្រាប់ឆ្នាំ២០២៥នេះ យើងទទួលបានជោគជ័យល្អប្រសើរ ទាំងកំណើនការប្រមូលផល និងមានតម្លៃ ល្អ ប៉ុន្តែចំពោះអ្នកកែច្នៃក្នុងស្រុកជួបបញ្ហាខ្លះៗ អំពីការកើនឡើងនៃវត្ថុធាតុដើមសម្រាប់ផ្គត់ផ្គង់ក្នុងការកែច្នៃ ព្រោះការកែច្នៃគឺយើង ត្រូវប្រកួតប្រជែងទាំងទីផ្សារក្នុងនិងក្រៅស្រុក ក្នុងនោះសម្រាប់អ្វីដែលជាបញ្ហានៅក្នុងឆ្នាំ២០២៦នេះវិញ គឺបញ្ហាអាកាសធាតុ ដែល បាននិងកំពុងអូសបន្លាយ អាចនឹងធ្វើឱ្យមានការប៉ះពាល់ដល់ស្វាយចន្ទីដែលកំពុងចេញផ្កា ក្នុងនោះប្រសិនអាកាសធាតុនៅតែអូស បន្លាយ វានឹងអាចធ្វើឱ្យប៉ះពាល់ក្នុងការប្រមូលផលគ្រាប់ស្វាយចន្ទីក្នុងឆ្នាំនេះ។លោក ស៊ុយ កុកធាន លើកឡើងបន្តថា ជុំវិញស្វាយចន្ទីនេះ គោលនយោបាយជាតិស្វាយចន្ទីឆ្នាំ២០២២-២០២៧ និងការ យកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល នៅក្នុងរយៈពេលខាងមុខ, កម្ពុជានឹងអាចនាំចេញគ្រាប់ស្វាយចន្ទីកាន់តែច្រើន ខណៈដែលរាជ- រដ្ឋាភិបាលបានកំពុងពន្លឿនក្នុងការបង្កើតសួនឧស្សាហកម្មស្វាយចន្ទី (CIP) មានផ្ទៃដីជាង ៤០០ ហិចតា។ ហើយក្រោយពីដាក់ឱ្យ ដំណើរ គម្រោងនេះនឹងអាចស្រូបយកវិនិយោគមកបណ្តាក់ទុនបន្ថែមទៀតផងដែរ។សូមបញ្ជាក់ថា បច្ចុប្បន្នខេត្តកំពង់ធំមានរោងចក្រមួយកំពុងដំណើរ ដែលមានឈ្មោះថា MIRARTH Agritech ដោយរោងចក្រនោះ កែច្នៃគ្រាប់ស្វាយចន្ទី និងបានកំពុងស្រូបយកគ្រាប់ស្វាយចន្ទីស្រស់ក្នុងស្រុកប្រមាណ ៦ តោន នៅក្នុង១ថ្ងៃៗ សម្រាប់ការកែច្នៃ ហើយ ក្រុមហ៊ុនមួយនេះក៏មានមហិច្ឆិតា ពង្រីកសមត្ថភាពកែច្នៃបន្ថែមទៀតឱ្យបានជាង ២ ម៉ឺនតោន ក្នុង១ឆ្នាំ សម្រាប់បម្រើទីផ្សារនាំចេញ ផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី, 

គ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ប្តេជ្ញាផ្តល់​សេវា​សុខភាព​ជូន​ពលរដ្ឋ​នៅ​តាម​មូល​ដ្ឋាន​កាន់​តែ​ប្រ​សើរ

2026/01/20 02:57:41 pm        326
ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ ប្រចាំ២០២៥ និង​លើកទិសដៅអនុវត្តបន្ត ឆ្នាំ២០២៦ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦នេះ ក្រុមការ​ងារ​គ្រូ​ពេ​ទ្យ​ស្ម័គ្រ​ចិត្តឯកឧត្តម ហ៊ុន ម៉ានី បានប្តេជ្ញាចិត្តខិតខំព្យាយាមបន្តការងារផ្តល់សេវាសុខភាព ជូន​ប្រជា​ពលរដ្ឋ​នៅ​តាមបណ្តាលមូលដ្ឋានផ្សេងៗ និងនៅតាមខ្នងផ្ទះឱ្យ​កាន់​តែ​ប្រសើរ​ឡើង​ថែម​ទៀត​។ឯកឧត្តម លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ ជាសមាជិក​គណៈអចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្តាល​សហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធាន​ប្រតិបត្តិ​ក្រុម​ការ​ងារ​គ្រូ​ពេ​​ទ្យស្ម័គ្រ​ចិត្តឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងថា សមិទ្ធផលរបស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី គិតចាប់ពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ក្រុម​ការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តមហ៊ុន ម៉ានី ថ្នាក់កណ្តាល ចំនួន ៥៦៣នាក់ បាន​នាំ​យក​សម្ភារ​បរិក្ខារ​ថ្នាំពេទ្យ និងស្បៀងអាហារមួយចំនួន ដោយសហការជា​មួយ​ក្រុម​ការ​ងារ​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ត​រាជ​ធានី-ខេត្ត បានចុះអប់រំសុខភាព ពិនិត្យ ព្យាបាលជំងឺ ចែកថ្នាំ ផ្តល់សេវា និង​គ្រឿង​ឧប​ភោគ​បរិភោគ ជូនប្រជាជនភៀសសឹក នៅខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ ខេត្តបន្ទាយ​មាន​ជ័យ ​ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ និងខេត្តកោះកុង បានចំនួន​២៦៤,៣៦៥​នាក់​។ ក្នុងឱកាសនោះ ឯកឧត្តម បានបញ្ជាក់ទៀតថា ក្នុងរយៈពេល​១​ឆ្នាំ​ចុង​ក្រោយ​នេះ​ក្រុម​ការងារ​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ត ឯកឧត្តម ហ៊ុន ម៉ានី បានបន្តបំពេញបេសកកម្មដ៏ថ្លៃថ្លារបស់ខ្លួន តាមរយៈ​ការ​ចូល​រួម​អប់រំ​ផ្សព្វ​ផ្សាយ វគ្គបណ្តុះបណ្តាល សង្គ្រោះបឋម និងពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ប្រជា​ពលរដ្ឋ​ផ្តល់​សេវា​ដោយ​ឥតគិតថ្លៃ ក្នុង២៥រាជធានី-ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា បានចំនួន៣១០លើក ព្យាបាល​ជំងឺជូនប្រជាពលរដ្ឋ បានចំនួន៣០០,១០៧នាក់ (សាមសិបម៉ឺនមួយរយប្រាំពីរនាក់) ក្នុង​នោះស្ត្រីមានចំនួន ១៨៤,៥១២នាក់ (ដប់ប្រាំបីម៉ឺន បួនពាន់ ប្រាំរយ ដប់ពីរនាក់) ជា​ពិសេស​ក្រុម​ការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី គឺជាកងទ័ពអាវស នៅប្រកៀរស្មាគ្នា​ជាមួយ​វីរៈ​កងទ័ព និងប្រជាជនភៀសសឹក គ្រប់កាលៈទេសៈ និងគ្រាលំបាក៕

ឯកឧត្តម ប៉េង ពោធិ៍នា៖ អញ្ជើញជាអធិបតី នៅក្នុងកម្មវិធីផ្តល់ឈាមដោយស្ម័គ្រចិត្តរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងនិស្សិត នៃវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន

2026/01/20 01:30:44 pm        203
នាព្រឹកថ្ងៃអង្គារ ទី២០ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញជាអធិបតីនៅក្នុងកម្មវិធីផ្តល់ឈាមដោយស្ម័គ្រចិត្តរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងនិស្សិត នៃវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដោយមានការចូលរួមពី លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម នៃក្រសួងសុខាភិបាល ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ និងមន្រ្តីរាជការជាច្រើនរូបទៀត។កម្មវិធីផ្ដល់ឈាមនាពេលនេះមានគោលបំណងរួម គឺដើម្បីយកទៅជួយសង្គ្រោះដល់ជនគោលដៅមានដូចជា វីរយុទ្ធជនកម្ពុជាដែលរងរបួស និងមានតម្រូវការឈាមក្នុងស្ថានភាពចាំបាច់ និងប្រជាជនស្ថិតក្នុងការសង្គ្រោះអាយុជីវិតបន្ទាន់។ ទន្ទឹមនឹងនេះ ការផ្តល់ឈាមមាន អត្ថន័យ និងគោលបំណងសំខាន់២ គឺបង្កើតទម្លាប់ និងវប្បធម៌នៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីជំរុញការលើកកម្ពស់ឱ្យយុវជន និងប្រជាជនទូទៅចូលរួមធ្វើសកម្មភាពជាមួយសេវាកម្មជាតិផ្ដល់ឈាមនៅទូទាំងប្រទេស ដើម្បីធានាឱ្យមានការផ្គត់ផ្គង់ឈាមគ្រប់គ្រាន់សម្រាប់អ្នកជំងឺដែលកំពុងត្រូវការឈាមនៅគ្រប់មន្ទីរពេទ្យទាំងអស់ដោយគ្មានការរើសអើង មិនប្រកាន់ជាតិសាសន៍ សាសនា ឬនិន្នាការនយោបាយ និងផ្សារភ្ជាប់សកម្មភាពនៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ទៅនឹងសកម្មភាពមនុស្សធម៌ដ៏ល្អប្រពៃក្នុងសង្គម។ឯកឧត្តមរដ្ឋមន្ត្រី បានបន្តអំពាវនាវដល់ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីរាជការទាំងអស់សូមបន្តគាំទ្រ និងចូលរួមក្នុងកិច្ចការមនុស្សធម៌ដ៏មានតម្លៃនេះបន្តទៀត ដើម្បីជួយសង្គ្រោះអាយុជីវិតមនុស្ស ជាពិសេសអ្នកដែលមានតម្រូវការឈាមចាំបាច់បំផុត ព្រោះការផ្ដល់អំណោយឈាមនាពេលនេះគឺជាកាដូនៃសេចក្តីស្រឡាញ់ចេញពីបេះដូងយ៉ាងពិតប្រាកដជូនចំពោះវីរកងទ័ពជួរមុខ និងជនរួមជាតិខ្មែរទាំងអស់គ្នាក្នុងស្មារតីសាមគ្គីភាព ជាភាតរភាពរបស់ប្រជាជនកម្ពុជាយើង៕

គ្រាប់បែកចង្កោម បន្តនៅមានរាយប៉ាយដោយសារការបាញ់ផ្លោងរបស់ភាគីថៃ

2026/01/20 01:30:02 pm        260
ក្រោយបទឈប់បាញ់ចូលជាធរមាន ក្រុមការងារជំនាញនៃអង្គភាពស៊ីម៉ាក់ បាន​ចុះ​បំពេញ​ការងារ​យ៉ាង​សកម្ម​ដើម្បី​ធានា​សុវត្ថិភាពជូនប្រជាពលរដ្ឋ ខណៈគ្រាប់បែកចង្កោម បន្តនៅ​មាន​រាយ​ប៉ាយ​ពេញ​ផ្ទៃ​ដី និងភូមិឋានស៊ីវិលរបស់ពលរដ្ឋដោយសារការបាញ់ផ្លោងរបស់ភាគីថៃ។ ការងាររបស់អង្គភាពស៊ីម៉ាក់ពេលនេះ មានទាំងការចុះអប់រំប្រជាពលរដ្ឋ ក៏ដូចជាការចុះរុករក និង​ការ​កម្ទេច​គ្រាប់មិនទាន់ផ្ទុះទាំងនោះ។ មន្ត្រី​ជំនាញ​ក្រុមការងារស៊ីម៉ាក់ កំពុងចុះបំពេញការងារយ៉ាងសកម្មក្នុងការអប់រំ រុករក និង​កម្ទេច​គ្រាប់​មីន គ្រាប់យុទ្ធ​ភ័ណ្ឌ​មិន​ទាន់​ផ្ទុះ​ទាំង​ឡាយ​ដែល​បន្សល់​ទុក​ដោយ​ការ​បាញ់​ផ្លោង​របស់​ភាគី​ថៃ។ ក្រុមការងារ បានបែងចែកការទទួលខុសត្រូវ ចុះអនុវត្តការងារ ទៅតាមទីតាំងខេត្ត តំបន់​រៀង​ៗ​ខ្លួនភ្លាមៗ ក្នុងគោលដៅរួមមួយគឺធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ។ លោកឧត្តមសេនីយ៍ត្រី នេត រដ្ឋា ប្រធានកងឯកភាពកម្ចាត់មីនទី១ ប្រចាំខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ លើក​ឡើង​ថា ខេត្តទាំងពីរសុទ្ធតែរងផលប៉ះពាល់ជាច្រើនភូមិ។ ជាក់ស្ដែងក្រុមការងារបានបែងចែក ទៅ​ខេត្តឧត្តរមានជ័យចំនួន ១២ក្រុម រីខេ្តតបន្ទាយមានជ័យ១១ក្រុម។ គិតត្រឹមថ្ងៃទី ១៩ ខែ​មករាកន្លងទៅនេះ ក្រុមការងារបានចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋជាច្រើនលើក បានរុក​រក​ឃើញ​គ្រាប់​យុទ្ធ​ភ័ណ្ឌមិនទាន់ផ្ទុះជាច្រើន និងបានយកគ្រាប់​ទាំង​នោះ​បាន​មួយ​ចំនួន​ដែរ​ទៅតាម​ជំនាញ​ដើម្បី​សុវត្ថិភាព។ក្នុងចំណោមគ្រប់ផ្លោងជាច្រើនប្រភេទ ក៏មានប្រភេទគ្រាប់បែកចង្កោម ត្រូវបានរក​ឃើ​ញ​នៅ​តាម​​ផ្ទះ​ប្រជាពលរដ្ឋផងដែរ។ លោក ឡុង ផាវុទ្ធីយ៉ា ប្រធានផ្នែកកម្ទេចយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ កង​ឯក​ភាព​ទី១ ក៏បានពន្យល់លម្អិតពីគ្រាប់បែកចង្កោម នៅទីតាំងផ្ទាល់ផងដែរ។ លោកថា គ្រាប់បែក​ចង្កោម​នេះ​មកជាមួយគ្រាប់មេ។ គ្រាប់មេមួយគ្រាប់ មានគ្រាប់បែកចង្កោមតូចៗចំនួនជាង ៦០​គ្រាប់ ដែលនឹងរាយប៉ាយក្នុងបរិវេណ ២០០ម៉ែត្របួនជ្រុង។សម្រាប់ពលរដ្ឋ រស់នៅស្រុកអូរជ្រៅ ដែលផ្ទះ​របស់​ពួក​គាត់​រង​ការ​បំផ្លិច​បំផ្លាញ​ដោយ​សារ​គ្រាប់​បែក​ចង្កោម និងនៅបន្សល់ទុកគ្រាប់បែកចង្កោមដែលមិនទាន់ផ្ទុះ បង្ហាញការ​សោក​ស្ដាយ​ជា​ខ្លាំង​ដែល​ផ្ទះ​រងការខូចខាតបែបនេះ។ ពួកគាត់ត្រឡប់មកពីភៀសសឹកវិញ បានឃើញ​ផ្ទះ​មាន​ការ​ខូច​ខាត និងរណ្ដៅគ្រាប់បែកចង្កោមជាច្រើន និងនៅសល់មានគ្រាប់មិនទាន់ផ្ទុះ ក្រោយមក​ក្រុម​ការងា​រ​ស៊ីម៉ាក់ក៏បានចុះមកពិនិត្យភ្លាមៗដែរ។ ក្រុមការងារស៊ីម៉ាក់ បានបំពេញការងារគ្រប់ទីតាំងរងផលប៉ះពាល់ ចាប់ពីបទ​ឈប់​បាញ់​ចូល​ធរមាន​។ ការបំពេញការងារ ដើម្បីធានាជូនសុវត្ថិភាពសម្រាប់ការវិលទៅរស់នៅភូមិឋានវិញ សុវត្ថិភាព​សម្រាប់ការបំពេញការងារ សុវត្ថិភាពសម្រាប់ការចូលរៀនរបស់សិស្សវិញ៕ អត្ថបទ៖ គឹម ហុក

ឯកឧត្តម ហេង សួរ អញ្ជើញសំណេះសំណាល និងទទួលទានអាហារថ្ងៃត្រង់ជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ ស៊ិនគី អឹភែរឹល ក្នុងខេត្តកំពង់ឆ្នាំង

2026/01/20 01:20:40 pm        232
កំពង់ឆ្នាំ៖ នាព្រឹកថ្ងៃអង្គារ ទី២០ ខែមករា ឆ្នាំ២០២៦ នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង រួមជាមួយថ្នាក់ដឹកនាំជាច្រើនរូប និងលោកស្រី ស៊ាវយៀន ឈាន (Xiaoyan Qian) នាយិកាការិយាល័យប្រចាំប្រទេសថៃ កម្ពុជា និងឡាវ នៃអង្គការអន្តរជាតិខាងការងារ (ILO) បានចុះជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់យ៉ាងស្និទ្ធស្នាលជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ ស៊ិនគី អឹភែរឹល (SHINKI APPAREL (CAMBODIA) CO., LTD.) ក្នុងខេត្តកំពង់ឆ្នាំង។ការចុះជួបសំណេះសំណាលប្រកបដោយភាពស្និទ្ធស្នាល និងបរិយាកាសដ៏រីករាយនាពេលនេះ បានធ្វើឱ្យបងប្អូនកម្មករនិយោជិតសម្តែងនូវក្តីត្រេកអរយ៉ាងខ្លាំងចំពោះវត្តមានរបស់ថ្នាក់ដឹកនាំក្រសួង និងថ្នាក់ដឹកនាំខេត្ត ដែលសបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់ និងផ្តល់នូវភាពកក់ក្តៅយ៉ាងខ្លាំងដល់បងប្អូនកម្មករនិយោជិត។ការអញ្ជើញចុះជួប និងទទួលទានអាហារផ្ទាល់ជាមួយកម្មករនិយោជិតនេះ គឺជាឱកាសដ៏សំខាន់សម្រាប់ថ្នាក់ដឹកនាំក្នុងការស្វែងយល់ពីស្ថានភាពការងារប្រចាំថ្ងៃ និងទុក្ខធុរៈរបស់បងប្អូនកម្មករនិយោជិតដោយផ្ទាល់ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។បច្ចុប្បន្ន រោងចក្រ ស៊ិនគី អឹភែរឹល មានកម្មករនិយោជិតបំពេញការងារសរុបប្រមាណ ៦ ៨០០នាក់ ហើយក៏កំពុងមានតម្រូវការកម្លាំងពលកម្មបន្ថែមទៀតផងដែរ។ បងប្អូនកម្មករនៅទីនេះ ទទួលបានប្រាក់ឈ្នួលសមរម្យ និងអត្ថប្រយោជន៍ផ្សេងៗជាច្រីនតាមគោលការណ៍របស់រាជរដ្ឋាភិបាល ជាមួយលក្ខខណ្ឌការងារល្អប្រសើរ រួមមានអាហារដ្ឋានស្តង់ដា និងកន្លែងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយផាសុកភាព។ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ម្ចាស់រោងចក្រដែលបានសម្របសម្រួលរៀបចំកម្មវិធីសំណេះសំណាលដ៏មានអត្ថន័យនេះ និងដែលតែងតែចូលរួមគោរពច្បាប់ស្តីពីការងារ អនុវត្តនូវស្ដង់ដាការងារបានយ៉ាងល្អប្រសើរ ក៏ដូចជាផ្តល់អត្ថប្រយោជន៍នានាជូនដល់បងប្អូនកម្មករ ស្របតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល៕

ទេសចរអន្តរជាតិយល់ស្របចំពោះចំណាត់ថ្នាក់ខេត្តសៀមរាបជាគោលដៅវប្បធម៌ល្អបំផុតសម្រាប់ទស្សនា

2026/01/20 01:13:44 pm        192
ខេត្តសៀមរាប របស់ព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៦នេះ បានស្ថិតនៅក្នុងចំណោម២៥ គោលដៅទេសចរណ៍វប្បធម៌ដ៏ល្អបំផុតរបស់ពិភពលោក (Best Cultural Destinations in the World 2026)។ ទេសចរអន្តរជាតិ ដែលបានទស្សនាកម្ពុជា បានយល់ស្រប​ចំពោះ​ការ​ចាត់​ចំណាត់​ថ្នាក់​នេះ ដោយបញ្ជាក់ថា ខេត្ត សៀមរាប ជាគោលដៅទេសចរ​ណ៍​ដ៏​សំខាន់​សម្រាប់​ទៅ​ទស្សនា​ដោយ​មិនអាចអាក់ខានបាន។ទេសចរអន្តរជាតិមកពីប្រទេសអង់គ្លេស អ៊ីតាលី និងប្រទេសនានាទៀត បានប្រាប់BTV នៅ​ថ្ងៃ​ទី​២០ខែមករា នេះថា ជាការពិតណាស់ នៅមុនពេលដាក់គោលដៅ ដាក់ផែនការមកទស្សនាកម្ពុជា គឺ​គ្រប់​ទេសចរ ទាំងអស់ មានផែនការទៅទស្សនាប្រាសាទអង្គរវត្ត ខេត្តសៀមរាប ដោយ​មិន​អាច​អាក់​ខាន ដោយសារខេត្ត សៀមរាប ជាគោលដៅទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រល្អឯក ដែល​គេ​ត្រូវ​ដឹង ​ត្រូវសិក្សា ស្វែងឲ្យបានស៊ីជម្រៅ។សូមបញ្ជាក់ថា តាមហ្វេសប៊ុកផ្លូវការ SEA Infographics បានផ្សាយថា ខេត្តសៀមរាប នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា បានជាប់ចំណាត់ថ្នាក់លេខ១៣ នៅក្នុងចំណោម​២៥​គោលដៅ​វប្បធម៌​ល្អ​បំផុត​លើ​ពិភពលោក។ ការ វាយតម្លៃ និងការផ្តល់ចំណាត់ថ្នាក់ គឺផ្អែកតាម​ប្រមូល​ការ​ស្ទាប​ស្ទង់​មតិ​ ការចែករំលែកបទពិសោធន៍ និងរឿងរ៉ាវ ពិតពីអ្នកដំណើរអន្តរជាតិ និងភ្ញៀវទេសចរអន្តរជាតិ ក្នុង​រយៈពេល១២ខែ ដែលដើរកម្សានន្តនៅតាមបណ្តាប្រ ទេសនានានៅជុំវិញពិភពលោក។ តាម​តារាងគោលគោលដៅទេសចរណ៍វប្បធម៌កំពូលៗរបស់ពិភពលោក សម្រាប់ឆ្នាំ២០២៦ លំដាប់ លេខ១ ប្រទេសសិង្ហបូរី លេខ២ ទីក្រុងឡុងក៏ ប្រទេសអង់គ្លេស លេខ៣ ទីក្រុងក្រាកូវ ប្រទេស​ប៉ូឡូញ ខណៈ លេខ១៣ គឺខេត្តសៀមរាប បន្ទាប់មកទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួគី និង​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក៕ អត្ថបទ៖ ស៊ុម សុខជា

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមសម្ពោធអគារសិក្សាថ្មីវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ

2026/01/20 01:08:36 pm        258
ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ចូលរួមសម្ពោធអគារសិក្សាថ្មីរបស់វិទ្យាល័យអប់រំពិសេស ក្រុងតាខ្មៅ។ អគារសិក្សាថ្មីដែលមានចំនួន ២ខ្នង កម្ពស់ ៣ជាន់ ស្មើនឹង ៣៦បន្ទប់នេះ នឹងបម្រើបន្ថែមដល់ការបង្ហាត់បង្រៀនកុមារអូទីស្សឹមកម្ពុជា ដែលមានចំនួនជាង ៣០០នាក់ កំពុងសិក្សានៅក្នុងវិទ្យាល័យនេះ គិតមកត្រឹមឆ្នាំ២០២៥ ហើយនឹងជាកន្លែងព្យាបាលដល់កុមារអូទីស្សឹមឱ្យមានសុខភាពល្អ មានសមត្ថភាព មានទំនាក់ទំនង និងមានរបៀបរស់នៅល្អប្រសើរជាងមុន រួមទាំងនឹងក្លាយជាធនធានមនុស្សមួយសម្រាប់ជាតិកម្ពុជាផងដែរ។ក្នុងឱកាសប្រកបដោយក្តីរីករាយចំពោះសមិទ្ធផលថ្មីនេះ លោកជំទាវបណ្ឌិត បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនដល់ គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ នៃវិទ្យាល័យអប់រំពិសេសនេះ ដែលបានស្រឡាញ់ អត់ធ្មត់ និងលះបង់កម្លាំងកាយចិត្តបង្ហាត់បង្រៀនដល់កុមារអូទីស្សឹមទាំងអស់ ព្រោះការអប់រំដល់កុមារអូទីស្សឹមគឺត្រូវការជំនាញពិសេសបំផុតមួយ។សូមបញ្ជាក់ផងដែរថា អូទីស្សឹមជាជំងឺប្រព័ន្ធប្រសាទមួយប្រភេទកើតឡើងលើកុមារដែលគាត់មានការលូតលាស់ខាងសតិបញ្ញាយឺត មានសមត្ថភាពខ្សោយក្នុងការរស់នៅ មានទំនាក់ទំនងទាបបំផុត និងកត្តាសុខភាពផ្សេងស្តែងចេញតាមចរិតលក្ខណៈប្លែកៗរបស់គាត់។ ទោះជាយ៉ាងណាក្តី រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ បាននិងកំពុងខិតខំលើកកម្ពស់វិស័យអប់រំទូទាំងប្រទេស ជាពិសេសការអប់រំពិសេសដល់កុមារអូទីស្សឹមកម្ពុជា ដោយមានការផ្គត់ផ្គង់ទាំងទីកន្លែង សម្ភារៈបរិក្ខារចាំបាច់គ្រប់បែបយ៉ាង បច្ចេកទេស និងសមត្ថភាពបង្ហាត់បង្រៀនយ៉ាងពិសេស ដើម្បីធានាថា កុមារទាំងនេះនឹងល្អប្រសើរ អាចក្លាយជាធនធានមនុស្សសម្រាប់ជាតិ៕

ឯកឧត្តម ប៉ែន បូណា៖ កម្ពុជា​មិន​ទទួល​ស្គាល់​នូវ​ការ​កែប្រែ​ខ្សែ​ព្រំដែន​ណា​មួយ​ដែល​កើត​ចេញ​ពី​ការ​ប្រើ​ប្រាស់​កម្លាំ​ងនោះឡើយ

2026/01/20 12:57:13 pm        359
ភ្នំពេញ៖ តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉ែន បូណា ​រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បាន​បញ្ជាក់​ជា​ថ្មី​ថា កម្ពុជា​មិន​ទទួល​ស្គាល់​នូវ​ការ​កែ​ប្រែ​ខ្សែ​ព្រំដែន​ណា​មួយ​ដែល​កើត​ចេញ​ពី​ការ​ប្រើ​ប្រាស់​កម្លាំង​នោះ​ឡើយ ហើយនេះគឺជាជំហរការពារអធិបតេយ្យភាព និងបូរណភាព​ទឹកដី​ដែល​មិន​អាច​ធ្វើ​សម្បទានបានឡើយ។ អ្នកនាំពាក្យរាជរដ្ឋភិបាលបានឱ្យដឹងថា ទន្ទឹមនឹងការគិតគូរដោះស្រាយ និង​ស្តារ​ឡើង​វិញ​នូវ​ជីវភាព​ជន​ភៀសសឹ​ក ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធដែលរងការខូចខាត រាជ​រដ្ឋាភិបាល​ក៏​កំពុង​ខិត​ខំ​យ៉ាង​ខ្លាំង​ផ្នែក​នយោបាយកា​រ​ទូត​ដើម្បី​ដោះស្រា​យ​បញ្ហាព្រំ​ដែន​ជាមួយ​ប្រទេស​ថៃដោ​យ​សន្តិវិធី​តាម​ស្មារតី​នៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដូចជាសេចក្តី​ថ្លែង​ការណ៍​រួម​ទី​ក្រុង​គូឡា​ឡំពួរ ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ រួមទាំងកិច្ចព្រម​ព្រៀង​ផ្សេង​ទៀត​ដែល​បាន​ធ្វើកា​ល​ពី​ពេល​កន្លងទៅ។ កម្ពុជាបន្ត​ការ​តវ៉ា​យ៉ាង​ខ្លាំង​ប្រឆាំង​រាល់​សកម្ម​ភាព​រំលោភ​បំពាន​របស់​យោធា​ថៃ​នៅ​តាម​ព្រំដែនក្នុង​អំឡុងពេលអនុវត្តបទឈប់បាញ់។អ្នកនាំ​ពាក្យ​រាជរដ្ឋាភិបាលបញ្ជាក់ជាថ្មីថា កម្ពុជាប្រកាន់​ជំហរ​យ៉ាង​ម៉ឺង​ម៉ាត់​ក្នុង​ការ​ការ​ពារ​ខ្សែ​ព្រំដែន​អន្តរ​ជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយ​គោរព​គោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរព​អនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និង​កំណ​ត់​ហេតុ​បោះ​បង្គោល​ព្រំដែន​របស់​គណៈ​កម្មការ​បោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និង​ឯកសារ​ពាក់​ព័ន្ធ​នានា​ដែល​ភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ «កម្ពុជា​មិន​ទទួល​ស្គាល់​នូវ​ការ​កែប្រែ​ខ្សែព្រំ​ដែន​ណាមួ​យ​ដែល​កើត​ចេញ​ពី​ការ​ប្រើ​ប្រាស់​កម្លាំង​នោះ​ឡើយ។ នេះគឺជាជំហរការពារអធិបតេយ្យភាព និងបូរណភាពទឹកដី​ដែល​មិន​អាច​ធ្វើ​សម្បទាន​បាន​»។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ប៉ែន បូណា។ បើតាម ឯកឧត្តម ប៉ែន បូណា គិតមកទល់ពេលនេះ មានពលរដ្ឋភៀសសឹកជាង៥សែន១ម៉ឺននាក់​ហើយ​ដែល​បានវិលត្រឡប់ទៅលំនៅឋានវិញហើយក្នុងចំណោមជនភៀសសឹកសរុបជាង ៦៤​ម៉ឺន​នាក់​។ ដូច្នេះ មានពលរដ្ឋភៀសសឹកជាង១៣ម៉ឺននាក់ទៀត ដែលកំពុង​បន្ត​ស្នាក់​នៅ​ក្នុង​មណ្ឌល​សុវត្ថិភាព​នៅ​ឡើយ ហើយអាជ្ញាធរកំពុង​សម្រប​សម្រួល​ដើម្បី​ឱ្យ​ពួក​គេ​វិល​ទៅកា​ន់​​ភូមិ​ឋាន​របស់​ខ្លួន​វិញ​ជាបន្តបន្ទាប់ក្រោមការយកចិត្តទុកដាក់ខ្ពស់ដល់ជីវភាព សុវត្ថិភាព និងសុខុមាល​ភាព​របស់​ពួក​គេ។ ចំណែកឯសាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព និងស្ថាប័នផ្តល់សេវា​សាធារណៈ​ជា​ច្រើនក៏បានបើកដំណើរការឡើងវិញដែរ។ចំណែកប្រជាពលរដ្ឋ​ភៀសសឹ​ក​ដែល​បាន​វិល​ត្រឡប់​ទៅ​កាន់​លំនៅឋា​ន​របស់​ខ្លួន​វិញ​ក៏​ត្រូវ​បាន​រាជ​រដ្ឋាភិបាល​ តាមរយៈអាជ្ញាធរមូលដ្ឋាន និងក្រុមការ​ងារ​ពាក់​ព័ន្ធ​យក​ចិត្ត​ទុក​ដាក់​ជួយ​ដោះ​ស្រាយ​រាល់​បញ្ហា​នានា​ដែលពួកគេជួបប្រទះ។ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់រួចហើយថា ចំពោះ​មុខនេះ រាជរដ្ឋាភិបាលផ្តោតការយកចិត្តទុកដាក់ជាពិសេសលើផលប៉ះពាល់លើផលដំណាំ លើ​ស្ថានភាពបំណុល និងការស្តារឡើងវិញជាបន្ទាន់នូវសេវាចាំបាច់ដូចជា សេវាទូរគមនាគមន៍ ទឹក​ និងភ្លើងអគ្គិសនីជាដើម ដើម្បីបម្រើសេចក្តីត្រូវការចាំបាច់របស់បងប្អូននៅក្នុងមូលដ្ឋាន។ដើម្បី​បានព័ត៌មានជាមូលដ្ឋានជាក់លាក់ក្នុងការអន្តរាគមន៍ដោះស្រាយឱ្យមានប្រសិទ្ធភាព សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​បាន​តែង​តាំងសមាសភាពក្រុមការងារចំពោះកិច្ចមួយកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ ដែលមានភា​រ​កិច្ច​រៀប​ចំ​ និង​គ្រប់គ្រង​ការ​ស្តារ​ជីវភាព​ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដែល​ខូច​ខាត​ដោយ​ការ​បាញ់​ផ្លោង និង​ទម្លាក់​គ្រាប់បែករបស់ទាហានថៃដោយបំពានចូលក្នុងដែនអធិបតេយ្យរបស់កម្ពុជា។ បច្ចុប្បន្ន ក្រុម​ការ​ងារ​ចំពោះ​កិច្ចនេះ​កំពុង​ចុះ​ពិនិត្យ​មើល​ស្ថាន​ភាព​ជាក់​ស្តែង​នៅ​តាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​ដែល​រង​ផលប៉ះពាល់ដើម្បីវាយតម្លៃអំពីការខូចខាតហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ក៏ដូចជាផល​ប៉ះ​ពាល់​លើជី​វភាពរបស់ប្រជាពលរដ្ឋដើម្បីរាជរដ្ឋាភិបាលចាត់វិធានការដោះស្រាយ៕

NEA រៀបចំសិក្ខាសាលាស្ដីពី៖ ការរៀបចំផែនការអាជីព និងការជ្រើសរើសជំនាញសិក្សាដល់សិស្សវិទ្យាល័យ

2026/01/20 12:56:57 pm        131
មជ្ឈមណ្ឌលការងារខេត្តតាកែវរបស់ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំសិក្ខាសាលាស្ដីពី៖ ការរៀបចំផែនការអាជីព និងការជ្រើសរើសជំនាញសិក្សា ដល់សិស្សានុសិស្សមធ្យមសិក្សាទុតិយភូមិ ដែលត្រៀមនឹងបញ្ចប់ការសិក្សានៅថ្នាក់វិទ្យាល័យ នៅវិទ្យាល័យសុខអានថ្នល់បំបែក នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ។សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងតម្រង់ទិសដល់សិស្សមធ្យមសិក្សាទុតិយភូមិ និងការចែករំលែកពីគន្លឹះសំខាន់ៗក្នុងការត្រៀមខ្លួនជ្រើសរើសជំនាញសិក្សាសម្រាប់ថ្នាក់ឧត្តមសិក្សា ការរៀបចំផែនការអាជីព និងការសិក្សា និងព័ត៌មានទីផ្សារការងារដល់យុវជនផងដែរ។

យល់ដឹងពីភាពខុសគ្នារវាងអ័ព្ទ (Fog) និងអ័ព្ទផ្សែង (Haze) នៅក្នុងខ្យល់

2026/01/20 12:40:55 pm        135
ភ្នំពេញ៖ អ័ព្ទ និងអ័ព្ទផ្សែង គឺជាបាតុភូតបរិយាកាសដែលគេជួបឃើញជាញឹកញាប់ ហើយ​ជា​ញឹក​ញាប់​ត្រូវ​បានយល់ច្រឡំថាជារឿងដូចគ្នា។ ទោះជាយ៉ាងណា បាតុភូតទាំងពីរនេះមានប្រភព ការ​បង្កើត និងផលប៉ះពាល់ខុសគ្នា ជាពិសេសចំពោះសុខភាពមនុស្ស និងបរិស្ថាន។ ការយល់​ដឹង​ពី​ភាព​ខុស​គ្នារវាងអ័ព្ទ និងអ័ព្ទផ្សែងមានសារៈសំខាន់ក្នុងការបកស្រាយបញ្ហាគុណភាពខ្យល់ និង​ការ​ការ​ពារសុខភាពសាធារណៈ។ជាមុនសិន អ័ព្ទ (Fog) គឺជាបាតុភូតធម្មជាតិដែលកើតឡើងនៅពេលខ្យល់មានសំណើមខ្ពស់ ហើយ​សីតុណ្ហភាពធ្លាក់ចុះដល់ចំណុចដែលឧស្ម័នទឹកក្លាយជាចំណុចទឹកតូចៗ ឬគ្រីស្តាល់​ទឹកកក ដែលព្យួរនៅជិតផ្ទៃដី។ អ័ព្ទភាគច្រើនកើតឡើងនៅពេលព្រឹកព្រលឹម ឬពេលយប់ ជា​ពិសេស​នៅតំបន់ភ្នំ ជិតទន្លេ បឹង ឬសមុទ្រ។ អ័ព្ទធ្វើឱ្យការមើលឃើញថយចុះ ប៉ុន្តែ មិនមាន​សារ​ធាតុ​ពុល ហើយជាទូទៅមិនបង្កគ្រោះថ្នាក់ដល់សុខភាពមនុស្សនោះទេ លើកលែង​តែ​ប៉ះ​ពាល់​ដល់​សុវត្ថិភាព​ចរាចរណ៍។ផ្ទុយទៅវិញ អ័ព្ទផ្សែង (Haze) គឺជាបាតុភូតដែលកើតឡើងពីការបំពុលខ្យល់។ វាបង្ក​ឡើង​ដោយ​ការ​ប្រមូល​ផ្តុំ​ភាគល្អិតល្អិត និងឧស្ម័នពុលនៅក្នុងបរិយាកាស ដូចជា៖ PM2.5 ផ្សែងយានយន្ត ការ​បញ្ចេញ​ឧស្ម័នពីរោងចក្រ ការដុតសំរាម និងអគ្គីភ័យព្រៃឈើ។ អ័ព្ទផ្សែងធ្វើ​ឱ្យ​មេ​ឃ​មើល​ទៅ​ពណ៌​ប្រផេះ ​ឬលឿង និងបន្ថយការមើលឃើញរយៈពេលយូរ ជាពិសេសនៅតំបន់ទីក្រុង និង​តំបន់​ឧស្សាហកម្ម។ភាពខុសគ្នាសំខាន់មួយទៀតគឺសមាសធាតុ។ អ័ព្ទបង្កឡើងដោយទឹកសុទ្ធជាចម្បង ខណៈ​អ័ព្ទ​ផ្សែង​មាន​ផ្ទុកភាគល្អិតពុល និងសារធាតុគីមីគ្រោះថ្នាក់។ ដោយសារតែសមាសធាតុនេះអ័ព្ទផ្សែង មាន​ផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព ដូចជា៖ ជំងឺផ្លូវដង្ហើម ជំងឺហឺត ជំងឺបេះដូង និងមហារីក នៅ​ពេល​ប៉ះពាល់រយៈពេលវែង។ កុមារ មនុស្សចាស់ និងអ្នកមានជំងឺប្រចាំកាយ គឺជាក្រុម​ងាយ​រង​គ្រោះ​ជាង​គេ។ពីមុខងារ និងរយៈពេលអ័ព្ទភាគច្រើន ជាបាតុភូតបណ្តោះអាសន្ន ដែលរលាយ​បាត់​នៅ​ពេល​ព្រះអាទិត្យ​ឡើង​កម្តៅ និងសីតុណ្ហភាពកើនឡើង។ អ័ព្ទផ្សែងវិញអាចនៅយូរជាច្រើនថ្ងៃ ឬ​សប្តាហ៍ ប្រសិនបើមិនមានខ្យល់ ឬភ្លៀងជួយបណ្តេញភាគល្អិតចេញពីបរិយាកាស។ នេះ​ធ្វើ​ឱ្យ​អ័ព្ទ​ផ្សែង​ក្លាយជាបញ្ហាបរិស្ថាន និងសុខភាពសាធារណៈធ្ងន់ធ្ងរ។សរុបមក អ័ព្ទ និងអ័ព្ទផ្សែង ខុសគ្នាតាំងពីប្រភព សមាសធាតុ រយៈពេល និងផលប៉ះពាល់។ អ័ព្ទ ជា​បាតុភូតធម្មជាតិដែលភាគច្រើនគ្មានគ្រោះថ្នាក់ ខណៈអ័ព្ទផ្សែង ជាលទ្ធផល​នៃ​ការ​បំពុល​ខ្យល់​ដែល​បណ្តាល​មកពីសកម្មភាពមនុស្ស និងមានគ្រោះថ្នាក់ដល់សុខភាព និងសង្គម។ ការ​យល់​ដឹង​ពី​ភាព​ខុសគ្នានេះជួយឲ្យប្រជាពលរដ្ឋអាចការពារខ្លួនបានល្អប្រសើរ និងជំរុញ​ឱ្យ​មានវិ​ធាន​ការ​កាត់​បន្ថយ​ការបំពុលខ្យល់ ដើម្បីធានាបរិយាកាសស្អាត និងជីវិតមាន​គុណភាព​ល្អ​សម្រាប់​មនុស្ស​ទាំង​អស់​៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានាធិបតីមីយ៉ាន់ម៉ាបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តចំពោះសន្តិសុខរបស់ឥណ្ឌា
06/01/2026 08:06 PM
ប្រតិបត្តិករនាវា ជំរុញឲ្យមានច្បាប់ច្បាស់វិលត្រឡប់មកកាន់ច្រកសមុទ្រ Hormuz វិញ
06/01/2026 08:06 PM
កងទ័ពជើងទឹកបារាំងដោយមានការគាំទ្រពីអង់គ្លេស បានស្កាត់ចាប់នាវាដឹកប្រេងរុស្ស៊ី
06/01/2026 08:06 PM
EU ជំរុញឲ្យ​អ៊ីស្រាអែលឈប់​បង្កើន​ភាពតានតឹងផ្នែកយោធា នៅលីបង់ និងគាំទ្រកិច្ចប្រឹងប្រែងការទូត
06/01/2026 08:06 PM
មន្ត្រី៖ ក្រុម​ហាម៉ាសនឹងធ្វើកិច្ចពិភាក្សា​ជាមួយអន្តរការី​តំបន់​ហ្កាហ្សា នៅអេហ្ស៊ីប
06/01/2026 08:06 PM
កម្អែហូរចេញពីមាត់ភ្នំភ្លើង Kilauea របស់រដ្ឋហាវ៉ៃ ខណៈការកម្រើកត្រូវបានគេរំពឹងថានឹងកើនឡើង
06/01/2026 07:06 PM
កិច្ចព្រមព្រៀងពាណិជ្ជកម្មឥណ្ឌា-អាមេរិក ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរពន្ធរបស់ទីក្រុងវ៉ាស៊ីនតោន
06/01/2026 07:06 PM
អ៊ីស្រាអែល៖ «គ្មានភាពស្ងប់ស្ងាត់ នៅទីក្រុងបេរូត» ទេ បើ​ក្រុមហេសបូឡាមិន​បញ្ឈប់ការវាយប្រហារ
06/01/2026 07:06 PM
វិមានក្រឹមឡាំង៖ អាជ្ញាធរកំពុងធ្វើការដោះស្រាយបញ្ហាបែងចែកប្រេងនៅតំបន់គ្រីមៀ
06/01/2026 07:06 PM
ពលរដ្ឋជម្លៀសខ្លួនចេញពីតំបន់ជាយក្រុងភាគខាងត្បូងទីក្រុងបេរូត ក្រោយលោក Netanyahu បញ្ជាឲ្យវាយប្រហារក្រុមហេសបូឡា
06/01/2026 07:06 PM