ក្រសួងព័ត៌មាន ប្រគល់ថវិកា ១០៦លានរៀល ប្រមូលបានពីព្រឹត្តិការណ៍រត់ដើម្បីមនុស្សធម៌​ «ដើម្បីកុមារ ដើម្បីអនាគតយើង» ជូនមូលនិធិគន្ធបុប្ផាកម្ពុជា សម្រាប់គាំទ្រការព្យាបាល និងថែទាំសុខភាពកុមារដោយឥតគិតថ្លៃ
អាជ្ញាធរខេត្តប៉ៃលិនចុះពិនិត្យការប្រមូលផលទុរេន ដើម្បីបង្ការការក្លែងបន្លំ ខណៈឆ្នាំនេះទីផ្សារល្អជាងឆ្នាំមុន
ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនមន្ត្រីនគរបាល-អាវុធហត្ថខេត្តកំពត និងអ្នកទទួលផលចោរកម្មសរុបចំនួន ៤៧នាក់
គណៈកម្មការទី១ ព្រឹទ្ធសភា រួមជាមួយក្រុមសមាជិកព្រឹទ្ធសភាភូមិភាគទី៤ ប្រារព្ធទិវាកុមារអន្តរជាតិ និងទិវាប្រឆាំងពលកម្មកុមារ នៅខេត្តបាត់ដំបង

ព័ត៌មានជាតិ

ឯកឧត្ដម​ រដ្ឋមន្ត្រី កែវ រតនៈ អញ្ជើញបើកការដ្ឋានសាងសង់រោងចក្រកែច្នៃដបប្លាស្ទិក តំលៃ២៩លានដុល្លារ នៅតំបន់សេដ្ឋកិច្ចពិសេសខេត្តពោធិ៍សាត់

2026/01/19 05:49:26 pm        191
ពោធិ៍សាត់៖ ក្រុមហ៊ុនអេវ័ន្តប្លាស្ទិក (A1-Plastic) ដែលជាក្រុមហ៊ុនជំនាញលើការផលិត និងចែកចាយផលិតផលប្លាស្ទិក ដ៏លេចធ្លោមួយក្នុងប្រទេសកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ បានបើកការដ្ឋានសាងសង់រោងចក្រកែច្នៃដបប្លាស្ទិក ដែលប្រើប្រាស់រួច ដើម្បីផលិតជាប្រភេទPET សម្រាប់បម្រើដល់ឧស្សាហកម្មម្ហូបអាហារ និងភេសជ្ជៈ ក្រោមអធិបតីភាពដ៏ខ្ពង់ ខ្ពស់ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់។ពិធីបើកការដ្ឋានសាងសង់រោងចក្រខាងលើ ត្រូវបានធ្វើឡើងនៅតំបន់សេដ្ឋកិច្ចពិសេសពោធិ៍សាត់ ស្ថិតក្នុងឃុំស្នាអន្សា ស្រុកក្រគរ ដោយបានការចូលរួមពីសំណាក់ ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ លោកស្រី Deborah Leeនាយិកាប្រតិបត្តិនិងជាប្រធានក្រុមហ៊ុនA1-Plastic ឯកឧត្តមបណ្ឌិត ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អគ្គនាយកអគ្គិសនីកម្ពុជា, ឯកឧត្តម យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា ព្រមទាំងប្រតិភូអមដំណើរឯកឧត្តមរដ្ឋមន្ត្រី អាជ្ញាធរខេត្ត ស្រុក ឃុំ មន្ទីរពាក់ព័ន្ធ ឃុំ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនទៀត។លោកស្រី Deborah Lee នាយិកាប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន A1-Plastic បានជម្រាបជូនថា ពិធីបើកការដ្ឋានសាងសង់រោងចក្រកែច្នៃឡើងវិញដ៏ទំនើប របស់ក្រុមហ៊ុន A1-Plastics នាថ្ងៃនេះ គឺជាការវិវត្តន៍ឧស្សាហកម្មថ្មីមួយ ក្នុងការប្រកួតប្រជែងនិរន្តរភាព និងការទទួលខុសត្រូវ នៃការរីកចម្រើននៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុន A1-Plastics បានចំណាយទុនគ្រោង២៩លានដុល្លារ ជ្រើសរើសយកខេត្តពោធិ៍សាត់ គឺជាខេត្តគំរូ ក្នុងការចាប់ផ្តើមវិនិយោគកែច្នៃដបប្លាស្ទិក ដែលប្រើប្រាស់រួច ដើម្បីផលិតជាប្រភេទPET មានគុណភាពខ្ពស់ ស្របតាមស្តង់ដាពិភពលោក សម្រាប់បម្រើដល់ឧស្សាហកម្មម្ហូបអាហារ និងភេសជ្ជៈ ឈានទៅប្រែក្លាយបញ្ហាប្រឈមផ្នែកបរិស្ថាន ទៅជាធនធានសេដ្ឋកិច្ច សម្រាប់ព្រះរាជាណាចក្រកម្ពុជា។ លោកស្រី បន្តថា ការវិនិយោគនេះ នឹងត្រៀមខ្លួនរួចជាស្រេច ដើម្បីជំរុញសេដ្ឋកិច្ចខេត្តពោធិ៍សាត់ និងដើម្បីបង្កើតការងារជាច្រើនជូនប្រជាពលរដ្ឋក្នុងខេត្ត ទាំងដោយផ្ទាល់ និងដោយប្រយោល ក្នុងភាពជាដៃគូររយៈពេលវែង ស្របតាមយុទ្ធសាស្ត្រសសរស្តម្ភទាំង៣ នៃវិស័យបរិស្ថាន រួមមាន៖ ភាពស្អាត ភាពប៉ៃតង និងចីរភាព។ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា គិតមកដល់ពេលនេះ ខេត្តពោធិ៍សាត់មានរោងចក្រ សហគ្រាស និងក្រុមហ៊ុនឯកជន ចំនួន៤១៤កន្លែង ព្រមទាំងបានផ្តល់ការងារ ជូនប្រជាពលរដ្ឋក្នុងខេត្ត និងក្រៅខេត្ត បានចំនួន១៥,៧៨១នាក់ ដែលនេះសបញ្ជាក់ឱ្យឃើញ ពីលទ្ធផលវិជ្ជមាន នៃការរីកចម្រើនមួយរបស់ខេត្ត ដោយមានការចូលរួមចំណែកគាំទ្រ ពីក្រសួង ស្ថាប័ន ពិសេសក្រុមការងាររាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឆ្លាតវៃ និងស្វាហាប់ ប្រកបដោយចក្ខុវិស័យ របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្តពីសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា។ថ្លែងក្នុងឱកាសបើកការដ្ឋានសាងសង់រោងចក្រនេះ ឯកឧត្តម កែវ រតនៈ បានមានប្រសាសន៍លើកឡើងថា វត្តមានរបស់ក្រុម A1-Plastic នៅក្នុងទឹកដីនៃខេត្តពោធិ៍សាត់នាពេលនេះ គឺដោយមានការគាំទ្រពី សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ជំរុញវិស័យវិនិយោគ មកកម្ពុជា ជាពិសេសមកខេត្តពោធិ៍សាត់ ជាចក្ខុវិស័យដ៏មានសារៈសំខាន់ ក្នុងការបង្កើតការងារប៉ៃតង ជូនក្មួយៗយុវជន និងប្រជាជន ឱ្យមានការងារធ្វើ និងជំរុញសេដ្ឋកិច្ចកម្ពុជា ឱ្យឈានទៅរកការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន។ ឯកឧត្តម រដ្ឋមន្ត្រី បន្តថាស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ខេត្តពោធិ៍សាត់ជាប៉ូលសេដ្ឋកិច្ចទី៤ ដែលជាមូលដ្ឋានជំរុញសេដ្ឋកិច្ចកម្ពុជាឈានឡើង ឆ្ពោះទៅប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ នាពេលខាងមុខ។ ឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា ក្រុមហ៊ុន A1-Plastics នឹងចូលរួមចំណែកយ៉ាងសំខាន់ ដើម្បីលើកកម្ពស់ជីវភាព និងសុខុមាលភាព ជូនប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ បានមួយចំណែកថែមទៀត។ឯកឧត្តមសូមថ្លែងអំណរគុណជូនចំពោះ លោកស្រី Deborah Lee ដែលបានចំណាយទុនមកវិនិយោគលើទឹកដីខេត្តពោធិ៍សាត់ ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ ឯកឧត្តមក៏បានស្នើដល់ក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ត្រូវបន្តជួយគាំទ្រ ផ្តល់កិច្ចសហការ និងសម្រួលដល់ក្រុមហ៊ុន ឱ្យដំណើរការបានល្អប្រសើរ ព្រោះថាបើក្រុមហ៊ុនជោគជ័យ នោះកម្ពុជាក៏ជោគជ័យដូចគ្នា៕

ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម កោតសរសើរការខិតខំរបស់រដ្ឋបាលខេត្តឧត្តរមានជ័យដែលបានជួយដោះស្រាយសុខទុក្ខជនភៀសសឹក

2026/01/19 04:52:01 pm        115
ឧត្តរមានជ័យ៖ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តឧត្តរមានជ័យ បានអញ្ជើញក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារអនុវត្តបន្តឆ្នាំ២០២៦របស់រដ្ឋបាលខេត្តឧត្តរមានជ័យ។ តាមរយៈសេចក្តីរាយការណ៍ដោយសង្ខេបអំពីលទ្ធផលពិភាក្សាក្នុងអង្គសន្និបាតរបស់ឯកឧត្តមអភិបាលខេត្ត, ឯកឧត្តម ទេសរដ្ឋមន្រ្តី បានកត់សំគាល់ឃើញថាមានការផ្តល់នូវធាតុចូលជាច្រើនលើការងារជាអាទិភាពរបស់រដ្ឋបាលខេត្ត ដែលបានឆ្លុះបញ្ចាំងនូវសមិទ្ធផលការងារសំខាន់ៗដែលសម្រេចបាន និងរិះរកនូវមធ្យោបាយ វិធីសាស្ត្រ និង វិធានការនានាក្នុងការបន្តលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាល ការអភិវឌ្ឍមូលដ្ឋាន ការផ្តល់សេវាសាធារណៈ ការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ស្ថិតកាលៈទេសៈបច្ចុប្បន្ន ឯកឧត្តម ទេសរដ្ឋមន្រ្តី សម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់ អាវុធគ្រប់លំដាប់ថ្នាក់នៃខេត្តខេត្តឧត្តរមានជ័យដែលបានលះបង់កម្លាំងកាយចិត្តដោយមិនខ្លាចនឿយ ហត់នៅក្នុងកាតព្វកិច្ចបម្រើជាតិ មាតុភូមិ និងការខិតខំប្រឹងប្រែងបំពញតួនាទី ភារកិច្ចរបស់ខ្លួនបានល្អ ប្រសើរ ជាពិសេសក្នុងពេលមានជម្លោះព្រំដែន ព្រមទាំងដោះស្រាយការលំបាកជូនបងប្អូនជនភៀសសឹក។ផ្អែកតាមស្ថានភាពនេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានណែនាំដល់រដ្ឋបាលខេត្តឧត្តរមានជ័យគ្រប់ជាន់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ត្រូវអនុវត្តតួនាទី និងភារកិច្ចឱ្យបានម៉ឺងម៉ាត់បំផុតក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងដោះស្រាយយ៉ាងយកចិត្តទុកដាក់និងហ្មត់ចត់បំផុត ដោយដៃម្ខាងវាយទប់ទល់ និងការពារឱ្យបានជាដាច់ខាតនូវបូរណភាពទឹកដី និងអធិបតេយ្យជាតិពីការឈ្លានពានរបស់ខ្មាំងសត្រូវ និងដៃម្ខាងរក្សាឱ្យបាននូវស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងប្រក្រតីភាពសេដ្ឋកិច្ច សង្គម និងការវិនិយោគ។

អំណោយផ្ទះ១ខ្នងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ចាប់ផ្តើមសាងសង់ជូនអតីតយុទ្ធជន នៅខេត្តបាត់ដំបង

2026/01/19 04:47:44 pm        103
អនុវត្តតាមអនុសាសន៍ដឹកនាំដោយផ្ទាល់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក.) នារសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ផ្ទះ ១ខ្នង ជូនអតីតយុទ្ធជន ឈ្មោះ អន សារី អាយុ ៦៨ឆ្នាំ រស់នៅភូមិសាមគ្គី ឃុំបួរវិល ស្រុកបរវេល ខេត្តបាត់ដំបង ដែលមានដីអត់ផ្ទះ។ពិធីនេះមានការអញ្ជើញចូលរួមពីប្រតិភូអម, ថ្នាក់ដឹកនាំគណកម្មាធិការសមាគមខេត្ត, អាជ្ញាធរមូលដ្ឋាន និងមន្រ្តីពាក់ព័ន្ធ។នាឱកាសនេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម មានប្រសាសន៍ថា រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានទី១សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ជានិច្ចកាលបានបន្តអនុវត្ត និងដោះស្រាយជូនអតីតយុទ្ធជន ហើយបានរិះរកគ្រប់មធ្យោបាយ ដើម្បីជួយលើកស្ទួយជីវភាពអតីតយុទ្ធជន និងនិវត្តជនទាំងការផ្តល់ដី និងផ្ទះ ព្រមទាំងអត្ថប្រយោជន៍ជាច្រើនទៀតជាបន្តបន្ទាប់។ឯកឧត្តមកិត្តិសង្គហបណ្ឌិត បាននាំយកការផ្តាំផ្ញើសាកសួរសុខទុក្ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវ ពេជ ចន្ទមុន្នី ជូនអតីតយុទ្ធជន និងភរិយា សូមរក្សាសុខភាពឱ្យបានល្អផងដែរ៕

កុមារកម្ពុជាជាច្រើនបានរៀនតាមកម្មវិធីសិក្សាបែបជប៉ុន ដែលជួយឲ្យការគិតកាន់តែប្រសើរ

2026/01/19 04:22:38 pm        329
ភ្នំពេញ៖ ក្រោមកិច្ចសហការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡានោះ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បាននាំយកនូវកម្មវិធីសិក្សាកំពុងពេញនិយម នៅក្នុងប្រទេសជប៉ុន មានឈ្មោះថា Think!Think! មកជួយបង្រៀនដល់កុមារកម្ពុជា ហើយកម្មវិធីសិក្សានេះ ក៏បានធ្វើឲ្យកុមារកម្ពុជា កាន់តែមានភាពវៃឆ្លាត និងមានការគិតកាន់តែល្អជាងមុន ។ក្នុងកម្មវិធី World Cup ប្រចាំឆ្នាំរបស់ Think!Think! និងកម្មវិធីប្រគល់សញ្ញាបត្រប្រចាំឆ្នាំ នារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ លោក សានួយ កាស៊ូម៉ាសា ប្រធានតំណាង JICA ប្រចាំនៅកម្ពុជា បានលើកឡើងថា ព្រឹត្តិការណ៍ការប្រកួតកម្មវិធីសិក្សាបែប STEM ប្រចាំឆ្នាំ ២០២៥ ដោយប្រមូលផ្តុំកុមារជាង ១ ០០០នាក់ មកពីសាលាThink!Think! លើននីងលេប សាលាបឋមសិក្សារដ្ឋ និងមជ្ឈមណ្ឌលសិក្សាអភិវឌ្ឍន៍ជប៉ុន (JDLC) ដែលបានប្រើប្រាស់កម្មវិធី Think!Think! ដែលជាកម្មវិធីឈ្នះពានរង្វាន់ ដើម្បីបង្ហាញពីជំនាញគិតបែបវិភាគ ជំនាញដោះស្រាយបញ្ហា និងភាពច្នៃប្រឌិតផ្នែកគណិតវិទ្យា។លោកបន្តថា ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងដោយសហការរវាងក្រសួងអប់រំ យុវជន និងកីឡា JICA និង Think!Think! ប្រចាំកម្ពុជា ដែលពោរពេញទៅដោយភាពសប្បាយរីករាយ និងបង្ហាញយ៉ាងច្បាស់ពីចំណង់ចំណូលចិត្តរបស់កុមារចំពោះការគិត និងការតាំងចិត្តរបស់ពួកគេក្នុងការខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ។ ឯកឧត្តម អ៊ុង បូរ៉ាត់ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា នៅក្នុងពិភពលោក ដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័សនេះ ភាពស្ទាត់ជំនាញលើផ្នែក STEM និងបំណិនសតវត្សរ៍ទី២១ តាំងពីវ័យក្មេង គឺជាមូលដ្ឋានគ្រឹះ សម្រាប់ភាពជោគជ័យនាពេលអនាគត របស់កុមារ ។ឯកឧត្តម បន្តថា កម្មវិធី Think!Think! World Cup មិនមែនគ្រាន់តែជាការប្រកួតប្រជែងមួយប៉ុណ្ណោះទេ ប៉ុន្តែគឺជាវេទិកាដ៏សំខាន់មួយ ដែលជួយឱ្យកុមារបណ្ដុះក្តីស្រឡាញ់ ចំពោះជំនាញដ៏ចាំបាច់ទាំងនេះ តាមរយៈបទពិសោធន៍ ប្រកបដោយភាពសប្បាយរីករាយ និងមានអត្ថន័យជាទីបំផុត ។លោក ខេ កាវ៉ាស៊ីម៉ា នាយកប្រតិបត្តិក្រុមហ៊ុន Wonderfy បានឲ្យដឹងថា ជាមូលដ្ឋានការអប់រំ គួរតែជាបទពិសោធន៍ដ៏រីករាយមួយ ហើយកម្មវិធី Think!Think! បំផុសគំនិតនៃការចង់ដឹង ចង់ឮពីធម្មជាតិរបស់កុមារ និងទាញចេញសក្តានុពលពេញលេញរបស់ពួកគេ តាមរយៈការធ្វើឱ្យការសិក្សាមានភាពសប្បាយរីករាយ ហើយយើងនៅតែប្តេជ្ញាថា នឹងនាំមកនូវបច្ចេកវិទ្យា និងជំនាញអប់រំដ៏ល្អបំផុត របស់ប្រទេសជប៉ុន ដើម្បីផ្តល់ដល់កុមារគ្រប់រូបនៅកម្ពុជា។សម្រាប់សិស្សជ័យលាភីនៃកម្មពិធី Think!Think! World Cup 2025 ក្នុងនោះកម្រិតមត្តេយ្យ (Kinder Category) លេខ១៖ ខឹម បុទុម រមនា, លេខ២. កានបញ្ញា ដារិត, លេខ៣. ហុង សេង ងួន, លេខ៤. ខេន វាតាណាបិ និងលេខ៥. សុខ លីហុង ។ កម្រិតបឋមសិក្សា (Primary Category), លេខ១. សម្បត្តិ សុវណ្ណវឌ្ឍនៈ, លេខ២. នីណូ តាមូរ៉ា, លេខ៣. សារ៉ា ជូរី, លេខ៤. ជា ចន្ទវីរៈ និងលេខ៥. ខេង ផាន់រតន, កម្រិតខ្ពស់ (Advanced Category), លេខ១. អ៊ិអូរិ គីមូរ៉ា, លេខ២. សារ៉ា ម៉ូរីសា, លេខ៣. ផាន់ វ៉ីនឆាយ, លេខ៤. រ៉ុងមុនី ប្រសិដ្ឋ និងលេខ៥. អ៊ឹង លីមហ័រ ។ ដើម្បីធ្វើឱ្យព្រឹត្តិការណ៍នេះកាន់តែរំភើប សិស្សចំនួន ២នាក់ ដែលមានពិន្ទុខ្ពស់បំផុតក្នុងប្រភេទថ្នាក់នីមួយៗ គឺទទួលបានរង្វាន់សំបុត្រយន្តហោះ និងឱកាសចូលរួមព្រឹត្តិការណ៍ Think!Think! Cup នៅទីក្រុងតូក្យូក្នុងឆ្នាំ២០២៦ ។គួរបញ្ជាក់ថា Think!Think! គឺជាកម្មវិធីបច្ចេកវិទ្យាអប់រំ (EdTech) ឈានមុខគេរបស់ប្រទេសជប៉ុន ដែលផ្តោតលើការអភិវឌ្ឍជំនាញគិតបែបវិភាគ និងជំនាញមិនមែនពុទ្ធិបញ្ញា (Non-cognitive Skills) របស់កុមារ។ ជាមួយនឹងអ្នកប្រើប្រាស់ជាង ២,៥ លាននាក់ទូទាំងពិភពលោក កម្មវិធីនេះមានល្បែងផ្គុំរូប និងហ្គេមយុទ្ធសាស្ត្រយ៉ាងទូលំទូលាយ ដែលត្រូវបានរចនាឡើងដើម្បីជំរុញចំណង់ចង់រៀនសូត្រពេញមួយជីវិត៕ អត្ថបទ បាន សុខរិទ្ធិ

ការលក់ដូរវិស័យអចលនទ្រព្យនៅកម្ពុជាបន្តមានកំណើន ទោះបីអ្នកទិញមានតម្រូវការតិចតូច

2026/01/19 04:09:32 pm        182
អ្នកជំនាញអចលនវត្ថុបានបញ្ជាក់ឱ្យដឹងថា នៅដើមឆ្នាំ២០២៦នេះ ការ​លក់​ដូរ​ក្នុង​វិស័យ​អចលន​ទ្រព្យ ​និងសំណង់ នៅបន្តមានកំណើន ខណៈអ្នកទិញនៅមានតម្រូវការតិចតូច ដោយពួក​គេ​មាន​អំណាច​ក្នុង​ការ​ជ្រើសរើសទីតាំង និងប្រភេទអចលនទ្រព្យសម្រាប់ការជួញដូរ ឬស្នាក់នៅ។ ឧកញ៉ា សន សៀប ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា លើក​ឡើង​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយភ្នាក់ងារ អ្នកយកព័ត៌មាន ស្តីពីបច្ចុប្បន្នភាពនៃវិស័យអចលនវត្ថុ និង​សំណង់​ឆ្នាំ​២០២៦ នេះថា សម្រាប់សកម្មភាពវិស័យអចលនវត្ថុ និង សំណង់នៅឆ្នាំកន្លងមកនេះ ផ្នែក​មួយ​ចំនួនបានជួបញ្ហា និងមានតំបន់ខ្លះជួយគាំទ្រដល់អនុវិស័យនេះផងដែរ ជាក់ស្តែងតំបន់ ព្រលាន​យន្ត​ហោះថ្មី (ព្រលានយន្តហោះអន្តរជាតិតេជោ) ដែលស្ថិតនៅ​តំបន់​ភូមិ​ភាគ​ខាង​ត្បូង​នៃ​រាជ​ធានីភ្នំពេញ បានកំពុងបន្តស្រូប យកអលនទ្រព្យដូចជា៖ គម្រោង​អភិវឌ្ឍន៍​ផ្នែក​ពាណិជ្ជ​កម្ម និងអគារដាក់តាំងបង្ហាញនូវផលិតផលសំខាន់ៗជាដើម ក្នុងនោះសម្រាប់ ផ្នែកជួរមុខ នៃ​ព្រលាន​យន្ត​ហោះអន្តរជាតិតេជោ អាចនិងស្រូបយកប្រភេទអគារបម្រើដល់ការធ្វើពាណិជ្ជកម្ម និង​ផ្នែកនៅជុំវិញព្រលានយន្តហោះ នឹងមានការអភិវឌ្ឍផ្នែកលំនៅឋាន និងបុរីនានា និងមានផ្សារ​ទៅ​តំបន់​អភិវឌ្ឍវិស័យឧស្សាហកម្មជាដើម។ឧកញ៉ា បន្តថា ដោយសាការរីកលូតលាស់សេដ្ឋកិច្ចឆ្នាំ២០២៥ បាននិងកំពុង​បន្ត​គាំទ្រ​ដល់​ការ​ទិញ​-លក់ក្នុងវិស័យអចលន ទ្រព្យ និងសំណង់ ខណៈនៅដើមឆ្នាំ២០២៦ នៅបន្ត​មាន​កំណើន​នៃ​ការ​លក់​ដូរ​នៅឡើយ ស្របពេលអ្នកទិញនៅមានចំនួនតិចតូច ដែលមានអំណាច​នៅ​ក្នុង​ការ​ជ្រើស​រើស​ទីតាំង និងប្រភេទអចលនទ្រព្យ តាមតម្រូវការដែលពួកគាត់ត្រូវការជាក់ស្តែង សម្រាប់​ការ​លក់​ដូរបន្ត ឬការទិញសម្រាប់ស្នាក់នៅជាដើម។ ជុំវិញវិស័យអនុវិស័យសំណង់ នៅក្នុងឆ្នាំ២០២៦នេះ, បើយោង​តាម​ក្រប​ខ័ណ្ឌ​នៃ​ការ​រៀប​ចំ​សេចក្តី​ព្រាង​ច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ ការគ្រប់គ្រងឆ្នាំ២០២៦ បានបង្ហាញថា អនុវិស័យ​សំណង់ ​ត្រូវបានព្យាករថា នឹងបន្តងើប ប៉ុន្តែក្នុងសភាពយឺត និងមានកំណើនទាប ជាង​និន្នា​ការ​មុន​វិបត្តិ​ជំងឺកូដ-១៩ ដែលបន្តទ្រទ្រង់ដោយសកម្មភាពសាងសង់លំនៅឋាន ឆ្លើយត​ប​ទៅ​នឹង​តម្រូ​វ​ការ​ពិតក្នុងស្រុក គួបផ្សំនឹងការបន្តនិន្នាការកើនឡើងនៃសកម្មភាពសំណង់ បម្រើឱ្យវិស័យ​ឧស្សាហកម្ម​មួយចំនួនដូចជា រោងចក្រ និងឃ្លាំងជាដើម ដែលនឹងក្លាយជានិន្នាការថ្មី ជួយគាំពារកំណើននៃអនុវិស័យនេះ ក្នុងរយៈពេលខ្លី និងមធ្យមខាងមុខ៕ អត្ថបទ៖ រ៉ាឌី

កុមារភៀសសឹកស្នាក់នៅជំរំចុងកាល់ បន្តអំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ​បញ្ឈប់​ទង្វើ​ឈ្លាន​ពាន​របស់​ថៃ

2026/01/19 03:52:10 pm        262
កុមារភៀសសឹកជាច្រើននាក់មកពីតាមបន្ទាត់ព្រំដែនក្នុងស្រុកបន្ទាយអំពិល រួមមានតំបន់ ថ្មដូន ជប់គគី ប្រាសាទតាមាន់ ប្រាសាទតាក្របីដែលជាប់គាំង និង​កំពុង​សិក្សា​រៀន​សូត្រ​ជា​បណ្តោះ​អាសន្ន​នៅ​ទីតាំងជំរំសុវត្ថិភាពស្រុកចុងកាល់ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦នេះ បានបន្ត​អំពាវ​នាវ​យ៉ាងទ​ទូចដល់សហគមន៍អន្តរជាតិជួយអន្តរាគមន៍ បញ្ឈប់ទង្វើឈ្លានពានរបស់យោធាថៃ មក​លើអធិតេយ្យភាពកម្ពុជា ពិសេសក្នុងតំបន់ដែលពួកគេរស់នៅតាមបន្ទាត់ព្រំដែន ដើម្បី​បាន​ត្រឡប់​ទៅ​ផ្ទះសំ​បែង និងបានសិក្សារៀនសូត្រជាធម្មតាវិញដោយមិនមានការភ័យខ្លាចបន្តទៀត។ កុមារភៀសសឹក បានបង្ហាញការសោកស្តាយ ចំពោះទង្វើឈ្លាន​ពាន​ដ៏​គឃ្លើន​របស់​យោធា​ថៃនា​ពេល​កន្លង​ទៅ ដែលបានបាញ់ប្រហារមកលើភូមិដ្ឋានរស់នៅរបស់ពួកគេ ដែលជា​​ប្រជា​ពលរដ្ឋ​ស៊ីវិល​​ស្លូត​ត្រង់​ជាច្រើនលើកច្រើនសារដោយគ្មានមនុស្សធម៌នៅក្នុងខ្លួន។ ក្រុមកុមារភៀសសឹក ចង់​ឱ្យ​ប្រទេសកម្ពុជា និងថៃ​ចូលរួមកិច្ចប្រជុំជាមួយគ្នាលើការដោះស្រាយបញ្ហាព្រំដែន ដោះ​ស្រាយ​បញ្ហា​ដោយ​សន្ដិវិធី ដើម្បីពួកគេឆាប់បានវិលត្រឡប់ទៅកាន់លំនៅឋានវិញ។ បណ្ដាកុមារភៀសសឹក បានបន្តទៀតថា ពួកគេត្រូវការសន្តិភាព មិនត្រូវការសង្រ្គាមនោះទេ ពី​ព្រោះ ​ដោយសារតែសង្រ្គាមឈ្លានពានរបស់យោធាថៃ បានធ្វើឲ្យពួក​គេ​រ​ស់​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា ​និងថៃ មានការលំបាកយ៉ាងខ្លាំង ត្រូវរត់ភៀសសឹកចេញពីផ្ទះសំបែង បាត់បង់ការ​សិក្សា​រៀន​សូត្រ ​និងត្រូវបែកបាក់ក្រុមគ្រួសារថែមទៀត។សូមបញ្ជាក់ថា ក្រោយមានបទឈប់បាញ់រវាងកម្ពុជា និងថៃ គិតមកដល់ពេលនេះ ពលរដ្ឋ​ភៀស​សឹក​កម្ពុជា​បានវិលទៅលំនៅឋានវិញមានជាង៥០ម៉ឺននាក់ហើយ។ ចំណែកអ្នកបន្តស្នាក់នៅជំរំ មាន​ចំនួន ១៣ ម៉ឺននាក់ទៀត ក្នុងនោះមានស្រ្ដីជាង ៧ម៉ឺននាក់ និងកុមារជាង ៤ម៉ឺននាក់៕ ឃិន សារិទ្ធ

ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានលែងត្រីរាជទម្ងន់ជាង ៧០គីឡូក្រាម ចូលទន្លេមេគង្គ ក្រោយ​ទទួលបានពីប្រជានេសាទ

2026/01/19 03:38:43 pm        256
ខណ្ឌរដ្ឋបាលជលផលកំពង់ចាម នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ បានធ្វើការលែង ត្រីរាជ ទម្ងន់ ជាង ៧០គីឡូក្រាម ចូលទន្លេមេគង្គ វិញ ក្រោយទទួលពត៌មានពីប្រជាពលរដ្ឋនេសាទបាន ដោយ​ប្រើ​ប្រាស់​ឧបករណ៍ម៉ាញ់ នៅចំណុចតាមដងទន្លេមេគង្គ ភូមិថ្មី “ក” ឃុំរកាគយ ស្រុកកងមាស ខេត្ត​កំពង់ចាម។បើតាមមន្ត្រីខណ្ឌរដ្ឋបាលជលផលកំពង់ចាមបានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៩ ខែមករ ឆ្នាំ២០២៦ ខណ្ឌ​រដ្ឋបាលជលផលកំពង់ចាម បានទទួលព័ត៌មានពីប្រជានេសាទឈ្មោះ ឆាយ សេងឃុន ដែល​នេសាទបាន ត្រីរាជ ទម្ងន់ប្រហែល ៧០គីឡូជាង ដោយប្រើប្រាស់ឧបករណ៍ម៉ាញ់ នៅ​ចំណុច​តាម​ដងទន្លេមេគង្គ ភូមិថ្មី (ក) ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម។ បន្ទាប់​មក​ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានចុះត្រួតពិនិត្យ និងទំនាក់ទំនង​ផ្តល់​ព័ត៌មាន​ជូន​វិទ្យាស្ថាន​ស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប នៃរដ្ឋបាលជលផល និងគម្រោងអច្ឆរិយភាព នៃ​ទន្លេមេគង្គ ដើម្បីកំណត់ទិន្នន័យត្រីរាជ និងមានវិធានការបន្ត ក្រុមការងារ​បច្ចេក​ទេស​វិទ្យា​ស្ថាន​ស្រាវ​ជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប នៃរដ្ឋបាលជលផល​បាន​កំណត់​ទិន្នន័យ​ដូច​ខាង​ក្រោម​៖ត្រីរាជ ភេទ ញី ប្រវែង ១៨៧ សង់ទីម៉ែត្រ ទម្ងន់សរុប ៧៨ គីឡូក្រាម ពាក់ស្លាករដ្ឋបាលជលផល លេខ​កូដ ៣១៦ ។ ក្រោយពីកំណត់អត្តសញ្ញាណដូចខាងលើរួច ក្រុមការងារ​មាន​អាជ្ញាធរ​ស្រុក​កង​មាស​ មន្ត្រីនៃរដ្ឋបាលជលផល ខណ្ឌរដ្ឋបាលជលផលកំពង់ចាម និងក្រុមការងារ​គម្រោង​អច្ឆរិ​យ​ភាព​នៃទន្លេមេគង្គ និងប្រជានេសាទ បានលែងត្រីរាជនោះចូលក្នុងទន្លេមេគង្គវិញ។ខណ្ឌ​រដ្ឋបាលជលផលកំពង់ចាម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម សូម​អំពាវ​នាវ​ដល់ប្រជានេសាទទាំងអស់ សូមផ្តល់ដំណឹងមកមន្រ្តីជំនាញនៃខណ្ឌរដ្ឋបាលជលផល នៅ​ពេ​លនេសាទបានដោយចៃដន្យ ប្រភេទត្រីកម្រ ដូចជា ត្រីគល់រាំង ត្រីរាជ ត្រីត្រសក់ ជាដើម ដើម្បី​លែង​ចូលទន្លេវិញ ក្នុងគោលបំណងអភិរក្សប្រភេទត្រីកម្រទាំងនេះឱ្យបានគង់វង្ស តទៅ៕

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញ​ប្រគល់ផ្ទះថ្មីដោយផ្ទាល់ ជូន​ក្រុម​គ្រួសារ​របស់​វីរកងទ័ព និងវីរនគរបាលជាតិពលី

2026/01/19 03:29:56 pm        232
ដោយការគិតគូរជាបន្តបន្ទាប់នៅរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញប្រគល់ផ្ទះថ្មី ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេច​ធិបតី និង​លោកជំទាវ​បណ្ឌិតផ្ទាល់ ជូនដល់ក្រុមគ្រួសារនៃវីរកងទ័ពពលី រស់នៅក្នុង​ទឹក​ដី​ខេត្ត​កណ្តាល​។ក្នុងវេលានេះដែរ លោកជំទាវបណ្ឌិត បានពាំនាំប្រសាសន៍​ចូល​រួម​រំលែក​មរណ​ទុក្ខ​ដ៏​ក្រៀម​ក្រំ​បំផុត ​រួមជាមួយប្រសាសន៍សួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់​ក្រុម​គ្រួសារ​នៃ​សព​ផងដែរ។ទន្ទឹមនឹងនេះ លោកជំទាវបណ្ឌិត ក៏បាននាំយកមកជាមួយនូវអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី និង​លោកជំទាវបណ្ឌិត មានដូចជាថវិកា សម្ភារៈប្រើប្រាស់ ស្បៀងអាហារ និងសម្ភារៈ​ចាំបាច់​ផ្សេង​ៗ​ ជូនដល់ក្រុមគ្រួសារនៃសព ដើម្បីជួយទ្រទ្រង់ជីវិតរស់នៅប្រចាំថ្ងៃ ។សូមបញ្ជាក់ផងដែរថា សម្តេចបវរធិបតី បានដាក់ចេញនូវគោលនយោបាយ និង​យន្តការ​ជា​ច្រើន​ដើម្បី​ជួយ​សម្រួលដល់ក្រុមគ្រួសាររបស់យុទ្ធជនពលីដូចជាការផ្តល់ឱ្យមុខរបរចិញ្ចឹមជីវិត ការ​ស្រោច​ស្រង់​សមាជិកគ្រួសារ ការផ្តល់អាហារូបករណ៍ដល់កូនៗបានសិក្សាកម្រិតបរិញ្ញាបត្រ ការ​រៀប​ចំ​ឥណទានសារជាថ្មី ការដោះស្រាយបំណុលជូនវីរយុទ្ធជនក្នុងសមរភូមិ ថែម​ទាំង​មាន​ការ​គិត​គូរ​បង្កើតជាមូលនិធិសម្រាប់ជួយទ្រទ្រង់ដល់ក្រុមគ្រួសារវីរយុទ្ធជនពលីទៀតផង។ បន្ថែម​ពី​លើ​នេះ ​រាជរដ្ឋាភិបាលក៏បាននិងកំពុងជួយសម្របសម្រួលឱ្យជនភៀសសឹកបានទៅផ្ទះសំបែងវិញ ការ​ជួយដោះស្រាយហេដ្ឋារចនាសម្ព័ន្ធ ការជួយបោសសម្អាតអាវុធ គ្រាប់ យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និង​ការស្តារជីវភាពរស់នៅប្រចាំថ្ងៃជាដើម៕

ឯកឧត្តម សាយ សំអាល់៖«ការដាំដុះ គឺជាបំណិនជីវិតមួយ និងជាការរៀបចំផ្ទះសំបែងបានត្រឹមត្រូវ និងបានសេដ្ឋកិច្ចវិលជុំ»

2026/01/19 02:52:43 pm        224
ភ្នំពេញ៖ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦នេះបានបង្ហោះសារតាមរយៈបណ្ដាញសង្គមហ្វេសប៊ុក ភ្ជាប់ជាមួយនឹងរូបភាពប្រជាពលរដ្ឋ និងសិស្សានុសិស្ស ប្រមូលផលដំណាំបន្លែនានា ដោយបានបញ្ជាក់ថា «ការដាំដុះ គឺជាបំណិនជីវិតមួយ, និងជាការរៀបចំផ្ទះសំបែងបានត្រឹមត្រូវ និងបានសេដ្ឋកិច្ចវិលជុំ»។ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី បានថ្លែងថា «ការដាំដុះ គឺជាបំណិនជីវិតមួយ»។ឯកឧត្តមបានបន្តថា ការដាំដុះបន្លែផ្លែឈើ គឺជាបំណិនជីវិតរបស់មនុស្សយើង ពីព្រោះយើងទាំងអស់គ្នាដឹងថាបន្លែជាអាហារចាំបាច់មួយសម្រាប់សុខភាព។ ឯកឧត្តមបានបញ្ជាក់ថា៖«ហើយតាមការយល់របស់ខ្ញុំ ការទិញលក់បន្លែ ដែលជាផលិតផលក្នុងស្រុក (នាំចេញនៅនឹងកន្លែង) ក៏ជាយន្តការបង្ហូរសាច់ប្រាក់ពីស្រទាប់មួយទៅស្រទាប់មួយទៀតក្នុងសង្គមយើង។ជាងនេះទៅទៀត នេះគឺជាការរៀបចំផ្ទះសម្បែងបានត្រឹមត្រូវ និងបានសេដ្ឋកិច្ចវិលជុំ»៕

សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី៖ «ចំណេះដឹង និងគុណធម៌ ជាសសរស្តម្ភ​ពីរ​មិនអាច​ខ្វះបាន​ក្នុងវិស័យអប់រំ»

2026/01/19 02:06:19 pm        224
ភ្នំពេញ៖ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះសាកល​វិទ្យាធិការ​នៃ​ពុទ្ធិក​សាកល​វិទ្យាល័យ​ព្រះសីហ​មុនី​រាជា មានព្រះបន្ទួលថា ចំណេះដឹង និងគុណធម៌ គឺជាសសរស្ដម្ភពីរ ដែល​មិន​អាច​ខ្វះ​បាន​នៅ​ក្នុងវិស័យអប់រំ ។ ក្នុងឱកាសយាងជាព្រះរាជាធិបតីកិត្តិយស ពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពី“គោលការណ៍គ្រឹះ នៃ​មុខ​ងារ​សាធារណៈ និងគុណសម្បត្តិ នៃឥរិយាបថរបស់មន្ត្រីរាជការ” និង “សុក្រឹតការគរុកោសល្យ និង​វិ​ធីសាស្ត្របង្រៀន” កាលពីរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ សម្តេ​ច​ព្រះ​សាកល​វិទ្យា​ធិការ​មានព្រះបន្ទួលថា ក្នុងវិស័យអប់រំ អ្នកបណ្តុះបណ្តាល ជាអ្នកដឹកនាំ និងជាវិស្វករ នៃ​ព្រលឹង​ជាតិ ​ដែលមានភារកិច្ចមិនត្រឹមតែផ្ទេរនូវវិជ្ជាបច្ចេកទេស ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវធ្វើជាគំរូ នៃ​ឥរិយាបថ សីលធម៌ និងវិន័យថ្លៃថ្នូរ ដើម្បីក្លាយជាបង្គោលចម្លងនូវពុទ្ធិ និង​គុណ​តម្លៃ​នៃ​សង្គម​ទៅ​កាន់​ជំនាន់​ក្រោយ។ សម្តេចព្រះមហាសង្ឃរាជ មានព្រះបន្ទួលដោយង្ឃឹមថា តាមរយៈការតម្រង់ ទិស និងការចែក​រំលែក​បទ​ពិសោធន៍ពីគ្រូឧទ្ទេសដ៏មានសមត្ថភាព លោកអ្នកនឹងក្លាយជាកម្លាំងចលករដ៏ សំខាន់ ក្នុង​ការជំរុញនាវាពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ឱ្យកាន់តែមានសក្តានុពលខ្ពស់ ក្នុង​ការ​បម្រើដល់បុព្វហេតុព្រះពុទ្ធសាសនា និងការ​អភិវឌ្ឍ​ជាតិមាតុ​ភូមិ​ឱ្យ​កាន់​តែ​រុង​រឿង​ថ្កុំ​ថ្កើង​តរៀង​ទៅ។ ឯកឧត្តមបណ្ឌិត ងួន ស្តេចភក្តី រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ទទួល​បន្ទុក​ពុទ្ធិក​សាកល​វិទ្យាល័យព្រះសីហមុនីរាជា មានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះ បាន​ប្រព្រឹត្ត​ទៅ​រយៈ​ពេល​៤ថ្ងៃ ចាប់ពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ មានសិក្ខា​កាម​ចូល​រួម​ចំនួន​ ២១៦រូប ក្នុងនោះព្រះសង្ឃចំនួន ១០អង្គ ស្រីចំនួន៥៥នាក់ និងប្រុសចំនួន ១៥១នាក់ ដែល​ទទួល​បានការបណ្តុះបណ្តាលពីវាគ្មិនកិត្តិយស សិក្សាលើប្រធានបទសំខាន់ៗចំនួន៤ ត្រូវ​បាន​បញ្ចប់​ទៅដោយរលូន ។ឯកឧត្តមបណ្ឌិត ជួន ជីវិន រដ្ឋលេខាធិការរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា រាជ​រដ្ឋាភិបាលកម្ពុជា ក្នុងយុទ្ធសាស្ត្របញ្ចកោណ បានកំណត់យកការអភិវឌ្ឍមូលធនមនុស្ស ជា​ចំណុច​អាទិភាព​ទី១ ដែលនេះជាកត្តាចាំបាច់ ក្នុងការជំរុញកំណើន សេដ្ឋកិច្ចជាតិ នាំ​ឱ្យ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា ឆ្ពោះទៅសម្រេចនូវគោលដៅរបស់ខ្លួនជា ប្រទេសជឿនលឿននៅឆ្នាំ២០៥០។ដោយ​ឡែកពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ក្រោមការដឹកនាំរបស់សម្តេច ព្រះ​មហា​សង្ឃ​រាជ បួរ គ្រី ជាព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ពិត​ជា​បាន​ចូល​រួម​ចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល នូវការបណ្តុះសមណនិស្សិត-និស្សិត ប្រកប​ដោយ​គុណភាព និងមេត្តាករុណាផ្តល់អាហារូបករណ៍យ៉ាងច្រើនសន្ធឹកសន្ធប់ជារៀងរាល់ឆ្នាំ៕ អត្ថបទ បាន សុខរិទ្ធិ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានាធិបតីមីយ៉ាន់ម៉ាបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តចំពោះសន្តិសុខរបស់ឥណ្ឌា
06/01/2026 08:06 PM
ប្រតិបត្តិករនាវា ជំរុញឲ្យមានច្បាប់ច្បាស់វិលត្រឡប់មកកាន់ច្រកសមុទ្រ Hormuz វិញ
06/01/2026 08:06 PM
កងទ័ពជើងទឹកបារាំងដោយមានការគាំទ្រពីអង់គ្លេស បានស្កាត់ចាប់នាវាដឹកប្រេងរុស្ស៊ី
06/01/2026 08:06 PM
EU ជំរុញឲ្យ​អ៊ីស្រាអែលឈប់​បង្កើន​ភាពតានតឹងផ្នែកយោធា នៅលីបង់ និងគាំទ្រកិច្ចប្រឹងប្រែងការទូត
06/01/2026 08:06 PM
មន្ត្រី៖ ក្រុម​ហាម៉ាសនឹងធ្វើកិច្ចពិភាក្សា​ជាមួយអន្តរការី​តំបន់​ហ្កាហ្សា នៅអេហ្ស៊ីប
06/01/2026 08:06 PM
កម្អែហូរចេញពីមាត់ភ្នំភ្លើង Kilauea របស់រដ្ឋហាវ៉ៃ ខណៈការកម្រើកត្រូវបានគេរំពឹងថានឹងកើនឡើង
06/01/2026 07:06 PM
កិច្ចព្រមព្រៀងពាណិជ្ជកម្មឥណ្ឌា-អាមេរិក ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរពន្ធរបស់ទីក្រុងវ៉ាស៊ីនតោន
06/01/2026 07:06 PM
អ៊ីស្រាអែល៖ «គ្មានភាពស្ងប់ស្ងាត់ នៅទីក្រុងបេរូត» ទេ បើ​ក្រុមហេសបូឡាមិន​បញ្ឈប់ការវាយប្រហារ
06/01/2026 07:06 PM
វិមានក្រឹមឡាំង៖ អាជ្ញាធរកំពុងធ្វើការដោះស្រាយបញ្ហាបែងចែកប្រេងនៅតំបន់គ្រីមៀ
06/01/2026 07:06 PM
ពលរដ្ឋជម្លៀសខ្លួនចេញពីតំបន់ជាយក្រុងភាគខាងត្បូងទីក្រុងបេរូត ក្រោយលោក Netanyahu បញ្ជាឲ្យវាយប្រហារក្រុមហេសបូឡា
06/01/2026 07:06 PM