ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុ ប្រគេនព្រះសង្ឃ និងចែកអំណោយប្រជាពលរដ្ឋ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញជួបប្រជាពលរដ្ឋភៀសសឹក និងពិនិត្យទីតាំងរៀបចំផ្សារបណ្តោះអាសន្ន ក្នុងខេត្តបន្ទាយមានជ័យ
ក្រសួងការងារ៖ ខេត្តស្ថិតក្នុងតំបន់ទំនាបកណ្ដាលចំនួន៣ មាន​ឱកាស​ការ​ងារ​ជាង ៨,០០០​កន្លែង កំពុង​រង់​​ចាំអតីត​​ពលករ​​ត្រឡ​ប់​មក​ពី​ថៃ និង​អ្នកកំ​ពុង​ស្វែងរកកា​រងា​រ​ធ្វើ
ក្រសួងការងារ៖ នៅខេត្តជាប់សមុទ្រទាំង៤ មានឱកាសកា​រងារជិត ៧,០០០កន្លែង ដែល​កំពុងរង់ចាំ​អតីត​ពលករត្រឡ​ប់ម​កពីថៃ និង​អ្នក​​កំពុង​​ស្វែង​រក​ការ​ងារ​ធ្វើ

ព័ត៌មានជាតិ

ទូតកម្ពុជា នៅអាមេរិក បង្ហាញវិធីបញ្ចៀសភាពស្មុគស្មាញ ដល់អ្នកធ្វើដំណើរទៅកម្ពុជា ដោយឆ្លងកាត់ថៃ

2025/12/30 04:08:23 pm        778
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក បានជូនដំណឹងដល់សាធារណជន និងអ្នកដំណើរទាំងអស់ជ្រាបថា អ្នកដំណើរដែលបានធ្វើដំណើរទៅប្រទេសកម្ពុជាដោយឆ្លងកាត់ (Transit) អាកាសយានដ្ឋានទីក្រុងបាងកក ប្រទេសថៃ បានជួបបញ្ហាដ៏លំបាកជាច្រើនលើការត្រួតពិនិត្យដ៏ស្មុគស្មាញ ដូចជា៖- ការសួរសំណួរជាច្រើនម៉ោង- ការទាមទារហួសហេតុឱ្យបង្ហាញឯកសារបញ្ជាក់ធនធានហិរញ្ញវត្ថុ- ការត្រួតពិនិត្យឯកសារកក់សណ្ឋាគារនៅកម្ពុជាក្នុងករណីមួយចំនួនទៀត អ្នកដំណើរ បានបាត់វ៉ាលី នៅពេលទៅដល់ទីក្រុងភ្នំពេញ។ដើម្បីជាការប្រុងប្រយ័ត្ន សូមអ្នកដំណើរជៀសវាងការធ្វើដំណើរឆ្លងកាត់ប្រទេសថៃ នៅពេលធ្វើដំណើរទៅកាន់ប្រទេសកម្ពុជា និងពិចារណាក្រុមហ៊ុនអាកាសចរណ៍ និងផ្លូវហោះហើរ អន្តរជាតិផ្សេងទៀត ដែលផ្តល់សេវាកម្មល្អប្រសើរ និងការឆ្លងកាត់ដោយពុំមានការរើសអើង និងគោរព ដល់អ្នកដំណើរ។ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសហរដ្ឋអាមេរិក បញ្ជាក់ថា បញ្ហាដែលបានជម្រាបជូនខាងលើកើតឡើងនៅក្រៅដែនដីរបស់កម្ពុជា ប៉ុន្តែអាចនឹងប៉ះពាល់ដល់បទពិសោធន៍នៃការធ្វើដំណើរ។ ព្រះរាជាណាចក្រកម្ពុជា នៅតែជាប្រទេសមានសុវត្ថិភាព និងផ្ដល់ការស្វាគមន៍ យ៉ាងរួសរាយរាក់ទាក់៕

សម្តេចប្រធានរដ្ឋសភា អញ្ជើញទទួលអំណោយអង្ករ២០ តោន និងភួយ ៤០០ ពីក្រុមហ៊ុនថោន សម្រាប់ចែកជូនដល់វីរកងទ័ព និងជនភៀសសឹក

2025/12/30 04:00:05 pm        362
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅ​រសៀល​ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញទទួលអំណោយសប្បុរសធម៌ពី លោក​ជំទាវ​ឧកញ៉ា ជួប មាន អគ្គនាយិកាក្រុមហ៊ុនថោន និងស្វាមី ព្រមទំាងសហការី ដែលបាន​ផ្តល់​អង្ករ​ចំនួន​២០​តោន និងភួយចំនួន៤០០ ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល តាមរយៈ​សម្តេច​ប្រធា​ន​រដ្ឋសភា ដើម្បីចែកជូនដល់វីរកងទ័ព និងពលរដ្ឋភៀសសឹក។ សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ​សន្ដាន​ចិត្ត​ប្រក​ប​ដោយ​សប្បុរស​ធម៌របស់ លោកជំទាវឧកញ៉ា ក៏ដូចជាសប្បុរសជនទំាងអស់ ដែលបានចូលរួម​បរិច្ចាគ​នូវ​ធនធាន​ផ្ទាល់ខ្លួន ចូលរួមជាកម្លំាងសប្បុរសធម៌មហាគ្រួសារខ្មែរ ស្របតាមការ​អំពាវ​នាវ​របស់​រាជ​រដ្ឋាភិបាល​ក៏​ដូចជាថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដើម្បីជួយសម្រាល​ការ​លំបាក​របស់​គ្រួសារ​វីរ​កងទ័ព និងប្រជាពលរដ្ឋភៀសសឹក។ សកម្មភាពប្រកបដោយសប្បុរសធម៌នេះ គឺជាការឆ្លុះបញ្ចាំងអំពីការចូលរួមរបស់ឯកឧត្តម លោក​ជំទាវ ឧកញ៉ា លោក និងលោកស្រី ក្នុងស្មារតីសាមគ្គីភាព ស្នេហាជាតិ ក្នុងនាមខ្មែរជួយខ្មែរ នៅ​គ្រប់​កាលៈទេសៈជាមួយរាជរដ្ឋាភិបាល។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគូសបញ្ជាក់ថា នៅ​ក្នុងគ្រាលំបាកនេះ មហាសាមគ្គីគ្រួសារខ្មែរ ដែល​បាន​រួម​គ្នា​ជា​ធ្លុង​មួយ​បានផុសឡើងយ៉ាងរឹងមាំ និងខ្លាំងក្លាជាទីបំផុត ដោយមិនប្រកាន់និន្នាការនយោបាយ ទំាងក្នុង និងក្រៅប្រទេស បានឈរយ៉ាងស្វាហាប់ពីក្រោយរាជរដ្ឋាភិបាល និងវីរយុទ្ធជនរបស់យើង។ សកម្មភាពមនុស្សធម៌មហាគ្រួសារខ្មែរនាពេលនេះ ជាការឆ្លើយតបចំពោះគុណបំបាច់ដ៏ធំធេងរបស់វីរយុទ្ធជននៅក្នុងកិច្ចការពារបូរណភាពទឹកដី យ៉ាងអង់អាចក្លាហាននៅតាមសមរភូមិជួរមុខ។ ទោះបីពេលនេះ បទឈប់បាញ់បានកំពុងអនុវត្ត តែយើងនៅតែត្រូវការជំនួយឧបត្ថម្ភគំាទ្រ ទំាងស្មារតី និងសម្ភារៈជូនវីរយុទ្ធ និងគ្រួសាររបស់ពួកគាត់ជាបន្តទៀត។ សម្តេចប្រធានរដ្ឋសភាបានថ្លែងអំណរគុណជូនដល់ពលរដ្ឋទំាងអស់ដែលមានការជឿជាក់លើថ្នាក់ដឹកនាំមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំកម្ពុជាទំាងអស់ ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង ដោយសន្តិវិធី ប្រើប្រាស់យន្តការអន្តរជាតិនិងយន្តការទ្វេភាគី ធ្វើយ៉ាងណាការពារបូរណភាពទឹកដី មិនឱ្យបាត់មួយមីលីម៉ែត្រនោះឡើយ។ បទឈប់បាញ់គឺជាបំណងប្រាថ្នារបស់ពលរដ្ឋកម្ពុជាទំាងមូល ក៏ដូចជាអន្តរជាតិ។ ដូចប្រសាសន៍របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការអនុវត្តបទឈប់បាញ់របស់ភាគីកម្ពុជា ដោយសារកម្ពុជាផ្តល់អាទិភាពខ្ពស់បំផុតលើអាយុជីវិតកងទ័ព និងពលរដ្ឋទំាងសងខាង។ លក្ខខណ្ឌនៃការអនុវត្តបទឈប់បាញ់ បានបើកផ្លូវឱ្យបងប្អូនភៀសសឹក ដែលមានលំនៅដ្ឋានតាមតំបន់ព្រំដែន អាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ខ្លួនវិញ ដោយគ្មានឧបសគ្គ ប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ ក្នុងតំបន់រៀងខ្លួន ផងដែរ ។ កម្ពុជានៅតែរក្សាពេញលេញនូវសិទ្ធិក្នុងការដោះស្រាយបញ្ហាព្រំដែននេះជាមួយនឹងភាគីថៃ អនុលោមតាមច្បាប់អន្តរជាតិ សន្ធិសញ្ញា អនុសញ្ញា និងយន្តការទ្វេភាគីទាំងឡាយ ដែលមានជាធរមាន។អំណោយសប្បុរសធម៌ទំាងអស់ដែលរដ្ឋសភាទទួលបានពីសប្បុរជននានាបានធ្វើការបែងចែកជូនដល់រដ្ឋបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃ មានដូចជាខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ និងខេត្តកោះកុង សម្រាប់ធ្វើការបែងចែកបន្តជូនដល់វីរកងទ័ពនិងពលរដ្ឋភៀសសឹក។ ក្រៅពីនេះ ថវិកានិងសម្ភារៈមួយចំនួនទៀត សម្រាប់ចែកជូនវីរយុទ្ធជនដែលសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ និងសម្រាប់ជូនក្រុមគ្រួសារវីរយុទ្ធជន ដែលបានពលីជាដើម។រដ្ឋសភានៅបន្តទទួលអំណោយពីសប្បុរសជននានា ហើយនឹងធ្វើការបែងចែកអំណោយទំាងអស់នោះតាមគោលដៅតម្រូវការ ធ្វើយ៉ាងណាផ្តល់ភាពកក់ក្តៅ និងផ្សារភ្ជាប់ជានិច្ចរវាងយុទ្ធជនជួរមុខ និងពលរដ្ឋជួរក្រោយ៕

CMAC អំពាវនាវជនភៀសសឹកត្រលប់ទៅលំនៅឋានវិញ កុំចូលតំបន់សង្ស័យ មានគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ

2025/12/30 03:42:59 pm        278
មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) នាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសជនភៀសសឹក ដែលវិលត្រឡប់ទៅលំនៅដ្ឋានវិញ សូមមេត្តាកុំចូលតំបន់ណាដែលសង្ស័យថា មានសំណល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះសេសសល់ពីសង្គ្រាម ហើយមុនចូលតំបន់នោះ សូមមេត្តាសាកសួរព័ត៌មានពីអាជ្ញាធរមានសមត្ថកិច្ច ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន។មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ក៏បានអំពាវនាវ នៅពេលលោកអ្នកប្រទះឃើញគ្រាប់មីន គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ គ្រាប់បែកចង្កោម និងវត្ថុចំលែកសង្ស័យជាគ្រាប់ សូមកុំប៉ះពាល់ និងសូមរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរមានសមត្ថកិច្ច ប៉ុស្តិ៍នគរបាល មេភូមិ មេឃុំ និងប្រតិបត្តិករបោសសម្អាតមីនរបស់អង្គភាពស៊ីម៉ាក់ដែលនៅក្បែរលោកអ្នក៕

រដ្ឋបាលខេត្តរតនគិរីធ្វើពិធីបួងសួងសុំសេចក្តីសុខ សន្តិភាព ស្ថេរភាព នៅវត្តឦសានរតនារាម ហៅវត្តភ្នំស្វាយ ក្នុងក្រុងបានលុង

2025/12/30 03:38:37 pm        320
ឯកឧត្តម គិត ទ្រី សមាជិកគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹងនិងអង្កេត និង អធិការ កិច្ច​ (គណៈកម្មការទី១) នៃរដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលខេត្តរតនគិរី រួមជាមួយ ឯក​ឧត្តម​អភិបាល​នៃគណៈអភិបាលខេត្តរតនគិរី មន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត នា​ល្ងាច​ថ្ងៃ​ទី២៩ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញ​ជួបជុំ​រៀបចំ​ពិធីបួ​ង​សួង​សុំ​សេចក្តី​សុខ​សន្តិភាព​ សម្រាប់​ព្រះរាជាណាចក្រកម្ពុជា នៅវត្តឦសានរតនារាម ហៅវត្តភ្នំស្វាយ ស្ថិតនៅភូមិភ្នំស្វាយ សង្កា​ត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។ក្នុងពិធីសាសនានាឱកាសនេះ ប្រជាជនកម្ពុជា​ទូទាំង​ប្រទេស​បាន​ស្មិង​ស្មាធិ៍​ឧទ្ទិស​កុសល​ដល់​វិញ្ញា​ណក្ខន្ធវីរកងទ័ពខ្មែរ ដែលបានពលីជីវិតក្នុងបុព្វហេតុការពារទឹកដី និងអធិបតេយ្យភាពជាតិ ដែល​នេះ​ជាការបង្ហាញក្តីគោរព និងការចងចាំមិនរលត់ចំពោះវីរភាព រួមទាំងការលះ​បង់​ដ៏​ធំធេ​ង​បំផុ​តស​ម្រាប់ជាតិ មាតុភូមិ។ប្រជាជនកម្ពុជាទូទាំងប្រទេស រួមគ្នាបង្ហាញទៅកាន់សហគមន៍អន្តរជាតិថា កម្ពុជាចង់​បាន​សន្តិភាព កម្ពុជាត្រូវការសន្តិភាព ហើយ​កម្ពុជា​ពិត​ជា​មាន​ចេតនា​ស្មោះត្រ​ង់​ក្នុង​ការ​បញ្ចប់​សង្គ្រាម​ឱ្យ​បាន​ឆាប់រហ័ស តាមមធ្យោបាយសន្តិវិធី ដោយផ្អែកលើកិច្ចសន្ទនា ការទូត និងច្បាប់អន្តរជាតិ និ​ងស្មារតីមនុស្សធម៌ ដើម្បីការពារជីវិតប្រជាជន រក្សាស្ថិរភាពសង្គម និងធានា​អនាគត​ជាតិ​ប្រកប​ដោយ​សុខ​សាន្ត ដែលជាមូលដ្ឋាននៃការអភិវឌ្ឍយូរអង្វែង៕

រដ្ឋសភា រៀបចំកម្មវិធីបរិច្ចាគឈាមជួយសង្គ្រោះជីវិតវីរកងទ័ព និងពលរដ្ឋភៀសសឹក ដែលត្រូវការឈាមក្នុងករណីចាំបាច់

2025/12/30 03:33:18 pm        428
នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ សមាជិករដ្ឋសភាកម្ពុជា នៃសភាវ័យក្មេង ថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា បានប្រារព្ធពិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាម សម្រាប់ជួយសង្គ្រោះជីវិតវីរកងទ័ព និងពលរដ្ឋភៀសសឹក ដែលត្រូវការឈាមក្នុងករណីចាំបាច់។ ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន (គណៈកម្មការទី៥) នៃរដ្ឋសភា និងជាប្រធានក្រុមសមាជិករដ្ឋសភាកម្ពុជា នៃសភាវ័យក្មេង នៅវិមានរដ្ឋសភា។នៅក្នុងមតិស្វាគមន៍ ឯកឧត្តម គាំម កុសល អគ្គលេខាធិការរងរដ្ឋសភា បានបង្ហាញនូវសេចក្តីសោមនស្សរីករាយ និងបានបញ្ជាក់ថា ការជួបជុំនៅថ្ងៃនេះ មិនមែនគ្រាន់តែជាការជួបជាបរិច្ចាគឈាមមនុស្សធម៌ប៉ុណ្ណោះទេ ប៉ុន្តែវាបានបង្ហាញពីសាមគ្គីមហាគ្រួសារខ្មែររបស់បងប្អូនប្រជាពលរដ្ឋនៅជួរក្រោយ សម្រាប់វីរយុទ្ធជននៅជួរមុខ ដែលបានលះបង់ឈាមស្រស់ សាច់ស្រស់ និងអាយុជីវិត ការពារបូរណភាពទឹកដី នៃជម្លោះព្រំដែនកម្ពុជា-ថៃ។ លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានមានប្រសាសន៍ថា យុទ្ធនាការបរិច្ចាគឈាមនៅថ្ងៃនេះ គឺជាប្រធានបទដ៏មានអត្ថន័យសម្រាប់យើងទាំងអស់គ្នា ក្នុងនោះរួមមាន៖ ទី១- បង្កើតទម្លាប់ និងបណ្តុះវប្បធម៌បរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បី លើកកម្ពស់យុវជន និងប្រជាជនទូទៅ ឱ្យចូលរួមជាមួយសេវាកម្មជាតិផ្តល់ឈាមទូទាំងប្រទេស ដើម្បីធានាការផ្គត់ផ្គង់ឈាមគ្រប់គ្រាន់សម្រាប់អ្នកជំងឺ ដែលកំពុងត្រូវការឈាមនៅគ្រប់មន្ទីរពេទ្យ ដោយមិនរើសអើង មិនប្រកាន់ជាតិសាសន៍ សាសនា ឬនិន្នាការនយោបាយ និងទី២- ផ្សារភ្ជាប់សកម្មភាពបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ទៅនឹងសកម្មភាពមនុស្សធម៌ដ៏ល្អប្រពៃ ក្នុងសង្គមកម្ពុជាយើង។ឯកឧត្តម សួស យ៉ារ៉ា មានប្រសាសន៍ថា ការបរិច្ចាគឈាមថ្ងៃនេះ មិនមែនធ្វើឡើងខណៈពេលដែលប្រទេសកំពុងមានជម្លោះព្រំដែនជាមួយប្រទេសជិតខាងនោះទេ ប៉ុន្តែគឺជាការធានាដល់ការផ្គត់ផ្គង់ឈាមជារៀងរាល់ថ្ងៃដល់មន្ទីរពេទ្យទូទាំងប្រទេស។ ទន្ទឹមនឹងនេះ ឯកឧត្តម បានចាត់ទុកការបរិច្ចាគឈាមថ្ងៃនេះ គឺជាដំណក់ឈាមប្រជាជន ដែលមិនប្រកាន់អាយុ និន្នាការនយោបាយ និងសាសនា ហើយការបរិច្ចាគឈាមនៅថ្ងៃនេះ គឺជាការបង្ហាញពីសាមគ្គីភាពជាមួយវីរយុទ្ធជនជួរមុខ ជាពិសេសការបង្ហូរឈាមរបស់យើងថ្ងៃនេះ មិនស្មើនឹងការបង្ហូរឈាមរបស់វីរយុទ្ធជនយើង ក្នុងបុព្វហេតុការពារបូរណភាពទឹកដី ដែលត្រូវបែកឆ្ងាយពីក្រុមគ្រួសារនោះទេ ក្នុងរយៈកាលនៃការប៉ះទង្គិចដោយអាវុធអស់រយៈពេលបីសប្តាហ៍កន្លងមកនេះទេ។ឯកឧត្តម ប្រធានគណៈកម្មការទី៥ បានថ្លែងកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមគ្រូពេទ្យទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់ក្នុងការសង្គ្រោះ និងព្យាបាលវីរៈយុទ្ធជន ដែលបានរងរបួសក្នុងការបំពេញភារកិច្ចការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋដែលបានរបួស ក្នុងអំឡុងពេលមានជម្លោះប្រដាប់អាវុធ តាមព្រំដែនកម្ពុជា-ថៃ។ស្របពេលដែលប្រទេសជាតិកំពុងមានតម្រូវការលើសុខមាលភាពផ្លូវកាយ និងផ្លូវចិត្ត តាងនាមប្រធានក្រុមសមាជិករដ្ឋសភាកម្ពុជានៃសភាវ័យក្មេង ឯកឧត្តម សួស យ៉ារ៉ា បានដាក់ចេញទិសដៅការងារសំខាន់ចំនួន២ គឺ៖ ទី១- ការបង្ហូរឈាម ដែលជាការបរិច្ចាគឈាមមនុស្សធម៌សង្រ្គោះជីវិត មិនត្រឹមតែជាការបរិច្ចាគពីថ្នាក់ដឹកនាំ និងមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភានោះទេ ក្រុមសមាជិករដ្ឋសភាកម្ពុជានៃសភាវ័យក្មេងនឹងបន្តបេសកកម្មនេះ នៅតាមបណ្តារាជធានី-ខេត្តទូទាំងប្រទេស ដោយសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម នៅពេលដែលជាតិយល់ថាចាំបាច់។ ឯកឧត្តម បានបន្តទៀតថា ដោយឡែកទិសដៅការងារទី២- ដើម្បីជួយការពារបងប្អូនប្រជាពលរដ្ឋ និងកុមារនៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ក្រុមសមាជិករដ្ឋសភាកម្ពុជានៃសភាវ័យក្មេង នឹងបង្កើតមូលនិធិកសាងជម្រកសុវត្ថិភាព ជាលេណដ្ឋានបេតុង ជូនប្រជាពលរដ្ឋនៅតាមលំនៅដ្ឋានរបស់ប្រជាពលរដ្ឋដែលមានចំងាយពីព្រំដែន ៥០គីឡូម៉ែត្រ ព្រមទាំងសាងសង់សាលារៀនចល័តធ្វើពីកៅស៊ូតង់ នៅតាមមណ្ឌលសុវត្ថិភាពរបស់ប្រជាពលរដ្ឋភៀសសឹក ដើម្បីកុមារ និងសិស្សបានបន្តការសិក្សា និងចែករំលែកភាពកក់ក្តៅរវាងគ្នា។សូមជម្រាបជូនថា ស្ថានភាពតម្រូវការឈាមក្នុងឆ្នាំ២០២៤កន្លងមក មជ្ឈមណ្ឌលជាតិផ្តល់ឈាមត្រូវការឈាមមួយប្លោក ដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺរៀងរាល់ ៥នាទីម្តង។ រាជធានីភ្នំពេញ មានតម្រូវការឈាមជាមធ្យម ៣៥០ប្លោក ក្នុង១ថ្ងៃ។ នៅទូទាំងប្រទេស មានតម្រូវការជិត ១៧៩,៣៣២ប្លោក ហើយមជ្ឈមណ្ឌលជាតិផ្តល់ឈាមបានគ្របដណ្តប់ជាង ៧៥% នៃការផ្គត់ផ្គង់ឈាមទូទាំងប្រទេស។ ដោយឡែកការទទួលអំណោយឈាមតាមរយៈសប្បុរសជនដោយស្ម័គ្រចិត្តបានតែ ២២.១% នៃតម្រូវការក្នុងប្រទេសតែប៉ុណ្ណោះ។ បើយោងតាមទិន្នន័យអង្គការសុខភាពពិភពលោក ការបរិច្ចាគឈាមដោយស្ម័គ្រចិត្តត្រូវមាន ៩០% នៃតម្រូវការទើបជាគោលដៅល្អ ស្របតាមនិយាមអន្តរជាតិសម្រាប់ប្រទេសជាតិយើង៕

ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត ទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា

2025/12/30 03:19:04 pm        390
នា​ព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋ​មន្រ្តី​ក្រសួង​ប្រៃសណីយ៍​និង​ទូរ​គមនា​គមន៍ (ក.ប.ទ.) បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម បាវីតលុង វ៉ាន់ឡាល់វ៉ាវណា (Bawitlung Vanlalvawna) ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្ដីការ ក.ប.ទ.។ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តមឯកអគ្គរដ្ឋទូត បាន​ពិភា​ក្សា​លើ​ការ​ងារ​ពាក់​ព័ន្ធ​នឹង​វឌ្ឍន​ភាព​នៃការកែទម្រង់វិស័យទូរគមនាគមន៍ កិច្ចសហប្រតិបត្តិការនាពេលកន្លងមក ក៏​ដូច​ជា​បច្ចេក​វិទ្យាឌីជីថលនិងការបណ្តុះបណ្តាលធនធានមនុស្សជំនាញឌីជីថល ការអភិវឌ្ឍ​ថ្នាល​និង​កម្ម​វិធី​របស់​រាជរដ្ឋាភិបាល ជាពិសេសថ្នាលផ្ទៀងផ្ទាត់ឯកសារ VERIFY។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រេចផ្តល់អង្ករ ៦០តោន, ទឹកសុទ្ធ ១ពាន់កេស និងភេសជ្ជៈ ១ពាន់កេស ដល់រដ្ឋបាលខេត្តជាប់ព្រំដែនចំនួន៣ ព្រមទាំងផ្តល់ភួយចំនួន ១២.៥០០ ដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តចំនួន៧ សម្រាប់ជួយដល់ប្រជាជនភៀសសឹក

2025/12/30 02:44:04 pm        182
នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់អង្ករ ទឹកបរិសុទ្ធ និងភេសជ្ជៈ ជូនរដ្ឋបាលខេត្តជាប់ព្រំដែនចំនួន៣ សម្រាប់ប្រើប្រាស់តាមការចាំបាច់ ក្នុងនោះរដ្ឋបាលខេត្តឧត្តរមានជ័យ ទទួលបាន (អង្ករ ២០តោន, ទឹកបរិសុទ្ធ វី-អាកទីវ ៤០០កេស និងភេសជ្ជៈ វី-កូឡា ៤០០កេស), ខេត្តបន្ទាយមានជ័យ ទទួលបាន (អង្ករ ២០តោន, ទឹកបរិសុទ្ធ វី-អាកទីវ ៣០០កេស និងភេសជ្ជៈ វី-កូឡា ៣០០កេស), និងខេត្តព្រះវិហារ ទទួលបាន (អង្ករ ២០តោន, ទឹកបរិសុទ្ធ វី-អាកទីវ ៣០០កេស និងភេសជ្ជៈ វី-កូឡា ៣០០កេស)។ជាមួយគ្នានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ក៏បានសម្រេចផ្តល់ភួយសរុបចំនួន ១២.៥០០ភួយ ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តចំនួន៧ សម្រាប់ប្រតិបត្តិការមនុស្សធម៌ចែកជូនប្រជាជនភៀសសឹក ក្នុងនោះសាខាខេត្តបន្ទាយមានជ័យ ទទួលបាន ៣.០០០ភួយ, ខេត្តសៀមរាប ទទួលបាន ៣.០០០ភួយ, ខេត្តឧត្តរមានជ័យ ទទួលបាន ២.០០០ភួយ, ខេត្តបាត់ដំបង ទទួលបាន ២.០០០ភួយ, ខេត្តព្រះវិហារ ទទួលបាន ១.៥០០ភួយ, ខេត្តពោធិ៍សាត់ ទទួលបាន ៥០០ភួយ និងខេត្តកោះកុង ទទួលបាន ៥០០ភួយ។សូមរំលឹកជូនថា កាលពីពេលកន្លងទៅថ្មីៗនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្តល់ថវិកា ២១ម៉ឺនដុល្លារអាម៉េរិក ជូនគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សម្រាប់ទិញកៅស៊ូតង់ សង់ជម្រកជូនប្រជាជនភៀសសឹក និងបានផ្ដល់អង្ករ ទឹកបរិសុទ្ធ និងភេសជ្ជៈ ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តចំនួន៦ គឺ ឧត្តរមានជ័យ ព្រះវិហារ សៀមរាប បន្ទាយមានជ័យ បាត់ដំបង និងពោធិ៍សាត់ ដែលសាខានីមួយៗ ទទួលបានអង្ករ ២០តោន, ទឹកបរិសុទ្ធ វី-អាកទីវ ២០០កេស និងភេសជ្ជៈ វី-កូឡា ២០០កេស។កាកបាទក្រហមកម្ពុជា ក្រោមម្លប់គង់ប្រថាប់ដ៏ឧត្តុង្គឧត្តមនៃ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជាព្រះប្រធានកិត្តិយស និងមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសប្បុរសជនគ្រប់មជ្ឈដ្ឋានដែលបានឧបត្ថម្ភស្បៀង សម្ភារ និងថវិកា ដោយសទ្ធាជ្រះថ្លាដល់កាកបាទក្រហមកម្ពុជា សម្រាប់ប្រតិបត្តិការមនុស្សធម៌ជួយដល់ប្រជាជនភៀសសឹកនៅតាមបណ្តោយព្រំដែន៕

ឯកឧត្តម ហេង សួរ ដឹកនាំថ្នាក់មន្ត្រីក្រសួង សហជីព និងសមាគមរោងចក្រ ចុះសួរសុខទុក្ខ និង​ផ្តល់​អំណោយជូនដល់រដ្ឋបាលខេត្តឧត្តរមានជ័យ ដើម្បីយកទៅប្រើប្រាស់តាមតម្រូវការជាក់ស្តែង

2025/12/30 12:00:47 pm        303
នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ អមដោយថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំសហជីព និងសមាគមរោងចក្រ បាន​នាំ​យក​អំណោយរបស់ថ្នាក់ដឹកនាំក្រសួង មន្រ្តីរាជការ សប្បុរសជន ម្ចាស់រោងចក្រ សហគ្រាស ក្រុម​ហ៊ុន សហជីព និងបងប្អូនកម្មករនិយោជិត ប្រគល់ជូនឯកឧត្តម មាន ចាន់យ៉ាដា អភិបាល​នៃគណៈ​អភិបាលខេត្តឧត្តរមានជ័យ។នាឱកាសនោះឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងកោតសរសើរចំពោះស្មារតីទទួលខុសត្រូវខ្ពស់របស់រដ្ឋបាលខេត្ត និងអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ដែលបានជួយអន្តរាគមន៍ដោះស្រាយបានទាន់ពេលវេលាក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋភៀសសឹកទៅតំបន់មានសុវត្ថិភាព និងផ្តល់ការយកចិត្តទុកដាក់ខ្ពស់ក្នុងការធានាដល់ការផ្គត់ផ្គង់គ្រប់បែបយ៉ាងដល់ការស្នាក់នៅជាបណ្តោះអាសន្ន។ ឈរលើស្មារតី «ខ្មែរស្រឡាញ់ខ្មែរ ខ្មែរជួយខ្មែរ ខ្មែរតែមួយ» អំណោយដែលយើងត្រូវរួមគ្នាជួយនាពេលនេះគឺជាការឆ្លើយតបក្នុងគ្រាលំបាកខ្វះខាតទាំងឡាយនៅចំពោះមុខ ដែលរដ្ឋបាលខេត្តមានតម្រូវការជាច្រើនយកទៅដោះស្រាយតាមតម្រូវការជាក់ស្តែង។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីក៏បានជម្រាបជូនអំពីស្មារតីគាំទ្រ និងការជឿជាក់យ៉ាងមោះមុតរបស់ប្រជាពលរដ្ឋ បងប្អូនកម្មករនិយោជិត និងនិយោជកនៅទូទាំងប្រទេស លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យ និងបូរណភាពដែនដីកម្ពុជា ឱ្យបានសុខសន្តិភាព។ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តម មាន ចាន់យ៉ាដា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះថ្នាក់ដឹកនាំក្រសួង មន្រ្តីរាជការ សប្បុរសជន ម្ចាស់រោងចក្រ សហគ្រាស ក្រុមហ៊ុន ថ្នាក់ដឹកនាំសហជីព និងបងប្អូនកម្មករនិយោជិតទាំងអស់ ដែលបាននាំមកជាអំណោយថវិកា និងសម្ភារ សម្រាប់ផ្តល់ជូនដល់ជនភៀសសឹក និងក្រុមគ្រួសារវីរកងទ័ពនាពេលនេះ។អំណោយនាពេលនេះ រួមមាន៖ ថវិកាចំនួន ៤០ លានរៀល ជូនរដ្ឋបាលខេត្ត និង ចំនួន ៩០ លានរៀលបន្ថែមទៀតសម្រាប់ជូនដល់ ៦ អង្គភាព (អង្គភាពនីមួយៗទទួលបាន ១៥ លានរៀល), ម៉ូតូ(Wave)ចំនួន ១២ គ្រឿង, ផ្ទាំងសូឡា, អាយកូម, គ្រឿងឧបភោគបរិភោគ, ភេសជ្ជៈ, ថ្នាំសង្កូវ និងទឹកដោះគោឆៅ។ ជាចុងក្រោយក្នុងឱកាសបុណ្យចូលឆ្នាំសកល ឆ្នាំ២០២៦នេះ ឯកឧត្តមរដ្ឋមន្រ្តីបានជូនពរឱ្យថ្នាក់ដឹកនាំរដ្ឋបាលខេត្ត មន្រ្តីរាជការ អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ជាពិសេសវីរកងទ័ពជួរមុខសូមមានសុខសុវត្ថិភាព និងឈ្នះអស់មារសត្រូវទាំងឡាយ៕

ក្រសួងបរិស្ថានជំរុញសកម្មភាពបណ្តុះកូនឈើ និងដាំបន្លែ ក្នុងចលនា «យើងរួមគ្នាដើម្បីជាតិ» របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត

2025/12/30 11:49:57 am        272
មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ សហការជាមួយរដ្ឋបាលស្រុកឱរ៉ាល់ បានរៀបចំកម្មវិធីចែករំលែកចំណេះដឹង លើការដាំដុះកូនឈើ និងដាំបន្លែ នៅថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ ខេត្តកំពង់ស្ពឺ ដែលស្ថិតក្នុងភូមិត្រពាំងឈ្មៀ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ជាមួយលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស យុវជនកាយឬទ្ធិកម្ពុជា យុវជនកាកបាទក្រហម និងសហភាពសហព័ន្ធយុវជនកម្ពុជា រួមទាំងអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋជាច្រើននាក់។ លោក ច័ន្ទថេត ថានរៈ ប្រធានមន្ទីរខេត្តកំពង់ស្ពឺ បានបញ្ជាក់ថាកម្មវិធិនេះរៀបចំឡើងដោយ មានការណែនាំពីឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងស្មារតីបណ្តុះ«ពន្លកបៃតង» ជំរុញការដាំដុះកូនឈើ និងបន្លែនៅតាមមូលដ្ឋាន ជួយបង្កើនគម្របបៃតង នៅតាមសាលារៀន វត្តអារាម និងទីសាធារណៈនានា និងនៅតាមព្រៃសហគមន៍តំបន់ការពារធម្មជាតិ។ កម្មវិធីនេះ បានរៀបចំឱ្យបទបង្ហាញពីមន្រ្តីជំនាញ ពីរបៀបបណ្តុះ ការថែទាំកូនឈើនិងបន្លែបង្ការ ឲ្យបានរីលូតលាស់ល្អ សម្រាប់តម្រូវការក្នុងគ្រួសារ និងសង្គមជាតិ ជាពិសេសក្នុងស្មារតីខ្មែរជួយខ្មែរ ខ្មែររួមសាមគ្គីគ្នា ជួយដល់សមរភូមិមុខ។សូមបញ្ជាក់ថា ស្របតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា លើចលនា «យើងរួមគ្នាដើម្បីជាតិ!» ក្រសួងបរិស្ថានបានជំរុញសកម្មភាព«ពន្លកបៃតង» ជាមួយសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ អាជ្ញាធរ និងប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន នាំគ្នាបណ្តុះកូនឈើព្រៃ ឈើហូបផ្លែ និងដាំបន្លែនៅតាមថ្នាលបណ្តុះកូនឈើ ដើម្បីចែកជូនប្រជាពលរដ្ឋដាំ ជួយបង្កើនគម្របបៃតងនៅកម្ពុជា ប្រមូលផលសម្រាប់បង្កើនជីវភាពគ្រួសារ និងមួយចំនួនទុកជូនវីរកងទ័ព ដែលកំពុងឈរជើងការពារទឹកដីពីសត្រូវឈ្លានពាន និងប្រជាពលរដ្ឋកំពុងភៀសសឹក ដោយសារការឈ្លានពានបូរណភាពទឹកដីកម្ពុជា នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ។ឯកឧត្តម ខ្វៃ អាទិត្យា មន្រ្តីនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា ក្រសួងបរិស្ថានបាននិងកំពុងជំរុញ ការបណ្តុះកូនឈើចម្រុះ និងដាំបន្លែនៅតាមថ្នាលបណ្តុះកូនឈើ ថ្នាក់តំបន់ ចំនួន៥កន្លែងធំៗ រួមមាននៅខេត្តត្បូងឃ្មុំ កំពង់ស្ពឺ សៀមរាប មណ្ឌលគីរី និងកោះកុង ជាមួយលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ នៅតាមសហគមន៍មូលដ្ឋាន ដើម្បីចែកជូនកូឈើជូនប្រជាពលរដ្ឋយកទៅដាំ និងផលិតបន្លែសុខភាព ជួយផ្គត់ផ្គង់គ្រួសារ ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ផ្តល់ស្បៀងសម្រាប់សមរភូមិជួរមុខ និងជួយជនភៀសសឹក ក្នុងតម្រូវការចាំបាច់ណាមួយ៕

ឯកឧត្តម អ៊ុច បូររិទ្ធ ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដើម្បីពិនិត្យសម្រេច​លើ​របៀបវារៈ​សំខាន់ៗ​ចំនួន៦

2025/12/30 11:31:09 am        105
នាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ ដើម្បីពិនិត្យសម្រេចលើរបៀបវារៈសំខាន់ៗចំនួន៦ រួមមាន៖១-ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីអាកាសចរណ៍ស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា។២-ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ ស្តីពីការដឹកជញ្ជូនតាមផ្លូវអាកាស រវាងរដ្ឋ សមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសហភាពអឺរ៉ុបនឹងរដ្ឋសមាជិករបស់ខ្លួន។៣-ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី៣ ស្តីពីការពង្រីកសិទ្ធិហោះហើរទី៥ រវាងភាគីចុះកិច្ចព្រមព្រៀងក្រោមកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស រវាងរដ្ឋាភិបាលនៃរដ្ឋសមាជិកសមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។៤-ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារអនុវត្តកញ្ចប់កិច្ចសន្យាទី១១ និងទី១២ នៃសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីសេវាកម្ម។៥-ពិនិត្យ និងសម្រេចលើសំណើរបស់គណបក្សប្រជាជនកម្ពុជាលេខ ០១៩/១២២៥/លគ.គក ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥។៦-ផ្សេងៗ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កងទ័ពអ៊ីស្រាអែលដណ្តើមបានប្រាសាទយុទ្ធសាស្ត្រនៅលីបង់ក្នុងការឈ្លានពានដ៏ជ្រៅបំផុតចូលប្រទេសនេះ ក្នុងរយៈពេល២៦ ឆ្នាំ
06/01/2026 08:06 AM
ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុ ប្រគេនព្រះសង្ឃ និងចែកអំណោយប្រជាពលរដ្ឋ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
05/31/2026 07:05 PM
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញជួបប្រជាពលរដ្ឋភៀសសឹក និងពិនិត្យទីតាំងរៀបចំផ្សារបណ្តោះអាសន្ន ក្នុងខេត្តបន្ទាយមានជ័យ
05/31/2026 06:05 PM
ក្រសួងការងារ៖ ខេត្តស្ថិតក្នុងតំបន់ទំនាបកណ្ដាលចំនួន៣ មាន​ឱកាស​ការ​ងារ​ជាង ៨,០០០​កន្លែង កំពុង​រង់​​ចាំអតីត​​ពលករ​​ត្រឡ​ប់​មក​ពី​ថៃ និង​អ្នកកំ​ពុង​ស្វែងរកកា​រងា​រ​ធ្វើ
05/31/2026 06:05 PM
ក្រសួងការងារ៖ នៅខេត្តជាប់សមុទ្រទាំង៤ មានឱកាសកា​រងារជិត ៧,០០០កន្លែង ដែល​កំពុងរង់ចាំ​អតីត​ពលករត្រឡ​ប់ម​កពីថៃ និង​អ្នក​​កំពុង​​ស្វែង​រក​ការ​ងារ​ធ្វើ
05/31/2026 06:05 PM
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ វិញ្ញាសាតាក់តែងចប់ភ្លាម ប្រឡងភ្លាមតែម្តង
05/31/2026 03:05 PM
រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Koizumi ច្រានចោល​ការចោទប្រកាន់ពីយោធានិយមថ្មី
05/31/2026 03:05 PM
ក្រសួងការងារ៖ ខេត្តចំនួន៤ នៅភូមិភាគ​ឦសាន្ត មានឱកាសកា​រងារជិត ៤,០០០​កន្លែង កំពុងរង់​ចាំអតីតព​ល​ករត្រឡប់​មកពីថៃ និងអ្នក​​កំពុង​ស្វែង​រ​កការងារធ្វើ
05/31/2026 02:05 PM
ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
05/31/2026 01:05 PM
អាជ្ញាធរជាតិអប្សរា និង JQA បិទបញ្ចប់កម្មវិធីអប់រំបរិស្ថានសម្រាប់កុមារ ឆ្នាំ២០២៦ និងប្រគល់​រង្វាន់​ដល់​សិស្សឆ្នើម
05/31/2026 01:05 PM