រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញគ្រោងប្រមូលចំណូលឆ្នាំ២០២៦នេះ ក្នុងរង្វង់ជិត ៤០០ ប៊ីលានរៀល
សម្ដេចធិបតី ណែនាំដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធបន្តពង្រឹងយន្តការគាំទ្រ និងលើកកម្ពស់សិទ្ធិកុមារ
សម្ដេចធិបតី៖ អត្រាមរណភាពរបស់មាតា កុមារ និងទារកនៅកម្ពុជាបានថយចុះគួរឱ្យកត់សម្គាល់ដែលនេះ គឺជាការពន្លឿនវឌ្ឍនភាពឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០
អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចុះសួរទុក្ខប្រជាពលរដ្ឋភៀសសឹកស្នាក់នៅផ្ទះបណ្តោះអាសន្ន ក្នុងខេត្តព្រះវិហារ

ព័ត៌មានជាតិ

សម្ដេចធិបតី៖ ទុក្ខលំបាក និងពលិកម្មសាច់ស្រស់ឈាមស្រស់របស់វីរជននៅសមរភូមិ គឺជាការដាស់តឿន មិនឱ្យយើងបំភ្លេចបានមួយវិនាទីណាឡើយថា «បែកបាក់ គឺស្លាប់, សាមគ្គីរឹងមាំ គឺរស់»

2025/12/29 08:48:01 am        724
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា ទុក្ខលំបាក និង ពលិកម្មសាច់ស្រស់ ឈាមស្រស់ របស់វីរជនរបស់យើងនៅសមរភូមិ គឺជាការដាស់តឿន មិនឱ្យយើងបំភ្លេចបានមួយវិនាទីណាឡើយថា «បែកបាក់ គឺស្លាប់, សាមគ្គីរឹងមាំ គឺរស់»។តាមរយៈសារពិសេសផ្ញើជូនជនរួមជាតិនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា ដូច្នេះដូចពាក្យចាស់ថា «ចង្កឹះមួយបាច់ គេកាច់មិនបាក់», យើងត្រូវយកការលំបាកនៅពេលនេះធ្វើជាឱកាស ដើម្បីឱ្យខ្មែរគ្រប់រូបចេះពួតដៃគ្នាកសាងជាតិខ្មែរយើង ឱ្យកាន់តែរឹងមាំ និង កាន់តែប្រសើរឡើង ប្រកបដោយភាពធន់ នៅក្រោមម្លប់ដ៏សែនត្រជាក់នៃអង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈនៃយើង ។ សម្ដេចធិបតីនាយករដ្ឋមន្រ្ដីមានប្រសាសន៍ថា បទពិសោធនៃសង្រ្គាមដ៏ឆ្អែតឆ្អន់របស់កម្ពុជា បានបង្ហាញថា សង្រ្គាមមិនអាចបញ្ចប់បានដោយសង្រ្គាមនោះទេ, ហើយមានតែការជ្រើសរើសមធ្យោបាយដោះស្រាយ ដែលផ្អែកលើច្បាប់ ប្រកបដោយសន្តិវិធី និង ការយោគយល់គ្នាប៉ុណ្ណោះ ទើបអាចបញ្ចប់សង្រ្គាមបាន ព្រមទាំងអាចបញ្ចៀសបាន នូវការបាត់បង់អាយុជីវិត, ការឈឺចាប់, និង ការរងទុក្ខសោក របស់បងប្អូនប្រជាពលរដ្ឋ ។ សម្ដេចធិបតី ក៏សង្ឃឹមថា បងប្អូនប្រជាពលរដ្ឋយើង, គ្រប់មជ្ឈដ្ឋាន និង គ្រប់ទិសទី, នឹងបន្តផ្តល់ជំនឿដ៏មុតមាំលើរាជរដ្ឋាភិបាល និង រួបរួមសាមគ្គីគ្នាក្នុងស្មារតីជាតិខ្មែរតែមួយ ប្រើប្រាស់តម្លៃនៃសន្តិភាពនេះ ដើម្បីអភិវឌ្ឍខ្លួនឱ្យក្លាយជាពលរដ្ឋឆ្នើមរបស់កម្ពុជា និង ក្លាយជាកម្លាំងដ៏រឹងមាំមិនអាចបំបែកបំបាក់បាន ក្នុងកិច្ចការពារអធិបតេយ្យជាតិ និង បូរណភាពទឹកដី និង ក្នុងការអភិវឌ្ឍជាតិ និង មាតុភូមិកម្ពុជា ជាទីស្នេហាបំផុតនៃយើង ឱ្យកាន់តែមានការរីកចម្រើនខ្លាំងក្លាឡើងជាលំដាប់ និង ក្លាយជាប្រជាជាតិមួយ ប្រកបដោយមោទនភាព និង កិត្យានុភាពខ្ពស់ត្រដែត លើឆាកអន្តរជាតិ។ តាមរយៈសារពិសេស សម្ដេចធិបតី បានសម្តែងនូវការដឹងគុណដ៏ជ្រាលជ្រៅបំផុត ចំពោះការលះបង់មិនអាចកាត់ថ្លៃបាន របស់វីរកងទ័ព និង វីរនគរបាល ដ៏អង់អាចក្លាហានគ្រប់រូប ក្នុងការបំពេញភារកិច្ចដ៏ឧត្តុងឧត្តមនៃការកាពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី, ហើយក៏សូមសម្តែងនូវការកោតសរសើរ និង អំណរគុណយ៉ាងជ្រាលជ្រៅបំផុតផងដែរចំពោះស្មារតីស្នេហាជាតិមាតុភូមិ និងស្មារតីសាមគ្គីជាតិជាធ្លុងមួយ ក្នុងការការពារអធិបតេយ្យជាតិ និង បូរណភាពទឹកដី របស់ព្រះសង្ឃគ្រប់ព្រះអង្គ និងជនរួមជាតិគ្រប់រូប, ពីគ្រប់ទិសទី, ទាំងក្នុង និងក្រៅប្រទេស។ គុណូបការៈទាំងនេះពិតជាមានតម្លៃលើសអ្វីៗទាំងអស់ ហើយនឹងត្រូវបានចារទុកក្នុងប្រវត្តិសាស្រ្ត សម្រាប់ប្រជាពលរដ្ឋកម្ពុជា គ្រប់រូប និងគ្រប់ជំនាន់៕

សម្ដេចធិបតី៖ កម្ពុជាឆ្លងកាត់សង្រ្គាមរាប់រយឆ្នាំរួមទាំងរបបប្រល័យពូជសាសន៍ ដូច្នេះកាលៈទេសៈនេះ កម្ពុជាពិតជាគ្មានប្រាថ្នាអ្វីផ្សេងឡើយក្រៅពីសុខសន្តិភាព និងលទ្ធភាពក្នុងការអភិវឌ្ឍប្រទេស

2025/12/29 08:40:50 am        547
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថាកម្ពុជាបានឆ្លងកាត់យ៉ាងឆ្អែតឆ្អន់នូវភ្នក់ភ្លើងសង្រ្គាមរាប់រយឆ្នាំ រួមទាំងរបបប្រល័យពូជសាសន៍ ដែលនាំឱ្យប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ស្គាល់តម្លៃពិតប្រាកដនៃ «សន្តិភាព» ហើយក្នុងកាលៈទេសៈនេះ កម្ពុជាពិតជាគ្មានប្រាថ្នាអ្វីផ្សេងឡើយក្រៅពីសុខសន្តិភាព និងលទ្ធភាពក្នុងការអភិវឌ្ឍប្រទេសឱ្យមានការរីកចម្រើន។តាមរយៈសារពិសេសផ្ញើជូនជនរួមជាតិនៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា កម្ពុជាផ្តល់តម្លៃខ្ពស់បំផុត ចំពោះ «សន្តិភាព និង ការអភិវឌ្ឍ» ហើយកម្ពុជាតែងតែគាំទ្រ និងចូលរួមអនុវត្តដោយសុចរិតនូវសណ្តាប់ធ្នាប់តំបន់ និង សកល ដោយផ្អែកលើច្បាប់អន្តរជាតិ, សន្ធិសញ្ញា, អនុសញ្ញា និង កិច្ចព្រមព្រៀងនានា ដែលកម្ពុជាបានទទួលយក, ជាពិសេសធម្មនុញ្ញអង្គការសហប្រជាជាតិ និង ធម្មនុញ្ញអាស៊ាន ក្នុងគោលដៅចង់រួមរស់ប្រកបដោយសន្តិសហវិជ្ជមាន ជាមួយគ្រប់បណ្តាប្រទេសទាំងអស់, ទាំងប្រទេស នៅជិតខាង, ក្នុងតំបន់ និង លើសកលលោក។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា ក្នុងស្មារតីនេះ, រាជរដ្ឋាភិបាលកម្ពុជា តែងតែប្រកាន់ជំហរដោះស្រាយបញ្ហាដោយសន្តិវិធី និងនៅតែបន្តព្យាយាមចរចាតាមគ្រប់រូបភាពទាំងអស់ដើម្បីបញ្ចប់ការប្រឈមមុខគ្នាដោយអាវុធ និងវិលត្រឡប់ទៅដោះស្រាយបញ្ហាព្រំដែន តាមយន្តការបច្ចេកទេស និងក្របខណ្ឌច្បាប់ ដែលមានជាធរមាន។ សម្ដេចនាយករដ្ឋមន្រ្ដីបានថ្លែងថា ក្រោយពីការព្យាយាមចរចាប្រកបដោយភាពអត់ធ្មត់ខ្ពស់បំផុត, កម្ពុជា និងថៃ បានឯកភាពអនុវត្តបទ «ឈប់បាញ់ភ្លាម នៅនឹងកន្លែង» ដែលបានចូលជាធរមានចាប់ពីម៉ោង ១២:០០ ថ្ងៃត្រង់, ថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០២៥ តទៅ ។ សម្ដេចធិបតីបានថ្លែងថា ការជ្រើសរើសយកការអនុវត្តបទឈប់បាញ់នេះមិនមែនមានន័យថាកម្ពុជា ចុះចាញ់ឬសុខចិត្តយកបូរណភាពទឹកដី ទៅដូរយកសន្តិភាពឡើយ ហើយរឹតតែមិនមែនមានន័យថា កម្ពុជាអស់សមត្ថភាព ឬ បោះបង់សិទ្ធិស្វ័យការពារខ្លួននោះដែរ។ ផ្ទុយទៅវិញ,ការសម្រេចចិត្តនេះបង្ហាញថា កម្ពុជា បានសម្រេចប្រកាន់យកមាគ៌ាសន្តិភាព និងការតម្កល់អាយុជីវិត និងសុខទុក្ខរបស់ប្រជាជនជាអាទិភាពចម្បងបំផុត និងខ្ពស់បំផុតមួយរបស់ខ្លួន បើទោះជាត្រូវប្រឈមមុខនឹងសម្ពាធ ឬការលំបាកយ៉ាងណាក៏ដោយ។ សម្ដេចធិបតីបានបញ្ជាក់ថា ទោះបីកម្ពុជានៅតែអាចបន្តទប់ទល់បានក្នុងការប្រយុទ្ធគ្នា, ក្នុងនាមជាប្រទេសតូច កម្ពុជានៅតែមិនមានអ្វីចំណេញសោះឡើយ ពីការអូសបន្លាយ ក្នុងរយៈពេលយូរនៃការប្រយុទ្ធនេះ។ ពេលនេះ, ប្រជាពលរដ្ឋភៀសសឹកជាងកន្លះលាននាក់ កំពុងទន្ទឹងរង់ចាំថ្ងៃដែលពួកគេអាចវិលត្រឡប់ទៅកាន់គេហដ្ឋានវិញ, កុមាររាប់ពាន់នាក់កំពុងរង់ចាំថ្ងៃដែលពួកគេអាចវិលត្រឡប់ទៅថ្នាក់រៀនវិញ, ហើយក្រុមគ្រួសារកងទ័ព កងនគរបាល រាប់ពាន់នាក់ ក៏កំពុងរង់ចាំផ្លូវ ឪពុក, ប្តី,កូន, ពូ, មីង, បង ឬ ប្អូន របស់ពួកគេ ពីសមរភូមិយ៉ាងអន្ទះសារបំផុត ។ ដូច្នេះ,ខណៈដែល លទ្ធភាពនៃការស្វែងរកដំណោះស្រាយបញ្ហាវិវាទព្រំដែននេះ ដោយសន្តិវិធីនៅតែមាន, រាជរដ្ឋាភិបាលបានសម្រេចចិត្តប្រកាន់យកការចរចាបញ្ចប់ការប្រយុទ្ធគ្នា មុនពេលវាកាន់តែរីកធំជាងនេះទៅទៀត ដើម្បីកាត់បន្ថយការឈឺចាប់ និងទុក្ខសោករបស់បងប្អូនជនរួមជាតិ ជាអតិបរមា ហើយក៏ដើម្បីបញ្ឈប់នូវការពលី និង ការរងរបួសរបស់បងប្អូនវីរកងទ័ព, វីរនគរបាល ក៏ដូចជាប្រជាពលរដ្ឋស្លូតត្រង់ ដែលមកទល់នឹងពេលនេះ មានប្រជាជនស៊ីវិល ៣២ នាក់ បានបាត់បង់ជីវិត និង ៩៣ នាក់ បានរងរបួស៕

សម្ដេចធិបតី៖ «ការឈប់បាញ់ភ្លាមនៅនឹងកន្លែង» មិនមានការពាក់ព័ន្ធដល់ការកំណត់ខណ្ឌសីមាព្រំដែនរវាងប្រទេសទាំងពីរនោះឡើយ

2025/12/29 08:28:18 am        333
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានបញ្ជាក់ថា «ការឈប់បាញ់ភ្លាម នៅនឹងកន្លែង» រវាងកម្ពុជា និងថៃ កាលពីវេលាម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ គឺត្រុវបានទទួលស្គាល់ជាផ្លូវការដោយភាគីទទាំងសងខាងថា មិនមានការពាក់ព័ន្ធដល់ការកំណត់ខណ្ឌសីមាព្រំដែនរវាងប្រទេសទាំងពីរនោះឡើយ។សម្ដេចធិបតី នាយករដ្ឋមន្រ្ដីមានប្រសាសន៍តាមរយៈសារពិសេសជូនជនរួមជាតិនៅព្រឹកថ្ងៃទី២៩ ខែធ្នូនេះថា ជាការពិត, «ការឈប់បាញ់ភ្លាម នៅនឹងកន្លែង» មានន័យថា កងកម្លាំងទាំងសងខាង ត្រូវអនុវត្តបទឈប់បាញ់នេះ ដោយរក្សាកម្លាំងនៅតាមទីតាំងឈរជើងរបស់ខ្លួន នៅម៉ោងនៃការចាប់ផ្តើមអនុវត្តបទឈប់បាញ់។ ក្នុងន័យនេះ, សម្ដេចធិបតី សង្កត់ធ្ងន់ថា ការរក្សាកងកម្លាំងឈរជើងនៅតាមទីតាំងជាក់ស្តែងនានា នៅម៉ោងនៃការចាប់ផ្តើមអនុវត្តបទឈប់បាញ់នេះ គឺត្រូវបានទទួលស្គាល់ជាផ្លូវការ ដោយភាគីទាំងសងខាងថា មិនមានការពាក់ព័ន្ធដល់ការកំណត់ខណ្ឌសីមាព្រំដែនរវាងប្រទេសទាំងពីរនោះឡើយ ដែលចំណុចនេះ ត្រូវបានរដ្ឋាភិបាលកម្ពុជា ទាមទារកំណត់ច្បាស់ នៅក្នុង «សេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងព្រះរាជាណាចក្រកម្ពុជា និង ព្រះរាជាណាចក្រថៃ ចុះថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០២៥» ។ ប្រការនេះបញ្ជាក់ច្បាស់ថា ខ្សែព្រំដែនអន្តរជាតិរវាងកម្ពុជា និង ថៃ នៅតែត្រូវបានកំណត់ដោយសន្ធិសញ្ញា និង អនុសញ្ញាដែលមានស្រាប់ ហើយកម្ពុជានៅតែរក្សាបានពេញលេញនូវសិទ្ធិក្នុងការដោះស្រាយបញ្ហាព្រំដែននេះជាមួយនឹងភាគីថៃ អនុលោមតាមច្បាប់អន្តរជាតិ, សន្ធិសញ្ញា, អនុសញ្ញា និង យន្តការទ្វេភាគី ទាំងឡាយ ដែលមានជាធរមាន។សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានថ្លែងបញ្ជាក់ថា ជាមួយនឹងការធានាបាននូវការបញ្ជាក់ច្បាស់ថា ការរៀបចំទាំងឡាយ (Arrangments) ក្នុងសេចក្តីថ្លែងការណ៍រួមស្តីពីបទឈប់បាញ់នេះ នឹងមិនធ្វើឱ្យប៉ះពាល់ដល់ការងារវាស់វែង និងខណ្ឌសីមាព្រំដែន រវាងប្រទេសទាំងពីរនោះទេ, ភាគីទាំងពីរបានឯកភាពគ្នាប្រគល់ជូន   គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) បន្តដំណើរការឡើងវិញ ឱ្យបានឆាប់បំផុត នូវការងារវាស់វែង និង ខណ្ឌសីមាព្រំដែន ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ, ពិសេស នៅតំបន់ព្រំដែនរងផលប៉ះពាល់ ដែលមានប្រជាជនស៊ីវិលធ្លាប់រស់នៅ, ដើម្បីធានានូវសន្តិភាពយូរអង្វែង នៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ។សូមបញ្ជាក់ថា នៅក្នុងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ (ខេត្តប៉ៃលិន ប្រទេសកម្ពុជា) – បានប៉ាក់កាដ (ខេត្តច័ន្ទបុរី ប្រទេសថៃ) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ បានបញ្ជាក់ច្បាស់ៗថា ភាគីទាំងពីរឯកភាពគ្នាថា រាល់ការព្រមព្រៀងក្រោមសេចក្តីប្រកាសរួមនេះមិនត្រូវធ្វើឱ្យ ប៉ះពាល់ដល់ការខណ្ឌសីមាព្រំដែន និងព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរនោះទេ។ ភាគីទាំងពីរឯកភាពគ្នាប្រគល់តួនាទីឱ្យគណៈកម្មការចំរុះព្រំដែន បន្តអនុវត្តការងារវាស់វែង និងខណ្ឌសីមាព្រំដែនឱ្យបានឆាប់រហ័សបំផុតស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែន។ ភាគីទាំងពីរក៏បានឯកភាពគ្នាថា នឹងប្រើប្រាស់យន្តការដែលមានស្រាប់នៃគណៈកម្មការចំរុះព្រំដែន ដើម្បីធានាសុវត្ថិភាព និងសន្តិសុខរបស់ក្រុមការងារវាស់វែងចំរុះនៅលើទីតាំងជាក់ស្តែងដោយរាប់បញ្ចូលទាំងសុវត្ថិភាពពីជាន់មីន។ ភាគីទាំងពីរឯកភាពគ្នាថា គណៈកម្មការចំរុះព្រំដែននឹងផ្តល់អាទិភាពខ្ពស់បំផុតចំពោះការងារវាស់វែង និងខណ្ឌសីមាព្រំដែននៅតំបន់រងផលប៉ះពាល់ដែលមានជនស៊ីវិលរស់នៅ៕

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចុះសួរសុខទុក្ខវីរយោធិនដែលរងរបួសក្នុងសមរភូមិ កំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យបង្អែកខេត្តសៀមរាប

2025/12/28 08:48:39 pm        170
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥នេះ បានអញ្ជើញចុះសួរសុខទុក្ខវីរយោធិនការពារបូរណភាពទឹកដីដ៏អង់អាចក្លាហាន ដែលរងរបួសក្នុងសមរភូមិ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

លោក សេង ជី ចៅសង្កាត់វាលវង់ អញ្ជើញចុះសួរសុខទុក និងជូនជាអំណោយ របស់សប្បុរសជន ដល់វីរកងទ័ពកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ

2025/12/28 06:01:34 pm        138
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ លោក សេង ជី ចៅសង្កាត់វាលវង់រួមជាមួយសមាជិក សមាជិកាក្រុមប្រឹក្សាសង្កាត់វាលវង់ ដោយមើលឃើញពីទុក្ខលំបាកនឹងអាណិតអាសូរ សង្វេគនិងរន្ធត់ចិត្តយ៉ាងពន់ពេកចំពោះវីរៈកងទ័ពកដ៏អង់អាចក្លាហានកម្ពុជារងរបួសដែលហ៊ានពលីជីវិតដើម្បីការពារជាតិ មាតុភូមិ ការពារអធិបតេយ្យភាព បូរណភាពទឹកដី ការពារអាយុជីវិតប្រជាពលរដ្ឋកម្ពុជាដែលរងនូវការវាយប្រហាររបស់យោធាថៃមកលើអធិបតេយ្យភាពរបស់កម្ពុជានិងប្រជាពលរដ្ឋ។លោក សេង ជី ចៅសង្កាត់វាលវង់ក៏បាននាំយកនូវអំណោយ ជាថវិកា សប្បុរសធម៌ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់វាលវង់ទៅជួយដល់វីរៈកងទ័ពដ៏អង់អាចក្លាហានដែលរងរបួសក្នុងសមរភូមិជួរមុខ ជាពិសេសគឺបាត់បង់នូវកែវភ្នែកត្រូវពិការកំពុង សម្រាកព្យាបាលដោយយកចិត្តទុកដាក់ ពីសំណាក់ លោកគ្រូ អ្នកគ្រូពេទ្យនៃមន្ទីរពេទ្យព្រះអង្គឌួងសរុបចំនួន០៩នាក់ក្នុងនោះអ្នកពិការភ្នែកម្ខាងនិងសងខាងឧបត្ថម្ភ ថវិកា ១លានរៀល ក្នុងម្នាក់ សរុបចំនួន០៥នាក់ និងអ្នករងរបួសសរីរាង្គផ្សេងៗឧបត្ថម្ភ ៥០ម៉ឺនរៀលក្នុងម្នាក់ សរុបចំនួន៤នាក់។ ជាចុងក្រោយលោក ចៅសង្កាត់ បានបញ្ជាក់ថា លោកមានក្តីអាណិតអាសូរយ៉ាងខ្លាំង ដល់កងទ័ពកម្ពុជាដែលបានលះបង់កម្លាំងកាយចិត្ត បំពេញការងារដោយបេះដូង និងឆន្ទៈខ្ពស់ នឹងគោរពជូនពរដល់វីរយុទ្ធជនគ្រប់រូបដែលកំពុងសម្រាកព្យាបាលទាំងអស់គ្នា សូមឆាប់បានធូរសះស្បើយឡើងវិញផងដែរ៕អត្ថបទ៖ កុម្ភៈ

បេក្ខជនកំពុងប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីក្រមការ ជំនាន់ទី១២ នៃសាលាភូមិន្ទរដ្ឋបាល ដោយស្មារតីប្រុងប្រយ័ត្ននិងខិតខំតាមសមត្ថភាពរៀងៗខ្លួន សម្រាប់វិញ្ញាសាសរសេរលើកទី២

2025/12/28 04:59:03 pm        123
ក្នុងដំណើរការប្រឡងប្រជែងលើកទី២ ដើម្បីជ្រើសរើសសិស្សមន្ត្រីក្រមការ ជំនាន់ទី១២ នៃសាលាភូមិន្ទរដ្ឋបាលនាពេលនេះ មានបេក្ខជនដែលបានប្រឡងជាប់លើកទី១ ស្មើនឹង១០០% បានបន្តចូលរួមលើវិញ្ញាសាចំនួនចំនួន២ ក្នុងនោះ វិញ្ញាសាទី១ គឺជាការអធិប្បាយពាក់ព័ន្ធនឹងចំណេះដឹងទូទៅផ្នែកច្បាប់ រដ្ឋបាល សេដ្ឋកិច្ច វប្បធម៌ទូទៅ និងសំណួរខ្លីពាក់ព័ន្ធនឹងប្រវត្តិសាស្ត្រ អក្សរសាស្ត្រ ភូមិសាស្ត្រ សីលធម៌ ពលរដ្ឋ ពលរដ្ឋវិទ្យា អរិយធម៌ និងវប្បធម៌។ ដោយឡែកវិញ្ញាសាទី២ គឺវិញ្ញាសាភាសាអង់គ្លេស ឬភាសាបារាំង តាមការជ្រើសរើសរបស់បេក្ខជនផ្ទាល់។ ជាការកត់សម្គាល់ ទោះបីជាមានបេក្ខជនដែលជ្រើសរើសយកភាសាបារាំងមានចំនួនតែ២នាក់ក្នុងចំណោមបេក្ខជនចំនួន៦៧៤នាក់ក៏ដោយ ក៏គណៈកម្មការរៀបចំការប្រឡងប្រជែង នៅតែអនុវត្តការរៀបចំវិញ្ញាសាស្របតាមនិយាមនីតិវិធីប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនដដែល។ការប្រឡងប្រជែងវិញ្ញាសាសរសេរលើកទី២នេះ គឺជាការប្រឡងប្រជែងដែលនឹងជ្រើសរើសយកបេក្ខជនជាប់ជាស្ថាពរចំនួន២០៥នាក់ ចេញពីបេក្ខជនប្រឡងប្រជែងចំនួន៦៧៥នាក់ (ស្រី១៧៤) ដើម្បីចូលរៀននៅសាលាភូមិន្ទរដ្ឋបាល មុននឹងចេញទៅបម្រើការងារនៅតាមទីកន្លែងបម្រើការងារដែលខ្លួនបានជ្រើសរើស។ សូមបញ្ជាក់ថា៖ គិតមកត្រឹមការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីក្រមការ ជំនាន់ទី១២ (វិញ្ញាសាសរសេរលើកទី២) នេះគឺជាការប្រឡងលើកទី៥៣ ដែលបានរៀបចំឡើងក្រសួងមុខងារសាធារណៈ ក្នុងក្របខ័ណ្ឌនៃការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។

តំណាងរាស្ត្រមណ្ឌលខេត្តកំពត បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយពលរដ្ឋភៀសសឹក

2025/12/28 04:54:24 pm        127
ឯកឧត្តម វ៉ាន់ ដារ៉ា តំណាងរាស្រ្តមណ្ឌលខេត្តកំពត និងជាសមាជិកគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម (គណៈកម្មការទី៣) នៃរដ្ឋសភា នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយពលរដ្ឋភៀសសឹក មកពីខេត្តកោះកុង ខេត្តបាត់ដំបង ខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ និងខេត្តបន្ទាយមានជ័យ ដែលកំពុងស្នាក់នៅក្នុងឃុំដូនយ៉យ ស្រុកដងទង់ ខេត្តកំពត ។ក្នុងពេលសំណេះសំណាលនោះ ឯកឧត្តម វ៉ាន់ដារ៉ា បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិបការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជូនចំពោះគ្រួសារវីរៈកងទ័ព និងបងប្អូនប្រជាពលរដ្ឋភៀសសឹក ដោយក្ដីនឹករលឹក និងអាណិតអាសូរជាទីបំផុត ក្នុងស្ថានភាពដែលតំបន់ព្រំដែន មានសភាពតានតឹងខ្លាំង បង្ខំឱ្យបងប្អូនត្រូវចាកចោលលំនៅដ្ឋាន ដើម្បីជម្លៀសខ្លួនចេញមករកតំបន់ដែលធានាសន្តិសុខ សុវត្ថិភាព សម្រាប់ស្នាក់នៅជាបណ្តោះអាសន្នមួយគ្រាសិន។ ទាំងនេះបង្ហាញឲ្យឃើញពីក្តីកង្វល់របស់ប្រមុខថ្នាក់ដឹកនាំ ដែលតែងតែបានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឲ្យយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ ហើយត្រូវជួយអន្តរាគមន៍ ជួយដោះស្រាយសម្រាលទុក្ខលំបាក របស់ប្រជាពលរដ្ឋយើង ក៏ដូចជាវីរ:កងទ័ព និងគ្រួសារភៀសសឹកឲ្យទាន់ពេលវេលា ដោយមិនរើសអើង ឬនិន្នាការនយោបាយអ្វីឡើយ។ ឯកឧត្តម ក៏បានក្រើនរំលឹកដល់បងប្អូនទាំងអស់គ្នា ត្រូវខិតខំថែទាំសុខភាពឱ្យបានល្អ តាមវិធានអនាម័យស្អាត ៣យ៉ាង ដើម្បីបង្ការ ទប់ស្កាត់ និងការពារ រាល់ការឆ្លងជម្ងឺរាតត្បាតនានា ទាំងក្នុងរយ:ពេលនៃការស្នាក់នៅ និងធ្វើដំណើរ ព្រោះថា បើមានការធ្វេសប្រហែស វាអាចនាំឱ្យប៉ះពាល់ដល់សុខភាពផ្ទាល់ខ្លួន និងសុវត្ថិភាពរបស់បងប្អូនផងដែរ។ អំណោយសម្រាប់ចែកជូនគ្រួសារភៀសសឹកចំនួន ៣១គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ មី ទឹកត្រី ទឹកសុីអុី ត្រីខ ប៊ីចេង អំបិល ក្រមា ជូនស្រី្តកូនតូចចំនួន ៣គ្រួសារ ថវិកាម្នាក់ៗ ២ម៉ឺនរៀល និងកុមារទទួលបានសៀវភៅ ២ក្បាល និងប៊ិច២ដើមផងដែរ៕

អនុប្រធានទី២ រដ្ឋសភា ផ្តល់អំណោយសម្ភារៈ គ្រឿងឧបភោគបរិភោគជូនពលរដ្ឋភៀសសឹក នៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ

2025/12/28 04:51:09 pm        134
ជម្លោះប្រដាប់អាវុធតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ចាប់ពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ បានបណ្តាលឱ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជាប្រមាណជាងកន្លះលាននាក់ ត្រូវបង្ខំចិត្តភៀសសឹក ជម្លៀសចេញពីតំបន់ប្រឈមខ្ពស់ ទៅកាន់ជំរំសុវត្ថិភាព។ ដូច្នេះដើម្បីជួយសម្រាលទុក្ខលំបាកដល់ពលរដ្ឋភៀសសឹក នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ នេះ ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា បានចាត់តាំងក្រុមការងារខុទ្ទកាល័យ ដឹកនាំដោយឯកឧត្ដម មឿត រតនៈ ជំនួយការផ្ទាល់ និងជាអគ្គនាយករងទំនាក់ទំនងអន្តរជាតិ ពិធីការ និងព័ត៌មាន នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា និងសហការី បានដឹកជញ្ជូននាំយកអំណោយ និងសម្ភារៈរបស់ឯកឧត្តម វង សូត អនុប្រធានទី២ នៃរដ្ឋសភា និងលោកជំទាវ ហេង ពៅ ឯកឧត្តម កែវ ពិសិដ្ឋ តំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ និងលោកជំទាវ ស៊ឹម សុផល ជូនដល់ឯកឧត្តម សេរី ជំនះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋាន ស្រុកភ្នំស្រុក លោកស្រី ប្រិញ សាវ៉ង់ អភិបាលរងស្រុកភ្នំស្រុក តំណាងលោកអភិបាលស្រុកភ្នំស្រុក និងព្រះគ្រូចៅអធិការវត្តសុវណ្ណក្ខាសត្ថារាម (ហៅវត្តកណ្តាល) ដើម្បីចាត់ចែងជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលកំពុងស្នាក់នៅបណ្តោះអាសន្ន ស្ថិតនៅភូមិស្រះឈូក ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ អំណោយរបស់ឯកឧត្តមអនុប្រធានទី២ រដ្ឋសភា និងលោកជំទាវ ព្រមទាំងឯកឧត្តម កែវ ពិសិដ្ឋ និងលោកជំទាវ ដែលប្រគល់ជូនអាជ្ញាធរស្រុកភ្នំស្រុក នាឱកាសនេះ មានសម្ភារៈ និងគ្រឿងឧបភោគបរិភោគដូចជា៖ អង្ករ ៣៥០បាវតូច ស្មើនឹង ៣,៥០០គីឡូក្រាម មី ៥៨កេស ទឹកដោះគោម្សៅកូនក្មេង ២៥ កេសស្មើនឹង ១៥០កំប៉ុង ទឹកដោះគោជូរ ២០ កេសតូចស្មើនឹង ១២០០កំប៉ុង ដំណាប់ផ្លែឈើចម្រុះ ៣កេសធំស្មើនឹង ១២កញ្ចប់ធំ នំកូនគោ (នំសូកូឡា) ៥កេសធំ ស្មើនឹង ៧០ប្រអប់ ខោទឹកនោមកូនក្មេង ២០កេស ភួយ ២០០ និងខោអាវ ៥,០០០អាវ/ខោ។ ក្នុងស្មារតីសាមគ្គីមហាគ្រួសារខ្មែរ ខុទ្ទកាល័យឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា បានទទួលអំណោយជាថវិកា សម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគជាច្រើន ពីសមាជិក សមាជិការដ្ឋសភា និងថ្នាក់ដឹកនាំ មន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋាននៃរដ្ឋសភា ទីប្រឹក្សា ជំនួយការឯកឧត្តមអនុប្រធានទី២ នៃរដ្ឋសភា ព្រមទាំងពីសប្បុរសជននានា សម្រាប់ឧបត្ថម្ភគាំទ្រ ជូនវីរៈកងទ័ពជួរមុខ និងពលរដ្ឋភៀសសឹកក្នុងជម្លោះព្រំដែនកម្ពុជា- ថៃ។ ជាមួយគ្នានេះដែរ លោកស្រីអភិបាលរងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បានគោរពថ្លែងអំណរគុណជូនចំពោះ ឯកឧត្តម វង សូត និងលោកជំទាវ ព្រមទាំងឯកឧត្តម កែវ ពិសិដ្ឋ និងលោកជំទាវ ដែលបានជួយឧបត្ថម្ភគាំទ្រនូវធនធាន និងសម្ភារៈដល់រដ្ឋបាលស្រុក ហើយលោកស្រីអភិបាលរងស្រុក ប្តេជ្ញានឹងបន្តចែកជូនដោយតម្លាភាព និងដោយផ្ទាល់ទៅដល់បងប្អូនពលរដ្ឋភៀសសឹក និងពលរដ្ឋរងប៉ះពាល់នៅក្នុងរយៈពេលនៃសង្គ្រាមជម្លោះព្រំដែនកម្ពុជា-ថៃ។ លោកស្រីអភិបាលរងស្រុក បានគូសបញ្ជាក់ថា នេះជាស្មារតីសាមគ្គីភាព ស្នេហាជាតិ ខ្មែរជួយខ្មែរ រួមគ្នាទាំងក្នុង និងក្រៅប្រទេស ដើម្បីគាំទ្រដល់វីរៈកងទ័ពជួរមុខយើង ហើយបានរួមគ្នាជាធ្លុងមួយ គឺពិតជាកម្លាំងសាមគ្គីដ៏រឹងមាំមហាសាល ជាអាវុធដ៏ស័ក្ដិសិទ្ធិបំផុតក្នុងការកម្ចាត់សត្រូវឱ្យវិនាសអន្តរាយ៕

មកទល់រសៀលនេះស្ថានការណ៍ជួរមុខព្រំដែនកម្ពុជា-ថៃ មានសភាពស្ងប់ស្ងាត់ ក្រោយមានបទឈប់បាញ់

2025/12/28 04:46:18 pm        129
ភ្នំពេញ ៖គិតមកទល់រសៀល ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥នេះ ស្ថានការណ៍ជួរមុខព្រំដែន កម្ពុជា-ថៃ មានសភាពស្ងប់ស្ងាត់ បន្ទាប់ពីកម្ពុជា និងថៃ បានឯកភាពគ្នាលើបទឈប់បាញ់ជាបន្ទាន់ កាលពីម៉ោង ១២៖០០ នាទីថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ម្សិលមិញមក។ ​លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ កម្ពុជា ថ្លែងតាមរយៈសន្និសីទសារព័ត៌មាននៅរសៀលនេះថា បច្ចុប្បន្ន កងកម្លាំងរបស់កម្ពុជា នៅបន្តតាមដានសភាពការណ៍ដោយយកចិត្តទុកដាក់ជានិច្ច និងកំពុងបំពេញតួនាទីរបស់ខ្លួនជាមួយនឹងស្មារតីប្រុងប្រយ័ត្នខ្ពស់ ដើម្បីការពារ អធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជាយ៉ាងខ្ជាប់ខ្ជួនបំផុត។អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបគូសបញ្ជាក់ថា សេចក្ដីប្រកាសរួមបទឈប់បាញ់បន្ទាន់រវាងកម្ពុជា និងថៃ កាលពីម្សិលមិញនេះ គឺជាការបន្តអនុវត្តនូវអ្វីដែលបានឯកភាពគ្នាកន្លងមករួមមានកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា និងថៃ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥, សេចក្ដីថ្លែងការរួមស្ដីពីកិច្ចព្រមព្រៀងសន្ដិភាព រវាងកម្ពុជា និងថៃ ដែលភាគីទាំងពីរចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ រួមនឹងឯកការព្រមព្រៀងផ្សេងៗទៀត។ លោកជំទាវបន្តថា ភាគីទាំងពីរទទួលស្គាល់ និងវាយតម្លៃ អំពីតួនាទីដ៏សំខាន់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងឯកភាពគ្នាពង្រឹងតួនាទីរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក្នុងការផ្ទៀងផ្ទាត់ និងធានាការអនុវត្តប្រកបដោយប្រសិទ្ធភាពលើវិធានការទាំងអស់ក្នុងសេចក្តីប្រកាសរួមនេះដោយ ធ្វើការពិគ្រោះយោបល់ជាមួយប្រធានអាស៊ាន និងក្រុមអ្នកសង្កេតការណ៍អាស៊ាន។ លោកជំទាវបន្តថា ដើម្បីធានាការអនុវត្តប្រកបដោយប្រសិទ្ធភាព ភាគីទាំងពីរយល់ព្រមប្រើប្រាស់អង្គភាព សម្របសម្រួលព្រំដែនកម្ពុជា-ថៃ និងថៃ-កម្ពុជាដើម្បីធានាថាបទឈប់បាញ់នឹងត្រូវអនុវត្តឱ្យបាន, គ្រប់គ្រងស្ថានភាពនៅនឹងកន្លែង, ដោះស្រាយឧប្បត្តិហេតុទាន់ពេលវេលា និង ទប់ស្កាត់ការយល់ច្រឡំ ក្រោមការសង្កេត និងការផ្ទៀងផ្ទាត់របស់ក្រុមអ្នកសង្កេតការណ៍ អាស៊ាន (AOT)។សូមបញ្ជាក់ថា តាមរយៈកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅច្រកទ្វារព្រំដែន អន្តរជាតិព្រំ (ខេត្តប៉ៃលិន ប្រទេសកម្ពុជា)-បានប៉ាក់កាដ (ខេត្តច័ន្ទបុរី ប្រទេសថៃ) កាលពីនៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥នេះ កម្ពុជា-ថៃ បានឯកភាពគ្នាចំនួន ១១ ចំណុច ដើម្បីឈានទៅកាត់បន្ថយភាពតានតឹង និងឯកភាពគ្នាឈប់បាញ់ជាបន្ទាន់នៅម៉ោង១២ថ្ងៃថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដោយត្រូវអនុវត្តរួមគ្នារយៈពេល៧២ម៉ោងមិនត្រូវឱ្យមានការផ្ទុះអាវុធឡើយ៕

​ចិនផ្តល់ជំនួយមនុស្សធម៌បន្ទាន់ដល់កម្ពុជាដើម្បីជួយដល់ប្រជាជនភៀសសឹកនៅព្រំដែន

2025/12/28 03:34:56 pm        266
ភ្នំពេញ ៖ រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន បានផ្តល់ជំនួយមនុស្សធម៌ បន្ទាន់មកកាន់រដ្ឋាភិបាលកម្ពុជា ដើម្បីជួយប្រជាជនភៀសសឹក នៅតំបន់ព្រំដែន ដែលទទួលរងគ្រោះក្នុងជម្លោះប្រដាប់អាវុធនៅព្រំដែនកម្ពុជា-ថៃ។ ​ពិធីផ្តល់ជំនួយមនុស្សធម៌បន្ទាន់នេះ ធ្វើឡើងនៅរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាព ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម អ៊ឹង រចនា រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងរដ្ឋាភិបាលកម្ពុជា ជាអ្នកទទួលជំនួយ។ ក្នុងឱកាសនោះ ឯកឧត្តម វ៉ាង វិនពីន បានមានប្រសាសន៍ថា ដើម្បីជួយជនភៀសសឹករាប់សែននាក់ដែលបានចាកឆ្ងាយពីលំនៅឋាន តាមបន្ទាត់ព្រំដែនដោយសារជម្លោះកម្ពុជា-ថៃ និងកំពុងជួបទុក្ខលំបាក ដូច្នេះ រដ្ឋាភិបាលចិនបានសម្រេចផ្តល់ជំនួយមនុស្សធម៌បឋម មានជា តង់ ភួយ អាហារ និងសម្ភារៈចាំបាច់នានាជាច្រើនទៀត។ ឯកឧត្តមបន្តថា ដើម្បីជួយជនភៀសសឹកដែលត្រូវបានបន្លាស់ទីដោយសារជម្លោះនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ រដ្ឋាភិបាលចិនបានសម្រេចផ្តល់ជំនួយមនុស្សធម៌ជាបន្ទាន់ដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងទឹកប្រាក់ចំនួន២០លានយ័នចិន។ ថ្ងៃនេះ សម្ភារៈជំនួយដំបូងត្រូវបានដឹកមកដល់កម្ពុជា រួមមានតង់ ភួយ និង អាហារ។ ជឿជាក់ថា សម្ភារៈទាំងនេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយប្រជាជនកម្ពុជាដែលរងផលប៉ះពាល់ដោយជម្លោះ លើកកំពស់ជីវភាពរស់នៅនិងដើរចេញពីការលំបាកនាពេលបច្ចុប្បន្ន។ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ក៏បានចូលរួមរំលែកនូវមរណៈទុក្ខដ៏ក្រៀមក្រំបំផុតចំពោះការបាត់បង់នូវអាយុជីវិតមនុស្សជាច្រើន ក្នុងជម្លោះព្រំដែន នៃប្រទេសទាំងពីរ។ ហើយចិនក៏នៅតែមានឆន្ទៈខ្ពស់ក្នុងការជួយសម្របសម្រួល និងព្យាយាមជួយដោះស្រាយបញ្ហាជម្លោះរវាងប្រទេសទាំងពីរឲ្យឆាប់វិលទៅរកប្រក្រតីភាពឡើងវិញប្រកបដោយយុទ្ធសាស្ត្រឈ្នះៗ និងដើម្បីស្តារសន្តិភាពរវាងភាគីទាំងពីរ។ ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ឹង រចនា រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានផ្ដល់ជំនួយមនុស្សធម៌បន្ទាន់នៅពេលនេះ និងបានចាត់ទុកការផ្តល់ជំនួយនៅពេលនេះបានបង្ហាញពីសាមគ្គីភាពរបស់រដ្ឋាភិបាល និងប្រជាជនចិនចំពោះសុខទុក្ខរបស់រដ្ឋាភិបាល និងប្រជាជនកម្ពុជា ។ ឯកឧត្តមបន្តថា កាយវិការប្រកបដោយសប្បុរសធម៌នេះ បានឆ្លុះបញ្ចាំងអំពីស្មារតីមិត្តភាពជាប្រពៃណីដ៏ស៊ីជម្រៅរវាងប្រទេសទាំងពីរ និងការជួយគ្នាទៅវិញទៅមកក្នុងគ្រាលំបាក ។ ឆ្លៀតក្នុងឱកាសដដែលនេះ ឯកឧត្តមរដ្ឋលេខាធិការ តាងនាមឲ្យរាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជាទាំងមូល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបន្ថែមចំពោះមិត្តចិន ដែលបាននិងកំពុងខិតខំដើរតួនាទីយ៉ាងសកម្ម និងប្រកបដោយការស្ថាបនា ដើម្បីឲ្យមានបទឈប់បាញ់ និងឈានទៅរកការបញ្ចប់ជម្លោះ ស្ដារសន្តិភាព និងប្រក្រតីភាពនៃទំនាក់ទំនងកម្ពុជា-ថៃឡើងវិញ ដែលអាចអនុញ្ញាតឲ្យបងប្អូនជនភៀសសឹកបានឆាប់វិលត្រលប់ទៅផ្ទះសំបែងរៀងៗខ្លួនវិញដោយសុវត្ថិភាព នៅពេលខាងមុខ៕ អត្ថបទ ៖ លីហេង

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សហរដ្ឋអាមេរិក៖ បម្រាមលើការដឹកជញ្ជូនបន្ទះអេឡិចត្រូនិក AI អនុវត្តចំពោះក្រុមហ៊ុនចិននៅខាងក្រៅប្រទេសចិន
06/01/2026 11:06 AM
មន្ត្រីអាមេរិក៖ អាមេរិកស្នើផែនការដើម្បីបន្ធូរបន្ថយភាពតានតឹងនៅប្រទេសលីបង់
06/01/2026 11:06 AM
ប្រភពការទូត៖ ការឈ្លានពាននៅលីបង់របស់អ៊ីស្រាអែល «ធ្វើឱ្យប៉ះពាល់ដល់លទ្ធភាព» នៃដំណោះស្រាយ
06/01/2026 11:06 AM
អ៊ីរ៉ង់និយាយថា មិនទុកចិត្តសហរដ្ឋអាមេរិកទេ ខណៈលោក Trump រឹតបន្តឹងលក្ខខណ្ឌ
06/01/2026 11:06 AM
ចិនល្បាតដែនទឹកភាគខាងកើតកោះតៃវ៉ាន់ ដើម្បីឆ្លើយតបទៅនឹងការចរចាព្រំដែនសមុទ្រជប៉ុន និងហ្វីលីពីន
06/01/2026 11:06 AM
Jonas Vingegaard គ្រងជើងឯកប្រណាំងកង់ Grand Tour លើកទីបួនក្រោយឈ្នះ Giro d’Italia
06/01/2026 11:06 AM
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញគ្រោងប្រមូលចំណូលឆ្នាំ២០២៦នេះ ក្នុងរង្វង់ជិត ៤០០ ប៊ីលានរៀល
06/01/2026 11:06 AM
ភ្នំពេញក្រោនរក្សាកំណត់ត្រាល្អការប្រកួតលីគបាល់ទាត់នារី គ្រាសៀមរាប និងបឹងកេតឈ្នះរៀងៗខ្លួន
06/01/2026 10:06 AM
សម្ដេចធិបតី ណែនាំដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធបន្តពង្រឹងយន្តការគាំទ្រ និងលើកកម្ពស់សិទ្ធិកុមារ
06/01/2026 10:06 AM
ចិន ល្បាតតំបន់ថ្មប៉ប្រះទឹក Scarborough Shoal បន្ទាប់ពីហ្វីលីពីនព្រមានពីការគំរាមកំហែងពីទីក្រុងប៉េកាំង
06/01/2026 10:06 AM