កម្ពុជាប្រារព្ធពិធីអបអរសាទរទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ឆ្នាំ២០២៦ ក្រោមប្រធានបទ “សំណល់សូន្យ”
មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ ចាត់ទុកការថែទាំផ្លូវជារឿងចាំបាច់ សម្រួលការធ្វើដំណើរ និងការប្រកបមុខរបរផ្សេងៗ
សាខាសមាគមសិស្សនិស្សិតបញ្ញវន្តក្មេងវត្តខណ្ឌព្រែកព្នៅ បានចូលរួមផ្សព្វផ្សាយផែនការអាជីព និងការជ្រើសរើសជំនាញសិក្សា
យុវជន០២នាក់ជាសិស្សរងរបួសធ្ងន់ធ្ងរ ក្រោយគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកពីមុខយ៉ាងពេញទំហឹង

ព័ត៌មានជាតិ

អាជ្ញាធរខេត្តកណ្តាល បន្តចុះត្រួតពិនិត្យ និងអនុវត្តវិធានការរៀបចំសណ្តាប់ធ្នាប់នៅតាមបណ្ដាផ្លូវផ្សារដើមមៀនក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ដើម្បីលើកកម្ពស់សោភ័ណភាព និងសុវត្ថិភាពសាធារណៈ

2026/05/21 03:07:22 pm        83
កណ្តាល៖ ដើម្បីលើកកម្ពស់សោភ័ណភាព និងសុវត្ថិភាពសាធារណៈ កាត់បន្ថយការកកស្ទះចរាចរណ៍នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល ដោយមានការចូលរួមពីអាជ្ញាធរក្រុងតាខ្មៅ កងកម្លាំងនគរបាល និងមន្ត្រីជំនាញពាក់ព័ន្ធ បានបន្តចុះត្រួតពិនិត្យ ណែនាំ និងអនុវត្តវិធានការរៀបចំសណ្តាប់ធ្នាប់សាធារណៈ ដោយត្រូវធ្វើការរុះរើចេញនូវសំណង់ សំយាប ស្លាកសញ្ញាផ្សព្វផ្សាយពាណិជ្ជកម្មផ្សេងៗ លើចំណីផ្លូវ នៅតាមបណ្តាខ្សែផ្លូវសំខាន់ៗ នៅក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ។ ឯកឧត្តមអភិបាលរងខេត្ត បានមានប្រសាសន៍ថា៖ អាជ្ញាធរមិនមានបំណងរារាំង ឬប៉ះពាល់ដល់ការប្រកបរបរទទួលទានរបស់បងប្អូនប្រជាពលរដ្ឋនោះឡើយ ប៉ុន្តែរាល់ការប្រកបអាជីវកម្មទាំងឡាយ ត្រូវតែគោរពច្បាប់ និងមិនត្រូវរំលោភបំពានលើទ្រព្យសម្បត្តិសាធារណៈ ឬបង្កការលំបាកដល់អ្នកដទៃឡើយ ប៉ុន្តែដោយប្រជាពលរដ្ឋ ដែលប្រកបមុខរបរតាមបណ្ដោយផ្លូវផ្សារដើមមៀន ចាប់ពីគល់ស្ពានរហូតដល់ ទីតាំងព្រះនរាយណ៍ បានសង់សំណង់ សំយាប ស្លាកសញ្ញាផ្សព្វផ្សាយពាណិជ្ជកម្មផ្សេងៗ លើចំណីផ្លូវ ក៏ដូចជាបង្គោលភ្លើងដែលជាហេតុធ្វើអោយសណ្ដាប់ធ្នាប់សាធារណៈតាមដងផ្លូវ ម្យ៉ាងវិញទៀតក៏អាចងាយរងគ្រោះដោយចរន្តអគ្គីសនីផងដែរ។ រដ្ឋបាលខេត្តក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អាជីវករទាំងអស់ ចូលរួមសហការជាមួយអាជ្ញាធរ ដោយស្ម័គ្រចិត្តចូលរួមគោរពច្បាប់ចរាចរណ៍ មិនរំលោភយកចិញ្ចើមផ្លូវធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន និងរួមគ្នាថែរក្សាអនាម័យបរិស្ថាន ដើម្បីធ្វើឱ្យទីក្រុងរបស់យើងក្លាយជាទីក្រុងគំរូ មានសោភ័ណភាពស្រស់បំព្រង គួរជាទីមោទនៈ៕

កម្មការិនីរោងចក្រចាប់អារម្មណ៍ចង់ចូលរួមកាតព្វកិច្ចយោធា ដើម្បីរួមចំណែកការពារប្រទេសជាតិ

2026/05/21 03:03:22 pm        271
ក្រុមកម្មការិនីវិស័យរោងចក្រកាត់ដេរ បានបង្ហាញចំ​ណាប់​អារម្មណ៍​ចង់​ចូល​រួម​ជាមួយ​រាជ​រដ្ឋាភិបាល​កម្ពុជា​ ចំពោះកាតព្វកិច្ចយោធា ដើម្បីរួមចំណែកការពារ​ប្រទេសជាតិ មាតុភូមិ ខណៈ​ច្បាប់​ស្តីពី​កាតព្វកិច្ចយោធានេះ តម្រូវឱ្យពលរដ្ឋខ្មែរមានអាយុចាប់ពី១៨ឆ្នាំ ដល់ទៅ២៥ឆ្នាំ ត្រូវ​បំពេញ​កាតព្វកិច្ចចូលហ្វឹកហាត់ ក្នុងនោះស្ត្រីត្រូវផ្អែកតាមគោលការណ៍ស្ម័គ្រចិត្ត។        ក្នុង​បទសម្ភាសន៍ពាក់ព័ន្ធប្រធានបទកាតព្វកិច្ចយោធា ក្រុមកម្មការិនី​ដែល​បម្រើ​ការងារ​រោង​ចក្រ​កាត់​ដេរ​សម្លៀកបំពាក់ស្ថិតនៅខណ្ឌដង្កោ រាជធានីភ្នំពេញ ពួកគាត់បានឱ្យព័ត៍មាន ប៊ីធីវី ដឹង​នៅ​ថ្ងៃ​ទី២១ ខែឧសភា ឆ្នាំ២០២៦នេះថា ក្រោយទទួល​បានព័ត៌មាន​តាមរយៈ​ការ​ផ្សព្វ​ផ្សាយ​នានា​ក្នុង​បណ្តាញ​សង្គមអំពីកាតព្វកិច្ចនេះ ពិតជាមានការចាប់អារម្មណ៍ និងគាំទ្រទាំង​ស្រុង​ចំពោះ​ការ​ដាក់​ចេញ​នូវ​ច្បាប់មួយនេះ ដែលយល់ឃើញថា ជាឱកាសដ៏ល្អក្នុង​ការ​ចូល​រួម​ជួយជ្រោម​ជ្រែង​ប្រទេស​ជាតិ​ គ្រាដែលប្រទេសកំពុងត្រូវការសម្រាប់ការពារទឹកដី និងប្រជាជន។ ពាក់ព័ន្ធប្រធានបទខាងលើនេះ កម្មការិនីមួយចំនួនបានអះអាងថា នឹងលះបង់ការងារសព្វថ្ងៃ ដើម្បី​ចូលរួមកាតព្វកិច្ចយោធានេះ ខណៈកម្មការិនីមួយចំនួនផ្សេងទៀត ក៏បាន​បង្ហាញ​បំណង​ចង់​ចូល​រួម​ដូចគ្នា ប៉ុន្តែដោយសារហួសអាយុទើបខកខានឱកាសដ៏កម្រមួយនេះ។ ក្រុម​កម្ម​ការិនី​ក៏​បាន​អំពាវ​នាវដល់យុវជនទាំងឡាយណា ដែលមានសុខភាពល្អ កម្លាំងកាយមាំមួន ឱ្យ​ចុះ​ឈ្មោះ​ដើ​​ម្បីចូ​លរួមកាតព្វកិច្ចយោធានេះ ដើម្បីចូល​រួម​កសាង​ប្រទេស​ជាតិ​ឱ្យ​រីក​ចម្រើន​កាន់​តែ​ខ្លាំង​បន្ថែម​ទៀត​ខាង​វិស័យផ្នែកយោធា។លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា (NLC) បានឱ្យ ប៊ីធីវី ដឹងស្រដៀងគ្នាថា ចំពោះ​ការងារនេះ កាលពីពេលកន្លងទៅ ក៏ធ្លាប់ទទួលបានការសាកសួរព័ត៍មានមួយចំនួនពីកម្មករ កម្ម​ការិនីផងដែរអំពីបំណងចង់ចូលរួមកាតព្វកិច្ចយោធានេះ បើទោះបីជា​ត្រូវ​លះប​ង់​ការ​ងារ​សព្វ​ថ្ងៃ​នេះ​យ៉ា​ងណាក៏ដោយ ព្រោះតែការស្រលាញ់ និងចង់ចូលរួមជួ​យ​ប្រទេសជា​តិ​លើ​ការ​ការ​ពារ​ទឹក​ដី ​និងប្រជាជន ជាពិសេស ខណៈដែល​ប្រទេសជាតិ​កំពុង​ប្រឈម​ការ​ឈ្លាន​ពាន​ទឹក​ដី​ពី​ក្រុម​យោធា​ថៃ។ សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់ ស្តីពីកាតព្វកិច្ចយោធាមាន ៨ ជំពូក និង ២០ មាត្រា។ សេចក្តី​ព្រាង​ច្បាប់​នេះត្រូ​វបានរៀបចំឡើងដោយអនុលោមតាមមាត្រា ៤៩ ថ្មី នៃរដ្ឋធម្មនុញ្ញ និង​គោល​នយោបាយរ​បស់រាជរដ្ឋាភិបាល ក្នុងគោលបំណងពង្រឹងវិស័យការពារជាតិ និងកា​រ​បណ្តុះ​បណ្តាល​យុវជន​។ យោងតាមខ្លឹមសារច្បាប់នេះ គឺប្រជាពលរដ្ឋខ្មែរ​ភេទ​ប្រុស​ដែល​មាន​អាយុ​ចាប់​ពី ១៨ ឆ្នាំ ដល់ ២៥ ឆ្នាំ ត្រូវបំពេញកាតព្វកិច្ចយោធារយៈពេល ២៤ ខែ ខណៈដែល​ស្ត្រីត្រូ​វ​បាន​អនុវត្ត​តាម​គោលការណ៍ស្ម័គ្រចិត្ត។ យុវជនដែលឆ្លងកាត់ការហ្វឹកហ្វឺននេះ នឹងទទួលបាន​ការ​អភិវឌ្ឍ​កាយ​សម្បទា ការអប់រំស្មារតីស្នេហាជាតិ វិន័យ និងទទួលបានប្រាក់ឧបត្ថម្ភផ្សេងៗ។ លើស​ពី​នេះ ក្រោយពីបានបញ្ចប់កាតព្វកិច្ច ពួកគេនឹងទទួល​បាន​អាទិភា​ព​ក្នុង​ការ​ប្រឡង​ចូល​បម្រើ​ការ​ងារក្នុងស្ថាប័នរដ្ឋ សហគ្រាសសាធារណៈ និងឯកជន ព្រមទាំងឱកាសបន្តការសិក្សា និង​ការ​ងារ​នៅ​បរទេស​ផង​ដែរ៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អគ្គនាយកដ្ឋានពន្ធដារបានកំណត់នូវទិសដៅកែទម្រង់សំខាន់ៗពីរ គឺការកែទម្រង់​គោល​នយោបាយ ​និងរដ្ឋបាលសារពើពន្ធ

2026/05/21 02:46:19 pm        259
ឯកឧត្តម គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បាន​បញ្ជាក់ថា ស្របគ្នាជាមួយ​នឹង​ការ​រីក​ចម្រើន​នៃ​សេដ្ឋកិច្ចកម្ពុជា អគ្គនាយកដ្ឋានពន្ធដារ​បាន​កំណត់​នូវ​ទិសដៅ​កែ​ទម្រង់​សំខាន់​ៗ​ចំនួន​ពីរ​ គឺការកែទម្រង់គោលនយោបាយ និងរដ្ឋបាលសារពើពន្ធ ដើម្បី​ពង្រឹងគុណភាព ប្រសិទ្ធ​ភាព ​ស័ក្តិសិទ្ធិភាព និងតម្លាភាព ក្នុងការផ្តល់សេវាជូនអ្នកបង់ពន្ធឱ្យកាន់តែងាយស្រួល និង​ប្រសើរ​ឡើង។​ ឯកឧត្តម គង់ វិបុល បានបញ្ជាក់ថា ការកែទម្រង់រដ្ឋបាលសារពើពន្ធ ទាំងពីរនេះ គឺ​ តាមរយៈ​ការ​ធ្វើ​ទំនើប​កម្ម​នៃរដ្ឋបាលសារពើពន្ធកម្ពុជា ជាពិសេសការធ្វើបរិវត្តកម្ម និងទំនើបកម្មផ្នែក​បច្ចេក​វិទ្យា​ព័ត៌មាន​ឌីជីថល ដែលបានប្រែក្លាយពីការបំពេញភារកិច្ចការងារដោយដៃ (Manual) ទាំង​ស្រុង​មក​ធ្វើតាមប្រព័ន្ធឌីជីថលស្ទើរតែទាំងស្រុងវិញ។ ឯកឧត្តម បន្តថា ការកែទម្រង់ការគ្រប់គ្រងធនធានមនុស្ស ក៏ជាមុខព្រួញមួយដ៏សំខាន់ ក្នុង​ការ​ពង្រឹង​ចំណេះ​ដឹង របស់មន្ត្រី និងការពង្រឹងក្រមសីលធម៌ ព្រមទាំង ពង្រឹងគុណភាពនៃការ​ផ្តល់​សេវា​ពន្ធ​ដារ​នានាជូន អ្នកជាប់ពន្ធឱ្យបានកាន់តែប្រសើរឡើង និងមានប្រសិទ្ធភាពខ្ពស់, ការ​បង្កើត​អង្គភាពសវនកម្មពន្ធដារពិសេស ចំណុះអគ្គនាយកដ្ឋានពន្ធដារ ស្រប​តាម​អនុសាសន៍​ដ៏​ខ្ពង់​ខ្ពស់​របស់សម្តេចធិបតី នាយករដ្ឋមន្ត្រី ដើម្បីគាំទ្រនិងជាយន្តការពន្លឿនការងារសវនកម្ម ពន្ធដារ​ជូន​ដល់​អ្នកជាប់ពន្ធដែលមានអនុលោមភាពខ្ពស់។ ទន្ទឹមគ្នានេះ ការកែទម្រង់​នីតិ​វិធី​នៃ​កា​រ​អនុវត្ត​ការ​ងារ​ដោយ​បានរៀបចំនូវនិយាមនីតិវិធីប្រតិបត្តិ ការងារ (SOP) នូវរាល់គ្រប់មុខងារ​ស្នូល​ក្នុង​ការ​បម្រើ​សេវា​អ្នកជាប់ពន្ធនានា។ ឯកឧត្តម បានអះអាងថា ផ្អែកតាមលទ្ធផលនៃកំណែទម្រង់ដូចបានរៀបរាប់ខាងលើ ជាលទ្ធ​ផល​គឺ​ សម្រេចបានជោគ​ជ័យ ក្នុងការប្រមូលចំណូលពន្ធផ្ទៃក្នុងជាបន្តបន្ទាប់ ដែលមាន​ការ​កើន​ឡើង​ដល់​កម្រិត​ខ្ពស់ និងបានក្លាយជា​អង្គភាព​ប្រមូល​ចំណូល​ខ្ពស់​ជាង​គេ​ក្នុង​ចំណោម​អង្គ​ភាព​ប្រមូល​ចំណូល​នានា។​ ការប្រមូលចំណូលដោយជោគជ័យនេះ គឺជាសមិទ្ធផលនៃការកែទម្រង់របស់ រដ្ឋបាល​សារពើពន្ធកម្ពុជា ដើម្បីប្រមូលពន្ធឱ្យអស់សក្តានុពល និងប្រកបដោយតម្លាភាព បើទោះ​បី​ជា​ស្ថិតក្នុងបរិការណ៍ដែលមិនមានការបង្កើតប្រភេទពន្ធថ្មី, មិនដំឡើងអត្រាពន្ធ និងអាករ និង​មាន​ការ​បន្តការផ្តល់ការលើកទឹកចិត្តពន្ធដារជាច្រើនជាបន្តបន្ទាប់ក៏ដោយ។ បើតាម ឯកឧត្តម គង់ វិបុល ការកែទម្រង់​រដ្ឋបាល​សារ​ពើពន្ធ​ដោយ​ជោគជ័យ​បាន​ធ្វើ​ឱ្យ​លទ្ធ​ផល​នៃ​ការ​ប្រមូល​ចំណូលពន្ធមានភាពល្អប្រសើរ អាចឆ្លើយតបបានគ្រប់​គ្រាន់​នឹង​តម្រូវ​ការ​ហិរញ្ញ​វត្ថុ​សាធារណៈ​។ លើសពីនេះការប្រមូលចំណូលបានលើសផែនការនាពេលកន្លងមកក៏ផ្តល់លទ្ធភាពដល់រាជរដ្ឋាភិបាល​ បំពេញបន្ថែមនូវកញ្ចប់ថវិកាសន្សំ ដើម្បីអភិវឌ្ឍ និងអនុវត្ត​គោល​នយោបាយ​នានា​បន្ថែម​ទៀត​ ជាពិសេសការចាត់វិធានការដោះស្រាយដើម្បីឆ្លើយតបយ៉ាងសមស្រប និងទាន់​ពេល​វេលា​ជា​មួយ​នឹង​វិបត្តិនៃការរីករាលដាលនៃជំងឺកូវីដ-១៩ និងវិធានការអន្តរាគម​ន៍​ចាំបា​ច់​នានា​កន្ល​ង​មក​៕ ​អត្ថបទ៖ ធូ វិរៈ

ការប្រមូលចំណូលពន្ធដារបានកើនពី ៧៣៨ ដល់ ៣ ៥៧៧ លានដុល្លារអាមេរិក ក្នុង​រយៈពេល​១៣​ឆ្នាំ​ចុងក្រោយ

2026/05/21 02:38:32 pm        1115
ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងក្នុងវិធីសម្ពោធអគារទីស្នាក់ការកណ្តាលនៃអគ្គនាយកដ្ឋានពន្ធដារថ្មី នៅព្រឹកថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២៦នេះថា ក្នុងរយៈពេល ១៣ឆ្នាំចុងក្រោយ ការប្រមូលចំណូលពន្ធដារ បានកើនឡើងជិត៤ដង ពីប្រមាណ ៧៣៨ លានដុល្លារអាមេរិកក្នុងឆ្នាំ២០១២ ដល់ ៣ ៥៧៧ លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៥ ទោះបីកម្ពុជា​ប្រឈមនឹង​សត្រូវ​ឈ្លានពាន វិបត្តិប្រេង និងវិបត្តិសកលក្ដី។ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងទៀត ជាក់ស្ដែងចំណូលដែលត្រូវបានប្រមូលដោយអគ្គនាយកដ្ឋានពន្ធដារ បានកើនគួរឱ្យគត់សម្គាល់ ពីចំនួនត្រឹមតែប្រមាណ ៧៣៨ លានដុល្លារអាមេរិកក្នុងឆ្នាំ២០១២ កើនដល់ ៣៥៧៧ លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៥ កន្លងទៅ ពោលគឺមានកំណើនជិត ៤ដង ក្នុងរយៈពេល ១៣ឆ្នាំចុងក្រោយនេះ។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានឱ្យដឹងទៀតថា ក្នុងរយៈពេលជាងមួយទសវត្សរ៍នេះអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចបាននូវសមិទ្ធផលចម្បងជាច្រើន ជាអាទិ៍ ការធ្វើទំនើបកម្មកម្មវិធី និងប្រព័ន្ធបច្ចេកវិទ្យាឌីជីថលជាច្រើន តាមរយៈការធ្វើសមាហរណកម្ម និងសន្ធានកម្មប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានឱ្យបានពេញលេញជា ប្រព័ន្ធអេកូឡូស៊ីឌីជីថលមួយ ដើម្បីបង្កលក្ខណៈងាយស្រួល និងផ្តល់សេវាកាន់តែ ប្រសើរជូនអ្នកជាប់ពន្ធក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធ និងការពង្រឹងអភិបាលកិច្ច និងការអភិវឌ្ឍមូលធនមនុស្ស តាមរយៈការវិភាគមុខងារ អង្គភាពក្រោមឱវាទ, ការកែសម្រួលរចនាសម្ព័ន្ធការងារក្នុងករណីចាំបាច់, ការពង្រីក ចំណេះដឹង និងការជំរុញអនុវត្តនូវក្រមប្រតិបត្តិវិជ្ជាជីវៈរបស់មន្ត្រី។ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ បានបញ្ជាក់ថា ក្រោមដំបូល នៃសន្តិភាព និងស្ថិរភាពនយោបាយកម្ពុជាបានសម្រេចនូវការអភិវឌ្ឍ និងបន្តរក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុសាធារណៈ។ កត្តាទាំងនេះបានក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំដែលផ្តល់លទ្ធភាពឱ្យមានការរីកចម្រើននៃវិស័យពន្ធដារ និងភាពជោគ​​​ជ័យនៃការប្រមូលចំណូលបើទោះបីជាការប្រមូល គឺក្នុងក្របខណ្ឌ “មិនបង្កើតប្រភេទពន្ធថ្មី និងមិនដំឡើងអត្រាពន្ធ និងអាករ” ក៏ដោយ។បើតាមឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន តាមរយៈលទ្ធផលប្រមូលពន្ធបានល្អប្រសើររាជរដ្ឋាភិបាលមានលទ្ធភាពសន្សំនូវថវិកាដើម្បីជាទុន ក្នុងការដោះស្រាយបញ្ហាប្រឈមនានាក្នុងគ្រប់កាលៈទេសៈលំបាកទាំងឡាយកន្លងមក រួមទាំងវិបត្តិនៃជំងឺកូវីដ-១៩ ជាសកល និងភាពមិនប្រាកដប្រជាខ្ពស់នៃវិបត្តិសកលនានាព្រមទាំងបានផ្តល់លទ្ធភាពឱ្យសេដ្ឋកិច្ចកម្ពុជាស្ទុះងើបឡើងវិញបានយ៉ាងរហ័ស និងប្រកប ដោយភាពធន់។សូមបញ្ជាក់ថា តាមរយៈកំណើនសេដ្ឋកិច្ចដ៏រឹងមាំប្រកបដោយចីរភាព និងការប្រមូលចំណូលប្រកបដោយ ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពរបស់កម្ពុជា ពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការផ្តល់លទ្ធភាពជូនដល់រាជរដ្ឋាភិបាល ក្នុងការបង្កើនការវិនិយោគសាធារណៈលើហេដ្ឋារចនាសម្ព័ន្ធគ្រប់ប្រភេទ ដូចជាផ្លូវថ្នល់ ស្ពាន សាលារៀន មន្ទីរពេទ្យ ប្រព័ន្ធធារាសាស្ត្រ ប្រព័ន្ធទឹកស្អាត បណ្តាញអគ្គិសនី ។ល។ និងក្នុងការដំឡើងប្រាក់បៀវត្ស ប្រាក់បំណាច់មុខងារ និងរបបសន្តិសុខសង្គម ជូនមន្ត្រីរាជការ ស៊ីវិល កងកម្លាំងប្រដាប់អាវុធ និវត្តជន និងមន្ត្រីបុគ្គលិកគ្រប់ប្រភេទ ទន្ទឹមនឹងការបង្កើន ប្រាក់សោធនប្រចាំខែសម្រាប់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជនផងដែរ៕ អត្ថបទ៖ ធូ វិរៈ 

ឧត្តមមន្ត្រីអាស៊ានរបស់កម្ពុជា ចូលរួមកិច្ចប្រជុំឧត្ដមមន្ត្រីអាស៊ាន-ចិន លើកទី៣២ នៅក្រុងគូឡាឡាំពួ

2026/05/21 02:35:50 pm        340
នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការ និងជាឧត្តមមន្ត្រីអាស៊ានរបស់កម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំឧត្ដមមន្ត្រីអាស៊ាន-ចិន លើកទី៣២ នៅក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។កិច្ចប្រជុំបានស្វាគមន៍ខួបអនុស្សាវរីយ៍លើកទី៥ នៃភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន និងបានពិនិត្យឡើងវិញនូវវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពអាស៊ាន-ចិន (PoA) ឆ្នាំ២០២៦-២០៣០។កិច្ចប្រជុំក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការពង្រឹងបន្ថែមទៀតនូវកិច្ចសហការ ជាពិសេសក្នុងវិស័យដែលកំពុងលេចធ្លោសំខាន់ៗ ដូចជា បញ្ញាសិប្បនិម្មិត សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង និងសន្តិសុខស្បៀង និងថាមពល និងបានពិភាក្សាអំពីឱកាសថ្មីៗសម្រាប់ការអភិវឌ្ឍដែលជំរុញដោយនវានុវត្តន៍។

អ្នកជំនាញ៖ ការជំរុញអភិវឌ្ឍកំពង់ផែ នឹងលើកកម្ពស់ការធ្វើពាណិជ្ជកម្ម នឹងឈាន​ទៅ​សម្រេច​ឆ្នាំ​២០៣០

2026/05/21 02:25:07 pm        784
អ្នកជំនាញក្នុងវិស័យដឹកជញ្ជូន មើលឃើញថា ការជំរុញអភិវឌ្ឍន៍ផែទឹកជ្រៅ និង​ចំណត​ផែរ​ណប​នៅ​ក្នុង​ស្រុក​ នៃកំពង់ផែធំៗទាំងពីរ របស់កម្ពុជា គឺជាការចូលរួម​លើក​កម្ពស់​ជំរុញ​ដល់ការ​ធ្វើ​ពាណិជ្ជ​កម្ម​ឱ្យកាន់តែខ្លាំងក្លាថែមទៀត ជាពិសេសការឈានទៅសម្រេចចក្ខុ វិស័យរបស់​រាជ​រដ្ឋាភិបាល​ឆ្នាំ​២០៣០។លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន ខ្សែច្រវាក់ផ្គត់ផ្គង់ និង​ភ្នាក់​ងារ​ជើង​សា​នៅ​កម្ពុជា លើកឡើងក្នុងកិច្ច សម្ភាសន៍ជាមួយ BTV ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក និង​គម្រោង​អភិឌ្ឍន៍​កំពង់ផែនៅព្រះរាជាណាចក្រកម្ពុជា នេះថា កម្ពុជាមានការ ដឹកជញ្ជូន៣ប្រភេទរួមមាន ការ​ដឹកជញ្ជូនតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក ក្នុងនោះ​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវ​ពិត​ជា​មាន​សារៈ​សំខាន់​ណាស់ អាចដឹកជញ្ជូនបានច្រើន និងបានឆ្ងាយ និងមានតម្លៃសមរម្យផងដែរ បច្ចុប្បន្ន​ការ​ដឹក​ជញ្ជូន​ប្រភេទបាននិងកំពុងគាំទ្រដល់ ប្រតិបត្តិការនាំចេញ-ចូលរបស់កម្ពុជា។ លោក បន្តថា ជាក់ស្តែងការអភិវឌ្ឍកំពង់ផែនេះ ក្នុងនោះកំពង់ផែស្វយ័តក្រុងព្រះសីហនុ បាន​និង​កំពុង​ពង្រីក​គម្រោងសាង សង់ទៅតាមជំហាននីមួយៗមាន៣ដំណាក់កាល ដែលគម្រោង​ទាំង​នោះ​បន្ទាប់​ពីសាងសង់រួចរាល់ នឹងអាចមានសមត្ថភាពទទួលបាន កុងតឺន័រឆ្លងកាត់កាន់តែច្រើន នឹង​អាចទទួលកងនាវាទូទាំងពិភពលោកចូលចតបានផងដែរ។ ចំណែកកំពង់ផែស្វយ័តភ្នំពេញ ក៏​បាន​កំពុងពង្រីកសមត្ថភាពរបស់ខ្លួន លើគម្រោងអភិវឌ្ឍន៍កំពង់ផែកុងងតឺន័រ ចំណត​ផែរ​ណប​ពហុ​បំ​ណង គម្រោងបង្កើតផែស្ងួត និង តំបន់សេដ្ឋកិច្ចជាដើម ដែលគម្រោង​ទាំងនេះ​សុទ្ធ​តែ​ជួយ​ជ្រោម​ជ្រែង​ដល់ការដឹកជញ្ជូន ការចូលរួមលើកកម្ពស់ដល់ការធ្វើពាណិជ្ជកម្ម ការគាំទ្រដល់​នាំ​ចេញ​របស់​កម្ពុជាកាន់តែខ្លាំងក្លា ជាពិសេសគឺ​ការ​ឈាន​ទៅ​សម្រេច​ចក្ខុ​វិស័យ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត ខ្ពស់ត្រឹមឆ្នាំ២០៣០។  ជុំវិញ​គម្រោងពង្រីកកំពង់ផែនេះ ក្នុងនោះចំពោះគម្រោងរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ, ឯកឧត្តម លូ គឹមឈន់ ប្រធាន អគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ លើកឡើងថ្មីៗនេះថា បច្ចុប្បន្ន​កំពង់ផែបានកំពុងបង្កើនសមត្ថភាពទៅតាមដំណាក់កាល ក្នុងនោះសម្រាប់​ដំណាក់​កាល​ទី​១ ​នៅក្នុងឆ្នាំ២០២៦នេះ, គឺការសាងសង់ចំណតមានជម្រៅទឹក ១៤,៥ ម៉ែត្រ អាចឱ្យ​កប៉ាល់​ដឹក​បា​ន (៤ពាន់ ទៅ ៥ពាន់ TEU)។ ដំណាក់កាលទី២ គ្រោងនឹងចប់នៅឆ្នាំ២០២៨, មាន​ជម្រៅ ​១៦,៥ ម៉ែត្រ មានសមត្ថភាពកប៉ាល់ ផ្ទុកបាន ១២ ម៉ឺន DWT ស្មើ ១ ម៉ឺន TEU។ ដោយ​ឡែក​ដំណាក់កាលទី៣ គឺគម្រោងសាងសង់កំពង់ជម្រៅទឹក ១៧,៥ ម៉ែត្រ អាចឱ្យ កប៉ាល់​ផ្ទុក​ដល់ ​១៦ ម៉ឺន DWT ត្រូវប្រមាណ ១,៥ ម៉ឺន TEU ក្នុងនោះបន្ទាប់ពីដាក់ឱ្យដំណើរការ នឹង​អាច​ឱ្យ​កង​នាវាស្ទើរតែទូទាំង ពិភពលោកចូលចតបាន នឹងអាចមានកុង​តឺន័រ​ឆ្លង​កាត់​សរុប​ដល់​ប្រមាណ ​២,៦ លាន TEU។ ចំណែកកំពង់ផែស្វយ័តភ្នំពេញវិញ ក្នុងឆ្នាំ២០២៦នេះ រំពឹងថា នឹងទទួល​បាន​បរិមាណ​កុង​តឺន័រ​ឆ្លង​កាត់​ក្នុងរង្វង់ប្រមាណ ៦៦ ម៉ឺន TEU ខណៈនៅឆ្នាំ២០២៥ ទទួលបានត្រឹម ៦០ម៉ឺន TEU។ ចំណែក​នៅឆ្នាំ២០៣០ កំពង់ផែស្វយ័តភ្នំពេញ នឹងអាចទទួល បានកុងតឺន័រឆ្លងកាត់ជិត ១ លាន TEU ក្នុងនោះសម្រាប់គម្រោងកំពង់ផែមួយនេះ ក៏បានកំពុងពង្រីកចំណតផែរណបពហុបំណង និង​គ្រោង​អភិវឌ្ឍន៍ផែថ្មីផ្សេងៗទៀត និងគម្រោងបង្កើតផែស្ងួត រួមជាមួយគម្រោង​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ជាដើម៕ អត្ថបទ៖ សុន រ៉ាឌី

ជប៉ុនស្រូបយកទំនិញកម្ពុជា មានទឹកជាង ៦១៤ លានដុល្លារ ឈក្នុងលំដាប់ទី៣ នៃ​ការ​នាំ​ចេញ​ទំនិញក​ម្ពុជា

2026/05/21 02:14:45 pm        1371
កម្ពុជាបាននាំចេញទំនិញសំខាន់ៗទៅកាន់ទីផ្សារជប៉ុន នៅក្នុងរយៈពេល ៤ខែ ឆ្នាំ២០២៦ មាន​ទឹក​ប្រាក់សុរបជាង ៦១៤ លាន ដុល្លារអាមេរិក កើនឡើងជាង ១៧ ភាគរយ ធៀបរយៈ​ពេល​ដូច​គ្នា​និង​ឆ្នាំមុន ដោយទីផ្សារមួយនេះឈរក្នុងលំដាប់ទី៣ ជួយជ្រោមជ្រែង ដល់ការនាំចេ​ញ​ទំនិញ​របស់​កម្ពុជា។  ជុំវិញការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ជប៉ុន ឃើញថា នៅក្នុងរយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ការផ្លាស់ប្តូរពាណិជ្ជកម្ម នៃប្រទេសទាំងពីរ បានកើនឡើងជាបន្តបន្ទាប់ និងមាន​សមតុល្យ​ពាណិជ្ជ​កម្ម​ប្រហាក់ប្រហែលគ្នា ដោយទីផ្សារប្រទេសជប៉ុនបានកំពុង គាំទ្រដល់ការ​នាំ​ចេញ​របស់​កម្ពុជា ​ឈក្នុងលំដាប់ទី៣ បន្ទាប់ពីការនំាចេញទៅសហរដ្ឋអាមេរិក និងទីផ្សារនៃ​ប្រទេស​វៀតណាម​។ ជាក់ស្តែងនៅក្នុងរយៈពេល ៤ខែ ឆ្នាំ២០២៦នេះ, បើ​យោង​តាម​រយបា​យការណ៍រ​បស់​អគ្គ​នាយក​ដ្ឋាន​គយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញឱ្យឃើញថា ការធ្វើ​ពាណិជ្ជ​កម្ម​ទ្វេរភាគីរវាងកម្ពុជា-ជប៉ុន មានទំហំទឹកប្រាក់សរុបជិត ១ ពាន់លានដុល្លារអាមេរិក កើន​ឡើងជាង ១៦ ភាគរយ ក្នុងនោះកម្ពុជាបាននាំចេញទំនិញទៅទីផ្សារជប៉ុន មានទឹក​ប្រាក់​ជាង ៦១៤ លានដុល្លារអាមេរិក កើនជាង ១៧ ភាគរយ ខណៈការ​នាំ​ចូល​ទំនិញ​ពី​ប្រទេស​ជប៉ុន​មក​កម្ពុជា មានទឹកប្រាក់ជាង ៣៥២ លានដុល្លារ អាមេរិក កើន ១៤ ភាគរយ បើធៀបរ​យៈ​ពេល​ដូច​គ្នា​និង​ឆ្នាំ២០២៥។ ជុំវិញការធ្វើពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ជប៉ុននេះ, នៅដើមឆ្នាំ២០២៦ កន្លងមក ប្រទេស​ទាំង​ពីរ​ក៏បានប្រកាសដាក់ឱ្យ ដំណើរក្រុមសហបង្កើតធុរកិច្ច (BCT) ដើម្បីជំរុញឱ្យក្រុមហ៊ុនជប៉ុន ទាំង​ក្រុមហ៊ុនដែលកំពុងប្រតិបត្តិការនៅកម្ពុជា និងក្រុមហ៊ុនដែល កំពុងពិចារណាវិនិយោគ ទទួល​បាននូវព័ត៌មានកាន់តែទូលំទូលាយ និងដំណោះស្រាយតែមួយកន្លែង ​ដើម្បីលើកកម្ពស់​ដល់ការ វិនិយោគនៅកម្ពុជា​។ ទីផ្សារជប៉ុនគាំទ្រដល់ការនាំចេញទំនិញសំខាន់ៗរបស់កម្ពុជារួមមាន៖ សម្លៀកបំពាក់, វាយ​ន​ភណ្ឌ,​ ស្បែកជើង, សម្ភារៈធ្វើ ដំណើរ, គ្រឿងអេឡិចត្រូនិចនិងគ្រឿងបំណែក, ខ្សែភ្លើង​​និង​គ្រឿង​បង្គុំ​ខ្សែភ្លើ​ង និងគ្រឿងបន្លាស់រថយន្តជាដើម ។ ចំណែកការនាំចូល ពីជប៉ុនរួមមាន៖ ប្រេងម៉ាស៊ូត និង​ប្រេងរំអិល, វាយនភណ្ឌ, សម្ភារៈសំណង់ និងដែកថែម, រថយន្ត និងគ្រឿង​បន្លាស់​រថយន្ត​ជា​ដើ​ម​៕ ​អត្ថបទ៖ សុន រ៉ាឌី

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជា ពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគី

2026/05/21 01:51:26 pm        95
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម គ្រីស្ទៀន ដេសរ៉ូច (Christian DesRoches) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសកាណាដាប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បី ពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគី ព្រមទាំងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរវាងប្រទេសទាំងពីរ ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យមុខងារសាធារណៈ។ក្នុងឱកាសកិច្ចប្រជុំនេះ ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងថា ឯកឧត្តម និងឯកឧត្តម គ្រីស្ទៀន ដេសរ៉ូច បានជួបពិភាក្សា និងផ្លាស់ប្តូរយោបល់ត្រង់ទៅត្រង់មក លើការពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគី ព្រមទាំងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរវាងប្រទេសទាំងពីរ។ក្នុងជំនួបនេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្ដី និងឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានចែករំលែកបទពិសោធទៅវិញទៅមកក្នុងវិស័យរដ្ឋបាលសាធារណៈ ជាពិសេសពាក់ព័ន្ធនឹងការកែទម្រង់ដ៏មុតស្រួចរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ ព្រមទាំងបានពិគ្រោះយោបល់ការជំរុញការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ដើម្បីបន្តពង្រឹងចំណងមិត្តភាព និងទំនាក់ទំនងរវាងប្រទេសទាំងពីរ ឱ្យកាន់តែជិតស្និទ្ធ។ក្នុងឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្ដី ហ៊ុន ម៉ានី បាន ជូនពរ ឯកឧត្តមឯកអគ្គរដ្ឋទូត ទទួលបានជោគជ័យក្នុងបេសកកម្មការទូតប្រចាំព្រះរាជាណាចក្រកម្ពុជា ហើយខ្ញុំជឿជាក់ថា ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-កាណាដា នឹងបន្តរីកចម្រើន និងឈានទៅកាន់កម្រិតថ្មីបន្ថែមទៀតនាពេលអនាគត៕

ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ចុះពិនិត្យការធ្វើជំរឿនមន្ដ្រីជាក់ស្ដែង នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

2026/05/21 01:45:19 pm        116
ឆ្លៀតពីការងារប្រចាំថ្ងៃ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការជំរឿនមន្ត្រីជាក់ស្តែង បានចុះពិនិត្យដោយផ្ទាល់ក្នុងដំណើរការនៃការជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធរបស់អង្គភាពចំណុះ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបង្ហាញពីការយកចិត្តទុកដាក់ ក្នុងការតាមដានការជំរឿនមន្ត្រីនាពេលនេះ។ កន្លងមក ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ធ្លាប់បានលើកឡើងពីគោលបំណងនៃការធ្វើជំរឿនមន្ត្រីរាជការ គឺដើម្បីដឹងច្បាស់ពីទិន្នន័យរបស់មន្ត្រីរាជការ ដែលកំពុងបម្រើការងារពិតប្រាកដ។ ការជំរឿនមន្ត្រី គឺជាការធ្វើបច្ចុប្បន្នភាពទិន្នន័យមន្ត្រី ដោយមិនសំដៅដល់ការសើរើព័ត៌មានមន្ត្រី ឬជាការវះកាត់ណាមួយនោះទេ។ គោលដៅនៃការធ្វើជំរឿននេះ គឹដើម្បីទទួលបានទិន្នន័យច្បាស់លាស់ ឯកភាពគ្នា និងប្រើប្រាស់បានរួមគ្នា។ តាមការគ្រោងទុក គណៈកម្មការជំរឿន ចុះធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយធ្វើការពិនិត្យផ្ទៀងផ្ទាត់រចនាសម្ព័ន្ធ និងវត្តមានមន្ត្រីដែលបាន និងកំពុងបំពេញការងារជាក់ស្តែងរបស់អង្គភាពចំណុះទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រយៈពេល ២ថ្ងៃពេញ គឺថ្ងៃទី២០ និងទី២១ ខែឧសភា ឆ្នាំ២០២៦។ គួររម្លឹកដែរថា ក្នុងសន្និបាតប្រចាំឆ្នាំរបស់ក្រសួងមុខងារសាធារណៈ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានណែនាំឱ្យក្រសួងនីមួយៗ ធ្វើស្ថិតិមន្ត្រីរបស់ខ្លួនឱ្យបានច្បាស់។ ក្នុងនោះ សម្តេចក៏បានណែនាំ ក្រសួងមុខងារសាធារណៈ ត្រូវដឹកនាំសម្របសម្រួលជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធនៅថ្នាក់ជាតិ ដើម្បីអនុវត្តយុទ្ធនាការបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងការជំរឿនមន្ត្រីជាក់ស្ដែងនៅតាមរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន ដើម្បីកំណត់ឱ្យបានជាក់លាក់នូវព័ត៌មាន និងទិន្នន័យគ្រប់ជ្រុងជ្រោយ ប្រកបដោយគុណភាព ដើម្បីគាំទ្រដល់ការអនុវត្តវិធានការកែលម្អក្រសួង-ស្ថាប័ន ក្នុងការគ្រប់គ្រង និងប្រើប្រាស់ធនធានមនុស្ស ហរិញ្ញវត្ថុ និងការ បំពេញមុខងារកាន់តែមានប្រសិទ្ធភាពខ្ពស់៕

សម្តេចតេជោរំលឹកថាសល់ ៨ថ្ងៃទៀតជាខួប១ឆ្នាំ ដែលវីរៈយុទ្ធជន សួន រោន ត្រូវទាហានថៃបាញ់សម្លាប់ នៅតំបន់មុំបីដែលនេះជាដើមហេតុនាំឱ្យមានការផ្ទុះអាវុធជាបន្តបន្ទាប់

2026/05/21 01:38:33 pm        212
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានផ្ញើសារតាមរយៈអ្នកនាំពាក្យរបស់សម្តេច រំលឹកជនរួមជាតិថា សល់តែ៨ថ្ងៃទៀតប៉ុណ្ណោះ នឹងដល់ខួប១ឆ្នាំ នៃការចងចាំរបស់ខ្មែរ ដែលវីរៈយុទ្ធជនកម្ពុជា ព្រឹន្ទបាលឯក សួន រោន ត្រូវបានទាហានថៃបាញ់សម្លាប់ នៅតំបន់មុំបី ដែលការបាញ់សម្លាប់នេះ នាំឱ្យមានការផ្ទុះអាវុធបន្តបន្ទាប់កន្លងមក។សាររំឭករបស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានប្រកាសជាសាធារណៈដោយ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា និងជាអ្នកនាំពាក្យសម្តេចតេជោ ក្នុងសន្និសីទសារព័ត៌មាន ស្តីពី «លទ្ធផលនៃកិច្ចប្រជុំប្រធានគណបក្សនយោបាយក្នុងសម្ព័ន្ធភាព» នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦នេះ។ ឯកឧត្តមអ្នកនាំពាក្យបានលើកលើងថា សម្ដេចតេជោ ហ៊ុន សែន ប្រមុខគណបក្សកាន់អំណាចបានរំលេចដល់ជនរួមជាតិថា នៅសល់តែ៨ថ្ងៃទៀតប៉ុណ្ណោះ ជាថ្ងៃនៃការចងចាំដែលវីរៈយោធារបស់យើងគឺ លោកព្រឹន្ទបាលឯក សួន រោន ត្រូវបានទាហានថៃបាញ់សម្លាប់ នៅថ្ងៃទី២៨ ខែឧសភា ដែលការបាញ់សម្លាប់នៅតំបន់មុំបីនេះឯង ទើបមានការផ្ទុះអាវុធបន្តបន្ទាប់កន្លងមក ដែលថ្ងៃនោះជាថ្ងៃនៃការចងចាំនៃការឈ្លានពាន និងរំលោភបំពានរបស់ថៃមកលើអធិបតេយ្យភាពរបស់កម្ពុជាដោយខុសច្បាប់ ដែលប្រជាជនខ្មែរត្រូវតែចងចាំ។សូមបញ្ជាក់ថា ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ជាហេតុការណ៍ប៉ះទង្គិចគ្នាមួយរយៈពេលខ្លីរវាងកងទ័ពកម្ពុជា-ថៃ នៅព្រំដែនតំបន់មុំបី ស្ថិតនៅខេត្តព្រះវិហារ។ ការប៉ះទង្គិចរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ ដែលបានកើតឡើងនៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយកងទ័ពថៃបានធ្វើការបាញ់ប្រហារមុនមកលើលេណដ្ឋាន ដែលជាទីតាំងឈរជើងរបស់កងទ័ពកម្ពុជា ជាយូរលង់ណាស់មកហើយ បណ្តាលឱ្យបាត់បង់ជីវិតកងទ័ពកម្ពុជាម្នាក់ គឺវីរៈយោធិនកម្ពុជាឈ្មោះ ព្រឹន្ទបាលឯក សួន រោន អាយុ ៤៨ឆ្នាំ មានទីលំនៅក្នុងភូមិកំពេញ ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ្នកវិភាគ៖ លោក Kim Jong Un អាចនឹងប្រើប្រាស់ដំណើរទស្សនកិច្ចរបស់លោក Xi ដើម្បីបង្ហាញកម្លាំងកូរ៉េខាងជើង
06/05/2026 10:06 PM
កម្ពុជាប្រារព្ធពិធីអបអរសាទរទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ឆ្នាំ២០២៦ ក្រោមប្រធានបទ “សំណល់សូន្យ”
06/05/2026 09:06 PM
មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ ចាត់ទុកការថែទាំផ្លូវជារឿងចាំបាច់ សម្រួលការធ្វើដំណើរ និងការប្រកបមុខរបរផ្សេងៗ
06/05/2026 09:06 PM
ស្នងការដឹកជញ្ជូនសហភាពអឺរ៉ុប៖ EU ពុំមើលឃើញកង្វះខាតប្រេងយន្តហោះនោះទេខណៈតម្លៃប្រេងហក់ឡើងខ្ពស់
06/05/2026 08:06 PM
លោក Putinនិយាយថា រុស្ស៊ីបានទាក់ទងអាមេរិកពាក់ព័ន្ធនឹងបញ្ហាវិបត្តិនៅប្រទេសគុយបា
06/05/2026 08:06 PM
អ្នកថែសន្តិភាព UNម្នាក់ ស្លាប់ និង ២នាក់ រងរបួស អំឡុងការផ្លោងគ្រាប់កាំភ្លើងត្បាល់នៅលីបង់
06/05/2026 08:06 PM
អាហ្វ្រិកខាងត្បូងបញ្ជូនបេ្រសិតទៅកាន់អាហ្វ្រិក និងទ្វីបផ្សេងទៀត ក្រោយការវាយប្រហាររើសអើងជនបរទេស
06/05/2026 08:06 PM
ក្រុមមេដឹកនាំជួបជុំគ្នា មុនកិច្ចប្រជុំកំពូល សហភាពអឺរ៉ុប-តំបន់បាល់កង់ខាងលិច នៅប្រទេសម៉ុនតេណេហ្គ្រូ
06/05/2026 08:06 PM
អាមេរិកបង្កើនសម្ពាធលើគុយបា ខណៈពួកគេដាក់ទណ្ឌកម្មលោកប្រធានាធិបតី Diaz-Canel
06/05/2026 08:06 PM
រដ្ឋមន្រ្តីការពារជាតិអាមេរិកចាត់ទុកបាតុកម្មនៅបូលីវីថា ប្រៀបបាននឹងការផ្តួលរំលំរដ្ឋាភិបាល
06/05/2026 08:06 PM