ក្រុម AOT បន្តសង្កេតការណ៍ផ្ទាល់ស្ថានភាពព្រំដែននៅច្រកអានសេះ ជាទីតាំងត្រូវបានទទួលរងការវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ
អ្នកនាំពាក្យ៖ រាជរដ្ឋាភិបាលកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីការពារ​បូរណភាព​ទឹកដី​ទាំង​ព្រំដែន​គោក និងព្រំដែនសមុទ្រ ដោយសន្តិវិធីផ្អែកលើច្បាប់អន្តរជាតិ
ទណ្ឌិតជាក្មេងទំនើង ៧៩០នាក់ កំពុងអនុវត្តយ៉ាងសកម្មក្នុងការដាំដុះបន្លែ ចិញ្ចឹមសត្វ និងចាក់គម្របលេណដ្ឋាន បន្ទាប់ពីបញ្ជូនទៅមណ្ឌលអប់រំប្រែទី៤ និងពន្ធនាគារខេត្តឧត្តរមានជ័យ
កម្ពុជាស្នើដល់បណ្តាប្រទេសមេគង្គគួរពិចារណាសិក្សាអំពីការបង្កើតបណ្តាញសុចរិតភាពព័ត៌មានមេគង្គ

ព័ត៌មានជាតិ

កម្ពុជា និងរុស្ស៊ីបដិសេធជាថ្មីចំពោះសេចក្តីរាយការណ៍តាមប្រព័ន្ធផ្សព្វផ្សាយថៃ ដែលគ្មានមូលដ្ឋានចោទប្រកាន់ថា ពលរដ្ឋរុស្ស៊ីកំពុងបម្រើការជាទាហានស៊ីឈ្នួលនៅកម្ពុជា

2025/12/21 09:30:15 am        233
ភ្នំពេញ៖កម្ពុជា និងរុស្ស៊ីបានបដិសេធចំពោះសេចក្តីរាយការណ៍តាមប្រព័ន្ធផ្សព្វផ្សាយថៃដែលគ្មានមូលដ្ឋានចោទប្រកាន់ថា ពលរដ្ឋរុស្ស៊ីកំពុងបម្រើការជាទាហានស៊ីឈ្នួលនៅកម្ពុជា។ការប្រកាសបដិសេធជាថ្មីនេះធ្វើឡើងក្នុងឱកាស ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ទទួលជំនួបផ្លាស់ប្តូរយោបល់ស្តីអំពីការពង្រឹងទំនាក់ទំនងទ្វេភាគីកម្ពុជា-រុស្ស៊ី ជាមួយ ឯកឧត្តម Anatoly Borovik ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា ក្នុងអំឡុងពេលឯកឧត្តមឯកអគ្គរដ្ឋទូត ជួបសម្តែងការគួរសមនៅទីស្តីការក្រសួង កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥នេះ។ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាពប្រពៃណីយូរអង្វែងរវាងកម្ពុជា និងរុស្ស៊ី ដោយកត់សម្គាល់ពីខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរនៅឆ្នាំ២០២៦។ ភាគីទាំងពីរបានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ដើម្បីផលប្រយោជន៍ទៅវិញ ទៅមក។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនឯកអគ្គរដ្ឋទូត Anatoly Borovik អំពីស្ថានភាពធ្ងន់ធ្ងរ នៃជម្លោះកម្ពុជា-ថៃ និងបានថ្លែងអំណរគុណដល់ឯកឧត្តមឯកអគ្គរដ្ឋទូត ដែលបានចូលរួមរំលែកទុក្ខ ចំពោះការបាត់បង់ជីវិត និងការសម្តែងនូវសមានចិត្តអាណិតអាសូរចំពោះជនស៊ីវិលដែលរងផលប៉ះពាល់។ «ភាគីទាំងពីរមានក្តីបារម្ភដូចគ្នាលើផលប៉ះពាល់ធ្ងន់ធ្ងរនៃព័ត៌មានក្លែងក្លាយ និងព័ត៌មានមិនពិត និងបាន បដិសេធចំពោះសេចក្តីរាយការណ៍តាមប្រព័ន្ធផ្សព្វផ្សាយដែលគ្មានមូលដ្ឋាន ចោទប្រកាន់ថា ពលរដ្ឋរុស្ស៊ី កំពុងបម្រើការជាទាហានស៊ីឈ្នួលនៅកម្ពុជា»។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងការកោតសរសើរចំពោះឯកអគ្គរដ្ឋទូត Anatoly Borovik ដែលបានគាំទ្រដល់ការឈប់បាញ់ជាបន្ទាន់ និងការវិលត្រឡប់ទៅរកដំណោះស្រាយដោយសន្តិវិធី។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់ស្ថានទូតសហព័ន្ធរុស្ស៊ី ដែលបានចូលរួមចំណែកក្នុងកិច្ចខិតខំ ប្រឹងប្រែងផ្តល់ជំនួយសង្គ្រោះដល់ប្រជាជនភៀសសឹកជាច្រើនគ្រួសារ តាមរយៈកាកបាទក្រហមកម្ពុជា៕

សង្ខេបស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីកងកម្លាំងយោធាថៃបន្តការបាញ់ប្រហារ និងឈ្លានពានមកលើដែនអធិបតេយ្យកម្ពុជានៅទិសយោធភូមិភាគទី៣ យោធភូមិភាគទី៤ និងយោធភូមិភាគទី៥

2025/12/20 06:38:56 pm        471
សង្ខេបស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីកងកម្លាំងយោធាថៃបន្តការបាញ់ប្រហារ និងឈ្លានពានមកលើដែនអធិបតេយ្យកម្ពុជានៅទិសយោធភូមិភាគទី៣ យោធភូមិភាគទី៤ និងយោធភូមិភាគទី៥១. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៣ ក្នុងភូមិសាស្រ្តខេត្តកោះកុង ភាគីថៃបានបន្តការបាញ់ប្រហារមកលើកម្ពុជា៖ គិតចាប់ពីម៉ោង ១៨:៣០នាទីល្ងាច ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ម៉ោង ១៧:០០នាទីល្ងាច ថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០២៥- ម៉ោង ១៨:៣០នាទី រហូតដល់ម៉ោង ១៨:៥៥នាទី យោធាថៃបានបាញ់កាំភ្លើងធំចេញពីនាវាចម្បាំងធ្លាក់ចូលក្នុងទឹកប្រមាណ២០គ្រាប់ នៅភូមិសាស្ត្រក្រោយសណ្ឋាគារជាប់ច្រកព្រំដែនចាំយាម ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ គិតមកដល់ម៉ោងនេះស្ថានការណ៍បានត្រលប់មករកភាពស្ងប់ស្ងាត់វិញហើយ។២. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ភាគីថៃបានបន្តការបាញ់ប្រហារមកលើកម្ពុជា៖ គិតចាប់ពីម៉ោង ១៧:០០នាទីល្ងាច ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ម៉ោង ១៧:០០នាទីល្ងាច ថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០២៥ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥- ម៉ោង ១៩:៣០នាទី យោធាថៃបានប្រើប្រាស់កាំភ្លើងធំ រថក្រោះ អមដោយកម្លាំងថ្មើរជើងវាយ ប្រហារចូលភូមិសាស្ត្រភ្នំខ្មោច និងបុស្សុស្បូវ-ជាំតែ។ - ម៉ោង ២២:៥៨នាទី កងទ័ពអាកាសរបស់ថៃបានបន្តប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់ គ្រាប់បែកចំនួន ២គ្រាប់ ផ្តាច់ស្ពានអូរជីក ដែលជាហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងមានប្រជាជនស៊ីវិលរស់នៅ ស្ថិតក្នុងភូមិសាស្ត្ររវាងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ និងព្រំប្រទល់ស្រុកស្រីស្នំ ខេត្តសៀមរាប។ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥- ចាប់ពីម៉ោង ៤:០០នាទីទៀបភ្លឺ រហូតដល់ម៉ោង ៥:៣០នាទី យោធាថៃបន្តបាញ់ផ្លោងចូលភូមិសាស្ត្រប្រាសាទព្រះវិហារ។- ចាប់ពីម៉ោង ៤:០០នាទីទៀបភ្លឺ យោធាថៃបន្តបាញ់ផ្លោងចូលភូមិសាស្ត្រថ្មដូន។- គិតមកដល់ម៉ោងជិត ១៥:០០នាទី យោធាថៃបន្តការបាញ់ប្រហារ ដោយប្រើប្រាស់កាំភ្លើងធំ និងកាំភ្លើងយន្តបំពាក់លើរថក្រោះនៅភូមិសាស្ត្រភ្នំខ្មោច និងជាំតែ។ - ម៉ោង ១៦:០០នាទី យោធាថៃបានបាញ់កាំភ្លើង DK (១០៦) និងកាំភ្លើងធំចូលភូមិសាស្ត្រប្រាសាទព្រះវិហារ។ ចំពោះស្ថានការណ៍នៅក្នុងភូមិសាស្រ្តផ្សេងទៀតមានសភាពស្ងប់ស្ងាត់ ប៉ុន្តែកងកម្លាំងរបស់យើងបន្តតាម ដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច។៣. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ និងខេត្តពោធិ៍សាត់ ភាគីថៃបានបន្តបាញ់ប្រហារមកលើកម្ពុជា៖ គិតចាប់ពីម៉ោង ១៧:០០នាទីល្ងាច ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ម៉ោង ១៧:០០នាទីល្ងាច ថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០២៥ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥- ម៉ោង ១៩:១០នាទី យោធាថៃបានបាញ់ភ្លើងក្រហមលើភូមិសាស្រ្តភូមិព្រៃចាន់។ ម៉ោង ១៩:៥០នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្រ្តភូមិជោគជ័យ។ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥- ម៉ោង ១២:០៤នាទីរំលងអាធ្រាត្រ យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្រ្តបឹងត្រកួន។ - ម៉ោង ៤:០០នាទី យោធាថៃបន្តប្រើប្រាស់កាំភ្លើងធំ និងរថក្រោះបាញ់នៅភូមិសាស្ត្របឹងត្រកួន។ - ម៉ោង ៤:០២នាទី យោធាថៃបានបន្តបាញ់ផ្លោងចូលភូមិសាស្រ្តបឹងត្រកួន។ - ចាប់ពីម៉ោង ៥:៤៨នាទី រហូតដល់ម៉ោង ៦:៣៥នាទី យោធាថៃបានប្រើប្រាស់កាំភ្លើង៧៥ម.ម លើរថពាសដែកបាញ់បំបុកនៅភូមិសាស្ត្រអូរភ្លុកដំរី។ - ម៉ោង ៨:១៣នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្រភូមិព្រៃចាន់។ - ម៉ោង ៩:២០នាទី យោធាថៃបានប្រើប្រាស់ដ្រូនខ្នាតធំហោះរំលោភលើដែនអធិបតេយ្យរបស់កម្ពុជាចូលជ្រៅទៅក្នុងភូមិសាស្ត្រស្រុកវាលវែង ខេត្តពោធិ៍សាត់ រហូតដល់ជើងភ្នំ១៥០០។ - ចាប់ពីម៉ោង ៩:៣០នាទី ដល់ម៉ោង ១១:៣០នាទី យោធាថៃបានបន្តបាញ់កាំភ្លើងធំផ្លោងចូលភូមិសាស្ត្របឹងត្រកួន។ - ម៉ោង ១០:៣០នាទី យោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះរំលោភលើដែនអធិបតេយ្យរបស់កម្ពុជានៅភូមិសាស្ត្រឃុំថ្មដា។ - ចាប់ពីម៉ោង ១១:០១នាទី ដល់ម៉ោង ១១:១៦នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកចំនួន ៣គ្រាប់ មកលើទីតាំងអាគារពាណិជ្ជកម្មឯកជនរបស់ប្រជាជនស៊ីវិលមួយកន្លែងជាប់ច្រកព្រំដែនជ័យជំនះ។ - ម៉ោង ១១:០១នាទី ដល់ម៉ោង ១១:១៦នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកចំនួន ២គ្រាប់ ចូលទីតាំងសាលាបឋមសិក្សា ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ - ម៉ោង ១១:១៥នាទី យោធាថៃបានប្រើប្រាស់ដ្រូនខ្នាតធំហោះរំលោភលើដែនអធិបតេយ្យរបស់កម្ពុជានៅភូមិសាស្ត្រឃុំថ្មដា។ - ក្រោយទម្លាក់គ្រាប់បែកពីយន្តហោះចម្បាំង F-16 រួចមក នៅម៉ោង ១១:៤៦នាទី កម្លាំងថ្មើរជើងរបស់យោធាថៃ អមដោយរថពាសដែកប្រមាណ ៥គ្រឿង បានរំលោភឈ្លានពានចូលក្នុងដែនអធិបតេយ្យរបស់កម្ពុជាក្នុងភូមិសាស្ត្រច្រកជ័យជំនះ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។- ម៉ោង ១២:៣៨នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្រ្តបឹងត្រកួន។ - ម៉ោង ១៣:០៤នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្រ្តភូមិព្រៃចាន់។ - ម៉ោង ១៣:៤៣នាទី យោធាថៃបន្តបាញ់ផ្លោងចូលភូមិសាស្រ្តបឹងត្រកួន។ - ម៉ោង ១៤:១០នាទី យោធាថៃបានប្រើប្រាស់ដ្រូនទម្លាក់គ្រាប់ចូលភូមិសាស្ត្រច្រកជ័យជំនះ។ - ម៉ោង ១៤:១៥នាទី យោធាថៃបានបាញ់ផ្លោងកាំភ្លើងធំប្រភេទ ១៥៥ម.ម ចំនួន ២គ្រាប់ចូលភូមិសាស្ត្រស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ជាទីប្រជុំជនដែលប្រជាជនស៊ីវិលរស់នៅច្រើនកុះករ។ - ម៉ោង ១៥:៤២នាទី យោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះរំលោភចូលដែនអធិបតេយ្យរបស់កម្ពុជានៅខាងក្រោយភូមិសាស្រ្តភូមិជោគជ័យ។ - ម៉ោង ១៦:០០នាទី យោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះរំលោភចូលដែនអធិបតេយ្យរបស់កម្ពុជានៅខាងក្រោយភូមិសាស្រ្តបឹងត្រកួន។ - ម៉ោង ១៦:១១នាទី យោធាថៃបន្តបាញ់ផ្លោងចូលភូមិសាស្ត្របឹងត្រកួន។ គិតមកដល់ពេលនេះ កងកម្លាំងរបស់កម្ពុជាបាននឹងកំពុងបន្តទប់ស្កាត់ ប្រយុទ្ធប្រឆាំងនឹងការឈ្លានពានដោយប្រដាប់អាវុធរបស់យោធាថៃ។ សកម្មភាពរបស់យោធាថៃនេះ គឺជាការបញ្ជាក់យ៉ាងច្បាស់អំពីការឈ្លានពានយ៉ាងកំរោលមកលើដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា។ 

ឯកឧត្តមសាស្រ្តាចារ្យជំនួយ បុិច សុធី បានអញ្ជើញចុះពិនិត្យ ការបម្រើសេវាសុខាភិបាល នៅតាមមន្ទីរពេទ្យបង្អែកខេត្ត ស្រុក និងមណ្ឌលសុវត្ថិភាព ក្នុងខេត្តសៀមរាប ឧត្តមានជ័យ ព្រះវិហារ និងប៉ៃលិន

2025/12/20 06:36:19 pm        153
ភ្នំពេញ ÷ ចាប់ពីថ្ងៃទី១៤ ដល់ទី១៧ ខែធ្នូ ឆ្នាំ២០២៥ ថ្នាក់ដឹកនាំ និងក្រុមការងារក្រសួងសុខាភិបាល បានចុះពិនិត្យគាំទ្រមូលដ្ឋានសុខាភិបាល នៅខេត្តតាមព្រំដែន ដឹកនាំដោយ ឯកឧត្តមសាស្រ្តាចារ្យជំនួយ បុិច សុធី រដ្ឋលេខាធិការក្រសួងសុខាភិបាល និង ឯកឧត្តម អនុរដ្ឋលេខាធិការ ដើម្បីពិនិត្យគាំទ្រ ការបម្រើសេវាសុខាភិបាល នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មន្ទីរពេទ្យបង្អែកក្រឡាញ់ មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ទីតាំងមន្ទីរពេទ្យខេត្តឧត្តរមានជ័យ មន្ទីរពេទ្យបង្អែកខេត្តព្រះវិហារ ១៦មករា មណ្ឌលសុខភាព ចុងកាល់ គូលែន មណ្ឌលសុខភាព ស្រីស្នំ មណ្ឌលសុខភាព សួនកុមារ មណ្ឌលសុខភាពផ្សារព្រំ និងមណ្ឌលសុវត្ថិភាពជនភៀសសឹកមួយចំនួន។ ជាមួយគ្នានេះ ឯកឧត្តមសាស្រ្តាចារ្យជំនួយ បុិច សុធីនិងក្រុមការងារបានពាំនាំនូវការផ្តាំសួរសុខទុក្ខពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជូនដល់មន្ត្រីសុខាភិបាលទាំងអស់ ដែលកំពុងបំពេញភារកិច្ចយ៉ាងសកម្ម នៅតាមខេត្តជាប់ព្រំដែនក្នុងភាពជាទ័ពអាវស ព្រមទាំងបានជួបពិភាក្សា និងផ្ដល់យោបល់ដល់ថ្នាក់ដឹកនាំ មណ្ឌលសុខភាព មន្ទីរពេទ្យក្នុងការរៀបចំលំហូរអ្នកជំងឺ ពិសេសសម្រួលដល់ការរៀបចំទីកន្លែង សម្រាប់ព្យាបាលជូនវីរកងទ័ព និងប្រជាពលរដ្ឋភៀសសឹក ដែលមកទទួលសេវាព្យាបាល ប្រកបដោយការពេញចិត្ត និងកក់ក្តៅ។គ្រប់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តជាប់ព្រំដែន បានចាត់ចែងឱ្យមានក្រុមគ្រូពេទ្យប្រចាំការពិគ្រោះព្យាបាល ផ្ដល់ឱសថ និងបម្រើសេវាសុខាភិបាល នៅគ្រប់មណ្ឌលសុវត្ថិភាពជនភៀសសឹក៕អត្ថបទ រដ្ឋា

«ពួកយើងមិនទៅណាចោលបងប្អូននោះទេ គឺពួកយើងនឹងនៅបន្តរួបរួមគ្នាជាធ្លុងមួយដើម្បីឆ្លងផុតគ្រាលំបាកនេះជាមួយគ្នា»

2025/12/20 06:00:10 pm        755
នារសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥នេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ព្រមទាំងក្រុមការងារបាននាំយកជំនួយពីសប្បរសជន ដែលបានគៀរគររួមគ្នាក្រោមការរៀបចំរបស់ស.ស.យ.ក. និងមូលនិធីម៉ានី ទៅប្រគល់ជូនដល់ក្រុមគ្រួសារជនភៀសសឹកចំនួន ៥៩៤គ្រួសារ ដែលកំពុងស្នាក់នៅតំបន់សុវត្ថិភាព ក្នុងខេត្តសៀមរាប។ សម្ភារៈ រួមមាន៖ ស្បៀងអាហារ គ្រឿងឧបភោគបរិភោគនានា និងថវិកាទាំងអស់នេះសុទ្ធសឹងជារបស់របរចាំបាច់នៅក្នុងការប្រើប្រាស់ប្រចាំថ្ងៃរបស់បងប្អូនដែលកំពុងជួបប្រទះការលំបាកពីការរត់គេចពីសង្រ្គាម។ជាមួយនឹងការពាំនាំការសាកសួរសុខទុក្ខពីសំណក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ឯកឧត្តមបានអំពាវនាវសូមឱ្យបងប្អូនបន្តជឿជាក់លើរាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងស្ថានការណ៍ ដើម្បីយើងអាចត្រឡប់ទៅប្រក្រតីភាពកាន់តែឆាប់រហ័ស។ ជាមួយគ្នានេះ ឯកឧត្តមបានបន្តថា ប្រជាជននៅសមរភូមិក្រោយ ដែលក្នុងនោះមាន ក្រុមគ្រួសារ ស.ស.យ.ក. មិនទៅណាចោលបងប្អូននោះទេ គឺពួកយើងនឹងនៅបន្តរួបរួមគ្នាជាធ្លុងមួយដើម្បីឆ្លងផុតគ្រាលំបាកនេះជាមួយគ្នា។

លោកសាស្រ្តាចារ្យរង លូ លីឃាង «សាមគ្គីភាពពិតជាសំខាន់ ក្នុងការបម្រើសេវាជូនពលរដ្ឋប្រកបដោយគុណភាព សុវតិ្ថភាពខ្ពស់»

2025/12/20 05:54:06 pm        147
លោកសាស្រ្តាចារ្យរង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង នៃក្រសួងសុខាភិបាល បានអៈអាងថា៖ កត្តាសាមគ្គីភាពពិតជាសំខាន់ណាស់ ក្នុងការបម្រើសេវាសុខាភិបាល ជូនបងប្អូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព និងសុវតិ្ថភាពខ្ពស់។ការថ្លែងរបស់លោកសាស្រ្តាចារ្យរង លូ លីឃាង យ៉ាងដូច្នេះក្នុងពិធីបិទទិវាវេជ្ជសាស្ត្រ-សល្យសាស្ត្រលើកទី៦ និងថែទាំវេជ្ជសាស្ត្រលើកទី៤ នៃមន្ទីរពេទ្យព្រះអង្គឌួង ឆ្នាំ២០២៥, នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥នេះ ក្រោមប្រធានបទ«ទំនើបកម្មនៃការព្យាបាល និងការថែទាំយ៉ាងយកចិត្តទុកដាក់ ដើម្បីសុខភាពល្អប្រសើរ»។លោកសាស្រ្តាចារ្យរង បន្តថា ទិវាវេជ្ជសាស្ត្រ-សល្យសាស្ត្រលើកទី៦ និងថែទាំវេជ្ជសាស្ត្រលើកទី៤នេះ គឺជាវេទិកាវិជ្ជាជីវៈដ៏មានតម្លៃ សម្រាប់ការចែករំលែកចំណេះដឹង និងបទពិសោធន៍ ផ្តោតសំខាន់ទៅលើគុណភាពសុខាភិបាល និងសុវតិ្ថភាពរបស់អ្នកជំងឺ និងផ្តល់សេវាគ្រប់ ដោយគុណភាព និងប្រសិទ្ធភាពដោយមនុស្សធម៌។ លទ្ធផលដែលមានពីពេលនេះ គឺមិនត្រឹមតែជាចំណេះដឹងថ្មី និងបច្ចេកវិទ្យាទំនើបប៉ុណ្ណោះទេ។ ប៉ុន្តែថែមទាំងពង្រឹងសាមគ្គីភាព និងសហការរវាងជំនាញនៅក្នុងវិស័យសុខាភិបាលផងដែរ។ទន្ទឹមនឹងនោះលោកសាស្រ្តាចារ្យរង លូ លីឃាង សូមអំពាវនាវឲ្យចូលរួមទាំងអស់គ្នា ដើម្បីយកចំណេះដឹង និងបទពិសោធន៍ដែលទទួលយកបានពីទិវានេះយកទៅអនុវត្តន៍ជាប្រចាំថ្ងៃ ដើម្បីបន្តលើកកម្ពស់គុណភាពសេវាសុខាភិបាល និងការថែទាំអ្នកជំងឺឲ្យកាន់តែមានប្រសិទ្ធភាព និងសុវតិ្ថភាពបន្ថែមទៀត។លោកសាស្ត្រាចារ្យ គង់ ពិសិដ្ឋ នាយករងមន្ទីរពេទ្យព្រះអង្គឌួង បានរំលឹកថា ទិវាវេជ្ជសាស្ត្រ-សល្យសាស្ត្រលើកទី៦ និងថែទាំវេជ្ជសាស្ត្រលើកទី៤ នៃមន្ទីរពេទ្យព្រះអង្គឌួងនេះ បានរៀបចំឡើងរយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី១៩ រហូតដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ ក្នុងគោលបំណងសំខាន់ គឺដើម្បីលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈ ផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ថ្មីៗ ក្នុងវិស័យវេជ្ជសាស្ត្រ-សល្យសាស្ត្រ និងការថែទាំវេជ្ជសាស្ត្រ ព្រមទាំងពង្រឹងគុណភាពសេវា និងសុវត្ថិភាពអ្នកជំងឺ ស្របតាមគោលនយោបាយរបស់ក្រសួងសុខាភិបាល។ ក្នុងរយៈពេលពីរថ្ងៃ នៃការប្រព្រឹត្តទៅរបស់កម្មវិធី ដោយមានការអញ្ជើញចូលរួមបើកពីឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងគណៈធិបតីមកពីអង្គភាពនានាក្នុងក្រសួងសុខាភិបាល ហើយទទួលបានការកោតសរសើរ អំពីការរីកចំរើនរបស់មន្ទីរពេទ្យពោរពេញដោយបុគ្គលិកប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់ក្រោមការដឹកនាំ ដ៏ឈ្លាសវៃរបស់ថ្នាក់ដឹកនាំមន្ទីរពេទ្យ ហើយទទួលបានអនុសាសន៍ណែនាំបន្ថែមពីឯកឧត្តមរដ្ឋមន្ត្រីដូចតទៅ៖ ជាអ្នកដឹកនាំ រាល់ការសម្រេចចិត្តដើម្បីសុខភាពរបស់អ្នកជំងឺ គឺកសាងឡើងពីទំនុកចិត្តនៅលើកន្លែងអនុវត្តជាមួយនឹងវេជ្ជបណ្ឌិត អ្នកថែទាំ និងអ្នកជំនាញ ដោយចុះពិនិត្យផ្ទាល់។ សុខភាពរបស់ប្រជាពលរដ្ឋបានពីការព្យាបាលចេញជាផលជាសះស្បើយ។ ហើយការព្យាបាល ប្រជាពលរដ្ឋមួយករណីៗ ជាការទទួលខុសត្រូវរបស់បុគ្គលិកសុខាភិបាល។ គ្រប់ការសម្រេចចិត្តផ្អែកលើគតិបណ្ឌិតនៃវិជ្ជាជីវៈជំនាញដោយគោរពនិយាមវិទ្យាសាស្ត្រ ស្តង់ដារជាតិ និងអន្តរជាតិឲ្យបានច្បាស់លាស់។ ក្នុងនោះយើងបានឃើញការចូលរួមយ៉ាងសកម្ម និងពេញទំហឹងប្រកបដោយជោគជ័យពីសាស្រ្តចារ្យ វេជ្ជបណ្ឌិត គិលានុបដ្ឋាក ឆ្មប សិស្ស-និស្សិត និងអ្នកជំនាញមកពីគ្រប់ផ្នែក។ កម្មវិធីបានរួមបញ្ចូលទាំងការធ្វើបទបង្ហាញមេរៀនវិជ្ជាជីវៈ ការសិក្សាស្រាវជ្រាវ កិច្ចពិភាក្សា និងការចែករំលែកបទពិសោធន៍ដ៏មានតម្លៃ ពីវាគ្មិន និងអ្នកជំនាញ ដោយក្នុងនោះរួមមាន អ្នកសម្របសម្រួលចំនួន១៩ វាគ្មិនចំនួន៤៣ សិក្ខាកាមផ្នែកវេជ្ជបណ្ឌិតចំនួន ២៩៣ សិក្ខាកាមផ្នែកគិលានុបដ្ឋាកចំនួន១៥១ ព្រមទាំងក្រុមហ៊ុនឱសថនិងឧបករណ៍បរិក្ខារពេទ្យនានា៕អត្ថបទ រដ្ឋា

ផ្ទះរបស់ជនស៊ីវិលរបស់កម្ពុជាជាច្រើនខ្នង ​នៅក្នុងសង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានរងការខូចខាតស្ទើរទាំងស្រុង ដោយសារការបាញ់ផ្លោង និងទម្លាក់គ្រាប់បែកពីសំណាក់​ទាហានឈ្លានពានថៃ

2025/12/20 04:35:32 pm        636
ផ្ទះរបស់ជនស៊ីវិលរបស់កម្ពុជាជាច្រើនខ្នង ​នៅក្នុងសង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានរងការខូចខាតស្ទើរទាំងស្រុង ដោយសារការបាញ់ផ្លោង និងទម្លាក់គ្រាប់បែកពីសំណាក់​ទាហានឈ្លានពានថៃ។ គិតមកត្រឹមថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥នេះ មានរយៈពេល​១៤​ថ្ងៃហើយ ដែលកងទ័ពថៃ បានបើកការឈ្លានពានលើបូរណ​ភាព​​ទឹកដី និងអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា។ យោធាថៃបានយកជនស៊ីវិលនិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាមុខគោលដៅនៃការវាយកម្ទេច។ ផ្ទះប្រជាពលរដ្ឋ សាលារៀន ផ្លូវថ្នល់និងហេដ្ឋរចនាសម្ព័ន្ធស៊ីវិលជាច្រើនត្រូវបានយោធាថៃបំផ្លិចបំផ្លាញ។ យោធាថៃបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ ច្បាប់មនុស្សធម៌ សិទ្ធិមនុស្ស និងការរំលោភបំពានលើច្បាប់អន្តរជាតិផ្សេងៗ។ ផ្ទះប្រជាពលរដ្ឋ សាលារៀន មន្ទីរពេទ្យ សំណង់ស៊ីវិល សំណង់ឯកជនមិនមែនជាទិសដៅនៃការវាយប្រហារក្នុងសង្គ្រាមឡើយ។ យោធាថៃបានរំលោភបំពានទៅលើគោលការណ៍និងច្បាប់អន្តរជាតិទាំងនេះ។ រូប Hong Menglong

ប្រមុខការទូតអាមេរិក៖ អាមេរិកសង្ឃឹមថា ថៃ និងកម្ពុជា នឹងស្តារបទឈប់បាញ់ឡើងវិញ នៅថ្ងៃទី២២ ឬ ២៣ ខែធ្នូនេះ

2025/12/20 04:00:29 pm        499
សហរដ្ឋអាមេរិកសង្ឃឹមថា ការស្ដារបទឈប់បាញ់ឡើងវិញនឹងត្រូវបានធ្វើឡើងនៅដើមសប្តាហ៍ក្រោយ២២ ឬ ២៣ ខែធ្នូ ឆ្នាំ២០២៥នេះ ដើម្បីបញ្ចប់ការប៉ះទង្គិចគ្នារវាងកងកម្លាំងថៃ និងកម្ពុជា។ នេះបើយោងតាម លោក ម៉ាកូ រូប៊ីយោ (Marco Rubio) រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ថ្លែងកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥។ នេះបើតាមការបញ្ជាក់របស់សារព័ត៌មាន Straitstimes បានចេញផ្សាយនៅថ្ងៃនេះ។ប្រមុខការទូតអាមេរិក បានប្រាប់អ្នកសារព័ត៌មានថា «យើងកំពុងខិតខំប្រឹងប្រែងដើម្បីជំរុញឱ្យភាគីទាំងពីរគោរពតាមកិច្ចព្រមព្រៀងដែលបានឯកភាពគ្នា, ហើយយើងមានសុទិដ្ឋិនិយមដោយប្រុងប្រយ័ត្នថាយើងអាចទៅដល់ទីនោះនៅថ្ងៃចន្ទ ឬថ្ងៃអង្គារសប្តាហ៍ក្រោយ (២២ ឬ ២៣ ខែធ្នូ)”។លោកបានលើកឡើងថា រដ្ឋមន្ត្រីការបរទេសអាស៊ានគ្រោងនឹងជួបប្រជុំគ្នានៅថ្ងៃទី២២ ខែធ្នូ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ជាកន្លែងដែលប្រទេសកម្ពុជា និងថៃ បានចុះកិច្ចព្រមព្រៀងឈប់បាញ់ និងពិភាក្សាអំពីវិបត្តិជម្លោះប្រទេសទាំងពីរ។លោក ម៉ាកូ រូប៊ីយោ កាលពីថ្ងៃទី១៨ ខែធ្នូ បានទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសថៃ លោក Sihasak Phuangketkeow ដោយបានភាគីថៃក៏បានបញ្ជាក់ថា រដ្ឋបាលថៃនឹងធ្វើការសន្ទនាបន្ថែមទៀតនៅចុងសប្តាហ៍ក្នុងកិច្ចប្រជុំរដ្ឋមន្រ្ដីការបរទេសអាស៊ាន។ប្រធានាធិបតីអាមេរិក Donald Trump កាលពីដើមឆ្នាំនេះបានអះអាងពីជ័យជម្នះបន្ទាប់ពីគាត់បានជំរុញឱ្យមានបទឈប់បាញ់រវាងកម្ពុជា និងថៃនេះ ដោយដាក់ប្រទេសថៃ និងកម្ពុជានៅក្នុងបញ្ជីសង្គ្រាមដែលលោកបាននិយាយថាលោកបានដោះស្រាយ។ប្រមុខការទូតអាមេរិកបញ្ជាក់ថា៖«ភាគីទាំងពីរបានធ្វើការប្តេជ្ញាចិត្តជាលាយលក្ខណ៍អក្សរដែលពួកគេបានចុះហត្ថលេខា។ ការប្តេជ្ញាចិត្តទាំងនោះ នៅថ្ងៃនេះមិនត្រូវបានអនុវត្តពេញលេញទេ ដោយសារតែភាគីទាំងពីរអះអាងពីការមិនពេញចិត្តគ្នាទៅវិញទៅមក ដូច្នេះការងារឥឡូវនេះគឺនាំពួកគេត្រឡប់ទៅតុចរចាវិញ»។លោកបានបញ្ជាក់បន្ថែមថា ការការពារកំណត់ត្រារបស់រដ្ឋបាលអាមេរិក គឺត្រូវតែមានភាពច្បាស់លាស់ វាពិតជាបានបញ្ឈប់ការប្រយុទ្ធគ្នា ទោះបីជាវាបានបន្តឡើងវិញក៏ដោយ៕

ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន កោតសរសើរស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដែលរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនពលរដ្ឋបានយ៉ាងល្អ

2025/12/20 03:23:24 pm        312
កណ្ដាល៖ នៅរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ តំណាងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានអញ្ជើញជាសហអធិបតី ក្នុងពិធីបិទកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមប្រចាំឆ្នាំ២០២៥ និងដាក់ចេញទិសដៅការងារ ឆ្នាំ២០២៦ របស់ស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល។លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានឡើងធ្វើរបាយការណ៍អំពីសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ប្រចាំឆ្នាំ២០២៥ របស់ស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល ជូនដល់គណៈអធិបតី និងអង្គពិធី និងបានធ្វើការប្ដេជ្ញាចិត្ត ខិតខំពង្រឹងពង្រីកសមត្ថភាពដល់ មន្ត្រីនគរបាលក្រោមឱវាទទាំងអស់ ខិតខំយកចិត្តទុកដាក់ក្នុងការបង្ក្រាប ទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ពិសេសក្មេងទំនើង បទល្មើសគ្រឿងញៀន និងអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព ដែលថ្នាក់ដឹកនាំប្រគល់ជូនឲ្យបានល្អប្រសើរ។ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ បាននាំយកនូវការផ្តាំផ្ញើសាកសួសុខទុក្ខពីសំណាក់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងសភាពការថ្មីៗនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ជូនដល់កងកម្លាំងទាំងអស់ ក្រោមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកណ្ដាល។ ទន្ទឹមនេះក៏សូមយកចិត្តទុកដាក់ថែរក្សាសុខភាពឲ្យបានល្អ ពិសេសសុខុមាលភាពក្រុមគ្រួសាររបស់បងប្អូនកងកម្លាំងរបស់យើង។លោកឧត្តមសេនីយ៍ឯក អគ្គស្នងការរង ក៏បានឯកភាពលើរបាយការណ៍ ការប្តេជ្ញាចិត្ត និងសូមកោតសរសើរដល់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដែលខិតខំប្រឹងប្រែងក្នុងការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានបានយ៉ាងល្អប្រសើរនាពេលកន្លងមក។ ទន្ទឹមនឹងលទ្ធផលល្អប្រសើរនេះ លោកក៏បានផ្តល់អនុសាសន៍ណែនាំបន្ថែមទៀត ពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌ បទល្មើសគ្រឿងញៀន បទល្មើសជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ បទល្មើសបច្ចេកវិទ្យា សកម្មភាពក្មេងទំនើង បទល្មើសល្បែងស៊ីសង បញ្ហាគ្រោះថ្នាក់ចរាចរណ៍ និងកិច្ចការងារសំខាន់ៗជាច្រើនទៀត។លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានណែនាំលោកស្នងការខេត្ត ស្នងការរង លោកអធិការ ត្រូវរក្សាសាមគ្គីភាពផ្ទៃ និងយកចិត្តទុកដាក់ទៅលើមន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាល ព្រោះជាមន្រ្តីដែលនៅក្បែរកៀកជាមួយប្រជាពលរដ្ឋ ដឹងអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ពិសេសការអនុវត្តគោលនយោបាយ ភូមិឃុំសង្កាត់មានសុវត្ថិភាព ដូចជាការផ្តល់សេវាសាធារណៈ សេវារដ្ឋបាល ប្រកបដោយគុណភាព តម្លាភាព និងដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព ប្រសិទ្ធភាព និងទទួលបានជំនឿទុកចិត្តពីប្រជាពលរដ្ឋ៕

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បើកមហោស្រពសិប្បកម្មច្នៃប្រតិដ្ឋ និងពិព័រណ៍ស្តីពីតម្បាញសូត្រប្រពៃណីខ្មែរ

2025/12/20 03:15:40 pm        338
ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញជាអធិបតីបើកមហោស្រពសិប្បកម្មច្នៃប្រតិដ្ឋ និងពិព័រណ៍ស្តីពីតម្បាញសូត្រប្រពៃណីខ្មែរ រយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី២០-២១ ខែធ្នូ ឆ្នាំ២០២៥ នៅសាលសន្និសីទចតុម្មុខ រាជធានីភ្នំពេញ។ឯកឧត្តម ឈុំ ម៉េងហុង អគ្គនាយកបច្ចេកទេសវប្បធម៌ បានឲ្យដឹងថា ព្រឹតិ្តការណ៍មហោស្រពសិប្បកម្មច្នៃប្រតិដ្ឋទូទាំងប្រទេសលើកទី១ ឆ្នាំ២០២៥នេះ ប្រារព្ធឡើងក្នុងគោលបំណងលើកស្ទួយវិស័យសិប្បកម្ម និងជំរុញលើកទឹកចិត្តឱ្យមានការច្នៃប្រតិដ្ឋក្នុងវិស័យសិប្បកម្មនៅកម្ពុជា។ ក៏មានការប្រកួតប្រជែងស្នាដៃសិប្បកម្មច្នៃប្រតិដ្ឋរបស់និស្សិត ការតាំងបង្ហាញផលិតផលច្នៃប្រតិដ្ឋរបស់សិប្បករ និងកិច្ចពិភាក្សាស្ដីអំពី ការប្រើប្រាស់ពណ៌ធម្មជាតិក្នុងសិប្បកម្មតម្បាញផងដែរ។នាឱកាសនោះឯកឧត្តម ហាប់ ទូច បានថ្លែងថា វិស័យសិប្បកម្មនៅកម្ពុជាមានប្រវត្តិដ៏យូរលង់ និងជាផ្នែកមួយដ៏សំខាន់នៃមរតកវប្បធម៌ជាតិ។ សិប្បកម្មខ្មែរ បានឆ្លុះបញ្ចាំងពីទេពកោសល្យ និងភាពប៉ិនប្រសប់របស់បុព្វបុរសយើង តាមរយៈការបង្កើត ស្នាដៃដ៏វិចិត្រមានដូចជា គ្រឿងស្មូន គ្រឿងលង្ហិន គ្រឿងប្រាក់ គ្រឿងអលង្ការ និងផលិតផលតម្បាញសូត្រ ជាដើម។ សិប្បកម្មទាំងនេះមិនត្រឹមតែបម្រើឱ្យតម្រូវការប្រើប្រាស់ប្រចាំថ្ងៃប៉ុណ្ណោះទេ តែវាក៏មានតម្លៃ សិល្បៈខ្ពស់ប្រណីតផងដែរ។ បច្ចុប្បន្ន វិស័យសិប្បកម្មនៅកម្ពុជាកំពុងមានការរីកចម្រើន ដោយមានការបញ្ចូលគ្នារវាងក្បាច់រចនាបុរាណជាមួយការច្នៃម៉ូដបែបសម័យថ្មី ដើម្បីបំពេញតម្រូវការទីផ្សារទាំងក្នុងនិង ក្រៅប្រទេស។ សិប្បកម្មមិនគ្រាន់តែជាផលិតផលនោះទេ តែជាអត្តសញ្ញាណវប្បធម៌ជាតិដែលបានបន្តវេនពីមួយ ជំនាន់ទៅមួយជំនាន់។ បច្ចុប្បន្ននេះ វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា បានដើរតួនាទីសំខាន់ក្នុងការ អភិរក្សជំនាញសិប្បកម្មប្រពៃណី នៅតាមបណ្តាខេត្តនានា ក្នុងប្រទេសកម្ពុជា។ ការអភិរក្សចំណេះដឹងនិង ជំនាញដូនតាឲ្យបានគង់វង្ស ទន្ទឹមនឹងការអភិវឌ្ឍ ឧស្សាហកម្មវប្បធម៌ និងច្នៃប្រតិដ្ឋ នឹងជួយបង្កើនផលិតផល និងសេវាកម្មវប្បធម៌ប្រកបដោយគុណភាព តម្លៃ និងមានលក្ខណៈជាតិ ដែលជាចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់កិត្យានុភាព និងអត្តសញ្ញាណជាតិ ហើយពិសេសជាងនោះទៅទៀត គឺជួយដល់កំណើនសេដ្ឋកិច្ច និងការងារយ៉ាងសន្ធឹកសន្ធាប់ផង។ ទោះបីជាយ៉ាងណាក៏ដោយ វិស័យនេះក៏នៅតែប្រឈមនឹងបញ្ហាប្រកួតប្រជែងជាមួយផលិតផល ដែលផលិតដោយម៉ាស៊ីន។ មួយវិញទៀត បញ្ហាប្រឈមដ៏សំខាន់គឺការផ្ទេរចំណេះដឹងពីសិប្បករចាស់ៗទៅ អ្នកជំនាន់ក្រោយឲ្យបានទូលំទូលាយ។ ហេតុដូច្នេះហើយ ទើបមានការបង្កើតកម្មវិធី និងព្រឹត្តិការណ៍នានា ដូចជា៖ មហោស្រពសិប្បកម្មច្នៃប្រតិដ្ឋ ដើម្បីលើកទឹកចិត្តយុវជនឱ្យចាប់អារម្មណ៍ និងចូលរួមថែរក្សាវប្បធម៌ សិល្បៈដ៏មានតម្លៃនេះ។ វេទិកាមហោស្រព ជាវេទិកាមួយដ៏សំខាន់សម្រាប់លើកទឹកចិត្តយុវជនហ៊ានគិត ហ៊ានធ្វើថ្មី ដើម្បីឲ្យវិស័យច្នៃប្រតិដ្ឋនៅកម្ពុជាមានការរីកចម្រើន។ ជាងនេះទៅទៀត មហោស្រពនេះជា វេទិកាតាំងបង្ហាញសមិទ្ធផល ការផ្លាស់ប្តូរបទពិសោធន៍ និងភ្ជាប់ទំនាក់ទំនងរវាងសិប្បករ និងសិប្បករ។ជាចុងក្រោយឯកឧត្តម ហាប់ ទូច សូមអំពាវនាវដល់ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន បន្តគាំទ្រវិស័យសិប្បកម្មច្នៃប្រតិដ្ឋរបស់កម្ពុជា ដើម្បីលើកស្ទួយផលិតផលក្នុងស្រុក ក៏ដូចជាលើកទឹកចិត្តដល់សិប្បករ និងអ្នករចនាទាំងអស់ក្នុងការរិះរក គំនិតច្នៃប្រតិដ្ឋថ្មីៗ ក្នុងសិប្បកម្មប្រពៃណី ព្រមទាំងអាចផ្ទេរចំណេះដឹងនេះដល់យុវជនជំនាន់ក្រោយផងដែរ៕អត្ថបទ រដ្ឋា 

កម្ពុជាកំពុងបង្កើតធនធានមនុស្សជំនាញវិជ្ជាជីវៈ គាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

2025/12/20 02:30:27 pm        107
កម្ពុជាកំពុងជំរុញបង្កើតធនធានមនុស្សលើមុខជំនាញវិជ្ជាជីវៈ ជាពិសេសជំនាញហិរញ្ញវត្ថុ គណនេយ្យ និងសវកកម្ម គឺជាធនធាន ដ៏មានសារៈសំខាន់ ដើម្បីឆ្លើយតបទៅនិងតម្រូវការទីផ្សារការងារ ស្របតាមបរិបទការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ក្នុងគោលដៅចូលរួម និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ។លោកស្រី សាវុធ ដាលី នាយកប្រតិបត្តិនៃវិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា ហៅកាត់គីប៉ា (KICPAA) លើក ឡើងក្នុងពិធីប្រគល់សញ្ញាបត្រជូនសិក្ខាកាមប្រឡងជាប់កម្មវិធី ATQ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ថា KICPAA បានបង្កើតឡើងឆ្នាំ ២០០៣ ស្របតាមច្បាប់គណនេយ្យ និងសវនកម្ម ក្នុងនោះ KICPAA ក៏បានចូលជាសមាជិកសមាគមសហព័ន្ធគណនេយ្យករ អាស៊ាន ដែលប្រមូលផ្តុំទៅដោយស្ថាប័នវិជ្ជាជីវៈ ដើម្បីរួមគ្នាបង្កើនសមត្ថភាព និងការចែករំលែកនូវបទពិសោធន៍ ចំណេះ ជំនាញ ពី ប្រទេសនីមួយៗរវាងគ្នាទៅវិញទៅមក និងជួយពង្រឹងទៅដល់ប្រទេសដែលមានត្រូវការលើផ្នែកនេះ ហើយនៅឆ្នាំ២០២៤ KICPAA ក៏ បានចូលជាសមាជិក IFAC ដែលមានស្ថាប័នជាសមាជិកគណនេយ្យករជំនាញជាង ១៨០ ស្ថាប័នផងដែរ ដែលស្ថាប័ននេះបានបង្កើត នូវស្តង់ដារគណនេយ្យ និងសវកម្មរួម សម្រាប់ប្រទេសនីមួយៗក្នុងការអនុវត្ត។លោកស្រី បន្តថា ជុំវិញបញ្ហានេះកម្ពុជាមានបណ្តាញទំនាក់ទំនងចំនួនពីរ ក្នុងនោះសម្រាប់ផ្នែកគណនេយ្យករ បានធ្វើឱ្យកម្ពុជា មានជម្រើសកាន់តែខ្ពស់ នៃការចាប់យកកម្មវិធីអ្នកបច្ចេកទេសគណនេយ្យ (ATQ) និងជាស្ពានសម្រាប់ឆ្លងចាប់គណនេយ្យករជំនាញ គិតមកដល់ពេលនេះកម្ពុជានៅមានការខ្វះខាតច្រើន សម្រាប់តម្រូវការតាមរោងចក្រ សហគ្រាសនានា ដូច្នេះតាមរយៈការបណ្តុះ បណ្តាលជំនាញ គឺកម្ពុជាបានកំពុងរួមគ្នាបង្កើតសក្តានុពលធនធានជំនាញ ដើម្បីឆ្លើយតបទៅនិងតម្រូវការការងារ ស្របតាមបរិបទការ អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ដែលកំពុងរីកចម្រើន។លោក ប៊ុន សុន្ទរង្គ នាយកវិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ លើកឡើងថា ធនធានមនុស្សផ្នែកហិរញ្ញវត្ថុ និងគណនេយ្យ គឺជាធនធានដែលមានសារៈសំខាន់ ដោយទាមទារឱ្យសិស្ស-និស្សិតសិក្សាជំនាញទាំងនេះឱ្យបានច្បាស់លាស់ នឹងត្រូវស្វែងយល់អំពី បរិបថបច្ចុប្បន្ន ដែលបច្ចេកវិទ្យាឌីជីថលកំពុងមានសម្ទុះរីកចម្រើន ជាពិសេសបញ្ញាសិប្បនិម្មិត AI ជាដើម ដើម្បីបង្កើនប្រសិទ្ធភាពក្នុង ការរៀនសូត្រ និងតម្រូវការការងារ ដើម្បីពង្រឹងនិងអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ឲ្យស្របតាមតម្រូវការនៃកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ វិស័យហិរញ្ញវត្ថុ និងសវនកម្មនៅកម្ពុជា ដើម្បីប្រកួតប្រជែងជាមួយប្រទេសជិតខាង ព្រមទាំងប្រទេសធំៗដទៃទៀតទូទាំងសកលលោក។ សូមបញ្ជាក់ថា ជុំវិញជំនាញខាងលើ, នាពេលកន្លងមកនេះ ក្រុមប្រឹក្សានៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានផ្សព្វផ្សាយយុទ្ធ សាស្រ្តអភិវឌ្ឍន៍វិស័យគណនេយ្យ និងសវនកម្មនៅកម្ពុជា ២០២៥-២០៣៥ ដោយយុទ្ធសាស្ត្រអភិវឌ្ឍន៍គណនេយ្យ និងសវនកម្មនេះ គឺជាផែនទីបង្ហាញផ្លូវដ៏សំខាន់មួយ ដើម្បីធានាបាននូវការរីកចម្រើនប្រកបដោយចីរភាព និងស្របតាមស្តង់ដាអន្តរជាតិ ក្នុងវិស័យ គណនេយ្យ និងសវនកម្មនៅកម្ពុជា និងក៏មានគោលបំណងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិទាំងមូល ក៏ដូចជាការទាក់ទាញការ វិនិយោគបរទេសមកកាន់កម្ពុជាបន្ថែម ដោយធានាថា គណនេយ្យករ និងសវនករទាំងអស់ មានសមត្ថភាពផ្តល់សេវាប្រកបដោយ គុណភាពជំនឿទុកចិត្តតម្លាភាព និងគណនេយ្យភាព៕ អត្ថបទ៖ សុន រ៉ាឌី,

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោកស្រី Frederiksen ធានាបានតំណែង​នាយករដ្ឋមន្ត្រីដាណឺម៉ាកអាណត្តិទី៣
06/02/2026 03:06 PM
ចិនអំពាវនាវឲ្យ​គ្រប់​​ភាគី​អត់ធ្មត់ ក្រោយមាន​​ឧប្បត្តិហេតុយាន​ដ្រូន នៅរ៉ូម៉ានី
06/02/2026 03:06 PM
លោក Trump ចុះហត្ថលេខាលើសេចក្តីប្រកាសកែសម្រួលពន្ធ​ដែកថែប អាលុយមីញ៉ូម និងទង់ដែង
06/02/2026 03:06 PM
សមាជិកភាគច្រើន​នៃ​ក្រុមប្រឹក្សាសន្តិសុខ UN ថ្កោលទោសការ​បង្កើន​ប្រតិបត្តិការ​​របស់អ៊ីស្រាអែល នៅលីបង់
06/02/2026 03:06 PM
មន្រ្តីជាន់ខ្ពស់៖ ដើម្បីចូលរួមការប្រកួតទទួលបានជោគជ័យ គ្រូបង្វឹក គ្រូជំនួយ ទាំងអស់​ត្រូវ​ផ្អែក​ទៅ​លើ​យុទ្ធសាស្រ្ត ៥ចំណុច
06/02/2026 03:06 PM
អ៊ីរ៉ង់សម្លឹង​​កិច្ចព្រមព្រៀងបណ្ដោះអាសន្ន​ជាមួយ​អាមេរិក ដើម្បីសម្រាល​បញ្ហា​​សេដ្ឋកិច្ច និងចំណេញ​ពេល​ថែម
06/02/2026 03:06 PM
ក្រុម AOT បន្តសង្កេតការណ៍ផ្ទាល់ស្ថានភាពព្រំដែននៅច្រកអានសេះ ជាទីតាំងត្រូវបានទទួលរងការវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ
06/02/2026 02:06 PM
លោក Conor ជាអ្នកបុកគ្រឹះ ខណៈ ធារី ជាអ្នកសាងសង់ ដើម្បីជំរុញភាពខ្លាំង ISI ត្រៀមរដូវកាលថ្មី
06/02/2026 02:06 PM
អ្នកនាំពាក្យ៖ រាជរដ្ឋាភិបាលកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីការពារ​បូរណភាព​ទឹកដី​ទាំង​ព្រំដែន​គោក និងព្រំដែនសមុទ្រ ដោយសន្តិវិធីផ្អែកលើច្បាប់អន្តរជាតិ
06/02/2026 01:06 PM
ទណ្ឌិតជាក្មេងទំនើង ៧៩០នាក់ កំពុងអនុវត្តយ៉ាងសកម្មក្នុងការដាំដុះបន្លែ ចិញ្ចឹមសត្វ និងចាក់គម្របលេណដ្ឋាន បន្ទាប់ពីបញ្ជូនទៅមណ្ឌលអប់រំប្រែទី៤ និងពន្ធនាគារខេត្តឧត្តរមានជ័យ
06/02/2026 01:06 PM