រដ្ឋបាលខណ្ឌសែនសុខ បន្តយកចិត្តទុកដាក់ក្នុងស្តារប្រព័ន្ធលូបង្ហូរទឹកសំខាន់ៗ ក្នុងមូលដ្ឋាន ដើម្បីបញ្ចៀសការជន់លិចលង់ក្នុងរដូវភ្លៀង
សម្ដេចតេជោ ហ៊ុន សែន៖ រយៈពេល៥ខែឆ្នាំនេះកម្ពុជាទទួលបានចំណូលពន្ធដារជាង ៥៣ភាគរយនៃផែនការឆ្នាំ២០២៦
​ រដ្ឋមន្ត្រីព័ត៌មាន៖ ព័ត៌មានក្លែងក្លាយជាបញ្ហាប្រឈមក្នុងតំបន់ និងពិភពលោក ដែលទាមទារការកំណត់វិធានការឆ្លើយតប
ប្រមុខការទូតកម្ពុជា បើកកិច្ចប្រជុំជាមួយបណ្ដាអង្គទូត និងអង្គការអន្តរជាតិ ក្រោយកម្ពុជាជូនដំណឹងផ្លូវការទៅភាគីថៃ និងUN អំពីការ​ចាប់ផ្តើមដំណើរការយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញា UNCLOS

ព័ត៌មានជាតិ

លោកសាស្រ្តាចារ្យរង លូ លីឃាង «សាមគ្គីភាពពិតជាសំខាន់ ក្នុងការបម្រើសេវាជូនពលរដ្ឋប្រកបដោយគុណភាព សុវតិ្ថភាពខ្ពស់»

2025/12/20 05:54:06 pm        147
លោកសាស្រ្តាចារ្យរង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង នៃក្រសួងសុខាភិបាល បានអៈអាងថា៖ កត្តាសាមគ្គីភាពពិតជាសំខាន់ណាស់ ក្នុងការបម្រើសេវាសុខាភិបាល ជូនបងប្អូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព និងសុវតិ្ថភាពខ្ពស់។ការថ្លែងរបស់លោកសាស្រ្តាចារ្យរង លូ លីឃាង យ៉ាងដូច្នេះក្នុងពិធីបិទទិវាវេជ្ជសាស្ត្រ-សល្យសាស្ត្រលើកទី៦ និងថែទាំវេជ្ជសាស្ត្រលើកទី៤ នៃមន្ទីរពេទ្យព្រះអង្គឌួង ឆ្នាំ២០២៥, នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥នេះ ក្រោមប្រធានបទ«ទំនើបកម្មនៃការព្យាបាល និងការថែទាំយ៉ាងយកចិត្តទុកដាក់ ដើម្បីសុខភាពល្អប្រសើរ»។លោកសាស្រ្តាចារ្យរង បន្តថា ទិវាវេជ្ជសាស្ត្រ-សល្យសាស្ត្រលើកទី៦ និងថែទាំវេជ្ជសាស្ត្រលើកទី៤នេះ គឺជាវេទិកាវិជ្ជាជីវៈដ៏មានតម្លៃ សម្រាប់ការចែករំលែកចំណេះដឹង និងបទពិសោធន៍ ផ្តោតសំខាន់ទៅលើគុណភាពសុខាភិបាល និងសុវតិ្ថភាពរបស់អ្នកជំងឺ និងផ្តល់សេវាគ្រប់ ដោយគុណភាព និងប្រសិទ្ធភាពដោយមនុស្សធម៌។ លទ្ធផលដែលមានពីពេលនេះ គឺមិនត្រឹមតែជាចំណេះដឹងថ្មី និងបច្ចេកវិទ្យាទំនើបប៉ុណ្ណោះទេ។ ប៉ុន្តែថែមទាំងពង្រឹងសាមគ្គីភាព និងសហការរវាងជំនាញនៅក្នុងវិស័យសុខាភិបាលផងដែរ។ទន្ទឹមនឹងនោះលោកសាស្រ្តាចារ្យរង លូ លីឃាង សូមអំពាវនាវឲ្យចូលរួមទាំងអស់គ្នា ដើម្បីយកចំណេះដឹង និងបទពិសោធន៍ដែលទទួលយកបានពីទិវានេះយកទៅអនុវត្តន៍ជាប្រចាំថ្ងៃ ដើម្បីបន្តលើកកម្ពស់គុណភាពសេវាសុខាភិបាល និងការថែទាំអ្នកជំងឺឲ្យកាន់តែមានប្រសិទ្ធភាព និងសុវតិ្ថភាពបន្ថែមទៀត។លោកសាស្ត្រាចារ្យ គង់ ពិសិដ្ឋ នាយករងមន្ទីរពេទ្យព្រះអង្គឌួង បានរំលឹកថា ទិវាវេជ្ជសាស្ត្រ-សល្យសាស្ត្រលើកទី៦ និងថែទាំវេជ្ជសាស្ត្រលើកទី៤ នៃមន្ទីរពេទ្យព្រះអង្គឌួងនេះ បានរៀបចំឡើងរយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី១៩ រហូតដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ ក្នុងគោលបំណងសំខាន់ គឺដើម្បីលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈ ផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ថ្មីៗ ក្នុងវិស័យវេជ្ជសាស្ត្រ-សល្យសាស្ត្រ និងការថែទាំវេជ្ជសាស្ត្រ ព្រមទាំងពង្រឹងគុណភាពសេវា និងសុវត្ថិភាពអ្នកជំងឺ ស្របតាមគោលនយោបាយរបស់ក្រសួងសុខាភិបាល។ ក្នុងរយៈពេលពីរថ្ងៃ នៃការប្រព្រឹត្តទៅរបស់កម្មវិធី ដោយមានការអញ្ជើញចូលរួមបើកពីឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងគណៈធិបតីមកពីអង្គភាពនានាក្នុងក្រសួងសុខាភិបាល ហើយទទួលបានការកោតសរសើរ អំពីការរីកចំរើនរបស់មន្ទីរពេទ្យពោរពេញដោយបុគ្គលិកប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់ក្រោមការដឹកនាំ ដ៏ឈ្លាសវៃរបស់ថ្នាក់ដឹកនាំមន្ទីរពេទ្យ ហើយទទួលបានអនុសាសន៍ណែនាំបន្ថែមពីឯកឧត្តមរដ្ឋមន្ត្រីដូចតទៅ៖ ជាអ្នកដឹកនាំ រាល់ការសម្រេចចិត្តដើម្បីសុខភាពរបស់អ្នកជំងឺ គឺកសាងឡើងពីទំនុកចិត្តនៅលើកន្លែងអនុវត្តជាមួយនឹងវេជ្ជបណ្ឌិត អ្នកថែទាំ និងអ្នកជំនាញ ដោយចុះពិនិត្យផ្ទាល់។ សុខភាពរបស់ប្រជាពលរដ្ឋបានពីការព្យាបាលចេញជាផលជាសះស្បើយ។ ហើយការព្យាបាល ប្រជាពលរដ្ឋមួយករណីៗ ជាការទទួលខុសត្រូវរបស់បុគ្គលិកសុខាភិបាល។ គ្រប់ការសម្រេចចិត្តផ្អែកលើគតិបណ្ឌិតនៃវិជ្ជាជីវៈជំនាញដោយគោរពនិយាមវិទ្យាសាស្ត្រ ស្តង់ដារជាតិ និងអន្តរជាតិឲ្យបានច្បាស់លាស់។ ក្នុងនោះយើងបានឃើញការចូលរួមយ៉ាងសកម្ម និងពេញទំហឹងប្រកបដោយជោគជ័យពីសាស្រ្តចារ្យ វេជ្ជបណ្ឌិត គិលានុបដ្ឋាក ឆ្មប សិស្ស-និស្សិត និងអ្នកជំនាញមកពីគ្រប់ផ្នែក។ កម្មវិធីបានរួមបញ្ចូលទាំងការធ្វើបទបង្ហាញមេរៀនវិជ្ជាជីវៈ ការសិក្សាស្រាវជ្រាវ កិច្ចពិភាក្សា និងការចែករំលែកបទពិសោធន៍ដ៏មានតម្លៃ ពីវាគ្មិន និងអ្នកជំនាញ ដោយក្នុងនោះរួមមាន អ្នកសម្របសម្រួលចំនួន១៩ វាគ្មិនចំនួន៤៣ សិក្ខាកាមផ្នែកវេជ្ជបណ្ឌិតចំនួន ២៩៣ សិក្ខាកាមផ្នែកគិលានុបដ្ឋាកចំនួន១៥១ ព្រមទាំងក្រុមហ៊ុនឱសថនិងឧបករណ៍បរិក្ខារពេទ្យនានា៕អត្ថបទ រដ្ឋា

ផ្ទះរបស់ជនស៊ីវិលរបស់កម្ពុជាជាច្រើនខ្នង ​នៅក្នុងសង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានរងការខូចខាតស្ទើរទាំងស្រុង ដោយសារការបាញ់ផ្លោង និងទម្លាក់គ្រាប់បែកពីសំណាក់​ទាហានឈ្លានពានថៃ

2025/12/20 04:35:32 pm        636
ផ្ទះរបស់ជនស៊ីវិលរបស់កម្ពុជាជាច្រើនខ្នង ​នៅក្នុងសង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានរងការខូចខាតស្ទើរទាំងស្រុង ដោយសារការបាញ់ផ្លោង និងទម្លាក់គ្រាប់បែកពីសំណាក់​ទាហានឈ្លានពានថៃ។ គិតមកត្រឹមថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥នេះ មានរយៈពេល​១៤​ថ្ងៃហើយ ដែលកងទ័ពថៃ បានបើកការឈ្លានពានលើបូរណ​ភាព​​ទឹកដី និងអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា។ យោធាថៃបានយកជនស៊ីវិលនិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាមុខគោលដៅនៃការវាយកម្ទេច។ ផ្ទះប្រជាពលរដ្ឋ សាលារៀន ផ្លូវថ្នល់និងហេដ្ឋរចនាសម្ព័ន្ធស៊ីវិលជាច្រើនត្រូវបានយោធាថៃបំផ្លិចបំផ្លាញ។ យោធាថៃបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ ច្បាប់មនុស្សធម៌ សិទ្ធិមនុស្ស និងការរំលោភបំពានលើច្បាប់អន្តរជាតិផ្សេងៗ។ ផ្ទះប្រជាពលរដ្ឋ សាលារៀន មន្ទីរពេទ្យ សំណង់ស៊ីវិល សំណង់ឯកជនមិនមែនជាទិសដៅនៃការវាយប្រហារក្នុងសង្គ្រាមឡើយ។ យោធាថៃបានរំលោភបំពានទៅលើគោលការណ៍និងច្បាប់អន្តរជាតិទាំងនេះ។ រូប Hong Menglong

ប្រមុខការទូតអាមេរិក៖ អាមេរិកសង្ឃឹមថា ថៃ និងកម្ពុជា នឹងស្តារបទឈប់បាញ់ឡើងវិញ នៅថ្ងៃទី២២ ឬ ២៣ ខែធ្នូនេះ

2025/12/20 04:00:29 pm        499
សហរដ្ឋអាមេរិកសង្ឃឹមថា ការស្ដារបទឈប់បាញ់ឡើងវិញនឹងត្រូវបានធ្វើឡើងនៅដើមសប្តាហ៍ក្រោយ២២ ឬ ២៣ ខែធ្នូ ឆ្នាំ២០២៥នេះ ដើម្បីបញ្ចប់ការប៉ះទង្គិចគ្នារវាងកងកម្លាំងថៃ និងកម្ពុជា។ នេះបើយោងតាម លោក ម៉ាកូ រូប៊ីយោ (Marco Rubio) រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ថ្លែងកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥។ នេះបើតាមការបញ្ជាក់របស់សារព័ត៌មាន Straitstimes បានចេញផ្សាយនៅថ្ងៃនេះ។ប្រមុខការទូតអាមេរិក បានប្រាប់អ្នកសារព័ត៌មានថា «យើងកំពុងខិតខំប្រឹងប្រែងដើម្បីជំរុញឱ្យភាគីទាំងពីរគោរពតាមកិច្ចព្រមព្រៀងដែលបានឯកភាពគ្នា, ហើយយើងមានសុទិដ្ឋិនិយមដោយប្រុងប្រយ័ត្នថាយើងអាចទៅដល់ទីនោះនៅថ្ងៃចន្ទ ឬថ្ងៃអង្គារសប្តាហ៍ក្រោយ (២២ ឬ ២៣ ខែធ្នូ)”។លោកបានលើកឡើងថា រដ្ឋមន្ត្រីការបរទេសអាស៊ានគ្រោងនឹងជួបប្រជុំគ្នានៅថ្ងៃទី២២ ខែធ្នូ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ជាកន្លែងដែលប្រទេសកម្ពុជា និងថៃ បានចុះកិច្ចព្រមព្រៀងឈប់បាញ់ និងពិភាក្សាអំពីវិបត្តិជម្លោះប្រទេសទាំងពីរ។លោក ម៉ាកូ រូប៊ីយោ កាលពីថ្ងៃទី១៨ ខែធ្នូ បានទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសថៃ លោក Sihasak Phuangketkeow ដោយបានភាគីថៃក៏បានបញ្ជាក់ថា រដ្ឋបាលថៃនឹងធ្វើការសន្ទនាបន្ថែមទៀតនៅចុងសប្តាហ៍ក្នុងកិច្ចប្រជុំរដ្ឋមន្រ្ដីការបរទេសអាស៊ាន។ប្រធានាធិបតីអាមេរិក Donald Trump កាលពីដើមឆ្នាំនេះបានអះអាងពីជ័យជម្នះបន្ទាប់ពីគាត់បានជំរុញឱ្យមានបទឈប់បាញ់រវាងកម្ពុជា និងថៃនេះ ដោយដាក់ប្រទេសថៃ និងកម្ពុជានៅក្នុងបញ្ជីសង្គ្រាមដែលលោកបាននិយាយថាលោកបានដោះស្រាយ។ប្រមុខការទូតអាមេរិកបញ្ជាក់ថា៖«ភាគីទាំងពីរបានធ្វើការប្តេជ្ញាចិត្តជាលាយលក្ខណ៍អក្សរដែលពួកគេបានចុះហត្ថលេខា។ ការប្តេជ្ញាចិត្តទាំងនោះ នៅថ្ងៃនេះមិនត្រូវបានអនុវត្តពេញលេញទេ ដោយសារតែភាគីទាំងពីរអះអាងពីការមិនពេញចិត្តគ្នាទៅវិញទៅមក ដូច្នេះការងារឥឡូវនេះគឺនាំពួកគេត្រឡប់ទៅតុចរចាវិញ»។លោកបានបញ្ជាក់បន្ថែមថា ការការពារកំណត់ត្រារបស់រដ្ឋបាលអាមេរិក គឺត្រូវតែមានភាពច្បាស់លាស់ វាពិតជាបានបញ្ឈប់ការប្រយុទ្ធគ្នា ទោះបីជាវាបានបន្តឡើងវិញក៏ដោយ៕

ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន កោតសរសើរស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដែលរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនពលរដ្ឋបានយ៉ាងល្អ

2025/12/20 03:23:24 pm        312
កណ្ដាល៖ នៅរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ តំណាងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានអញ្ជើញជាសហអធិបតី ក្នុងពិធីបិទកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមប្រចាំឆ្នាំ២០២៥ និងដាក់ចេញទិសដៅការងារ ឆ្នាំ២០២៦ របស់ស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល។លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានឡើងធ្វើរបាយការណ៍អំពីសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ប្រចាំឆ្នាំ២០២៥ របស់ស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល ជូនដល់គណៈអធិបតី និងអង្គពិធី និងបានធ្វើការប្ដេជ្ញាចិត្ត ខិតខំពង្រឹងពង្រីកសមត្ថភាពដល់ មន្ត្រីនគរបាលក្រោមឱវាទទាំងអស់ ខិតខំយកចិត្តទុកដាក់ក្នុងការបង្ក្រាប ទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ពិសេសក្មេងទំនើង បទល្មើសគ្រឿងញៀន និងអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព ដែលថ្នាក់ដឹកនាំប្រគល់ជូនឲ្យបានល្អប្រសើរ។ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ បាននាំយកនូវការផ្តាំផ្ញើសាកសួសុខទុក្ខពីសំណាក់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងសភាពការថ្មីៗនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ជូនដល់កងកម្លាំងទាំងអស់ ក្រោមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកណ្ដាល។ ទន្ទឹមនេះក៏សូមយកចិត្តទុកដាក់ថែរក្សាសុខភាពឲ្យបានល្អ ពិសេសសុខុមាលភាពក្រុមគ្រួសាររបស់បងប្អូនកងកម្លាំងរបស់យើង។លោកឧត្តមសេនីយ៍ឯក អគ្គស្នងការរង ក៏បានឯកភាពលើរបាយការណ៍ ការប្តេជ្ញាចិត្ត និងសូមកោតសរសើរដល់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដែលខិតខំប្រឹងប្រែងក្នុងការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានបានយ៉ាងល្អប្រសើរនាពេលកន្លងមក។ ទន្ទឹមនឹងលទ្ធផលល្អប្រសើរនេះ លោកក៏បានផ្តល់អនុសាសន៍ណែនាំបន្ថែមទៀត ពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌ បទល្មើសគ្រឿងញៀន បទល្មើសជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ បទល្មើសបច្ចេកវិទ្យា សកម្មភាពក្មេងទំនើង បទល្មើសល្បែងស៊ីសង បញ្ហាគ្រោះថ្នាក់ចរាចរណ៍ និងកិច្ចការងារសំខាន់ៗជាច្រើនទៀត។លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានណែនាំលោកស្នងការខេត្ត ស្នងការរង លោកអធិការ ត្រូវរក្សាសាមគ្គីភាពផ្ទៃ និងយកចិត្តទុកដាក់ទៅលើមន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាល ព្រោះជាមន្រ្តីដែលនៅក្បែរកៀកជាមួយប្រជាពលរដ្ឋ ដឹងអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ពិសេសការអនុវត្តគោលនយោបាយ ភូមិឃុំសង្កាត់មានសុវត្ថិភាព ដូចជាការផ្តល់សេវាសាធារណៈ សេវារដ្ឋបាល ប្រកបដោយគុណភាព តម្លាភាព និងដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព ប្រសិទ្ធភាព និងទទួលបានជំនឿទុកចិត្តពីប្រជាពលរដ្ឋ៕

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បើកមហោស្រពសិប្បកម្មច្នៃប្រតិដ្ឋ និងពិព័រណ៍ស្តីពីតម្បាញសូត្រប្រពៃណីខ្មែរ

2025/12/20 03:15:40 pm        338
ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញជាអធិបតីបើកមហោស្រពសិប្បកម្មច្នៃប្រតិដ្ឋ និងពិព័រណ៍ស្តីពីតម្បាញសូត្រប្រពៃណីខ្មែរ រយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី២០-២១ ខែធ្នូ ឆ្នាំ២០២៥ នៅសាលសន្និសីទចតុម្មុខ រាជធានីភ្នំពេញ។ឯកឧត្តម ឈុំ ម៉េងហុង អគ្គនាយកបច្ចេកទេសវប្បធម៌ បានឲ្យដឹងថា ព្រឹតិ្តការណ៍មហោស្រពសិប្បកម្មច្នៃប្រតិដ្ឋទូទាំងប្រទេសលើកទី១ ឆ្នាំ២០២៥នេះ ប្រារព្ធឡើងក្នុងគោលបំណងលើកស្ទួយវិស័យសិប្បកម្ម និងជំរុញលើកទឹកចិត្តឱ្យមានការច្នៃប្រតិដ្ឋក្នុងវិស័យសិប្បកម្មនៅកម្ពុជា។ ក៏មានការប្រកួតប្រជែងស្នាដៃសិប្បកម្មច្នៃប្រតិដ្ឋរបស់និស្សិត ការតាំងបង្ហាញផលិតផលច្នៃប្រតិដ្ឋរបស់សិប្បករ និងកិច្ចពិភាក្សាស្ដីអំពី ការប្រើប្រាស់ពណ៌ធម្មជាតិក្នុងសិប្បកម្មតម្បាញផងដែរ។នាឱកាសនោះឯកឧត្តម ហាប់ ទូច បានថ្លែងថា វិស័យសិប្បកម្មនៅកម្ពុជាមានប្រវត្តិដ៏យូរលង់ និងជាផ្នែកមួយដ៏សំខាន់នៃមរតកវប្បធម៌ជាតិ។ សិប្បកម្មខ្មែរ បានឆ្លុះបញ្ចាំងពីទេពកោសល្យ និងភាពប៉ិនប្រសប់របស់បុព្វបុរសយើង តាមរយៈការបង្កើត ស្នាដៃដ៏វិចិត្រមានដូចជា គ្រឿងស្មូន គ្រឿងលង្ហិន គ្រឿងប្រាក់ គ្រឿងអលង្ការ និងផលិតផលតម្បាញសូត្រ ជាដើម។ សិប្បកម្មទាំងនេះមិនត្រឹមតែបម្រើឱ្យតម្រូវការប្រើប្រាស់ប្រចាំថ្ងៃប៉ុណ្ណោះទេ តែវាក៏មានតម្លៃ សិល្បៈខ្ពស់ប្រណីតផងដែរ។ បច្ចុប្បន្ន វិស័យសិប្បកម្មនៅកម្ពុជាកំពុងមានការរីកចម្រើន ដោយមានការបញ្ចូលគ្នារវាងក្បាច់រចនាបុរាណជាមួយការច្នៃម៉ូដបែបសម័យថ្មី ដើម្បីបំពេញតម្រូវការទីផ្សារទាំងក្នុងនិង ក្រៅប្រទេស។ សិប្បកម្មមិនគ្រាន់តែជាផលិតផលនោះទេ តែជាអត្តសញ្ញាណវប្បធម៌ជាតិដែលបានបន្តវេនពីមួយ ជំនាន់ទៅមួយជំនាន់។ បច្ចុប្បន្ននេះ វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា បានដើរតួនាទីសំខាន់ក្នុងការ អភិរក្សជំនាញសិប្បកម្មប្រពៃណី នៅតាមបណ្តាខេត្តនានា ក្នុងប្រទេសកម្ពុជា។ ការអភិរក្សចំណេះដឹងនិង ជំនាញដូនតាឲ្យបានគង់វង្ស ទន្ទឹមនឹងការអភិវឌ្ឍ ឧស្សាហកម្មវប្បធម៌ និងច្នៃប្រតិដ្ឋ នឹងជួយបង្កើនផលិតផល និងសេវាកម្មវប្បធម៌ប្រកបដោយគុណភាព តម្លៃ និងមានលក្ខណៈជាតិ ដែលជាចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់កិត្យានុភាព និងអត្តសញ្ញាណជាតិ ហើយពិសេសជាងនោះទៅទៀត គឺជួយដល់កំណើនសេដ្ឋកិច្ច និងការងារយ៉ាងសន្ធឹកសន្ធាប់ផង។ ទោះបីជាយ៉ាងណាក៏ដោយ វិស័យនេះក៏នៅតែប្រឈមនឹងបញ្ហាប្រកួតប្រជែងជាមួយផលិតផល ដែលផលិតដោយម៉ាស៊ីន។ មួយវិញទៀត បញ្ហាប្រឈមដ៏សំខាន់គឺការផ្ទេរចំណេះដឹងពីសិប្បករចាស់ៗទៅ អ្នកជំនាន់ក្រោយឲ្យបានទូលំទូលាយ។ ហេតុដូច្នេះហើយ ទើបមានការបង្កើតកម្មវិធី និងព្រឹត្តិការណ៍នានា ដូចជា៖ មហោស្រពសិប្បកម្មច្នៃប្រតិដ្ឋ ដើម្បីលើកទឹកចិត្តយុវជនឱ្យចាប់អារម្មណ៍ និងចូលរួមថែរក្សាវប្បធម៌ សិល្បៈដ៏មានតម្លៃនេះ។ វេទិកាមហោស្រព ជាវេទិកាមួយដ៏សំខាន់សម្រាប់លើកទឹកចិត្តយុវជនហ៊ានគិត ហ៊ានធ្វើថ្មី ដើម្បីឲ្យវិស័យច្នៃប្រតិដ្ឋនៅកម្ពុជាមានការរីកចម្រើន។ ជាងនេះទៅទៀត មហោស្រពនេះជា វេទិកាតាំងបង្ហាញសមិទ្ធផល ការផ្លាស់ប្តូរបទពិសោធន៍ និងភ្ជាប់ទំនាក់ទំនងរវាងសិប្បករ និងសិប្បករ។ជាចុងក្រោយឯកឧត្តម ហាប់ ទូច សូមអំពាវនាវដល់ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន បន្តគាំទ្រវិស័យសិប្បកម្មច្នៃប្រតិដ្ឋរបស់កម្ពុជា ដើម្បីលើកស្ទួយផលិតផលក្នុងស្រុក ក៏ដូចជាលើកទឹកចិត្តដល់សិប្បករ និងអ្នករចនាទាំងអស់ក្នុងការរិះរក គំនិតច្នៃប្រតិដ្ឋថ្មីៗ ក្នុងសិប្បកម្មប្រពៃណី ព្រមទាំងអាចផ្ទេរចំណេះដឹងនេះដល់យុវជនជំនាន់ក្រោយផងដែរ៕អត្ថបទ រដ្ឋា 

កម្ពុជាកំពុងបង្កើតធនធានមនុស្សជំនាញវិជ្ជាជីវៈ គាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

2025/12/20 02:30:27 pm        107
កម្ពុជាកំពុងជំរុញបង្កើតធនធានមនុស្សលើមុខជំនាញវិជ្ជាជីវៈ ជាពិសេសជំនាញហិរញ្ញវត្ថុ គណនេយ្យ និងសវកកម្ម គឺជាធនធាន ដ៏មានសារៈសំខាន់ ដើម្បីឆ្លើយតបទៅនិងតម្រូវការទីផ្សារការងារ ស្របតាមបរិបទការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ក្នុងគោលដៅចូលរួម និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ។លោកស្រី សាវុធ ដាលី នាយកប្រតិបត្តិនៃវិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា ហៅកាត់គីប៉ា (KICPAA) លើក ឡើងក្នុងពិធីប្រគល់សញ្ញាបត្រជូនសិក្ខាកាមប្រឡងជាប់កម្មវិធី ATQ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ថា KICPAA បានបង្កើតឡើងឆ្នាំ ២០០៣ ស្របតាមច្បាប់គណនេយ្យ និងសវនកម្ម ក្នុងនោះ KICPAA ក៏បានចូលជាសមាជិកសមាគមសហព័ន្ធគណនេយ្យករ អាស៊ាន ដែលប្រមូលផ្តុំទៅដោយស្ថាប័នវិជ្ជាជីវៈ ដើម្បីរួមគ្នាបង្កើនសមត្ថភាព និងការចែករំលែកនូវបទពិសោធន៍ ចំណេះ ជំនាញ ពី ប្រទេសនីមួយៗរវាងគ្នាទៅវិញទៅមក និងជួយពង្រឹងទៅដល់ប្រទេសដែលមានត្រូវការលើផ្នែកនេះ ហើយនៅឆ្នាំ២០២៤ KICPAA ក៏ បានចូលជាសមាជិក IFAC ដែលមានស្ថាប័នជាសមាជិកគណនេយ្យករជំនាញជាង ១៨០ ស្ថាប័នផងដែរ ដែលស្ថាប័ននេះបានបង្កើត នូវស្តង់ដារគណនេយ្យ និងសវកម្មរួម សម្រាប់ប្រទេសនីមួយៗក្នុងការអនុវត្ត។លោកស្រី បន្តថា ជុំវិញបញ្ហានេះកម្ពុជាមានបណ្តាញទំនាក់ទំនងចំនួនពីរ ក្នុងនោះសម្រាប់ផ្នែកគណនេយ្យករ បានធ្វើឱ្យកម្ពុជា មានជម្រើសកាន់តែខ្ពស់ នៃការចាប់យកកម្មវិធីអ្នកបច្ចេកទេសគណនេយ្យ (ATQ) និងជាស្ពានសម្រាប់ឆ្លងចាប់គណនេយ្យករជំនាញ គិតមកដល់ពេលនេះកម្ពុជានៅមានការខ្វះខាតច្រើន សម្រាប់តម្រូវការតាមរោងចក្រ សហគ្រាសនានា ដូច្នេះតាមរយៈការបណ្តុះ បណ្តាលជំនាញ គឺកម្ពុជាបានកំពុងរួមគ្នាបង្កើតសក្តានុពលធនធានជំនាញ ដើម្បីឆ្លើយតបទៅនិងតម្រូវការការងារ ស្របតាមបរិបទការ អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ដែលកំពុងរីកចម្រើន។លោក ប៊ុន សុន្ទរង្គ នាយកវិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ លើកឡើងថា ធនធានមនុស្សផ្នែកហិរញ្ញវត្ថុ និងគណនេយ្យ គឺជាធនធានដែលមានសារៈសំខាន់ ដោយទាមទារឱ្យសិស្ស-និស្សិតសិក្សាជំនាញទាំងនេះឱ្យបានច្បាស់លាស់ នឹងត្រូវស្វែងយល់អំពី បរិបថបច្ចុប្បន្ន ដែលបច្ចេកវិទ្យាឌីជីថលកំពុងមានសម្ទុះរីកចម្រើន ជាពិសេសបញ្ញាសិប្បនិម្មិត AI ជាដើម ដើម្បីបង្កើនប្រសិទ្ធភាពក្នុង ការរៀនសូត្រ និងតម្រូវការការងារ ដើម្បីពង្រឹងនិងអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ឲ្យស្របតាមតម្រូវការនៃកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ វិស័យហិរញ្ញវត្ថុ និងសវនកម្មនៅកម្ពុជា ដើម្បីប្រកួតប្រជែងជាមួយប្រទេសជិតខាង ព្រមទាំងប្រទេសធំៗដទៃទៀតទូទាំងសកលលោក។ សូមបញ្ជាក់ថា ជុំវិញជំនាញខាងលើ, នាពេលកន្លងមកនេះ ក្រុមប្រឹក្សានៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានផ្សព្វផ្សាយយុទ្ធ សាស្រ្តអភិវឌ្ឍន៍វិស័យគណនេយ្យ និងសវនកម្មនៅកម្ពុជា ២០២៥-២០៣៥ ដោយយុទ្ធសាស្ត្រអភិវឌ្ឍន៍គណនេយ្យ និងសវនកម្មនេះ គឺជាផែនទីបង្ហាញផ្លូវដ៏សំខាន់មួយ ដើម្បីធានាបាននូវការរីកចម្រើនប្រកបដោយចីរភាព និងស្របតាមស្តង់ដាអន្តរជាតិ ក្នុងវិស័យ គណនេយ្យ និងសវនកម្មនៅកម្ពុជា និងក៏មានគោលបំណងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិទាំងមូល ក៏ដូចជាការទាក់ទាញការ វិនិយោគបរទេសមកកាន់កម្ពុជាបន្ថែម ដោយធានាថា គណនេយ្យករ និងសវនករទាំងអស់ មានសមត្ថភាពផ្តល់សេវាប្រកបដោយ គុណភាពជំនឿទុកចិត្តតម្លាភាព និងគណនេយ្យភាព៕ អត្ថបទ៖ សុន រ៉ាឌី,

វត្តមានជាលើកទី២ របស់អ្នកម្ដាយមនុស្សធម៌សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានលើកទឹកចិត្ត ផ្តល់ភាពកក់ក្តៅ និងក្តីសង្ឃឹម ដល់វីរយុទ្ធជនការពារបូរណភាពទឹកដីដ៏អង់អាចក្លាហាន ដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យនានានៅរាជធានីភ្នំពេញ

2025/12/20 02:19:17 pm        320
ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥នេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជាលើកទី២ ក្នុងការចុះសួរសុខទុក្ខវីរយុទ្ធជនការពារបូរណភាពទឹកដីដ៏អង់អាចក្លាហាន ដែលរងរបួស និងផ្សែងពុលក្នុងសមរភូមិ កំពុងព្យាបាលនៅតាមមន្ទីរពេទ្យចំនួន៥ ក្នុងរាជធានីភ្នំពេញ។ នេះជាការចុះសួរសុខទុក្ខជាលើកទី២ របស់អ្នកម្តាយមនុស្សធម៌ ដើម្បីលើកទឹកចិត្ត និងផ្តល់ភាពកក់ក្តៅ ដល់វីរយុទ្ធជនដ៏អង់អាចក្លាហានរបស់យើង ដែលការចុះលើកទី១ កាលពីថ្ងៃទី១៥-១៦ ខែធ្នូ កន្លងទៅ។ការអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខនាពេលនេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្ដែងនូវអារម្មណ៍ក្ដុកក្ដួល អាណិតអាសូរជាពន់ពេកដល់វីរយុទ្ធជនដែលបានពលី និងលះបង់កម្លាំងកាយចិត្ដ បំពេញការងារដោយបេះដូង និងឆន្ទៈខ្ពស់បំផុត ក្នុងការការពារបូរណភាពទឹកដី លះបង់ឈាមស្រស់ សាច់ស្រស់ បូជាជូនជាតិមាតុភូមិ ដោយមោទនភាពជាទីបំផុត។ក្នុងឱកាសនេះដែរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បាននាំនូវព្រះរាជបណ្តាំផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរពីសំណាក់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជាពិសេស ស្ញប់ស្ញែងចំពោះទឹកចិត្តដ៏អង់អាចក្លាហាន ហ៊ានពលិកម្មគ្រប់បែបយ៉ាងដើម្បីបូរណភាពទឹកដីដ៏កម្សត់របស់យើង និងសូមជូនពរដល់វីរយុទ្ធជនគ្រប់រូប សូមឆាប់បានជាសះស្បើយឡើងវិញ។ ចំពោះការអញ្ជើញចុះមកដោយផ្ទាល់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានធ្វើឱ្យវីរយុទ្ធជន និងក្រុមគ្រួសារ មានក្តីរំភើបស្រក់ទឹកភ្នែកដែលទទួលបានការថ្នាក់ថ្នមដោយភាពកក់ក្ដៅ ដែលនេះជាការផ្ដល់កម្លាំងចិត្ដមួយដ៏ធំមិនអាចកាត់ថ្លៃបាន សម្រាប់វីរយុទ្ធជនទាំងអស់។ ក្នុងឱកាសដ៏រំភើបឥតឧបមានេះដែរ វីរយុទ្ធជន និងគ្រួសារ បានលើកដៃប្រណព្វថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ ដែលតែងតែនៅជាប់ជាមួយប្រជាពលរដ្ឋជានិច្ច តែងតែគិតគូរពីសុខទុក្ខ លើកទឹកចិត្ត និងផ្តល់ក្តីសង្ឃឹមដ៏ធំធេងដល់ប្រជាជនគ្រប់រូប ពោលគឺទីណាដែលមានទុក្ខលំបាក ទីនោះគឺមានបេះដូង និងទឹកចិត្ដសង្គ្រោះរបស់អ្នកម្ដាយមនុស្សធម៌។វីរយុទ្ធជនទាំងអស់ និងក្រុមគ្រួសារ សូមប្រសិទ្ធពរជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ជន្មាយុយឺនយូរ ដើម្បីជាម្លប់ដ៏កក់ក្តៅដល់ប្រជាជនកម្ពុជា ជារៀងដរាប។សូមបញ្ជាក់ថា វីរយុទ្ធជនដែលរងរបួស និងផ្សែងពុលក្នុងសមរភូមិ ទទួលបាននូវការឧបត្ថម្ភពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា រួមមានគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកាមួយចំនួនផងដែរ៕

TOP STORY | កម្ពុជា-ចិនគូសបញ្ជាក់អំពីភាពចាំបាច់តម្រូវឱ្យមានការឈប់បាញ់ជាបន្ទាន់ ដោយឥតបង្អែរបង្អង់ ខណៈការសន្ទនាដោយសន្តិវិធីនៅតែជាមាគ៌ាតែមួយគត់ ដែលអាចដោះស្រាយទំនាស់

2025/12/20 01:53:48 pm        422
ភ្នំពេញ៖ តាមរយៈជំនួបរវាងសម្ដេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា និងឯកឧត្តម តេង ស៊ីឃុន ប្រេសិតពិសេសទទួលបន្ទុកកិច្ចការអាស៊ី ក្រសួងការបរទេសនៃ សាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥នេះ ភាគីទាំងពីរបានគូសបញ្ជាក់អំពីភាពចាំបាច់តម្រូវឱ្យមានការឈប់បាញ់ជាបន្ទាន់ដោយឥតបង្អែរបង្អង់ និងបានសង្កត់ធ្ងន់ថា ការសន្ទនាដោយសន្តិវិធីនៅតែជាមាគ៌ាតែមួយគត់ដែលអាចឈានទៅសម្រេចបាននូវការដោះស្រាយទំនាស់។យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ឯកឧត្តម តេង ស៊ីឃុន ប្រេសិតពិសេសទទួលបន្ទុកកិច្ចការអាស៊ី ក្រសួងការបរទេសនៃ សាធារណរដ្ឋប្រជាមានិតចិន កំពុងស្ថិតនៅទីក្រុងភ្នំពេញ ដើម្បីពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែង ដើម្បី បន្ធូរបន្ថយកម្ដៅ និងបញ្ចប់ជម្លោះប្រដាប់អាវុធរវាងកម្ពុជា និងថៃ។ ក្នុងអំឡុងពេលទស្សនកិច្ចនេះ ឯកឧត្តម តេង ស៊ីឃុន បានចូលជួបសម្តែងការគួរសមជាមួយ សម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥។ ឯកឧត្តម តេង ស៊ីឃុន ក៏បានជួបពិភាក្សាយ៉ាងទូលំទូលាយជាមួយ ឯកឧត្តមឧបនាយក រដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តមឧបនាយក រដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេ បញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។ក្នុងអំឡុងពេលនៃជំនួបទាំងនេះ ភាគីទាំងពីរបានគូសបញ្ជាក់អំពីភាពចាំបាច់តម្រូវឱ្យមានការឈប់បាញ់ជាងបន្ទាន់ដោយឥតបង្អែរបង្អង់ និងបានសង្កត់ធ្ងន់ថា ការសន្ទនាដោយសន្តិវិធីនៅតែជាមាគ៌ាតែមួយគត់ដែលអាចឈានទៅសម្រេចបាននូវការដោះស្រាយទំនាស់។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការគោរព និងអនុវត្តយ៉ាងពេញលេញនូវក្របខ័ណ្ឌទ្វេភាគី និងយន្តការ ដែលបានព្រមព្រៀងគ្នា ដែលនៅតែជាឧបករណ៍ដ៏សំខាន់សម្រាប់ដោះស្រាយទំនាស់ និងសម្រេចបាននូវដំណោះស្រាយយុត្តិធម៌ យូរអង្វែង ប្រកបដោយចីរភាព និងសន្តិភាព ស្របតាមច្បាប់អន្តរជាតិ។សម្តេចធិបតីនាយករដ្ឋមន្ត្រី ថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះប្រទេសចិនជាពិសេស ចំពោះឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងភាពជាអ្នកដឹកនាំ និង កិច្ចខិតខំប្រឹងប្រែងផ្ទាល់ខ្លួនរបស់ឯកឧត្តម ដើម្បីស្តារសន្តិភាពរវាងប្រទេសទាំងពីរ និងដើម្បីរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់។ សម្តេចធិបតីបានគូសបញ្ជាក់ថា ប្រទេសកម្ពុជាបានប្រកាន់ខ្ជាប់យ៉ាងពេញលេញ ចំពោះបទឈប់បាញ់ចាប់តាំងពីចូលជាធរមាន ហើយក៏បានប្រកាន់ខ្ជាប់ជានិច្ចផងដែរនូវគោលការណ៍មិនប្រើប្រាស់កម្លាំង និងការដោះស្រាយជម្លោះដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ គោលការណ៍នេះនៅតែបន្តធ្វើជាមាគ៌ាសម្រាប់កម្ពុជាអនុវត្តវិធីសាស្ត្រចំពោះស្ថានភាពព្រំដែនកម្ពុជា-ថៃ។ឯកឧត្តម តេង ស៊ីជុន បានបញ្ជាក់ជាថ្មីថា ប្រទេសចិននឹងបន្តដើរតួនាទីស្ថាបនាក្នុងការសម្របសម្រួលការសន្ទនារវាងកម្ពុជា និងថៃ ក្នុងគោលបំណងលើកកម្ពស់ការដោះស្រាយជម្លោះដោយសន្តិវិធី។ ឯកឧត្តម តេង ស៊ីជុន បានសង្កត់ធ្ងន់ថា ក្នុងនាមជាមិត្តរបស់កម្ពុជា និងថៃ ប្រទេសចិនត្រៀមខ្លួនចូល រួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងទាំងអស់ ដែលមានគោលបំណងសម្រេចបានបទឈប់បាញ់ដោយ គ្មានបង្អែរបង្អង់ និងការវិលត្រឡប់ទៅរកការកសាងទំនុកចិត្តឡើងវិញរវាងប្រទេសជិតខាងទាំងពីរ។សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ប្រទេសចិនក្នុងការជួយបញ្ចប់ជម្លោះ និងស្តារសន្តិភាពឡើងវិញ ដែលអាចអនុញ្ញាតឱ្យប្រជាជន នៃប្រទេសទាំងពីររួមរស់ជាមួយគ្នាក្នុងសន្តិភាព ស្ថិរភាព ភាពជាអ្នកជិតខាងល្អ និងវិបុលភាព។ សម្តេចធិបតីក៏បានថ្លែងអំណរគុណដល់ប្រទេសចិន ដែលបានត្រៀមខ្លួនក្នុងការបន្តផ្តល់ជំនួយមនុស្ស ធម៌ ដើម្បីគាំទ្រដល់សហគមន៍ដែលរងផលប៉ះពាល់៕

BREAKING NEWS! ម៉ោង ១១:០១នាទី ដល់ម៉ោង ១១:១៦នាទី យោធាថៃប្រើប្រាស់យន្តហោះ F-16 ទម្លាក់គ្រាប់ចំនួន២គ្រាប់ កម្ទេចសាលាបឋមសិក្សាស្ទឹងកាច់ ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់

2025/12/20 12:04:32 pm        639
ក្រសួងកាពារជាតិកម្ពុជា​ សូមជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីយោធាថៃនៅតែបន្តធ្វើសកម្មភាពបាញ់ប្រហារចូលទីតាំងប្រជាជនស៊ីវិលកម្ពុជា និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល នៅយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្ត ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥។ក្រសួងកាពារជាតិកម្ពុជា​ បញ្ជាក់ថា នៅម៉ោង ១១:០១នាទី ដល់ម៉ោង ១១:១៦នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកចំនួន២គ្រាប់ កម្ទេចសាលាបឋមសិក្សាស្ទឹងកាច់ ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។សកម្មភាពខាងលើជាការវាយប្រហារដ៏កំរោល ដោយមិនរើសគោលដៅរបស់យោធាថៃ ជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិ។ ព័ត៌មានលម្អិតនឹងរាយការណ៍ជូននៅពេលក្រោយ៕

BREAKING NEWS! ចាប់ពីម៉ោង ១១:០១នាទី រហូតដល់ម៉ោង ១១:១៦នាទី យោធាថៃ ប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកចំនួន ៣គ្រាប់ មកលើទីតាំងសណ្ឋាគារកាស៊ីណូជាប់ច្រកព្រំដែនជ័យជំនះ

2025/12/20 11:40:51 am        416
ក្រសួងកាពារជាតិកម្ពុជា​ ជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃនៅតែបន្តធ្វើសកម្មភាពបាញ់ប្រហារចូលទីតាំងប្រជាជនស៊ីវិលកម្ពុជា និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល នៅយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្ត ច្រកព្រំដែនជ័យជំនះ ស្រុកវាលវែង ខេត្តពោធិ៍សាត់ នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥៖ក្រសួងកាពារជាតិកម្ពុជា​ បញ្ជាក់ថា ចាប់ពីម៉ោង១១:០១នាទី រហូតដល់ម៉ោង១១:១៦នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកចំនួន ៣គ្រាប់ មកលើទីតាំងសណ្ឋាគារកាស៊ីណូជាប់ច្រកព្រំដែនជ័យជំនះ។ សកម្មភាពខាងលើជាការវាយប្រហារដ៏កំរោល ដោយមិនរើសគោលដៅរបស់យោធាថៃ ជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិ។ ព័ត៌មានលម្អិតនឹងរាយការណ៍ជូននៅពេលក្រោយ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋបាលខណ្ឌសែនសុខ បន្តយកចិត្តទុកដាក់ក្នុងស្តារប្រព័ន្ធលូបង្ហូរទឹកសំខាន់ៗ ក្នុងមូលដ្ឋាន ដើម្បីបញ្ចៀសការជន់លិចលង់ក្នុងរដូវភ្លៀង
06/02/2026 04:06 PM
សម្ដេចតេជោ ហ៊ុន សែន៖ រយៈពេល៥ខែឆ្នាំនេះកម្ពុជាទទួលបានចំណូលពន្ធដារជាង ៥៣ភាគរយនៃផែនការឆ្នាំ២០២៦
06/02/2026 04:06 PM
សេចក្តីព្រាងច្បាប់រំលាយសភាអ៊ីស្រាអែល ឆ្លង​ផុត​ដំណាក់​កាល​ដំបូង នៅសភា
06/02/2026 04:06 PM
ហ្វីលីពីន និងវៀតណាម ជំរុញកិច្ចសហប្រតិបត្តិការសន្តិសុខ និងសុវត្ថិភាពដែន​សមុទ្រ
06/02/2026 04:06 PM
​ រដ្ឋមន្ត្រីព័ត៌មាន៖ ព័ត៌មានក្លែងក្លាយជាបញ្ហាប្រឈមក្នុងតំបន់ និងពិភពលោក ដែលទាមទារការកំណត់វិធានការឆ្លើយតប
06/02/2026 04:06 PM
នាវាជាច្រើនគ្រឿង កំពុងរង់ចាំការអនុញ្ញាតឱ្យធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz
06/02/2026 04:06 PM
ប្រជាជនកេនយ៉ា តវ៉ាប្រឆាំងនឹងទីតាំងធ្វើចត្តាឡីស័កជំងឺអេបូឡាតាមផែនការរបស់អាមេរិក
06/02/2026 04:06 PM
សង្គ្រាមនៅអ៊ីរ៉ង់ ផ្តល់ប្រយោជន៍ភ្លាមៗដល់ស៊ីរី ខណៈក្រុមហ៊ុនអាកាសចរណ៍ផ្លាស់ប្តូរផ្លូវហោះហើរលើដែនអាកាសរបស់ខ្លួន
06/02/2026 04:06 PM
[UPDATE] មនុស្សជាង១០នាក់ស្លាប់ក្នុងការវាយប្រហាររបស់រុស្ស៊ីទូទាំងប្រទេសអ៊ុយក្រែន ក្រោយការព្រមាន
06/02/2026 03:06 PM
ប្រមុខការទូតកម្ពុជា បើកកិច្ចប្រជុំជាមួយបណ្ដាអង្គទូត និងអង្គការអន្តរជាតិ ក្រោយកម្ពុជាជូនដំណឹងផ្លូវការទៅភាគីថៃ និងUN អំពីការ​ចាប់ផ្តើមដំណើរការយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញា UNCLOS
06/02/2026 03:06 PM