ប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មូស្លីមកម្ពុជា ផ្ដល់អំណោយជូនជនភៀសសឹកចំនួន ១៥០០គ្រួសារ នៅខេត្តបន្ទាយមានជ័យ
ប្រមុខការទូតកម្ពុជាធ្វើបទបង្ហាញជូនអង្គទូត ស្តីពីការសម្រេចចិត្តរបស់កម្ពុជា ពាក់ព័ន្ធនឹងតំបន់ទាមទារដែនសមុទ្រត្រួតគ្នាជាមួយ ប្រទេសថៃ
កម្ពុជា-ឥណ្ឌាដាក់ឱ្យដំណើរការទូទាត់ឆ្លងដែនតាមឃ្យូអរកូត ដើម្បីសម្រួលដល់ប្រជាជនឥណ្ឌាមកកម្ពុជា
គិតត្រឹមខែឧសភា ឆ្នាំ២០២៦ ក្រសួងបរិស្ថានបានបណ្តុះកូនឈើ បានចំនួនជាង៤លានដើម ក្នុងនោះដើមត្នោតចំនួនជាង១លានដើម ដើម្បីចែកជូនប្រជាពលរដ្ឋ យកទៅដាំនៅតាមទីសាធារណៈ និងដាំស្តារព្រៃ

ព័ត៌មានជាតិ

ឯកឧត្តម ហែម វណ្ណឌី ស្នើដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធខេត្តកំពង់ចាម ចូលរួមអភិវឌ្ឍសេដ្ឋកិច្ច ក្នុងស្មារតីស្នេហាជាតិ

2025/12/16 03:52:07 pm        111
ភ្នំពេញ ៖ ឯកឧត្តម ហែម វណ្ណឌី ប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានប្រកាសអត្ថប្រយោជន៍ដែល អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធទទួលបាន និងលើកទឹកចិត្តដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ចូលរួមអភិវឌ្ឍសេដ្ឋកិច្ច ក្នុងស្មារតីស្នេហាជាតិ។ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការ សម្របសម្រួលការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ (គ.ស.អ.ស.ក) នៅក្នុងកម្មវិធីយុទ្ធនាការផ្សព្វផ្សាយការចុះឈ្មោះតាមថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅខេត្តកំពង់ចាម ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលចង់ឃើញការកែលម្អ ពិតប្រាកដលើជំនាញវិជ្ជាជីវៈ ផលិតភាព និងគុណភាព ជាពិសេសសម្រាប់ខេត្តកំពង់ចាម ដែលជា ខេត្តមានសក្តានុពលច្រើន លើការកែច្នៃ ការផលិត និងការច្នៃប្រឌិតថ្មីៗជាដើម។  ឯកឧត្តម លើកឡើងបន្តថា ខណៈដែលប្រទេសជាតិកំពុងត្រូវបានគេឈ្លានពាន ស្មារតីស្នេហាជាតិ, មានន័យថា យើងត្រូវ ជួយអភិវឌ្ឍធ្វើឱ្យសេដ្ឋកិច្ច និងប្រទេសជាតិរបស់យើងរឹងមាំ តាមរយៈការពង្រឹងជំនាញ និងគុណភាពផលិតផលរបស់យើង គឺជា ទម្រង់មួយនៃការស្នេហាជាតិផងដែរ។ ដើម្បីឱ្យប្រទេសជាតិយើងខ្លាំងបាន យើងជាបុគ្គលម្នាក់ៗត្រូវតែខ្លាំង អាជីវកម្មត្រូវតែខ្លាំង ខេត្ត នីមួយៗត្រូវខ្លាំង។ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានលើកឡើងថា ខេត្តកំពង់ចាមបានបង្កើតគណៈ កម្មាធិការថ្នាក់ខេត្ត និងស្រុក ដើម្បីផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹង និងការចុះឈ្មោះ ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន ព្រម ទាំងមានការពិនិត្យតាមដាន និងការរាយការណ៍ជាប្រចាំ។សូមបញ្ជាក់ថា ការចុះឈ្មោះលើថ្នាលឌីជីថលរបស់រាជរដ្ឋាភិបាល បានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដូចជា ការទទួលបាន អត្តសញ្ញាណច្បាស់លាស់ លទ្ធភាពទទួលសេវាហិរញ្ញវត្ថុផ្លូវការ អត្ថប្រយោជន៍បេឡាជាតិរបបសន្តិសុខសង្គម ការបណ្តុះបណ្តាលជំនាញ សេវាគាំពារសង្គម ការលើកលែងកាតព្វកិច្ចពន្ធ និងការអនុគ្រោះពន្ធជាដើម។ អត្ថប្រយោជន៍ទាំងនេះ កំពុងត្រូវបានពង្រីកជាបន្តបន្ទាប់ តាមរយៈភាពជាដៃគូជាមួយស្ថាប័នសាធារណៈ និងឯកជន។ ជាក់ស្តែងក្រុមហ៊ុនធានារ៉ាប់រងអាយុ ជីវិត Manulife និងក្រុមហ៊ុន Phillip Capital Group ថ្មីៗនេះ បានចូលរួមជាមួយរាជរដ្ឋាភិបាលដើម្បីផ្តល់សេវាធានារ៉ាប់រង និងការ បណ្តុះបណ្តាលចំណេះដឹងហិរញ្ញវត្ថុដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយឥតគិតថ្លៃ។ ដោយឡែកមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” ក៏ផ្តល់បណ្ណជំនួយថវិកា សម្រាប់ការចាប់យកដំណោះស្រាយឌីជីថល ការបណ្តុះបណ្តាល និងការប្រឹក្សាផ្នែកឌីជីថលសម្រាប់ សហគ្រាស ខណៈដែលមូលនិធិអភិវឌ្ឍន៍ជំនាញ កំពុងរៀបចំកញ្ចប់អត្ថប្រយោជន៍ ដើម្បីគាំទ្រការបណ្តុះបណ្តាល និងការបង្កើន ជំនាញសម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធផងដែរ៕អត្ថបទ៖ សុន រ៉ាឌី

ម្ចាស់រោងចក្រ សហគ្រាស ក្រុមហ៊ុន ផ្តល់អំណោយ តាមក្រសួងការងារ សម្រាប់ចែកជូនវីរកងទ័ព ពលរដ្ឋភៀសសឹក

2025/12/16 03:36:05 pm        321
នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលអំណោយពី ក្រុមហ៊ុន ឌីឡាក់ អ៊ិនធើណេសិនណល ឯ.ក (D’luxe International Co., LTD.) ដែលបានឧបត្ថម្ភស្បៀងជាគ្រឿងឧបភោគបរិភោគរួមមាន៖ អង្ករ ៣,៥តោន ទឹកស៊ីអ៊ីវ ៤០យួរ ទឹកត្រី ៤០យួរ ត្រាវ ២៥០គីឡូក្រាម ដំឡូងបារាំង ២៥០គីឡូក្រាម ដំឡូងជ្វា ២៥០គីឡូក្រាម ការ៉ុត ២៥០គីឡូក្រាម ពោត ៦បេ ស្មើ ៣០០ពោត ទឹកសុទ្ធ ៣០កេស មី ៦០កេស។ ក្រុមហ៊ុន អិកស៍អូ ថិច អ៊ិនដាសស្ទ្រៀល ឯ.ក (XO TEX INDUSTRIAL CO., LTD.) បានចូលរួមផ្តល់អង្ករ ចំនួន ១,៧៥តោន ទឹកស៊ីអ៊ីវ ចំនួន ២០យួរ ទឹកត្រី ចំនួន ២០យួរ ទឹកសុទ្ធវីតាល់ ចំណុះ ៥០០មល ចំនួន ១៥កេស មីខ្លាឃ្មុំ ចំនួន ១៥កេស ត្រាវ ចំនួន ១២៥គីឡូក្រាម ដំឡូងបារាំង ចំនួន ១២៥គីឡូក្រាម ដំឡូងជ្វា ចំនួន ១២៥គីឡូក្រាម ការ៉ុត ចំនួន ១២៥គីឡូក្រាម ពោត ចំនួន ១៥០ផ្លែ។តាងនាមឱ្យថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសប្បុរសរបស់ក្រុមហ៊ុនទាំងពីរ និងបណ្តាសប្បុរសជន ម្ចាស់រោងចក្រ សហគ្រាស ក្រុមហ៊ុន សហជីព និងបងប្អូនកម្មករនិយោជិត ជាច្រើនទៀត ដែលបាននិងកំពុងផ្តល់មកក្រសួង ដើម្បីផ្តល់ជូនដល់វីរកងទ័ព និងជនភៀសសឹកដែលត្រូវរងគ្រោះយ៉ាងលំបាកវេទនា ជម្លៀសខ្លួនមកតំបន់សុវត្ថិភាព ចោលផ្ទះសំបែង ពីការបង្កសង្គ្រាមឈ្លានពានយ៉ាងកម្រោលឃោរឃៅពីសំណាក់យោធាថៃ។ ឯកឧត្តមរដ្ឋមន្រ្តី ចាត់ទុកថានេះជាស្មារតីរួបរួមជាកម្លាំងមួយដ៏ខ្លាំងរឹងមាំ ស្មារតីខ្មែរតែមួយ ជួយគ្នាក្នុងគ្រាទុក្ខលំបាក ប្រយុទ្ធប្រឆាំងនិងសត្រូវឈ្លានពានទឹកដី៕

សម្ដេចធិបតីអំពាវនាវពលរដ្ឋសាមគ្គីគ្នាជួយជនភៀសសឹក និង​គាំទ្រ​វីរ​កងទ័ព​ជួរ​មុខ​បណ្ដេញ​សត្រូវ​ឈ្លាន​ពាន

2025/12/16 03:24:30 pm        1833
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវ​ដល់​បង​ប្អូន​ប្រជា​ពលរដ្ឋ​មហា​គ្រួសារ​ខ្មែរ​គ្រប់​ទិស​ទី ​បន្តរួបរួមសាមគ្គីគ្នាជួយដល់បងប្អូនជនភៀសសឹក និង​គាំទ្រ​លើ​កកម្លាំង​ចិត្ត​ដល់​វីរ​កង​ទ័ព​ជួរ​មុខ​ ដើម្បីបណ្ដេចសត្រូវឈ្លានពានចេញពីទឹកដីកម្ពុជា។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍អំពាវនាវបែបនេះក្នុងឱកាស លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រីទី១ កម្ពុជា បានអញ្ជើញ ចុះជួបសំណេះសំណាល ជាមួយ បង​ប្អូន​អ្នក​ស្ម័គ្រចិត្តដែលកំពុងធ្វើបេសកកម្មមនុស្សធម៌ «សមរភូមិក្រោយគាំទ្រសមរភូមិមុខ» នៅ​រាជ​ធានី​ភ្នំពេញ នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥នេះ។ក្នុងឱកាស​នោះ សម្តេចធិបតី នាយកដ្ឋមន្រ្ដី បានផ្តាំផ្ញើជូនដល់ប្រជាពលរដ្ឋទាំងអស់បន្តរួបរួម កម្លាំង​សាមគ្គីរវាងរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋឱ្យនៅតែបន្តធ្វើដើម្បីជួយដល់ជនភៀសសឹក និង​ជា​ថាមពលដ៏រឹងមាំសម្រាប់គាំទ្រ និងផ្តល់កម្លាំងចិត្តដល់វីរកងទ័ពក្នុងគ្រាពេលប្រទេសជាតិ ជួប​នឹងសង្រ្គាមឈ្លានពានពីយោធាថៃ។ សម្ដេចធិបតី មានមោទនភា​ព​ជា​ខ្លាំង​ដោយ​បាន​ឃើញ​នូវ​កម្លាំង​ដ៏​រឹង​មាំនៃ​មហា​សាមគ្គី​ជាតិ​ខ្មែរ​ក្នុង​កាលៈ​ទេសៈ​ដែល​ប្រទេសជាតិ​យើង​កំពុង​ជួប​ប្រទះ​នឹង​ការ​លំបាកដោ​យសារការឈ្លានពានពីប្រទេសជិតខាង។ សម្ដេចនាយករដ្ឋមន្រ្ដីបានថ្លែងថា ព្រះមហាក្សត្រ ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ប្រជា​ពលរដ្ឋ​ខ្មែរ​គ្រប់និន្នាការ សាសនា ទាំងក្នុងនិងក្រៅប្រទេស បានបង្ហាញនូវស្មារតី​សាមគ្គី​ជាតិ​ជា​ធ្លុង​មួយ​ នៅពីក្រោយវីរកងទ័ព វីរនគរបាលជាតិគ្រប់​រូប​ដែល​កំពុង​ឈរ​ជើង​បំពេញ​បេសកកម្ម​យ៉ាង​អង់​អាចក្លាហាន ក្នុងការពារដែលអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។ ដូច្នេះ​សូម​ឱ្យ​កម្លាំងមហាសាមគ្គីជាតិខ្មែរនៅបន្តជាថាមពលរឹងមាំ សម្រាប់គាំទ្រ​ និង​ផ្ដល់​កម្លាំង​ចិត្ត​ដល់​វីរ​កង​ទ័ព វីរនគរបាលជាតិរបស់យើងបន្តបេសកកម្មក្នុងការការពារទឹកដី។ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បញ្ជាក់ជូនបងប្អូនជនរួមជាតិថា រាជ​រដ្ឋាភិបាល​ស្ថិតនៅជាមួយបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាវីរកងទ័ព វីរនគរបាលជាតិ​របស់​យើង​គ្រប់​ពេល​វេលា​៕

ប្រេស៊ីលឈរជាមួយកម្ពុជាក្នុងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាព ដើម្បី​បញ្ចប់​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ ដោយសន្តិវិធី

2025/12/16 03:05:15 pm        340
លោកជំទាវ Vivian Loss Sanmartin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​សាធារណ​រដ្ឋ​សហព័ន្ធ​ប្រេស៊ីល ប្រចាំនៅកម្ពុជា បានចូលរួមសោកស្តាយចំពោះការបាត់បង់អាយុជីវិត របស់​ប្រជា​ពលរដ្ឋកម្ពុជានៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ។ ក្នុងពេលកម្ពុជាប្រឈមនឹងការលំបាកនេះ លោក​ជំទាវឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា ប្រេស៊ីលឈរជាមួយកម្ពុជា ក្នុង​ការ​អនុវត្ត​កិច្ច​ព្រម​ព្រៀង​សន្តិភាព ដើម្បីបញ្ចប់ជម្លោះព្រំដែនកម្ពុជា-ថៃដោយសន្តិវិធី។ លោកជំទាវបានបញ្ជាក់ថា ប្រទេស​ទំាង​ពីរ​មិន​អាចលើកប្រទេសចេញពីព្រំដែនជាប់គ្នាបានទេ។ ដូច្នេះ​ដើម្បី​បញ្ចប់​ជម្លោះ​មាន​តែកា​រ​ចរចា​ដោយ​សន្តិវិធីដោយគោរពច្បាប់អន្តរជាតិ តែប៉ុណ្ណោះ។លោកជំទាវឯកអគ្គរដ្ឋទូតដំបូងគេ របស់ប្រទេសប្រេស៊ីលប្រចាំនៅកម្ពុជា បានមាន​ប្រសាសន៍​បែប​នេះ ​នៅក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភ្សាការងារជាមួយ សម្តេច​មហា​រដ្ឋ​សភាធិ​ការ​ធិបតី ​ឃួន សុដារី ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា។ សម្ដេច​រដ្ឋ​សភា​ធិបតី បានសម្ដែងនូវការស្វាគមន៍ ចំពោះលោកជំទាវឯកអគ្គរដ្ឋទូត និងបាន​ចាត់​ទុក​វត្ត​មាន​លោក​ជំទាវ ជាផ្នែកមួយដ៏សំខាន់នៃការពង្រីកទំនាក់ទំនងរវាងកម្ពុជា និងប្រេស៊ីល ឱ្យកា​​ន់​តែ​​រឹងមាំបន្ថែមទៀតទំាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។ លោកជំទាវ Vivian Loss Sanmartin បានជម្រាបជូនសម្តេចប្រធានរដ្ឋសភាថា ក្នុងបេសកកម្មការទូតនៅកម្ពុជា លោកជំទាវនឹងធ្វើយ៉ាងណាជំរុញនូវទំនាក់ទំនងទ្វេភាគីរវាងប្រទេសទំាងពីរឱ្យមានភាពល្អប្រសើរកាន់តែខ្លាំងឡើងបន្ថែមទៀតទំាងការងារកាទូតសភា ការភ្ជាប់ទំនាក់ទំនងប្រជាជននិងប្រជាជន ការជំរុញនៅក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម ទេសចរណ៍ សមភាពយេនឌ័រ និងកីឡាជាដើម។ សម្ដេចរដ្ឋសភាធិបតី ឃួន សុដារី បានគំាទ្រប្រសាសន៍លើកឡើងរបស់លោកជំទាវ Vivian Loss Sanmartin ។ ការពង្រឹងទំនាក់ទំនងខាងលើវិស័យការទូតសភា ពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៍ សមភាពយេនឌ័រ សុទ្ធសឹងជាកក្តាសំខាន់ និងចំកាលៈទេសៈ។ សម្តេចបានគូសបញ្ជាក់ថា សកលោកកំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់ ការប្រទាញប្រទុងភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ច បានធ្វើឱ្យសណ្តាប់ធ្នាប់សកលធ្លាក់ចុះ។ ក្នុងពេលនេះ ការពង្រឹងការទូត ទោះទ្វេរភាគីក្តី ពហុភាគីក្តី ដើរតួនាទីសំខាន់នៅក្នុងការលើកកម្ពស់ប្រព័ន្ធពហុភាគីនិយមឱ្យល្អប្រសើរឡើងវិញ។ ប្រេស៊ីលជាច្រកសំខាន់នៅក្នុងការភ្ជាប់ទំនាក់ទំនងទ្វីបអាស៊ីនិងអាមេរិកឡាទីន។ កម្ពុជាគំាទ្រចំពោះការចូលរួមរបស់ប្រេស៊ីលជាដៃគូរបស់អាស៊ាន។ សម្តេចប្រធានរដ្ឋសភាក៏បានស្នើដល់លោកជំទាវឯកអគ្គរដ្ឋទូត លើកកម្ពស់ទំនាក់ទំងរដ្ឋសភាប្រទេសទំាងពីរ ឱ្យបានរឹងមាំបន្ថែមទៀត តាមរយៈការផ្លាស់ប្តូរបទពិសោធន៍និងដំណើរទស្សនកិច្ចរវាងក្រុមមិត្តភាពនិងគណៈកម្មការជំនាញសភាប្រទេសទំាងពីរ។ សម្តេចបានស្វាគមន៍ការពង្រឹងកិច្ចសហប្រតិបត្តិការសមភាពយេនឌ័រ។ ស្រ្តីជាធនធានសំខាន់និងដៃគូមិនអាចខ្វះបានរបស់បុរសនៅក្នុងការអភិវឌ្ឍប្រទេសជាតិ។ នៅរដ្ឋសភាកម្ពុជាបានបង្កើតក្រុមអ្នកនយោបាយសភាស្រ្តី ដើម្បីលើកកម្ពស់ស្រ្តី។ ទាក់ទងនឹងជម្លោះឈ្លានពានរបស់ថៃមកលើអធិបតេយ្យកម្ពុជាវិញ សម្តេចប្រធានរដ្ឋសភាបានថ្លែងអំណរគុណដល់ប្រទេសប្រេស៊ីល ដែលបានចេញសេចក្តីថ្លែងការណ៍ព្រួយបារម្ភនិងជំរុញប្រទេសទំាងពីរ កម្ពុជា-ថៃ គោរពកិច្ចព្រមព្រៀងសន្តិភាព។ សម្តេចបានគូសបញ្ជាក់ថា កម្ពុជាជាប្រទេសតូច គ្មានមហិច្ឆិតាណាមួយក្នុងការទៅដណ្តើមទឹកដី ពីប្រទេសណាមួយឡើយ។ កម្ពុជាបានឆ្លងកាត់សង្រ្គាម ដូច្នេះកម្ពុជាគ្មានហេតុផលណាមួយទៅធ្វើសង្រ្គាមដើម្បីឱ្យពលរដ្ឋរងទុក្ខលំបាកទៀតនោះឡើយ។ កម្ពុជាបានស្គាល់រស់ជាតិលំបាកពីសង្រ្គាមដូច្នេះសន្តិភាពសម្រាប់កម្ពុជាសំខាន់ណាស់។ កម្ពុជាបាននិងកំពុងអភិវឌ្ឈន៍ខ្លួន ដូច្នេះគ្មានបំណងទៅបង្ករសង្រ្គាមជាមួយប្រទេសណាមួយ ពិសេសប្រទេសដែលធំជាងខ្លួនឡើយ។សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា នៅក្នុងការឈ្លានពានរបស់ប្រទេសថៃ មកលើប្រទេសកម្ពុជានៅក្នុងរយៈពេលចុងក្រោយនេះ មានសភាពឃោរឃៅ និងព្រៃផ្សៃបំផុត។ ប្រទេសថៃបានប្រើអាវុធធន់ធ្ងន់ មានទាំងយន្តហោះ F-16 គ្រាប់បែកចង្កោម និងផ្សែងពុល វាយចូល ដែនអធិបតេយ្យរបស់កម្ពុជា យ៉ាងជ្រៅពីបន្ទាត់ព្រំដែន ក្នុងរង្វង់ពី៨០ទៅ៩០គីឡូម៉ែត្រ បានបណ្តាលឱ្យបាត់បង់អាយុជីវិតជនស៊ីវិលជាច្រើន និងបង្ករឱ្យប្រជាពលរដ្ឋជាង៤០ម៉ឺននាក់ បានបង្ខំចិត្តភៀសសឹកចេញពីលំនៅដ្ឋាន។ ទ្រព្យសម្បត្តិ សាធារណៈនិងឯកជន ដូចជាតំបន់បេតិកភណ្ឌពិភពលោក មានប្រាសាទព្រះវិហារជាដើម ព្រមទំាងផ្ទះសម្បែងប្រជាពលរដ្ឋ សាលារៀន មន្ទីរពេទ្យ វត្តអារាម ផ្លូវ ស្ពាន សំណង់អគារផ្សេងទៀត បានបំផ្លាញដោយអាវុធរបស់ថៃ៕

ឯកអគ្គរដ្ឋទូតឆែកសម្តែងសមានចិត្តជ្រាលជ្រៅជាមួយពលរដ្ឋកម្ពុជាក្នុងគ្រាដ៏លំបាក នៃ​ជម្លោះ​ព្រំដែន​​​ជាមួយ​ថៃ ដោយសង្ឃឹមថាបញ្ហានឹងដោះស្រាយដោយសន្តិវិធីឆាប់ៗនេះ

2025/12/16 02:53:43 pm        406
ក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា លោកជំទាវ ម៉ាកេតា កូល ហៃកូវ៉ា (Markéta Kolc Hájková) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆែកប្រចាំនៅកម្ពុជា បានសម្តែងនូវសមានចិត្តជ្រាលជ្រៅជាមួយប្រជាពលរដ្ឋកម្ពុជា ក្នុងគ្រាដ៏លំបាកនៃជម្លោះព្រំដែនកម្ពុជា-ថៃ ដែលបានបណ្តាលឱ្យមានពលរដ្ឋបាត់បង់អាយុជីវិត និងត្រូវរត់ភៀសសឹកចេញពីលំនៅដ្ឋាន មិនអាចប្រកបរបរចិញ្ចឹមជីវិត ក្មេងៗមិនបានទៅសាលារៀនជាដើម។ ឆែកបានតាមដានដោយយកចិត្តទុកដាក់ និងមានជំនឿមុតមាំថា បញ្ហានឹងត្រូវបានដោះស្រាយដោយសន្តិវិធី តាមរយៈការចរចា នៅក្នុងពេលឆាប់ៗនេះ។សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានអនុញ្ញាតជូនលោកជំទាវ ម៉ាកេតា កូល ហៃកូវ៉ា និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា។ សម្ដេចប្រធានរដ្ឋសភា បានសម្ដែងនូវការស្វាគមន៍ចំពោះលោកជំទាវឯកអគ្គរដ្ឋទូត និងសហការី និងបានចាត់ទុកវត្តមានរបស់លោកជំទាវនៅកម្ពុជា ជាការបង្ហាញច្បាស់អំពីការផ្ដល់តម្លៃពីសាធារណរដ្ឋឆែកចំពោះកម្ពុជា។ កម្ពុជានិងឆែកមានទំនាក់ទំនងជាប្រវត្តិសាស្រ្តដ៏យូរអង្វែង ហើយព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានាពេលបច្ចុប្បន្ន ព្រះអង្គក៏ធ្លាប់យាងទៅសិក្សានៅប្រទេសឆែក ដែលនេះជានិមិត្តរូប នៃទំនាក់ទំនងរវាងប្រទេសទាំងពីរដ៏ល្អប្រសើរផងដែរ។លោកជំទាវឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ថា នៅក្នុងអាណត្តិការទូតរបស់លោកជំទាវ នឹងខិតខំធ្វើយ៉ាងណាជំរុញទំនាក់ទំនងរវាងកម្ពុជា និងឆែកឱ្យមានភាពរីកចម្រើន និងល្អប្រសើរទំាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ដូចជាការផ្លាស់ប្តូរដំណើរទស្សនកិច្ចក្រុមមិត្តភាពសភាប្រទេសទំាងពីរ ការពង្រឹងទំនាក់ទំនងប្រជាជននិងប្រជាជន ជំរុញវិស័យពាណិជ្ជកម្ម ការវិនិយោគរវាងប្រទេសទំាងពីរឱ្យកាន់តែរីកចម្រើន ជាពិសេស លោកជំទាវនឹងប្រឹងប្រែងកៀរគរអ្នកវិនិយោគ និងអ្នកទេសចរពីសាធារណរដ្ឋឆែកឱ្យមកវិនិយោគនិងកម្សាន្តនៅកម្ពុជាឱ្យកាន់តែច្រើន។លោកជំទាវបានរំលេចថា នៅក្នុងឱកាសខួប ៧០នៃចំណងមិត្តភាពកម្ពុជា-ឆែក លោកជំទាវនឹងខិតខំពង្រីកបន្ថែម ជាពិសេសការរៀបចំព្រឹត្តិការណ៍នានា រួមទាំងការធ្វើទស្សនកិច្ចផ្លូវការរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ឆែក មកកាន់កម្ពុជាផងដែរ។សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានសម្ដែងនូវការពេញចិត្តចំពោះការលើកឡើងរបស់លោកជំទាវ។ សម្ដេចបានលើកឡើងថា សក្ដានុពលរវាងកម្ពុជា និងឆែក គឺនៅមានចន្លោះជាច្រើនទៀត ដែលអាចធ្វើជាមួយគ្នាឱ្យសមស្របទៅនឹងទំនាក់ទំនងការទូត និងនយោបាយរវាងប្រទេសទាំងពីរឱ្យមានភាពល្អប្រសើរ។ ជាមួយគ្នានេះ សម្ដេចបានអរគុណដែលប្រទេសឆែកបានបង្វែរបំណុលដែលកម្ពុជាជំពាក់មកជាជំនួយសម្រាប់ការអប់រំ។ សម្តេចក៏បានអរគុណចំពោះប្រទេសឆែក ដែលបានសម្រេចផ្តល់អាហារូបករណ៍ចំនួន១៩កន្លែង ដល់និស្សិតកម្ពុជា បានទៅសិក្សានៅប្រទេសឆែកក្នុងវិស័យសុខាភិបាល។ គិតចាប់ពីឆ្នាំ១៩៨៤ ដល់ពេលបច្ចុប្បន្នមាននិស្សិតកម្ពុជាប្រមាណ៤០០នាក់ បានទៅសិក្សានៅប្រទេសឆែក។ សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍ថា ការគាំទ្រនិងការផ្តល់ជំនួយរបស់ឆែកមកកម្ពុជាក្នុងវិស័យសុខាភិបាល និងអប់រំនេះ ស្របនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានផ្តល់អាទិភាពលើវិស័យធនធានមនុស្ស និងសុខាភិបាល ដែលជាខឿនដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិឆ្ពោះទៅកាន់ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ទាក់ទងនឹងជម្លោះឈ្លានពានរបស់ថៃមកលើអធិបតេយ្យកម្ពុជាវិញ សម្តេចប្រធានរដ្ឋសភាបានថ្លែងអំណរគុណដល់ប្រទេសឆែក ដែលបានស្វែងយល់ការពិតពីសភាពការណ៍ជាក់ស្តែង។ សម្តេចបានគូសបញ្ជាក់ថា កម្ពុជាជាប្រទេសតូច ដូចប្រទេសឆែកដែរ។ កម្ពុជាគ្មានមហិច្ឆតាណាមួយក្នុងការទៅដណ្តើមទឹកដី ពីប្រទេសណាមួយឡើយ។ កម្ពុជាបានឆ្លងកាត់សង្រ្គាម ដូច្នេះកម្ពុជាគ្មានហេតុផលណាមួយទៅធ្វើសង្រ្គាមដើម្បីឱ្យពលរដ្ឋរងទុក្ខលំបាកទៀតនោះឡើយ។ កម្ពុជាបានស្គាល់រសជាតិលំបាកពីសង្រ្គាម ដូច្នេះសន្តិភាពសម្រាប់កម្ពុជាគឺសំខាន់ណាស់។ កម្ពុជាបាននិងកំពុងអភិវឌ្ឍខ្លួន ដូច្នេះគ្មានបំណងទៅបង្កសង្រ្គាមជាមួយប្រទេសណាមួយ ពិសេសប្រទេសដែលធំជាងខ្លួនឡើយ។សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា នៅក្នុងការឈ្លានពានរបស់ប្រទេសថៃ មកលើប្រទេសកម្ពុជានៅក្នុងរយៈពេលចុងក្រោយនេះ មានសភាពឃោរឃៅ និងព្រៃផ្សៃបំផុត។ ប្រទេសថៃបានប្រើអាវុធធុនធ្ងន់ មានទាំងយន្តហោះ F-16 គ្រាប់បែកចង្កោម និងផ្សែងពុល វាយចូលដែនអធិបតេយ្យរបស់កម្ពុជាយ៉ាងជ្រៅពីបន្ទាត់ព្រំដែន ក្នុងរង្វង់ពី៨០ទៅ៩០គីឡូម៉ែត្រ បានបណ្តាលឱ្យបាត់បង់អាយុជីវិតជនស៊ីវិលជាច្រើន និងបង្កឱ្យប្រជាពលរដ្ឋជាង៤០ម៉ឺននាក់ បានបង្ខំចិត្តរត់គេចចេញពីលំនៅដ្ឋាន។ ទ្រព្យសម្បត្តិសាធារណៈនិងឯកជន ដូចជាតំបន់បេតិកភណ្ឌពិភពលោក មានប្រាសាទព្រះវិហារជាដើម ព្រមទំាងផ្ទះសម្បែងប្រជាពលរដ្ឋ សាលារៀន មន្ទីរពេទ្យ វត្តអារាម ផ្លូវ ស្ពាន សំណង់អគារផ្សេងទៀត បានបំផ្លាញដោយអាវុធរបស់ថៃ។សម្តេចរដ្ឋសភាធិបតី តាមរយៈជំនួបនោះ ក៏បានអំពាវនាវដល់សហគមន៍អន្តរជាតិជំរុញភាគីថៃឱ្យគោរពកិច្ចព្រមព្រៀងសន្តិភាព បញ្ឈប់ការឈ្លានពានមកលើកម្ពុជា បើមិនដូច្នោះទេ ការរងគ្រោះនិងខាតបង់កាន់តែធ្ងន់ធ្ងរជាងនេះ។ ការឈ្លានពានរបស់ថៃមិនត្រឹមបង្កការខូចខាតសម្រាប់ប្រទេសទំាងពីរប៉ុណ្ណោះទេ ប៉ុន្តែបានបង្កផលប៉ពាល់ដល់សន្តិសុខ ស្ថិរភាពតំបន់ និងសកលលោក ផងដែរ៕

«កម្ពុជាគាំទ្រការពង្រឹងភាពជាអ្នកដឹកនាំដើម្បីសន្តិភាព ក្នុងកាលៈទេសៈដែលកម្ពុជាទទួលរងការឈ្លានពានពីប្រទេសថៃ»

2025/12/16 02:03:39 pm        315
នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) បានចូលរួមកិច្ចពិភាក្សាបើកចំហសម្រាប់ខែធ្នូ របស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប. ស្តីពី “ភាពជាអ្នកដឹកនាំដើម្បីសន្តិភាព” នៅទីស្នាក់ការកណ្តាលអ.ស.ប. នាទីក្រុងញូវយ៉ក។ កិច្ចពិភាក្សាបើកចំហរបស់ក្រុមប្រឹក្សាសន្តិសុខគឺជាកិច្ចប្រជុំដែលរៀបចំឡើងជារៀងរាល់ខែ ដើម្បីអនុញ្ញាតឱ្យរដ្ឋសមាជិកអ.ស.ប. ចូលរួមបញ្ចេញមតិយោបល់ ទៅតាមប្រធានបទ ដែលកំណត់ដោយប្រធានក្រុមប្រឹក្សាសន្តិសុខក្នុងខែនីមួយៗ។នៅក្នុងសេចក្ដីថ្លែងការណ៍ ឯកឧត្តមបានជម្រាបជូនកិច្ចពិភាក្សាបើកចំហនេះអំពីការបាត់បង់ជីវិតរបស់ជនស៊ីវិល និងការខូចខាតហេដ្ឋារចនាសម្ព័ន្ធស៊ីវិលកម្ពុជា ដែលបណ្តាលមកពីអំពើឈ្លានពានរបស់យោធាថៃ និងបានគូសបញ្ជាក់ថា ការបាញ់ផ្លោងនិងការវាយប្រហារតាមអាកាសរបស់ប្រទេសថៃកាន់តែខ្លាំងឡើងរហូតដល់ ៩០ គីឡូម៉ែត្រមកក្នុងតំបន់ដែលជនស៊ីវិលកម្ពុជារស់នៅ គឺជាទង្វើឈ្លានពានយ៉ាងជាក់ច្បាស់ មិនមែនជាជម្លោះព្រំដែន ហើយក៏មិនមែនជាការការពារខ្លួននោះដែរ។ឯកឧត្តមបានសង្កត់ធ្ងន់ថា ប្រទេសថៃតែងតែតំាងខ្លួនឯងថាជាប្រទេសស្រឡាញ់សន្តិភាព ប៉ុន្តែបែរជាបដិសេធនូវរាល់ដំណោះស្រាយដោយសន្តិវិធីទៅវិញ ដោយឯកឧត្តមបានគូសបញ្ជាក់ថា ថៃបានបដិសេធការដោះស្រាយជម្លោះតាមយន្តការតុលាការយុត្តិធម៌អន្តរជាតិ ប្រកាសផ្អាកកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរដោយឯកតោភាគី ប្រកាសបិទការចរចា បដិសេធរាល់បទឈប់បាញ់ និងបញ្ជាក់ពីចេតនារបស់ខ្លួនកាច់បំបាក់សមត្ថភាពយោធារបស់កម្ពុជា។ឯកឧត្តមក៏បានសង្កត់ធ្ងន់ផងដែរថា វិបត្តិនេះគូសបញ្ជាក់ពីតម្រូវការសម្រាប់ភាពជាអ្នកដឹកនាំដើម្បីសន្តិភាព ដែលផ្អែកលើច្បាប់អន្តរជាតិ, អំពាវនាវដល់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប. និងសហគមន៍អន្តរជាតិ ឱ្យការពារធម្មនុញ្ញអ.ស.ប. និងរម្លឹកថា ភាពស្ងៀមស្ងាត់ អាចនឹងធ្វើឱ្យមានប្រក្រតីកម្មនៃការឈ្លានពាន ហើយធ្វើឱ្យប៉ះពាល់ដល់ពហុភាគីនិយម។

ICRC៖ វីរកងទ័ពកម្ពុជាទាំង១៨ រូបឋិតក្រោមការឃុំគ្រងរបស់ភាគីថៃមានសុវត្ថិភាព និងមានសុខភាពល្អ

2025/12/16 01:55:09 pm        205
គណៈកម្មាធិការអន្តរជាតិនៃកាកបាទ ក្រហម (ICRC) បានបញ្ជាក់ឱ្យដឹថា មកទល់ពេលនេះ វីរកងទ័ពកម្ពុជាទាំង១៨រូបដែលកំពុងស្ថិតក្រោមការឃុំគ្រងរបស់ភាគីថៃនោះ គឺមានសុវត្ថិភាព និងមានសុខភាពល្អទាំងអស់គ្នា ខណៈកម្ពុជាបន្តអំពាវនាវឱ្យ ICRC បន្តត្រួតពិនិត្យ និងតាមដានសុខុមាលភាព សុវត្ថិភាព និងលក្ខខណ្ឌរស់នៅរបស់នាយទាហានទាំង១៨រូប ដោយគោរពតាមច្បាប់មនុស្សធម៌អន្តរជាតិ។គណៈកម្មាធិការអន្តរជាតិនៃកាកបាទ ក្រហម (ICRC) បានឱ្យដឹងពីស្ថានភាពវីរកងទ័ពកម្ពុជាទាំង១៨រូបបែបនេះ ក្នុងឱកាស ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយគណៈប្រតិភូ ICRC ដឹកនាំដោយលោក Jurg Montani ប្រធានប្រតិភូគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ប្រចាំភូមិភាគ នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងការពារជាតិ។លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា នៅក្នុងជំនួបនោះ លោក Jurg Montani ក៏បានចែករំលែកផងដែរនូវព័ត៌មានអំពីការចុះសួរសុខទុក្ខជា លើកទី៤នាយទាហានទាំង១៨រូប នៃកងយោធពលខេមរភូមិន្ទ ដែលកំពុងស្ថិតនៅក្រោមការឃុំ គ្រងរបស់យោធាថៃ ក្រោយការចាប់ខ្លួនកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។ ចំពោះការចុះសួរសុខ ទុក្ខលើកទី៤ ពីសំណាក់គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិនោះបានបញ្ជាក់ថា ទាហានយើងទាំង ១៨រូប នៃកងយោធពលខេមរភូមិន្ទ ដែលកំពុងស្ថិតក្រោមការឃុំគ្រងរបស់ភាគីថៃនោះ គឺមានសុវត្ថិភាព និងមានសុខភាពល្អទាំងអស់គ្នា។ លោកក៏បានបញ្ជាក់បន្ថែមថា លោកបានប្រគល់ជូនលិខិតដំណឹង គ្រួសាររបស់យុទ្ធជនទាំង១៨រូប សម្រាប់ជូនដល់ក្រុមគ្រួសាររបស់ពួកគាត់ជាលើកទី៤ តាមរយៈការ សម្របសម្រួលរបស់កាកបាទក្រហមកម្ពុជា។ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន បានអំពាវនាវឱ្យគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) បន្តត្រួតពិនិត្យ និងតាមដានសុខុមាលភាព សុវត្ថិភាព និងលក្ខខណ្ឌរស់នៅរបស់នាយទាហាន ទាំង ១៨រូប ដោយគោរពតាមច្បាប់មនុស្សធម៌អន្តរជាតិ។ជាមួយគ្នានេះដែរ ឯកឧត្តមឧត្តមសេនីយ៍ឯក ក៏បានអំពាវនាវឱ្យគណៈកម្មាធិការអន្តរជាតិនៃកាកបាទ ក្រហម (ICRC) ជួយជំរុញឱ្យយោធាថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដោយដកកម្លាំងចេញពីដែន អធិបតេយ្យរបស់កម្ពុជា និងចៀសវាងសកម្មភាពឈ្លានពានដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរភាព នៅក្នុងតំបន់។ ឯកឧត្តមឧត្ដមសេនីយ៍ឯក ក៏បានគូសបញ្ជាក់ជូនប្រធានប្រតិភូគណៈកម្មការអន្តរជាតិ នៃកាកបាទក្រហមថា កងយោធពលខេមរភូមិន្ទ បានគោរពយ៉ាងម៉ឺងមាត់ ស្មោះត្រង់ និងដោយសុឆ្ឆន្ទះ ពិតប្រាកដនូវបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ។ក្រសួងការពារជាតិ បាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរនូវគ្រប់យន្តការដោះស្រាយ ទាំងអស់លើករណីនេះ ដើម្បីឱ្យភាគីថៃដោះលែងកងកម្លាំងរបស់យើងទាំង១៨នាក់នោះ វិលត្រលប់មក វិញឱ្យបានឆាប់រហ័សជាទីបំផុត និងដោយសុខសុវត្ថិភាព។ រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនដែលបោះបង់កងកម្លាំងរបស់យើងណាម្នាក់ចោលនោះឡើយ ទោះក្នុង កាលៈទេសៈណាក៏ដោយ៕

សង្ខេបស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ គិតត្រឹមម៉ោង១១ព្រឹកនេះ អំពីករណីកងកម្លាំងយោធាថៃបន្តការបាញ់ប្រហារ មកលើកងកម្លាំងកម្ពុជានៅយោធភូមិភាគទី៤ និងយោធភូមិភាគទី៥

2025/12/16 01:23:59 pm        273
ក្រសួងការពារជាតិកម្ពុជា បាន​សង្ខេបស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃគិតត្រឹមម៉ោង១១និង០០នាទីព្រឹកថ្ងៃទី១៦ធ្នូនេះ អំពីករណីកងកម្លាំងយោធាថៃបន្តការបាញ់ប្រហារ មកលើកងកម្លាំងកម្ពុជានៅយោធភូមិភាគទី៤ និងយោធភូមិភាគទី៥ ។១. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ភាគីថៃបានបន្តបាញ់ប្រហារមកលើកម្ពុជា៖ គិតចាប់ពីម៉ោង ៨:០០នាទីព្រឹក រហូតដល់ម៉ោង ១១:០០នាទី ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០២៥- ម៉ោង ៨:៤៨នាទី យោធាថៃបានបាញ់សម្រុកយ៉ាងខ្លាំងនៅភូមិសាស្ត្រអានសេះ។ - ម៉ោង ៩:២៥នាទី យោធាថៃបានចល័តរថក្រោះបំពាក់កាំភ្លើងបាញ់ចូលភូមិសាស្ត្រភ្នំខ្មោច។ - ម៉ោង ៩:៣០នាទី រហូតដល់ម៉ោង ១១:០០នាទី យោធាថៃនៅតែបន្តការបាញ់ប្រហារមកលើ កម្ពុជា ដោយប្រើប្រាស់រថក្រោះ, កាំភ្លើងធំ, ដ្រូនទម្លាក់គ្រាប់ និងដ្រូនអត្តឃាតវាយសម្រុក ខ្លាំងនៅភូមិសាស្ត្រប្រាសាទតាក្របី, ភ្នំ៣៣៣, ថ្មឆត្រ, ជប់អង្គុញ, ថ្មដូន, ភ្នំខ្មោច, អូរស្មាច់។ ចំពោះស្ថានការណ៍នៅក្នុងភូមិសាស្រ្តផ្សេងទៀតមានសភាពស្ងប់ស្ងាត់ ប៉ុន្តែកងកម្លាំងរបស់យើងបន្តតាម ដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច។ ២. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ និងខេត្តពោធិ៍សាត់ ភាគីថៃបានបន្តបាញ់ប្រហារមកលើកម្ពុជា៖ គិតចាប់ពីម៉ោង ៨:០០នាទី រហូតដល់ម៉ោង ១១:០០នាទី ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០២៥- ម៉ោង ៨:១៨នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្រ្តបឹងត្រកួន។ - ម៉ោង ៩:៤៩នាទី រហូតដល់ ១១:០០នាទី យោធាថៃបន្តប្រើប្រាស់កាំភ្លើងធំបាញ់ចេញពីនាវា ចូលភូមិសាស្ត្រអូរភ្លុកដំរី និងកំពុងបន្តបាញ់ប្រហារនៅឡើយ។- ម៉ោង ១០: ៥០នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្រភូមិជោគជ័យ។ចំពោះស្ថានការណ៍នៅក្នុងភូមិសាស្រ្តផ្សេងទៀតមានសភាពស្ងប់ស្ងាត់ ប៉ុន្តែកងកម្លាំងរបស់យើងបន្តតាម ដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច។ សូមគូសបញ្ជាក់ផងដែរថា គិតរហូតមកដល់ម៉ោងនេះ វីរកងទ័ព និងវីរនគរបាលកម្ពុជាបាននឹងកំពុង បន្តឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងនៅតែតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវ ឈ្លានពាននៅគ្រប់សមរភូមិទាំងអស់ ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់ កម្ពុជា។

ភរិយាយោធា៖ «ស្វាមីខ្ញុំ គឺជាវីរបុរសដ៏អស្ចារ្យអង់អាច លះបង់គ្រប់យ៉ាង ដើម្បីជាតិ និងប្រជាជន»

2025/12/16 12:52:38 pm        245
គិតមកដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥នេះ គឺមានរយៈពេល​១០ថ្ងៃ​ហើយ​ដែល​ថៃ​បាន​បាញ់​ប្រហារ​ដោយ​ប្រើ​ប្រាស់អា​វុធ​ធុនធ្ងន់ គ្រប់ប្រភេទបំពានបូរណភាពទឹកដីកម្ពុជា។ បើ​ទោះ​បី​ថៃ​ប្រើ​គ្រប់​មធ្យោបា​យ​ដើម្បីឈ្លានពានទឹកដីកម្ពុជា ប៉ុន្តែកម្លាំងជួរមុខ វីរកងទ័ពកម្ពុជា នៅតែតតាំង​នឹង​ខ្មាំង​សត្រូវ​ឈ្លាន​ពាន​ដោយ​គ្មាន​ការ​រុញ​រា ដើម្បីការពារទឹកដី និងប្រជាជនជន។ជន​ភៀសសឹកនៅខេត្តព្រះវិហារ ដែលមានស្វាមី មានឪពុក និងកូនជាយោធា ដែលកំពុង​បំពេញ​ភារកិច្ច​ការ​ពារជាតិ តាមព្រំដែនបានបង្ហាញមោទនភាពចំពោះវីរភាពរបស់ស្វាមី កូន និង​ឪពុក​របស់​ពួកគេ​ដែល​បានលះបង់យកទ្រូងទៅពាំងគ្រាប់ ដើម្បីអោយពលរដ្ឋបានសុខ និង​ជាតិ​បាន​ឆ្លង​ផុត​ពី​ការ​ឈ្លានពាន​ពីយោធាថៃដោយខុសច្បាប់។ ស្រ្តីជាភរិយាយោធាបានរៀបរាប់ថា ពួក​គាត់​ពិត​ជា​មាន​ក្តី​អាណិត​ចំពោះ​កម្លាំង​ជួរមុខ ដែលមកដល់ពេលនេះ គ្មាន​ការ​រុញ​រា​ពុះ​ពារ​តតាំង​ និង​ខ្មាំង​សត្រូវ​។ លើសពីនេះវីរអង់អាចក្លាហាននេះ ត្រូវបានប្រជាជនខ្មែរចងចាំ និងដឹង​គុណ​ជា​និច្ច​។ ​សម្រាប់ពួកគាត់ជាភរិយាមានតែពាក្យ លើកទឹកចិត្តចំពោះស្វាមី ឪពុក និង កូន​អោយ​ប្រឹង​ប្រែង​តស៊ូ​ប​ន្តទៀ​ត ​ដរាបណាសត្រូវនៅតែឈ្លានពានទឹកដីកម្ពុជា។ ចំនែក​ឯពួ​ក​គាត់​នៅ​ជួរ​ក្រោយ​កំពុង​រស់នៅជំរុំភៀសសឹក គឺមានសុវត្ថិភាព មានស្បៀងគ្រប់គ្រាន់។ ជាការកត់​សម្គាល់ ចាប់តាំងពីថ្ងៃទី ៧ ដល់ថ្ងៃទី ១៦ ខែធ្នូឆ្នាំ២០២៥នេះ យោធាថៃ បាន​បើក​ការ​វាយ​ប្រហារ​ តាមផ្លូវអាកាសដោយប្រើប្រាស់នូវប្រភេទយន្តហោះ F-16 រួមនឹងអាវុធ​ធុនធ្ងន់​គ្រប់​ប្រភេទ ​បាញ់ស្រោចលើទឹកដីកម្ពុជាដោយខុសច្បាប់ ដើម្បីឈ្លានពានគ្មានរើសគោលដៅ។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​នេះក្តី វីរកងទ័ពកម្ពុជា នៅតែតស៊ូ ពុះពារ ការពារទឹកដី និង អាយុជីវិត​ប្រជាជន​ដោយ​គ្មាន​រុញ​រា ដែលបញ្ជាក់អំពីភាពអង់អាចក្លាហាន មោះមុត ស្មារតីមិនបាក់ស្បាត និង​កម្លាំង​សាមគ្គី​ប្រជាជាតិ​ខ្មែរ​តែ​មួយ​៕ អត្ថបទ៖ សូដាវណ្ណ 

គ្រឹះស្ថានសិក្សាទាំងអស់ក្រោមឱវាទមន្ទីអប់រំភ្នំពេញ បានទទួលសិស្សានុសិស្សភៀសសឹកចំនួន១៧៩នាក់ ចូលរៀនជាបណ្តោះអាសន្ន

2025/12/16 12:48:29 pm        150
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា មកដល់ត្រឹមថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ នេះគ្រឹះស្ថានសិក្សាទាំងអស់ ក្រោមឱវាទមន្ទីអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានទទួលសិស្សានុសិស្សភៀសសឹកសរុបចំនួន ១៧៩នាក់ដើម្បីបានចូលរៀនជាបណ្តោះអាសន្ន។សិស្សានុសិស្សទាំងនោះរួមមាន៖-សិស្សបឋមសិក្សា៖ ចំនួន ១១៨នាក់/ស្រី ៦០នាក់-សិស្សអនុវិទ្យាល័យ៖ ចំនួន ១៤នាក់/ស្រី០៨នាក់-សិស្សវិទ្យាល័យ៖ ចំនួន៦២នាក់/ស្រី ៣៦នាក់ក្នុងករណីនេះមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ តបតាមសេចក្តីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា សូមជូនដំណឹងទៅគ្រប់គ្រឹះស្ថានសិក្សា ទាំងអស់ សូមចូលរួមសហការ បង្កលក្ខណៈងាយស្រួលដល់អាណាព្យាបាល និងសិស្សានុសិស្សទាំងអស់ដើម្បីឱ្យ ពួកគេមានឱកាសបានចូលរៀនជាបណ្តោះអាសន្ន និងសូមអំពាវនាវដល់ សប្បុរសជនគ្រប់មជ្ឈដ្ឋាន សូមជួយឧបត្ថម្ភគាំទ្រដល់ក្រុមសិស្សានុសិស្ស តាមលទ្ធភាពដែលអាចធ្វើទៅបានដូចជា សម្ភារៈសិក្សា ប៊ិច សៀវភៅ និងរបស់ចាំបាច់ជាច្រើនផ្សេងទៀត៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

UNICEF ៖ សង្រ្គាមអ៊ីរ៉ង់គំរាមកំហែងដល់ការចែកចាយគ្រឿងផ្គត់ផ្គង់សង្រ្គោះជីវិតកុមារ
06/02/2026 08:06 PM
ក្រុមហ៊ុន Moderna និងក្រុមហ៊ុនផ្សេងទៀត ទទួលបានប្រាក់ ៦០លានដុល្លារ ដើម្បីផលិតវ៉ាក់សាំងបង្ការជំងឺអេបូឡា
06/02/2026 08:06 PM
កូដកម្មរថភ្លើងក្រោមដីធ្វើឲ្យប៉ះពាល់ដល់អ្នកដំណើរនៅទីក្រុងឡុងដ្រ៍ ចក្រភពអង់គ្លេស
06/02/2026 08:06 PM
របាយការណ៍៖ EU ពិចារណាដាក់ទណ្ឌកម្មរដ្ឋមន្ត្រីអ៊ីស្រាអែល ជុំវិញ​​ការប្រព្រឹត្តិ ចំពោះ​នាវាមនុស្ស​ធម៌ឆ្ពោះ​ទៅ​ហ្កាហ្សា
06/02/2026 08:06 PM
WHO៖ ករណីសង្ស័យជំងឺ Ebola ធ្លាក់ចុះ ក្រោយ​មនុស្សរាប់រយនាក់​ត្រូវបាន​ដក​ចេញ
06/02/2026 08:06 PM
ប្រធានគ្លីនិករងការខូចខាតដោយសារការវាយប្រហាររុស្ស៊ីនិយាយថា ទីក្រុងមូស្គូ មិនចង់បញ្ចប់សង្រ្គាមនោះទេ
06/02/2026 08:06 PM
អគ្គិភ័យដ៏ធំមួយ បានឆាបឆេះផ្សារមួយកន្លែងស្ថិតក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី
06/02/2026 07:06 PM
មនុស្សយ៉ាង​តិច​ ១៥នាក់រងរបួស ដោយសារ​ព្យុះនៅជប៉ុន ខណៈ​មាន​ការអំពាវនាវឲ្យ​ជម្លៀស
06/02/2026 07:06 PM
លោក Trump ថាលោកបាននិយាយជាមួយក្រុមហេសបូឡា តាមរយៈអន្តរការី
06/02/2026 07:06 PM
លោក Netanyahu ប្រាប់លោក Trump ថា អ៊ីស្រាអែលនឹងវាយប្រហារទីក្រុងបេរូត បើសិនការវាយប្រហាររបស់ក្រុមហេសបូឡានៅតែបន្ត
06/02/2026 07:06 PM