សមត្ថកិច្ចរាជធានីភ្នំពេញ បន្តត្រួតពិនិត្យទីតាំងស្នាក់នៅប្រមូលផ្ដុំ ដើម្បីស្វែងរក និង​បោស​សម្អាត​​បទ​ល្មើស Online Scams
រយៈពេលជាង ៥ខែ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បណ្ដេញជនបរទេសជាង ៤ម៉ឺននាក់​ចេញ​កម្ពុជា​ពាក់​ព័ន្ធ​ករណី Online Scams និងបទល្មើសផ្សេងៗទៀត
ត្រឹមរយៈពេល៥ខែ ពេទ្យគន្ធបុប្ផាពិនិត្យព្យាបាលជំងឺជាង ៥១ម៉ឺនករណី ខណៈ​ការចូលរួម​យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» កំពុងបន្ត
កម្លាំងចម្រុះរាជធានីភ្នំពេញ បន្តត្រួតពិនិត្យឃ្លាំង ៣៣ទីតាំងបន្ថែមទៀត ដោយ​បាន​រក​ឃើញ​ ៥ទីតាំង​មាន​ផលិតផល​នាំ​ពីប្រទេសថៃ និងសម្រេចនាំខ្លួនមនុស្ស ៥នាក់ទៅសាកសួរ

ព័ត៌មានជាតិ

BREAKING NEWS | នៅម៉ោង ១៥:៣០នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកនៅភូមិសាស្ត្រពាក់ស្បែក ខេត្តព្រះវិហារ​

2025/12/19 04:21:15 pm        229
ក្រសួងការពារជាតិកម្ពុជាបានឱ្យដឹងថា យោធាថៃបានបន្តធ្វើសកម្មភាពវាយប្រហារមកលើកម្ពុជា នៅយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្ត ពាក់ស្បែក ខេត្តព្រះវិហារ នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ក្នុងនោះ នៅម៉ោង ១៥:៣០នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែក នៅភូមិសាស្ត្រ ពាក់ស្បែក។កងកម្លាំងកម្ពុជាបាននឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងនៅតែ តស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវឈ្លានពាន និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា និងសេចក្តីថ្លៃថ្នូររបស់យើងដោយអង់អាចក្លាហាន ដោយមិនងាករេជាដាច់ខាតទោះក្នុងតម្លៃ ណាក៏ដោយ។

ក្រសួងការងារ នាំយកអំណោយរបស់ម្ចាស់សហគ្រាស រោងចក្រ និងសប្បុរសជន ជូនជនភៀសសឹកខេត្តបន្ទាយមានជ័យ

2025/12/19 04:16:21 pm        410
នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដឹកនាំថ្នាក់ដឹកនាំមន្រ្តីក្រសួង តំណាងនិយោជក សហគ្រាស ក្រុមហ៊ុន រោងចក្រ និងអង្គភាពពាក់ព័ន្ធ ចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយជាសម្ភារគ្រឿងឧបភោគបរិភោគ សម្រាប់ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋភៀសសឹក នៅមណ្ឌលសុវត្ថិភាពមួយកន្លែង ក្នុងខេត្តបន្ទាយមានជ័យ។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី មានប្រសាសន៍ថា ឈរលើស្មារតី «ខ្មែរស្រឡាញ់ខ្មែរ ខ្មែរជួយខ្មែរ ខ្មែរតែមួយ» អំណោយដែលយើងត្រូវរួមគ្នាជួយនាពេលនេះ គឺជាការឆ្លើយតបក្នុងគ្រាលំបាកខ្វះខាតទាំងឡាយនៅចំពោះមុខ ខណៈដែលខេត្តនៅជាប់ព្រំដែនត្រូវប្រឈមដោះស្រាយជូនប្រជាពលរដ្ឋជាជនភៀសសឹកនៅតាមព្រំដែន និងគ្រួសារវីរកងទ័ព។ ឯកឧត្តមរដ្ឋមន្រ្តីក៏បានសន្យាថានឹងខិតខំជួយកៀរគរជំនួយបន្ថែមទៀតដើម្បីជួយទទួលបន្ទុកដោះស្រាយលើតម្រូវការចាំបាច់សម្រាប់ប្រជាពលរដ្ឋភៀសសឹកទាំង៧០០ គ្រួសារនៅមណ្ឌលនេះ។តាមរយៈជំនួយតាមបណ្ដាម្ចាស់សហគ្រាស រោងចក្រ ក្រុមហ៊ុន ថ្នាក់ដឹកនាំសហជីព បងប្អូនកម្មករនិយោជិត និងសប្បុរសជនទាំងអស់ស្រឡាញ់ជាតិមាតុភូមិ សមរភូមិក្រោយបាននិងកំពុងប្តេជ្ញារួមគ្នាជាធ្លុងមួយ ដើម្បីគាំទ្រសមរភូមិមុខ ដោយឯកឧត្តម ហេង សួរ បានថ្លែងថា សកម្មភាពនេះក៏បានបញ្ជាក់ឱ្យឃើញថា ទោះខ្មែរយើងស្ថិតក្នុងស្ថានភាពណាក៏ដោយ ក៏យើងមិនដែលបោះបង់គ្នាចោលនោះឡើយ ពោលគឺយើងចេះជួយគ្នាទៅតាមលទ្ធភាព និងជាការគោរពដឹងគុណចំពោះវីរកងទ័ពជួរមុខដ៏អង់អាចក្លាហានដែលកំពុងបំពេញកាតព្វកិច្ចការពារទឹកដី ប្រឆាំងការឈ្លានពានយ៉ាងឃោរឃៅពីសំណាក់យោធាថៃ។ក្នុងនាមក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត និងរដ្ឋបាលខេត្ត ឯកឧត្តម ឌិត ទីណា និងឯកឧត្តម អ៊ុំ រាត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សប្បុរសជន និងម្ចាស់ជំនួយទាំងអស់ ដែលបាននាំមកជាអំណោយសម្ភារ សម្រាប់ផ្តល់ជូនដល់ជនភៀសសឹកនាពេលនេះ។ ឯកឧត្តមបានបញ្ជាក់ថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត និងរដ្ឋបាលខេត្តបន្ទាយមានជ័យ ព្រមទាំងស្ថាប័នពាក់ព័ន្ធ កំពុងខិតខំប្រឹងប្រែងរៀបចំទីជម្រក អាហារ ទឹកស្អាត សេវាសុខាភិបាល និងការថែទាំជាចាំបាច់ ដើម្បីឱ្យបងប្អូនរបស់យើងអាចរស់នៅទីនេះមានសុវត្ថិភាព។អំណោយ ដែលបានត្រូវប្រគល់ជូននាពេលនេះមានចំនួន ១ ១០៦ កញ្ចប់ ដែលរួមមាន៖ ថវិកាចំនួន២ម៉ឺនរៀលក្នុង១កញ្ចប់, អាវចំនួន១, ខោចំនួន២, កញ្ចប់ថ្នាំ(ថ្នាំរាក១ប្រអប់, ថ្នាំប៉ារ៉ា១ប្រអប់, ប្រេងកូឡា ១ប្រអប់), មីចំនួន១០កញ្ចប់, ទឹកបរិសុទ្ធចំនួន១កេស និងអង្ករចំនួន១០គីឡូក្រាម។ ឯកឧត្តមរដ្ឋមន្រ្តីក៏បានប្រគេនថវិកាចំនួន៤០លានរៀលជូនដល់ព្រះចៅអធិការ ដើម្បីដោះស្រាយជួយសម្រួលការលំបាកផ្សេងៗ៕

រាជរដ្ឋាភិបាលកម្ពុជា ស្នើយុវជនប្រែក្លាយកំហឹងទៅជាការខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បី​ឈ្នះ​សត្រូវ​ក្នុង​រយៈពេលវែង

2025/12/19 04:08:10 pm        320
ភ្នំពេញ៖ ខណៈប្រទេសកម្ពុជាបានកំពុងជួបបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា-ថៃ ឯកឧត្តម​បណ្ឌិត​សភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បាន ស្នើ​ឱ្យ​យុវជន​ខ្មែរ ប្រែក្លាយកំហឹង ទៅជាការខិតខំប្រឹងប្រែងរៀនសូត្រ ពង្រឹងសមត្ថភាព ដើម្បី​ឈ្នះ​សត្រូវ​ក្នុងរយៈពេលវែង។ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រជូននិសិ្សតជ័យលាភីសាកលវិទ្យាល័យ​ខេមតិច កាលពីព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានសម្តែងការអបអរសាទរដល់ក្មួយៗនិស្សិតជ័យលាភីទាំងអស់ ដែល​បាន​ខិតខំ​សិក្សា​រហូត​បញ្ចប់​ដោយ​ជោគជ័យ និងបានមានប្រសាសន៍ថា ថ្ងៃនេះ ក្មួយៗមិនគ្រាន់តែទ​ទួល​បាន​សញ្ញា​បត្រ​ប៉ុណ្ណោះទេ ថែមទាំងកំពុងបោះជំហានទៅមុខជាអ្នកដឹកនាំជំនាន់ក្រោយ វិស្វករ អ្នក​ស្រាវជ្រាវ អ្នកបង្កើតគោលនយោបាយ សហគ្រិន និងអ្នកច្នៃប្រឌិត​ក្នុង​ការចូល​រួម​អភិវឌ្ឍ​សង្គម​ជាតិ​យើង​ឱ្យសម្រេចបានស្របតាមចក្ខុវិស័យកម្ពុជា២០៥០។ ឯកឧត្តម បានសង្កត់​ធ្ងន់​ដោយ​បំផុស​ស្មារតី​ដល់ប្រជាជនគ្រប់រូប ឲ្យបង្កើនឧត្តមគតិស្រឡាញ់ការសិក្សា ដើម្បីជាទុនក្នុង​ការ​កែប្រែ​ជោ​គវាសនារបស់ខ្លួនឯងផ្ទាល់ និងប្រទេសជាតិ​ឱ្យ​កាន់​តែ​ល្អប្រ​សើរ​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​ទៀត​ ដើម្បីចូលរួមជាមួយរា​ជរដ្ឋាភិបាល​ក្នុង​ការ​កសាង​ប្រទេស​កាន់​តែ​រីក​ចម្រើន​ទៅ​មុខ​បន្ថែម​ទៀត​។លោកស្រីវេជ្ជបណ្ឌិត លឹម លីណា តំណាងប្រធានក្រុមប្រឹក្សាភិបាល នៃ​សាកល​វិទ្យាល័យ​ខេមតិច បានមានប្រសាសន៍ ចំណេះដឹង គឺជាការស្ពានចម្លងដ៏ល្អសម្រាប់អនាគត ថ្ងៃនេះ​ជា​សមិទ្ធ​ផលមួយដែលទទួលបានពីការបណ្តុះបណ្តាលចេញពីសាកលវិទ្យាល័យខេមតិច និង​ស្រប​តាម​ផែនការយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធ​ភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដោយ​ដាក់​ការអ​ប់រំ និងការអភិវឌ្ឍធនធានមនុស្សជាចំណុចកណ្តាលនៃការអភិវឌ្ឍប្រកបដោយចីរភាព។ លោកស្រីវេជ្ជបណ្ឌិត បានបន្តថា ដោយមានកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយ ក្រសួងអប់រំ យុវជន និងកីឡា ខេមតិច បាន​បង្កើត​ដោយ​ជោគជ័យ​នូវ​មន្ទីរ​ពិសោធ​ន៍​បញ្ញា​សិប្ប​និមិត្ត​សម្រាប់​ការ​អប់រំ (AILab4Education) សម្រាប់ការពង្រឹងសមត្ថភាពក្នុងវិស័យអប់រំ ស្រាវជ្រាវ និ​ង​អនុវត្តជាក់ស្តែងលើផ្នែកបច្ចេកវិទ្យា AI។ លោកស្រី បានលើកទឹកចិត្តនិសិ្សតជ័យលាភីទាំងអស់ យកបាវចនានៃសាកលវិទ្យាល័យ ដែលមានដូចជា“ចំណេះដឹង ការត្រិះរិះពិចារណា ចរិតលក្ខណៈ” ជាគុណតម្លៃស្នូល គឺប្រកបការងារដោយសុចរិតភាព ឧត្តមភាព នវានុវត្តន៍ ជាមួយនិងការប្រើប្រាស់ជំនាញឲ្យបានល្អ ដើម្បីបម្រើសង្គម និងរួមចំណែកដល់អភិវឌ្ឍកម្ពុជានាពេលអនាគត។លោក សុខ សំណាង ជានិស្សិតទើបបញ្ចប់ការសិក្សាជំនាញផ្នែកវិទ្យាសាស្រ្តទិន្នន័យ និងវិស្វកម្មបញ្ញាសិប្បនិម្មិត បានឱ្យដឹងថា គ្រួសាររបស់លោកតែងតែឲ្យតម្លៃខ្ពស់ទៅលើការអប់រំ ជាពិសេសជាមួយនឹងស្ថានភាពតានតឹងនៅតាមព្រំដែនដែលឃើញសព្វថ្ងៃនេះ គឺបានរំឭកឱ្យដឹងថា ការអប់រំ គឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបាន - ជាអ្វីដែលមិនអាចដកហូតបាន។ លោកបញ្ជាក់ថា ខេមតិច មិនមែនគ្រាន់តែជាសាកលវិទ្យាល័យសម្រាប់តែការសិក្សាប៉ុណ្ណោះទេ គឺមានអារម្មណ៍ថាដូចជានៅផ្ទះ ហើយខេមតិចបានបង្ហាញនូវឱកាសជាច្រើនលើសពីអ្វីដែលលោកធ្លាប់បានស្រម៉ៃ ដូចជាការផ្លាស់ប្តូរនិស្សិតក្រៅប្រទេស ជាពិសេសការចុះកម្មសិក្សានៅប្រទេសហូឡង់ក្នុងឆ្នាំទី៤៕ អត្ថបទ៖ ឈិត បូរ៉ាវី 

ឯកឧត្តម វង សូត អនុញ្ញាតឱ្យឯកឧត្តមសាស្ត្រាចារ្យបណ្ឌិតសភាចារ្យ លីន យ៉ុងស៊ីន លេខាបក្សរង នៃវិទ្យាស្ថានជាតិសម្រាប់ការសិក្សាអំពីសមុទ្រចិនខាងត្បូង ចូលជួបសម្តែងការគួរសម

2025/12/19 03:53:23 pm        372
ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា បានអញ្ញាតឱ្យឯកឧត្តមសាស្ត្រាចារ្យបណ្ឌិតសភាចារ្យ លីន យ៉ុងស៊ីន លេខាបក្សរងនៃវិទ្យាស្ថានជាតិសម្រាប់ការសិក្សាអំពីសមុទ្រចិនខាងត្បូង និងគណៈប្រតិភូ ចូលជួបសម្តែងការគួសម និងទទួលអនុសាសន៍ណែនាំ នាព្រឹក ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា។ ឯកឧត្តមអនុប្រធានទី២រដ្ឋសភា បានស្វាគមន៍ចំពោះ ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិតសភាចារ្យ លីន យ៉ុងស៊ីន ព្រមទាំងគណៈប្រតិភូ ដែលបានអញ្ជើញបំពេញទស្សនកិច្ចការងារនៅកម្ពុជា និងបានបញ្ជាក់ថា កម្ពុជា-ចិន បានផ្សារភ្ជាប់ទំនាក់ទំនងជាយូរណាស់មកហើយ រហូតក្លាយជាដៃគូនៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងកំពុងអនុវត្តកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ឈានទៅកសាងសហគមន៍ជោគវាសនារួម កម្ពុជា-ចិន នៅគ្រប់រដូវកាលក្នុងយុគសម័យថ្មី។ ឯកឧត្តម ជឿជាក់ថា តួនាទីរបស់វិទ្យាស្ថានជាតិសម្រាប់ការសិក្សាអំពីសមុទ្រចិនខាងត្បូង នឹងរួមចំណែកធ្វើឱ្យកិច្ចសហប្រតិបតិ្តការរវាងប្រទេសទាំងពីរ កាន់តែស៊ីជម្រៅថែមទៀត។លោកសាស្រ្តាចារ្យបណ្ឌិតសភាចារ្យ លីន យ៉ុងស៊ីន បានជម្រាបឯកឧត្តមអនុប្រធានទី២រដ្ឋសភាថា វិទ្យាស្ថានជាតិសម្រាប់ការសិក្សាអំពីសមុទ្រចិនខាងត្បូង ដែលស្ថិតនៅក្នុងទីក្រុង ហៃណាន គឺបង្កើតឡើងក្នុងគោលបំណងសិក្សាស្រាវជ្រាវនិងផ្តល់យោបល់ដល់រដ្ឋាភិបាល ដើម្បីរួមចំណែកបង្កើតគោលនយោបាយ និងយុទ្ធសាស្រ្តអភិវឌ្ឍសេដ្ឋកិច្ច និងកសាងកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជាដៃគូនានា។ លោកសាស្រ្តាចារ្យ បានជម្រាបជូនបន្ថែមអំពីសក្កានុពលរបស់ទីក្រុង ហៃណាន ដែលជាទីក្រុងមួយទទួលបានលក្ខខណ្ឌគយឯករាជ្យពីរដ្ឋាភិបាលចិន។ ទីក្រុងហៃណាន មានទីតាំងភូមិសាស្រ្តនៅជិតប្រទេសកម្ពុជា និងមានអាកាសធាតុស្រដៀងគ្នា ដែលធ្វើឱ្យទីក្រុងនេះមានលក្ខណៈអំណោយផលដល់ការធ្វើកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចពាណិជ្ជកម្ម ជាមួយគ្នា។ លោកសាស្រ្តាចារ្យបានបន្ថែមថា វិទ្យាស្ថានតែងតែអញ្ជើញអ្នកស្រាវជា្រវរបស់កម្ពុជា ដើម្បីទៅទស្សនកិច្ចការងារនៅទីក្រុងហៃណាន និងទទួលយកនូវធាតុចូលផ្សេងៗ ដើម្បីជួយជំរុញកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ កម្ពុជា-ចិន ជាពិសេសគឺជួយជំរុញ អ្នកវិនិយោគ និងអ្នកទេសចរណ៍កាន់តែច្រើន មកកម្ពុជា។ ជាអាទិ៍ វិទ្យាស្ថានជាតិសម្រាប់ការសិក្សាអំពីសមុទ្រចិនខាងត្បូង បានសហការ និងមានទំនាក់ទំនងយ៉ាងល្អជាមួយ អ្នកស្រាវជ្រាវ និងស្ថាប័នខួរក្បាល របស់កម្ពុជាជាច្រើន ដូចជារាជបណ្ឌិតសភាកម្ពុជា សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន វិទ្យាស្ថានចក្ខុវិស័យអាស៊ី ជាដើម។ ឯកឧត្តម វង សូត បានថ្លែងអំណរគុណមិត្តចិន ដែលតែងតែជួយគាំទ្រកម្ពុជា តាំងពីដំណាក់កាលកម្ពុជាទើបចាកផុតពីសង្គ្រាម ជាពិសេសគឺការគាំទ្រកម្ពុជាជ្រើសរើសតាមមាគ៌ារបស់ខ្លួន ក្នុងការអភិវឌ្ឍប្រទេសជាតិ។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមអនុប្រធានទី២រដ្ឋសភាបានបញ្ជាក់ថា ក្នុងដំណាក់កាលនេះកម្ពុជាត្រូវការបំផុតនោះគឺសន្តិភាព។ ការផ្ទុះសង្គ្រាមរវាងកម្ពុជា-ថៃ ក្នុងពេលបច្ចុប្បន្ននេះ គឺកើតឡើងពីចេតនាឈ្លានពានពីប្រទេសថៃ ដែលបានប្រើអាវុធធន់ធ្ងន់ រួមទាំងយន្តហោះ F16 គ្រាប់បែកចង្កោម និងប្រើប្រាស់ផ្សែងពុលមកលើកម្ពុជាជាដើម បង្ករការបំផ្លិចបំផ្លាញភូមិឋានប្រជាជនស្លូតត្រង់ សាលារៀន វត្តអារ៉ាម និងប្រាសាទបុរាណដែលជាបេតិកភណ្ឌរបស់មនុស្សជាតិជាដើម។ សកម្មភាពឈ្លានពានរបស់ថៃ ធ្វើឱ្យកម្ពុជាពុំមានជម្រើសអ្វីផ្សេង ក្រៅតែពីការតបត ដើម្បីការពារបូរណភាពទឹកដី និងអាយុជីវិតរបស់ប្រជាជន។ ឯកឧត្តមអនុប្រធានទី២រដ្ឋសភា បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំចិន ដែលយកចិត្តទុកដាក់ចំពោះសង្គ្រាមរវាងកម្ពុជា-ចិន និងបានខិតខំសម្របសម្រួលបញ្ឈប់ការប្រឈមមុខដោយប្រដាប់អាវុធរវាងប្រទេសទាំងពីរ កម្ពុជា-ចិន។ ឯកឧត្តម សង្ឃឹមថា ការប្រឈមមុខនេះ នឹងត្រូវបានបញ្ចប់ក្នុងពេលឆាប់ៗ ក្រោមការសម្របសម្រួលពីមិត្តចិន ដើម្បីសង្គ្រោះអាយុជីវិតប្រជាជនទាំងសងខាង។ ឯកឧត្តម ក៏បានសម្តែងការត្រេកអរចំពោះគម្រោងដាក់ដំណើរការការលើកលែងទិដ្ឋាការសាកល្បង សម្រាប់ពលរដ្ឋចិនដែលធ្វើដំណើរពីប្រទេសចិន មកកាន់កម្ពុជា ដោយឯកឧត្តម ជឿជាក់ថា គម្រោងនេះនឹងជួយសម្រួលដល់ការធ្វើដំណើររបស់អ្នកទេសចរ និងវិនិយោគគិនចិន ជំរុញដល់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្ម និងជាពិសេសជួយលើកកម្ពស់ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។ ជាចុងក្រោយ ឯកឧត្តមអនុប្រធានទី២រដ្ឋសភា ផ្តល់អនុសាសន៍ដល់ លោកសាស្រ្តាចារ្យបណ្ឌិតសភាចារ្យ លីន យ៉ុងស៊ីន ក្នុងនាមនាយករងវិទ្យាស្ថានជាតិសម្រាប់ការសិក្សាអំពីសមុទ្រចិនខាងត្បូង ធ្វើការសហការឱ្យបានកាន់តែជិតស្និទ្ធជាមួយអ្នកស្រាវជ្រាវកម្ពុជា និងស្ថាប័នសង្គមស៊ីវិលផ្សេងៗរបស់កម្ពុជា សិក្សាលើទិដ្ឋភាពនានា រួមទាំងទិដ្ឋភាពច្បាប់ ដើម្បីជួយជំរុញដល់បរិយាសកាន់តែងាយស្រួលដល់ការធ្វើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន ជាពិសេសលើកទឹកចិត្តដល់អ្នកវិនិយោគចិន មកវិនិយោគនៅកម្ពុជាកាន់តែច្រើនថែមទៀត។

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បន្តអញ្ជើញចុះពិនិត្យស្ថានភាពជនភៀសសឹកតាមបណ្តាខេត្ត

2025/12/19 03:11:58 pm        481
នៅព្រឹកថ្ងៃទី១៩ ខែធ្នូនេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបន្តអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងរបស់បងប្អូនពលរដ្ឋភៀសសឹកនៅតាមមណ្ឌលសុវត្ថិភាព ក្នុងខេត្តចំនួន៣ តាមបណ្តាយព្រំដែន។ការបន្តចុះពិនិត្យនេះ ក្នុងគោលបំណងជួយសម្របសម្រួលលើតម្រូវការចាំបាច់របស់បងប្អូនពលរដ្ឋភៀសសឹកតាមមណ្ឌលសុវត្ថិភាព។

ក្រសួងអប់រំ ជូនអំណោយគ្រឿងឧបភោគ សម្ភារសិក្សា ជូនជនភៀសសឹកក្នុងខេត្តកោះកុង

2025/12/19 03:06:09 pm        559
នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ នេះ ក្រសួងអប់រំ យុវជននិងកីឡា បាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ សម្ភារសិក្សា និងសម្ភារប្រើប្រាស់មួយចំនួន ប្រគល់មក មន្ទីរអប់រំ យុវជន និងកីឡា ខេត្តកោះកុង។អំណោយទាំងនេះ ដើម្បីប្រគល់ជូនបន្តដល់ជនភៀសសឹកក្នុងខេត្តកោះកុង ក្នុងស្រុកចំនួន ៣ មានស្រុកកោះកុង ស្រុកបូទុមសាគរ និងស្រុកស្រែអំបិល (ទីតាំងជនភៀសសឹក) តាមតំបន់សុវត្ថិភាព(ជំរំ) និងជនភៀសសឹកតាមខ្នងផ្ទះជាក់ស្តែង។ជាមួយគ្នានេះ ក្រសួងអប់រំ បានផ្ដល់ ថវិកាចំនួន ៨ ៣០០ ០០០រៀល បានប្រគល់ជូនដល់ រដ្ឋបាលខេត្តកោះកុង សម្រាប់ចាត់ចែងតាមការចាំបាច់៕

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា អញ្ជើញបើកទិវាវេជ្ជសាស្ត្រ-សល្យសាស្ត្រលើកទី៦ និងថែទាំវេជ្ជសាស្ត្រលើកទី៤នៃមន្ទីរពេទ្យព្រះអង្គឌួង ឆ្នាំ២០២៥

2025/12/19 02:55:53 pm        288
ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីបើកទិវាវេជ្ជសាស្ត្រ-សល្យសាស្ត្រលើកទី៦ និងថែទាំវេជ្ជសាស្ត្រលើកទី៤ នៃមន្ទីរពេទ្យព្រះអង្គឌួង ឆ្នាំ២០២៥ រយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី១៩-២០ ខែធ្នូ ឆ្នាំ២០២៥ ក្រោមប្រធានបទ«ទំនើបកម្មនៃការព្យាបាល និងការថែទាំយ៉ាងយកចិត្តទុកដាក់ ដើម្បីសុខភាពល្អប្រសើរ»។​លោកសាស្រ្តាចារ្យរង លូ លីឃាង នាយកមនី្ទរពេទ្យព្រះអង្គឌួង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលបានអញ្ជើញជាអធិបតី និងអនុញ្ញាតឱ្យយើងរៀបចំកម្មវិធីដ៏មានអត្ថន័យ និងសូមស្វាគមន៍លោក លោកស្រីទាំងអស់គ្នាមកចូលរួមទិវាវេជ្ជសាស្ត្រ-ស ល្យសាស្ត្រលើកទី៦ និងថែទាំវេជ្ជសាស្ត្រលើកទី៤ ក្រោមប្រធានបទ «ទំនើបកម្មនៃការព្យាបាល និងការថែទាំយ៉ាងយកចិត្តទុកដាក់ ដើម្បីសុខភាពល្អប្រសើរ» ជាប្រធានបទឆ្លុះបញ្ចាំងពីបេសកកម្មរួមរបស់យើងក្នុងការជំរុញឧត្តមភាពនៃការព្យាបាល និងថែទាំសុខភាពជូនអ្នកជំងឺ។លោកសាស្រ្តាចារ្យរង នាយកមនី្ទរពេទ្យព្រះអង្គឌួង បានលើកឡើងទៀតថា ទិវាវេជ្ជសាស្ត្រនាពេលនេះ គឺមានគោលបំណង បន្តលើកកម្ពស់ ជំនាញវិជ្ជាជីវៈរបស់គ្រូពេទ្យ និងបុគ្គលិកថែទាំអ្នកជំងឺ ការផ្ទេរចំណេះដឹង បច្ចេកទេស និងបទពិសោធន៍ថ្មីៗ ការពង្រឹងកិច្ចសហការ ទំនាក់ទំនងរវាងមន្ទីរពេទ្យ ក្រុមអ្នកជំនាញ និងស្ថាប័នសុខាភិបាលក្នុងប្រទេស ការផ្តោតលើសុវត្ថិភាពអ្នកជំងឺ និងគុណភាពសេវាសុខាភិបាលឱ្យកាន់តែឆាប់រហ័ស ម៉ត់ចត់ និងមានមនុស្សធម៌។ ដោយមានការគាំទ្រ និងចង្អុលបង្ហាញពីឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រីក្រសួងសុខាភិបាល មនី្ទរពេទ្យបានខិតខំអភិវឌ្ឍសមត្ថភាព បំពាក់សម្ភារបរិក្ខារ និងបច្ចេកវិទ្យាទំនើប ដើម្បីឆ្លើយតបតាមតម្រូវការរបស់អ្នកជំងឺតាមស្តង់ដារអន្តរជាតិ។ លោកសាស្រ្តាចារ្យរង ជឿជាក់ថា ក្នុងរយៈពេល ០២ថ្ងៃខាងមុខនេះ យើងទាំងអស់គ្នា នឹងមានការបំផុសគំនិត និងបទពិសោធន៍ ហើយយកអ្វីដែលយើងបានរៀននៅទីនេះ ទៅប្រើប្រាស់ក្នុងការងារប្រចាំថ្ងៃ ដើម្បីភាពប្រសើរឡើងនៃការព្យាបាល និងការថែទាំសុខភាពជូនអ្នកជំងឺ។ថ្លែងក្នុងពិធីនោះដែរ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រី្ត បានថ្លែងថា ក្នុងបរិបទការអភិវឌ្ឍប្រព័ន្ធសុខាភិបាលជាតិ ទំនើបកម្មគុណភាពសេវាសុខាភិបាល គឺជាគោលបំណងដ៏សំខាន់ក្នុងគោលនយោបាយអាទិភាពចំនុចទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការពង្រីកសេវាថែទាំសុខភាព ឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសាកល។ ការកែលម្អបច្ចេកវិទ្យាវេជ្ជសាស្ត្រ ការបង្កើតមន្ទីរពេទ្យឆ្លាតវៃ ការប្រើប្រាស់ឌីជីថល ក្នុងការគ្រប់គ្រងទិន្នន័យអ្នកជំងឺ និងការព្យាបាលតាម evidence-based medicine គឺជានយោបាយដឹកនាំដែលរាជរដ្ឋាភិបាលបានផ្តោតសំខាន់បំផុត ដើម្បីធ្វើឱ្យប្រព័ន្ធសុខាភិបាលរបស់យើងទាន់សម័យ ដឹកនាំដោយចំណេះដឹង និងមានប្រសិទ្ធភាពខ្ពស់។ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានកត់សម្គាល់ឃើញថា មន្ទីរពេទ្យព្រះអង្គឌួង គឺជាមន្ទីរពេទ្យមួយបានប្រើប្រាស់បច្ចេកវិទ្យាទំនើបជាច្រើន ដូចជា៖ បច្ចេកទេសវះកាត់កម្រិតតូច និងធំ ប្រព័ន្ធគ្រប់គ្រងទិន្នន័យអ្នកជំងឺ បច្ចេកទេសវេជ្ជសាស្ត្រច្បាស់លាស់ ការគ្រប់គ្រងគុណភាព និងសុវត្ថិភាពអ្នកជំងឺតាមស្តង់ដារ ដែលទាំងនេះសុទ្ធតែឆ្លុះបញ្ចាំងពីចក្ខុវិស័យរបស់ក្រសួងសុខាភិបាល ក្នុងការធ្វើឱ្យប្រព័ន្ធសុខាភិបាលកម្ពុជា មានការទទួលស្គាល់ ជឿជាក់ មានទំនុកចិត្ត និងកោតសរសើរពីប្រជាពលរដ្ឋ។ ចំណែកឯការយកចិត្តទុកដាក់ក្នុងការថែទាំអ្នកជំងឺ គឺជាការផ្តល់នូវគុណតម្លៃដ៏សំខាន់សម្រាប់អ្នកជំងឺ ត្រូវពង្រឹងឱ្យកាន់តែប្រសើរជាងមុន ដោយផ្តោតលើភាពមនុស្សធម៌ ការគោរពសិទ្ធិអ្នកជំងឺ និងការយកចិត្តទុកដាក់មើលថែប្រកដោយប្រសិទ្ធភាពខ្ពស់។ មន្ទីរពេទ្យព្រះអង្គឌួង បានបង្ហាញយ៉ាងច្បាស់ពីការរួមចំណែក តាមរយៈការអប់រំបុគ្គលិកប្រកបដោយក្រមសីលធម៌ បង្កើតបរិយាកាសសមស្រប ស្អាត សុវត្ថិភាព ផ្តល់យោបល់ និងការឆ្លើយតបយ៉ាងឆាប់រហ័សដល់តម្រូវការអ្នកជំងឺ។ គួរបញ្ជាក់ផងដែរថា បច្ចេកវិទ្យាដ៏ទំនើបអាចធ្វើឱ្យការព្យាបាលកាន់តែប្រសើរ ប៉ុន្តែការយកចិត្តទុកដាក់របស់វេជ្ជបណ្ឌិត ឆ្មប និងគិលានុបដ្ឋាក ដើម្បីព្យាបាលប្រកបមនុស្សធម៌ គឺជាប្រភពនៃការជឿជាក់ និងជឿទុកចិត្តរបស់អ្នកជំងឺ។ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានសង្កត់ធ្ងន់ថា ទិវាវេជ្ជសាស្ត្រនេះ មិនត្រឹមតែជាការបង្ហាញ ឬផ្លាស់ប្តូរនូវចំណេះដឹង និងបទពិសោធន៍ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសញ្ញាបង្ហាញពីការរួបរួមសាមគ្គីគ្នា របស់ថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យ និងបុគ្គលិកក្នុងការទទួលខុសត្រូវ ដើម្បីធ្វើឱ្យប្រព័ន្ធសុខាភិបាលកម្ពុជាអភិវឌ្ឍឆ្ពោះទៅមុខ។ សូមឱ្យយើងទាំងអស់គ្នាប្រើប្រាស់ពេលវេលានេះ ដើម្បីចូលរួមយ៉ាងសកម្ម សួរសំណួរ ផ្តល់មតិយោបល់ និងជំរុញកម្មវិធីឱ្យដំណើរការយ៉ាងរលូនចាប់តាំងពីការចាប់ផ្តើម រហូតដល់ទីបញ្ចប់។ ជាថ្មីម្តងទៀត ឯកឧត្តមសាស្រ្តាចារ្យ រដ្ឋមន្រី្ត សូមថ្លែងការគោរពចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលមានចក្ខុវិស័យឆ្ពោះទៅមុខ និងផ្តល់ការគាំទ្រយ៉ាងរឹងមាំដល់វិស័យសុខាភិបាល។ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់មន្ទីរពេទ្យព្រះអង្គឌួង សម្រាប់ការខិតខំប្រឹងប្រែង អភិវឌ្ឍបច្ចេកទេស និងគុណភាពសេវាសុខាភិបាល ឱ្យកាន់តែប្រសើរឡើង ហើយសង្ឃឹម និងជឿជាក់ថា «ទិវាវេជ្ជសាស្ត្រ-សល្យសាស្ត្រលើកទី៦ និងថែទាំវេជ្ជសាស្ត្រលើកទី៤» នេះ នឹងក្លាយជាគន្លងសំខាន់មួយ សម្រាប់បង្កើតការច្នៃប្រឌិតថ្មី ការរួមចំណែកនៃចំណេះដឹង និងការកែលម្អ ក្នុងការបម្រើសេវាសុខាភិបាលដើម្បីសុខភាពប្រជាពលរដ្ឋកម្ពុជាបានល្អប្រសើរ។ យើងអាចបន្តជាផ្នែកដ៏សំខាន់ក្នុងការកសាងប្រព័ន្ធសុខាភិបាល ដែលមានសមត្ថភាព ទំនើប និងមានមនុស្សធម៌ខ្ពស់ សម្រាប់ប្រទេសជាតិ និងប្រជាជនរបស់យើង៕អត្ថបទ រដ្ឋា 

ប្រមុខការទូតអាមេរិក Marco Rubio ជំរុញឱ្យថៃត្រឡប់ទៅអនុវត្តកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជាឡើងវិញ

2025/12/19 02:12:50 pm        678
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានបើកកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសថៃ លោក Sihasak Phuangketkeow ជាមួយការជំរុញឱ្យថៃត្រឡប់ទៅ អនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួឡើងវិញ។ នេះបើតាមការបញ្ជាក់ពីក្រសួងការបរទេសអាមេរិក នៅថ្ងៃសុក្រ ទី១៩ ខែធ្នូនេះ។នៅក្នុងកិច្ចសន្ទនានោះ លោក Rubio បានគូសបញ្ជាក់ពីការព្រួយបារម្ភរបស់សហរដ្ឋអាមេរិកពាក់ព័ន្ធនឹងអំពើហិង្សាដែលកំពុងកើតឡើងនៅតាមបណ្ដោយព្រំដែនកម្ពុជា និងបានសង្កត់ធ្ងន់ពីភាពចាំបាច់ជាបន្ទាន់ ដើម្បីបន្ធូរបន្ថយភាពតានតឹង។ តាមក្រសួងការបរទេសអាមេរិក លោក Rubio ក៏បានជំរុញឱ្យលោក Sihasak ចាត់វិធានការសកម្មភាពយ៉ាងរឹងមាំដើម្បីបន្ធូរបន្ថយស្ថានការណ៍ និងជំរុញឱ្យថៃត្រឡប់ទៅអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុង គូឡាឡាំពួឡើងវិញ៕

កម្ពុជា-ចិន បញ្ជាក់សារជាថ្មីពីការប្តេជ្ញាចិត្តឥតងាករេចំពោះទំនាក់ទំនងមិត្តភាពដែកថែបរវាងប្រទេសទាំងពីរ

2025/12/19 01:42:45 pm        336
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានសន្ទនាតាមទូរស័ព្ទជាមួយ ឯកឧត្តម វ៉ាង យី សមាជិកការិយាល័យនយោបាយនៃគណៈកម្មការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន។ ក្នុងអំឡុងការសន្ទនានេះ ភាគីទាំងពីរបានបញ្ជាក់សារជាថ្មីពីការប្តេជ្ញាចិត្តឥតងាករេចំពោះទំនាក់ទំនងមិត្តភាពដែកថែបរវាងកម្ពុជា និងចិន ហើយបានឯកភាពពង្រឹងថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ និងការលើកកម្ពស់ការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិ រួមការវិវឌ្ឍថ្មីៗ នៃជម្លោះព្រំដែនកម្ពុជា-ថៃ៕

ក្រុមការងារ និង​បងប្អូន​ភៀស​សឹក​នៅ​ក្រុង​រុនតាឯក​តេជោសែន​បាន​រៀបចំ​ដាំដុះ​បន្លែ​សម្រាប់​បំពេញ​តម្រូវ​ការចាំបាច់ជាប្រចាំថ្ងៃ លើផ្ទៃដីសរុបប្រមាណ ២,៦០០ ម៉ែត្រការ៉េ ចំនួន ៥០ រោង

2025/12/19 12:41:00 pm        812
ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​សៀមរាប ក្រុមការងារបានចុះពិនិត្យសណ្ឋានភាពដីនៅសល់ និង​ស្ថាន​ភាព​ដាំ​ដុះ​បច្ចុប្បន្ន​នៅប​រិវេណវត្តទាំងពីរ គឺវត្តជ័យគីរីមុន្នីរង្សី (ហៅវត្តរុន) និងវត្តប្រាសាទចៅស្រីវិបុលកេរ្តិ៍ (ហៅវត្តត្រាច)។ ជាមួយគ្នានេះ បងប្អូនដែលកំពុងភៀសសឹកមកស្នាក់នៅវត្ត បានរៀបចំដីបន្ថែម ដើម្បី​ដាំបន្លែប្រភេទផ្សេងៗ ដូចជា ត្រកួន ស្ពៃ និងផ្ទី សម្រាប់ទទួលបានផលបន្ថែម ស្រប​តាម​តម្រូវ​ការ​ចាំបាច់ជាប្រចាំថ្ងៃ។សកម្មភាពនេះ គឺជាការអនុវត្តជាក់ស្តែងតាមការផ្តួចផ្តើម និងបំផុសចលនាដ៏មានន័យរបស់​លោក​​ជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្នុងការលើកកម្ពស់ការដាំបន្លែតាមផ្ទះ សាលា​រៀន ​វត្តអារ៉ាម និងសហគមន៍ ដើម្បីបង្កើនភាពអាចពឹងផ្អែកលើខ្លួនឯង និងធានា​សន្តិសុខ​ស្បៀង​សម្រាប់​ប្រជាព​លរដ្ឋ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សមត្ថកិច្ចរាជធានីភ្នំពេញ បន្តត្រួតពិនិត្យទីតាំងស្នាក់នៅប្រមូលផ្ដុំ ដើម្បីស្វែងរក និង​បោស​សម្អាត​​បទ​ល្មើស Online Scams
06/13/2026 02:06 PM
ប្រព័ន្ធផ្សព្វផ្សាយ៖ កូរ៉េខាងជើងថ្កោលទោសការអនុម័តលក់មីស៊ីលរបស់អាមេរិកទៅឲ្យ​កូរ៉េខាងត្បូង
06/13/2026 01:06 PM
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល អះអាងថានឹងមិនអនុញ្ញាតឱ្យអ៊ីរ៉ង់ មានអាវុធនុយក្លេអ៊ែរឡើយ
06/13/2026 01:06 PM
សហភាពអឺរ៉ុប ព្រមព្រៀងចាប់ផ្តើមដំណើរការចូលជាសមាជិកសម្រាប់អ៊ុយក្រែន និងម៉ុលដាវី
06/13/2026 01:06 PM
BBC៖ រុស្ស៊ី បានបាត់បង់កងទ័ពជាង ២២០.០០០នាក់ក្នុងអំឡុងពេលវាយលុកនៅអ៊ុយក្រែន
06/13/2026 12:06 PM
រយៈពេលជាង ៥ខែ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បណ្ដេញជនបរទេសជាង ៤ម៉ឺននាក់​ចេញ​កម្ពុជា​ពាក់​ព័ន្ធ​ករណី Online Scams និងបទល្មើសផ្សេងៗទៀត
06/13/2026 12:06 PM
ត្រឹមរយៈពេល៥ខែ ពេទ្យគន្ធបុប្ផាពិនិត្យព្យាបាលជំងឺជាង ៥១ម៉ឺនករណី ខណៈ​ការចូលរួម​យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» កំពុងបន្ត
06/13/2026 12:06 PM
កម្លាំងចម្រុះរាជធានីភ្នំពេញ បន្តត្រួតពិនិត្យឃ្លាំង ៣៣ទីតាំងបន្ថែមទៀត ដោយ​បាន​រក​ឃើញ​ ៥ទីតាំង​មាន​ផលិតផល​នាំ​ពីប្រទេសថៃ និងសម្រេចនាំខ្លួនមនុស្ស ៥នាក់ទៅសាកសួរ
06/13/2026 11:06 AM
TOP STORY | សម្ដេចតេជោ ហ៊ុន សែន៖ «ពេល​ណា​ព្រំដែន​គោកកម្ពុជា-ថៃ​នៅ​តែ​បន្ត​បិទ គ្រប់​មុខ​ទំនិញ​ទាំង​អស់​ដែល​នាំ​ចូល​ឆ្លង​កាត់​ព្រំដែន​គោក​គឺ​ទំនិញ​ខុស​ច្បាប់​ ជាទំនិញរត់ពន្ធ​ ជាទំនិញបំ​ផ្លាញជាតិ និងប្រមាថជាតិ
06/13/2026 11:06 AM
អារ៉ាប់រួម នឹងបញ្ចេញមូលនិធិអ៊ីរ៉ង់ដែលត្រូវបានបង្កក ក្នុងពេលមានការជំរុញបទឈប់បាញ់របស់អាមេរិក
06/13/2026 10:06 AM