សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា មន្ត្រីនៃមន្ទីរអង្គភាពនានាជុំវិញខេត្តកណ្តាល
កម្ពុជាប្រារព្ធពិធីអបអរសាទរទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ឆ្នាំ២០២៦ ក្រោមប្រធានបទ “សំណល់សូន្យ”
មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ ចាត់ទុកការថែទាំផ្លូវជារឿងចាំបាច់ សម្រួលការធ្វើដំណើរ និងការប្រកបមុខរបរផ្សេងៗ
សាខាសមាគមសិស្សនិស្សិតបញ្ញវន្តក្មេងវត្តខណ្ឌព្រែកព្នៅ បានចូលរួមផ្សព្វផ្សាយផែនការអាជីព និងការជ្រើសរើសជំនាញសិក្សា

ព័ត៌មានជាតិ

សារមន្ទីរទួលស្លែង «ទិវាជាតិនៃការចងចាំ ២០ ឧសភា» ដើម្បីឧទ្ទិសកុសលដល់ដួងវិញ្ញាណក្ខន្ធជនរងគ្រោះ

2026/05/20 12:20:18 pm        283
សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦នេះ ប្រារព្ធ «ទិវាជាតិនៃការចងចាំ ២០ ឧសភា» ដើម្បីឧទ្ទិសកុសលដល់ដួងវិញ្ញាណក្ខន្ធជនរងគ្រោះដែលបានបាត់បង់ជីវិតក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (ហៅថាសម័យខ្មែរក្រហម) ជាពិសេសជនរងគ្រោះ នៅអតីតមន្ទីរ ស-២១ ។លោក នី សំណាង ប្រធានផ្នែកពិព័រណ៌ តំណាងលោក ហង្ស និស្ស័យ ប្រធានសារមន្ទីរទួលស្លែង នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ (ហៅកាត់ថា មន្ទីរ ស-២១) បានមានប្រសាសន៍ថា សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង បានប្រារព្ធទិវានេះតាមបែបសាសនា និងរៀបចំដំឡើងបដាផ្សព្វផ្សាយពីអត្ថន័យនិងប្រវត្តិ នៃ២០ឧសភា ដល់សាធារណជន។ ការៀបចំពិធី សាសនានេះ គឺដើម្បីឧទ្ទិសដល់ជនរងគ្រោះដែលបានស្លាប់ក្នុងសម័យខ្មែរក្រហម និងក្នុងមន្ទីរ ស-២១។ ការចងចាំថ្ងៃ២០ឧសភា គឺធ្វើឡើងដើម្បីរំលឹកដល់ការឈឺចាប់ខ្លោចផ្សា ការថ្កោលទោសឧក្រិដ្ឋកម្មដ៏ឃោរឃៅ ព្រៃផ្សៃក្នុងសម័យខ្មែរក្រហម និងប្តេជ្ញារួមគ្នាទប់ស្កាត់របបនេះមិនឲ្យកើតមានជាថ្មីម្តងទៀត។លោក នី សំណាង បានបញ្ជាក់ទៀតថា សម្រាប់សារមនី្ទរទួលស្លែង ជាអតីតមនី្ទរ ស-២១ ដែលមានជនរងគ្រោះយ៉ាងហោចណាស់១៨,០៦៣នាក់ ដែលបានចាប់ខ្លួន សម្លាប់ និងធ្វើទារុណកម្មនៅទីនេះ។ ដូច្នេះថ្ងៃនេះ គឺជាខួប នៃទិវាជាតិនៃការចងចាំ ២០ ឧសភា ឆ្នាំ២០២៦ ដែលសារមនី្ទរទួលស្លែង តែងតែប្រារព្ធទិវាតាមបែបសាសនា ក្នុងក្របខណ្ឌផ្ទៃក្នុងរបស់សារមនី្ទរ ដើម្បីឧទិ្ទសទៅដល់ដួងព្រលឹងអ្នកដែលបានស្លាប់នៅក្នុងសម័យខ្មែរក្រហម ជាពិសេសជនរងគ្រោះនៅអតីតមនី្ទរ ស-២១ ។ ក្នុងនាមប្រជាជនខ្មែរមួយរូប សូមចូលរួម និងចងចាំ កុំឲ្យរបបនេះកើតឡើងសារជាថ្មីម្តងទៀត និងប្តេជ្ញាចិត្តចូលរួមកសាងប្រទេសជាតិមាតុភូមិទៅថ្ងៃអនាគតឲ្យរស់នៅក្នុងសន្តិភាព និងសុខដុមរមនាជារៀងរហូត៕អត្ថបទ រដ្ឋា  

សម្ដេចតេជោ ហ៊ុន សែន៖ ពលរដ្ឋកម្ពុជា​ភាគ​ច្រើន​ដឹង​ច្បាស់​អំពី​សោកនាដកម្ម​ជិត​៣​ទសវត្សរ៍​ក្នុង​ភ្នក់​ភ្លើង​សង្គ្រាម

2026/05/20 11:54:26 am        142
ក្នុងឱកាសខួបលើកទី៩ ទិវាជាតិនៃការចងចាំ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦នេះ, សម្ដេច​អគ្គ​មហា​សេនា​​បតី​តេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា ប្រជា​ពលរដ្ឋ​កម្ពុជា​ភាគ​ច្រើន​លើស​លប់​បាន​ដឹង​ និងបានយល់ច្បាស់ អំពីរឿងរ៉ាវសោកនាដកម្មដ៏ជូរចត់ ដែល​ប្រជា​ពលរដ្ឋ​ខ្មែរបា​ន​ឆ្លងកាត់ជិត៣ទសវត្សរ៍ ក្នុងភ្នក់ភ្លើងសង្គ្រាម។ តាមរយៈសារផ្ញើជូនជនរួមជាតិ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ថ្ងៃនេះជា​ថ្ងៃ​ទិ​វា​ជាតិ​នៃកា​រចងចាំ ២០ ឧសភា ដែលជាថ្ងៃប្រជាជនកម្ពុជាគ្រប់ៗរូបចងចាំមិនអាចបំភ្លេចបាន ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥ - ៦ មករា ១៩៧៩) ដែលជារបបដ៏ឃោរឃៅ និងខ្មៅងងឹត ។ ទិវានេះ ជាការរំលឹក និង​ឧទ្ទិស​កុសល​ជូន​ដល់វិញ្ញាណក្ខន្ធដល់ជនរងគ្រោះជាង៣លាននាក់ ដែលបានស្លាប់បាត់បង់ជីវិត នៅ​ក្នុង​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ។ សម្ដេចតេជោថ្លែងបញ្ជាក់ថា៖«ប្រជាពលរដ្ឋកម្ពុជាភាគច្រើនលើសលប់បានដឹង និងបាន​យល់​ច្បាស់​អំពីរឿងរ៉ាវសោកនាដកម្មដ៏ជូរចត់ ដែលប្រជាពលរដ្ឋខ្មែរបានឆ្លងកាត់ជិត៣ទសវត្សរ៍ ក្នុង​ភ្នក់​​ភ្លើង​សង្គ្រាម និងទឹកភ្នែក ការកាប់សម្លាប់ ការបំផ្លិចបំផ្លាញ ការជម្លៀស​ចេញ​ពីទីលំនៅ​របស់​ខ្លួន​ដោយ​បង្ខំ និងការបង្ខំឱ្យធ្វើការដូចសត្វធាតុជាដើម។ មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋកម្ពុជា ត្រូវ​ស្លាប់​ដោយ​គ្មានថ្នាំសង្កូវព្យាបាល គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព គ្មានលទ្ធិ​ប្រជា​ធិបតេយ្យ ហើយសូម្បីតែ​សិទ្ធិ​រស់​រាន​មាន​ជីវិត​ដែល​ជា​សិទ្ធិ​មូល​ដ្ឋាន​មាន​ពី​កំណើត​របស់​មនុស្ស​ក៏​គ្មានដែរ»។ ក្នុងឱកាសនេះ សម្ដេចតេជោក៏បានអំពាវនាវដល់ជនរួមជាតិទាំងអស់ ដើម្បីកុំអោយ​រប​បនេះ​វិល​ត្រឡប់​មក​វិញ សូមចូលរួមថែរក្សាការពារសន្តិភាពឱ្យបានគង់វង្ស ពីព្រោះសន្តិភាព​បាន​ផ្តល់​ឱកាស​គ្រប់​យ៉ាងក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិ ឱ្យកាន់តែ​រីក​ចម្រើន​ទៅ​មុខ​ទៀត​៕

គណៈកម្មការទី៩ នៃរដ្ឋសភា ចុះពិនិត្យការបណ្តុះបណ្តាលធនធានមនុស្ស​នៅវិទ្យាស្ថានជាតិ​អាកាសចរណ៍​ស៊ីវិល ដើម្បីជំរុញសមត្ថភាពមន្ត្រីឱ្យស្របតាមស្តង់ដារអន្តរជាតិ

2026/05/20 11:47:31 am        509
ភ្នំពេញ៖ គណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរ​គមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំ​ដែនដី នគរូបនីយកម្ម និងសំណង់ (គណៈកម្មការទី៩) នៃរដ្ឋសភា ដឹកនាំដោយ លោកជំទាវ និន សាផុន ប្រធានគណៈកម្មការ បានបន្តចុះបំពេញបេសកកម្មការងារតាមដាន និងសិក្សា​ស្វែងយល់​ពីវឌ្ឍនភាពនៃការបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រីរាជការ និងបុគ្គលិក​ក្រុមហ៊ុន​អាកាសចរណ៍ នៅវិទ្យាស្ថានជាតិអាកាសចរណ៍ស៊ីវិល (NICA) កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦​ ម្សិលមិញនេះ។ ដំណើរចុះទស្សនកិច្ចសិក្សានេះធ្វើឡើងបន្ទាប់ពីគណៈប្រតិភូរដ្ឋសភាបានបញ្ចប់កិច្ចពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នាព្រឹកថ្ងៃដដែល ដោយមានការសម្របសម្រួលពី ឯកឧត្តម ជា អូន រដ្ឋលេខាធិការ តំណាងឱ្យឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។ដំណើរទស្សនកិច្ចសិក្សាស្វែងយល់ពីវឌ្ឍនភាពនៃការបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រីរាជការ និងបុគ្គលិកក្រុមហ៊ុនអាកាសចរណ៍ នៅវិទ្យាស្ថានជាតិអាកាសចរណ៍ពីសំណាក់ គណៈកម្មការទី៩នៃរដ្ឋសភានេះ គឺការផ្ដោតលើការពិនិត្យយន្តការបង្កើនគុណភាពធនធានមនុស្ស ក្នុងវិស័យអាកាសចរណ៍ស៊ីវិលរបស់កម្ពុជា ឱ្យឆ្លើយតបទៅនឹងការរីកចម្រើននៃសហគ្រាសដឹកជញ្ជូនតាមផ្លូវអាកាស ទាំងផ្នែករដ្ឋនិងឯកជន។ សូមបញ្ជាក់ដែរថាវិទ្យាស្ថានជាតិអាកាសចរណ៍ស៊ីវិល (NICA) ដែលជាអតីតមជ្ឈមណ្ឌលហ្វឹកហ្វឺនអាកាសចរណ៍ស៊ីវិល (CATC) គឺជាគ្រឹះស្ថានឧត្តមសិក្សារបស់រដ្ឋ ស្ថិតក្រោមឱវាទរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដែលត្រូវបានសាងសង់ឡើងក្រោមជំនួយឥតសំណងពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) នៃសាធារណរដ្ឋកូរ៉េ ក្នុងទំហំទឹកប្រាក់ជាង ១០ លានដុល្លារអាមេរិក។ គម្រោងជំនួយនេះ រួមបញ្ចូលទាំងការសាងសង់អគារសិក្សា ការបំពាក់សម្ភារឧបទេសទំនើបៗ និងការបណ្តុះបណ្តាលគ្រូបង្គោលជាមន្ត្រីខ្មែរ ដោយអ្នកជំនាញនិងគ្រូឧទ្ទេសជនជាតិកូរ៉េ។ បច្ចុប្បន្ន វិទ្យាស្ថានជាតិអាកាសចរណ៍ស៊ីវិល កំពុងដើរតួនាទីជាយុទ្ធសាស្ត្រក្នុងការហ្វឹកហ្វឺនជំនាញបច្ចេកទេស ស្របតាមច្បាប់ បទប្បញ្ញត្តិជាតិ និងបទដ្ឋាន-អនុសញ្ញាស្តីពីអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO)។ ក្រៅពីការបណ្តុះបណ្តាលផ្ទៃក្នុង វិទ្យាស្ថានក៏បាននិងកំពុងបើកទូលាយនូវកិច្ចសហប្រតិបត្តិការ ព្រមទាំងផ្លាស់ប្តូរបទពិសោធន៍ជាមួយស្ថាប័នជាតិ និងអន្តរជាតិ ដើម្បីធ្វើបច្ចុប្បន្នភាពផែនការអភិវឌ្ឍធនធានមនុស្សឱ្យកាន់តែមានប្រវត្តិភាពខ្ពស់។ លោកជំទាវ និន សាផុន ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងវិទ្យាស្ថានជាតិ ដែលបានយកចិត្តទុកដាក់ខ្ពស់លើការបណ្តុះបណ្តាលធនធានមនុស្ស ដែលជាសសរស្តម្ភដ៏សំខាន់ក្នុងការធានាសុវត្ថិភាព សន្តិសុខ និងការរីកចម្រើននៃវិស័យអាកាសចរណ៍ស៊ីវិលនៅកម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល៕

អនុប្រធានទី១ CDC បង្ហាញគោលជំហររបស់រាជរដ្ឋាភិបាលជូនវិនិយោគិន អំពីបរិយាកាសវិនិយោគ

2026/05/20 11:45:04 am        244
អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បង្ហាញពីគោលជំហររបស់រាជរដ្ឋាភិបាលជូនវិនិយោគិន ដែលបានចាត់ទុកវិស័យ ឯកជនជាក្បាលម៉ាស៊ីនរុញច្រានកំណើនសេដ្ឋកិច្ច និងជាដៃគូមិនអាចខ្វះបាន និងជំហររបស់ ក.អ.ក. លើកិច្ចសម្របសម្រួល និងផ្តល់ សេវាគាំទ្រ ធានាដល់ការធ្វើអាជីវកម្មនិងការវិនិយោគប្រព្រឹត្តទៅដោយរលូន។ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ បានអនុញ្ញាតជូនគណៈប្រតិភូនៃក្រុមហ៊ុន Pengbo Group ដឹកនាំដោយ លោក Liu Peng អគ្កនាយកក្រុមហ៊ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីជម្រាបអំពីបច្ចុប្បន្នភាពនៃការវិនិយោគរបស់ខ្លួននៅកម្ពុជា និងផែនការវិនិយោគ ក្នុងជំហានបន្តបន្ទាប់នាពេលអនាគត។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះគណៈប្រតិភូក្រុមហ៊ុន Pengbo Group និងបាន វាយតម្លៃខ្ពស់ចំពោះការសម្រេចចិត្តវិនិយោគ ដែលជាការចូលរួមចំណែកយ៉ាងសំខាន់ គាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។ ឯកឧត្តមបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាតែងតែចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីន រុញច្រានកំណើនសេដ្ឋកិច្ច និងជាដៃគូ មិនអាចខ្វះបាន ព្រមទាំងបញ្ជាក់ជាថ្មីនូវជំហររបស់ ក.អ.ក. លើកិច្ចសម្របសម្រួល និងផ្តល់សេវាគាំទ្រគ្រប់បែបយ៉ាងដល់វិនិយោគិន ទាំងអស់ ធានាធ្វើយ៉ាងណាឱ្យការធ្វើអាជីវកម្ម និងការវិនិយោគនៅកម្ពុជាប្រព្រឹត្តទៅដោយរលូន ជោគជ័យ និងមា ផ្លែផ្កាខ្ពស់បំផុត។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់ទៅលើកាតព្វកិច្ចចម្បងរបស់វិនិយោគិន ក្នុងការចូលរួមថែរក្សានិងការពារ បរិស្ថាន នៅតាមបណ្តាទីតាំងដែលខ្លួនទទួលបានសិទ្ធិវិនិយោគ ដោយចាត់ទុកការអភិវឌ្ឍបៃតង និងប្រកបដោយចីរភាព គឺជាអ្វីដែល មិនអាចខ្វះបាន។ជាការឆ្លើយតប លោក Liu Peng បានសម្តែងនូវការឯកភាពយ៉ាងពេញទំហឹង និងបានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុង ការគោរពតាមបទប្បញ្ញត្តិបរិស្ថានជាធរមាន បញ្ហានេះ, ក្រុមហ៊ុននឹងយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងការថែរក្សា ការពារ និងលើកកម្ពស់ សោភ័ណភាពបរិស្ថាននៅក្នុងទីតាំងដែលខ្លួនកំពុងវិនិយោគ ដោយក្តីស្រឡាញ់ និងការទទួលខុសត្រូវខ្ពស់បំផុត ប្រៀបបាននឹងការ ថែទាំលំនៅស្ថានផ្ទាល់ខ្លួនរបស់ខ្លួនដូច្នោះដែរ៕អត្ថបទ៖ សុន រ៉ាឌី  

ប្រធានសមាគម៖ រយៈពេលជាង ៤ខែដើមនេះវិស័យដឹកជញ្ជូនកម្ពុជា​មានស្ថានភាព​ល្អ​ទោះ​តម្លៃ​ប្រេង​ខ្ពស់​ក៏​ដោយ

2026/05/20 11:34:30 am        359
ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន ខ្សែច្រវាក់ផ្គត់ផ្គង់ និងភ្នាក់ងារជើងសានៅកម្ពុជា ថ្លែងថា នៅ​ក្នុង​រយៈពេលជាង ៤ខែ ដើមឆ្នាំ២០២៦ វិស័យ ដឹកជញ្ជូននៅកម្ពុជាមានស្ថានភាពល្អប្រសើរ ជាង​នៅដើមឆ្នាំ២០២៥ គាំទ្រដោយលំហូរនៃទំនិញ (ចេញ-ចូល) និងសកម្មភាពអាជីវកម្ម ក្នុង​ស្រុក​ទោះបីកម្ពុជាជួបបញ្ហានៃការហក់ឡើងប្រេងឥន្ធនៈក៏ដោយ។លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន ខ្សែច្រវាក់ផ្គត់ផ្គង់ និងភ្នាក់ងារ​ជើង​សានៅ​កម្ពុជា លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីប្រតិបត្តិការ​នៃ​សេវា​ដឹក​ជញ្ជូន​ក្នុង​ពេល​បច្ចុប្បន្ន នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ នេះថា វិស័យដឹកជញ្ជូនពឹងផ្អែកទាំងស្រុងលើប្រេងឥន្ធនៈ (ជាពិសេសប្រេង ម៉ាស៊ូត) បន្ទាប់ពីការហក់ឡើងថ្លៃនៃប្រេងឥន្ធ​នៈ ដោយសារសង្គ្រាមនៅមជ្ឈឹមបូព៌ា សេវានៃប្រតិបត្តិការដឹកជញ្ជូនក៏បានហក់ឡើងថ្លៃ ផងដែរ នៅក្នុងរង្វង់ប្រមាណ ២៥ ទៅ ៣០% ចំណែកនៅក្នុងស្ថានភាពមិនប្រាកដប្រជានេះ អាចនឹងពិបាកក្នុងការវាយតម្លៃ ប៉ុន្តែ ទោះបីយ៉ាងណា ជុំវិញបញ្ហាប្រេងឥន្ធនៈនេះ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំង និងបានដាក់ចេញនូវកិច្ចអន្តរាគមន៍ជាបន្ត បន្ទាប់រួមមាន តាមរយៈការបញ្ចុះអាករ និងដកពន្ធលើការនាំចូលប្រេង ដើម្បីជួយសម្រាលបន្ទុកជីវភាពរបស់ប្រជាពលរដ្ឋ ជាពិសេស ការសម្រួលដល់ប្រតិបត្តិកាដឹកជញ្ជូន ដែលជាផ្នែកមួយជួយគាំទ្រដល់សកម្មភាពសេដ្ឋកិច្ចជាតិផងដែរ។លោកបន្តថា ជុំវិញការដឹកជញ្ជូននេះឃើញថា ក្នុងរយៈពេលជាង ៤ខែ ដើមឆ្នាំ២០២៦នេះ មានស្ថានភាពល្អប្រសើរ បើធៀប រយៈពេលដូចនឹងឆ្នាំមុន ខណៈនៅក្នុងឆ្នាំ២០២៥កន្លងមក កម្ពុជាទទួលបានគម្រោងវិនិយោគជាច្រើន គាំទ្រដល់ការនាំចេញទំនិញ របស់កម្ពុជា គួបផ្សំជាមួយការហូរចូលទំ​និញមានកំណើនកើនឡើង រួមជាមួយសកម្មភាពអាជីវកម្មក្នុងស្រុកមានភាពមមាញឹកជាងមុនបានគាំទ្រដល់សេវានៃការដឹកជញ្ជូន ហើយបញ្ហានេះលោករំពឹងថា វិស័យដឹកជញ្ជូននៅក្នុងឆ្នាំ២០២៦ នឹងមានស្ថានភាពល្អ ប្រសើរទោះបីជួបបញ្ហាខ្លះៗក៏ដោយ។ ទាក់ទិនអនុវិស័យដឹកជញ្ជូននេះ, បើយោងតាមក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យមឆ្នាំ២០២៧-២០២៩, អនុវិស័យនេះ ត្រូវបានវាយតម្លៃថា នៅក្នុងឆ្នាំ២០២៦នេះ នឹងបន្តសម្រេចបានកំណើនល្អក្នុងអត្រា ៤,៥% ដែលគាំទ្រដោយនិន្នាការល្អនៃវិស័យ បម្រើការនាំចេញ គួបផ្សំនឹងការបន្តពង្រីក និងពង្រឹងសមត្ថភាពផ្ទុក និងចរាចរណ៍ទំនិញនៅតាមកំពង់ផែទាំងពីរ, ស្របពេលដែល ការដឹកជញ្ជូនបញ្ញើរហ័ស ក៏នៅបន្តរក្សាបាននិន្នាការល្អ ។ ចំណែកការកើនថ្លៃប្រេងឥន្ធនៈ ក៏បង្កផលប៉ះពាល់ដល់សកម្មភាព និង ប្រាក់ចំណេញរបស់ក្រុមហ៊ុនដឹកជញ្ជូនផងដែរ ដែលធ្វើឱ្យមានការកាត់បន្ថយនូវចំនួនជើងនៃការដឹកជញ្ជូន ពិសេសការដឹកជញ្ជូនបញ្ញើរហ័សក្នុងស្រុក, ប៉ុន្តែការដឹកជញ្ជូន ពិសេសទំនិញបម្រើការនាំចេញ នៅបន្តរក្សាបាននិន្នាការល្អ ដែលចូលរួមគាំទ្រដល់ អនុវិស័យនេះជារួម៕ អត្ថបទ៖ សុន រ៉ាឌី

អាជ្ញាធរជួយសង្រ្គោះសត្វក្តាន់ប្រភេទសត្វជិតផុតពូជលើពិភពលោកចំនួន១ក្បាលនៅខេត្តក្រចេះ

2026/05/20 11:25:45 am        162
សត្វក្តាន់ឈ្មោលមួយក្បាលទម្ងន់ប្រហែល ៤០គីឡូក្រាម បានរត់ចេញពីព្រៃដីសើម និងជម្រកវាលស្មៅនៅពីក្រោយផ្ទះអ្នកភូមិម្នាក់ ក្នុងភូមិក្បាលជូ ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦។ សត្វក្តាន់ឈ្មោលត្រូវបានឆ្កែចិញ្ចឹមអ្នកស្រុកដេញតាម ហើយបានព្យាយាមរត់គេចខ្លួនដោយរត់ឡើងលើផ្លូវជាតិ ចូលទៅក្នុងផ្ទះអ្នកភូមិក្បែរនោះ។ នៅទីបំផុត សត្វនោះបានរត់ ទៅជាប់នៅក្នុងរបងលួស របស់ផ្ទះអ្នកស្រុក។ បន្ទាប់មក អ្នកភូមិបានជូនដំណឹងដល់មន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តក្រចេះ និងអង្គការ WWF សហការជាមួយអាជ្ញាធរមូលដ្ឋាន ធ្វើការចាប់សត្វក្តាន់ និងនាំយកមកកន្លែងសុវត្ថភាពដើម្បីធ្វើការសង្រ្គោះ។ ក្រុមមន្រ្តីជំនាញ បានពិនិត្យឃើញថា សត្វក្តាន់ឈ្មោលនោះមានស្នាមរបួស លើខ្លួន ដែលអាចបណ្តាលមកពីការរត់គេចក្នុងហេតុការណ៍ខាងលើ។ ក្រុមការងារបានជួយសង្គ្រោះសត្វព្រៃនោះ ហើយបានទាក់ទងក្រុមអង្គការ Cambodia Wildlife Care (CWC) ដើម្បីដឹកសត្វក្តាន់ឈ្មោលនោះទៅកាន់មជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃនៅរាជធានីភ្នំពេញ ដើម្បីព្យាបាលឱ្យបានជាសះល្បើយរបួលឡើងវិញ។ បន្ទាប់ពីជាសះស្បើយ សត្វក្តាន់ឈ្មោលនោះ នឹងត្រូវដោះលែងត្រឡប់ទៅជម្រកធម្មជាតិរបស់វាវិញ។ សូមបញ្ជាក់ថា ក្តាន់កំពុងស្ថិតបញ្ជីក្រហមនៃអង្គការសហភាពអន្តរជាតិសម្រាប់ការពារធម្មជាតិ IUCN ដែលជាប្រភេទសត្វជិតផុតពូជបំផុតនៅលើពិភពលោក ហើយនៅកម្ពុជា ការសិក្សានាពេលកន្លងទៅ មានវត្តមានប្រមាណជា១០០ក្បាលប៉ុណ្ណោះ កំពុងរស់នៅក្នុងដែនជម្រកសត្វព្រៃ ព្រែកប្រសព្វ ខេត្តក្រចេះ និងតាមតំបន់ការពារធម្មជាតិមួយចំនួនទៀត នៃភូមិសាស្រ្ត ខេត្តកោះកុង។ដើម្បីពង្រីកវត្តមានសត្វនេះនៅលើទឹកដីកម្ពុជា ក្រសួងបរិស្ថានសហការជាមួយដៃគូអភិវឌ្ឍន៍នានា រៀបចំផែនការសកម្មភាពសម្រាប់ការអភិរក្ស និងស្តារសត្វក្តាន់ ២០២៥-២០៣៥ ស្របទៅនឹងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលមានសសរស្តម្ភ៣គឺភាពស្អាត ភាពបៃតង និងចីរភាព។ យុទ្ធសាស្រ្តជំរុញការការពារប្រភេទសត្វកំពុងរងគ្រោះថ្នាក់ជិតផុតពូជ និងជាសម្បត្តិធម្មជាតិដ៏មានតម្លៃរបស់កម្ពុជា និងពិភពលោក។អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានឱ្យដឹងថា ក្តាន់ គឺជាប្រភេទថនិកសត្វដែលគួរឱ្យស្រលាញ់ ស្លូត រស់នៅតំបន់ដីសើម និងវាលស្មៅនៅតាមតំបន់ការពារធម្មជាតិ។ ជាក់ស្តែងនៅកម្ពុជា មានជាពិសេសក្នុងខេត្តក្រចេះ និងកោះកុង បន្ទាប់ពីមានការរកឃើញវត្តមានរស់នៅក្នុងពេលកន្លងទៅ។ ការរកឃើញសត្វក្តាន់រត់ចូលភូមិនេះ ជាស្ញាថ្មីបង្ហាញថា ប្រភេទនេះនៅមានវត្តមាននៅក្នុងព្រៃរបស់កម្ពុជា ព្រោះប្រភេទសត្វព្រៃជិតផុតពូជបំផុតនៅក្នុងពិភពលោកផងដែរ ។ ការរកឃើញឡើងវិញនៃវត្តមានសត្វក្តាន់ នៅខេត្តក្រចេះ ក៏បានក្លាយក្តីសង្ឃឹមថ្មីសម្រាប់ការរស់រានមានជីវិតរបស់ពួកគេ»។ និងត្រូវរួមសហការគ្នាការពារនិងអភិរក្សធនធានធម្មជាតិ ជាពិសេសសត្វព្រៃឱ្យបានល្អថែមទៀត។ អ្នកនាំពាក្យរូបនេះ បានអំពាវនាវឱ្យមានការការផ្ដល់គម្លាតសុវត្ថិភាព និងចៀសវាងការដេញបាញ់ ឬធ្វើបាបវា នៅពេលសត្វព្រៃរត់ចូលភូមិ ព្រោះវាអាចនឹងភ័យស្លន់ស្លោរហូតបង្កគ្រោះថ្នាក់ និងអាចបណ្តាលឱ្យសត្វព្រៃស្លាប់ បាត់បង់ធនធានជីវៈចម្រុះ និងសម្បត្តិវប្បធម៌របស់មនុស្សជាតិ។ ប្រសិនបើមានសត្វព្រៃ ជាពិសេសសត្វកម្រ សត្វធំ (ដូចជាដំរី ខ្លាជដើម) ឬសត្វដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត សូមរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរមូលដ្ឋាន ឬមន្ត្រីបរិស្ថាន ឬជំនាញពាក់ព័ន្ធ ដើម្បីចុះមកអន្តរាគមន៍ និងជួយសង្គ្រោះយកវាទៅព្រៃធម្មជាតិវិញដោយសុវត្ថិភាព៕ 

តំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ អញ្ជើញដាក់កូរោនផ្កា «ទិវាជាតិ នៃការចងចាំ» ដើម្បី​ឧទ្ទិស​ជូន​វិញ្ញាណ​ក្ខន្ធ​យុទ្ធជន យុទ្ធនារី ជនរងគ្រោះក្នុងរបបប្រល័យពូជសាសន៍

2026/05/20 11:20:07 am        231
ឯកឧត្តម វង សូត អនុប្រធានទី២ នៃ រដ្ឋសភា និងជាតំណាង​រាស្ត្រ​មណ្ឌល​ខេត្ត​ត្បូង​ឃ្មុំ ​អម ដោយសមាជិក សមាជិការដ្ឋសភា រដ្ឋាភិបាល ក្រុមការ ងារថ្នាក់ជាតិ ខេត្ត ស្រុក ឃុំ ភូមិ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ អញ្ជើញដាក់កូរោនផ្កា “ទិវាជាតិ នៃ ការចងចាំ” នៅ​សាលា​ស្រុ​កអូររាំងឪ។ ក្នុងឱកាសនោះ ឯកឧត្តម វង សូត បានថ្លែងថា “ទិវា ជាតិនៃការចងចាំ” ត្រូវបា​ន​បង្កើត​ឡើង​ក្នុង​គោល​បំណងលើកតម្កើងការគោរពវិញ្ញាណក្ខន្ធឧទ្ទិសដល់ជនរងគ្រោះនិងអតីតយុទ្ធជន យុទ្ធនារី ដែល​បានបាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ និងស្តារកិត្តិយស និង សេចក្តីថ្លៃថ្នូរ ជូន​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ ដែលបានរង ទុក្ខវេទនាយ៉ាងខ្លោចផ្សាព្រមទាំងជំរុញការផ្សះផ្សា ពង្រឹង​ការ​រួប​រួម​សង្គមកម្ពុជា និងថែរក្សាសុខសន្តិភាព។ ឯកឧត្តមអនុប្រធានទី២ នៃរដ្ឋសភា ក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ត្រូវ​រួម​គ្នា​ចង​ចាំ​ប្រវត្តិសាស្ត្រដ៏ឈឺចាប់នេះ និងរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បី ទប់ស្កាត់កុំឱ្យសោកនាដកម្ម និង​ការ​បែក​បាក់​ជាតិបែបនេះ កើតមានឡើងនៅលើទឹកដីកម្ពុជា សាជាថ្មីម្តងទៀត។ រដ្ឋសភា​នៃ​ព្រះរាជាណាចក្រកម្ពុជា សូមលំឱនកាយវាចាចិត្តគោរពវិញ្ញាណក្ខន្ធដល់បងប្អូនជនរួម​ជាតិ​ទាំងអស់ដែលបានចែកឋានទៅក្នុងរបបដ៏ខ្មៅងងឹតនោះ។ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ នេះ គឺជា «ទិវានៃ ការចងចាំ» ដែលជា​ថ្ងៃ​រំលឹក​ដល់​ជន​រង​គ្រោះ​ជាង​ ៣លាននាក់ ដែលបានបាត់បង់ជីវិតយ៉ាងអយុត្តិធម៌ និង​រង​ទុក្ខ​វេទនា​ឥត​គណនា​ក្នុង​រប​ប​ប្រល័យ​ពូជសា​សន៍ ប៉ុល ពត (១៧ មេសា ១៩៧៥ -៦ មករា ១៩៧៩)។ ការរំលឹកឡើង​វិញនូវព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដ៏ជូរចត់នេះ មិនមែនដើម្បីបង្កើត​នូវ​ការ​គុំ​កួន​នោះ​ឡើយ ​ប៉ុន្តែគឺដើម្បីចងចាំ នូវការឈឺចាប់ និងមេរៀនប្រវត្តិសាស្ត្រ មិនអាចបំភ្លេចបាននិងដឹងគុណ ដល់​វីរ​ជនស្នេហាជាតិ ដែលបានលះ​បង់​សាច់​ស្រស់​ឈាម​ស្រស់​ ដើម្បី​រំដោះ​ប្រទេសជាតិ និង​រួម​គ្នា​ថែ​រក្សា «សន្តិភាព» ដែលជាគ្រឹះ ស្ថានដ៏មានតម្លៃបំផុតសម្រាប់ការអភិវឌ្ឍជាតិ និងការ ពារ​កុំ​ឱ្យ​របប​ដ៏ឃោរឃៅបែបនេះវិលត្រឡប់មកវិញជាដាច់ខាត៕

គណៈប្រតិភូគណៈកម្មការទី៩ នៃរដ្ឋសភា អញ្ជើញចុះពិនិត្យផ្ទាល់លើសកម្មភាពការងារ និងវឌ្ឍនភាពនានា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ

2026/05/20 11:13:22 am        209
ភ្នំពេញ៖ គណៈប្រតិភូគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (គណៈកម្មការទី៩) នៃរដ្ឋសភា ដឹកនាំដោយ លោកជំទាវ និន សាផុន ប្រធានគណៈកម្មការ នារសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យផ្ទាល់លើសកម្មភាពការងារ និងវឌ្ឍនភាពនានា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដោយមានការសម្របសម្រួលពី ឯកឧត្តម ជា អូន រដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល តំណាង ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងមានការទទួលស្វាគមន៍ពី អ្នកឧកញ៉ា ឆាលស៍ វ៉ាន់ នាយកគ្រប់គ្រង នៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC)។ សូមជម្រាបជូនថា អាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី ដែលត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត។ អាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាអាកាសយានដ្ឋានលំដាប់ថ្នាក់ 4F ដែលត្រូវបានសាងសង់លើផ្ទៃដីទំហំ ២ ៦០០ ហិកតា ស្ថិតក្នុងភូមិសាស្ត្រស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងស្រុកបាទី ខេត្តតាកែវ និងមានចម្ងាយប្រមាណ ២៦ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ អាកាសយានដ្ឋានអន្តរជាតិតេជោ មានហេដ្ឋារចនាសម្ព័ន្ធគ្រប់លក្ខខណ្ឌតាមស្តង់ដារអន្តរជាតិ ដែលអាចបម្រើការហោះហើររបស់យន្តហោះគ្រប់ប្រភេទ ទាំងជើងហោះហើរក្នុងតំបន់ និងជើងហោះហើររយៈចម្ងាយឆ្ងាយ (Long-haul Flights) ដែលជាការតភ្ជាប់ជើងហោះហើរកម្ពុជានៅកាន់ពិភពលោក បានកាន់តែធំនិងទូលាយជាងមុន៕

BREAKING NEWS| ព្រឹទ្ធសភាកម្ពុជា​សម្រេច​អនុម័តសេចក្តីព្រាងច្បាប់ស្ដីពីកាតព្វកិច្ចយោធាដោយសំឡេង៥៨លើ៥៨សំឡេងនៃអង្គប្រជុំទាំងមូល

2026/05/20 11:08:51 am        249
ភ្នំពេញ៖ កិច្ចប្រជុំ ពេញអង្គព្រឹទ្ធសភា នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ក្រោម​អធិបតីភាព ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា បាន​សម្រេច​​អនុម័តសេចក្តីព្រាងច្បាប់ស្ដីពីកាតព្វកិច្ចយោធាដោយសំឡេង៥៨លើ៥៨សំឡេងនៃអង្គប្រជុំទាំងមូល។សូមជម្រាបថាការ​​សម្រេច​​អនុម័តសេចក្តីព្រាងច្បាប់ស្ដីពីកាតព្វកិច្ចយោធានៅថ្ងៃនេះរបស់ព្រឹទ្ធសភានៃកម្ពុជា បន្ទាប់ពី រដ្ឋសភានៃ កម្ពុជា កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦នេះ បានសម្រេច​អនុម័តជាឯកច្ឆន្ទដោយ សំឡេង ១១៤ លើ ១១៤ នៃអង្គប្រជុំរដ្ឋសភាទាំងមូលក្រោមអធីបតីភាពសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។សេចក្តីព្រាងច្បាប់ទី១ គឺ សេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា ដែលមាន ៨ ជំពូក និង ២០ មាត្រា។សេចក្តីព្រាងច្បាប់នេះត្រូវបានរៀបចំឡើងដោយអនុលោមតាមមាត្រា ៤៩ ថ្មី នៃរដ្ឋធម្មនុញ្ញ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងគោលបំណងពង្រឹងវិស័យការពារជាតិ និងការបណ្តុះបណ្តាលយុវជន។ យោងតាមខ្លឹមសារច្បាប់នេះ គឺប្រជាពលរដ្ឋខ្មែរភេទប្រុសដែលមានអាយុចាប់ពី ១៨ ឆ្នាំ ដល់ ២៥ ឆ្នាំ ត្រូវបំពេញកាតព្វកិច្ចយោធារយៈពេល ២៤ ខែ ខណៈដែលស្ត្រីត្រូវបានអនុវត្តតាមគោលការណ៍ស្ម័គ្រចិត្ត។ យុវជនដែលឆ្លងកាត់ការហ្វឹកហ្វឺននេះ នឹងទទួលបានការអភិវឌ្ឍកាយសម្បទា ការអប់រំស្មារតីស្នេហាជាតិ វិន័យ និងទទួលបានប្រាក់ឧបត្ថម្ភផ្សេងៗ។ លើសពីនេះ ក្រោយពីបានបញ្ចប់កាតព្វកិច្ច ពួកគេនឹងទទួលបានអាទិភាពក្នុងការប្រឡងចូលបម្រើការងារក្នុងស្ថាប័នរដ្ឋ សហគ្រាសសាធារណៈ និងឯកជន ព្រមទាំងឱកាសបន្តការសិក្សា និងការងារនៅបរទេសផងដែរ៕ 

រយៈពេលត្រឹមមួយសប្តាហ៍ យុវជនកម្ពុជា​ទទួលបានពានរង្វាន់ចំនួន ៥ ក្នុង​ព្រឹតិ្តការណ៍​អន្តរជាតិ​ពីរ​ផ្សេង​គ្នា

2026/05/20 10:52:31 am        115
ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​បានថ្លែងកោតសរសើរ​ សាទរ​ និង​មោទនភាព​ចំពោះ​យុវជនកម្ពុជា ដែល​ក្នុងរយៈពេលត្រឹមមួយសប្តាហ៍ប៉ុណ្ណោះ​ ​យុវជនកម្ពុជា​ទទួល​បាន​ពានរង្វាន់ចំនួន៥ ក្នុង​ព្រឹតិ្តការណ៍​អន្តរជាតិ​ពីរ​ផ្សេង​គ្នា។តាមរយៈបណ្ដាញសង្គម​នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្ដមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានថ្លែងថា ឯកឧត្ដម​ពិតជាមានមោទនភាពចំពោះយុវជនកម្ពុជា ក្នុង​រយៈ​ពេល​ត្រឹម​មួយ​​សប្តាហ៍​គត់​ទទួលបានពានរង្វាន់ចំនួន៥ ក្នុងព្រឹតិ្តការណ៍អន្តរជាតិពីរផ្សេងគ្នា ដែលក្នុងនោះ​ពាន​រង្វាន់​ចំនួន​៤ ​នៅប្រទេសឥណ្ឌូនេស៊ី និងពានរង្វាន់មួយទៀត​នៅប្រទេសសិង្ហបុរី។សូមជំរាបជូនថា ក្នុង​កម្មវិធីប្រកួតប្រជែង Huawei ICT Asia Pacific ជា​ការ​ប្រកួតប្រ​ជែងនៅ​តំបន់អាស៊ី​ប៉ាស៊ី​ហ្វិក ដែលមាននិស្សិតចូលរួមប្រកួតជាង ៨ពាន់នាក់៖ (១) និស្សិត​សាកល​វិទ្យាល័យ​អាមេរិកាំងភ្នំពេញ (AUPP) ទទួលបានពានរង្វាន់លេខពីរ ស្តីពី​នវា​នុវត្តន៍​បញ្ញា​សិប្បនិម្មិត និងមានឱកាសចូលរួមប្រកួតប្រជែងបន្តនៅទីក្រុងសិនជិន ប្រទេសចិន, (២) ​និស្សិត​សាកល​វិទ្យាល័យអាមេរិកាំងភ្នំពេញ ទទួលបានពានរង្វាន់លេខបី ស្តីពី​បច្ចេកវិទ្យា​ក្លោដ, (៣) និស្សិត​​សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ទទួលបានពានរង្វាន់លេខបី ស្តីពី​បណ្តាញ​ហេដ្ឋា​រចនា​សម្ព័ន្ធ និង (៤) និស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) ទទួល​បាន​ពាន​រង្វាន់​លេខបី ស្តីពីនវានុវត្តន៍បញ្ញាសិប្បនិម្មិត។ ពានរង្វាន់នេះ​ត្រូវបាន​ផ្តល់ដោយឯកឧត្តម កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ នៅប្រទេសឥណ្ឌូនេស៊ី ។ចំណែក​ក្នុង​កម្មវិធីប្រកួតគម្រោងបញ្ញាសិប្បនិម្មិត AI Ready ASEAN Youth Challenge រៀបចំ​ដោយ​មូល​និធិ​អាស៊ាន Google.org និងស្ថាប័ន AI Singapore ដែល​មាន​និស្សិត​ចូល​រួម​ប្រកួត​ប្រជែង​ជាង ​៦០០ក្រុម មកពីតំបន់អាស៊ានទាំង ១១ប្រទេស និស្សិត​សាកល​វិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ ​ដែល​បង្កើត Voha.ai ទទួលបានពានរង្វាន់លេខពីរ ស្តីពីនវានុវត្តន៍បញ្ញាសិប្បនិម្មិត។ ពានរង្វាន់នេះត្រូវបានផ្ដល់ដោយឯកឧត្តម Tharman Shanmugaratnam ប្រធានា​ធិបតី​សិង្ហ​បុរី​ នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ នៅ​ប្រទេសសិង្ហបុរី។ក្នុងនាមជា​រដ្ឋមន្រ្តី​ទទួលបន្ទុកវិស័យបច្ចេកវិទ្យាឌីជីថល ឯកឧត្ដម ជា វ៉ាន់ដេត ក៏បាន​អំពាវ​នាវ​ឱ្យ​យុ​វ​ជន​កម្ពុជាទាំងអស់ ខិតខំរៀនសូត្រ និងចាប់យកជំនាញប​ច្ចេក​វិទ្យា​ឌីជីថល​ដែល​ជា​ជំនាញ​មួយ​យ៉ាង​សំខាន់ ​ដើម្បីរួមចំណែកទៅដល់ការអភិវឌ្ឍសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន និងអនាគត៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា មន្ត្រីនៃមន្ទីរអង្គភាពនានាជុំវិញខេត្តកណ្តាល
06/06/2026 07:06 AM
អ្នកវិភាគ៖ លោក Kim Jong Un អាចនឹងប្រើប្រាស់ដំណើរទស្សនកិច្ចរបស់លោក Xi ដើម្បីបង្ហាញកម្លាំងកូរ៉េខាងជើង
06/05/2026 10:06 PM
កម្ពុជាប្រារព្ធពិធីអបអរសាទរទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ឆ្នាំ២០២៦ ក្រោមប្រធានបទ “សំណល់សូន្យ”
06/05/2026 09:06 PM
មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ ចាត់ទុកការថែទាំផ្លូវជារឿងចាំបាច់ សម្រួលការធ្វើដំណើរ និងការប្រកបមុខរបរផ្សេងៗ
06/05/2026 09:06 PM
ស្នងការដឹកជញ្ជូនសហភាពអឺរ៉ុប៖ EU ពុំមើលឃើញកង្វះខាតប្រេងយន្តហោះនោះទេខណៈតម្លៃប្រេងហក់ឡើងខ្ពស់
06/05/2026 08:06 PM
លោក Putinនិយាយថា រុស្ស៊ីបានទាក់ទងអាមេរិកពាក់ព័ន្ធនឹងបញ្ហាវិបត្តិនៅប្រទេសគុយបា
06/05/2026 08:06 PM
អ្នកថែសន្តិភាព UNម្នាក់ ស្លាប់ និង ២នាក់ រងរបួស អំឡុងការផ្លោងគ្រាប់កាំភ្លើងត្បាល់នៅលីបង់
06/05/2026 08:06 PM
អាហ្វ្រិកខាងត្បូងបញ្ជូនបេ្រសិតទៅកាន់អាហ្វ្រិក និងទ្វីបផ្សេងទៀត ក្រោយការវាយប្រហាររើសអើងជនបរទេស
06/05/2026 08:06 PM
ក្រុមមេដឹកនាំជួបជុំគ្នា មុនកិច្ចប្រជុំកំពូល សហភាពអឺរ៉ុប-តំបន់បាល់កង់ខាងលិច នៅប្រទេសម៉ុនតេណេហ្គ្រូ
06/05/2026 08:06 PM
អាមេរិកបង្កើនសម្ពាធលើគុយបា ខណៈពួកគេដាក់ទណ្ឌកម្មលោកប្រធានាធិបតី Diaz-Canel
06/05/2026 08:06 PM