អ្នកនាំពាក្យក្រសួងការងារ លើកទឹកចិត្តសិស្សវិទ្យាល័យចុះទស្សនកិច្ចសាលា TVET ដើម្បី​ស្វែង​យល់​ពី​សក្តានុ​ពលខ្លួ​នឯង ការបណ្តុះបណ្តាលជំនាញ និងឱកាសការងារនាពេលអនាគត
សម្តេចបវរធិបតី និង លោកជំទាវបណ្ឌិត បានឧបត្ថម្ភគ្រឿងឧបភោគបរិភោគមួយចំនួន ជូនតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង
រដ្ឋាភិបាលបាន​ចាប់ឆ្នោតផ្តល់លេខដីឡូតិ៍ និងផ្ទះនៃកម្មវិធីផ្តល់ដីការពារព្រៃ ដើម្បី​រួមគ្នា​អភិវឌ្ឍ​ដោយ​ចីរភាព
សម្ដេចធិបតី៖ កម្ពុជា-ចិន នឹងរៀបចំកិច្ចប្រជុំ នៃ «យុទ្ធសាស្ត្រ ៣+៣» ជាមួយគ្នានៅឆ្នាំក្រោយ

ព័ត៌មានជាតិ

ប្រមុខការទូតកម្ពុជា កោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង និងការរួម​ចំណែក​ដ៏​មាន​តម្លៃ​របស់​លោកជំទាវឯកអគ្គរដ្ឋទូតហ្វីលីពីនចប់អាណត្តិនៅកម្ពុជា

2026/07/08 08:29:36 pm        231
នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតជូនលោកជំទាវ ហ្វ្លើរីដា អាន ខេមៀល ភី ម៉ាយូ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋហ្វីលីពីនប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបជម្រាបលាក្នុងឱកាស ដែលលោកជំទាវឯកអគ្គរដ្ឋទូតបានបញ្ចប់បេសកកម្មការទូតនៅកម្ពុជា ដោយជោគជ័យ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងនិងការរួមចំណែកដ៏មានតម្លៃរបស់លោកជំទាវឯកអគ្គរដ្ឋទូត ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងជាមិត្តភាព និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងកម្ពុជា និងហ្វីលីពីនលើវិស័យនានា ជាពិសេសការសម្របសម្រួល និងជោគជ័យនៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់ហ្វីលីពីន និងទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម Ferdinand R. Marcos, Jr., ប្រធានាធិបតីហ្វីលីពីន មកកម្ពុជា នៅក្នុងឆ្នាំ២០២៥ កន្លងមក។ លោកជំទាវឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងសហការីទាំងអស់នៅក្រសួងការបរទេសដែល បានផ្តល់ការគាំទ្រនិងកិច្ចសហការយ៉ាងសកម្មភាពក្នុងអាណត្តិបេសកកម្មការទូតរបស់លោកជំទាវនៅកម្ពុជា។ នៅក្នុងជំនួបនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនអំពីការវិវត្តថ្មីៗ នៃស្ថានភាព​ព្រំដែនកម្ពុជា-ថៃ ផងដែរ៕

កម្ពុជាបន្តឆ្ពោះទៅការដឹកជញ្ជូនបៃតង ខណៈរថយន្តអគ្គិសនីចុះបញ្ជីកើនដល់ជាង ១៤,០០០គ្រឿង

2026/07/08 08:17:19 pm        245
ចំនួនរថយន្តអគ្គិសនី (EV) ដែលបានចុះបញ្ជីនៅកម្ពុជាបានបន្តកើនឡើងគួរឱ្យកត់សម្គាល់ ដោយគិតត្រឹមខែឧសភា ឆ្នាំ២០២៦ មានចំនួនលើសពី ១៤,០០០គ្រឿង កើនឡើងពីប្រមាណ ៩,០០០គ្រឿង កាលពីឆ្នាំ២០២៥។ កំណើននេះឆ្លុះបញ្ចាំងពីការកើនឡើងនៃការទទួលយកមធ្យោបាយដឹកជញ្ជូនប្រើប្រាស់ថាមពលស្អាត ស្របតាមនិន្នាការអភិវឌ្ឍបៃតង និងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជំរុញការកាត់បន្ថយការបញ្ចេញឧស្ម័ន និងលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាដែលមិនប៉ះពាល់ដល់បរិស្ថាន។ គិតត្រឹមខែឧសភា ឆ្នាំ២០២៦ យានយន្តអគ្គិសនីចុះបញ្ជីនៅក្រសួងសារធាណការ និងដឹកជញ្ជូនសរុបបានចំនួន ១៩,០២៩ គ្រឿង ក្នុងនោះ ទោចក្រយានយន្តចំនួន ៤ ២៣២ គ្រឿង, ត្រីចក្រយានយន្តចំនួន ៧៤១គ្រឿង, និង រថយន្តអគ្គិសនីចំនួន១៤, ០៥៦ គ្រឿង។ នេះបើតាមរបាយការណ៍របស់​ក្រសួងសារធាណការ និងដឹកជញ្ជូន។ ជាកត់សម្គាល់ ការប្រើប្រាស់យានយន្តអគ្គិសនី ផ្តល់អត្ថប្រយោជន៍ច្រើនក្នុងទិដ្ឋភាពបរិស្ថាន សេដ្ឋកិច្ច សន្តិសុខថាមពល និងការឈោងចាប់នូវបច្ចេកវិទ្យាថ្មីៗ ស្របនឹងនិន្នាការតំបន់ និងសកលលោក ព្រមទាំង ស្រប​ទៅនឹង​គោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ២០២៤-២០៣០ ដែលជាត្រីវិស័យ ​ក្នុងការជំរុញការអភិវឌ្ឍវិស័យយានយន្តអគ្គិសនីនៅកម្ពុជា។ លោកបណ្ឌិត អ៊ឹម សុធារិទ្ធ នាយកប្រតិបត្តិ នៃក្រុមហ៊ុន ZO Motors (Cambodia) ដែលជាក្រុមហ៊ុនឈានមុខគេមួយដំឡើងរថយន្តអគ្គិសនី (EV) ប្រភេទដឹកជញ្ជូននៅកម្ពុជា ប្រាប់ BTV ថា ការផ្តល់អត្ថប្រយោជន៍ផ្នែកពន្ធ និងគោលនយោបាយជំរុញការប្រើប្រាស់យានយន្តអគ្គិនសី បានធ្វើឱ្យក្រុមហ៊ុនសម្រេចចិត្តបង្កើតរោងចក្រដំឡើងរថយន្តអគ្គិសនីនៅកម្ពុជា​ ដោយគ្រាន់តែរយៈពេល ២ ឆ្នាំ ក្រុមហ៊ុនបាន​លក់រថយន្តអគ្គិសនីកើនឡើងយ៉ាងគំហុករហូតដល់ប្រមាណ ៥០០គ្រឿង ខណៈ​ការអភិវឌ្ឍន៍​ស្ថានីយសាកថ្មរបស់ក្រុមហ៊ុន​ ត្រូវបានពង្រីកជាបន្តបន្ទាប់នៅរាជធានី និងតាមបណ្តាខេត្ត ដែលជួយកាត់បន្ថយការព្រួយបារម្ភរបស់អ្នកប្រើប្រាស់។ សូមបញ្ជាក់ថា រាជរដ្ឋាភិបាលមានផែនការ​ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី ដែលបានកំណត់ការប្រើប្រាស់ ទោចក្រយានយន្តអគ្គិសនីឱ្យបាន៧០% និងរថយន្តអគ្គិសនីឱ្យបាន៤០% នៅត្រឹមឆ្នាំ២០៥០ ក្នុងគោលដៅសម្រេចបានអព្យាក្រឹតកាបូន។នេះបើតាម​គោលនយោបាយជាតិ ស្ដីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ២០២៤-២០៣០របស់ រាជរដ្ឋាភិបាលកម្ពុជា ដែល​បានដាក់ចេញ កាលពីឆ្នាំ២០២៤ កន្លងទៅ៕ អត្ថបទ៖ ធូ វិរៈ 

អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ីដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា

2026/07/08 08:03:28 pm        584
នាយឧត្តមសេនីយ៍ តាន់ស្រ៊ីដាតុ សេរីហាជីម៉ាលេករ៉ាសាក់ ប៊ីនស៊ុយឡាយម៉ាន អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦នេះ បានដឹកនាំគណៈប្រតិភូអញ្ជើញមកដល់កម្ពុជា នឹងបន្តអញ្ជើញទៅខេត្តបន្ទាយមានជ័យ និងបានជួបសំណេះសំណាលសួរសុខទុក្ខក្រុមអ្នកសង្កេតការណ៍អាស៊ាន ( AOT ) ដែលប្រចាំការនៅទីនោះ។សូមបញ្ជាក់ថា នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦។ដំណើរទស្សនកិច្ចរបស់អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ធ្វើឡើងតបតាមការអញ្ជើញរបស់នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ។ វត្តមានរបស់លោកនៅតំបន់ព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តបន្ទាយមានជ័យ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់ម៉ាឡេស៊ី ចំពោះសន្តិសុខ និងស្ថិរភាពក្នុងតំបន់ ជាពិសេសបញ្ហាព្រំដែនរវាងប្រទេសជាសមាជិកអាស៊ាន។ ការចុះពិនិត្យផ្ទាល់នេះ គឺជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការយោធា និងការទូត ដើម្បីស្វែងយល់ពីស្ថានភាពជាក់ស្តែង និងរួមចំណែករកដំណោះស្រាយដោយសន្តិវិធី។ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលការធ្វើបទបង្ហាញជូនអង្គទូតនានា អំពីការវិវត្តថ្មីៗទាក់ទងនឹងស្ថានភាពព្រំដែនកម្ពុជា-ថៃផងដែរ។ នេះបង្ហាញថា រាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការទាក់ទាញការយកចិត្តទុកដាក់ពីសហគមន៍អន្តរជាតិ ជាពិសេសប្រទេសជាមិត្តក្នុងតំបន់ ដើម្បីរួមគ្នាដោះស្រាយបញ្ហាព្រំដែននេះដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ និងគោលការណ៍អាស៊ាន។ដំណើរទស្សនកិច្ចរបស់អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី មិនត្រឹមតែជាការបង្ហាញពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការយោធាល្អរវាងប្រទេសទាំងពីរ កម្ពុជា-ម៉ាឡេស៊ី ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសញ្ញាណមួយដែលបញ្ជាក់ ពីការគាំទ្ររបស់ម៉ាឡេស៊ី ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន។វត្តមានរបស់លោកនៅតំបន់ជម្លោះ បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងការគោរពច្បាប់អន្តរជាតិ ដើម្បីធានាបាននូវសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់អាស៊ានទាំងមូល។ កម្ពុជានៅតែបន្តប្រកាន់ខ្ជាប់នូវគោលការណ៍ដោះស្រាយបញ្ហាដោយសន្តិវិធី និងការគោរពច្បាប់អន្តរជាតិ ដើម្បីការពារផលប្រយោជន៍ជាតិ និងរួមចំណែកដល់សន្តិសុខរួមក្នុងតំបន់៕អត្ថបទ៖ វង្ស សុភាព 

វិស័យឯកជនគាំទ្ររដ្ឋ ក្នុងការ​បង្កើត​គម្រោង​ប្រព័ន្ធ​គ្រប់គ្រង​ការ​ដឹក​ជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់

2026/07/08 07:58:26 pm        280
ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា បានកំពុង​រៀប​ចំ​គម្រោង​បង្កើត​ប្រព័ន្ធ​គ្រប់​គ្រង​ការ​ដឹក​ជញ្ជូន​លើស​ទម្ងន់​កម្រិត​​កំណត់សម្រាប់អនាគតខាងមុខ។ វិស័យឯកជនក្នុងវិស័យដឹកជញ្ជូន បាន​លើក​ឡើង​ដោយ​គាំទ្រ និងអំពាវនាវឱ្យចូលរួមគោរពច្បាប់និងអនុវត្តឱ្យបានគ្រប់ៗគ្នា ដើម្បី​ថែ​រក្សា​ផ្លូវ​ថ្នល់​ឱ្យ​មានគុណភាព និងប្រើប្រាស់យូរអង្វែង។លោកឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី ឱ្យដឹងនៅល្ងាចថ្ងៃទី៧ខែកក្កដា​ថា គម្រោងបង្កើត​ប្រព័ន្ធ​គ្រប់​គ្រង​ការ​ដឹក​ជញ្ជូន​លើ​ស​ទម្ងន់​កម្រិតកំណត់របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលជាសេនាធិការ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​នេះ ​ពិតជាល្អណាស់ ពីព្រោះថា ក្រៅពីការទាញសេដ្ឋកិច្ច និងផលចំណេញ​អំពី​ការ​ដឹក​ជញ្ជូន​ក៏ត្រូវថែទាំផ្លូវថ្នល់ផងដែរ។លោកបានលើកឡើងបន្តដោយគាំទ្រទៀតថា លោកក៏មិនគាំ​ទ្រ​ឱ្យ​មាន​ការ​ដឹក​លើស​ទម្ងន់​ដែរ​របស់​ក្រុម​ហ៊ុនដឹកជញ្ជូននានា គ្រាដែលរាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែង និងយកចិត្ត​ទុក​ដាក់​ជា​ខ្លាំង​ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ទាំងអស់ប្រកបដោយគុណភាព និ​ង​ដើម្បី​ប្រើ​ប្រាស់​ជា​គុណប្រយោជន៍សម្រាប់ប្រជាជន និងសេដ្ឋកិច្ចមូលដ្ឋានជាដើម។ក្នុងកម្មវិធីម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ ចាប់ពីរង្វង់មូលស្គន់ ដល់រង្វង់មូលគល់ស្ពានគីហ្សូណា ក្រុង/ខេត្តកំពង់ចាម ក្រោមអធិបតីភាពេដ៏ខ្ពង់ខ្ពស់របស់ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត កាលពីព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ឯកត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ឱ្យដឹងថា ក្រសួងបាននឹងកំពុងរៀបចគម្រោងបង្កើតប្រព័ន្ធគ្រប់គ្រងការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដែលជាប្រព័ន្ធស្វ័យប្រវត្តិកម្មមានប្រសិទ្ធភាព និងមានភាពវៃឆ្លាត តាមរយៈការបំពាក់ប្រព័ន្ធអ៊ីនធឺណេត ប្រព័ន្ធកាមេរ៉ា CCTV ប្រព័ន្ធកាមេរ៉ា AI និងការលើកកម្រិតប្រព័ន្ធជញ្ជីងបច្ចុប្បន្នទៅជាប្រព័ន្ធជញ្ជីងស្វ័យប្រវត្តិថ្លឹងក្នុងល្បឿនយឺត (Slow Speed Weigh In Motion) ក្នុងគោលបំណងដើម្បីរួមចំណែកថែរក្សាការពារសមិទ្ធផលជាតិ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅទូទាំងប្រទេស ក្នុងនាមទទួលបន្ទុកអនុវត្តក្រសួង បាននិងកំពុងខិតខំប្រឹងប្រែងពង្រឹងការទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៅតាមស្ថានីយជញ្ជីងអចល័ត និងការជំរុញយន្តការក្រុមចល័ត និងក្រុមពិសេសធ្វើការចុះធ្មក់នៅតាមគោលដៅនៅទូទាំងប្រទេស ដើម្បីធានាកាត់បន្ថយឱ្យបានជាអតិបរមានូវសកម្មផាពដឹកជញ្ជូនល្មើស​នឹងច្បាប់៕ អត្ថបទ៖ ឈិត បូរ៉ាវី  

មន្រ្ដីជំនាញ៖ ប្រាសាទតាមាន់ធំស្ថិតក្នុងទឹកដីកម្ពុជាទោះប្រើផែនទី១/២០០ ០០០ ឬផែនទីឯកតោភាគីថៃ

2026/07/08 06:34:19 pm        234
មន្ត្រីរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានបញ្ជាក់ច្បាស់ៗថា «ប្រាសាទតាមាន់ធំ» គឺស្ថិតក្នុងទឹកដីកម្ពុជាទោះបីយោងតាមផែនទីមាត្រដ្ឋាន ១/២០០ ០០០ និងកំណត់ហេតុ (PV) បោះបង្គោលរបស់គណៈកម្មការឥណ្ឌូចិន-សៀម ឆ្នាំ១៩០៨ និង ១៩១៩ ឬយោងតាមផែនទី L7017 មាត្រដ្ឋាន ១/៥០ ០០០ ដែលថៃគូសដោយឯកតោភាគីក៏ដោយ។នៅក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍ជាតិកម្ពុជាកាលពីពេលថ្មីៗនេះ ឯកឧត្តម អ៊ិត សុត្ថា រដ្ឋលេខាធិការប្រចាំការ នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជា បានបង្ហាញរូបភាព ផែនទីថតដោយផ្កាយរណប ដែលបង្ហាញនូវខ្សែបន្ទាត់ព្រំដែន ២ ដែលគូសវាសដោយផ្អែក ផែនទីមាត្រដ្ឋាន ១/២០០ ០០០ និងកំណត់ហេតុ (PV) បោះបង្គោលរបស់គណៈកម្មការឥណ្ឌូចិន-សៀម ឆ្នាំ១៩០៨ និង ១៩១៩ និង ផែនទី L7017 មាត្រដ្ឋាន ១/៥០ ០០០ ដែលថៃគូសដោយខ្លួនឯង។ នៅក្នុងរូបថតផែនទីថតដោយផ្កាយរណបនោះ ឯកឧត្តម អ៊ិត សុត្ថា បានបង្ហាញនូវទីតាំងរបស់ ប្រាសាទតាមាន់ធំ គឺស្ថិតក្នុងដីកម្ពុជារបស់កម្ពុជា។ ក្រៅពីការពន្យល់បង្ហាញអំពីលក្ខណៈបច្ចេកទេស ឯកឧត្តម អ៊ិត សុត្ថា រដ្ឋលេខាធិការប្រចាំការ នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានបញ្ជាក់ថា៖«កុំថាឡើយផែនទី L7017 មាត្រដ្ឋាន ១/៥០ ០០០ ដែលថៃបានគូសនូវខ្សែព្រំដែនជាឯកតោភាគីនោះ ហើយបាន និងប្រើប្រាស់កន្លងមកដោយខុសច្បាប់ ក្នុងនោះក៏បង្ហាញថា ប្រាសាទតាមាន់ធំ ក៏ស្ថិតនៅក្នុងទឹកដីខ្មែរ។ ទោះបីឥឡូវនេះ ថៃកំពុងតែប៉ុនប៉ង គូសវាសនូវខ្សែព្រំដែនថ្មី ដើម្បីដាក់បញ្ចូលនូវតំបន់ឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់ទៅក្នុងទឹកដីថៃ ក៏ផែនទីទាំងនោះ មិនអាចចាត់ទុកថាជាផែនទីដែលមានតម្លៃ និងមានអានុភាពតាមផ្លូវច្បាប់ឡើយ»៕ 

សម្តេចតេជោ និងសម្ដេចធិបតី អបអរសាទរខួបលើកទី៩ ការបញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុកក្នុង UNESCO

2026/07/08 06:29:34 pm        184
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦នេះ បានផ្ញើសារអបអរសាទរ ខួបលើកទី៩ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៨ កក្កដា ២០១៧-៨ កក្កដា ២០២៦)។នោះសម្ដេចតេជោ និងសម្ដេចធិបតី បានថ្លែងថា ប្រាសាទសំបូរព្រៃគុក ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅក្នុងកិច្ចប្រជុំកំពូលលើកទី៤១ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក ដែលប្រារព្ធឡើងនៅពីថ្ងៃទី០២-១២ ខែកក្កដា ឆ្នាំ២០១៧ ដែលមាន ១៩៣ប្រទេសជាសមាជិក និង ២១ប្រទេសជាគណៈកម្មាធិការអចិន្ត្រៃយ៍។ នៅក្នុងកិច្ចប្រជុំនោះ បានសម្រេចអនុម័តបញ្ចូល «ប្រាសាទសំបូរព្រៃគុក» ជាសម្បត្តិបេតិកភណ្ឌពិភពលោក នាវេលាម៉ោង ៩៖៤០នាទីយប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ (ម៉ោងនៅកម្ពុជា) នាទីក្រុង Cracovie ប្រទេសប៉ូឡូញ។ សូមជម្រាបថាការដាក់សម្រេចបាននូវការដាក់បញ្ចូលប្រាសាទដ៏ចំណាស់របស់កម្ពុជាមួយនេះ ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក មិនមែនជារឿងសាមញ្ញ និងងាយស្រួលនោះឡើយ។ ក្រោមការសម្រេច និងណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចាប់ផ្តើមរៀបចំឯកសារ ដើម្បីស្នើសុំដាក់តំបន់ប្រាសាទសំបូរព្រៃគុក ជាបេតិកភណ្ឌពិភពលោក នៅឆ្នាំ២០១២។ ឯកសារស្នើសុំនោះ បានផ្ញើជូនទៅអង្គការយូណេស្កូ ដែលមានស្នាក់ការនៅទីក្រុងប៉ារីស ប្រទេសបារាំង នាដើមឆ្នាំ២០១៦។ រយៈពេល៩ខែ បន្ទាប់ពីបញ្ជូនឯកសាររួច អ្នកឯកទេសរបស់អង្គការ ICOMOS បានចុះមកពិនិត្យ និងវាយតម្លៃពីស្ថានភាពជាក់ស្តែង នៅរមណីយដ្ឋានសំបូរព្រៃគុក និងបានផ្តល់អនុសាសន៍មួយចំនួន ដើម្បីឲ្យឯកសារស្នើមានទិន្នន័យគ្រប់គ្រាន់ ស្របតាមលក្ខណៈវិនិច្ឆ័យរបស់អង្គការយូណេស្កូ និងគណៈកម្មការបេតិកភណ្ឌពិភពលោក។ ការដាក់បញ្ចូលប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក គឺជាជោគជ័យមួយធំធេង សម្រាប់បេសកកម្មការពារប្រាសាទបុរាណ និងជាការលើកតម្កើងសម្បត្តិវប្បធម៌របស់ខ្មែរ ដែលបន្សល់ទុកដោយបុព្វបុរស។ ដើម្បីអបអរសាទរថ្ងៃជាប្រវត្តិសាស្ត្រនៃសមិទ្ធផល ក្នុងកិច្ចគាំពារសម្បត្តិវប្បធម៌ខ្មែរ ក្នុងយុគ្គសម័យនៃសុខសន្តិភាពនេះ រាជរដ្ឋាភិបាលបានសម្រេចកំណត់យកថ្ងៃទី១០ ខែកក្កដា ជាទិវាជាតិនៃការចងចាំថ្ងៃដាក់ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោកថែមទៀតផង។សូមបញ្ជាក់ថា រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក មានទីតាំងស្ថិតនៅក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសទសំបូរ ខេត្តកំពង់ធំ មានចម្ងាយប្រហែល៣០គីគូម៉ែត្រ ភាគខាងជើងក្រុងស្ទឹងសែន។ តំបន់ប្រាសាទសំបូរព្រៃគុក មានទំហំធំទូលាយ ហើយក្នុងតំបន់នោះមានភូមិចំនួន៧។ រមណីយដ្ឋានសំបូរព្រៃគុកចែកជាតំបន់ធំៗគឺ៖ តំបន់អតីតរាជធានីនៅផ្នែកខាងលិច និងតំបន់ប្រាសាទនៅផ្នែកខាងកើត ខណ្ឌគ្នាដោយអូរមួយឈ្មោះគ្រូកែ៕

ព្រះមហាក្សត្រផ្ញើព្រះរាជសារអបអរខួប៩ឆ្នាំនៃការចុះបញ្ជីប្រាសាទសំបូរព្រៃគុកជាសម្បត្តិបេតិកភណ្ឌពិភពលោក

2026/07/08 06:14:47 pm        209
ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅថ្អៃទី៨ ខែកក្កដា ឆ្នាំ២០២៦នេះ បានចេញព្រះរាជសារ អបអរសាទរខួបជាប្រវត្តិសាស្ត្រ ៩ឆ្នាំ នៃការចុះបញ្ជីតំបន់ប្រាសាទសំបូរព្រៃគុកជាសម្បត្តិបេតិកភណ្ឌពិភពលោក ដោយអង្គការយូណេស្កូ (UNESCO) កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧។នៅក្នុងព្រះរាជសារនោះ ព្រះអង្គទ្រង់បានសម្តែងនូវហឫទ័យសោមនស្សរីករាយឥតឧបមាដ៏ជ្រាលជ្រៅ និងចូលរួមអបអរសាទរជាមួយសម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ថ្នាក់ដឹកនាំជាតិគ្រប់ជាន់ថ្នាក់ និងជនរួមជាតិទាំងអស់។ ព្រះករុណាព្រះមហាក្សត្រ ទ្រង់បានវាយតម្លៃខ្ពស់ និងកោតសរសើរជាទីបំផុត ចំពោះការចុះបញ្ជីតំបន់ប្រាសាទសំបូរព្រៃគុក ដែលស្ថិតនៅក្នុងខេត្តកំពង់ធំ ឲ្យបានស្ថិតស្ថេរគង់វង្ស និងប្រកបដោយចីរភាពនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ ព្រះអង្គទ្រង់បានសង្កត់ធ្ងន់ថា កិច្ចការអភិរក្ស និងអភិវឌ្ឍបេតិកភណ្ឌ គឺជាកិច្ចការគ្មានទីបញ្ចប់ ដែលទាមទារឱ្យមានការចូលរួមពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ជាពិសេសគឺស្រទាប់យុវជនជាអ្នកបន្តវេន។ ការចូលរួមនេះមានសារៈសំខាន់ណាស់ ដើម្បីធានាថា កេរដំណែលដ៏មានតម្លៃនេះនឹងត្រូវបានថែរក្សាសម្រាប់មនុស្សជាតិជំនាន់ក្រោយ។ ក្នុងព្រះរាជសារដដែល ព្រះករុណាព្រះមហាក្សត្រ ទ្រង់បានសម្តែងនូវកតញ្ញូតាធម៌ដ៏ខ្ពង់ខ្ពស់បំផុត ចំពោះព្រះរាជតម្រិះរបស់ព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គបានយកព្រះទ័យទុកដាក់ជានិច្ចកាលក្នុងការថែរក្សាសម្បត្តិវប្បធម៌ជាតិក្នុងមួយព្រះជន្មព្រះអង្គ។ ព្រះរាជបិតាជាតិខ្មែរបានបន្សល់ទុកនូវមរតកដ៏ថ្លៃថ្លា ដែលជាគ្រឹះសម្រាប់ការអភិរក្ស និងលើកតម្កើងតម្លៃបេតិកភណ្ឌជាតិ។ ព្រះអង្គទ្រង់ក៏បានកោតសរសើរ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះប្រជាជាតិកម្ពុជាទាំងមូល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឆ្នើម ឈ្លាសវៃ និងប៉ិនប្រសប់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ និងបន្តដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើឱ្យពិភពលោកព្រមទទួលស្គាល់សម្បត្តិវប្បធម៌ ប្រវត្តិសាស្ត្រជាកេរដំណែលដ៏អស្ចារ្យរបស់បុព្វបុរសខ្មែរ ដែលបានបន្សល់ទុកសម្រាប់មនុស្សជាតិជំនាន់ក្រោយដើម្បីថែរក្សាបន្ត។ ការដឹកនាំដ៏ឈ្លាសវៃនេះបាននាំមកនូវកិត្តិយស និងមោទកភាពជាតិ តាមរយៈការទទួលស្គាល់ជាអន្តរជាតិ។ លើសពីនេះ ព្រះករុណាព្រះមហាក្សត្រ ទ្រង់បានថ្លែងនូវអំណរគុណដ៏ជ្រាលជ្រៅ និងគាំទ្រជាខ្លាំងចំពោះកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់រាជរដ្ឋាភិបាល ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អាជ្ញាធរជាតិសំបូរព្រៃគុក និងគណៈកម្មាធិការសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍរមណីយដ្ឋានប្រវត្តិសាស្ត្រសំបូរព្រៃគុក (ICC/ANGKOR-SAMBOR PREI KUK) និងការថែទាំបន្ត ដែលដឹកនាំដោយសហប្រធានជាតំណាងនៃសាធារណរដ្ឋបារាំង និងប្រទេសជប៉ុន ព្រមទាំងដៃគូកិច្ចសហប្រតិបត្តិការជាតិ-អន្តរជាតិទាំងអស់។ កិច្ចសហការនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិរក្ស និងលើកកម្ពស់តំបន់ប្រាសាទសំបូរព្រៃគុក៕ 

សម្តេចតេជោ ហ៊ុន សែន បន្តជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា និងមន្ត្រីនៃមន្ទីរអង្គភាពនានាជុំវិញខេត្តរតនគិរី

2026/07/08 03:25:15 pm        276
ដំណើរចុះមូលដ្ឋានរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៦នេះ បានអញ្ជើញបន្តចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តរតនគិរី ។ ពិធីជួបសំណេះសំណាលនេះមានការចូលរួមពីសមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា ប្រធាន អនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្ត សមាជិក សមាជិកាក្រុមប្រឹក្សា និងថ្នាក់ដឹកនាំនៃមន្ទីរអង្គភាពនានាជុំវិញខេត្តរតនគិរី ប្រមាណ៨០០នាក់ នៅទីរួមខេត្តរតនគិរី។ បើតាម ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី បានឲ្យដឹងថា ខេត្តរតនគិរី ស្ថិតនៅភាគឦសាន្ត នៃព្រះរាជាណាចក្រកម្ពុជា មានចម្ងាយ៥៨៨ គីឡូម៉ែត្រពីរាជធានីភ្នំពេញ មានផ្ទៃដីសរុប ១០,៧៨២គីឡូម៉ែត្រក្រឡា និងរចនាសម្ព័ន្ធដែន ដី ចែកចេញជា ១ក្រុង ៨ស្រុក ៤៦ឃុំ ៤សង្កាត់ និង២៤៣ភូមិ ប្រជាជនសរុបចំនួន ២៣៥,៨៣០នាក់ គ្រួសារសរុបចំនួន ៥៨,៦៨៨គ្រួសារ ទំហំគ្រួសារជាមធ្យម ៤នាក់/គ្រួសារ និងដង់ស៊ីតេ ២២នាក់/ គម។ ខេត្តមាន ជនជាតិដើមភាគតិចចំនួន ៨អម្បូរ ក្នុងនោះមានជនជាតិព្នង ទំពួន ចារាយ គ្រឹង ពៅ កាចក់ កាវ៉ែត ព្នង និងជនជាតិលន់ សរុបចំនួន ១៣២,១៩៩នាក់ ស្មើនឹង ៣៣,៩៨៧គ្រួសារ ប្រមាណ ៥៦.០២% នៃប្រជាជនសរុបទូទាំងខេត្ត។ ខេត្តមានព្រំប្រទល់ខាងលិចជាប់នឹងខេត្ត ស្ទឹងត្រែង ខាងកើតជាប់នឹងខេត្តហ្សាឡាយ និងខេត្តក្វាងងាយ នៃសាធារណរដ្ឋសង្គមនិយម វៀតណាម ដែលប្រវែងប្រហែលប្រមាណ ២២១ គ.ម ខាងជើងជាប់នឹងខេត្តអត្តពី នៃសាធារ ណរដ្ឋប្រជា-ធិបតេយ្យប្រជាមានិតឡាវ មានប្រវែងប្រហែលប្រមាណ ១៧០គ.ម និងខាង ត្បូងជាប់នឹងខេត្តមណ្ឌលគិរី។ ប្រជាពលរដ្ឋភាគច្រើនប្រកបរបរកសិកម្ម ៨៣,៥០% របរធ្វើ សិប្បកម្ម ០.៤០% របរសេវាកម្ម១៦.១%។ សេដ្ឋកិច្ចខេត្ត មានចំណូល ៤១៤លានដុល្លា គិតត្រឹមឆ្នាំ២០២៥ កំណើន៥.៣% និង GDP ១,៨៩៨ដុល្លារ/នាក់ ក្នុងឆ្នាំ២០២៥។ ខេត្ត មានច្រកទ្វារព្រំដែនអន្តរជាតិចំនួន ១កន្លែង គឺច្រកទ្វារត្រួតពិនិត្យព្រំដែនអន្តរជាតិអូរយ៉ាដាវ។ ខេត្តមានទន្លេពីរហូរកាត់ គឺទន្លេសេសាន និងទន្លេស្រែពក។ អភិបាលខេត្តរតនគិរីបានបន្តថា ដោយឡែកតាមរយៈកម្មវិធីពិសេសជំរុញការវិនិយោគភូមិភាគឦសាន្ត ២០២៥- ២០២៨ ក្រុមការងារបានកំពុងដំណើរការរៀបចំជំរុញឱ្យវិនិយោគគិនបោះទុនវិនិយោគនៅ ក្នុងខេត្ត និងប្រែក្លាយក្រុមហ៊ុនវិនិយោគដីសម្បទានសេដ្ឋកិច្ចដែលអសកម្មឱ្យដំណើរការ ឡើងវិញជាមួយនឹងលក្ខ័ណ្ឌពិសេសពីកម្មវិធី ដើម្បីជាចលករជំរុញសេដ្ឋកិច្ចខេត្ត។ ជារួមគិត ត្រឹមខែឧសភា ឆ្នាំ២០២៦នេះ នៅទូទាំងខេត្ត មានរោងចក្រធុនធំចំនួន ៩រោងចក្រ ក្នុង នោះ៖ រោងចក្រកែច្នៃកៅស៊ូចំនួន៥ កែច្នៃចេកចំនួន២ កែច្នៃកៅស៊ូ ផ្លែឈើចំនួន១ នឹង កែច្នៃ ដំឡូងមីចំនួន១ និងមានកម្មករ សរុបចំនួន១,៧៦៥នាក់។ សហគ្រាសធុនតូច មធ្យម និងសិប្បកម្មមានចំនួន ៣៣២មូលដ្ឋាន និងមានកម្មករចំនួន ១,៩៣៩នាក់ ស្រី ៣៥០នាក់។ ទន្ទឹមគ្នានេះនៅក្នុងខេត្តមានក្រុមហ៊ុនធ្វើអាជីវកម្មលើវិស័យធនធានរ៉ែ មានដូចជា ឧស្សាហ- កម្មរ៉ែមាសមាន ២ក្រុមហ៊ុន អាជីវកម្មថ្មអារមាន ១០ក្រុមហ៊ុន អាជីវកម្មថ្មសំណង់មាន ៣ក្រុមហ៊ុន និងអាជីវកម្មខ្សាច់ សំណង់មាន ៨ក្រុមហ៊ុន។ ក្រុមការងារជំរុញការវិនិយោគ ភូមិភាគឦសាន បានទទួលសំណើគម្រោង ចំនួន១១គម្រោង ដែលមានទឹកប្រាក់ប្រមាណ ៨៦៣លានដុល្លារ ផ្តល់ឱកាសការងារជាង ៨,០០០កន្លែង។សូមបញ្ជាក់ថា ដំណើរអញ្ជើញចុះមូលដ្ឋានរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជានាពេលនេះគឺ ដើម្បីពង្រឹងគណនេយ្យភាពរវាងសមាជិកព្រឹទ្ធសភាជាមួយអង្គបោះឆ្នោត ដែលជាសមាជិកក្រុមប្រឹក្សានៅតាមមូលដ្ឋាន ជំរុញឱ្យការងារមូលដ្ឋានកាន់តែមានប្រសិទ្ធភាព បង្កើនការយកចិត្តទុកដាក់លើភារកិច្ចរបស់ខ្លួន ពិសេសការផ្តល់សេវាសាធារណៈអោយបានល្អប្រសើរ។ មកដល់ខេត្តរតនគិរីនេះ ជាជំនួបទី១៨ និងជាខេត្តទី២១ហើយ ដែលសម្តេចតេជោចុះជួបសំណេះសំណាល៕ 

កម្ពុជានិងអេមីរ៉ាតអារ៉ាប់រួម បានប្តេជ្ញាពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ ដោះស្រាយការប្រែប្រួលអាកាសធាតុ ដែលជាបញ្ហាសកល

2026/07/08 02:22:29 am        135
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានទទួលជួបពិភាក្សាការងារ ជាមួយ ឯកឧត្តម Obaid Saeed Obaid Bintaresh Aldhaheri ឯកអគ្គរាជទូតសាធារណរដ្ឋអេមីរ៉ាតអារ៉ាប់រួម(UAE) ប្រចាំកម្ពុជា នៅរសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ ២០២៦ នាទីស្តីការក្រសួងបរិស្ថាន។ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីបានមានប្រសាសន៍ថា ការប្រែប្រួលអាកាសធាតុ គឺជាបញ្ហាសកល ហើយដើម្បីឆ្លើយតបនឹងបញ្ហាសកលនេះ កម្ពុជា បានប្តេជ្ញាចិត្តរួមគ្នាជាមួយពីភពលោក ក្នុងការរួមចំណែកដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ។ កិច្ចសហប្រតិបត្តិការទ្វេភាគីនៃប្រទេសទាំងពីរ កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម លើវិស័យបរិស្ថាន បាននិងកំពុងប្រព្រឹត្តទៅយ៉ាងសកម្ម និងស៊ីជម្រៅ ផងដែរ។ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងបន្ថែមថា កម្ពុជាទទួលបានជោគជ័យ ក្នុងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក តាមរយៈការចូលរួមពីសិស្សនុសិស្សទូទាំងប្រទេសមានការប្តេជ្ញាចិត្តមិនប្រើថង់ប្លាស្ទិក បានច្រើន។ ជាមួយគ្នានេះក្រសួងបរិស្ថាន បាននិងធ្វើការអនុវត្តច្បាប់តឹរឹងក្នុងការគ្រប់គ្រងនិងទប់ការបំពុលដី ទឹក និងខ្យល់ និងបន្តទៅពង្រីកវិលសាលភាពបៃតង តាមរយៈការដាំដើមឈើយ៉ាងតិចឱ្យបានជាង ១លានដើមក្នុង១ឆ្នាំ ហើយដោយឡែកនៅឆ្នាំ២០២៦នេះ ក្រសួងបរិស្ថានបាន រៀបចំចែកកូនឈើជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃដើម្បីយកទៅដាំតាមទីតាំងនានាតាមមូលដ្ឋាន និងដាំស្តារព្រៃ ចំនួន៥លានដើម។ យុទ្ធនាការបង្កើនគម្បបៃតង ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ដើម្បីកម្ពុជាឈានឆ្ពោះទៅសម្រេចបាន គម្របបៃតងកាន់ច្រើន និងក្លាយជាប្រទេសអាព្យាក្រឹតកាបូន នៅឆ្នាំ២០៥០។ស្របតាមការថ្លែងឡើងរបស់ឯកឧត្តមរដ្ឋមន្រ្តី ឯកឧត្តមឯកអគ្គរាជទូតអេមីរ៉ាតអារ៉ាប់រួមប្រចាំកម្ពុជា បានសម្តែងនូវការកោតសរសើរ និងជំនឿយ៉ាងមុតមាំថា ក្រសួងបរិស្ថានប្រាកដជាសម្រេចបានទៅតាមយុទ្ធសាស្រ្តរបស់ខ្លួន ហើយនឹងបានរួមចំណែកក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ ដែលជាបញ្ហាសកលជាមួយនឹងអេមីរ៉ាតអារ៉ាប់រួមដែរ។ ឯកឧត្តមបានលើកឡើងពីការប្តេជាចិត្តរួមគ្នាពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយបញ្ហាបរិស្ថានសកល និងលើការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ការជំរុញថាមពលកកើតឡើងវិញ និងការអភិវឌ្ឍដោយចីរភាព។

អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍អំពាវនាវដល់គ្រប់តួអង្គពាក់ព័ន្ធបន្តឆន្ទៈ និងការប្តេជ្ញារួមគ្នា ដើម្បីបញ្ចប់អេដស៍នៅកម្ពុជា

2026/07/08 02:19:09 am        128
ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អៀង មូលី ទេសរដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦, ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងជាប្រធានក្រុមប្រឹក្សាបច្ចេកទេស បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេសអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកទី៦ ឆ្នាំ២០២៦ ដើម្បីពិភាក្សាលើរបៀបវារៈ៖ «ការកំណត់សកម្មភាពគន្លឹះ ដើម្បីអនុវត្តសេចក្តីសម្រេចចិត្តនៃកិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី១ ឆ្នាំ២០២៦»។អង្គប្រជុំបានធ្វើការអបអរសាទរប្រកបដោយមោទនភាព ចំពោះព្រះរាជាណាចក្រ កម្ពុជា ដែលសម្រេច បាន គោលដៅ សកលមេរោគអេដស៍ ៩៥–៩៥–៩៥ ក្លាយជា ប្រទេស ដំបូង គេនៅតំបន់ អាស៊ី និង ប៉ាស៊ីហ្វិក ដែលសម្រេចបាន សមិទ្ធផលជា ប្រវត្តិសាស្ត្រនេះ។ ការសម្រេចបាននូវសូចនាករ ៩៥-៩៥-៩៥ លើការងារអេដស៍មុនកាលកំណត់ឆ្នាំ២០៣០ នេះ គឺជាសមិទ្ធផលប្រវត្តិសាស្ត្រ និងជាមោទនភាពដ៏ធំធេងបន្ថែមទៀតសម្រាប់វិស័យសុខាភិបាលសាធារណៈរបស់កម្ពុជានៅលើឆាកអន្តរជាតិ។ ការដែលកម្ពុជាអាចសម្រេចបាននូវ សូចនាករ ៩៥-៩៥-៩៥ ដ៏តឹងរ៉ឹងនេះ មុនកាលកំណត់ឆ្នាំ២០៣០ របស់អង្គការ UNAIDS គឺជាភស្តុតាងស្តែងចេញពីប្រសិទ្ធភាពខ្ពស់នៃការដឹកនាំ និងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ឈ្លាសវៃ មោះមុត និងស្វាហាប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ភាពជោគជ័យនេះ បានបង្ហាញអំពីជំហានវឌ្ឍនភាពដ៏សំខាន់មួយរបស់កម្ពុជា ឈានឆ្ពោះទៅរកការបញ្ចប់ជំងឺអេដស៍ដែលជាបញ្ហាគំរាមគំហែងចំពោះសុខភាពសាធារណៈនៅឆ្នាំ២០៣០ ដោយតាមរយៈកិច្ចប្រឹងប្រែងរួមជាងពេលបីទសវត្សរ៍នៃភាពជាដៃគូរវាងរាជរដ្ឋាភិបាល សហគមន៍ អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងបណ្តាញអ្នកផ្ទុកមេរោគអេដស៍ និងអ្នករងផលប៉ះពាល់ដោយសារមេរោគអេដស៍។ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត បានបញ្ជាក់ឡើងវិញ ប្រទេសកម្ពុជាបានទទួលរងគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដោយសារមេរោគអេដស៍ និងជំងឺអេដស៍ ចាប់តាំងពីការរកឃើញករណីរាតត្បាតដំបូងក្នុងឆ្នាំ១៩៩១។ ជាក់ស្តែង នៅក្នុងឆ្នាំ២០០២ ជនរងគ្រោះដែលផ្ទុកមេរោគអេដស៍ត្រូវបានប៉ាន់ប្រមាណថាមានចំនួន ១៥៧.៥០០នាក់ ក្នុងនោះមានករណីឆ្លងថ្មីប្រមាណ ១៩.០០០នាក់ និងករណីស្លាប់មានរហូតដល់ប្រមាណ ១៨.០០០នាក់ និងអត្រា ប្រេវ៉ាឡង់នៃជំងឺនេះមានប្រមាណ ២,៦% (នៅឆ្នាំ១៩៩៧ អត្រាប្រេវ៉ាឡង់ ឡើងខ្ពស់ដល់ ៣% ដែលជាអត្រាប្រេវ៉ាឡង់ខ្ពស់បំផុត)។ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងមរតកនយោបាយដ៏ថ្លៃថ្លានិងប្រាកដនិយមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា កម្ពុជាត្រូវបានទទួលស្គាល់ជាសកលថាជាប្រទេសគំរូ និងជោគជ័យ ឈានមុខគេមួយក្នុងការប្រយុទ្ធទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍ និងជំងឺអេដស៍។ ជាសមិទ្ធផល បើគិតត្រឹមឆ្នាំ២០២៣ ចំនួនអ្នកផ្ទុកមេរោគអេដស៍បានធ្លាក់ចុះមកនៅត្រឹមប្រមាណ ៧៦.០០០នាក់ ករណីឆ្លងថ្មីមានប្រមាណ ១,២០០នាក់ និងករណីស្លាប់បានថយចុះមកត្រឹមប្រមាណ ១.១០០នាក់ ខណៈដែលអត្រាប្រេវ៉ាឡង់នៃជំងឺនេះ បានធ្លាក់ចុះយ៉ាងគំហុកមកនៅត្រឹមប្រមាណ០,៥%។ ជាមួយគ្នានេះដែរ កម្ពុជា សម្រេចបាននូវសូចនាករ ៨៩-៩៨-៩៨នៃគោលដៅ ៩៥-៩៥-៩៥ របស់កម្មវិធីរួមគ្នារបស់អង្គការសហប្រជាជាតិស្តីពីអេដស៍(UNAIDS)។ដើម្បីបន្តនិរន្តរភាពនៃសមិទ្ធផលនេះ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវ «គោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធី អេដស៍ សម្រាប់ឆ្នាំ២០២៣-២០២៨»ដោយកំណត់កម្មវត្ថុយុទ្ធសាស្ត្រចំនួនបីរួមមាន៖ ១) កាត់បន្ថយការឆ្លងថ្មីនៃមេរោគអេដស៍ឱ្យបានតិចជាង ១នាក់/ថ្ងៃ (ឬក្នុងរង្វង់ជាង ២០០នាក់/ឆ្នាំ) ២) កាត់បន្ថយការស្លាប់ដោយសារជំងឺអេដស៍ឱ្យតិចជាង ២០០នាក់/ឆ្នាំ និង ៣) លុបបំបាត់ការរើសអើង និងការមាក់ងាយចំពោះអ្នកផ្ទុកមេរោគអេដស៍។ ក្នុងន័យនេះ កម្មវិធីបង្ការ និងថែទាំព្យាបាល នៅតែជាអាទិភាពចម្បងក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា។ជាលទ្ធផលដ៏ត្រចះត្រចង់ នៅក្នុងឆ្នាំ២០២៥ កម្ពុជាបានសម្រេចជោគជ័យយ៉ាងធំធេងលើគោលដៅសកល ៩៥-៩៥-៩៥ (ពោលគឺ៖ ៩៥% នៃអ្នកផ្ទុកមេរោគអេដស៍បានដឹងពីស្ថានភាពរបស់ខ្លួន, ៩៥% នៃអ្នកដឹងពីស្ថានភាពបានទទួលការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ និង ៩៥% នៃអ្នកទទួលបានការព្យាបាលមានបន្ទុកមេរោគធ្លាក់ចុះដល់កម្រិតទាបបំផុត) អ្នកផ្ទុកមេរោគអេដស៍មានចំនួនប្រមាណ ៧៥.៩៨៧នាក់ ករណីឆ្លងថ្មីមានប្រមាណ ៩៥៨នាក់ និងករណីស្លាប់មានប្រមាណ ៩៧៤នាក់ ខណៈអត្រាប្រេវ៉ាឡង់រក្សាបានក្នុងកម្រិតទាបប្រមាណ ០.៥%៕អត្ថបទ រដ្ឋា 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក PUTIN៖ រុស្ស៊ីមិនដែលចង់ប្រឈមមុខដាក់គ្នានៅតំបន់អាកទិកឡើយ
07/27/2026 03:07 PM
អ្នកការទូតអាមេរិក៖ សហរដ្ឋអាមេរិកមានអាវុធគ្រប់គ្រាន់ ដើម្បីធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់
07/27/2026 03:07 PM
អ្នកការទូតរុស្ស៊ី៖ ការវាយប្រហាររបស់អ៊ុយក្រែនលើរថយន្តសង្គ្រោះ គឺជាឧក្រិដ្ឋកម្មសង្គ្រាម
07/27/2026 03:07 PM
អ៊ីរ៉ង់ចោទសហរដ្ឋអាមេរិកថា បានវាយប្រហារលើនាវាស្វែងរកនិងជួយសង្គ្រោះរបស់ខ្លួន
07/27/2026 03:07 PM
ប្រធានាធិបតីគុយបាចោទសហរដ្ឋអាមេរិកថា កំពុងព្យាយាមដណ្តើមគ្រប់គ្រងកោះនេះ
07/27/2026 03:07 PM
លោក ARAGHCHI ៖ ការវាយប្រហាររបស់អ៊ុយក្រែនលើនាវាអ៊ីរ៉ង់នៅសមុទ្រកាសព្យែន ត្រូវតែមានការឆ្លើយតប
07/27/2026 02:07 PM
ប្រភពពីក្រុមហ៊ូទីអះអាងថា ក្រុមនេះបានវាយប្រហារលើនាវាដឹកប្រេងអារ៉ាប៊ីសាអ៊ូឌីតចំនួន ៣គ្រឿង
07/27/2026 02:07 PM
Kazuyoshi Miura កីឡាករបាល់ទាត់អាជីពវ័យចំណាស់បំផុតស៊ុតបញ្ចូលទីជាលើកដំបូងក្នុងរយៈពេលជិត ៤ឆ្នាំ នៅវ័យ ៥៩ឆ្នាំ
07/27/2026 02:07 PM
អ្នកនាំពាក្យក្រសួងការងារ លើកទឹកចិត្តសិស្សវិទ្យាល័យចុះទស្សនកិច្ចសាលា TVET ដើម្បី​ស្វែង​យល់​ពី​សក្តានុ​ពលខ្លួ​នឯង ការបណ្តុះបណ្តាលជំនាញ និងឱកាសការងារនាពេលអនាគត
07/27/2026 02:07 PM
សម្តេចបវរធិបតី និង លោកជំទាវបណ្ឌិត បានឧបត្ថម្ភគ្រឿងឧបភោគបរិភោគមួយចំនួន ជូនតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង
07/27/2026 02:07 PM