កាកបាទក្រហមកម្ពុជា ទទួលថវិកាពីសមាគមឧកញ៉ាកម្ពុជាចំនួន ១,០០៩,៩៩៩ ដុល្លារ អាមេរិក ក្នុងទិវា ៨ឧសភា ២០២៦
ឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវ​បាននាំ​យក​ទៅផ្សព្វផ្សាយជូន​ពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប
វិស័យរដ្ឋបញ្ជាក់ពីការ​ប្តេជ្ញាចិត្តក្នុងការជួយពង្រឹងការយល់ដឹងអំពីច្បាប់ និងនីតិវិធីគយដល់វិស័យ SMEs
សមត្ថកិច្ចរាជធានីភ្នំពេញ បន្តត្រួតពិនិត្យទីតាំងស្នាក់នៅប្រមូលផ្ដុំ ដើម្បីស្វែងរក និង​បោស​សម្អាត​​បទ​ល្មើស Online Scams

ព័ត៌មានជាតិ

តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំនៅ UN បញ្ជាក់សាជាថ្មី អំពីជំហរមិនងាករេរបស់កម្ពុជាក្នុងការគោរពយ៉ាងមុតមាំនូវច្បាប់អន្តរជាតិ និងធម្មនុញ្ញ UN

2025/12/19 10:51:24 am        251
នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) បានចូលរួមនិងធ្វើសេចក្តីថ្លែងការណ៍នៅក្នុង “កិច្ចប្រជុំកម្រិតខ្ពស់ដើម្បីប្រារព្ធខួបទី៦៥នៃសេចក្តីប្រកាសស្តីពីការប្រគល់ឯករាជ្យជូនប្រទេសនិងប្រជាជនអាណានិគម” ដែលត្រូវបានរៀបចំនៅទីស្នាក់ការអ.ស.ប. នៅទីក្រុងញូវយ៉ក ក្រោមអធិបតីភាពរបស់លោកជំទាវ Annalena Baerbock ប្រធានមហាសន្និបាតអ.ស.ប. លើកទី៨០។នៅក្នុងកិច្ចប្រជុំខាងលើ ឯកឧត្តមបានបញ្ជាក់សាជាថ្មីអំពីជំហរមិនងាករេរបស់កម្ពុជាក្នុងការគោរពយ៉ាងមុតមាំនូវច្បាប់អន្តរជាតិ និងធម្មនុញ្ញអ.ស.ប. ការប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី និងគោរពបូរណភាពទឹកដី និងអធិបតេយ្យជាតិ ហើយក៏បានសង្កត់ធ្ងន់ថា ការប្តេជ្ញាចិត្តទាំងនេះមិនត្រឹមតែជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏មានសារៈសំខាន់ចំពោះការសម្រេចបានរួមគ្នានូវសន្តិភាព និងយុត្តិធម៌សម្រាប់ប្រទេសនានាផងដែរ។

បច្ចុប្បន្នភាពអំពីស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដោយ​យោធាថៃនៅតែ​បន្ត​បាញ់​ប្រហារ​ និ​ងឈ្លានពានមកលើដែនអធិបតេយ្យកម្ពុជា នៅទិសយោធភូមិភាគទី៤ និងទី៥ ដែល គិត​មក​ដល់ថ្ងៃទី១៩ធ្នូនេះ មានរយៈពេល១៣ថ្ងៃហើយ

2025/12/19 10:50:16 am        172
ក្រសួងការពារជាតិកម្ពុជា បានបង្ហាញពី​បច្ចុប្បន្នភាពអំពី​ស្ថានការណ៍​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-ថៃ​ ពាក់ព័ន្ធករណីកងកម្លាំងយោធាថៃបន្តការ បាញ់ប្រហារ និងឈ្លានពា​ន​មក​លើ​ដែន​អធិបតេយ្យ​កម្ពុជា នៅទិសយោធភូមិភាគទី៤ និងយោធភូមិភាគ ទី៥ គិតមកដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ដែលជាថ្ងៃទី១៣ ហើយ។ ភាគីថៃនៅតែបន្តរំលោភបំពានលើបទឈប់បាញ់ និង«សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព រវាងកម្ពុជានិងថៃ» ដែលភាគីកម្ពុជានិងភាគីថៃបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។ស្ថានភាពនៃអំពើគំរាមកំហែង និងឈ្លានពានរបស់ភាគីថៃមកលើតំបន់មួយចំនួនក្នុងដែនអធិបតេយ្យ កម្ពុជា៖១. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ ភាគីថៃបាន បន្តបាញ់ប្រហារមកលើកម្ពុជា៖ គិតចាប់ពីម៉ោង ១៧:00នាទីល្ងាច ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ម៉ោង ៧:០០នាទីព្រឹក ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០២៥- ចាប់ពីម៉ោង ២០:០០នាទីល្ងាច ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃបានបាញ់កាំភ្លើងធំចូលភូមិសាស្ត្រប្រាសាទតាមាន់ និងដំណាក់ស្តេច។ រហូតដល់ម៉ោង ៥:០០នាទីព្រឹកនេះទើបស្ងប់ស្ងាត់។ចំពោះស្ថានការណ៍នៅក្នុងភូមិសាស្រ្តផ្សេងទៀតមានសភាពស្ងប់ស្ងាត់ ប៉ុន្តែកងកម្លាំងរបស់យើងបន្តតាម ដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច។ ២. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ និងខេត្តពោធិ៍សាត់ ភាគីថៃបានបន្តបាញ់ប្រហារមកលើកម្ពុជា៖ គិតចាប់ពីម៉ោង ១៧:០០នាទីល្ងាច ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ម៉ោង ៩:០០នាទីព្រឹក ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០២៥ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥- ម៉ោង ១៧:២៨នាទី យោធាថៃបានបន្តប្រើប្រាស់ដ្រូនពាំក្បាលគ្រាប់ទម្លាក់នៅភូមិសាស្ត្រថ្មដា។ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥- ម៉ោង ៤:៥៤នាទី យោធាថៃបានប្រើប្រាស់កាំភ្លើងបាញ់រះនៅភូមិសាស្ត្រអូរភ្លុកដំរី។- ម៉ោង ៥:៤១នាទី យោធាថៃបានប្រើប្រាស់កាំភ្លើងធំបាញ់ចេញពីនាវាចម្បាំងនៅភូមិសាស្ត្រថ្មដា។- ម៉ោង ៦:០១នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្រ្តភូមិព្រៃចាន់។- ម៉ោង ៦:៥៤នាទី យោធាថៃបានប្រើប្រាស់ដ្រូនខ្នាតធំហោះរំលោភលើដែនអធិបតេយ្យរបស់ កម្ពុជានៅភូមិសាស្រ្តឃុំថ្មដា។- ម៉ោង ៧:៤២នាទី យោធាថៃបានបាញ់ផ្លោងចំនួន ៥គ្រាប់ ចូលផ្ទះប្រជាជនស្លូតត្រង់ ស្ថិតនៅភូមិបន្ទាយមានរិទ្ធ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។- ម៉ោង ៨:៤៨នាទី យោធាថៃបានបាញ់ផ្សែងពុលនៅភូមិសាស្ត្រជោគជ័យ ខេត្តបន្ទាយមានជ័យ។ចំពោះស្ថានការណ៍នៅក្នុងភូមិសាស្រ្តផ្សេងទៀតមានសភាពស្ងប់ស្ងាត់ ប៉ុន្តែកងកម្លាំងរបស់យើងបន្តតាម ដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច។ សូមធ្វើការបញ្ជាក់ជូនសាជាថ្មីថា គោលដៅនៃការវាយការពារខ្លួនរបស់កម្ពុជា គឺផ្តោតតែលើ “គោលដៅ យោធាថៃប៉ុណ្ណោះ មិនសំដៅលើគោលដៅជនស៊ីវិល ឬទីកន្លែងស៊ីវិលណាមួយឡើយ” ប៉ុន្តែមានតែ ភាគីថៃទេ ដែលបានធ្វើការវាយប្រហារមកលើទីតាំងដែលប្រជាជនស៊ីវិលរបស់កម្ពុជា និងធ្វើឱ្យប្រជាជន ស៊ីវិលស្លូតត្រង់កម្ពុជាបាត់បង់ជីវិតចំនួន ១៨នាក់ (ទារក ១នាក់) និងរងរបួសចំនួន ៧៩នាក់ គិតត្រឹមថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ម៉ោង ៦ល្ងាច។ កម្ពុជាទាមទារឱ្យភាគីថៃបញ្ឈប់រាល់ការផ្សព្វផ្សាយព័ត៌មានមិនពិត ដោយចេតនាក្នុងគោលដៅបង្វែរការ ចាប់អារម្មណ៍អំពីការរំលោភបំពានច្បាប់អន្តរជាតិរបស់ខ្លួនដោយលាបពណ៌កម្ពុជា ដើម្បីយកជាលេស បង្កើនភាពតានតឹងក្នុងគោលបំណងបម្រើដល់សកម្មភាពឈ្លានពានមកលើបូរណភាពទឹកដីស្របច្បាប់ របស់កម្ពុជាប៉ុណ្ណោះ។ម្តងហើយម្តងទៀត កងទ័ពថៃតែងតែយកលេស និងប្រើប្រាស់គ្រប់ឧបាយកល ដើម្បីលាក់កម្បាំងទង្វើ ឈ្លានពានរបស់ខ្លួនមកលើអធិបយតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជាដោយបំពានយ៉ាងកំរោលទៅ លើច្បាប់អន្តរជាតិ។ ទង្វើឈ្លានពានរបស់កងទ័ពថៃមកលើកម្ពុជាដ៏ឃោរឃៅ រួមទាំងការប្រើប្រាស់អាវុធ យុទ្ធោបករណ៍ធុនធ្ងន់ និងមានកម្រិតបំផ្លាញខ្ពស់ដូចជា៖ យន្តហោះចម្បាំង, នាវាចម្បាំង, កាំភ្លើងធំ គ្រប់ប្រភេទ, គ្រាប់បែកចង្កោម, ផ្សែងពុល, ដ្រូនគ្រប់ប្រភេទ និងអាវុធធុនធ្ងន់ជាច្រើនទៀត មកវាយប្រហារលើកម្ពុជា ជាពិសេសទៅលើជនស៊ីវិល និងបេតិកភណ្ឌដែលជាសម្បត្តិរបស់មនុស្សជាតិ បានបញ្ជាក់យ៉ាងច្បាស់ក្រឡែតថា ថៃគឺជារដ្ឋដែលបំពានច្បាប់អន្តរជាតិ ជារដ្ឋដែលបំផ្លាញសន្តិភាព និងសន្តិសុខ មិនត្រឹមតែរវាងជាមួយកម្ពុជាប៉ុណ្ណោះទេប៉ុន្តែតំបន់ទាំងមូល ដើម្បីបម្រើមហិច្ឆតាឈ្លានពាន មិនចេះឆ្អែតឆ្អន់របស់ខ្លួនមកលើប្រទេសដែលតូច និងខ្សោយជាងខ្លួនប៉ុណ្ណោះ។ យើងអំពាវនាវឱ្យកងទ័ពថៃបញ្ឈប់ជាបន្ទាន់នូវទង្វើភូតកុហកបោកប្រាស់បំភ្លៃការពិតមិនចេះចប់មិនចេះហើយ ហើយងាកមករកមាគ៌ាសន្តិភាពឡើងវិញតាមរយៈការបញ្ឈប់ទង្វើឈ្លានពានរបស់ខ្លួន គោរពបទ ឈប់បាញ់ដែលខ្លួនបានបំពាន និងអនុវត្តឡើងវិញនូវសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជា និង ថៃ។ កងទ័ពថៃត្រូវបង្ហាញអំពីភាពស្មោះត្រង់របស់ខ្លួនប្រកបដោយតម្លាភាព និងសុច្ឆន្ទៈដោយស្តែងចេញ តាមរយៈទង្វើដែលមានការទទួលខុសត្រូវខ្ពស់ និងគោរពច្បាប់អន្តរជាតិឱ្យបានម៉ឺងម៉ាត់ មិនមែនតាម រយៈវោហារស័ព្ទ និងការភូតកុហកនោះទេ។ក្នុងន័យនេះ កម្ពុជាសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះការរំលោភ បំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ និងសកម្មភាពឧក្រិដ្ឋកម្ម សង្គ្រាមខុសច្បាប់របស់ថៃម្តងហើយម្តងទៀតនេះ ដោយទាមទារឱ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការ រំលោភបំពានដ៏កំរោលនេះ។ កម្ពុជាអំពាវនាវឱ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដោយដកកម្លាំងចេញពី ដែនអធិបតេយ្យរបស់កម្ពុជា និងចៀសវាងសកម្មភាពឈ្លានពានដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរ ភាពនៅក្នុងតំបន់។ សូមគូសបញ្ជាក់ផងដែរថា គិតរហូតមកដល់ម៉ោងនេះ វីរកងទ័ព និងវីរនគរបាលកម្ពុជាបាននឹងកំពុង បន្តឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងនៅតែតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវ ឈ្លានពាននៅគ្រប់សមរភូមិទាំងអស់ ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់ កម្ពុជា។ យើងក៏បញ្ជាក់ឡើងវិញនូវសិទ្ធិស្វ័យការពារដែនអធិបតេយ្យរបស់យើង ដូចដែលមានចែងនៅ ក្នុងច្បាប់អន្តរជាតិ ដើម្បីការពារបូរណភាពទឹក ដី និងប្រជាជនរបស់យើងទោះក្នុងតម្លៃណាក៏ដោយ។សូមប្រជាពលរដ្ឋទាំងអស់បន្តជឿជាក់ និងលើកទឹកចិត្តដល់វីរកងទ័ពដ៏អង់អាចក្លាហានរបស់យើងដែល កំពុងប្រយុទ្ធតស៊ូយ៉ាងខ្លាំងក្លានៅគ្រប់សមរភូមិទាំងអស់។ រាជរដ្ឋាភិបាល កងទ័ព និងប្រជាជនកម្ពុជារួប រួមគ្នាជាធ្លុងមួយក្នុងការការពារទឹកដី សេចក្តីថ្លៃថ្នូរ និងអធិបតេយ្យភាពរបស់យើងដោយអង់អាចក្លាហាន និងដោយមិនងាករេជាដាច់ខាតទោះក្នុងតម្លៃណាក៏ដោយ។សម្រាប់ព័ត៌មានបន្ថែមស្តីពីស្ថានការណ៍ជួរមុខ ក្រសួងការពារជាតិនឹងមានចេញផ្សាយក្នុងប្រព័ន្ធផ្សព្វ ផ្សាយផ្លូវការរបស់ក្រសួងការពារជាតិកម្ពុជា៕

អ្នកនាំពាក្យ៖ ទាហានឈ្លានពានថៃ​បន្ត​បាញ់​គ្រាប់​ផ្លោង និង​បាញ់​ផ្សែង​ពុល​ចូល​ផ្ទះ​ពលរដ្ឋ​ខ្មែរ​

2025/12/19 10:41:25 am        230
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី១៩ ខែធ្នូ ឆ្នាំ២០២៥នេះថា ទាហានឈ្លានពានថៃ បានបើក​ការ​បាញ់​កាំ​ភ្លើង​ធំ​ចេញ​ពី​នាវា​ចម្បាំង​របស់​ខ្លួន​ចូល​តំបន់ថ្មដា ខេត្តពោធិ៍សាត់ បាន​ផ្លោង​ចូល​ភូមិ​ប្រជាជន​ស៊ីវិល​មួយ​ចំនួន​ទៀត​នៅ​ខេត្តបន្ទាយមានជ័យ និង​បន្ត​បាញ់​ផ្លោង​ជា​ច្រើន​កន្លែង​ទៀត​ស្ថិត​នៅ​ភូមិ​សាស្រ្ត​យោធ​ភូមិ​ភាគី​ទី៤ និងទី៥។ក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥នេះ ស្តីពី​បច្ចុប្បន្ន​ភាព​នៃ​ស្ថាន​ការណ៍​ទាហាន​ឈ្លាន​ពាន​ថៃ​នោះ លោកជំទាវម៉ាលី សុជាតា បានបញ្ជាក់ថា ទាហានឈ្លានពាន​ថៃបាន​បន្ត​បាញ់​ប្រហារ​យ៉ាង​កំរោល​ដោយមិនរើសគោលដៅ ដែល​នូវ​ព្រឹកនេះ​យោធា​ថៃ​បាន​បាញ់​ផ្សែង​ពុល​នៅ​ភូមិ​សាស្ត្រ​ភូមិជោ​គជ័យ, បាញ់ផ្លោងជាច្រើនគ្រាប់ចូលផ្ទះប្រជាជនស្លូតត្រង់ ស្ថិត​នៅ​ភូមិ​បន្ទាយ​មាន​រិទ្ធ និងបាញ់ចូលភូមិសាស្រ្តបឹងត្រកួន ឃុំគោករមៀត ស្រុកថ្មពួក ខេត្ត​បន្ទាយ​មាន​ជ័យ​ជា​ដើម។លោកជំទាវម៉ាលី សុជាតា បានលើកឡើងទៀតថា ម្តងហើយម្តងទៀត កង​ទ័ព​ថៃ​តែង​តែយ​ក​លេស ​និងប្រើប្រាស់គ្រប់ឧបាយកល ដើម្បីលាក់កម្បាំងទង្វើ ឈ្លានពាន​របស់​ខ្លួន​មក​លើ​អធិបយ​តេយ្យ ​និងបូរណភាពទឹកដីរបស់កម្ពុជាដោយបំពានយ៉ាងកំរោលទៅលើច្បាប់អន្តរជាតិ។ ទង្វើ​ឈ្លាន​ពាន​របស់កងទ័ពថៃមកលើកម្ពុជាដ៏ឃោរឃៅ រួមទាំងការប្រើប្រាស់អាវុធ យុទ្ធោ​បករណ៍​ធុន​ធ្ងន់ ​និង​មានកម្រិតបំផ្លាញខ្ពស់ដូចជា យន្តហោះចម្បាំង F-16, នាវាចម្បាំង, កាំភ្លើងធំ គ្រប់​ប្រភេទ​, គ្រាប់បែកចង្កោម, ផ្សែងពុល, ដ្រូនគ្រប់ប្រភេទ និងអាវុធធុនធ្ងន់ជាច្រើនទៀត មកវាយ​ប្រហារ​លើ​កម្ពុជា​ ជាពិសេសទៅលើជនស៊ីវិល និងបេតិកភណ្ឌដែលជាសម្បត្តិរបស់មនុស្សជាតិ បាន​បញ្ជាក់​យ៉ាងច្បាស់ក្រឡែតថា ថៃគឺជារដ្ឋដែលបំពានច្បាប់អន្តរជាតិ ជា​រដ្ឋ​ដែល​បំផ្លាញ​សន្តិភាព​ និងសន្តិសុខ មិនត្រឹមតែរវាងជាមួយកម្ពុជាប៉ុណ្ណោះទេប៉ុន្តែតំបន់ទាំងមូល ដើម្បី​បម្រើ​មហិច្ឆ​តា​ឈ្លាន​ពាន មិនចេះឆ្អែតឆ្អន់របស់ខ្លួនមកលើប្រទេសដែលតូច និង​ខ្សោយ​ជាង​ខ្លួន​ប៉ុណ្ណោះ​។ជាមួយគ្នានោះដែរអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ក៏បាន​បន្ត​អំពាវ​នាវ​ឱ្យ​កង​ទ័ព​ថៃ​បញ្ឈប់​ជា​បន្ទាន់​នូវ​ទង្វើភូ​តកុហកបោកប្រាស់បំភ្លៃការពិតមិនចេះចប់មិនចេះហើយ ហើយ​ងាក​មករក​មាគ៌ា​សន្តិភា​ព​ឡើងវិញតាមរយៈការបញ្ឈប់ទង្វើឈ្លានពានរបស់ខ្លួន គោរព​បទ​ឈប់​បាញ់ដែ​ល​ខ្លួន​បាន​បំពាន និងអនុវត្តឡើងវិញនូវសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជា និង ថៃ។ កងទ័ពថៃត្រូវបង្ហាញអំពីភាពស្មោះត្រង់របស់ខ្លួនប្រកបដោយតម្លាភាព និងសុច្ឆន្ទៈដោយ​ស្តែង​ចេញ​ តាមរយៈទង្វើដែលមានការទទួលខុសត្រូវខ្ពស់ និងគោរពច្បាប់អន្តរជាតិឱ្យបានម៉ឺងម៉ាត់ មិន​មែន​តាមរយៈវោហារស័ព្ទ និងការភូតកុហកនោះទេ។ក្នុងន័យនេះ កម្ពុជាសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះ​ការ​រំលោភ​បំពាន​សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ និង​សកម្ម​ភាព​ឧក្រិដ្ឋ​កម្ម​ សង្គ្រាមខុសច្បាប់របស់ថៃម្តងហើយម្តងទៀតនេះ ដោយទាមទា​រ​ឱ្យ​ថៃ​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង​ចំពោះ​ការរំលោភបំពានដ៏កំរោលនេះ។ កម្ពុជាអំពាវនាវ​ឱ្យថៃ​បញ្ឈប់​រាល់​អរិភាព​ជា​បន្ទាន់ ​ដោយដកកម្លាំងចេញពី ដែនអធិបតេយ្យរបស់កម្ពុជា និងចៀស​វាង​សកម្ម​ភាព​ឈ្លាន​ពាន​ដែល​គំរាម​កំហែង​ដល់​សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់នោះ៕ អត្ថបទ៖ បាន ចក់

BREAKING NEWS | ម៉ោង៩:៤៥នាទី យោធាថៃបានបន្តបាញ់ផ្លោងចូលផ្ទះប្រជាជនស្លូតត្រង់ ស្ថិត​នៅភូមិសាស្ត្របឹងត្រកួន ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ

2025/12/19 09:53:38 am        436
ក្រសួងការពារជាតិកម្ពុជា ជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណី​យោធា​ថៃ​នៅតែបន្តធ្វើសកម្មភាពបាញ់ប្រហារចូលទីតាំងប្រជាជនស៊ីវិលកម្ពុជា នៅទិស​យោធ​ភូមិ​ភាគ​ទី៥​ ក្នុងភូមិសាស្រ្តនាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥។ក្រសួងការពារជាតិបានបញ្ជាក់ថា នៅវេលាម៉ោង ៩និង៤៥នាទី យោធាថៃបានបន្តបាញ់​ផ្លោង​ចូល​ផ្ទះ​ប្រជាជ​នស្លូតត្រង់ ស្ថិតនៅភូមិសាស្ត្របឹងត្រកួន ឃុំគោករមៀត ស្រុកថ្មពួក ខេត្ត​បន្ទាយ​មាន​ជ័យ។សកម្មភាពខាងលើជាការវាយប្រហារដ៏កំរោល ដោយមិនរើសគោលដៅរបស់យោធាថៃ ជា​ការ​រំលោភ​បំពាន​ច្បាប់មនុស្សធម៌អន្តរជាតិ។ ព័ត៌មានលម្អិតក្រសួង​នឹង​រាយ​ការណ៍​ជូ​ន​នៅ​ពេល​ក្រោយ៕

BREAKING NEWS | ម៉ោង៧:៤២នាទី យោធាថៃបានផ្លោង ៥គ្រាប់ ចូលផ្ទះប្រជាជនស្លូតត្រង់ ស្ថិតនៅ​ភូមិបន្ទាយមានរិទ្ធ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ

2025/12/19 09:41:29 am        423
ក្រសួងការពារជាតិកម្ពុជា ជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករ​ណី​យោធា​ថៃ​នៅ​តែប​ន្ត​ធ្វើស​កម្មភាពបាញ់ប្រហារចូលទីតាំងប្រជាជនស៊ីវិលកម្ពុជា នៅ​យោធ​ភូមិភា​គ​ទី​៥ ​ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥។ក្រសួងការពារជាតិបញ្ជាក់ថា នៅវេលាម៉ោង ៧និង៤២នាទី យោធាថៃបានផ្លោង ៥គ្រាប់ ចូល​ផ្ទះ​ប្រជា​ជន​ស្លូតត្រង់ ស្ថិតនៅភូមិបន្ទាយមានរិទ្ធ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។សកម្មភាពខាងលើជាការវាយប្រហារដ៏កំរោល ដោយមិនរើសគោលដៅរបស់យោធាថៃ ជា​ការ​រំលោភ​បំពាន​ច្បាប់មនុស្សធម៌អន្តរជាតិ។ ព័ត៌មានលម្អិតក្រសួង​នឹង​រាយ​ការណ៍​ជូន​នៅ​ពេល​ក្រោយ​៕   

ក្រសួងការពារជាតិកម្ពុជា៖ នៅម៉ោង០៨:៤៨នាទីទាហានឈ្លានពានថៃបានបាញ់ផ្សែងពុលនៅភូមិសាស្ត្រជោគជ័យ ខេត្តបន្ទាយមានជ័យ

2025/12/19 09:11:32 am        239
ក្រសួងការពារជាតិកម្ពុជា សូមជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីយោធាថៃបានបន្តធ្វើសកម្មភាពវាយប្រហារមកលើកម្ពុជា នៅយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្ត ភូមិជោគជ័យ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥នេះ នៅវេលាម៉ោង ០៨:៤៨នាទី យោធាថៃបានបាញ់ផ្សែងពុលនៅភូមិសាស្ត្រជោគជ័យ ខេត្តបន្ទាយមានជ័យ។កងកម្លាំងកម្ពុជាបាននឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងនៅតែ តស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវឈ្លានពាន និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា និងសេចក្តីថ្លៃថ្នូររបស់យើងដោយអង់អាចក្លាហាន ដោយមិនងាករេជាដាច់ខាតទោះក្នុងតម្លៃ ណាក៏ដោយ។ ព័ត៌មានលម្អិតនឹងរាយការណ៍ជូននៅពេលក្រោយ៕

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា «មានតែការរួបរួមមួយទេ ដែលធ្វើឲ្យយើងរឹងមាំ និងការពារប្រទេសយើងបាន»

2025/12/19 07:35:57 am        174
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំអំណោយ សម្រាប់យកទៅប្រគល់ជូនវីរកងទ័ព និងបងប្អូនជនភៀសសឹក ចំនួន៧ខេត្ត ដែលមានការប៉ះទង្គិចរវាងកងទ័ពកម្ពុជា និងថៃ។លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តាមរយៈBTV ព័ត៌មាន នាល្ងាចថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ បានលើកឡើងថា អំណោយដែលកំពុងរៀបចំនេះ គឺបានមកពីកម្មវិធីរាត្រីចងចាំលើកទី៦ និងមូលនិធិវប្បធម៌គាំទ្រដល់វីរកងទ័ព និងជនភៀសសឹក ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ នៅសាលាមធ្យមវិចិត្រសិល្បៈ ដើម្បីកៀរគរថវិកាជួយឧបត្ថម្ភដល់បងប្អូនជនភៀសសឹកកម្ពុជា ដែលរងគ្រោះដោយសារសង្រ្គាមឈ្លានពានទឹកដីពីយោធាថៃ នៅតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ។ ហើយក្នុងមូលនិធិវប្បធម៌គាំទ្រដល់វីរកងទ័ព និងជនភៀសសឹក យើងក៏ទទួលការចូលរួមឧបត្ថម្ភអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសប្បុរសជនក្នុង និងក្រៅប្រទេស សិស្ស-និស្សិត សិល្បករ-សិល្បការិនី ទាំងក្នុង និងក្រៅប្រព័ន្ធ។ជាការកត់សម្គាល់របស់លោកជំទាវរដ្ឋមន្រី្ត គឺទីណាក៏ដោយដែលមានខ្មែរ នៅក្នុងប្រទេស ឬក្រៅប្រទេស បានធ្វើចលនាយ៉ាងពេញទំហឹង ដើម្បីទប់ស្កាត់ ឆ្លើយតបនូវការរំលោភបំពាន ថែរក្សានូវអធិបតេយ្យភាពរបស់ជាតិយើង រក្សាជនជាតិយើងឲ្យមានភាពខ្ពង់ខ្ពស់ ដែលដូនតាយើងបន្សល់ទុកមក ដែលជាភារកិច្ចរបស់យើងគ្រប់គ្នា។ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា មានការសោកស្តាយ កាលដែលពួកយើងធ្លាប់បានឆ្លងកាត់សង្រ្គាមពីជំនាន់មុន។ ហើយយើងក៏មិនដែលគិតថាក្មេងជំនាន់ក្រោយបានជួបសង្រ្គាមជាលើកទី២នេះទេ។ ហើយសន្តិភាព ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺយកបានមកដោយកម្រ ប្រឹងប្រែង បូជាកម្លាំងកាយ កម្លាំងចិត្ត សាច់ឈាម បានទទួលនូវរស់ជាតិសន្តិភាព។ ហើយឥលូវនេះទាំងអស់គ្នាបានដឹងហើយថា តម្លៃនៃសន្តិភាព មានន័យយ៉ាងដូចម្តេច។ ដូច្នេះនៅពេលដែលឃើញក្មេងៗរត់គេចពីសង្រ្គាម នៅពេលដែលគេផ្លោងចូលមក យើងសោកស្តាយមែនទែន ដោយហេតុថាសន្តិភាពត្រូវបានបំផ្លាញ ដោយសារចលនាជាតិនិយមជ្រុល ដោយសារការប៉ុនប៉ងរំលោភឈ្លានពាននូវអធិបតេយ្យភាពរបស់ប្រទេសមួយ។ ដូច្នេះសុំឲ្យក្មេងៗជំនាន់ក្រោយចងចាំ ហើយប្រឹងប្រែងរៀនសូត្រនៅគ្រប់ទីកន្លែង ហើយប្រឹងប្រែងនូវអ្វីដែលខ្លួនឯងអាចធ្វើបាន ដើម្បីយុទ្ធជន ដើម្បីជនភៀសសឹក ហើយដើម្បីខ្មែរទាំងអស់។ ជាចុងក្រោយក្នុងនាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្តដ៏ប្រពៃថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសប្បុរសជនក្នុង និងក្រៅប្រទេស សិស្ស-និស្សិត សិល្បករ-សិល្បការិនី ទាំងក្នុង និងក្រៅប្រព័ន្ធ ដែលបានចូលរួមបរិច្ចាគទាំងសម្ភារៈ ថវិកាគ្រឿងឧបភោគបរិភោគ ក្នុងកម្មវិធី «រាត្រីចងចាំលើកទី៦ និងមូលនិធិវប្បធម៌គាំទ្រដល់វីរកងទ័ព និងជនភៀសសឹក»។ សមានចិត្តដ៏ប្រពៃថ្លៃថ្លានេះ បានបង្ហាញឱ្យឃើញ ពីការរួបរួមសាមគ្គីគ្នា ក្នុងស្មារតីខ្មែរជួយខ្មែរ ខ្មែរស្រឡាញ់ខ្មែរ និងជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការជួយ ដល់វីរកងទ័ព និងប្រជាពលរដ្ឋភៀសសឹក៕អត្ថបទ រដ្ឋា 

អ្នកនាំពាក្យក្រសួងការបរទេសចិន៖ កម្ពុជា និងថៃ បានបង្ហាញពីឆន្ទៈបន្ធូរបន្ថយភាពតានតឹង និងអនុវត្តបទឈប់បាញ់ ក្រោយកិច្ចសន្ទនាតាមទូរស័ព្ទដាច់ដោយឡែករវាងរដ្ឋមន្រ្តីការបរទេសប្រទេសទាំង២ ជាមួយប្រមុខការបរទេសចិន

2025/12/18 10:59:35 pm        256
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានឱ្យដឹងថា កម្ពុជា និងថៃ បានបានបង្ហាញពីឆន្ទៈបន្ធូរបន្ថយភាពតានតឹង និងអនុវត្តបទឈប់បាញ់ ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទដាច់ដោយឡែករវាងរដ្ឋមន្រ្តីការបរទេសនៃប្រទេសទាំង២ និងរដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី នៅថ្ងៃព្រហស្បតិ៍នេះ។ ជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ លោក វ៉ាង យី បានបញ្ជាក់នូវជំហររបស់ចិន ដែលតែងតែគាំទ្រឱ្យមានការសន្ទនាដោយសន្តិវិធី និងរក្សាជំហរដ៏យុត្តិធម៌ និងមិនលំអៀង ក៏ដូចជាគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់អាស៊ាន។តាមរយៈនោះ លោក វ៉ាង យី បានបន្តថា ក្រសួងការបរទេសចិនបានបញ្ជូនបេសកជនពិសេសមួយរូបទទួលបន្ទុកកិច្ចការអាស៊ី ទៅកម្ពុជា និងថៃ សម្រាប់ការចរចាការទូតជាមួយភាគីទាំងសងខាង ដោយចិននឹងបន្តធ្វើជាស្ពាន ដើម្បីសម្រួលដល់ការស្តារសន្តិភាពរវាងប្រទេសទាំង ២ ឡើងវិញ។

កម្ពុជា និងបណ្តាប្រទេសលើពិភពលោកបាន និងកំពុងរួមសហការគ្នាដើម្បីបោសសម្អាតឧក្រិដ្ឋកម្មឆ្លងដែន Online Scams ខណៈសំណុំរឿងជាងធំៗចំនួន៣០ ស្ថិតក្នុងនីតិវិធីតុលាការ

2025/12/18 10:13:44 pm        246
ក្នុងរបាយការណ៍រយៈពេលជិត៦ខែចុងក្រោយឆ្នាំ២០២៥ លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានបង្ហាញថាតុលាការកំពុងដំណើរការនីតិវិធីតាមច្បាប់ជាធរមានលើ ៣៥សំណុំរឿងធំៗ ពាក់ព័ន្ធនឹងមុខសញ្ញាមេខ្លោងនិងបក្ខពួកសមគំនិតសរុបចំនួន ១៦៨នាក់ ក្នុងនោះមានស្ត្រីចំនួន ៣៩នាក់ មានជនជាតិចិន(ចិនតៃវ៉ាន់), វៀតណាម, ជប៉ុន, កូរ៉េខាងត្បូង, ឥណ្ឌូនេស៊ី, មីយ៉ាន់ម៉ា, ម៉ាឡេស៊ី, និងខ្មែរ។ របាយការណ៍ក៏បានរំលេចអំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិរវាងព្រះរាជាណាចក្រកម្ពុជា ជាមួយបណ្តាប្រទេសដៃគូលើពិភពលោក ថាបានបោះជំហានជាវិជ្ជមាន និងបានផ្តល់លទ្ធផលជាបន្តបន្ទាប់ក្នុងក្របខណ្ឌនៃការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ពិសេសលើការស្រាវជ្រាវដើម្បីឈានទៅវែកមុខបណ្តាញអង្គការចាត់តាំង ដែលនៅពីក្រោយការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ។លេខាធិការដ្ឋានគ.ប.ឆ.ប. នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ បានបង្ហាញលទ្ធផលនៃយុទ្ធនាការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅទូទាំងប្រទេស គិតចាប់តាំងពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ដោយក្នុងអំឡុងពេលនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រោមការចង្អុលបង្ហាញពីលេខាធិការដ្ឋានគ.ប.ឆ.ប. បានចុះពិនិត្យនិងបង្ក្រាបអំពើល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅតាមគោលដៅចំនួន ១១៨ទីតាំង ក្នុង ១៨ រាជធានីខេត្ត។ ជាលទ្ធផល សមត្ថកិច្ចចម្រុះបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន ៤ ៩៨៣នាក់ ក្នុងនោះមានស្ត្រីចំនួន ៩៧៩នាក់ មកពី២៣សញ្ជាតិ ក្នុងនោះមានជនជាតិចិន(ចិនតៃវ៉ាន់), វៀតណាម, ឥណ្ឌូនេស៊ី, ឥណ្ឌា, បង់ក្លាដេស, ថៃ, កូរ៉េខាងត្បូង, ប៉ាគីស្ថាន, នេប៉ាល់, ម៉ាឡេស៊ី, ជប៉ុន, មីយ៉ាន់ម៉ា, ហ្វីលីពីន, ឡាវ, កាមេរ៉ូន, នីហ្សេរីយ៉ា, យូហ្គាន់ដា, សេរ៉ាលីអូន, ម៉ុងហ្គោលី, រុស្ស៊ី, ស្រីលង្កា, អាល់ហ្សេរ៉ី, សឹង្ហបូរី។ក្នុងក្របខណ្ឌនៃការអនុវត្តវិធានការជាក់ស្តែងនេះដែរ ជនបរទេសចំនួន ៤ ០៣៩នាក់ ក្នុងនោះស្ត្រី៦០៥នាក់ ត្រូវបាននិរទេសចេញពីប្រទេសកម្ពុជា ខណៈសមត្ថកិច្ចក៏បានជួយសង្រ្គោះជនរងគ្រោះឱ្យរួចផុតពីអំពើជួញដូរ និងបានបំបែកបណ្តាញឧក្រិដ្ឋជនឆបោក និងសំបុកនៃការជួញដូរមនុស្សផងដែរ។ជាមួយនឹងលទ្ធផលទាំងនេះ ដៃគូអន្តរជាតិនៃបណ្តាប្រទេសលើពិភពលោក និងអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម(UNODC) ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក បានកោតសរសើរចំពោះឆន្ទៈច្បាស់លាស់និងការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបោសសម្អាត និងបង្ការទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបានរួមចំណែកក្នុងកិច្ចខិតខំជាសកល។ ក្នុងជំនួបផ្លូវការជាមួយថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា និងលេខាធិការដ្ឋានគ.ប.ឆ.ប. នាពេលកន្លងមក ដៃគូទាំងអស់សុទ្ធតែបានទទួលស្គាល់ថា កម្ពុជាជាប្រទេសរងគ្រោះពីអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយសារតែក្រុមឧក្រិដ្ឋជនបានប្រើប្រាស់ប្រទេសកម្ពុជាជាទីតាំងឬជាចំណុចឆ្លងកាត់សម្រាប់ប្រព្រឹត្តសកម្មភាពឆបោក ដោយពួកឧក្រិដ្ឋជនក៏បានចូលមកកម្ពុជាតាមប្រទេសផ្សេងទៀតក្នុងតំបន់។ខណៈប្រទេសជិតខាងខ្លះកំពុងព្យាយាមតាំងខ្លួនជាប្រទេសស្អាតស្អំធ្វើខ្លួនជាតួឯកក្នុងរឿងប្រឆាំងការឆបោក ប្រទេសនេះបាន និងកំពុងលាបពណ៌មកលើកម្ពុជា ថែមទាំងបានបញ្ជូនក្រុមឧក្រិដ្ឋជនឱ្យចូលមកកម្ពុជា ដើម្បីលបលួចធ្វើសកម្មភាពឆបោកតាមអនឡាញ ហើយផលចំណេញបានទៅដល់ដៃក្រុមមេខ្លោងឧក្រិដ្ឋកម្មឆបោកដែលកំពុងស្ថិតនៅក្នុងប្រទេសខ្លួន។ សមត្ថកិច្ចកម្ពុជាកំពុងស៊ើបអង្កេតករណីនេះយ៉ាងយកចិត្តទុកដាក់បំផុត។ ប្រទេសដដែលនេះបានព្យាយាមប្រើគ្រប់ល្បិចកលដើម្បីមួលបង្កាច់កម្ពុជាម្តងហើយម្តងទៀត និងបំភាន់មតិអន្តរជាតិឱ្យយល់ច្រឡំមកលើកម្ពុជា ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធអនឡាញ។ បណ្តាប្រទេសជាដៃគូនៅលើពិភពលោកបានទទួលស្គាល់ថាឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះជាបញ្ហាសកលលោក ហើយចាំបាច់ទាមទារក្របខណ្ឌកិច្ចសហប្រតិបត្តិការ និងយន្តការរួមគ្នាដើម្បីប្រឆាំង ហើយកម្ពុជាបានក្លាយជាតួអង្គមួយដ៏សំខាន់ក្នុងការទំនាក់ទំនង និងយន្តការកិច្ចសហការប្រតិបត្តិការតំបន់ និងសកល។ កម្ពុជាបានផ្តល់កិច្ចសហប្រតិបត្តិការជាលក្ខណៈអន្តរជាតិជាមួយUNODC រដ្ឋជាសមាជិក និងដៃគូអភិវឌ្ឍនានា រួមគ្នាប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន និងប្រតិបត្តិការមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ក្នុងបរិបទនេះ កម្ពុជាបានបន្តសហការយ៉ាងសកម្មជាមួយបណ្តាដៃគូអន្តរជាតិ ក្នុងកិច្ចពិភាក្សា ផ្លាស់ប្តូរបទពិសោធន៍ និងការអនុវត្តល្អៗលើវិធីសាស្រ្តបច្ចេកទេសស៊ើបអង្កេត ការផ្តន្ទាទោសឧក្រិដ្ឋជនដែលពាក់ព័ន្ធនឹងមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា រួមទាំងការប្រមូលភស្តុតាង ការរក្សាការពារ ការចែករំលែកនិងការទទួលយកភស្តុតាងអេឡិចត្រូនិក ការស៊ើបអង្កេតហិរញ្ញវត្ថុ យុទ្ធសាស្ត្រការពារជនរងគ្រោះ និងការការពារសាក្សីជាដើម។លេខាធិការដ្ឋានគ.ប.ឆ.ប. បាននិងកំពុងរួមគ្នាជាមួយបណ្តាដៃគូ និងប្រទេសពាក់ព័ន្ធ ដើម្បីស្រាវជ្រាវ សើបអង្កេតលើភ័ស្តុតាងទាំងអស់ ដែលបានរឹបអូសពីជនប្រព្រឹត្តបទល្មើស ក្នុងអំឡុងពេលនៃប្រតិបត្តិការបង្រ្កាបនាពេលកន្លងមក។ សម្ភារៈដែលរឹបអូសទាំងអស់រួមមានទូរសព្ទដៃ កុំព្យូទ័រ លិខិតឆ្លងដែន ឧបករណ៍អេឡិកត្រូនិចជាច្រើនប្រភេទ និងច្រើនពាន់គ្រឿង សុទ្ធសឹងជា ភ័ស្តុតាង ដែលអាចផ្តល់ជាតម្រុយសម្រាប់ស្វែងរកក្រុមមេខ្លោង និងវែកមុខបណ្តាញអង្គការចាត់តាំង ពាក់ព័ន្ធនឹងអំពើឆបោកទាំងនៅក្នុង និងក្រៅប្រទេសកម្ពុជា។សូមរំលឹកជូនថាគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបង្កើតឡើង និងដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយបានដាក់ចុះបទបញ្ជាដើម្បីជំរុញការអនុវត្តវិធានការជាក់ស្តែងទូទាំងប្រទេស រាប់បញ្ចូលយន្តការស្រាវជ្រាវ ស៊ើបអង្កេត ប្រតិបត្តិការអនុវត្តច្បាប់ នីតិវិធីតុលាការ និងទំនាក់ទំនងសហប្រតិបត្តិការជាមួយបណ្តាប្រទេស និងអង្គការអន្តរជាតិ ហើយបន្តបើកទូលាយចំពោះកិច្ចសហប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធទាំងអស់។

ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) បានប្រកាសអាសន្ន ចំពោះការប៉ះពាល់ដល់ជីវិតប្រជាជនស៊ីវិល ក្នុងជម្លោះកម្ពុជា-ថៃ”

2025/12/18 09:45:10 pm        37
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានឱ្យដឹងថា នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ឧត្តមស្នងការអង្គការសហប្រជាជាតិសិទ្ធិមនុស្ស ឯកឧត្តម Volker Turk បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ក្រោយពីបានទទួល របាយការណ៍ ស្តីពីការរីករាលដាលនៃជម្លោះរវាងកម្ពុជា-ថៃ និងការវាយប្រហារ ដោយប្រើប្រាស់យន្តហោះ ចម្បាំង F-16 ជ្រួន និងអាវុធធុនធ្ងន់ នៅក្នុងនិងជុំវិញតំបន់មានប្រជាជនស៊ីវិលរស់នៅ រួមមានភូមិជាច្រើន និងតំបន់បេតិកភណ្ឌវប្បធម៌ ព្រមទាំងបានបណ្តាលឱ្យមានប្រជាជនស៊ីវិលស្លាប់បាត់បង់ជីវិត។ឯកឧត្តម បានរម្លឹកថា យោងតាមច្បាប់មនុស្សធម៌អន្តរជាតិ ការការពារប្រជាជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល គឺជាការចាំបាច់បំផុត ព្រមទាំងបានអំពាវនាវឱ្យមានការជម្លៀសប្រជាជនស៊ីវិលចម្រុះជាតិសាសន៍ ជាប់នៅក្នុង អគារនិងតំបន់កាស៊ីណូដែលរងការវាយប្រហារ។ទន្ទឹមនេះ ឯកឧត្តមបានគូសបញ្ជាក់ថា រាល់ការវាយប្រហារ ត្រូវគោរពតាមគោលការណ៍ជាមូលដ្ឋាន ដូចមានចែងក្នុងច្បាប់មនុស្សធម៌អន្តរជាតិ ដូចជាត្រូវមានការ បែងចែកគោលដៅ ភាពចាំបាច់ និងសមាមាត្រ ព្រមទាំងមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីការពារប្រជាជន ស៊ីវិល។ឯកឧត្តម Volker Türk បានអំពាវនាវឱ្យភាគីទាំងសងខាងបញ្ឈប់ការវាយប្រហារជាបន្ទាន់ និង វិលត្រឡប់មករកកិច្ចសន្ទនាវិញ ស្របតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូរឡាឡាំពួ។ ឯកឧត្តមបានបញ្ជាក់ បន្ថែមថា ក្រុមការងាររបស់ឯកឧត្តមត្រៀមខ្លួនរួចរាល់ក្នុងការជួយកសាងទំនុកចិត្ត និងធានាថាការការពារ ជីវិតនិងសុខុមាលភាពរបស់ប្រជាជនស៊ីវិល គឺជាអាទិភាព៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កាកបាទក្រហមកម្ពុជា ទទួលថវិកាពីសមាគមឧកញ៉ាកម្ពុជាចំនួន ១,០០៩,៩៩៩ ដុល្លារ អាមេរិក ក្នុងទិវា ៨ឧសភា ២០២៦
06/13/2026 05:06 PM
យន្តហោះចម្បាំងស៊ុយអែត ស្ទាក់យន្តហោះប្រយុទ្ធ​របស់​រុស្ស៊ី នៅជិតព្រំដែន
06/13/2026 05:06 PM
លីបង់រាយការណ៍ពីការវាយប្រហាររបស់អ៊ីស្រាអែលនៅភាគខាងត្បូង ក្រោយ​មាន​ការព្រមានជម្លៀស
06/13/2026 05:06 PM
ប៉ាគីស្ថាន និងអេហ្ស៊ីបស្វាគមន៍វឌ្ឍនភាព រវាងអាមេរិក និងអ៊ីរ៉ង់ ដោយសង្ឃឹមមាន​កិច្ចព្រមព្រៀងសន្តិភាពដំបូង
06/13/2026 05:06 PM
ចំនួនអ្នកស្លាប់ដោយសារ​​រញ្ជួយដី នៅហ្វីលីពីន កើនឡើងដល់ ៦១នាក់ ខណៈប្រតិបត្តិការ​ជួយ​សង្គ្រោះកំពុង​បន្ត​
06/13/2026 05:06 PM
នាយករដ្ឋមន្ត្រីឥណ្ឌា លោក Modi ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការទៅកាន់បារាំង និងស្លូវ៉ាគី
06/13/2026 05:06 PM
[UPDATE] គ្រោះថ្នាក់ធ្លាក់យន្តហោះរបស់កងទ័ពអាកាសឥណ្ឌា មាន​អ្នកស្លាប់ ៥នាក់​
06/13/2026 05:06 PM
យន្តហោះដឹកជញ្ជូនយោធាធ្លាក់ នៅឥណ្ឌា ខណៈចំនួនអ្នកស្លាប់ និងរបួស មិន​ទាន់​ដឹង​នៅ​ឡើយទេ
06/13/2026 04:06 PM
ឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវ​បាននាំ​យក​ទៅផ្សព្វផ្សាយជូន​ពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប
06/13/2026 04:06 PM
វិស័យរដ្ឋបញ្ជាក់ពីការ​ប្តេជ្ញាចិត្តក្នុងការជួយពង្រឹងការយល់ដឹងអំពីច្បាប់ និងនីតិវិធីគយដល់វិស័យ SMEs
06/13/2026 04:06 PM