អ្នកនាំពាក្យសម្តេចតេជោ ចំអកទៅអ្នកនាំពាក្យក្រសួងការទេសថៃថា ពិតជាមិនចេះខ្មាស់មែន!
ទិវាជាតិ ធីវ៉េត លើកទី៨ ឆ្នាំនេះ ទទួលបានអ្នកចូលរួម និងអ្នកទស្សនាសរុបចំនួនប្រមាណ ៧ម៉ឺននាក់ នៅទូទាំងប្រទេស
គ.ជ.អ.អ បើកកិច្ចប្រជុំលើកដំបូងដើម្បីជំរុញការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍
ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលបានភៀសខ្លួនទៅទីសុវត្ថិភាពបណ្ដោះអាសន្ននៅខេត្តព្រះវិហារ

ព័ត៌មានជាតិ

ធនាគារADB បាននិងកំពុងជំរុញវិស័យ MSMEs ឱ្យរីកចម្រើន​តាមរយៈការផ្តល់​ប្រាក់កម្ចី​ទៅ​ឱ្យដៃគូ​សហការ

2024/12/10 12:50:34 pm        181
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាន និងកំពុងជំរុញវិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) នៅកម្ពុជាឱ្យមានភាពរីកចម្រើន តាមរយៈ​ការ​ផ្តល់​ប្រាក់​កម្ចី​ចំនួន ១០​លាន​ដុល្លារ​ទៅ​ឱ្យ​ធនាគារ​ប្រៃសណីយ៍កម្ពុជា។បន្ទាប់មកធនាគារប្រៃសណីយ៍កម្ពុជា បន្តផ្តល់ប្រាក់កម្ចី​ទៅ​ឱ្យ​អតិថិជន​ដែលយកទៅប្រើប្រាស់ក្នុងវិស័យ MSMEs និងជាពិសេសសហគ្រិនជាស្រ្តី។លោកស្រី Jyotsana Varma (ចូតសាណា វ៉ាម៉ា) នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា (ADB) នៅល្ងាចថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារធនាគារ ADB និងក្រុម​អ្នក​សារ​ព័ត៌មានចុះទស្សនកិច្ចនៅអាជីវកម្មធ្វើស្រែអំបិលរបស់អ្នកស្រី ហុង ស្រីមុំ ដែលទទួល​បាន​ប្រាក់​កម្ចី​ពី​ធនាគារប្រៃសណីយ៍កម្ពុជា។នៅក្នុងឱកាសនោះ លោកស្រី Jyotsana Varma (ចូតសាណា វ៉ាម៉ា) មានប្រសាសន៍ថា ក្នុង​នាម​ធនាគារអភិវឌ្ឍន៍អាស៊ី លោកស្រីពិតជា​មាន​ក្តីរំភើប​រីក​ណាស់​នៅ​ពេល​អ្នក​ទទួល​ផល​ពី​គម្រោង ដូចជាអ្នកហុង ស្រីមុំ ខ្ចីលុយពីធនាគារយកទៅប្រើប្រាស់យ៉ាងមានប្រសិទ្ធិភាព។ លោក​ស្រី Jyotsana Varma (ចូតសាណា វ៉ាម៉ា) មានសុទិដ្ឋិនិយមថា គម្រោងរបស់ADB អាច​ពង្រីក​ភាព​ជា​សហគ្រិនស្រ្តីក្នុងចំណោមស្រី្តដទៃទៀតក្នុងប្រទេសកម្ពុជា ដែលការងារនេះស្រប​គ្នា​ទៅ​នឹង​ការ​ប្តេជ្ញា​ចិត្តរបស់រាជរដ្ឋាភិបាលក្នុងលើកកម្ពស់សហគ្រិនស្រ្តីក្នុងវិស័យ MSMEs។អ្នកស្រី ហុង ស្រីមុំ ម្ចាស់អាជីវកម្មធ្វើស្រែអំបិល ស្ថិតនៅស្រុកទឹកឈូ ខេត្តកំពត បានលើក​ឡើង​ដែ​រ​ថា កម្ចីដែលទទួលពីធនាគារប្រៃសណីយ៍កម្ពុជា អ្នកស្រីយកទៅពង្រីកអាជីវកម្មធ្វើស្រែអំបិល និង​រៀប​ចំ​ឃ្លាំងសម្រាប់ទុកដាក់អំបិល។ លើសពីនេះ អ្នកស្រីបាន​ជំរុញ​ដល់​សហគ្រិន​ជា​ស្រ្តី​គួរ​ហ៊ាន​ខ្ចី​លុយ​ពីធនាគារដើម្បីពង្រីកអាជីវកម្មរបស់ខ្លួនឱ្យមានភាពរីកចម្រើន។កាលពី​អំឡុងខែកុម្ភៈ ឆ្នាំ ២០២៣ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងធនាគារ​ប្រៃសណីយ៍​កម្ពុជា​ (CP Bank) បានចុះហត្ថលេខាលើប្រាក់កម្ចីរហូតដល់ ១0 លានដុល្លារ ដើម្បីគាំទ្រ​ដល់​ការ​ស្ដារ​ឡើង វិញនូវស្ថានភាពសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) នៅកម្ពុជា ពី​ផល​ប៉ះ​ពាល់​កន្លងមកដោយជំងឺកូវីដ១៩ តាមរយៈការពង្រីកលទ្ធភាពទទួលបានហិរញ្ញវត្ថុ យ៉ាង​ហោច​ណាស់ ​៥0% នៃប្រាក់កម្ចីនេះត្រូវ​បាន​បម្រុង​សម្រាប់​ផ្តល់​ហិរញ្ញ​ប្ប​ទាន​ដល់​សហ​គ្រាស​ធុន​មីក្រូ តូច និងមធ្យម ដែលដឹកនាំដោយស្ត្រី។បន្ថែមលើនេះ ធនាគារ ADB ក៏ជួយធនាគារ CP Bank ក្នុងការបញ្ជ្រាបសមភាពយេនឌ័រ និង​ការ​ពង្រឹង​សិទ្ធិអំណាចរបស់ស្ត្រីទៅក្នុងសកម្មភាពអាជីវកម្មរបស់ខ្លួន តាមរយៈការ​បង្កើត​ផែន​ការ​សកម្ម​ភា​ពយេនឌ័រ និងការតែងតាំងជនបង្គោលផ្នែកយេនឌ័រក្នុងចំណោមបុគ្គលិក៕ អត្ថបទ៖ទូច សោភ័ណ 

សម្ដេចធិបតី៖ រយៈពេលជាងមួយឆ្នាំនេះ ពលរដ្ឋបានចូលជាសមាជិក ប.ស.ស មានការកើនឡើងច្រើន

2024/12/10 12:44:32 pm        99
ក្នុងឱកាសអញ្ជើញជាអធិបតី បើកការដ្ឋានសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤នេះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បញ្ជាក់ថា រយៈពេលជាងមួយឆ្នាំនេះ ប្រជាពលរដ្ឋដែលបានចុះឈ្មោះចូលជាសមាជិក ប.ស.ស មានការកើនឡើងច្រើន ជាពិសេសពលរដ្ឋនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលមានចំនួនកើនឡើងពី៤ម៉ឺននាក់ ដល់ជិត ៦០ ម៉ឺននាក់ក្នុងរយៈពេលជាងមួយឆ្នាំមកនេះ។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដីមានប្រសាសន៍បញ្ជាក់ថា គិតមកដល់បច្ចុប្បន្នរាជរដ្ឋាភិបាលបានពង្រីក និងពង្រឹងហេដ្ឋារចនាសម្ព័ន្ធ និងសេវាសុខាភិបាលមានដូចជាមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពទៅដល់បណ្ដា ភូមិ ឃុំ ស្រុក នៅមូលដ្ឋានគ្រប់រាជធានី-ខេត្ត ដោយគិតត្រឹមឆ្នាំ២០២៣ ទូទាំងប្រទេសមានមន្ទីរពេទ្យបង្អែកចំនួន ១២៥ កន្លែង, មណ្ឌលសុខភាពចំនួន ១២១៦ កន្លែង និងប៉ុស្ដិ៍សុខភាពចំនួន ១៣១ កន្លែង។ សម្ដេចធិបតីមានប្រសាសន៍បន្តថា ក្រៅពីនោះរាជរដ្ឋាភិបាលបានដាក់គោលដៅដើម្បីពង្រឹងវិស័យសុខាភិបាលដោយផ្ដោតលើការលើកកម្ពស់គុណភាព សេវាសុខាភិបាល និងពង្រីកវិសាលភាពក្របដណ្ដប់នៃសេវាសុខាភិបាលសម្រាប់ប្រជាជនរួមទាំងប្រជាពលរដ្ឋនៅក្នុងគ្រួសារងាយរងហានិភ័យ និងប្រជាជនដែលមានសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ក្នុងនោះក្រោយពីការបង្កើតមន្ទីរពេទ្យ មណ្ឌលសុខភាព ប៉ុស្ដិ៍សុខភាព គឺរាជរដ្ឋាភិបាលបន្តបង្កលទ្ធភាពដល់ប្រជាពលរដ្ឋអាចទៅព្យាបាលបានតាមរយៈបណ្ណសមធម៌ ប.ស.ស ស្របតាមគោលដៅ គ្មានប្រជាពលរដ្ឋណាម្នាក់មិនទទួលបានសេវាសុខភាពនោះទេ។សម្ដេចធិបតីនាយករដ្ឋមន្រ្ដីមានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលបង្កើតរបបសន្ដិសុខសង្គម ប.ស.ស ជូនដល់ប្រជាពលរដ្ឋ គឺដូចជាការបង្កើតបណ្ណធានារ៉ាប់រងសុខភាពសម្រាប់ប្រជាពលរដ្ឋ និងមន្រ្ដីរាជការ ដើម្បីចូលរួមកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋក្នុងការចំណាយថ្លៃសម្រាកព្យាបាលនៅមន្ទីរពេទ្យពេលត្រូវការសេវាព្យាបាលនានា។ ក្រៅពីនេះក៏មានការផ្ដល់ជូននៅប្រាក់សោធននិវត្តន៍សម្រាប់បងប្អូនជាកម្មករនិយោជិតដែលជាសមាជិក ប.ស.ស ផងដែរ៕អត្ថបទ៖ វ៉ន ដារ៉ា

សម្តេចធិបតី ណែនាំដល់ស្ថាប័នរដ្ឋ និងវិស័យឯកជន ត្រូវបង្កើនការវិនិយោគលើការបណ្ដុះបណ្ដាលគ្រូពេទ្យ

2024/12/10 12:22:57 pm        181
ក្នុងឱកាសអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ ណែនាំដល់ក្រសួងសុខាភិបាល និងវិស័យឯកជនដែលកំពុងប្រកបរបបលើការផ្ដល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ គឺត្រូវបង្កើនការវិនិយោគលើការបណ្ដុះបណ្ដាលគ្រូពេទ្យរបស់ខ្លួនឱ្យមានសមត្ថភាពខ្ពស់ អាចផ្ដល់សេវាល្អជូនដល់ប្រជាពលរដ្ឋ។ សម្ដេចធីបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍នៅក្នុងឱកាសនោះថា គ្រូពេទ្យពូកែម្នាក់ គឺជាទ្រព្យសកម្មមួយរបស់ស្ថាប័នពេទ្យទាំងរដ្ឋ និងឯកជន ពីព្រោះនៅពេលមន្ទីរពេទ្យមួយមានគ្រូពេទ្យខ្លាំងម្នាក់ គឺស្នើនឹងមានគ្រូពេទ្យធម្មតារហូតទៅដល់១០នាក់ ដែលនេះគឺជាអ្វីដែលស្ថាប័នរដ្ឋ និងវិស័យឯកជនត្រូវបង្កើនការវិនិយោគទៅលើសមត្ថភាពគ្រូពេទ្យ។ សម្ដេចធិបតី ក៏បានរម្លឹកទៅដល់ការប្រឡងជ្រើសរើស សិស្ស-និស្សិតពេទ្យផងដែរ។ សម្ដេចផ្ដាំមិនឱ្យមានការជ្រើរើសនិស្សិតពេទ្យជាប់ចូលរៀនដោយមិនមានការប្រឡងឡើយ។ សម្ដេចក៏បានផ្ដាំដល់និស្សិតពេទ្យត្រូវចង់ចាំថា អាជីពគ្រូពេទ្យ គឺកំពុងដើរតួនាទីជាទេវាតា ពីព្រោះធ្វើការងារទេវតា គឺសង្គ្រោះប្រជាពលរដ្ឋដែលមានជំងឺ ដូច្នេះគ្រូត្រូវប្រកាន់ភ្ជាប់នូវជំនាញបច្ចេកទេស និងក្រមសីលធម៌ វិជ្ជាជីវៈ។ក្នុងឱកាសនោះសម្តេចធិបតី នាយករដ្ឋមន្រ្ដី បានផ្ដល់អនុសាសន៍ដល់ក្រសួងសុខាភិបាល និងវិស័យឯកជនធ្វើការងារលើការផ្ដល់សេវាសុខាភិបាល ត្រូវការធ្វើការកែទម្រង់ប្រព័ន្ធសិក្សាឱ្យកាន់តែល្អប្រសើរតាមរយៈការបន្តអភិវឌ្ឍ និងធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សាដោយឈរលើសមត្ថភាពស្នូលជាគោល និងផ្ដោតការយកចិត្តទុកដាក់បន្ថែមទាំងជំនាញបច្ចេកទេ ជំនាញរឹង និងជំនាញទន់ ជាពិសេសការធ្វើការងារជាក្រុម ការគោរពវិន័យ និងក្រមសីលធម៌វិជ្ជាជីវៈក្នុងពេលបម្រើសេវាជូនដល់ប្រជាពលរដ្ឋនៅតាមសុខាភិបាលរដ្ឋ និងឯកជន៕អត្ថបទ៖ វ៉ន ដារ៉ា 

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី អញ្ជើញជួបជាមួយឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា ក្នុងជំនួបសម្តែងការគួរសម និងជម្រាបលា

2024/12/10 12:07:08 pm        87
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ ជួបជាមួយ ឯកឧត្តម ង្វៀន ហ៊ុយ តាំង (Nguyen Huy Tang) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសន្តិភាព។

សម្តេចធិបតី ណែនាំឱ្យក្រសួងសុខាភិបាល ពិនិត្យការផ្ដល់អាជ្ញាបណ្ណសេវាសុខាភិបាលឱ្យបានច្បាស់លាស់

2024/12/10 11:59:09 am        128
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានណែនាំឱ្យក្រសួងសុខាភិបាល ពិនិត្យ គ្រប់គ្រងការផ្ដល់អាជ្ញាបណ្ណសេវាសុខាភិបាលឱ្យបានច្បាស់លាស់ ដើម្បី​បញ្ចៀសនូវការ​បង្ក​បញ្ហាគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋដែលជាអ្នកទទួលសេវាសុខាភិបាល ។ក្នុងពេលអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់​មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្ត្រ​សុខាភិបាល នៅក្នុងខណ្ឌសែនសុខ នាព្រឹកថ្ងៃទី១០ ខែធ្នូ នេះ ជាមួយនឹងការកោតសរសើរ​ពីវឌ្ឍនភាព​ខាងវិស័យសុខាភិបាល ជាពិសេសការបង្កើនគុណភាពសេវាសុខាភិបាល និងផ្តល់អាទិភាពឱ្យបង្កើនធនធានមនុស្សដល់វិស័យជាអាទិភាពមួយនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំថា ក្រសួងសុខាភិបាលត្រូវយកចិត្តទុកដាក់លើការគ្រប់គ្រងក្រមសីលធម៌ និងគ្រប់គ្រងការផ្ដល់អាជ្ញាបណ្ណសេវាសុខាភិបាលឱ្យបានច្បាស់លាស់ ព្រោះការគិតគូរ​អំពី​សុខភាពមនុស្ស ជា កិច្ចការសំខាន់ ដោយគិតទាំងបរិមាណ គុណភាព ការពង្រឹងក្រមសីលធម៌​វិជ្ជាជីវៈ ពង្រឹងក្រមប្រតិបត្តិ ជាពិសេស អ្នកផ្តល់សេវាសុខាភិបាល ទាំងរដ្ឋ និងឯកជន ។សូមបញ្ជាក់ថា ចាប់ពីខែធ្នូ ឆ្នាំ២០០១ រហូតដល់បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា បានសម្រេច​ឱ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល​ ប្រែក្លាយជាគ្រឹះស្ថានសាធារណៈរដ្ឋបាល និង​បានខិតខំប្រឹងប្រែងអភិវឌ្ឍន៍​ឥតឈប់ឈរ ទាំងធនធានសាស្រ្តាចារ្យ គ្រូឧទេ្ទស អគារសិក្សា និងសម្ភារ បរិក្ខារ សម្រាប់ការរៀន និងបង្រៀន។ សាកលវិទ្យាល័យ តែងតែសហការល្អជាមួយ​មន្ទីរពេទ្យជាតិ និងខេត្តធំៗ​ និងដៃគូរអន្តរជាតិ​ នានាដើម្បីបញ្ជូននិសិ្សតទៅធ្វើកម្ម សិក្សាគ្លីនិក និងអនុវត្តជាក់ស្តែង។ ក្នុងគោលបំណងចូលរួមពង្រឹងគុណភាពនៃការអប់រំក្នុងវិស័យសុខាភិបាលនិងលើកកម្ពស់គុណភាពនៃការផ្តល់សេវាសុខភាពនៅកម្ពុជាឱ្យកាន់តែមានស្តង់ដារខ្ពស់ថែមទៀត និងដោយមានការគាំទ្រ​ពីក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ និងក្រសួងសុខាភិបាល នៅឆ្នាំ២០១៣ សាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល(ស.វ.ស) បានស្នើសុំ ​បង្កើតនូវមន្ទីរពេទ្យសាកលវិទ្យាល័យ ដែល​ជាគ្រឹះស្ថាន​ផ្តល់សេវាសុខាភិបាលមួយ ស្ថិតនៅក្រោមការគ្រប់គ្រង របស់សាកលវិទ្យាល័យ ហើយមានតួនាទីទាំងធ្វើការផ្តល់សេវា ថែទាំព្យាបាលផង ទាំងបណ្តុះបណ្តាលទ្រឹស្តី និង អនុវត្តផង និងទាំងធ្វើការងារស្រាវជ្រាវលើវិស័យសុខាភិបាលផងដែរ ៕ អត្ថបទ៖ មុត សុទ្ធ  

សម្តេចធិបតី ប្រកាសថា រាជរដ្ឋាភិបាលនឹងពង្រីកវិសាលភាព សេវាសុខាភិបាលគ្រប់ទីកន្លែងទាំងអស់

2024/12/10 11:26:22 am        152
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាលនឹង​ពង្រីក​គ្របដណ្តប់​វិសាលភាពផ្តល់សេវាសុខាភិបាលបន្ថែមទៀត ​ពោលគឺឲ្យគ្រប់​ច្រកល្ហក​ទាំងអស់ ទៅ​តាមយន្តការជំនួយ សង្គមផ្សេងៗ បន្ថែមពីនេះទៀត​នឹងខិងខំលើកកម្ពស់គុណភាពផ្តល់​សេវាកម្ម​សុខាភិបាលជូន​ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព ​គុណភាព​ ដូចជា​ការ​ផ្តល់​ផ្នែក​ឱសថស្ថាន និងបំពាក់នូវ​ឧបករណ៍​វេជ្ជសាស្ត្រ​ទំនើបៗ​ជាដើម។ក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកការដ្ឋានសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្រ្ត​សុខាភិបាល​ ដែលស្ថិតនៅតាមបណ្តោយមហាវិថីមិត្តភាពភ្នំពេញ-ហាណូយភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ក្នុងរយៈពេលជាង១៥ខែក្រោយរាជរដ្ឋាភិបាលអាណត្តិទី៧ កើតឡើង គឺរាជរដ្ឋាភិបាលបានពង្រីកវិសាលភាពសុខាភិបាលបានកាន់តែច្រើន ក្នុងនោះមានមន្ទីរពេទ្យបង្អែក​ចំនួន១២៥, មណ្ឌលសុខ ភាព និងប៉ុស្តិ៍សុខភាពជាច្រើនទៀត។​ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ​រាជរដ្ឋាភិបាលនឹងខិតខំពង្រីកនូវ វិសាលភាពសេវាកម្មបម្រើសុខាភិបាលនេះឲ្យកាន់តែច្រើន និង​កាន់តែទំនើបបន្ថែមទៀត ទាំង​ថ្នាំ ដង្កូវ​ សម្ភារបរិក្ខាជាដើម ដើម្បីធ្វើយ៉ាងណា​ឲ្យបងប្អូន​ប្រជាពលរដ្ឋ ​ទទួល​បានសេវាសុខភាពនេះ ដូចប្រទេសជិតខាងយ៉ាងដូច្នេះដែរ។សម្តេចធិបតី ​ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្រ្តីនៃកម្ពុជា​ បានបន្ថែមទៀតថា​ សេវា​សុខាភិបាល​គឺ​សំខាន់ខ្លាំងណាស់សម្រាប់ប្រជាពលរដ្ឋគ្រប់រូប​ មិនថា​ពួកគាត់នៅទីណានោះទេ គឺពួកគាត់​ត្រូវការខ្លាំង​បំផុត​គឺ​សុខភាព​នេះឯង​ ដោយត្រូវបង្ការ ​និងព្យាបាលឲ្យបានទាន់ពេលវេលា ដូច្នេះសេវា​កម្មបម្រើសុខភាពជូន​ពួកគាត់គឺជាកត្តាចាំបាច់បំផុត ​ទាំងគុណភាព វិជ្ជាជីវៈ និងក្រមសីលធម៌។ ដើម្បីធានាសេវាកម្មបម្រើ សុខាភិបាលជូនប្រជាពលរដ្ឋឲ្យបានកាន់តែល្អប្រសើរបន្ថែមទៀតនោះ សម្តេចធិបតី នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បាន​ណែនាំឲ្យក្រសួង​សុខាភិបាលបន្តយកចិត្តទុកដាក់​លើការ​វិនិយោគ ​ថ្នាំព្យាបាលបន្ថែមទៀត​ដោយត្រូវធានាទាំងបរិមាណ និង​គុណភាព​ថ្នាំ​សម្រាប់​ការ​ផ្គត់ផ្គង់​ទៅតាមមន្ទីរពេទ្យនានា​ នៅទូទាំងប្រទេសផងដែរ៕ អត្ថបទ៖ បាន ចក់ 

សម្ដេចនាយករដ្ឋមន្រ្តី ណែនាំឲ្យក្រសួងសុខាភិបាល បន្តតាមដានត្រួតពិនិត្យបន្ថែមទៀត ចំពោះការលក់ផលិតផលតាមអនឡាញ

2024/12/10 11:16:04 am        93
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំឲ្យក្រសួងសុខាភិបាលបន្តតាមដាន និង ត្រួតពិនិត្យបន្ថែមទៀតចំពោះផលិតផល ដែលលក់នៅតាមបណ្តាញសង្គមហ្វេសបុក ឬហៅថា អនឡាញ ខណៈផលិតផលខ្លះ ហាក់បីដូចជាមិនមានគុណភាព និងអាជ្ញាបណ្ណត្រឹមត្រូវនោះ។ក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកការដ្ឋាន សាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដែលស្ថិតនៅតាមបណ្តោយមហាវិថីមិត្តភាពភ្នំពេញ-ហាណូយភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សូមឲ្យមានការចូលរួមពីគ្រប់ភាគីទំាងអស់ មុននឹងយកផលិផលអ្វីមកលក់​គប្បី​ជួយ​ត្រួតពិនិត្យឲ្យបានត្រឹមត្រូវ ដើម្បីបង្ការសុខភាពជូនដល់បងប្អូនប្រជាពលរដ្ឋ។សម្តេចធិបតីនាយករដ្ឋមន្រ្តី ក៏បានឲ្យដឹងផងដែរថា​ កាលពីសប្តាហ៍មុនសម្តេច បានសម្រេចឲ្យដក ច្បាប់មួយ (អាជ្ញាបណ្ណ) ដែលបំរុងឲ្យសម្តេចចុះហត្ថលេខាឆ្លង ដោយច្បាប់នោះ គឺការលក់ផលិតផលវិការៈ (ផលិតផល​កែសម្ផស្ស​)។ សម្តេចបានលើកឡើងទៀតថា ផលិតផលខ្លះយកមកពីស្រុកគេ ក្រោយមកត្រូវបានរកនូវ ភាព​មិន​ប្រក្រតី ដោយអាចធ្វើឲ្យប៉ះពាល់ដល់អ្នកប្រើប្រាស់ ​ដូច្នេះត្រូវតែធ្វើការត្រួត​ពិនិត្យ​ឲ្យបាន​ត្រឹមត្រូវ និងត្រូវចាត់វិធានការជាបន្ទាន់ចំពោះផលិតផលទាំងនោះមិនថា ​ខាងផ្នែកឱសថ ផលិតផលកែសម្ផស្ស ឬអាហារបំប៉នអ្វីនោះទេ៕អត្ថបទបាន ចក់

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល

2024/12/10 09:19:28 am        172
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញអធិបតីភាព បើកការដ្ឋានសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល នៅខណ្ឌសែនសុខ ។ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖-សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ការកសាងទីតាំងទី៣ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដើម្បីពង្រីកការផ្ដល់សេវាសុខភាព ការបណ្ដុះបណ្ដាល សំដៅកែលម្អស្ថានភាពសុខភាពពលរដ្ឋ នាពេលបច្ចុប្បន្ន ដើម្បីធានាបាននូវសុខភាពល្អ ។-សម្តេចធិបតីនាយករដ្ឋមន្រ្តីនៃកម្ពុជា ថ្លែងអំណរគុណ និងកោត​សរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកគ្រូ និងអ្នកគ្រូពេទ្យនាពេលកន្លងមក ដែលបានយកចិត្តទុកដាក់ ខ្ពស់ចំពោះការបម្រើសេវាសុខភាពជូនដល់ប្រជាពលរដ្ឋនោះ។-សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសជាថ្មីម្តងទៀតថា ធនធានមនុស្សគឺជា កត្តា​អាទិភាព​ធំជាងគេ សម្រាប់អភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលគ្រប់ជំនាន់ ហើយរាជរដ្ឋាភិបាលអាណត្តិទី៧នេះ គឺចាត់ទុកធនធានមនុស្សគឺជាទ្រព្យសម្បត្តិយ៉ាងធំ។-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី ៖យើងចង់បានគោលនយោបាយសុខាភិបាលដែលរឹងមាំ គឺយើងត្រូវដាក់ចេញនូវគោលនយោបាយជាក់ស្ដែង គឺមិនមែនគ្រាន់តែចង់ហើយមិនធ្វើនោះទេ ខណៈមកដល់ម៉ោងនេះ កម្ពុជាមានមន្ទីរពេទ្យបង្អែក ១២៥ កន្លែង។-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសជាថ្មីម្តងទៀតថា រាជរដ្ឋាភិបាលនឹងពង្រីកការផ្តល់សេវាសុខាភិបាលបន្ថែមទៀត ពោលគឺឲ្យគ្រប់ច្រកល្ហកទាំងអស់ ខណៈរាជរដ្ឋាភិបាលបានចាត់ទុកមនុស្សដែលមានសុខភាពល្អ គឺអាចជួយខ្លួនឯង ជួយគ្រួសារ និងសង្គមជាតិ។-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី៖ រាជរដ្ឋាភិបាលបង្កើត របបសន្ដិសុខសង្គម ប.ស.ស គឺដូចជាការបង្កើតបណ្ណធានារ៉ាប់រងសុខភាពសម្រាប់ប្រជាពលរដ្ឋ និងមន្រ្ដីរាជការ ដើម្បីចូលរួមកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ ក្នុងការចំណាយថ្លៃ សម្រាកព្យាបាលថ្លៃនៅមន្ទីរពេទ្យពេលត្រូវការសេវាព្យាបាល។-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី៖ រយៈពេលជាងមួយឆ្នាំ គិតមកដល់បច្ចុប្បន្ន មានបងប្អូនប្រជាពលរដ្ឋកំពុងរស់នៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធមានចំនួនជិត ៦០ ម៉ឺននាក់ បានចូលរួមជាសមាជិករបបសន្ដិសុខសង្គម ប.ស.ស។-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បញ្ជាក់ថា បច្ចុប្បន្នរាជរដ្ឋាភិបាលបានពង្រីកសេវាសុខាភិបាល មណ្ឌលសុខភាព ទៅដល់មូលដ្ឋានភូមិ ឃុំ អស់ហើយ ប៉ុន្ដែឥឡូវអ្វីដែលត្រូវពង្រឹងនោះ គឺគុណភាពក្នុងការផ្ដល់សេវាល្អដល់ប្រជាពលរដ្ឋ ដែលនេះគឺជាអ្វីដែលរាជរដ្ឋាភិបាលកំពុងពង្រឹងបន្ថែមទៀត។-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ មន្ទីរពេទ្យហ្លួងម៉ែ នឹងក្លាយជាមន្ទីរពេទ្យដែល មានឯកទេសព្យាបាលជំងឺមហារីកនាពេលឆាប់ៗខាងមុខនេះ។-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បានជំរុញឱ្យធ្វើទំនើបកម្មក្នុងការពិគ្រោះយោបល់ព្យាបាល ឬវះកាត់ពលរដ្ឋ ដែលមានជំងឺនៅតាមបណ្ដាខេត្ត ឱ្យបានទាន់ពេលវេលា ក្នុងនោះក្រសួងសុខាភិបាលត្រូវសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងគោលដៅធ្វើយ៉ាងណាផ្ដល់សេវាល្អ ព្យាបាលប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧នេះ បន្តផ្ដល់អាទិភាពដល់វិស័យសុខាភិបាល និងវិស័យអប់រំ ខណៈសម្ដេចបានផ្ដល់​គោលការណ៍​ដល់ក្រសួងសុខាភិបាល ក្នុងការជ្រើសរើសគ្រូពេទ្យបន្ថែម សម្រាប់បម្រើការនៅតាមបណ្ឌលសុខភាពនៅតាមភូមិ ឃុំ ឱ្យបានគ្រប់គ្រាន់។-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី ណែនាំឱ្យរដ្ឋមន្រ្ដីក្រសួងសុខាភិបាល យកចិត្តទុកដាក់លើការ​គ្រប់គ្រង អាជ្ញាបណ្ណមណ្ឌលសុខភាពឯកជន ជាពិសេសលើការអនុវត្តក្រមសីលធម៌ វិជ្ជាជីវៈរបស់គ្រូពេទ្យ។-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បានណែនាំដល់ក្រសួងអប់រំ យុវជន និងកីឡា ពិនិត្យមើលចំពោះការលក់ចំណីអាហារដល់កុមារតូចៗ នៅតាមសាលារៀន ជាពិសេសប្រភេទ​ភេសជ្ជ​ផ្អែម។-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី ផ្ដាំមិនឱ្យមានការជ្រើរើសនិស្សិតពេទ្យជាប់ ដោយមិនមានការប្រឡងឡើយ។ សម្ដេច ណែនាំដល់និស្សិតពេទ្យ ត្រូវចង់ចាំថា គ្រូពេទ្យ​កំពុងដើរតួនាទី ជាទេវាតាសង្គ្រោះពលរដ្ឋ ដែលមានជំងឺ ដូច្នេះត្រូវប្រកាន់ភ្ជាប់​នូវជំនាញបច្ចេកទេស និងក្រមសីលធម៌ វិជ្ជាជីវៈ។-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ប្រកាសស្វាគមន៍ចំពោះវិស័យឯកជនដែលចង់ វិនិយោគលើវិស័យសុខាភិបាលនៅកម្ពុជា។ សម្ដេចធិបតីបញ្ជាក់បន្ថែមថា ការវិនិយោគរបស់វិស័យ ឯកជនក្នុងផ្នែកសុខភាពសាធារណៈនេះ ត្រូវតែធានាឱ្យបាននូវគុណភាព។-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី ស្នើទាំងវិស័យឯកជន និងរដ្ឋ ត្រូវវិនិយោគទៅលើការបណ្ដុះបណ្ដាលបន្ថែមដល់គ្រូពេទ្យឱ្យបានច្រើន ដើម្បីរួមគ្នាជួយការពារថែរក្សា ព្យាបាលដល់ប្រជាពលរដ្ឋឱ្យទទួលបានប្រសិទ្ធភាព និងគុណភាពរឹតតែល្អបន្ថែមទៀត។

ឯកឧត្តម ហេង សួរ ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុនជប៉ុន

2024/12/09 11:05:18 pm        145
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន មីនេបៀ មីត្សូមី (Minebea Mitsumi) ដែលដឹកនាំដោយលោក យ៉ូស៊ីហ៊ីសា កៃនូម៉ា (Yoshihisa KAINUMA) អគ្គនាយកនៃក្រុមហ៊ុន Minebea Mitsumi។ នាឱកាសនោះឯកឧត្តម ហេង សួរ បានសម្តែងការស្វាគមន៍ និងអបអរសាទរចំពោះក្រុមហ៊ុន Minebea Mitsumi ដែលបង្កើតសាខាថ្មីរបស់ខ្លួននៅខេត្តពោធិ៍សាត់ ស្ថិតក្នុងស្រុកក្រគរ ដែលជារោងចក្រផលិត ដំឡើង និងបង្គុំសមាសធាតុជាក់លាក់គ្រឿងម៉ាស៊ីន និងមេកានិក។ ក្នុងន័យនេះ ឯកឧត្តម បានបញ្ជាក់ថា ក្រសួងត្រៀមរួចជាស្រេចក្នុងការផ្គត់ផ្គង់កម្លាំងពលកម្មសម្រាប់រោងចក្រថ្មីនេះ ក៏ដូចជាផ្តល់ការបណ្តុះបណ្តាលដល់កម្មករនិយោជិតរបស់ក្រុមហ៊ុនផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រី ចាត់ទុកប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន Minebea Mitsumi គឺជាគំរូអាជីវកម្មដ៏សំខាន់នៅកម្ពុជា ខណៈដែលការរីកចម្រើនរបស់ក្រុមហ៊ុនក៏ជាការរីកចម្រើនរបស់កម្ពុជាដូចគ្នាដែរ។ ជាការឆ្លើយតប លោក Yoshihisa KAINUMA បានថ្លែងអំណរគុណចំពោះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការគាំទ្រជាច្រើនសម្រាប់ប្រតិបត្តិការរបស់ក្រុមហ៊ុនជាបន្តបន្ទាប់ ជាពិសេសគម្រោងបង្កើតរោងចក្រថ្មី Minebea (Cambodia) នៅក្នុងខេត្តពោធិ៍សាត់ ដែលនឹងត្រូវចាប់ផ្តើមដំណើរការនាឆ្នាំ២០២៥ ខាងមុខនេះ។ លោកបានបញ្ជាក់ថា ក្រុមហ៊ុន Minebea Mitsumi នឹងបន្តធ្វើការជាមួយកម្ពុជាសម្រាប់ភាពរីកចម្រើន និងការអភិវឌ្ឍរួមគ្នា៕

ប្រជាសហគមន៍អេកូទេសចរណ៍ត្រពាំងសង្កែទទួលបានជំនាញ និងចំណេះដឹងថ្មីៗ ពីគម្រោង SCMF

2024/12/09 10:46:46 pm        154
កំពត ៖តាមរយៈគម្រោងជលផលសមុទ្រ និងតំបន់ឆ្នេរប្រកបដោយចីរភាព(SCMF) បានធ្វើឱ្យប្រជាសហគមន៍ត្រពាំងសង្កែមានជីវភាពធូធារជាងមុន តាមរយៈទទួលបានជំនាញ និងចំណេះដឹងថ្មីៗ។ ប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍អេកូទេសចរណ៍ត្រពាំងសង្កែ ស្ថិតនៅខេត្តកំពត នៅល្ងាចថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ២០២៤ បានប្រាប់BTVឱ្យដឹងថា បច្ចុប្បន្នជីវភាពរស់នៅរបស់ពួកគេធូធារជាងមុន បន្ទាប់ពីសហគមន៍ទទួលបានការជ្រោមជ្រែងពីគម្រោងជលផលសមុទ្រ និងតំបន់ឆ្នេរប្រកបដោយចីរភាព។ ពលរដ្ឋបន្តថា តាមរយៈគម្រោងនេះ ពួកគេទទួលបានចំណេះដឹងថ្មីៗ ពីរបៀបផ្តល់សេវាកម្មទេសចរណ៍ ការធ្វើវារីវប្បកម្ម និងការកែច្នៃផលនេសាទជាដើុំ ។ក្នុងពេលអញ្ជើញទស្សនកិច្ចនៅសហគមន៍អេកូទេសចរណ៍ត្រពាំងសង្កែ លោកស្រី Jyotsana Varma នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា(ADB) មានប្រសាសន៍ថា ការពិតទៅ គម្រោង SCMF មានលក្ខណៈពិសេសណាស់ សម្រាប់ADB ដោយសារយុទ្ធសាស្រ្ត៥ឆ្នាំទៀតរបស់ ADB ផ្តោតទៅលើ៣ចំណុចរួមមាន៖ទី១.វិបុលភាព ទី២.ប្រជាពលរដ្ឋ និងទី៣.ភពផែនដី។ លើសពីនេះ លោកស្រីបន្តថា មូលហេតុដែលគម្រោង SCMF ជ្រើសរើសយកសហគមន៍អេកូទេសចរណ៍ត្រពាំងសង្កែសម្រាប់អនុវត្តគម្រោង ព្រោះសហគមន៍នេះ កន្លងទៅទទួលបានជោគជ័យ នឹងចង់ជួយឱ្យសហគមន៍នេះកាន់តែជោគជ័យបន្ថែមទៀត តាមរយៈការផ្តល់ជំនាញ និងចំណេះដឹង និងជាគំរូដល់សហគមន៍ដដៃទៀត។លោកបណ្ឌិត ខូវ គួង អគ្គនាយករងរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងដែរថា ដើម្បីបង្កើនភាពធន់នឹងអាកាសធាតុ និងនិរន្តរភាពនៃជលផលតំបន់ឆ្នេរ និងសមុទ្រ គម្រោង SCMF បានកំណត់អនុវត្តសកម្មភាពក្នុងសមាគមសហគមន៍នេសាទចំនួន ២៥ និងតំបន់ការពារសហគមន៍ចំនួន ១៥ ដែលស្ថិតនៅខេត្តជាប់មាត់សមុទ្រនៃប្រទេសកម្ពុជា។លើសពីនេះ លោកបណ្ឌិត បានអរគុណដល់ធនាគារអភិវឌ្ឍន៍អាស៊ី និងទីភ្នាក់ងារអភិវឌ្ឍន៍បារាំងដែលតែងតែ គាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា និងជាពិសេសរដ្ឋបាលជលផល។គួរបញ្ជាក់ដែរថា គម្រោងជលផលសមុទ្រ និងតំបន់ឆ្នេរប្រកបដោយចីរភាព (SCMF) បានចាប់អនុវត្តពីខែធ្នូ ឆ្នាំ ២០២២ រហូតដល់ខែសីហា ឆ្នាំ ២០២៩ ដោយប្រើប្រាស់កញ្ចប់ហិរញ្ញប្បទាន ៧៣លានដុល្លារពីធនាគារADB ក្នុងនោះ ៥១ លានដុល្លារជាប្រាក់កម្ចី និង ២២ លានដុល្លារជាជំនួយឥតសំណង និងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង ២0 លានដុល្លារ។ អត្ថបទ៖ទូច សោភ័ណ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ្នកនាំពាក្យសម្តេចតេជោ ចំអកទៅអ្នកនាំពាក្យក្រសួងការទេសថៃថា ពិតជាមិនចេះខ្មាស់មែន!
06/17/2025 12:06 AM
ទិវាជាតិ ធីវ៉េត លើកទី៨ ឆ្នាំនេះ ទទួលបានអ្នកចូលរួម និងអ្នកទស្សនាសរុបចំនួនប្រមាណ ៧ម៉ឺននាក់ នៅទូទាំងប្រទេស
06/16/2025 09:06 PM
គ.ជ.អ.អ បើកកិច្ចប្រជុំលើកដំបូងដើម្បីជំរុញការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍
06/16/2025 09:06 PM
ក្តីសង្ឃឹម និងក្តីសាទរបានកើតមាននៅតំបន់កាស្មៀរប្រទេសឥណ្ឌា ខណៈតំបន់ទេសចរណ៍បើកឡើងវិញ
06/16/2025 08:06 PM
ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលបានភៀសខ្លួនទៅទីសុវត្ថិភាពបណ្ដោះអាសន្ននៅខេត្តព្រះវិហារ
06/16/2025 08:06 PM
លោក Netanyahu៖ កងទ័ពអាកាសអ៊ីស្រាអែល គ្រប់គ្រងបានដែនអាកាសលើទីក្រុងតេអេរ៉ង់
06/16/2025 08:06 PM
ជនប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា នាំគ្នាកាន់ទុក្ខអ្នកដែលត្រូវបានសម្លាប់ដោយការវាយប្រហាររបស់អ៊ីស្រាអែល
06/16/2025 08:06 PM
អ៊ុយក្រែន៖ ការធ្វើមាតុភូមិនិវត្តន៍នៃអ្នកស្លាប់ក្នុងសង្រ្គាម ចប់ហើយ ក្រោយទទួលបានសព ១.២៤៥នាក់ទៀតពីរុស្ស៊ី
06/16/2025 08:06 PM
វិមានក្រឹមឡាំង៖ ទាំងលោក Putin និងលោក Erdogan ថ្កោលទោសវិធានការរបស់អ៊ីស្រាអែល លើអ៊ីរ៉ង់
06/16/2025 08:06 PM
អ៊ីស្រាអែលរិះគន់ការសម្រេចរបស់បារាំង ក្នុងការបាំងស្តង់ពិព័រណ៍យន្តហោះ នៅក្រុងប៉ារីស
06/16/2025 08:06 PM