កូរ៉េបង្ហាញឆន្ទៈបន្តថែរក្សាពាណិជ្ជកម្មទ្វេភាគី និងបន្តជំរុញធុរកិច្ចខ្លួនមកវិនិយោគនៅកម្ពុជាបន្ថែម
សម្តេចធិបតី៖ រាជរដ្ឋាភិបាលបាននឹងកំពុងខិតខំកែច្នៃប្រជាជនឱ្យក្លាយទៅជាមូលធនមនុស្សពិតប្រាកដ
សមត្ថកិច្ចចាប់ខ្លួនមនុស្ស៦នាក់ ករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងក្លែងបន្លំគណនីធនាគារ ឆបោកប្រាក់ជនរងគ្រោះ
ក្រុមហ៊ុន Mitsubishi Motors Cambodia ដាក់លក់ជាផ្លូវការរថយន្ត All-New Mitsubishi Destinator ប្រភេទ SUV លំដាប់ប្រណីត ៧ កៅអី

ព័ត៌មានជាតិ

សហគ្រាសក្នុងស្រុកកំពុងមមាញឹក ក្នុងដំណើរការផលិត និងវេចខ្ចប់ផលិតផលរុញចូលទីផ្សារ

2025/12/19 05:18:39 pm        155
ភ្នំពេញ ៖ សហគ្រាស និងសិប្បកម្មកែច្នៃ កំពុងមានភាពមមាញឹក នៅក្នុងកិច្ចដំណើរការខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន ផលិត និងវេចខ្ចប់ ឆ្លើយតបតម្រូវការទីផ្សារក្នុងស្រុកជំនួសការនាំចូល ជាពិសេសលើផលិតផលសម្រាប់ការហូបចុកប្រចាំថ្ងៃ ដើម្បីចូលរួមផ្គត់ផ្គត់ និងដោះ ស្រាយបញ្ហាកំពុងជួបប្រទះ។​ម្ចាស់សហគ្រាស និងវេចខ្ចប់ចំណីអាហារក្នុងស្រុក លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីកិច្ចដំណើរការខ្សែច្រវាក់ ផលិតកម្ម និងការផ្គត់ផ្គង់ផលិតផលក្នុងទីផ្សារ នេះថា ជុំវិញការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់យ៉ាងខ្លាំង តាមរយៈការលើកកម្ពស់សហគ្រាសធុនតូច និងមធ្យម និងសេដ្ឋកិច្ចក្រៅប្រព័ន្ធជាដើម រួមផ្សំនិងការ យកចិត្តទុករបស់ម្ចាស់អាជីវកម្ម តាមរយៈកិច្ចដំណើរការផលិត និងវេចខ្ចប់ជាផលិតផលដែលមានអនាម័យ និងគុណភាព បាននិង កំពុងឆ្លើយតបនៃការប្រើប្រាស់របស់ប្រជាពលរដ្ឋ។ ម្ចាស់អាជីវកម្មទាំងនេះ លើកឡើងបន្ថែមថា នៅក្នុងអន្តរកាលនៃជម្លោះព្រំដែនដែលបង្កដោយប្រទេសជិតខាង ខ្សែច្រវាក់ ផលិតកម្មក្នុងស្រុកបានចាប់ផ្តើមងើបឡើងជាបណ្តើរៗ ដោយបាននិងកំពុងជំរុញផលិតទំនិញបម្រើតម្រូវការទីផ្សារ និងបានបង្ហាញ ឱ្យឃើញនូវភាពរឹងមាំ ក្នុងកិច្ចដំណើរការអាជីវកម្ម ជាពិសេសផលិត និងវេចខ្ចប់ផលិតផលបម្រើដល់ការហូបចុកប្រចាំថ្ងៃដូចជា ការផលិត និងកែច្នៃម្ហូបអាហារ, គ្រឿងទេស, គ្រឿងឧបភោគ-បរិភោគផ្សេងៗជាដើម ព្រមទាំងការជំរុញបង្កើតនូវផលិតផល ថ្មីៗឱ្យកាន់តែសម្បូរបែប ដើម្បីភាពរីកម្រើននៅក្នុងប្រទេស។លោកស្រី យូ បូរី អនុប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា លើកឡើងថា ស្របពេលការផ្ទុះឡើងនូវជម្លោះព្រំដែន ដែលបង្ក ឡើងដោយប្រទេសជិតខាងនេះ សម្រាប់សហគ្រាសក្នុងស្រុក បានកំពុងប្រែក្លាយបញ្ហាប្រឈមឲ្យក្លាយទៅជាកាលានុវត្តភាព ដល់ ម្ចាស់សហគ្រិនជាស្រ្តី នៅក្នុងកិច្ចដំណើរការអាជីវកម្មរបស់ខ្លួន ក្នុងការផលិត និងកែច្នៃផលិតផលសម្រាប់រុញចូលទីផ្សារ គាំទ្រដល់ ការប្រើប្រាស់ផលិតផលក្នុងស្រុក ដែលក្នុងនោះការផលិតរបស់សហគ្រិនជាស្រ្តី បានហក់ឡើងយ៉ាងខ្លាំង បើធៀបទៅរយៈពេលមុន វិបត្តិ ស្របពេលស្មារតីសេ្នហាជាតិ និងចលនារួបរួមជាតិកំពុងមានសម្ទុះខ្លាំងក្លា។សូមបញ្ជាក់ថា ជុំវិញផលិតផលខ្មែរនេះ នៅក្នុងកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញ នូវយុទ្ធសាស្រ្តជំរុញការប្រើប្រាស់ផលិតផលខ្មែរនៅទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ តាមរយៈការរៀបចំពិព័រណ៍ក្នុងស្រុក និងអន្តរ ជាតិនានា ព្រមទាំងជួយដល់វិស័យឯកជន ក្នុងការបង្កើតសភាពាណិជ្ជកម្មនៅតាមបណ្តារាជធានី-ខេត្ត និងបណ្តាសភាពាណិជ្ជកម្ម នៅក្រៅប្រទេសដូច ការបង្កើតសមាគមតាមមុខរបរ និងផលិតផល ដើម្បីចូលរួមចំណែកខ្សែច្រវាក់ផ្គត់ផ្គង់ និងចាប់យកឱកាស ពាណិជ្ជកម្មជាដើម៕អត្ថបទ៖ សុន រ៉ាឌី

រសៀលនេះទាហានថៃបន្តប្រើយន្តហោះF-16 ទម្លាក់គ្រាប់បែកនៅភូមិសាស្ត្រពាក់ស្បែកនិងបាញ់ផ្លោងជាច្រើនកន្លែងទៀតនៅតាមព្រំដែន

2025/12/19 05:14:58 pm        536
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានប្រកាសឲ្យដឹងថា រហូតដល់រសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥នេះទាហានឈ្លានពានថៃ បានបន្តប្រើប្រាស់យន្តហោះចម្បាំងទម្លាក់គ្រាប់បែកនៅភូមិសាស្ត្រពាក់ស្បែក ខេត្តព្រះវិហារ និងប្រើប្រាស់ដ្រូន អាវុធធុនធ្ងន់បាញ់ផ្លោងលើ ដែនអធិបតេយ្យកម្ពុជាជាច្រើនកន្លែងទៀតនៅភូមិសាស្រ្តយោធភូមិភាគីទី៤ និងភូមិភាគទី៥។ ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥នេះ ស្តីពីបច្ចុប្បន្នភាពនៃទង្វើ ឈ្លានពានរបស់ទាហានថៃនោះ លោកជំទាវម៉ាលី សុជាតា បានបញ្ជាក់ថានៅម៉ោងជាងបីរសៀលនេះ យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែក នៅភូមិសាស្ត្រ ពាក់ស្បែក ខេត្តព្រះវិហារ បន្តបាញ់កាំភ្លើងធំចូលអូរភ្លុកដំរី ឃុំថ្មដា ខេត្តពោធិ៍សាត់ និងបាញ់ចូលផ្ទះប្រជាជនស៊ីវិលនៅភូមិសាស្រ្ត បឹងត្រកួន ភូមិសាស្រ្តស្វាយគរ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បាញ់ចូលផ្ទះអ្នកភូមិនៅព្រៃចាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងតំបន់មួយចំនួនទៀតផងដែរ។​នៅក្នុងសន្និសីទព័ត៌មានខាងលើនេះដែរ លោកជំទាវម៉ាលី សុជាតា បានលើកឡើងទៀតថា ម្តងហើយម្តងទៀត កងទ័ពថៃតែងតែយកលេស និងប្រើប្រាស់គ្រប់ឧបាយកល ដើម្បីលាក់កម្បាំងទង្វើ ឈ្លានពានរបស់ខ្លួនមកលើអធិបយតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជាដោយបំពានយ៉ាងកំរោលទៅលើច្បាប់អន្តរជាតិ។ ទង្វើឈ្លានពានរបស់កងទ័ពថៃមកលើកម្ពុជាដ៏ឃោរឃៅ រួមទាំងការប្រើប្រាស់អាវុធ យុទ្ធោបករណ៍ធុនធ្ងន់ និងមានកម្រិតបំផ្លាញខ្ពស់ដូចជា យន្តហោះចម្បាំង F-16, នាវាចម្បាំង, កាំភ្លើងធំ គ្រប់ប្រភេទ, គ្រាប់បែកចង្កោម, ផ្សែងពុល, ដ្រូនគ្រប់ប្រភេទ និងអាវុធធុនធ្ងន់ជាច្រើនទៀត មកវាយប្រហារលើកម្ពុជា ជាពិសេសទៅលើជនស៊ីវិល និងបេតិកភណ្ឌដែលជាសម្បត្តិរបស់មនុស្សជាតិ បានបញ្ជាក់យ៉ាងច្បាស់ក្រឡែតថា ថៃគឺជារដ្ឋដែលបំពានច្បាប់អន្តរជាតិ ជារដ្ឋដែលបំផ្លាញសន្តិភាព និងសន្តិសុខ មិនត្រឹមតែរវាងជាមួយកម្ពុជាប៉ុណ្ណោះទេប៉ុន្តែតំបន់ទាំងមូល ដើម្បីបម្រើមហិច្ឆតាឈ្លានពាន មិនចេះឆ្អែតឆ្អន់របស់ខ្លួនមកលើប្រទេសដែលតូច និងខ្សោយជាងខ្លួនប៉ុណ្ណោះ។ ជាមួយគ្នានោះដែរអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ក៏បានបន្តអំពាវនាវឱ្យកងទ័ពថៃបញ្ឈប់ជាបន្ទាន់នូវទង្វើភូតកុហកបោកប្រាស់បំភ្លៃការពិតមិនចេះចប់មិនចេះហើយ ហើយងាកមករកមាគ៌ាសន្តិភាពឡើងវិញតាមរយៈការបញ្ឈប់ទង្វើឈ្លានពានរបស់ខ្លួន គោរពបទឈប់បាញ់ដែលខ្លួនបានបំពាន និងអនុវត្តឡើងវិញនូវសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជា និង ថៃ។ កងទ័ពថៃត្រូវបង្ហាញអំពីភាពស្មោះត្រង់របស់ខ្លួនប្រកបដោយតម្លាភាព និងសុច្ឆន្ទៈដោយស្តែងចេញ តមរយៈទង្វើដែលមានការទទួលខុសត្រូវខ្ពស់ និងគោរពច្បាប់អន្តរជាតិឱ្យបានម៉ឺងម៉ាត់ មិនមែនតាម រយៈវោហារស័ព្ទ និងការភូតកុហកនោះទេ៕

កម្ពុជា-ជប៉ុន ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការ លើគ្រប់វិសាលភាព នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

2025/12/19 05:06:18 pm        133
កម្ពុជា និងជប៉ុន ព្រមទាំងការប្តេជ្ញាចិត្តរួមគ្នាក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើគ្រប់វិសាលភាពនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ឯកឧត្តមឯកអគ្គរាជទូតកម្ពុជា អញ្ជើញជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវ KUNIMITSU Ayano អនុរដ្ឋមន្ត្រីការបរទេសជប៉ុន នៃក្រសួងការបរទេសជប៉ុន ក្នុងជំនួបសម្តែងការគួរសមនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ជុំ សុន្ទរី ឯកអគ្គរាជទូតតែងតាំងនៃព្រះ រាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន បានអញ្ជើញជួបពិភាក្សាការងារប្រកបដោយន័យស្ថាបនាជាមួយ លោកជំទាវ KUNIMITSU Ayano អនុរដ្ឋមន្ត្រីការបរទេស នៃក្រសួងការបរទេសជប៉ុន។ឯកឧត្តមឯកអគ្គរាជទូត បានសម្តែងការកោតសរសើរចំពោះការគាំទ្រជាបន្តបន្ទាប់របស់ជប៉ុន និងបានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការជំរុញភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កម្ពុជា-ជប៉ុន និងការអនុវត្តកញ្ចប់សហបង្កើតសេដ្ឋកិច្ចកម្ពុជា-ជប៉ុន។ ក្នុងអំឡុងពេលនៃជំនួបពិភាក្សា ឯកឧត្តមឯកអគ្គរាជទូត បានគូសបញ្ជាក់អំពីអាទិភាពសំខាន់ៗសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី រួមទាំង ទិសដៅរួមនៃកិច្ចសន្ទនានយោបាយ ភាពជាដៃគូសេដ្ឋកិច្ច ការផ្លាស់ប្តូរប្រជាជននិងប្រជាជន កិច្ចសហប្រតិបត្តិការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់។ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈគ្នាលើការវិវឌ្ឍថ្មីៗនៃផលប្រយោជន៍ទៅវិញទៅមក និងបានគូសបញ្ជាក់ អំពីសារៈសំខាន់នៃការរក្សាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ដើម្បីធានាសន្តិភាព ស្ថិរភាព និងកំណើនប្រកបដោយចីរភាពនៅក្នុងតំបន់។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានបង្ហាញពីការកោតសរសើររបស់កម្ពុជាចំពោះតួនាទីប្រកបដោយន័យស្ថាបនារបស់ជប៉ុនក្នុងកិច្ចការតំបន់ និងការគាំទ្រយូរអង្វែងរបស់ជប៉ុនចំពោះការអភិវឌ្ឍរបស់កម្ពុជា។ជំនួបនេះបានបញ្ជាក់ជាថ្មីអំពីមិត្តភាពជិតស្និទ្ធ និងការជឿទុកចិត្តគ្នាទៅវិញទៅមករវាងកម្ពុជា និងជប៉ុន ព្រមទាំងការប្តេជ្ញាចិត្តរួមគ្នាក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើគ្រប់វិសាលភាពនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ស្ថានឯកអគ្គរាជទូតកម្ពុជា ទន្ទឹងរង់ចាំក្នុងការបន្តការចូលរួមយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលជប៉ុន ដើម្បីជំរុញផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជាតិ និងប្រជាជនទាំងពីរ។ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានជម្រាបជូនលោកជំទាវអនុរដ្ឋមន្ត្រី Ayaono ផងដែរ អំពីការវិវត្តចុងក្រោយ នៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ដោយសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តយ៉ាងរឹងមាំរបស់កម្ពុជាចំពោះសន្តិភាព ការអត់ធ្មត់ និងដំណោះស្រាយដោយសន្តិវិធីតាមរយៈកិច្ចសន្ទនា។

ប្រមុខការទូតកម្ពុជាអរគុណចក្រភពអង់គ្លេសសម្រាប់ការគាំទ្រដំណើរការសន្តិភាព និងកិច្ចព្រមព្រៀងបទឈប់បាញ់កម្ពុជា និងថៃ

2025/12/19 04:49:09 pm        136
នៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសន្ទនាតាមទូរស័ព្ទជាមួយ លោកជំទាវ Seema Malhotra អនុរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការឥណ្ឌូ-ប៉ាស៊ីហ្វិក នៃក្រសួងការបរទេសកំមិនវ៉ែល និងអភិវឌ្ឍន៍ នៃចក្រភពអង់គ្លេស ។ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានឆ្លៀតឱកាសថ្លែងអំណរគុណចំពោះការគាំទ្ររបស់ចក្រភពអង់គ្លេសសម្រាប់ដំណើរការសន្តិភាព ជាពិសេសកិច្ចព្រមព្រៀងបទឈប់បាញ់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ហើយបានអះអាងសារជាថ្មីអំពីការតាំងចិត្តរបស់កម្ពុជាចំពោះការអនុវត្តកិច្ចព្រមព្រៀងទាំងនេះដោយពេញលេញ ព្រមទាំងបានលើកឡើងពីស្ថានភាពមនុស្សធម៌ដែលកាន់តែអាក្រក់ទៅៗ ដែលប៉ះពាល់ដល់ប្រជាជនកម្ពុជាជិតកន្លះលាននាក់។លោកជំទាវ Seema Malhotra បានសម្តែងការសោកស្ដាយចំពោះការបាត់បង់អាយុជីវិត និងការព្រួយបារម្ភរបស់ចក្រភពអង់គ្លេសចំពោះគ្រោះថ្នាក់ដល់ជនស៊ីវិល ដោយបានគូសបញ្ជាក់ពីសារៈសំខាន់នៃការបញ្ចប់ការប្រយុទ្ធគ្នា។ លោកជំទាវបានបញ្ជាក់ជាថ្មីអំពីការគាំទ្ររបស់ចក្រភពអង់គ្លេសចំពោះដំណោះស្រាយដោយសន្តិវិធីតាមរយៈការទូត និងបំណងរបស់ចក្រភពអង់គ្លេសក្នុងការដើរតួនាទីក្នុងការធ្វើឱ្យមានស្ថិរភាព ដោយរួមសហការជាមួយអាស៊ាន និងដៃគូនានា ហើយព្រមទាំងបានលើកឡើងអំពីសារៈសំខាន់នៃការបន្តចូលរួមក្នុងក្របខ័ណ្ឌកិច្ចការអាស៊ានផងដែរ ។

មន្ត្រីសាខា ក.ប.ប ខេត្តព្រះសីហនុ ដកហូតបង្គារ ៦គីឡូក្រាម​ដោយសារ​លក់​បង្គារ​មាន​សារ​ធាតុ​គីមី

2025/12/19 04:40:00 pm        592
ព្រះសីហនុ៖ ដោយមានការយកចិត្តទុកដាក់ពីលោក ឃុន ស៊ីម៉ន ប្រធាន​សាខា​ការពារ​អ្នក​ប្រើ​ប្រាស់​​កិ​ច្ច​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ ( ក.ប.ប) ខេត្តព្រះសីហនុ នារសៀលថ្ងៃទី១៩ ខែ​ធ្នូ ឆ្នាំ២០២៥ មន្ត្រីសាខា (ក ប ប) ខេត្តព្រះសីហនុ បានចុះធ្វើការដកហូតបង្គារ ៦គីឡូក្រាម ពី​អាជីវករលក់គ្រឿងសមុទ្រនៅអូរ២ ដោយសារលួចដាក់ចាហួយនៅក្នុងក្បាលបង្គារ (មាន​សារ​ធាតុ​គីមី)។ សកម្មភាពនេះមន្រ្តី​សាខាការពារអ្នកប្រើប្រាស់ កិច្ចប្រកួតប្រជែង និង បង្ក្រាប​ការ​ក្លែង​បន្លំ ​( ក.ប.ប) ខេត្តព្រះសីហនុ នៅសប្ដាហ៍ក្រោយនឹងចុះស្រាវជ្រាវរកប្រភពដើមបន្តទៀត ដើម្បី​បង្ការ​ទប់ស្កាត់ម្ហូបអាហារហាមឃាត់ឲ្យអស់។ជាមួយគ្នានេះមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ខេត្ត​ព្រះសីហនុ​ សូមសំណូមពរបងប្អូនអាជីវករលក់ដូរនៅទូទាំងខេត្តព្រះសីហនុ ជាពិសេស អាជីវករ​លក់​គ្រឿង​សមុទ្រទាំងអស់ សូមកុំប្រើប្រាស់សារធាតុគីមី ដែលនាំ​ឲ្យ​ប៉ះ​ពាល់​សុខ​ភាព​អ្នក​បរិភោគ ​ត្រូវចូលរួមសហការឲ្យបានល្អជាមួយអាជ្ញាធរ និងមន្ត្រីជំនាញ​រប​ស់​សាខា​ការពារ​អ្នក​ប្រើប្រា​ស់ កិ​ច្ចប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំ ខេត្តព្រះសីហនុ ដើម្បីរក្សាបាននូវសុវត្ថិភាព សុខ​ភាព ម្ហូបអាហារជូនភ្ញៀវជាតិ-អន្តរជាតិ ដែលបានមកលេងកម្សាន្តនៅខេត្តព្រះសីហនុ៕ តារាវុទ្ធី

ក្រសួងអភិវឌ្ឍន៍ជនបទ កំពុងបង្កើតបរិយាកាសគាំទ្រដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅជនបទ

2025/12/19 04:27:23 pm        130
ក្រសួងអភិវឌ្ឍន៍ជនបទ បានកំពុងចូលរួមចំណែកគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល ជំរុញបង្កើតហេដ្ឋារចនាសម្ព័ន្ធជនបទ កាន់តែរឹងមាំ ដោយបាននិងកំពុងបង្កើតបរិយាកាសផ្នែកសេដ្ឋកិច្ច និងសង្គម ដល់ការរស់នៅរបស់ប្រជាពលរដ្ឋតាមជនបទ នៅទូទាំង ប្រទេស។​ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ លើកឡើងនៅក្នុងការចុះត្រួតពិនិត្យ វាយតម្លៃ បញ្ចប់ សុពលភាព លើការងាស្ថាបនាផ្លូវក្រាលកៅស៊ូ DBST ចំនួន ១ខ្សែ ប្រវែង ៤ ពាន់ម៉ែត្រ ទទឹង ៦ម៉ែត្រ និងសំណង់ផ្សេងៗ ស្ថិតនៅឃុំ ក្រាំងតាយ៉ង ស្រុកពាមជរ ខេត្តព្រៃវែង នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ នេះថា ជុំវិញហេដ្ឋាចរនាសម្ព័ន្ធជនបទនេះ, ក្រសួងអភិវឌ្ឍន៍ ជនបទ បាននិងកំពុងជំរុញនៅលើការងារស្ថាបនា ស្តារ ឡើងវិញ កែលម្អ ពង្រីក ថែទាំ និងជួសជុលផ្លូវជនបទ ផ្លូវក្រាលកៅស៊ូពីរជាន់ ឬបេតុង ដោយក្នុងនោះក្រសួងបាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ លើការពង្រឹងសមត្ថភាពជំនាញ ដើម្បីជំរុញការអភិវឌ្ឍហេដ្ឋារចនា សម្ព័ន្ធផ្សេងៗ ដែលស្ថិតក្រោមក្របខណ្ឌក្រសួង ជាពិសេសផ្លូវជនបទ ដើម្បីគុណភាព និងធានាចីរភាពផ្លូវនៅជនបទ។ជាក់ស្តែងបណ្តាញផ្លូវខាងលើនេះ, ឯកឧត្តមបានឯកភាព និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងស្ថាបនា និងបានថែទាំ របស់នាយកដ្ឋានស្ថាបនា និងវិស្វកម្មនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ រហូតដល់បញ្ចប់សុពលភាព ដោយបាន រក្សានូវគុណភាពផ្លូវល្អប្រសើរ, នេះគឺជាការរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល ព្រោះការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវនៅ តាមជនបទ ត្រូវបានរាជរដ្ឋាភិបាលផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំង និងបានចំណាយការវិនិយោគអស់ថវិកាច្រើនសន្ធឹកសន្ធាប់ ដើម្បីបង្កើតបរិយាកាស និងដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនៅតាមជនបទឱ្យកាន់តែប្រសើរ។ឆ្លៀតក្នុងឱកាសនៃការចុះពិនិត្យ និងវាយតម្លៃគម្រោងខាងលើនេះដែរ, ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង បានលើកឡើងបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងប៉ិនប្រសព្វ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងបន្តការគាំទ្រដល់ការងារជួសជុល ថែទាំផ្លូវ ស្ពាន ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ គមនាគមន៍ដឹកជញ្ជូនជនបទ និងការលើកកម្ពស់កម្រិតផ្លូវជនបទពីផ្លូវក្រាលក្រួសក្រហម ទៅជាផ្លូវក្រាលកៅស៊ូ ឬបេតុង ដើម្បីជំរុញ ការអភិវឌ្ឍផ្លូវនៅតាមជនបទ ឱ្យមានភាពប្រទាក់ក្រឡា ព្រោះផ្លូវជាសរសៃឈាមនៃសេដ្ឋកិច្ច សម្រាប់បម្រើដល់ការដឹកជញ្ជូន ការធ្វើអាជីវកម្ម និងពាណិជ្ជកម្មជាដើម៕អត្ថបទ៖ សុន រ៉ាឌី

កម្ពុជា-ឡាវ ដាក់ឱ្យដំណើរការជាផ្លូវការទូទាត់ឆ្លងដែនតាមឃ្យូអរកូតដំណាក់កាលទី២

2025/12/19 04:26:17 pm        133
ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្ដាលឡាវ ដាក់ឱ្យដំណើរការទូទាត់ឆ្លងដែនតាមឃ្យូអរកូតដំណាក់កាលទី២ សម្រាប់ ប្រជាជនឡាវធ្វើដំណើរមកកម្ពុជា អាចធ្វើប្រតិបត្តិការទូទាត់ថ្លៃទំនិញ និងសេវាឱ្យអាជីវករនៅទូទាំងប្រទេសកម្ពុជា ដោយស្កេនខេអេច ឃ្យូអរកូត (KHQR Codes)។​លោកជំទាវបណ្ឌិត ជាសិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោកជំទាវ Bounkham Vorachit ទេសាភិបាលធនាគារ កណ្ដាលឡាវ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីដាក់ឱ្យដំណើរការជាផ្លូវការ ការទូទាត់ឆ្លងដែនតាម ឃ្យូអរកូត រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ (ដំណាក់កាលទី២៖ ឡាវស្កេនខេអេច ឃ្យូអរកូត)នៅរាជធានីភ្នំពេញ។គម្រោងអភិវឌ្ឍន៍ប្រព័ន្ធទូទាត់ឆ្លងដែនតាមឃ្យូអរកូត រវាងប្រទេសទាំងពីរ ត្រូវបានបែងចែកជា២ដំណាក់កាល ក្នុងនោះ សម្រាប់ដំណាក់កាលទី១ ដែលត្រូវបានដាក់ឱ្យដំណើរការដោយជោគជ័យ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ បានផ្តល់លទ្ធភាពឱ្យប្រជាជនកម្ពុជា ដែលមានគណនីជាប្រាក់រៀល អាចធ្វើប្រតិបត្តិការទូទាត់ថ្លៃទំនិញ និងសេវាឱ្យអាជីវករនៅប្រទេសឡាវ ដោយ ស្កេនឡាវឃ្យូអរកូត (LAOQR) តាមកម្មវិធីបាគង ឬកម្មវិធីធនាគាចល័ត។ សម្រាប់ដំណាក់កាលទី២នេះ ប្រជាជនឡាវដែលធ្វើ ដំណើរមកប្រទេសកម្ពុជា អាចធ្វើប្រតិបត្តិការទូទាត់ថ្លៃទំនិញ និងសេវាឱ្យអាជីវករនៅទូទាំងប្រទេសកម្ពុជា ដោយស្កេនខេអេចឃ្យូ អរកូត (KHQR Codes) តាមកម្មវិធីធនាគារចល័តរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ នៅប្រទេសឡាវ ដោយពុំចាំបាច់យកក្រដាស ប្រាក់តាមខ្លួន ឬប្តូររូបិយប័ណ្ណឡើយ។លោកជំទាវបណ្ឌិត ជា សិរី មានប្រសាសន៍ថា ការអភិវឌ្ឍគម្រោងទូទាត់ឆ្លងដែននេះ មិនត្រឹមតែជាសមិទ្ធផលកម្រិតបច្ចេក ទេសប៉ុណ្ណោះទេ តែក៏ជាស្ពានតភ្ជាប់រវាងវប្បធម៌ សេដ្ឋកិច្ច និងប្រជាជននៃប្រទេសទាំងពីរផងដែរ។ គំនិតផ្ដួចផ្ដើមនេះមានសក្ដានុពល ក្នុងដូចជា ការលើកកម្ពស់ការតភ្ជាប់សេដ្ឋកិច្ចនៃប្រទេសទាំងពីរ តាមរយៈប្រតិបត្តិការទូទាត់ឌីជីថលដែលសុវត្ថិភាព, ការពង្រឹងវិស័យ ទេសចរណ៍ តាមរយៈការរៀបចំដំណើរការទូទាត់ដែលងាយស្រួល, និងការលើកកម្ពស់ការធ្វើសមាហរណកម្មក្នុងតំបន់អាស៊ាន។លោកជំទាវ Bounkham Vorachit បានលើកឡើងផងដែរថា ការអភិវឌ្ឍប្រព័ន្ធតភ្ជាប់ប្រតិបត្តិការទូទាត់ឆ្លងដែន តាម ឃ្យូអរកូត រវាងប្រទេសកម្ពុជានិងប្រទេសឡាវ ត្រូវបានចាត់ទុកជាសមិទ្ធផលប្រកបដោយផ្លែផ្កា ដែលកើតចេញពីកិច្ចសហប្រតិបត្តិការ រវាងធនាគារកណ្ដាលទាំងពីរ។ កិច្ចសហប្រតិបត្តិការនេះ ផ្ដោតសំខាន់ទៅលើការអភិវឌ្ឍប្រព័ន្ធទូទាត់សងប្រាក់ ដែលមានលទ្ធភាព ក្នុងការទូទាត់ជារូបិយវត្ថុជាតិនៃប្រទេសទាំងពីរ ស្របតាមទិសដៅនៃការធ្វើសមាហរណកម្មអាស៊ាន។ តាមរយៈការវិវត្តនៃនវានុវត្តន៍ ឌីជីថល ធនាគារកណ្ដាលទាំងពីរ មានបំណងដោះស្រាយបញ្ហាប្រឈម ក្នុងការទូទាត់បែបប្រពៃណី និងជំរុញលំហូរហិរញ្ញវត្ថុទៅវិញ ទៅមក រវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើង៕អត្ថបទ៖ សុន រ៉ាឌី

BREAKING NEWS | នៅម៉ោង ១៥:៣០នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកនៅភូមិសាស្ត្រពាក់ស្បែក ខេត្តព្រះវិហារ​

2025/12/19 04:21:15 pm        230
ក្រសួងការពារជាតិកម្ពុជាបានឱ្យដឹងថា យោធាថៃបានបន្តធ្វើសកម្មភាពវាយប្រហារមកលើកម្ពុជា នៅយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្ត ពាក់ស្បែក ខេត្តព្រះវិហារ នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ក្នុងនោះ នៅម៉ោង ១៥:៣០នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែក នៅភូមិសាស្ត្រ ពាក់ស្បែក។កងកម្លាំងកម្ពុជាបាននឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងនៅតែ តស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវឈ្លានពាន និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា និងសេចក្តីថ្លៃថ្នូររបស់យើងដោយអង់អាចក្លាហាន ដោយមិនងាករេជាដាច់ខាតទោះក្នុងតម្លៃ ណាក៏ដោយ។

ក្រសួងការងារ នាំយកអំណោយរបស់ម្ចាស់សហគ្រាស រោងចក្រ និងសប្បុរសជន ជូនជនភៀសសឹកខេត្តបន្ទាយមានជ័យ

2025/12/19 04:16:21 pm        411
នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដឹកនាំថ្នាក់ដឹកនាំមន្រ្តីក្រសួង តំណាងនិយោជក សហគ្រាស ក្រុមហ៊ុន រោងចក្រ និងអង្គភាពពាក់ព័ន្ធ ចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយជាសម្ភារគ្រឿងឧបភោគបរិភោគ សម្រាប់ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋភៀសសឹក នៅមណ្ឌលសុវត្ថិភាពមួយកន្លែង ក្នុងខេត្តបន្ទាយមានជ័យ។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី មានប្រសាសន៍ថា ឈរលើស្មារតី «ខ្មែរស្រឡាញ់ខ្មែរ ខ្មែរជួយខ្មែរ ខ្មែរតែមួយ» អំណោយដែលយើងត្រូវរួមគ្នាជួយនាពេលនេះ គឺជាការឆ្លើយតបក្នុងគ្រាលំបាកខ្វះខាតទាំងឡាយនៅចំពោះមុខ ខណៈដែលខេត្តនៅជាប់ព្រំដែនត្រូវប្រឈមដោះស្រាយជូនប្រជាពលរដ្ឋជាជនភៀសសឹកនៅតាមព្រំដែន និងគ្រួសារវីរកងទ័ព។ ឯកឧត្តមរដ្ឋមន្រ្តីក៏បានសន្យាថានឹងខិតខំជួយកៀរគរជំនួយបន្ថែមទៀតដើម្បីជួយទទួលបន្ទុកដោះស្រាយលើតម្រូវការចាំបាច់សម្រាប់ប្រជាពលរដ្ឋភៀសសឹកទាំង៧០០ គ្រួសារនៅមណ្ឌលនេះ។តាមរយៈជំនួយតាមបណ្ដាម្ចាស់សហគ្រាស រោងចក្រ ក្រុមហ៊ុន ថ្នាក់ដឹកនាំសហជីព បងប្អូនកម្មករនិយោជិត និងសប្បុរសជនទាំងអស់ស្រឡាញ់ជាតិមាតុភូមិ សមរភូមិក្រោយបាននិងកំពុងប្តេជ្ញារួមគ្នាជាធ្លុងមួយ ដើម្បីគាំទ្រសមរភូមិមុខ ដោយឯកឧត្តម ហេង សួរ បានថ្លែងថា សកម្មភាពនេះក៏បានបញ្ជាក់ឱ្យឃើញថា ទោះខ្មែរយើងស្ថិតក្នុងស្ថានភាពណាក៏ដោយ ក៏យើងមិនដែលបោះបង់គ្នាចោលនោះឡើយ ពោលគឺយើងចេះជួយគ្នាទៅតាមលទ្ធភាព និងជាការគោរពដឹងគុណចំពោះវីរកងទ័ពជួរមុខដ៏អង់អាចក្លាហានដែលកំពុងបំពេញកាតព្វកិច្ចការពារទឹកដី ប្រឆាំងការឈ្លានពានយ៉ាងឃោរឃៅពីសំណាក់យោធាថៃ។ក្នុងនាមក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត និងរដ្ឋបាលខេត្ត ឯកឧត្តម ឌិត ទីណា និងឯកឧត្តម អ៊ុំ រាត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សប្បុរសជន និងម្ចាស់ជំនួយទាំងអស់ ដែលបាននាំមកជាអំណោយសម្ភារ សម្រាប់ផ្តល់ជូនដល់ជនភៀសសឹកនាពេលនេះ។ ឯកឧត្តមបានបញ្ជាក់ថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត និងរដ្ឋបាលខេត្តបន្ទាយមានជ័យ ព្រមទាំងស្ថាប័នពាក់ព័ន្ធ កំពុងខិតខំប្រឹងប្រែងរៀបចំទីជម្រក អាហារ ទឹកស្អាត សេវាសុខាភិបាល និងការថែទាំជាចាំបាច់ ដើម្បីឱ្យបងប្អូនរបស់យើងអាចរស់នៅទីនេះមានសុវត្ថិភាព។អំណោយ ដែលបានត្រូវប្រគល់ជូននាពេលនេះមានចំនួន ១ ១០៦ កញ្ចប់ ដែលរួមមាន៖ ថវិកាចំនួន២ម៉ឺនរៀលក្នុង១កញ្ចប់, អាវចំនួន១, ខោចំនួន២, កញ្ចប់ថ្នាំ(ថ្នាំរាក១ប្រអប់, ថ្នាំប៉ារ៉ា១ប្រអប់, ប្រេងកូឡា ១ប្រអប់), មីចំនួន១០កញ្ចប់, ទឹកបរិសុទ្ធចំនួន១កេស និងអង្ករចំនួន១០គីឡូក្រាម។ ឯកឧត្តមរដ្ឋមន្រ្តីក៏បានប្រគេនថវិកាចំនួន៤០លានរៀលជូនដល់ព្រះចៅអធិការ ដើម្បីដោះស្រាយជួយសម្រួលការលំបាកផ្សេងៗ៕

រាជរដ្ឋាភិបាលកម្ពុជា ស្នើយុវជនប្រែក្លាយកំហឹងទៅជាការខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បី​ឈ្នះ​សត្រូវ​ក្នុង​រយៈពេលវែង

2025/12/19 04:08:10 pm        321
ភ្នំពេញ៖ ខណៈប្រទេសកម្ពុជាបានកំពុងជួបបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា-ថៃ ឯកឧត្តម​បណ្ឌិត​សភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បាន ស្នើ​ឱ្យ​យុវជន​ខ្មែរ ប្រែក្លាយកំហឹង ទៅជាការខិតខំប្រឹងប្រែងរៀនសូត្រ ពង្រឹងសមត្ថភាព ដើម្បី​ឈ្នះ​សត្រូវ​ក្នុងរយៈពេលវែង។ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រជូននិសិ្សតជ័យលាភីសាកលវិទ្យាល័យ​ខេមតិច កាលពីព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានសម្តែងការអបអរសាទរដល់ក្មួយៗនិស្សិតជ័យលាភីទាំងអស់ ដែល​បាន​ខិតខំ​សិក្សា​រហូត​បញ្ចប់​ដោយ​ជោគជ័យ និងបានមានប្រសាសន៍ថា ថ្ងៃនេះ ក្មួយៗមិនគ្រាន់តែទ​ទួល​បាន​សញ្ញា​បត្រ​ប៉ុណ្ណោះទេ ថែមទាំងកំពុងបោះជំហានទៅមុខជាអ្នកដឹកនាំជំនាន់ក្រោយ វិស្វករ អ្នក​ស្រាវជ្រាវ អ្នកបង្កើតគោលនយោបាយ សហគ្រិន និងអ្នកច្នៃប្រឌិត​ក្នុង​ការចូល​រួម​អភិវឌ្ឍ​សង្គម​ជាតិ​យើង​ឱ្យសម្រេចបានស្របតាមចក្ខុវិស័យកម្ពុជា២០៥០។ ឯកឧត្តម បានសង្កត់​ធ្ងន់​ដោយ​បំផុស​ស្មារតី​ដល់ប្រជាជនគ្រប់រូប ឲ្យបង្កើនឧត្តមគតិស្រឡាញ់ការសិក្សា ដើម្បីជាទុនក្នុង​ការ​កែប្រែ​ជោ​គវាសនារបស់ខ្លួនឯងផ្ទាល់ និងប្រទេសជាតិ​ឱ្យ​កាន់​តែ​ល្អប្រ​សើរ​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​ទៀត​ ដើម្បីចូលរួមជាមួយរា​ជរដ្ឋាភិបាល​ក្នុង​ការ​កសាង​ប្រទេស​កាន់​តែ​រីក​ចម្រើន​ទៅ​មុខ​បន្ថែម​ទៀត​។លោកស្រីវេជ្ជបណ្ឌិត លឹម លីណា តំណាងប្រធានក្រុមប្រឹក្សាភិបាល នៃ​សាកល​វិទ្យាល័យ​ខេមតិច បានមានប្រសាសន៍ ចំណេះដឹង គឺជាការស្ពានចម្លងដ៏ល្អសម្រាប់អនាគត ថ្ងៃនេះ​ជា​សមិទ្ធ​ផលមួយដែលទទួលបានពីការបណ្តុះបណ្តាលចេញពីសាកលវិទ្យាល័យខេមតិច និង​ស្រប​តាម​ផែនការយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធ​ភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដោយ​ដាក់​ការអ​ប់រំ និងការអភិវឌ្ឍធនធានមនុស្សជាចំណុចកណ្តាលនៃការអភិវឌ្ឍប្រកបដោយចីរភាព។ លោកស្រីវេជ្ជបណ្ឌិត បានបន្តថា ដោយមានកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយ ក្រសួងអប់រំ យុវជន និងកីឡា ខេមតិច បាន​បង្កើត​ដោយ​ជោគជ័យ​នូវ​មន្ទីរ​ពិសោធ​ន៍​បញ្ញា​សិប្ប​និមិត្ត​សម្រាប់​ការ​អប់រំ (AILab4Education) សម្រាប់ការពង្រឹងសមត្ថភាពក្នុងវិស័យអប់រំ ស្រាវជ្រាវ និ​ង​អនុវត្តជាក់ស្តែងលើផ្នែកបច្ចេកវិទ្យា AI។ លោកស្រី បានលើកទឹកចិត្តនិសិ្សតជ័យលាភីទាំងអស់ យកបាវចនានៃសាកលវិទ្យាល័យ ដែលមានដូចជា“ចំណេះដឹង ការត្រិះរិះពិចារណា ចរិតលក្ខណៈ” ជាគុណតម្លៃស្នូល គឺប្រកបការងារដោយសុចរិតភាព ឧត្តមភាព នវានុវត្តន៍ ជាមួយនិងការប្រើប្រាស់ជំនាញឲ្យបានល្អ ដើម្បីបម្រើសង្គម និងរួមចំណែកដល់អភិវឌ្ឍកម្ពុជានាពេលអនាគត។លោក សុខ សំណាង ជានិស្សិតទើបបញ្ចប់ការសិក្សាជំនាញផ្នែកវិទ្យាសាស្រ្តទិន្នន័យ និងវិស្វកម្មបញ្ញាសិប្បនិម្មិត បានឱ្យដឹងថា គ្រួសាររបស់លោកតែងតែឲ្យតម្លៃខ្ពស់ទៅលើការអប់រំ ជាពិសេសជាមួយនឹងស្ថានភាពតានតឹងនៅតាមព្រំដែនដែលឃើញសព្វថ្ងៃនេះ គឺបានរំឭកឱ្យដឹងថា ការអប់រំ គឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបាន - ជាអ្វីដែលមិនអាចដកហូតបាន។ លោកបញ្ជាក់ថា ខេមតិច មិនមែនគ្រាន់តែជាសាកលវិទ្យាល័យសម្រាប់តែការសិក្សាប៉ុណ្ណោះទេ គឺមានអារម្មណ៍ថាដូចជានៅផ្ទះ ហើយខេមតិចបានបង្ហាញនូវឱកាសជាច្រើនលើសពីអ្វីដែលលោកធ្លាប់បានស្រម៉ៃ ដូចជាការផ្លាស់ប្តូរនិស្សិតក្រៅប្រទេស ជាពិសេសការចុះកម្មសិក្សានៅប្រទេសហូឡង់ក្នុងឆ្នាំទី៤៕ អត្ថបទ៖ ឈិត បូរ៉ាវី 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រជាជនអ៊ីរ៉ង់ មានសុទិដ្ឋិនិយមដោយប្រុងប្រយ័ត្នជុំវិញទស្សនវិស័យសម្រាប់កិច្ចព្រមព្រៀងយូរអង្វែង
06/15/2026 05:06 PM
ការវិភាគ៖ លោក Trump ទុកផ្នែកលំបាក​ៗ​ទៅ​​ពេល​ក្រោយ​​ នៅក្នុង​​​កិច្ចព្រមព្រៀងជាមួយ​អ៊ីរ៉ង់
06/15/2026 05:06 PM
ស្ថានទូតអ៊ីរ៉ង់ប្រចាំទុយនីស៊ី បង្ហាញពីតួនាទីរបស់ប្រទេសប៉ាគីស្ថានក្នុងដំណើរការកិច្ចព្រមព្រៀង
06/15/2026 04:06 PM
កិច្ចព្រមព្រៀងរវាងអាមេរិក និងអ៊ីរ៉ង់ បង្ហាញពីការបរាជ័យផ្ទាល់ខ្លួនរបស់លោក Netanyahu
06/15/2026 04:06 PM
កូរ៉េបង្ហាញឆន្ទៈបន្តថែរក្សាពាណិជ្ជកម្មទ្វេភាគី និងបន្តជំរុញធុរកិច្ចខ្លួនមកវិនិយោគនៅកម្ពុជាបន្ថែម
06/15/2026 04:06 PM
អាហ្វ្រិកខាងត្បូង រឹតបន្តឹងការអនុវត្តច្បាប់អន្តោប្រវេសន៍ ក្នុងពេលមានការបញ្ជូនត្រឡប់ទៅវិញ
06/15/2026 04:06 PM
ប្រតិបត្តិការជួយសង្រ្គោះធ្វើឡើងនៅប្រាសាទរងការឆាបឆេះនៅទីក្រុងគីវ ក្រោយការវាយប្រហាររបស់រុស្ស៊ី
06/15/2026 04:06 PM
សម្តេចធិបតី៖ រាជរដ្ឋាភិបាលបាននឹងកំពុងខិតខំកែច្នៃប្រជាជនឱ្យក្លាយទៅជាមូលធនមនុស្សពិតប្រាកដ
06/15/2026 04:06 PM
ប្រតិបត្តិការជួយសង្រ្គោះធ្វើឡើងនៅប្រាសាទរងការឆាបឆេះនៅទីក្រុងគីវ ក្រោយការវាយប្រហាររបស់រុស្ស៊ី
06/15/2026 04:06 PM
អាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់ថា ខ្លួននឹងទទួលបានប្រាក់១២ពាន់លានដុល្លារដែលបានបង្កក មកវិញ
06/15/2026 04:06 PM