យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ «៣កុំ ១ការពារ» ពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ
អតីតយុទ្ធជនពិការ ដែលមានជីវភាពលំបាកខ្វះខាត នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ ទទួលបានផ្ទះថ្មី អំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត
ខេត្តកណ្តាលបានរៀបចំពិធីអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវ: លើកទី៩ ឆ្នាំ២០២៦
រដ្ឋមន្រ្ដីក្រសួងការងារ និងឯកអគ្គរដ្ឋទូតចិន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សៀវភៅស្តង់ដាជាតិមុខរបរចិន និងក្នុងពិធីចុះ MoU ជាមួយក្រុមហ៊ុន BYD

ព័ត៌មានជាតិ

ឯកអគ្គរដ្ឋទូតឆែកសម្តែងសមានចិត្តជ្រាលជ្រៅជាមួយពលរដ្ឋកម្ពុជាក្នុងគ្រាដ៏លំបាក នៃ​ជម្លោះ​ព្រំដែន​​​ជាមួយ​ថៃ ដោយសង្ឃឹមថាបញ្ហានឹងដោះស្រាយដោយសន្តិវិធីឆាប់ៗនេះ

2025/12/16 02:53:43 pm        416
ក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា លោកជំទាវ ម៉ាកេតា កូល ហៃកូវ៉ា (Markéta Kolc Hájková) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆែកប្រចាំនៅកម្ពុជា បានសម្តែងនូវសមានចិត្តជ្រាលជ្រៅជាមួយប្រជាពលរដ្ឋកម្ពុជា ក្នុងគ្រាដ៏លំបាកនៃជម្លោះព្រំដែនកម្ពុជា-ថៃ ដែលបានបណ្តាលឱ្យមានពលរដ្ឋបាត់បង់អាយុជីវិត និងត្រូវរត់ភៀសសឹកចេញពីលំនៅដ្ឋាន មិនអាចប្រកបរបរចិញ្ចឹមជីវិត ក្មេងៗមិនបានទៅសាលារៀនជាដើម។ ឆែកបានតាមដានដោយយកចិត្តទុកដាក់ និងមានជំនឿមុតមាំថា បញ្ហានឹងត្រូវបានដោះស្រាយដោយសន្តិវិធី តាមរយៈការចរចា នៅក្នុងពេលឆាប់ៗនេះ។សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានអនុញ្ញាតជូនលោកជំទាវ ម៉ាកេតា កូល ហៃកូវ៉ា និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា។ សម្ដេចប្រធានរដ្ឋសភា បានសម្ដែងនូវការស្វាគមន៍ចំពោះលោកជំទាវឯកអគ្គរដ្ឋទូត និងសហការី និងបានចាត់ទុកវត្តមានរបស់លោកជំទាវនៅកម្ពុជា ជាការបង្ហាញច្បាស់អំពីការផ្ដល់តម្លៃពីសាធារណរដ្ឋឆែកចំពោះកម្ពុជា។ កម្ពុជានិងឆែកមានទំនាក់ទំនងជាប្រវត្តិសាស្រ្តដ៏យូរអង្វែង ហើយព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានាពេលបច្ចុប្បន្ន ព្រះអង្គក៏ធ្លាប់យាងទៅសិក្សានៅប្រទេសឆែក ដែលនេះជានិមិត្តរូប នៃទំនាក់ទំនងរវាងប្រទេសទាំងពីរដ៏ល្អប្រសើរផងដែរ។លោកជំទាវឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ថា នៅក្នុងអាណត្តិការទូតរបស់លោកជំទាវ នឹងខិតខំធ្វើយ៉ាងណាជំរុញទំនាក់ទំនងរវាងកម្ពុជា និងឆែកឱ្យមានភាពរីកចម្រើន និងល្អប្រសើរទំាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ដូចជាការផ្លាស់ប្តូរដំណើរទស្សនកិច្ចក្រុមមិត្តភាពសភាប្រទេសទំាងពីរ ការពង្រឹងទំនាក់ទំនងប្រជាជននិងប្រជាជន ជំរុញវិស័យពាណិជ្ជកម្ម ការវិនិយោគរវាងប្រទេសទំាងពីរឱ្យកាន់តែរីកចម្រើន ជាពិសេស លោកជំទាវនឹងប្រឹងប្រែងកៀរគរអ្នកវិនិយោគ និងអ្នកទេសចរពីសាធារណរដ្ឋឆែកឱ្យមកវិនិយោគនិងកម្សាន្តនៅកម្ពុជាឱ្យកាន់តែច្រើន។លោកជំទាវបានរំលេចថា នៅក្នុងឱកាសខួប ៧០នៃចំណងមិត្តភាពកម្ពុជា-ឆែក លោកជំទាវនឹងខិតខំពង្រីកបន្ថែម ជាពិសេសការរៀបចំព្រឹត្តិការណ៍នានា រួមទាំងការធ្វើទស្សនកិច្ចផ្លូវការរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ឆែក មកកាន់កម្ពុជាផងដែរ។សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានសម្ដែងនូវការពេញចិត្តចំពោះការលើកឡើងរបស់លោកជំទាវ។ សម្ដេចបានលើកឡើងថា សក្ដានុពលរវាងកម្ពុជា និងឆែក គឺនៅមានចន្លោះជាច្រើនទៀត ដែលអាចធ្វើជាមួយគ្នាឱ្យសមស្របទៅនឹងទំនាក់ទំនងការទូត និងនយោបាយរវាងប្រទេសទាំងពីរឱ្យមានភាពល្អប្រសើរ។ ជាមួយគ្នានេះ សម្ដេចបានអរគុណដែលប្រទេសឆែកបានបង្វែរបំណុលដែលកម្ពុជាជំពាក់មកជាជំនួយសម្រាប់ការអប់រំ។ សម្តេចក៏បានអរគុណចំពោះប្រទេសឆែក ដែលបានសម្រេចផ្តល់អាហារូបករណ៍ចំនួន១៩កន្លែង ដល់និស្សិតកម្ពុជា បានទៅសិក្សានៅប្រទេសឆែកក្នុងវិស័យសុខាភិបាល។ គិតចាប់ពីឆ្នាំ១៩៨៤ ដល់ពេលបច្ចុប្បន្នមាននិស្សិតកម្ពុជាប្រមាណ៤០០នាក់ បានទៅសិក្សានៅប្រទេសឆែក។ សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍ថា ការគាំទ្រនិងការផ្តល់ជំនួយរបស់ឆែកមកកម្ពុជាក្នុងវិស័យសុខាភិបាល និងអប់រំនេះ ស្របនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានផ្តល់អាទិភាពលើវិស័យធនធានមនុស្ស និងសុខាភិបាល ដែលជាខឿនដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិឆ្ពោះទៅកាន់ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ទាក់ទងនឹងជម្លោះឈ្លានពានរបស់ថៃមកលើអធិបតេយ្យកម្ពុជាវិញ សម្តេចប្រធានរដ្ឋសភាបានថ្លែងអំណរគុណដល់ប្រទេសឆែក ដែលបានស្វែងយល់ការពិតពីសភាពការណ៍ជាក់ស្តែង។ សម្តេចបានគូសបញ្ជាក់ថា កម្ពុជាជាប្រទេសតូច ដូចប្រទេសឆែកដែរ។ កម្ពុជាគ្មានមហិច្ឆតាណាមួយក្នុងការទៅដណ្តើមទឹកដី ពីប្រទេសណាមួយឡើយ។ កម្ពុជាបានឆ្លងកាត់សង្រ្គាម ដូច្នេះកម្ពុជាគ្មានហេតុផលណាមួយទៅធ្វើសង្រ្គាមដើម្បីឱ្យពលរដ្ឋរងទុក្ខលំបាកទៀតនោះឡើយ។ កម្ពុជាបានស្គាល់រសជាតិលំបាកពីសង្រ្គាម ដូច្នេះសន្តិភាពសម្រាប់កម្ពុជាគឺសំខាន់ណាស់។ កម្ពុជាបាននិងកំពុងអភិវឌ្ឍខ្លួន ដូច្នេះគ្មានបំណងទៅបង្កសង្រ្គាមជាមួយប្រទេសណាមួយ ពិសេសប្រទេសដែលធំជាងខ្លួនឡើយ។សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា នៅក្នុងការឈ្លានពានរបស់ប្រទេសថៃ មកលើប្រទេសកម្ពុជានៅក្នុងរយៈពេលចុងក្រោយនេះ មានសភាពឃោរឃៅ និងព្រៃផ្សៃបំផុត។ ប្រទេសថៃបានប្រើអាវុធធុនធ្ងន់ មានទាំងយន្តហោះ F-16 គ្រាប់បែកចង្កោម និងផ្សែងពុល វាយចូលដែនអធិបតេយ្យរបស់កម្ពុជាយ៉ាងជ្រៅពីបន្ទាត់ព្រំដែន ក្នុងរង្វង់ពី៨០ទៅ៩០គីឡូម៉ែត្រ បានបណ្តាលឱ្យបាត់បង់អាយុជីវិតជនស៊ីវិលជាច្រើន និងបង្កឱ្យប្រជាពលរដ្ឋជាង៤០ម៉ឺននាក់ បានបង្ខំចិត្តរត់គេចចេញពីលំនៅដ្ឋាន។ ទ្រព្យសម្បត្តិសាធារណៈនិងឯកជន ដូចជាតំបន់បេតិកភណ្ឌពិភពលោក មានប្រាសាទព្រះវិហារជាដើម ព្រមទំាងផ្ទះសម្បែងប្រជាពលរដ្ឋ សាលារៀន មន្ទីរពេទ្យ វត្តអារាម ផ្លូវ ស្ពាន សំណង់អគារផ្សេងទៀត បានបំផ្លាញដោយអាវុធរបស់ថៃ។សម្តេចរដ្ឋសភាធិបតី តាមរយៈជំនួបនោះ ក៏បានអំពាវនាវដល់សហគមន៍អន្តរជាតិជំរុញភាគីថៃឱ្យគោរពកិច្ចព្រមព្រៀងសន្តិភាព បញ្ឈប់ការឈ្លានពានមកលើកម្ពុជា បើមិនដូច្នោះទេ ការរងគ្រោះនិងខាតបង់កាន់តែធ្ងន់ធ្ងរជាងនេះ។ ការឈ្លានពានរបស់ថៃមិនត្រឹមបង្កការខូចខាតសម្រាប់ប្រទេសទំាងពីរប៉ុណ្ណោះទេ ប៉ុន្តែបានបង្កផលប៉ពាល់ដល់សន្តិសុខ ស្ថិរភាពតំបន់ និងសកលលោក ផងដែរ៕

«កម្ពុជាគាំទ្រការពង្រឹងភាពជាអ្នកដឹកនាំដើម្បីសន្តិភាព ក្នុងកាលៈទេសៈដែលកម្ពុជាទទួលរងការឈ្លានពានពីប្រទេសថៃ»

2025/12/16 02:03:39 pm        321
នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) បានចូលរួមកិច្ចពិភាក្សាបើកចំហសម្រាប់ខែធ្នូ របស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប. ស្តីពី “ភាពជាអ្នកដឹកនាំដើម្បីសន្តិភាព” នៅទីស្នាក់ការកណ្តាលអ.ស.ប. នាទីក្រុងញូវយ៉ក។ កិច្ចពិភាក្សាបើកចំហរបស់ក្រុមប្រឹក្សាសន្តិសុខគឺជាកិច្ចប្រជុំដែលរៀបចំឡើងជារៀងរាល់ខែ ដើម្បីអនុញ្ញាតឱ្យរដ្ឋសមាជិកអ.ស.ប. ចូលរួមបញ្ចេញមតិយោបល់ ទៅតាមប្រធានបទ ដែលកំណត់ដោយប្រធានក្រុមប្រឹក្សាសន្តិសុខក្នុងខែនីមួយៗ។នៅក្នុងសេចក្ដីថ្លែងការណ៍ ឯកឧត្តមបានជម្រាបជូនកិច្ចពិភាក្សាបើកចំហនេះអំពីការបាត់បង់ជីវិតរបស់ជនស៊ីវិល និងការខូចខាតហេដ្ឋារចនាសម្ព័ន្ធស៊ីវិលកម្ពុជា ដែលបណ្តាលមកពីអំពើឈ្លានពានរបស់យោធាថៃ និងបានគូសបញ្ជាក់ថា ការបាញ់ផ្លោងនិងការវាយប្រហារតាមអាកាសរបស់ប្រទេសថៃកាន់តែខ្លាំងឡើងរហូតដល់ ៩០ គីឡូម៉ែត្រមកក្នុងតំបន់ដែលជនស៊ីវិលកម្ពុជារស់នៅ គឺជាទង្វើឈ្លានពានយ៉ាងជាក់ច្បាស់ មិនមែនជាជម្លោះព្រំដែន ហើយក៏មិនមែនជាការការពារខ្លួននោះដែរ។ឯកឧត្តមបានសង្កត់ធ្ងន់ថា ប្រទេសថៃតែងតែតំាងខ្លួនឯងថាជាប្រទេសស្រឡាញ់សន្តិភាព ប៉ុន្តែបែរជាបដិសេធនូវរាល់ដំណោះស្រាយដោយសន្តិវិធីទៅវិញ ដោយឯកឧត្តមបានគូសបញ្ជាក់ថា ថៃបានបដិសេធការដោះស្រាយជម្លោះតាមយន្តការតុលាការយុត្តិធម៌អន្តរជាតិ ប្រកាសផ្អាកកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរដោយឯកតោភាគី ប្រកាសបិទការចរចា បដិសេធរាល់បទឈប់បាញ់ និងបញ្ជាក់ពីចេតនារបស់ខ្លួនកាច់បំបាក់សមត្ថភាពយោធារបស់កម្ពុជា។ឯកឧត្តមក៏បានសង្កត់ធ្ងន់ផងដែរថា វិបត្តិនេះគូសបញ្ជាក់ពីតម្រូវការសម្រាប់ភាពជាអ្នកដឹកនាំដើម្បីសន្តិភាព ដែលផ្អែកលើច្បាប់អន្តរជាតិ, អំពាវនាវដល់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប. និងសហគមន៍អន្តរជាតិ ឱ្យការពារធម្មនុញ្ញអ.ស.ប. និងរម្លឹកថា ភាពស្ងៀមស្ងាត់ អាចនឹងធ្វើឱ្យមានប្រក្រតីកម្មនៃការឈ្លានពាន ហើយធ្វើឱ្យប៉ះពាល់ដល់ពហុភាគីនិយម។

ICRC៖ វីរកងទ័ពកម្ពុជាទាំង១៨ រូបឋិតក្រោមការឃុំគ្រងរបស់ភាគីថៃមានសុវត្ថិភាព និងមានសុខភាពល្អ

2025/12/16 01:55:09 pm        207
គណៈកម្មាធិការអន្តរជាតិនៃកាកបាទ ក្រហម (ICRC) បានបញ្ជាក់ឱ្យដឹថា មកទល់ពេលនេះ វីរកងទ័ពកម្ពុជាទាំង១៨រូបដែលកំពុងស្ថិតក្រោមការឃុំគ្រងរបស់ភាគីថៃនោះ គឺមានសុវត្ថិភាព និងមានសុខភាពល្អទាំងអស់គ្នា ខណៈកម្ពុជាបន្តអំពាវនាវឱ្យ ICRC បន្តត្រួតពិនិត្យ និងតាមដានសុខុមាលភាព សុវត្ថិភាព និងលក្ខខណ្ឌរស់នៅរបស់នាយទាហានទាំង១៨រូប ដោយគោរពតាមច្បាប់មនុស្សធម៌អន្តរជាតិ។គណៈកម្មាធិការអន្តរជាតិនៃកាកបាទ ក្រហម (ICRC) បានឱ្យដឹងពីស្ថានភាពវីរកងទ័ពកម្ពុជាទាំង១៨រូបបែបនេះ ក្នុងឱកាស ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយគណៈប្រតិភូ ICRC ដឹកនាំដោយលោក Jurg Montani ប្រធានប្រតិភូគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ប្រចាំភូមិភាគ នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងការពារជាតិ។លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា នៅក្នុងជំនួបនោះ លោក Jurg Montani ក៏បានចែករំលែកផងដែរនូវព័ត៌មានអំពីការចុះសួរសុខទុក្ខជា លើកទី៤នាយទាហានទាំង១៨រូប នៃកងយោធពលខេមរភូមិន្ទ ដែលកំពុងស្ថិតនៅក្រោមការឃុំ គ្រងរបស់យោធាថៃ ក្រោយការចាប់ខ្លួនកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។ ចំពោះការចុះសួរសុខ ទុក្ខលើកទី៤ ពីសំណាក់គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិនោះបានបញ្ជាក់ថា ទាហានយើងទាំង ១៨រូប នៃកងយោធពលខេមរភូមិន្ទ ដែលកំពុងស្ថិតក្រោមការឃុំគ្រងរបស់ភាគីថៃនោះ គឺមានសុវត្ថិភាព និងមានសុខភាពល្អទាំងអស់គ្នា។ លោកក៏បានបញ្ជាក់បន្ថែមថា លោកបានប្រគល់ជូនលិខិតដំណឹង គ្រួសាររបស់យុទ្ធជនទាំង១៨រូប សម្រាប់ជូនដល់ក្រុមគ្រួសាររបស់ពួកគាត់ជាលើកទី៤ តាមរយៈការ សម្របសម្រួលរបស់កាកបាទក្រហមកម្ពុជា។ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន បានអំពាវនាវឱ្យគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) បន្តត្រួតពិនិត្យ និងតាមដានសុខុមាលភាព សុវត្ថិភាព និងលក្ខខណ្ឌរស់នៅរបស់នាយទាហាន ទាំង ១៨រូប ដោយគោរពតាមច្បាប់មនុស្សធម៌អន្តរជាតិ។ជាមួយគ្នានេះដែរ ឯកឧត្តមឧត្តមសេនីយ៍ឯក ក៏បានអំពាវនាវឱ្យគណៈកម្មាធិការអន្តរជាតិនៃកាកបាទ ក្រហម (ICRC) ជួយជំរុញឱ្យយោធាថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដោយដកកម្លាំងចេញពីដែន អធិបតេយ្យរបស់កម្ពុជា និងចៀសវាងសកម្មភាពឈ្លានពានដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរភាព នៅក្នុងតំបន់។ ឯកឧត្តមឧត្ដមសេនីយ៍ឯក ក៏បានគូសបញ្ជាក់ជូនប្រធានប្រតិភូគណៈកម្មការអន្តរជាតិ នៃកាកបាទក្រហមថា កងយោធពលខេមរភូមិន្ទ បានគោរពយ៉ាងម៉ឺងមាត់ ស្មោះត្រង់ និងដោយសុឆ្ឆន្ទះ ពិតប្រាកដនូវបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ។ក្រសួងការពារជាតិ បាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរនូវគ្រប់យន្តការដោះស្រាយ ទាំងអស់លើករណីនេះ ដើម្បីឱ្យភាគីថៃដោះលែងកងកម្លាំងរបស់យើងទាំង១៨នាក់នោះ វិលត្រលប់មក វិញឱ្យបានឆាប់រហ័សជាទីបំផុត និងដោយសុខសុវត្ថិភាព។ រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនដែលបោះបង់កងកម្លាំងរបស់យើងណាម្នាក់ចោលនោះឡើយ ទោះក្នុង កាលៈទេសៈណាក៏ដោយ៕

សង្ខេបស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ គិតត្រឹមម៉ោង១១ព្រឹកនេះ អំពីករណីកងកម្លាំងយោធាថៃបន្តការបាញ់ប្រហារ មកលើកងកម្លាំងកម្ពុជានៅយោធភូមិភាគទី៤ និងយោធភូមិភាគទី៥

2025/12/16 01:23:59 pm        273
ក្រសួងការពារជាតិកម្ពុជា បាន​សង្ខេបស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃគិតត្រឹមម៉ោង១១និង០០នាទីព្រឹកថ្ងៃទី១៦ធ្នូនេះ អំពីករណីកងកម្លាំងយោធាថៃបន្តការបាញ់ប្រហារ មកលើកងកម្លាំងកម្ពុជានៅយោធភូមិភាគទី៤ និងយោធភូមិភាគទី៥ ។១. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ភាគីថៃបានបន្តបាញ់ប្រហារមកលើកម្ពុជា៖ គិតចាប់ពីម៉ោង ៨:០០នាទីព្រឹក រហូតដល់ម៉ោង ១១:០០នាទី ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០២៥- ម៉ោង ៨:៤៨នាទី យោធាថៃបានបាញ់សម្រុកយ៉ាងខ្លាំងនៅភូមិសាស្ត្រអានសេះ។ - ម៉ោង ៩:២៥នាទី យោធាថៃបានចល័តរថក្រោះបំពាក់កាំភ្លើងបាញ់ចូលភូមិសាស្ត្រភ្នំខ្មោច។ - ម៉ោង ៩:៣០នាទី រហូតដល់ម៉ោង ១១:០០នាទី យោធាថៃនៅតែបន្តការបាញ់ប្រហារមកលើ កម្ពុជា ដោយប្រើប្រាស់រថក្រោះ, កាំភ្លើងធំ, ដ្រូនទម្លាក់គ្រាប់ និងដ្រូនអត្តឃាតវាយសម្រុក ខ្លាំងនៅភូមិសាស្ត្រប្រាសាទតាក្របី, ភ្នំ៣៣៣, ថ្មឆត្រ, ជប់អង្គុញ, ថ្មដូន, ភ្នំខ្មោច, អូរស្មាច់។ ចំពោះស្ថានការណ៍នៅក្នុងភូមិសាស្រ្តផ្សេងទៀតមានសភាពស្ងប់ស្ងាត់ ប៉ុន្តែកងកម្លាំងរបស់យើងបន្តតាម ដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច។ ២. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ និងខេត្តពោធិ៍សាត់ ភាគីថៃបានបន្តបាញ់ប្រហារមកលើកម្ពុជា៖ គិតចាប់ពីម៉ោង ៨:០០នាទី រហូតដល់ម៉ោង ១១:០០នាទី ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០២៥- ម៉ោង ៨:១៨នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្រ្តបឹងត្រកួន។ - ម៉ោង ៩:៤៩នាទី រហូតដល់ ១១:០០នាទី យោធាថៃបន្តប្រើប្រាស់កាំភ្លើងធំបាញ់ចេញពីនាវា ចូលភូមិសាស្ត្រអូរភ្លុកដំរី និងកំពុងបន្តបាញ់ប្រហារនៅឡើយ។- ម៉ោង ១០: ៥០នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្រភូមិជោគជ័យ។ចំពោះស្ថានការណ៍នៅក្នុងភូមិសាស្រ្តផ្សេងទៀតមានសភាពស្ងប់ស្ងាត់ ប៉ុន្តែកងកម្លាំងរបស់យើងបន្តតាម ដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច។ សូមគូសបញ្ជាក់ផងដែរថា គិតរហូតមកដល់ម៉ោងនេះ វីរកងទ័ព និងវីរនគរបាលកម្ពុជាបាននឹងកំពុង បន្តឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងនៅតែតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវ ឈ្លានពាននៅគ្រប់សមរភូមិទាំងអស់ ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់ កម្ពុជា។

ភរិយាយោធា៖ «ស្វាមីខ្ញុំ គឺជាវីរបុរសដ៏អស្ចារ្យអង់អាច លះបង់គ្រប់យ៉ាង ដើម្បីជាតិ និងប្រជាជន»

2025/12/16 12:52:38 pm        247
គិតមកដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥នេះ គឺមានរយៈពេល​១០ថ្ងៃ​ហើយ​ដែល​ថៃ​បាន​បាញ់​ប្រហារ​ដោយ​ប្រើ​ប្រាស់អា​វុធ​ធុនធ្ងន់ គ្រប់ប្រភេទបំពានបូរណភាពទឹកដីកម្ពុជា។ បើ​ទោះ​បី​ថៃ​ប្រើ​គ្រប់​មធ្យោបា​យ​ដើម្បីឈ្លានពានទឹកដីកម្ពុជា ប៉ុន្តែកម្លាំងជួរមុខ វីរកងទ័ពកម្ពុជា នៅតែតតាំង​នឹង​ខ្មាំង​សត្រូវ​ឈ្លាន​ពាន​ដោយ​គ្មាន​ការ​រុញ​រា ដើម្បីការពារទឹកដី និងប្រជាជនជន។ជន​ភៀសសឹកនៅខេត្តព្រះវិហារ ដែលមានស្វាមី មានឪពុក និងកូនជាយោធា ដែលកំពុង​បំពេញ​ភារកិច្ច​ការ​ពារជាតិ តាមព្រំដែនបានបង្ហាញមោទនភាពចំពោះវីរភាពរបស់ស្វាមី កូន និង​ឪពុក​របស់​ពួកគេ​ដែល​បានលះបង់យកទ្រូងទៅពាំងគ្រាប់ ដើម្បីអោយពលរដ្ឋបានសុខ និង​ជាតិ​បាន​ឆ្លង​ផុត​ពី​ការ​ឈ្លានពាន​ពីយោធាថៃដោយខុសច្បាប់។ ស្រ្តីជាភរិយាយោធាបានរៀបរាប់ថា ពួក​គាត់​ពិត​ជា​មាន​ក្តី​អាណិត​ចំពោះ​កម្លាំង​ជួរមុខ ដែលមកដល់ពេលនេះ គ្មាន​ការ​រុញ​រា​ពុះ​ពារ​តតាំង​ និង​ខ្មាំង​សត្រូវ​។ លើសពីនេះវីរអង់អាចក្លាហាននេះ ត្រូវបានប្រជាជនខ្មែរចងចាំ និងដឹង​គុណ​ជា​និច្ច​។ ​សម្រាប់ពួកគាត់ជាភរិយាមានតែពាក្យ លើកទឹកចិត្តចំពោះស្វាមី ឪពុក និង កូន​អោយ​ប្រឹង​ប្រែង​តស៊ូ​ប​ន្តទៀ​ត ​ដរាបណាសត្រូវនៅតែឈ្លានពានទឹកដីកម្ពុជា។ ចំនែក​ឯពួ​ក​គាត់​នៅ​ជួរ​ក្រោយ​កំពុង​រស់នៅជំរុំភៀសសឹក គឺមានសុវត្ថិភាព មានស្បៀងគ្រប់គ្រាន់។ ជាការកត់​សម្គាល់ ចាប់តាំងពីថ្ងៃទី ៧ ដល់ថ្ងៃទី ១៦ ខែធ្នូឆ្នាំ២០២៥នេះ យោធាថៃ បាន​បើក​ការ​វាយ​ប្រហារ​ តាមផ្លូវអាកាសដោយប្រើប្រាស់នូវប្រភេទយន្តហោះ F-16 រួមនឹងអាវុធ​ធុនធ្ងន់​គ្រប់​ប្រភេទ ​បាញ់ស្រោចលើទឹកដីកម្ពុជាដោយខុសច្បាប់ ដើម្បីឈ្លានពានគ្មានរើសគោលដៅ។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​នេះក្តី វីរកងទ័ពកម្ពុជា នៅតែតស៊ូ ពុះពារ ការពារទឹកដី និង អាយុជីវិត​ប្រជាជន​ដោយ​គ្មាន​រុញ​រា ដែលបញ្ជាក់អំពីភាពអង់អាចក្លាហាន មោះមុត ស្មារតីមិនបាក់ស្បាត និង​កម្លាំង​សាមគ្គី​ប្រជាជាតិ​ខ្មែរ​តែ​មួយ​៕ អត្ថបទ៖ សូដាវណ្ណ 

គ្រឹះស្ថានសិក្សាទាំងអស់ក្រោមឱវាទមន្ទីអប់រំភ្នំពេញ បានទទួលសិស្សានុសិស្សភៀសសឹកចំនួន១៧៩នាក់ ចូលរៀនជាបណ្តោះអាសន្ន

2025/12/16 12:48:29 pm        151
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា មកដល់ត្រឹមថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ នេះគ្រឹះស្ថានសិក្សាទាំងអស់ ក្រោមឱវាទមន្ទីអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានទទួលសិស្សានុសិស្សភៀសសឹកសរុបចំនួន ១៧៩នាក់ដើម្បីបានចូលរៀនជាបណ្តោះអាសន្ន។សិស្សានុសិស្សទាំងនោះរួមមាន៖-សិស្សបឋមសិក្សា៖ ចំនួន ១១៨នាក់/ស្រី ៦០នាក់-សិស្សអនុវិទ្យាល័យ៖ ចំនួន ១៤នាក់/ស្រី០៨នាក់-សិស្សវិទ្យាល័យ៖ ចំនួន៦២នាក់/ស្រី ៣៦នាក់ក្នុងករណីនេះមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ តបតាមសេចក្តីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា សូមជូនដំណឹងទៅគ្រប់គ្រឹះស្ថានសិក្សា ទាំងអស់ សូមចូលរួមសហការ បង្កលក្ខណៈងាយស្រួលដល់អាណាព្យាបាល និងសិស្សានុសិស្សទាំងអស់ដើម្បីឱ្យ ពួកគេមានឱកាសបានចូលរៀនជាបណ្តោះអាសន្ន និងសូមអំពាវនាវដល់ សប្បុរសជនគ្រប់មជ្ឈដ្ឋាន សូមជួយឧបត្ថម្ភគាំទ្រដល់ក្រុមសិស្សានុសិស្ស តាមលទ្ធភាពដែលអាចធ្វើទៅបានដូចជា សម្ភារៈសិក្សា ប៊ិច សៀវភៅ និងរបស់ចាំបាច់ជាច្រើនផ្សេងទៀត៕

អាជីវករនៅភ្នំពេញបន្តលក់ដូរធម្មតា និងជឿជាក់​លើរាជ​រដ្ឋាភិបាល​ក្នុង​កា​រ​ដោះ​ស្រាយប​ញ្ហាជា​មួយ​ថៃ

2025/12/16 12:37:12 pm        228
ខណៈពេលដែលប្រទេសជាតិបានកំពុងជួបបញ្ហាដោយសារការឈ្លានពានពីសត្រូវ, ក្រុម​អាជីវករ​លក់​ដូរ​នៅរាជធានីភ្នំពេញកំពុងបន្តសកម្មភាពទិញ-លក់ជាធម្មតា ខណៈក្រុម​អាជីវករ​នានា​បាន​បង្ហាញ​ការ​ជឿជាក់​លើរាជដ្ឋាភិបាល និងវីរកងទ័ពជួរមុខកម្ពុជា ក្នុងការទប់ទល់​ច្បាំង​បណ្ដេញ​សត្រូវ​ឈ្លាន​ពានចេញពីទឹកដីកម្ពុជា។ លោក ហេង សុជា សព្វថ្ងៃប្រកបមុខរបរជិះម៉ូតូលក់នំខ្មែរចល័ត នៅខណ្ឌពោធិ៍សែនជ័យ រាជ​ធានី​ភ្នំពេញ បាននិយាយប្រាប់ព័ត៌មាន ប៊ីធីវី ឱ្យដឹងថា ការប្រកបរបរលក់ដូរ គិតក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ ​ស្ថានភាពទូទៅនៃការលក់ដូរទូទៅអាចប្រកបមុខរបរបានជាធម្មតា។ លោក​ក៏​បាន​អំពាវ​នាវ​ដល់​សហគមន៍អន្តរជាតិជួយជំរុញឱ្យថៃបញ្ឈប់ទង្វើឈ្លានពានកម្ពុជា ដើម្បី​បង​ប្អូន​​ពលរដ្ឋ​ស្លូត​ត្រង់កម្ពុជាដែលមានផ្ទះនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃអាចត្រលប់ទៅផ្ទះវិញ និង​ប្រកបរបបចិញ្ចឹមជីវិតជាប្រក្រតីភាពឡើងវិញ។ អ្នកស្រី មឿន ចាន់រ៉ា មានស្រុកកំណើតមកពីខេត្តតាកែវ បច្ចុប្បន្ន​ជា​អាជីវករ​លក់​ម្ហូប​អាហារ​នៅ​មុខ​រោង​ចក្រ ក្បែរផ្សារព្រៃទា រាជធានីភ្នំពេញ បានឱ្យដឹងដែរថា ស្របពេលសេដ្ឋកិច្ច​មាន​ការ​ប្រែប្រួល​គ្រប់​ការប្រកបអាជីវកម្មមានការលំបាកតាំងពីយូរមកហើយ ដូច្នេះអ្នកស្រី ក៏ដូច​អាជីវករ​ដទៃ​ទៀត​សុទ្ធសឹងតែជួបបញ្ហាប្រឈមខ្លះ ប៉ុន្ដអាចសម្របខ្លួន​ហើយ​បន្ត​សកម្មភាព​លក់​ដូរ​ជា​ប្រក្រតី​ភាព។ សូមបញ្ជាក់ថា ទោះបីជាស្ថានការណ៍នៅតាមបណ្ដោយព្រំដែនកំពុងមានកម្ដៅនៅឡើយ ប៉ុន្ដែ​ពលរដ្ឋ​នៅ​រាជ​ធានីភ្នំពេញ ក៏ដូចជាបណ្ដាខេត្តក្រុងផ្សេងទៀត បានបន្ដសកម្មភាព​ប្រកប​របរ​រក​ទទួល​ទាន​ជា​ប្រក្រតី ជាពិសេសក្រុមអ្នកផលិតផលិតផលក្នុងស្រុក កំពុងបង្កើ​ន​ការ​ផលិត​ផលិត​ផល​ខ្មែរ ​ដើម្បីកាត់បន្ថយការនាំចូលផលិតផលពីក្រៅប្រទេស និងជំរុញ​កំណើន​សេដ្ឋកិច្ច​ក្នុង​ស្រុក​៕ អត្ថបទ៖ ឈិត បូរ៉ាវី 

សង្ខេបស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីកងកម្លាំងយោធាថៃបន្តការបាញ់ប្រហារ មកលើកងកម្លាំងកម្ពុជានៅយោធភូមិភាគទី៤ និងយោធភូមិភាគទី៥

2025/12/16 11:07:02 am        230
សង្ខេបស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីកងកម្លាំងយោធាថៃបន្តការបាញ់ប្រហារ មកលើកងកម្លាំងកម្ពុជានៅយោធភូមិភាគទី៤ និងយោធភូមិភាគទី៥  ១. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ភាគីថៃបានបន្តបាញ់ប្រហារមកលើកម្ពុជា៖ គិតចាប់ពីម៉ោង ១:០០នាទីរំលងអាធ្រាត្រ រហូតដល់ម៉ោង ៨:០០នាទី ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០២៥ - ម៉ោង ១:០០នាទីរំលងអាធ្រាត្រ យោធាថៃបានធ្វើការបាញ់ផ្លោងចូលក្នុងភូមិសាស្ត្រប្រាសាទ តាក្របី និងជប់អង្គុញឥតដាច់។ - ម៉ោង ៥:៣០នាទី យោធាថៃចាប់ផ្តើមធ្វើការបាញ់ប្រហារ ដោយប្រើប្រាស់កាំភ្លើងធំ ១៥៥ម.ម ចូលភូមិសាស្ត្រប្រាសាទព្រះវិហារ។ - ម៉ោង ៦:០០នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្រប្រាសាទតាក្របី, ប្រាសាទតាមាន់ និងថ្មដូន។ - ម៉ោង ៧:២០នាទី យោធាថៃបានបាញ់ចូលភូមិសាស្ត្រភ្នំខ្មោច ដោយប្រើប្រាស់កាំភ្លើងដៃបំពាក់ លើរថក្រោះ។  ចំពោះស្ថានការណ៍នៅក្នុងភូមិសាស្រ្តផ្សេងទៀតមានសភាពស្ងប់ស្ងាត់ ប៉ុន្តែកងកម្លាំងរបស់យើងបន្តតាម ដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច។  ២. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ និងខេត្តពោធិ៍សាត់ ភាគីថៃបានបន្តបាញ់ប្រហារមកលើកម្ពុជា៖ គិតចាប់ពីម៉ោង ១៨:00នាទី ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ម៉ោង ៨:០០នាទីព្រឹក ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០២៥ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ - ម៉ោង ១៨:២០នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្រ្តភូមិព្រៃចាន់។ - ម៉ោង ២០:២៧នាទី យោធាថៃបានបាញ់ផ្លោងជ្រុំចេញពីនាវាចូលភូមិសាស្ត្រអូរភ្លុកដំរី។- ម៉ោង ២២:៣៣នាទី យោធាថៃបន្តប្រើប្រាស់កាំភ្លើងធំបាញ់ចេញពីនាវានៅភូមិសាស្ត្រអូរភ្លុកដំរី។ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ - ម៉ោង ១២:១៤នាទីរំលងអាធ្រាត្រ យោធាថៃបន្តប្រើប្រាស់កាំភ្លើងធំបាញ់ចេញពីនាវានៅភូមិ សាស្ត្រអូរភ្លុកដំរីបន្ថែមទៀត។- ម៉ោង ៦:២៥នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្រ្តភូមិជោគជ័យ។- ម៉ោង ៦:៣០នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្រ្តភូមិព្រៃចាន់។- ម៉ោង ៧:១០នាទី កម្លាំងថ្មើរជើងរបស់យោធាថៃ អមដោយរថក្រោះបានរុលចូលមកខាងមុខ ភូមិសាស្រ្តភូមិព្រៃចាន់។- ម៉ោង ៧:៣៦នាទី យោធាថៃចាប់ផ្តើមបាញ់ផ្សែងពុលនៅភូមិសាស្ត្រភូមិព្រៃចាន់។  ចំពោះស្ថានការណ៍នៅក្នុងភូមិសាស្រ្តផ្សេងទៀតមានសភាពស្ងប់ស្ងាត់ ប៉ុន្តែកងកម្លាំងរបស់យើងបន្តតាម ដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច។

ក្រៅពីការឈ្លានពានប្រដាប់អាវុធគ្រប់ប្រភេទ ថៃកំពុង​ប្រើសង្គ្រាម​ចិត្ត​សាស្រ្ដ​វាយ​ប្រហារ​មក​លើ​កម្ពុជា

2025/12/16 11:04:54 am        507
ក្រៅ​ពីសង្គ្រាមឈា្លនពានប្រដាប់អាវុធគ្រប់ប្រភេទមកលើដែនអធិបតេយ្យភាពកម្ពុជា ដោយ​យោធា​ថៃ ​បច្ចុប្បន្នពួកគេក៏កំពុងប្រើប្រាស់សង្គ្រាមចិត្តសាស្រ្ដ ធ្វើការវាយ​ប្រហារ​មក​លើ​កម្ពុជា​បន្ថែម​ទៀត ​តាមរយៈការបង្កើតព័ត៌មានក្លែងក្លាយអំពីស្ថានភាពសមរភូមិមុខ និងព័ត៌កងទ័ព ដោយ​បាន​ចែកចាយនៅលើបណ្ដាញសង្គម និងគេហទំព័រព័ត៌មានផ្លូវការរបស់ពួកគេ។ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អង្គភាព​អ្នក​នាំ​ពាក្យ​រាជ​រដ្ឋាភិបាល ​បានបញ្ជាក់តាមរយៈសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី១៦ ខែធ្នូនេះថា ថៃ​កំពុង​ធ្វើ​សង្គ្រាម​ពីរ​ក្នុងពេលតែមួយ គឺសង្គ្រាមប្រដាប់អាវុធ និងសង្គ្រាមចិត្តសាស្ត្រ ឈ្លានពានកម្ពុជា តែ​ទោះ​ជា​បែប​នេះក្តីប្រជាពលរដ្ឋខ្មែរមិនបានធ្លាក់ចូលក្នុងអន្ទាក់នៃសង្គ្រាមចិត្តសាស្ត្ររបស់ថៃឡើយ ពី​ព្រោះពលរដ្ឋកម្ពុជាបានយល់ច្បាស់អំពីល្បិចកលរបស់ពួកគេបានយ៉ាងច្បាស់។ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បាន​ទាមទារ​ឱ្យ​ភាគី​ថៃ​បញ្ឈប់​រាល់​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ​ដោយចេតនា ក្នុងគោលដៅបង្វែរការចាប់អារម្មណ៍អំពី ការរំលោភបំពាន​ច្បាប់អ​ន្តរជាតិ​របស់​ខ្លួន​ដោយ​លាប​ពណ៌កម្ពុជា ដើម្បីយកជាលេសបង្កើន​ភាព​តាន​តឹងក្នុ​ងគោ​លបំ​ណង​បម្រើ​ដល់​សកម្ម​ភាព​ឈ្លានពានមកលើកម្ពុជាប៉ុណ្ណោះ។សូមពញ្ជាក់ថាមកទល់ពេលនេះ ភាគីថៃ បន្តប្រើប្រាស់បណ្ដាញសង្គម និងគេហទំព័រ​ផ្លូវ​ការ​នានា​របស់​​ពួ​ក​​គេធ្វើការផ្សព្វផ្សាយ ចោទប្រកាន់ លាបពណ៌មក​លើ​កង​ទ័ព​កម្ពុជា​លើ​មាតិកា​ផ្សេង​ៗ​ជា​ច្រើន ​ខណៈកម្ពុជាបានចេញឆ្លើយតប និងបកស្រាយភ្លាមៗ​ដោយ​បាន​ទាត់​ចោល​រាល់​ខ្លឹមសារ​ដែល​បា​នចុះផ្សាយ ប្រឌិត ក្លែងក្លាយរបស់ភាគីថៃមកលើកម្ពុជា៕

កម្ពុជា បន្តអំពាវនាវសហគមន៍អន្តរជាតិថ្កោលទោសថៃ ខណៈបាញ់ជនស៊ីវិលកម្ពុជា ស្លាប់ដល់១៥នាក់

2025/12/16 10:38:39 am        641
កម្ពុជាបន្តអំពាវនាវសហគមន៍អន្តរជាតិថ្កោលទោសថៃ ខណៈគិតចាប់ពីថ្ងៃទី៧ មកទល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥នេះ គឺមានរយៈពេល ១០ថ្ងៃហើយ ដែលយោធាថៃ បានបើកការបាញ់ប្រហារដោយកំរោល ឃោរឃោឈ្លានពានចូលដែនអធិបតេយ្យភាពកម្ពុជាក្នុងនោះបានបាញ់ប្រហារដោយមិនរើសគោលដៅទៅលើទីតាំងជនស៊ីវិលដោយបានសម្លាប់ពលរដ្ឋស្លូតត្រង់ និងកុមារកម្ពុជាចំនួន១៥នាក់ និងរបួសចំនួន ៧៤នាក់ហើយ។ អ្នកនាំពាក្យក្រសួងការពារជាតិ លោកជំទាវ ម៉ាលី សុជាតា តាមរយៈសន្និសីទសារព័ត៌មាននៅព្រឹកនេះ បានបន្តអំពាវនាវដល់ សហគមន៍អន្តរជាតិឱ្យថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះការរំលោភបំពានដោយកំរោលរបស់ដៃចូលមកដែនអធិបតេយ្យភាពកម្ពុជា និងការបាញ់ស្លាប់ជនស៊ីវិលកម្ពុជាជាបន្តបន្ទាប់បែបនេះ។ ក្រៅពីនេះទង្វើរបស់ថៃ គឺបានបញ្ជាក់យ៉ាងច្បាស់អំពីការរំលោភលើសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ និងសកម្មភាពឧក្រិដ្ឋកម្មសង្គ្រាមខុសច្បាប់របស់ថៃ។អ្នកនាំពាក្យក្រសួងការពារជាតិ ក៏បានទាមទារឱ្យយោធាថៃបញ្ឈប់រាល់ទង្វើឈ្លានពានរបស់ខ្លួន, បញ្ឈប់ការផ្សព្វផ្សាយព័ត៌មានបំភ្លៃ និងបញ្ឈប់ការវាយប្រហារដោយមិនរើសគោលដៅមកលើជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល, បញ្ឈប់ការវាយប្រហារទីតាំងប្រវត្តិសាស្រ្ដ ហើយយោធាថៃត្រូវតែបង្ហាញពីភាពស្មោះត្រង់, សុច្ឆន្ទៈ ប្រសិនបើថៃពិតជាចង់បានសន្ដិភាពពិតប្រាកដមែន ព្រោះសន្តិភាពមិនអាចកើតឡើងតាមរយៈការនិយាយប៉ុណ្ណោះទេ ប៉ុន្ដែតាមរយៈសកម្មភាពជាក់ស្ដែង ហើយកងទ័ពថៃអាចចាប់ផ្ដើមតាមរយៈការបញ្ឈប់សកម្មភាពខុសច្បាប់របស់ខ្លួន។សូមបញ្ជាក់ថា អំពើឈ្លានពានមកលើដែនអធិបតេយ្យកម្ពុជារបស់ភាគីថៃ ដែលផ្តើមឡើង ជាថ្មីកាលពីថ្ងៃទី៧ ខែធ្នូ មកដល់ថ្ងៃទី១៦ ខែធ្នូនេះ បានបណ្តាលឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើសុវត្ថិភាពប្រជាពលរដ្ឋ និងតំបន់ស៊ីវិលកម្ពុជា ក្នុងនោះមាន ពលរដ្ឋស្លាប់មានចំនួន ១៥ នាក់ និងរបួសចំនួន៧៤នាក់។ ចំណែកពលរដ្ឋភៀសសឹកមកពីខេត្តជាប់ព្រំដែន ក្នុងខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កោះកុង និងខេត្តសៀមរាប មានជនភៀសសឹកសរុប ១២៦,២០៤ គ្រួសារ ស្មើនឹងមនុស្ស ៤២១,៨៥៣ នាក់ ក្នុងនោះមានស្ត្រីប្រមាណ ២១ ម៉ឺន ៦ពាន់នាក់ និងកុមារប្រមាណ ១២ម៉ឺន ៧ពាន់នាក់។ អំពើឈ្លានពានរបស់ថៃនេះ ក៏បានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរូបវន្តស៊ីវិល ផ្ទះប្រជាពលរដ្ឋ សាលារៀន មណ្ឌលសុខភាព ប្រាសាទបុរាណ វត្តអារាម អគារការិយាល័យគយ និងរដ្ឋាករ អគារកាស៊ីណូ សណ្ឋាគារ៣ទីតាំង មណ្ឌលកសិកម្មសហគមន៍ ស្ពានបុរាណ ស្ពានថ្មស្ពានដែក ស្ថានីយ៍ប្រេង មធ្យោបាយដឹកជញ្ជូន ឃ្លាំងទិញ ព្រមទាំងទ្រព្យសម្បត្តិ និងសម្ភារជាច្រើនទៀត៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Starmer នឹងអះអាង​ពី​បម្រាម​មិន​ឲ្យ​ក្មេងជំទង់អង់គ្លេសប្រើប្រាស់​​​បណ្ដាញ​សង្គម មុនកិច្ចប្រជុំ G7
06/15/2026 06:06 PM
មនុស្ស ១២នាក់ស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្តហោះនៅរដ្ឋ Missouri សហរដ្ឋអាមេរិក
06/15/2026 06:06 PM
បុត្រារបស់ម្ចាស់ក្សត្រីយ៍ន័រវ៉ែស​ ត្រូវបានរកឃើញថា មានទោសពីបទរំលោភសេពសន្ថវៈ ២ករណី
06/15/2026 06:06 PM
ពលរដ្ឋអ៊ីស្រាអែលបង្ហាញការមិនពេញចិត្តនឹងកិច្ចព្រមព្រៀងសន្តិភាពរវាងអាមេរិក និងអ៊ីរ៉ង់
06/15/2026 06:06 PM
លីបង់ព្រមានជនភៀសខ្លួនកុំឲ្យប្រញាប់វិលត្រឡប់ទៅផ្ទះវិញបន្ទាប់ពីកិច្ចព្រមព្រៀងរវាងអាមេរិក និងអ៊ីរ៉ង់
06/15/2026 06:06 PM
ពលរដ្ឋលីបង់សង្ឃឹមថា កិច្ចព្រមព្រៀងអាមេរិក-អ៊ីរ៉ង់ នឹងនាំបទឈប់បាញ់យូរអង្វែងជាមួយអ៊ីស្រាអែល
06/15/2026 06:06 PM
ពលរដ្ឋជម្លៀសខ្លួនលីបង់និយាយថា ពួកគេត្រូវការពេលពេញមួយជីវិតដើម្បីកសាងទីក្រុងរបស់ខ្លួនឡើងវិញ
06/15/2026 06:06 PM
នាវាពាណិជ្ជកម្មដោតទង់ជាតិសហរដ្ឋអាមេរិក ២គ្រឿង ធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz
06/15/2026 06:06 PM
Ebola កើនឡើងដល់ ៧៨២ករណី នៅកុងហ្គោ ខណៈការផ្ទុះឡើងនៃ​ជំងឺ រាលដាលដល់តំបន់សុខភាពផ្សេង​​ទៀត
06/15/2026 06:06 PM
សារព័ត៌មាន FT៖ BBC នឹងកាត់ការងាររាប់រយ នៅអង់គ្លេស ជា​ការ​បន្ថយផ្នែក​​ព័ត៌មានឲ្យ​កាន់តែតូច​​
06/15/2026 06:06 PM