អភិបាលខេត្តកណ្ដាលបានអំពាវនាវឱ្យបញ្ឈប់ការប្រេីប្រាស់​ ឬ​បញ្ឈប់​លក់បន្ត​ប្រហិតហតដករបស់ក្រុមហ៊ុន​ TSP
រយៈពេល៣ថ្ងៃ ក.ប.ប. រាជធានីភ្នំពេញនិងសមត្ថកិច្ចចម្រុះរកឃើញទំនិញមានប្រភពដើមពីប្រទេសថៃ ចំនួន ១១២មុខ មានទម្ងន់ជាង ២៦តោន
យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ «៣កុំ ១ការពារ» ពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ
អតីតយុទ្ធជនពិការ ដែលមានជីវភាពលំបាកខ្វះខាត នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ ទទួលបានផ្ទះថ្មី អំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

ព័ត៌មានជាតិ

មួយព្រឹកនេះ ជនភៀសសឹក កើនឡើង ៦៦០ គ្រួសារ ស្មើនឹងមនុស្សជាង ១ ០០០នាក់

2025/12/16 05:14:26 pm        27
គិតចាប់ពីម៉ោង ៧ព្រឹក រហូតដល់ម៉ោង ១រសៀល ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ នេះ ការរំលោភបទឈប់បាញ់ និងសង្គ្រាមឈ្លានពានវាតទីទឹកដីរបស់រដ្ឋាភិបាលក្រុងបាងកក និងយោធាថៃ លើបូរណភាព ទឹកដី និងអធិបតេយ្យកម្ពុជា ចាប់ពីថ្ងៃទី៧ ខែធ្នូ មកនោះ មានដូចខាងក្រោម៖- ករណីពលរដ្ឋនៅជំរំសុវត្ថិភាព៖ ក្នុងខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កោះកុង និងខេត្តសៀមរាប មានជនភៀសសឹកសរុប ១២៧ ១៦៨គ្រួសារ (កើនឡើង ៦៦០ គ្រួសារ) ស្មើនឹងមនុស្ស ៤២៣,៧១៥នាក់ (កើនឡើង ១ ០១៧នាក់) ក្នុងនោះមានស្ត្រីប្រមាណ ២១ម៉ឺន ៨ពាន់នាក់ និងកុមារប្រមាណ ១៣ម៉ឺននាក់។ តួលេខនេះ អាចមានការប្រែប្រួលជាបន្តបន្ទាប់។- ករណីពលរដ្ឋស្លាប់ និងរបួស៖ ពុំមានករណីស្លាប់ និងរបួសថ្មីទេ។ គិតមកដល់ពេលនេះ ករណី ពលរដ្ឋស្លាប់មានចំនួន១៥នាក់ និងរបួសចំនួន៧៥នាក់។- ករណីបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរូបវន្តស៊ីវិល៖ មានការខូចខាតផ្ទះប្រជាពលរដ្ឋចំនួន៦ខ្នង បន្ថែមទៀត។ គិតពីថ្ងៃទី៧ ខែធ្នូ រហូតមកដល់ម៉ោង ១រសៀលនេះ ការខូចខាតសរុប រួមមាន ផ្ទះប្រជាពលរដ្ឋ ៤៨ខ្នង សាលារៀន ១ទីតាំង មណ្ឌលសុខភាព១ទីតាំង ប្រាសាទបុរាណ១ វត្តអារាម ៤ទីតាំង សាលាឆទាន១ ទីតាំង កុដិព្រះសង្ឃ១ទីតាំង អគារការិយាល័យគយ និងរដ្ឋាករចំនួន១អគារ អគារកាស៊ីណូ៤ទីតាំង សណ្ឋាគារ ៣ទីតាំង អគារ៣ខ្នង មណ្ឌលកសិកម្មសហគមន៍១ទីតាំង ស្ពានថ្ម១ ស្ពានដែក១ ក្បាលស្ពាន ១កន្លែង ស្ថានីយ៍ ប្រេង១ទីតាំង មធ្យោបាយដឹកជញ្ជូន ៥គ្រឿង (ម៉ូតូ១គ្រឿង និងរថយន្ត៤គ្រឿង) ឃ្លាំងទិញដំឡូង ១ទីតាំង និងស្ពានបុរាណ ១កន្លែង នាព្រឹកថ្ងៃទី១៥ ខែធ្នូ ដែលថៃបានប្រើយន្តហោះ F-16 ទម្លាប់គ្រាប់លើ នៅព្រំប្រទល់ ស្រុកស្រីស្នំ ខេត្តសៀមរាប និងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ចម្ងាយជាង ៧០គីឡូម៉ែត្រ ពីព្រំដែន។ ក្រៅពី នេះ សេវាជាមូលដ្ឋាន ដូចជា រដ្ឋបាល សុខាភិបាល និងអប់រំតាមក្រុង ស្រុក ឃុំ-សង្កាត់ ក៏បានផ្អាកស្ទើរ ទាំងស្រុង ដោយសារតែភាគីថៃបង្កើនការវាយប្រហារមកលើតំបន់ស៊ីវិល ទាំងតាមជើងគោក ជើងទឹក និងជើងអាកាស។ជាមួយគ្នានេះ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា មានមោទនភាពដែលបានឃើញកម្លាំងមហាសាមគ្គីជាតិ កំពុងមានចលនាកាន់តែសកម្មរឹងមាំខ្ពស់ត្រដែត ដោយកូនខ្មែរគ្រប់រូប នៅគ្រប់ទីកន្លែងទូទាំងពិភពលោក បានវេញស្មារតីជាតិជាធ្លុងមួយ ប្រកៀកស្នាគាំទ្រ និងជឿជាក់យ៉ាងមុតមាំលើយុទ្ធសាស្ត្រការពារជាតិរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចមហាបវរធិបតី ប៊ុន មាំណត។ មហាកម្លាំងសាមគ្គីនេះ បានផ្តល់ថាមពលដ៏មហិមាជូនដល់កម្លាំងកងយោធពលខេមរភូមិន្ទ និងនគរបាលការពារព្រំដែន នៃក្រសួងមហាផ្ទៃ ដែលកំពុងកៀកស្មាប្រយុទ្ធការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ប្រកបដោយ ម្ចាស់ការ អង់អាចក្លាហាន ឈរជើងយ៉ាងរឹងមាំ និងមានប្រៀបឈ្នះគ្រប់គោលដៅសមរភូមិ៕

ក្រសួងអប់រំ ទទួលអំណោយ សម្ភារឧបទេសសម្រាប់ គ្រូ និងសិស្សភៀសសឹក ពីនាយកដ្ឋានអប់រំកុមារតូច និងអង្គការ NCR

2025/12/16 04:46:59 pm        120
នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានទទួលជួបសំណេះសំណាល និងទទួលសម្ភារៈឧបទេសសម្រាប់ជូនដល់ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សភៀសសឹក ពីនាយកដ្ឋានអប់រំកុមារតូច និងអង្គការ (NCR) ដឹកនាំដោយ លោកស្រី IWAMA Miyoko នាយិកាអង្គការ (NCR) ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ។ក្នុងឱកាសនេះ លោកស្រី IWAMA Miyoko បានបង្ហាញសេចក្តីរីករាយដែលបានចូលជួបសំណេះសំណាលជាមួយ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី និងបានលើកឡើងថា អង្គការ Nature Center Risen (NCR) មានសកម្មភាពយ៉ាងច្រើននៅតាមវិទ្យាស្ថានគរុកោសល្យ ដោយផ្តោតលើការផ្តល់សម្ភារៈ និងការបណ្តុះបណ្តាលគ្រូ សម្រាប់កុមារតូច ដោយបានបង្កើត និងប្រើប្រាស់វិធីសាស្ត្រថ្មីៗនៃការបង្រៀន ដែលលើកទឹកចិត្តឱ្យគ្រូ និងសិស្សធ្វើការងារជាក់ស្តែងដោយខ្លួនឯង និងធ្វើការងារតាមបរិបទមូលដ្ឋាន (localize) ជាមួយធម្មជាតិផ្ទាល់ ដែលជាវិធីសាស្រ្តងាយស្រួលក្នុងការអនុវត្ត និងជួយឱ្យកុមារតូចៗមានការលូតលាស់ល្អ និងសប្បាយរីករាយ។ អង្គការក៏បានបញ្ចូលបទពិសោធន៍ជោគជ័យពីបរិស្ថានអប់រំរបស់ប្រទេសជប៉ុន ដើម្បីកែលម្អការអប់រំបរិស្ថាននៅកម្ពុជា ជាពិសេសបានបង្កើតសៀវភៅមេរៀនចំនួន ២ ក្បាល សម្រាប់គ្រូ និងសិស្ស រួមទាំងកិច្ចតែងការដែលអាចយកទៅប្រើប្រាស់នៅកម្រិតមត្តេយ្យសិក្សា ដោយមានការសហការយ៉ាងជិតស្និទ្ធជាមួយក្រុមការងារបច្ចេកទេស។ជាការឆ្លើយតប ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អង្គការ Nature Center Risen (NCR) ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការបណ្តុះបណ្តាលគ្រូកម្ពុជានៅគ្រឹះស្ថានបណ្តុះបណ្តាលគ្រូ លើវិធីសាស្ត្របង្រៀនបែបថ្មី បែបអនុវត្តជាក់ស្តែង។ ការទទួលសម្ភារៈឧបទេស និងការបណ្តុះបណ្តាលនេះ គឺស្របទៅនឹងចក្ខុវិស័យរបស់ក្រសួង ក្នុងការពង្រឹងការអប់រំឱ្យកាន់តែមានប្រសិទ្ធភាព តាមរយៈការដាក់បញ្ចូលការអប់រំបរិស្ថានក្នុងបរិបទការប្រែប្រួលអាកាសធាតុ។ ក្នុងន័យនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រីស្នើឱ្យអង្គការ (NCR) បន្តដាក់បញ្ចូលកម្មវិធីសិក្សាបរិស្ថាន ដែលមានលក្ខណៈអនុវត្តជាក់ស្តែងទៅក្នុងកម្មវិធីអប់រំផ្លូវការរបស់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ ដើម្បីធានាថា គ្រូបង្រៀនជំនាន់ក្រោយមានសមត្ថភាពពេញលេញក្នុងការណែនាំសិស្សឱ្យយល់ដឹងពីបរិស្ថាន និងឈ្វេងយល់ពីបញ្ហា climate change ចាប់តាំងពីវ័យកុមារ ព្រមទាំងជឿជាក់ថា អង្គការ Nature Center Risen នឹងបន្តភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡាដើម្បីលើកកម្ពស់គុណភាពនៃការអប់រំបរិស្ថាននៅប្រទេសកម្ពុជា។តាងនាមក្រសួងអប់រំ យុវជន និងកីឡា សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ នាយកដ្ឋានអប់រំកុមារតូច និងអង្គការ Nature Center Risen (NCR) ដឹកនាំដោយ លោកស្រី IWAMA Miyoko នាយិកា និងជាអ្នកប្រឹក្សាអប់រំបរិស្ថាន ចំពោះទឹកចិត្តចូលរួមគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគាំពារប្រជាពលរដ្ឋភៀសសឹក ជាពិសេសកុមារតូចតាមរយៈកញ្ចប់សម្ភារៈរៀន និងបង្រៀន សម្រាប់ប្រើប្រាស់សម្រាប់សកម្មភាពមត្តេយ្យសិក្សា រួមមាន៖- កញ្ចប់សម្ភារៈរបស់នាយកដ្ឋានអប់រំកុមារតូច មាន ៣០កេស ដែលក្នុងកេសនីមួយៗ មាន ១៩មុខ និងថវិកាចូលរួមរបស់មន្ត្រីនាយកដ្ឋានអប់រំកុមារតូចមួយចំនួនទៀត។- កញ្ចប់អប់រំបរិស្ថានសម្រាប់មត្តេយ្យសិក្សា របស់អង្គការ Nature Center Risen មាន ៥កេស ដែលក្នុងកេសនីមួយៗមាន ៦កញ្ចប់ (៣០កញ្ចប់) និងថវិកាមួយចំនួន។សូមជម្រាបថា ក្រសួងអប់រំ យុវជន និងកីឡា នៅតែបន្ត ទទួលរាល់សម្ភារៈ ថវិកា កញ្ចប់សម្ភារៈសិក្សា សម្ភារៈប្រើប្រាស់ចាំបាច់ និងគ្រឿងឧបភោគបរិភោគនានា ពីសប្បុរសជនទាំងអស់ ដើម្បីបែងចែក និងដឹកជញ្ជូនបន្តទៅដល់ខេត្តដែលរងផលប៉ះពាល់ជាបន្តបន្ទាប់៕

ក្រសួងអប់រំ ចុះកិច្ចព្រមព្រៀងគាំទ្រការសាងសង់ឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធអប់រំ ដែលរងការប៉ះពាល់ដោយសង្គ្រាម

2025/12/16 04:43:24 pm        271
នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានទទួលជួបសំណេះសំណាល និងចុះកិច្ចព្រមព្រៀងគាំទ្រការសាងសង់ឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធអប់រំ ដែលរងការប៉ះពាល់ដោយសង្គ្រាម ជាមួយក្រុមហ៊ុន ដាណន់ ស្ពេសស៊លឡាយដ៏ នូទ្រីសិន (ខេមបូឌា) ឯ.ក និងអង្គការមូលនិធិកុមារកម្ពុជា ដឹកនាំដោយលោក Maarten VAN LEEUWEN នាយកគ្រប់គ្រងក្រុមហ៊ុន Danone ប្រចាំប្រទេសកម្ពុជា និងមីយ៉ាន់ម៉ា ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ។ គួរបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជំនួយ ជាមួយអង្គការមូលនិធិកុមារកម្ពុជា (Cambodian Children’s Fund - CCF) ដែលគាំទ្រថវិកាដោយក្រុមហ៊ុន Danone Specialized Nutrition (Cambodia) Co., Ltd ក្នុងគោលបំណងធានានូវការទទួលបានការអប់រំប្រកបដោយសុវត្ថិភាព និងនិរន្តរភាពសម្រាប់កុមារដែលរងផលប៉ះពាល់ដោយសារជម្លោះតាមតំបន់ព្រំដែន។ គោលបំណងស្នូលនៃកិច្ចព្រមព្រៀងគឺ សាងសង់អគារសាលារៀនថ្មីមួយ (១) ខ្នង ដែលមានថ្នាក់រៀនចំនួន ៦ បន្ទប់ នៅក្នុងតំបន់រងផលប៉ះពាល់ ដើម្បីផ្តល់ទីជម្រកសិក្សាប្រកបដោយសុវត្ថិភាព និងគាំទ្រដល់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ ដែលរងផលប៉ះពាល់ពីការឈ្លានពានរបស់ប្រទេសថៃ។តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុន ដាណន់ ស្ពេសស៊លឡាយដ៏ នូទ្រីសិន (ខេមបូឌា) ឯ.ក និងអង្គការមូលនិធិកុមារកម្ពុជា ដែលបានជួយគាំទ្រវិស័យអប់រំនៅកម្ពុជានាពេលកន្លងមក ជាពិសេសនាពេលលំបាកនេះ ដោយបញ្ចាក់សក្ខីភាពនៃភាពជាដៃគូដ៏រឹងមាំរវាងរដ្ឋ និងឯកជន ក្នុងការជួយសង្គ្រោះ និងលើកកម្ពស់អនាគតរបស់កុមារកម្ពុជាក្នុងកាលៈទេសៈដ៏តឹងតែងនេះ។ សាលារៀនដែលនឹងត្រូវសាងសង់នេះ នឹងក្លាយជាគ្រឹះដ៏រឹងមាំក្នុងការផ្តល់ចំណេះដឹង និងក្តីសង្ឃឹមឡើងវិញដល់សិស្សានុសិស្សដែលរងផលប៉ះពាល់ ហើយគម្រោងនេះនឹងត្រូវអនុវត្តក្នុងរយៈពេល ១២ ខែ ដោយចាប់ផ្តើមអនុវត្តភ្លាមៗ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់សហគមន៍នៅតាមព្រំដែន៕

ជប៉ុនផ្តល់ថវិកាជាង ១៤០ ពាន់ដុល្លារ សាងសង់ជម្រកស្រ្តីរងគ្រោះការជួញដូរ និងអគារស្នាក់នៅបុគ្គលិក នៅមជ្ឈមណ្ឌលសំចត

2025/12/16 04:41:01 pm        265
ស្ថានទូតជប៉ុន ប្រចាំកម្ពុជា នៅ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ នេះ បានចេញ សេចក្តីប្រកាសពត៌មាន ស្ដីពី ជប៉ុនផ្តល់ថវិកា ១៤០ ៧៨១ ដុល្លារអាមេរិក សម្រាប់ការសាងសង់ជម្រកសម្រាប់ស្រ្តីរងគ្រោះដោយការជួញដូរមនុស្ស និងអគារស្នាក់នៅបុគ្គលិក នៅមជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះកណ្តាលស្ទឹង។រដ្ឋាភិបាលជប៉ុន នឹងផ្តល់ថវិកាចំនួន ១៤០ ៧៨១ ដុល្លារអាមេរិក ដល់ស្ថាប័នទទួលជំនួយចំនួនមួយ ក្រោម គ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (គូសាណូណិ)។ កិច្ចសន្យា ផ្តល់ជំនួយ ត្រូវបានចុះហត្ថលេខានៅថ្ងៃនេះ ដោយ ឯកឧត្តម អ៊ូអ៊ិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និង ពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដើម្បីអនុវត្តគម្រោងខាងក្រោម៖គម្រោងសាងសង់ជម្រកសម្រាប់ស្ត្រីរងគ្រោះដោយការជួញដូរមនុស្ស និងអគារស្នាក់នៅបុគ្គលិក សម្រាប់ មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះកណ្តាលស្ទឹង (ថវិកាចំនួន ១៤០ ៧៨១ ដុល្លារអាមេរិក) សា្ថប័នទទួលជំនួយ៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ ជំនួយនេះនឹងត្រូវបានប្រើប្រាស់ដើម្បីសាងសង់ជម្រកសម្រាប់ស្រ្តីរងគ្រោះដោយការជួញដូរមនុស្ស និង សាងសង់អគារស្នាក់នៅបុគ្គលិក សម្រាប់មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះកណ្តាលស្ទឹង។ អគារទាំងនេះនឹងជួយផ្តល់សុវត្ថិភាព និងការការពារដល់ជនរងគ្រោះ ក៏ដូចជាជួយឱ្យបុគ្គលិកអាចផ្តល់សេវា ថែទាំដែលសមស្រប។ គម្រោងនេះនឹងជួយគាំទ្រជនរងគ្រោះក្នុងស្ថានភាពងាយរងគ្រោះផ្សេងៗ ទាំងផ្លូវ កាយ ឬផ្លូវចិត្ត ដើម្បីអាចវិលត្រឡប់មកជីវិតប្រចាំថ្ងៃរបស់ពួកគេវិញ។គួរបញ្ជាក់ថា គម្រោងគូសាណូណិរបស់ជប៉ុន បានចាប់ផ្ដើមនៅប្រទេសកម្ពុជានៅឆ្នាំ១៩៩១ ដើម្បីគាំទ្រដល់កិច្ចខិតខំ ប្រឹងប្រែងរបស់កម្ពុជាក្នុងការអភិវឌ្ឍ និងស្ថាបនាប្រទេសឡើងវិញ នៅតាមកម្រិតមូលដ្ឋាន ជំនួយឥត សំណងនេះ មានទិសដៅការពារជនងាយរងគ្រោះពីកត្តាមួយចំនួនដូចជា ភាពក្រីក្រ និង/ឬ ភាពអកុសលនានា ដែលអាចគំរាមកំហែងដោយផ្ទាល់ដល់អាយុជីវិត ជីវភាពរស់នៅ និងសេចក្តីថ្លៃថ្នូររបស់ពួកគេ ក៏ដូចជាជួយ ជំរុញនូវភាពម្ចាស់ការលើខ្លួនឯងរបស់ប្រជាសហគមន៍។ ចាប់តាំងពីឆ្នាំ១៩៩១ រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកាជាង ៧២លាន ដុល្លារអាមេរិក ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីអនុវត្តគម្រោង គូសាណូណ៌ ជាង៧០០គម្រោង នៅទូទាំងប្រទេសកម្ពុជា៕

TOP STORY | សម្ដេចតេជោ៖«យើងមិនមានយោធាបរទេសលើទឹកដីកម្ពុជា កើតមានតាំងពីអ៊ុនតាក់ដកចេញពីកម្ពុជានាឆ្នាំ១៩៩៣មកម្លេះ»

2025/12/16 04:36:25 pm        162
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ នាយកឧត្តមសេនីយ៍ផុតលេខផ្កាយមាស ៥ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥នេះ បានបង្ហោះសារបញ្ជាក់ថា កម្ពុជា មិនមានយោធាបរទេសលើទឹកដីកម្ពុជាកើតមានតាំងពីអ៊ុនតាក់ដកចេញចេញពីកម្ពុជានាឆ្នាំ១៩៩៣មកម្លេះ។ នាយកឧត្តមសេនីយ៍ផុតលេខផ្កាយមាស ៥ ហ៊ុន សែន បានចេញបញ្ជាក់បែបនេះ បន្ទាប់ពី ប៉ុន្មានថ្ងៃមកនេះមានការចុះផ្សាយ ដោយសាព័ត៌មានថៃមួយចំនួនដោយបានលើកឡើងថាមានទាហ៊ានរស្ស៊ី និងជនបរទេសមួយចំនួនកំពុងចូលរួមប្រយុទ្ធនៅកម្ពុជា។សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា ៖«ដើម្បីរក្សានូវសេចក្តីថ្លៃថ្នូររបស់កម្ពុជា ក៏ដូចជារបស់រុស្ស៊ី និងជនបរទេសផ្សេងទៀតដែលត្រូវបានគេចោទ។  ខ្ញុំសូមបញ្ជាក់ជូនថា កម្ពុជាពុំមានជនជនជាតិរុស្ស៊ី ឬជនជាតិបរទេសផ្សេងទៀតចូលរួមការប្រយុទ្ធលើសមរភូមិ ឬធ្វើជាទីប្រឹក្សាយោធាសម្រាប់កងទ័ពកម្ពុជានោះឡើយ»។សម្ដេចតេជោថ្លែងថា៖«យើងមិនមានយោធាបរទេសលើទឹកដីកម្ពុជាកើតមានតាំងពីអ៊ុនតាក់ដកចេញចេញពីកម្ពុជានាឆ្នាំ១៩៩៣មកម្លេះ»។សម្ដេចតេជោបានលើកឡើងថា កម្ពុជាទទួលស្គាល់ថា ធ្លាប់មានយោធាបរទេសចូលមកដើម្បីធ្វើសមយុទ្ធចម្រុះជាតិសាសន៍ឬទ្វេភាគីនៅលើទឹកដីកម្ពុជាពិសេសកងទ័ពជើងទឹកបរទេសដែលមកតាមច្រកសមុទ្រខេត្តព្រះសីហនុដែលនេះជាទម្លាប់ធម្មតាដែលប្រទេសផ្សេងទៀតធ្លាប់បានធ្វើដូចគ្នាក្នុងក្របខ័ណ្ឌនៃកិច្ចសហការក្នុងវិស័យការពារជាតិ។ សម្ដេច ក៏ទទួលស្គាល់ផងដែរថាពេលនេះមានជនជាតិបរទេសជាច្រើនជាតិសាសន៍កំពុងស្នាក់នៅកម្ពជាដែលជាទេសចរណ៍ វិនិយោគិនអ្នកបច្ចេកទេស អ្នកធ្វើការឲ្យក្រុមហ៊ុនបរទេសឬក្នុងស្រុក។ល។តែអ្នកទាំងនោះមិនពាក់ពន្ធ័ជាមួយវិស័យយោធាឬការប្រយុទ្ធនោះឡើយ៕

វត្តមានរបស់អ្នកម្ដាយមនុស្សធម៌ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានលើកទឹកចិត្ត ផ្តល់ភាពកក់ក្តៅ និងក្តីសង្ឃឹម ដល់វីរយុទ្ធជនការពារបូរណភាពទឹកដី ដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យនៅរាជធានីភ្នំពេញ

2025/12/16 04:27:19 pm        123
ទឹកចិត្ដដ៏ធំធេងដែលមិនអាចគណនាបានរបស់ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥នេះ អ្នកម្ដាយមនុស្សធម៌ បានបន្តអញ្ជើញចុះសួរសុខទុក្ខវីរយុទ្ធជនការពារបូរណភាពទឹកដី ដែលរងរបួសកំពុងព្យាបាលនៅតាមមន្ទីរពេទ្យនៅរាជធានីភ្នំពេញ រួមមានមន្ទីរពេទ្យព្រះកេតុមាលា មន្ទីរពេទ្យព្រះអង្គឌួង និងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ បន្ទាប់ពីបានអញ្ជើញចុះសួរសុខទុក្ខដល់វីរយុទ្ធជន ដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត និងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត កាលពីម្សិលមិញ។ការអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខនាពេលនេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្ដែងនូវអារម្មណ៍ក្ដុកក្ដួល អាណិតអាសូរជាពន់ពេកដល់វីរយុទ្ធជនដែលបានពលី និងលះបង់កម្លាំងកាយចិត្ដ បំពេញការងារដោយបេះដូង និងឆន្ទៈខ្ពស់ ក្នុងការការពារបូរណភាពទឹកដី លះបង់ឈាមស្រស់ សាច់ស្រស់ បូជាជូនជាតិមាតុភូមិ ដោយមោទនភាពជាទីបំផុត។ក្នុងឱកាសនេះដែរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បាននាំនូវព្រះរាជបណ្តាំផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរពីសំណាក់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជាពិសេស ស្ញប់ស្ញែងចំពោះទឹកចិត្តដ៏អង់អាចក្លាហាន ហ៊ានពលិកម្មគ្រប់បែបយ៉ាងដើម្បីបូរណភាពទឹកដីដ៏កម្សត់របស់យើង និងសូមជូនពរដល់វីរយុទ្ធជនគ្រប់រូប សូមឆាប់បានជាសះស្បើយឡើងវិញ។ ចំពោះការអញ្ជើញចុះមកដោយផ្ទាល់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានធ្វើឱ្យវីរយុទ្ធជន និងក្រុមគ្រួសារ មានក្តីរំភើបស្រក់ទឹកភ្នែកដែលទទួលបានការថ្នាក់ថ្នមដោយភាពកក់ក្ដៅ ដែលនេះជាការផ្ដល់កម្លាំងចិត្ដមួយដ៏ធំមិនអាចកាត់ថ្លៃបាន សម្រាប់វីរយុទ្ធជនទាំងអស់។ ក្នុងឱកាសដ៏រំភើបនិងទទួលបានភាពកក់ក្ដៅនេះដែរ វីរយុទ្ធជន និងគ្រួសារ បានលើកដៃប្រណព្វថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលមិនទុកចោលកូនចៅប្រុសស្រី ដោយមិនទទួលបានការជួយសង្គ្រោះទាំងផ្លូវកាយ និងផ្លូវចិត្ដនោះឡើយ ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែនៅជាប់ជាមួយប្រជាពលរដ្ឋជានិច្ច តែងតែគិតគូរពីសុខទុក្ខ លើកទឹកចិត្ត និងផ្តល់ក្តីសង្ឃឹមដ៏ធំធេងដល់ប្រជាជនគ្រប់រូប ពោលគឺទីណាដែលមានទុក្ខលំបាក ទីនោះគឺមានបេះដូង និងទឹកចិត្ដសង្គ្រោះរបស់អ្នកម្ដាយមនុស្សធម៌។វីរយុទ្ធជនទាំងអស់ និងក្រុមគ្រួសារ សូមប្រសិទ្ធពរជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ជន្មាយុយឺនយូរ ដើម្បីជាម្លប់ដ៏កក់ក្តៅដល់ប្រជាជនកម្ពុជា ជារៀងដរាប៕

គម្រោងជំរុញទីផ្សារកសិកម្មខ្នាតតូច បង្ហាញពីឱកាសថ្មីៗក្នុងការអភិវឌ្ឍទីផ្សារកសិករខ្នាតតូច

2025/12/16 04:17:39 pm        524
ក្រសួងពាណិជ្ជកម្ម និងមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម (IFAD) បាន​បញ្ចប់​បេសក​កម្ម​ត្រួត​ពិនិត្យ និងវាយតម្លៃប្រចាំឆ្នាំ លើការអនុវត្តគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (អេមស៍) ដោយជោគជ័យ ដែលបានចាប់ផ្តើមពីថ្ងៃទី១ ដល់ ១២ ខែធ្នូ ២០២៥។តាមរយៈ សេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ នេះ បានឱ្យដឹងថា ក្នុង​ដំណើរ​បេ​សក​កម្ម​នេះ ក្រុមការងារ​បាន​ធ្វើ​ការ​ត្រួត​ពិនិត្យ​វឌ្ឍនភាព​របស់​គម្រោង​នៅ​ទូទាំង​ខេត្ត​គោល​ដៅ​ទាំង​១៨ និងបានកំណត់ឱកាសថ្មីៗ ក្នុងការពង្រឹងលទ្ធភាពចូលទីផ្សារ ប្រព័ន្ធផលិតកម្ម និង​ភាព​ជា​ដៃ​គូក្នុ​ងខ្សែច្រវាក់តម្លៃ សម្រាប់កសិករខ្នាតតូចនៅកម្ពុជា។អេមស៍ គឺជាគម្រោងអនុវត្តដោយ ក្រសួងពាណិជ្ជកម្ម ដែល​ជា​គំនិត​ផ្តួច​ផ្តើម​រួម​គ្នា​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា និង IFAD ក្នុងគោលបំណង ជំរុញកំណើនទីផ្សារប្រកបដោយបរិយាបន្ន សម្រា​ប់​ផលិតផលកសិកម្មដែលមានតម្លៃខ្ពស់ និងការអភិវឌ្ឍចង្កោមអាជីវកម្មតាមជនបទ ដែល​អ្នក​ផលិត​ជា​ក្រុមកសិករខ្នាតតូច ក្នុងនោះកសិករក្រីក្រ ក៏អាចទទួលបានផលប្រយោជន៍រួមគ្នា។ មកដល់ពេលនេះ គម្រោងបាន និងកំពុងជួយគាំទ្រដល់កសិករខ្នាតតូចចំនួន ៩៤ ៤៩៩ គ្រួសារ លើសពីគោលដៅដែលបានគំណត់ ត្រឹមចំនួន ៨៨ ២០០ គ្រួសារ តែប៉ុណ្ណោះ សម្រា​ប់​ការ​អនុវត្ត​គម្រោង​រហូត​ដល់​ឆ្នាំ២០២៧។ ហើយគម្រោង នៅតែបន្តគាំទ្រកសិករខ្នាតតូច ក្នុងការអនុវត្ត​បច្ចេក​ទេស​ផលិតកម្មដែលមានភាពប្រសើរ ជួយសម្របសម្រួលទីផ្សារឱ្យកាន់តែរឹងមាំ និង​ពង្រីក​ភាព​ជាដៃ​គូពាណិជ្ជកម្មឱ្យបានកាន់តែទូលំទូលាយផងដែរ។ ក្រសួងពាណិជ្ជកម្ម និង IFAD នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធ ដើម្បីជំរុញការអនុវត្តគម្រោង អេមស៍ ឱ្យ​កាន់តែមានប្រសិទ្ធិភាព ហើយក្រុមការងារបេសកកម្ម គ្រោង​នឹង​ចុះ​គាំទ្រ​ការ​អនុវត្ត​គម្រោង​ជា​បន្ត​​ទៀត​ នៅក្នុងខែមេសា ឆ្នាំ២០២៦ ខាងមុខ។ បេសកកម្មត្រួតពិនិត្យ និង​វាយ​តម្លៃ​គម្រោង​ប្រចាំ​ឆ្នាំ​ម្តង​ទៀត ក៏នឹងគ្រោងធ្វើឡើងក្នុងចន្លោះខែវិច្ឆិកា និងខែធ្នូ ឆ្នាំ២០២៦ ផងដែរ៕

រដ្ឋមន្រ្តីសុខាភិបាល «ទោះបីមានភាពមមាញឹកការងារព្រំដែន សុខាភិបាលនៅតែបន្តរឹងមាំនូវការងារស្នូលរបស់ខ្លួន ជាពិសេសការប្រយុទ្ធនឹងជំងឺមិនឆ្លង ដែលជាសត្រូវលាក់មុខ ហើយស្ងាត់ស្ងៀមបំផុត»

2025/12/16 04:03:18 pm        103
ភ្នំពេញ ៖ ព្រឹកថ្ងៃអង្គារ ទី១៦ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់បញ្ចប់ផែនការសកម្មភាពជាតិ ស្តីពីលើកកម្ពស់សុខភាព ដើម្បីបង្ការ និងប្រយុទ្ធនឹងជំងឺមិនឆ្លង ឆ្នាំ២០២៦-២០៣០។គោលបំណងនៃការរៀបចំផែនការនេះ គឺដើម្បីធានាថា កម្ពុជាអាចសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG) ដែលជាការប្តេជ្ញាចិត្តដ៏ធំរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយមរណភាពមុនអាយុ ដោយសារជំងឺមិនឆ្លងនេះ គឺជាការសម្រេចចិត្តជាមូលដ្ឋាន ដើម្បីផ្លាស់ប្តូរទិសដៅធនធាន ទៅកាន់ការលើកកម្ពស់សុខភាព ដែលជាវិធីសាស្ត្របង្ការដ៏មានប្រសិទ្ធភាពបំផុត។ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានលើកឡើងថា ជំងឺមិនឆ្លងកើតឡើងដោយសារកត្តាហានិភ័យពាក់ព័ន្ធនឹងឥរិយាបថសំខាន់ៗ ២៖ កត្តាវ័យ និងកត្តានៃការរស់នៅ ហើយអាចចៀសវាងបាន ដោយត្រូវផ្លាស់ប្តូររបៀបរបបនៃការរស់នៅ ទទួលទានអាហារមិនមានសុខភាពល្អ ការជក់បារី ការប្រើប្រាស់គ្រឿងស្រវឹង និងកង្វះសកម្មភាពរាងកាយ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍មួយចំនួន ដើម្បីបង្ការ និងកាត់បន្ថយអត្រាមានជំងឺ និងមរណភាពដោយសារជំងឺមិនឆ្លង ចាំបាច់ត្រូវការសមត្ថភាពប្រព័ន្ធសុខាភិបាលរឹងមាំ អភិក្រម នវានុវត្តន៍ និងយន្តការហិរញ្ញប្បទានសមស្រប ដើម្បីបម្រើសេវាជំងឺមិនឆ្លង ប្រកបដោយប្រសិទ្ធភាព និងកាត់បន្ថយជាអតិបរមាឥរិយាបថហានិភ័យដល់សុខភាព នៅក្នុងក្របខណ្ឌរួមនៃការពង្រឹងសមត្ថភាព និងទំនើបកម្មប្រព័ន្ធបម្រើសេវាថែទាំសុខភាព ដោយត្រូវ៖១) ពង្រឹងសមត្ថភាពមន្រ្តីសុខាភិបាល២) លើកកម្ពស់ការយល់ដឹងអំពីការបង្ការជំងឺមិនឆ្លងដល់ប្រជាពលរដ្ឋ៣) បន្តពង្រឹងកិច្ចសហការពហុវិស័យ ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រួមទាំងវិស័យឯកជន ក្នុងការកែលម្អសុខភាព និងកត្តាសង្គម ដែលបង្កឱ្យមានផលប៉ះពាល់លើសុខភាព៤) ពង្រឹង និងពង្រីកការបម្រើសេវាប្រកបដោយគុណភាព និងប្រសិទ្ធភាព ដើម្បីធានាបាននូវការគ្របដណ្តប់សេវាសុខភាពជាសកល ដោយធានាថាគ្មានប្រជាពលរដ្ឋណាម្នាក់មិនទទួលការព្យាបាលនោះឡើយ៥) បន្តផលិតសារ និងសម្ភារអប់រំសុខភាពទៅតាមប្រធានបទផ្សេងៗ ដូចជា តិចខ្លាញ់ តិចអំបិល តិចស្ករ ផលប៉ះពាល់នៃផលិតផលគ្រឿងស្រវឹង ផលិតផលថ្នាំជក់ និងបារីអេឡិចត្រូនិក ផលប៉ះពាល់នៃការប្រើប្រាស់ផលិតផលអនឡាញ មិនសមស្របជាដើម។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី គូសរំលេចថា ក្រសួងសុខាភិបាលនឹងកំពុងយកចិត្តទុកដាក់ក្នុងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ ឱ្យបានល្អប្រសើរ ជាពិសេសជំងឺមិនឆ្លង ការបង្ការជំងឺមិនឆ្លង អាចអនុវត្តប្រកបដោយជោគជ័យបាន ចាំបាច់ត្រូវមានការចូលរួមពីប្រជាពលរដ្ឋគ្រប់រូប អង្គការដៃគូ ក្រសួង ស្ថាប័នពាក់ព័ន្ធ និងការចូលរួមរបស់អាជ្ញាធរ ភូមិ ឃុំ សង្កាត់ ក្រុង/ស្រុក/ខណ្ឌ ខេត្ត។ ជាទីបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យ អំពាវនាវឱ្យក្រសួងពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ ចាត់ទុកជំងឺមិនឆ្លងជាបញ្ហាអាទិភាព និងធ្វើការរួមគ្នាអនុវត្ត ផែនការសកម្មភាពជាតិលើកកម្ពស់សុខភាព ដើម្បីបង្ការ និងប្រយុទ្ធនឹងជំងឺមិនឆ្លងនេះ ដើម្បីឱ្យប្រទេសកម្ពុជាមានលទ្ធភាពកាត់បន្ថយបន្ទុកជំងឺមិនឆ្លង ដែលអាចការពារបាន និងដែលត្រូវចំណាយថវិកាច្រើន៕អត្ថបទ រដ្ឋា 

ឯកឧត្តម ហែម វណ្ណឌី ស្នើដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធខេត្តកំពង់ចាម ចូលរួមអភិវឌ្ឍសេដ្ឋកិច្ច ក្នុងស្មារតីស្នេហាជាតិ

2025/12/16 03:52:07 pm        112
ភ្នំពេញ ៖ ឯកឧត្តម ហែម វណ្ណឌី ប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានប្រកាសអត្ថប្រយោជន៍ដែល អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធទទួលបាន និងលើកទឹកចិត្តដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ចូលរួមអភិវឌ្ឍសេដ្ឋកិច្ច ក្នុងស្មារតីស្នេហាជាតិ។ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការ សម្របសម្រួលការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ (គ.ស.អ.ស.ក) នៅក្នុងកម្មវិធីយុទ្ធនាការផ្សព្វផ្សាយការចុះឈ្មោះតាមថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅខេត្តកំពង់ចាម ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលចង់ឃើញការកែលម្អ ពិតប្រាកដលើជំនាញវិជ្ជាជីវៈ ផលិតភាព និងគុណភាព ជាពិសេសសម្រាប់ខេត្តកំពង់ចាម ដែលជា ខេត្តមានសក្តានុពលច្រើន លើការកែច្នៃ ការផលិត និងការច្នៃប្រឌិតថ្មីៗជាដើម។  ឯកឧត្តម លើកឡើងបន្តថា ខណៈដែលប្រទេសជាតិកំពុងត្រូវបានគេឈ្លានពាន ស្មារតីស្នេហាជាតិ, មានន័យថា យើងត្រូវ ជួយអភិវឌ្ឍធ្វើឱ្យសេដ្ឋកិច្ច និងប្រទេសជាតិរបស់យើងរឹងមាំ តាមរយៈការពង្រឹងជំនាញ និងគុណភាពផលិតផលរបស់យើង គឺជា ទម្រង់មួយនៃការស្នេហាជាតិផងដែរ។ ដើម្បីឱ្យប្រទេសជាតិយើងខ្លាំងបាន យើងជាបុគ្គលម្នាក់ៗត្រូវតែខ្លាំង អាជីវកម្មត្រូវតែខ្លាំង ខេត្ត នីមួយៗត្រូវខ្លាំង។ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានលើកឡើងថា ខេត្តកំពង់ចាមបានបង្កើតគណៈ កម្មាធិការថ្នាក់ខេត្ត និងស្រុក ដើម្បីផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹង និងការចុះឈ្មោះ ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន ព្រម ទាំងមានការពិនិត្យតាមដាន និងការរាយការណ៍ជាប្រចាំ។សូមបញ្ជាក់ថា ការចុះឈ្មោះលើថ្នាលឌីជីថលរបស់រាជរដ្ឋាភិបាល បានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដូចជា ការទទួលបាន អត្តសញ្ញាណច្បាស់លាស់ លទ្ធភាពទទួលសេវាហិរញ្ញវត្ថុផ្លូវការ អត្ថប្រយោជន៍បេឡាជាតិរបបសន្តិសុខសង្គម ការបណ្តុះបណ្តាលជំនាញ សេវាគាំពារសង្គម ការលើកលែងកាតព្វកិច្ចពន្ធ និងការអនុគ្រោះពន្ធជាដើម។ អត្ថប្រយោជន៍ទាំងនេះ កំពុងត្រូវបានពង្រីកជាបន្តបន្ទាប់ តាមរយៈភាពជាដៃគូជាមួយស្ថាប័នសាធារណៈ និងឯកជន។ ជាក់ស្តែងក្រុមហ៊ុនធានារ៉ាប់រងអាយុ ជីវិត Manulife និងក្រុមហ៊ុន Phillip Capital Group ថ្មីៗនេះ បានចូលរួមជាមួយរាជរដ្ឋាភិបាលដើម្បីផ្តល់សេវាធានារ៉ាប់រង និងការ បណ្តុះបណ្តាលចំណេះដឹងហិរញ្ញវត្ថុដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយឥតគិតថ្លៃ។ ដោយឡែកមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” ក៏ផ្តល់បណ្ណជំនួយថវិកា សម្រាប់ការចាប់យកដំណោះស្រាយឌីជីថល ការបណ្តុះបណ្តាល និងការប្រឹក្សាផ្នែកឌីជីថលសម្រាប់ សហគ្រាស ខណៈដែលមូលនិធិអភិវឌ្ឍន៍ជំនាញ កំពុងរៀបចំកញ្ចប់អត្ថប្រយោជន៍ ដើម្បីគាំទ្រការបណ្តុះបណ្តាល និងការបង្កើន ជំនាញសម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធផងដែរ៕អត្ថបទ៖ សុន រ៉ាឌី

ម្ចាស់រោងចក្រ សហគ្រាស ក្រុមហ៊ុន ផ្តល់អំណោយ តាមក្រសួងការងារ សម្រាប់ចែកជូនវីរកងទ័ព ពលរដ្ឋភៀសសឹក

2025/12/16 03:36:05 pm        333
នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលអំណោយពី ក្រុមហ៊ុន ឌីឡាក់ អ៊ិនធើណេសិនណល ឯ.ក (D’luxe International Co., LTD.) ដែលបានឧបត្ថម្ភស្បៀងជាគ្រឿងឧបភោគបរិភោគរួមមាន៖ អង្ករ ៣,៥តោន ទឹកស៊ីអ៊ីវ ៤០យួរ ទឹកត្រី ៤០យួរ ត្រាវ ២៥០គីឡូក្រាម ដំឡូងបារាំង ២៥០គីឡូក្រាម ដំឡូងជ្វា ២៥០គីឡូក្រាម ការ៉ុត ២៥០គីឡូក្រាម ពោត ៦បេ ស្មើ ៣០០ពោត ទឹកសុទ្ធ ៣០កេស មី ៦០កេស។ ក្រុមហ៊ុន អិកស៍អូ ថិច អ៊ិនដាសស្ទ្រៀល ឯ.ក (XO TEX INDUSTRIAL CO., LTD.) បានចូលរួមផ្តល់អង្ករ ចំនួន ១,៧៥តោន ទឹកស៊ីអ៊ីវ ចំនួន ២០យួរ ទឹកត្រី ចំនួន ២០យួរ ទឹកសុទ្ធវីតាល់ ចំណុះ ៥០០មល ចំនួន ១៥កេស មីខ្លាឃ្មុំ ចំនួន ១៥កេស ត្រាវ ចំនួន ១២៥គីឡូក្រាម ដំឡូងបារាំង ចំនួន ១២៥គីឡូក្រាម ដំឡូងជ្វា ចំនួន ១២៥គីឡូក្រាម ការ៉ុត ចំនួន ១២៥គីឡូក្រាម ពោត ចំនួន ១៥០ផ្លែ។តាងនាមឱ្យថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសប្បុរសរបស់ក្រុមហ៊ុនទាំងពីរ និងបណ្តាសប្បុរសជន ម្ចាស់រោងចក្រ សហគ្រាស ក្រុមហ៊ុន សហជីព និងបងប្អូនកម្មករនិយោជិត ជាច្រើនទៀត ដែលបាននិងកំពុងផ្តល់មកក្រសួង ដើម្បីផ្តល់ជូនដល់វីរកងទ័ព និងជនភៀសសឹកដែលត្រូវរងគ្រោះយ៉ាងលំបាកវេទនា ជម្លៀសខ្លួនមកតំបន់សុវត្ថិភាព ចោលផ្ទះសំបែង ពីការបង្កសង្គ្រាមឈ្លានពានយ៉ាងកម្រោលឃោរឃៅពីសំណាក់យោធាថៃ។ ឯកឧត្តមរដ្ឋមន្រ្តី ចាត់ទុកថានេះជាស្មារតីរួបរួមជាកម្លាំងមួយដ៏ខ្លាំងរឹងមាំ ស្មារតីខ្មែរតែមួយ ជួយគ្នាក្នុងគ្រាទុក្ខលំបាក ប្រយុទ្ធប្រឆាំងនិងសត្រូវឈ្លានពានទឹកដី៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អភិបាលខេត្តកណ្ដាលបានអំពាវនាវឱ្យបញ្ឈប់ការប្រេីប្រាស់​ ឬ​បញ្ឈប់​លក់បន្ត​ប្រហិតហតដករបស់ក្រុមហ៊ុន​ TSP
06/15/2026 07:06 PM
រយៈពេល៣ថ្ងៃ ក.ប.ប. រាជធានីភ្នំពេញនិងសមត្ថកិច្ចចម្រុះរកឃើញទំនិញមានប្រភពដើមពីប្រទេសថៃ ចំនួន ១១២មុខ មានទម្ងន់ជាង ២៦តោន
06/15/2026 07:06 PM
ប្រធានាធិបតីកូរ៉េខាងត្បូង អំពាវនាវឲ្យ​អត់ធ្មត់ អំឡុង​ការតវ៉ា ទាក់​ទងនឹង​ការខ្វះ​ខាត​សន្លឹក​ឆ្នោត​
06/15/2026 07:06 PM
ចិនបញ្ជាក់​ថា ការពង្រីកយោធារបស់ខ្លួន ជួយដល់សន្តិភាពពិភពលោក
06/15/2026 07:06 PM
រញ្ជួយដីកម្រិត ៦,៦ រ៉ិចទ័រ កើត​មាន​នៅ​ភាគខាងត្បូងហ្វីលីពីន តែ​មិនរំពឹង​​មាន​ការខូចខាតនោះ​ទេ
06/15/2026 07:06 PM
លោក Zelenskiy ៖ រុស្ស៊ីពុំអើពើរនឹងការផ្តល់ជូនកិច្ចប្រជុំនៅជំនួបកំពូលរបស់មេដឹកនាំក្រុមប្រទេស G7
06/15/2026 07:06 PM
ប្រមុខសម្ព័ន្ធអារ៉ាប់ស្វាគមន៍កិច្ចព្រមព្រៀង​ រវាងអាមេរិក និងអ៊ីរ៉ង់ និងជំរុញឲ្យ​គោរពអធិបតេយ្យភាពរដ្ឋ​អារ៉ាប់
06/15/2026 07:06 PM
នាយករដ្ឋមន្រ្តីអង់គ្លេសប្រកាសបំរាមបណ្តាញព័ត៌មានសង្គមសម្រាប់ក្មេងក្រោមអាយុ ១៦ឆ្នាំ
06/15/2026 07:06 PM
អ្នកការទូត៖ អាមេរិក និងអ៊ីរ៉ង់ នឹងមាន​កិច្ច​ប្រជុំត្រៀម នៅទីក្រុងដូហា មុនចុះហត្ថលេខា លើកិច្ចព្រមព្រៀង
06/15/2026 07:06 PM
នាយករដ្ឋមន្រ្តីអ៊ីតាលីលោកស្រី Giorgia Meloni ជួបនាយករដ្ឋមន្រ្តីជប៉ុននៅទីក្រុងរ៉ូម
06/15/2026 07:06 PM