អភិបាលខេត្តកណ្ដាលបានអំពាវនាវឱ្យបញ្ឈប់ការប្រេីប្រាស់​ ឬ​បញ្ឈប់​លក់បន្ត​ប្រហិតហតដករបស់ក្រុមហ៊ុន​ TSP
រយៈពេល៣ថ្ងៃ ក.ប.ប. រាជធានីភ្នំពេញនិងសមត្ថកិច្ចចម្រុះរកឃើញទំនិញមានប្រភពដើមពីប្រទេសថៃ ចំនួន ១១២មុខ មានទម្ងន់ជាង ២៦តោន
យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ «៣កុំ ១ការពារ» ពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ
អតីតយុទ្ធជនពិការ ដែលមានជីវភាពលំបាកខ្វះខាត នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ ទទួលបានផ្ទះថ្មី អំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

ព័ត៌មានជាតិ

មន្ត្រីក្រសួងកសិកម្ម ដឹកនាំក្រុមការងារ​ ពិនិត្យការបំពាក់ឧបករណ៍ប្រព័ន្ធតាមដាននាវា នៅខេត្តព្រះសីហនុ

2025/12/16 08:40:36 pm        211
នៅរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំក្រុមការងារ​ចូល​រួមក្នុងបទបង្ហាញ បំពាក់ឧបករណ៍ប្រព័ន្ធតាមដាននាវា (VMS) នៅ​កំពង់​ផែនេសាទកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។នាឱកាសនោះ ឯកឧត្តម ប្រាក់ ដាវីដ បានគូសបញ្ជាក់ថា តាមរយៈ​ប្រព័ន្ធ​​តាមដានទូកនេសាទ VMS គឺយើងអាចទទួលព័ត៌មានទាន់​ពេល​វេលា អំពីទីតាំងល្បឿន និងទិសដៅរបស់ទូកនេសាទ ដែលអាច​ជួយ​ឱ្យគ្រប់គ្រង ត្រួតពិនិត្យការនេសាទកាន់តែ​មានប្រសិទ្ធភាព។ឯកឧត្តម ប្រាក់ ដាវីដ បញ្ជាក់បន្ថែមថា លើប្រព័ន្ធតាមដានទូកនេសាទ មាន​ប្រព័ន្ធផ្សេងៗទៀតដូចជា៖ ប្រព័ន្ធគ្រប់គ្រង ព័ត៌មាននេសាទ ប្រព័ន្ធ​ចុះល្បាតដោយប្រើប្រាស់កម្មវិធីស្មាត (SMART) និងប្រព័ន្ធស្ថិតិ FishStat សម្រាប់ការរាយការណ៍ និងការវិភាគអំពីផលនេសាទ។ ប្រព័ន្ធទាំងនេះ ជួយដល់ការសម្រេចចិត្ត ដោយផ្អែកលើមូលដ្ឋានទិន្ន័យ និង​វិទ្យាសាស្ត្រក្នុងការគ្រប់គ្រង និងអភិរក្សធនធានជលផលដើម្បីធានា​បាននិរន្តរភាពផលនេសាទសម្រាប់កូនចៅជំនាន់ក្រោយ។សូមជម្រាបថា ការបំពាក់ឧបករណ៍ VMS ត្រូវបានអនុវត្តដោយរដ្ឋបាល​ជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមការគាំទ្រ​បច្ចេកទេស​ពីអង្គការ FAO និងក្រុមហ៊ុន ECOINSOFT ក្រោមជំនួយ​ថវិកាពីសហភាពអឺរ៉ុប (EU) តាមរយៈគម្រោង CAPFISH-CAPTURE។សូមជម្រាបថា ការបំពាក់ឧបករណ៍ VMS ធ្វើឡើងជា៣ដំណាក់កាល រហូតដល់ឆ្នាំ២០២៥ ជាលទ្ធផលបំពាក់បាន៥៩០គ្រឿង ក្នុងនោះ​ខេត្ត​ព្រះសីហនុចំនួន ៤៣៨គ្រឿង ខេត្តកោះកុង ៥១គ្រឿង ខេត្តកំពត​ចំនួន ៩៧គ្រឿង និងខេត្តកែបចំនួន៤គ្រឿង។ សរុបចំនួន ១ ៥១៥គ្រឿង នៅ​ក្នុង​ខេត្ត​តំបន់​ឆ្នេរទាំង៤៕

រដ្ឋបាលរាជធានី នឹងបញ្ចៀសចរាចរណ៍យានយន្តគ្រប់ប្រភេទ នៅតីរវិថីព្រះស៊ីសុវត្ថិ ជាបណ្ដោះអាសន្ន

2025/12/16 08:27:32 pm        327
នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ នេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញ សេចក្តីជូនដំណឹង ស្តីពីការបញ្ចៀសចរាចរណ៍យានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន នៅតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីម៉ោង ១៤:០០ ក្នុងកម្មវិធីដើរដើម្បីសន្តិភាព (March for Peace) នៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ។មូលហេតុ សហភាពសហព័ន្ធយុវជនកម្ពុជា នឹងរៀបចំកម្មវិធីដើរដើម្បីសន្តិភាព (March for Peace) ក្នុងគោលបំណងបង្ហាញស្មារតីស្រលាញ់សន្តិភាពរបស់ព្រះរាជាណាចក្រកម្ពុជា ជាពិសេសជំរុញឱ្យមានការគោរពបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាព សំដៅសម្រេចបានសន្តិភាព រវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសថៃ ដោយធ្វើការជួបជុំនៅមុខផ្សាររាត្រី រួចធ្វើដំណើរថ្មើរជើងឆ្ពោះទៅវិមានឯករាជ្យ ស្ថិតក្នុងភូមិសាស្ត្រខណ្ឌដូនពេញ ខណ្ឌចំការមន និងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ព័ត៌មានពិស្ដារ៖

ក្រសួងវប្បធម៌ រៀបចំ មហោស្រពសិប្បកម្មច្នៃប្រតិដ្ឋទូទាំងប្រទេសលើកទី១ ចុងសប្ដាហ៍នេះ

2025/12/16 08:02:41 pm        117
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំកម្មវិធី “មហោស្រពសិប្បកម្មច្នៃប្រតិដ្ឋទូទាំងប្រទេសលើកទី១ ឆ្នាំ២០២៥” ក្នងគោលបំណងលើកស្ទួយវិស័យសិប្បកម្ម និងជំរុញលើកទឹកចិត្តឱ្យមានការច្នៃប្រតិដ្ឋក្នុងវិស័យសិប្បកម្មនៅកម្ពុជា នៅចុងសប្ដាហ៍នេះ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ទី២០ និង២១ ខែធ្នូ ឆ្នាំ២០២៥ នៅសាលចតុម្មុខ។ ក្នុងនោះមានការប្រកួតប្រជែងស្នាដៃសិប្បកម្មច្នៃប្រតិដ្ឋរបស់និស្សិត ការតាំងបង្ហាញផលិតផលច្នៃប្រតិដ្ឋរបស់សិប្បករ និងកិច្ចពិភាក្សាស្ដីអំពី អំពីការប្រើប្រាស់ពណ៌ធម្មជាតិក្នុងសិប្បកម្មតម្បាញ៕

ប្រតិភូក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្ត្រី ចុះសួរសុខទុក្ខវីរកងទ័ពរងរបួស

2025/12/16 07:54:35 pm        125
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានចាត់តាំងក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្ត្រី ដឹកនាំដោយ លោកជំទាវ ឡោក ខេង ប្រធានក្រុមសភាជាតិកម្ពុជានៃអ្នកនយោបាយសភាស្រ្តី និងជាប្រធានគណ:កម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា (គណៈកម្មការទី៨) នៅរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០២៥ អញ្ជើញចុះសួរសុខទុក្ខដល់វីរៈកងទ័ពសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ដែលបានរងរបួសក្នុងការតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញការពារពីការឈ្លានពានរបស់ថៃ លើបូរណភាពទឹកដីកម្ពុជា។ ក្រុមសភាជាតិកម្ពុជានៃអ្នកនយោបាយសភាស្រ្តីបាននាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នូវការនឹករលឹក ការគិតគូរអំពីសុខទុក្ខរបស់កងទ័ពទាំងអស់ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។  លោកជំទាវ បានជូនពរដល់វីរកងទ័ពទាំងអស់ ឆាប់បានជាសះស្បើយ និងឆាប់បានវិលត្រឡប់ចូលអង្គភាពវិញ ដើម្បីបន្តបេសកកម្មការពារប្រទេសជាតិ និងឆាប់បានវិលជួបជុំក្រុមគ្រួសារវិញ។ ក្រុមសភាជាតិកម្ពុជានៃអ្នកនយោបាយសភាស្រ្តី បានលើកទឹកចិត្ត និងថ្លែងនូវការកោតសសើរចំពោះការលះបង់ និងវីរភាពដ៏ធំធេងដែលមិនអាចកាត់ថ្លៃបាន ក្នុងនាមជាទ័ពជួរមុខ ក្នុងការរក្សាសន្តិភាព ការការពារអធិបតេយ្យបូរណភាពទឹកដីពីការឈ្លានពានរបស់យោធាសៀម។  វីរៈកងទ័ពក៏បានគោរពថ្លែងអំណរគុណ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី និងលោកជំទាវ ឡោក ខេង ក៏ដូចជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលតបានចាត់តំណាង និងចុះមកសួរសុខទុក្ខពួកគាត់ដល់មន្ទីរពេទ្យ និងសូមគោរពជូនពរ សម្តេច លោកជំទាវ លោក លោកស្រី ទាំងអស់ទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ ឆ្លៀតក្នុងឱកាសនេះដែរក្រុមសភាជាតិកម្ពុជានៃអ្នកនយោបាយសភាស្រ្តី បាននាំយកនូវថវិកាមួយចំនួនជូនដល់វីរកងទ័ព ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ដែលជាថវិកា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ចំនួន ១៥លានរៀលផងដែរ៕

ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់៖ «រាជរដ្ឋាភិបាលនៅជាមួយប្រជាពលរដ្ឋ វីរកងទ័ព វីរនគរបាលជាតិគ្រប់ពេលវេលា»

2025/12/16 07:50:26 pm        499
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្ទឹងត្រង់ និងលោកជំទាវ រួមជាមួយក្រុមការងារ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ នេះ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត ជូនលោកតាលោកយាយ អ៊ំពូមីង បងប្អូនដែលជាគ្រួសារភៀសសឹកនៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ចំនួន ៣៣៥គ្រួសារ ដែលនេះជាការបំពេញកិច្ចការងារយ៉ាងសកម្ម ក្រោមការចង្អុលបង្ហាញដោយផ្ទាល់ពី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត និងឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម ព្រមទាំងឯកឧត្តមឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ានិត មេបញ្ជាការរងកងទ័ពជើងគោក, អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកចំការលើ ក្នុងការយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខរបស់បងប្អូន កូនក្មួយ លោកតា លោកយាយ ជាពលករចំណាកស្រុក និងគ្រួសារភៀសសឹកទាំងអស់ ដែលត្រូវបានចល័តមករកទីទួលមានសុវត្ថិភាពបណ្ដោះអាសន្ន គេចពីសត្រូវឈ្លានពានទឹកដី។ក្នុងពិធីដ៏មានអត្ថន័យនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម ច្រឹង គឹមស្រ៊ាន ទីប្រឹក្សាសម្ដេចតេជោប្រធានព្រឹទ្ធសភា, លោកជំទាវ កុល ធារិន សមាជិករដ្ឋសភា និងជាអ្នកតំណាងរាស្ត្រខេត្តកំពង់ចាម, ឯកឧត្ដម គន់ សុភា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម, ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំទាំង១២នៃស្រុកស្ទឹងត្រង់ រួមទាំងបងប្អូន លោកតា លោកយាយ អ៊ំ ពូ មីងសរុបប្រមាណ ៦០០នាក់។ថ្លែងក្នុងឱកាសនាពេលនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគោរពថ្លែងអំណរគុណ និងដឹងគុណដល់វីរកងទ័ពជួរមុខកម្ពុជាក្នុងការការពារបូរណភាពទឹកដីតាមខ្សែរបន្ទាត់ព្រំដែន ប្រកបដោយភាពអង់អាចក្លាហាន និងឈរជើងយ៉ាងរឹងមាំប្រឆាំងនឹងសត្រូវឈ្លានពាន។ ជាមួយគ្នានេះឯកឧត្តមរដ្ឋមន្ត្រី ក៏បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋ សូមឱ្យមានជំនឿចិត្តលើចំណាត់ការបស់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែនៅជាមួយបងប្អូន គ្រប់កាលៈទេសៈនិងគ្រប់ដំណាក់កាល។ស្ថិតក្នុងគ្រាដ៏លំបាកនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏សូមគោរពសម្ដែងនូវគុណូបការៈគុណដ៏ខ្ពង់ខ្ពស់គោរពជូន សម្តេចតេជោ, រួមជាមួយសម្តេចធិបតីនាយករដ្ឋមន្ត្រី និងឥស្សរជនកំពូលរបស់ជាតិ ដែលតែងតែរួមសុខ រួមទុក្ខ ជាមួយប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈ និងគ្រប់ពេលវេលា ដោយមិនទុកពលរដ្ឋណា, គ្រួសារណា ឬ យោធិនណាឱ្យនៅឯកោ នោះឡើយ, ព្រមទាំងប្តេជ្ញាការពារអធិបតេយ្យជាតិ, បូរណភាពទឹកដី ដើម្បីបុព្វហេតុជាតិ, មាតុភូមិ និងប្រជាជនកម្ពុជា ទោះក្នុងតម្លៃណាក៏ដោយ។សូមជម្រាបជូនថា អំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ជូនបងប្អូន លោកពូ អ្នកមីង លោកយាយ លោកតា ដែលជាគ្រួសារភៀសសឹក ដើម្បីដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃក្នុងនោះរួមមាន៖ អង្ករចំនួន ៥តោន (ក្នុង១គ្រួសារ ១០គីឡូ), ទឹកក្រូចចំនួន ៣៥០កេស (ក្នុង១គ្រួសារ ១កេស), ទឹកសុទ្ធចំនួន ៥០០កេស (ក្នុង១គ្រួសារ ១កេស), ទឹកដោះគោចំនួន ៤០០កេស (ក្នុង១គ្រួសារ ១កេស), មីចំនួន ៤១៧កេស (ក្នុង១គ្រួសារ ១កេស), ទឹកត្រីចំនួន ៥០០យួរ (ក្នុង១គ្រួសារ ១យួរ), ទឹកស៊ីអ៊ីវចំនួន ៥០០យួរ (ក្នុង១គ្រួសារ ១យួរ), សម្ភារៈសិក្សា ៤០០ឈុត (ក្នុង១ គ្រួសារ ១ ឈុត), ឃីត (សម្លៀកបំពាក់, ភួយ, ក្រមា)៣៥០ឃីត (ក្នុង១គ្រួសារ ១ឃីត), ឃីត (នំ, អាហារចម្រុះ) ៣៥០ឈុត (ក្នុង១ គ្រួសារ ១ ឈុត), សម្ភារៈផ្ទះបាយ ចំនួន ៨កេសធំ, សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃចំនួន ៣៤០ឈុត និងសម្ភារៈផ្សេងៗទៀត ព្រមទាំងថវិកា ៦ម៉ឺនរៀល ក្នុង ១គ្រួសារ៕

រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម ចាត់ទុកការប្រើប្រាស់បច្ចេកវិទ្យា eBeam និង X-ray គឺជាឃ្នាស់នៃសេដ្ឋកិច្ច

2025/12/16 07:41:41 pm        145
ភ្នំពេញ ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ចាត់ទុកការប្រើប្រាស់បច្ចេកវិទ្យា eBeam និង X-ray គឺជាឃ្នាស់នៃសេដ្ឋកិច្ច តាមរយៈការបង្កើនសុវត្ថិភាពផលិតផល គាំទ្រឧស្សាហកម្មសំខាន់ៗ និងលើកកម្ពស់ភាពប្រកួត ប្រជែងរបស់កម្ពុជាក្នុងទីផ្សារតំបន់ និងសកល។ ​ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងនៅក្នុងវេទិកាជាតិ បច្ចេកវិទ្យា eBeam និង X-ray សម្រាប់អនាគតឆ្លាតវៃឆ្នាំ២០២៥ ក្រោមប្រធានបទ៖ “សក្តានុពលថ្មីក្នុងវិស័យធុរកិច្ច និងវិនិយោគ” នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ នេះថា ពិភពលោកដែលមានការវិវឌ្ឍន៍យ៉ាងឆាប់រហ័ស នាពេលបច្ចុប្បន្ននេះ ការប្រើប្រាស់បច្ចេកវិទ្យា eBeam និង X-ray មានសារសំខាន់កាន់តែខ្លាំងឡើងនៅតាមវិស័យផ្សេងៗដូចជា៖ សុខាភិបាល, កសិកម្ម, កែច្នៃចំណីអាហារ និង វិទ្យាសាស្ត្ររូបធាតុ។ បច្ចេកវិទ្យា eBeam និង X-ray ផ្ដល់អត្ថប្រយោជន៍ដល់វិស័យផ្សេងៗ តាមរយៈការបង្កើនសុវត្ថិភាព និង គុណភាព។ នៅក្នុងវិស័យសុខាភិបាល, បច្ចេកវិទ្យានេះអាចសម្លាប់មេរោគនៅលើឧបករណ៍ និងបរិក្ខារវេជ្ជសាស្ត្រ ដែលកាត់បន្ថយ ហានិភ័យនៃការឆ្លង។ ក្នុងវិស័យកសិកម្ម, បច្ចេកវិទ្យា eBeam និង X-ray អាចគ្រប់គ្រងឬកម្ចាត់សត្វល្អិត និងជំងឺ ដែលជំរុញ ទិន្នផលដំណាំនិងគុណភាពដំណាំ។ ចំណែកវិស័យបរិស្ថាន, កែច្នៃនិងសម្លាប់មេរោគលើកាកសំណល់ វិស័យឧស្សាហកម្ម និងទឹក កខ្វក់ ដើម្បីកាត់បន្ថយសាធាតុពុល និងបំបែកសារធាតុគីមីដែលមិនរលាយដោយធម្មជាតិ។ ដោយឡែកវិស័យវប្បធម៌, បច្ចេកវិទ្យានេះ យកមកប្រើប្រាស់ដើម្បីសម្អាត និងថែររក្សាសម្បត្តិបេតិកភណ្ឌជាតិ ក្នុងគោលបំណងអភិរក្សវប្បធម៌ខ្មែរឱ្យបានគង់វង្ស។ឯកឧត្តមរដ្ឋមន្រ្តីបន្តថា ដូច្នេះគំនិតផ្តួចផ្តើមចាប់យកបច្ចេកវិទ្យាប្រព្រឹត្តិកម្មវិទ្យុសកម្ម ជាពិសេសដាក់ឱ្យប្រើប្រាស់ពហុបំណង នៅក្នុងប្រទេសកម្ពុជា គឺជាជំហានដ៏សំខាន់មួយដើម្បីពង្រឹងសមត្ថភាពក្នុងវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ជាតិ សំដៅ ទាក់ទាញវិនិយោគិន បង្កើនសមត្ថភាពនាំចេញ ព្រមទាំងបង្កើតការងារដែលមានខ្ពស់សម្រាប់យុវជន, លើសពីនេះគម្រោងនេះនិង គាំទ្រឧស្សាហកម្មគន្លឹះ លើកកម្ពស់នូវសមត្ថភាព និងបង្កើនការជឿជាក់លើផលិតផលក្នុងស្រុក ថែមទាំងការជំរុញប្រកួតប្រែងតំបន់ និងសកល ដែលឆ្លុះបញ្ចាំងនូវការប្តេជ្ញាចិត្តរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ទំនើប ចីរភាព ដំណើរការដោយនវានុវត្តន៍តាមចក្ខុវិស័យរបស់រារដ្ឋាភិបាល និងចក្ខុវិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០៥០។សាស្រ្តាចារ្យ Suresh Pillai នាយកមជ្ឈមណ្ឌលជាតិស្រាវជ្រាវ eBeam នៃសាកលវិទ្យាល័យ Texas A&M បានលើកឡើង ថា ការចាប់យកបច្ចេកវិទ្យា eBeam និង X-ray បានកាន់តែឆាប់រហ័ស នឹងអាចជួយកម្ពុជាបង្កើនភាពប្រកួតប្រជែងនៅក្នុងតំបន់ និង អាចក្លាយជាគំរូបង្ហាញការដឹកនាំរបស់រដ្ឋាភិបាល ក្នុងការជំរុញការវិនិយោគឯកជនលើបច្ចេកវិទ្យាថ្មីៗ។ លោកសាស្រ្តាចារ្យបន្ថែមថា សាកលវិទ្យាល័យ Texas A&M រួមជាមួយដៃគូសហការអន្តរជាតិបានត្រៀមជាស្រេច ក្នុងការចែករំលែកជំនាញផ្នែកវិទ្យាសាស្រ្ត ការបណ្ដុះបណ្ដាល និងបទពិសោធន៍បច្ចេកទេស ដើម្បីធានាថាបច្ចេកវិទ្យាទាំងនេះអាចចាក់ឫស និងរីកលូតលាស់នៅកម្ពុជា។ឯកឧត្តម ហុង រ៉ាដា អនុរដ្ឋលេខាធិការ និងជាប្រធានគម្រោងលើកឡើងថា វេទិកាជាតិនេះមិនត្រឹមតែបង្ហាញគុណប្រយោជន៍ នៃបច្ចេកវិទ្យា eBeam និង X-ray ប៉ុណ្តោះទេ ប៉ុន្តែជាវេទិកាសម្រាប់បង្កើតទំនាក់ទំនងយុទ្ធសាស្ត្រ ដែលនឹងជួយកម្ពុជាឱ្យដើរទាន់ និន្នាការសកល ឆ្ពោះទៅរកការអភិវឌ្ឍឧស្សាហកម្មបៃតង ដែលមានសុវត្ថិភាព និងប្រសិទ្ធភាព។សូមបញ្ជាក់ថា បច្ចេកវិទ្យាប្រព្រឹត្តកម្មវិទ្យុសកម្ម រួមទាំងបច្ចេកវិទ្យា eBeam និង X-ray កំពុងត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅ ក្នុងតំបន់អាស៊ាន និងទូទាំងពិភពលោក ដើម្បីបង្កើនសុវត្ថិភាពចំណីអាហារ ផលិតភាពឧស្សាហកម្ម សុខាភិបាល និងការស្រាវជ្រាវ នៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនដូចជា សហរដ្ឋអាមេរិក អាល្លឺម៉ង់ ជប៉ុន បារាំង និងសាធារណរដ្ឋកូរ៉េ បានបង្កើនការ វិនិយោគរបស់ខ្លួនយ៉ាងច្រើនលើបច្ចេកវិទ្យាទាំងនេះ ក្នុងគោលដៅពន្លឿនវឌ្ឍនភាពនៃវិស័យចម្រុះ៕អត្ថបទ៖ សុន រ៉ាឌី

អភិបាលខេត្តបាត់ដំបង ចុះសាកសួរសុខទុក្ខយុទ្ធជនកំពុងមានរបួសជំងឺ សម្រាកព្យាបាលនៅមន្ទីរពេទ្យ

2025/12/16 07:31:23 pm        154
នៅថ្ងៃអង្គារ ទី១៦ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម សុខ លូ អភិបាល នៃអគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមជាមួយក្រុមក្រឡាហោមមនុស្សធម៌ ដឹកនាំដោយ ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ចន្ទ សុផល អ្នកតំណាងរាស្រ្ត ចុះសាកសួរសុខទុក្ខយុទ្ធជនកំពុងមានរបួសជំងឺ សម្រាកព្យាបាលនៅមន្ទីរពេទ្យយោធាព២ ខេត្តបាត់ដំបង។អញ្ជើញសំណេះសំណាលនាឱកាសនោះ ឯកឧត្តម ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចក្រឡាហោម ស ខេង និង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ព្រមទាំងកោតសរសើរ និងអរគុណ ចំពោះវីរយុទ្ធជនទាំងអស់ ដែលបានលះបង់គ្រប់បែបយ៉ាងដើម្បីបុព្វហេតុជាតិ ដើម្បីការពារជាតិពីការបង្ករសង្គ្រាមឈ្លានពានរបស់សៀម និងប្រសាសន៍ជូនពរសូមឱ្យឆាប់ជាសះស្បើយដើម្បីវិលត្រឡប់ទៅបំពេញភារកិច្ចជូនជាតិវិញ៕

ក្រសួងការងារបន្តរៀបចំវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពអធិការសន្តិសុខសង្គម

2025/12/16 06:54:40 pm        139
ប្រធានបទសំខាន់ៗចំនួន៧ ត្រូវបានចងក្រងជាមេរៀន រយៈពេល ៣ថ្ងៃ ក្នុងវគ្គបណ្តុះបណ្តាល ស្តីពីបច្ចេកទេសអធិការកិច្ចសន្តិសុខសង្គម មូលដ្ឋានសុខាភិបាល និងបទប្បញ្ញត្តិពាក់ព័ន្ធ ដល់អធិការសន្តិសុខសង្គម ប្រមាណ ១៨០នាក់ នៅសាលសន្តិភាពនៃអគារបេឡាជាតិសន្តិសុខសង្គម។ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាល រយៈ ពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម អ៊ិន ខេមរា រដ្ឋលេខាធិការ តំណាង ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកសរសើរដល់ការខិតខំបំពេញតួនាទីដ៏សំខាន់របស់បេឡាជាតិសន្តិសុខសង្គម ក្នុងការផ្តល់សេវាសន្តិសុខសង្គមជូនបងប្អូនកម្មករនិយោជិត ឱ្យទទួលបាននូវអត្ថប្រយោជន៍ពីរបបសន្តិសុខសង្គមផ្នែកគ្រោះថ្នាក់ការងារ ថែទាំសុខភាព និងប្រាក់សោធន រួមទាំងអត្ថប្រយោជន៍ច្រើនទៀតដែលរាជរដ្ឋាភិបាលផ្តល់ជូនកិច្ចគាំពាសង្គម។ ដើម្បីបង្កើនប្រសិទ្ធនៃការអនុវត្តច្បាប់និងលិខិតបទដ្ឋានគតិយុត្ត ឯកឧត្តម បានផ្តល់ការណែនាំដល់អធិការសន្តិសុខសង្គម ដែលជាសិក្ខាកាមទាំងអស់ ចូលរួមយកចិត្តទុកដាក់ស្តាប់ ចាប់យកនូវខ្លឹមសារគន្លឹះពីការធ្វើបទបង្ហាញរបស់គ្រូឧទ្ទេស ដើម្បីទទួលបានចំណេះដឹងបន្ថែម និងជាមូលដ្ឋានក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព តម្លាភាព ការពារប្រយោជន៍ស្របច្បាប់របស់បងប្អូនកម្មករនិយោជិត។គួរបញ្ជាក់ថា ប្រធានបទសំខាន់ៗ ចំនួន៧ រួមមាន៖ ច្បាប់ស្តីពីការងារ ច្បាប់ស្តីពីរបបសន្តិសុខសង្គម ច្បាប់ស្តីពីសហជីព ច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា រួមទាំងក្រមសីលធម៌អធិការការងារ និងបច្ចេកទេសក្នុងការធ្វើអធិការកិច្ចរបបសន្តិសុខសង្គមនៅតាមមូលដ្ឋានសុខាភិបាល។ ប្រធានបទសំខាន់ទាំងនេះធ្វើឡើងក្នុងគោលបំណង លើកកម្ពស់សមត្ថភាព និងការយល់ដឹងអំពីបច្ចេកទេសអធិការសន្តិសុខសង្គម និងបច្ចេកទេសត្រួតពិនិត្យមូលដ្ឋានសុខាភិបាល ព្រមទាំងលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព៕

សង្ខេបស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីកងកម្លាំងយោធាថៃបន្តការបាញ់ប្រហារ មកលើកងកម្លាំងកម្ពុជានៅទិសយោធភូមិភាគទី៤ និងយោធភូមិភាគទី៥

2025/12/16 06:43:05 pm        275
១. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៤ ក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ភាគីថៃបានបន្តបាញ់ប្រហារមកលើកម្ពុជា៖ គិតចាប់ពីម៉ោង ១:00នាទីរំលងអាធ្រាត្រ រហូតដល់ម៉ោង ១៧:០០នាទី ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០២៥ - ម៉ោង ១:០០នាទីរំលងអាធ្រាត្រ យោធាថៃបានធ្វើការបាញ់ផ្លោងចូលក្នុងភូមិសាស្ត្រប្រាសាទតាក្របី និងជប់អង្គុញឥតដាច់។ - ម៉ោង ៥:៣០នាទី យោធាថៃចាប់ផ្តើមធ្វើការបាញ់ប្រហារ ដោយប្រើប្រាស់កាំភ្លើងធំ ១៥៥ម.ម ចូលភូមិសាស្ត្រប្រាសាទព្រះវិហារ។ - ម៉ោង ៦:០០នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្រប្រាសាទតាក្របី, ប្រាសាទតាមាន់ និងថ្មដូន។ ម៉ោង ៧:២០នាទី យោធាថៃបានបាញ់ចូលភូមិសាស្ត្រភ្នំខ្មោច ដោយប្រើប្រាស់កាំភ្លើងដៃបំពាក់ លើរថក្រោះ។ - ម៉ោង ៨:៤៨នាទី យោធាថៃបានបាញ់សម្រុកយ៉ាងខ្លាំងនៅភូមិសាស្ត្រអានសេះ។ - ម៉ោង ៩:២៥នាទី យោធាថៃបានចល័តរថក្រោះបំពាក់កាំភ្លើងបាញ់ចូលភូមិសាស្ត្រភ្នំខ្មោច។ - ម៉ោង ៩:៣០នាទី យោធាថៃនៅតែបន្តការបាញ់ប្រហារមកលើកម្ពុជា ដោយប្រើប្រាស់រថក្រោះ, កាំភ្លើងធំ, ដ្រូនទម្លាក់គ្រាប់ និងដ្រូនអត្តឃាតវាយសម្រុកខ្លាំងនៅភូមិសាស្ត្រ ប្រាសាទតាក្របី, ភ្នំ៣៣៣, ថ្មឆត្រ, ជប់អង្គុញ, ថ្មដូន, ភ្នំខ្មោច, អូរស្មាច់ និងបានប្រើប្រាស់ កាំភ្លើងធំបាញ់ផ្លោងចូលភូមិសាស្ត្រ ក្រុងសំរោង។ - ម៉ោង ១:៣៧នាទី យោធាថៃបានបាញ់ប្រហារយ៉ាងខ្លាំង នៅភូមិសាស្ត្រប្រាសាទព្រះវិហារ ដោយបានប្រើប្រាស់រថយន្តបាញ់រ៉ុកែត DTI-2 និងនៅភូមិសាស្ត្រភ្នំខ្មោច, អានសេះ យោធាថៃបានប្រើប្រាស់ដ្រូនទម្លាក់គ្រាប់បែក និងបានបាញ់ផ្សែងពុលចូលខាងក្រោយវត្តកែវ សិក្ខាគីរីស្វារៈ ភូមិសាស្ត្រប្រាសាទព្រះវិហារនិងបានផ្លោងកាំភ្លើង ១៥៥មម ចូលភូមិសាស្រ្ត ភ្នំខ្មោច។ ចំណែកនៅក្នុងភូមិសាស្រ្តភ្នំ៣៣៣ យោធាថៃបានប្រើប្រាស់កម្លាំងពិសេសធ្វើសកម្ម ភាព និងបានប្រើប្រាស់រថក្រោះ និងកម្លាំងថ្មើរជើងចូលភូមិសាស្រ្តជប់អង្គុញ់ ប្រាសាទតាក្របី និងថ្មឆត្រ។២. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៥ ក្នុងខេត្តបន្ទាយមានជ័យ និងខេត្តពោធិ៍សាត់ ភាគីថៃបានបន្តបាញ់ប្រហារមកលើកម្ពុជា៖ គិតចាប់ពីម៉ោង ១៧:០០នាទីរសៀល ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ ម៉ោង ១៧:០០នាទីរសៀល ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ - ម៉ោង ១៨:២០នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្រ្តភូមិព្រៃចាន់។ - ម៉ោង ២០:០០នាទី យោធាថៃបានប្រើប្រាស់កាំភ្លើងធំបាញ់ចូលភូមិសាស្ត្រអូរភ្លុកដំរី។ - ម៉ោង ២០:២៧នាទី យោធាថៃបានបាញ់ផ្លោងជ្រុំចេញពីនាវាចូលភូមិសាស្ត្រអូរភ្លុកដំរី។ - ម៉ោង ២២:៣៣នាទី យោធាថៃបន្តប្រើប្រាស់កាំភ្លើងធំបាញ់ចេញពីនាវានៅភូមិសាស្ត្រអូរភ្លុកដំរី។ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ - ម៉ោង ១២:១៤នាទីរំលងអាធ្រាត្រ យោធាថៃបន្តប្រើប្រាស់កាំភ្លើងធំបាញ់ចេញពីនាវានៅភូមិសាស្ត្រ អូរភ្លុកដំរីបន្ថែមទៀត។ - ម៉ោង ៦:២៥នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្រ្តភូមិជោគជ័យ។- ម៉ោង ៦:៣០នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្រ្តភូមិព្រៃចាន់។- ម៉ោង ៧:១០នាទី កម្លាំងថ្មើរជើងរបស់យោធាថៃ អមដោយរថក្រោះបានរុលចូលមកខាងមុខភូមិ សាស្រ្តភូមិព្រៃចាន់។ - ម៉ោង ៧:៣៦នាទី យោធាថៃចាប់ផ្តើមបាញ់ផ្សែងពុលនៅភូមិសាស្ត្រភូមិព្រៃចាន់។ - ម៉ោង ៨:១៨នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្រ្តបឹងត្រកួន។ - ម៉ោង ៩:៤៩នាទី យោធាថៃបន្តប្រើប្រាស់កាំភ្លើងធំបាញ់ចេញពីនាវាចូលភូមិសាស្ត្រអូរភ្លុកដំរី។ គិតត្រឹមម៉ោង ១០:៣៨នាទី យោធាថៃបានបន្តបាញ់ប្រហារនៅឡើយ។- ម៉ោង ១០: ៥០នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្រភូមិជោគជ័យ។ - ម៉ោង ១១:១៩នាទី យោធាថៃបន្តបាញ់ផ្លោងចូលភូមិសាស្ត្រខាងក្រោយភូមិជោគជ័យ។ - ម៉ោង ១៣:៣៥នាទី យោធាថៃបានប្រើប្រាស់ដ្រូនពាំក្បាលគ្រាប់ទម្លាក់នៅភូមិសាស្ត្រអូរភ្លុកដំរី។ - ម៉ោង ១៥:៤៦នាទី យោធាថៃបានប្រើប្រាស់ដ្រូនខ្នាតធំហោះរំលោភចូលដែនអធិបតេយ្យកម្ពុជា ក្នុង ភូមិសាស្រ្តឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ - ចាប់ពីម៉ោង ១៥:៥៤នាទី រហូតដល់ម៉ោង ១៦:០៤នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ចំនួន ៣គ្រាប់ ចូលភូមិសាស្ត្រច្រកច១។ - ម៉ោង ១៦:១៧នាទី យោធាថៃបានប្រើប្រាស់កាំភ្លើងធំបាញ់ចូលភូមិសាស្ត្រច្រកច១។ 

ជំរឿនជាក់ស្តែងតាមគ្រឹះស្ថានសិក្សាសាធារណៈ និងអង្គភាពសុខាភិបាលមូលដ្ឋាន នៅរាជធានីភ្នំពេញ ពិធីបើកយុទ្ធនាការ

2025/12/16 06:29:42 pm        222
នារសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និង ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃគ្រឹះស្ថានសិក្សាសាធារណៈ បានអញ្ជើញជាសហអធិបតីក្នុងពិធី បើកយុទ្ធនាការជំរឿនជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃគ្រឹះស្ថានសិក្សាសាធារណៈ និងអង្គភាពសុខាភិបាលមូលដ្ឋាននៅរាជធានីភ្នំពេញ ដែលប្រព្រឹត្តិទៅនៅ វិទ្យាស្ថានជាតិអប់រំ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ថ្នាក់ដឹកនាំ ក្រសួងមុខងារសាធារណៈ និងក្រសួងសុខាភិបាល តំណាងរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ លោក លោកស្រី ក្រុមការងារទទួលបន្ទុកធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃគ្រឹះស្ថានសិក្សាសាធារណៈ មកពីខណ្ឌទាំង១៤ នៃរដ្ឋបាលរាជធានីភ្នំពេញ។បន្ទាប់ពីរបាយការណ៍របស់ លោកជំទាវ រដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មការជំរឿន និងចំណាប់អារម្មណ៍របស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី ក្រសួងសុខាភិបាល រួចមក ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះក្រុមការងារនៃគណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីជាក់ស្តែង ក្រោមការដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដែលបានសហការគ្នាយ៉ាងសកម្មជាមួយក្រុមការងារបច្ចេកទេសរបស់ក្រសួងអប់រំ យុវជន និងកីឡា ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ រហូតដល់ពេលបើកយុទ្ធនាការជាផ្លូវការនាថ្ងៃនេះ។ ការធ្វើជំរឿនមន្រ្តីជាក់ស្តែងនៅតាមគ្រឹះស្ថានសិក្សាសាធារណៈ ជាមូលដ្ឋានសំខាន់ក្នុងការបន្តជំរុញអនុវត្តការកែទម្រង់ឱ្យកាន់តែស៊ីជម្រៅ និងការពង្រឹងអភិបាលកិច្ចឱ្យកាន់តែប្រសើរ ក្នុងវិស័យអប់រំ យុវជន និងកីឡា នៅគ្រប់កម្រិតសិក្សា ជាពិសេសជំរុញប្រសិទ្ធភាពការដាក់ពង្រាយគ្រូបង្រៀនដល់កន្លែងដែលខ្វះគ្រូ និងការបំពេញការងាររបស់មន្ត្រីក្នុងរដ្ឋបាលសាធារណៈ ជួយលើកកម្ពស់ទាំងប្រសិទ្ធភាព និងផលិតភាពការងារ ព្រមទាំងការទទួលខុសត្រូវ ដោយផ្តើមចេញពីការពិនិត្យ និងវាយតម្លៃ ស្ថានភាពបច្ចុប្បន្ននៃការបំពេញការងាររបស់មន្ត្រី រួមទាំងការគិតគូរអំពីវិធានការដោះស្រាយ ដើម្បីពង្រឹង សមត្ថភាព និងសមិទ្ធកម្មសា្ថប័ន។លើកឡើងក្នុងឱកាសនេះដែរ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធនិងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃគ្រឹះស្ថានសិក្សាសាធារណៈ បានកោតសរសើរ និងថ្លែងអំណរគុណដល់ក្រុមការងារបច្ចេកទេសនៃគណៈកម្មការទទួលបន្ទុកការងារនេះ និងក្រុមការងារពាក់ព័ន្ធ នៃក្រសួងអប់រំ យុវជន និងកីឡា ដែលបានសហការគ្នាយ៉ាងជិតស្និទ្ធ រៀបចំយុទ្ធនាការនេះឡើង ឆ្លើយតបនឹងវិធានការគន្លឹះរបស់រាជរដ្ឋាភិបាល ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ។ ជាការរំពឹងទុកពីការធ្វើជំរឿននេះ រួមមាន១) ទិន្នន័យដែល ច្បាស់លាស់ ឯកភាពគ្នា ប្រើប្រាស់រួមគ្នាតែមួយ ២) ទិន្នន័យដែលច្បាស់ នឹងផ្តល់ជាមូលដ្ឋាន ក្នុងការគ្រប់គ្រងស្ថានភាពមន្ត្រីឱ្យរឹតតែច្បាស់លាស់ ការរៀបចំផែនការមន្រ្តី ការជ្រើសរើសបំពេញឱ្យចំនៅកន្លែងខ្វះខាតពិតប្រាកដ ផែនការអភិវឌ្ឍន៍សមត្ថភាពមន្ត្រី និងការពង្រាយមន្ត្រី ៣) ទិន្នន័យដែលចេញពីការធ្វើជំរឿននឹងបញ្ចូលក្នុងប្រព័ន្ធបច្ចេកវិទ្យាឬ Database ដែលនឹងផ្តល់នូវភាពងាយស្រួលជាច្រើនដល់ការអនុវត្តការងាររួមមាន ការប្រែប្រួលស្ថានភាពមន្រ្តី ការបើកបៀវត្ស ការឡើងឋានន្តរសក្តិ និងអត្ថប្រយោជន៍សហព័ទ្ធជាដើម ៤) ការគ្រប់គ្រងបាននូវភាពជាក់ស្តែងនៃរចនាសម្ព័ន្ធ ចំនួនមន្ត្រីបំពេញការងារជាក់លាក់តាមអង្គភាព នឹងអនុញ្ញាតឱ្យមានការពង្រឹងប្រសិទ្ធភាពស្ថាប័ន ដែលនឹងក្លាយជាផ្នែកមួយយ៉ាងសំខាន់ចូលរួម ក្នុងការបង្កើនប្រសិទ្ធភាព នៃការចំណាយថវិកាជាតិផងដែរ។ សូមបញ្ជាក់ដែរថា យុទ្ធនាការជំរឿនជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃគ្រឹះស្ថានសិក្សាសាធារណៈ និងអង្គភាពសុខាភិបាលមូលដ្ឋាន ដែលបាននឹងកំពុងដំណើរការក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្នុងគោលដៅកំណត់ឱ្យបានច្បាស់លាស់នូវ មន្ត្រីរាជការ ដែលបាន និងកំពុងបំពេញការងារជាក់ស្ដែងនៅតាមគ្រឹះស្ថានសិក្សាគ្រប់កម្រិត និងគ្រប់ប្រភេទ ឆ្ពោះទៅកែលម្អការគ្រប់គ្រងធនធានមនុស្សនៅក្នុងវិស័យអប់រំឱ្យកាន់តែល្អប្រសើរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ថាមពលកកើតឡើងវិញ កំពុងរីកចម្រើនយ៉ាងឆាប់រហ័សនៅតំបន់ម៉ុងហ្គោលីខាងក្នុងរបស់ចិន
06/15/2026 08:06 PM
អនុប្រធានាធិបតី លោក Vance៖ អាមេរិករំពឹងថា ច្រកសមុទ្រ Hormuz នឹងបើកឲ្យចរាចរដោយមិនបង់​ថ្លៃ​
06/15/2026 08:06 PM
តម្លៃឧស្ម័នអឺរ៉ុប ធ្លាក់ចុះជាង ៦% ខណៈកិច្ចព្រមព្រៀងរវាងអាមេរិក និងអ៊ីរ៉ង់ សម្រាលកង្វល់​ពី​ការផ្គត់ផ្គង់ LNG
06/15/2026 08:06 PM
លោក Lavrov ៖ ទីក្រុងមូស្គូប្តេជ្ញាចិត្តចំពោះតែសំណើសន្តិភាពរបស់អាមេរិក និងច្រានចោលឱសានវាទរបស់អឺរ៉ុប
06/15/2026 08:06 PM
ឥណ្ឌា និងស្លូវ៉ាគី ឯកភាពបង្កើនទំនាក់ទំនងដល់កម្រិតភាពជាដៃគូយុទ្ធសាស្រ្ត
06/15/2026 08:06 PM
ចិនជំរុញឲ្យ​មានការសន្ទនា ខណៈរុស្ស៊ី និងអ៊ុយក្រែន វាយប្រហារគ្នា​​ដោយមីស៊ីល និងយាន​ដ្រូន​ទ្រង់​ទ្រាយ​ធំ
06/15/2026 08:06 PM
អភិបាលខេត្តកណ្ដាលបានអំពាវនាវឱ្យបញ្ឈប់ការប្រេីប្រាស់​ ឬ​បញ្ឈប់​លក់បន្ត​ប្រហិតហតដករបស់ក្រុមហ៊ុន​ TSP
06/15/2026 07:06 PM
រយៈពេល៣ថ្ងៃ ក.ប.ប. រាជធានីភ្នំពេញនិងសមត្ថកិច្ចចម្រុះរកឃើញទំនិញមានប្រភពដើមពីប្រទេសថៃ ចំនួន ១១២មុខ មានទម្ងន់ជាង ២៦តោន
06/15/2026 07:06 PM
ប្រធានាធិបតីកូរ៉េខាងត្បូង អំពាវនាវឲ្យ​អត់ធ្មត់ អំឡុង​ការតវ៉ា ទាក់​ទងនឹង​ការខ្វះ​ខាត​សន្លឹក​ឆ្នោត​
06/15/2026 07:06 PM
ចិនបញ្ជាក់​ថា ការពង្រីកយោធារបស់ខ្លួន ជួយដល់សន្តិភាពពិភពលោក
06/15/2026 07:06 PM