ក្រសួងព័ត៌មានរៀបចំសន្និសីទសារព័ត៌មានបិទបញ្ចប់បេសកកម្ម «ជិះកង់ដើម្បីកុមារកម្ពុជា» រៃអង្គាសថវិកាបានជាង ២៦ម៉ឺនដុល្លារ
ក្រសួងក​សិកម្មលើកទឹកចិត្តអ្នកដាំដុះទុរេនឱ្យគោរពភាពស្មោះត្រង់ ខណៈ​តម្រូវ​ការ​នាំ​ចេ​ញ​ទៅ​ចិន​កើន​ឡើងជិត ៤០ដង
ពលរដ្ឋគ្មានដីពិតប្រាកដចំនួន ៥៣៨គ្រួសារ ចាប់ឆ្នោតទទួលបានដី និងផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួនពីរដ្ឋាភិបាល
អ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ​ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័​ និងបន្លាលួស​ នៅតំបន់បឹងត្រកួន​ ស្រុកថ្មពួក

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាកំពុងដើរចំចំណុចខ្លាំង ដែលនាំឲ្យកម្ពុជាអភិវឌ្ឍក្រោយឆ្នាំ២០៣០ ផ្អែកលើ កសិ-ឧស្សាហកម្មនិងធនធានរ៉ែ

2026/07/07 04:27:01 pm        229
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានលើកឡើងថា សម្តេចតេជោគិតថា កម្ពុជាកំពុងដើរចំចំណុចខ្លាំង ដែលនាំឲ្យកម្ពុជាអភិវឌ្ឍក្រោយឆ្នាំ២០៣០ ផ្អែកលើវិស័យកសិឧស្សាហកម្ម និងធនធានរ៉ែ។ ការលើកឡើងបែបនេះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីក្រុមប្រឹក្សានិងថ្នាក់ដឹកនាំនៃមន្ទីរអង្គភាពនានានៅក្នុងខេត្តមណ្ឌលគិរីនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៦នេះ។ សម្តេចតេជោបានថ្លែងការចាប់អារម្មណ៍ថា តាមរបាយការណ៍របស់ឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី សម្តេចបានទាញចំំណាប់អារម្មណ៍មួយចំនួន ក្នុងនោះអរគុណចំពោះមិត្តចិនដែលបានផ្តល់ហេដ្ឋារចនាសម្ព័ន្ធក្នុងការតភ្ជាប់ ពីខេត្តក្រចេះទឹកដីស្រុកស្នួល មកកាន់ខេត្តមណ្ឌលគិរី និងតភ្ជាប់ទៅកាន់ខេត្តរតនគិរី ដែលមានការតភ្ជាប់ប្រទាក់ក្រឡា ហើយនិង បានជួយកម្ពុជាតភ្ជាប់ជាមួយប្រទេសជិតខាងដែរ។ សម្តេចតេជោលើកឡើងថា អ្វីដែលជាមោទនភាពនោះ តាមរបាយការណ៍ផ្ទៃដីកៅស៊ូនៅខេត្តមានចំនួន៤៣៩១២ហិចតា ដែលបានចៀរជ័រហើយចំនួន២ម៉ឺន២ពាន់ហិចតា។ នេះដូចអ្វីដែលសម្តេចធ្លាប់ព្យាករណ៍គឺចំការកៅស៊ូនៅស្រុកខ្មែរ អាចនឹងឡើងដល់កន្លះលានហិចតា នៅពេលបូកបញ្ចូលគ្រប់ខេត្តចូលគ្នា។ ក្រៅពីនេះក៏មានដំណាំចំការស្វាយចន្ទីដែរ ដែល សម្តេចគិតថា កម្ពុជាកំពុងដើរចំចំណុចខ្លាំង ដែលនាំឲ្យកម្ពុជាអភិវឌ្ឍក្រោយឆ្នាំ២០៣០ ក្នុងនោះទី១យើងអាចទាញយកប្រយោជន៍ពីវិស័យ-កសិឧស្សាហ៍ និងទី២ ធនធានរ៉ែ ខណៈបច្ចុប្បន្ននៅមណ្ឌលគិរីអាចផលិតមាសបាន១៨តោនមាសហើយ និងនៅមានកន្លែងផ្សេងៗទៀត ដែលកម្ពុជាមិនទាន់បានទាញនូវធនធានធម្មជាតិមកប្រើនោះទេ គឺទាញប្រើមានកម្រិតតិចតួចណាស់ បើប្រៀបធៀបនឹងធនធានរ៉ែដែលយើងមាន។ សម្តេចបន្តថាវិស័យកសិឧស្សាហកម្ម នឹងក្លាយជាមុខព្រួញសេដ្ឋកិច្ចដ៏ខ្លាំង។ ដែលសម្តេចនៅតែបន្តនិយាយថាភូមិភាគឥសាន្តនឹងក្លាយជាប៉ូលសេដ្ឋកិច្ចទី៤ នៅក្នុងដំណាក់កាលណាមួយ ដែលប៉ូលសេដ្ឋកិច្ចទី៤នៅឥសាន្តទិស មានខេត្តក្រចេះ ខេត្តមណ្ឌលគិរី ខេត្តរតនគិរី ខេត្តស្ទឹងត្រែង និងអាចភ្ជាប់ជាមួយខេត្តព្រះវិហារ ផ្អែកលើវិស័យកសិ-ឧស្សាហកម្ម និងធនធានរ៉ែ។ សម្តេចតេជោបញ្ជាក់ទៀតថា ប៉ូលសេដ្ឋកិច្ចទី១នៅរាជធានីភ្នំពេញ ប្រមូលផ្តុំគ្រប់បែបយ៉ាង ប៉ូលទី២នៅខេត្តព្រះសីហនុ ប្រមូលផ្តុំដោយការដឹកជញ្ជូន និងឧស្សហកម្ម ប៉ូលទី៣នៃសេដ្ឋកិច្ចនៅខេត្តសៀមរាបផ្អែកលើទេសចរណ៍ ហើយប៉ូលទី៤ នៅភូមិភាគឥសាន្ត ផ្តោតលើកសិ-ឧស្សាហកម្ម និងធនធានរ៉ែ ហើយនឹងមានផ្នែកមួយនៃវិស័យទេសចរណ៍ដែរ។ សម្តេចបន្តថា នៅពេលខាងមុខសក្កានុពលនៃខេត្តមណ្ឌលគិរីនឹងខ្លាំង ប៉ុន្តែត្រូវមានរបៀបអភិវឌ្ឍអោយបានត្រឹមត្រូវ ត្រូវគិតអោយបានដិតដល់ ពិសេសលើបញ្ហាព្រៃសហគមន៍ ព្រៃត្រូវការពារ របស់បងប្អូនជនជាតិដើមភាគតិច។ សូមបញ្ជាក់ថា ចំពោះវិស័យកសិកម្ម កសិ-ឧស្សាហកម្ម គឺខេត្តមណ្ឌលគិរី គឺជាខេត្តមួយដែលមានផ្ទៃដី ធំទូលាយ ដីសំបូរទៅដោយជីជាតិអំណោយសម្រាប់ដំណាំកសិកម្ម កសិ-ឧស្សាហកម្ម ជាពិសេស ដំណាំកៅស៊ូ ស្វាយចន្ទីរ និងដំណាំសំខាន់ៗជាច្រើនទៀត ក្នុងនោះផ្ទៃដីកៅស៊ូ មានប្រមាណ ៤៣ ៩១២ហិកតា ក្នុងនោះផ្ទៃដីកៅស៊ូចៀរជ័រប្រមាណ ២២ ៧៨៦ហិកតា បរិមាណផល ជ័រកៅស៊ូប្រមាណ ២៩ ៣០៤តោន, ដំណាំស្វាយចន្ទី មានប្រមាណ ១១ ១៦៥ហិកតា បរិមាណ ផលសរុប ១០ ៣២៨តោន, ដំណាំម្រេច ប្រមាណ ១ ៣៥៨ហិកតា បរិមាណផលសរុប ៣ ៣៣៦ តោន កាហ្វេប្រមាណ ៦២៧ហិកតា បរិមាណផលសរុប ១ ២៤៧តោន ដំណាំបន្លែប្រមាណ ៦៣៣ ហិកតា បរិមាណផលសរុប ៧ ០២៧តោន រួមទាំងដំណាំឧស្សាហកម្ម និង ដំណាំរួមផ្សំដទៃទៀត។ បច្ចុប្បន្ននេះ មានក្រុមហ៊ុនវិនិយោគលើវិស័យកសិកម្មសរុបចំនួន ២៥ក្រុមហ៊ុន លើផ្ទៃដីសរុប ចំនួន ១៤៧.០១៣,០៥ហិកតា ដែលភាគច្រើនបានវិនិយោគលើការដាំដុះដំណាំ កៅស៊ូ និង ដំណាំសំខាន់ៗជាច្រើនទៀត ។ ការវិនិយោគលើវិស័យរ៉ែទូទាំងខេត្តសរុបចំនួន ១៨ក្រុមហ៊ុន ស្មើនឹង ២១អាជ្ញាប័ណ្ណ ។ បច្ចុប្បន្ននេះ មានក្រុមហ៊ុន រឺណេសង់ មីណឺរ៉ល ខេមបូឌា លីមីធីត បានធ្វើអាជីវកម្មចម្រាញ់ រ៉ែមាស ជាផ្លូវការចាប់ពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ រហូតមកដល់បច្ចុប្បន្ន ទទួលបានលទ្ធផល ដោយ ចម្រាញ់រ៉ែមាសបានចំនួនប្រមាណជាង ១៨តោនមាស៕ 

ប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស​ សម្ពោធ​បើក​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​កំណាត់​ផ្លូវ​ជាតិលេខ៧ ប្រវែង ៤៥,៤៨៩ គ.ម ចាប់ពីរង្វង់មូលស្គង់ដល់រង្វង់​មូល​គល់​ស្ពាន​គីហ្សូណា ក្រុងកំពង់ចាម

2026/07/07 03:53:09 pm        237
នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៦ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​សម្ពោធ​បើក​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​កំណាត់​ផ្លូវ​ជាតិ​លេខ​៧ ប្រវែង ៤៥,៤៨៩ គ.ម ចាប់ពីរង្វង់មូលស្គង់ដល់រង្វង់មូលគល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត៖- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី៖ គម្រោងសាងសង់ឡើងវិញកំណាត់ផ្លូវជាតិលេខ៧ មានប្រវែង ៤៥,៤៨៩គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្គន់ (ទីរួមស្រុកជើងព្រៃ) ទៅដល់រង្វង់មូលគល់ស្ពានគីហ្សូណា (ក្រុងកំពង់ចាម) ត្រូវបានស្ថាបនាជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ(AC) កម្រាស់ ៩សង់ទីម៉ែត្រ និងបេតុងសរសៃដែក កម្រាស់ ២៦សង់ទីម៉ែត្រ មានគន្លងផ្លូវធ្វើចរាចរណ៍ចំនួន ៤គន្លង(២គន្លងទៅ ២គន្លងមក) ដោយគន្លងនីមួយៗមានប្រវែង ៣,៧៥ម៉ែត្រ និងមានសួនពុះទ្រូងផ្លូវប្រវែង ១,៥ម៉ែត្រ។ កំណាត់ផ្លូវជាតិនេះបានរួមបញ្ចូលនូវការសាងសង់ស្ពានចំនួន ៨កន្លែង ក្នុងនោះស្ពានថ្មី ១កន្លែង មានប្រវែង ៤០ម៉ែត្រ មានទទឹង ២៤ម៉ែត្រ និងស្ពានថ្មីចំនួន ៦កន្លែងផ្សេងទៀត មានប្រវែងសរុប ១០៦ម៉ែត្រ មានទទឹង ១២ម៉ែត្រ និងពង្រីកបន្ថែមស្ពានចាស់ដែលមានស្រាប់ចំនួន ១កន្លែង មានទទឹង ១០,៥ម៉ែត្រ។- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី៖ គម្រោងនេះបានអនុវត្ដការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ប្រើប្រាស់រយៈពេលសាងសង់ចំនួន ២៧ខែ និងបានបញ្ចប់ការសាងសង់នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ រួចរាល់មុនផែនការ ១៥ខែ ដោយបានចំណាយថវិកាសរុបប្រមាណជាង ១១៧លានដុល្លារអាម៉េរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ។- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់បន្ថែមថាកំណាត់ផ្លូវជាតិលេខ៧នេះគឺជាខ្សែផ្លូវយ៉ាងសំខាន់ និងជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្តានុពល ដែលបានតភ្ជាប់ជាមួយបណ្តាញផ្លូវនានាឆ្ពោះទៅកាន់រាជធានី-ខេត្ត រួមមាន នៅចំណុច ចាប់ផ្តើមខ្សែផ្លូវនេះបានតភ្ជាប់ជាមួយផ្លូវជាតិលេខ៦(ពីរង្វង់មូលទីប្រជុំជនស្គន់) ឆ្ពោះទៅទិសដៅរាជធានីភ្នំពេញ និងទិសដៅខេត្តកំពង់ធំ ខេត្តសៀមរាប និងតភ្ជាប់ត្រង់ចំណុចផ្លូវបំបែកស្រុកព្រៃឈរជាមួយផ្លូវជាតិលេខ៦០ ភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៦ និងផ្លូវជាតិលេខ៧០ ឆ្ពោះទៅកាន់ ស្រុកកងមាស ព្រមទាំងបានតភ្ជាប់ជាមួយផ្លូវជាតិលេខ៧១ ត្រង់ចំណុចផ្លូវបំបែកត្រើងទៅកាន់ស្រុកចំការលើ និងតភ្ជាប់ជាមួយផ្លូវខេត្តលេខ២២២ ក្នុងទិសដៅទៅកាន់ស្រុកស្ទឹងត្រង់ និងផ្លូវខេត្តលេខ២២៣ក្នុងទិសដៅទៅកាន់ស្រុកកងមាស និងឆ្ពោះទៅកាន់តំបន់ខេត្តស្ថិតនៅភូមិភាគឦសាន។- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ថា ការសាងសង់ពង្រីកកំណាត់ផ្លូវជាតិលេខ៧ ឡើងវិញ បានប្រែក្លាយខ្សែផ្លូវនេះទៅជាខ្សែផ្លូវមួយដ៏រឹងមាំ ធំទូលាយ និងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនផលិតផលកសិកម្ម កសិ-ឧស្សាហកម្ម ព្រមទាំងលើកកម្ពស់ការអភិវឌ្ឍ និងសកម្មភាព សេដ្ឋកិច្ច-សង្គមនៅភូមិសាស្ត្រខេត្តកំពង់ចាម និងបណ្ដាខេត្តនៅជាប់ព្រំប្រទល់ដែលមានសក្តានុពល ក្នុងការផ្លាស់ប្ដូរពាណិជ្ជកម្មលើទំនិញ និងកសិផលសំខាន់ៗ បន្ថែមពីនេះ កំណាត់ផ្លូវជាតិនេះក៏បានចូលរួមចំណែកក្នុងការលើកកម្ពស់វិស័យទេសចរណ៍ក្នុងខេត្តកំពង់ចាមដែលមានប្រាសាទបុរាណ រមណីយដ្ឋានធម្មជាតិ និងវប្បធម៌ប្រវត្តិសាស្ត្រផងដែរ។- សម្ដេចធិបតី នាយករដ្ឋមន្រ្ដីជឿជាក់ថា ក្រោយពេល៥ទៅ១០ឆ្នាំទៅមុខទៀត ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅតាមបណ្ដោយកំណាត់ផ្លូវជាតិលេខ៧នេះ នឹងកាន់តែមាន​ការរីកចម្រើន និងអភិវឌ្ឍបន្ថែម ជាពិសេសវិស័យទេសចរណ៍ និងការធ្វើដំណើរ និងលើកទឹកចិត្តដល់ពលរដ្ឋអាចមានជម្រើសក្នុងការជ្រើសរើសផ្លូវសម្រាប់ធ្វើដំណើរផងដែរ។- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ៧នេះ បានបើកសម្ពោធសាងសង់ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី ជាមួយអតីតឯកអង្គរដ្ឋទូតចិន, ហើយថ្ងៃនេះសម្ពោធដាក់ឱ្យប្រើប្រាស់ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី នាយករដ្ឋមន្រ្ដីថ្មី និងឯកអគ្គរដ្ឋទូតថ្មី ប៉ុន្ដែសមិទ្ធផលនេះនៅរក្សាដដែល បន្តនៃដំណើរការកសាង ហើយមិនចប់ទៅត្រឹមសម្ពោធផ្លូវជាតិនេះនោះទេ ប៉ុន្ដែគម្រោងក្នុងឆ្នាំ២០២៦-២០២៧ គឺរដ្ឋាភិបាលនៅបន្តធ្វើថែមទៀត មានកំណាត់ផ្លូវច្រើនទៀតត្រូវធ្វើ។- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី៖ ការតភ្ជាប់ផ្លូវ គឺជាការតភ្ជាប់ជីវិត និងសរសៃឈាម ដែល​នាំ​ឈាម​ទៅ​ចិញ្ចឹម​នៅ​គ្រប់​កន្លែង​ទាំង​អស់នៃប្រទេសរបស់យើង ខណៈ​នៅ​តាម​មូល​ដ្ឋាន​រាជ​រដ្ឋាភិបាល​ក៏បា​នកសាងផ្លូវបេតុង តាមរយៈមូ​លនិ​ធិឃុំ-សង្កាត់ ដើម្បីតភ្ជាប់មកផ្លូវជាតិផងដែរ។- សម្ដេចធិបតី ហ៊ុន ម៉ាណែត​៖ ឥឡូវនេះកម្ពុជា​មានផែន​ការ​មេគ្រប់ជ្រុងជ្រោយ​ស្ដីពី​ប្រព័ន្ធ​ដឹក​ជញ្ជូន​អន្តរ​មធ្យោបាយ និងភស្តុភារកម្មកម្ពុជា ដែលភស្តុភារកម្ម គឺ​ជា​មជ្ឈ​មណ្ឌល​នៃ​ការ​ចែក​ចាយ​ ដែល​អាច​ជួយ​សម្រួល​បង្កើន​សេដ្ឋកិច្ច ហើយ​រដ្ឋាភិបាល​មាន​គម្រោង​បង្កើត​ឡើង​នូវ​មណ្ឌល​ភស្តុភារកម្ម​នេះចំ​នួន ១១កន្លែងនៅទូទាំងប្រទេសកម្ពុជា។- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ៖ រាជរដ្ឋាភិបាល​កំពុង​តែ​ទាក់ទាញ​នូវ​ការ​វិនិយោគ​រៀបចំ​ប្រព័ន្ធ​ភស្តុភារកម្ម​កម្ពុជា ឬឡូជីស្ទីកកម្ពុជានេះ ខណៈគម្រោងបង្កើតចំនួន ១១កន្លែងទូទាំងប្រទេស។- សម្ដេចធិបតី នាយករដ្ឋមន្រ្ដីថ្លែងថា ការដឹកជញ្ជូនត្រូវជួយថែរក្សាទាំងអស់គ្នា ព្រោះការ​ដឹក​លើស​ទម្ងន់​នេះធ្វើឱ្យការខូចខាតផ្លូវថ្នល់របស់យើង ដូច្នេះត្រូវចូលរួមថែរក្សាទាំងអស់គ្នា បើ​មិន​ដូច្នេះ​ទេ ​ផ្លូវរបស់យើងនឹងអាចខូចហើយការវិនិយោគរបស់រដ្ឋ គឺសុទ្ធតែជាថវិកាជាតិ សម្រាប់​ប្រជាជនទាំ​ងអស់គ្នាប្រើប្រាស់។ *ប្រសាសន៍សម្ដេចធិបតី ចប់នៅម៉ោង ៨និង៥៦នាទី 

សម្តេចតេជោ ហ៊ុន សែន បន្តជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា មន្ត្រីនៃមន្ទីរអង្គភាពនានាជុំវិញខេត្តមណ្ឌលគិរី

2026/07/07 03:40:35 pm        224
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៦នេះ បានអញ្ជើញបន្តចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំនៃមន្ទីរ អង្គភាពនានាជុំវិញខេត្តមណ្ឌលគិរី ប្រមាណ៥០០នាក់ នៅទីរួមខេត្តមណ្ឌលគិរី។ដំណើរអញ្ជើញចុះមូលដ្ឋានរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជានាពេលនេះគឺ ដើម្បីពង្រឹងគណនេយ្យភាពរវាងសមាជិកព្រឹទ្ធសភាជាមួយអង្គបោះឆ្នោត ដែលជាសមាជិកក្រុមប្រឹក្សានៅតាមមូលដ្ឋាន ជំរុញឱ្យការងារមូលដ្ឋានកាន់តែមានប្រសិទ្ធភាព បង្កើនការយកចិត្តទុកដាក់លើភារកិច្ចរបស់ខ្លួន ពិសេសការផ្តល់សេវាសាធារណៈអោយបានល្អប្រសើរ។មន្ត្រីមូលដ្ឋាននៅក្នុងខេត្តមណ្ឌលគិរីនេះ បានបង្ហាញក្តីរីករាយ ដែលបានជួបសំណេះសំណាលជាមួយសម្តេចតេជោប្រធានព្រឹទ្ធសភានាពេលនេះ ពិសេសខេត្តមណ្ឌលគិរីជាខេត្តភូមិភាគឥសាន ឆ្ងាយពីរាជធានីភ្នំពេញ ប៉ុន្តែសម្តេចអញ្ជើញមកដោយផ្ទាល់ ណែនាំដល់មន្ត្រីនៅមូលដ្ឋានលើការបំពេញការងារបម្រើសេវាជូនដល់ពលរដ្ឋ។ នៅមណ្ឌលគិរីមានសណ្ឋានជាតំបន់ភ្នំ មានដង់ស៊ីតេប្រជាជនរស់នៅឆ្ងាយៗពីគ្នា ទោះមានការលំបាកខ្លះក្នុងការផ្តល់សេវាជូនពលរដ្ឋ នបងប្អូនជនជាតិដើមភាគតិចរស់នៅឆ្ងាយយ៉ាងណា ក៏មន្ត្រីនៅមូលដ្ឋាន ប្តេជ្ញាធ្វើយ៉ាងណាបំពេញការងារបម្រើផ្តល់សេវាដល់ពលរដ្ឋអោយបានល្អប្រសើរ។សូមបញ្ជាក់ថា ខេត្តមណ្ឌលគិរី ជាខេត្តទី២០ហើយ ដែលសម្តេចតេជោបានអញ្ជើញចុះជួបសំណេះសំណាលតាមបណ្តាខេត្ត ជាដំណើរចុះមកមូលដ្ឋានរបស់សម្តេចប្រធានព្រឹទ្ធសភា។ ខេត្តមណ្ឌលគិរី ស្ថិតនៅភាគឥសាន្ត នៃព្រះរាជាណាចក្រកម្ពុជា មានចម្ងាយផ្លូវប្រវែង ៣៨២គីឡូ ម៉ែត្រ ពីរាជធានីភ្នំពេញ ។ មានក្រុងសែនមនោរម្យ ជាទីរួមខេត្ត និងស្រុកចំនួន ០៤ ដែលចែក ចេញជា ០៤សង្កាត់ ១៧ឃុំ និង ៩២ភូមិ។ ខេត្តមានផ្ទៃដីសរុបចំនួន ១៤.២៨៨គីឡូម៉ែត្រក្រឡា ប្រជាពលរដ្ឋ សរុបចំនួន ១០៩,៤២៩នាក់ ស្រីចំនួន ៥៤,២១២នាក់ ស្មើនឹង ២៧,២៨៥គ្រួសារ មានដង់ស៊ីតេប្រជា ពលរដ្ឋស្មើនឹង ០៨នាក់/គីឡូម៉ែត្រក្រឡា កំណើនប្រជាពលរដ្ឋប្រចាំឆ្នាំប្រមាណ ២.៧៤% មានជនជាតិ ដើមភាគតិចចំនួន ៨អំបូរជនជាតិ ក្នុងនោះមាន ព្នង ក្រោល គ្រឹង ស្បៀង ទំពួន ចារាយ កួយ និងផ្ទួន ។ មានព្រំប្រទល់ជាប់ជាមួយប្រទេសវៀតណាម ប្រវែង ៣១៩.០៩៥គីឡូម៉ែត្រ ព្រំប្រទល់ខាងកើត និងខាងត្បូងជាប់ខេត្តដាក់ឡាក់ ខេត្តឡឹមដុង និងទីក្រុងដុងណាយ នៃសាធារណៈរដ្ឋសង្គមនិយម វៀតណាម ខាងជើងជាប់ខេត្តស្ទឹងត្រែង និងខេត្តរតនៈគិរី និងខាងលិចជាប់ខេត្តក្រចេះ ។ ប្រជាពលរដ្ឋ មានមុខរបរចម្បងក្នុងវិស័យកសិកម្ម ៨២% វិស័យសិប្បកម្ម ១% និងវិស័យសេវាកម្ម ១៧% និងមាន GDP សម្រាប់មនុស្សម្នាក់ៗសរុបចំនួន ២,១២២.៥៨ ដុល្លាអាមេរិក (ទិន្នន័យឆ្នាំ២០២៣ របស់ មន្ទីរផែនការខេត្ត) ។ ខេត្តមានច្រកទ្វារព្រំដែនទ្វេភាគី សំខាន់ៗចំនួន០៣ សម្រាប់ទំនាក់ទំនងការងារ កិច្ចសហប្រតិបត្តិការ ជាមួយប្រទេសវៀតណាម ក្នុងនោះមាន ៖ ច្រកទ្វារឡាប៉ាខេ ស្រុកកែវសីមា, ច្រក ទ្វារដាក់ដាំ ស្រុកអូររាំង, ច្រកទ្វារណាំលៀរ ស្រុកពេជ្រាដា, ដោយឡែក ច្រកទ្វារជីមៀត ស្រុកកោះញែក (មិនទាន់មានដំណើរការ ដោយសារ មិនទាន់មានផ្លូវ គមនាគមន៍)។ចំពោះវិស័យកសិកម្ម កសិ-ឧស្សាហកម្ម គឺខេត្តមណ្ឌលគិរី គឺជាខេត្តមួយដែលមានផ្ទៃដី ធំទូលាយ ដីសំបូរទៅដោយជីជាតិអំណោយសម្រាប់ដំណាំកសិកម្ម កសិ-ឧស្សាហកម្ម ជាពិសេស ដំណាំកៅស៊ូ ស្វាយចន្ទីរ និងដំណាំសំខាន់ៗជាច្រើនទៀត ។ ម្យ៉ាងវិញទៀត ខេត្តមណ្ឌលគិរី មានច្រកទ្វារព្រំដែនទ្វេភាគីចំនួន៣ ជាប់ប្រទេសវៀតណាម ៣ខេត្ត អំណោយផលក្នុងការ ដោះដូរកសិផលរបស់ប្រជាពលរដ្ឋនៅតំបន់ព្រំដែន ។ ជាក់ស្តែង ផ្ទៃដីផលិតកម្មមានប្រមាណ ១២៣ ៦៨៥ហិកតា ទទួលបានបរិមាណផលប្រមាណ ៥២៤ ៣៥៧តោន ក្នុងនោះផ្ទៃដីដាំដុះ ដំណាំស្រូវប្រមាណ ៣៣ ៣៣៤ហិកតា ទទួលបានបរិមាណផល ១១២ ៥៨១តោន, ផ្ទៃដីកៅស៊ូ ប្រមាណ ៤៣ ៩១២ហិកតា ក្នុងនោះផ្ទៃដីកៅស៊ូចៀរជ័រប្រមាណ ២២ ៧៨៦ហិកតា បរិមាណផល ជ័រកៅស៊ូប្រមាណ ២៩ ៣០៤តោន, ដំណាំស្វាយចន្ទី មានប្រមាណ ១១ ១៦៥ហិកតា បរិមាណ ផលសរុប ១០ ៣២៨តោន, ដំណាំម្រេច ប្រមាណ ១ ៣៥៨ហិកតា បរិមាណផលសរុប ៣ ៣៣៦ តោន កាហ្វេប្រមាណ ៦២៧ហិកតា បរិមាណផលសរុប ១ ២៤៧តោន ដំណាំបន្លែប្រមាណ ៦៣៣ ហិកតា បរិមាណផលសរុប ៧ ០២៧តោន រួមទាំងដំណាំឧស្សាហកម្ម និង ដំណាំរួមផ្សំដទៃទៀត។ ចំណូលពីផលិតកម្មកសិកម្មឆ្នាំ២០២៥ សរុបប្រមាណ ១២១លាន ដុល្លារអាមេរិក។ ខេត្តមណ្ឌលគិរី មានផ្ទៃដីអាចធ្វើស្រែបានប្រមាណ ជាង ៤ម៉ឺនហិកតា និងផ្ទៃដាំដុះដំណាំផ្សេងៗជាច្រើនពាន់ ហិកតាទៀត។បច្ចុប្បន្ននេះ មានក្រុមហ៊ុនវិនិយោគលើវិស័យកសិកម្មសរុបចំនួន ២៥ក្រុមហ៊ុន លើផ្ទៃដីសរុប ចំនួន ១៤៧.០១៣,០៥ហិកតា ដែលភាគច្រើនបានវិនិយោគលើការដាំដុះដំណាំ កៅស៊ូ និង ដំណាំសំខាន់ៗជាច្រើនទៀត ។ ខេត្តមានទំនប់សែនសុខដុម ទំនប់សែនមនោរម្យ ទំនប់អូរទេធិបតី និងទំនប់ផ្សេងៗទៀត រួមទាំងសំណង់សិល្បៈការជាច្រើនកន្លែង ដែលអាចបង្ក លក្ខណៈ និងអាចផ្គត់ផ្គង់ទឹកសម្រាប់ប្រជាពលរដ្ឋធ្វើស្រែចំការ ជាពិសេស ក្នុងភូមិសាស្ត្រស្រុក កោះញែក ដែលអាចឱ្យប្រជាពលរដ្ឋងាយស្រួលធ្វើស្រែចំការ ។វិស័យទេសចរណ៍ ក្នុងខេត្ត មានតំបន់រមណីយដ្ឋានទេសចរណ៍នៅទូទាំងខេត្តសរុបចំនួន ១០៥កន្លែង ក្នុងនោះតំបន់រមណីយដ្ឋានទេសចរណ៍ទាក់ទាញ ដែលអាចធ្វើដំណើរទៅដល់មានចំនួន ៣៧ កន្លែង រួមមាន ទឹកជ្រោះ តំបន់ទេសភាព វាលស្មៅ ជាដើម ជាពិសេស មាន អាកាសធាតុត្រជាក់ ស្រួល ។ បច្ចុប្បនេះ ខេត្តមានសេវាកម្មទេសចរណ៍ រួមមាន សណ្ឋាគារ រីសតន៍ ផ្ទះលំហែរ ម៉ូតែល ផ្ទះ សំណាក់ ភោជនីយដ្ឋាន អាហារដ្ឋាន និងសេវាកម្មទេសចរណ៍ផ្សេងៗ ជាច្រើនទៀត នៅក្នុងខេត្ត មណ្ឌលគិរី ដែលអាចបម្រើបានតាមសេចក្តីត្រូវការរបស់ភ្ញៀវទេសចរណ៍ និងមានក្រុមហ៊ុនវិនិយោគ លើវិស័យទេសចរណ៍ ដោយឯកជនសរុបមានចំនួន ០៤ក្រុមហ៊ុន ផងដែរ ។ការវិនិយោគលើវិស័យរ៉ែទូទាំងខេត្តសរុបចំនួន ១៨ក្រុមហ៊ុន ស្មើនឹង ២១អាជ្ញាប័ណ្ណ ។ បច្ចុប្បន្ននេះ មានក្រុមហ៊ុន រឺណេសង់ មីណឺរ៉ល ខេមបូឌា លីមីធីត បានធ្វើអាជីវកម្មចម្រាញ់ រ៉ែមាស ជាផ្លូវការចាប់ពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ រហូតមកដល់បច្ចុប្បន្ន ទទួលបានលទ្ធផល ដោយ ចម្រាញ់រ៉ែមាសបានចំនួនប្រមាណជាង ១៨តោនមាស ។ នេះបើយោងតាមរបាយការណ៍របស់ឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី៕ 

កម្ពុជាប្រកាសដាក់ឱ្យប្រើជាផ្លូវការនូវ «យុទ្ធសាស្ត្រ ការទូតបរិស្ថានកម្ពុជា ឆ្នាំ២០២៦–២០៣០»

2026/07/07 02:16:50 pm        110
«យុទ្ធសាស្ត្រការទូតបរិស្ថានកម្ពុជា (CEDS) ឆ្នាំ២០២៦–២០៣០» ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិនបធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ាង​ សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន។ ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ ក្របខ័ណ្ឌគោលនយោបាយជាតិដ៏មានសារៈសំខាន់ថ្មីនេះ បានរៀបចំឡើងដោយមានការចូលរួមពីថ្នាក់ដឹកនាំ សមាជិក ព្រឹទ្ធសភា រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា តំណាងងបណ្តាក្រសួង និងស្ថាប័ននានា តំណាងប្រចាំប្រទេស នៃកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) អង្គការអន្តរជាតិ និងតំណាងដៃគូអភិវឌ្ឍន៍ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ជាច្រើននាក់ នៅទីស្តីការក្រសួងបរិស្ថាន នារសៀល ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦។ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍ថា ការដាក់ចេញនូវយុទ្ធសាស្ត្រនេះ ធ្វើឡើងចំពេលដែលប្រវត្តិសាស្ត្រមនុស្សជាតិកំពុងស្ថិតក្នុងរបត់ដ៏សំខាន់មួយ។ ពិភពលោកកំពុងប្រឈមមុខនឹងភាពស្មុគស្មាញ និងវិបត្តិបរិស្ថាន ដែលទាមទារឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិកាន់តែជិតស្និទ្ធ ការពង្រឹងទំនុកចិត្តឱ្យកាន់តែរឹងមាំ និងការរួមសកម្មភាពជាសមូហភាពកាន់តែខ្លាំងក្លាឡើង រវាងប្រជាជាតិទាំងអស់។ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងបន្ថែមថា ការទូតបរិស្ថានដើរតួជាស្ពានចម្លងដ៏សំខាន់ដែលតភ្ជាប់ ការអភិវឌ្ឍសេដ្ឋកិច្ច និងប្រព័ន្ធអេកូឡូស៊ី។ សូមបញ្ជាក់ថាយុទ្ធសាស្ត្រការទូតបរិស្ថានកម្ពុជា (CEDS) នេះ បានកំណត់នូវសសរស្តម្ភ យុទ្ធសាស្ត្រចំនួនបី រួមមាន៖ ទី១-ការដោះស្រាយការប្រែប្រួលអាកាសធាតុ តាមរយៈការកាត់បន្ថយ ការបន្ស៊ាំ និងអភិបាលកិច្ច៖ ការងារនេះផ្តោតលើការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ តាមរយៈការការពារព្រៃឈើ ការផ្លាស់ប្តូរទៅប្រើប្រាស់ថាមពលស្អាត ការលើកកម្ពស់កសិកម្មឆ្លាតវៃអាកាសធាតុ(climate-smart agriculture) និងការទាក់ទាញការវិនិយោគបៃតង។ ទន្ទឹមនឹងនេះ យុទ្ធសាស្ត្រនេះ ក៏សង្កត់ធ្ងន់លើការកសាងភាពធន់ តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ភាពត្រៀមលក្ខណៈរបស់សហគមន៍ ការពង្រឹងក្របខ័ណ្ឌស្ថាប័ន និងភាពជាដៃគូរវាងរដ្ឋនិងឯកជន ព្រមទាំងការកៀរគរហិរញ្ញប្បទានអាកាសធាតុ។ទី២-ការលើកកម្ពស់ការអភិរក្សអេកូឡូស៊ី តាមរយៈការការពារ ជីវៈចម្រុះ ការស្តារព្រៃឈើ និងការគាំទ្រដល់ជីវភាពរស់នៅរបស់សហគមន៍៖ សសរស្តម្ភនេះ មានគោលបំណងការពារប្រព័ន្ធ  អេកូឡូស៊ីធម្មជាតិរបស់កម្ពុជា ដោយការពង្រឹងការអនុវត្តច្បាប់នៅក្នុងតំបន់ការពារធម្មជាតិ ការសហការជាមួយភាគីពាក់ព័ន្ធសំខាន់ៗ និងការផ្តល់ធនធានសម្រាប់ការអភិរក្ស។ ការងារនេះក៏ផ្តោតលើការស្តារព្រៃឈើយ៉ាងសកម្ម តាមរយៈការបង្កើតថ្នាលបណ្តុះ កូនឈើ និងការដាំដើមឈើឡើងវិញ ព្រមទាំងការលើកកម្ពស់ជីវភាពរស់នៅប្រកបដោយចីរភាពរបស់សហគមន៍ តាមរយៈ    គោលដៅលម្លែបៃតង និងការគ្រប់គ្រងធនធានធម្មជាតិ។ទី៣-ការការពារបរិស្ថាន តាមរយៈខ្យល់ ដី និងទឹក៖ សសរស្តម្ភនេះដោះស្រាយការគ្រប់គ្រងការបំពុល ដោយការពង្រឹងបទប្បញ្ញត្តិ និងការអនុវត្តច្បាប់ ការលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងការជំរុញការប្រើប្រាស់ថាមពលស្អាត ក៏ដូចជាមធ្យោបាយដឹកជញ្ជូនស្អាត។ ការងារនេះក៏ផ្តោតលើការកែលម្អប្រព្រឹត្តិកម្មទឹកកខ្វក់ ការគ្រប់គ្រងការហូរច្រោះពីដីកសិកម្ម និងការបង្កើនការអប់រំសាធារណៈអំពីការបំពុលទឹក។ បន្ថែមលើនេះ យុទ្ធសាស្ត្រ នេះមានគោលបំណងកែលម្អការគ្រប់គ្រងសំណល់ តាមរយៈការពង្រឹងប្រព័ន្ធប្រមូលនិងទីលានចាក់សំរាម ការលើកកម្ពស់ការកែច្នៃឡើងវិញ និងការអភិវឌ្ឍដំណោះស្រាយបំប្លែងកាកសំណល់ទៅជាថាមពល។ 

ក្រុមអ្នកសម្របសម្រួល (CLG) កម្ពុជា ​និងក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីនចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ជាក់ស្តែងនៅតាមបង្គោលព្រំដែនលេខ៥២ ដល់លេខ៥៩ ស្ថិតនៅស្រុកកំរៀង ខេត្តបាត់ដំបង

2026/07/07 03:46:04 am        293
ភ្នំពេញ ៖ នៅថ្ងៃចន្ទ ទី៦ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ១២:១៥នាទីព្រឹក បន្ទាប់ពីបានជូនដំណឹងដល់ភាគីថៃ និងមានការចូលរួមពីអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីន ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងប្រមូលព័ត៌មានអំពីស្ថានភាពជាក់ស្តែងនៅតាមបង្គោលព្រំដែនលេខ52 ដល់លេខ59 ស្ថិតនៅស្រុកកំរៀង ខេត្តបាត់ដំបង។ក្នុងឱកាសនោះ អ្នកសង្កេតការណ៍អាស៊ានបានចុះពិនិត្យស្ថានភាពជាក់ស្តែងពាក់ព័ន្ធនឹងការសាងសង់របងព្រំដែនដោយឯកតោភាគីពីសំណាក់យោធាថៃដែលស្ថិតនៅកៀកបង្គោលព្រំដែន 52-54 និងបានពិនិត្យឃើញជាក់ស្ដែងនូវការបែកបាក់បង្គោលបណ្ដោះអាសន្នដែលបង្កឡើងដោយសកម្មភាពឯកតោភាគីនេះ។ បន្ទាប់ពីបានទទួលព័ត៌មានបច្ចេកទេសពាក់ព័ន្ធនឹងការងារវាស់វែងរួម និងការបោះបង្គោលបណ្តោះអាសន្ន ដែលបានអនុវត្តដោយក្រុមវាស់វែងចម្រុះនៃប្រទេសទាំងពីរអ្នកសង្កេតការណ៍អាស៊ានប្រចាំនៅកម្ពុជាក៏បានចុះទៅពិនិត្យទីតាំងដែលប្រជាពលរដ្ឋថៃបានធ្វើស្រែចំការហួសចូលក្នុងដីកម្ពុជានៅចន្លោះបង្គោលព្រំដែន52-59។ សូមគូសបញ្ជាក់ថា ភាគីកម្ពុជាបានតវ៉ាតាមរយៈកំណត់ទូតទៅភាគីថៃ ដោយសារការងារនេះប៉ះពាល់ទៅដល់នីតិវិធីទ្វេភាគីដែលមានស្រាប់ស្ថិតនៅក្រោមសមត្ថកិច្ចរបស់គណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែនគោក JBC ភាគីទាំងពីរ។ ក្នុងន័យនេះ ភាគីកម្ពុជាបានជំរុញការរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែនគោក JBC ឱ្យបានឆាប់បំផុតដើម្បីដោះស្រាយបញ្ហានេះ។ ការចុះសង្កេតការណ៍នេះមានគោលបំណងផ្តល់ជូនអ្នកសង្កេតការណ៍អាស៊ាននូវការយល់ដឹងទូលំទូលាយ និងផ្អែកលើការសង្កេតផ្ទាល់ អំពីស្ថានភាពនៅតំបន់ព្រំដែន ព្រមទាំងបង្ហាញពីគោលជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែប្រកាន់ខ្ជាប់នូវការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈការពិភាក្សា និងយន្តការទ្វេភាគី ស្របតាមច្បាប់អន្តរជាតិ កិច្ចព្រមព្រៀងទ្វេភាគីដែលមានជាធរមាន និងអាណត្តិរបស់គណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែនគោក (JBC)។អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕

កម្ពុជា និង CAPRED ពិភាក្សាការរៀបចំយន្តការអនុវត្តក្របខ័ណ្ឌអភិវឌ្ឍន៍សួនកសិឧស្សាហកម្មនៅកម្ពុជា

2026/07/07 02:38:34 am        136
កម្ពុជាសហការជាមួយ CAPRED បើកកិច្ចប្រជុំពិភាក្សាអំពីការរៀបចំយន្តការអនុវត្ត ក្របខ័ណ្ឌអភិវឌ្ឍន៍សួនកសិឧស្សាហកម្មនៅ កម្ពុជា ដើម្បីជំរុញអភិវឌ្ឍវិស័យកសិកម្ម និងកសិឧស្សាហកម្ម ក្នុងគោលដៅជំរុញការកែច្នៃកសិផល សំដៅបង្កើនតម្លៃបន្ថែមនៃវិស័យនេះ ក្នុងសេដ្ឋកិច្ចជាតិ។​ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ ២០២៦ បានទទួលជួបពិភាក្សាអំពីការរៀបចំយន្តការអនុវត្ត “ក្របខណ្ឌអភិវឌ្ឍន៍សួនកសិឧស្សាហកម្មនៅកម្ពុជា” ជាមួយក្រុមការងារ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំដោយឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ ដោយមានការចូលរួមពីតំណាងកម្មវិធីភាពជាដៃគូ កម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) និងតំណាងស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា។ “ក្របខណ្ឌអភិវឌ្ឍន៍សួនកសិឧស្សាហកម្មនៅកម្ពុជា” ត្រូវបានរៀបចំដោយឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ក្រោមការសហការ ជាមួយរដ្ឋាភិបាលអូស្ត្រាលី តាមរយៈកម្មវិធី CAPRED ដោយបានធ្វើការសិក្សាសមិទ្ធិលទ្ធភាពក្នុងការបង្កើតសួនកសិឧស្សាហកម្មនៅ កម្ពុជា ដែលការសិក្សាបានបង្ហាញថា, កម្ពុជាពិតជាមានសក្តានុពល ក្នុងការបង្កើតសួនកសិឧស្សាហកម្មទាំងក្នុងទិដ្ឋភាពតម្រូវការ និង ការផ្គត់ផ្គង់ ហើយសួននេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញអភិវឌ្ឍវិស័យកសិកម្ម និងកសិឧស្សាហកម្មក្នុងរយៈពេលមធ្យម និង វែង ព្រមទាំងរួមចំណែកដល់ការដោះស្រាយបញ្ហាប្រឈមនានានៃវិស័យកសិកម្ម ដោយទាក់ទាញវិនិយោគឯកជន ក្នុងគោលជំរុញការ កែច្នៃកសិផល សំដៅបង្កើនតម្លៃបន្ថែមក្នុងសេដ្ឋកិច្ចជាតិ។ ដោយពិនិត្យឃើញនូវសារៈសំខាន់ទាំងនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចអនុម័តក្របខ័ណ្ឌនេះ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦។ដើម្បីទាក់ទាញការវិនិយោគលើសួនកសិឧស្សាហកម្មបានជោគជ័យ និងគ្រប់គ្រងការអភិវឌ្ឍឱ្យប្រព្រឹត្តិទៅដោយរលូន ត្រូវការ យន្តការស្ថាប័នច្បាស់លាស់សម្រាប់ដឹកនាំ សម្របសម្រួល និងគ្រប់គ្រង ការលើកទឹកចិត្តពិសេសឱ្យមានប្រសិទ្ធភាព ព្រមទាំងផ្តល់ ទិសដៅជាយុទ្ធសាស្ត្រ លើការអភិវឌ្ឍសួនកសិឧស្សាហកម្ម។ ផ្អែកតាមក្របខ័ណ្ឌនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាត្រូវបានប្រគល់តួនាទី ជាយន្តការច្រកចេញចូលតែមួយ ក្នុងការគ្រប់គ្រងការវិនិយោគឯកជន និងតំបន់សេដ្ឋកិច្ចពិសេស រួមទាំងសួនកសិឧស្សាហកម្ម ដែល ចុះបញ្ជីជាគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងទទួលការលើកទឹកចិត្តដូចមានចែងក្នុងច្បាប់ ស្តីពីវិនិយោគនៃព្រះរាជា ណាចក្រកម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី

AFD បន្តជួយសាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់នៅភាគខាងជើងរាជធានីភ្នំពេញ

2026/07/07 12:53:34 am        132
តាមរយៈនៃជំនួនពិភាក្សារវាងអភិបាលរាជធានីភ្នំពេញ និងទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ AFD រាជធានីភ្នំពេញនឹងសាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់នៅភាគខាងជើងបន្ថែមទៀត។ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ AFD ប្រចាំប្រទេសកម្ពុជានឹងផ្តល់ឥណទានជួយរាជធានីភ្នំពេញបន្ថែមទៀត លើគម្រោងសាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់នៅភាគខាងជើងរាជធានីភ្នំពេញ ខណៈដែល AFD បានជួយរាជធានីភ្នំពេញប្រមាណ ៣០ឆ្នាំហើយ ទាំងហេដ្ឋារចនាសម្ព័ន្ធ និងនវានុវត្តន៍ជាដើម។ នេះជាការបង្ហាញឱ្យដឹងក្នុងជំនួបសំដែងការគួសមរវាងឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកស្រី សាន់ឌ្រីន ប៊ូឆ័រ (Sandrine BOUCHER) នាយិកាទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ AFD ប្រចាំប្រទេសកម្ពុជា ដែលធ្វើឡើងនារសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ នៅសាលារាជធានីភ្នំពេញ។ឯកឧត្ដម ឃួង ស្រេង បានលើកឡើងពីភូមិសាស្ត្ររាជធានីភ្នំពេញ ដែលមានប្រជាពលរដ្ឋរស់នៅចេញចូល និងការស្នាក់នៅមានចំនួនប្រមាណជា ៣លាននាក់។ ទន្ទឹមនិងកំណើតប្រជាពលរដ្ឋ និងលំនៅដ្ឋានកើនឡើងបានធ្វើឱ្យរាជធានីភ្នំពេញប្រឈមនឹងបញ្ហាសំណល់រាវ ដែលទាមទាឱ្យមានការដោះស្រាយ។ ពាក់ព័ន្ធនឹងបញ្ហានេះ AFD ប្រចាំប្រទេសកម្ពុជាបានជួយរាជធានីភ្នំពេញជាច្រើន ទាំងអគ្គិសនី និងទឹកស្អាតផងដែរ។ឯកឧត្ដម ឃួង ស្រេង បានបន្តថា នៅរាជធានីភ្នំពេញ ប្រជាពលរដ្ឋមានទឹកស្អាតប្រើប្រាស់ប្រមាណ៩០%ហើយ។ ដោយមានកម្ចីពី AFD ភ្នំពេញបានពង្រីកស្ថានីយ៍ផលិតទឹកស្អាតប្រើប្រាស់ជាបន្តបន្ទាប់ សង្ឃឹមថា នៅឆ្នាំ២០៣០ នៅរាជធានីភ្នំពេញ នឹងមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់។ ក្រោមជំនួយពីទីក្រុងប៉ារីស និងចៃការបស់ជប៉ុន រាជធានីភ្នំពេញបានដោះស្រាយបញ្ហាប្រឈម និងសំណល់រាវបានល្អប្រសើរ។ ជាងនេះទៅទៀតសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានបង្កើតនូវគម្រោងឥណទានមួយ ដោយប្រើប្រាស់ថវិកាប្រមាណជាង ១០០លានដុល្លារ ដើម្បីដោះស្រាយបញ្ជៀសនូវការជន់លិចផងដែរ។ ឯកឧត្ដម ឃួង ស្រេង បានថ្លែងនូវការអរគុណចំពោះ AFD ដែលមានគម្រោងជួយកសាងអាងប្រព្រឹត្តកម្មទឹកកខ្វក់មួយនៅភាគខាងជើងរាជធានីភ្នំពេញ។ លោកស្រី សាន់ឌ្រីន ប៊ូឆ័រ នាយិកាទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ AFD បានមានប្រសាសន៍ថា AFD បានជួយរាជធានីភ្នំពេញ ប្រមាណ៣០ឆ្នាំហើយ ទាំងហេដ្ឋារចនាសម្ព័ន្ធ និងនវានុវត្តន៍ ដោយការផ្តល់សេវាតំបូងគេនៅរាជធានីភ្នំពេញ គឺទឹកស្អាត និងអគ្គិសនី។ បន្ថែមពីនេះ AFD នឹងជួយកសាងសមត្ថិភាពក្មេងជំនាន់ក្រោយបន្ថែមទៀត ដូចជាការកសាងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ ជួយបណ្តុះបណ្តាលជំនាញទឹកស្អាត ការជួយរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងនវានុវត្តន៍ក្នុងកម្រិតខ្ពស់។ លោកស្រី សាន់ឌ្រីន ប៊ូឆ័រ បានបញ្ជាក់ថា អ្វីដែល AFD និងរដ្ឋបាលរាជធានីភ្នំពេញ កំពុងធ្វើនៅពេលនេះ គឺការសិក្សាលើគម្រោងសាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់ នៅភាគខាងជើងរាជធានីភ្នំពេញ ហើយគម្រោងនេះនឹងឃើញពន្លឺថ្ងៃនៅពេលឆាប់ៗនេះ៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

សារមនី្ទរទួលស្លែងនឹងប្រារព្ធខួប១ឆ្នាំការចុះបូជនីយដ្ឋានចងចាំនៃកម្ពុជា នាថ្ងៃទី១១ ខែកក្កដានេះ

2026/07/07 12:18:15 am        207
លោក ហង្ស និស្ស័យ ប្រធានសារមនី្ទរទួលស្លែង បានឱ្យដឹងថា សារមនី្ទរទួលស្លែង នឹងប្រារព្ធខួប១ឆ្នាំ នៃការចុះបូជនីយដ្ឋានចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សា និងសន្តិភាព ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាថ្ងៃទី១១ ខែកក្កដាខាងមុខនេះ ។លោក ហង្ស និស្ស័យ បានថ្លែងប្រាប់ BTV នាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦នេះថា ក្នុងពិធីប្រារព្ធខួប១ឆ្នាំ នៃការចុះបូជនីយដ្ឋានចងចាំនៃកម្ពុជា នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ខាងមុខនេះ គឺសិ្ថតក្រោមអធិបតីភាពលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងឯកឧត្តម Flavio Bonetti តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា ព្រមទាំងធ្វើពិធីកាត់ខ្សែបូសម្ពោធថ្មចារឹកអំពីការចុះបញ្ជីបេតិកភណ្ឌពិភពលោកផងដែរ។ “បូជនីយដ្ឋានចងចាំនៃកម្ពុជា” រួមមាន ទីតាំងឧក្រិដ្ឋកម្មចំនួន ៣ ត្រូវបានចុះបញ្ជី ៖ អតីតមន្ទីរឃុំឃាំង ម-១៣ (ស្ថិតនៅព្រំប្រទល់ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ) សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង (ស-២១) និង មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក (ស្ថិតនៅរាជធានីភ្នំពេញ)។សូមរំលឹកថា ការទទួលស្គាល់ជាផ្លូវការ “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព” ជាបេតិកភណ្ឌពិភពលោក នាពេលនេះ គឺជាមោទនភាពជាតិដ៏ធំធេងថ្មីមួយទៀតសម្រាប់ប្រទេសកម្ពុជា បន្ទាប់ពីការចុះរមណីយដ្ឋានមរតកប្រវត្តិសាស្ត្រនានាដូចជា៖រមណីយដ្ឋានអង្គរ(១៩៩២) ប្រាសាទព្រះវិហារ(២០០៨) តំបន់ប្រាសាទសំបូរព្រៃគុក(២០១៧) និងរមណីយដ្ឋានប្រាសាទកោះកេរ(២០២៣)។ “បូជនីយដ្ឋានចងចាំ នៃកម្ពុជា” គឺជាទីតាំងប្រវត្តិសាស្ត្រសហសម័យដំបូងគេនៅកម្ពុជា និងក្នុងតំបន់ ដែលបានដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនាយុគសម័យថ្មី។ សមិទ្ធផលទាំងនេះ កើតចេញពីការចូលរួម នៃការថែរក្សាប្រវត្តិសាស្ត្រជាតិរបស់ប្រជាជនកម្ពុជាគ្រប់ៗរូប ជាពិសេសកិច្ចខិតខំប្រឹងប្រែងជាប់មិនដាច់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងការដឹកនាំដ៏ប៉ិនប្រសប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាល តែងតែផ្តល់អាទិភាពខ្ពស់ដល់កិច្ចការអភិរក្ស និងការអភិវឌ្ឍបេតិកភណ្ឌប្រកបដោយចីរភាព រួមទាំងការការពារសច្ចភាព ប្រវត្តិសាស្ត្រជាតិឲ្យគង់វង្សស្ថិតស្ថេរ៕អត្ថបទ រដ្ឋា 

BREAKING NEWS| យោធិនកម្ពុជារងរបួសចំនួន៤នាក់ដោយសារអម្បែងគ្រាប់បែកពេលនេះកំពុងទទួលការព្យាបាលដោយយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ក្រុមគ្រូពេទ្យ និងក្រុមការងារពាក់ព័ន្ធ

2026/07/06 11:40:07 pm        189
ភ្នំពេគ៖ ក្រសួងការពារជាតិនៃកម្ពុជា បានឱ្យដឹងនៅរសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦នេះថា យោធិនកម្ពុជារងរបួសចំនួន៤នាក់ដោយសារអម្បែងគ្រាប់បែកពេលនេះកំពុងទទួលការព្យាបាលដោយយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ក្រុមគ្រូពេទ្យ និងក្រុមការងារពាក់ព័ន្ធ។ យោងតាមសេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា កាលពីថ្ងៃអាទិត្យ ទី៥ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ១២:៣៥ នាទីរសៀល កងកម្លាំងរបស់យើងបានដើរល្បាតនៅតំបន់ចំការស្វាយចន្ទី ភូមិសាស្ត្រចូកគ្រួស ក្នុងភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ហើយក៏បានជួបជាមួយនឹងក្រុមល្បាតរបស់យោធាថៃ ដែលកំពុងដើរល្បាតនៅម្ខាងទៀតលួសបន្លា។ នៅពេលកងកម្លាំងកម្ពុជាបានធ្វើដំណើរហួសផុតគ្នាបន្តិច ក៏ស្រាប់តែមានការផ្ទុះគ្រាប់បែកចំនួនមួយគ្រាប់នៅពីក្រោយកងល្បាតរបស់យើង ដែលបណ្តាលឱ្យយោធិនកម្ពុជារងរបួសចំនួន ៤នាក់ ដោយសារអម្បែងគ្រាប់ ដែលពេលនេះកំពុងទទួលការព្យាបាលដោយយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ក្រុមគ្រូពេទ្យ និងក្រុមការងារពាក់ព័ន្ធ។ អ្នកនាំពាក្យបានបញ្ជាក់ថា ចំពោះឧបទ្ទវហេតុនៃការផ្ទុះគ្រាប់បែកនេះ គណៈបញ្ជាការនៅជួរមុខ និងក្រុមអ្នកជំនាញកំពុងបន្តធ្វើការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីស្វែងរកការពិតជូនដល់កងកម្លាំង និងសាធារណជនរបស់យើង។ឆ្លៀតក្នុងឱកាសនេះ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តដ៏រឹងមាំរបស់ខ្លួន ក្នុងការគោរព និងអនុវត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ ប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ និងការសម្រេចបាននូវសន្តិភាព និងស្ថិរភាពយូរអង្វែង៕

ក្រុមការងារមន្ទីរកសិកម្មខេត្តឧត្តរមានជ័យ បន្តប្រមូលផលបន្លែត្រកួន ក្តិបឪឡឹក និងស៊ុតទាជូនដល់ ពលរដ្ឋ សិស្សានុសិស្សកំពុងស្នាក់នៅបណ្តោះអាសន្ន ស្រុកចុងកាល់ និងកងកម្លាំងការពារព្រំដែនជួរមុខ

2026/07/06 11:29:41 pm        200
ភ្នំពេញ៖ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែត្រកួនចំនួន ៥០០គីឡូក្រាម ក្តិបឪឡឹកចំនួន ២០០គីឡូក្រាម និងស៊ុតទាចំនួន ១ ៩១០គ្រាប់ ជូនដល់ប្រជាពលរដ្ឋ សិស្សានុសិស្សកំពុងស្នាក់នៅបណ្តោះអាសន្ន នៅភូមិស្រះកែវ ឃុំពង្រ ស្រុកចុងកាល់ និងកងកម្លាំងការពារព្រំដែននៅភូមិសាស្ត្រខេត្តឧត្តរមានជ័យ។សូមជម្រាបជូនថា គិតត្រឹមថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ ការប្រមូលផលបានចំនួន ៣៤លើក សរុបចំនួន ៤៥ ៤៩០គីឡូក្រាម ក្នុងនោះរួមមាន៖ ត្រកួនចំនូន ២៨ ៤២០គីឡូក្រាម ស្ពៃចង្កឹះចំនួន ៤ ៦៨០គីឡូក្រាម ស្ពៃក្រញ៉ាញ់ចំនួន ២ ៣៥០គីឡូក្រាម ស្ពៃតឿចំនួន ២៥០គីឡូក្រាម ផ្ទីចំនួន ៥០គីឡូក្រាម ឪឡឹកក្រហមចំនួន ៩ ៣០០គីឡូក្រាម ឃ្លោកចំនួន ១៤០គីឡូក្រាម ល្ពៅចំនួន ១០០គីឡូក្រាម ក្តិបឪឡឹកចំនួន ២០០គីឡូក្រាម ស៊ុតទាចំនួន ៣០ ៨៧០គ្រាប់ និងត្រីអណ្តែងចំនួន ៤៣០គីឡូក្រាម៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីរ៉ង់និយាយថា សហរដ្ឋអាមេរិកមិនបានចូលរួមក្នុងកិច្ចពិភាក្សាជាមួយអូម៉ង់អំពីច្រកសមុទ្រហ័រមូសទេ
07/27/2026 05:07 PM
ក្រសួងព័ត៌មានរៀបចំសន្និសីទសារព័ត៌មានបិទបញ្ចប់បេសកកម្ម «ជិះកង់ដើម្បីកុមារកម្ពុជា» រៃអង្គាសថវិកាបានជាង ២៦ម៉ឺនដុល្លារ
07/27/2026 05:07 PM
សមាជិកព្រឹទ្ធសភារុស្ស៊ីរិះគន់ភាពក្រអឺតក្រទមរបស់ក្រុមអ្នកនយោបាយលោកខាងលិច
07/27/2026 05:07 PM
អតីតប្រធានាធិបតីហុងឌូរ៉ាស វិលត្រឡប់ទៅកាន់ប្រទេសកំណើតវិញ ក្រោយការលើកលែងទោសពីលោក Trump
07/27/2026 05:07 PM
អ៊ីរ៉ង់ បញ្ជាក់​ថា ខ្លួននឹងមិនព្រម​ឱ្យសហរដ្ឋអាមេរិកកំណត់ពេលវេលានៃ​សង្គ្រាម និងសន្តិភាពនោះឡើយ​
07/27/2026 05:07 PM
អ៊ីរ៉ង់និយាយថា ខ្លួនបានកោះអញ្ជើ្ឯកអគ្គរដ្ឋទូតបារាំងជុំវិញ «ការជ្រៀតជ្រែក» ក្នុងកិច្ចការផ្ទៃក្នុង
07/27/2026 05:07 PM
មេដឹកនាំកូរ៉េខាងជើង ភរិយា និងកូនស្រី ប្រារព្ធខួបបទឈប់បាញ់សង្រ្គាមកូរ៉េ
07/27/2026 05:07 PM
មេដឹកនាំប្រឆាំងវ៉េណេស៊ុយអេឡា លោកស្រី Machado ប្រាប់​ថា នឹងមិនចូលរួមការ​ចរចាគាំទ្រដោយ​អាមេរិកទេ
07/27/2026 05:07 PM
ទេសាភិបាលធនាគារកណ្តាលឥណ្ឌូនេស៊ីលោក Perry Warjiyo លាលែងចេញពីតំណែង
07/27/2026 05:07 PM
យោធាអ៊ីស្រាអែលអះអាងថា ខ្លួនបានស្ទាក់ចាប់យានដ្រូនពីរគ្រឿងនៅជិតព្រំដែនហ្ស៊កដានី
07/27/2026 05:07 PM