សមត្ថកិច្ចរាជធានីភ្នំពេញ បន្តត្រួតពិនិត្យទីតាំងស្នាក់នៅប្រមូលផ្ដុំ ដើម្បីស្វែងរក និង​បោស​សម្អាត​​បទ​ល្មើស Online Scams
រយៈពេលជាង ៥ខែ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បណ្ដេញជនបរទេសជាង ៤ម៉ឺននាក់​ចេញ​កម្ពុជា​ពាក់​ព័ន្ធ​ករណី Online Scams និងបទល្មើសផ្សេងៗទៀត
ត្រឹមរយៈពេល៥ខែ ពេទ្យគន្ធបុប្ផាពិនិត្យព្យាបាលជំងឺជាង ៥១ម៉ឺនករណី ខណៈ​ការចូលរួម​យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» កំពុងបន្ត
កម្លាំងចម្រុះរាជធានីភ្នំពេញ បន្តត្រួតពិនិត្យឃ្លាំង ៣៣ទីតាំងបន្ថែមទៀត ដោយ​បាន​រក​ឃើញ​ ៥ទីតាំង​មាន​ផលិតផល​នាំ​ពីប្រទេសថៃ និងសម្រេចនាំខ្លួនមនុស្ស ៥នាក់ទៅសាកសួរ

ព័ត៌មានជាតិ

គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ ធ្វើរដ្ឋបាល៤ទីតាំងរកឃើញជនបរទេសជិត៣០០នាក់

2026/05/25 07:32:14 am        375
ឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានប្រាប់ BTV ថា គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោក ប្រាក់ ប៉ូលី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ដោយមានការចូលរួមពីកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្ត, កម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង អធិការដ្ឋាននគរបាលក្រុង បញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដោយមានការសម្របសម្រួលនីតិវិធីពីលោក សំរឹទ្ធ សុខុន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត កាលពីទី២៤ ខែឧសភា ឆ្នាំ២០២៦ បានចុះត្រួតពិនិត្យ និងឆែកឆេរជាក់ស្ដែង អគារកម្ពស់៤ជាន់ ៣៦បន្ទប់ មានជនបរទេស១៨នាក់ប្រុស ២សញ្ជាតិ ឥណ្ឌូនេស៊ី១២នាក់ និងម៉ាឡេស៊ី៦នាក់។ ក្រុមការងារបានបញ្ជុនជនបរទេសទាំង១៨នាក់ ទៅអធិការនគរបាលក្រុងប៉ោយប៉ែតដើម្បីស្រាវជ្រាវបន្ត ។ ទន្ទឹមនឹងនេះ លោក លៀម សុដា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបានដឹកនាំក្រុមការងារចម្រុះខេត្ត សហការជាមួយកម្លាំងជំនាញរបស់អគ្គស្នងការនគរបាលខេត្តដឹកនាំដោយ ឯកឧត្តមសេនីយឯក អ៊ី សុខឃី អគ្គស្នងការរងនគរបាលជាតិ និងឯកឧត្តមសេនីយឯក សម វណ្ណវីរៈ អគ្គស្នងការរងនគរបាលជាតិ ដោយមានការសម្របសម្រួលនីតិវិធីពី លោក មុត សម្បត្តិ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត ចុះបង្ក្រាប ១ទីតាំង និងធ្វើរដ្ឋបាលចំនួន ៤ទីតាំងដូចខាងក្រោម៖ អគារ១ទីតាំងស្ថិតនៅភូមិក្បាលស្ពាន សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ពុំមានជនបរទេសស្នាក់នៅ (រត់គេច ពីការបង្ក្រាប) ត្រួតពិនិត្យឃើញមាន តុ កៅអី មួយចំនួនបានដឹកទៅទុកនៅអគារសាងសង់នៅខាងក្រោយ និងមានទូរកុងតឺន័រចំនួន៤ សង្ស័យថាបំរើសេវាផ្លូវភេទ។ ក្រុមការងារបានសម្រេចបិទសៀល១ទីតាំង ។ឯកឧត្តមបន្តថា រដ្ឋបាល៤ទីតាំង រកឃើញជនបរទេសសញ្ជាតិឥណ្ឌូនេស៊ី ២៧៥នាក់ ស្រី៤០នាក់ ក្នុងនោះ៖ − ទីតាំងទី១៖ អគារកម្ពស់៦ជាន់ផ្ទាល់ដី ៤៥បន្ទប់ មានជនបរទេស១៦៣នាក់ ស្រី១០នាក់ ជាជនជាតិឥណ្ឌូនេស៊ី។ − ទីតាំងទី២៖ អគារកម្ពស់៧ជាន់ផ្ទាល់ដី ២៦បន្ទប់ មានជនបរទេសចំនួន៥៣នាក់ ស្រី១៣នាក់ ជាជនជាតិឥណ្ឌូនេស៊ី។ − ទីតាំងទី៣៖ ផ្ទះផ្ទាល់ដី មាន២៣បន្ទប់ មានជនបរទេសចំនួន២៣នាក់ ស្រី៨នាក់ ជាជនជាតិឥណ្ឌូនេស៊ី។ − ទីតាំងទី៤៖ មានកម្ពស់៥ជាន់ផ្ទាល់ដី មាន១១បន្ទប់ មានជនបរទេសចំនួន៣៦នាក់ ស្រី៩នាក់ ជាជនជាតិឥណ្ឌូនេស៊ី៕ អត្ថបទ: វង្ស សុភាព

អ្នកនាំពាក្យក្រសួងការពារជាតិ៖ មានឮសំឡេងបាញ់កាំភ្លើងចំនួន ២២គ្រាប់ ពីសំណាក់យោធាថៃដោយគ្មានមូលហេតុ នៅតំបន់ច្រកអន្តរជាតិអូរស្មាច់

2026/05/24 04:35:13 pm        119
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានឲ្យដឹងថា យោងតាមព័ត៌មានដែលទទួលបានពីយោធភូមិភាគទី៤ នៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ចាប់ពីវេលាម៉ោង ៩:២៤នាទី ដល់វេលាម៉ោង ១០:១០នាទី មានឮសំឡេងនៃការបាញ់កាំភ្លើងចំនួន ២២គ្រាប់ ពីសំណាក់យោធាថៃដោយគ្មានមូលហេតុ នៅតំបន់ច្រកអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ ទឹកដីកម្ពុជាដែលកំពុងត្រូវបានកាន់កាប់ដោយខុសច្បាប់ដោយយោធាថៃ។ទាក់ទងនឹងករណីនេះ ក្រុមការងារទំនាក់ទំនងរបស់យោធភូមិភាគទី៤ កម្ពុជាបានធ្វើលិខិតតវ៉ាទៅក្រុមទំនាក់ទំនងរបស់កងទ័ពភូមិភាគទី២របស់ថៃ ដើម្បីឱ្យភាគីថៃធ្វើការផ្ទៀងផ្ទាត់ និងរឹតបន្តឹងវិធានការគ្រប់គ្រងវិន័យកងទ័ពរបស់ខ្លួនឱ្យបានតឹងរឹង និងគោរពឱ្យបានហ្មត់ចត់ពេញលេញនូវសេចក្តីប្រកាសរួមរបស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានបញ្ជាក់ថា ចំពោះហេតុការណ៍នោះ កងទ័ពកម្ពុជាបានប្រកាន់ខ្ជាប់នូវវិន័យប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់ដោយមិនមានការធ្វើសកម្មភាពណាមួយដែលផ្ទុយពីកិច្ចព្រមព្រៀងដែលមានស្រាប់ ជាមួយនឹងភាពអត់ធ្មត់កម្រិតខ្ពស់បំផុត និងបន្តតាមដានដោយយកចិត្តទុកដាក់៕

សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជាជា​ប្រទេសរង​គ្រោះពិតប្រាកដ​ពី​ក្រុម​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ

2026/05/24 03:57:49 pm        435
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីកម្ពុជា និងជា​ប្រធាន​គណបក្ស​ប្រជាជន​បានអះអាងថា កម្ពុជាគឺជាប្រទេសដែលរងគ្រោះយ៉ាងពិតប្រាកដ ពីក្រុមឆបោក​តាម​ប្រព័ន្ធ​អនឡាញ (Online Scam)។ សម្ដេចតេជោ បានបញ្ជាក់បែបនេះក្នុងឱកាសជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង និងក្រុមប្រឹក្សារាជធានី ខណ្ឌ សង្កាត់ និងប្រធានមន្ទីរ អង្គភាព​នា​​នា​ជាង ៤ពាន់នាក់ នាព្រឹកថ្ងៃអាទិត្យ ទី២៤ ខែឧសភា ឆ្នាំ២០២៦នេះ។ ក្នុងឱកាស​នោះ​សម្ដេចបានស្នើដល់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ ត្រូវសួរចម្លើយ​ចំពោះ​ឧក្រិដ្ឋ​ជន​ដែល​បានចាប់ខ្លួនឱ្យបានច្បាស់លាស់ថា តើពួកគេចូលមកកម្ពុជាតាមណា ឬប្រទេសណា ដោយ​សារ​តែពួកគេគ្មាន លិខិតឆ្លងដែន ឬទិដ្ឋាការឡើយ។ សម្ដេចតេជោ​បានលើកឡើងថា ប្រទេសរបស់កម្ពុជា ត្រូវបានបំផ្លាញមុខមាត់ កិត្តិយស និង​សេច​ក្តី​ថ្លៃ​ថ្នូរ ដោយក្រុមឆបោកតាមប្រព័ន្ធអនឡាញ។ សម្ដេចតេជោ បានអះអាងថា ថ្ងៃក្រោយ​ប្រសិន​បើ​ក្រុម​ឆបោកតាមអនឡាញនេះបន្តមានវត្តមាននៅកម្ពុជាទៀត ប្រជាជនកម្ពុជា​នឹង​មាន​គ្រោះ​ថ្នាក់ ​ហើយមិនថាតែប្រជាជននោះឡើយ មន្ត្រីរដ្ឋាភិបាលក៏អាចមានគ្រោះថ្នាក់ផងដែរ។ សម្ដេច​បាន​មានប្រសាសន៍ថា តើអ្នកដែលចូលមកកាន់ប្រទេសកម្ពុជាបាន ដោយមិនមាន​លិខិត​ឆ្លង​ដែន ​ពួកគេមកតាមណាឲ្យពិតប្រាកដ បញ្ហានេះត្រូវតែជាសំណួរដែលមានចម្លើយ។ សម្ដេច​តេជោបន្តបញ្ជាក់ថា៖«កម្ពុជាមិនមានភ្ជាប់ជើងហោះហើរចម្ងាយឆ្ងាយនោះទេ យើងគឺ​ជាជ​ន​​រង​គ្រោះពិតប្រាកដ។ ដាក់ចេញជាសំណួរ ហើយត្រូវរកចម្លើយឲ្យឃើញ ថាតើគេចូល​ក្នុង​ប្រទេស​យើង​ដោយគ្មានលិខិតស្នាម តើចូលតាមប្រទេសណា មិនអាចចូលតាមពោធិ៍ចិនតុង ឬ​ចូល​តាម​អាកាសយានដ្ឋានថ្មី មរតកតេជោ ឬក៏អាកាសយានដ្ឋានសៀមរាប ឬក៏អាកាស​យាន​ដ្ឋាន​ព្រះសីហនុ​ទេ»។ សម្ដេចតេជោបានចោទសួរបន្តទៀតថា តើគេចូលមកប្រទេសយើងតាមប្រទេសណា ឥឡូវ​អ្នក​ទាំង​ហ្នឹង ​មិនទាន់ចាកចេញពីប្រទេសកម្ពុជាទេ សួរចម្លើយឲ្យបានច្បាស់ ព្រោះមានអ្នក​ខ្លះ​បាន​ព្យាយាម​ដាក់​កំហុសមកលើយើង ក្នុងពេលដដែលអ្នក​ទាំង​នោះ​បាន​ចូល​មក​ប្រទេស​យើង​តាម​ប្រទេស​របស់គេ។ សម្ដេចតេជោ ហ៊ុនសែន បានអះអាងថា សម្ដេចបានស្នើតាមរយៈឯកអគ្គរដ្ឋជាទូតប្រទេសកូរ៉េខាងត្បូង ដែលបានមកជូនសារតាំងកាលពីពេលថ្មីៗនេះ ដោយសម្ដេចបានបញ្ជាក់ប្រាប់លោកអគ្គរដ្ឋទូតថា អ្នកដែលសម្លាប់និស្សិតកូរ៉េនៅកម្ពុជានាពេលកន្លងទៅ គឺត្រូវបានចាប់ខ្លួននៅប្រទេសថៃ។ សម្ដេចបានស្នើឲ្យលោកអគ្គរដ្ឋទូតកូរ៉េខាងត្បូង ចែករំលែកព័ត៌មាន ជុំវិញថាតើមូលហេតុអ្វីបានជាគេសម្លាប់ជនជាតិកូរ៉េនៅកម្ពុជា ក្នុងពេលដែលមេខ្លោងរបស់គេនៅប្រទេសថៃ។ សម្ដេចតេជោ ក៏បានផ្ដល់អនុសាសន៍ដល់នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីមហាផ្ទៃ ធ្វើការឲ្យបានហ្មត់ចត់ជាមួយខាងអន្តោប្រវេសន៍ សួរចម្លើយចំពោះអ្នកដែលត្រូវបានចាប់ខ្លួនហើយមិនមានលិខិតឆ្លងដែន ថាតើអ្នកឯងចូលកម្ពុជាតាមច្រកណា? ដើម្បីយើងបង្ហាញពិភពលោក ឲ្យបានដឹងថាប្រទេសណាដែលឆ្លងកាត់ច្រើនជាងគេ។ សម្រាប់អ្នកជិតខាងទាំងបីរួមមានវៀតណាម ឡាវ និងថៃ សម្ដេចមិនជឿថា ក្រុមឧក្រិដ្ឋជនអនឡាញទាំងនោះ ចូលតាមប្រទេសវៀតណាមនោះទេ ក៏ព្រោះតែវៀតណាមមានការរឹតបន្តឹងច្បាស់លាស់។ សម្ដេចបានបញ្ជាក់ថា បញ្ហាចឆបោកតាមប្រព័ន្ធអនឡាញ មិនត្រឹមតែប៉ះពាល់ដល់កិត្តិយស និងមុខមាត់កម្ពុជាប៉ុណ្ណោះទេ ហើយក៏ប៉ះពាល់ទៅដល់សេដ្ឋកិច្ចផងដែរ ដោយបញ្ហានេះបានធ្វើឲ្យ វិនិយោគិន ក៏ដូចជាភ្ញៀវទេសចរមានការភ័យខ្លាច។ សម្ដេចក៏បានគូសបញ្ជាក់ផងដែរថា សេដ្ឋកិច្ចរបស់កម្ពុជាមិនបានពឹងផ្អែកទៅលើការឆបោកតាមប្រព័ន្ធអនឡាញនោះទេ៕

កាកបាទក្រហមកម្ពុជា ចុះជួយផ្ទាល់ដល់គ្រួសារសព និងកម្មកររងគ្រោះ ថ្នាក់ចរាចរ​នៅ​ខេត្តស្វាយរៀង និងកំពង់ឆ្នាំង

2026/05/24 03:45:02 pm        141
បន្ទាប់ពីទទួលដំណឹងដ៏រន្ធត់ពីគ្រោះថ្នាក់ចរាចរណ៍ដ៏ធ្ងន់ធ្ងរ កាលពីព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ នៅលើផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិថ្មី សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ដែលបានឆក់យកជីវិតកម្មករ-កម្មការិនី ៥នាក់ និងរបួសធ្ងន់ស្រាល ៣៩នាក់ ភ្លាមៗនោះថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជាបានចុះអន្តរាគមន៍ជួយសង្គ្រោះជាបន្ទាន់។​នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់តំណាងដឹកនាំដោយ ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ សហការជាមួយសាខាកាកបាទក្រហមខេត្តព្រៃវែង អញ្ជើញចុះសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅបំផុតជាមួយក្រុមគ្រួសារសពទាំង ៥នាក់ ដែលរស់នៅក្នុងភូមិព្រៃក្រាំង ឃុំព្រៃពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ សពទាំង ៥រូប រួមមាន៖ ១. លោក ឌុច ផាត និង ២. អ្នកស្រី ប៉េង ហឿន (ត្រូវជាប្ដីប្រពន្ធ បន្សល់ទុកកូនតូចម្នាក់ និងក្មួយ ៣នាក់) ៣. លោក ពៅ ភស់ និង ៤. អ្នកស្រី គង់ សាវី (ត្រូវជាប្ដីប្រពន្ធ បន្សល់ទុកកូន ៣នាក់) ៥. លោក រឹម សារី (បន្សល់ទុកប្រពន្ធ និងកូន ៣នាក់) ។​ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ គណៈប្រតិភូបានពាំនាំនូវការសោកស្តាយ និងអាណិតអាសូរជាពន់ពេកពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះការបាត់បង់សមាជិកគ្រួសារដែលជាបង្គោលទ្រទ្រង់ជីវភាព។ ដើម្បីជួយសម្រាលបន្ទុកភ្លាមៗ កាកបាទក្រហមកម្ពុជាបានឧបត្ថម្ភថវិកាចំនួន ៤លានរៀល ក្នុងមួយសព ព្រមទាំងគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់មួយចំនួនទៀត។​បន្ទាប់មក ប្រតិភូបានបន្តនាំថវិកាឧបត្ថម្ភដល់កម្មកររងរបួសស្រាលចំនួន ១០នាក់ ដែលសម្រាកព្យាបាលនៅតាមផ្ទះក្នុងភូមិ-ឃុំខាងលើ ដោយក្នុងម្នាក់ៗទទួលបានថវិកា ១លានរៀល។ នៅថ្ងៃដដែលនេះ គណៈប្រតិភូកាកបាទក្រហមកម្ពុជា បានបន្តដំណើរទៅកាន់មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ដើម្បីសួរសុខទុក្ខកម្មករ-កម្មការិនីចំនួនសរុប ៣៩នាក់ របួសធ្ងន់ ៨នាក់ (មួយបញ្ជូនទៅវៀតណាម) និងរងរបួសស្រាល ៣១នាក់ផ្សេងទៀត ដែលកំពុងសម្រាកព្យាបាល។ ក្នុងឱកាសនោះ ឯកឧត្តម យូ ឡាណា ព្រមទាំងថ្នាក់ដឹកនាំ សាខាកាកបាទក្រហមខេត្តស្វាយរៀង និងខេត្តព្រៃវែង បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ និងពរជ័យពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមឱ្យបងប្អូនកម្មករទាំងអស់បានឆាប់ជាសះស្បើយពីរបួស ព្រមទាំងបានឧបត្ថមថវិកា ជួយសម្រាលបន្ទុកគ្រួសារដោយអ្នករងរបួសស្រាល១លានរៀល របួសធ្ងន់២លានរៀល។ ឆ្លៀតក្នុងឱកាសនោះដែរក្រុមការងារក៏បានឧបត្ថម្ភដល់គ្រួសារកងទ័ពដែលកំពុងសម្រាកព្យាបាលមួយគ្រួសារនៅទីនោះផងដែរ។ដោយឡែកនៅថ្ងៃនេះដែរ ប្រតិភូកាកបាទក្រហមកម្ពុជាមួយក្រុមទៀត ដឹកនាំដោយ ឯកឧត្តម ឃុន សាម៉េង នាយកនាយកដ្ឋានធនធានមនុស្ស និង សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង បានអញ្ជើញទៅសួរសុខទុក្ខ កម្មករ- កម្មការិនី គ្រោះថ្នាក់ចរាចរណ៍នៅផ្លូវជាតិលេខ៥ ដែលកំពុងសម្រាកព្យាបាល​ សរុប ៣៧ នាក់ បុរស​ ៤នាក់។ ក្នុងនោះ សម្រាកនៅមណ្ឌលសុខភាពកំពង់ត្រឡាច​ ១៤នាក់​ (បុរស​ ២នាក់), សម្រាក​នៅគ្លីនិក ឯកជន ២៣ នាក់​ (បុរស​ ២នាក់)។​សកម្មភាពមនុស្សធម៌ដ៏ទាន់ពេលវេលានេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់​ពីការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​របស់​កាក​បាទក្រហមកម្ពុជា ស្របតាមពាក្យស្លោក «ទីណាមានទុក្ខលំបាក ទីនោះមាន​កាក​បាទ​ក្រហម​កម្ពុជា» ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់រងគ្រោះដោយឯកោនោះឡើយ៕ អត្ថបទ៖ សំ ងីម

សម្តេចតេជោ ហ៊ុន សែន៖ ការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមអនឡាញ មិនអាចជោគជ័យបានទេ បើ​កម្ចាត់ត្រឹមក្រុមឆបោក ហើយមិនកម្ចាត់ក្រុមមន្ត្រីពាក់ព័ន្ធ

2026/05/24 03:38:43 pm        348
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បាន​ថ្លែង​បញ្ជាក់ថា ការបោសសម្អាត​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិ​ទ្យា​នៅ​តែ​ជា​កិច្ច​ការ​ចាំ​បាច់​សម្រាប់​កម្ពុជាខណៈការបោសសម្អាតនេះមិនអាចជោគជ័យបានទេ បើកម្ចាត់​ត្រឹម​ក្រុម​ឆបោក​តាម​ប្រព័ន្ធបច្ចេកវិទ្យា ហើយមិនកម្ចាត់ក្រុមមន្ត្រីដែលពាក់ព័ន្ធ ដែលរឿងនេះត្រូវ​ធ្វើ​ឡើង​ទន្ទឹម​គ្នារ​វាងការបោសសំអាតក្រុមឆបោក និងមន្ត្រីដែលពាក់ព័ន្ធ។សម្ដេចតេជោ បានផ្ដល់អនុសាសន៍ណែនាំបែបនេះ ក្នុងឱកាសសំណេះសំណាល ជាមួយ​ថ្នាក់​ដឹក​នាំ​ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង និងក្រុមប្រឹក្សារាជធានី ខណ្ឌ សង្កាត់ និងប្រធាន​មន្ទីរ ​អង្គភាពនានាជាង៤ពាន់នាក់ នាព្រឹកថ្ងៃអាទិត្យ ទី២៤ ខែឧសភា ឆ្នាំ២០២៦នេះ។ ក្នុង​ឱកាសនោះសម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា វិធានការចំពោះ​មន្ត្រី​ពាក់​ព័ន្ធ​បទ​ល្មើស​ឆបោក​តាម​បច្ចេកវិទ្យានេះ ត្រូវអនុវត្តពីរកម្រិតផ្សេងគ្នា ក្នុងនោះចំពោះ​អ្នក​ដែល​ជាប់​ពាក់​ព័ន្ធ​មិន​ត្រឹម​តែ​ដកតំណែងនោះទេ ត្រូវចោទប្រកាន់ចំពោះមុខតុលាការថែមទៀត។ ក្នុងចំណុចនេះ សម្តេច​តេជោ ណែនាំឱ្យចោទប្រកាន់តាមផ្លូវតុលាការ និងបង្កកទ្រព្យសម្បត្តិ​របស់​ពួក​គេ​ថែម​ទៀត​។ ចំណែកកម្រិតមួយទៀត ត្រូវដកចេញពីតំណែង ហើយយកមកកន្លែងថ្មី។ បើចៅហ្វាយ​ខេត្ត ​ចៅហ្វាយស្រុកនា មិនអើពើ មិនធ្វើ សម្ដេចផ្ដល់អនុសាសន៍ឱ្យដកចេញទៅ។សម្ដេចតេជោបញ្ជាក់«អ្នកមិនអាចទទួលជោគជ័យបានទេ បើអ្នក​ដើរ​ទៅ​វាយ​អ្នក​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ហើយមិនទៅវាយមន្ត្រី និងអ្នកពាក់ព័ន្ធ។ គ្មានការយោគ​យល់​ណាមួ​យ​អាច​ទៅ​រួច​ នៅ​ពេល​ដែល​អ្នកមិនព្រមធ្វើ ឬពាក់ព័ន្ធ។ កុំនិយាយថា អ្នកជាកូនមេដឹកនាំ​មាន​គុណ​សម្បត្តិ​ចំពោះ​ជាតិ​ កុំនិយាយ​ថា បានប្រឹងប្រែងធ្វើការ និងកសាងស្នាដៃចំពោះជាតិមាតុភូមិ»។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា កម្ពុជា ត្រូវតែ​ធ្វើឱ្យ​ពិភព​លោក​បាន​ឃើញនូ​វ​ឆន្ទៈ​ក្នុង​ការ​បោស​សម្អាត​ទង្វើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ។ ដូច្នេះសម្តេចតេជោ ក៏បាណែនាំឱ្យ​ដក​ចៅ​ហ្វាយ​ខេត្ត មេប៉េអឹម មេប៉ូលិស ទាំងឡាយណាដែល​មិនព្រម​បង្ក្រាប​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​៕

សម្ដេចតេជោ ហ៊ុន សែន ផ្ដល់អនុសាសន៍ដល់ក្រសួង-ស្ថាប័ន ថ្នាក់ជាតិសហការជាមួយរ​ដ្ឋបាល​រាជ​ធានី​ភ្នំពេញយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជន និងនិវត្តជន

2026/05/24 03:27:27 pm        492
សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី ប្រមុខរដ្ឋស្ដីទី និងជាប្រធានសមាគមអតីតយុទ្ធជន និង​និវត្តជន​កម្ពុជា​ បានផ្ដល់អនុសាសន៍ដល់ក្រសួងស្ថាប័នថ្នាក់ជាតិទាំងអស់ ត្រូវសហការជាមួយរដ្ឋ​បាល​រាជ​ធានីភ្នំពេញ យកចិត្តទុកដាក់គ្រប់គ្រងអតីតយុទ្ធជន និងនិវត្តជន ឱ្យបានល្អប្រសើរ ដើម្បី​បង្ហាញនូវគុណធម៌ និងភាពកតញ្ញូ ជូនពួកគាត់ដែលមានគុណបំណាច់ចំពោះជាតិមាតុភូមិ បាន​បូជាជីវិតនៅសមរភូមិការពារសេចក្ដីសុខជូនប្រជាជន។ អនុសាសន៍របស់ សម្ដេចតេជោ ហ៊ុន សែន បែបនេះ លើកឡើងនៅក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និង​ក្រុម​ប្រឹក្សា​រាជធានី ខណ្ឌ សង្កាត់ មន្ទីរ អង្គភាពនានាជុំវិញរដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃអាទិត្យ ទី២៤ ខែឧសភា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ នេះមិនមែនជាលើកទីមួយទេដែលសម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍​អំពាវ​នាវ​ឱ្យ​មាន​ការ​យក​ចិត្តទុកដាក់ខ្ពស់ ចំពោះអតីតយុទ្ធជន និងនិវត្តជន។ សម្ដេចតែង​តែ​អំពាវ​នាវ​ដល់​មន្រ្តី​ថ្នាក់​ជាតិ​ និងថ្នាក់មូលដ្ឋាន គប្បីសកម្មក្នុងការចុះសួរសុខទុក្ខអតីតយុទ្ធជន និងនិវត្តជន ដែល​មាន​វ័យ​ចំណាស់ ជាពិសេសត្រូវចុះតាមដានពីស្ថានភាពនៃការរស់នៅរបស់អតីតយុទ្ធជន យុទ្ធជន​ពិការ គ្រួសារយុទ្ធជនពលី ដើម្បីផ្ដល់ភាពកក់ក្ដៅជូនពួកគាត់។ សម្ដេច​បាន​មាន​ប្រសាសន៍​បន្ថែមថា «ពួកគាត់ចាស់ៗ មិនចង់បានអ្វីពីយើងទេ គាត់ត្រូវការតែក្ដី​ស្រលាញ់​ពី​យើង​ប៉ុណ្ណោះ​»​។ ក្នុងឱកាសនេះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏មានប្រសាសន៍ណែនាំដល់មន្រ្តី និងក្រុមប្រឹក្សារាជ​ធានី​ភ្នំពេញ​ទាំងអស់ ត្រូវការចេះគិតគូរពីសុខទុក្ខរបស់មនុស្សចាស់ ជាពិសេសអតីតយុទ្ធជន ត្រូវ​មាន​ភាពកតញ្ញូចំពោះពួកគាត់ ដែលនេះគឺជាគុណធម៌របស់មន្ត្រីគណបក្សប្រជាជនកម្ពុជា។ ឆ្លៀតក្នុងឱកាសនេះដែរសម្ដេចតេជោប្រមុខរដ្ឋស្ដីទី និងជាប្រធានសមាគមអតីតយុទ្ធជន និងនិ​វត្ត​ជន​កម្ពុជា ក៏បានមានប្រសាសន៍ជំរុញឱ្យរាជរដ្ឋាភិបាល ជាពិសេសសមាគម អ.ម.ត ត្រូវគិត​គូរ​ផ្ដល់​អាហា​រូបករណ៍ជូនកូនចៅអតីតយុទ្ធជន យុទ្ធជនពលីនៅសមរភូមិ និងគ្រួសារទីទ័ល​ក្រ​គ្មាន​លទ្ធភាព​ឱ្យ​កូន​សិក្សា។ សម្ដេចបានលើកឡើងថា៖ «ឪពុករបស់គេបានស្លាប់នៅសមរភូមិ យើង​ត្រូវ​តែផ្ដ​ល់អា​ហារូបករណ៍ឱ្យកូនគេបានសិក្សារៀនសូត្រ»។ គួរជម្រាបជូនថា នេះគឺជា ការគិតគូដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគម​អតីត​យុទ្ធជន និងនិវត្តជនកម្ពុជា ដែលជានិច្ចជាកាល​សម្ដេច​តែង​តែ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អតីត​យុទ្ធជន ដែលធ្លាប់មានគុណបំណាច់ចំពោះជាតិ មាតុភូមិ ព្រមទាំងយុទ្ធជនពលីនៅសមរភូមិ ហើយ​ក៏​មិនភ្លេចអ្នកនៅសមរភូមិដែលជាគ្រួសាររបស់យុទ្ធជននៅសមរភូមិមុខ៕

ប្រធានក្រុមការងារចុះជួយឃុំទង់ត្រឡាច ជំរុញអាជ្ញាធរមូលដ្ឋានស្ដាប់តាមការណែនាំរបស់ថ្នាក់ដឹកនាំ បម្រើប្រយោជន៍ពលរដ្ឋឲ្យចំគោលដៅ

2026/05/24 02:17:21 pm        306
កំពង់ចាម៖ ឯកឧត្តមឧកញ៉ា ឡូវ ហ៊ឹង ប្រធានក្រុមការងារចុះមូលដ្ឋានឃុំទង់ត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានជំរុញទៅដល់សមាជិកបក្ស ដែលជាអាជ្ញាធរមូលដ្ឋាន ត្រូវស្ដាប់តាមការណែនាំរបស់ថ្នាក់ដឹកនាំ ដែលតែងតែដាស់តឿន ឲ្យបម្រើផលប្រយោជន៍ប្រជាពលរដ្ឋឲ្យចំគោលដៅ និងមានប្រសិទ្ធភាពល្អ ក្នុងនោះមានបម្រើសេវាសាធារណៈ និងការអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព ឲ្យបានខ្ជាប់ខ្ជួនជាដើម ។ក្នុងពិធីជួបសំណេះសំណាលជាមួយសមាជិកគណបក្សប្រជាជនកម្ពុជា ឃុំទង់ត្រឡាច នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមឧកញ៉ា ឡូវ ហ៊ឹង ប្រធានក្រុមការងារចុះជួយឃុំទង់ត្រឡាច បានឲ្យដឹងថា ជានិច្ចជាកាលថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្ស គឺតែងតែជំរុញឲ្យសមាជិកបក្សទាំងអស់ ត្រូវខិតខំអនុវត្តកម្មវិធីនយោបាយរបស់គណបក្ស ឲ្យមានត្រឹមត្រូវ មានប្រសិទ្ធភាព និងចំគោលដៅ គឺសំដៅបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋ ។ឯកឧត្តមបានបន្តថា មួយវិញទៀត នារយៈពេលចុងក្រោយនេះ សម្ដេចតេជោ បានអញ្ជើញចុះជួបសំណេះសំណាល ជាមួយសមាជិកក្រុមប្រឹក្សារាជធានីខេត្ត ស្រុក ក្រុង និងខណ្ឌជាដើម ក្នុងគោលបំណងជំរុញប្រសិទ្ធភាពការងារ ក៏ដូចជាមានកិច្ចសហការជាមួយអាជ្ញាធរ ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែមានភាពរីកចម្រើន ។ក្នុងឱកាសនោះ ប្រធានក្រុមការងារចុះជួយឃុំទង់ត្រឡាច ក៏បានណែនាំដល់សមាជិកបក្សឃុំទាំងអស់ ត្រូវបន្តសាមគ្គីភាពផ្ទៃក្នុង ដោយខិតខំបម្រើប្រជាពលរដ្ឋ ទាំងសេវាសាធារណៈ ហើយជាពិសេស គឺប្រឹងប្រែងដោះស្រាយបញ្ហាអសន្តិសុខ ដោយធ្វើយ៉ាងណា មិនត្រូវឲ្យប្រជាពលរដ្ឋរស់នៅដោយភាពភ័យខ្លាច រឿងក្មេងទំនើង គ្រឿងញៀន ចោរកម្ម ល្បែងស៊ីសង ហើយបញ្ហាមួយទៀត គឺរឿងស្កេមអនឡាញ (Smam Online) ដែលរាជរដ្ឋាភិបាលកំពុងចាត់វិធានការក្តៅ គឺធ្វើយ៉ាងណាកុំបញ្ហានេះកើតឡើង នៅក្នុងមូលដ្ឋានឃុំទង់ត្រឡាច ។ជាមួយគ្នានេះដែរ ឯកឧត្តមឧកញ៉ា ឡូវ ហ៊ឹង បានបន្ថែមថា ការបោះឆ្នោតឃុំសង្កាត់ នឹងប្រព្រឹត្តិទៅនៅឆ្នាំ២០២៧ខាងមុខ ដូចនេះ សមាជិកបក្សទាំងអស់ត្រូវបន្តខិតខំ ស្រូបយកសន្លឹកឆ្នោតឲ្យបានកើនឡើងថែមទៀត ខណៈដែលឃុំទង់ត្រឡាច មានចំនួន៥អាសនៈ គឺគណបក្សប្រជាជនកម្ពុជាទទួលបានទាំងអស់ កាលពីបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២២កន្លងទៅ ។ក្នុងពិធីនេះ លោក ចាស់ ជឿន ជាសមាជិកបក្ស និងជាមេឃុំទង់ត្រឡាច ក៏បានប្ដេជ្ញាខិតខំអនុវត្តតាមគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ក៏ដូចជាប្រឹងប្រែងថែរក្សាសមាគ្គីផ្ទៃក្នុងបក្ស ឲ្យកាន់តែរឹងមាំ និងទាក់ទាញសន្លឹកឆ្នោត ដើម្បីឲ្យគណបក្សបន្តឈ្នះ នៅអាណត្តិក្រោយទៀត ។គួរបញ្ជាក់ថា ក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តមឧកញ៉ាប្រធានក្រុមការងារ ក៏បានឧបត្ថម្ភថវិកាមួយចំនួន ដល់សមាជិកគណបក្សដែលមានកូនខ្ចី ឧបត្ថម្ភថវិកាដល់ប៉ុស្តិ៍នគរបាលឃុំ ដែលកំពុងខិតខំធ្វើអត្តសញ្ញាណបណ្ណជូនប្រជាពលរដ្ឋ និងការងារជួសជុលអគារសាលាឃុំទង់ត្រឡាចផងដែរ ៕ អត្ថបទ បាន សុខរិទ្ធិ

គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខបង្ក្រាបទីតាំងចែកចាយ ផលិត​លិខិត​ឆ្លង​ដែន​ប្រទេស​ចិន​ក្លែងក្លាយ

2026/05/24 02:10:40 pm        980
គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ ដោយមានការសម្របសម្រួលនីតិវិធីច្បាប់ពី លោក លី គីមស៊ាន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង១០:០០ នាទី បានធ្វើការចុះត្រួតពិនិត្យរដ្ឋបាលទីតាំងស្នាក់នៅរកជនបរទេស ដែលស្ថិតនៅទីតាំង ផ្ទះ លេខ ០៥ ផ្លូវA០២ បុរី ជីបម៉ុង ហ្គ្រេនភ្នំពេញស៊ីធី ស្ថិតនៅផ្លូវ១០១៩ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានត្រួតពិនិត្យឃើញ; មានជនចិនស្នាក់នៅ សរុបចំនួន ០៥នាក់ ប្រុស ( មានលិខិតឆ្លងដែន ចំនួន និងជនជាតិ ចិន ចំនួន ០៣នាក់ ប្រុស (សង្ស័យ កាន់លិខិតឆ្លងដែន ក្លែងក្លាយ )សំភារៈវត្ថុតាងរួមមាន៖ - កុំព្យូទ័រ យួរដៃ ចំនួន ០១គ្រឿង - លិខិតឆ្លងដែនក្លែងក្លាយជនជាតិចិន ចំនួន ៤៨ក្បាល - បណ្ណ័ការងារជនបរទេស ចំនួន ៤៥កាត - ត្រា ចំនួន ០៥ត្រា - ស្ទិកខ័របិទ ( បញ្ជាក់ សុពលភាព វិសារ ) មួយចំនួន - តាំប៉ុងពណ័ ក្រហម ចំនួន ០២ - ទឹកថ្នាំត្រាពណ័ ក្រហម ចំនួន ០៣ដប ជាលទ្ធផល​ ។ ក្រោយពីបានធ្វើការសាកសួរ ជនសង្ស័យខាងលើ​ ជាប់ពាក់ពន្ធ័ បទល្មើស​ក្លែងឯកសារ​សាធារណៈ​​ (​ រក្សរក្សាទុកលិខិតឆ្លងដែនក្លែងក្លាយ ,​ សៀសៀវភៅការងារជនបរទេសក្លែងក្លាយ ,​ ទិដ្ឋា​ការ​​ស្នាក់នៅ​(visa) របស់ជនជាតិចិន​ ​ក្លែងក្លាយ។ ដោយ​បានការអនុញ្ញាតពីលោក​ លី​ គីមស៊ាន​ ព្រះរាជ​អាជ្ញា​រង​ នៃ​អយ្យការ​អម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ សម្រេច​នាំខ្លួនជនជាតិចិន​ ទាំង៥នាក់​ រួមនិងវត្តុតាងដែលបានដកហូត​ ប្រគល់​ជូន​អធិការដ្ឋាន​នគរបាលខណ្ឌសែនសុខ​ ដើម្បីកសាងនីតិវិធីតាមផ្លូវច្បាប់៕

សហព័ន្ធបណ្តុំសមាគមអង្គការសង្គមស៊ីវិល៖ ច្បាប់កាតព្វកិច្ចយោធាមានសារសំខាន់ និងមានសារប្រយោជន៍សម្រាប់ជាតិ

2026/05/24 02:02:37 pm        651
ភ្នំពេញ៖ សហព័ន្ធបណ្តុំសមាគមអង្គការសង្គមស៊ីវិលបានបញ្ជាក់ថា ច្បាប់កាតព្វកិច្ចយោធាមានសារសំខាន់ និងមានសារប្រយោជន៍សម្រាប់ជាតិ និងមានចក្ខុវិស័យ ទស្សនវិស័យ គឺបានបង្ហាញយ៉ាងច្បាស់អំពីការលើកកម្ពស់ស្មារតី ការចូលរួមការពារជាតិ និងជាការឆ្លើយតបទៅនិងស្ថានភាពសង្គម និងជាការចូលរួមចំណែកបណ្តុះនៅចំណេះជំនាញដល់យុវជន យុវនារី និងបណ្តុះធនធានមនុស្សចំណេះដឹងអំពីការឆ្លើយតប ត្រៀមឆ្លើយតបទៅនិងស្ថានភាពសង្គមដែលជួបបញ្ហាប្រឈម គឺពាក់ព័ន្ធនឹងការឈា្លនពានរបស់ថៃ។បណ្ឌិត ហ៊ាង គឹមស្រឿន ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធបណ្ឌុំសមាគមអង្គការសង្គមស៊ីវិលបានមានប្រសាសន៍ថា ច្បាប់កាតព្វកិច្ចយោធាមានសារសំខាន់ និងមានសារប្រយោជន៍សម្រាប់ជាតិ ហើយអ្វីដែលជាការដាក់ចេញនិងការគិតគូររបស់រាជរដ្ឋាភិបាល អំពីច្បាប់កាតព្វកិច្ចយោធា ដែលរដ្ឋសភា និងព្រឹទ្ធសភាបានអនុម័ត ដែលគ្រោងនឹងប្រកាសឲ្យប្រើនៅច្បាប់កាតព្វកិច្ចយោធា គឺស្របតាមសភាពការណ៍តម្រូវ។ ហើយច្បាប់នេះ មានតាំងពីឆ្នាំ២០០៦ តែដោយសារច្បាប់មានការខ្វះចម្លោះទៀបនៅឆ្នាំ២០២៦ រាជរដ្ឋាភិបាលបានធ្វើការកែសម្រួលនឹងដាក់ការអនុវត្តច្បាប់កាតព្វកិច្ចយោធាដែលជាផលប្រយោជន៍ជាតិ។ បណ្ឌិត ហ៊ាង គឹមស្រឿន បានបន្តថា ច្បាប់កាតព្វកិច្ចយោធាមានចក្ខុវិស័យ ទស្សនវិស័យ គឺបានបង្ហាញយ៉ាងច្បាស់អំពីការលើកកម្ពស់ស្មារតី ការចូលរួមការពារជាតិ និងជាការឆ្លើយតបទៅនិងស្ថានភាពសង្គម និងជាការចូលរួមចំណែកបណ្តុះនៅចំណេះជំនាញដល់យុវជន យុវនារី និងបណ្តុះធនធានមនុស្សចំណេះដឹងអំពីការឆ្លើយតប ត្រៀមឆ្លើយតបទៅនិងស្ថានភាពសង្គមដែលជួបបញ្ហាប្រឈម គឺពាក់ព័ន្ធនឹងការឈា្លនពានរបស់ថៃ។កម្ពុជាមិនចង់បានសង្គ្រាមទេ គឺកម្ពុជាចាប់បានសន្តិភាព។ រាជរដ្ឋាភិបាលបានគិតគូរអំពីបញ្ហាដាក់ចេញនៅច្បាប់កាតព្វកិច្ចយោធាដើម្បីបម្រុងទុក ដើម្បីត្រៀមទុកនៅពេលជាតិត្រូវការ។ ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធបណ្ឌុំសមាគមអង្គការសង្គមស៊ីវិលបានបន្តទៀតថា មានបណ្ឌិតក្រៅស្រុកវង្វេងទិស ក៏ដូចជាក្រុមប្រឆាំងនៅក្រៅប្រទេសមួយចំនួនបានលើកឡើង គឺជាការបំផ្លើសបំភ្លៃខុសពីការពិត និងបំបែកបំបាក់ជាតិ និងនិយាយគ្មានការយល់ដឹងអំពីវិសាលភាព និងនីតិវិធីច្បាប់កាតព្វកិច្ចយោធា។ ហើយសូមឲ្យប្រជាពលរដ្ឋកុំជឿតាមការលើកឡើងរបស់ក្រុមប្រឆាំងដែលមានចរិកញុះញង់។ ពីព្រោះច្បាប់កាតព្វកិច្ចយោធាមានសារប្រយោជន៍មានសារសំខាន់។សម្រាប់ប្រទេសជាតិ។ សូមជម្រាបថា សូមជម្រាបថា កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចអនុម័តឯកច្ឆន្ទហើយសេចក្តីព្រាងច្បាប់ស្តីពី «កាតព្វកិច្ចយោធា» ក្នុងសំឡេងគាំទ្រ ១១៤ លើ ១១៤ សំឡេង។ ហើយនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ព្រឹទ្ធសភាបានពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់កាតព្វកិច្ចយោធា ដោយឥតកែប្រែចំនួន ៥៨សំឡេងនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។ យោងតាមខ្លឹមសារច្បាប់នេះ គឺប្រជាពលរដ្ឋខ្មែរភេទប្រុសដែលមានអាយុចាប់ពី ១៨ ឆ្នាំ ដល់ ២៥ ឆ្នាំ ត្រូវបំពេញកាតព្វកិច្ចយោធារយៈពេល ២៤ ខែ ខណៈដែលស្ត្រីត្រូវបានអនុវត្តតាមគោលការណ៍ស្ម័គ្រចិត្ត។ យុវជនដែលឆ្លងកាត់ការហ្វឹកហ្វឺននេះ នឹងទទួលបានការអភិវឌ្ឍកាយសម្បទា ការអប់រំស្មារតីស្នេហាជាតិ វិន័យ និងទទួលបានប្រាក់ឧបត្ថម្ភផ្សេងៗ។ លើសពីនេះ ក្រោយពីបានបញ្ចប់កាតព្វកិច្ច ពួកគេនឹងទទួលបានអាទិភាពក្នុងការប្រឡងចូលបម្រើការងារក្នុងស្ថាប័នរដ្ឋ សហគ្រាសសាធារណៈ និងឯកជន ព្រមទាំងឱកាសបន្តការសិក្សា និងការងារនៅបរទេសផងដែរ៕ អត្ថបទៈ វង្ស សុភាព

ជនសង្ស័យ២នាក់ លួចម៉ូតូរបស់ស្រ្តីអនាម័យត្រូវបាននគរបាលខណ្ឌ៧មករាឃាត់ខ្លួន និងប្រគល់ម៉ូតូជូនជនរងគ្រោះវិញ

2026/05/24 01:56:42 pm        476
ភ្នំពេញ ៖ ជនសង្ស័យ០២នាក់ ធ្វើសកម្មភាពលួចម៉ូតូ Today របស់ ស្រ្តីអ្នកសម្អាតអនាម័យ នៅក្បែរសួនមិត្តភាព ត្រូវបានកម្លាំងនគរបាលខណ្ឌ៧មករា និងនគរបាលប៉ុស្តិ៍មិត្តភាព ស្រាវជ្រាវបន្ទាន់ ឃាត់ខ្លួនបាន។ជាក់ស្ដែងនៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ កម្លាំងនគរបាលខណ្ឌ៧មករា ដឹកនាំដោយលោក វរសេនីយ៍ឯក ជុន ប៊ុនណាន អធិការនគរបាលខណ្ឌ បានប្រគល់ម៉ូតូជូនដល់ ស្រ្តីចំណាស់ដែលជាបុគ្គលិកអនាម័យវិញ និងមានសម្ភារៈថវិកាជូនបន្តិចបន្តួចផងដែរ។ប្រតិបត្តិការនេះបានធ្វើឡើង ក្រោយមានការណែនាំពី លោក ថេង សុថុល ប្រធានគណៈបញ្ជាការឯកភាពខណ្ឌ៧មករាឲ្យ លោកវរសេនីយ៍ឯក ជុន ប៊ុនណាន អធិការនគរបាលខណ្ឌ៧មករា ធ្វើការស្រាវជ្រាវបន្ទាន់ដើម្បីកំណត់មុខសញ្ញា រហូតឈានដល់ការឃាត់ខ្លួន ជនសង្ស័យចំនួន០២នាក់ ចំណុចមុខឡាក់គីស្តារ ផ្លូវ ៣៣៦ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក និងជនសង្ស័យម្នាក់ទៀត ខាងមុខផ្ទះលេខ២១អាផ្លូវ៤៥ប៊ីធី សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ក្នុងនោះវត្ថុតាងនគរបាលបានដកហូតរួមមាន ទូរស័ព្ទដៃចំនួន០២គ្រឿងម៉ាកTECNO SPARK ពណ៌ស និងម៉ាកTECNO SPARK ពណ៌ស (ជារបស់ជនសង្ស័យ) និងម៉ូតូ ម៉ាក់ហុងដា គប់ ម៉ូតូរបស់ជនសង្ស័យជិះធ្វើសកម្មភាព, ម៉ូតូ០១គ្រឿង ម៉ាកTODAY ពណ៌ផ្កាឈូក ពាក់ស្លាកលេខ ភ្នំពេញ 1IN-8368 (ជារបស់ជនរងគ្រោះ) ។ គួរបញ្ជាក់ផងដែរ កាលពីព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ ស្រ្តីចំណាស់ម្នាក់ ជាអ្នកសម្អាតបរិស្ថានអនាម័យ ខណៈពេលកំពុងបំពេញការងារ បានចតម៉ូតូម៉ាក ធូដេ នៅតាមផ្លូវ ត្រង់ចំណុចមុខ សម្ភពបញ្ញា ផ្លូវ ១២៨ ភូមិ៤ សង្កាត់មិត្តភាពខណ្ឌ៧មករា រាជធានីភ្នំពេញស្រាប់តែមានក្រុមជនសង្ស័យ០២នាក់ បានធ្វើសកម្មភាពលួចម៉ូតូយកទៅបាត់តែម្ដង។បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ ត្រូវបាននគរបាលឃាត់ខ្លួន និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕ អត្ថបទ ៖ កុម្ភៈ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កិច្ចព្រមព្រៀងសន្តិភាពអ៊ីរ៉ង់លេចស្រមោល​ស្ទុងៗ ខណៈវិធានការ​យោធាថ្មីកើត​ឡើងនៅជិតច្រកសមុទ្រ Hormuz
06/13/2026 03:06 PM
លោក Trump៖ ការវាយប្រហារដោយ​អាមេរិក បានសម្លាប់មេក្រុមអន្ធពាល​ Tren de Aragua របស់វ៉េណេស៊ុយអេឡា
06/13/2026 03:06 PM
សមត្ថកិច្ចរាជធានីភ្នំពេញ បន្តត្រួតពិនិត្យទីតាំងស្នាក់នៅប្រមូលផ្ដុំ ដើម្បីស្វែងរក និង​បោស​សម្អាត​​បទ​ល្មើស Online Scams
06/13/2026 02:06 PM
ប្រព័ន្ធផ្សព្វផ្សាយ៖ កូរ៉េខាងជើងថ្កោលទោសការអនុម័តលក់មីស៊ីលរបស់អាមេរិកទៅឲ្យ​កូរ៉េខាងត្បូង
06/13/2026 01:06 PM
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល អះអាងថានឹងមិនអនុញ្ញាតឱ្យអ៊ីរ៉ង់ មានអាវុធនុយក្លេអ៊ែរឡើយ
06/13/2026 01:06 PM
សហភាពអឺរ៉ុប ព្រមព្រៀងចាប់ផ្តើមដំណើរការចូលជាសមាជិកសម្រាប់អ៊ុយក្រែន និងម៉ុលដាវី
06/13/2026 01:06 PM
BBC៖ រុស្ស៊ី បានបាត់បង់កងទ័ពជាង ២២០.០០០នាក់ក្នុងអំឡុងពេលវាយលុកនៅអ៊ុយក្រែន
06/13/2026 12:06 PM
រយៈពេលជាង ៥ខែ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បណ្ដេញជនបរទេសជាង ៤ម៉ឺននាក់​ចេញ​កម្ពុជា​ពាក់​ព័ន្ធ​ករណី Online Scams និងបទល្មើសផ្សេងៗទៀត
06/13/2026 12:06 PM
ត្រឹមរយៈពេល៥ខែ ពេទ្យគន្ធបុប្ផាពិនិត្យព្យាបាលជំងឺជាង ៥១ម៉ឺនករណី ខណៈ​ការចូលរួម​យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» កំពុងបន្ត
06/13/2026 12:06 PM
កម្លាំងចម្រុះរាជធានីភ្នំពេញ បន្តត្រួតពិនិត្យឃ្លាំង ៣៣ទីតាំងបន្ថែមទៀត ដោយ​បាន​រក​ឃើញ​ ៥ទីតាំង​មាន​ផលិតផល​នាំ​ពីប្រទេសថៃ និងសម្រេចនាំខ្លួនមនុស្ស ៥នាក់ទៅសាកសួរ
06/13/2026 11:06 AM