កម្ពុជា រកឃើញសត្វព្រៃសំខាន់ៗជាច្រើននៅភាគខាងជើងប្រទេស
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបែងចែកភាគលាភឆ្នាំ២០២៥ ជាង ២៨,៧ ប៊ីលានរៀលជូនភាគហ៊ុនិក
កម្ពុជា-សិង្ហបុរី ពិភាក្សាអំពីលទ្ធភាព នៃការជំរុញនាំចេញផលិតផលកម្ពុជាទៅកាន់ទីផ្សារសិង្ហបុរី
ព្រឹត្តិការណ៍ “ដើរ ២ ៧០០ ជំហាន ដើម្បីទារកនិងកុមារកម្ពុជា” ប្រមូលថវិកាបានជាង ២ ១០០ លានរៀល

ព័ត៌មានជាតិ

ក្រុមការងារជំនាញ ចុះធ្វើជំរឿនមន្ត្រីរាជការនៅក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍

2026/05/15 04:07:30 pm        145
ឈានចូលមកដល់ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២៦នេះ ក្រុមមន្ត្រីជំនាញនៃក្រសួងមុខងារសាធារណៈ បានបន្តការងារកំណែទម្រង់ ដោយចុះធ្វើ ជំរឿនមន្ត្រីរាជការ ជាក់ស្ដែងនៅក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ ការធ្វើជំរឿនមន្ត្រីរាជការនៅក្រសួង ប្រៃសណីយ៍និងទូរគមនាគមន៍ ធ្វើឡើងរយៈពេល ២ថ្ងៃ គឺថ្ងៃទី ១៥ និងថ្ងៃទី ១៦ ខែ ឧសភា។ក្រុមការងារជំនាញនៃក្រសួងមុខងារសាធារណៈ បានចុះបំពេញការងារ ជំរឿនមន្ត្រីរាជការ នៅក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ ការធ្វើជំរឿនគឺចាប់រាប់ពីថ្នាក់ដឹកនាំក្រសួង មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាទាំងអស់។ ការធ្វើជំរឿននៅក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍នេះ គឺធ្វើឡើងក្រោយការបញ្ចប់ការងារជំរឿនមន្ត្រីរាជការនៅក្រសួងមុខងារសាធារណៈ និងការធ្វើជំរឿននៅក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ការធ្វើជំរឿននៅក្រសួងអភិវឌ្ឍន៍ជនបទ និងការធ្វើជំរឿននៅក្រសួងកិច្ចការនារី។ក្នុងថ្ងៃដំបូងនៃការធ្វើជំរឿនមន្ត្រីរាជការនៅក្រសួង ប្រៃសណីយ៍និងទូរគមនាគមន៍ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លើកឡើងជាការគាំទ្រ ចំពោះការងារជំរឿននេះ។ គាំទ្រ ដោយមើលឃើញពីផលវិជ្ជមានជាច្រើន ដែលទទួលបាន។កន្លងទៅ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសធារណៈ ធ្លាប់បានលើកឡើងប្រាប់ទៅកាន់មន្ត្រីរាជការតាមក្រសួងស្ថាប័ន ទាំងអស់ផ្ដល់កិច្ចសហការ និងត្រូវចូលរួមការងារជំរឿនមន្ត្រីរាជការនេះ។ ឯកឧត្តមបានបញ្ជាក់កុំឱ្យមានការព្រួយបារម្ភ ការធ្វើជំរឿននេះ ពុំមែនជាការវះកាត់មន្ត្រីនោះទេ។ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បញ្ជាក់ថាការងារជំរឿនមន្ត្រីរាជការ ពិតជាសំខាន់សម្រាប់រាជរដ្ឋាភិបាលកម្ពុជា។ ការធ្វើជំរឿននេះ នឹងផ្តល់ជាទិន្នន័យជាក់លាក់មន្ត្រីរាជការបំពេញការងារជាក់ស្ដែងនៅតាមក្រសួងស្ថាប័ន ហើយក៏ជាទិន្នន័យសំខាន់សម្រាប់ការធ្វើផែនការមន្ត្រី រាប់បញ្ចូលទាំងការជ្រើសរើសមន្ត្រីផងដែរ។ពាក់ព័ន្ធនឹងការងារជំរឿននេះ ក្រសួងមុខងារសាធាររណៈ ក៏បានបញ្ចប់រួចរាល់ ការធ្វើជំរឿនមន្ត្រីនៅតាមមូលដ្ឋានសុខាភិបាល និងគ្រឹះស្ថានអប់រំ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ ក្រសួងក៏នឹងបន្តចុះ ធ្វើជំរឿន មន្ត្រីនៅតាមមូលដ្ឋានសុខាភិបាល និងគ្រឹះស្ថានអប់រំ នៅតាមបណ្ដាខេត្តដទៃ ទូទាំងប្រទេស។កន្លងទៅកម្ពុជា ធ្លាប់បានធ្វើជំរឿនមន្ត្រីចំនួន ៣លើករួចមកហើយ។ ការធ្វើជំរឿនមន្ត្រីលើកទី ១នៅឆ្នាំ ១៩៩៥ ការធ្វើជំរឿនមន្ត្រីលើកទី ២ធ្វើឡើងនៅឆ្នាំ ១៩៩៩-២០០១ និងការធ្វើជំរឿនមន្ត្រីលើកទី ៣នៅឆ្នាំ ២០១០។អត្ថបទ៖គឹម ហុក

ក្រសួងសុខាភិបាល ប្រកាសដាក់ឱ្យដំណើរការជាផ្លូវការប្រព័ន្ធគ្រប់គ្រងព័ត៌មានសុខាភិបាល ថ្នាលទិន្នន័យ DHIS2

2026/05/15 03:43:22 pm        147
ព្រឹកថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការប្រព័ន្ធគ្រប់គ្រងព័ត៌មានសុខាភិបាល ថ្នាលទិន្នន័យ DHIS2 (Health Information Management System - DHIS2)។ ឯកឧត្តមសាស្រ្តាចារ្យ បានថ្លែងថា យុទ្ធសាស្ត្ររបស់ក្រសួង ក្នុងការធ្វើបរិវត្តកម្មសុខាភិបាលឌីជីថល គឺមិនមែនត្រឹមតែផ្តោតលើបច្ចេកវិទ្យាឌីជីថលប៉ុណ្ណោះតែមួយមុខទេ ប៉ុន្តែគឺជាការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ឱ្យមានសុវត្ថិភាព ប្រកបដោយការទទួលខុសត្រូវ និងនវានុវត្តន៍ ដើម្បីធ្វើទំនើបកម្មប្រព័ន្ធសុខាភិបាល ដែលនាំទៅដល់ការកែលម្អលទ្ធផលសុខភាពប្រជាពលរដ្ឋ ការបង្កើនប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ព្រមទាំងការពង្រឹងភាពធន់នៃប្រព័ន្ធសុខាភិបាល តាមរយៈនវានុវត្តន៍ស្តង់ដាថ្មីសម្រាប់សមិទ្ធកម្ម និងគណនេយ្យភាពនៃប្រព័ន្ធ។ ទិន្នន័យ គឺជាទ្រព្យរបស់ជាតិដ៏មានតម្លៃ ដែលជំរុញកំណើន និងផលិតភាពសេដ្ឋកិច្ច ព្រមទាំងភាពប្រសើរឡើង នៃសុខុមាលភាពសង្គម នៅពេលដែលទិន្នន័យត្រូវបានប្រើប្រាស់ប្រកបដោយសមភាព និងប្រសិទ្ធិភាព។ ក្នុងវិស័យសុខាភិបាលការប្រើប្រាស់ជាប្រចាំនូវទិន្នន័យ ដែលមានគុណភាព ពេញលេញ និងជឿទុកចិត្តបាន នឹងគាំទ្រដល់ការសម្រេចចិត្តគ្លីនិកការអង្កេតតាមដានឆ្លើយតបជំងឺអន្តរាគមន៍កម្មវិធីសុខភាពសាធារណៈ ការរៀបចំផែន ការ ការអភិវឌ្ឍគោលនយោបាយ យុទ្ធសាស្ត្រ ការតាមដាន និងការវាយតម្លៃសមិទ្ធកម្មនៃប្រព័ន្ធសុខាភិបាល។ ក្នុងឱកាសនេះ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានផ្តល់អនុសាសន៍មួយចំនួនក្នុងការបន្តជំរុញវឌ្ឍនភាពនៃបរិវត្តកម្មសុខាភិបាលឌីជីថល ដូចខាងក្រោម៖ ១-ពង្រឹងអភិបាលកិច្ចសុខាភិបាលឌីជីថល និងការធ្វើសមាហរណកម្ម នៅក្នុងរចនាសម្ព័ន្ធអភិបាលកិច្ចទិន្នន័យ សន្តិសុខសាយប័រ និងអន្តរប្រតិបត្តិការ។ ២-ជំរុញការធ្វើសមាហរណកម្ម ការប្រើប្រាស់បច្ចេកវិទ្យា និងដំណោះស្រាយសុខាភិបាលឌីជីថល។ ៣-ពន្លឿនអន្តរកាលពីការប្រើប្រាស់ការកត់ត្រាលើក្រដាស់ ទៅជាការកត់ត្រាវេជ្ជសាស្រ្តអេឡិចត្រូនិច នៅគ្រប់មូលដ្ឋានសុខាភិបាល និងពង្រឹងការអនុវត្ត ប្រកបដោយប្រសិទ្ធិភាព និងសង្គតិភាព។ ៤-ការបន្តពង្រឹងមុខងារប្រព័ន្ធ HMIS-DHIS2 ក្នុងការប្រើប្រាស់ទិន្នន័យភូមិសាស្ត្របច្ចេកវិទ្យា ដំណើរការរៀបចំទិន្នន័យលំហភូមិសាស្រ្ត ក្នុងការកត់ត្រា រក្សាទុក និងចែករំលែកទិន្នន័យ ជាទម្រង់ផ្សេងៗ។ ៥-ជំរុញបន្ថែម ការរៀនសូត្រចេញពីប្រព័ន្ធសុខាភិបាល តាមរយៈការលើកកម្ពស់វប្បធម៌នៃការប្រើប្រាស់ជាប្រចាំនូវទិន្នន័យ និងភ័ស្តុតាង ដើម្បីកែលម្អរំហូរការងារ និងលើកកម្ពស់ការសម្រេចចិត្តឱ្យកាន់តែប្រសើរ សំដៅបង្កើនប្រសិទ្ធភាព និងប្រសិទ្ធផល។ ៦-លើកកម្ពស់កិច្ចសហការអន្តរវិស័យ និងពហុវិស័យ ដើម្បីកសាងប្រព័ន្ធសុខាភិបាលឌីជីថល ក្នុងអេកូឡូស៊ីមួយរឹងមាំ និងមាននិរន្តរភាព។ ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងសុខាភិបាល តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ថ្នាក់ដឹកនាំ មន្ទីរសុខាភិបាលរាជធានី ខេត្ត តំណាងនាយកដ្ឋាន នៃក្រសួងសុខាភិបាល តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា តំណាងអង្គការ UNICEF អង្គការ CHAI អង្គការ GAVI និងមន្រ្តីបច្ចេកទេសពាក់ព័ន្ធ សរុបចំនួន ២៤៦រូប និងតាមប្រព័ន្ធនិម្មិត zoom ចំនួន ១៥០០រូប៕ អត្ថបទ រដ្ឋា

កសិករគាំទ្រចំណាត់ការរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការនាំចូលទុរេន ខណៈ​ទិន្នផល​ទុរេន​មាន​ការ​កើនឡើង

2026/05/15 03:32:25 pm        265
ភ្នំពេញ៖ ម្ចាស់ចម្ការ ទុរេន និងប្រធានសហគមន៍ទុរេនបែកអន្លូង បានលើកឡើងថា ទុរេន​របស់​ខ្មែរ​កំពុង​មានទីផ្សារ និង​តម្លៃល្អ ហើយទិន្នផលទុរេនឆ្នាំនេះ គឺផ្តល់បានល្អ ដែលមាន​កំណើន​ប្រមាណ ​៣០%​ បើធៀបនឹងឆ្នាំមុន​ ខណៈប្រជាពលរដ្ឋ បន្តគាំទ្រផលិតផលខ្មែរ និង​បន្ត​ពហិកា​ផលិត​ផល​នាំចូល​។​ ពួកគេ ​គាំទ្រចំណាត់ការ​រាជរដ្ឋាភិបាល​ក្នុង​ការ​ទប់​ស្កាត់​ការ​នាំ​ចូល​ទុរេន​ពី​ថៃ​។ម្ចាស់ចម្ការទុរេន រិទ្ធិដានី ស្ថិតនៅខេត្តកោះកុង​ ប្រាប់ BTV ថា សព្វថ្ងៃ ទីផ្សារទុរេនខ្មែរ​ មាន​ការ​គាំទ្រ​ខ្លាំង​ពី​ប្រជាពលរដ្ឋ ដោយសារ​ ពួកគេមានទំនុកចិត្តថាជាទុរេនរបស់ខ្មែរ។ អ្នកស្រីថា សព្វថ្ងៃ ទុរេនលក់អស់ប្រមាណ ២ ទៅ ៣ តោនក្នុងមួយថ្ងៃ និងមួយចំនួនទៀតលក់នៅក្នុងផ្សារទំនើប ជីប ម៉ុង។​អ្នកស្រី សប្បាយចិត្ត​ចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល​ក្នុង​ការ​ទប់ស្កាត់​ការ​នាំចូល​ទុរេន​ពី​ថៃក្នុ​ងអំឡុងពេល​នេះ។ការណ៍នឹងជួយឱ្យទីផ្សារទុរេនក្នុងស្រុកកាន់តែរីកចម្រើន ហើយ​ប្រជា​ពលរដ្ឋក៏ទទួលបាន​ទុរេនរបស់ខ្មែរពិតៗ។​ សម្រាប់​ចម្ការ​ទុរេន​នៅ​ខេត្តកោះកុង​នឹង​ប្រមូល​អស់​នៅ​ចុង​ខែឧសភានេះ ដែលរំពឹងថា នឹងផ្តល់ផលប្រមាណ​ចន្លោះពី៧០ ទៅ ៨០ តោន​។​ដោយឡែក លោក ហេង ឆេងលី ប្រធានសហគមន៍ទុរេនបែកអន្លូង ស្ថិតខេត្តកំពង់ចាម​ ប្រាប់ BTV ថា ទិន្នផលទុរេន​របស់សហគមលោកឆ្នាំនេះ គឺទទួលបានផលល្អ ដែលមានចំនួន ៤ ០០០ តោន កើនឡើងប្រមាណ ៣០% បើធៀបនឹងឆ្នាំមុន​។ សម្រាប់ទុរេនបែកអន្លូង បានចាប់ផ្តើមប្រមូលផលជាបណ្តើៗហើយ តែប្រមូលផល​ពេញលេញគឺចាប់ពីចុងខែឧសភានេះតទៅ។ សហគមន៍ទុរេនបែកអន្លូង មានផ្ទៃដីទុរេនប្រមូលផលប្រមាណ​ ៣២០ ហិកតា។របាយការណ៍ក្រសួងកសិកម្ម បង្ហាញថា ក្នុងឆ្នាំ២០២៥ កម្ពុជា​មានផ្ទៃដីដាំដុះទុរេនមានចំនួន ១៦ ១៩៣ហិកតា និងផ្តល់ផលទុរេនប្រមាណ ១៣៥ ៥៤៦តោន​។​ បើតាម ប្រធានសហគមន៍ទុរេនបែកអន្លូង ក្រៅពីទុរេនផ្គត់ផ្គង់ក្នុងស្រុក ទុរេនសហគមន៍បែកអន្លូង ក៏បាននាំចេញទៅទីផ្សារប្រទេសចិនប្រមាណ២ ទូរកុងតឺន័រ ស្មើនឹងប្រមាណ ៤០ ទៅ ៦០ តោន​ កាលពីថ្មីៗនេះ៕ អត្ថបទ៖ ធូ វិរៈ

និស្សិតសិក្សាជំនាញ ស្វែងយល់តាមបណ្តាក្រុមហ៊ុន/សហគ្រាស និងការស្វែងរកឱកាសការងារ

2026/05/15 03:10:20 pm        330
និស្សិតសិក្សាជំនាញផ្នែកគណនេយ្យ សវកម្ម និងពន្ធដារ បានចាត់ទុកព្រឹត្តិការណ៍ស្ដីពីអាជីពការងារ គណនេយ្យ សវនកម្ម និង ពន្ធដារ គឺជាមានសារៈសំខាន់ណាស់ ក្នុងការសិក្សាស្វែងយល់បង្កើនចំណេះដឹងបន្ថែមលើកាលានុវត្តភាពថ្មីៗ និងក៏ជាឱកាសក្នុងការ ស្វែងរកការងារ ខណៈដែលកំពុងទទួលបាននូវបរិយាកាសវិនិយោគថ្មីៗបន្ថែម។និស្សិតមកពីវិទ្យាស្ថាន និងសាកលវិទ្យាល័យផ្សេងៗ ក្នុងរាជធានីភ្នំពេញ លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន ក្នុងសន្និសីទស្តីពីអាជីពផ្នែកគណនេយ្យ សវនកម្ម និងពន្ធដារឆ្នាំ២០២៦​ ដែលរៀបចំដោយខេមអេដ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ ២០២៦ នេះថា កម្ពុជាគឺជាប្រទេសមួយដែលកំពុងមានការអភិវឌ្ឍរីកចម្រើន ជាពិសេសបាននិងកំពុងស្រូបយកការវិនិយោគជាបន្ត បន្ទាប់ ដែលធ្វើឱ្យកម្ពុជាមានតម្រូវការលើវិស័យការងារពីមួយឆ្នាំទៅមួយឆ្នាំកាន់ច្រើន មិនថាការងារជំនាញ ឬការងារដែលធ្វើដោយ កំលាំងនោះឡើយ ពោលគឺកម្ពុជាមានតម្រូវការលើវិស័យការងារមានគ្រប់ផ្នែក និងកម្រិត។ និស្សិតទាំងអស់នោះលើកឡើងបន្ថែមថា ស្របពេលការវិវត្តន៍រីកចម្រើន ពួកគាត់បាននិងកំពុងយកចិត្តទុករៀនសូត្រ ឱ្យក្លាយ ទៅជាធនធានពូកែរបស់កម្ពុជា ដើម្បីចូលរួមនៅក្នុងវិស័យការងារ លើកកម្ពស់ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ជាក់ស្តែងតាម រយៈព្រឹត្តិការណ៍នេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់ពួកគាត់ ដែលស្ថិតនៅក្នុងវ័យសិក្សា ដើម្បីក្រេបយកនូវចំណេះដឹង និង កាលានុវត្តភាពថ្មីៗបន្ថែម តាមរយៈពិព័រណ៍របស់ក្រុមហ៊ុន/សហគ្រាស ដើម្បីបានសិក្សាស្វែងយល់ លើកិច្ចដំណើរការរបស់ក្រុមហ៊ុន នីមួយៗនៅកម្ពុជា សម្រាប់ជាពុទ្ធិពង្រីកចំណេះឱ្យកាន់តែមានសក្តានុពល ដើម្បីឈានទៅចូលរួមក្នុងវិស័យការងារ។ ទាក់និងការសិក្សាជំនាញនេះដែរ, លោក ខេស៊ី បាណេត ទីប្រឹក្សាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជានាយកខេមអេដ លើក ឡើងថា កម្ពុជាគឺជាប្រទេសដែលមានមូលដ្ឋានវិនិយោគ និងសេដ្ឋកិច្ចរឹងមាំ និងបានបង្កើតនូវទំនុកដល់អ្នកវិនិយោគទាំងឡាយ មក បណ្តាក់ទុនវិនិយោគលើវិស័យផ្សេងៗជាបន្តបន្ទាប់ ក្នុងនោះចំពោះធនធានមនុស្ស, កម្ពុជាកំពុងបង្កើតធនធានលើផ្នែកគណនេយ្យ សវនកម្ម និងពន្ធដារ បានកំពុងដើរលើផ្លូវត្រូវ និងជាកម្មវត្ថុដ៏សំខាន់ សម្រាប់ឆ្លើយតបទៅនិងតម្រូវការទីផ្សារការងារ ជាក់ស្តែង ព្រឹត្តិការណ៍នេះជាដើម គឺជាការបើកផ្លូវឱ្យនិស្សិតបានយល់អំពីខ្សែច្រវាក់ផលិតកម្ម និងក៏ជាការស្វែងរកឱកាសការងារពីបណ្តាក្រុម ហ៊ុន សហគ្រាស និងឧស្សាហកម្មផ្សេងៗ ខណៈដែលរាជរដ្ឋាភិបាលបាននិងកំពុងលើកកម្ពស់ដល់អ្នកចំណាកស្រុក ដែលវិលមក មាតុភូមិវិញ ក៏ដូចជានិស្សិត និងអ្នកដែលមានជំនាញផ្សេងៗចូលរួមក្នុងវិស័យការងារ៕ អត្ថបទ៖ សុន រ៉ាឌី

ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាម មានទឹកប្រាក់សរុបជាង ៣,៣ ពាន់លានដុល្លារ កើនជាង ៤ %

2026/05/15 03:00:12 pm        3653
ការដោះប្តូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-វៀតណាម ក្នុងរយៈពេល៤ខែ ឆ្នាំ២០២៦ មានទំហំទឹកប្រាក់សរុបជាង ៣,៣ ពាន់លានដុល្លារអា មេរិក កើនឡើងជាង ៤ ភាគរយ ធៀបរយៈពេលដូចគ្នាឆ្នាំមុន ក្នុងនោះកម្ពុជានាំចេញមានទឹកប្រាក់ជិត ២ ពាន់លានដុល្លារ និងការនាំចូលជាង ១,៣ ពាន់លានដុល្លារ។ជុំវិញការធ្វើពាណិជ្ជកម្មទ្វេរភាគីកម្ពុជា-វៀតណាម ឃើញថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការដោះប្តូរពាណិជ្ជកម្មនៃ ប្រទេសទាំងពីរបានកើនឡើងជាបន្តបន្ទាប់ ជាពិសេសទីផ្សារវៀតណាមបានស្រូបយកទំនិញ និងផលិតផលរបស់កម្ពុជា ឈរក្នុងលំដាប់ទី៣ បន្ទាបពីការនំាចេញរបស់កម្ពុជាទៅសហរដ្ឋអាមេរិក។ ជាក់ស្តែងនៅក្នុងរយៈពេល ៤ខែ ឆ្នាំ២០២៦នេះ, បើយោងតាមរយបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញឱ្យឃើញថា ការធ្វើពាណិជ្ជកម្មទ្វេរភាគីកម្ពុជា-វៀតណាម មានទំហំទឹកប្រាក់សរុបជាង ៣,៣ ពាន់លាន ដុល្លារអាមេរិក កើនឡើងជាង ៤ ភាគរយ ក្នុងនោះកម្ពុជាបាននាំចេញទំនិញទៅទីផ្សារវៀតណាម មានទឹកប្រាក់ជិត ២ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ១១ ភាគរយ ខណៈការនាំចូលទំនិញពីប្រទេសវៀតណាមមកកម្ពុជា មានទឹកប្រាក់ជាង ១,៣ លានដុល្លារអាមេរិក ថយចុះជាង ៤ ភាគរយ បើធៀបរយៈពេលដូចគ្នានិងឆ្នាំ២០២៥។ ទំនិញសំខាន់ៗដែលកម្ពុជាបាននាំចេញទៅប្រទេសវៀតណាមរួមមាន៖ គ្រឿងអេឡិចត្រូនិច, ខ្សែភ្លើងនិងគ្រឿងបង្គុំខ្សែភ្លើង, គ្រឿង បន្លាស់រថយន្តនិងម៉ូតូ។ ចំណែកកសិផលកម្ពុជាបាននាំចេញមាន៖ ស្រូវ​ កៅស៊ូ ស្វាយចន្ទី ដំឡូងមី ពោត ចេក ស្វាយ ថ្នាំជក់ជាដើម។ ចំណែកការនាំចូលពី​វៀតណាម​មានដូចជា សម្ភារៈ​សំណង់ គ្រឿង​ម៉ាស៊ីន ប្រេងឥន្ធនៈ ឧបក​រណ៍​អេឡិចត្រូនិក​-​អគ្គិសនី ជី​កសិកម្ម គ្រឿងទេស និង​បន្លែ-ផ្លែឈើជាដើម​។​សូមបញ្ជាក់ថា ជុំវិញការធ្វើពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាម ប្រទេសទាំងពីរនឹងជំរុញពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ ឱ្យក្លាយជាដៃគូដ៏រឹងមាំ និងមានសក្តានុពលខ្លាំង គាំទ្រដល់យុទ្ធសាស្ត្រទាំងពីរ ក្នុងទិសដៅជំរុញការធ្វើពាណិជ្ជកម្មទ្វេភាគី ឱ្យកើនឡើង ដល់ ២០ ពាន់លានដុល្លារអាម៉េរិក ក្នុងពេលខាងមុខ៕ អត្ថបទ៖ សុន រ៉ាឌី 

ស​ប្តាហ៍នេះ ក្រសួងការងារត្រៀមនាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ទៅផ្សព្វផ្សាយ​នៅខេត្តព្រះវិហារ

2026/05/15 02:51:03 pm        223
ទីភ្នាក់​ងារជាតិ​មុខ​របរ និង​ការ​ងារ (NEA) នៃ​ក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ បានត្រៀមរួចរាល់ ដើម្បីចុះផ្សព្វផ្សាយព័ត៌មានអំពីឱកាសការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៥ និង១៦ ខែឧសភា ឆ្នាំ២០២៦ នៅស្រុកចំនួន២ ក្នុងខេត្តព្រះវិហារ ដែលនាំយកឱកាសការងារចំនួនជាង ៩ម៉ឺនកន្លែង ទៅផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋ ជាពិសេសអតីតពលករខ្មែរត្រឡប់មកពីប្រទេសថៃ។ យោងតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងនាំយកឱកាសការងារសរុបចំនួន ៩ម៉ឺន ២ពាន់ ១៧៣កន្លែង សម្រាប់អ្នកខេត្តព្រះវិហារ។ ក្នុងនោះ សម្រាប់ ថ្ងៃទី១៥ ខែឧសភា នឹងរៀបចំកម្មវិធីនៅក្នុងបរិវេណសាលាស្រុកគូលែន ស្រុកគូលែន។ និងថ្ងៃទី១៦ ខែឧសភា នឹងរៀបចំនៅក្នុងបរិវេណសាលាស្រុកសង្គមថ្មី ស្រុកសង្គមថ្មី។ ពាក់ព័ន្ធការត្រៀមរៀបចំវេទិកានេះ ក្រសួងការងារ បានអំពាវនាវប្រជាពលរដ្ឋ និងអតីតពលករ ពលការិនី ចូលរួមឱ្យបានច្រើនកុះករ ជាពិសេសអ្នកចង់បានការងារ ហើយមិនចេះសូមកុំបារម្ភ ពីព្រោះទាំងនោះ ក្រៅពីមន្រ្តីរបស់ក្រសួងការងារ ក៏មានដែររោងចក្រ សហគ្រាស នឹងចុះទៅដោយផ្ទាល់ផងដែរ ដើម្បីធ្វើការផ្តល់ព័ត៌មានកាន់តែលម្អិតជូន។ ដោយឡែក អ្នកដែលមិនបានចូលរួមវេទិកាការងារនេះដោយផ្ទាល់ សូមទាក់ទងទៅកាន់លេខ ១២៩៧ ដែលមានមន្ត្រីក្រសួងការងារនៅរង់ចាំទទួលទូរសព្ទរបស់បងប្អូន ៧ថ្ងៃក្នុងមួយសប្តាហ៍ ដើម្បីទទួលបានឱកាសការងារ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតគិតថ្លៃ។សូមបញ្ជាក់ថា គិតមកដល់ពេលនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំវេទិកាការងារ សរុបចំនួនជាង ៦០០លើក ដែលបានផ្តល់ឱកាសការងារដល់ពលរដ្ឋខ្មែរ និងអតីតពលករដែលត្រឡប់មកពីប្រទេសថៃជាង ៦៥ម៉ឺននាក់។សូមជំរាបជូនផងដែរ នៅក្នុងវេទិកាការរងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមប្រធានបទ «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ» នៅក្រុងសំរោង ខេត្តឧត្តរមានជ័យ កាលពីសប្តាហ៍កន្លងទៅ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងថា ពីមុនប្រជាពលរដ្ឋរត់រកការងារដែលចំណាយទាំងពេលវេលា និងថវិកា តែពេលបច្ចុប្បន្ននេះគឺការងារ និងសាលារៀនរត់រកប្រជាពលរដ្ឋដល់កន្លែង ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ដែលផ្តល់អាទិភាពដ៏ចម្បងលើការផ្ដល់ឱកាសការងារប្រកបដោយសុវត្ថិភាព លក្ខខណ្ឌការងារកាន់តែប្រសើរ និងប្រាក់ឈ្នួលសមរម្យដល់ប្រជាពលរដ្ឋដើម្បីធានាបាននូវជីវភាពសមរម្យ និងសន្តិសុខសង្គម ក៏ដូចជាការរួមចំណែកដោយផ្ទាល់ក្នុងការជួយកសាងសេដ្ឋកិច្ចជាតិឱ្យកាន់តែរឹងមាំ៕ អត្ថបទ៖ ឈិត បូរ៉ាវី 

រាជរដ្ឋាភិបាលនឹងបង្កើតយោធិនបម្រុង ដែលបន្តចេញពីយោធិនកាតព្វកិច្ច រហូតដល់អាយុ៤៥ឆ្នាំ

2026/05/15 02:39:19 pm        323
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងបង្កើតយោធិនបម្រុង ដែលនឹងត្រូវបន្តចេញពីយោធិនកាតព្វកិច្ច រហូតដល់អាយុ៤៥ឆ្នាំ ដើម្បីបុព្វហេតុការ ពារជាតិពេលជាតិត្រូវការ។សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរ ខួបលើកទី១៩ ទិវាអតីតយុទ្ធជន និងវត្តជនកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែឧសភា នេះ បានថ្លែងថា ការបង្កើតយោធិនបម្រុង គឺដើម្បីឆ្លើយតបនឹងតម្រូវការរបស់ជាតិ ពោលគឺពេលជាតិត្រូវការ មានកម្លាំងភ្លាម និងជាកម្លាំងដែលបានហ្វឹកហាត់រួចរាល់ មិនដំឡូងមូលនោះទេ។ សម្ដេចធិបតី បានបញ្ជាក់ថា កម្ពុជាមានកម្លាំងយុវជនប្រុសៗគ្រប់អាយុ១៨ឆ្នាំចំនួន១៥ម៉ឺននាក់ ក្នុងមួយឆ្នាំៗ សម្រាប់បណ្ដុះបណ្ដាលឱ្យក្លាយទៅជាធនធានប្រកបដោយសក្ដានុពលសម្រាប់បម្រើជាតិ។សម្ដេធិបតីបានណែនាំឱ្យបង្កើតអង្គភាពបម្រុង ដោយត្រូវមាននាយទាហានអាជីពប៉ុន្មានភាគរយជាក្បាលម៉ាស៊ីន ហើយក្នុងនោះ យោធិនបម្រុង ឬកាតព្វកិច្ចនេះ ត្រូវមកបំពេញកាតព្វកិច្ចមួយសប្ដាហ៍ឬពីរសប្ដាហ៍។ ការអនុវត្តកាតព្វកិច្ចយោធា ចំណេញធំបំផុត គឺការបណ្ដុះនូវគំនិតស្នេហាជាតិដល់យុវជនខ្មែ, ខណៈក្រោយពេលហ្វឹកហាត់២៤ខែ យុវជននឹងមានស្មារតី គំនិតស្នេហាជាតិ។ សូមកុំមើលឃើញថា ជាប់កាតព្វកិច្ចយោធាថាជាបន្ទុក ប៉ុន្ដែត្រូវចាត់ទុកថាគឺជាមោទនភាពជាតិ និងជាឱកាសក្នុងនាមជាកូនប្រុសម្នាក់បានចូលរួមការពារជាតិមាតុភូមិ៕ អត្ថបទ៖ វ៉ាន់

សម្តេចធិបតីណែនាំឱ្យធ្វើស្តូបគោរពវិញ្ញាណក្ខន្ធវីរកងទ័ពដែលពលី ក្នុងសង្គ្រាមឈ្លានពានរបស់ថៃ

2026/05/15 02:25:27 pm        167
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានណែនាំឱ្យរៀបសាងសង់ «ស្តូប» សម្រាប់ការគោរពវិញ្ញាណក្ខន្ធដល់វីរកងទ័ព និងនគរបាល ដែលបានពលីជីវិតក្នុងសង្គ្រាមឈ្លានពានរបស់ថៃមកលើកម្ពុជា រួមទាំងឆ្លាក់អំពីព្រឹត្តិការណ៍នានាដែលកើតចេញពីការឈ្លានពានរបស់ថៃ នៅក្នុងវិមានឈ្នះ ឈ្នះ ផងដែរ។ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរ ខួបលើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែឧសភា នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្ដល់គំនិតផ្ដួចផ្ដើមគិតគូរអំពីការធ្វើ «ស្តូប» សម្រាប់រំលឹកទៅដល់វីរកងទ័ព នគរបាលជាតិ និងកងរាជអាវុធហត្ថ ដែលបានពលីនៅក្នុងបុព្វហេតុជាតិ ការពារអធិបតេយ្យជាតិ ហើយសម្តេចក៏បានបញ្ជារឲ្យរដ្ឋមន្រ្តីក្រសួងការពារជាតិ និងទីស្តីការគណៈរដ្ឋមន្រ្តី សិក្សាអំពី «មេដាយពិសេស» សម្រាប់អ្នកចូលរួមក្នុងប្រតិបត្តិការឆ្នាំ២០២៥ផងដែរ។នៅក្នុងពិធីនេះ សម្តេចធិបតីនាយករដ្ឋមន្រ្តី ក៏បានពិភាក្សាជាមួយនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ផងដែរ ដើម្បីឲ្យមានការរៀបចំឆ្លាក់ពីការឈ្លានពានរបស់ថៃនៅក្នុងវិមាន ឈ្នះ ឈ្នះ ដោយ ក្នុងនោះសម្តេចបានណែនាំឲ្យឆ្លាក់នូវទិដ្ឋភាពចំនួន៣ គឺទី១ ទិដ្ឋភាពនៃការឈឺចាប់នៃសង្រ្គាមឈ្លានពាន ជនភៀសសឹក ការស្លាប់ និងរបួសរបស់កងទ័ព និងជនស៊ីវិល។ ទី២ គឺការឆ្លាក់បង្ហាញអំពីវីរភាពអង់អាច ក្លាហានរបស់វីរកងទ័ព វីរនគរបាល និងវីរកងរាជអាវុធហត្ថ ដែលបានចូលរួមនៅក្នុងការការពារបូរណភាពទឹកដី និងទី៣ គឺរូបភាពនៃចលនាមហាគ្រួសារខ្មែរ ប្រជាពលរដ្ឋខ្មែរនៅទូទាំងពិភពលោក ដែលបានចូលរួមគាំទ្រទៅដល់វីរកងទ័ព និងនគរបាលជាតិ ដែលបានការពារទឹកដី ជាដើមនោះ៕ អត្ថបទ៖ បាន ចក់

សម្ដេចធិបតី៖ ទោះមានសង្ឃឹមត្រឹម១% ក្នុងការដោះស្រាយជាមួយថៃ ដោយសន្ដិវិធីក៏ត្រូវធ្វើជៀសវាងសង្គ្រាម

2026/05/15 02:15:00 pm        127
ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីក្នុងពិធី ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦នេះដែរ, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងបញ្ជាក់ជាថ្មីថា ទោះបីជាមានសង្ឃឹមត្រឹម ១ភាគរយ ក្នុងការដោះស្រាយបញ្ហាជាមួយថៃដោយសន្ដិវិធី ក៏សម្ដេចត្រូវតែយកយន្តការនេះមកប្រើដែរ ដើម្បីជៀសវាងការធ្វើសង្គ្រាមច្បាំងគ្នាដែលបណ្ដាលឱ្យមានអ្នកស្លាប់ របួស និងខ្ទេចខ្ទីអស់ហេរដ្ឋារចនាសម្ព័ន្ធ។ការបញ្ជាក់ជាថ្មីរបស់សម្ដេចធិបតីនាពេលនេះ បន្ទាប់ពីមានក្រុមអ្នកវិភាគក្រៅស្រុកមួយក្ដាប់តូចដែលតាំងខ្លួនជាបណ្ឌិត ប៉ុន្ដែនៅសម្ដែងធ្វើមិនយល់ជុំវិញជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាជាមួយថៃដោយសន្ដិវិធី និងច្បាប់អន្តរជាតិនេះ ហើយពួកគេនៅបន្តប្រឌិតព័ត៌មានក្លែងក្លាយបំពុលសង្គម និងបង្កើតសាច់រឿងបង្កការភ័ន្តច្រឡំដល់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងជំហរដោះស្រាយនេះ ក្នុងចេតនាបង្កចលាចលដល់សង្គមជាតិកម្ពុជាតែប៉ុណ្ណោះ។ សម្ដេចធិបតីបានថ្លែងបញ្ជាក់ថា កម្ពុជាព្យាយាមគេចចេញពីសង្គ្រាម ព្យាយាមដោះស្រាយដោយមិនចំណាយអាយុជីវិតប្រជាជន និងដោះស្រាយតាមផ្លូវច្បាប់ តាមយន្តការការទូតឲ្យអស់ពីលទ្ធភាព ហើយបើទោះបីនៅមានសង្ឃឹមតែ ១ភាគរយចំពោះការប្រើយន្តការនេះ ក៏រាជរដ្ឋាភិបាលត្រូវប្រើឱ្យអស់ពីលទ្ធភាព ជៀសវាងការច្បាំងគ្នាដែរ។ សូមជម្រាបថា សង្គ្រាមឈ្លានពានរបស់យោធាថៃមកលើដែនអធិបតេយ្យភាពកម្ពុជាទាំងពីរលើក បានបង្កវិនាសកម្ម និងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អាយុជីវិតប្រជាពលរដ្ឋ សហគមន៍ស៊ីវិល និងបូរណភាពទឹកដីកម្ពុជាយ៉ាងខ្លាំង ក្នុងនោះពលរដ្ឋកម្ពុជាដែលរស់នៅតាមខ្សែបន្ទាប់ព្រំដែនកម្ពុជា-ថៃជាង ៦៥ ម៉ឺននាក់ បានភៀសសឹកចាកឆ្ងាយផ្ទះសម្បែង ខណៈជាង ៣២០០០ នាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបានទេ ដោយសារកងទ័ពថៃឈ្លាណបានវាយកម្ទេចផ្ទះសម្បែង ដាក់បន្លាលួស ទូកុងតឺន័រ រារាំងមិនឱ្យពួកកាត់អាចចូលទៅផ្ទះសម្បែងវិញបាន៕ អត្ថបទ៖ ដារ៉ា

សម្ដេចធិបតី៖ រាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់លើកកម្ពស់សុខុមាលភាព និងជីវភាពរបស់អតីតយុទ្ធជន

2026/05/15 01:41:58 pm        117
ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីក្នុងពិធី ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦នេះ, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ ចាប់តាំងពីក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តគោលនយោបាយនានាដើម្បីលើកកម្ពស់សុខុមាលភាព និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន និងនិវត្តជន ដែលជាអតីតមន្ត្រីរាជការស៊ីវិលឱ្យបានល្អប្រសើរជាបន្តបន្ទាប់។សម្ដេចធិបតីបញ្ជាក់ថា ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩ ឆ្នាំ២០២៦ គឺជាទិវាប្រវត្តិសាស្ត្រប្រកបដោយមោទនភាពបំផុតដល់បងប្អូនអតីត យុទ្ធជន និវត្តជន និងប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា ក្នុងគោលបំណងលើកតម្កើងវីរភាពដ៏អង់អាចក្លាហាន និងគុណបំណាច់ដ៏ធំធេង របស់អតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលបានធ្វើពលិកម្ម បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជន។ សម្ដេចធិបតី បានថ្លែងថា ពលិកម្មប្រកបដោយស្មារតីស្នេហាជាតិរបស់វីរអតីតយុទ្ធជន យុទ្ធនារី កងកម្លាំងប្រដាប់អាវុធ និវត្តជនដែលជាអតីតមន្ត្រីរាជការស៊ីវិល និងប្រជាពលរដ្ឋនៅគ្រប់ដំណាក់កាលនៃប្រវត្តិសាស្ត្របានរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការពារបូរណភាពទឹកដី ការកសាងសុខសន្តិភាព និងស្ថិរភាពសង្គមសម្រាប់ព្រះរាជាណាចក្រកម្ពុជា សំដៅធានាឱ្យមានការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមដើម្បីជាឧត្តមប្រយោជន៍សម្រាប់ជាតិមាតុភូមិ និងប្រជាជន។សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះបងប្អូនអតីត យុទ្ធជន និងនិវត្តជនដោយបានដាក់ឱ្យអនុវត្តគោលនយោបាយជាតិដែលបង្ហាញឱ្យឃើញនូវការគោរពដឹងគុណចំពោះបងប្អូនអតីតយុទ្ធជន និងនិវត្តជន។ ខណៈបច្ចុប្បន្នកម្ពុជាមានអតីតយុទ្ធជន និងនិវត្តជន មានចំនួនសរុប ១៧៧,២៨១ នាក់ ព្រមទាំងអ្នកនៅក្នុងបន្ទុកសរុបចំនួន ១៧៧,៨៧៧ នាក់ ដែលកំពុងទទួលប្រាក់របបសន្តិសុខសង្គមប្រចាំខែពីរដ្ឋ ក្នុងនោះមានអតីតយុទ្ធជនចំនួន ១១៩,៣២៦នាក់ ព្រមទាំងអ្នកនៅក្នុងបន្ទុកចំនួន ១៦២,៣៩៨នាក់ និងអតីតមន្ត្រីរាជការស៊ីវិលចំនួន ៥៧,៩៥៥នាក់ ព្រមទាំងអ្នកក្នុងបន្ទុកចំនួន ១៥,៤៧៩នាក់ផងដែរ៕អត្ថបទ៖ ដារ៉ា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គ្រួសារ Glazer ពិចារណាលក់ភាគហ៊ុននៅ Manchester United ក្រោយកាន់កាប់ក្លិបជាង ២០ ឆ្នាំ
06/05/2026 10:06 AM
លោកប្រធានាធិបតីចិន Xi Jinping នឹងទៅបំពេញទស្សនកិច្ចកូរ៉េខាងជើងនៅថ្ងៃទី ៨ដល់ ៩ ខែមិថុនាខាងមុខ
06/05/2026 10:06 AM
គណៈកម្មការប្រតិបត្តិ Soccer League បង្ហើបមហិច្ឆតាធំមួយ សម្រាប់ត្រៀមខួបលើកទី១០
06/05/2026 09:06 AM
លីបង់៖ កិច្ចព្រមព្រៀងបទឈប់បាញ់ដ៏ទូលំទូលាយ ជាឱកាសចុងក្រោយរបស់ខ្លួនក្នុងពេលក្រុមហេសបូឡា ច្រានចោល
06/05/2026 09:06 AM
គោព្រៃកម្ពុជា ទទួលបានការសសើរពីគ្រូទាំងសងខាង ក្រោយយកឈ្នះប៊ូតង់ ៤-០
06/05/2026 09:06 AM
អង្គការឃ្លាំមើលនុយក្លេអ៊ែររបស់ UN បានលើកឡើងពីការព្រួយបារម្ភនៃការរីកសាយនៅទីតាំងរបស់អ៊ីរ៉ង់
06/05/2026 09:06 AM
មេដឹកនាំអ៊ុយក្រែន សន្យាកំណត់ពេលវេលាច្បាស់លាស់សម្រាប់ការចរចាស្តីពីសមាជិកភាពសហភាពអឺរ៉ុប
06/05/2026 09:06 AM
កម្ពុជា រកឃើញសត្វព្រៃសំខាន់ៗជាច្រើននៅភាគខាងជើងប្រទេស
06/05/2026 09:06 AM
មេដឹកនាំអ៊ុយក្រែន ស្នើឲ្យមានជំនួបពិភាក្សាទល់មុខគ្នាក្នុងលិខិតបើកចំហរផ្ញើទៅកាន់លោក Putin
06/05/2026 09:06 AM
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបែងចែកភាគលាភឆ្នាំ២០២៥ ជាង ២៨,៧ ប៊ីលានរៀលជូនភាគហ៊ុនិក
06/05/2026 08:06 AM