កម្ពុជា រកឃើញសត្វព្រៃសំខាន់ៗជាច្រើននៅភាគខាងជើងប្រទេស
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបែងចែកភាគលាភឆ្នាំ២០២៥ ជាង ២៨,៧ ប៊ីលានរៀលជូនភាគហ៊ុនិក
កម្ពុជា-សិង្ហបុរី ពិភាក្សាអំពីលទ្ធភាព នៃការជំរុញនាំចេញផលិតផលកម្ពុជាទៅកាន់ទីផ្សារសិង្ហបុរី
ព្រឹត្តិការណ៍ “ដើរ ២ ៧០០ ជំហាន ដើម្បីទារកនិងកុមារកម្ពុជា” ប្រមូលថវិកាបានជាង ២ ១០០ លានរៀល

ព័ត៌មានជាតិ

រដ្ឋាភិបាលកំពុងបន្តធ្វើកំណែទម្រង់វិស័យការពារជាតិ និងដាក់ឱ្យបើកបៀវត្សតាមធនាគារសម្រាប់យោធិន

2026/05/15 01:30:31 pm        233
ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីក្នុងពិធី ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦នេះដែរ, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងបញ្ជាក់ថា បច្ចុប្បន្នរាជរដ្ឋាភិបាល កំពុងបន្តធ្វើកំណែទម្រង់វិស័យការពារជាតិ និងដាក់ឱ្យយោធិនទាំងអស់អាចបើកប្រាក់បៀវត្សតាមធនាគារបាននាពេលខាងមុខ។សម្ដេចបានថ្លែងថា ការកែទម្រង់ និងទំនើបកម្មកងទ័ព មិនមែនទើបតែធ្វើនោះទេ ពោលបានធ្វើយូរណាស់មកហើយ សំដៅបង្កើនសមត្ថភាពការពារជាតិ។ សម្ដេចបន្តថា ក្រសួងការពារជាតិ គ្រោងលុបចោលនាយកដ្ឋានមួយចំនួន និងបង្រួមការិយាល័យ ដើម្បីកែទម្រង់កងទ័ព គឺបង្រួមក្បាល ពង្រីកខ្លួន។សម្ដេចធិបតី បានថ្លែងថា នៅអគ្គបញ្ជាការដ្ឋាន នឹងកែទម្រង់ពីចំនួនទ័ពដូចគ្នា និងបិទការផ្ទេរពីក្រោមឡើងមកលើ តែអាចផ្ទេរពីលើទៅក្រោមបាន។ សម្ដេចបន្តថា អគ្គនាយកសម្ភារបច្ចេកទេស ដែលត្រូវបានតែងតាំងថ្មី ចាស់ ឬក្មេងមិនសំខាន់ សំខាន់មានសមត្ថភាពស័ក្ដិសម ដើម្បីការពារជាតិ និងបូរណភាពទឹកដី។ក្នុងឱកាសនេះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ក៏បន្តអំពាវនាវដល់ពលរដ្ឋបន្តចូលរួមគាំទ្រ ឧបត្ថម្ភដល់ពលរដ្ឋភៀសសឹក និងកងទ័ពជួរមុខ។ សូមកុំភ្លេចបងប្អូនយើងនៅខាងមុខ! ខឿនការពារជាតិត្រូវបន្ត កុំឈប់ របស់របរ, ស្បៀងគឺជាចំណុចមួយ ហើយកម្លាំងសាមគ្គីភាពនេះគឺជាការលើកទឹកចិត្តនៅក្នុងការចូលរួមការពារជាតិរបស់យើង៕អត្ថបទ៖ ដារ៉ា

ជនជាតិថៃម្នាក់ដែលលួចឆ្លងដែនចូលជ្រៅក្នុងទឹកដីកម្ពុជា ក្នុងខេត្តឧត្តរមានជ័យ ត្រូវបានសមត្ថកិច្ចកម្ពុជាឃាត់ខ្លួន និងប្រគល់ជូនភាគីថៃ

2026/05/15 01:14:44 pm        157
បើតាម លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា ជនជាតិថៃម្នាក់ដែលបានលួចឆ្លងដែនខុសច្បាប់ចូលជ្រៅក្នុងទឹកដីប្រទេសកម្ពុជា នៅភូមិសាស្ត្រខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ ត្រូវបានអាជ្ញាធរកម្ពុជាឃាត់ខ្លួនតាមផ្លូវច្បាប់ និងត្រូវបានប្រគល់ជូនភាគីថៃ នៅវេលាម៉ោង ១០:៥៩នាទី ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ នៅច្រកទ្វារព្រំដែនអន្តរជាតិជាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក្រោមយន្តការសម្របសម្រួលរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC)។ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បញ្ជាក់ថា ការប្រគល់ខ្លួនជនជាតិថៃដែលបានរំលោភច្បាប់កម្ពុជាទៅឱ្យភាគីថៃនេះធ្វើឡើងក្រោយពីមានការស្នើសុំសម្របសម្រួលតាមរយៈយន្តការថ្នាក់តំបន់របស់ក្រុមការងារទំនាក់ទំនងព្រំដែន ដែលជាយន្តការនៅក្រោមគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ RBC នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦។ បន្ទាប់ពីការពិនិត្យ និងវាយតម្លៃស្របតាមវិធានការច្បាប់រួចមក លោកឧត្តមសេនីត្រី និត ណារ៉ុង ប្រធានលេខាធិការ RBC យោធភូមិភាគទី៤កម្ពុជា ត្រូវបានចាត់តាំងឱ្យនាំខ្លួនបុរសជនជាតិថៃខុសច្បាប់រូបនោះទៅប្រគល់ជូន ឧត្តមសេនីយ៍ត្រី កាំផាណាត វ៉ាផានស៊ុក នាយសេនាធិការ និងជាប្រធានលេខាធិការ RBC យោធភូមិភាគទី២ថៃ ដើម្បីមកទទួលដោយផ្ទាល់នៅព្រឹកថ្ងៃទី១៥ ខែឧសភា នេះស្របតាមគោលការណ៍មនុស្សធម៌។ ឆ្លៀតក្នុងឱកាសនោះដែរ ភាគីទាំងពីរក៏បានសំណេះសំណាល សំដៅបង្កើនការជឿទុកចិត្តគ្នា និងការជំរុញកិច្ចសហការក្នុងការទប់ស្កាត់ និងការបន្សាបរាល់ព័ត៌មានក្លែងក្លាយ និងមានចរិតញុះញង់ ព្រមទាំងធានាដល់ការគោរព និងការអនុវត្តឱ្យបានម៉ឺងម៉ាត់ ពេញលេញ និងដោយស្មោះត្រង់នូវខ្លឹមសារនៃកិច្ចព្រមព្រៀងទាំងឡាយដែលបានឯកភាពគ្នាកន្លងមក ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព និងសុវត្ថិភាពយូរអង្វែងនៅតាមបណ្តោយព្រំដែន។អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បញ្ជាក់ថា ភាគីថៃក៏បានថ្លែងអំណរគុណចំពោះភាគីកម្ពុជា ដែលបានជួយសហការយ៉ាងពេញទំហឹងក្នុងការដោះស្រាយបញ្ហាប្រឈមនានាជារៀងរាល់ថ្ងៃ ជាពិសេសការខិតខំប្រឹងប្រែងជួយសម្របសម្រួលដោះស្រាយករណីប្រជាជនថៃ ដែលបានប្រព្រឹត្តកំហុសដោយលួចចូលជ្រៅក្នុងទឹកដីកម្ពុជាដោយខុសច្បាប់ឱ្យបានវិលត្រឡប់ទៅប្រទេសជួបជុំក្រុមគ្រួសាររបស់ខ្លួនវិញដោយសុវត្ថិភាព៕

ឃាត់ខ្លួនជនសង្ស័យ ៦១នាក់ ពាក់ព័ន្ធឆបោកអនឡាញ និងគ្រឿងញៀននៅខណ្ឌពោធិ៍សែនជ័យ

2026/05/15 08:55:44 am        293
ភ្នំពេញ៖ ក្រុមការងារចម្រុះនៃរដ្ឋបាលរាជធានីភ្នំពេញកាលពីរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ បានបន្តចុះត្រួតពិនិត្យ និងបង្ក្រាប នៅទីតាំងអគារខុនដូរ «អ៊ែក ស៊ីក» និងសណ្ឋាគារ «សូហូ ៨៥» ស្ថិតក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងក្រោមបទបញ្ជា ពីឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ , ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ, ឯកឧត្តមឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលនីតិវិធីច្បាប់ពីសំណាក់ លោក សេង ហៀង, លោក ចើង ជើងគ័ង និង លោក ថេង សំណាង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ។ ជាលទ្ធផល ក្រុមការងារបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន ៦១នាក់ (ស្រី ០៦នាក់) ក្នុងនោះគ្មានលិខិតឆ្លងដែន ស្នាក់នៅខុសច្បាប់ ចំនួន ៤២នាក់ , ជាប់ពាក់ព័ន្ធនឹងការរក្សាទុកសម្ភារសម្រាប់ប្រព្រឹត្តិបទល្មើស Online Scam ១៥នាក់ និងជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀនចំនួន៤នាក់។ ជាមួយគ្នានេះ សមត្ថកិច្ចក៏បានដកហូតវត្ថុតាង និងសម្ភារបច្ចេកវិទ្យាមួយចំនួនមានដូចជាៈ កុំព្យូទ័រយួរដៃ ចំនួន ៤៨គ្រឿង ទូរសព្ទដៃ ចំនួន ៤៦៨គ្រឿង អេក្រង់ម៉ូនីទ័រ ចំនួន ៣២គ្រឿង CPU ចំនួន ១០គ្រឿង Tablet ចំនួន ០១គ្រឿង និងស៊ីមកាតទូរស័ព្ទបរទេសមួយចំនួនធំទៀតផងដែរ។ បច្ចុប្បន្ន ក្រុមការងារសម្រេចប្រគល់ជនសង្ស័យ រួមនិងវត្ថុតាងទាំងអស់ ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់ជាធរមាន។ សូមរម្លឹកថា ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានអនុម័តកាលពីថ្ងៃទី៦ ខែមេសា និងបានកំពុងអនុវត្តន៍ចាប់តាំងពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ មកបានកំណត់ដាក់ទោស ជនល្មើស ត្រូវប្រឈមនឹងការ ជាប់ ពន្ធនាគារ ខ្ពស់ បំផុតរហូត ដល់ ១ ជីវិត និង ពិន័យជាប្រាក់ ដល់ ទៅ ១ ០០០លានរៀលថែមទាំងការរឹបអូសទ្រព្យសម្បត្តិរបស់ជនល្មើសផងដែរ៕

សម្ដេចធិបតី អំពាវនាវចំនួន៩ចំណុច ដល់ក្រសួងស្ថាប័ន គ្រួសារ និងសហគមន៍ក្នុងឱកាសទិវាអន្តរជាតិស្តីពីគ្រួសារ

2026/05/15 08:33:29 am        132
ភ្នំពេញ៖ ក្នុងឱកាសទិវាអន្តរជាតិស្តីពីគ្រួសារ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦នេះ ក្រោមប្រធានបទ «ការវិនិយោគភាពធន់នៃសេដ្ឋកិច្ចគ្រួសារនាំឱ្យសង្គមជាតិ រីកចម្រើន និងមានសុខសន្តិភាព» សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវចំនួន ៩ចំណុច ដល់ក្រសួងស្ថាប័ន គ្រួសារ និងសហគមន៍ ដើម្បីធានាឱ្យបាននូវនិរន្តរភាពប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល និងសក្តិសិទ្ធិភាពចំពោះគ្រួសារទាំងអស់។ ក្នុងនោះសម្ដេចធិបតីបានអំពាវនាវទៅ៖ ១-គ្រប់ក្រុមគ្រួសារ និងសហគមន៍ ត្រូវបន្តពង្រឹងនូវស្មារតីសាមគ្គីភាពល្អ យកចិត្តទុកដាក់ផ្តល់ការអប់រំ សីលធម៌ ប្រពៃណី និងទំនៀមទម្លាប់ល្អរបស់យើង ដល់សមាជិកគ្រួសារ និងសហគមន៍ ប្រកបដោយមនសិការ និងការទទួលខុសត្រូវខ្ពស់ តាមរយៈការអប់រំរៀនសូត្រអំពីសីលធម៌ សុជីវធម៌ ចរិយាធម៌ ចំណេះដឹងទូទៅ និង ជំនាញវិជ្ជាជីវៈផ្សេងៗ សំដៅពង្រឹងនិងអភិវឌ្ឍធនធានមនុស្សក្នុងគ្រួសារ ប្រកបដោយគុណភាព សេចក្តីថ្លៃថ្នូរ និង សក្តិសិទ្ធិភាព ដើម្បីបន្តធានាដឹកនាំគ្រួសារដែលជាកោសិកាសង្គមឱ្យកាន់តែរុងរឿង ថ្កុំថ្កើង និងមានសុភមង្គល។ ២-ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវសហការជាមួយក្រសួងព័ត៌មាន និងសមាគម ទូរទស្សន៍ រៀបចំឱ្យមានជាវេទិកាតុមូល និងការផលិតវីដេអូអប់រំ ស្តីពីគុណតម្លៃគ្រួសារក្នុងការចូលរួមសម្រេចបាន នូវគោលដៅអភិវឌ្ឍសង្គម សេដ្ឋកិច្ចប្រកបដោយចីរភាព ដើម្បីចាក់ផ្សាយនៅតាមស្ថានីយទូរទស្សន៍ រោងភាពយន្ត និងទីសាធារណៈផ្សេងៗ ព្រមទាំងសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការងារនិងបណ្តុះបណ្តាល វិជ្ជាជីវៈ ដើម្បីធ្វើការផ្សព្វផ្សាយនៅតាមគ្រឹះស្ថានអប់រំ និងរោងចក្រសហគ្រាសនានាទូទាំងប្រទេស។ ៣-ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវបន្តជំរុញការអនុវត្តគោលនយោបាយជាតិនានា តាមរយៈការពង្រឹងនិងពង្រីកសេវាសុខុមាលភាពសង្គម និងការរៀបចំកម្មវិធីស្ពានចម្លងសេវាសង្គមសម្រាប់ជួយដល់ គ្រួសារក្រីក្រ រងគ្រោះ និងងាយរងគ្រោះ ជាពិសេសគ្រួសារដែលមានកុមារកំព្រា កុមារដែលត្រូវបានបោះបង់ចោល មនុស្សវ័យចាស់គ្មានទីពឹង ជនមានពិការភាព ជនអនាថា និងអ្នកញៀនគ្រឿងញៀន ដោយបង្កលក្ខណសម្បត្តិ ល្អប្រសើរជូនគ្រួសារ ក្នុងការកសាងជីវភាពរស់នៅឱ្យកាន់តែប្រសើរឡើងបន្ថែមទៀតស្របតាមការអភិវឌ្ឍសង្គមជាតិ ព្រមទាំងបន្តរៀបចំកម្មវិធីគាំទ្រការអភិវឌ្ឍគ្រួសារ និងសហគមន៍ ដោយអនុវត្តនីតិវិធីពង្រឹងភាពធន់សេដ្ឋកិច្ច គ្រួសាររងគ្រោះ និងងាយរងគ្រោះ ដើម្បីលើកស្ទួយកម្រិតជីវភាពរស់នៅរបស់ប្រជាជនគ្រប់រូប។ ៤-មូលនិធិជាតិជំនួយសង្គម ត្រូវបន្តរៀបចំគោលនយោបាយផ្សេងៗក្នុងការផ្តល់កិច្ចអន្តរាគមន៍គាំពារ សង្គមជារួម និងជំនួយសង្គមដោយឡែក ដល់ប្រជាជនទូទៅ ពិសេសជនរងគ្រោះនិងងាយរងគ្រោះ សំដៅលើកកម្ពស់ ជីវភាពរស់នៅ និងការកសាងគុណភាពជីវិតប្រកបដោយបរិយាបន្ន។ ៥-ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវបន្តសហការជាមួយស្ថាប័នពាក់ព័ន្ធក្នុងការរៀបចំ នូវយន្តការនៃការកសាងកម្លាំងសេវាសង្គម រួមមាន៖ អ្នកសង្គមកិច្ចអាជីព អ្នកសង្គមកិច្ចអាជីពរង អ្នកសង្គមកិច្ចបឋម និងអ្នកសង្គមកិច្ចសម្ព័ន្ធ ដែលជាប្រតិបត្តិករស្នូលក្នុងការអនុវត្តនូវប្រតិបត្តិការជំនួយសង្គម និងសេវាសង្គម ប្រកបដោយប្រសិទ្ធភាព និងគុណភាពខ្ពស់ ស្របតាមផែនការយុទ្ធសាស្ត្រស្តីពីកម្លាំងសេវាសង្គម ឆ្នាំ២០២២-២០៣១ និងឯកសារទឡីករណ៍ស្តីពីការវិនិយោគលើកម្លាំងសេវាសង្គមនៅកម្ពុជា។ ៦-បណ្តាក្រសួង ស្ថាប័ន រាជធានី ខេត្ត ត្រូវបន្តផ្តល់កិច្ចសហការជាមួយក្រសួង ផ្តល់កិច្ចសហការជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ដើម្បីរួមចំណែកក្នុងការលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ ជាពិសេសជំរុញដល់ ការអនុវត្តនូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ការអនុវត្តគោលនយោបាយជាតិគាំពារសង្គម និងការអនុវត្តច្បាប់ ព្រមទាំងវិធានការផ្សេងៗទៀត ដែលរាជរដ្ឋាភិបាលបានដាក់ចេញ។ ៧-ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាលជាតិនិងអន្តរជាតិ សូមបន្តចូលរួមឱ្យបានកាន់តែសកម្មក្នុងការ ជួយគាំទ្រទាំងថវិកា បច្ចេកទេស និងធនធានមនុស្សដល់ការអនុវត្តកម្មវិធីពង្រឹងភាពធន់សេដ្ឋកិច្ចគ្រួសាររងគ្រោះ និងងាយរងគ្រោះ និងសកម្មភាពនានា ដើម្បីអភិវឌ្ឍគ្រួសារ ធានាបាននូវភាពរឹងមាំរបស់គ្រួសារទាំងអស់នៅកម្ពុជា ទោះបីក្នុងដំណាក់កាលដែលពិភពលោកកំពុងជួបប្រទះបញ្ហាសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយក៏ដោយ។ ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ កាកបាទក្រហមកម្ពុជា សប្បុរសជននានា សូមបន្តជំរុញ ចលនាលើកកម្ពស់សុខុមាលភាពគ្រួសារ និងបន្តបង្កើនសកម្មភាពមនុស្សធម៌ឱ្យកាន់តែខ្លាំងក្លាថែមទៀត តាម គ្រប់រូបភាពដែលអាចធ្វើទៅបាន ទាំងការជំរុញចលនានិងសកម្មភាព ទោះធ្វើដោយផ្ទាល់ក្តី ឬដោយប្រយោលក្តី។៨-ព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គ លោកយាយ លោកតា មាតាបិតា អ៊ិមាមីង លោកគ្រូ អ្នកគ្រូ អាណាព្យាបាល សូមព្រះមេត្តា និងមេត្តាចូលរួមចំណែកតាមគ្រប់រូបភាព លទ្ធភាព ក្នុងការជួយផ្តល់ដំបូន្មានល្អៗ ដល់សមាជិកក្នុងគ្រួសារ និងសហគមន៍សម្រាប់ក្មេងជំនាន់ក្រោយ ឱ្យត្រងត្រាប់រៀនសូត្រ និងគោរពអនុវត្តតាម ដោយខ្ជាប់ខ្ជួន ដូចទស្សនៈលើកឡើងថា “មនុស្សចាស់ជាថ្នាលបណ្តុះបណ្តាលសម្រាប់ក្មេងជំនាន់ក្រោយ”។ ៩-គ្រប់ប្រព័ន្ធឃោសនាផ្សព្វផ្សាយរបស់រដ្ឋនិងឯកជន សូមជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីតួនាទី របស់មាតាបិតាក្នុងការអប់រំកូនចៅ និងកាតព្វកិច្ចរបស់កូនចៅចំពោះមាតាបិតា ព្រមទាំងអប់រំទូន្មានកូនចៅឱ្យចាកចេញ ឆ្ងាយពីអំពើនានាដែលបង្កផលប៉ះពាល់ជាអវិជ្ជមានដល់សង្គម ដូចជា៖ ការជួញដូរនិងប្រើប្រាស់គ្រឿងញៀន គ្រឿងស្រវឹង អំពើហិង្សាក្នុងគ្រួសារ ជំងឺអេដស៍ និងជំងឺកាមរោគ ការប្រព្រឹត្តល្បែងស៊ីសង និងអំពើអបាយមុខ ផ្សេងៗទៀត៕

សម្ដេចធិបតី៖ រាជរដ្ឋាភិបាលបានរៀបចំឱ្យមានគោលនយោបាយ និងបទប្បញ្ញត្តិជាច្រើនដើម្បីលើកកម្ពស់តម្លៃគ្រួសារខ្មែរធានាឱ្យបាននូវនិរន្តរភាពប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល និងសក្តិសិទ្ធិភាព

2026/05/15 08:27:36 am        382
ភ្នំពេញ៖ ក្នុងឱកាស ទិវាអន្តរជាតិស្តីពីគ្រួសារ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បញ្ជាក់ថា តាមរយៈនយោបាយ ឈ្នះ ឈ្នះ របស់រាជរដ្ឋាភិបាល និងក្រោមម្លប់ដ៏ត្រជាក់របស់ព្រះករុណាព្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាពសេចក្តីថ្លៃថ្នូរ និងសុភមង្គល, រាជរដ្ឋាភិបាលបានរៀបចំឱ្យមានគោលនយោបាយ និងបទប្បញ្ញត្តិនានាពាក់ព័ន្ធជាច្រើនទៀតសំដៅលើកកម្ពស់តម្លៃគ្រួសារខ្មែរដើម្បីធានាឱ្យបាននូវនិរន្តរភាពប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល និងសក្តិសិទ្ធិភាព។តាមរយៈសារលិខិតអបអរសាទរទិវាអន្តរជាតិស្តីពីគ្រួសារ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការវិនិយោគភាពធន់នៃសេដ្ឋកិច្ចគ្រួសារនាំឱ្យសង្គមជាតិ រីកចម្រើន និងមានសុខសន្តិភាព», សម្ដេចធិបតីបានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា តែងតែប្រារព្ធទិវាអន្តរជាតិស្តីពីគ្រួសារជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០០៥ ដែល រៀបចំដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពី តួនាទីដ៏សំខាន់របស់គ្រួសារ ក្នុងការចូលរួមចំណែកអភិវឌ្ឍគ្រួសារ និងសង្គមជាតិ ស្របតាមគោលនយោបាយជាតិ និងសកល ដើម្បីធានាឱ្យបាននូវសុខដុមនីយកម្ម និងការធ្វើបរិវត្តកម្មសង្គមស្របតាមការវិវត្តរបស់កម្ពុជា នាពេលបច្ចុប្បន្ន និងការសម្រេចបានចក្ខុវិស័យដ៏មុតស្រួចរបស់រាជរដ្ឋាភិបាល។ សម្ដេចធិបតីបានបញ្ជាក់ថា ផ្អែកតាមបរិបទរបស់កម្ពុជា ទិវាអន្តរជាតិស្តីពីគ្រួសារឆ្នាំ២០២៦នេះ ត្រូវបានប្រារព្ធធ្វើឡើងក្រោមប្រធានបទ “ការវិនិយោគភាពធន់នៃ សេដ្ឋកិច្ចគ្រួសារនាំឱ្យសង្គមជាតិរីកចម្រើន និងមានសុខសន្តិភាព” ដើម្បីគូសបញ្ជាក់ពីតួនាទីដ៏ សំខាន់មិនអាចខ្វះបាននៃសេដ្ឋកិច្ចគ្រួសារ ដែលជាគ្រឹះដ៏រឹងមាំក្នុងការកសាងសង្គមជាតិមួយដែលប្រកបដោយ ភាពធន់ បរិយាបន្ន និងចីរភាព។ ភាពធន់នៃសេដ្ឋកិច្ចគ្រួសារ គឺជាកម្លាំងចលករសម្រាប់កសាងធនធានមនុស្សឱ្យមានគុណភាពខ្ពស់ និងសុខុមាលភាពល្អ ដែលជាទ្រព្យសកម្មដ៏រឹងមាំដើម្បីបន្តរក្សាបានសុខសន្តិភាព បង្កើនតម្លៃ សង្គម សេដ្ឋកិច្ច វប្បធម៌ និងបង្កើតនូវគំនិតថ្មីៗ សំដៅឆ្ពោះទៅសម្រេចបាននូវគោលដៅចីរភាពរយៈពេលវែងនៃ ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ដែលជាការវិនិយោគដ៏មានតម្លៃបំផុតសម្រាប់អនាគតគ្រួសារ និងប្រទេសជាតិ។ ទិវានេះតែងតែរៀបចំឱ្យមានព្រឹត្តិការណ៍នៃការជួបជុំអបអរសាទរ ចែករំលែកបទពិសោធ និងចំណេះដឹង ព្រមទាំង ការផ្សព្វផ្សាយអំពីគុណតម្លៃនៃគ្រួសារ តាមរយៈខ្សែវីដេអូអប់រំខ្លីៗ ដើម្បីអប់រំទូន្មានដល់កូនចៅប្រុសស្រី ឱ្យក្លាយ ជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អសម្រាប់គ្រួសារ សហគមន៍ និងសង្គមជាតិ។ ក្នុងឱកាសនេះ សម្ដេចធិបតីបានសម្តែងនូវការកោតសរសើរ និងគោរពដឹងគុណ ជាទីបំផុតចំពោះក្រុមគ្រួសារទាំងឡាយ ជាពិសេស ជីដូន ជីតា លោកឪពុក អ្នកម្តាយ និងបងប្រុស បងស្រី ដែលតែងតែធ្វើពលិកម្ម និងលះបង់គ្រប់បែបយ៉ាងក្នុងការចិញ្ចឹមបីបាច់ថែរក្សា និងអប់រំកូនចៅ និងការចូលរួមចំណែក ដ៏សកម្មរបស់គ្រួសារ ក្នុងការបន្តថែរក្សានិងលើកស្ទួយមរតក វប្បធម៌ សាសនា ប្រពៃណី ទំនៀមទម្លាប់ដ៏ល្អផូរផង់ របស់ប្រជាជាតិយើង ដោយប្រកាន់ខ្ជាប់នូវការគោរពច្បាប់ សីលធម៌ សុជីវធម៌ ការយោគយល់ ការអធ្យាស្រ័យ និង ការសន្តោសប្រណី ដើម្បីរក្សាឱ្យបាននូវភាពសុខដុមរមនា សាមគ្គីភាព និងសេចក្តីថ្លៃថ្នូរក្នុងសង្គមជាតិ ស័ក្តិសមជា ឧត្តមប្រទេសមួយដែលមានវប្បធម៌ អរិយធម៌ដ៏ត្រកាលនិងសម្បូរបែបនៅលើសកលលោក តាំងពីបុរាណកាល រហូតមកដល់បច្ចុប្បន្ន ជាពិសេសនៅក្នុងដំណាក់កាលនៃសកលភាវូបនីយកម្មតាមប្រព័ន្ធបច្ចេកវិទ្យា។ សម្ដេចនាយករដ្ឋមន្រ្ដីសង្ឃឹមយ៉ាងមុតមាំថា គ្រួសារទាំងអស់នឹងបន្តអនុវត្តនូវប្រពៃណីដ៏ល្អផូរផង់នេះ ដើម្បីបន្តរួមចំណែកថែរក្សានិងកសាង សមិទ្ធផលនានាបន្ថែមទៀតសម្រាប់ឧត្តមប្រយោជន៍ជាតិ សាសនា និងព្រះមហាក្សត្រ និងបន្តលើកកម្ពស់ កិត្យានុភាពជាតិប្រកបដោយមនសិការទទួលខុសត្រូវខ្ពស់ ក្នុងការកសាងសង្គមជាតិឆ្ពោះទៅរកសង្គមមួយ ប្រកបដោយសុខសន្តិភាព ស្ថិរភាព កិត្យានុភាព វឌ្ឍនភាព សេចក្តីរុងរឿង និងសុខដុមនីយកម្ម។ សម្ដេចបានថ្លែងថា៖«តាមរយៈនយោបាយ ឈ្នះ ឈ្នះ របស់រាជរដ្ឋាភិបាល និងក្រោមម្លប់ដ៏ត្រជាក់របស់ព្រះករុណាព្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល រាជរដ្ឋាភិបាល បានរៀបចំឱ្យមានគោលនយោបាយ និងបទប្បញ្ញត្តិនានាពាក់ព័ន្ធជាច្រើនទៀតសំដៅលើកកម្ពស់តម្លៃគ្រួសារខ្មែរ ដើម្បីធានាឱ្យបាននូវនិរន្តរភាពប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល និងសក្តិសិទ្ធិភាព»។សម្ដេចធិបតីបានឱ្យដឹងថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយផ្តោតអាទិភាពគន្លឹះទាំង៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ ឈរលើមូលដ្ឋាននេះ រាជរដ្ឋាភិបាលបាននិងកំពុងបន្តកសាងប្រព័ន្ធគាំពារសង្គម មានលក្ខណៈប្រមូលផ្តុំ សង្គតិភាព ប្រសិទ្ធភាព សមធម៌ និងចីរភាព ដោយឈរលើស្មារតី មិនបោះបង់ពលរដ្ឋណាម្នាក់ និងផ្តោតលើកិច្ចអន្តរាគមន៍របស់រាជរដ្ឋាភិបាលដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ តាមរយៈការធ្វើ ស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គម សម្រាប់គ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រាមានគ្រោះអាសន្ន។ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដឹកនាំអនុវត្តដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ដែលមានមូលនិធិជាតិជំនួយសង្គមជាប្រតិបត្តិករ ដោយកម្មវិធីនេះរួមមាន៖ ១.កម្មវិធីឧបត្ថម្ភ សាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ២.កម្មវិធីអាហារូបករណ៍សម្រាប់សិស្សក្រីក្រនៅបឋម សិក្សា និងមធ្យមសិក្សាចំណេះទូទៅ ៣.កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនមានពិការភាព ៤.កម្មវិធីឧបត្ថម្ភ សាច់ប្រាក់ជូនជនចាស់ជរា (អាយុ៦០ឆ្នាំឡើង) និងមានរួមបញ្ចូលការឧបត្ថម្ភគោលសម្រាប់គ្រួសារ និង ឧបត្ថម្ភសមាជិកគ្រួសារអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍។ បន្ថែមលើក្រុមគោលដៅខាងលើ រាជរដ្ឋាភិបាលបន្តគិតគូរផ្តល់អត្ថប្រយោជន៍ និងសម្រេចដាក់ចេញ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ដល់ក្រុមគោលដៅថ្មីមួយទៀតគឺ ជនជាប់ឃុំជាស្ត្រី និងកូនអាយុក្រោម២ឆ្នាំ តាមម្តាយក្នុងពន្ធនាគារ តាមរយៈការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូន ជនជាប់ឃុំជាស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំតាមម្តាយនៅក្នុងពន្ធនាគារ។ ក្នុងអំឡុងវិបត្តិពីជម្លោះព្រំដែនកម្ពុជា-ថៃ ដែលបានបង្កផលប៉ះពាល់អវិជ្ជមានមកលើជីវភាពរបស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលបានសម្រេច កែសម្រួលយន្តការអនុវត្ត និងលើកលែងលក្ខខណ្ឌអនុវត្តកម្មវិធីមួយចំនួន ដើម្បីធានាឱ្យបាននូវការបន្តទទួលបាន អត្ថប្រយោជន៍ពីកម្មវិធីជាតិជំនួយសង្គមក្នុងអំឡុងពេលមានវិបត្តិ។ ទន្ទឹមនេះ រាជរដ្ឋាភិបាលបាននិងកំពុងគិតគូរ ព្រមទាំង រៀបចំកម្មវិធីអន្តរាគមន៍ពិសេសសម្រាប់គ្រួសារដែលត្រូវបានជម្លៀសចេញពីភូមិសាស្ត្រជម្លោះព្រំដែន ពលករ និងកម្មករនិយោជិតដែលរងផលលំបាកពីវិបត្តិនេះផងដែរ។ ទាំងនេះ ស្តែងឱ្យឃើញច្បាស់ពីការយក ចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការជំរុញនូវគុណតម្លៃនៃការលើកកម្ពស់ឧត្តមប្រយោជន៍របស់គ្រួសារ និង ការលើកស្ទួយកម្រិតជីវភាពរបស់ប្រជាជនគ្រប់រូប ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ សាសនា ឋានៈតួនាទី និងនិន្នាការនយោបាយ ដើម្បីរក្សាបាននូវតុល្យភាពសង្គម និងស្ថិរភាពជាតិ៕

សម្ដេចធិបតី៖ ភាពធន់នៃសេដ្ឋកិច្ចគ្រួសារ គឺជាកម្លាំងចលករសម្រាប់កសាងធនធានមនុស្សឱ្យមានគុណភាពខ្ពស់ និងសុខុមាលភាពល្អ

2026/05/15 07:00:58 am        168
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ផ្ញើសារអបអរសាទរ ទិវាអន្តរជាតិស្តីពីគ្រួសារ ខួបលើកទី៣២ ក្រោមប្រធានបទ « ការវិនិយោគភាពធន់នៃ សេដ្ឋកិច្ចគ្រួសារនាំឱ្យសង្គមជាតិរីកចម្រើន និងមានសុខសន្តិភាព» ១៥ ខែឧសភា ១៩៩៤ ~ ១៥ ឧសភា ២០២៦ ដើម្បីគូសបញ្ជាក់ពីតួនាទីដ៏ សំខាន់មិនអាចខ្វះបាននៃសេដ្ឋកិច្ចគ្រួសារ ដែលជាគ្រឹះដ៏រឹងមាំក្នុងការកសាងសង្គមជាតិមួយដែលប្រកបដោយ ភាពធន់ បរិយាបន្ន និងចីរភាព។ សម្ដេចធិបតីបានថ្លែងថា ភាពធន់នៃសេដ្ឋកិច្ចគ្រួសារ គឺជាកម្លាំងចលករសម្រាប់កសាងធនធានមនុស្សឱ្យមានគុណភាពខ្ពស់ និងសុខុមាលភាពល្អ ដែលជាទ្រព្យសកម្មដ៏រឹងមាំដើម្បីបន្តរក្សាបានសុខសន្តិភាព បង្កើនតម្លៃ សង្គម សេដ្ឋកិច្ច វប្បធម៌ និងបង្កើតនូវគំនិតថ្មីៗ សំដៅឆ្ពោះទៅសម្រេចបាននូវគោលដៅចីរភាពរយៈពេលវែងនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ដែលជាការវិនិយោគដ៏មានតម្លៃបំផុតសម្រាប់អនាគតគ្រួសារ និងប្រទេសជាតិ៕

កម្ពុជា ច្រានចោលទាំងស្រុងចំពោះការផ្សាយព័ត៌មានមិនពិតរបស់ថៃចោទប្រកាន់មកលើកងកម្លាំងកម្ពុជាថា “បានបាញ់កាំភ្លើង M79 ចូលទីតាំងយោធាថៃ នៅភូមិសាស្រ្តទល់មុខតំបន់វាលឥន្ទ្រី ក្នុងខេត្តព្រះវិហារ”

2026/05/14 10:22:36 pm        162
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជាបានអោយដឹងថា នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ សារព័ត៌មានថៃមួយចំនួននៅតែបន្តចុះផ្សាយព័ត៌មានមិនពិត ចោទប្រកាន់មកលើកងកម្លាំងកម្ពុជាថា “បានបាញ់កាំភ្លើង M79 ចូលទីតាំងយោធាថៃ នៅភូមិសាស្រ្តទល់មុខតំបន់វាលឥន្ទ្រី ក្នុងខេត្តព្រះវិហារ”។ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា សូមច្រានចោលទាំងស្រុង និងយ៉ាងដាច់ខាតចំពោះការចោទប្រកាន់នេះ ដែលគ្មានមូលដ្ឋានភស្តុតាងណាមួយឡើយ។ ក្រសួងការពារជាតិកម្ពុជា ចាត់ទុកការផ្សព្វផ្សាយខាងលើថា ជាព័ត៌មានមិនពិត និងជាការមួលបង្កាច់យ៉ាងធ្ងន់ធ្ងរ ក្នុងចេតនាបង្កការភាន់ច្រឡំ បំភាន់សាធារណមតិ និងបង្កភាពតានតឹងតាមបណ្តោយព្រំដែន។ ក្រសួងការពារជាតិកម្ពុជាមិនអាចទទួលយកបានឡើយចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត ដែលប៉ះពាល់ដល់កិត្តិយសកងយោធពលខេមរភូមិន្ទ និងបង្កហានិភ័យដល់សន្តិសុខ ស្ថិរភាព និងសុវត្ថិភាពនៅតាមបណ្តោយព្រំដែន និងស្នើឱ្យសារព័ត៌មានថៃកែតម្រូវជាបន្ទាន់។ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បញ្ជាក់ថា ចំពោះមុខនៃការផ្សព្វផ្សាយព័ត៌មានមិនពិតនេះ ក្រុមការងារទីបញ្ជាការសមរភូមិព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជា បានធ្វើលិខិតតវ៉ាអំពីការផ្សព្វផ្សាយព័ត៌មានមិនពិតនេះទៅក្រុមការងារទំនាក់ទំនងព័ត៌មានថៃ JIC Thai ។ ជាមួយគ្នានេះ យោងតាមព័ត៌មានពីជួរមុខ អំឡុងពេលក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ជាលើកដំបូង ក្នុងអាណត្តិហ្វីលីពីនធ្វើជាប្រធានដឹកនាំ ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពព្រំដែននៅប្រាសាទព្រះវិហារ ភាគីថៃបានបំផ្ទុះគ្រាប់មិនទាន់ផ្ទុះចំនួន ៣គ្រាប់ ដោយមិនបានជូនព័ត៌មានមកភាគីកម្ពុជាជាមុនឡើយ។  ពាក់ព័ន្ធនឹងបញ្ហានេះ ក្រុមទំនាក់ទំនង RBC នៃយោធភូមិភាគ៤ បានទាក់ទងទៅភាគីថៃ និងធ្វើការតវ៉ាអំពីការផ្ទុះគ្រាប់មិនបានជូនដំណឹងមុននេះ។អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា អំពាវនាវឱ្យភាគីថៃបញ្ឈប់ការចុះផ្សាយព័ត៌មានមួលបង្កាច់ទាំងនេះជាបន្ទាន់ ហើយត្រឡប់មកគោរព និងអនុវត្តឱ្យបានម៉ឺងម៉ាត់ពេញលេញ និងដោយស្មោះត្រង់ សុចរិត នូវខ្លឹមសារនៃកិច្ចព្រមព្រៀងទាំងឡាយដែលបានឯកភាពគ្នាកន្លងមក ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព និងសុវត្ថិភាពយូរអង្វែងនៅតាមបណ្តោយព្រំដែន។

ផ្ទះ១០០ខ្នង ជាអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុនី បានប្រគល់ជូនអតីតយុទ្ធជន មកពីខេត្តកណ្តាល និងខេត្តកំពង់ឆ្នាំង

2026/05/14 06:16:42 pm        216
នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានិត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញក្នុងពិធីប្រគល់ផ្ទះចំនួន ១០០ខ្នង ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត ជូនអតីតយុទ្ធជន និងនិវត្តជនមកពីខេត្តកណ្តាល និងខេត្តកំពង់ឆ្នាំង។អំណោយផ្ទះខាងលើនេះ ស្ថិតក្នុងភូមិអូរកាខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។បន្ទាប់ពីពិធីប្រគល់ផ្ទះ ឯកឧត្តម ហ៊ុន ម៉ានិត បានអញ្ជើញជួបអតីតយុទ្ធជនតាមខ្នងផ្ទះ និងពិនិត្យស្ថានភាពរស់នៅ និងដំណាំដាំដុះជុំវិញផ្ទះរបស់អតីតយុទ្ធជន និងនិវត្តជនផងដែរ៕

អភិបាលខេត្តកំពង់ស្ពឺ ថារាជរដ្ឋាភិបាល កំពុងយកចិត្តទុកដាក់ខ្លាំងលើអតីតយុទ្ធជន និងនិវត្តជន ក្នុងនាមជាអ្នកមានគុណចំពោះប្រទេសជាតិ

2026/05/14 05:34:22 pm        97
កំពង់ស្ពឺ៖ អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានថ្លែងថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងរដ្ឋបាលខេត្តគឺបាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះអតីតយុទ្ធជននិងនិវត្តជន ដោយចាត់ទុកថាពួកគាត់ជាអ្នកមានគុណមកលើប្រទេសជាតិ ។ ការអះអាងដូច្នេះធ្វើឡើង គ្រាដែលប្រកាសសមាសភាពប្រធានគណកម្មាធិការសមាគមអតីតយុទ្ធនិងនិវត្តជនក្រុង ស្រុក ឃុំ សង្កាត់នៃខេត្តកំពង់ស្ពឺ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦។ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថា ការលះបង់នូវសាច់ស្រស់ ឈាមស្រស់របស់អតីតយុទ្ធ និងនិវត្តជនសម្រាប់បូរណភាពទឹកដី គឺជាគំរូដ៏ថ្លៃថ្លានៃស្មារតីស្នេហាជាតិនិងភាពអង់អាចក្លាហាន។មិនតែប៉ុណ្ណោះការលះបង់នូវសាច់ស្រស់ ឈាមស្រស់ និងកម្លាំងកាយចិត្តក៏ជាបុព្វហេតុការពារឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី និងសុខសន្តិភាពជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជា ។ដោយគុណបំណាច់នេះ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចរដ្ឋបាលខេត្តកំពង់ស្ពឺ មិនដែលមើលរំលង ឬព្រងើយកន្តើយ ចំពោះអតីតយុទ្ធជននិងនិវត្តជនឡើយ ពោលគឺតែងទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំង ពីប្រមុខថ្នាក់ដឹកនាំ សម្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការទំនុកបម្រុងលើជីវភាពប្រចាំថ្ងៃរបស់អតីតយុទ្ធជន និងនិវត្តន៍ជន ក៏ដូចជាផ្តល់នូវគោលនយោបាយដីធ្លីនិងផ្ទះសម្បែងសម្រាប់រស់នៅសមរម្យនិងប្រកបរបរចិញ្ចឹមជីវិតផងដែរ។ឯកឧត្តមអភិបាលខេត្ត ក៏បានលើកឡើងដោយសង្កត់ធ្ងន់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា ជានិច្ចកាលតែងតែចាត់ទុកស្មារតី នៃការតស៊ូដ៏អង់អាចក្លាហាន និងពលិកម្មដ៏ស្មោះស្ម័គ្ររបស់អតីតយុទ្ធជន និងនិវត្តជនកម្ពុជាក្នុងបុព្វហេតុជាតិមាតុភូមិ គឺជាគំរូវីរភាពស្នេហាជាតិ ដ៏ឧត្តុង្គឧត្តម និងជាគុណបំណាច់ដ៏ធំធេង ដែលត្រូវបានកត់ត្រាទុកក្នុងប្រវត្តិសាស្ត្រតជំនាន់ ។ មួយវិញទៀត ការលះបង់ និងពលិកម្មរបស់អតីតយុទ្ធជន និងនិវត្តជននាពេលកន្លងមក បានទាញយកសន្តិភាពនិងការអភិវឌ្ឍន៍ រីកចម្រើនមកជូនប្រទេសជាតិ និងប្រជាជន ដែលទាំងនេះ បានបង្ហាញពីគុណបំណាច់មិនអាចកាត់ថ្លៃបាន និងត្រូវចងចាំជានិច្ច នូវគុណូបការៈនេះ ។ជាមួយនោះឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានក្រើនរំឭកទៅដល់គណកម្មាធិការក្រុងស្រុក ឃុំសង្កាត់ទាំងអស់ ពិសេសយុវជនជំនាន់ក្រោយត្រូវចងចាំថា សន្តិភាពនិងការអភិវឌ្ឍ ដែលយើងកំពុងមាននៅថ្ងៃនេះ គឺបានមកពីការលះបង់សាច់ស្រស់ ឈាមស្រស់របស់បងប្អូនអតីតយុទ្ធជនយើង។ ដូច្នេះ ការបង្កើតគណៈកម្មាធិការនេះឡើង គឺដើម្បីជាការតបស្នង និងផ្តល់កិត្តិយសដល់អ្នកមានគុណបំណាច់ចំពោះជាតិ។ជាងនេះគណៈកម្មាធិការសមាគមនៅតាមមូលដ្ឋានទាំងអស់ត្រូវបង្កើនសកម្មភាពចុះជាប់ ដើម្បីក្តាប់ឱ្យបាននូវរាល់សុខទុក្ខ និងបញ្ហាប្រឈមរបស់បងប្អូនអតីតយុទ្ធជន និង និវត្តជន ដោយមិនបោះបង់ចោលនរណាម្នាក់ឡើយ ក្នុងគោលដៅជួយដោះស្រាយឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពបំផុត ៕ អត្ថបទ បាន សុខរិទ្ធិ

សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី និងថ្នាក់ដឹកនាំ ព្រះសង្ឃ សិស្សនិស្សិតពុទ្ធិកសាកលវិទ្យាល័យសីហមុនីរាជា និងប្រជានុរាស្ត្រ រៀបចំព្រះរាជពិធីបុណ្យចម្រើនជន្មវស្សាព្រះមហាក្សត្រ

2026/05/14 05:16:22 pm        146
ភ្នំពេញ៖ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បានយាងជាព្រះរាជាធិបតីដឹកនាំ សម្តេចព្រះសង្ឃនាយករង ព្រះរាជាគណៈ និងព្រះមន្រ្តីសង្ឃ ព្រមទាំងថ្នាក់ដឹកនាំ សាស្រ្តាចារ្យ និស្សិតនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងថ្នាក់ដឹកនាំបុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី រៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត និងវេរភត្ត ប្រគេនព្រះសង្ឃ ៧៣អង្គ ថ្វាយព្រះពរ ជ័យសិរីមង្គល ក្នុងព្រះវរោកាសព្រះរាជពិធីចម្រើនព្រះជន្មវឌ្ឍនមង្គល ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ។ នាឱកាសដ៏មហានក្ខត្តឬក្សមហាជ័យមង្គលនេះ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី មានព្រះបន្ទូរ ថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ក្នុងព្រះរាជវរោកាសជយាភិរម្យ នៃព្រះរាជពិធីចម្រើនព្រះជន្ម គម្រប់៧៣យាងចូល៧៤ព្រះវស្សា (១៤ ឧសភា ១៩៥៣ - ១៤ ឧសភា ២០២៦) សូមថ្វាយព្រះរាជសព្ទសាធុការពរជ័យ សិរីបវរមហាប្រសើរ ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមព្រះបារមីព្រះមហាស្វេតច្ឆ័ត្រ និងវត្ថុស័ក្តិសទិ្ធក្នុងលោក ប្រោសប្រទានពរជ័យ សិរីមង្គលថ្វាយ ព្រះករុណាជាអម្ចាស់ សូមមានព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ព្រះកាយពលមាំមួន និងព្រះរាជសុខភាពល្អបរិបូរណ៍ ។ ចំពោះព្រះរាជបេសកកម្មដ៏ឧត្តុង្គឧត្តម ប្រកបដោយទសពិធរាជធម៌ ព្រះរាជឧត្តមគតិ ព្រះរាជមនសិការស្នេហាជាតិ មាតុភូមិ និងប្រជារាស្ត្រកម្ពុជា។ ក្រោមម្លប់ដ៏ត្រជាក់ត្រជំនៃ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ប្រទេសជាតិបាននិងកំពុងបន្តពង្រឹងសន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម នីតិរដ្ឋ និងលិទ្ធិប្រជាធិបតេយ្យ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យ ហើយប្រជារាស្ត្រគ្រប់ៗរូប ទទួលបាននូវភាព សម្បូរសប្បាយប្រកបដោយភាពថ្លៃថ្នូរ មោទនភាព និងកិត្យានុភាពជាតិ និងក្តីសុខក្សេមក្សាន្តជានិច្ចនិរន្តរ៍តរៀងទៅ។សម្តេចព្រះសង្ឃនាយករង និងព្រះមន្រ្តីសង្ឃនៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ សាស្រ្តាចារ្យ និស្សិតនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងថ្នាក់ដឹកនាំបុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរគ្រី សូមព្រះបរមរាជានុញ្ញាតលំឱនកាយថ្វាយព្រះរាជសព្ទសាធុការពរ បវរសួស្តី សិរីវឌ្ឍនាជយាមហាប្រសើ និងរៀបចំព្រះរាជាពិធីចម្រើនព្រះបរិត្ត សម្តេចធម៌ទេសនា កាយាបង្គំវន្ទាន ប្រសិទ្ធព្រះពរជ័យ ព្រះបវរសួស្តី សិរីមង្គល និង ព្រះបរមសុខគ្រប់ប្រការ និងសូមថ្លែងនូវព្រះរាជមហាករុណាទិគុណថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គប្រកបដោយព្រះរាជសុខភាពល្អ បរិបូរណ៍ ព្រះកាយពលមាំមួនខ្លាំងក្លា ព្រះបញ្ញាញាណភ្លឺថ្លាវាងវៃ ព្រះជន្មទីឃាយុយឺនយូរជាងរយព្រះវស្សា ដើម្បីព្រះអង្គគង់ប្រថាប់ ជាមហាម្លប់ដ៏ត្រជាក់ត្រជំសម្រាប់ប្រជាពលរដ្ឋជាកូន ចៅ ចៅទួត របស់ព្រះអង្គជ្រកកោនក្នុងក្តីសុខក្សេមក្សាន្តជានិច្ចនិរន្តរ៍ ។សូមជម្រាបជូនថា ក្នុងវរោកាសដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ ថ្នាក់ដឹកនាំ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បានរៀបចំ វេរភត្តសម្រាប់ថ្វាយ-ប្រគេន សម្តេចមហាព្រះសង្ឃរាជ សម្តេច ព្រះសង្ឃនាយករង និងព្រះមន្រ្តីសង្ឃប្រមាណ ៧៣ ព្រះអង្គ ។ ដោយឡែក ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ដែលបានអញ្ជើញចូលរួមក៏បានមានសទ្ធាជ្រះថ្លា រាប់បាត្រថ្វាយ-ប្រគេន សម្តេចមហាព្រះសង្ឃរាជ សម្តេចព្រះសង្ឃនាយករង សម្តេចព្រះសង្ឃ និងព្រះសង្ឃគ្រប់ព្រះអង្គ ទៅតាមសទ្ធាជ្រះថ្លារៀងៗខ្លួនផងដែរ ៕ អត្ថបទ បាន សុខរិទ្ធិ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លីបង់៖ កិច្ចព្រមព្រៀងបទឈប់បាញ់ដ៏ទូលំទូលាយ ជាឱកាសចុងក្រោយរបស់ខ្លួនក្នុងពេលក្រុមហេសបូឡា ច្រានចោល
06/05/2026 09:06 AM
គោព្រៃកម្ពុជា ទទួលបានការសសើរពីគ្រូទាំងសងខាង ក្រោយយកឈ្នះប៊ូតង់ ៤-០
06/05/2026 09:06 AM
អង្គការឃ្លាំមើលនុយក្លេអ៊ែររបស់ UN បានលើកឡើងពីការព្រួយបារម្ភនៃការរីកសាយនៅទីតាំងរបស់អ៊ីរ៉ង់
06/05/2026 09:06 AM
មេដឹកនាំអ៊ុយក្រែន សន្យាកំណត់ពេលវេលាច្បាស់លាស់សម្រាប់ការចរចាស្តីពីសមាជិកភាពសហភាពអឺរ៉ុប
06/05/2026 09:06 AM
កម្ពុជា រកឃើញសត្វព្រៃសំខាន់ៗជាច្រើននៅភាគខាងជើងប្រទេស
06/05/2026 09:06 AM
មេដឹកនាំអ៊ុយក្រែន ស្នើឲ្យមានជំនួបពិភាក្សាទល់មុខគ្នាក្នុងលិខិតបើកចំហរផ្ញើទៅកាន់លោក Putin
06/05/2026 09:06 AM
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបែងចែកភាគលាភឆ្នាំ២០២៥ ជាង ២៨,៧ ប៊ីលានរៀលជូនភាគហ៊ុនិក
06/05/2026 08:06 AM
ក្រុមហេសបូឡា ច្រានចោលបទឈប់បាញ់រវាងអ៊ីស្រាអែល-លីបង់ គាំទ្រដោយអាមេរិក
06/05/2026 08:06 AM
កម្ពុជា-សិង្ហបុរី ពិភាក្សាអំពីលទ្ធភាព នៃការជំរុញនាំចេញផលិតផលកម្ពុជាទៅកាន់ទីផ្សារសិង្ហបុរី
06/05/2026 08:06 AM
ព្រឹត្តិការណ៍ “ដើរ ២ ៧០០ ជំហាន ដើម្បីទារកនិងកុមារកម្ពុជា” ប្រមូលថវិកាបានជាង ២ ១០០ លានរៀល
06/05/2026 08:06 AM