រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបែងចែកភាគលាភឆ្នាំ២០២៥ ជាង ២៨,៧ ប៊ីលានរៀលជូនភាគហ៊ុនិក
កម្ពុជា-សិង្ហបុរី ពិភាក្សាអំពីលទ្ធភាព នៃការជំរុញនាំចេញផលិតផលកម្ពុជាទៅកាន់ទីផ្សារសិង្ហបុរី
ព្រឹត្តិការណ៍ “ដើរ ២ ៧០០ ជំហាន ដើម្បីទារកនិងកុមារកម្ពុជា” ប្រមូលថវិកាបានជាង ២ ១០០ លានរៀល
កម្ពុជាធ្វើជាម្ចាស់ផ្ទះសិក្ខាសាលាស្តីពី ការបង្កើតកិច្ចសហប្រតិបត្តិការស្ថាប័នប្រវត្តិសាស្ត្រយោធាអាស៊ាន(AMHIC)”

ព័ត៌មានជាតិ

កម្ពុជា-ឡាវ ឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខឱ្យកាន់តែរឹងមាំ

2026/05/14 02:46:10 pm        238
នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ឧត្តមសេនីយ៍ឯក Vanthong KONGMANY រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមរដ្ឋមន្ត្រីបានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ឯកឧត្តមក៏បានគូសបញ្ជាក់បន្ថែមថា ឡាវ និងកម្ពុជា គឺជាប្រទេសជិតខាងដ៏ល្អនឹងគ្នា ដែលមានប្រពៃណី និងទំនៀមទម្លាប់ប្រហាក់ប្រហែលគ្នា ហើយប្រជាជននៃប្រទេសទាំងពីរក៏មានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធជាយូរលង់ណាស់មកហើយ។ ឯកឧត្តមក៏បានគោរពជម្រាបជូនសម្ដេចធិបតីថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តម និងគណៈប្រតិភូមកកាន់កម្ពុជានាពេលនេះ គឺដើម្បីចូលរួមកិច្ចប្រជុំពិនិត្យ និងវាយតម្លៃលទ្ធផលអនុវត្តកំណត់ហេតុស្ដីពីសហប្រតិបត្តិការឆ្នាំ២០២៥ និងចុះហត្ថលេខាលើកំណត់ហេតុស្ដីពីកិច្ចសហប្រតិបត្តិការឆ្នាំ២០២៦ ជាមួយក្រសួងមហាផ្ទៃកម្ពុជា ដែលទើបតែបញ្ចប់ទៅដោយជោគជ័យ និងផ្លែផ្កា។ ឯកឧត្តមបានចាត់ទុកដំណើរទស្សនកិច្ចនេះថា ជាចលករជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈឱ្យកាន់តែរឹងមាំ ជាពិសេសកិច្ចសហប្រតិបត្តិការ តាមបណ្ដាខេត្តជាប់ព្រំដែន នៃប្រទេសទាំងពីរ ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស ការជួញដូរគ្រឿងញៀន និងឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា សំដៅធានាសុខសុវត្ថិភាព ស្ថិរភាព និងសណ្តាប់ធ្នាប់ សម្រាប់ប្រជាជនប្រទេសទាំងពីរ។ ឯកឧត្តមក៏បានប្ដេជ្ញាខិតខំពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។ ជាការឆ្លើយតប, សម្ដេចធិបតី បានសម្ដែងការអបអរសាទរចំពោះ ឯកឧត្តម Vanthong KONGMANY ក្នុងឱកាសទទួលបានការតែងតាំងជារដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ។ ជាមួយគ្នានេះ សម្ដេចធិបតីបានបង្ហាញនូវជំនឿចិត្តយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់ឯកឧត្តម កិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខរវាងកម្ពុជា-ឡាវ នឹងកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត។ សម្ដេចធិបតីក៏បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ រវាងប្រទេសទាំងពីរលើគ្រប់វិស័យ ស្របពេលដែលឆ្នាំនេះគឺជាខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ សម្ដេចធិបតីបានបន្ថែមទៀតថា ប្រទេសទាំងពីរក៏មាននូវកិច្ចសហប្រតិបត្តិការជាច្រើនទៀត ដែលនឹងត្រូវបន្តខិតខំធ្វើការរួមគ្នា ដូចជាការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ការតភ្ជាប់ប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ ដែលជាចលករ ក្នុងការពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី និងជំរុញវិស័យទេសចរណ៍នៃប្រទេសទាំងពីរ។ សម្ដេចធិបតីក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលប្រកបដោយផ្លែផ្កានៃកិច្ចប្រជុំរវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ ក៏ដូចជាកិច្ចសហប្រតិបត្តិការដ៏ល្អលើវិស័យសន្តិសុខ រវាងក្រសួងទាំងពីរ នាពេលកន្លងមក។ សម្ដេចធិបតីបានសង្កត់ធ្ងន់ថា ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស ការជួញដូរគ្រឿងញៀន និងឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាកិច្ចការចាំបាច់ ដែលទាមទារ នូវកិច្ចសហការរួមគ្នារវាងប្រទេស និងប្រទេស។ ជាទីបញ្ចប់, សម្ដេចធិបតីក៏បានលើកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែស៊ីជម្រៅ និងរឹងមាំបន្ថែមទៀត លើវិស័យសន្តិសុខ ដែលជាវិស័យដ៏សំខាន់មួយ ដែលនឹងចូលរួមចំណែកគាំទ្រដល់ការតភ្ជាប់ នៃវិស័យដទៃៗទៀតនៃប្រទេសទាំងពីរ៕

កម្មកររោងចក្ររីករាយក្រោយទទួលបានការយកចិត្តទុកដាក់កាន់តែខ្លាំងពីសំណាក់រាជរដ្ឋាភិបាល

2026/05/14 02:02:54 pm        102
កម្មករ កម្មការិនីរោងចក្រ បានសម្តែងការសប្បាយរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខគ្រប់កាលៈទេសៈទាំងអស់ និងជីវភាពរស់នៅរបស់ពួកគេ។ កម្មករនិយោជិត មានជំនឿចិត្តទៀតថា ក្រោមការដឹកនាំនេះ ជីវភាពរបស់ពួកគេនឹងមានស្ថិរភាព និងភាពប្រសើរបន្ថែមទៀត។នៅក្នុងបទសម្ភាសន៍ជាមួយកម្មករ កម្មការិនី ក្នុងឱកាសក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងដៃគូពាក់ព័ន្ធ ប្រារព្ធកម្មវិធីអបអរសាទរ «ទិវាពិភពលោក ដើម្បីសុវត្ថិភាព និងសុខភាពការងារ» ក្រោមប្រធានបទ “រួមគ្នាបន្តការពារកម្មករនិយោជិតពីភាពតានតឹងដោយកម្ដៅ និងលើកកម្ពស់សុខភាពផ្លូវចិត្តនៅកន្លែងធ្វើការ” កាលពីថ្ងៃទី១៣ ខែឧសភាកន្លងទៅ ពួកគាត់ បានឱ្យព័ត៍មាន ប៊ីធីវី ដឹងស្រដៀងថា ការធ្វើការងារសព្វថ្ងៃនេះ ពោលគឺពីមួយឆ្នាំទៅមួយឆ្នាំហាក់ពិតជាមានភាពល្អប្រសើរច្រើន ទាំងលក្ខខណ្ឌការងារ ការទទួលបាននូវរបបសន្តិសុខសង្គម ការកើនឡើងប្រាក់ឈ្នួល និងការដោះស្រាយបញ្ហាក្នុងកន្លែងការងារជាដើម។កម្មករ កម្មការិនីទាំងនេះ បានលើកឡើងទៀតថា នៅកន្លែងការងារ នៅពេលជួបបញ្ហានានា ឬការលំបាកអ្វីមួយ ពួកគាត់តែងតែទទួលបានការយកចិត្តជានិច្ចពីសំណាក់ភាគីរោងចក្រ ជាពិសេសពីភាគីរាជរដ្ឋាភិបាលកម្ពុជា ដែលរាប់ចាប់តាំងពីការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន រហូតមកដល់សម្តេចធិបតី ហ៊ុន ម៉ាណែត គឺទទួលបានការគិតគូរ ដែលមានអារម្មណ៍ថាកក់ក្តៅ ទោះបីជាពួកគាត់ធ្វើការក្នុងវិស័យរោងចក្រក៏ដោយ។ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្នុងពិធីអបអរសាទរ «ទិវាពិភពលោក ដើម្បីសុវត្ថិភាព និងសុខភាពការងារ» បានអំពាវនាវដល់កម្មករនិយោជិត ត្រូវចូលរួមអនុវត្តវិធានសុវត្ថិភាពឱ្យបានខ្ជាប់ខ្ជួន និងត្រូវហ៊ានរាយការណ៍រាល់សកម្មភាពមិនអនុលោមភាពពាក់ព័ន្ធនឹងសុវត្ថិភាពការងារ តាមរយៈលេខទូរស័ព្ទ hotline ១២៨៦ ឬស្កែន QR Code បណ្ដឹងអនាមិក។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានរំលឹកបន្ថែមទៀត ឱ្យគ្រប់រោងចក្រត្រូវប្រាកដថា មានការបង្កើតគណៈកម្មាធិការសុខភាព និងសុវត្ថិភាពការងារ ដើម្បីជាសេនាធិការក្នុងកិច្ចការបង្ការគ្រោះថ្នាក់ផ្សេងៗផងដែរ។យោងតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦ រោងចក្រ សហគ្រាសនៅទូទាំងប្រទេសកម្ពុជា មានចំនួនសរុបជាង ៤ម៉ឺន ៧ពាន់រោងចក្រ សហគ្រាស ដែលបានផ្តល់ឱកាសការងាររាប់ម៉ឺនកន្លែងកន្លែងជូនដល់ប្រជាពលរដ្ឋ៕អត្ថបទ៖ ឈិត បូរ៉ាវី  

សម្តេចតេជោ ហ៊ុន សែន ណែនាំឲ្យ​ពិនិ​ត្យ​មើល​លើ​ការ​បំពេញ​បន្ថែម​ចំនួន​អនុ​វិទ្យាល័យ​នៅ​តាម​បណ្តា​ឃុំ​ ក្នុង​ខេត្តស្វាយរៀង

2026/05/14 01:53:45 pm        544
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹ​ក​ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ២០២៦នេះ បានណែនាំ​អោយ​អាជ្ញាធរ​ខេត្ត​ស្វាយរៀង​ពិនិត្យ​មើល​លើ​ការ​បំពេញ​បន្ថែម​ចំនួនអនុវិទ្យាល័យនៅក្នុងខេត្ត ខណៈចំនួនសាលា​មិន​ស្រប​នឹង​ចំនួន​ឃុំ​ក្នុង​មូលដ្ឋាន​។ ការណែនាំនេះ ក្នុងឱ​កាសអញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកា​ក្រុម​ប្រឹក្សា​ខេត្ត​ ក្រុង-ស្រុក ឃុំ-សង្កាត់ និងមន្ត្រីនៃមន្ទីរ-អង្គភាពនានាជុំវិញខេត្តស្វាយរៀង សរុប​ចំនួន​១៣០២​នាក់។ទាក់ទងនឹងវិស័យអប់រំ សម្តេចតេជោ ហ៊ុន សែន ចាប់អារម្មណ៍លើចំនួនសាលាបឋមសិក្សា អនុ​វិទ្យាល័យ និងវិទ្យាល័យនៅក្នុងខេត្តស្វាយរៀង ដែលត្រូវតែបំពេញបន្ថែម ដោយសម្តេចតេជោ បាន​លើក​ការចាប់អារម្មណ៍ពីសេចក្តីថ្លែងការណ៍សន្ទុកកន្លងមករបស់សម្តេចគឺ ដាក់ចេញ «ឃុំ​មួយ ​អនុវិទ្យាល័យមួយ» ហើយ ក្រោយមកក៏បន្ត«ឃុំមួយអនុវិទ្យាល័យមួយយ៉ាងតិច» ក៏​ប៉ុន្តែក្នុ​ង​របាយការណ៍នៅខេត្តស្វាយរៀង មានអនុវិទ្យាល័យចំនួន៥២កន្លែងស្មើនឹង ៦៧,៥០% នៃ​ចំនួន​ឃុំ​/ស​ង្កាត់ ចំណុចនេះ សម្តេចតេជោបានណែនាំអភិបាលខេត្តស្វាយរៀងអោយគិតថា គួរត្រូវ​បាន​បំពេញ​បន្ថែម អនុវិទ្យាល័យបន្ថែម ស្របតាមការបណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​ដែល​កន្លង​មក​ធ្លាប់​បាន​ធ្វើ និងក៏ជាទ្រឹស្តីហ៊ុន សែនដែរនោះ។ សម្តេចតេជោបន្ថែមថា អនុវិទ្យាល័យ៥២កន្លែង តែ​មាន៦៨ឃុំ អាចដោយសារភូមិសាស្ត្រសិក្សា ប៉ុន្តែត្រូវគិតថា អនុវិទ្យាល័យអាចល្មមហើយឬនៅ ឬ​អាច​ថាឃុំខ្លះ អនុវិទ្យាល័យនៅភ្ជាប់ជាមួយវិទ្យាល័យ។ បើមិនទាន់សម្រេចគោលដៅ ត្រូវ​តែ​បំពេញ​បន្ថែម​។ ត្រូវមានអោយបានគ្រប់គ្រាន់ទាំងបឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យ ខណៈ​ដែល​បច្ចុប្បន្នស្វា​យរៀងបានដើរដល់សាកលវិទ្យាល័យហើយនោះ។សូមបញ្ជាក់ថា ខេត្តស្វាយរៀងចែកចេញជា ២ក្រុង ៦ស្រុក ៨០ឃុំសង្កាត់ (១២សង្កាត់ ៦៨ឃុំ) និង​៦៩០ភូមិ មានប្រជាពលរដ្ឋសរុប ១៦៨.៨៨៨គ្រួសារ ស្មើនឹង ៦៩៨.១៥៥នាក់ ស្រី ៣៥៩.​២០៥​នាក់​។ នៅក្នុងខេត្តមានសាលារៀនរដ្ឋ ចំនួន៣៤៤សាលា និងឯកជន ចំនួន ១៩សាលា ក្នុង​នោះ៖​- មត្តេយ្យសិក្សា(មត្តេយ្យដាច់ចំនួន ៨កន្លែង និងមត្តេយ្យ​ក្នុង​បឋម​សិក្សា​ចំនួន​ ១៧៥​កន្លែង​) ​និងឯកជន ចំនួន ០៧សាលា ស្មើនឹង ៩៥% នៃចំនួនភូមិ - បឋមសិក្សា ​ចំនួន ២៦២កន្លែង និងឯកជន ចំនួន ៩កន្លែង ស្មើនឹង ៣៧,៩៧% នៃចំនួនភូមិ -អនុវិទ្យាល័យ ចំនួន ៥២កន្លែង និងឯកជន ចំនួន ២កន្លែង ស្មើនឹង ៦៧,៥០% នៃ ចំនួ​​ន​ឃុំ​/សង្កាត់ ​វិទ្យាល័យ​ ចំនួន ២២កន្លែង និងឯកជន ចំនួន ០១កន្លែង ស្មើនឹង ៨៧,៥០% កន្លែង ក្នុង​១ក្រុង/ស្រុក គរុកោសល្យ ០១សាលា ឧត្តមសិក្សា ០៣សាលា មានបុគ្គលិកអប់រំ ចំនួន ៤.​៥៤០នាក់ ស្រី ១.៦៨៩នាក់ មានអគារសិក្សាសរុប ៩៦២ខ្នង ស្មើនឹង ៤.១៥៨បន្ទប់ ក្នុង​នោះ​អគារ​សិក្សាដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ ជូន​ខេត្ត​ស្វាយ​រៀង ​សរុបចំនួន ២០៤ខ្នង ស្មើនឹង ១.២១៦បន្ទប់៕ អត្ថបទ ពៅ រក្សា  

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានានៃខេត្តស្វាយរៀង

2026/05/14 01:43:52 pm        173
នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តស្វាយរៀង ចំនួន ១,៣០២នាក់ ដែលពិធីនេះបានប្រារព្ធធ្វើឡើងនៅសាលប្រជុំសាកលវិទ្យាល័យស្វាយរៀង។ យោងតាមរបាយការណ៍របស់ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀងបានឱ្យដឹងថា ខេត្តស្វាយរៀង ចែកចេញជា២ក្រុង ៦ស្រុក ១២សង្កាត់ ៦៨ឃុំ និង ៦៩០ភូមិ មាន​ប្រជា​ពលរដ្ឋសរុបចំនួន១៦៨៨៨៨គ្រួសារ ស្មើនឹង ៦៩៨១៥៥នាក់។ ប្រជាពលរដ្ឋប្រកបមុខរបរ​កសិ​កម្ម​ប្រមាណ៥១,៥% របរសេវាកម្ម៤៨% និងមុខរបរសិប្បកម្មប្រមាណ ០,៥​%។ ខេត្តនេះមានព្រំប្រទល់ខាងជើង និងខាងលិចជាប់នឹងខេត្តព្រៃវែង ខាងកើត និងខាងត្បូង ជាប់ខេត្តតៃនីញ ប្រទេសវៀតណាម។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្ដេចតេជោបានឱ្យដឹងថា ដំណើរឆ្ពោះទៅកាន់មូលដ្ឋានរបស់សម្ដេចតេជោបានចាប់ផ្តើមកាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ ហើយរហូតមកដល់ពេលនេះ ជាលើកទី៦ហើយដែលសម្តេចតេជោបាន​អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការ រួមមានខេត្តកំពង់ចាម, ត្បូងឃ្មុំ, កំពង់ស្ពឺ តាកែវ, កំពត, និងកែប។ គោលដៅនៃការចុះជួបសំណេះសំណាលជាមួយមន្ត្រីរាជការរបស់សម្តេចតេជោគឺជាការអនុវត្ត ក៏ដូចជាពង្រឹងគណនេយ្យភាពរវាងព្រឹទ្ធសភាជាមួយអង្គបោះឆ្នោត ដើម្បីឱ្យមានតម្លាភាព ក៏ដូចជាជំរុញឱ្យការងារមូលដ្ឋានកាន់តែមានប្រសិទ្ធភាព និងធ្វើការក្រើនរំឭកដល់មន្ត្រីនៅមូលដ្ឋានឱ្យបង្កើនការយកចិត្តទុកដាក់លើភារកិច្ចរបស់ខ្លួន និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។ នៅថ្ងៃនេះ ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្ដេចព្រះបរនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតេជោបានថ្វាយព្រះពរចំពោះព្រះអង្គ សូមព្រះអង្គមានព្រះជន្មាយុយឺនយូរជាង១០០ព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ប្រជុំដល់ប្រជារាស្រ្តជាកូន ជាចៅ ចៅទូត របស់ព្រះអង្គគ្រប់ៗរូប។ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយដែលបានវិលមកជួបជាមួយបងប្អូនក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាក្នុងខេត្តស្វាយរៀងសាជាថ្មី។ នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទាក់ទងនឹងមន្ត្រីកាង​ជនខិល​ខូចនាំ​ទុរេន​ចូលពីថៃ ដែលរដ្ឋាភិបាលគួរចាត់វិធានការ ដើម្បីព្រមានមន្ត្រីខិលខូចនោះ។ សម្តេចបានបង្ហាញនូវការហួសចិត្តចំពោះមន្ត្រីកាំកុងត្រូលខេត្តបាត់ដំបងដែលទៅប្រកាសថាទុរេននោះជាទុរេនខេត្តកំពង់ចាម ដោយសម្ដេចបានចោទជាសំណួរថា ហេតុអ្វីមន្ត្រីយើងទៅកាងជនខិលខូច ខណៈដែលជនខិលខូចបានសារភាពថា បាននាំចូលពីប្រទេសថៃ។ បញ្ហានេះមិនមែនជារឿងពហិកានោះទេ តែពាក់ព័ន្ធនឹងសុខភាពរបស់ប្រជាពលរដ្ឋ។ សម្តេចបានស្នើឱ្យពិនិត្យដកមន្រ្តីកាំកុងត្រូលដែលកុហករឿងទុរេននាំចូលនេះ ដើម្បីជាសារព្រមានមន្រ្តីទាំងអស់កុំឱ្យពូកែកុហកថ្នាក់លើ និងប្រជាជន។សម្តេចតេជោក៏បានក្រើនរំឭកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ ជាពិសេសបន្តយកចិត្តទុកដាក់ផ្តល់នូវសេវាចាំបាច់ និងសេវាតម្រូវការនានាជូនប្រជាពលរដ្ឋឱ្យបានលឿន និងរហ័ស។ សម្តេចក៏បានជំរុញឱ្យពន្លឿនការផ្តល់សេវាលើការធ្វើបណ្ណកម្មសិទ្ធិដីធ្លីឱ្យជាពលរដ្ឋឱ្យកាន់តែលឿនថែមទៀត ដើម្បីបញ្ចៀសភាពថ្នាំងថ្នាក់នៅមូលដ្ឋាន។ ពីខេត្តស្វាយរៀងនៅថ្ងៃនេះ សម្តេចតេជោបានបន្តរំលឹកដល់អាជ្ញាធរឱ្យបន្តយកចិត្តទុកដាក់លើគ្រួសារយុទ្ធជនជួរមុខ យុទ្ធពលី ពិការ និងគ្រួសារអតីតយុទ្ធជន។ សម្តេចបន្តថា ក្នុងនាមជាអ្នកធ្លាប់ប្រឡូកជីវិតជាយុទ្ធជនលើសមរភូមិមួយរូបដែរនោះ សម្តេចបានយល់ច្បាស់ពីការលំបាកទាំងឡាយរបស់យុទ្ធជនក្នុងកិច្ចការពារជាតិ និងទឹកដី។ សម្តេចបានសង្កត់ធ្ងន់ថា យុទ្ធជនបានយកទ្រូងរបស់ពួកគេទៅការពារ​ជាតិ ការពារទឹកដី និងប្រជាជន តើហេតុអ្វីមន្ត្រីមិនអាចចែករំលែកក្តីស្រលាញ់ទៅដល់​ពួក​គេ។សម្ដេចតេជោក៏បានជំរុញឱ្យអាជ្ញាធរមូលដ្ឋានត្រូវចូលរួមទាំងអស់គ្នាក្នុងការថែរក្សាធនធានធម្មជាតិដែលមាននៅមូលដ្ឋាន ទប់ស្កាត់ការបំផ្លិចបំផ្លាញ និងរួមគ្នាក្នុងការថែរក្សាឱ្យបានគង់វង្ស។សម្ដេចតេជោក៏បានក្រើនរំឭកដល់មន្ត្រីទាំងអស់ ចៀសវាងភាពអសកម្ម ឬការគៀបសង្កត់ណាមួយ និងត្រូវចាំថា «មន្ត្រីមិនមែនជាចៅហ្វាយរបស់ប្រជាជននោះទេ គឺជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន» ត្រូវធ្វើជាមន្ត្រីជើង២ មិនត្រូវធ្វើជាមន្ត្រីជើង១០ឡើយ។ សម្តេចតេជោក៏បានរំលឹកឱ្យអាជ្ញាធរខេត្តស្វាយរៀងត្រូវបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតតាមព្រំដែនជាមួយប្រទេសវៀតណាម ដើម្បីបង្កលក្ខណៈងាយស្រួលដល់ទំនាក់ទំនងប្រជាជន និងប្រជាជន នៃប្រទេសទាំងពីរ។ជាចុងក្រោយ សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរដល់មន្ត្រីគ្រប់ជាន់ថ្នាក់ នៃខេត្តស្វាយរៀងទាំងអស់ដែលបានរួមសហការគ្នាអភិវឌ្ឍខេត្តទាំងពីរនេះឱ្យទទួលបាននូវការរីកចម្រើនជាបន្តបន្ទាប់ និងជូនពរឱ្យមន្ត្រីរាជការទាំងអស់ជួបតែសេចក្តីសុខ សេចក្តីចម្រើន និងជោគជ័យគ្រប់ភារកិច្ច៕

ប្រមុខការទូតកម្ពុជា និងឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា ក្នុងឃុំសំរោងលើ ស្រុកអង្គស្នួល

2026/05/14 01:12:31 pm        337
កណ្តាល៖ នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ រួមជាមួយ ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវសមិទ្ធផលនានា ក្នុងសាលាបឋមសិក្សារំចេក សាលាបឋមសិក្សាមង្គលបូរី សាលាមតេ្តយ្យអង្គថ្ម និងផ្លូវសហគមន៍ (បំពាក់អំពូលសូឡា) ស្ថិតក្នុងឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល ក្រោមជំនួយរបស់ស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា។

អគ្គនាយកដ្ឋាន ក.ប.ប.៖ បន្ទាប់ពីមានបាតុភាពលើភាពមិនច្បាស់លាស់លើករណីទុរេនដាក់លក់នៅផ្សារ ភួ ពុយ ខេត្តបាត់ដំបង គឺបានចាត់វិធានការជាបន្តបន្ទាប់

2026/05/14 12:54:02 pm        174
អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម សូមជម្រាបជូនសាធារណជនជ្រាបថា បន្ទាប់ពីមានបាតុភាពលើភាពមិនច្បាស់លាស់លើករណីទុរេនដាក់លក់នៅផ្សារ ភួ ពុយ ខេត្តបាត់ដំបង អគ្គនាយកដ្ឋាន ក.ប.ប. បានចាត់វិធានការជាបន្តបន្ទាប់ ដូចខាងក្រោម៖ ១. នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦៖ អគ្គនាយកដ្ឋាន បានណែនាំឱ្យសាខា ក.ប.ប. ខេត្តបាត់ដំបង ចុះត្រួតពិនិត្យសម្ភាសន៍ផ្ទាល់ជាមួយអាជីវករចំនួន ៧ កន្លែងដែលដាក់លក់ទុរេន នៅផ្សារ ភួ ពុយ និងប្រមូលសំណាកគំរូទុរេនទាំងនោះ ដើម្បីបញ្ជូនមកមន្ទីរពិសោធន៍ ពិនិត្យរកសារធាតុគីមី ដែលអាចប៉ះពាល់ដល់សុខភាព សុវត្ថិភាពអ្នកប្រើប្រាស់។ ២. នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦៖ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម និងអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. បានចុះទៅធ្វើការស៊ើបអង្កេតដល់ទីកន្លែងនៅខេត្តបាត់ដំបង និងរៀបចំកិច្ចប្រជុំរួមរវាងរដ្ឋបាលខេត្តបាត់ដំបងដែលមានការចូលរួមពីលោកអភិបាលរងខេត្តបាត់ដំបង ប្រធានមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង ប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបង ប្រធានសាខា ក.ប.ប. និងមន្ត្រីក្រោមឱវាទព្រមទាំងអាជីវករពាក់ព័ន្ធនៅផ្សារ ភួ ពុយ មួយចំនួនផងដែរ ដើម្បីស្ដាប់អំណះអំណាង និងស្វែងរកដំណោះស្រាយបន្ទាន់សម្រាប់ករណីនេះ។ ៣. នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦៖ អគ្គនាយកដ្ឋាន ក.ប.ប. បានចេញលិខិតបង្គាប់ការលេខ ៤៤៣ អ.កបប ចុះថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ដោយតម្រូវឱ្យលោក គឹម ប្រុស មកបំពេញការងារនៅនាយកដ្ឋានកិច្ចការប្រកួតប្រជែង នៃទីស្នាក់ការកណ្តាលអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីបន្តនីតិវិធីរបស់ក្រុមប្រឹក្សាវិន័យនៃក្រសួងពាណិជ្ជកម្ម ស្របតាមច្បាប់ស្តីពីលក្ខន្តិកៈមន្រ្តីរាជការស៊ីវិល។

កម្ពុជាកំណត់គោលដៅសម្រេចឱ្យបានការនាំចេញអង្ករ ១លានតោន នៅឆ្នាំនេះ

2026/05/14 12:48:58 pm        366
ភ្នំពេញ៖ សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បានដាក់គោលដៅសម្រេចឱ្យបានការ​នាំចេញអង្ករ ១លានតោន នៅឆ្នាំ ២០២៦នេះ ខណៈរយៈពេល ៤ខែ​ដើមឆ្នាំនេះ ការនាំចេញអង្កររបស់កម្ពុជាសម្រេចបានប្រមាណ ៤៧ម៉ឺនតោន​ ទៅកាន់ទីផ្សារ ៦០គោលដៅ គិតជាទឹកប្រាក់ចំនួន ២៦៦.៣៨ លានដុល្លារអាមេរិក។ ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ប្រាប់ BTV ថា មូលហេតុសំខាន់ដែលជំរុញឱ្យសហព័ន្ធស្រូវអង្ករ កំណត់ផែនការនាំចេញអង្ករ ១ លានតោនជាថ្មី គឺដោយសារមើលឃើញថា វិស័យស្រូវអង្ករកម្ពុជាមានសក្តានុរាលកាន់តែខ្លាំង ទាំងផ្នែក ផលិតកម្ម គុណភាព និងតម្រូវការទីផ្សារអន្តរជាតិ។ ឧកញ៉ាបន្តថា លើសពីនេះ ទីផ្សារអន្តរជាតិមានតម្រូវការកើនឡើងចំពោះអង្ករគុណភាពខ្ពស់ ក៏ដូចជា ការចង់បង្កើនតម្លៃបន្ថែមក្នុងស្រុក ជំនួសការនាំចេញស្រូវនៅទៅក្រៅប្រទេស ព្រមទាំង ការជំរុញសេដ្ឋកិច្ចជាតិ និងបង្កើនចំណូលជូនកសិករ និងអ្នកពាក់ព័ន្ឋក្នុងខ្សែសង្វាក់ស្រូវ អង្ករ។ ជាពិសេស ការមើលឃើញឱកាសប្រកួតប្រជែងថ្មីៗ បន្ទាប់ពីការកែលម្អផ្នែកឡូជីស្ទិក បច្ចេកវិទ្យា និងកិច្ចព្រមព្រៀងពាណិជ្ជកម្ម។ ដោយសារតែកត្តាទាំងនេះ សហព័ន្ឋស្រូវអង្ករកម្ពុជា ជឿថា គោលដៅនាំចេញអង្ករ ១ លានតោន អាចក្លាយជា ការពិត ប្រសិនបើមានការសហការពីគ្រប់ភាគី។ ទោះយ៉ាងណា កម្ពុជាក៏អាចប្រឈមនឹងបញ្ហាប្រកួតប្រជែងពីប្រទេសនាំចេញអង្ករធំៗ ការប្រែ ប្រួលអាកាសធាតុ និងថ្លៃដឹកជញ្ជូនផងដែរ។ ដូច្នេះ ការរក្សាគុណភាព កាត់បន្ថយថ្លៃដើម និង ពង្រីកទីផ្សារ គឺជាចំណុចសំខាន់សម្រាប់អនាគត។  លោកឧកញ៉ា មានក្តីរំពឹងថា វិស័យអង្ករកម្ពុជា អាចបន្តរីកចម្រើន និងឈានទៅសម្រេចគោលដៅនាំ ចេញកាន់តែខ្ពស់ ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។ សហព័ន្ធចង់ផ្ញើសារសំខាន់មួយទៅកាន់កសិករ រោងម៉ាស៊ីនកិនស្រូវ អ្នកប្រមូលទិញ អ្នកនាំចេញ និងភាគីពាក់ព័ន្ធទាំងអស់ថា ការសម្រេចគោលដៅនាំចេញអង្ករ ១ លានតោន មិនអាចអាស្រ័យ លើភាគីណាមួយតែឯងបានទេ ប៉ុន្តែត្រូវការការសហការរួមគ្នាទាំងខ្សែសង្វាក់ផលិតកម្ម។ កសិករគួរផលិតស្រូវដែលមានគុណភាពល្អ ស្របតាមតម្រូវការទីផ្សារ និងអនុវត្ត បច្ចេកទេសកសិកម្មទំនើប ដើម្បីបង្កើនទិន្នផល និងគុណភាព និង រោងម៉ាស៊ីន និងអ្នកនាំចេញគួររួមគ្នារក្សាគុណភាពអង្ករ ស្តង់ដារ និងភាពជឿជាក់លើទីផ្សារអន្តរជាតិ។ របាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា បាន​បង្ហាញថា ក្នុងរយៈពេល៤ ខែឆ្នាំ២០២៦នេះ កម្ពុជាបាននាំចេញអង្ករចំនួន ៤៦៩ ៩០៩ តោន គិតជាទឹកប្រាក់ចំនួន ២៦៦.៣៨ លានដុល្លារអាមេរិក។ ទីផ្សារនាំចេញអង្ករកម្ពុជាសំខាន់ៗ រួមមាន តំបន់អឺរ៉ុប, ចិន និងហុងកុង​, ប្រទេសតំបន់អាស៊ាន, និង​ការនាំចេញអង្ករ ទៅកាន់គោលដៅ ២២ ប្រទេសផ្សេងទៀតមាន អាហ្វ្រិក, មជ្ឈិមបូព៌ា, អាមេរិក, កាណាដា, អូស្ត្រាលី,​និង​ ញ៉ូហ្សេឡេន៕ អត្ថបទ៖ ធូ វិរៈ

រដ្ឋមន្រ្តីសុខាភិបាល ណែនាំអង្គភាពជំនាញ ត្រូវ​ពង្រឹងប្រព័ន្ធ​ព័ត៌មាន​សុខាភិបាល​ដែល​មាន​សារៈ​សំខាន់​សម្រាប់​ការ​កសាងប្រព័ន្ធថែទាំសុខភាពមានប្រសិទ្ធភាព

2026/05/14 12:38:25 pm        283
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បាន​ណែនាំ​អង្គភាព​ជំនាញ​ពង្រឹង​ប្រព័ន្ធ​ព័ត៌មាន​សុខាភិបាល គឺមានសារៈសំខាន់សម្រាប់ការកសាងប្រព័ន្ធថែទាំសុខភាព ដែល​មាន​ប្រសិទ្ធភាព ឆ្លើយតបបានលឿន និងមានអធិបតេយ្យភាពក្នុងជំនាញ។ ការថ្លែងរបស់ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា យ៉ាងដូច្នេះ ក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំក្រសួង ប្រធាន​អង្គភាព និងមន្រ្តីបច្ចេកទេសពាក់ព័ន្ធ ដើម្បីផ្តល់អនុសាសន៍ណែនាំ ជា​ជំហរ​ឱ្យស្របតា​ម​យុ​ទ្ធ​សាស្រ្ត ជាពិសេសគោលនយោបាយរបស់រាជរដ្ឋាភិបាល និងជាទស្សនទានបន្ថែម ក្នុងការ​ត្រៀម​ចូល​រួមសន្និបាតសុខភាពពិភពលោក លើកទី៧៩ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ដល់​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ២០២៦ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស, នាទីសី្តការក្រសួង កាលពី​រសៀលថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ២០២៦។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងថា ការចូលរួមសន្និបាតសុខភាពពិភពលោក លើក​ទី​៧៩ ​ក៏ដូចរាល់ឆ្នាំ កម្ពុជា នឹងចែករំលែកបទពិសោធន៍ ផ្តល់យោបល់ និងប​ង្ហាញ​នូវ​សមិទ្ធ​ផល​ដែល​សម្រេច​បាន​ក្នុងវិស័យសុខាភិបាលកម្ពុជា។ បានផ្តោតលើប្រធានបទសំខាន់ៗ ដែល​មាន​នៅ​ក្នុង​សន្និបាត​សុខភាពពិភពលោក ដូចជា ១) ការប៉ះទង្គិចខួរក្បាល ២) ប្រព័ន្ធ​ព័ត៌មាន​សុខាភិបាល​ឌីជីថល (DHIS) ៣) និរន្តរភាពហិរញ្ញប្បទានសុខាភិបាល ៤) សុខភាពផ្លូវចិត្ត ៥) ការ​ថែទាំសុខភាពបឋម។ បន្ថែមពីនេះ ប្រតិភូក្រសួងសុខាភិបាលកម្ពុជា នឹងចូលរួម​នូវ​ព្រឹត្តិការណ៍​អម​សំខាន់ៗ រួមមាន៖ កិច្ចប្រជុំបណ្តាប្រទេសប្រើប្រាស់ភាសាបារាំង, មូលនិធិសកល ប្រយុទ្ធ នឹងជំងឺអេដស៍ របេង គ្រុនចាញ់ (Global Fund), ជំនួបទ្វេភាគីជាមួយអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច, គណៈគិលានុបដ្ឋាកអន្តរជាតិ និងជំនួបទ្វេភាគីក្រសួងសុខាភិបាលជប៉ុន។ ជាមួយគ្នានោះ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា ក៏បានណែនាំដល់មន្ត្រីជំនាញ និងភាគីពាក់ព័ន្ធទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការរៀបចំខ្លឹមសារបច្ចេកទេសឱ្យបានច្បាស់លាស់ ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអនុវត្តគោលនយោបាយសុខាភិបាលឱ្យស្របតាមស្តង់ដាអន្តរជាតិផងដែរ៕ អត្ថបទ រដ្ឋា

ទំនិញមានកំណើនខ្ពស់បំផុតចំនួន២០ប្រភេទ បានកំពុងគាំទ្រដល់ការនាំចេញ និងកំណើន ក្នុងសេដ្ឋកិច្ច

2026/05/14 11:50:13 am        555
កម្ពុជានាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិចំនួន ២០ ប្រភេទ ក្នុងរយៈពេល ៤ ខែ ក្នុងឆ្នាំ២០២៦ ដែលមានកំណើនខ្ពស់ជាងគេ មានទំហំទឹកប្រាក់ជាង ១១ ពាន់លានដុល្លារអាមេរិក កើនជាង ២១ ភាគរយ ធៀបរយៈពេលដូចគ្នានិងឆ្នាំមុន ដែលទំនិញទាំងនេះបាន គាំទ្រដល់កំណើននៃសេដ្ឋកិច្ចជាតិ។អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញស្ថិតិពាណិជ្ជកម្ម នៃការធ្វើពាណិជ្ជកម្មលើ ទីផ្សារអន្តរជាតិរបស់កម្ពុជា ក្នុងនោះសម្រាប់ការនាំចេញមុខទំនិញរបស់កម្ពុជា ក្នុងងរយៈពេល ៤ ខែ ឆ្នាំ២០២៦ មានទំហំទឹកប្រាក់ សរុបជាង ១១ ពាន់លានដុល្លារអាមេរិក មានកំណើនកើនឡើងជាង ២១ ភាគរយ ខណៈការនាំចេញក្នុងរយៈពេលដូចគ្នាឆ្នាំ២០២៥ មានទឹកប្រាក់ជាង ៩ ពាន់លានដុល្លារប៉ុណ្ណោះ។ ការនាំចេញទំនិញរបស់នេះ បានគាំទ្រដោយទីផ្សារសំខាន់ៗដូចជា៖ ទីផ្សារសហរដ្ឋ អាមេរិក, វៀតណាម, ជប៉ុន, ម៉ាឡេស៊ី, កាដាណា, អេស្បាញ និងអង់គ្លេសជាដើម។ឯកឧត្តម សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូនៅកម្ពុជា លើកឡើងថា បច្ចុប្បន្នពិភពលោកមិនទាន់មានភាពប្រាកដប្រជា នៅឡើយដូចជា ការអូសបន្លាយសង្គ្រាមរុស្សី-អ៊ុយក្រែន, សង្គ្រាមនូវមជ្ឈឹមបូព៌ា (ធ្វើឱ្យហក់ឡើងថ្លៃនៃប្រេងឥន្ធនៈ បានប៉ះពាល់ដល់ វិស័យដឹកជញ្ជូន ប្រតិបត្តិការអាជីវកម្ម និងាការហក់ឡើងអតិផរណា), បញ្ហាព្រំដែនកម្ពុជា-ថៃ (មិនទាន់មានភាពច្បាស់លាស់) និង បញ្ហាសង្គ្រាមនៅមជ្ឈឹមបូព៌ាជាដើម ទោះបីមានផលប៉ះពាល់ខាងលើ ក៏ការធ្វើពាណិជ្ជកម្មនាំចេញទំនិញរបស់កម្ពុជា បាននិងកំពុង បន្ត កំណើននាំចេញល្អប្រសើរ, ដែលការណ៍នេះ បានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្រោមការដាក់ចេញ នូវគោលនយោបាយ, យុទ្ធសាស្រ្ត និងផែនការអភិវឌ្ឍន៍ច្បាស់លាស់ ត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយ។សូមបញ្ជាក់ថា ទំនិញដែលគាំទ្រដល់ការនាំចេញ ដែលមានកំណើនខ្ពស់ជាងគេនៅក្នុងរយៈពេល ៤ ខែ ឆ្នាំ២០២៦ មានចំនួន ២០ ប្រភេទរួមមាន៖ ការនាំចេញសម្លៀកបំពាក់ មានទឹកប្រាក់ជាង ២,៤ ពាន់លានដុល្លារ, ស្បែកជើងជាង ៧០០ លានដុល្លារ, វត្ថុធ្វើពី ស្បែកនិងរោម ៧២៣ លានដុល្លារ, ម៉ាស៊ីននិងឧបករណ៍អគ្គិសនី ៥០០ លានដុល្លារ, ផ្លែឈើនិងគ្រាប់ផ្លែឈើជាង ១ ពាន់លាន ដុល្លារ, កៅស៊ូនិងផលិតផលពីកៅស៊ូ ៨៤៤ លានដុល្លារ, ធញ្ញជាតិជាង ៥០០ លានដុល្លារ ក្រៅពីនេះនៅមានប្រភេទទំនិញជាច្រើន ទៀត ដែលជួយគាំទ្រដល់ការនាំចេញរបស់កម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី

សម្ដេចតេជោ និងសម្ដេចធិបតី ថ្វាយព្រះពរព្រះករុណាព្រះមហាក្សត្រ ក្នុងព្រះរាជឱកាសចម្រើនព្រះជន្មវស្សា

2026/05/14 11:48:24 am        310
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានថ្វាយសារលិខិត ថ្វាយព្រះពរព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងព្រះរាជឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សា គម្រប់ ៧៣ព្រះវស្សា យាងចូល៧៤ព្រះវស្សា នៅថ្ងៃព្រហស្បតិ៍ ១៣រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦នេះ។តាមរយៈសារលិខិតថ្វាយព្រះពរ សម្ដេចតេជោ និងសម្ដេចធិបតី ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា បានព្រះបរមរាជានុញ្ញាតលំឱនកាយបួងសួងដល់គុណតេជះបារមីនៃព្រះបរមរូបអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គដ៏មានឫទ្ធានុភាព សូមព្រះអង្គ ប្រទានព្រះពរប្រោះព្រំថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមានព្រះបវរសួស្តី សិរីមង្គល និង ព្រះបរមសុខគ្រប់ប្រការ។ ជាមួយនឹងសមានចិត្តស្វាមីភក្តិចំពោះព្រះរាជបល្ល័ង្ក សម្ដេចតេជោ និងសម្ដេចធិបតី សូមថ្លែងនូវព្រះរាជមហាករុណាទិគុណថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំពោះព្រះរាជបេសកកម្មដ៏ឧត្តុង្គឧត្តម ប្រកបដោយទសពិធរាជធម៌ ព្រះរាជឧត្តមគតិ ព្រះរាជមនសិការស្នេហាជាតិ មគតិ ព្រះរាជមនសិការស្នេហាជាតិ មាតុភូមិ និងប្រជារាស្ត្រកម្ពុជា។ ក្រោមម្លប់ដ៏ ត្រជាក់ត្រជំនៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ប្រទេសជាតិបាននិងកំពុងបន្តពង្រឹងសន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម នីតិរដ្ឋ និងលិទ្ធិប្រជាធិបតេយ្យដែលជាមូលដ្ឋានគ្រឹះសម្រាប់ ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យ ហើយប្រជារាស្ត្រគ្រប់ៗរូប ទទួលបាននូវភាពសម្បូរសប្បាយប្រកបដោយភាពថ្លៃថ្នូរ មោទនភាព និងកិត្យានុភាពជាតិ និងក្តីសុខក្សេមក្សាន្តជានិច្ចនិរន្តរ៍តរៀងទៅ។ជាថ្មីម្តងទៀត សម្ដេចតេជោ និងសម្ដេចធិបតី ព្រមទាំងមន្រ្ដីរាជការអស់គ្នា សូមព្រះបរមរាជានុញ្ញាតលើកហត្ថប្រណមបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ គុណកែវទាំងបី ទេវតាឆ្នាំថ្មីព្រះនាម រាក្យសាទេវី ទេវតារក្សាព្រះមហាស្វេច្ឆត្រ ព្រមទាំងព្រះរាជតេជះ បារមីនៃអតីតព្រះមហាក្សត្រខ្មែរគ្រប់ព្រះអង្គ ជាពិសេស ព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ សូមព្រះអង្គតាមជួយ បីបាច់ថែរក្សាអភិបាលប្រោះព្រំនូវព្រះរាជសព្ទសាធុការពរជ័យថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមទ្រង់ឆាប់បានជាសះស្បើយពីព្រះរោគ និងមានព្រះរាជសុខភាពល្អបរិបូរ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា ព្រះជន្មាយុយឺនយូរ និងសមប្រកបដោយព្រះពុទ្ធពរដ៏ប្រសើរថ្លៃថ្លាទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបែងចែកភាគលាភឆ្នាំ២០២៥ ជាង ២៨,៧ ប៊ីលានរៀលជូនភាគហ៊ុនិក
06/05/2026 08:06 AM
ក្រុមហេសបូឡា ច្រានចោលបទឈប់បាញ់រវាងអ៊ីស្រាអែល-លីបង់ គាំទ្រដោយអាមេរិក
06/05/2026 08:06 AM
កម្ពុជា-សិង្ហបុរី ពិភាក្សាអំពីលទ្ធភាព នៃការជំរុញនាំចេញផលិតផលកម្ពុជាទៅកាន់ទីផ្សារសិង្ហបុរី
06/05/2026 08:06 AM
ព្រឹត្តិការណ៍ “ដើរ ២ ៧០០ ជំហាន ដើម្បីទារកនិងកុមារកម្ពុជា” ប្រមូលថវិកាបានជាង ២ ១០០ លានរៀល
06/05/2026 08:06 AM
កម្ពុជាធ្វើជាម្ចាស់ផ្ទះសិក្ខាសាលាស្តីពី ការបង្កើតកិច្ចសហប្រតិបត្តិការស្ថាប័នប្រវត្តិសាស្ត្រយោធាអាស៊ាន(AMHIC)”
06/05/2026 07:06 AM
បម្រែបម្រួលអាកាសធាតុធ្វើឲ្យប៉ះពាល់ដល់កសិករចិញ្ចឹមឃ្មុំនៅកូរ៉េខាងត្បូង
06/04/2026 08:06 PM
EU និង UNICEF បញ្ជូនគ្រឿងផ្គត់ផ្គង់សង្រ្គោះជំងឺអេបូឡាទៅកាន់កុងហ្គោ ខណៈផ្ទុះការរីករាលដាលឆ្លង
06/04/2026 08:06 PM
មន្ត្រីជាន់ខ្ពស់ការបរទេស៖កម្ពុជាបានជ្រើសរើសអ្នកផ្សះផ្សាពីររូបរួចហើយ ខណៈភាគីថៃមានពេល២១ថ្ងៃ ដើម្បីជ្រើសរើសអ្នកផ្សះផ្សាពីររូបដែរ
06/04/2026 08:06 PM
កម្ពុជាធ្វើជាម្ចាស់ផ្ទះសិក្ខាសាលាស្តីពី ការបង្កើតកិច្ចសហប្រតិបត្តិការស្ថាប័នប្រវត្តិសាស្ត្រយោធាអាស៊ាន(AMHIC)”
06/04/2026 08:06 PM
មាន​អ្នក​ស្លាប់ច្រើន​នាក់​ ក្នុងហេតុការណ៍​ធ្លាក់យន្តហោះនៅតំបន់ Istria របស់​ក្រូអាត
06/04/2026 08:06 PM