កម្ពុជាធ្វើជាម្ចាស់ផ្ទះសិក្ខាសាលាស្តីពី ការបង្កើតកិច្ចសហប្រតិបត្តិការស្ថាប័នប្រវត្តិសាស្ត្រយោធាអាស៊ាន(AMHIC)”
មន្ត្រីជាន់ខ្ពស់ការបរទេស៖កម្ពុជាបានជ្រើសរើសអ្នកផ្សះផ្សាពីររូបរួចហើយ ខណៈភាគីថៃមានពេល២១ថ្ងៃ ដើម្បីជ្រើសរើសអ្នកផ្សះផ្សាពីររូបដែរ
កម្ពុជាធ្វើជាម្ចាស់ផ្ទះសិក្ខាសាលាស្តីពី ការបង្កើតកិច្ចសហប្រតិបត្តិការស្ថាប័នប្រវត្តិសាស្ត្រយោធាអាស៊ាន(AMHIC)”
សម្តេចតេជោ ចែករំលែកបទវិភាគអ្នកជំនាញភូមិសាស្ត្រនយោបាយថៃ «អន្ទាក់​របស់កម្ពុជា! តើ Anutin នាំប្រទេសឱ្យចាញ់ក្តីនៅ​តុលាការ​អន្តរជាតិម្តងទៀតឬ?»

ព័ត៌មានជាតិ

កម្ពុជាឃាត់ខ្លួនជនជាតិថៃម្នាក់ ក្រោយចូលជ្រៅក្នុងទឹកដីកម្ពុជាដោយខុសច្បាប់ ខណៈកំពុងសម្របសម្រួលតាមយន្តការទំនាក់ទំនងព្រំដែនឈរលើគោលការណ៍មនុស្សធម៌ ដើម្បីបញ្ជូនខ្លូនទៅវិញ

2026/05/14 10:50:32 am        282
កម្ពុជា និងថៃ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ នេះ បាននិងកំពុងបន្តសម្របសម្រួលតាមយន្តការទំនាក់ទំនងព្រំដែនកម្ពុជាថៃឈរលើគោលការណ៍មនុស្សធម៌ ដើម្បីពិនិត្យលទ្ធភាពបញ្ជូនបុរសជនជាតិថៃម្នាក់អាយុ ៥៨ ឆ្នាំ ត្រឡប់ទៅប្រទេសថៃវិញ បន្ទាប់ពីបុរសរូបនេះបានចូលមកជ្រៅក្នុងទឹកដីកម្ពុជាដោយខុសច្បាប់ ស្ថិតក្នុងភូមិសាស្ត្រភូមិគោកចាន់រី សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ កន្លងទៅ។ការឃាត់ខ្លួននេះ ធ្វើឡើងស្របតាមច្បាប់ និងវិធានការការពារសន្តិសុខ អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។ អាជ្ញាធរកម្ពុជាបានបញ្ជាក់ថា រាល់ការចូលមកដែនអធិបតេយ្យរបស់កម្ពុជា ដោយគ្មានការអនុញ្ញាត ត្រូវតែអនុវត្តវិធានការតាមច្បាប់យ៉ាងម៉ឺងម៉ាត់។ ក្រោយកើតហេតុ យោធាភូមិភាគទី២ របស់ថៃ បានទំនាក់ទំនងមកយោធភូមិភាគទី៤ របស់កម្ពុជា ដើម្បីស្នើសុំកិច្ចសហការពាក់ព័ន្ធនឹងបុរសរូបនេះ។ ភាគីកម្ពុជាបានទទួលយកសំណើសុំការសម្របសម្រួលនេះដោយសុច្ឆន្ទៈ និងកំពុងពិនិត្យតាមនីតិវិធី ព្រមទាំងយន្តការដែលមានរវាងប្រទេសទាំងពីរ។ ប្រភពពីអាជ្ញាធរកម្ពុជាបានឱ្យដឹងថា បុរសជនជាតិថៃរូបនេះកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់សមត្ថកិច្ចកម្ពុជា ដោយមានសុវត្ថិភាព និងទទួលបានការយកចិត្តទុកដាក់។កម្ពុជាបញ្ជាក់ជាថ្មីថា ការការពារអធិបតេយ្យភាព និងសន្តិសុខជាតិ គឺជាកាតព្វកិច្ចមិនអាចបន្ធូរបន្ថយបានឡើយ។ ទន្ទឹមនឹងនេះ កម្ពុជាក៏នៅតែប្រកាន់ខ្ជាប់នូវស្មារតីសហប្រតិបត្តិការប្រកបដោយសុឆន្ទៈ និងគោរពគោលការណ៍មនុស្សធម៌ក្នុងការដោះស្រាយបញ្ហាជាមួយប្រទេសជិតខាងដោយសន្តិវិធី និងទំនួលខុសត្រូវ ដោយឈរលើមូលដ្ឋានច្បាប់។ប្រសិនបើការពិនិត្យតាមនីតិវិធីត្រូវបានបញ្ចប់ និងមិនមានបញ្ហាផ្សេងទៀត ភាគីកម្ពុជានឹងពិចារណាសម្របសម្រួលការបញ្ជូនបុរសជនជាតិថៃរូបនេះត្រឡប់ទៅឱ្យភាគីថៃវិញ នៅពេលវេលាសមស្រប។

សម្តេចតេជោ ស្នើឱ្យពិនិត្យដកមន្រ្តីកាំកុងត្រូល ខេត្តបាត់ដំបងដែលកុហករឿងទុរេននាំចូល ដើម្បីជាសារព្រមានមន្រ្តីទាំងអស់កុំឲ្យពូកែកុហកថ្នាក់លើ និងប្រជាជន

2026/05/14 10:45:25 am        388
សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានស្នើឲ្យពិនិត្យដកមន្រ្តីកាំកុងត្រូល ក.ប.បខេត្តបាត់ដំបង ដែល និយាយថាជាទុរេនខ្មែរ ខណៈទុរេននោះបាននាំចូលមកពីថៃសោះ ហើយសម្តេចតេជោបានចោទសួរថា មន្រ្តីក.ប.បនោះបានជាប់វិន័យហើយឬនៅ ខណៈអ្នកនាំចូលបានសារភាពនិងជាប់ទោសហើយនោះ។ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ និងមន្ត្រីនៃមន្ទីរ-អង្គភាពនានាជុំវិញខេត្តស្វាយរៀង នាថ្ងៃទី១៤ ខែ ឧសភា ឆ្នាំ២០២៦នេះ សម្តេចតេជោបានបង្ហាញការមិនអស់ចិត្តចំពោះមន្រ្តីត្រួតពិនិត្យក.ប.ប ខេត្តបាត់ដំបង ដែលនិយាយថាទុរេននាំមកពីថៃសោះបែជាហ៊ាននិយាយថាជាទុរេនខេត្តកំពង់ចាមទៅវិញ ហើយសម្តេចបានស្នើ ពិនិត្យដកមន្រ្តីនោះ ដើម្បីជាសារព្រមានដល់មន្រ្តីផ្សេងៗទៀត កុំឲ្យពូកែកុហកថ្នាក់លើ និងប្រជាជន។សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ទាំងមហាជន រួមទាំងសម្តេចផង នូវមិនទាន់អស់ចិត្តចំពោះមន្ត្រីដែលប្រកាសថាជាទុរេនកំពង់ចាមនោះ បានជាប់វិន័យហើយនៅ? ខណៈអ្នកនាំចូលបានសារភាពនិងជាប់ទោសហើយនោះ។ សម្តេចតេជោ ក៏បានបញ្ជាឲ្យសួរទៅកាន់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចំពោះមន្ត្រី ក.ប.បនេះផងដែរថា តើមានចំណាត់ការបែបណា? ដោយទុរេននាំមកពីថៃសោះបែជាហ៊ាននិយាយថាយកទៅពីកំពង់ចាមទៅវិញ?។ សម្តេចតេជោ ហ៊ុន សែន ក៏បានអះអាងផងដែរថា សម្តេចជាអ្នកខេត្តកំពង់ចាម ដូច្នេះទុរេនកំពង់ចាមមិនទាន់មានលទ្ធភាពផ្គត់ផ្គង់ទៅខេត្តបាត់ដំបងបានទេ យ៉ាងច្រើនមានក្នុងខេត្តកំពង់ចាម និងនៅត្រឹមភ្នំពេញតែប៉ុណ្ណោះ។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្ដេចតេជោ បានថ្លែងបន្ថែមថា៖«សម្តេចតេជោ បានស្នើឲ្យពិនិត្យដកមន្រ្តីកាំកុងត្រូល (ក.ប.ប) ដែលកុហករឿងទុរេននាំចូល ដើម្បីជាសារព្រមានមន្រ្តីទាំងអស់ កុំឲ្យពូកែកុហកថ្នាក់លើ និងប្រជាជន»៕

សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សានិងមន្ត្រីនៃមន្ទីរ-អង្គភាពនានាជុំវិញខេត្តស្វាយរៀង

2026/05/14 07:57:06 am        350
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦នេះ អញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ និងមន្ត្រីនៃមន្ទីរ-អង្គភាពនានាជុំវិញខេត្តស្វាយរៀង ខណៈដែលនេះជាជំនួបទី៦ហើយ បន្ទាប់ពីជំនួបកន្លងទៅបានធ្វើនៅខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តកំពង់ស្ពឺ ខេត្តតាកែវ និងខេត្តកំពត-កែប។ ពិធីសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភា រដ្ឋសភា ប្រធាន អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តស្វាយរៀង សមាជិកក្រុមប្រឹក្សាខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តស្វាយរៀងសរុប១៣០២នាក់។ការចុះជួបសំណេះសំណាលនេះ សម្តេចតេជោបានបញ្ជាក់ថា គោលបំណងធំនៃការសម្រេចគោលដៅដែលសម្តេចបានដាក់ចេញ ពេលឡើងជាប្រធានព្រឹទ្ធសភា គឺការចូលរួមជាមួយរដ្ឋាភិបាលលើកិច្ចការការបរទេស នោះគឺការធ្វើការទូតសភា ខណៈដែលទាក់ទងកិច្ចការងារការបរទេសនេះ សកម្មភាពជំនួបរបស់សម្តេចទាំងក្នុងនិងក្រៅប្រទេស មានភាពសកម្មជាងមុន បើធៀបកាលសម្តេចធ្វើជានាយករដ្ឋមន្ត្រី និងទី២ ការធ្វើគណនេយ្យភាពជាមួយអង្គបោះឆ្នោត ដើម្បីឱ្យមានតម្លាភាព ក៏ដូចជាជំរុញឱ្យការងារមូលដ្ឋានកាន់តែមានប្រសិទ្ធភាព។ យោងតាមរបាយការណ៍របស់ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានឲ្យដឹងថា ខេត្តស្វាយរៀង ស្ថិតនៅតំបន់វាលរាបនៃទិសអាគ្នេយ៍ មានចម្ងាយ១២៥គ.ម ពីរាជធានីភ្នំពេញ និងមានផ្ទៃដីសរុប២.៩៦៦,៤០ គីឡូម៉ែត្រក្រឡា។ មានព្រំប្រទល់ខាងជើង និងខាងលិច ជាប់និងំខេត្តព្រៃវែង ខាងកើត និងខាងត្បូង ជាប់និង ខេត្តតៃនីញ ប្រទេសវៀតណាម (ប្រវែង ២៥៨គ.ម)។ ខេត្តស្វាយរៀងចែកចេញជា ២ក្រុង ៦ស្រុក ៨០ឃុំសង្កាត់ (១២សង្កាត់ ៦៨ឃុំ)៦៩០ភូមិ មានប្រជាពលរដ្ឋសរុប ១៦៨.៨៨៨គ្រួសារ ស្មើនឹង ៦៩៨.១៥៥នាក់ ស្រី ៣៥៩.២០៥នាក់។ នៅទូទាំងខេត្ត មានច្រកទ្វារព្រំដែនចំនួន ៨កន្លែង រួមមាន ៖ច្រកទ្វារព្រំដែនអន្តរជាតិ ២កន្លែង (បាវិត និងព្រៃវល្លិ៍) ,ច្រកទ្វារព្រំដែនទ្វេភាគី ២កន្លែង (សំរោង និងបុសមន) និងច្រកទ្វារតំបន់ព្រំដែន ៤កន្លែង (ស្រែបារាំង ព្រៃតាអី ដូង និងខ្សែដែក) ។តំបន់ភូមិសាស្ត្រខេត្តស្វាយរៀងបែងចែកជាបីប៉ូលសំខាន់ៗ គឺ៖ តំបន់ឧស្សាហកម្ម សេវាកម្ម និងទេសចរណ៍ មាននៅក្រុងបាវិត ក្រុងស្វាយរៀង ផ្នែកខ្លះ នៃស្រុកចន្ទ្រា កំពង់រោទិ៍ ស្វាយជ្រំ និងស្រុកស្វាយទាប ខណៈតំបន់កសិ-ឧស្សាហកម្ម មាននៅស្រុករមាសហែក ស្វាយទាប និងស្រុករំដួល ដែល កំពុងដាំដុះដំណាំអំពៅ ដំឡូងមី កៅស៊ូជាដើម និងក្រៅពីនេះជាតំបន់កសិកម្មដែលដាំដុះលើដំណាំស្រូវ ។ ប្រជាជនភាគច្រើនប្រកបមុខរបរកសិកម្មប្រមាណ ៥១,៥% ឧស្សាហកម្ម និងសេវាកម្ម ៤៨% និងមុខរបរសិប្បកម្មប្រមាណ ០,៥%។ចាប់តាំងពីមានការសម្រេចរបស់រាជរដ្ឋាភិបាលឲ្យបង្កើតតំបន់សេដ្ឋកិច្ចពិសេស នៅក្នុងទឹកដីនៃខេត្តស្វាយរៀង នៅឆ្នាំ២០០៥ រហូតមកដល់បច្ចុប្បន្ន នៅទូទាំងខេត្តមានតំបន់សេដ្ឋកិច្ច ពិសេស ចំនួន១៣កន្លែង កំពុងដំណើរការ ១២កន្លែង។តាមរបាយការណ៍ របស់ក្រុមប្រឹក្សាអភិវិឌ្ឍន៍កម្ពុជា ខេត្តស្វាយរៀង ជាខេត្តទទួលបានគម្រោងចុះទុនវិនិយោគ ច្រើនជាងគេ ទី២ នៅក្នុងប្រទេស គឺចំនួន ១៣៩គម្រោង ។ ជាមួយនេះ តាមរយៈអនុគណៈ កម្មាធិការវិនិយោគខេត្ត ក៏បានសម្រេចអនុញ្ញាតតាមការស្នើសុំក្នុងការចុះបញ្ជីវិនិយោគរបស់ ក្រុមហ៊ុនរោងចក្រ ចំនួន ៧គម្រោង ផងដែរ លើទុនវិនិយោគសរុបជាង២៣លានដុល្លារ បង្កើតការងារបានចំនួន ២.១៧៥នាក់ ។ ជារួមគិតត្រឹមខែឧសភា ឆ្នាំ២០២៦នេះ នៅទូទាំងខេត្ត មានតំបន់សេដ្ឋកិច្ចពិសេស ចំនួន ១៣កន្លែង ក្នុងនោះកំពុងដំណើរការចំនួន ១២កន្លែង និង មានរោងចក្រ សហគ្រាស ក្រុមហ៊ុនឯកជន ចំនួន ១.០៩៩កន្លែង ដែលបានផ្តល់ការងារជូន ប្រជាពលរដ្ឋ ចំនួន ១៦១.០០៣នាក់ ៕

កម្ពុជា បដិសេធ និងចាត់ទុកជាការមួលបង្កាច់ចំពោះការផ្សាយរបស់សារព័ត៌មានថៃចោទប្រកាន់កម្ពុជាថា បានបាញ់ចំនួន ១១គ្រាប់ នៅទីតាំងច្រកអន្តរជាតិអូស្មាច់

2026/05/13 10:05:27 pm        165
ភ្នំពេញ: កម្ពុជា បដិសេធ និងចាត់ទុកជាការមួលបងកាច់ ចំពោះការផ្សាយរបស់សារព័ត៌មានថៃចោទប្រកាន់កម្ពុជាថា បានបាញ់ចំនួន ១១គ្រាប់ នៅទីតាំងច្រកអន្តរជាតិអូស្មាច់។នឮបើតាមលោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានឱ្យដឹងថា នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ សារព័ត៌មានថៃមួយចំនួន បានចុះផ្សាយចោទប្រកាន់មកលើកងកម្លាំងកម្ពុជាថា បានបាញ់ ចំនួន១១គ្រាប់ នៅទីតាំងច្រកអន្តរជាតិអូស្មាច់ ខេត្តឧត្តរមានជ័យ។  អ្នកនាំពាក្យក្រសួងការពារជាតិ កម្ពុជា ប្រកាសបដិសេធចោលទាំងស្រុង អំពីការលើកឡើងខាងលើនេះ និងសូមបញ្ជាក់ថាគឺជាព័ត៌មានមិនពិត និងជាការមួលបង្កាច់ធ្ងន់ធ្ងរ៕

កម្ពុជា ដាក់ឱ្យប្រើប្រាស់ បណ្ណបើកបរឌីជីថលដែលអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវតាមថ្នាលផ្ទៀងផ្ទាត់ឯកសារ

2026/05/13 07:50:35 pm        142
ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ខ.) និង ឯកឧត្ដម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញជាសហអធិបតីក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការបណ្ណបើកបរឌីជីថលដែលអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវតាមថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh។ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការបណ្ណបើកបរទម្រង់ឌីជីថលដែលអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវតាមថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh នេះ មានការអញ្ជើញចូលរួមដោយផ្ទាល់ពី ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រីរាជការនៃ ក.ប.ទ. និង ស.ក.ដ ថ្នាក់ដឹកនាំជាសមាសភាពគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល តំណាងក្រសួង ស្ថាប័ន តំណាងរដ្ឋបាលរាជធានី ខេត្ត តំណាងអគ្គស្នងការដ្ឋាននគរបាលជាតិ តំណាងដៃគូអភិវឌ្ឍន៍ តំណាងស្នងការដ្ឋាននគរបាលរាជធានី ខេត្ត មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី ខេត្ត សមាគម ក្រុមហ៊ុន និងអ្នកពាក់ព័ន្ធផ្សេងទៀត ប្រមាណ ៣៣០នាក់។សូមបញ្ជាក់ដែរថា បន្ទាប់ពីបានចុះអនុស្សរណៈនៃការយោគយល់រវាង ក.ប.ទ. និង ស.ក.ដ រួចមក ក្រុមការងារបច្ចេកទេសនៃក្រសួងទាំងពីរបានសហការក្នុងការតភ្ជាប់ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ជាមួយនឹងប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់ ស.ក.ដ ដើម្បីផ្ទៀងផ្ទាត់និងបង្ហាញភាពត្រឹមត្រូវ សុពលភាព ពិន្ទុ និងទិន្នន័យផ្សេងទៀតនៃបណ្ណបើកបរ ដែលចេញដោយ ស.ក.ដ។ បន្ថែមពីនេះ បណ្ណបើកបរដែលអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវតាមថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh បែងចែកជា ៣ ប្រភេទដូចខាងក្រោម៖1. បណ្ណបើកបរដែលមានដាក់ QR Code របស់ ស.ក.ដ ដែលបានចេញឱ្យប្រើប្រាស់រួច អាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវតាមរយៈការស្គែន QR Code នៅលើបណ្ណបើកបរនោះ ដែលនឹងបញ្ជូនបន្តភ្ជាប់ (redirect) ទៅកាន់ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh។2. ការរក្សាទុកបណ្ណបើកបរ (ជាទម្រង់ឌីជីថល) ក្នុង Personal Wallet នៅលើកម្មវិធី DG SuperApp តាមរយៈការស្គែន QR Code របស់ ស.ក.ដ នៅលើបណ្ណបើកបរដែលបានចេញឱ្យប្រើប្រាស់រួចនឹងអនុញ្ញាតឱ្យសាមីខ្លួនអាចស្នើសុំ QR Code ស្ដង់ដានៃថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ។3. បណ្ណបើកបរដែលនឹងមានដាក់ QR Code ស្ដង់ដា ដើម្បីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវតាមរយៈថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh នឹងត្រូវរៀបចំដាក់ឱ្យដំណើរការចាប់ពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ តទៅ។ក.ប.ទ. និង ស.ក.ដ សង្ឃឹមយ៉ាងមុតមាំថា សាធារណជន និងបណ្តាញសារព័ត៌មានទាំងអស់ នឹងចូលរួមផ្សព្វផ្សាយព័ត៌មាននេះឱ្យបានទូលំទូលាយ ដើម្បីជាប្រយោជន៍ក្នុងការប្រើប្រាស់សេវាឌីជីថលឱ្យកាន់តែមានប្រសិទ្ធភាព៕

កម្ពុជា និងសហរដ្ឋអាម៉េរិក ប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅ

2026/05/13 05:21:11 pm        139
នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកស្រី Bridgette L. Walker ភារធារីស្តីទី នៃស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសន្តិភាព ក្នុងឱកាសដែលលោកស្រីត្រូវបញ្ចប់បេសកកម្មការទូតនៅកម្ពុជា។ ក្នុងឱកាសនៃជំនួប, លោកស្រី Walker បានសម្ដែងនូវក្ដីសោមនស្សរីករាយដែលបានមកបំពេញបេសកកម្មការទូតដោយជោគជ័យនៅកម្ពុជា។ លោកស្រីបានកត់សម្គាល់ឃើញថា ប្រទេសកម្ពុជាមានការរីកចម្រើនលើវិស័យជាច្រើន ហើយទំនាក់ទំនងទ្វេភាគីកម្ពុជា-សហរដ្ឋអាម៉េរិក ក៏មានការវិវឌ្ឍប្រកបដោយភាពវិជ្ជមានជាបន្តបន្ទាប់ ដោយក្នុងនោះរួមមាន មានការបញ្ជូនត្រឡប់មកវិញនូវវត្ថុបុរាណខ្មែរ, ការរៀបចំអបអរសាទរខួបលើកទី ៧៥ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ និងការកើនឡើងនៃចំនួនគណៈប្រតិភូរដ្ឋាភិបាលនិងសភាសហរដ្ឋអាម៉េរិក មកទស្សនកិច្ចនៅកម្ពុជា ជាពិសេសគណៈប្រតិភូនៃក្រសួងការពារជាតិ និងការចូលចតនៃនាវាកងទ័ពជើងទឹកសហរដ្ឋអាម៉េរិក នៅកម្ពុជា។ លោកស្រីបានបន្ថែមថា កម្ពុជា និងសហរដ្ឋអាម៉េរិក កាលពីខែតុលា ឆ្នាំ២០២៥ កន្លងទៅ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មស្ដីពី ពន្ធបដិការ សំដៅពង្រឹង និងពង្រីកពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន ។ ជាការឆ្លើយតប, សម្ដេចធិបតីបានអបអរសាទរលោកស្រីភារធារីស្តីទី ដែលបានបញ្ចប់បេសកកម្មការទូតប្រកបដោយជោគជ័យ នៅកម្ពុជា និងថ្លែងអំណរគុណលោកស្រី ដែលបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីកម្ពុជា-សហរដ្ឋអាមេរ៉េក កាន់តែជិតស្និទ្ធ និងស៊ីជម្រៅ ជាពិសេសក្នុងដំណាក់កាលដ៏លំបាករបស់កម្ពុជា។ សម្ដេចធិបតីបានសម្ដែងនូវការពេញចិត្តចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងគូសបញ្ជាក់នូវការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបន្តពង្រឹងទំនាក់ទំនងជាមួយសហរដ្ឋអាម៉េរិកបន្ថែមទៀត។ ក្នុងឱកាសនោះដែរ, សម្ដេចធិបតីបានថ្លែងអំណរគុណឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក ដែលបានរួមចំណែកជួយសម្របសម្រួលឱ្យមានបទឈប់បាញ់រវាងកម្ពុជានិងថៃ, សេចក្តីថ្លែងការណ៍រួមទីក្រុងគួឡាឡាំពួ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងសេចក្ដីប្រកាសរួម ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។សម្ដេចធិបតី និងលោកស្រី Walker ក៏បានពិភាក្សាអំពីការបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួនទៀត រួមទាំងវិស័យពាណិជ្ជកម្ម និងការវិនិយោគ សំដៅទាក់ទាញវិនិយោគិនសហរដ្ឋអាម៉េរិកមកកម្ពុជាឱ្យកាន់តែកើនឡើង។ លោកស្រីបានបន្តថា វិនិយោគិនសហរដ្ឋអាម៉េរិក មានការចាប់អារម្មណ៍ចំពោះប្រទេសកម្ពុជា។ សម្ដេចធិបតីបានជម្រាបជូនថា កម្ពុជាបាននិងកំពុងបន្តកែទម្រង់ថែមទៀត ដើម្បីបន្តបង្កើតបរិយាកាសវិនិយោគអំណោយផល និងទាក់ទាញ សំដៅពង្រឹងភាពធន់ និងឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា៕

កម្មកររោងចក្រជាង១ពាន់នាក់ ចូលរួមប្រារព្ធទិវាពិភពលោក ដើម្បីសុវត្ថិភាព និងសុខភាពការងារ

2026/05/13 05:13:30 pm        100
កម្មករ កម្មការិនីមកពីរោងចក្រផ្សេងៗចំនួនសរុបជាង ១ពាន់នាក់ នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦នេះបានចូលរួមអបអរសាទរ «ទិវាពិភពលោក ដើម្បីសុវត្ថិភាព និងសុខភាពការងារ» ក្រោមប្រធានបទ “រួមគ្នាបន្តការពារកម្មករនិយោជិតពីភាពតានតឹងដោយកម្ដៅ និងលើកកម្ពស់សុខភាពផ្លូវចិត្តនៅកន្លែងធ្វើការ”។ កម្មវិធីនេះ ប្រារព្ធធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។នៅក្នុងកម្មវិធីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ប្រធានបទដ៏សំខាន់សម្រាប់កម្ពុជាក្នុងការប្រាព្ធពិធីនេះ គឺដើម្បីជំរុញការប្រុងប្រយ័ត្ននិងការយកចិត្តទុកដាក់បន្ថែមពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងបំណងស្វែងយល់ពីផលប៉ះពាល់នៃភាពតានតឹងដោយកម្តៅ និងភាពតានតឹងផ្លូវចិត្តហើយរួមគ្នារៀបចំវិធានការទប់ស្កាត់ឱ្យបានគ្រប់ជ្រុងជ្រោយ។ ឯកឧត្តមបានបន្តថា ការប្រែប្រួលអាកាសធាតុកំពុងជះឥទ្ធិពលអវិជ្ជមានដល់បរិស្ថាននិងសុខភាពមនុស្សទូទាំងពិភពលោក ហើយមិនមែនជារឿងដាច់ដោយឡែកសម្រាប់កម្ពុជានោះទេ ដែលនាំឱ្យអង្គការអន្តរជាតិខាងការងារ (ILO) បង្កើតអនុសញ្ញា១៥៥ និង១៨៧ ដែលផ្តោតលើសុវត្ថិភាពនិងសុខភាពការងារ។ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ បានពន្យល់យ៉ាងលម្អិតអំពីមូលហេតុបង្កនៃបញ្ហាទាំងពីរនេះ ដោយបញ្ជាក់ថា ក្រសួងបាននិងកំពុងដាក់ចេញនូវវិធានការជាបន្តបន្ទាប់ ដើម្បីធានាប្រសិទ្ធភាពនៃការបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ការងារ។ ក្នុងនោះ ក្រសួងបានពង្រឹងប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងសុខភាពការងារ (OSH) នៅតាមបណ្តាសហគ្រាស គ្រឹះស្ថាន តាមរយៈការរៀបចំកម្មវិធីបណ្ដុះបណ្ដាល ការចុះត្រួតពិនិត្យ និងការតាមដានយ៉ាងសកម្ម។ ជាពិសេស ក្នុងស្មារតីបុរេសកម្ម ក្រសួងកំពុងរៀបចំសេចក្ដីព្រាងច្បាប់ស្តីពីសុវត្ថិភាព និងសុខភាពការងារ ដែលរួមបញ្ចូលទាំងវិធានការការពារភាពតានតឹងដោយកម្ដៅ និងការលើកកម្ពស់សុខភាពផ្លូវចិត្ត ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ដែលតែងតែផ្ដល់អាទិភាពខ្ពស់បំផុតលើសុខុមាលភាពរបស់បងប្អូនកម្មករនិយោជិត។នៅក្នុងពិធីអបអរសាទរ «ទិវាពិភពលោក ដើម្បីសុវត្ថិភាព និងសុខភាពការងារ» ខាងលើនេះ លោក ទុន សុភ័ណ្ឌ មន្រ្តីសម្របសម្រួលថ្នាក់ជាតិនៃអង្គការ, លោក He Enjia ប្រធានសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) និងលោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា ក៏បានលើកឡើងពីសារៈសំខាន់នៃការបង្ការភាពតានតឹងដោយកម្ដៅនិងសុខភាពផ្លូវចិត្ត ប្តេជ្ញាបន្តកិច្ចសហការជាមួយរាជរដ្ឋាភិបាល និងជំរុញឱ្យមានកិច្ចខិតខំរួមគ្នាបន្ថែមទៀតពីភាគីពាក់ព័ន្ធក្នុងការដំណោះស្រាយបញ្ហានេះសម្រាប់កម្មករនិយោជិត៕អត្ថបទ៖ ឈិត បូរ៉ាវី 

គណៈកម្មការធ្វើជំរឿនមន្រ្តីជួបប្រជុំគ្នាអំពីដំណើរការនៃការចុះធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល

2026/05/13 04:25:33 pm        110
ដើម្បីឱ្យដំណើរការនៃការធ្វើជំរឿនមន្ត្រីជាក់ស្តែងប្រព្រឹត្តទៅបានដោយរលូន ទាន់ពេលវេលា និងអនុវត្តស្របតាមស្មារតីនៃសារាចររបស់រាជរដ្ឋាភិបាល នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ គណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែង ដឹកនាំដោយ ឯកឧត្តម សុខ សង្វារ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារចុះជំរឿននៅរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍សុីវិល បានដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាការងារត្រៀមចុះធ្វើជំរឿនមន្ត្រីជាក់ស្តែង នាពេលខាងមុខ។កិច្ចប្រជុំនេះរៀបចំឡើងនៅទីស្តីការរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍សុីវិល ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃគណៈកម្មការជំរឿនទាំង២ក្រសួង ស្ថាប័ន។គោលដៅនៃការធ្វើជំរឿនមន្ត្រីជាក់ស្តែងនេះ គឺដើម្បីប្រមូលបានទិន្នន័យច្បាស់លាស់ទាំងរចនាសម្ព័ន្ធ ទាំងចំនួនមន្ត្រីដែលកំពុងបំពេញការងារជាក់ស្តែង។ ទាំងនេះនឹងនាំមកនូវផលប្រយោជន៍ និងភាពច្បាស់លាស់ ក្នុងការគ្រប់គ្រងរដ្ឋបាលសាធារណៈ និងជាដំណើរការនៃការពង្រឹងសមត្ថភាពស្ថាប័ន នៃការគ្រប់គ្រងរដ្ឋបាលសាធារណៈ។គួររម្លឹកដែរថា គោលដៅនៃការធ្វើជំរឿន មាន៣ គឺទី១) ក្រសួង ស្ថាប័ននៅចំណុះអង្គការនីតិប្រតិបត្តិ ទី២) អង្គភាពសុខាភិបាលមូលដ្ឋាន និងទី៣) គ្រឹះស្ថានសិក្សាសាធារណៈ។ ដោយឡែកសម្រាប់ក្រសួង ស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិបានអនុវត្តរួចរាល់ជាស្ថាពរនៅក្រសួងមុខងារសាធារណៈ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងកិច្ចការនារី ហើយនឹងបន្តអនុវត្តនៅរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងតាមក្រសួង ស្ថាប័នផ្សេងៗ ជាបន្តបន្ទាប់ នាពេលឆាប់ៗនេះ៕

គណៈកម្មការប្រជុំពិនិត្យវឌ្ឍនភាពដំណើរការរៀបចំការប្រឡងជ្រើសរើសមន្រ្តីក្របខ័ណ្ឌក្រសួងយុត្តិធម៌ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងក្រសួងការបរទេស

2026/05/13 04:20:09 pm        109
នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦នេះ គណៈកម្មការរៀបចំការប្រឡងប្រជែង ដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង និងតំណាងក្រសួងយុត្តិធម៌ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងក្រសួង ស្ថាប័នពាក់ព័ន្ធ បានជួបជុំគ្នាដើម្បីពិនិត្យវឌ្ឍនការងារត្រៀមរៀបចំដំណើរការប្រឡងប្រជែង និងពិភាក្សាពីការកំណត់ដំណើរការរៀបចំការប្រឡងប្រជែងក្នុងក្របខ័ណ្ឌទាំង៣ គិតចាប់ពីមុនពេល អំឡុងពេល និងក្រោយពេលនៃប្រឡងប្រជែង។ទិដ្ឋភាពជារួមអង្គប្រជុំបានពិភាក្សាពីសកម្មភាពដែលត្រូវអនុវត្តទៅតាមដំណាក់កាលនាពេលខាងមុខដូចជា៖ ការប្រកាសទទួលស្គាល់បេក្ខជនសម្រាប់ការប្រឡងក្របខ័ណ្ឌក្រសួងយុត្តិធម៌ និងរដ្ឋលេខាធិការកិច្ចការព្រំដែន, ការរៀបចំសេចក្តីជូនដំណឹងពីដំណើរការប្រឡង, ការកំណត់យកកាលបរិច្ឆេទនិងទីតាំងជាក់លាក់សម្រាប់ការប្រឡងនីមួយៗ, ការកំណត់ការតាក់តែងវិញ្ញាសា, ការបែងចែកភារកិច្ទនិងការទទួលបន្ទុករបស់ក្រុមការងារនិងក្រសួង ស្ថាប័នសាមី និងកិច្ចការពាក់ព័ន្ធមួយចំនួនផ្សេងៗ។សូមជម្រាបដែរថា ចំពោះការរៀបចំប្រកាសទទួលស្គាល់បេក្ខជនសម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្រ្តីក្របខ័ណ្ឌក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងត្រូវធ្វើការសម្រេចទទួលស្គាល់ក្រោយពីការបិទទទួលពាក្យបេក្ខជនត្រឹមថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦។សម្រាប់ព័ត៌មានលម្អិតពាក់ព័ន្ធនឹងការប្រឡងក្របខ័ណ្ឌនីមួយៗ នឹងមានផ្សាយជូនជាបន្តបន្ទាប់ក្នុងពេលពេលឆាប់ៗខាងមុខនេះ។

អនុប្រធានសមាគមអតីតយុទ្ធជន អញ្ជើញប្រគល់ផ្ទះចំនួន ៤០ខ្នង របស់អ្នកឧកញ៉ា វិញ ហួរ ប្រគល់ជូនអតីតយុទ្ធជន និងនិវត្តជន ក្នុងខេត្តបាត់ដំបង

2026/05/13 04:15:52 pm        76
នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីប្រគល់ផ្ទះជាការឧបត្ថម្ភដោយ អ្នកឧកញ៉ា វិញ ហួរ អភិបាលក្រុមហ៊ុន កំពតផត ចំនួន ៤០ខ្នង ជូនអតីតយុទ្ធជន និងនិវត្តជន នៅភូមិដូនបារ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា។ឯកឧត្តម គន់ គីម មានប្រសាសន៍ថា តាងនាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានទី១ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ អ្នកឧកញ៉ា វិញ ហួរ ដែលបានរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការសាងសង់ផ្ទះជូនអតីតយុទ្ធជន និងនិវត្តជនតាមបណ្តាខេត្ត។ឯកឧត្តម មានប្រសាសន៍ទៀតថា ការឧបត្ថម្ភរបស់អ្នកឧកញ៉ា វិញ ហួរ គឺជាសកម្មភាពមនុស្សធម៌ដ៏មានអត្ថន័យ ចំពោះការធ្វើពលិកម្ម និងការតស៊ូបម្រើជាតិ មាតុភូមិ និងប្រជាជន ពីសំណាក់បងប្អូនអតីតយុទ្ធជន និងនិវត្តជន។នាឱកាសនេះ ឯកឧត្តម គន់ គីម បាននាំយកអំណោយរបស់ អ្នកឧកញ៉ា វិញ ហួរ រួមមាន គ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់មួយចំនួន និងថវិកាក្នុងមួយគ្រួសារទទួលបាន ៥ម៉ឺនរៀល៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជាធ្វើជាម្ចាស់ផ្ទះសិក្ខាសាលាស្តីពី ការបង្កើតកិច្ចសហប្រតិបត្តិការស្ថាប័នប្រវត្តិសាស្ត្រយោធាអាស៊ាន(AMHIC)”
06/05/2026 07:06 AM
បម្រែបម្រួលអាកាសធាតុធ្វើឲ្យប៉ះពាល់ដល់កសិករចិញ្ចឹមឃ្មុំនៅកូរ៉េខាងត្បូង
06/04/2026 08:06 PM
EU និង UNICEF បញ្ជូនគ្រឿងផ្គត់ផ្គង់សង្រ្គោះជំងឺអេបូឡាទៅកាន់កុងហ្គោ ខណៈផ្ទុះការរីករាលដាលឆ្លង
06/04/2026 08:06 PM
មន្ត្រីជាន់ខ្ពស់ការបរទេស៖កម្ពុជាបានជ្រើសរើសអ្នកផ្សះផ្សាពីររូបរួចហើយ ខណៈភាគីថៃមានពេល២១ថ្ងៃ ដើម្បីជ្រើសរើសអ្នកផ្សះផ្សាពីររូបដែរ
06/04/2026 08:06 PM
កម្ពុជាធ្វើជាម្ចាស់ផ្ទះសិក្ខាសាលាស្តីពី ការបង្កើតកិច្ចសហប្រតិបត្តិការស្ថាប័នប្រវត្តិសាស្ត្រយោធាអាស៊ាន(AMHIC)”
06/04/2026 08:06 PM
មាន​អ្នក​ស្លាប់ច្រើន​នាក់​ ក្នុងហេតុការណ៍​ធ្លាក់យន្តហោះនៅតំបន់ Istria របស់​ក្រូអាត
06/04/2026 08:06 PM
ឆ្មាំបដិវត្តន៍អ៊ីរ៉ង់អំពាវនាវឲ្យ​អ៊ីស្រាអែលដកទ័ពទៅកាន់ទីតាំងមុនសង្គ្រាម នៅលីបង់
06/04/2026 08:06 PM
ប្រទេស ១១ នៅអឺរ៉ុប អំពាវនាវឲ្យ​ EU មានច្បាប់ទិដ្ឋាការកាន់តែតឹងរ៉ឹង សម្រាប់ជនជាតិរុស្ស៊ី
06/04/2026 07:06 PM
អ៊ីស្រាអែលឃុំខ្លួនក្រុមបាតុករជ្វីហ្វជ្រុលនិយម បន្ទាប់ពី​បាន​វាយប្រហារលំនៅ​ឋាន​របស់ចៅក្រម
06/04/2026 07:06 PM
បទឈប់បាញ់នៅលីបង់ បង្កើនក្តីសង្ឃឹមពី​ការ​មាន​វឌ្ឍនភាព សម្រាប់កិច្ចព្រមព្រៀងអ៊ីរ៉ង់
06/04/2026 07:06 PM