មន្ត្រីជាន់ខ្ពស់ការបរទេស៖កម្ពុជាបានជ្រើសរើសអ្នកផ្សះផ្សាពីររូបរួចហើយ ខណៈភាគីថៃមានពេល២១ថ្ងៃ ដើម្បីជ្រើសរើសអ្នកផ្សះផ្សាពីររូបដែរ
កម្ពុជាធ្វើជាម្ចាស់ផ្ទះសិក្ខាសាលាស្តីពី ការបង្កើតកិច្ចសហប្រតិបត្តិការស្ថាប័នប្រវត្តិសាស្ត្រយោធាអាស៊ាន(AMHIC)”
សម្តេចតេជោ ចែករំលែកបទវិភាគអ្នកជំនាញភូមិសាស្ត្រនយោបាយថៃ «អន្ទាក់​របស់កម្ពុជា! តើ Anutin នាំប្រទេសឱ្យចាញ់ក្តីនៅ​តុលាការ​អន្តរជាតិម្តងទៀតឬ?»
ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរ អេស៊ា ខេមបូឌា និងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ​និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា​ចុះកិច្ចព្រមព្រៀងដើម្បីជំរុញកំណើនទេសចរណ៍កម្ពុជា

ព័ត៌មានជាតិ

កម្ពុជា និងសាធារណរដ្ឋអាស៊ែបៃហ្សង់ ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថាន ដើម្បីការ​អភិវឌ្ឍបៃតង

2026/05/13 04:06:35 pm        181
នៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម Elchin Amirbayov តំណាងប្រធានាធិបតីសាធារណរដ្ឋអាស៊ែបៃហ្សង់ទទួលបន្ទុកពិសេស ក្នុងជំនួបសម្តែងការគួរសម ដែលប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល និងមិត្តភាព។ ជំនួបនេះ បានផ្តោតសំខាន់លើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសាធារណរដ្ឋអាស៊ែបៃហ្សង់ លើវិស័យថាមពលកកើតឡើងវិញ និងការអភិវឌ្ឍបៃតង ដើម្បីរួមចំណែកដល់ការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានលើកឡើងពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ការប្រើប្រាស់ថាមពលស្អាត និងថាមពលកកើតឡើងវិញ ស្របតាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន និងគោលនយោបាយអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ឯកឧត្តមក៏បានស្វាគមន៍ចំពោះការចែករំលែកបទពិសោធន៍ បច្ចេកវិទ្យា និងកិច្ចសហការពាក់ព័ន្ធពីភាគីអាស៊ែបៃហ្សង់ ដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យថាមពលបៃតងនៅកម្ពុជា។ ជាការឆ្លើយតប ឯកឧត្តម Elchin Amirbayov បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា លើការការពារបរិស្ថាន និងការជំរុញការប្រើប្រាស់ថាមពលកកើតឡើងវិញ ហើយបានបង្ហាញពីបំណងពង្រឹងកិច្ចសហការជាមួយកម្ពុជា លើវិស័យដែលមានសក្តានុពលរួម ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងភាពធន់នឹងការប្រែប្រួលអាកាសធាតុ៕

សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី យាងជាព្រះរាជធិបតីពិធីប្រគល់ផ្ទះចំនួន ១០៤ខ្នង ជូនអតីតយុទ្ធជន និងនិវត្តជននៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង

2026/05/13 03:58:23 pm        212
នាព្រឹកថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០២៦ សម្តេចព្រះអភិសេរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្ដេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជាសព្វព្រះរាជហប្ញទ័យ យាងជាព្រះរាជធិបតីភាពក្នុងព្រះរាជពិធីប្រគល់ផ្ទះចំនួន ១០៤ខ្នង ជូនអតីតយុទ្ធជន និងនិវត្តជន និងយាងពិនិត្យដីសាងសងវត្ត ភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ ព្រះរាជពិធីប្រគល់ផ្ទះចំនួន១០៤ខ្នង និងពិនិត្យដីកសាងវត្ត មានការចូលរួមពី ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ឯកឧត្តមអ្នកឧកញ៉ា ម៉ម វណ្ណឌី ទីប្រឹក្សាសម្តេចតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភា និងលោកជំទាវអ្នកឧកញ៉ា និងថ្នាក់ដឹកនាំសមាគម ថ្នាក់ដឹកនាំខេត្ត ស្រុក ឃុំ កងកម្លាំងទាំងបីប្រភេទជុំវិញខេត្ត ព្រមទាំងបងប្អូនទទួលផ្ទះទាំង១០៤គ្រួសារ។ ផ្ទះថ្មីចំនួន ១០៤ ខ្នង ដែលបានប្រគល់ជូនបងប្អូនអតីតយុទ្ធជន និងនិវត្តជន ក្នុងភូមិសាស្រ្តខាងលើនេះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្ដល់ជូនតាមរយៈឯកឧត្តមអ្នកឧកញ៉ា ម៉ម វណ្ណឌី និងលោកជំទាវអ្នកឧកញ៉ា ទៀង ផល្លា។ព្រះរាជពិធីនោះដែរ សម្តេចព្រះអភិសេរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សព្វព្រះរាជហប្ញទ័យ ប្រទានអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាជូនអតីតយុទ្ធជន និងនិវត្តជនចូលរួមផងដែរ៕

កម្ពុជា-វៀតណាម នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាប្រពៃណី ក្នុងនាមជាអ្នកជិតខាងល្អ

2026/05/13 03:41:48 pm        217
ប្រមុខរាជដឹកនាំរាជរដ្ឋាភិបាលកម្ពុជា និងប្រធានគណៈឃោសនាអប់រំ និងចលនាមហាជនមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម បានបង្ហាញនូវការប្ដេជ្ញាចិត្ត បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាប្រពៃណី ក្នុងនាមជាអ្នកជិតខាងល្អ។ការបង្ហាញការប្ដេជ្ញាចិត្តបែបនេះក្នុងឱកាស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ត្រិញ វ៉ាន់ ក្វៀត (Trinh Van Quyet) សមាជិកការិយាល័យនយោបាយ និងជាប្រធានគណៈឃោសនាអប់រំ និងចលនាមហាជនមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និង គណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាពនាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦នេះ។ ក្នុងឱកាសនៃជំនួបនេះ, ឯកឧត្តម ត្រិញ វ៉ាន់ ក្វៀត បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា ហើយឯកឧត្តមមានជំនឿជឿជាក់ថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចធិបតី, កម្ពុជានឹងមានការអភិវឌ្ឍរីកចម្រើន និងសម្រេចបាននូវសមិទ្ធផលជាច្រើនបន្ថែមទៀត។ ឯកឧត្តម ក៏បានសម្តែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពដ៏ល្អប្រសើរ នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងរយៈពេលជិត៦០ ឆ្នាំកន្លងមកនេះ ព្រមទាំងជឿជាក់ថា ចំណងមិត្តភាពជាប្រពៃណី និងភាពស្និទ្ធស្នាលក្នុងនាមជាអ្នកជិតខាងល្អនេះ នឹងកាន់តែរីកចម្រើន រឹងមាំ ស្ថិតស្ថិរ និងគង់វង្សយូរអង្វែងបន្តទៀត។ ឯកឧត្តមក៏បានគូសបញ្ជាក់ថា រដ្ឋាភិបាល ក៏ដូចជាបក្សកុម្មុយនីស្តវៀតណាម នឹងបន្តជំរុញការអនុវត្តលើកិច្ចសហប្រតិបត្តិការដែលថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរបានឯកភាព និងដាក់ចេញឱ្យទទួលបានលទ្ធផលជាផ្លែផ្កា ស្របតាមទិសដៅដែលបានកំណត់។ ជាការឆ្លើយតប, សម្ដេចធិបតីបានសម្តែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរីកចម្រើនដ៏ឆាប់រហ័សក្នុងវិស័យសេដ្ឋកិច្ចរបស់វៀតណាម ក្រោមការដឹកនាំរបស់រដ្ឋាភិបាល ក៏ដូចជាបក្សកុម្មុយនីស្តវៀតណាម។ សម្ដេចធិបតីបានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី និងបានសម្តែងនូវការរីករាយចំពោះទំនាក់ទំនងដ៏ល្អរវាងរដ្ឋនិងរដ្ឋ, បក្សនិងបក្ស ក៏ដូចជាប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ។ សម្ដេចធិបតីក៏បានរំលេចនូវប្រវត្តិសាស្ត្រនៃទំនាក់ទំនងទ្វេភាគីក្នុងរយៈពេលជិត៦០ ឆ្នាំកន្លងមកនេះថា ប្រទេសទាំងពីរធ្លាប់បានឆ្លងកាត់ការលំបាក និងបានជំនះឧបសគ្គជាច្រើន ជាមួយគ្នា។ ក្នុងន័យនេះ, សម្តេចធិបតី បានគូសបញ្ជាក់ពីការបន្តជំរុញឱ្យកាន់តែខ្លាំងក្លាថែមទៀតនូវការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ព្រមទាំងបានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការទ្វេភាគីដ៏យូរអង្វែង ត្រូវបន្តពូនជ្រំ និងពង្រីកឱ្យកាន់តែរីកចម្រើន តាមរយៈស្មារតីសាមគ្គីភាពរបស់យុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរ។ សម្ដេចធិបតី និងឯកឧត្តម ត្រិញ វ៉ាន់ ក្វៀត បានពិភាក្សាលើការជំរុញការអនុវត្តកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យសំខាន់ៗ ដូចជា៖ នយោបាយ, សេដ្ឋកិច្ច, ពាណិជ្ជកម្ម និងវិនិយោគ, ការពារជាតិ និងសន្តិសុខ, វប្បធម៌ និង ទេសចរណ៍ ក៏ដូចជាការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធជាដើម៕

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធខួបទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដើម្បី​រំឭក​គុណ​បំណាច់​ដ៏​ធំ​ធេង

2026/05/13 03:33:03 pm        155
ប៉ៃលិន៖ នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ខេត្តប៉ៃលិន ប្រារព្ធខួបលើកទី១៩ ទិវា «អតីតយុទ្ធជន និងនិវត្តជនកម្ពុជា ១២ ខែឧសភា» ដើម្បីរំឭកអំពីវីរភាព និងផ្តល់កិត្តិយសឱ្យស័ក្តិសមទៅនឹងគុណបំណាច់របស់អតីតយុទ្ធជនចំពោះជាតិ និងប្រជាជនកម្ពុជា។លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្ត និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តប៉ៃលិន បានមានប្រសាសន៍ថា អតីតយុទ្ធជន និងនិវត្តជន មិនត្រូវបានមើលរំលងឡើយ ពោលគឺទទួលបានការយកចិត្តទុកដាក់ជាខ្លាំងពីប្រមុខថ្នាក់ដឹកនាំ សម្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសសម្ដេចមហាបវរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការទំនុកបម្រុងលើជីវភាពរបស់អតីតយុទ្ធជន និងនិវត្តជន ក៏ដូចជាបានផ្តល់ផ្ទះ និងដីសម្រាប់ធ្វើកសិកម្ម ជាដើម។ លោកជំទាវ បានបញ្ជាក់ទៀតថា ការប្រារព្ធខួបទិវា «អតីតយុទ្ធជន និងនិវត្តជន កម្ពុជា» គឺក្នុងគោលបំណងលើកតម្កើងវីរភាពដ៏អង់អាចក្លាហាន និងគុណបំណាច់ដ៏ធំធេងរបស់អតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលបានធ្វើពលិកម្ម បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន ដោយធ្វើការផ្សព្វផ្សាយឱ្យប្រជាជនទូទាំងប្រទេសបានយល់ដឹងកាន់តែទូលំទូលាយបន្ថែមទៀត អំពីអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ព្រមទាំងបំផុសចលនាគាំទ្រអតីតយុទ្ធជន និងនិវត្តជន ក្នុងការលើកកម្ពស់តួនាទីរបស់អតីតយុទ្ធជន និងនិវត្តជនក្នុងសង្គមជាតិ និងជំរុញស្មារតីស្នេហាជាតិក្នុងស្រទាប់ប្រជាជន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ជាពិសេសស្រទាប់យុវជន ដើម្បីប្រែក្លាយយុវជនឱ្យស័ក្តិសមជាសសរទ្រូង និងជាអ្នកបន្តវេនប្រកបដោយឧត្តមគតិ មោះមុត រឹងមាំ និងសេចក្តីថ្លៃថ្នូរ។ របាយការណ៍របស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តប៉ៃលិន បានបង្ហាញថា បច្ចុប្បន្ន អតីតយុទ្ធជននៅខេត្តប៉ៃលិន បានចូលជាសមាជិក អ.ន.ក. ខេត្តប៉ៃលិន សរុបចំនួន១,៤៥១នាក់ ក្នុងនោះ ជនពិការ ចំនួន៧៨៥នាក់, និវត្តជន ចំនួន៤៩៥នាក់, ជនបាត់បង់សមត្ថភាពការងារ ចំនួន១៥ នាក់, គ្រួសារជនពលី ចំនួន១២៦នាក់ និងគ្រួសារជនមរណៈ ចំនួន៣០នាក់៕

នគរបាលជំនាញព្រហ្មទណ្ឌរាជធានីភ្នំពេញ បង្រ្កាបជនសង្ស័យជនជាតិចិន ៣នាក់​ពាក់ព័ន្ធ​អំពើ​លួច​រថយន្ត និងផ្លាកលេខរថយន្តចំនួន ៦ករណី

2026/05/13 03:27:12 pm        118
នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៣ខែឧសភា ឆ្នាំ២០២៦ បានបង្ហាញមុខជនសង្ស័យជនជាតិចិនចំនួន៣នាក់ ដែលបានធ្វើសកម្មភាពលួចរថយន្ត និងផ្លាកលេខរថយន្តចំនួន៦ករណីផ្សេងគ្នា ក្នុងនោះលួចរថយន្តបាន៣ករណី និងលួចផ្លាកលេខរថយន្ត៣ករណី ។ការបង្រ្កាបជនសង្ស័យបានសម្រេចនៅពេលនេះ កម្លាំងនគរបាលជំនាញ ព្រហ្មទណ្ឌ អនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលមានលោកឧត្តមសេនីយ៍ត្រី ប៊ុនសត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរងទទួលការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងលោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងស្រាវជ្រាវបង្រ្កាបជនសង្ស័យទាំង៣នាក់នេះនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចផ្លូវសហពន្ធ័រុស្សីសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ១-ជនសង្ស័យឈ្មោះ FEI YIYUAN ភេទប្រុស អាយុ ១៩៨៤ឆ្នាំជនជាតិចិន មុខរបរ មិនពិតប្រាកដ មានទីលំនៅស្នាក់នៅបន្ទប់ជួល អាគារ BAILY2 ផ្លូវសរបិត សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ២-ជនសង្ស័យឈ្មោះ XUE XITAO ភេទប្រុស អាយុ ឆ្នាំ១៩៩២ ជនជាតិចិន មុខរបរ មិនពិតប្រាកដ មានទីលំនៅស្នាក់នៅបន្ទប់ជួល អាគារ BALY 2 ផ្លូវស ប៊ិត សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ៣-ជនសង្ស័យឈ្មោះ QIAN XIQIANG ភេទប្រុស អាយុ ឆ្នាំ១៩៩២ ជនជាតិចិន មុខរបរ មិនពិត ប្រាកដ មានទីលំនៅស្នាក់ នៅបន្ទប់ជួល អាគារ BAI LY 2 ផ្លូវសប៊ិត សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ជនសង្ស័យខាងលើបានធ្វើសកម្មភាពរួមមាន:១.លួចរថយន្តម៉ាក ALPHARD ពណ៍ខ្មៅ ពាក់ផ្លាកលេខ APO.K66 នៅចំណុច អគារខុនដូ ONE PRAK សង្កាត់ស្រះចក ខណ្ឌដូ ន ពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី៣ខែឧសភាឆ្នាំ២០២៦។២.លួចរថយន្តម៉ាក LEXUS LM350 ពណ៍ខ្មៅ ពាក់ ផ្លាកលេខ H.Z.8998 នៅចំណុច អគារខុនដូONE PRAK សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី៥ខែឧសភា ឆ្នាំ២០២៦។៣.លួចរថយន្តម៉ាក GAC NG8 ពណ៌ស ពាក់ផ្លាកលេខ 2CI-3521 នៅចំណុច បុរីប៉េងហួត គម្រោងអេកូសាន់រ៉ាយ ភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភំពេញ កាល ពី យប់ថ្ងៃទី៥ខែឧសភាឆ្នាំ២០២៦។ ៤.ស្លួចផ្លាកលេខរថយន្តភ្នំពេញ២M-២១៤៩ នៅចំណុចមុខឃ្លាំងក្នុងបរិវេណបុរីមង្គល់ថ្មី ភូមិ១ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៏ ខេត្តព្រៃវែង កាល ពី ថ្ងៃទី០៧ខែឧសភាឆ្នាំ២០២៦។៥.លួចផ្លាកលេខរថយន្តភ្នំពេញ២W-៤០១៦ នៅចំណុចមុខផ្ទះលេខ៤៩៧ ផ្លូវលំ ភូមិកោះតេជោ២ សង្កាត់គគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាលកាលពីយប់ថ្ងៃទី៦ខែឧសភាឆ្នាំ២០២៦។៦.លួចផ្លាកលេខរថយន្តភ្នំពេញ២CH-៦៣០០ នៅចំណុចភូមិលេខ៦ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង កាលពីព្រឹកថ្ងៃទី៦ខែឧសភាឆ្នាំ២០២៦។ -សម្ភារដកហូតរួមមាន៖ -រថយន្តចំនួន០១គ្រឿង ម៉ាក់PUIR ពណ៍ទឹកមាស ផ្លាកលេខភ្នំពេញ ២BC-៨៥០៨ ឆាំ្ន២០០៩ (ជាមធ្យោបាយធ្វើសកម្មភាព) ឧបករណ៍សម្ភារបម្រើឲ្យអំពើលួចនិងផ្លាកលេខចំនួន ១០ សន្លឹក។ បច្ចុប្បន្នជនសង្ស័យខាងលើកំពុងកសាងសំណុំរឿងចាត់ការតាមនិតិវិធី៕

ទូតសិង្ហបុរីថ្មីប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើនរឹងមាំ

2026/05/13 02:51:48 pm        167
ក្នុងឱកាសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦នេះ នៅវិមានសន្តិភាព ឯកឧត្តម Pang Chee Wee ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋសិង្ហបុរីប្រចាំនៅកម្ពុជា បានបង្ហាញនូវការប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើនរឹងមាំថែមទៀត។ ក្នុងឱកាសនៃជំនួបនេះ, ឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្តែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី និងបានគូសបញ្ជាក់ថា ជំនួបជាញឹកញាប់រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានឆ្លុះបញ្ចាំងពីការផ្សារភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធ សិង្ហបុរី-កម្ពុជា។ ឯកឧត្តមឯកអគ្គរដ្ឋទូត ប្តេជ្ញា និងខិតខំជំរុញការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យសំខាន់ៗជាច្រើន ឱ្យកាន់តែរីកចម្រើនរឹងមាំបន្ថែមទៀត។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានជម្រាបជូន សម្តេចធិបតី អំពីការបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាព រួមមាន៖ ស្បៀងអាហារ និងផលិតផលកសិកម្ម ដោយផ្តោតលើការនាំចេញទៅកាន់ទីផ្សារសិង្ហបុរី, កិច្ចសហប្រតិបត្តិការលើវិស័យឡូជីស្ទីក (Logistics) និងការតភ្ជាប់ (Connectivity), និងការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET)។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ បន្ថែមថា សិង្ហបុរីបានចាត់ទុកថា កម្លាំងពលកម្មវ័យក្មេងរបស់កម្ពុជា ជាកម្លាំងពលកម្មដែលមានសក្ដានុពលខ្ពស់ និងមានឱកាសការងារនៅក្នុងប្រទេសសិង្ហបុរី។ ជាមួយគ្នានេះ, ឯកឧត្តម Pang Chee Wee ក៏បានលើកឡើងអំពីការបន្តកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយក្រសួងស្ថាប័ននៃរាជរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធនឹងការកសាងសមត្ថភាព តាមរយៈការបណ្ដុះបណ្ដាល និងការផ្ដល់ជំនាញបច្ចេកទេសដល់មន្ត្រីរាជការនៅតាមបណ្ដាក្រសួងស្ថាប័នរបស់កម្ពុជា។ ជាការឆ្លើយតប, សម្តេចធិបតី បានសម្តែងនូវការអបអរសាទរចំពោះ ឯកឧត្តម Pang Chee Wee ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មី និងបានបង្ហាញនូវជំនឿចិត្តយ៉ាងមុតមាំថា ក្នុងអាណត្តិការទូតរបស់ឯកឧត្តម ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីនឹងកាន់តែស៊ីជម្រៅបន្ថែមទៀត។ សម្តេចធិបតីបានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អ លេីវិស័យ ជាច្រើន នៃប្រទេស ទាំងពីរ និងបានគូសបញ្ជាក់ថា កម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តពង្រឹង និងស្វែងរកកាលានុវត្តភាពថ្មីៗ ក្នុងកិច្ចសហប្រតិបត្តិការជាមួយ សិង្ហបុរី ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងតំបន់។ ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យ TVET , សម្តេចធិបតីបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិដ៏ល្អនេះ និងបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានប្រគល់ភារកិច្ចដល់ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីរៀបចំ និងអនុវត្តកម្មវិធី "គន្លងអប់រំថ្មី" ដែលមានគោលដៅតម្រង់ទិសវិជ្ជាជីវៈ និងការសាងជំនាញបច្ចេកទេសដល់យុវជន និងសិស្សនៅវិទ្យាល័យ ទៅតាមឧបនិស្ស័យ និងបំណិនផ្ទាល់ខ្លួន ដើម្បីឱ្យស្របទៅតាមតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន និងទៅអនាគត។ បន្ថែមពីនេះ, សម្តេចធិបតី និងឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានពិភាក្សាអំពីការបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗផ្សេងទៀត រួមមាន៖ ពាណិជ្ជកម្ម និងវិនិយោគ, ការពារជាតិ និងសន្តិសុខ, ថាមពល, សុខាភិបាល, ការអភិរក្សជីវៈចម្រុះ និងទេសចរណ៍បែបធម្មជាតិ ជាដើម។ សម្តេចធិបតីក៏បានលើកទឹកចិត្តដល់ឯកឧត្តមឯកអគ្គរដ្ឋទូត បន្តផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជា ដើម្បី ជំរុញកិច្ច សហប្រតិបត្តិការ ឱ្យសម្រេចបាននូវសមិទ្ធផលប្រកបដោយផ្លែផ្កាបន្ថែមទៀត ដែលជាផលប្រយោជន៍ទៅវិញទៅមកសម្រាប់ជាតិ និងប្រជាជននៃប្រទេសទាំងពីរ៕

អ្នកនយោបាយ គាំទ្រការរៀបចំដាក់ឱ្យអនុវត្ត​ច្បាប់កាតព្វកិច្ចយោធាជា ដើម្បីជាខឿន​ការពារជាតិ​ដ៏រឹងមាំ

2026/05/13 02:49:38 pm        160
ភ្នំពេញ៖ អ្នកនយោបាយបានបង្ហាញការគាំទ្រចំពោះរដ្ឋសភាអនុម័តច្បាប់កាតព្វកិច្ចយោធា និងគាំទ្រទាំងស្រុងនៅខ្លឹមសារ នីតិវិធីច្បាប់ និងបទដ្ឋានទាំងឡាយដែលពាក់ព័ន្ធនឹងកាតព្វកិច្ចយោធា ដោយសារកាតព្វកិច្ចយោធា គឺជាខឿនការពារជាតិដ៏រឹងមាំសម្រាប់ប្រទេសកម្ពុជា និងបានអំពាវនាវឲ្យយុវជននិងយុវតីចូលរួមបំពេញកាតព្វកិច្ចយោធាដើម្បីការពារជាតិ មាតុភូមិ។ ឯកឧត្តម គង្គ់ ប៊ុនធឿន ប្រធានគណបក្សចលនាប្រជាធិបតេយ្យ បានថ្លែងថា គណបក្សចលនាប្រជាធិបតេយ្យ ទទួលយកនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានៅក្នុងបទអន្តរាគមន៍ក្នុងសម័យប្រជុំវិសាមញ្ញ នីតិកាលទី៧ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ លើសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា។ ហើយគាំទ្ររដ្ឋសភាដែលបានអនុម័តច្បាប់កាតព្វកិច្ចយោធា និងគាំទ្រទាំងស្រុងនៅខ្លឹមសារ នីតិវិធីច្បាប់ និងបទដ្ឋានទាំងឡាយដែលពាក់ព័ន្ធនឹងកាតព្វកិច្ចយោធា ដោយសារកាតព្វកិច្ចយោធា គឺជាខឿនការពារជាតិដ៏រឹងមាំសម្រាប់ប្រទេសកម្ពុជា។ ចំណែកឯកឧត្តម បូរ៉ា កក្កដា ប្រធានគណបក្សអភិវឌ្ឍន៍កម្ពុជាបានថ្លែងថា គណបក្សអភិវឌ្ឍន៍កម្ពុជាគាំទ្រប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងបទអន្តរាគមន៍ក្នុងរដ្ឋសភាទាក់ទងការព្វកិច្ចយោធា។ ហើយការបង្កើតឲ្យមានច្បាប់កាតព្វកិច្ចយោធា គឺពិតជាមានសារសំខាន់ខ្លាងណាស់សម្រាប់កម្ពុជាក្នុងវិស័យការពារជាតិ ពីព្រោះនៅពេលដែលប្រជាពលរដ្ឋបានយល់ដឹងពីច្បាប់កាតព្វកិច្ចយោធា ហើយនៅពេលដែលប្រទេសជាតិមានបញ្ហា គឺមានកម្លាំងទ័ពស្រាប់តែម្តង។ ហើយសូមអំពាវនាវដល់យុវជន យុវតី ទាំងអស់ត្រូវតែមានឆន្ទៈចូលរួមក្នុងការបំបេញកាតព្វកិច្ចយោធា។ សូមជម្រាបថា រដ្ឋសភាអនុម័តឯកច្ឆន្ទលើសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា កាលពីថ្ងៃ១២ ខែ ឧសភា ឆ្នាំ២០២៦នេះ ក្នុងសំឡេងគាំទ្រ ១១៤ លើ ១១៤ សំឡេង។ ខ្លឹមសារសំខាន់នៃសេចក្តីព្រាងច្បាប់ស្តីពី កាតព្វកិច្ចយោធា បានចែងថា អ្នកជាប់កាតព្វកិច្ច៖ បុរសសញ្ជាតិខ្មែរអាយុពី ១៨ ដល់ ២៥ ឆ្នាំ ត្រូវបំពេញកាតព្វកិច្ចយោធារយៈពេល ២៤ ខែ (រួមទាំងអ្នកមានសញ្ជាតិទ្វេដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា)។ ការស្ម័គ្រចិត្តចំពោះស្ត្រី៖ ចំពោះស្ត្រី មិនតម្រូវជាកាតព្វកិច្ចឡើយ ប៉ុន្តែត្រូវបានលើកទឹកចិត្តឱ្យចូលរួមតាមគោលការណ៍ស្ម័គ្រចិត្ត។ ការលើកលែង៖ ផ្តល់ការលើកលែងចំពោះ ភិក្ខុសង្ឃ បព្វជិតសាសនា អ្នកមានពិការភាព និងអ្នកជំនាញជាន់ខ្ពស់ដែលកំពុងបំពេញបេសកកម្មសំខាន់ៗជូនជាតិ៕ អត្ថបទ៖ វង្ស សុភាព

ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការជាមួយប្រធានសមាគមមិត្តភាព ហ្វុគុស៊ីម៉ា-កម្ពុជា

2026/05/13 02:33:03 pm        154
ឯកឧត្តម ជុំ សុន្ទរី ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន បានទទួលជួប គណៈប្រតិភូ ដែលដឹកនាំដោយ ឯកឧត្តម អ៊ីវ៉ាគី មិតស៊ុហ៊ីដេ ប្រធានសមាគមនមិត្តភាព ហ្វុគុស៊ីម៉ា និងជាអតីតរដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ នៃប្រទេសជប៉ុន នៅស្ថានទូត នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ ២០២៦។ក្នុងជំនួបនេះ ភាគីទាំងពីរបានបញ្ជាក់ឡើងវិញអំពីមិត្តភាពយូរអង្វែង និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ រវាងកម្ពុជា និងជប៉ុន ដោយបានលើកឡើងពីសារៈសំខាន់នៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន ក្នុងការពង្រឹង ទំនាក់ទំនងទ្វេភាគីបន្ថែមទៀត។ ឯកឧត្តមឯកអគ្គរាជទូត បានសម្តែងការកោតសរសើរចំពោះការរួមចំណែកដ៏មានតម្លៃរបស់សមាគម ក្នុងការ លើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងខេត្តហ្វុគុស៊ីម៉ា ជាពិសេសក្នុងវិស័យអភិវឌ្ឍធនធានមនុស្ស ការបណ្តុះបណ្តាលបច្ចេកទេស និងវិស័យសុខាភិបាល។ ឯកឧត្តមបានលើកឡើងថា គម្រោងទាំងនេះមាន សារៈសំខាន់ក្នុងការគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជា និងបង្កើនការយល់ដឹងគ្នារវាងប្រជាជនទាំងពីរ។ប្រធានសមាគម បានជម្រាបជូនឯកឧត្តមឯកអគ្គរាជទូត អំពីសកម្មភាពដែលកំពុងអនុវត្ត ដើម្បីគាំទ្រកិច្ច សហប្រតិបត្តិការនៅវិស័យសុខាភិបាល និងគំនិតផ្តួចផ្តើមក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍ ធនធានមនុស្ស។ ភាគីទាំងពីរ បានផ្លាស់ប្តូរយោបល់អំពីឱកាសក្នុងការពង្រីកកិច្ចសហប្រតិបត្តិការបន្ថែម រួម មានការពង្រឹងភាពជាដៃគូរវាងអាជ្ញាធរមូលដ្ឋាន ស្ថាប័នអប់រំ និងវិស័យឯកជន។ ភាគីទាំងពីរ ក៏បានពិភាក្សា អំពីវិធីសាស្ត្រក្នុងការកែលម្អការគាំទ្រដល់ការបណ្តុះបណ្តាលសិក្ខាកាមកម្ពុជា នៅប្រទេសជប៉ុន និងស្វែងរកវិស័យ ដែលមានសក្តានុពលថ្មីៗសម្រាប់កិច្ចសហប្រតិបត្តិការនៅពេលអនាគត ជាពិសេសលើការកសាងសមត្ថភាព និងការផ្លាស់ប្តូរបច្ចេកទេស។ឯកឧត្តមឯកអគ្គរាជទូត បានបញ្ជាក់ឡើងវិញអំពីការត្រៀមខ្លួនរបស់ស្ថានទូត ក្នុងការសម្របសម្រួលកិច្ចសហ ប្រតិបត្តិការ និងគាំទ្រគំនិតផ្តួចផ្តើមនានា ដែលរួមចំណែកដល់ភាពជាដៃគូប្រកបដោយចីរភាព និងផល ប្រយោជន៍រួម រវាងកម្ពុជា និងជប៉ុន។

ទេសាភិបាលធនាគារជាតិ៖ ប្រព័ន្ធបាគងគាំទ្រដល់បរិយាបន្នហិរញ្ញវត្ថុ និងជំរុញ​ការ​ប្រើ​ប្រាស់​ប្រាក់​រៀល

2026/05/13 02:28:53 pm        221
ទេសាភិបាលធនាគារជាតិនៃកម្ពុជា លើកឡើង​ពី​អត្ថ​ប្រយោជន៍​នៃ​កិច្ច​ដំណើរ​ការ​ប្រព័ន្ធ​ទូទាត់​បាគង ​បាននិងកំពុងគាំទ្រដល់ការ លើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា ការ​អភិវឌ្ឍ​វិស័យ​ទេសចរ​ណ៍ និងការជំរុញការប្រើប្រាស់ប្រាក់រៀល។លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ​២០២៦ ​ម្សិលមិញនេះ បាន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្តម Steven Pang Chee Wee ឯកអគ្គរដ្ឋទូតវិសាមញ និង ពេញសមត្ថភាព នៃសាធារណរដ្ឋសិង្ហបុរី ប្រចាំ​នៅ​ព្រះរាជាណាចក្រកម្ពុជា, ក្នុងជំនួបនេះភាគីទាំងពីរ បានលើកឡើងពីកិច្ចសហ- ប្រតិបត្តិ​ការ​ល្អ ​ជំរុញនវានុវត្តន៍ហិរញ្ញវត្ថុដូចជា គម្រោងថ្នាលច្រករបៀងតម្លាភាពហិរញ្ញវត្ថុ (FTC) និង​កិច្ច​សហ​ប្រតិបត្តិការរវាង ការិយាល័យឥណទាននៃប្រទេសទាំងពីរជាដើម។ ភាគីទាំងពី​រ​ក៏​បាន​ផ្លាស់​ប្តូរ​ទស្សនាទាន អំពីស្ថានភាពសេដ្ឋកិច្ចពិភពលោកបញ្ហាប្រឈម និងស្ថានភាព​សេដ្ឋ​កិច្ច​កម្ពុជា​ផង​ដែរ។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានកោតសរសើរអំពីការអភិវឌ្ឍយ៉ាងឆាប់រហ័ស នៃប្រព័ន្ធ​ទូទាត់​ឌីជីថល​នៅ​​កម្ពុជា និងភាពងាយ ស្រួលក្នុងការធ្វើប្រតិបត្តិការទូទាត់ឆ្លងដែនតាម QR Code នៅកម្ពុជា។ ជាការឆ្លើយតប, លោកជំទាវទេសាភិបាល បាន​លើកឡើ​ង​ពី​វឌ្ឍនភាព​នៃ​ដំណើរកា​រ​ប្រព័ន្ធ​ទូទាត់​បាគង ​និងអត្ថប្រយោជន៍នៃ ដំណើរការប្រព័ន្ធទូទាត់នេះ ក្នុងការគាំទ្រដល់​ការ​លើក​កម្ពស់​បរិយាបន្ន​ហិរញ្ញវត្ថុ ការអភិវឌ្ឍវិស័យទេសចរណ៍ និងការជំរុញការប្រើ ប្រាស់ប្រាក់រៀល។ ជាមួ​យ​គ្នា​នេះ ​ថ្នាក់ដឹកនាំទាំងពីរ ក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុង​ការ​ចែក​រំលែកព័ត៌មាន និងការពង្រឹងវិធានការនានា សំដៅទប់ស្កាត់ ក៏ដូចជាប្រយុទ្ធ​ប្រឆាំង​ការឆបោ​ក​តាមអនឡាញ និងបទល្មើសហិរញ្ញវត្ថុ ឆ្លងដែនតាមប្រព័ន្ធបច្ចេកវិទ្យាផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

ឯកឧត្តម ហ៊ុន ម៉ានី៖ ជាង២ឆ្នាំមកនេះការប្រឡងជ្រើសរើស​តាមនិយាមថ្មី​ដំណើរការ​បាន ៥៣លើក សម្រាប់១០ក្រសួង-ស្ថាប័ន, មានបេក្ខជនដាក់ពាក្យប្រមាណ ២៩ម៉ឺននាក់ និងជ្រើស​រើស​បានមន្ត្រីលេចធ្លោ និងពូកែជិត ៨ពាន់នាក់

2026/05/13 02:15:44 pm        248
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានបញ្ជាក់តាមបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦នេះថា ជាង ២ឆ្នាំកន្លងមកនេះ ការប្រឡងជ្រើសរើសតាមនិយាមនីតិវិធីប្រតិបត្តិថ្មី ដំណើរការបានចំនួន ៥៣លើក សម្រាប់១០ក្រសួង-ស្ថាប័ន ដោយមានបេក្ខជនដាក់ពាក្យប្រមាណ ២៩ម៉ឺននាក់ និងជ្រើសរើសបានមន្ត្រីលេចធ្លោនិងពូកែ ជិត ៨ពាន់នាក់។ តួលេខនេះ បានឆ្លុះបញ្ចាំងពីការជឿទុកចិត្ត និងការគាំទ្រពីសាធារណជន ជាពិសេសសិស្ស-និស្សិត មកលើការងារកំណែទម្រង់រដ្ឋបាលសាធារណៈ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានថ្លែងថា ក្នុងចំណោមកិច្ចការជាច្រើន ក្រោមវិធានការគន្លឹះទី១ ការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រីដោយឈរលើគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព ដែលកំពុងដឹកនាំ និងសម្របសម្រួលដោយក្រសួងមុខងារសាធារណៈ គឺជាការអនុវត្តជាក់ស្តែងតាមចក្ខុវិស័យដ៏មុតស្រួចរបស់ សម្តេចមហាបវរធិបតី ស្របតាមអភិក្រម «ចេះគឺជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត» និង «រើសឱ្យចំ បំពេញឱ្យត្រូវ រក្សាឱ្យនៅ»។ ឯកឧត្តមបានថ្លែងថា៖«ក្នុងរយៈពេល ជាង ២ឆ្នាំកន្លងមកនេះ ការប្រឡងជ្រើសរើសតាមនិយាមនីតិវិធីប្រតិបត្តិថ្មី ដំណើរការបានចំនួន ៥៣លើក សម្រាប់១០ក្រសួង-ស្ថាប័ន ដោយមានបេក្ខជនដាក់ពាក្យប្រមាណ ២៩ម៉ឺននាក់ និងជ្រើសរើសបានមន្ត្រីលេចធ្លោនិងពូកែ ជិត ៨ពាន់នាក់។ តួលេខនេះ បានឆ្លុះបញ្ចាំងពីការជឿទុកចិត្ត និងការគាំទ្រពីសាធារណជន ជាពិសេសសិស្ស-និស្សិត មកលើការងារកំណែទម្រង់រដ្ឋបាលសាធារណៈ»។ បើតាម ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ឆ្ពោះទៅមុខ ក្រសួងមុខងារសាធារណៈ ដោយសហការជាមួយក្រសួង-ស្ថាប័នសាមី នឹងរៀបចំការប្រឡងជ្រើសរើសសម្រាប់ក្រសួងយុត្តិធម៌, រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន, និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលជាកម្មវត្ថុនៃកិច្ចប្រជុំនាពេលនេះ ដើម្បីពិគ្រោះយោបល់ និងរៀបចំឱ្យបានហ្មត់ចត់ ដើម្បីដំណើរការប្រព្រឹត្តទៅដោយសុក្រឹត និងតម្លាភាពបំផុត។ ឯកឧត្តមបានថ្លែងបញ្ជាក់ថា រាល់កិច្ចខិតខំប្រឹងប្រែងកន្លងមក គឺដើម្បីធានាឱកាសស្មើភាពគ្នា ក្នុងការប្រឡងប្រជែងក្លាយជាមន្ត្រីរាជការ និងឱកាសជាបន្តបន្ទាប់ សម្រាប់ការអភិវឌ្ឍគន្លងអាជីព ស្របតាមសក្តានុពលរៀងៗខ្លួន ព្រមទាំងរួមចំណែកដល់ការប្រើប្រាស់ថវិកាជាតិដោយប្រសិទ្ធភាព តាមរយៈមូលដ្ឋានជ្រើសរើសកាន់តែច្បាស់លាស់ និងផ្អែកលើតម្រូវការចាំបាច់ជាក់ស្តែង។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីបញ្ជាក់ថា៖«ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល យើងខ្ញុំមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការធានាឱ្យដំណើរការប្រឡងប្រព្រឹត្តទៅដោយសុក្រឹត យុត្តិធម៌ និងតម្លាភាព ដើម្បីផ្តល់ឱកាសស្មើៗគ្នាដល់បេក្ខជនទាំងអស់។ សូមប្អូនៗយុវជនមានទំនុកចិត្តលើថ្នាក់ដឹកនាំ និងគណៈកម្មការរៀបចំការប្រឡង ព្រមទាំងជឿជាក់លើសមត្ថភាពរៀងៗខ្លួន ដោយមិនចាំបាច់មានអន្តរាគមន៍ ឬចំណាយថវិកាលើសពី ២ម៉ឺនរៀលឡើយ»៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

បម្រែបម្រួលអាកាសធាតុធ្វើឲ្យប៉ះពាល់ដល់កសិករចិញ្ចឹមឃ្មុំនៅកូរ៉េខាងត្បូង
06/04/2026 08:06 PM
EU និង UNICEF បញ្ជូនគ្រឿងផ្គត់ផ្គង់សង្រ្គោះជំងឺអេបូឡាទៅកាន់កុងហ្គោ ខណៈផ្ទុះការរីករាលដាលឆ្លង
06/04/2026 08:06 PM
មន្ត្រីជាន់ខ្ពស់ការបរទេស៖កម្ពុជាបានជ្រើសរើសអ្នកផ្សះផ្សាពីររូបរួចហើយ ខណៈភាគីថៃមានពេល២១ថ្ងៃ ដើម្បីជ្រើសរើសអ្នកផ្សះផ្សាពីររូបដែរ
06/04/2026 08:06 PM
កម្ពុជាធ្វើជាម្ចាស់ផ្ទះសិក្ខាសាលាស្តីពី ការបង្កើតកិច្ចសហប្រតិបត្តិការស្ថាប័នប្រវត្តិសាស្ត្រយោធាអាស៊ាន(AMHIC)”
06/04/2026 08:06 PM
មាន​អ្នក​ស្លាប់ច្រើន​នាក់​ ក្នុងហេតុការណ៍​ធ្លាក់យន្តហោះនៅតំបន់ Istria របស់​ក្រូអាត
06/04/2026 08:06 PM
ឆ្មាំបដិវត្តន៍អ៊ីរ៉ង់អំពាវនាវឲ្យ​អ៊ីស្រាអែលដកទ័ពទៅកាន់ទីតាំងមុនសង្គ្រាម នៅលីបង់
06/04/2026 08:06 PM
ប្រទេស ១១ នៅអឺរ៉ុប អំពាវនាវឲ្យ​ EU មានច្បាប់ទិដ្ឋាការកាន់តែតឹងរ៉ឹង សម្រាប់ជនជាតិរុស្ស៊ី
06/04/2026 07:06 PM
អ៊ីស្រាអែលឃុំខ្លួនក្រុមបាតុករជ្វីហ្វជ្រុលនិយម បន្ទាប់ពី​បាន​វាយប្រហារលំនៅ​ឋាន​របស់ចៅក្រម
06/04/2026 07:06 PM
បទឈប់បាញ់នៅលីបង់ បង្កើនក្តីសង្ឃឹមពី​ការ​មាន​វឌ្ឍនភាព សម្រាប់កិច្ចព្រមព្រៀងអ៊ីរ៉ង់
06/04/2026 07:06 PM
អាកាសធាតុអាក្រក់បែងចែកអ៊ីតាលីដោយព្យុះកួចកើតមាននៅទីក្រុងរ៉ូមហើយអាកាសធាតុក្តៅវាយប្រហារកោះ Sicily
06/04/2026 07:06 PM