មន្ត្រីជាន់ខ្ពស់ការបរទេស៖កម្ពុជាបានជ្រើសរើសអ្នកផ្សះផ្សាពីររូបរួចហើយ ខណៈភាគីថៃមានពេល២១ថ្ងៃ ដើម្បីជ្រើសរើសអ្នកផ្សះផ្សាពីររូបដែរ
កម្ពុជាធ្វើជាម្ចាស់ផ្ទះសិក្ខាសាលាស្តីពី ការបង្កើតកិច្ចសហប្រតិបត្តិការស្ថាប័នប្រវត្តិសាស្ត្រយោធាអាស៊ាន(AMHIC)”
សម្តេចតេជោ ចែករំលែកបទវិភាគអ្នកជំនាញភូមិសាស្ត្រនយោបាយថៃ «អន្ទាក់​របស់កម្ពុជា! តើ Anutin នាំប្រទេសឱ្យចាញ់ក្តីនៅ​តុលាការ​អន្តរជាតិម្តងទៀតឬ?»
ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរ អេស៊ា ខេមបូឌា និងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ​និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា​ចុះកិច្ចព្រមព្រៀងដើម្បីជំរុញកំណើនទេសចរណ៍កម្ពុជា

ព័ត៌មានជាតិ

ទុរេនសំឡូតប្រមូលផលពេញលេញ ចាប់ពីពាក់កណ្ដាលខែមិថុនា ខណៈម្ចាស់ចំការទទូចឱ្យទប់ស្កាត់ការនាំចូល

2026/05/13 01:21:05 pm        169
បាត់ដំបង៖ ម្ចាស់ចំការទុរេននៅស្រុកសំឡូត ខេត្តបាត់ដំបង បានអះអាងថា ទុរេនសំឡូតអាចប្រមូលផលបានពេញលេញបានចាប់ពីចន្លោះពាក់កណ្ដាលខែមិថុនា ឬដើមខែកក្កដា ហើយបច្ចុប្បន្ននេះមានតិចតួចបំផុតដែលអាចប្រមូលផលបាន។លោក តុល សូនី ម្ចាស់ចំការទុរេន បានបង្ហាញពីលក្ខណៈពិសេសនៃទុរេនសំឡូត គឺមានសាច់ទឹកដោះគោខ្ទិះផ្អែមរមួត និងមានទងពីរតង់ដែលខុសពីទុរេននាំចូលមានទងតែមួយតង់ប៉ុណ្ណោះ។ លោក តុល សូនី អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សូមអញ្ជើញមកសម្រាកលម្ហែកម្សាន្តនៅស្រុកសំឡូត ភ្លក្សរសជាតិដ៏ឆ្ងាញ់ពិសារនៃទុរេនសំឡូត និងផ្លែឈើផ្សេងៗទៀតដ៏សំបូរបែប។ជាមួយគ្នានេះ ក្នុងនាមម្ចាស់ចំការ លោក តុល សូនី ប្ដេជ្ញាលក់តែទុរេនដែលដាំដុះផ្ទាល់ដៃដោយកសិករខ្មែរនៅស្រុកសំឡូតជូនដល់បងប្អូនអ្នកបរិភោគដោយមិនលក់ជាដាច់ខាតនូវទុរេននាំចូលដែលធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះទុរេនសំឡូត និងអាចប៉ះពាល់ដល់សុខភាពអ្នកបរិភោគ។ម្ចាស់ចំការរូបនេះ ទទូចឱ្យអាជីវករកុំលក់ទុរេននាំចូលហើយក្លែងបន្លំជាទុរេនសំឡូត និងសំណូមពរដល់អាជ្ញាធរ និងមន្រ្តីជំនាញពង្រឹងទប់ស្កាត់ការនាំចូលផ្លែទុរេនពីក្រៅប្រទេសដែលនាំឱ្យប៉ះពាល់យ៉ាងខ្លាំងដល់កសិករខ្មែរដែលជាអ្នកដាំដុះក្នុងស្រុក។ សូមជម្រាបថា ជាអតីតតំបន់សមរភូមិក្ដៅ ស្រុកសំឡូត គឺជាស្រុកមួយនៅតំបន់ជាយដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង។ស្រុកសំឡូតមានសក្ដានុពលខ្ពស់លើវិស័យកសិកម្ម និងទេសចរណ៍។កាលណាគេនិយាយដល់ស្រុកសំឡូតគេតែងនឹកឃើញភ្លាមដល់ទុរេនសំឡូតដែលមានរសជាតិឆ្ងាញ់ពិសារ។ក្រៅពីទុរេន ស្រុកសំឡូតមានសក្ដានុពលខ្ពស់ផងដែរលើដំណាំផ្សេងៗទៀតរួមមានដូចជា សាវម៉ាវ ប័រ មង្ឃុត និងដំណាំកសិផលមួយចំនួនទៀត៕

គណៈកម្មការជំនាញរដ្ឋសភា ជំរុញតុលាការខេត្តកំពង់ស្ពឺ ពន្លឿនការដោះស្រាយ ដើម្បីកាត់បន្ថយការកកស្ទះសំណុំរឿង

2026/05/13 01:15:47 pm        95
កំពង់ស្ពឺ៖ ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ (គណៈកម្មការទី៦) នៃរដ្ឋសភា ឯកឧត្តម អង្គវង្ស វឌ្ឍានា បានជំរុញតុលាការខេត្តកំពង់ស្ពឺ ពង្រឹងសមត្ថភាពបន្ថែម និងបង្កើនល្បឿនដោះស្រាយសំណុំរឿង ដើម្បីកាត់បន្ថយការកកស្ទះ សំណុំរឿងនៅតុលាការ និងត្រូវធានាឱ្យបាននូវប្រសិទ្ធិភាព និងសុក្រិត្យភាពសម្រាប់ជនជាប់ចោទ ។ ការជំរុញនេះធ្វើឡើង គ្រាដែលប្រតិភូចុះសិក្សាឈ្វេងយល់ពីប្រសិទ្ធភាព នៃការអនុវត្តន៍ច្បាប់ ការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ព្រមទាំងបញ្ហាប្រឈមនានា ក្នុងវង្វង់វិស័យការងារអនុវត្តច្បាប់ និងវិស័យយុត្តិធម៌ ដែលពាក់ព័ន្ធ និងសមត្ថកិច្ចគណ:កម្មការទី៦ ជាមួយអភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និងមន្ទីរ ស្ថាប័នជំនាញ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦នេះ ។ ក្នុងឱកាសនោះ ឯកឧត្តម អង្គវង្ស វឌ្ឍានា មានប្រសាសន៍ថា តាមបណ្តាសាលាដំបូងខេត្តមួយចំនួន គឺមានការកកស្ទះសំណុំរឿង ដោយសារតែកង្វះមន្ត្រីតុលាការ និងព្រះរាជអាជ្ញា យន្តការដោះស្រាយមានភាពយឺតយ៉ាវ និងកង្វះបន្ទប់សាវនការជាដើម ហើយសំណុំដែលកកស្ទះទាំងនោះភាគច្រើនជាសំណុំរឿង ទំនាស់ដីធ្លី ក្មេងទំនើង និងគ្រឿងញៀន ។ ឯកឧត្តម បានគូសបញ្ជាក់ថា ប៉ុន្តែក្រោយមានកំណែទម្រង់ក្នុងវិស័យយុត្តិធម៌ បញ្ហាទាំងនេះត្រូវបានដោះស្រាយ និងបំពេញបន្ថែម ធ្វើយ៉ាងណាពន្លឿនការរកយុត្តិធម៌ ឱ្យបានឆាប់រហ័ស ព្រមទាំងលើកកម្ពស់សមត្ថភាពស្ថាប័នតុលាការ ក្នុងការផ្តល់សេវាយុត្តិធម៌ ជូនប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរ ហើយការពន្លឿនការដោះស្រាយ ក៏បានដើរតួយ៉ាងសំខាន់ក្នុងការកាត់បន្ថយការចង្អៀតណែនក្នុងពន្ធនាគារនាពេលបច្ចុប្បន្នផងដែរ ។ កន្លងមក ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក៏បានចេញសេចក្តីណែនាំទៅកាន់ប្រធានសាលាដំបូង រាជធានី-ខេត្ត លើការងារនេះ ដើម្បីធានាឱ្យយន្តការដោះស្រាយប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលល្អ ដោយផ្អែកតាមស្មារតីនៃក្រមនីតិវិធីព្រហ្មទណ្ឌ ក្រមព្រហ្មទណ្ឌនិងសារាចរពាក់ព័ន្ធនានា ។ ជាមួយគ្នានេះ ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា ក៏ជំរុញបន្ថែមផងដែរ ទៅដល់អាជ្ញាធរខេត្ត ឱ្យពិនិត្យលទ្ធភាពជម្លោះ ដើម្បីដោះស្រាយក្រៅប្រព័ន្ធតុលាការ តាមយន្តការស្ម័គ្រចិត្ត ដោយផ្តោតលើការសម្រុះសម្រួល និងផ្សះផ្សា ដើម្បីបញ្ចប់វិវាទដោយសន្តិវិធី ។ ការដោះស្រាយតាមរយៈអាជ្ញាធរមូលដ្ឋាន ក្រុមប្រឹក្សាអាជ្ញាកណ្តាល ឬអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ វាមានភាពរហ័ស និងចំណាយតិចផងដែរ ។ សូមបញ្ជាក់ថា សម្រាប់ខេត្តកំពង់ស្ពឺ គិតត្រឹមខែឧសភា ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តទទួលបានពាក្យបណ្តឹងមានចំនួន ៣៣០ករណី បានដោះស្រាយបញ្ចប់វិវាទក្រៅប្រព័ន្ធ ចំនួន ៧០ករណី ក្នុងនោះ បណ្តឹងពីថ្នាក់ជាតិ ២ករណី និងបណ្តឹងពីប្រជាពលរដ្ឋ៦៨ករណី (ទំនាស់រុំារ៉ៃ១៩-៣២ឆ្នាំ មានចំនួន ១៣ករណី) កំពុងសម្រុះសម្រួលដោះស្រាយនៅថ្នាក់ខេត្ត ៥៨ករណី និងបញ្ជូនទៅអាជ្ញាធរជាតិ ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីបោះត្រាឱ្យអត្ថិភាពគតិយុត្ត ១ករណី ព្រមទាំងបញ្ជូនទៅមន្ទីរជំនាញពាក់ព័ន្ធ រួមនិងអាជ្ញាធរក្រុង ស្រុក ដើម្បីចាត់ការសម្រុះសម្រួលជាសមត្ថកិច្ចចំនួន២០១ករណី ៕ អត្ថបទ បាន សុខរិទ្ធិ

កម្ពុជា-អាស៊ែបៃហ្សង់ ពង្រឹងកិច្ចសហប្រតិបត្តិការ លើកកម្ពស់វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ថាមពល និងទេសចរណ៍ ដើម្បីពលរដ្ឋទាំងសងខាង និងជាស្ពានភ្ជាប់តំបន់អឺរ៉ុប និងអាស៊ាន

2026/05/13 01:06:25 pm        196
ភ្នំពេញ៖សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម អែលឈិន អាមៀបាយ៉ូវ (Elchin Amirbayov) តំណាងប្រធានាធិបតីនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ទទួលបន្ទុកកិច្ចការពិសេស បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ (កម្ពុជា-អាស៊ែបៃហ្សង់) ដែលមានតាំងពីយូរមកហើយថាបានឈរលើការជឿជាក់គ្នា ការគោរពគ្នា និងការយោគយល់គ្នាទៅវិញទៅមក ដើម្បីផលប្រយោជន៍ប្រទេសទាំងសងខាង និងផលប្រយោជន៍រួម។ កម្ពុជា-អាស៊ែបៃហ្សង់ មានទស្សនៈ និងឆន្ទៈដូចគ្នាក្នុងការលើកកម្ពស់សន្តិសុខ ផ្តោតលើផលប្រយោជន៍របស់ប្រជាពលរដ្ឋ។ ការលើកឡើងនេះ បានធ្វើឡើងនៅក្នុងឱកាស សម្តេចប្រធានរដ្ឋសភា ទទួលជួបពិភាក្សាជាមួយ ឯកឧត្តម អែលឈិន អាមៀបាយ៉ូវ និងសហការី នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ក្នុងឱកាសដែលឯកឧត្តមបានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចការងារនៅកម្ពុជា។ សម្តេចរដ្ឋសភាធិបតី មានសេចក្តីសោមនស្សរីករាយ សូមសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះវត្តមានរបស់ឯកឧត្តម អាមៀបាយ៉ូវ និងគណៈប្រតិភូ។ វត្តមានរបស់ឯកឧត្តម តំណាងប្រធានាធិបតីនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ បានឆ្លុះបញ្ចាំងឱ្យឃើញពីការបន្តរឹតចំណងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលបានកសាងឡើងតាំងពីឆ្នាំ១៩៩៥ ឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត។ សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា សម្តេចធ្លាប់បានអញ្ជើញទៅចូលរួមកិច្ចប្រជុំនៅអាស៊ែបៃហ្សង់ និងតែងតែបានជួបពិភាក្សាការងារជាមួយលោកជំទាវ សាហ៊ីបា ហ្គារ៉ុវ៉ា (Sahiba Gafarova) ប្រធានរដ្ឋសភានៃសាធារណរដ្ឋអាស៊ែបៃហ្សង់ នៅក្នុងឱកាសចូលរួមវេទិកាអន្តរសភានានា។ សម្តេចបានសម្តែងការអបអរសាទរចំពោះការអភិវឌ្ឍរបស់អាស៊ែបៃហ្សង់។ សម្តេចបានគូសបញ្ជាក់បន្តថា ក្នុងរយៈពេលចុងក្រោយនេះ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរបស់យើង បានវិវឌ្ឍន៍រីកចម្រើនគួរកត់សម្គាល់ តាមរយៈការផ្លាស់ប្តូរ និងការជួបប្រាស្រ័យទាក់ទងគ្នាជាបន្តបន្ទាប់រវាងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញជាន់ខ្ពស់ ពិសេសក្រុមមិត្តភាពរដ្ឋសភាប្រទេសទាំងពីរ។ រដ្ឋសភាប្រទេសទំាងពីរបានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) កាលពីឆ្នាំ២០២២ ក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវការរបស់ លោកជំទាវ ប្រធានរដ្ឋសភានៃសាធារណរដ្ឋអាស៊ែបៃហ្សង់ នៅកម្ពុជា។ ឯកឧត្តម អែលឈិន អាមៀបាយ៉ូវ បានថ្លែងអំណរគុណសម្តេចប្រធានរដ្ឋសភា ដែលបានចំណាយពេលវេលាដ៏មានតម្លៃ និងមមាញឹកទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូនាឱកាសនេះ។ ឯកឧត្តមបានឯកភាពចំពោះការលើកឡើងរបស់សម្តេចប្រធានរដ្ឋសភា និងបានអបអរសាទរចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់កម្ពុជាលើគ្រប់វិស័យ។ ជាមួយគ្នានេះ ឯកឧត្តមបានជម្រាបជូនសម្តេចប្រធានរដ្ឋសភា អំពីលទ្ធផលជោគជ័យនៃជំនួបរវាងឯកឧត្តម និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភា ក៏ដូចជាជំនួបជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមប្រធានគណៈប្រតិភូ បានគូសបញ្ជាក់ថា ជំនួបទាំងពីរនេះ បានផ្តល់នូវឱកាសថ្មីមួយទៀតសម្រាប់ប្រទេសទាំងពីរ ពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នាកាន់តែស៊ីជម្រៅ និងសកម្មឡើង លើផ្នែកពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៍ កសិកម្ម ជាដើម។ ឯកឧត្តម សង្ឃឹមថា សម្តេចនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងបំពេញទស្សនកិច្ចនៅប្រទេសអាស៊ែបៃហ្សង់ នៅខែតុលា ឆ្នាំ២០២៦នេះ។ ដំណើរទស្សនកិច្ចនេះ នឹងជាការបើកទំព័រថ្មីមួយទៀត ដែលនឹងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំបន្ថែមទៀត បន្ទាប់ពីដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅអាស៊ែបៃហ្សង់ កាលពីឆ្នាំ២០១៤ កន្លងទៅ។ សម្តេចប្រធានរដ្ឋសភា និងឯកឧត្តមតំណាងពិសេសរបស់ប្រធានាធិបតីនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ក៏បានផ្លាស់ប្តូរទស្សនៈជុំវិញការវិវត្តនៃសភាពការណ៍ពិភពលោកនាពេលបច្ចុប្បន្ន ក៏ដូចស្ថានភាពព្រំដែននៃប្រទេសជិតខាង និងការការពារអធិបតេយ្យជាតិ។ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានចែករំលែកព័ត៌មានជុំវិញករណីភាគីថៃដែលបានសម្រេចលុបចោលអនុស្សរណៈនៃការយោគយល់គ្នា (MOU 2001) ជាឯកតោភាគី។ សម្តេចបានបញ្ជាក់ច្បាស់ៗពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនេះដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ សន្ធិសញ្ញានានា និងការតម្កល់ផលប្រយោជន៍ជាតិជាធំ។ ឯកឧត្តម អែលឈីន អាមៀរបាយ៉ូវ ក៏បានចែករំលែកនូវបទពិសោធន៍របស់អាស៊ែបៃហ្សង់ក្នុងការដោះស្រាយជម្លោះព្រំដែន និងការការពារបូរណភាពទឹកដីពីការឈ្លានពានរបស់ប្រទេសជិតខាងផងដែរ។ អាស៊ែបៃហ្សង់សម្រេចបានជោគជ័យតាមរយៈការកសាងផ្ទៃក្នុងជាតិឱ្យរឹងមាំ ទាំងផ្នែកសេដ្ឋកិច្ច និងយោធា ព្រមទាំងការប្រើប្រាស់រូបមន្ត "សន្តិភាពឈ្នះ-ឈ្នះ" ដើម្បីបញ្ចប់សង្គ្រាមនៅប្រទេសរបស់លោក។ឯកឧត្តមប្រធានគណៈប្រតិភូបានសម្តែងការអបអរសាទរចំពោះវឌ្ឍនភាពរបស់កម្ពុជា ដែលសម្រេចបាននាពេលកន្លងមក និងបានវាយតម្លៃខ្ពស់ថា កម្ពុជាកំពុងដើរលើមាគ៌ាដ៏ត្រឹមត្រូវ ហើយនឹងអាចសម្រេចបាននូវដំណោះស្រាយប្រកបដោយយុត្តិធម៌ និងទទួលបានសន្តិភាពពេញលេញឡើងវិញជាក់ជាមិនខាន។ សម្តេចប្រធានរដ្ឋសភា បានកោតសរសើរចំពោះការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល និងប្រជាជនអាស៊ែបៃហ្សង់ ក្នុងការរួមចំណែកលើកកម្ពស់ចលនាមិនចូលបក្សសម្ព័ន្ធ (NAM) ឱ្យចលនានេះមានភាពសកម្ម រស់រវើក និងកាន់តែសំខាន់ឡើង។ ចលនាមិនចូលបក្សសម្ព័ន្ធ គឺជាខែលសំខាន់មួយដើម្បីការពារប្រទេសតូចៗ ដូចជាកម្ពុជា និងអាស៊ែបៃហ្សង់ នៅក្នុងស្ថានការណ៍សណ្តាប់ធ្នាប់ពិភពលោក កំពុងប្រឈមហានិភ័យខ្ពស់ ហ៊ុមព័ទ្ធដោយសង្គ្រាមនោះ។ ចលនានេះ សំដៅធ្វើយ៉ាងណាស្តា និងលើកកម្ពស់សណ្តាប់ធ្នាប់ពិភពលោកឡើងវិញ ឱ្យមានសមធម៌ យុត្តិធម៌ និងបរិយាបន្ន ដោយផ្អែកលើច្បាប់អន្តរជាតិ។ ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភាបានមានប្រសាសន៍ថា នៅចុងឆ្នាំ២០២៦នេះ សភាកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះសន្និសីទប្រធានសភាពិភពលោក (ISC) លើកទី២។ សម្តេចបានអញ្ជើញសភាប្រទេសអាស៊ែបៃហ្សង់ ចូលរួមសន្និសីទដ៏មានសារៈសំខាន់នេះ។ សម្តេចបានគូសបញ្ជាក់ថា យើងចាំបាច់ត្រូវពង្រឹងការងារការទូតសភា និងកិច្ចសហប្រតិបត្តិការសភា ឱ្យកាន់តែរឹងមាំ និងផ្តោតឆ្ពោះទៅអនាគត ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ទាំងក្នុងកម្រិតតំបន់ និងសកលលោក។ សម្តេចប្រធានរដ្ឋសភានិង ឯកឧត្តមប្រធានគណៈប្រតិភូបានយល់ស្របគ្នាថា ការទូតសភាមានសារៈសំខាន់ណាស់ ជាស្ពាន់តភ្ជាប់ទំនាក់ទំនងប្រជាជននិងប្រជាជន ឈានឆ្ពោះទៅការពង្រឹងវិស័យនានា ទំាងពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៍ ថាមពលនិងបច្ចេកវិទ្យាជាដើម៕

ឃុំ-សង្កាត់ចំនួន ៣០ នៅភ្នំពេញ និងក្រុង-ស្រុកចំនួន ២៧តាមបណ្ដាខេត្ត បានឈ្នះជ័យលាភី «ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» ឆ្នាំ២០២៦

2026/05/13 12:59:44 pm        128
ភ្នំពេញ៖ឃុំ-សង្កាត់ ចំនួន៣០ មកពីរាជធានីភ្នំពេញ ក្រុង និងស្រុក ចំនួន៣០ ទូទាំងប្រទេស បានចូលរួមយ៉ាងសកម្មក្នុងការរៀបចំ ឃុំ-សង្កាត់របស់ខ្លួនដែលនៅតាមបណ្តោយផ្លូវជាតិ ផ្លូវខេត្ត ឱ្យមានអនាម័យល្អ សោភ័ណភាពល្អ និងបរិស្ថានស្អាត និង បានចូលរួមចំណែកកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងទទួលបាននូវភាពស្អាត ភាពបៃតង និងការរស់នៅដោយចីរភាព ត្រូវបានទទួលបានទទួលរង្វាន់ជ័យលាភីចលនាប្រលងប្រណាំង«ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» ក្នុងក្របខ័ណ្ឌលក្ខណសម្បត្តិទី៦ ឆ្នាំ២០២៦។ ពីធីប្រកាសជ័យលាភី និងប្រគល់បណ្ណមេត្រីបរិស្ថាន បានប្រព្រឹត្តទៅនាររសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងបរិស្ថាន តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្ត ក្រុងស្រុក និងអាជ្ញាធរមូលដ្ឋាន ជាច្រើននាក់។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍ថា ចលនាប្រលងប្រណាំង«ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» ក្នុងក្របខ័ណ្ឌលក្ខណសម្បត្តិទី៦ ឆ្នាំ២០២៦ ពិតជាមានសារៈសំខាន់ណាស់ ជាកត្តាជំរុញ និងលើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋានផ្ទាល់ ដោយខិតខំប្រឹងប្រែងរៀបចំមូលដ្ឋានរបស់ខ្លួនឱ្យបានស្អាត ឱ្យមានអនាម័យ មានសោភណភាពល្អ និងបរិស្ថានល្អ ដើម្បីទទួលបានជ័យលាភីក្នុងការប្រឡងប្រណាំង លើកទី៥នេះ។ ឯកឧត្តមបានមានប្រសាសន៍បន្ថែមថា បានមានប្រសាសន៍ថ្លែងកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះ ក្រសួង ស្ថាប័ន ភាគីពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ ព្រមជាមួយ សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ អាជ្ញាធឬមូលដ្ឋាន ដែលជានិច្ចជាកាលបានផ្តល់កិច្ចសហការល្អនិងគាំទ្រដល់យុទ្ធនាការក្រសួងបរិស្ថាន ក្នុងការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន នាពេលកន្លងមកនេះ និងជាចលករយ៉ាងសំខាន់ក្នុងការសម្រេចបាននូវលទ្ធផលក្នុង ដើម្បីភាពស្អាត ភាពបៃតង និងចីរភាពនៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំពាវនាវផងដែរ ដល់សាធារណជន អ្នកពាក់ព័ន្ធគ្រប់វិស័យទាំងអស់ ទាំងអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ បន្តយកចិត្តទុកដាក់ ជួយចូលរួមជំរុញចលនាសង្គម ផ្លាស់ប្តូរផ្នត់គំនិត ធ្វើសកម្មភាពរួមគ្នា ធ្វើការគ្រប់គ្រងសំរាមឱ្យបានត្រឹមត្រូវ និងធ្វើអនាម័យបរិស្ថាន តាមលំនៅដ្ឋាន ភូមិឋាន វត្តអារាម ទីសាធារណៈ និងតាមផ្លូវជាតិនានា ចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ទប់ស្កាត់ការបំពុលបរិស្ថានក្នុងទឹក លើដី និងលើមេឃ ដើម្បីរៀបចំផ្ទះរបស់យើង មានភាពស្អាត តារហូតទៅ។ សូមបញ្ជាក់ថា ក្រសួងបរិស្ថានបានរៀបចំចលនាប្រឡងប្រណាំង «ភូមិ ឃុំ-សង្កាត់មានសុវត្តិភាព» ក្នុងក្របខ័ណ្ឌលក្ខណសម្បត្តិទី៦ «មានអនាម័យ សោភ័ណភាពល្អ និងបរិស្ថានល្អ»។ ក្នុងឆ្នាំ២០២៦ ជាលើកទី៥ ដែលក្រសួអបានរៀបចំឡើង ក្រោមប្រធានបទ «ភូមិ ឃុំ-សង្កាត់ស្អាតគ្មានសំរាមប្លាស្ទិករាយប៉ាយ»។ ចលនាប្រឡងប្រណាំងនេះ ឆ្លើយតបទៅគោលនយោបាយ «ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» របស់រាជរដ្ឋាភិបាលកម្ពុជា និងដើម្បីជំរុញការអនុវត្តកម្មវិធីវិមជ្ឈការ និងវិសហមជ្ឈការ តាមរយៈការធ្វើប្រតិភូកម្មមុខងារតួរនាទី ការទទួលខុសត្រូវ ធនធាននិងបច្ចេកទេសជូនរដ្ឋបាលថ្នាក់ក្រោមជាតិ អនុវត្តការងារក្នុងវិស័យបរិស្ថាន។ ជាមួយគ្នានេះ ការគ្រប់គ្រងសំរាម និងសំណល់បា្លស្ទិក រួមចំណែកសំខាន់ដល់ការថែរទាំសុខភាពសាធារណ បង្កើនអនាម័យក្នុងការរស់នៅ និងសោភ័ណភាពបរិស្ថានទាំងមូលនៅតាមមូលដ្ឋាន៕

សម្ដេចធិបតី ហ៊ុន ម៉ាណែត ចាត់ទុកច្បាប់កាតព្វកិច្ចយោធាជាការបណ្តុះស្មារតី និង​មនសិការ​ស្នេហា​ជាតិ​ ដើម្បីត្រៀមខ្លួនលះបង់បម្រើជាតិមាតុភូមិ

2026/05/13 12:42:42 pm        206
ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ឡើងវិញនូវ​ប្រសាសន៍​របស់​សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា លើឡើង​តាម​រយៈ​បទ​អន្ត​រាគមន៍ ​ក្នុងសម័យប្រជុំវិសាមញ្ញ នីតិកាលទី៧ លើរបៀបវារៈ «សេចក្តីព្រាងច្បាប់ស្តីពី កាតព្វ​កិច្ច​យោធា​» ​កាលពីថ្ងៃទី១២ ឧសភា ២០២៦នេះ ដោយចាត់ទុក​ច្បាប់​កាតព្វកិច្ច​យោធា​ជា​ការ​បណ្តុះ​ស្មារតី និងមនសិការស្នេហាជាតិ ដើម្បីត្រៀមខ្លួនលះបង់បម្រើជាតិមាតុភូមិ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គោលដៅចម្បងនៃការអនុវត្តកាតព្វកិច្ចយោធា គឺ​ការកសាងនូវសង្គមមួយប្រកបទៅដោយធនធានមនុស្សដែលមានវិន័យ សីលធម៌ សមត្ថភាព មនសិការ​ស្នេហា​ជាតិខ្ពស់ មានភាពអង់អាចក្លាហាន មានឆន្ទៈមោះមុត និងត្រៀមខ្លួនរួច​ជា​ស្រេច​គ្រប់​ពេល​វេលា ដោយហ៊ានលះបង់គ្រប់បែបយ៉ាងដើម្បីបុព្វហេតុការពារជាតិ មាតុភូមិ ដោយឥត​លក្ខ​ខណ្ឌ​។ នេះជាការគូសបញ្ជាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ខណៈដែលរដ្ឋសភា បានអនុម័តសេចក្តីព្រាងច្បាប់នេះ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០២៦។ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ទៀតថា៖«សមត្ថភាពការពារជាតិនៃប្រទេសមួយ មិនមែនអាស្រ័យត្រឹមតែលើសព្វាវុធ និងគ្រឿងបំពាក់ទំនើបៗនោះទេ។ ប្រទេសជាតិមួយដែលខ្លាំងក្នុងកិច្ចការការពារជាតិគឺដោយសារមានកងទ័ពដែលពោពេញដោយភាពអង់អាចក្លាហាន មោះមុត និងហ៊ានលះបង់គ្រប់បែបយ៉ាងដើម្បីការពារជាតិដោយឥលក្ខខណ្ឌ ព្រមទាំងមានប្រជាជនទាំងមូលនៅពីក្រោយ»។ ជារួម សម្តេចធិបតី នាយករដ្ឋមន្ត្រីមានក្តីប្រាថ្នាចង់ឃើញយុវជន និងប្រជាពលរដ្ឋខ្មែរគ្រប់រូបមានមោទនភាព ចំពោះការចូលបំពេញកាតព្វកិច្ចយោធាដោយចាត់ទុកថា នោះគឺជាកិត្តិយសដ៏ឧត្តុង្គឧត្តមដែលខ្លួនបានហ្វឹកហាត់ចំណេះជំនាញមួយដ៏មានសារសំខាន់បំផុតដែលអាចយកទៅប្រើប្រាស់ដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី នៅពេលណាដែលជាតិត្រូវការ ជំនួសឱ្យការព្រួយបារម្ភពីការខាតប្រយោជន៍ផ្ទាល់ខ្លួននៅពេលចូលបំពេញកាតព្វកិច្ចយោធារយៈពេល២ឆ្នាំ។ សម្តេចធិបតី ចាត់ទុកបទពិសោធន៍និងការឈឺចាប់នៅក្នុងរយៈពេលមួយឆ្នាំនេះ ជាគន្លឹះដែលយើងទាំងអស់គ្នាត្រូវចងចាំថា កម្ពុជាត្រូវតែពង្រឹងខ្លួនឯង ហើយកូនខ្មែរទាំងអស់ ជាពិសេសយុវជន ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ត្រូវត្រៀមចិត្តដើម្បីជួយ។ សម្តេចក៏បានថ្លែងអំណរគុណចំពោះស្មារតីស្នេហាជាតិរបស់ប្រជាពលរដ្ឋខ្មែរ ទាំងក្មេង ទាំងចាស់ ទាំងនៅក្នុងនិងក្រៅប្រទេស ទាំងមន្ត្រីរាជការ និងវិស័យឯកជន ដែលបានចូលរួមជាមួយ កងទ័ពដើម្បីការពារជាតិ។ ទោះជាយ៉ាងណា សម្តេចនាយករដ្ឋមន្ត្រីមិនចង់ឱ្យស្មារតីនេះមានត្រឹមតែភ្លើងចំបើងទេ តែចង់ឱ្យស្មារតីនេះប្រែក្លាយទៅជាសកម្មភាពត្រៀមលក្ខណៈដ៏ពេញលេញមួយដើម្បីជួយប្រទេសជាតិ មាតុភូមិ»៕

សមត្ថកិច្ចចុះត្រួតពិនិត្យរដ្ឋបាលជនបរទេសនៅក្នុងបុរីពិភពថ្មីកួរស្រូវ២-៣ រកឃើញជនបរទេសស្នាក់នៅខុសច្បាប់ចំនួន ៧៥នាក់

2026/05/13 12:37:23 pm        178
ភ្នំពេញ៖ ដោយទទួលបានបទបញ្ជាពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានដឹកនាំកងកម្លាំងក្រោមឱវាទ ចូលរួមសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ និងដោយមានការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះអនុវត្តច្បាប់អន្តោប្រវេសន៍ និងទីតាំងកន្លែងស្នាក់នៅខុសច្បាប់ ទីតាំងលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងបុរីពិភពថ្មីកួរស្រូវ២ និងពិភពថ្មី៣ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ស្ថិតនៅភូមិស្រីស្នំ ភូមិកួរស្រូវ១ គួស្រូវ២ សង្កាត់ព្រែកកំពឹស និងភូមិកួរស្រូវ៣ សង្កាត់រលួស ខណ្ឌដង្កោរាជធានីភ្នំពេញ។គួរបញ្ជាក់ថា៖ ក្រុមការងារចម្រុះទី១ ដឹកនាំដោយ ឯកឧត្តម ឯក ឃុនឌឿន អភិបាលរងរាជធានីភ្នំពេញ និងឯកឧត្តម សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យរដ្ឋបាលគោលដៅបុរីពិភពថ្មីគួរស្រូវ III ស្ថិតក្នុងភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ បានផ្ទះចំនួន ៤២ល្វែង មានជនបរទេសស្នាក់នៅស្របច្បាប់សរុបចំនួន ៤៦នាក់ ស្រី ៥នាក់ មាន ៣សញ្ជាតិ(សញ្ជាតិចិន ៤៣នាក់ ស្រី ៤នាក់ សញ្ជាតិវៀតណាម ២នាក់ ស្រី ១នាក់ សញ្ជាតិកូរ៉េ ១នាក់ ស្រី ០នាក់) និងឃាត់ខ្លួនជនបរទេសស្នាក់នៅខុសច្បាប់ពាក់ព័ន្ធការបើកផ្ទះសំណាក់ដោយគ្មានច្បាប់អនុញ្ញាត ចំនួន ៦នាក់ប្រុស មាន ១សញ្ជាតិ(ចិន) ប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តតាមនីតិវិធីជំនាញ។ក្រុមការងារចម្រុះទី២ ដឹកនាំដោយឯកឧត្តម ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញ ឯកឧត្តម អ៊ុមរ៉ន ហាស្សាន់ អភិបាលរងរាជធានីភ្នំពេញ និងឯកឧត្តម ឃ្លាំង ហួតអភិបាលរងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យរដ្ឋបាលទីតាំងបុរីពិភពថ្មី កួរស្រូវ១ ស្ថិតនៅភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញបានផ្ទះចំនួន ៤០ល្វែងមានជនបរទេសស្នាក់នៅ សរុបចំនួន១១៥នាក់ ស្រីចំនួន១០នាក់ មាន៥សញ្ជាតិ ក្នុងនោះ ៖១. ជនបរទេសស្នាក់នៅស្របច្បាប់សរុបចំនួន៤៦នាក់ ស្រី៩នាក់ លើ៥សញ្ជាតិ។២. ជនបរទេសស្នាក់នៅខុសច្បាប់ សរុបចំនួន ៦៩នាក់ ស្រី១នាក់ លើ៥សញ្ជាតិ (បង់ក្លាដេស ៥៨នាក់, វៀតណាម ៧នាក់ ស្រី១នាក់, ចិន ២នាក់, នេប៉ាល់ ១នាក់, ប៉ាគីស្ថាន ១នាក់) ត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ន និងប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តតាមនីតិវិធីជំនាញ។ឯកឧត្តម ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ បានណែនាំដល់រដ្ឋបាលខណ្ឌដង្កោ និងនគរបាលអន្តោប្រវេសន៍ខណ្ឌ ត្រូវត្រួតពិនិត្យប៉ាសស្ព័រ វីហ្សា និងផ្ទះសំណាក់ជនជាតិដែលគ្មានច្បាប់អនុញ្ញាត និងស្មើឲ្យខាងពន្ធដារខណ្ឌ ចុះសួរនាំបញ្ហានេះជាបន្ទាន់ផងដែរ៕

អតីត​ប្រមុខការពារជាតិកម្ពុជា គាំទ្រពេញទំហឹងចំពោះយន្តការរាជរដ្ឋាភិបាលទៅកាន់UNCLOS

2026/05/13 12:18:03 pm        232
សម្តេចពិជ័យសេនាទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ប្រកាស​គាំទ្រ​យ៉ាងពេញទំហឹងចំពោះយន្តការរបស់រាជរដ្ឋាភិបាល ក្នុងការ​ប្រើប្រាស់​យន្តការ​នៃ​ការ​ផ្សះ​ផ្សារ​ដោយ​បង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ ដើម្បីដោះស្រាយ​ដែន​សមុទ្រ​ត្រួត​គ្នារវាងកម្ពុជា-សៀម ក្រោយពីភាគីសៀម​បាន​សម្រេច​ដក​ខ្លួន​ជា​ឯក​តោ​ភាគី​ចេញ​ពី ​MOU ២០០១។ សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងទៀតថា ការចរចា​ទ្វេភាគី​រវាង​កម្ពុជា ​និងថៃ នេះក៏វាគ្មានបន្តទៅទៀតទេលើបញ្ហានេះ ដោយសារ​ថៃ​បាន​ដក​ខ្លួន​ចេញ​ហើយ​នោះ​។ ក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ BTVកាលពីល្ងាចថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦​ម្សិល​មិញ​នេះ​ អតីត​ប្រមុខការពារជាតិកម្ពុជារូបនេះ បានបញ្ជាក់ថា កម្ពុជាគ្មានផ្លូវណាជ្រើស​រើស​ទៀត​នោះទេ​ក្រៅ​ពីប្តឹងទៅអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ ដែលហៅUNCLOSនោះ ហើយ​កម្ពុជា​ក៏​អាចមានអារម្មណ៍ ថាស្រួលខ្លួនផងដែរ បន្ទាប់ពីថៃដកខ្លួនចេញពីMOUនេះ ដោយ​កម្ពុជា​នឹង​ធ្វើ​ទៅ​តាមច្បាប់អន្តរជាតិដែលអង្គការសហប្រជាជាតិជាអ្នកសម្រេចលើបញ្ហានេះ។សូមបញ្ជាក់ថា ជាជំហរកម្ពុជា កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្រ្តី​នៃ​កម្ពុជាបានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេច ប្រើប្រាស់យន្តការ​នៃ​ការ​ផ្សះ​ផ្សារ​ដោយចាប់បង្ខំ ដែលស្ថិតនៅក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ផ្អែកលើមូលដ្ឋានច្បាប់ ក្នុងការដោះស្រា​យ​តំបន់ទាមទារដែនសមុទ្រត្រួតគ្នារវាងកម្ពុជានិងថៃ បន្ទាប់ពីភាគីថៃបានប្រកាសជាផ្លូវការ សម្រេច​ដកខ្លួនដោយឯកតោភាគីចេញពីអនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជា-ថៃនោះ៕ អត្ថបទ បាន ចក់

សម្ដេចតេជោ ជំរុញឱ្យកម្ពុជា និងវៀតណាម សម្រេចឱ្យបានទំហំពាណិជ្ជកម្មដល់ ២០ពាន់លានដុល្លារនាពេលខាងមុខ

2026/05/13 12:15:31 pm        178
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពជា បង្ហាញក្ដីរីករាយចំពោះទំនាក់ទំនងដ៏ល្អ និងរឹងមាំរវាងកម្ពុជា និងវៀតណាម តាមរយៈលទ្ធផលនេះសម្ដេចតេជោ បានជំរុញឱ្យរដ្ឋាភិបាលនៃប្រទេសទាំងពីរត្រូវជំរុញការដោះដូរពាណិជ្ជកម្មជាមួយគ្នាឱ្យកើនឡើងដល់ចំនួន ២០ ពាន់លានដុល្លារនាពេលខាងមុខ ខណៈកាលពីឆ្នាំ២០២៥ សម្រេចបានជាង ១១ ពាន់លានរួចទៅហើយ។ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានជំរុញបែបនេះ ក្នុងឱកាស អនុញ្ញាតឱ្យ ឯកឧត្តម ត្រិញ វ៉ាន់ក្វៀត (Trinh Van Quyet) សមាជិកការិយាល័យនយោបាយ សមាជិកគណៈលេខាធិការមជ្ឈិមបក្ស និងជាប្រធានគណៈឃោសនា និងចលនាមហាជនមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ចូលជួបសម្ដែងការគួរសម នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦នេះ នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិ រាជធានីភ្នំពេញ។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបនេះថា ជាកិច្ចចាប់ផ្ដើមសម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវកិច្ចរីករាយ និងចាត់ទុកដំណើរទស្សនកិច្ចរបស់ ឯកឧត្តម ត្រិញ វ៉ាន់ក្វៀត គឺជាការរួមចំណែកដល់ការរឹតចំណងមិត្តភាពរវាងកម្ពុជា និងវៀតណាមឱ្យកាន់តែរឹងមាំ និងនិយាយដោយឡែកនៅក្នុងក្របខណ្ឌ គណបក្ស និងគណបក្ស ឱ្យកាន់តែរីកចម្រើនបន្តទៀត។ នៅក្នុងឱកាសនោះឯកឧត្តម ត្រិញ វ៉ាន់ក្វៀត បានសម្ដែងនូវការអរគុណជាអនេកប្បការចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឱ្យឯកឧត្តម និងសហការី បានជួបសម្ដែងការគួរសមនៅក្នុងឱកាសនេះ។ ឯកឧត្តម បានលើកឡើងថា កម្ពុជា និងវៀតណាមមានទំនាក់ទំនងដ៏ល្អ និងរឹងមាំជាមួយគ្នានៅក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការ ទាំងក្របខណ្ឌនីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងទំនាក់ទំនងប្រជាជន និងប្រជាជនរវាងប្រទេសទាំងពីរមានភាពរីកចម្រើនជាបន្តបន្ទាប់។ ឯកឧត្តម ប្រធានគណៈឃោសនា និងចលនាមហាជនមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម បានលើកឡើងថា កន្លងមកប្រទេសទាំងពីរបានផ្លាស់ប្ដូរនូវដំណើរទស្សនកិច្ចទៅវិញទៅមកយ៉ាងច្រើន រវាងថ្នាក់ដឹកនាំនៃប្រទេសវៀតណាម និងថ្នាក់ដឹកនាំនៃប្រទេសកម្ពុជាយ៉ាងផុលផុសដែលបង្ហាញអំពីទំនាក់ទំនងដ៏រឹងមាំ ហើយនៅឆ្នាំ២០២៧ខាងមុខ គឺជាខួប ៦០ឆ្នាំនៃទំនាក់ទំនងរវាងកម្ពុជា និងវៀតណាមដោយភាគីទាំងពីរ នឹងរៀបចំពិធីអបអរសាទរដើម្បីរឭកខួបនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ឯកឧត្តម ត្រិញ វ៉ាន់ក្វៀត បានរំលេចដែរថា កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម នៅតាមព្រំដែន គឺជាកិច្ចសហប្រតិត្តិការដ៏ល្អដែលប្រទេសទាំងពីរបានធ្វើការជាមួយគ្នាដោយរក្សាបាននូវសន្ដិសុខ សន្ដិភាពនៅតាមព្រំដែនយ៉ាងរឹងមាំសម្រាប់ប្រទេសទាំងពីរ ហើយបន្តនូវកិច្ចសហប្រតិបត្តិការនេះបន្តទៀតឱ្យកាន់តែមានភាពឋិតថេរ និងផ្ដល់ផលប្រយោជន៍ទៅវិញទៅមកដល់ប្រជាជននៅតាមព្រំដែនប្រទេសទាំងពីរ។ នៅក្នុងឱកាសនោះ សម្ដេចតេជោ បានសម្ដែងនូវការពេញចិត្តចំពោះការលើកឡើងរបស់ ឯកឧត្តម ត្រិញ វ៉ាន់ក្វៀត ជាពិសេសទាក់ទងនឹងកិច្ចសហប្រតិបត្តិការនៅតាមព្រំដែនរវាងប្រទេសទាំងពីរ។ សម្ដេចតេជោ បានលើកឡើងថា កន្លងមក កម្ពុជាតែងតែជំរុញឱ្យអាជ្ញាធរនៅតាមបណ្ដាខេត្តជាប់ព្រំដែនធ្វើយ៉ាងណាបង្កើននូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យមានភាពរឹងមាំ ជាពិសេសការទាញយកនូវផលប្រយោជន៍បម្រើដល់វិស័យពាណិជ្ជកម្ម ការដឹកជញ្ជូន និងការផ្លាស់ប្ដូរប្រជាជន និងប្រជាជនជាដើម។ សម្ដេចតេជោ បានលើកឡើងដែរថា ទំនាក់ទំនងស្នូលរវាងកម្ពុជានឹងវៀតណាមនៅតែមិនអាចកាត់ផ្ដាច់បានពីទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ហើយសម្ដេចតេជោ ចង់ឃើញពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ២០ពាន់លានដុល្លារនៅពេលខាងមុខតាមអ្វីដែលប្រទេសទាំងពីរបានប្ដេជ្ញាជាមួយគ្នា។ សម្ដេចតេជោ បានបញ្ជាក់ថា ការដោះដូរពាណិជ្ជកម្មឱ្យកើនដល់ចំនួន ២០ ពាន់លានដុល្លារនេះ ប្រទេសទាំងពីរអាចធ្វើទៅបានដោយសារពីមួយឆ្នាំទៅមួយឆ្នាំកំណើននៃការនាំចេនៅក្នុងផ្នែកពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានការកើនឡើង ក្នុងនោះទំហំពាណិជ្ជកម្មកាលពីឆ្នាំ២០២៥ បានកើនឡើងដល់ ១១ ពាន់លានដុល្លារអាមេរិករួចទៅហើយ ដូច្នេះប្រទេសទាំងពីរត្រូវខិតខំប្រឹងប្រែងក្នុងការពង្រីកទំហំពាណិជ្ជកម្មនេះឱ្យកាន់តែកើនឡើងបន្តទៀត។ សម្ដេចតេជោ បានរំលេចបន្ថែម ទាក់ទងនឹងកិច្ចសហប្រតិបត្តិការនានាទាំងនៅក្នុងក្របខណ្ឌរដ្ឋាភិបាល និងនៅក្នុងក្របខណ្ឌគណបក្ស, ជាពិសេសសម្ដេចតេជោ សម្ដែងការពេញចិត្តចំពោះការចែករំលែក និងការបណ្ដុះបណ្ដាលរវាងយុវជន និងយុវជននៃប្រទេសទាំងពីរដែលធ្វើឱ្យទំនាក់ទំនងយុវជនប្រទេសទាំងពីរកាន់តែមានភាពជិតស្និទ្ធជាមួយគ្នាបន្តទៀត។ នៅក្នុងឱកាសនោះ ឯកឧត្តម ប្រធានគណៈឃោសនា និងចលនាមហាជនមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម បានសម្ដែងនូវការពេញចិត្តចំពោះប្រសាសន៍សម្ដេចទេជោទាក់ទងនឹងការពង្រីកនូវទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម។ ឯកឧត្តម បានលើកឡើងថា កម្ពុជា និងវៀតណាម ប្រាកដជាអាចធ្វើទៅបាននៅក្នុងការសម្រេចទិសដៅនៃទំហំពាណិជ្ជកម្ម ២០ពាន់លានដុល្លារនៅពេលខាងមុខ៕

អ្នកវិភាគ៖ ការ​អនុវត្តច្បាប់កាតព្វកិច្ចយោធាពេលនេះ គឺជាកិច្ចការសំខាន់ដើម្បីពង្រឹង​ខឿន​ការពារ​ជាតិ​​កម្ពុជា

2026/05/13 12:07:09 pm        187
​អ្នកវិភាគ និងជំនាញខាង​វិទ្យាសាស្រ្តនយោបាយ បានចាត់ទុក ការរៀបចំដាក់​ឱ្យ​អនុវត្ត​ច្បាប់​កាតព្វកិច្ច​យោធា​នៅ​ឆ្នាំ២០២៦នេះ គឺជាកិច្ចការងារដ៏មានសារៈសំខាន់ដើម្បីពង្រឹង​ខឿនការពារ​ជាតិ​របស់​​កម្ពុជា តាមរយៈការចូលរួមដោផ្ទាល់ពីប្រជាពលរដ្ឋ ខណៈកន្លងទៅ​យុវជន​ខ្មែរ​ជា​ច្រើន​ចង់​ចូល​រួម​ក្នុង​វិស័យការពារជាតិនេះ។ ប៉ុន្ដែក្រុមអ្នកវិភាគក៏អំពាវនាវឱ្យអនុវត្តឱ្យមានយុត្តិធម៌ សមធម៌​ និងតម្លាភាពក្រោយការដាក់ឱ្យអនុវត្តច្បាប់នេះជាផ្លូវការ។លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ បានលើក​ឡើង​តាម​រយៈ​កិច្ច​សម្ភាសន៍​ជា​មួយ​ BTV ថា ការ​ដាក់ឱ្យអនុវត្តច្បាប់កាតព្វកិច្ចយោធានេះគឺជា​ការ​ធានានូវការ​ចូលរួមក្នុងការ​ការ​ពារ​ជាតិ​ទាំងអស់គ្នា មានន័យថា ផ្ដល់ឱកាសដល់ប្រជាពលរដ្ឋ និងយុជន​ទាំងអស់ បានចូល​រួម​នៅ​ក្នុង​វិស័យការពារជាតិ។ លោកលើកឡើងថា កន្លងទៅនៅពេល​ដែល​រាជ​រដ្ឋាភិបាល​តាម​រយៈ​ក្រសួង​ការពារជាតិ​ ក្នុងអំឡុងពេល​ប្រកាស​ជ្រើសរើស​នាយទាហាន ឬពលទាហាន គឺមាន​យុវជន​​រា​ប់ពាន់នាក់​​ទាំងបុរស និងស្រ្ដី​បានចុះឈ្មោះ​ចង់ចូលរួម​បម្រើការងារ​នៅក្នុងវិស័យ​ការ​ពា​រ​ជាតិ​ ប៉ុន្ដែ​ពេលនោះកម្ពុជា​មិនទាន់ប្រើប្រាស់​យន្តការ​ច្បាប់​ដើម្បីជ្រើសរើស​កងទ័ព​ច្រើន​នៅ​ឡើយ​។ លោក​បន្តថា ដូច្នេះ​ការ​រៀបចំដាក់ឱ្យអនុវត្ត​ច្បាប់កាតព្វកិច្ចយោធានៅឆ្នាំ២០២៦នេះ គឺជា​ការ​ផ្ដល់​ឱកាសឱ្យយុវជន​ខ្មែរ​ទាំងអស់បានចូលរួមដោយការ​ស្ម័គ្ររបស់ខ្លួនផង និងដោយ​កាតព្វ​កិច្ច​ផង​​ ដើម្បីការពារជាតិ និងមាតុភូមិ ស្របទៅនឹង​ស្ថានការណ៍ថ្មីនៃការ​ប្រែប្រួល និង​វិវដ្ដ​របស់​ពិភព​លោក។ ប៉ុន្ដែជាមួយគ្នានេះ ក្រោយពីការ​ដាក់ឱ្យអនុវត្តជាផ្លូវការ​នូវច្បាប់​កាតព្វកិច្ចយោធានេះ លោក​បណ្ឌិត យង់ ពៅ ក៏អំពាវនាវឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវ​អនុវត្តឱ្យមានយុត្តិធម៌ សមធម៌ និងតម្លាភាព។សូមជម្រាបថា រដ្ឋសភាបានអនុម័តជាឯកច្ឆន្ទលើសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា  ក្នុងសម័យប្រជុំជាវិសាមញ្ញ នីតិកាលទី៧ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦នេះ ក្រោមអធិបតីភាពដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដើម្បីពិភាក្សា។ក្នុងបទអន្តរាគមន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងសម័យរដ្ឋសភានេះ, សម្ដេច​បានបញ្ជាក់អំពីអត្ថប្រយោជន៍ចំនួនបី ដែលយុវជនខ្មែរនឹងទទួលបានពីការ​អនុវត្តច្បាប់​កាតព្វកិច្ចយោធានេះ ក្នុងនោះមាន អត្ថ​​​ប្រយោជន៍ផ្ទាល់ទាំងលើវិស័យការពារជាតិ, អត្ថប្រយោជន៍ចំពោះយុវជនខ្លួនឯងផ្ទាល់ និងគ្រួសារ និងអត្ថ​ប្រយោជន៍សម្រាប់សង្គមជាតិទាំងមូល៕

ប្រធានស្តីទីព្រឹទ្ធសភា ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដើម្បីពិនិត្យសំណើរបស់រដ្ឋសភាពាក់ព័ន្ធនឹងសេចក្តីព្រាងច្បាប់ចាំបាច់ចំនួន២

2026/05/13 11:58:45 am        104
នាព្រឹកថ្ងៃ ទី១៣ ខែឧសភា ឆ្នាំ២០២៦ នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ ដើម្បីពិនិត្យសម្រេចលើរបៀបវារៈចំនួន៤ រួមមាន៖ ​១-ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី កាតព្វកិច្ចយោធា។ ​២-ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុនអគ្គិសនីវៀតណាមនៃសាធារណរដ្ឋសង្គមនិយមវៀតណាម សម្រាប់ការធានាលើការទិញថាមពលអគ្គិសនីពីប្រទេសវៀតណាម។ ​៣-ពិនិត្យ និងសម្រេចលើរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងាររបស់ព្រឹទ្ធសភា នៅចន្លោះសម័យប្រជុំលើកទី៤ និងលើកទី៥ ព្រឹទ្ធសភានីតិកាលទី៥។ ​៤-ផ្សេងៗ។ បន្ទាប់ពីបានពិនិត្យ និងពិភាក្សាតាមរបៀបវារៈរួច គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានសម្រេចបញ្ជូន៖ ១-សេចក្តីព្រាងច្បាប់ស្តីពី កាតព្វកិច្ចយោធា ទៅគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន នៃព្រឹទ្ធសភា ដើម្បីពិនិត្យសិក្សានិងផ្តល់យោបល់ជូនគណៈកម្មាធិការអចិន្រៃ្តយ៍ និងប្រជុំពេញអង្គព្រឹទ្ធសភា។ ២-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុនអគ្គិសនីវៀតណាមនៃសាធារណរដ្ឋសង្គមនិយមវៀតណាម សម្រាប់ការធានាលើការទិញថាមពលអគ្គិសនីពីប្រទេសវៀតណាម ទៅគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃព្រឹទ្ធសភា សហការជាមួយគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណី ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃព្រឹទ្ធសភា ដើម្បីពិនិត្យសិក្សានិងផ្តល់យោបល់ជូនគណៈកម្មាធិការអចិន្រៃ្តយ៍ និងប្រជុំពេញអង្គព្រឹទ្ធសភា៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

បម្រែបម្រួលអាកាសធាតុធ្វើឲ្យប៉ះពាល់ដល់កសិករចិញ្ចឹមឃ្មុំនៅកូរ៉េខាងត្បូង
06/04/2026 08:06 PM
EU និង UNICEF បញ្ជូនគ្រឿងផ្គត់ផ្គង់សង្រ្គោះជំងឺអេបូឡាទៅកាន់កុងហ្គោ ខណៈផ្ទុះការរីករាលដាលឆ្លង
06/04/2026 08:06 PM
មន្ត្រីជាន់ខ្ពស់ការបរទេស៖កម្ពុជាបានជ្រើសរើសអ្នកផ្សះផ្សាពីររូបរួចហើយ ខណៈភាគីថៃមានពេល២១ថ្ងៃ ដើម្បីជ្រើសរើសអ្នកផ្សះផ្សាពីររូបដែរ
06/04/2026 08:06 PM
កម្ពុជាធ្វើជាម្ចាស់ផ្ទះសិក្ខាសាលាស្តីពី ការបង្កើតកិច្ចសហប្រតិបត្តិការស្ថាប័នប្រវត្តិសាស្ត្រយោធាអាស៊ាន(AMHIC)”
06/04/2026 08:06 PM
មាន​អ្នក​ស្លាប់ច្រើន​នាក់​ ក្នុងហេតុការណ៍​ធ្លាក់យន្តហោះនៅតំបន់ Istria របស់​ក្រូអាត
06/04/2026 08:06 PM
ឆ្មាំបដិវត្តន៍អ៊ីរ៉ង់អំពាវនាវឲ្យ​អ៊ីស្រាអែលដកទ័ពទៅកាន់ទីតាំងមុនសង្គ្រាម នៅលីបង់
06/04/2026 08:06 PM
ប្រទេស ១១ នៅអឺរ៉ុប អំពាវនាវឲ្យ​ EU មានច្បាប់ទិដ្ឋាការកាន់តែតឹងរ៉ឹង សម្រាប់ជនជាតិរុស្ស៊ី
06/04/2026 07:06 PM
អ៊ីស្រាអែលឃុំខ្លួនក្រុមបាតុករជ្វីហ្វជ្រុលនិយម បន្ទាប់ពី​បាន​វាយប្រហារលំនៅ​ឋាន​របស់ចៅក្រម
06/04/2026 07:06 PM
បទឈប់បាញ់នៅលីបង់ បង្កើនក្តីសង្ឃឹមពី​ការ​មាន​វឌ្ឍនភាព សម្រាប់កិច្ចព្រមព្រៀងអ៊ីរ៉ង់
06/04/2026 07:06 PM
អាកាសធាតុអាក្រក់បែងចែកអ៊ីតាលីដោយព្យុះកួចកើតមាននៅទីក្រុងរ៉ូមហើយអាកាសធាតុក្តៅវាយប្រហារកោះ Sicily
06/04/2026 07:06 PM