ក្រុមអ្នកសង្កេតការណ៍អាស៊ាន បន្តចុះសង្កេតការណ៍ស្ថានភាពព្រំដែននៅតំបន់អូរភ្លុកដំរី ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ទីតាំងរងការវាយប្រហារ និងកំពុងកាន់កាប់ដោយខុសច្បាប់ដោយយោធាថៃ
ឃាតកម្មចាក់សម្លាប់មនុស្សរួចយកសពប្លុងចោលក្នុងរថយន្តនៅខណ្ឌដង្កោ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្រុមឃាតកបាន០៤នាក់
ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»
ក្រុមអ្នកសង្កេតការណ៍អាស៊ាន បន្តចុះសង្កេតការណ៍ផ្ទាល់អំពីស្ថានភាពព្រំដែននៅតំបន់ច១ ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដើម្បីពិនិត្យការអនុវត្តបទឈប់បាញ់

ព័ត៌មានជាតិ

គណៈកម្មការទី៨ នៃរដ្ឋសភាកម្ពុជា៖ ការកសាងសមត្ថភាពស្ត្រី ជាដៃគូដ៏មានតម្លៃបំផុតសម្រាប់ការផ្លាស់ប្តូរប្រកបដោយចីរភាព

2025/10/31 03:37:53 pm        325
លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី (គណៈកម្មការទី៨) នៃរដ្ឋសភាកម្ពុជា បានលើកឡើងថា ក្នុងចំណោមទម្រង់នៃភាពជាដៃគូនានា ការកសាងសមត្ថភាពស្ត្រី គឺជាកត្តាដ៏មានតម្លៃបំផុតដើម្បីសម្រេចបាននូវការផ្លាស់ប្តូរទ្រង់ទ្រាយធំ និងប្រកបដោយចីរភាព។ លោកជំទាវបានសង្កត់ធ្ងន់ថា ការវិនិយោគលើមនុស្ស ជាពិសេសស្ត្រី គឺជាមូលដ្ឋានគ្រឹះដែលប្រែក្លាយគោលនយោបាយ និងហិរញ្ញវត្ថុទៅជាលទ្ធផលជាក់ស្តែង។ថ្លែងក្នុងបទអន្តរាគមន៍នៅកិច្ចពិភាក្សាតុមូលនៃវេទិកាសន្តិភាពប៉ារីស (Paris Peace Forum) នាល្ងាចថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ក្នុងឱកាសអមដំណើរ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា អញ្ជើញចូលរួមក្នុង វេទិកាសន្តិភាពប៉ារីសលើកទី៨ នៅប្រទេសបារាំង, លោកជំទាវ ឡោក ខេង បានឆ្លើយតបទៅនឹងសំណួរ ស្តីពី ភាពជាដៃគូដែលមានតម្លៃបំផុត (ការវិនិយោគហិរញ្ញវត្ថុ អាណត្តិគោលនយោបាយ ឬការកសាងសមត្ថភាព) ដោយបញ្ជាក់យ៉ាងមុតមាំពីជម្រើសនៃ «ការកសាងសមត្ថភាព»។លោកជំទាវបានពន្យល់យ៉ាងច្បាស់ថា៖ «ការវិនិយោគហិរញ្ញវត្ថុ និងអាណត្តិគោលនយោបាយសុទ្ធតែមានសារៈសំខាន់ក៏ពិតមែន ប៉ុន្តែផលប្រយោជន៍យូរអង្វែងអាចកើតមានឡើង លុះត្រាតែមានមនុស្សដែលមានជំនាញ ទំនុកចិត្ត និងការយល់ដឹង ដើម្បីអនុវត្តការផ្លាស់ប្ដូរទាំងនោះទៅមុខ។ ការកសាងសមត្ថភាព គឺជាមូលដ្ឋានគ្រឹះដែលប្រែក្លាយគោលនយោបាយទៅជាវឌ្ឍនភាព និងប្រែក្លាយធនធានទៅជាលទ្ធផល»។លោកជំទាវ ឡោក ខេង បានចែករំលែកបទពិសោធន៍ជាក់ស្តែងរបស់កម្ពុជា ដែលជាភាពជោគជ័យនៃការកសាងសមត្ថភាពនេះ ជាអាទិ៍រួមមាន៖ទី១. យុទ្ធនាការ Girl2Leader និងកម្មវិធីសភាត្រាប់៖ តាមរយៈការណែនាំតម្រង់ទិស និងការរៀនសូត្រជាក់ស្ដែង ក្មេងស្រីវិទ្យាល័យអាចផ្លាស់ប្ដូរការគិត ថាភាពជាអ្នកដឹកនាំគឺជាអ្វីដែលពួកគេក៏អាចសម្រេចបានដូចក្មេងប្រុសដែរ។ទី២. ការពង្រឹងសមត្ថភាពសមាជិកសភាស្ត្រី៖ ការបណ្តុះបណ្តាលសម្រាប់សមាជិកសភាស្ត្រី និងមន្ត្រីសភាស្ត្រី បានពង្រឹងសមត្ថភាពរបស់ពួកគេក្នុងការប្រើប្រាស់ទិន្នន័យ ទំនាក់ទំនងភស្តុតាង និងជះឥទ្ធិពលដល់លទ្ធផលគោលនយោបាយដែលធ្វើឱ្យជីវិតប្រជាជនកាន់តែប្រសើរឡើង។ទី៣. ការផ្សព្វផ្សាយរបៀបវារៈសកល៖ ក្នុងខែតុលា ឆ្នាំ២០២៤ រដ្ឋសភាកម្ពុជា បានរៀបចំសិក្ខាសាលាកសាងសមត្ថភាពស្តីពី របៀបវារៈស្ត្រី សន្តិភាព និងសន្តិសុខ (WPS) សម្រាប់សមាជិកសភានៅទូទាំងអាស៊ាន ដើម្បីបង្កើនការយល់ដឹងពីរបៀបវារៈដ៏សំខាន់នេះ។ជារួម ការវិនិយោគលើសមត្ថភាពស្ត្រីត្រូវបាន លោកជំទាវ ឡោក ខេង សង្កត់ធ្ងន់ថា៖ «ដើម្បីសម្រេចបានការផ្លាស់ប្តូរទ្រង់ទ្រាយធំ និងយូរអង្វែង ការវិនិយោគដ៏មានឥទ្ធិពលបំផុតដែលយើងអាចធ្វើបាន គឺការវិនិយោគលើការកសាងសមត្ថភាព ជាពិសេសលើការពង្រឹងសមត្ថភាពរបស់ស្ត្រីក្នុងការដឹកនាំ ចែករំលែកបទពិសោធន៍របស់ពួកគេ និងប្រើប្រាស់ទិន្នន័យដើម្បីជំរុញដំណោះស្រាយគោលនយោបាយប្រកបដោយបរិយាបន្ន»។គួររំលឹកដែរថា កិច្ចពិភាក្សាតុមូលនៅថ្ងៃនេះ ក៏បានឯកភាពគ្នាផងដែរថា ទិន្នន័យ ការនិទានរឿង និងភាពជាអ្នកដឹកនាំ គឺជាឧបករណ៍ដ៏សំខាន់ក្នុងការទប់ស្កាត់អំពើហិង្សាលើស្ត្រី និងក្មេងស្រី។ ជាងនេះទៅទៀត ការសម្រេចបាននូវសន្តិភាពយូរអង្វែងទាមទារការចូលរួមពីបុរសកាន់តែសកម្ម ដើម្បីបង្កើតបរិយាកាសអំណោយផលសម្រាប់មនុស្សគ្រប់រូប។ បទអន្តរាគមន៍របស់លោកជំទាវ ឡោក ខេង បានឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តរបស់កម្ពុជាក្នុងការលើកកម្ពស់តួនាទីរបស់ស្ត្រីក្នុងវិស័យសភា នយោបាយ និងការកសាងសន្តិភាព ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រទេសជាតិប្រកបដោយភាពចីរភាពផងដែរ៕

ក្រុមការងារសម្របសម្រួលចម្រុះ កម្ពុជា-ថៃ លើការងារដោះមីនមនុស្សធម៌ ប្រជុំគ្នាកំណត់តំបន់សាកល្បង ក្នុងតំបន់អាទិភាពនៅព្រំដែនលើការងារដោះមីនមនុស្សធម៌

2025/10/31 03:27:51 pm        391
នៅរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) កម្ពុជា-ថៃ លើការងារដោះមីនមនុស្សធម៌ នៃប្រទេសទាំងពីរបានរៀបចំកិច្ចប្រជុំតាមប្រព័ន្ធ VTC ដើម្បីពិភាក្សា និងកំណត់តំបន់សាកល្បងក្នុងតំបន់អាទិភាពនៅព្រំដែន លើការងារដោះមីនមនុស្សធម៌ ស្របតាមស្មារតីនៃកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ដែលត្រូវអនុវត្តតាមនិយាមនីតិវិធីប្រតិបត្តិ (SOP) របស់ក្រុមការងារសម្របសម្រួលចម្រុះ (JCTF)។ នេះបើតាមការបញ្ជាក់របស់លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា។ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា ការកំណត់តំបន់សាកល្បងសម្រាប់ដោះមីនមនុស្សធម៌នេះ ត្រូវធ្វើឡើងដោយស្របតាមលក្ខណវិនិច្ឆ័យ លក្ខខណ្ឌ និងជំហររបស់ភាគីនីមួយៗ ហើយសកម្មភាពដោះមីនមនុស្សធម៌ក្នុងតំបន់នេះ មិនត្រូវធ្វើឱ្យប៉ះពាល់ដល់ការវាស់វែង និងខ័ណ្ឌសីមាព្រំដែនគោក ដែលជាសមត្ថកិច្ចរបស់គណៈកម្មការចំរុះព្រំដែន (JBC) នោះឡើយ។ បើតមអ្នកនាំពាក្យ ចំពោះទីតាំងដែលត្រូវបានដោះមីនរួចរាល់ ត្រូវរក្សាទុកក្នុងស្ថានភាពដើម រហូតដល់មានការសម្រេចពីគណៈកម្មការចំរុះព្រំដែន (JBC)។ ការងារដោះមីនមនុស្សធម៌នេះ ត្រូវធ្វើឡើងដោយឈរលើគោលការណ៍គោរពអធិបតេយ្យ និងបូរណភាពទឹកដី។

រដ្ឋសភា ពិភាក្សា លើសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុ រវាងកម្ពុជាជាមួយ ឡាវ ហ្វីលីពីន សិង្ហបុរី ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នា

2025/10/31 03:16:31 pm        321
ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់រដ្ឋសភា នាព្រឹកថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២៥ បានអញ្ជេីញ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាអ្នកច្បាប់រដ្ឋសភា ដេីម្បីពិនិត្យសិក្សា និងផ្តល់យោបល់ទៅលេី សេចក្តីព្រាងច្បាប់ ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៤ និង សេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦។កិច្ចប្រជុំក៏បានពិនិត្យ និងផ្តល់យោបល់ទៅលេី សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើ៖- កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និង រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ស្តីពី ការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ។- កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋហ្វីលីពីន ស្តីពី ការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធ​លើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ។- និងពិធីសារទី២ ដើម្បីធ្វើវិសោធនកម្មលើ កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសិង្ហបុរី ស្តីពី ការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធ ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល៕

ក្រសួងអភិវឌ្ឍន៍ជនបទ តាំងពិព័រណ៍ផលិតផលសហគមន៍ អោយប្រជាជនបានស្គាល់ពីផលិតផលស្នាដៃខ្មែរ

2025/10/31 03:10:01 pm        155
កំពង់ឆ្នាំង៖ ពិព័រណ៍ផលិតផលតម្បាញ ចម្លាក់ សូនរូប បន្លែសុវត្ថិភាព ម្អូបអាហារ និងផលិផលកែច្នៃពីធនធាន ក្នុងសហគមន៍ ជិត៤០ស្តង់ មកពីតាមបណ្តាខេត្ត បានដាក់បង្ហាញជូនសាធារណៈជន ទសន្សនានៅថ្ងៃទី២៩ និង៣០ ខែតុលា ឆ្នាំ២០២៥នេះ នៅតារាងបាល់ទាត់ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពឯកឧត្តម ឆាយ រិទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្តមលោកជំទាវថ្នាក់ដឹកនាំក្រសួង អាជ្ញាធរខេត្តក្រុង និងកសិករតាមសហគមន៍ផងដែរ ។កសិករតាមសហគមន៍បានអោយដឹងថា៖ ការដាក់តាំងបង្ហាញផលិតផលជាស្នាដៃខ្មែរនាពេលនេះ គឺកសិករតាមសហគមន៍ទាំងអស់ បានទទួលនូវផលប្រយោជន៍ជាច្រើន និងបានបង្ហាញដល់ប្រជាជនក្នុងខេត្តកំពង់ឆ្នាំង បានស្គាល់ពីផលិតផលខ្មែរតាមសហគមន៍ទាំងអស់ក្នុងប្រទេស។ ការផ្សព្វផ្សាយទៅកាន់សាធារណៈជនទូទៅអំពីសកម្មភាពសំខាន់ៗ ដែលកសិករទាំងអស់ បាន និងកំពុងអនុវត្ត និងអភិវឌ្ឍន៍, តាំងបង្ហាញអំពីស្នាដៃសមិទ្ធផល ព្រមទាំងការលក់ផលិតផលកែច្នៃផ្សេងៗ របស់កសិករទៅកាន់សាធារណៈជន, ការបង្កើតឱកាសដល់កសិករក្នុងការអនុវត្តន៍ ជាក់ស្តែងអំពីអាជីវកម្មផ្សារភ្ជាប់និងទីផ្សារ, ចូលរួម និងបង្កើនទំនាក់ទំនងរវាងស្ថាប័នរដ្ឋសហគមន៍កសិកម្ម ក្រុមហ៊ុន វិស័យឯកជន និងអង្គភាពជាដៃគូសហការក្នុងការដាក់តាំងបង្ហាញ និងលក់ផលិតផលផ្សេងៗនៅក្នុងកម្មវិធីពិព័រណ៍នេះ។ឯកឧត្តម ឆាយ រិទ្ធិសែន បានអោយដឹងថា៖ ពិព័រណ៍ផលិតផលសហគមន៍នាពេលនេះ រៀបចំឡើងពេលនេះ ក្នុងគោលបំណង ដើម្បីបង្ហាញពីគំរូជោគជ័យនៃការអភិវឌ្ឍសហគមន៍ ការលើកកម្ពស់ផលិតផលសហគមន៍ ការផ្សាភ្ជាប់កសិករជាមួយសហគមន៍មូលដ្ឋាន ការបង្កើនការយល់ដឹងពីការអភិវឌ្ឍ សហគមន៍ដោយមាននិរន្តភាព ទំនាក់ទំនងរវាងការអភិវឌ្ឍន៍សហគមន៍ ការអភិវឌ្ឍសេដ្ឋកិច្ច និងការគ្រប់គ្រងធនធានធម្មជាតិ និងការអភិវឌ្ឍន៍ជាមួយផលិតផលសហគមន៍ ដល់យុវជន ប្រជាជនកម្ពុជា ការលើកទឹកចិត្តឲ្យកសិករ អោយចេះរៀបចំព្រឹត្តិការណ៍នានា នៅសហគមន៍របស់ពួកគេនាពេលអនាគត៕ កាំង ហុងវាស្នា

​ក្រសួងអភិវឌ្ឍន៍ជនបទ កំពុងប្រែក្លាយតំបន់ជនបទ មកនៅកៀកជិតតំបន់ប្រជុំជន និងធ្វើអោយជីវភាពប្រជាពលរដ្ឋកាន់តែប្រសើរឡើង

2025/10/31 02:51:39 pm        261
កំពង់ឆ្នាំង៖ ឯកឧត្តម ចាន់ ដារ៉ុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥នេះ បានដឹកនាំក្រុមការងារគណៈកម្មការអន្តរក្រសួង មានក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមទាំងក្រុមការងារបច្ចេកទេស នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង ចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារថែទាំខួបផ្លូវចំនួន១កំណាត់ ផ្លូវបេតុង និងផ្លូវក្រាលកៅស៊ូDBST ស្ថិតក្នុងឃុំស្វាយ ឃុំត្បែងខ្ពស់ ឃុំស្វាយជុក និងឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។ក្នុងពេលចុះពិនត្យនេះ ប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ផ្លូវបានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានជួយដល់សេដ្ឋកិច្ចគ្រួសារប្រជាពលរដ្ឋនៅតាមមូលដ្ឋានជនបទ តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ នាំអោយមានផ្លូវក្រាលគ្រួសក្រហម ផ្លូវបេតុង ផ្លូវកៅស៊ូ ខ្វាត់ខ្វែងមិនចាញ់ទីក្រុង ងាយស្រួលធ្វើដំណើរ មិនបាច់ចំណាយពេល និងប្រាក់កាសច្រើនដូចពេលមុន។ ទីជនបទ និងទីក្រុងនាពេលនេះ បាននៅជិតគ្នាបង្កើយ ធ្វើអោយជីវភាពប្រជាពលរដ្ឋតាមជនបទធូរធារមួយកម្រឹតទៀត។ ឯកឧត្តម ចាន់ ដារ៉ុង បានសំណូមពរដល់បងប្អូនទាំងអស់ជួយថែរក្សាផ្លូវ កុំកាយលុបប្រឡាយ ត្រូវដាក់លូបង្ហូរទឹកកុំអោយស្ទះ និងជួយមើលឡានដឹកធ្ងន់ៗផង ព្រោះសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងឯកឧត្តម ឆាយ រិទ្ធីសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ តែងតែគិតគូរដល់សុខទុក្ខ និងសេដ្ឋកិច្ចគ្រួសារបងប្អូនប្រជាពលរដ្ឋនៅតាមជនបទជានិច្ច ។ ការគិតគូរបស់ថ្នាក់ដឹកនាំ ធ្វើអោយបងប្អូនបានមកវិញនូវផ្លូវបេតុង និងកៅស៊ូDBSTថ្មីស្អាត នាំអោយងាយស្រួលដល់ការធ្វើដំណើរទៅមកមន្ទីរពេទ្យ មណ្ឌលសុខភាព កូនចៅទៅសាលារៀន ធ្វើការ ទៅវត្ត និងការធ្វើដំណើរប្រកបអាជីវកម្មផ្សេងៗ។ ចំពោះមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង ធ្វើយ៉ាងណាត្រូវបន្តខិតខំថែទាំផ្លូវកៅស៊ូ ដែលស្ថិតក្នុងគម្រោង និងជាសមិទ្ធផលថ្មី ក្នុងមូលដ្ឋានរបស់ប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ដើម្បីជាប្រយោជន៍រួមទាំងអស់គ្នា និងផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរឆ្លងកាត់ដឹកកសិផលពីភូមិមួយ ទៅភូមិមួយប្រកបដោយសុវត្ថិភាព និងយូរអង្វែង៕ កាំង ហុងវាស្នា 

កម្ពុជាស្រឡាញ់សន្តិភាព៖ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អំពាវនាវដល់សហគមន៍អន្តរជាតិ ចូលរួមតាមដានឱ្យបានដិតដល់ក្នុងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ

2025/10/31 02:13:03 pm        1220
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានស្នើដល់សហគមន៍អន្តរជាតិចូលរួមលើកទឹកចិត្ត និងតាមដានឱ្យបានដិតដល់ក្នុងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ ដែលទើបនឹងចុះហត្ថលេខាកាលពីពេលថ្មីៗនេះ។ ការអំពាវនាវនេះបានធ្វើឡើងក្នុងបទអន្តរាគមន៍គន្លឹះនៃកិច្ចពិភាក្សាតុមូលក្នុងវេទិកាសន្តិភាពប៉ារីស (Paris Peace Forum) ដោយសម្ដេច បានគូសបញ្ជាក់ថា ទោះបីកិច្ចព្រមព្រៀងនេះជាការបោះជំហានដ៏សំខាន់ដើម្បីស្ដារសន្តិភាពយូរអង្វែងក៏ពិតមែន ប៉ុន្តែ ដំណើរការនេះហាក់ស្ថិតនៅលើផ្លូវដ៏វែងឆ្ងាយមួយ។ ក្នុងន័យនេះ សម្តេច បានអំពាវនាវដល់សហគមន៍អន្តរជាតិចូលរួមតាមដានឱ្យបានជាប់លាប់ក្នុងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពនេះ។នៅក្នុងកិច្ចពិភាក្សាតុមូលមួយ នៅរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ក្រោមប្រធានបទ«ការបែកបាក់ និងការប្រឈមមុខដាក់គ្នា៖ ការផ្លាស់ប្តូរភូមិសាស្រ្តនយោបាយនៅអាស៊ី» ដែលមានការចូលរួមពីសមាជិកស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ អ្នកការទូត និងអ្នកស្រាវជ្រាវ។ ឆ្លៀតក្នុងឱកាសនោះ សម្តេចប្រធានរដ្ឋសភា ក៏បានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំសម្របសម្រួល និងការធ្វើជាសាក្សីរបស់ ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក និងឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ កាលពីថ្ងៃទី២៦ ខែតុលា កន្លងទៅ។សម្ដេចបានគូសបញ្ជាក់ថា កម្ពុជាបានប្ដេជ្ញាចិត្តចំពោះគោលការណ៍ សន្តិសហវិជ្ជមាន គឺភាពជាអ្នកជិតខាងល្អជាមួយប្រទេសថៃ និងរក្សាមជ្ឈភាពអាស៊ាន។ កម្ពុជាធ្លាប់បានឆ្លងកាត់សង្គ្រាមស៊ីវិលអស់រយៈពេលជាង៣ទសវត្សរ៍មកហើយ ដូចនេះកម្ពុជាបានផ្ដល់តម្លៃខ្ពស់ដល់សន្តិភាព។ កម្ពុជា ឆ្អែតឆ្អន់ហើយនឹងសង្គ្រាមក្នុងអតីតកាលរបស់ខ្លួន។ ដូច្នេះហើយទើបមិនចង់មានសង្គ្រាមជាមួយប្រទេសថៃ ឬប្រទេសណាទាំងអស់។ គោលបំណង និងគោលការណ៍នៃគោលនយោបាយការបរទេសរបស់កម្ពុជា គឺជានិច្ចកាលមានសង្គតិភាព ហើយស្របតាមស្មារតីនៃរដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជា ដែលបានកំណត់យ៉ាងច្បាស់នូវជំហរ មិនចូលបក្សសម្ព័ន្ធ និងឯករាជ្យ ។ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងថា រដ្ឋធម្មនុញ្ញរបស់កម្ពុជាគឺបានហាមឃាត់ជាដាច់ខាតនូវការដាក់មូលដ្ឋានយោធានៅក្នុងដែនអធិបតេយ្យរបស់កម្ពុជាជាដាច់ខាត។ ទោះបីជាយ៉ាងនេះក្តី មិនមានន័យថា កម្ពុជាមិនបានចូលរួមយ៉ាងសកម្មក្នុងកិច្ចការនោះទេ។ ជាការពិត កម្ពុជាបានចូលរួមយ៉ាងសកម្ម និងដោយទំនួលខុសត្រូវខ្ពស់ចំពោះសន្តិភាព និងវិបុលភាពសម្រាប់ពិភពលោក តាមរយៈការលើកកម្ពស់នូវគុណតម្លៃនៃសីលធម៌ និងច្បាប់អន្តរជាតិ។ ទោះបីកម្ពុជាជាប្រទេសតូចក៏ដោយ កម្ពុជាបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីចូលរួមយ៉ាងសកម្មដល់គោលបំណងរួមជាសកលរបស់មនុស្សជាតិ ជាពិសេស ការខិតខំប្រឹងប្រែងលើកកម្ពស់សន្តិភាព។ កម្ពុជាបានចូលរួមផ្តល់កងកម្លាំងរក្សាសន្តិភាពជាង ១ម៉ឺននាក់ នៅទូទាំងពិភពលោក ក្រោមបេសកកម្មរបស់អង្គការសហប្រជាជាតិ ដែលក្នុងនោះមានស្រ្តីចំនួនជាង ៨០០ នាក់។“យើងបានចូលរួមជាមួយនឹងរបៀបវារៈ ស្រ្តី សន្តិភាព និងសន្តិសុខ” នេះជាការបញ្ជាក់របស់សម្តេចប្រធានរដ្ឋសភា ដោយសម្តេចបានបន្តថា គោលការណ៍ការបរទេសរបស់កម្ពុជាគឺ «មិត្តជាមួយគ្រប់ប្រទេសទាំងអស់ ដោយមិនយកប្រទេសណាមួយជាសត្រូវ» ដោយផ្អែកលើការគោរពគ្នា ការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងផលប្រយោជន៍ទៅវិញទៅមក។ ជាមួយគ្នានេះ កម្ពុជាក៏អនុវត្តយុទ្ធសាស្ត្រតុល្យភាព ចំពោះគ្រប់តួអង្គ ទាំងប្រទេសមហាអំណាច និងប្រទេសអំណាចកណ្ដាល។ឆ្លើយសំណួរដែលបានលើកឡើងថា តើការចូលរួមរបស់កម្ពុជាជាមួយនឹងប្រទេសមហាអំណាច និងរដ្ឋសមាជិកអាស៊ានមានលក្ខណៈយ៉ាងណា? សម្ដេចប្រធាន បានបង្ហាញការចង់ឃើញអាស៊ានដើរតួជាអ្នកសម្របសម្រួលដោយស្មោះត្រង់ និងមានប្រសិទ្ធភាព ជាអ្នកវាស់ស្ទង់ និងជាយុថ្កានៃសន្តិភាព ស្ថិរភាព និងវិបុលភាពសម្រាប់តំបន់ ហើយបានបង្ហាញសុទិដ្ឋិនិយមថា «សតវត្សរ៍ទី ២១ នេះ គឺជាសតវត្សរ៍របស់តំបន់អាស៊ីប៉ាស៊ីហ្វិក»។កម្ពុជាបានប្រកាន់យកនូវគោលនយោបាយការបរទេស “មិត្តជាមួយគ្រប់ប្រទេសទាំងអស់ ដោយមិនយកប្រទេសណាមួយជាសត្រូវ”។ គោលនយោបាយការបទេសរបស់យើងគឺចាក់ឫសយ៉ាងជ្រៅនៅក្នុងគុណតម្លៃនៃសន្តិភាព សុខដុមរមនា និងច្បាប់អន្តរជាតិ។ ការចូលរួមរបស់កម្ពុជាជាមួយតួអង្គខាងក្រៅ គឺផ្អែកលើការគោរពគ្នា ការយោគយល់គ្នា ការជឿទុកចិត្តគ្នា និងការផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។ កម្ពុជាបានផ្តល់តម្លៃចំពោះសារៈសំខាន់ នៃការមិនជ្រៀតជ្រែកគ្នា ការគោរពអធិបតេយ្យគ្នា នៅក្នុងបរិបទនៃទំនាក់ទំនងអន្តរជាតិ។ សម្តេចរដ្ឋសភាធិបតី បានសង្កត់ធ្ងន់ថា កម្ពុជាចាត់ទុក អាស៊ាន ជាមូលដ្ឋានគ្រឹះដ៏សំខាន់នៃគោលនយោបាយការបរទេស ព្រមទាំងអនុវត្ត យុទ្ធសាស្រ្តតុល្យភាព ចំពោះគ្រប់តួអង្គ ទាំងប្រទេសមហាអំណាច និងប្រទេសអំណាចកណ្តាល៕

ពលរដ្ឋចំនួន៣៣ភូមិស្មើរ៤៥០គ្រួសារ នៅសង្កាត់កូនគ្រៀល ដែលរងផលប៉ះពាល់ទទួលបានជំនួយសង្រ្គោះបន្ទាន់ ពីអង្គការក្តីសង្ឃឹមលូថេរ៉ានកម្ពុជា

2025/10/31 02:08:41 pm        1280
ឧត្តរមានជ័យ៖ ប្រជាពលរដ្ឋចំនួន៤៥០គ្រួសារ មកពីភូមិចំនួន៣៣ ភូមិក្នុងសង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ទទួលបានជំនួយពីកម្មវិធីផ្តល់ជំនួយសង្គ្រោះបន្ទាន់ ដល់គ្រួសាររងគ្រោះដែលរងផលប៉ះពាល់ដោយជម្លោះព្រំដែន កម្ពុជា-ថៃ ។ពិធីនេះបានធ្វើឡើងក្រោមវត្តមានលោក ផុន ចាន់និល អភិបាលក្រុងសំរោង ខេត្តឧត្តរមានជ័យ និង អ្នកស្រី ថៃ បុណេ នាយិកាប្រតិបត្តិ អង្គការក្តីសង្ឃឹមលូថេវ៉ានកម្ពុជា និងមានការចូលរួមពីអាជ្ញាធរមូលដ្ឋានសង្កាត់ព្រមទាំងមន្ត្រីពាក់ព័ន្ធ និងប្រជាពលរដ្ឋជាច្រើនរូបទៀត នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥នេះ។ក្នុងពិធីនោះដែរលោក ផុន ចាន់នឹល អភិបាលក្រុងសំរោង បានលើកឡើងថា បច្ចុប្បន្ននេះ បន្ទាប់ពីមានកិច្ចព្រមព្រៀង រវាងនាយករដ្ឋមន្រ្តីកម្ពុជា និងនាយករដ្ឋមន្រ្តីថៃ ក្រោមការ​សម្របសម្រួល​ដើម្បីសន្តិភាព ដោយលោកប្រធានាធិបតីដូ ណាត្រាំ និងលោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី កន្លងមក នៅកូឡាឡាំពួរ កាលពីថ្ងៃទី២៦ តុលា ឆ្នាំ២០២៥ កន្លងមកនោះ យើងឃើញថា ស្ថានភាពបានធូរស្រាលបណ្តើរខ្លះៗហើយ។ក្នុងនោះបងប្អូនប្រជាពលរដ្ឋយើងដែលបានភៀសសឹកពីមូលដ្ឋានរបស់ខ្លួន ដោយសារជម្លោះតាមព្រំដែនកម្ពុជា-ថៃ នោះ ពេលនេះ បងប្អូនបានវិលត្រឡប់មូលដ្ឋានវិញខ្លះអស់ហើយ ស្របពេលនេះ ក៏ដល់រដូវ ត្រូវប្រមូលផលស្រូវផងដែរ។លោកអភិបាលក្រុងសំរោង បន្តថា កត្ដាទាំងអស់នេះហើយ គឺជាការរួមចំណែកមួយយ៉ាងសំខាន់​ក្នុងនាម​ការងារមនុស្សធម៌ក្នុងស្មារតីខ្មែរជួយខ្មែរ។សូមបញ្ជាក់ថា កម្មវិធីនេះ ទទួលបានមូលនិធីពីរអង្គការ អីអិលស៊ីអេ ((Evangelical Lutheran Church in America) អនុវត្តដោយអង្គការក្តីសង្ឃឹមលូថេវ៉ាន កម្ពុជា (LHCO) ដោយមានការគាំទ្រ​ពី​អាជ្ញាធរមូលដ្ឋាន។ក្នុងនោះដែរជំនួយមនុស្សធម៌នេះ គឺជាលើកទី៣ហើយ ដែលមូលនិធិអង្គការ ផ្តល់ជូនដល់គ្រួសារ​ ដែលរងគ្រោះដោយសារជម្លោះព្រំដែន កម្ពុជា-ថៃ ​ដែលកំពុង​ជួបប្រទះនិង​វិបត្តិកង្វះស្បៀង​អាហារនោះ។ដោយគ្រួសារទាំងនោះ ត្រូវបាន ជ្រើសរើសដោយមានការសហការ ជាមួយរដ្ឋបាលសង្កាត់​កូន​គ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ស្រមតាមលក្ខណៈវិនិច្ឆ័យច្បាស់លាស់ នឹង​មានការណែនាំពីម្ចាស់មូលនិធិ អង្គការ អី អិលស៊ីអេ Evangelical Lutheran Church in America ជំនួយនេះ នឹងត្រូវបានផ្តល់ជូនគ្រួសារចំនួន៤៥០គ្រួសារ ដែលបានមកពីភូមិចំនួន៣៣ ភូមិក្នុងសង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ក្នុងនោះ មួយគ្រួសារនឹងទទួលបានប្រាក់ចំនួន១២០ដុល្លារ និងអង្ករចំនួន ៥០ គីឡូក្រាម ផងដែរ ៕ ដោយឃិនសារិទ្ធ

កិច្ចប្រជុំពិសេសក្រុមលេខាធិការដ្ឋាន RBC កម្ពុជា-ថៃ ទទួលផលជាវិជ្ជមាន និងចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមជាមួយគ្នា

2025/10/31 01:48:46 pm        956
នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ នាវេលាម៉ោង ១០:២០នាទីព្រឹកមិញនេះ នៅច្រកព្រំដែនអូរស្មាច់ ខេត្តឧត្តរមានជ័យ យោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ បានរៀបចំកិច្ចប្រជុំពិសេសក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) សម្រាប់ត្រៀមរៀបចំកិច្ចប្រជុំពិសេស នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC)។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា។តាមសេចក្ដីប្រកាស ភាគីកម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ត្រី និត ណារ៉ុង នាយសេនាធិការរង យោធភូមិភាគទី៤ និងភាគីថៃដឹកនាំដោយ ឧត្តមសេនីយ៍ត្រី កាំផាក់ណាក វ៉ាផាន់ស៊ុ នាយសេនាធិការ កងទ័ពភូមិភាគទី២ ដោយមានការចូលរួមពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំនៅប្រទេសកម្ពុជា និងប្រចាំនៅប្រទេសថៃ ដើម្បីតាមដាន ផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងមានប្រសិទ្ធភាព។ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង ដើម្បីពិភាក្សា និងរៀបចំនូវផែនការជាក់លាក់ ក្នុងការសម្រួលយុទ្ធោបករណ៍ និងអាវុធធុនធ្ងន់របស់ភាគីទាំងសងខាងជាជំហានៗ និងតាមដំណាក់កាល នៅក្រោមការសង្កេត និងការផ្ទៀងផ្ទាត់របស់ AOT សំដៅរួមគ្នាកាត់បន្ថយភាពតានតឹងផ្នែកយោធា។ កិច្ចប្រជុំនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរក្នុងការគោរព និងអនុវត្តនូវអ្វីដែលបានឯកភាពគ្នានៅក្នុងសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ ស្តីពីសន្តិភាពរវាងកម្ពុជានិងថៃ ដែលបានចុះហត្ថលេខា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ដែលប្រព្រឹត្តទៅនៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ដោយស្មោះត្រង់ និងប្រកបដោយសុច្ឆន្ទៈ។ គួរបញ្ជាក់ផងដែរថា បន្ទាប់ពីចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ដើម្បីបង្ហាញពីកាយវិការប្រកបដោយសុច្ឆន្ទៈ ភាគីទាំងពីរបានធ្វើការដកដោយផ្នែកនៃជំហានទីមួយ សម្រាប់ជានិមិត្តរូប ដោយបានដករថពាសដែកចំនួន ២គ្រឿងរបស់ភាគីម្ខាងៗឱ្យត្រឡប់ទៅកាន់ទីតាំងដើមវិញ ដែលបានធ្វើឡើងកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ០៩:០០នាទីយប់។ កិច្ចប្រជុំពិសេសក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ បានសម្រេចនូវការរីកចម្រើនជាវិជ្ជមានគួរឱ្យកត់សម្គាល់តាមរបៀបវារៈនៃកិច្ចប្រជុំ ដើម្បីត្រៀមសម្រាប់កិច្ចប្រជុំពិសេស នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) នាពេលរសៀល។

អនុប្រធានទី២ព្រឹទ្ធសភា៖ កម្ពុជាចង់បានភ្ញៀវទេសចរ អាហារូបករណ៍ ពាណិជ្ជកម្ម និងការវិនិយោគពីចិន

2025/10/31 01:01:14 pm        216
ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា អមដំណើរដោយ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ និងជាអនុប្រធានក្រុមមិត្តភាពព្រឹទ្ធសភាកម្ពុជា និងសភាប្រឹក្សានយោបាយប្រជាជនចិន បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធនាវាពេទ្យសម្រាប់ “ជំនួយផ្នែកវេជ្ជសាស្រ្ត និងដឹកជញ្ជូនក្នុងគ្រោះមហន្តរាយ” ដែលប្រព្រឹត្តទៅនៅក្រុងថាយចូវ ខេត្តជឺជាំង ប្រទេសចិន នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥។ឆ្លៀតក្នុងពិធីនោះ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បានស្នើឱ្យចិនអញ្ជើញធ្វើទេសចរនៅកម្ពុជា បង្កើនចំនួនអាហារូបករណ៍ដល់និស្សិតកម្ពុជា ពិសេសបង្កើនទំហំពាណិជ្ជកម្ម និងវិនិយោគបន្ថែមនៅកម្ពុជា ដោយកម្ពុជាមានតម្លៃកម្លាំងពលកម្មទាប ការអនុគ្រោះពន្ធ និងទីផ្សារនាំចេញដូចជាអាម៉េរិក និងអឺរ៉ុប។ ឯកឧត្តមបណ្ឌិត បានមានប្រសាសសន៍ថា៖ កម្ពុជា-ចិន មានកិច្ចសហការក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយយើងកំពុងរួមគ្នាកសាងសហគមន៍មួយដែលមានអនាគតរួមគ្នា។ សរុបមក កម្ពុជា-ចិន គឺជាមិត្តដ៏រឹងមាំ មិត្តដែកថែប ដូច្នេះយើងត្រូវគាំទ្រគ្នាទៅវិញទៅមក នៅគ្រប់កាលៈទេសៈ។ឯកឧត្តមបណ្ឌិត បានលើកឡើងអំពីសារៈសំខាន់នៃការងារមនុស្សធម៌ ជាពិសេសជំនួយផ្នែកវេជ្ជសាស្ត្រនេះ នឹងមានឧត្តមប្រយោជន៍សម្រាប់មិត្តភាពនៃប្រទេសទាំង២។ ជាចុងក្រោយ ឯកឧត្តមបណ្ឌិត បានលើកទឹកចិត្តឱ្យក្រុមគ្រូពេទ្យដែលនឹងត្រូវចេញដំណើរពីខេត្តជឺជាំងមកកាន់ប្រទេសកម្ពុជា តាមនាវាពេទ្យនេះ ដូចខាងក្រោម៖- ពិនិត្យព្យាបាលជូនប្រជាជនកម្ពុជា- ទស្សនាតំបន់ទេសចរណ៍ផ្សេងៗ រួមមានអង្គរវត្តដែល លោក ជីវ តាក្វាន់ បានទៅទស្សនាក្នុងឆ្នាំ១២៩៦- ជួបជាមួយមេដឹកនាំកម្ពុជានៅទីក្រុងភ្នំពេញ។លោកស្រី Ye Ling Jun អនុប្រធានសភាប្រឹក្សានយោបាយប្រចាំក្រុងថាយចូវបានទទួលយកសំណើ និងខិតខំប្រឹងប្រែងពង្រឹងមិត្តភាព និងសហប្រតិបត្តិការ ឱ្យកាន់តែខ្លាំងថែមទៀត។

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជើញ​ជួបសំណេះសំណាលជាមួយសិស្សជ័យលាភីនិទេ្ទស A ខេត្តបន្ទាយមានជ័យ

2025/10/31 12:57:27 pm        170
នៅព្រឹកថ្ងៃទី៣១​ ខែតុលា​ ឆ្នាំ​២០២៥​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ឯកឧត្តម​ អ៊ុ​ រាត្រី​ អភិបាល​ នៃគណៈអភិបាលខេត្ត​ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជើញជួបសំណេះសំណាលជាមួយប្អូនៗសិស្សជ័យលាភីនិទេ្ទស A ខេត្តបន្ទាយមានជ័យចំនួន ១២៦ នាក់ ព្រមទាំងនាំយកវត្ថុអនុស្សាវរីយ៍កុំព្យូទ័រជូនប្អូនៗ ដើម្បីគាំទ្រការបន្តសិក្សារបស់ប្អូនៗនៅកម្រិតឧត្តម។ឯកឧត្តមរដ្ឋមន្រ្តី​ លើកទឹកចិត្តឱ្យប្អូនៗបន្តបង្កើនសមត្ថភាព​ ចំណេះដឹង​ និងចំណេះជំនាញ ដើម្បីចូលរួមជាចំណែកនាពេលអនាគត ក្នុងការអភិវឌ្ឍក្រុមគ្រួសារខេត្តបន្ទាយមានជ័យ និងប្រទេសជាតិ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមអ្នកសង្កេតការណ៍អាស៊ាន បន្តចុះសង្កេតការណ៍ស្ថានភាពព្រំដែននៅតំបន់អូរភ្លុកដំរី ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ទីតាំងរងការវាយប្រហារ និងកំពុងកាន់កាប់ដោយខុសច្បាប់ដោយយោធាថៃ
06/06/2026 06:06 PM
ឯកអគ្គរដ្ឋទូត៖ ប៉ាគីស្ថាននៅតែរក្សាទំនាក់ទំនងជាមួយរុស្ស៊ីជុំវិញបញ្ហាអ៊ីរ៉ង់
06/06/2026 04:06 PM
CENTCOM៖ សហរដ្ឋអាមេរិកបានបាញ់ទម្លាក់មីស៊ីលអ៊ីរ៉ង់ដែលបាញ់ឆ្ពោះទៅប្រទេសកូវ៉ែត និងបារ៉ែន
06/06/2026 04:06 PM
ឃាតកម្មចាក់សម្លាប់មនុស្សរួចយកសពប្លុងចោលក្នុងរថយន្តនៅខណ្ឌដង្កោ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្រុមឃាតកបាន០៤នាក់
06/06/2026 04:06 PM
ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»
06/06/2026 04:06 PM
លោក PUTIN៖ រុស្ស៊ីនឹងបន្តសាងសង់រោងចក្រនុយក្លេអ៊ែរនៅក្នុងប្រទេសអ៊ីរ៉ង់ នៅពេលស្ថានការណ៍ស្ងប់ស្ងាត់
06/06/2026 04:06 PM
សារព័ត៌មាន Politico ៖ ប្រទេសណាតូកំពុងពិភាក្សាអំពីកញ្ចប់ជំនួយហិរញ្ញវត្ថុចំនួន ៧០ ពាន់លានអឺរ៉ូសម្រាប់អ៊ុយក្រែន
06/06/2026 03:06 PM
អៀរឡង់ដាក់បម្រាមធ្វើដំណើរលើរដ្ឋមន្ត្រីអ៊ីស្រាអែលពីររូបមិនឲ្យចូលប្រទេសនេះ
06/06/2026 03:06 PM
ទីប្រឹក្សាមេដឹកនាំកំពូលអ៊ីរ៉ង់អំពាវនាវឲ្យលោក TRUMP បញ្ឈប់ការបិទច្រកសមុទ្រហ័រមូស និងដោះលែងទ្រព្យសកម្មរបស់ក្រុងតអេរ៉ង់
06/06/2026 03:06 PM
ប្រព័ន្ធផ្សព្វផ្សាយ៖ អ៊ីរ៉ង់ច្រានចោលការអះអាងដែលថា ខ្លួនយល់ព្រមប្រគល់សារធាតុអ៊ុយរ៉ានីញ៉ូមឲ្យទៅប្រទេសទី៣
06/06/2026 02:06 PM