ក្រុមអ្នកសង្កេតការណ៍អាស៊ាន បន្តចុះសង្កេតការណ៍ស្ថានភាពព្រំដែននៅតំបន់អូរភ្លុកដំរី ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ទីតាំងរងការវាយប្រហារ និងកំពុងកាន់កាប់ដោយខុសច្បាប់ដោយយោធាថៃ
ឃាតកម្មចាក់សម្លាប់មនុស្សរួចយកសពប្លុងចោលក្នុងរថយន្តនៅខណ្ឌដង្កោ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្រុមឃាតកបាន០៤នាក់
ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»
ក្រុមអ្នកសង្កេតការណ៍អាស៊ាន បន្តចុះសង្កេតការណ៍ផ្ទាល់អំពីស្ថានភាពព្រំដែននៅតំបន់ច១ ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដើម្បីពិនិត្យការអនុវត្តបទឈប់បាញ់

ព័ត៌មានជាតិ

ក្រុមនិស្សិតអាហារូបករណ៍កម្ពុជា ធ្វើទស្សនកិច្ច ឈ្វេងយល់ ទីតាំងប្រវត្តិសាស្ត្រចិន នៅខេត្តគួយយ៉ាង

2025/10/31 12:28:48 pm        118
ភ្នំពេញ៖ ក្រុមនិស្សិតកម្ពុជាចំនួន ៤៣នាក់ ដែលទទួលបាននូវអាហារូបករណ៍ ១០០ភាគរយ ទៅសិក្សានៅសាកលវិទ្យាល័យឈានណា បានទៅទស្សនកិច្ចស្វែងយល់ ពីទីកន្លែងប្រវត្តិសាស្ត្រមួយចំនួនរបស់ចិន ក្នុងខេត្តគួយយ៉ាង ប្រទេសចិន ដោយនិស្សិតទាំងអស់នេះ គឺទៅសិក្សារយៈពេល៥ឆ្នាំ ទៅលើជំនាញមួយចំនួនមានផ្នែកសេដ្ឋកិច្ច និងបច្ចេកវិទ្យា (IT) ជាដើម ។ ក្រុមនិស្សិតទាំងអស់នោះ បានឲ្យដឹងថា ក្នុងឱកាសល្អនេះ ក្រៅពីការសិក្សារៀនសូត្រ យកចំណេះជំនាញ និងស្វែងយល់ពីវប្បធម៌ អរិយធម៌ និងប្រវត្តិសាស្ត្រចិនជាដើមនោះ ពួកគេក៏នឹងជួយផ្សព្វផ្សាយពីវប្បធម៌ អរិយធម៌ និងតំបន់ទេសចរណ៍ទាក់ទាញនានារបស់កម្ពុជា ទៅកាន់បរទេស ជាពិសេសប្រាសាទអង្គរវត្ត ដ៏ល្បីល្បាញក្នុងពិភពលោក ។ក្នុងពេលដឹកនាំក្រុមនិស្សិត ធ្វើទស្សនកិច្ចស្វែងយល់ពីតំបន់ប្រវត្តិសាស្ត្ររបស់ចិន ឯកឧត្តមបណ្ឌិត ស្រេង វង្សហៀង ប្រធានកិត្តិយសសាលាអន្តរជាតិ ស្ទេបហ្វរវើដអន្តរជាតិ បានថ្លែងថា ទស្សនៈកិច្ចនេះ បានប្រព្រឹត្តិទៅប្រកបដោយភាពសប្បាយរីករាយ និងការទទួលបាននូវចំណេះដឹងថ្មីៗ ជាពិសេសនិស្សិតដែលបានទទួលអាហារូបករណ៍ ខណៈជំនាន់មុន និស្សិតកម្ពុជា ពិបាកក្នុងការៀនសូត្រ ពុំសូវមានឱកាសដូចយុវជនជំនាន់ក្រោយ ជាពិសេសការចេញទៅសិក្សានៅក្រៅប្រទេស ។ឯកឧត្តម បានបន្តថា នឹកដល់អតីតកាលដែលពិបាកជំនាន់មុននោះ ទើបឯកឧត្តមបានសម្រេចជួយបណ្តុះយុវជនជំនាន់ក្រោយ និងសម្របសម្រួលឲ្យនិស្សិតកម្ពុជា បានទទួលនូវអាហារូបករណ៍សិក្សានៅប្រទេសចិន ដែលជាប្រទេសកំពុងមានការរីកចម្រើននៃបច្ចេកវិទ្យា និងសេដ្ឋកិច្ចជាដើមនោះ ជាមួយនឹងក្តីសង្ឃឹមថា ពួកគេនឹងយកចំណេះដឹង ចូលរួមជួយអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែរីកចម្រើន ហើយសូមថ្លែងអំណគុណ ដល់មាតាបិតា អាណាព្យាបាលរបស់និស្សិតទាំងអស់ តែងតែលើកទឹកចិត្តដល់កូនចៅ ឲ្យខិតខំរៀនសូត្របន្ត ៕ អត្ថបទ បាន សុខរិទ្ធិ

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ បេះដូងអ្នកស្រឡាញ់សន្តិភាព កម្ពុជាអំពាវនាវដល់សហគមន៍អន្តរជាតិ ចូលរួមតាមដានឱ្យបានដិតដល់ក្នុងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ

2025/10/31 12:21:54 pm        438
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានស្នើដល់សហគមន៍អន្តរជាតិចូលរួមលើកទឹកចិត្ត និងតាមដានឱ្យបានដិតដល់ក្នុងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ ដែលទើបនឹងចុះហត្ថលេខាកាលពីពេលថ្មីៗនេះ។ ការអំពាវនាវនេះបានធ្វើឡើងក្នុងបទអន្តរាគមន៍គន្លឹះនៃកិច្ចពិភាក្សាតុមូលក្នុងវេទិកាសន្តិភាពប៉ារីស (Paris Peace Forum) ដោយសម្ដេចបានគូសបញ្ជាក់ថា ទោះបីកិច្ចព្រមព្រៀងនេះជាការបោះជំហានដ៏សំខាន់ដើម្បីស្ដារសន្តិភាពយូរអង្វែងក៏ពិតមែន ប៉ុន្តែ ដំណើរការនេះហាក់ស្ថិតនៅលើផ្លូវដ៏វែងឆ្ងាយមួយ។ ក្នុងន័យនេះ សម្តេចបានអំពាវនាវដល់សហគមន៍អន្តរជាតិចូលរួមតាមដានឱ្យបានជាប់លាប់ក្នុងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពនេះ។នៅក្នុងកិច្ចពិភាក្សាតុមូលមួយ នៅរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ក្រោមប្រធាន«ការបែកបាក់ និងការប្រឈមមុខដាក់គ្នា៖ ការផ្លាស់ប្តូរភូមិសាស្រ្តនយោបាយនៅអាស៊ី» ដែលមានការចូលរួមពីសមាជិកស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ អ្នកការទូត និងអ្នកស្រាវជ្រាវ។ ឆ្លៀតក្នុងឱកាសនោះសម្តេចប្រធានរដ្ឋសភា ក៏បានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំសម្របសម្រួល និងការធ្វើជាសាក្សីរបស់ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក និងឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ កាលពីថ្ងៃទី២៦ ខែតុលា កន្លងទៅ។សម្ដេចបានគូសបញ្ជាក់ថា កម្ពុជាបានប្ដេជ្ញាចិត្តចំពោះគោលការណ៍ 'សន្តិសហវិជ្ជមាន គឺភាពជាអ្នកជិតខាងល្អជាមួយប្រទេសថៃ និងរក្សាមជ្ឈភាពអាស៊ាន។ កម្ពុជាធ្លាប់បានឆ្លងកាត់សង្គ្រាមស៊ីវិលអស់រយៈពេលជាង៣ទសវត្សរ៍មកហើយ ដូចនេះកម្ពុជាបានផ្ដល់តម្លៃខ្ពស់ដល់សន្តិភាព។ កម្ពុជា ឆ្អែតឆ្អន់ហើយនឹងសង្គ្រាមក្នុងអតីតកាលរបស់ខ្លួន។ ដូច្នេះហើយទើបមិនចង់មានសង្គ្រាមជាមួយប្រទេសថៃ ឬប្រទេសណាទាំងអស់។ គោលបំណង និងគោលការណ៍នៃគោលនយោបាយការបរទេសរបស់កម្ពុជា គឺជានិច្ចកាលមានសង្គតិភាព ហើយស្របតាមស្មារតីនៃរដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជា ដែលបានកំណត់យ៉ាងច្បាស់នូវជំហរ មិនចូលបក្សសម្ព័ន្ធ និងឯករាជ្យ ។ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងថា រដ្ឋធម្មនុញ្ញរបស់កម្ពុជាគឺបានហាមឃាត់ជាដាច់ខាតនូវការដាក់មូលដ្ឋានយោធានៅក្នុងដែនអធិបតេយ្យរបស់កម្ពុជាជាដាច់ខាត។ ទោះបីជាយ៉ាងនេះក្តី មិនមានន័យថា កម្ពុជាមិនបានចូលរួមយ៉ាងសកម្មក្នុងកិច្ចការនោះទេ។ ជាការពិត កម្ពុជាបានចូលរួមយ៉ាងសកម្ម និងដោយទំនួលខុសត្រូវខ្ពស់ចំពោះសន្តិភាព និងវិបុលភាពសម្រាប់ពិភពលោក តាមរយៈការលើកកម្ពស់នូវគុណតម្លៃនៃសីលធម៌ និងច្បាប់អន្តរជាតិ។ ទោះបីកម្ពុជាជាប្រទេសតូចក៏ដោយ កម្ពុជាបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីចូលរួមយ៉ាងសកម្មដល់គោលបំណងរួមជាសកលរបស់មនុស្សជាតិ ជាពិសេស ការខិតខំប្រឹងប្រែងលើកកម្ពស់សន្តិភាព។ កម្ពុជាបានចូលរួមផ្តល់កងកម្លាំងរក្សាសន្តិភាពជាង ១ម៉ឺននាក់ នៅទូទាំងពិភពលោក ក្រោមបេសកកម្មរបស់អង្គការសហប្រជាជាតិ ដែលក្នុងនោះមានស្រ្តីចំនួនជាង ៨០០ នាក់។យើងបានចូលរួមជាមួយនឹងរបៀបវារៈ ស្រ្តី សន្តិភាព និងសន្តិសុខ” នេះជាការបញ្ជាក់របស់សម្តេចប្រធានរដ្ឋសភា ដោយសម្តេចបានបន្តថា គោលការណ៍ការបរទេសរបស់កម្ពុជាគឺ «មិត្តជាមួយគ្រប់ប្រទេសទាំងអស់ ដោយមិនយកប្រទេសណាមួយជាសត្រូវ» ដោយផ្អែកលើការគោរពគ្នា ការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងផលប្រយោជន៍ទៅវិញទៅមក។ ជាមួយគ្នានេះ កម្ពុជាក៏អនុវត្តយុទ្ធសាស្ត្រតុល្យភាព ចំពោះគ្រប់តួអង្គ ទាំងប្រទេសមហាអំណាច និងប្រទេសអំណាចកណ្ដាល។ឆ្លើយសំណួរដែលបានលើកឡើងថា តើការចូលរួមរបស់កម្ពុជាជាមួយនឹងប្រទេសមហាអំណាច និងរដ្ឋសមាជិកអាស៊ានមានលក្ខណៈយ៉ាងណា? សម្ដេចបានបង្ហាញការចង់ឃើញអាស៊ានដើរតួជា អ្នកសម្របសម្រួលដោយស្មោះត្រង់ និងមានប្រសិទ្ធភាព ជាអ្នកវាស់ស្ទង់ និងជាយុថ្កានៃសន្តិភាព ស្ថិរភាព និងវិបុលភាពសម្រាប់តំបន់ ហើយបានបង្ហាញសុទិដ្ឋិនិយមថា «សតវត្សរ៍ទី ២១ នេះ គឺជាសតវត្សរ៍របស់តំបន់អាស៊ីប៉ាស៊ីហ្វិក»។កម្ពុជាបានប្រកាន់យកនូវគោលនយោបាយការបរទេស “មិត្តជាមួយគ្រប់ប្រទេសទាំងអស់ ដោយមិនយកប្រទេសណាមួយជាសត្រូវ”។ គោលនយោបាយការបទេសរបស់យើងគឺចាក់ឫសយ៉ាងជ្រៅនៅក្នុងគុណតម្លៃនៃសន្តិភាព សុខដុមរមនា និងច្បាប់អន្តរជាតិ។ ការចូលរួមរួមរបស់កម្ពុជាជាមួយតួអង្គខាងក្រៅ គឺផ្អែកលើការគោរពគ្នា ការយោគយល់គ្នា ការជឿទុកចិត្តគ្នា និងការផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។ កម្ពុជាបានផ្តល់តម្លៃចំពោះសារៈសំខាន់ នៃការមិនជ្រៀតជ្រែកគ្នា ការគោរពអធិបតេយ្យគ្នា នៅក្នុងបរិបទនៃទំនាក់ទំនងអន្តរជាតិ។ សម្តេចរដ្ឋសភាធិបតី បានសង្កត់ធ្ងន់ថា កម្ពុជាចាត់ទុក អាស៊ាន ជាមូលដ្ឋានគ្រឹះដ៏សំខាន់នៃគោលនយោបាយការបរទេស ព្រមទាំងអនុវត្ត យុទ្ធសាស្រ្តតុល្យភាព ចំពោះគ្រប់តួអង្គ ទាំងប្រទេសមហាអំណាច និងប្រទេសអំណាចកណ្តាល៕

សាលាបឋមសិក្សាភូមិព្រៃចាន់ និងជោគជ័យបើកបង្រៀនធម្មតា ក្នុងបវេសនកាលឆ្នាំថ្មី បើទោះស្ថានភាពនៅភូមិនេះ មិនទាន់មានភាពប្រក្រតីឡើងវិញ

2025/10/31 12:11:40 pm        439
សាលាបឋមសិក្សា នៅភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយ មានជ័យបើកបង្រៀនធម្មតា ក្នុងឱកាសបវេសនកាលឆ្នាំថ្មី២០២៥-២០២៦ បើទោះបីជាស្ថានភាពនៅភូមិទាំងពីរខាងលើនេះពុំទាន់វិលទៅរកប្រក្រតីភាពឡើងវិញក៏ដោយ ហើយនាយកសាលានៅសាលាបឋមនេះក៏បានអំពាវនាវឲ្យអណាព្យាបាល មាតា បិតាសិស្ស នាំកូនមក ចុះឈ្មោះចូលរៀនអោយបានគ្រប់ៗគ្នាផងដែរ។ថ្លែងប្រាប់ទូរទស្សន៍ BTV​លោក គុយ វណ្ណី នាយកសាលាបឋមសិក្សា ព្រៃចាន់បានឲ្យដឹងថា ស្អែកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ​២០២៥នេះ បវេសនកាលឆ្នាំថ្មី ២០២៥-២០២៦នឹងបើកជា ផ្លូវការ ហើយអណាព្យាបាលសិស្សខ្លះក៏បាននាំកូនមកចុះឈ្មោះចូលរៀនជាបន្តបន្ទាប់ផងដែរខណៈ ភូមិនេះកំពុងមានបញ្ហាជាមួយភាគីថៃក៏ដោយ ហើយមួយវិញទៀតលោកក៏បានអះអាងថា បើទោះបីជាមានហេតុការណ៍អ្វីកើតឡើងក៏សាលាមានកន្លែងសុវត្ថិភាពសម្រាប់សិស្សានុសិស្សផងដែរ។យ៉ាងណាក៏ដោយ លោកនាយកសាលាបឋមសិក្សាព្រៃចាន់ ក៏បានលើកឡើងផងដែរថា បើទោះបីជាសិស្សានុសិស្សមានច្រើន ឬតិចយ៉ាងណាក៏ដោយ ក៏សាលានឹងបើកបង្រៀន ធម្មតាដោយគ្មានការរុញរាអ្វីនោះឡើយ ហើយលោកក៏បានធ្វើការផ្សព្វផ្សាយដល់សិស្សដែល បានមកចុះឈ្មោះឲ្យមានការជួបជុំគ្នានៅថ្ងៃស្អែកទី១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះដែរ។សូមបញ្ជាក់ថា ក្នុងបវេសនកាលឆ្នាំថ្មី២០២៥-២០២៦នេះ សាលាបឋមសិក្សានៅតាមបណ្តោយព្រំដែនកម្ពុជា និងថៃ នឹងបើកបង្រៀនជាធម្មតា បើទោះបីជាស្ថានការណ៍មិនទាន់ មានប្រក្រតីភាពឡើងវិញក៏ដោយ៕អត្ថបទបាន​ចក់

សម្ដេចធិបតី អំពាវនាវ១២ចំណុច ដល់ភាគីពាក់ព័ន្ធ និងមាតាបិតាអាណាព្យាបាល ក្នុងឱកាសបើកដំណើរការអប់រំក្នុងឆ្នាំសិក្សាថ្មី២០២៥-២០២៦ ឱ្យទទួលបានលទ្ធផលកាន់តែល្អប្រសើរ

2025/10/31 11:52:40 am        610
ក្នុងឱកាស បើកបវេសនកាលឆ្នាំសិក្សា ២០២៥-២០២៦ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្អែកនេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញសារលិខិតអបអរសាទរ និងអំពាវនាវដល់ ភាគីពាក់ព័ន្ធ មាតាបិតា អាណាព្យាបាលគ្រប់រូបចំនួន ១២ ចំណុចក្នុងឱកាសបើកដំណើរការអប់រំក្នុងឆ្នាំសិក្សាថ្មី២០២៥-២០២៦ ដើម្បីឱ្យទទួលបានលទ្ធផលកាន់តែល្អប្រសើរ។ការអំពាវនាវរបស់សម្ដេចធិបតីទាំង១០ចំណុចនោះរួមមាន៖ទី១-ក្រសួងអប់រំ យុវជន និងកីឡា ត្រូវបន្តអនុវត្តកំណែទម្រង់វិស័យអប់រំ ដូចដែលបានដាក់ចេញរួចហើយ ជាពិសេសការបន្តពង្រឹងអភិបាលកិច្ចសាលារៀន តាមរយៈការអនុវត្តស្តង់ដាសាលារៀនគំរូ និងបន្ត សហការជិតស្និទ្ធជាមួយលេខាធិការដ្ឋាននៃ គ.វ.អ. ដោយឈរលើគោលការណ៍មិនពង្រីកចំនួន សាលារៀនគោលដៅ ប៉ុន្តែខិតខំបង្កើនប្រសិទ្ធភាព និងចីរភាពនៃការអនុវត្តកម្មវិធី គ.វ.អ. នៅតាម សាលាបឋមសិក្សាគោលដៅទាំង១៦១ ដែលមានស្រាប់។ទី២-ក្រសួងអប់រំ យុវជន និងកីឡា ត្រូវសហការជាមួយអាជ្ញាធររាជធានី ខេត្ត និងភាគីពាក់ព័ន្ធ ដើម្បី ចុះស្រង់ស្ថិតិកុមារនិងសិស្សានុសិស្សដែលវិលត្រឡប់ពីប្រទេសថៃ នៅក្នុងមូលដ្ឋានរៀងៗខ្លួនឱ្យ បានច្បាស់លាស់ និងជំរុញកុមារនិងសិស្សានុសិស្សទាំងនោះ ឱ្យទៅចុះឈ្មោះចូលរៀន(ថ្មី) ឬ ចូលរៀនបន្តនៅតាមសាលារៀនដែលនៅជិតកន្លែងស្នាក់នៅបំផុត ជាពិសេសប្រមូលព័ត៌មានកុមារ និងសិស្សានុសិស្សដែលមានតម្រូវការពិសេស ដោយត្រូវផ្តល់ការសម្របសម្រួល ការគាំទ្រ និង ការរៀបចំនីតិវិធីងាយៗ សម្រាប់ការចុះឈ្មោះកុមារនិងសិស្សានុសិស្សទាំងនោះ ដោយមិនចាំបាច់ ទាមទារនូវឯកសារតម្រូវ ដូចជាសំបុត្រកំណើត ឬសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ ឬសំបុត្រ ពេទ្យជាដើម។ល។ទី៣-ចំពោះសាលារៀនដែលរងផលប៉ះពាល់ពីសង្គ្រាមនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ ក្រសួងអប់រំ យុវជន និងកីឡា ត្រូវសហការជាមួយអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការ ដោយសារមីន ដើម្បីចុះពិនិត្យទីតាំងសាលារៀន ក្នុងគោលបំណងវាយតម្លៃផលប៉ះពាល់ឱ្យបាន គ្រប់ជ្រុងជ្រោយ និងតម្រូវឱ្យមានការបោសសម្អាតយុទ្ធភណ្ឌគ្រឿងផ្ទុះជាមុន មុននឹងគិតគូររៀបចំ ផែនការសាងសង់ និងជួសជុលសំណង់អគារឡើងវិញ ដោយរួមបញ្ចូលទាំងកម្មវិធីអប់រំផ្សព្វផ្សាយ ឱ្យមានការយល់ដឹងអំពីយុទ្ធភណ្ឌ គ្រឿងផ្ទុះ ដល់ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ព្រមទាំងធ្វើការបោសសម្អាតជាមុន ដើម្បីធានាសុវត្ថិភាពដល់ដំណើរការរៀននិងបង្រៀន។ ចំពោះ សាលារៀនដែលរងផលប៉ះពាល់ខ្លាំង និងមិនអាចដំណើរការរៀននិងបង្រៀនបាននៅក្នុងឆ្នាំសិក្សា ថ្មីនេះ មន្ទីរអប់រំ យុវជន និងកីឡា និងគណៈគ្រប់គ្រងសាលារៀន ត្រូវជ្រើសរើសសាលារៀនដែលនៅ ជិត ហើយជាកន្លែងនៅជិតទីតាំងស្នាក់នៅរបស់សិស្សផងដែរ ដើម្បីបើកបវេសនកាលឆ្នាំសិក្សាថ្មី និងដំណើរការរៀននិងបង្រៀនជាបណ្តោះអាសន្ន។ ចំពោះតំបន់និងសាលារៀនដែលមិនអាច ដំណើរការរៀននិងបង្រៀនបាន មន្ទីរអប់រំ យុវជន និងកីឡា ត្រូវសម្របសម្រួលជាមួយអាជ្ញាធរមាន សមត្ថកិច្ច រៀបចំបង្កើតថ្នាក់រៀននៅតាមជំរំ ដូចជាជំរំវត្តពោធិ ៥០០០ ដើម និងទួលអណ្តែត ជាដើម តាមកម្រិតសិក្សាជាក់ស្តែង។ទី៤-ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវសហការគ្នាក្នុង ការសាកល្បងអនុវត្តគន្លងអប់រំថ្មីចាប់ពីថ្នាក់ទី១០ រួមមានគន្លងវិទ្យាសាស្ត្រ គន្លងវិទ្យាសាស្ត្រសង្គម និងគន្លងវិជ្ជាជីវៈ នៅតាមវិទ្យាល័យដែលមានសក្តានុពលមួយចំនួន ជាពិសេសវិទ្យាល័យដែលមាន អគារធនធាន វិទ្យាល័យស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស និងតំបន់ឧស្សាហកម្ម ក្នុងគោលបំណង ផ្តល់ឱ្យសិស្សានុសិស្សនូវគន្លងអប់រំដែលមានរចនាសម្ព័ន្ធ និងផែនការគ្រប់ជ្រុងជ្រោយ ឆ្ពោះទៅ សម្រេចបាននូវគោលបំណងសិក្សា និងអាជីពនាពេលអនាគត តាមរយៈការរៀបចំកម្មវិធីតម្រង់ទិស ការសិក្សាចាប់ពីថ្នាក់ទី៧ និងការបែងចែកសិស្សតាមគន្លងអប់រំថ្មីនៅថ្នាក់ទី១០ ដោយផ្អែកលើ សមត្ថភាពនិងឧបនិស្ស័យ។ទី៥-គ្រឹះស្ថានសិក្សាគ្រប់កម្រិត ត្រូវអនុវត្តកម្មវិធីសិក្សាផ្លូវការឱ្យបានពេញលេញ និងមានប្រសិទ្ធភាព ជាពិសេសត្រូវរិះរកវិធីដើម្បីអនុវត្តកម្មវិធីក្រៅម៉ោងសិក្សា ក្នុងគោលដៅបន្ថែម២ម៉ោងសិក្សាយ៉ាងតិច ក្នុងមួយថ្ងៃ ដោយផ្តោតលើការបង្រៀនបន្ថែមមុខវិជ្ជាសិក្សាគោល ដូចជាភាសាខ្មែរ អំណាន និង គណិតវិទ្យា ព្រមទាំងការពង្រឹងវិន័យ សីលធម៌ និងឥរិយាបថ។ទី៦-គ្រឹះស្ថានសិក្សាគ្រប់កម្រិត ត្រូវបន្តលើកកម្ពស់អនាម័យ និងបរិស្ថានស្អាតនៅតាមសាលារៀន ដោយ បង្កើនសកម្មភាពអប់រំសុខភាព ការរៀបចំបន្ទប់សុខភាពតាមស្តង់ដា ការពិនិត្យមើលសុវត្ថិភាពចំណី អាហារនិងអាហារូបត្ថម្ភ ការរៀបចំបរិស្ថានសាលារៀនបៃតង សាលារៀនស្អាតគ្មានសំរាម ជាដើម។ ទន្ទឹមនេះ គ្រឹះស្ថានសិក្សាត្រូវគិតគូរអំពីការគាំទ្រសុខភាពផ្លូវចិត្ត និងសុខុមាលភាពរបស់គ្រូបង្រៀន និងសិស្សានុសិស្ស ដោយត្រូវបញ្ចូលកម្មវិធីអប់រំសុខភាពផ្លូវចិត្ត និងសុខុមាលភាព ដើម្បីកាត់បន្ថយ ការឈឺថ្កាត់ និងផលប៉ះពាល់លើសុខភាព។ទី៧-ក្រសួងអប់រំ យុវជន និងកីឡា ត្រូវបន្តអនុវត្តកំណែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូបង្រៀន សំដៅលើកកម្ពស់គុណវុឌ្ឍគ្រូបង្រៀនឱ្យស្របតាមស្តង់ដាវិជ្ជាជីវៈគ្រូបង្រៀន និងត្រូវរៀបចំកម្មវិធី អភិវឌ្ឍវិជ្ជាជីវៈជាប្រចាំដល់គណៈគ្រប់គ្រងសាលារៀន និងគ្រូបង្រៀន ជាពិសេសការយល់ដឹង និងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងបញ្ញាសិប្បនិម្មិត នៅក្នុងការបំពេញការងារ។ទី៨-ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវធ្វើសមាហរណកម្មបច្ចេកវិទ្យាឌីជីថល ទៅក្នុងកម្មវិធីសិក្សាគ្រប់កម្រិត ដោយជំរុញការបង្កើតមជ្ឈមណ្ឌលអប់រំឌីជីថល ការរៀបចំថ្នាក់រៀន ឆ្លាតវៃ ការភ្ជាប់បណ្តាញអ៊ុនធឺណិតនៅតាមសាលារៀន ការលើកកម្ពស់សមត្ថភាពឌីជីថលដល់ គ្រូបង្រៀន ការផលិតនិងការកែលម្អមាតិកាសិក្សា និងការផ្សព្វផ្សាយមាតិកាឌីជីថល ឱ្យកាន់តែ ទូលំទូលាយ។ទី៩-មាតាបិតា អាណាព្យាបាលគ្រប់រូប សូមនាំកូនចៅទៅចុះឈ្មោះចូលរៀន និងចូលរួមតាមដាន ការសិក្សា អត្តចរិត សីលធម៌ និងសុជីវធម៌របស់កូនចៅ ទាំងនៅក្នុងគ្រួសារ និងក្នុងសហគមន៍ ព្រមទាំងជួយបង្រៀនកូនបន្ថែម ឬបង្កលក្ខណៈឱ្យកូនបានសិក្សាបន្ថែមពេលនៅផ្ទះ ជាពិសេស សូមចំណាយពេលចូលរួមអានសៀវភៅជាមួយកូន។ទី១០-ក្មួយៗសិស្សានុសិស្ស យុវជន យុវនារីទាំងអស់ សូមបន្តខិតខំរៀនសូត្រឱ្យបានជ្រៅជ្រះ និងស្រាវជ្រាវ ឱ្យបានខ្ជាប់ខ្ជួន ព្រមទាំងប្រកាន់ខ្ជាប់នូវអត្តចរិត គុណធម៌ និងសីលធម៌ល្អប្រពៃ ព្រមទាំងចូលរួម ធ្វើតែអំពើល្អ ដើម្បីការរីកចម្រើននិងសន្តិភាពនៅក្នុងគ្រួសារ សង្គម និងប្រទេសជាតិយើងទាំងមូល។ សូមក្មួយៗចងចាំថា ប្រទេសជាតិខ្លាំងដោយសារធនធានមនុស្សមានគុណភាព ហើយបើស្រឡាញ់ខ្លួន ស្រឡាញ់ឪពុកម្តាយ និងចង់បានអនាគតរុងរឿង គឺត្រូវនៅឱ្យឆ្ងាយពីគ្រឿងញៀន និងអបាយមុខ គ្រប់រូបភាព។ទី១១-គ្រប់ក្រសួង ស្ថាប័ន អាជ្ញាធរគ្រប់លំដាប់ថ្នាក់ វិស័យឯកជន សង្គមស៊ីវិល អង្គការជាតិ-អន្តរជាតិ សូមបង្កើនការចូលរួមជាមួយរាជរដ្ឋាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា ក្នុងការពង្រឹងមូលធន មនុស្សនៅកម្ពុជា។ទី១២-គ្រប់ស្ថានីយវិទ្យុ ទូរទស្សន៍របស់រដ្ឋនិងឯកជន និងប្រព័ន្ធផ្សព្វផ្សាយទាំងអស់ សូមបន្តជួយផ្សព្វផ្សាយ ឱ្យបានទូលំទូលាយ អំពីយុទ្ធនាការប្រមូលកុមារចូលរៀន និងសារៈសំខាន់នៃការអប់រំ ជាពិសេស ការផលិតកម្មវិធីអប់រំ និងវីដេអូបង្រៀន ដើម្បីឱ្យសេវាអប់រំកាន់តែគ្របដណ្តប់ទៅគ្រប់ទីកន្លែង គ្រប់ពេលវេលា និងស្របទៅនឹងទស្សនាទាននៃការអប់រំពេញមួយជីវិត។តាមរយៈសាលិខិតសម្ដេចធិបតីបានថ្លែងអំណរព្រះគុណចំពោះព្រះតេជគុណ ព្រះសង្ឃគ្រប់ ព្រះអង្គ សូមអរគុណចំពោះបងប្អូនជនរួមជាតិ លោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំទាំងអស់ ព្រមទាំងដៃគូអភិវឌ្ឍ វិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាល និងសប្បុរសជននានា ដែលតែងតែគាំទ្រនិងរួមចំណែកក្នុងការកសាង និងអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា ឱ្យមានដំណើរការរីកចម្រើនគួរជាទីមោទនៈ ក្នុងរយៈកាលកន្លងមកនេះ និងសូម បន្តជួយឧបត្ថម្ភគាំទ្រនិងផ្តល់នូវកិច្ចសហការល្អតទៅទៀត ដើម្បីបុព្វហេតុនៃការអភិវឌ្ឍកុមារនិងយុវជនកម្ពុជា គ្រប់ៗរូប៕

សម្ដេចធិបតី៖ ក្នុងពេលសង្គ្រាមព្រំដែនកម្ពុជា-ថៃ សិស្សបានរៀនជាលក្ខណៈប្រមូលផ្តុំ នៅសាលារៀន និងនៅជំរំ ខណៈបន្ទាប់ពីសង្គ្រាមស្ងប់ស្ងាត់សាលារៀនមួយចំនួន បានបើកដំណើរការឡើងវិញ

2025/10/31 11:45:05 am        174
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ឱ្យដឹងថា ថ្មីៗនេះក្នុងអំឡុងពេលដែលសាលារៀនមួយចំនួនត្រូវបានផ្អាកដំណើរការ ដោយសាររងផលប៉ះពាល់ពី សង្គ្រាមនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអាជ្ញាធរមូលដ្ឋាន និង អ្នកពាក់ព័ន្ធ បានខិតខំបន្តផ្តល់សេវាបង្រៀន និងរៀនដល់សិស្សានុសិស្សតាមរយៈការរៀបចំការបង្រៀន និងរៀនជាលក្ខណៈប្រមូលផ្តុំនៅសាលារៀននិងជំរំ។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានថ្លែងបញ្ជាក់បែបនេះ ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា ២០២៥-២០២៦ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្អែកនេះ។ សម្ដេចធិបតី មានប្រសាសន៍បន្តថា បន្ទាប់ពីសង្គ្រាមបានស្ងប់ស្ងាត់សាលារៀនមួយចំនួនបានបើកដំណើរការឡើងវិញ ប៉ុន្តែសិស្សដែលបានត្រឡប់មករៀនវិញនៅមានចំនួនតិចតួច ដោយសារភាពភ័យខ្លាច និងសិស្សមួយចំនួនទៀតបន្តស្នាក់នៅក្នុងជំរំជាមួយមាតាបិតា ឬអាណាព្យាបាល។ ជាមួយគ្នានេះដែរ បងប្អូន ពលករខ្មែរ និងប្រជាពលរដ្ឋខ្មែរ ដែលចេញ-ចូលប្រទេសថៃ ប្រមាណ៩៣ម៉ឺននាក់ បានវិលត្រឡប់មកកម្ពុជាវិញ ដោយរួមទាំងកុមារ និងសិស្សានុសិស្សស្ថិតក្នុងអាយុសិក្សានៅកម្រិតការអប់រំចំណេះទូទៅផងដែរ។ សម្ដេចនាយករដ្ឋមន្រ្ដីបានឱ្យដឹងថា ក្រសួងអប់រំ ក៏បានចេញសេចក្តីណែនាំ និងផ្សព្វផ្សាយឱ្យគ្រប់ភាគីពាក់ព័ន្ធ បង្កលទ្ធភាពឱ្យកុមារនិង សិស្សានុសិស្សទាំងនោះ បានចុះឈ្មោះចូលរៀននៅតាមសាលារៀននៅជិតបំផុត ដោយសារពួកគេមួយចំនួន ធ្លាប់បានចូលរៀន មិនធ្លាប់ចូលរៀន ចេះភាសាខ្មែរ និងមិនសូវចេះភាសាខ្មែរ។ ជារួមទោះបីមានបញ្ហាប្រឈមតិចតួចយ៉ាងណាក៏ដោយ ក៏ដំណើរការនៃការអប់រំចំណេះទូទៅក្នុងឆ្នាំសិក្សា ២០២៤-២០២៥ បានប្រព្រឹត្តទៅតាមការគ្រោងទុកប្រកបដោយប្រសិទ្ធភាព និងលទ្ធផលគួរជាទីសាទរ ដោយសារ ការខិតខំប្រឹងប្រែងរបស់គ្រប់ភាគីពាក់ព័ន្ធ ជាពិសេសលោកគ្រូ អ្នកគ្រូ និងគណៈគ្រប់គ្រងសាលារៀន ព្រមទាំង ការចូលរួមរបស់សហគមន៍ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់។ សម្ដេចធិបតីបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា កោតសរសើរ និងសង្កេតឃើញថា សិស្សានុសិស្សនៅគ្រប់កម្រិតទទួលបានឱកាសចូលរៀនកាន់តែច្រើន និងមានការផ្លាស់ប្តូរឥរិយាបថ ការគោរពវិន័យប្រកបដោយសីលធម៌ និងទទួលបានចំណេះដឹងកាន់តែប្រសើរឡើង៕

សម្ដេចធិបតី អំពាវនាវដល់មាតាបិតាអាណាព្យាបាលនាំកូនចៅ ទៅចុះឈ្មោះចូលរៀន ក្នុងបវេសនកាលថ្មី

2025/10/31 11:34:25 am        204
ក្នុងឱកាស បើកបវេសនកាលឆ្នាំសិក្សា ២០២៥-២០២៦ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្អែកនេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញសារលិខិតអបអរសាទរ និងអំពាវនាវដល់ មាតាបិតា អាណាព្យាបាលគ្រប់រូប សូមនាំកូនចៅទៅចុះឈ្មោះចូលរៀន និងចូលរួមតាមដាន ការសិក្សា អត្តចរិត សីលធម៌ និងសុជីវធម៌របស់កូនចៅទាំងនៅក្នុងគ្រួសារ និងក្នុងសហគមន៍ ព្រមទាំងជួយបង្រៀនកូនបន្ថែម ឬបង្កលក្ខណៈឱ្យកូនបានសិក្សាបន្ថែមពេលនៅផ្ទះ ជាពិសេស ចំណាយពេលចូលរួមអានសៀវភៅជាមួយកូន។តាមរយៈសារលិខិតសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី មានប្រសាសន៍បញ្ជាក់ថា នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ ជាថ្ងៃចូលរៀនដំបូងរបស់ក្មួយៗ ដែលទើបនឹងដល់អាយុត្រូវចូលសាលារៀន ជាពិសេសកុមារតូចអាយុពី៣ឆ្នាំទៅ៥ឆ្នាំ នៅមត្តេយ្យសិក្សា និងកុមារអាយុ៦ឆ្នាំឬ៧០ខែ នៅបឋមសិក្សា ព្រមទាំងជាថ្ងៃឡើងថ្នាក់ថ្មីរបស់ក្មួយៗ ដែលបានខិតខំរៀនសូត្រក្នុងឆ្នាំសិក្សាកន្លងមក ដើម្បីបន្តក្រេបជញ្ជក់នូវ ចំណេះវិជ្ជាបន្ថែមទៀតពីសាលារៀនសាធារណៈទាំងអស់នៅទូទាំងប្រទេស។សម្ដេចធិបតីបានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា នៅតែបន្តយកចិត្តទុកដាក់ខ្ពស់លើវិស័យអប់រំ តាមរយៈ ការបន្តរិះរកវិធានការ និងយុទ្ធសាស្ត្របន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យសាលារៀនក្លាយជាអង្គភាពផ្តល់សេវា សាធារណៈប្រកបដោយប្រសិទ្ធភាពខ្ពស់ អភិបាលកិច្ចល្អ និងមានគណនេយ្យភាពចំពោះប្រជាជន និងសហគមន៍ ដោយការពង្រឹងអភិបាលកិច្ចសាលារៀន និងការលើកកម្ពស់សកម្មភាពបង្រៀននិងរៀន តម្រង់ឆ្ពោះទៅរក ការកែលម្អលទ្ធផលនៃការសិក្សារបស់សិស្សកាន់តែប្រសើរឡើង ប្រកបដោយវិន័យ សីលធម៌ គុណធម៌ និង ឥរិយាបថថ្លៃថ្នូរ សក្តិសមជាកុលបុត្រ កុលធីតាខ្មែរ និងជាទំពាំងស្នងឫស្សីរបស់ជាតិ។ សម្ដេចធិបតីបានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងបន្តអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រដោយផ្តោតលើការពង្រឹងគុណភាពសាលារដ្ឋ ចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់ មធ្យមសិក្សា តាមរយៈវិធានការចំនួន៤ រួមមាន៖ ទី១) ការពង្រឹងអភិបាលកិច្ចសាលារៀន ទី២) ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សា ឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹង ចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស ទី៣) ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្សតាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន និង ទី៤) ការជំរុញនិងលើកទឹកចិត្ត ឱ្យមានការចូលរួមរបស់មាតាបិតា អាណាព្យាបាល និងសហគមន៍ ក្នុងការអប់រំ ស្របតាមពាក្យស្លោក «ភាពជាដៃគូរដ្ឋ និងសហគមន៍ ដើម្បីការអប់រំ»។ សម្ដេចនាយករដ្ឋមន្រ្ដីថ្លែងថា ក្នុងស្មារតីនេះក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងអភិវឌ្ឍសាលារៀនគ្រប់កម្រិតស្របតាម «ស្តង់ដាសាលារៀនគំរូ» ដែលមាន៥ស្តង់ដា ដោយគិតត្រឹមឆ្នាំសិក្សា២០២៤ ក្រសួងបានវាយតម្លៃ និងទទួលស្គាល់សាលារៀនចំនួន២៥០ ជាសាលារៀនជាប់ ស្តង់ដាសាលារៀនគំរូ។ ជាមួយគ្នានេះ គិតត្រឹមឆ្នាំសិក្សា២០២៤-២០២៥ លេខាធិការដ្ឋាននៃគណៈកម្មាធិការ ជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា (គ.វ.អ.) បានជំរុញនិងគាំទ្រការអនុវត្តវិធានការគន្លឹះទាំង៤នៅក្នុងសាលាបឋមសិក្សាគោលដៅចំនួន១៦១សាលា ដោយផ្តោតលើការបន្ថែមម៉ោងសិក្សា២ម៉ោងក្នុងមួយថ្ងៃ ដើម្បីពង្រឹងការរៀនភាសាខ្មែរ ការអាន និងគណិតវិទ្យា៕

កងទ័ពកម្ពុជា-ថៃ ជួបប្រជុំគ្នាជាថ្មី ដើម្បីដោះស្រាយបញ្ហាព្រំដែន

2025/10/31 11:23:35 am        298
ក្រុមលេខាគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ រវាងយោធភូមិភាគទី៤ កម្ពុជា និងយោធភូមិភាគទី២ ថៃ នៅថ្ងៃនេះបានរៀបចំកិច្ចប្រជុំ ដើម្បីដោះស្រាយបញ្ហាព្រំដែន។ក្រុមលេខាគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ រវាងយោធភូមិភាគទី៤ កម្ពុជា និងយោធភូមិភាគទី២ ថៃ នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ បានចាប់ផ្ដើមកិច្ចប្រជុំជាថ្មីទៀតនៅសាលប្រជុំក្រុមការងារទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ច្រកទ្វារអន្តរជាតិអូរស្មាច់ ក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ដោយមានក្រុមសង្កេតការណ៍អាស៊ានក្នុងប្រទេសទាំងពីរចូលរួមសង្កេតការណ៍ផងដែរ។កិច្ចប្រជុំនេះបានធ្វើម្ដងរួចហើយកាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ នៅសាលប្រជុំក្រុមការងារទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ច្រកទ្វារអន្តរជាតិអូរស្មាច់ ដូចគ្នានាថ្ងៃនេះដែរ។ កិច្ចប្រជុំកាលពីថ្ងៃទី២៨ តុលា ភាគីកម្ពុជាមានអ្នកចូលរួមចំនួន១០នាក់ និងក្រុមសង្កេតការណ៍អាស៊ានចំនួន០៥នាក់ មានម៉ាឡេស៊ី ឥណ្ឌូនេស៊ី ឡាវ ហ្វីលីពីន និងប្រទេសប្រ៊ុយណេ ចំណែកភាគីថៃមានអ្នកចូលរួមចំនួន០៩នាក់ ក្រុមសង្កេតការណ៍អាស៊ានចំនួន០៣នាក់ មកពីប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងប្រទេសវៀតណាម។ កិច្ចប្រជុំពិភាក្សានេះ នឹងកំណត់កាលបរិច្ឆេទច្បាស់លាស់ ដើម្បីធ្វើការកែសម្រួលអាវុធធន់ធ្ងន់ចេញពីតំបន់មានជម្លោះ វិលចូលទៅមូលដ្ឋានដើមវិញ។គួរបញ្ជាក់ថា កិច្ចប្រជុំ២ថ្ងៃនេះ គឺធ្វើឡើងបន្ទាប់ពីមានលទ្ធផលនៃពិធីចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ដោយនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដែលធ្វើឡើងនៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដោយមានការចូលរួមធ្វើជាសាក្សីពីឯកឧត្តម Donald J. Trump ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងឯកឧត្តម Dato' Seri Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ានឆ្នាំ២០២៥ ដែលត្រូវបានកត់ត្រាជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់ជាសារវ័ន្ត សម្រាប់កម្ពុជា និងថៃ ដែលបានបញ្ជាក់ឡើងវិញនូវការជឿជាក់រួមគ្នានៃប្រទេសទាំងពីរថា សន្តិភាពនៅតែអាចមានដរាបណាប្រជាជាតិនានាមានសេចក្តីក្លាហាន និងសុភវិនិច្ឆ័យក្នុងការបន្តស្វែងរកសន្តិភាពជាមួយគ្នា៕ អត្ថបទ ៖ វ៉ាន់ដា 

អនុប្រធានទី១ ក.អ.ក អំពាវនាវដល់ស្ថាប័ន Invest Ontario ជួយជំរុញវិនិយោគិនកាណាដា មកវិនិយោគនៅកម្ពុជា

2025/10/31 11:07:46 am        229
តូរ៉ុនតូ៖ អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លើកទឹកចិត្តដល់ស្ថាប័ន Invest Ontario ជួយជំរុញអ្នកវិនិយោគកាណាដា មកស្វែង យល់បន្ថែមអំពីសក្តានុពលវិនិយោគនៅកម្ពុជា ពិសេសក្នុងវិស័យកសិ-ឧស្សហកម្ម ឧស្សហកម្មកែច្នៃចំណីអាហារ ឧស្សាហកម្មបច្ចេក វិទ្យា ឧស្សាហកម្មយានយន្ត,និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាដើម។ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ (ម៉ោងក្នុងតំបន់) បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Khawar Nasim នាយកប្រតិបត្តិនៃស្ថាប័ន Invest Ontario ទទួលបន្ទុកទាក់ទាញការវិនិយោគមកកាន់ខេត្តអុនតារីយ៉ូ និងលោក Bernie Derible ជំនួយការអនុរដ្ឋមន្ត្រីផ្នែក កសិកម្ម អ្នកប្រឹក្សាយោបល់ពិសេស និងជាភ្នាក់ងារទូទៅរបស់ខេត្តអុនតារីយ៉ូសម្រាប់អាស៊ាន ដោយជំនួបនោះ បានរៀបចំឡើងក្នុង គោលបំណង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការវិនិយោគ និងកសិកម្មរវាងកម្ពុជា និងខេត្តអុនតារីយ៉ូ ដែលជាខេត្តមាន សក្តានុពលសេដ្ឋកិច្ចធំជាងគេនៅកាណាដា។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនអំពីច្បាប់វិនិយោគថ្មីរបស់កម្ពុជា ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការកែទម្រង់បរិយាកាសធុរកិច្ច និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ក្នុងនោះឯកឧត្តមក៏បានលើកទឹកចិត្តដល់ស្ថាប័ន Invest Ontario ជួយជំរុញអ្នកវិនិយោគកាណាដា មកស្វែងយល់អំពីសក្តានុពលវិនិយោគនៅកម្ពុជា ពិសេសក្នុងវិស័យកសិ-ឧស្សហកម្ម, ឧស្សហកម្ម កែច្នៃចំណីអាហារ, ឧស្សាហកម្មបច្ចេកវិទ្យា, ឧស្សាហកម្មយានយន្ត, និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាដើម។លោក Khawar Nasim បានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះសក្តានុពលរីកចម្រើនរបស់កម្ពុជា និងបានចែក រំលែកបទពិសោធន៍របស់ស្ថាប័ន Invest Ontario ក្នុងការផ្តល់ការគាំទ្រដល់ក្រុមហ៊ុនវិនិយោគអន្តរជាតិ។ ដោយឡែកចំពោះផ្នែក កសិកម្ម និងទំនាក់ទំនងនៅក្នុងសហគមន៍អាស៊ាន (ASEAN), លោក Bernie Derible បានគូសបញ្ជាក់ពីតួនាទីរបស់ខេត្តអុនតារីយ៉ូ ក្នុងការលើកកម្ពស់ស្តង់ដារកសិកម្ម និងសុវត្ថិភាពចំណីអាហារ និងបានពិភាក្សា អំពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការបច្ចេកទេស លើ វិស័យកសិកម្ម ការចិញ្ចឹមសត្វ និងការកែច្នៃលទ្ធផលកសិកម្ម ព្រមទាំងការសម្របសម្រួលពាណិជ្ជកម្មរវាងកម្ពុជា និងទីផ្សារកាណាដា- អាស៊ានផងដែរ។សូមបញ្ជាក់ថា នៅក្នុងថ្ងៃដ៏ដែលនេះដែរ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Victor Fedeli រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ច ក្នុងជំនួបនេះ, ភាគីទាំងពីរផ្តោតលើការពង្រឹង និងពង្រីកទំនាក់ទំនង សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជា និងខេត្តអុនតារីអូ ដែលជាខេត្តសេដ្ឋកិច្ចដ៏ធំ និងមានបច្ចេកវិទ្យាជឿនលឿន របស់កាណាដា និងបានពិភាក្សាអំពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើការផ្ទេរបច្ចេកវិទ្យាទំនើបៗ និងការបណ្តុះបណ្តាលធនធាន មនុស្ស ជំនាញលើវិស័យឌីជីថល កសិ-ឧស្សាហកម្ម និងបច្ចេកវិទ្យាស្អាត (Clean Technology) សំដៅគាំទ្រដល់ចក្ខុវិស័យ អភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចបៃតងរបស់កម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី,

កម្ពុជាចាត់ទុកកំណើនបៃតងជាយុទ្ធសាស្រ្តនៃការធ្វើពិពិធកម្ម និងជាក្បាលម៉ាស៊ីនថ្មីនៃកំណើនសេដ្ឋកិច្ច

2025/10/31 10:51:59 am        411
រាជរដ្ឋាភិបាលកម្ពុជាចាត់ទុកកំណើនបៃតង គឺជាយុទ្ធសាស្រ្តនៃការធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា និងជាក្បាលម៉ាស៊ីនថ្មីនៃកំណើន សេដ្ឋកិច្ច និងការបង្វែរពីការប្តេជ្ញាចិត្តដែលមាន គោលនយោបាយ និងយុទ្ធសាស្រ្ត ទៅជាការអនុវត្តជាក់ស្តែង ដោយសម្រេចបានលទ្ធផល គួរឱ្យកត់សម្គាល់។ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការរដ្ឋមន្ត្រី ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៅក្នុងពិធីបើកកិច្ចប្រជុំកំពូលបៃតង និងចីរភាពសកលឆ្នាំ២០២៥ ក្រោមប្រធានបទ «ការអភិវឌ្ឍ បៃតងនិងឱកាស» និងប្រធានបទរួម «ការកសាងអនាគត និងការស្ថាបនាពិភពលោកប្រកបដោយចីរភាព» នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តមបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តដ៏យូរអង្វែងរបស់កម្ពុជា ក្នុងការកសាងអនាគតប្រកបដោយចីរភាព និងបានលើក ថា កំណើនសេដ្ឋកិច្ចបែបប្រពៃណី បានបង្កជាការប៉ះពាល់បរិស្ថាន ដែលកំពុងគំរាមកំហែងស្ថិរភាពសកល ហើយកម្ពុជាជាប្រទេសងាយ រងគ្រោះបំផុតមួយនៅអាស៊ាន ប្រឈមនឹងទឹកជំនន់ គ្រោះរាំងស្ងួត និងការបាត់បង់ជីវៈចម្រុះជាដើម។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី លើកឡើងថា ដើម្បីដោះស្រាយបញ្ហាប្រឈមនេះ រាជរដ្ឋាភិបាលនីតិកាលទី៧ បានដាក់ចេញនូវយុទ្ធ សាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដោយផ្តោតលើកំណើនបៃតងរួមមាន យុទ្ធសាស្ត្ររយៈពេលវែងសម្រាប់អព្យាក្រឹតកាបូន ដើម្បីឈាន ទៅអព្យាក្រឹតកាបូននៅឆ្នាំ២០៥០, ផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍ជាតិបៃតង ២០២១-២០៣៥, យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ និងផែនការយុទ្ធសាស្ត្រឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុកម្ពុជា ២០២៤-២០៣៣។ ជារួម, រាជរដ្ឋាភិបាលកម្ពុជាចាត់ទុក កំណើនបៃតង គឺជាយុទ្ធសាស្រ្តនៃការធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា និងជាក្បាលម៉ាស៊ីនថ្មីនៃកំណើនសេដ្ឋកិច្ច។ជាក់ស្តែងកម្ពុជាបានបង្កើតតំបន់សេដ្ឋកិច្ចពិសេសបៃតងនៅខេត្តកោះកុង ដែលបានដាក់បញ្ចូលនូវថាមពលកកើតឡើងវិញ ការ គ្រប់គ្រងកាកសំណល់ និងគោលការណ៍ចក្រា និងការបង្កើតនូវព្រលានយន្តហោះអន្តរជាតិសម្តេចតេជោ ដែលបំពាក់នូវប្រព័ន្ធប្រសិទ្ធភាព ថាមពល ស្ថាបត្យកម្មសំណង់ដែលមានលក្ខណៈភាតរៈបរិស្ថាន និងការគ្រប់គ្រងកាកសំណល់បែបទំនើប ព្រមទាំងការជំរុញការវិនិយោគ ថាមពលកកើតឡើងវិញ ដែលធ្វើឱ្យថាមពលនេះមានចំណែករហូតដល់ ៦២% នៅក្នុងការផ្គត់ផ្គង់ថាមពលក្នុងស្រុកសរុបជាដើម។ ដើម្បីប្រែក្លាយការប្តេជ្ញាចិត្តទៅជាការអនុវត្តមានប្រសិទ្ធភាព ឯកឧត្តមឧបនាយករដ្ឋមន្រ្តី, បានផ្តល់នូវអនុសាសន៍ជាច្រើនចំណុច រួមមាន៖ សម្រួលនីតិវិធីនៃការទទួលបានហិរញ្ញប្បទាន អាកាសធាតុសម្រាប់ប្រទេសកំពុងអភិវឌ្ឍ, រៀបចំផែនការដែលមានលក្ខណៈ បុរេសកម្ម ដើម្បីឆ្លើយតបនឹងតម្រូវការហិរញ្ញវត្ថុសម្រាប់អន្តរកាលថាមពល និងការកាត់បន្ថយការបំភាយឧស្ម័ន, កាត់បន្ថយអត្រាការប្រាក់ ហិរញ្ញប្បទាន, ជំរុញការផ្ទេរបច្ចេកវិទ្យា, ជៀសវាង green protectionism, វិនិយោគលើការកសាងសមត្ថភាព, ដឹកនាំដោយគំរូដោយ ប្រទេសបំភាយឧស្ម័នធំៗ ត្រូវចាត់វិធានការខ្លាំងក្លាជាងមុន ដោយមិនដាក់ទោសលើប្រទេសកំពុងអភិវឌ្ឍ, និងជំរុញឱ្យមានសាមគ្គីភាព តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការឆ្លងព្រំដែន រវាងរដ្ឋាភិបាល ធុរកិច្ច និងស្ថាប័នស្រាវជ្រាវ ដើម្បីចែករំលែកការអនុវត្តល្អបំផុត និង ការច្នៃប្រឌិត៕ អត្ថបទ៖ សុន រ៉ាឌី

សម្ដេចព្រះមហាក្សត្រី ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះមហាក្សត្រ ស្តេចយាងជាព្រះរាជាធិបតី ក្នុងព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខ និងភាពសម្បូរសប្បាយដល់កម្ពុជានៅព្រះបរមរាជវាំង

2025/10/31 10:43:17 am        272
ភ្នំពេញ៖ សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះមហាក្សត្រ នាថ្ងៃសុក្រ ១០កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ បានយាងជាព្រះរាជាធិបតី ក្នុងព្រះរាជពិធីបួងសួងសូមចម្រើនសេចក្តីសុខ និងភាពសម្បូរសប្បាយដល់ព្រះរាជាណាចក្រកម្ពុជា នៅមុខព្រះមហាចេតិយ ព្រះករុណាព្រះបរមរតនកោដ្ឋ ក្នុងបរិវេណព្រះឧបោសថរតនារាមព្រះវិហារព្រះកែវមរកត។ព្រះរាជពិធីនេះ ក៏មានការយាង/អញ្ជើញចូលរួមពីសម្តេចថ្នាក់ដឹកនាំ នៃស្ថាប័នព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ញាតិវង្ស និងសម្តេច ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមអ្នកសង្កេតការណ៍អាស៊ាន បន្តចុះសង្កេតការណ៍ស្ថានភាពព្រំដែននៅតំបន់អូរភ្លុកដំរី ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ទីតាំងរងការវាយប្រហារ និងកំពុងកាន់កាប់ដោយខុសច្បាប់ដោយយោធាថៃ
06/06/2026 06:06 PM
ឯកអគ្គរដ្ឋទូត៖ ប៉ាគីស្ថាននៅតែរក្សាទំនាក់ទំនងជាមួយរុស្ស៊ីជុំវិញបញ្ហាអ៊ីរ៉ង់
06/06/2026 04:06 PM
CENTCOM៖ សហរដ្ឋអាមេរិកបានបាញ់ទម្លាក់មីស៊ីលអ៊ីរ៉ង់ដែលបាញ់ឆ្ពោះទៅប្រទេសកូវ៉ែត និងបារ៉ែន
06/06/2026 04:06 PM
ឃាតកម្មចាក់សម្លាប់មនុស្សរួចយកសពប្លុងចោលក្នុងរថយន្តនៅខណ្ឌដង្កោ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្រុមឃាតកបាន០៤នាក់
06/06/2026 04:06 PM
ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»
06/06/2026 04:06 PM
លោក PUTIN៖ រុស្ស៊ីនឹងបន្តសាងសង់រោងចក្រនុយក្លេអ៊ែរនៅក្នុងប្រទេសអ៊ីរ៉ង់ នៅពេលស្ថានការណ៍ស្ងប់ស្ងាត់
06/06/2026 04:06 PM
សារព័ត៌មាន Politico ៖ ប្រទេសណាតូកំពុងពិភាក្សាអំពីកញ្ចប់ជំនួយហិរញ្ញវត្ថុចំនួន ៧០ ពាន់លានអឺរ៉ូសម្រាប់អ៊ុយក្រែន
06/06/2026 03:06 PM
អៀរឡង់ដាក់បម្រាមធ្វើដំណើរលើរដ្ឋមន្ត្រីអ៊ីស្រាអែលពីររូបមិនឲ្យចូលប្រទេសនេះ
06/06/2026 03:06 PM
ទីប្រឹក្សាមេដឹកនាំកំពូលអ៊ីរ៉ង់អំពាវនាវឲ្យលោក TRUMP បញ្ឈប់ការបិទច្រកសមុទ្រហ័រមូស និងដោះលែងទ្រព្យសកម្មរបស់ក្រុងតអេរ៉ង់
06/06/2026 03:06 PM
ប្រព័ន្ធផ្សព្វផ្សាយ៖ អ៊ីរ៉ង់ច្រានចោលការអះអាងដែលថា ខ្លួនយល់ព្រមប្រគល់សារធាតុអ៊ុយរ៉ានីញ៉ូមឲ្យទៅប្រទេសទី៣
06/06/2026 02:06 PM