ឃាតកម្មចាក់សម្លាប់មនុស្សរួចយកសពប្លុងចោលក្នុងរថយន្តនៅខណ្ឌដង្កោ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្រុមឃាតកបាន០៤នាក់
ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»
ក្រុមអ្នកសង្កេតការណ៍អាស៊ាន បន្តចុះសង្កេតការណ៍ផ្ទាល់អំពីស្ថានភាពព្រំដែននៅតំបន់ច១ ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដើម្បីពិនិត្យការអនុវត្តបទឈប់បាញ់
រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖កម្ពុជាទទួលបានលេខ១ លើបរិស្ថានធម្មជាតិល្អបំផុតលើពិភលោក បានមកពីចូលរួមយ៉ាងសកម្មពីអ្នកពាក់ព័ន្ធទាំងអស់

ព័ត៌មានជាតិ

សម្តេចប្រធានរដ្ឋសភាស្នើក្រុមមិត្តភាពរដ្ឋសភាបារំាង-កម្ពុជា លើកកម្ពស់ទំនាក់ទំនងប្រជាជននិងប្រជាជន ជំរុញអ្នកទេសចរ និងអ្នកវិនិយោគបារំាងទៅកម្ពុជាបន្ថែមទៀត

2025/10/31 09:33:37 am        326
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្ដម ថូម៉ាស់ ឡាំ (Thomas Lam) សមាជិករដ្ឋសភា និងជាប្រធានក្រុមមិត្តភាពរដ្ឋសភាបារាំង-កម្ពុជា នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ នៅក្នុងនិវេសនដ្ឋានឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅសាធារណរដ្ឋបារាំង ដើម្បីពង្រឹង និងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ រដ្ឋសភាប្រទេសទំាងពីរឱ្យកាន់តែរឹងមាំឡើង។សម្តេចប្រធានរដ្ឋសភា បានបង្ហាញក្តីសប្បាយរីករាយ និងបានថ្លែងអំណរគុណចំពោះ ឯកឧត្ដម ថូម៉ាស់ ឡាំ ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកមកជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចនៅក្នុងឱកាសនេះ។ សម្តេចបានគូសបញ្ជាក់ថា ចំណងមិត្តភាពជាប្រវត្តិសាស្រ្តកម្ពុជា-បារំាង មានការរីកចម្រើនគួរកត់សម្គាល់នៅក្នុងរយៈពេលចុងក្រោយនេះ តាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ច និងមនោសញ្ចេតនាដ៏ជ្រាលជ្រៅនៃថ្នាក់ដឹកនាំប្រទេសទំាងពីរ។ ទំនាក់ទំនងកម្ពុជា-បារំាង ពូនជ្រំដោយអតីត ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតកោដ្ឋ និងបានបន្តថែរក្សាលើកកម្ពស់ជាលំដាប់ដោយសម្តេចតេជោ ហ៊ុន សែន និងបច្ចុប្បន្នបន្តមកដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ តាមរយៈដំណើរទស្សនកិច្ចផ្លូវការ និងដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ក្នុងឆ្នាំ២០២៦ របស់ឯកឧត្ដមប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង (President Emmanuel Macron)នៅកម្ពុជា នឹងធ្វើឱ្យទំនាក់ទំនងប្រទេសទំាងពីរកាន់រឹងមាំ និងគ្រប់ជ្រុងជ្រោយបន្ថែមទៀត ។ សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា ក្រុមមិត្តភាពបារាំង-កម្ពុជា បានដើរតួនាទីដ៏សំខាន់ក្នុងការពង្រឹងចំណងមិត្តភាព និងទំនាក់ទំនងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។ សម្តេចបានស្នើឯកឧត្តម ថូម៉ាស់ ឡាំ រៀបចំនូវសកម្មភាព និងគំនិតផ្ដួចផ្ដើមបន្ថែមទៀតដើម្បីតភ្ជាប់ទំនាក់ទំនងប្រជាជនប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ និងជំរុញការយោគយល់គ្នាទៅវិញទៅមក។ សម្តេចបន្តថា យុវជនកម្ពុជាបច្ចុប្បន្នបានងាកមកសិក្សាភាសាបារំាងកាន់តែច្រើន ហើយពលរដ្ឋកម្ពុជា នៅតែមានការកំាទ្រផលិតផលបារំាង ដូចជាឱសថ ជាដើម។ ដូច្នេះអ្នកវិនិយោគបារំាងគួរឆ្លៀតឱកាសនេះដើម្បីវិនិយោគនៅកម្ពុជា។ សូមកុំសម្លឹងកម្ពុជាត្រឹមកម្ពុជា១៧លាននាក់ តែសម្លឹងកម្ពុជាក្នុងក្របខណ្ឌអាស៊ាននិង RCEP ដែលមានប្រជាពលរដ្ឋរាប់រយលាននាក់។ឯកឧត្តម ប្រធានក្រុមមិត្តភាពរដ្ឋសភាបារំាង-កម្ពុជា បានគំាទ្រប្រសាសន៍លើកឡើងរបស់សម្តេចប្រធានរដ្ឋសភា និងបានបញ្ជាក់ថាឯកឧត្ដមនឹងខិតខំជំរុញកិច្ចសហប្រតិបត្តិការបារំាង-កម្ពុជាឱ្យកាន់តែរឹងមាំឡើង។ ឯកឧត្តមបានអបអរសាទរការទទួលធ្វើជាម្ចាស់កិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ និងសូមឱ្យកម្ពុជាទទួលបានជោគជ័យនៅក្នុងការរៀបចំកិច្ចប្រជុំនោះ។ ឯកឧត្តម ថូម៉ាស់ ឡាំ បានជម្រាបសម្តេចថា ក្នុងបេសកកម្មដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទំាងពីរ នៅឆ្នាំ២០២៦ខាងមុខនេះ ឯកឧត្តមនឹងដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចនៅកម្ពុជា។ គម្រោងនេះទទួលបានការគំាទ្រ និងស្វាគមន៍យ៉ាងពេញទំហឹងពីសំណាក់សម្តេចប្រធានរដ្ឋសភា។ សម្តេចប្រធានរដ្ឋសភានិងឯកឧត្ដម ថូម៉ាស់ ឡាំ បានពិភាក្សាគ្នាពីសន្តិភាព។ សម្តេចលើកឡើងថា កម្ពុជាចង់ឃើញកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា និងថៃ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលានេះ អនុវត្តមានប្រសិទ្ធភាពខ្ពស់ ធានាសុខសន្តិភាពបានជាយូរអង្វែងតទៅ។ សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះវេទិកាសន្តិភាពបារីសលើកទី៨ ដែលប្រទេសបារំាងបានរៀបចំឡើងគឺជាឱកាស សម្រាប់ការពិភាក្សា និងការចែករំលែកបទពិសោធន៍ពីគ្នាទៅវិញទៅមកក្នុងការដោះស្រាយបញ្ហានានាដែលពលរដ្ឋកំពុងប្រឈម៕

ក្រុមការងារអន្តោប្រវេសន៍ក្រុមប្រតិបត្តិការទី៤នឹងបន្តសហការជាមួយក្រុមប្រតិបត្តិការខេត្តចុះអនុវត្តការត្រួតពិនិត្យវត្តមានស្នាក់នៅជនបរទេសនៅមូលដ្ឋាន

2025/10/30 09:40:08 pm        181
នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តកំពត ឯកឧត្តម ឧត្តមសេនីយ៍ឯក សុវណ្ណា ពិសាខា អគ្គនាយករងអន្តោប្រវេសន៍ និងជាប្រធានក្រុមប្រតិបត្តិការទី៤ (ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប) តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយកអន្តោប្រវេសន៍ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ហាស់ ម៉េងឡុង ឯកឧត្តម ឧត្តមសេនីយ៍ទោ ទូច សម្បតិ ឯកឧត្តម ឧត្តមសេនីយ៍ទោ ផាន់ រតនៈ (អគ្គនាយករងអន្តោប្រវេសន៍ និងជាអនុប្រធានក្រុមប្រតិបត្តិការទី៤) និងសមាជិកក្រុមប្រតិបត្តិការទី៤ ខេត្តកំពត បានចូលជួបសម្តែងការគួរសម និងគោរពរាយការណ៍អំពីវឌ្ឍនភាពនៃការអនុវត្តផែនការលេខ ០០៣ផក របស់ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព ឯកឧត្តម ខៀវ រិទ្ធិភ័ណ្ឌ អភិបាលរង នៃគណៈអភិបាលខេត្តកំពត។ក្នុងពិធីនេះផងដែរ ក៏មានការអញ្ជើញចូលរួមពីលោកស្នងការរងនគរបាលខេត្ត នាយការិយាល័យទាំង២ នៃស្នងការដ្ឋាននគរបាលខេត្ត និងក្រុមប្រតិបត្តិការខេត្ត សរុបចំនួន ៤០នាក់។ឆ្លៀតក្នុងឱកាសនៃការជួបសម្តែងការគួរសមនេះ ឯកឧត្តម អគ្គនាយករង និងជាប្រធានក្រុមប្រតិបត្តិការទី៤ បានគោរពរាយការណ៍អំពីវឌ្ឍនភាពការងារ បញ្ហាប្រឈម និងសំណូមពរក្នុងការអនុវត្តផែនការលេខ ០០៣ផក របស់ក្រសួងមហាផ្ទៃ នៅខេត្តកំពត គិតចាប់ពីឆ្នាំ២០២៤ ដល់ខែតុលា ឆ្នាំ២០២៥ និងអំពីនិយាមប្រតិបត្តិលេខ ០០១ នយប/គបដ ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ របស់គណ:បញ្ជាការដឹកនាំរួម ស្តីពីការចុះត្រួតពិនិត្យវត្តមានជនបរទេសនៅតាមសណ្ឋាគារ និងបានគោរពស្នើសុំគោលការណ៍អនុញ្ញាតិដល់ក្រុមប្រតិបត្តិការទី៤ បន្តសហការជាមួយក្រុមប្រតិបត្តិការខេត្ត ដើម្បីចុះអនុវត្តការត្រួតពិនិត្យវត្តមានស្នាក់នៅរបស់ជនបរទេសតាមបណ្តាសណ្ឋាគារ និងផ្ទះសំណាក់នៅក្នុងភូមិសាស្រ្តខេត្តផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត អញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំកំពូលបៃតងនិងចីរភាពសកល ឆ្នាំ២០២៥ ក្រោមប្រធានបទ «ការអភិវឌ្ឍបៃតង និងឱកាស»

2025/10/30 09:35:27 pm        154
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តី ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំកំពូលបៃតងនិងចីរភាពសកល ឆ្នាំ២០២៥ ក្រោមប្រធានបទ «ការអភិវឌ្ឍបៃតង និងឱកាស» និងប្រធានបទរួម «ការកសាងអនាគត និងការស្ថាបនាពិភពលោកប្រកបដោយចីរភាព» ដែលរៀបចំឡើងដោយគណៈកម្មាធិការផ្ដល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម និងចូលរួមរៀបចំដោយ Economic Society Of Cambodia, KSI Strategic Institute For Asia Pacific , World Green Organization, Asean Economic Club, World Digital Chamber, និង Asean Business Club។កិច្ចប្រជុំកំពូលបៃតង និងចីរភាពសកលឆ្នាំ២០២៥ មានគោលបំណងជាយុទ្ធសាស្ត្រក្នុងការបង្កើនល្បឿនកំណែទម្រង់បៃតង នៅកម្រិតជាតិ តំបន់ និងសកល តាមរយៈការចែករំលែកចំណេះដឹង បទពិសោធន៍ និងការសហការគ្នារវាងថ្នាក់ដឹកនាំ អ្នករៀបចំគោលនយោបាយ អ្នកវិទ្យាសាស្ត្រ វិស័យឯកជន និងស្ថាប័នស្រាវជ្រាវ ដោយផ្តោតលើការប្រែក្លាយបញ្ហាបរិស្ថានទៅជាឱកាសសេដ្ឋកិច្ច ដោយជំរុញកំណើនបៃតង ពាណិជ្ជកម្មនិរន្តរ៍ និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធធន់នឹងអាកាសធាតុ ពោលឆ្ពោះទៅការសម្រេចចក្ខុវិស័យរួម គឺពិភពលោកមួយដែលកាន់តែមានលក្ខណៈបៃតង និងមានភាពភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។ ជារួម កម្មវិធីនេះពុំមែនគ្រាន់តែជាសន្នីសីទប៉ុណ្ណោះទេ ប៉ុន្តែជាវេទិកាមួយដ៏សំខាន់ក្នុងការពន្លឿនការធ្វើបដិវត្តកម្មបៃតងទាំងកម្រិតថ្នាក់ជាតិ តំបន់ និងសកលផងដែរ ជាពិសេស ក្នុងបរិការណ៍ដែលពិភពលោកបាន និងកំពុងប្រឈមនឹងគ្រោះមហន្តរាយធម្មជាតិ ការសឹករិចរិលបរិស្ថាន និង ការបាត់បង់ជីវចម្រុះ ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ។ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តដ៏យូរអង្វែងរបស់កម្ពុជាក្នុងការកសាងអនាគតប្រកបដោយចីរភាព ក្រោមម្លប់នៃសន្តិភាពនិងស្ថិរភាពដែលបានបង្កើតឡើងក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភាបច្ចុប្បន្ន និងបានបន្តឥតងាករេក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ បានបន្តថា កំណើនសេដ្ឋកិច្ចបែបប្រពៃណីបានបង្កជាការប៉ះពាល់បរិស្ថាន ដែលកំពុងគំរាមកំហែងស្ថិរភាពសកល ហើយកម្ពុជាជាប្រទេសងាយរងគ្រោះបំផុតមួយនៅអាស៊ាន ប្រឈមនឹងទឹកជំនន់ គ្រោះរាំងស្ងួត និងការបាត់បង់ជីវៈចម្រុះ។ ដើម្បីដោះស្រាយបញ្ហាប្រឈមនេះ រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំដ៏ស្វាហាប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយផ្តោតលើកំណើនបៃតង រួមមានយុទ្ធសាស្ត្ររយៈពេលវែងសម្រាប់អព្យាក្រឹតកាបូន (LTS4CN) ដើម្បីឈានទៅអព្យាក្រឹតកាបូននៅឆ្នាំ២០៥០, ផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍ ជាតិបៃតង (២០២១-២០៣៥), យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន(២០២៣-២០២៨) និងផែនការយុទ្ធសាស្ត្រឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុកម្ពុជា (២០២៤-២០៣៣)។ ជារួម រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកកំណើនបៃតង គឺជាយុទ្ធសាស្រ្តនៃការធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា និងជាក្បាលម៉ាស៊ីនថ្មីនៃកំណើនសេដ្ឋកិច្ច (new engine of growth)។ ទន្ទឹមនេះ កម្ពុជាក៏បានបង្វែរពីការប្តេជ្ញាចិត្ត គោលនយោបាយ និងយុទ្ធសាស្រ្តទៅជា ការអនុវត្តជាក់ស្តែង ដោយសម្រេចបាននូវលទ្ធផលមួយចំនួនគួរឱ្យកត់សម្គាល់ផងដែរ។ ជាក់ស្តែង កម្ពុជាបានបង្កើតនូវតំបន់សេដ្ឋកិច្ចពិសេសបៃតងនៅខេត្តកោះកុង ដែលបានដាក់បញ្ចូលនូវថាមពលកកើតឡើងវិញ ការគ្រប់គ្រងកាកសំណល់ និងគោលការណ៍ចក្រា (circular principles) និងការបង្កើតនូវព្រលានយន្តហោះអន្តរជាតិសម្តេចតេជោ ដែលបំពាក់នូវប្រព័ន្ធប្រសិទ្ធភាពថាមពល ស្ថាបត្យកម្មសំណង់ដែលមានលក្ខណៈភាតរៈបរិស្ថាន និងការគ្រប់គ្រងកាកសំណល់បែបទំនើប ព្រមទាំងការជំរុញការវិនិយោគថាមពលកកើតឡើងវិញ ដែលធ្វើឱ្យថាមពលនេះមានចំណែករហូតដល់ ៦២% នៅក្នុងការផ្គត់ផ្គង់ថាមពលក្នុងស្រុកសរុប ជាដើម។ ដើម្បីប្រែក្លាយការប្តេជ្ញាចិត្តទៅជាការអនុវត្តដែលមានប្រសិទ្ធភាព ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ បានផ្តល់នូវអនុសាសន៍ ៨ចំណុច រួមមាន៖ ១. សម្រួលនីតិវិធីនៃការទទួលបានហិរញ្ញប្បទានអាកាសធាតុ សម្រាប់ប្រទេសកំពុងអភិវឌ្ឍ, ២.រៀបចំផែនការដែលមានលក្ខណៈបុរេសកម្មដើម្បីឆ្លើយតបនឹងតម្រូវការហិរញ្ញវត្ថុ សម្រាប់អន្តរកាលថាមពល និងការកាត់បន្ថយការបំភាយឧស្ម័ន, ៣. កាត់បន្ថយអត្រាការប្រាក់ហិរញ្ញប្បទាន, ៤. ជំរុញការផ្ទេរបច្ចេកវិទ្យា, ៥. ជៀសវាង green protectionism, ៦.វិនិយោគលើការកសាងសមត្ថភាព, ៧. ដឹកនាំដោយគំរូ ដោយប្រទេសបំភាយឧស្ម័នធំៗត្រូវចាត់វិធានការខ្លាំងក្លាជាងមុនដោយមិនដាក់ទោសលើប្រទេសកំពុងអភិវឌ្ឍ, និង ៨. ជំរុញឱ្យមានសាមគ្គីភាព តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការឆ្លងព្រំដែនរវាងរដ្ឋាភិបាល ធុរកិច្ច និងស្ថាប័នស្រាវជ្រាវដើម្បីចែករំលែកការអនុវត្តល្អបំផុត និងការច្នៃប្រឌិត។ជាកិច្ចបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ បានថ្លែងថា គ្មានប្រទេសណាមួយអាចសម្រេចបាននូវចីរភាពតែឯងនោះទេ។ កំណើនបៃតងមិនមែនជា Zero-Sum Game នោះទេ តែវាគឺជាមាគ៌ាឆ្ពោះទៅរកវិបុលភាពរួម សន្តិភាព និងភាពធន់រយៈពេលវែង។ កម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីសហការជាមួយដៃគូទាំងអស់នៅក្នុងអាស៊ាន ទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក និងជាសកល ដើម្បីពន្លឿនអន្តរកាលបៃតង។

ក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-អាស៊ែបៃហ្សង់ ប្តេជ្ញាពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែប្រសើរទ្វេរដង

2025/10/30 09:07:18 pm        151
ឯកឧត្តម កែវ ពិសិដ្ឋ លេខាធិការគណៈកម្មការនីតិកម្ម និងយត្តិធម៌ នៃរដ្ឋសភា (គណៈកម្មការទី៦) និងជាអនុប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-អាស៊ែបៃហ្សង់ និងឯកឧត្តម Shahin Seyidzade សមាជិកសភា នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ និងជាប្រធានក្រុមមិត្តភាពសភាអាស៊ែបៃហ្សង់-កម្ពុជា បានប្តេជ្ញាចិត្តរួមគ្នានៅក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងគ្រប់ជ្រុងជ្រោយបន្ថែមទៀត។ ការប្តេជ្ញាចិត្តរួមគ្នារវាងក្រុមមិត្តភាពរដ្ឋសភាទាំងពីរ បានធ្វើឡើងនៅក្នុងជំនួបសំណេះសំណាល នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ នៅរដ្ឋសភាអាស៊ែបៃហ្សង់ ខណៈដែលឯកឧត្តម កែវ ពិសិដ្ឋ លេខាធិការគណៈកម្មការនីតិកម្ម និងយត្តិធម៌ នៃរដ្ឋសភា (គណៈកម្មការទី៦) និងជាអនុប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-អាស៊ែបៃហ្សង់ អមដំណើរឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមសន្និសីទសភាអន្តរជាតិ ដើម្បីរំលឹកខួបលើកទី៣០ នៃការអនុម័តរដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ក្រោមមូលបទ «រដ្ឋធម្មនុញ្ញជាមូលដ្ឋានគ្រឹះនៃឯករាជ្យភាព និងអធិបតេយ្យភាពរបស់រដ្ឋ ក្នុងពិភពលោកសហសម័យ» ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ ២០២៥៕

នាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ រកឃើញម្ចាស់ជ័យលាភី៣រូប ក្នុងពិព័រណ៍រូបថត ស្តីពី «រួមគ្នាលើកតម្កើង មរតកវប្បធម៌អរូបី»

2025/10/30 08:31:29 pm        276
ភ្នំពេញ ៖ នាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ នៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរកឃើញម្ចាស់ជ័យលាភី៣រូប ក្នុងការតាំងពិព័រណ៍រូបថត ស្តីពី «រួមគ្នាលើកតម្កើង មរតកវប្បធម៌អរូបី» និងបើកជូនសាធារណជនទស្សនារយៈពេល០៧ថ្ងៃ គឺចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ នៅវេលាម៉ោង៩ព្រឹក ដល់ម៉ោង៤:៣០នាទីរសៀល ក្នុងសារមនី្ទរខ្លែងខ្មែរ។​លោក រឿង សារ៉េត ប្រធានស្តីទីនាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅ បំផុតចំពោះថ្នាក់ដឹកនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសូមអរគុណយ៉ាងស្មោះអស់ពីចិត្តចំពោះគណៈកម្មការមេប្រយោគ ក្រុមការងារនាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ ដែលខិតខំប្រឹងប្រែងរៀបចំបើកពិព័រណ៍រូបថត ស្តីពី «រួមគ្នាលើកតម្កើង មរតកវប្បធម៌អរូបី» និងសូមថ្លែងអំណរគុណដល់អ្នកចូលរួម និងម្ចាស់ស្នាដៃរូបថត ក្មួយៗ យុវជន សិស្ស និស្សិត ដែលបានអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះ។ ពិព័រណ៍នេះ មានរូបថតចូលរួមដាក់តាំងបង្ហាញ ពណ៌ធម្មជាតិ ច្បាស់ល្អ បង្កប់នូវរូបារម្មណ៍ និងអត្ថន័យដ៏ជ្រាលជ្រៅ ដែលបានជ្រើសរើសពីស្នាដៃយ៉ាងច្រើនសន្ធឹកសន្ធាប់របស់បេក្ខជន មកតាំងបង្ហាញដែលមានរូបភាព និងខ្លឹមសារទាក់ទងនឹងសិល្បៈទស្សនីយភាព សិល្បៈសូន្យរូប សិល្បៈសិប្បកម្ម វប្បធម៌ជនជាតិភាគតិច ជំនឿ សាសនា ពិធីបុណ្យប្រពៃណី និងកិច្ចប្រតិបតិ្តសង្គមផ្សេងៗ នៃសិល្បៈវប្បធម៌អរូបី តាមជំនាញ ទេពកោល្យ ទម្រង់ផ្សេងៗគ្នា ជូនទស្សនិកជន បានយល់ដឹង ដើម្បីរួមគ្នាអភិរក្ស និងអភិវឌ្ឍ ដោយនិរន្តរភាព។លោកស្រី វ៉ា បុប្ផារី អគ្គនាយិការង តំណាងឯកឧត្តម ឈុំ ម៉េងហុង អគ្គនាយកបច្ចេកទេសវប្បធម៌ បានថ្លែងថា ការជ្រើសរើសប្រធានបទ «រួមគ្នាលើកតម្កើង មរតកវប្បធម៌អរូបី» ក្នុងគោលបំណងផ្សព្វផ្សាយ លើកតម្កើងវប្បធម៌អរូបីដ៏ផូរផង់របស់ជាតិយើង និងលើកទឹកចិត្តដល់យុវជន ដែលនិយម និងចូលចិត្តសិល្បៈតាមបណ្តាញសង្គម ដោយងាកមកចាប់អារម្មណ៍ និងឲ្យតម្លៃទៅលើការផ្សព្វផ្សាយមរតកវប្បធម៌ជាតិ និងតាមរយៈការនាំយកស្នាដៃមកប្រកួតប្រជែង និងចូលរួមផ្សព្វផ្សាយក្នុងការតាំងពិព័រណ៍នាពេលនេះ ជាការបង្ហាញរូបភាពអំពីវប្បធម៌ដ៏សំបូរបែប ដល់ភ្ញៀវជាតិ និងអន្តរជាតិ ឲ្យចាប់អារម្មណ៍ចំពោះកម្ពុជា ដែលបានផ្សព្វផ្សាយកន្លងមក។ ស្នាដៃរូបថតទាំងអស់ ដែលបេក្ខជនបានចូលរួមប្រកួតប្រជែងត្រូវបានគណៈកម្មការមេប្រយោគ ពិនិត្យវាយតម្លៃជ្រើសរើសចំនួន ៦០រូបថត ក្នុងចំណោមរូបថតជាច្រើនសន្លឹក យកមកតាំងបង្ហាញនាពេលនេះ។ គណៈកម្មការរៀបចំនឹងដាក់ឲ្យសាធារណជនជ្រើសរើសបន្តរករង្វាន់ជ័យលាភីប្រជាប្រិយ លេខ១ លេខ២ និងលេខ៣។ រូបថតទាំងនេះនឹងប្រើប្រាស់ជាប្រយោជន៍សាធារណៈ និងធ្វើការផ្សព្វផ្សាយតាមរយៈគេហទំព័រនាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ គេហទំព័រក្រសួង និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ ឬបញ្ជូនទៅចូលរួមតាំងពិព័រណ៍ថ្នាក់តំបន់ និងអន្តរជាតិក្រោយពីទទួលបានការយល់ព្រមពីម្ចាស់កម្មសិទ្ធ។ជាចុងក្រោយលោកស្រី បានបញ្ជាក់ថា តាមរយៈការប្រកួតប្រជែងស្នាដៃរូបថតនេះ សុំឲ្យអ្នកជំនាញរូបថតទាំងអស់ ដែលមានទេពកោសល្យក្នុងការថតរូប សូមមេត្តាបញ្ចេញសិល្បៈថតរូបពាក់ព័ន្ធនឹងសម្បតិ្តវប្បធម៌អរូបី ដើម្បីផ្សព្វផ្សាយឲ្យបានទូលំទូលាយទៅមុខទៀត។សម្រាប់ជ័យលាភីពិព័រណ៍រូបថត ស្តីពី «រួមគ្នាលើកតម្កើង មរតកវប្បធម៌អរូបី» ជ័យលាភីលេខ១ តូង លែន មកពីខេត្តមណ្ឌលគិរី(ជនជាតិដើមភាគតិចព្នង)។ ជ័យលាភីលេខ០២ ព្រះតេជគុណ កេង សុថឺង មកពីរាជធានីភ្នំពេញ (ព្រះសង្ឃ គង់នៅវត្តបទុមវតីរាជវរារាម) និងជ័យលាភីលេខ០៣ អាន រស្មី មកពីខេត្តកំពង់ធំ៕អត្ថបទ រដ្ឋា 

គណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍កម្ពុជា ធ្វើទស្សនកិច្ចសិក្សា នៅសារមន្ទីរដ៏ធំ នៅទីក្រុងស៊ូចូវ

2025/10/30 08:06:24 pm        148
នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ គណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងវិស័យឯកជនកម្ពុជា អញ្ជើញធ្វើទស្សនកិច្ចសិក្សា និងដកស្រង់បទពិសោធន៍ នៅសារមន្ទីរដ៏ធំ និងល្បីល្បាញ Suzhou Museum នៅទីក្រុងស៊ូចូវ ខេត្តជាំងស៊ូ សាធារណរដ្ឋប្រជាមានិតចិន។ក្នុងឱកាសដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងវិស័យឯកជនកម្ពុជា ចូលរួមព្រឹត្តិការណ៍អន្តរជាតិដ៏ធំគឺ "ពិព័រណ៍វប្បធម៌ និងឧស្សាហកម្មការរចនាបែបច្នៃប្រឌិតស៊ូចូវ លើកទី១៤" និង "ពិធីបុណ្យកម្ពុជា" នៅទីក្រុងស៊ូចូវ ខេត្តជាំងស៊ូ និងតបតាមការអញ្ជើញរបស់មន្ទីរទេសចរណ៍ខេត្តជាំងស៊ូ, ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងវិស័យឯកជនកម្ពុជា អញ្ជើញធ្វើទស្សនកិច្ចសិក្សា និងដកស្រង់បទពិសោធន៍នៅសារមន្ទីរដ៏ធំ និងល្បីល្បាញ Suzhou Museum លើការរៀបចំបដិសណ្ឋារកិច្ចភ្ញៀវទេសចរ ការគ្រប់គ្រងចំណូលចំណាយ និងការបង្កើតផលិតផលសេវាកម្មទេសចរណ៍ ការរៀបចំ Storytelling ក៏ដូចជាបទពិសោធរៀបចំព្រឹត្តការណ៍ថ្មី និងទាក់ទាញដើម្បីជំរុញទេសចរណ៍ទាក់ទាញភ្ញៀវទេសចរ៕

នាយកអង្គការកម្មវិធីស្បៀងអាហារពិភពលោកថ្មីប្រចាំកម្ពុជា សន្យាបន្តកិច្ចសហប្រតិបត្តិការរៀបចំផែនការកាត់បន្ថយគ្រោះមហន្តរាយនៅកម្ពុជា

2025/10/30 07:29:00 pm        176
ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម នាយិកាអង្គការកម្មវិធីស្បៀងអាហារពិភពលោកថ្មីប្រចាំកម្ពុជា សន្យាជួយលើកិច្ចសហប្រតិបត្តិការរៀបចំផែនកាត់បន្ថយគ្រោះមហន្តរាយទាំងគ្រោះរាំងស្ងួត និងទឹកជំនន់។នារសៀល ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ដ្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម) បានអនុញាតិឱ្យ លោកស្រី យ៉ុង ណានផាក នាយកអង្គការកម្មវិធីស្បៀងអាហារពិភពលោកថ្មីប្រចាំកម្ពុជា (WFP) ដើម្បីមានជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ ជំនួបសម្តែងគួរសមនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិត ហង្ស សាមឿន អនុប្រធានទី២ (គ.ជ.គ.ម), ឯកឧត្តម អនុប្រធាន, ឯកឧត្តម ទីប្រឹក្សា (គ.ជ.គ.ម), ឯកឧត្តម គីម វីរៈ អគ្គលេខាធិការ (គ.ជ.គ.ម) និងថ្នាក់ដឹកនាំ នៃអគ្គលេខាធិការដ្ឋាន (គ.ជ.គ.ម) និងសហការពី (WFP)។ជាកិច្ចចាប់ផ្តើម ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម សូមស្វាគមន៍ចំពោះវត្តមាននៃការចាប់ផ្តើមបេសកកម្មថ្មីរបស់លោកស្រី នាយិកាអង្គការកម្មវិធីស្បៀងអាហារពិភពលោកថ្មីប្រចាំកម្ពុជា ក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀតលើសកម្មភាពនៃផែនការដែលអនុវត្តកន្លងមករួមគ្នា។ឯកឧត្តម ទេសរដ្ឋមន្ត្រី បានកោតសរសើរដល់ថ្នាក់ដឹកនាំរបស់អង្គការកម្មវិធីស្បៀងអាហារពិភពលោក និងសហការី ដែលតែងតែសហការជាមួយមន្រ្តីជំនាញរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងការសិក្សាពីផែនការលើការងារគ្រោះមហន្តរាយដែលកម្ពុជាជួបប្រទះបញ្ហាប្រឈមជារៀងរាល់ឆ្នាំ។ឯកឧត្តម ទេសរដ្ឋមន្ត្រី បញ្ជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការរវាង គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអង្គការកម្មវិធីស្បៀងអាហារពិភពលោក បានផ្ដល់ការគាំទ្របច្ចេកទេស និងហិរញ្ញវត្ថុលើដំណើរការការរៀបចំកសាង ផែនការនានាដែលរួមមាន ផែនការសកម្មភាពជាតិ សម្រាប់ការកាត់ បន្ថយហានិភ័យគ្រោះមហន្តរាយ ផែនការត្រៀមបម្រុងសម្រាប់ការឆ្លើយ តបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយ និងផែនទីបង្ហាញផ្លូវថ្នាក់ជាតិស្តីពីការ ប្រកាសឱ្យដឹងមុនសម្រាប់ទាំងអស់គ្នា។ឯកឧត្តម បញ្ជាក់ទៀតថា អង្គការកម្មវិធីស្បៀងអាហារពិភពលោក បានសហការគាំទ្រលើដំណើរការពង្រឹងសមត្ថភាពការឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិតាមរយៈការធ្វើលំហាត់ សាកល្បងឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយ តាមរាជធានីខេត្ត ដែលនេះជាសកម្មភាពដ៏សំខាន់រួមចំណែកក្នុងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ។ក្នុងនាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តម ទេសរដ្ឋមន្ត្រី លើកឡើងថា កិច្ចសហប្រតិបត្តិការបន្តទៅមុខដែលត្រូវរួបរួមគ្នានោះ គឺការគាំទ្រពីអង្គការកម្មវិធីស្បៀងអាហារពិភពលោក លើផែនការសកម្មភាពជាតិសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ, បណ្តុះបណ្តាលឡើងវិញដល់មន្ត្រីថ្នាក់ក្រោមជាតិលើការអនុវត្តប្រើប្រាស់ប្រព័ន្ធព័ត៌មានទាន់ហេតុការណ៍ និងអង្កេតតាមដានស្ថានការណ៍គ្រោះមហន្តរាយ នៅទូទាំង ២៥ រាជធានីខេត្ត និងរៀបចំលំហាត់សាកល្បងឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយថ្នាក់ក្រោមជាតិ ដើម្បីធានាការអនុវត្ថការឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយអនុឡោមតាមនីតិវិធីស្តង់ដាររបស់រាជធានី-ខេត្ត។ជាការឆ្លើយតប លោកស្រី នាយិកាអង្គការកម្មវិធីស្បៀងអាហារពិភពលោកថ្មីប្រចាំកម្ពុជា បានគាំទ្រពេញទំហឹងចំពោះសកម្មភាពកន្លងមក ដែលធ្វើឱ្យការងារគ្រោះមហន្តរាយកាន់តែឆ្លើយតបទាន់សភាពការណ៍ដែលប្រែប្រួលឥតឈប់ឈរ។ លើសពីនេះ លោកស្រី នាយិកាអង្គការកម្មវិធីស្បៀងអាហារពិភពលោកថ្មីប្រចាំកម្ពុជា បានសន្យាថានឹងរួមចំណែកជួយដល់កម្ពុជាលើផែនការសកម្មភាពកាត់បន្ថយបញ្ហាគ្រោះមហន្តរាយ ទាំងរាំងស្ងួត និងទឹកជំ់នន់តាមបណ្តាខេត្ត នាពេលខាងមុខ។ បន្ថែមលើនេះ លោកស្រីនាយិកា បន្ថែមថា អង្គការកម្មវិធីស្បៀងអាហារពិភពលោក ក៏បានពិនិត្យឃើញថាការប្រើប្រាស់បច្ចេកវិទ្យា គឺមានសារៈសំខាន់ដល់ផែនការសកម្មភាពពាក់ព័ន្ធនានា ក្នុងការការកាត់បន្ថយបញ្ហាគ្រោះមហន្តរាយដែលតែងកើតឡើងទាំងសកលលោក និងតំបន់៕ ដោយ ៖ ឧត្ដម

មន្រ្តីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ចាត់ទុកផ្លូវជាសរសៃឈាមដែលតភ្ជាប់ជំរុញគ្រប់អន្តរវិស័យ

2025/10/30 07:17:58 pm        296
មន្រ្តីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ កោតសរសើរដល់នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ដែលបានស្ថាបនា និងថែទាំផ្លូវចំនួន ៣ ខ្សែ ស្ថិតក្នុងខេត្តកណ្តាល កំពង់ឆ្នាំង និងខេត្តសៀមរាប បានល្អប្រសើរ ព្រោះផ្លូវជាសរសៃឈាមដែលតភ្ជាប់ និងមានភាពប្រទាក់ក្រឡា ជំរុញនូវគ្រប់អន្តរវិស័យ ជាពិសេសជំរុញចលនាសេដ្ឋកិច្ចនៅជនបទ។ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លើក ឡើងក្នុងការចុះពិនិត្យ វាយតម្លៃ និងបញ្ចប់សុពលភាពផ្លូវចំនួន៣គម្រោង ស្ថិតក្នុងខេត្តកណ្តាល កំពង់ឆ្នាំង និងខេត្តសៀមរាប នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ នេះថា ជុំវិញការអភិវឌ្ឍនៅតាមជនបទ ឃើញថារាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ នៃរដ្ឋសភា, ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវ៉ៃ និងប៉ិនប្រសព្វ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងបន្តកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ តាមរយៈការស្តារ, ថែទាំ, ការស្ថាបនា, និងការកែលម្អហេដ្ឋារចនា សម្ព័ន្ធគមនាគមន៍ដឹកជញ្ជូននានានៅតាមនៅជនបទ ក្នុងគោលដៅលើកកម្ពស់ការស់នៅ និងជំរុញការធ្វើពិធកម្មសកម្មភាពសេដ្ឋកិច្ច ជនបទ បង្កើតការងារ និងប្រាក់ចំណូលដល់ប្រជាពលរដ្ឋសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ។ឯកឧត្តមបណ្ឌិត បន្តថា ជុំវិញបញ្ហាផ្លូវនេះ បច្ចុប្បន្នក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងប្រែក្លាយផ្លូវក្រាលក្រួសជាច្រើនខ្សែ ទៅជាផ្លូវក្រាលកៅស៊ូ ឬផ្លូវបេតុង សំដៅធានាបានការប្រើប្រាស់យូរអង្វែង ធន់នឹងការប្រែប្រួលអាកាសធាតុ ដើម្បីជំរុញដំណើរអន្តរកម្មផ្នែកសង្គម-សេដ្ឋកិច្ច និងការផ្សារភ្ជាប់សកម្មភាពធុរកិច្ចផ្សេងៗ រវាងតំបន់ជនបទនិងទីប្រជុំជន និងការជាការលើកកម្ពស់កម្រិតជីវភាព រស់នៅរបស់ប្រជាពលរដ្ឋនៅតាមជនបទឱ្យកាន់តែប្រសើរ។ ជាក់ស្តែងផ្លូវនៅក្នុងខេត្តទាំង៣ខាងលើនេះ បានកំពុងជួយសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋក្នុងសហគមន៍ មានផ្លូវល្អសម្រាប់ធ្វើដំណើរ ការដឹកជញ្ជូនកសិផល និងដំណាំបន្ទាប់បន្សំរបស់ប្រជាពលរដ្ឋមក កាន់ទីផ្សារ និងជួយសម្រួលដល់សិស្សានុសិស្សធ្វើដំណើរទៅកាន់សាលារៀនជាដើម។ជុំវិញផ្លូវខាងលើនេះដែរ, ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ដែលបានខិតខំប្រឹងប្រែងនៅលើការងារស្ថាបនា និងការថែទាំរហូតដល់បញ្ចប់សុពលភាព ដោយរក្សានូវគុណភាពផ្លូវល្អប្រសើរ បម្រើដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន និងសាធារណៈជនទូទៅ។ សូមបញ្ជាក់ថា ផ្លូវដែលគណៈកម្មការចុះពិនិត្យ និងវាយតម្លៃរួមមាន៖ គម្រោងទី១, ការងារលើកកម្រិតគុណភាពផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន១ខ្សែ ប្រវែង ៤ ៥០០ម៉ែត្រ, ទទឹង ៧ម៉ែត្រ ស្ថិតនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ គម្រោងទី២, ការងារស្ថាបនា ផ្លូវក្រាលបេតុងចំនួន១ខ្សែ ប្រវែង ១ ៦០០ម៉ែត្រ, ទទឹង ៧ម៉ែត្រ នៅឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (បញ្ចប់សុពលភាព)។ ចំណែកគម្រោងទី៣, ការងារស្ថាបនាផ្លូវក្រាលដីល្បាយក្រួស ចំនួន១ខ្សែ ប្រវែង ១ ២០០ម៉ែត្រ, ទទឹង ៨ម៉ែត្រ និងសំណង់សិល្បការ្យ ផ្សេងៗ ស្ថិតនៅឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប (បញ្ចប់សុពលភាព)៕អត្ថបទ៖ សុន រ៉ាឌី

ក្រសួងអប់រំ ជ្រើសរើសនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសវិជ្ជាជីវៈនាយកសាលារៀន ជំនាន់ទី៨

2025/10/30 06:43:01 pm        257
ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ នេះ បានចេញសេចក្ដីជូនដំណឹង ស្តីពី ការប្រឡងជ្រើសរើសនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំ ឯកទេសវិជ្ជាជីវៈនាយកសាលារៀន ជំនាន់ទី៨ សិក្សានៅវិទ្យាស្ថានជាតិអប់រំ។ក្នុងឆ្នាំសិក្សា២០២៥-២០២៦ នេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងធ្វើការប្រឡងជ្រើសរើស និង បណ្តុះបណ្តាលនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំ ឯកទេសវិជ្ជាជីវៈនាយកសាលារៀនជំនាន់ទី៨ សម្រាប់ថ្នាក់ អាហារូបករណ៍ចំនួន ២០នាក់ និងសម្រាប់ថ្នាក់បង់ថ្លៃសេវាសិក្សាចំនួន ៤០នាក់ តាមប្រព័ន្ធបណ្តុះបណ្តាល រយៈពេល ២ឆ្នាំ។ កាលបរិច្ឆេទនៃការចូលរៀន គឺរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ នៅវិទ្យាស្ថានជាតិអប់រំ។ព័ត៌មានពិស្ដារ៖

អគ្គនាយក CMAC បង្ហាញរបាយការណ៍ ប្រភេទគ្រាប់បែកចង្កោមដែលបានបង្កគ្រោះថ្នាក់ថ្មីៗនេះ

2025/10/30 06:31:28 pm        523
ឯកឧត្ដម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) នៅល្ងាចថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ នេះ បានបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក អំពី ករណីគ្រោះថ្នាក់ផ្ទុះគ្រាប់ ស្ថិតនៅភូមិបង្គោល៨ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីវេលាម៉ោង ១៧ និង ២០នាទី ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ បានបណ្តាលឱ្យកុមារា សឿន សុវណ្ណ អាយុ១០ឆ្នាំ(កូន) បានស្លាប់ និងលោក សៀន ស៊ុន អាយុ៤៣ឆ្នាំ (ឪពុក)រងរបួសធ្ងន់។ឯកឧត្ដម ហេង រតនា បានបញ្ជាក់បន្ថែមថា ផ្អែកតាមរបាយការណ៍ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥នេះ របស់អង្គភាព CMAC បានសន្និដ្ឋានថា គ្រាប់ដែលបង្កផ្ទុះស្លាប់ និងរបួសនេះ ជាគ្រាប់បែកចង្កោមប្រភេទ M-85 នៃគ្រាប់កាំភ្លើងធំ១៥៥មម ជាសំណល់យុទ្ធភណ្ឌសង្រ្គាមដែលកងទ័ពថៃបានបាញ់មកលើទឹកដីកម្ពុជាក្នុងសង្គ្រាមថ្ងៃទី២៤-២៨ ខែកក្កដា ឆ្នាំ២០២៥។ សូមបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥នេះ ក្រុមជំនាញអង្គភាព CMAC បានស្រាវជ្រាវ និងកំណត់ ទីតាំងភូមិសាស្រ្ដចំណុចនេះជាចម្ការគ្រាប់បែកចង្កោមលេខ “BS18134_B1.2+”។ ការសន្និដ្ឋានខាងលើ ដោយផ្អែកលើលទ្ធផល នៃការធ្វើវិភាគសំណាកអំបែងនៅកន្លែងកើតហេតុ ស្លាកស្នាមរបួស ចុះត្រួតពិនិត្យទីតាំងភូមិសាស្ដ្ររងផលប៉ះពាល់ដោយគ្រាប់បែកចង្កោម និងការរៀបរាប់លម្អិតរបស់ អ្នកស្រី ស៊ិន ចាន់ទាង ជាម្ដាយរបស់ សឿន សុវណ្ណ អំពីភិនភាគគ្រាប់ និងសកម្មភាពពាក់ព័ន្ធក្នុងការយកគ្រាប់នោះមកដល់ផ្ទះ រហូតបង្កឲ្យមានគ្រោះថ្នាក់កើតឡើង។ ឯកឧត្ដម ហេង រតនា បានចូលរួមរំលែកទុក្ខក៏ក្រៀមក្រំជាមួយក្រុមគ្រួសារនៃសព និងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្ដាប្រុងប្រយ័ត្នខ្ពស់ ជាពិសេសនៅតាមតំបន់ស្រែចម្ការ ព្រៃ និងភូមិលំនៅដ្ឋាន ដែលទទួលរងផលប៉ះពាល់ក្នុងសង្គ្រាមកាលពីថ្ងៃទី២៤-២៨ ខែកក្កដា ឆ្នាំ២០២៥។ ករណីបានឃើញគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ឬវត្ថុសង្ស័យជាគ្រាប់មិនទាន់ផ្ទុះ សូមកុំប៉ះពាល់ វាយដំ គប់លេង ឬយកទៅកែច្នៃផ្សេងៗ ដែលអាចបណ្តាលអោយផ្ទុះស្លាប់ របួស ពិការ គ្រប់ពេល និងសូមរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ឬអង្គភាព CMAC ដើម្បីបោសសម្អាតគ្រាប់ទាំងនោះ។ សូមទាក់ទងមន្ដ្រីអង្គភាព CMAC ទិសខេត្ដឧត្ដរមានជ័យ ០៩៧ ២០០ ១១ ៤១ និងទិសខេត្ដព្រះវិហារ ០៩៧ ២២២២ ៧៣៥ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកអគ្គរដ្ឋទូត៖ ប៉ាគីស្ថាននៅតែរក្សាទំនាក់ទំនងជាមួយរុស្ស៊ីជុំវិញបញ្ហាអ៊ីរ៉ង់
06/06/2026 04:06 PM
CENTCOM៖ សហរដ្ឋអាមេរិកបានបាញ់ទម្លាក់មីស៊ីលអ៊ីរ៉ង់ដែលបាញ់ឆ្ពោះទៅប្រទេសកូវ៉ែត និងបារ៉ែន
06/06/2026 04:06 PM
ឃាតកម្មចាក់សម្លាប់មនុស្សរួចយកសពប្លុងចោលក្នុងរថយន្តនៅខណ្ឌដង្កោ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្រុមឃាតកបាន០៤នាក់
06/06/2026 04:06 PM
ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»
06/06/2026 04:06 PM
លោក PUTIN៖ រុស្ស៊ីនឹងបន្តសាងសង់រោងចក្រនុយក្លេអ៊ែរនៅក្នុងប្រទេសអ៊ីរ៉ង់ នៅពេលស្ថានការណ៍ស្ងប់ស្ងាត់
06/06/2026 04:06 PM
សារព័ត៌មាន Politico ៖ ប្រទេសណាតូកំពុងពិភាក្សាអំពីកញ្ចប់ជំនួយហិរញ្ញវត្ថុចំនួន ៧០ ពាន់លានអឺរ៉ូសម្រាប់អ៊ុយក្រែន
06/06/2026 03:06 PM
អៀរឡង់ដាក់បម្រាមធ្វើដំណើរលើរដ្ឋមន្ត្រីអ៊ីស្រាអែលពីររូបមិនឲ្យចូលប្រទេសនេះ
06/06/2026 03:06 PM
ទីប្រឹក្សាមេដឹកនាំកំពូលអ៊ីរ៉ង់អំពាវនាវឲ្យលោក TRUMP បញ្ឈប់ការបិទច្រកសមុទ្រហ័រមូស និងដោះលែងទ្រព្យសកម្មរបស់ក្រុងតអេរ៉ង់
06/06/2026 03:06 PM
ប្រព័ន្ធផ្សព្វផ្សាយ៖ អ៊ីរ៉ង់ច្រានចោលការអះអាងដែលថា ខ្លួនយល់ព្រមប្រគល់សារធាតុអ៊ុយរ៉ានីញ៉ូមឲ្យទៅប្រទេសទី៣
06/06/2026 02:06 PM
យោធាអ៊ីស្រាអែលនិយាយថា ខ្លួនបានសម្លាប់ប្រធានអង្គភាពវិស្វកម្មរបស់ក្រុមហេសបូឡា
06/06/2026 02:06 PM