ក្រុមអ្នកសង្កេតការណ៍អាស៊ាន បន្តចុះសង្កេតការណ៍ផ្ទាល់អំពីស្ថានភាពព្រំដែននៅតំបន់ច១ ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដើម្បីពិនិត្យការអនុវត្តបទឈប់បាញ់
រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖កម្ពុជាទទួលបានលេខ១ លើបរិស្ថានធម្មជាតិល្អបំផុតលើពិភលោក បានមកពីចូលរួមយ៉ាងសកម្មពីអ្នកពាក់ព័ន្ធទាំងអស់
សមាគម ព.អ.ត.ក ចេញប្រកាសព័ត៌មាន បន្ទាប់ពីការផ្សាយព័ត៌មានមិនពិត ពាក់ព័ន្ធត្បូងទទឹម និងត្បូងកណ្ដៀងកម្ពុជា
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អញ្ជើញចុះពិនិត្យទីតាំងក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ដើម្បីពិនិត្យលទ្ធភាពរៀបចំជាហេដ្ឋារចនាសម្ព័ន្ធគាំទ្រក្នុងការលើកកម្ពស់ការតភ្ជាប់ទីផ្សារក្នុងស្រុក

ព័ត៌មានជាតិ

ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងប្រែក្លាយជនបទទៅជាតំបន់មានការអភិវឌ្ឍន៍រីកចម្រើន

2025/10/30 04:31:56 pm        366
ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងជំរុញអភិវឌ្ឍន៍ផ្លូវនៅតាមជនបទជាបន្តបន្ទាប់ ជាពិសេសការប្រែក្លាយពីផ្លូវល្បាយក្រួស មកជាផ្លូវក្រាលកៅស៊ូ ឬផ្លូវបេតុង ដើម្បីលើកកម្ពស់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅតាមជនបទ ឱ្យមានការអភិវឌ្ឍរីកចម្រើន។ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥នេះ បានដឹកនាំគណៈកម្មការអន្តរក្រសួងរួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះ ត្រួតពិនិត្យ វាយតម្លៃ លើការងារលើកកម្រិតគុណភាពផ្លូវក្រាលបេតុងចំនួន ១ខ្សែ ប្រវែង ១ ១២០ ម៉ែត្រ, ទទឹង ៧,៥ ម៉ែត្រ, សាង សង់លូប្រអប់មុខពីរ ចំនួន ២កន្លែង, ផ្លាកសញ្ញាចរាចរណ៍ចំនួន ៤, គំនូសទ្រូងផ្លូវចំនួន ១៥០ម៉ែត្រ និងបង្គោលសុវត្ថិភាពបេតុងចំនួន ៥០៥ដើម ស្ថិតនៅភូមិព្រែកចាម ឃុំបន្លិចប្រាសាទ ទៅភូមិព្រែកខ្សោយ ឃុំព្រែកខ្សាយ (ក) ស្រុកពាមរក៍ ខេត្តព្រៃវែង ក្រោមការ អនុវត្តគម្រោងដោយនាយកដ្ឋានស្ថាបនា និងវិស្វកម្ម អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ។ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងថា ជុំវិញផ្លូវជនបទ ដែលស្ថិតក្រោមក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ, ក្រសួងបាន ស្ថាបនា ស្តារ និងការកែលម្អផ្លូវជនបទ បានរាប់ម៉ឺនគីឡូម៉ែត្រ និងបានកំពុងជំរុញអភិវឌ្ឍន៍ជាបន្តបន្ទាប់ថែមទៀត ក្រោមគម្រោង វិនិយោគផ្ទាល់របស់រាជរដ្ឋាភិបាល ក្នុងនោះសម្រាប់ខេត្តព្រវែង ក៏មានគម្រោងជាច្រើនបានអនុវត្តកន្លងមក និងកំពុងអនុវត្តគម្រោង ថ្មីៗបន្ថែម ដើម្បីជំរុញបង្កើតនូវបរិយាកាសអំណោយផលដល់ការរស់នៅរបស់ប្រជាជន មានផ្លូវល្អសម្រាប់ធ្វើដំណើរ ការធ្វើអាជីវកម្ម និងពាណិជ្ជកម្មផ្សេងៗជាដើម ពោលគឺ មានផ្លូវ គឺមានការអភិវឌ្ឍន៍ ដែលនេះជាផ្នែកមួយនៃការជំរុញសេដ្ឋកិច្ចនៅមូលដ្ឋានឱ្យកាន់តែ ប្រសើរ និងរីកចម្រើន។ឯកឧត្តមរដ្ឋលេខាធិការ ក៏បានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងស្ថាបនាផ្លូវ របស់នាយកដ្ឋានស្ថាបនា និងវិស្វកម្ម អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ដែលបានស្ថាបនាស្របតាមផែនការ, ព្រោះផ្លូវគឺជាអាទិភាពទី១ ដែលក្រសួង អភិវឌ្ឍន៍ជនបទ បានផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំង នៅលើការងារអភិវឌ្ឍនេះ ដើម្បីជំរុញឱ្យតំបន់ជនបទ មានផ្លូវតភ្ជាប់ និង មានភាពប្រទាក់ក្រឡាគ្នា និងមានគុណភាព ហើយធន់នឹងការប្រែប្រួលអាកាសធាតុ ដើម្បីធានាដល់ការប្រើប្រាស់យូរអង្វែង សម្រាប់ ផ្តល់ជាប្រយោជន៍ដល់ការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច៕អត្ថបទ៖ សុន រ៉ាឌី

រដ្ឋបាលខេត្តសៀមរាប រៀបចំពិធីសែនក្រុងពាលី បួងសួងសុំសេចក្ដីសុខ ដើម្បីសុំម្ចាស់ទឹកដីទីកន្លែងដំណើរនៃការរៀបចំកម្មវិធីផ្សារទឹក និងជិះទូកលេងកម្សាន្ត

2025/10/30 04:20:12 pm        260
សៀមរាប៖ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានដឹកនាំរៀបចំពិធីសែនក្រុងពាលី បួងសួងសុំសេចក្ដីសុខ នៅទីសក្ការព្រះអង្គចេកព្រះអង្គចម លោកយាយទេព រូបសំណាក់ព្រះគណេស អ្នកទេពារក្ស លោកតាពេជ និងបូជាគ្រឿងសក្ការនៅវេទិកាអុំទូក ដើម្បីសុំទឹកដីទីកន្លែង និងសុំសេចក្ដីសុខសិរីសួស្ដី គ្រប់ប្រការដល់ដំណើរនៃការរៀបចំកម្មវិធីផ្សារទឹក និងជិះទូកលេងកម្សាន្ត នាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៥ ខាងមុខនេះ។ពិធីក្រុងពាលីនេះបានធ្វើឡើងរួមមាន៖ ពិធីថ្វាយនូវគ្រឿងសក្ការៈ ប្រកាសឧទ្ទិសបួងសួង និងប្រគុំថ្វាយភ្លេងពិណពាធ ចំពោះបារមីវត្ថុស័ក្ដិសិទ្ធិ។ ក្រៅពីនេះ ក៏មានការបូជាព្រះភូមិ, បូជាថ្វាយស្ដេចក្រុងពាលី និងសុំព្រះម៉ែគង្គា ដើម្បីសុំនូវសេចក្ដី ក្នុងការរៀបចំដំណើរការកម្មវិធីផ្សារទឹក និងជិះទូកលេងកម្សាន្ត ឱ្យប្រព្រឹត្តទៅដោយភាពសុខសាន្តជូនដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិ បានសប្បាយរីករាយ។គិតមកទល់ពេលនេះ អាជ្ញាធរខេត្តបានយកចិត្តទុកដាក់លើការអភិរក្ស និងអភិវឌ្ឍន៍ ក៏ដូចជាការរៀបចំសោភ័ណភាពក្រុងប្រវត្តិសាស្ត្រឱ្យមានភាពស្រស់ត្រកាល នៅតាមដងផ្លូវ និងវិថីនានា ដើម្បីត្រៀមស្វាគមន៍ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលនឹងអញ្ជើញមកចូលរួមក្នុងព្រឹត្តិការណ៍នាពេលខាងមុខ។សូមជម្រាបថា រដ្ឋបាលខេត្តសៀមរាប ដោយមានការសហការពីសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត នឹងរៀបចំកម្មវិធីកម្សាន្ត និងសាសនាជាច្រើនដូចជា៖ កម្មវិធីជិះទូកកម្សាន្ត និងប្រណាំងក្រឡោ កម្មវិធីប្រគំតន្ត្រីស្គរដៃ, កម្មវិធីស្ដង់ពិព័រណ៍ និងម្ហូបអាហារ, ផ្សារបណ្ដែតទឹក និង Street Food, កម្មវិធីប្រដាល់គុនខ្មែរ និងល្ខោនបាសាក់ និងពិធីបណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុកជាដើម ក្នុងគោលបំណងជំរុញវិស័យទេសចរណ៍ និងចូលរួមស្ដារសេដ្ឋកិច្ចខេត្ត តាមរយៈការគាំទ្រផលិតផលខ្មែរ ដោយអនុវត្តតាមពាក្យស្លោក “ភូមិមួយផលិតផលមួយ”៕

ឯកឧត្តម ហ៊ុន ម៉ានី ធ្វើបាឋកថា ពន្យល់ឱ្យយុវជនមានស្មារតីរួបរួមគ្នាទើបប្រទេសជាតិរឹងមាំ

2025/10/30 04:12:55 pm        1450
ពាក់ព័ន្ធនឹង វេទិកាយុវជនកម្ពុជាប្រចាំឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ត្រូវបានអញ្ជើញឱ្យធ្វើបាឋកថាមួយក្រោមប្រធានបទ Nation and People First ក្នុងនោះឯកឧត្តមបានពន្យល់ឱ្យយុវជនត្រូវមានស្មរតីរួបរួមគ្នា ទើបប្រទេសជាតិរឹងមាំ។ពេលធ្វើបាឋកាថពិសេសពីប្រធានបទ Nation and People First ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា ប្រធានបទ Nation and People First គឺ ប្រទេសជាតិ និងប្រជាជនជាចម្បង ក្នុងន័យនេះឯកឧត្តមបានពន្យល់ថា បើប្រជាជនបែកបាក់ នោះនឹងធ្វើឱ្យប្រទេសជាតិចុះខ្សោយ ហើយការបែកបាក់ផ្ទៃក្នុង នឹងត្រូវគេឈ្លានពាន ហើយនឹងមាកងាយទៀតផង ដូចនេះត្រូវមានស្មារតីរួបរួម ជាមួយរាជរដ្ឋាភិបាល ជឿជាក់លើកូនខ្មែរ ទើបធ្វើឱ្យខ្មែរខ្លួនឯងរឹងមាំ គ្រួសាររឹងមាំ ប្រទេសជាតិរឹងមាំ ហើយប្រទេសជាតិ ក៏នឹងរីកចម្រើនឈប់ទទួលរងគ្រោះទៀតដែរ។ ជាមួយគ្នានេះឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា និងជាអនុប្រធានប្រចាំការ នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីអភិវឌ្ឍយុវជន បានថ្លែងប្រាប់យុវជនដែរថា យុវជនក្នុងសម័យនេះត្រូវចាប់យកបញ្ញាសិប្បនិមិ្មត និងបំណិនផ្សេងៗ ដើម្បីសម្របសម្រួលខ្លួនទៅនឹងស្ថានភាពថ្មីរួមនឹងជំនាញថ្មីៗដែលបានកើតឡើងដើម្បីឱ្យយុជនទំាងអស់ត្រូវតាមឱ្យទាន់ ដើម្បីបំពេញសេចក្តីត្រូវការហើយយុវជនត្រូវមានសារយ៉ាងមុតមាំចំពោះជាតិ ត្រូវរួបរួមជាធ្លុងមួយ និងក្រោកឈរឡើងដោយភាពក្លាហានដើម្បីការពារសច្ចធម៌ ភាពត្រឹមត្រូវ និងកសាងអ្វីដែលល្អសម្រាប់ជាតិ និងសកលលោក។  ចំណែកលោកជំទាវ ស្រូយ សុជាតិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីអភិវឌ្ឍយុវជនបានបញ្ជាក់ដែរថាវេទិកាយុវជនកម្ពុជាឆ្នាំ២០២៥ឆ្នាំនេះមានគោលបំណងដូចជាលើកកម្ពស់ស្មារតីស្នេហាជាតិ ឱ្យយុវជនយល់ដឹងពីតម្លៃ និងទំនួលខុសត្រូវជាពលរដ្ឋល្អ ដើម្បីរួមចំណែករក្សាសន្តិភាព ឯកភាព និងការអភិវឌ្ឍប្រទេសជាតិ ផ្តល់សិទ្ធិអំណាចដល់យុវជនក្នុងការចូលរួមចំណែកយ៉ាងសកម្មក្នុងការការពារ ថែរក្សា បូរណភាពទឹកដី និងអធិបតេយ្យភាពជាតិខ្មែរ ផ្ដល់ឱកាសដល់យុវជនបានចែករំលែកឧត្តមានុវត្ត ទាំងចំណេះដឹង និងបទពិសោធ ដើម្បីពង្រឹងការចូលរួមរបស់ពួកគេ ក្នុងការកសាងចំណេះដល់យុវជនកម្ពុជាក្នុ ងបរិបទថ្មីនៃយុគសម័យឌីជីថលនិងជំនាញ ដែលជាសក្តានុពល ផ្តល់ជាវេទិកាដល់យុវជន ដើម្បីពង្រឹងបណ្ដាញទំនាក់ទំនង រវាងយុវជន និងថ្នាក់ដឹកនាំ ជាពិសេសអ្នកបង្កើតគោលនយោបាយ៕

រដ្ឋមន្រ្ដីក្រសួងកសិកម្ម លើកទឹកចិត្តកសិករឱ្យចងក្រងជាសហគមន៍កសិកម្មទំនើបដើម្បីទទួលផលចំណេញច្រើនជាងមុន

2025/10/30 03:47:13 pm        111
បន្ទាប់ពីជួបសំណេះសំណាល និងពិនិត្យវឌ្ឍនភាពការងារសហគមន៍កសិកម្មទំនើបម្ទេសដំណាក់ទ្រយឹង នៅខេត្តពោធិ៍សាត់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្តដំណើរជួបសំណេះសំណាលជាមួយប្រជាកសិករជាសមាជិកសហគមន៍កសិកម្មទំនើបដំណាំស្រូវ-អង្ករសុវត្ថិភាព នៅស្រុកមោងឬស្សី ខេត្តបាត់ដំបង ដែលទើបចាប់ផ្តើមធ្វើផលិតកម្មស្រូវស្រងែស្រាលតាមកិច្ចសន្យាក្នុងតម្លៃ ៩៥០រៀល ក្នុងមួយគីឡូក្រាម។យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី៣០ តុលា ឆ្នាំ២០២៥នេះ បានសសេរឱ្យដឹងថា ក្នុងជំនួបសំណេះសំណាលជាមួយប្រជាកសិករនៅខេត្តបាត់ដំបងនេះ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា តម្លៃស្រូវស្រងែស្រាលនេះ គឺសម្រេចបានដោយសារការចងក្រងជាសហគមន៍កសិកម្មទំនើប ដែលផ្តល់អានុភាពឱ្យក្រុមប្រជាកសិករជាសមាជិក ធ្វើការចរចាកិច្ចសន្យាផលិតកម្មទុកមុនជាមួយអ្នកទិញលើតម្លៃ គុណភាព និងបរិមាណ ហើយមិនមែនដោយសារការកំណត់តម្លៃដោយរដ្ឋទេ។ឯកត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា ក្រសួងកសិកម្ម នឹងបន្តគាំទ្រការចងក្រងសហគមន៍កសិកម្មទំនើប ដើម្បីជួយឱ្យប្រជាកសិករធ្វើការស្ដារមកវិញតាមរយៈការធានាតម្លៃនិងទីផ្សារដោយចុះកិច្ចសន្យាទុកមុន ការកាត់បន្ថយថ្លៃដើមផលិតកម្ម និងការផ្ដល់ជំនួយបច្ចេកទេស។សូមបញ្ជាក់ថា សហគមន៍កសិកម្មទំនើប បង្កើតឡើងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងគោលបំណង ដើម្បីប្រែក្លាយវិស័យកសិកម្មកម្ពុជា ពីលក្ខណៈគ្រួសារឱ្យទៅជាសហគ្រាស សេដ្ឋកិច្ចកសិកម្មដ៏រឹងមាំ មានសមាហរណកម្មខ្ពស់ មានសេដ្ឋកិច្ចមាត្រដ្ឋាន និងមានសមត្ថភាពប្រកួតប្រជែងទាំងបរិមាណ តម្លៃ និងគុណភាព។ ការចងក្រងសហគមន៍កសិកម្មទំនើប ជួយឱ្យកសិករទទួលបានផលចំណេញច្រើន តាមរយៈការកាត់បន្ថយថ្លៃដើមផលិត, ការទទួលបានទុនកម្ចីក្នុងអត្រាការប្រាក់ទាប, ការទទួលបានទីផ្សារ និងការគាំទ្រផ្នែកបច្ចេកទេសជាដើម៕ អត្ថបទ៖ ឈិត បូរ៉ាវី

កម្ពុជា-កាណាដា បើកកិច្ចពិភាក្សាតុមូលជំរុញពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ធុរកិច្ច និងពាណិជ្ជកម្ម

2025/10/30 03:41:36 pm        931
ភ្នំពេញ៖ កម្ពុជា-កាណាដា បើកកិច្ចពិភាក្សាការងារតុមូល ដែលជាព្រឹត្តិការណ៍ដ៏សំខាន់ ដើម្បីជំរុញពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ធុរកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ជាពិសេសក្នុងក្របខណ្ឌនៃយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិករបស់កាណាដា ឱ្យកាន់តែស៊ីជម្រៅ។ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ (ម៉ោងក្នុងតំបន់) បានដឹកនាំគណៈប្រតិភូកម្ពុជា បំពេញទស្សនកិច្ចនៅការិយាល័យកណ្តាលនៃក្រុមហ៊ុនសាជីវកម្ម Manulife Financial Corporation ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុង តូរ៉ុនតូ ខេត្តអុនតារីយ៉ូ ប្រទេសកាណាដា ដើម្បីសិក្សា ស្វែងយល់ អំពីហេដ្ឋារចនាសម្ព័ន្ធការងារបែបទំនើប និងប្រតិបត្តិការប្រចាំថ្ងៃ ក្រោមការទទួលបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ពីសំណាក់លោកនាយក ប្រតិបត្តិ Phil Withering និងការបន្តកិច្ចពិភាក្សាការងារតុមូល ជាមួយស្ថាប័នជាដៃគូរបស់ Manulife និងស្ថាប័នពាក់ព័ន្ធមួយ ចំនួនទៀត។គោលបំណងសំខាន់ៗនៃកិច្ចពិភាក្សាការងារតុមូល មានជាអាទិ៍៖ (១)- ការអភិវឌ្ឍទំនាក់ទំនងលើកកម្ពស់កិច្ចសន្ទនា ស្តីពី យុទ្ធសាស្ត្រជាក់ស្តែង ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគីរវាងកាណាដា និងកម្ពុជា, (២)- ការទាក់ទាញវិនិយោគ តាមរយៈការផ្សព្វផ្សាយពីសក្តានុពលវិនិយោគនៅកម្ពុជា និងការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការកែលម្អបរិយាកាសធុរកិច្ច, និង(៣)- ការស្វែងរកឱកាសដើម្បីចែករំលែកជំនាញបច្ចេកទេសរបស់កាណាដាទៅកម្ពុជា សំដៅអភិវឌ្ឍមូលធនមនុស្ស ឱ្យសមស្រប ទៅនឹងតម្រូវការរបស់ធុរកិច្ច ជាពិសេសក្នុងវិស័យអាទិភាព។គួររម្លឹកដែរថា៖ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ លោកជំទាវ Sara Wilshaw បានអញ្ជើញដឹកនាំគណៈប្រតិភូនៃ បេសកកម្ម ពាណិជ្ជកម្មក្រុមការងារកាណាដាឆ្នាំ២០២៥ មកបំពេញទស្សនកិច្ចនៅកម្ពុជា ដែលជាបេសកកម្មដ៏សំខាន់មួយ ក្រោមយុទ្ធសាស្ត្រ ឥណ្ឌូប៉ាស៊ីហ្វិក និងយុទ្ធសាស្ត្រពិពិធកម្មពាណិជ្ជកម្មរបស់កាណាដា ជាមួយគោលបំណងក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច តាមរយៈការសិក្សាស្វែងយល់ពីបរិយាកាសវិនិយោគ ឱកាសពាណិជ្ជកម្ម ខ្សែច្រវាក់ផ្គត់ផ្គង់ និងបង្កើតភាពជាដៃគូរយៈពេលវែង ប្រកប ដោយបរិយាប័ន្ន នៅក្នុងវិស័យពាក់ព័ន្ធសំខាន់ៗ ៕ អត្ថបទ៖ សុន រ៉ាឌី,

ឯកឧត្តម ហ៊ុន ម៉ានី៖ «ពានរង្វាន់អាស៊ាន ASEAN Prize 2025 មិនមែនជារបស់ ឯកឧត្តម ហ៊ុន ម៉ានី ទេតែជារបស់ក្រុមគ្រួសារ ស.ស.យ.ក និងប្រជាជនខ្មែរគ្រប់រូប»

2025/10/30 03:17:45 pm        1423
ក្នុងឱកាសកម្មវិធីធ្វើបាឋកថាពិសេស ក្រោមប្រធានបទ “Nation and People First” ក្នុងកម្មវិធី «វេទិកាយុវជនកម្ពុជា ឆ្នាំ២០២៥»នៅមជ្ឈមណ្ឌលម៉ានី(អាគារ The Kampus)។ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថាពានរង្វាន់ ASEAN Prize 2025 របស់សហភាពសហព័ន្ធយុវជនកម្ពុជា ដែលទើបទទួលបានពីសហគមន៍អាស៊ាន នៅប្រទេសម៉ាឡេស៊ីកាលពីពេលថ្មីៗនេះ។ ជាមួយគ្នានេះ ឯកឧត្តម បានបញ្ជាក់ដែលថាពានរង្វាន់ ASEAN Prize 2025 ដែលលោកជំទាវ ដាំ ដារីនី អនុប្រធានស.ស.យ.ក.បានទៅទទួល គឺជានិមិត្តរូបបន្ថែមមួយកម្រិតទៀត ដែលជាការឆ្លុះបញ្ជាំងអំពីការទទួលស្គាល់ ការលះបង់ ការខិតខំប្រឹងប្រែង និងការបន្តបេសសកម្មក្នុងលះបង់ និងការចូលរួមជារាជរដ្ឋាភិបាល ដើម្បីសង្គមជាតិរបស់សមាជិក សមាជិកា ស.ស.យ.ក. ទាំងថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ស.ស.យ.ក.ទូទាំងប្រទេស។ លើសពីនេះថែមទៀតឯកឧត្តមក៏បានរំលេច ផងដែរថាពានរង្វាន់ ASEAN Prize 2025 គឺជានិមិត្តរូបនៃការផ្សាភ្ជាប់យុវជន យុវនារី ទាំងក្នុងប្រទេស និងក្នុងក្របខណ្ឌអាស៊ានទាំងមូល ដោយការទទួលស្គាល់មិនមែនការទទួលស្គាល់ទៅអង្គការសមាគមន៍ ឬក៏ស.ស.យ.ក.ទេ តែផ្ទុយទៅវិញជាកាទទួលស្គាល់ទៅលើការលះបង់របស់យុវជន យុវនារី ដែលបាន កម្កល់អ្វីដែរជាកិច្ចការងារសង្គមតាមរយៈការស្ម័គ្រចិត្តហើយនិងលះបង់ពេលវេលាផ្ទាល់ខ្លួនជូនទៅដល់សង្គមជាតិរៀងៗខ្លួន។

ឯកឧត្តមបណ្ឌិត ចាយ បូរិន ៖ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា អនុវត្តគោលការណ៏ប្រកាន់ភ្ជាប់នូវគុណតម្លៃនៃប្រព័ន្ធនយោបាយ លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស និងសិទ្ធិបុគ្គល

2025/10/30 03:16:27 pm        234
ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានលើកឡើងថា រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា អនុវត្តគោលការណ៍ប្រកាន់ភ្ជាប់នូវគុណតម្លៃ នៃប្រព័ន្ធនយោបាយ លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស និងសិទ្ធិបុគ្គល ព្រមទាំងប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ។ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានថ្លែងបែបនេះនៅក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់និងប្រមូលធាតុចូលលើសេចក្តីព្រាងច្បាប់ស្ដីពីជំនឿ និងសាសនា ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា , ឯកឧត្តម លោកជំទាវ អន្តរក្រសួង-ស្ថាប័ននានា ,តំណាងពាហិរសាសនា ដែលប្រារព្ធឡើងនៅសាលផ្ការំដួលនៃក្រសួងធម្មការនិងសាសនា នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥នេះ។ឯកឧត្តម រដ្ឋមន្រ្តី បានបន្តថា ដើម្បីធានាឱ្យបាននូវសុខុដុមណីយកម្មសាសនានៅកម្ពុជា ស្របទៅនឹងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាព ប៉ិនប្រសប់ ពោរពេញដោយថាមពល ទន់ភ្លន់ម៉ឺងម៉ាត់ និងភាពប្រាកដនិយមរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់អនុសាសន៍ណែនាំជាបន្តបន្ទាប់ដល់ក្រសួងធម្មការ និងសាសនា រៀបចំសេចក្តីព្រាងច្បាប់ស្តីពីជំនឿ និងសាសនា ដើម្បីដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍជំនឿ និងសាសនានៅព្រះរាជាណាចក្រកម្ពុជា ឱ្យបានកាន់តែល្អប្រសើរនិងគ្រប់ជ្រុងជ្រោយ ជាឧត្តមប្រយោជន៍សម្រាប់សាសនា និងប្រទេសជាតិ តាមរយៈការកាត់បន្ថយភាពអសកម្ម និងភាពអវិជ្ជមានឱ្យបានជាអតិបរមា ដោយការបង្កើនការការពារ និងការថែរក្សាគុណតម្លៃស្នូលក្នុងវិស័យសាសនាឱ្យមានភាពគង់វង្ស និងមានសុខដុមនីយកម្មសាសនាទូទាំងប្រទេស ។ឯកឧត្តមបណ្ឌិត រដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា សេចក្តីព្រាងច្បាប់សាសនានេះ គឺជាការចាប់ផ្តើមដ៏មានសារៈសំខាន់ នៅក្នុង យន្តការដឹកនាំ គ្រប់គ្រង វិស័យធម្មការនិងសាសនានៅព្រះរាជាណាចក្រកម្ពុជា ដើម្បីធានាឱ្យបាននូវការប្រតិបត្តិ និងការអនុវត្តសកម្មភាពគ្រប់សាសនាប្រកប ដោយភាពត្រឹមត្រូវ និងភាពសុខដុមរមនាសាសនានៅកម្ពុជា ។ ដោយឡែកសេចក្តីព្រាងច្បាប់សាសនានេះ នឹងក្លាយជាឧបករណ៍មគ្គុទ្ទេសក៍ដ៏សំខាន់មួយ សម្រាប់ក្រសួងយកទៅប្រើប្រាស់សំដៅធានាថា នៅពេលប្រកាសដាក់ឱ្យអនុវត្ត ត្រូវមានគុណភាព ប្រសិទ្ធភាព សង្គតិភាព អនុលោមភាព សាមញ្ញភាព និងចីរភាព ព្រមទាំងសន្តិសុខគតិយុត្តស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ នាឱកាសនេះ ឯកឧត្តមបណ្ឌិត ចាយ បូរិន បានផ្តល់នូវអនុសាសន៍ណែនាំមួយចំនួនដល់មន្រ្តីក្រោមឱវាទ ដើម្បីជាធាតុចូលក្នុងការអនុវត្តឲ្យមានប្រសិទ្ធភាពដូចខាងក្រោម ៖១) ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងធម្មការនិងសាសនាទាំងអស់ យកចិត្តទុកដាក់ឱ្យបានខ្ពស់ ដើម្បីស្វែងយល់អំពីគោលបំណងសេចក្តីព្រាងច្បាប់នេះ ឱ្យបានស៊ីជម្រៅ ក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាព នៅក្នុងវិស័យធម្មការនិងសាសនា ។ ២) ត្រូវយល់ដឹងពីបរិការជាក់លាក់ និងជាក់ស្ដែងនៅក្នុងវិស័យនីមួយៗ ដូច្នេះក្នុងការកសាងច្បាប់ និងត្រូវពិចារណាពីនីតិវិធីនិងវិធានទូទៅ ជាមួយនឹងបរិការជាក់ស្ដែងនៃវិស័យធម្មការនិងសាសនា ។ ៣) ឯកឧត្តមបណ្ឌិត រដ្ឋមន្រ្តី សង្ឃឹមជឿជាក់ថា សិក្ខាសាលាពិគ្រោះយោបល់និងប្រមូលធាតុចូល ស្ដីពីច្បាប់សាសនារបស់យើងនៅពេលនេះ នឹងសម្រេចបានលទ្ធផលគួរជាទីពេញចិត្ត តាមការរំពឹងទុក៕អត្ថបទ រដ្ឋា 

ឯកឧត្តមរដ្ឋមន្ត្រី​ ឌិត​ ទីណា​ អញ្ជើញជួបសំណេះសំណាលជាមួយសមាជិកសហគមន៍កសិកម្មទំនើបស្រូវប្រព័ន្ធធារាសាស្ត្រកង្ហត នៅខេត្តបាត់ដំបង

2025/10/30 03:10:53 pm        169
នាព្រឹកថ្ងៃទី៣០​ ខែតុលា​ ឆ្នាំ​២០២៥​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករជាសមាជិកនៃសហគមន៍កសិកម្មទំនើបស្រូវប្រព័ន្ធធារាសាស្ត្រកង្ហត នៅស្រុកសង្កែ ខេត្តបាត់ដំបង ដែលកំពុងត្រៀមចាប់ផ្ដើមផលិតកម្មស្រូវស្រងែតាមកិច្ចសន្យាក្នុងតម្លៃ៩៥០៛ ក្នុងមួយគីឡូក្រាម។ឯកឧត្តមរដ្ឋមន្រ្តី​ លើកទឹកចិត្តដល់ពុកម៉ែបងប្អូនមិនទាន់ចូលជាសហគមន៍កសិកម្មទំនើប​ ពិចារណាចូលរួមចងក្រងដើម្បីធ្វើការស្ដារមកវិញ និងទទួលបានអត្ថប្រយោជន៍ជាច្រើន ជាពិសេសការធានាទីផ្សារតម្លៃសមរម្យតាមការចុះកិច្ចសន្យាទុកមុន ការកាត់បន្ថយថ្លៃដើមផលិតកម្ម ការទទួលទុនកម្ចីការប្រាក់ទាប និងការផ្ដល់ជំនួយបច្ចេកទេស៕

ក្រសួង​អភិ​វឌ្ឍន៍​ជនបទ​ បន្តថែទាំផ្លូវជនបទងាយស្រួលធ្វើដំណើរទាំងប្រាំង និងវស្សា

2025/10/30 03:00:01 pm        366
ស្វាយរៀង៖ ក្រសួងអភិវឌ្ឍន៍ជនបទ បាននឹងកំពុងខិតខំស្ថាបនាផ្លូវនៅទីជនបទ និងថែទាំដើម្បីឱ្យផ្លូវទាំងអស់នោះអាចឱ្យប្រជាពលរដ្ឋធ្វើដំណើរស្រួលបានយូរឆ្នាំ ទាំងនៅរដូវប្រាំង និងរដូវវស្សា ក៏ដូចជាជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានជនបទ។ក្នុងឱកាសតំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារថែទាំខួបផ្លូវក្រាលកៅស៊ូ (DBST) ចំនួន១កំណាត់ ប្រវែង៦ពាន់ម៉ែត្រ ស្ថិតនៅក្នុងឃុំក្រោលគោ និងឃុំឈើទាល ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥, លោក សុខ សុគន្ធ អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានថ្លែងថា រាជរដ្ឋាភិបាល បាននឹងកំពុងខិតខំអភិវឌ្ឍន៍ប្រទេសជាតិ លើគ្រប់វិស័យឱ្យកាន់តែមានភាពរីកចម្រើនទៅមុខ ដោយបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដែលបានកំណត់អាទិភាពគន្លឹះ៥ រួមមានមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល ជាបាវចនា ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ក្នុងគោលដៅអភិវឌ្ឍប្រទេស ឈានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០។លោកបានបន្តថា ជាមួយនេះក្រសួងអភិវឌ្ឍន៍ជនបទ កំពុងពន្លឿនកិច្ចអភិវឌ្ឍន៍ និងជំរុញការអនុវត្តនូវយុទ្ធសាស្ដ្រសំខាន់ៗ រួមមាន៖ ទី១៖ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រទាក់ក្រឡា ដោយការខិតខំលើកកម្ពស់កម្រិតគុណភាពផ្លូវពីផ្លូវដីស និងផ្លូវដីល្បាយក្រួសទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ និងផ្លូវបេតុង ទី២៖ ការលើកកម្ពស់ការទទួលបានទឹកស្អាត និងអនាម័យបរិស្ថានជនបទ តាមរយៈការជំរុញអាត្រាគ្របដណ្ដប់នៃការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ១០០ភាគរយ ទី៣៖ ការជំរុញអភិវឌ្ឍសហគមន៍ជនបទ និងចលនាភូមិគំរូ តាមរយៈការជំរុញអភិវឌ្ឍសហគមន៍ជនបទ និងចលនាភូមិគំរូ ជាការអភិវឌ្ឍភូមិចម្រុះឱ្យប្រែក្លាយទៅជាភូមិគំរូ ទី៤៖ ការលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ តាមរយៈការបណ្តុះបណ្តាលជំនាញមូលដ្ឋានបំណិនជីវិត ដើម្បីបង្កើតការងារ និងមុខរបរ ដើម្បីបង្កើនប្រាក់ចំណូលបន្ថែម ក្នុងគោលដៅលើកកម្ពស់ជីវភាព និងសេដ្ឋកិច្ចនៅជនបទឱ្យមានការរីកចម្រើន ពិសេសការពង្រឹងតួនាទីភារកិច្ច របស់គណៈកម្មការអភិវឌ្ឍន៍ភូមិ ដើម្បីជំរុញការអភិវឌ្ឍភូមិគំរូ និងទី៥៖ ការពង្រឹងស្ថាប័ន និងកិច្ចការតាមរយៈបណ្ដុះបណ្ដាល ពង្រឹងសមត្ថភាពមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់, ការរៀបចំនូវសណ្ដាប់ធ្នាប់ និងការពង្រឹងសាមគ្គីភាព ដើម្បីចូលរួមចំណែកអនុវត្តការងារប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវ។ ជាមួយនេះ មន្ត្រីជាន់ខ្ពស់រូបនេះ ក៏បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវ រួមទាំងអ្នកធ្វើដំណើរពីទីកន្លែងនានា សូមចូលរួមថែទាំផ្លូវ ដើម្បីធានាថាអាចប្រើប្រាស់បានយូរអង្វែង បម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ៕

កម្លាំងសមត្ថកិច្ចចម្រុះបានឃាត់ខ្លួនជនសង្ស័យចំនួន៦៥នាក់ ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅរាជធានីភ្នំពេញ និងខេត្តកំពត

2025/10/30 02:46:13 pm        259
ភ្នំពេញ៖ កម្លាំងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយកម្លាំងចម្រុះនៃគណ:បញ្ជាការឯកភាពខណ្ឌចំការមន និងកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលផ្លូវច្បាប់ពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ បានចុះពិនិត្យ និងបង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅទីតាំងបន្ទប់ B17-05 ស្ថិតនៅអគារខុនដូរវិមានកុលាប អគារB ជាន់ទី១៧ ផ្លូវនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយឃាត់ខ្លួនបុរសជនជាតិចិនដែលជាជនសង្ស័យចំនួន៧នាក់។ក្នុងប្រតិបត្តិការបង្ក្រាបនោះ សមត្ថកិច្ចជំនាញបានដកហូតសម្ភារៈ ជាវត្ថុតាងរួមមានៈAll in on ចំនួន ៥ គ្រឿង Monitor ចំនួន ២ គ្រឿង CPUចំនួន ២ គ្រឿង និងទូរសព្ទដៃចំនួន ៣២គ្រឿង។យោងតាមរបាយការណ៍របស់សមត្ថកិច្ចជំនាញជនសង្ស័យបានឆ្លើយសារភាពថា ពួកគេបានប្រើប្រាស់វិធីសាស្ដ្រឆបោកក្រោមរូបភាពជាការលួងលោមស្នេហា (Romance scam) ដែលមានគោលដៅឆបោកទៅកាន់ប្រទេសផ្សេងៗ។ក្រោយការបង្រ្កាបនេះ សមត្ថកិច្ចជំនាញ បច្ចុប្បន្នកំពុងសហការជាមួយភាគីពាក់ព័ន្ធ ដើម្បីបន្តស្រាវជ្រាវបន្ថែមទៀតឈានទៅចាត់វិធានការផ្លូវច្បាប់ចំពោះមេខ្លោង នៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ខណៈជនសង្ស័យ និងវត្ថុតាងដែលរឹបអូសបាន ត្រូវបានប្រគល់ជូនអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។ដោយឡែកនៅថ្ងៃដដែលនេះដែរ ក្នុងករណីមួយផ្សេងទៀត កម្លាំងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយសមត្ថកិច្ច និងអាជ្ញាធរក្នុងខេត្តកំពត បានស្វែងរកមុខសញ្ញា ស្ថិតក្នុងទីតាំងក្រោណ៩៥ ភូមិរលួស សង្កាត់បឹងឈូក ក្រុងបូកគោ ខេត្តកំពត  ដោយបានចុះត្រួតពិនិត្យ ផ្ទះល្វែងចំនួន ០៣ ផ្ទះវីឡាចំនួន០១ និងបន្ទប់ប្រតិបត្តិការចំនួន ០១ និងបានឃាត់ខ្លួនជនជាតិវៀតណាម ចំនួន ៥៨នាក់ (ស្រ្តីចំនួន១៥នាក់) ក្នុងនោះមានមុខសញ្ញា ក្នុងដីកាចំនួន ០៧នាក់ ស្រ្តី០២នាក់ និងបានដកហូតសម្ភារៈ ជាវត្ថុតាងរួមមានៈកុំព្យូទ័រ ( all in one ) ចំនួន ៦៣គ្រឿង ធុងpc ០២គ្រឿង ម៉ូនីទ័រ ០៣គ្រឿង និងទូរសព្ទដៃ ៤៨គ្រឿង។ផ្អែកតាមការធ្វើកោសល្យវិច័យលើឧបករណ៍អេឡិចត្រូនិច និងវត្ថុតាង ក្នុងបន្ទប់ការិយាល័យ X2 គឺជាទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាព វិនិយោគពាក់ព័ន្ធ និងរូបិយបណ្ណអេឡិចត្រូនិចលើគេហទំព័រ ក្លែងក្លាយ គ្មានប្រភពច្បាស់លាស់ ដែលមានគោលដៅទៅប្រទេសផ្សេងៗ។ សូមបញ្ជាក់ថា ក្នុងក្របខណ្ឌយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យានេះ សមត្ថកិច្ចចម្រុះទូទាំងប្រទេសនឹងចាត់វិធានការតាមផ្លូវច្បាប់ យ៉ាងតឹងរឹងបំផុតចំពោះមេខ្លោងទាំងឡាយ ដែលជាប់ពាក់ព័ន្ធនឹង អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ដោយគ្មានការលើកលែងឡើយ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សារព័ត៌មាន Politico ៖ ប្រទេសណាតូកំពុងពិភាក្សាអំពីកញ្ចប់ជំនួយហិរញ្ញវត្ថុចំនួន ៧០ ពាន់លានអឺរ៉ូសម្រាប់អ៊ុយក្រែន
06/06/2026 03:06 PM
អៀរឡង់ដាក់បម្រាមធ្វើដំណើរលើរដ្ឋមន្ត្រីអ៊ីស្រាអែលពីររូបមិនឲ្យចូលប្រទេសនេះ
06/06/2026 03:06 PM
ទីប្រឹក្សាមេដឹកនាំកំពូលអ៊ីរ៉ង់អំពាវនាវឲ្យលោក TRUMP បញ្ឈប់ការបិទច្រកសមុទ្រហ័រមូស និងដោះលែងទ្រព្យសកម្មរបស់ក្រុងតអេរ៉ង់
06/06/2026 03:06 PM
ប្រព័ន្ធផ្សព្វផ្សាយ៖ អ៊ីរ៉ង់ច្រានចោលការអះអាងដែលថា ខ្លួនយល់ព្រមប្រគល់សារធាតុអ៊ុយរ៉ានីញ៉ូមឲ្យទៅប្រទេសទី៣
06/06/2026 02:06 PM
យោធាអ៊ីស្រាអែលនិយាយថា ខ្លួនបានសម្លាប់ប្រធានអង្គភាពវិស្វកម្មរបស់ក្រុមហេសបូឡា
06/06/2026 02:06 PM
បារ៉ែនថ្កោលទោសការវាយប្រហាររបស់អ៊ីរ៉ង់លើទឹកដីរបស់ខ្លួនថា ជាការឈ្លានពានជាក់ស្តែង
06/06/2026 02:06 PM
ក្រុមអ្នកសង្កេតការណ៍អាស៊ាន បន្តចុះសង្កេតការណ៍ផ្ទាល់អំពីស្ថានភាពព្រំដែននៅតំបន់ច១ ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដើម្បីពិនិត្យការអនុវត្តបទឈប់បាញ់
06/06/2026 02:06 PM
បារាំងបើកការស៊ើបអង្កេតឧក្រិដ្ឋកម្មសង្គ្រាមជុំវិញការប្រព្រឹត្តរបស់អ៊ីស្រាអែលលើសកម្មជនកងនាវាមនុស្សធម៌
06/06/2026 02:06 PM
ប្រធានសភាលីបង់រិះគន់សេចក្តីព្រាងកិច្ចព្រមព្រៀងជាមួយអ៊ីស្រាអែលថា «មានការរៀបចំទុកជាមុន»
06/06/2026 02:06 PM
ក្រុមប្រឹក្សាសន្តិសុខUN ទាមទារឲ្យក្រុមហ៊ួទីដោះលែងបុគ្គលិកUNចំនួន ៧៣នាក់ ជាបន្ទាន់ ខណៈប្រារព្ធខួប២ឆ្នាំនៃចាប់ខ្លួនពួកគេ
06/06/2026 02:06 PM