រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖កម្ពុជាទទួលបានលេខ១ លើបរិស្ថានធម្មជាតិល្អបំផុតលើពិភលោក បានមកពីចូលរួមយ៉ាងសកម្មពីអ្នកពាក់ព័ន្ធទាំងអស់
សមាគម ព.អ.ត.ក ចេញប្រកាសព័ត៌មាន បន្ទាប់ពីការផ្សាយព័ត៌មានមិនពិត ពាក់ព័ន្ធត្បូងទទឹម និងត្បូងកណ្ដៀងកម្ពុជា
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អញ្ជើញចុះពិនិត្យទីតាំងក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ដើម្បីពិនិត្យលទ្ធភាពរៀបចំជាហេដ្ឋារចនាសម្ព័ន្ធគាំទ្រក្នុងការលើកកម្ពស់ការតភ្ជាប់ទីផ្សារក្នុងស្រុក
សម្ដេចតេជោ-ធិបតី តែងតែក្រើនរម្លឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាដោយវិធានការយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុត

ព័ត៌មានជាតិ

CDC ប្រជុំពិនិត្យសំណើសុំចុះបញ្ជីគម្រោងវិនិយោគចំនួន៨គម្រោង មានទុនវិនិយោគប្រមាណ ៧៤,៣លានដុល្លារ អាចបង្កើតការងារបានប្រមាណ ៤,៤ ពាន់កន្លែង

2025/10/30 02:09:11 pm        462
ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៨គម្រោង ក្រោមអធិបតីភាព ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួង-ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្តពាក់ព័ន្ធ។គម្រោងវិនិយោគទាំងនេះ មានទុនវិនិយោគសរុបប្រមាណ ៧៤,៣លានដុល្លារអាម៉េរិក អាចបង្កើតការងារបានប្រមាណ ៤,៤ពាន់កន្លែង និងមានមុខសញ្ញាវិនិយោគក្នុងវិស័យកសិ-ឧស្សាហកម្មចំនួន១គម្រោង (កែច្នៃកសិផល និងផលិតចំណីអាហារពីកសិផល) និងវិស័យឧស្សាហកម្មចំនួន៧គម្រោង (ផលិតឧបករណ៍តេស្ត (អគ្គិសនី និងសីតុណ្ហភាព) និងឧបករណ៍រង្វាស់, ផលិតសម្ភារៈសត្វចិញ្ចឹម (ពីប្លាស្ទិក), ផលិតសម្ភារៈបរិក្ខារប្រើប្រាស់ក្នុងផ្ទះបាយគ្រប់ប្រភេទ, ផលិតសម្ភារៈបន្ទាប់បន្សំរថយន្ត និងកប៉ាល់, ផលិតប្រដាប់ប្រដារក្មេងលេង, និងផលិតសម្ភារៈបន្ទាប់បន្សំសម្រាប់ចង្ក្រាន្ត និងទូចង្ក្រាន្ត (ពីលោហធាតុកែច្នៃ)។គម្រោងវិនិយោគទាំង៨ដូចបានរៀបរាប់ខាងលើនេះ បានបោះទីតាំងនៅរាជធានីភ្នំពេញ ខេត្តតាកែវ កំពង់ស្ពឺ និងកំពង់ឆ្នាំង៕

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា អញ្ជើញចូលរួមពិធីបើកផ្លូវការកិច្ចប្រជ្រុំមហាសន្និបាតលើកទី៤៣ នៃអង្គការយូណេស្កូ

2025/10/30 01:57:58 pm        400
នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ នាទីក្រុង Samarkand ប្រទេស Uzbekistan លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានដឹកនាំគណ:ប្រតិភូកម្ពុជាចូលរួមពិធីបើកផ្លូវការកិច្ចប្រជ្រុំមហាសន្និបាតលើកទី៤៣នៃអង្គការយូណេស្កូ ក្រោមការដឹកនាំរបស់លោកជំទាវ Simona-Mirela Misculescu ឯកអគ្គរដ្ឋទូត ប្រតិភូអចិន្ត្រៃយ៍នៃប្រទេសរូម៉ានីប្រចាំអង្គការយូណេស្កូ ជាប្រធានអង្គមហាសន្និបាតលើកទី៤២ និង ឯកឧត្តម Khondker M. Talha ឯកអគ្គរដ្ឋទូត ប្រតិភូអចិន្ត្រៃយ៍នៃប្រទេសបង់ក្លាដេសប្រចាំអង្គការយូណេស្កូ ជាប្រធានអង្គមហាសន្និបាតលើកទី៤៣ និងលោកជំទាវ Audrey Azoulay អគ្គនាយិការនៃអង្គការយូណេស្កូ។ កិច្ចប្រជុំមហាសន្និបាតលើកទី៤៣នៃអង្គការយូណេស្កូនាពេលនេះមានការចូលរួមពីគណ:ប្រតិភូនៃបណ្តាប្រទេសជាសមាជិកចំនួន១៩៤ប្រទេស ចាប់ផ្តើមពីថ្ងៃទី៣០ ខែតុលា រហូតដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥៕

អ្នកភូមិព្រៃចាន់ និងភូមិជោគជ័យ មានទំនុកចិត្តខ្ពស់ចំពោះដំណោះស្រាយរបស់រាជរដ្ឋាភិបាលលើបញ្ហាព្រំដែន

2025/10/30 01:51:22 pm        673
បងប្អូនប្រជាពលរដ្ឋ ដែលកំពុងរស់នៅភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានបង្ហាញនូវទំនុកចិត្តខ្ពស់ចំពោះដំណោះស្រាយរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ខណៈបច្ចុប្បន្នពួកគាត់មានអារម្មណ៍ធូរស្រាលជាងមុនបន្តិច ក្រោយមានសេចក្តីថ្លែងការណ៍រួម ស្តីពីសន្តិភាពកូឡាឡាំពួ រវាងកម្ពុជា និងថៃនោះ។តាមរយៈកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍BTVនាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥នេះបង​ ប្រជាពលរដ្ឋនៅភូមិព្រៃចាន់ និងភូមិជោគជ័យ បានបង្ហាញនូវអារម្មណ៍ដូចៗគ្នាថា ពួកគាត់រំពឹងថាបញ្ហាព្រំដែនរវាងកម្ពុជា និងថៃនឹងវិលទៅរកប្រក្រតីដើមវិញនាពេលឆាប់ៗ ដើម្បីឲ្យពួកគាត់មានឱកាសប្រកបមុខរបរចិញ្ចឹមជីវិតប្រកបដោយសុវត្ថិភាព និងទំនុកចិត្តដូចកាលពីមុន ខែកក្កដា ឆ្នាំ២០២៥កន្លងទៅនេះ។បើតាមការអះអាងរបស់បងប្អូនប្រជាពលរដ្ឋ នៅភូមិទាំងពីរខាងលើនេះ ក៏បានឲ្យដឹងផងដែរថា ប៉ុន្មានថ្ងៃមកនេះនៅភូមិរបស់ពួកគាត់មានសភាពស្ងប់ស្ងត់ និងការរស់នៅរបស់ពួកគាត់មានលក្ខណៈធូរស្រាល់បន្តិច ដោយមិនសូវមានការភិតភ័យ ក្រោយមានសេចក្តីថ្លែងការណ៍រួម ស្តីពីសន្តិភាពកូឡាឡាំពួ រវាងកម្ពុជា និងថៃ ហើយពួកគាត់រំពឹងថាសេចក្តីថ្លែងការណ៍នេះនឹងធ្វើឲ្យពួកគាត់រស់នៅសុខសប្បាយ ដោយគ្មានការភ័យខ្លាច។សូមបញ្ជាក់ថា នៅភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ មានលក្ខណៈស្ងប់ស្ងាត់ ដោយគ្មានការរំខានណាមួយពីអ្នកជិតខាងដូចមុនកាលថ្ងៃនៃការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពី សន្តិភាព កូឡាឡាំពួ រវាងកម្ពុជា និងថៃ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥កន្លងទៅនេះដោយមាន នាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងប្រធានាធិបតីអាមេរិកធ្វើជាសាក្សីនោះ៕អត្ថបទបាន ចក់

អតីតយុទ្ធជនពិការដោយសារសង្គ្រាម នៅខេត្តកំពង់ធំ បានទទួលផ្ទះថ្មី អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចព្រឹទ្ធបណ្ឌិត

2025/10/30 01:38:52 pm        315
កំពង់ធំ៖ នៅព្រឹក​ថ្ងៃទី៣០​ ខែតុលា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ តំណាងគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ អមដំណើរដោយលោក​ ពេញ​ កែម ​អភិបាលក្រុង​ ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្រុង​ស្ទឹង​សែន​ បានដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដី ទៅប្រគល់ផ្ទះថ្មី ដែលទើបសាងសង់រួចនៅលើដីកម្មសិទ្ធិ របស់អតីតយុទ្ធជនពិការដោយសារសង្គ្រាម មានដីតែមានជម្រករស់នៅមិនសមរម្យ នៅភូមិកំពង់រទេះ​ សង្កាត់​កំពង់រទេះ​ ក្រុង​ស្ទឹង​សែន​ ខេត្តកំពង់ធំ ។ លោក ស៊ិន​ សុ​ផន អាយុ ៦៧​ឆ្នាំ មានឋានន្តរសក្ដិពលបាលឯក បានរៀបរាប់ថា៖ គាត់ធ្លាប់បានចូលបម្រើក្នុងជួរកងទ័ពនៅឆ្នាំ១៩៩០ នៅអតីតអង្គភាពវរសេនាតូចលេខ៣០ យោធាខេត្តកំពង់ធំ ហើយបានត្រូវរបួសនៅក្នុងសមរភូមិ​ស្រុក​ស្ទោង​ នៅឆ្នាំ១៩៩១​ បណ្តាលឲ្យត្រូវរបួស​ជេីង​ និង​ដងខ្លួន​ ។ គាត់មានភរិយាឈ្មោះ ស៊ុន​ ថារី​  អាយុ ៦៦​ ឆ្នាំ មានកូន និងចៅចំនួន ៨​នាក់ នៅក្នុងបន្ទុក រស់នៅក្នុងផ្ទះតូចចង្អៀត ដោយ​សារ​កូន​ជួយ​ដោះស្រាយ​ស្បៀង​អាហារ​ហូប​ចុក​ប្រចាំ​ថ្ងៃ​ រូម​ជាមួយ​ប្រាក់​បៀវត្សរ៍​របស់​គាត់​ប្រចាំ​ខែ​ ដែល​រាជរដ្ឋាភិបាល​បាន​ផ្ដល់​ជូន​ ហើយ​មានជីវភាពលំបាកខ្វះខាតដោយសារមានជំងឺរាំរ៉ៃ​ប្រចាំថ្ងៃផងដែរ ។ លោក ពេញ​ កែម ​អភិបាល​ក្រុង​ ប្រធានសមាគមអតីតយុទ្ឋជន និងនិវត្តជនកម្ពុជា ក្រុង​ស្ទឹង​សែន​ ខេត្តកំពង់ធំ បានសូមគោរពថ្លៃអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលបានផ្ដល់ផ្ទះមួយខ្នងថ្មីទៀត​ ដែល​ជា​ខ្នង​ផ្ទះ​ទី​២៨​ ជូនក្រុមគ្រួសារអតីតយុទ្ធជន ដែលកំពុងមានជីវភាពលំបាកខ្វះខាត និងមានជម្រករស់នៅមិនសមរម្យនៅក្រុង​ស្ទឹង​សែន​ នាពេលនេះ និងសូមគោរពជូនពរសម្ដេច ឯកឧត្តម លោកជំទាវ និងថ្នាក់ដឹកនាំគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅគ្រប់ថ្នាក់ សូមទទួលបាននូវពុទ្ធពរទាំង ៤ប្រការ កុំបីឃ្លៀងឃ្លាតឡើយ ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ផ្ទះថ្មី ដែលទើបសាងសង់រួចនេះ មានទំហំ ៥ម៉ែត្រ គុណនិង ៧ម៉ែត្រ សាងសង់ពីសសរបេតុង ឆ្អឹងដែក ដំបូលប្រក់ស័ង្កសីកិនភ្លី ជញ្ជាំងស្មាតប៊ត រនាបក្រាលក្តារ ដោយមានតសំយ៉ាបផ្ទះបាយទៅក្រោយប្រវែង ៣ម៉ែត្រ ព្រមទាំងមានបង្គន់អនាម័យសម្រាប់ប្រើប្រាស់ផងដែរ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត តាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទុកជាចំណងដៃ តកូនតចៅ រស់នៅបានសមរម្យជារៀងរហូត ។ នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បាននាំយកនូវស្បៀងអាហារ គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ មានមុង ភួយ កន្ទេល ខ្នើយ ចាន ឆ្នាំង ព្រមទាំងសម្ភារប្រើប្រាស់ផ្សេងៗ មួយចំនួនទៀត ដែលជាអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនដល់ក្រុមគ្រួសារលោក​ ស៊ិន​ សុផន​ សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ និងសម្រាប់ប្រើប្រាស់ក្នុងឱកាសទទួលបានផ្ទះថ្មីនេះផងដែរ ។

យុវជនត្រៀមខ្លួនជាស្រេចដើម្បីចូលរួមពិព័រណ៍ការងារ និងផលិតភាពជាតិនៅដើមខែវិច្ឆិកាខាងមុខ ខណៈមានឱកាសការងារ​ជាង៣ម៉ឺនកន្លែងមកពីគ្រប់វិស័យ

2025/10/30 01:34:01 pm        388
ក្រុមនិស្សិតដែលកំពុងរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (ធីវ៉េត) បញ្ជាក់ថា ពួកគេបានត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិនៅថ្ងៃទី១ និងទី២ ខែវិច្ឆិកា ឆ្នាំ២០២៥ខាងមុខដើម្បីទៅស្វែងយល់ព័ត៌មានថ្មីៗបន្ថែម ជាពិសេសស្វែងយល់អំពីឱកាសការងារដ៏សម្បូរបែបនៅក្នុងព្រឹត្តការណ៍នេះ។នៅក្នុងបទសម្ភាសន៍ជាមួយក្រុមនិស្សិតនៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) នៅព្រឹកថ្ងៃទី៣០ ខែតុលានេះ ពួកគាត់បានប្រាប់ថា មូលហេតុដែលត្រៀមខ្លួនដើម្បីទៅចូលរួមកម្មវិធីពិព័រណ៍ការងារ និងផលិតភាពជាតិនាពេលខាងមុខនេះ ដោយជាឱកាសដ៏ល្អមួ ដើម្បីបានទៅមើលឃើញដោយផ្ទាល់ជាមុន ដើម្បីងាយស្រួលសម្រេចចិត្តក្នុងការជ្រើសរើសក្រុមហ៊ុនណាមួយដែលពេញចិត្ត ព្រោះមានក្រុមហ៊ុនចូលរួមច្រើន និងមានឱកាសការងាររាប់ម៉ឺនកន្លែង ដែលនឹងត្រូវដាក់តាំងបង្ហាញអំពីតម្រូវការទីផ្សារការងារ។ក្រុមនិស្សិតទាំងនេះបានលើកឡើងទៀតថា ពួកគេបានរៀបចំនូវឯកសារប្រវត្តិរូបរបស់ខ្លួន (CV) រួចរាល់ហើយដើម្បីត្រៀមយកដាក់ពាក្យស្វែងរកការងារជាមួយក្រុមហ៊ុនដែលស្រឡាញ់ពេញចិត្ត និងត្រូវតាមជំនាញដែលពួកគេកំពុងរៀន។ សូមជម្រាបថា ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៥នេះ ធ្វើឡើងក្រោមប្រធានបទ «វិថីឆ្ពោះទៅរកផលិតភាព៖ ផ្សារភ្ជាប់ជំនាញ បច្ចេកវិទ្យា និងឱកាសការងារ» មានរយៈពេល២ថ្ងៃ គឺថ្ងៃទី១-២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅអគារមជ្ឈមណ្ឌលពិព័រណ៌កោះពេជ្រ។ ពិព័រណ៍ការងារនេះមានការចូលរួមពីសំណាក់ក្រុមហ៊ុន សហគ្រាស ក្រសួង ស្ថាប័ន និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលប្រមាណ១៥០ ដែលមានស្តង់សរុបជាង១៨០ ដែលនឹងដាក់តាំងបង្ហាញពីឱកាសការងារយ៉ាងច្រើនសំបូរបែប ដែលនឹងផ្តល់ឱកាសការងាររហូតដល់ជាង ៣ម៉ឺនកន្លែង មកពីគ្រប់វិស័យ៕អត្ថបទ៖ ឈិត បូរ៉ាវី 

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាអនុម័តយល់ព្រមប្រគល់ សេចក្ដីព្រាងច្បាប់ចំនួន៣ ជូនគណៈកម្មការជំនាញរដ្ឋសភាពិនិត្យសិក្សា

2025/10/30 01:27:42 pm        81
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែតុលា ឆ្នាំ២០២៥ បានបើកកិច្ចប្រជុំក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានរដ្ឋសភា។ អង្គប្រជុំបានធ្វើការពិភាក្សា និងអនុម័តយល់ព្រមប្រគល់ សេចក្ដីព្រាងច្បាប់ចំនួន៣ ជូនគណៈកម្មការជំនាញរដ្ឋសភាពិនិត្យសិក្សា មានដីចជា សេចក្ដីព្រាងច្បាប់ស្ដីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ និងសេចក្ដីព្រាងច្បាប់ស្ដីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ ប្រគល់ជូនគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម ពិនិត្យសិក្សា ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ ។ចំណែកសេចក្ដីព្រាងច្បាប់មួយទៀត អង្គប្រជុំបានអនុម័តយល់ព្រមប្រគល់ជូនគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន ដោយសហការជាមួយ គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម ពិនិត្យសិក្សា ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ គឺសេចក្ដីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើ៖ ១-កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ ស្ដីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធនិងការចៀសវាងពន្ធ។២-កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋ ហ្វ៊ីលីពីនស្ដីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធនិងការចៀសវាងពន្ធ។៣-ពិធីសារទី២ ដើម្បីធ្វើវិសោធនកម្មលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រ កម្ពុជានិងរដ្ឋាភិបាលនៃសាធារណរដ្ឋសិង្ហបុរី ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នានិងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញធ្វើបាឋកថាពិសេសក្រោមប្រធានបទ “Nation and People First” ក្នុងកម្មវិធី «វេទិកាយុវជនកម្ពុជា ឆ្នាំ២០២៥»

2025/10/30 12:39:09 pm        306
នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញធ្វើបាឋកថាពិសេស ក្រោមប្រធានបទ “Nation and People First” ក្នុងកម្មវិធី «វេទិកាយុវជនកម្ពុជា ឆ្នាំ២០២៥» ដែលបានប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលម៉ានី(អាគារ The Kampus)។ អញ្ជើញចូលរួមក្នុងវេទិកានេះរួមមាន ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំ លោក លោកស្រី ជាតំណាងមកពីក្រសួងស្ថាប័នវិស័យឯកជន អង្គការមិនមែនរាជរដ្ឋាភិបាល សមាគមន៍ពាក់ព័ន្ធ គ្រឹះស្ថានអប់រំនានា ក៏ដូចជា social influencer និងសិស្សានុសិស្សជាច្រើននាក់ផងដែរ។ជាកិច្ចចាប់ផ្តើម លោកជំទាវ ស្រូយ សុជាតិ អគ្គលេខាធិកាក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីអភិវឌ្ឍយុវជន នៃអគ្គលេខាធិកាដ្ឋាន(ក.ជ.យ.) និងជា សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានចំពោះឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ និងអ្នកចូលរួមទាំងអស់ដែលបានចំណាយពេលវេលាមកចូលរួមក្នុងកម្មវិធីនាឱកាសនោះ។ ជាមួយគ្នានេះ លោកជំទាវ បានធ្វើរបាយការណ៍សង្ខេបអំពីសមិទ្ធផលសម្រេចបាននាពេលកន្លងមក និងបានបញ្ជាក់អំពី «វេទិកាយុវជនកម្ពុជា ឆ្នាំ២០២៥» ផ្ដោតលើគោលបំណងសំខាន់ៗរួមមាន លើកកម្ពស់ស្មារតីស្នេហាជាតិក្នុងចំណោមយុវជនកម្ពុជា ឱ្យយុវជនបានស្វែងយល់ឱ្យកាន់តែស៊ីជម្រៅ អំពីស្មារតីស្នេហាជាតិ ភាពពាក់ព័ន្ធ និងសារៈសំខាន់ចំពោះប្រទេសជាតិប្រកបដោយទំនួលខុសត្រូវ ដែលជំរុញឱ្យមាន ការឯកភាពជាតិ សន្តិភាព ការអភិវឌ្ឍ ផ្តល់សិទ្ធិអំណាចដល់យុវជនក្នុងការរួមចំណែកការពារអធិបតេយ្យភាព និងពង្រឹង បណ្តាញទំនាក់ទំនងរវាងយុវជន និងថ្នាក់ដឹកនាំ។ជាកិច្ចបន្ទាប់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា និងជាអនុប្រធានប្រការក្រុមប្រឹក្សាជាតិកម្ពុជាអភិវឌ្ឍយុវជន បានចូលរួមអបអរសាទរចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា ក្នុងការចុះកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ និងអបអរសាទរស.ស.យ.ក.ក្នុងការទទួលពានរង្វាន់ ASEAN Prize 2025។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតសភាចារ្យក៏បានថ្លែងសុន្ទរកថាបើកម្មវិធី «វេទិកាយុវជនកម្ពុជា ឆ្នាំ២០២៥» ដោយបានរំលេចផងដែលថាគ្រប់ប្រទេសទាំងអស់ត្រូវតែមានការផ្លាស់សណ្តាប់ធ្នាប់ពិភពលោក ចំនួន៣ សំខាន់ៗ រួមមាន (១) សណ្តាប់ធ្នាប់នយោបាយ និងសន្តិសុខ (២) សណ្តាប់ធ្នាប់ផ្នែកសេដ្ឋកិច្ច(៣) សណ្តាប់ធ្នាប់ផ្នែកបច្ចេកវិទ្យា ជាពិសេសក្នុងពេលបច្ចុប្បន្ននេះយុវជនទាំងអស់ត្រូវសម្របខ្លួនក្នុងស្ថានភាពបច្ចុប្បន្ន នៅក្នុងការប្រើប្រាស់បញ្ញាសិប្បនិមិត្ត និងការកើនឡើងជំនាញថ្មីៗដូចជា ជំនាញ អ្នកមានឥទ្ធិពលក្នុងបណ្តាញសង្គម (influencer) ជាដើម៕

រដ្ឋមន្រ្ដីក្រសួងកសិកម្ម បន្តជួបសំណេះសំណាលជាមួយសមាជិក សហគមន៍កសិកម្មទំនើបដំណាំស្រូវ-អង្ករសុវត្ថិភាពនៅខេត្តបាត់ដំបង

2025/10/30 12:26:51 pm        291
បាត់ដំបង៖ កាលពីរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានញបន្តជួបសំណេះសំណាលជាមួយពុកម៉ែបងប្អូនជាសមាជិកសហគមន៍កសិកម្មទំនើបដំណាំស្រូវ-អង្ករគុណភាព នៅស្រុកមោងឬស្សី ខេត្តបាត់ដំបង ដែលទើបចាប់ផ្តើមធ្វើផលិតកម្មស្រូវស្រងែស្រាលតាមកិច្ចសន្យាក្នុងតម្លៃ ៩៥០រៀលក្នុងមួយគីឡូក្រាម។ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា តម្លៃនេះ គឺសម្រេចបានដោយសារការចងក្រងជាសហគមន៍កសិកម្មទំនើប ដែលផ្តល់អានុភាពឱ្យក្រុមប្រជាកសិករជាសមាជិក ធ្វើការចរចាកិច្ចសន្យាផលិតកម្មទុកមុនជាមួយអ្នកទិញលើតម្លៃ គុណភាព និងបរិមាណ ហើយមិនមែនដោយសារការកំណត់តម្លៃដោយរដ្ឋទេ។ក្រសួងកសិកម្មនឹងបន្តគាំទ្រការចងក្រងសហគមន៍កសិកម្មទំនើប ដើម្បីជួយឱ្យប្រជាកសិករធ្វើការស្ដារមកវិញតាមរយៈការធានាតម្លៃនិងទីផ្សារដោយចុះកិច្ចសន្យាទុកមុន ការកាត់បន្ថយថ្លៃដើមផលិតកម្ម និងការផ្ដល់ជំនួយបច្ចេកទេស៕

រថយន្តដឹកដំឡូងមីមួយគ្រឿង បើកបរឆ្លងកាត់ស្ពានដែកបេឡេត៍បង្កឲ្យបាក់ស្ពាន នៅស្រុកស្នួល

2025/10/30 12:19:39 pm        641
រថយន្តធុនធំ ប្រភេទវេរអង ដឹកដំឡូងមីស្រស់មួយគ្រឿង បានបើកបរឆ្លងកាត់ស្ពានដែកបេឡេត៍ បណ្ដាលឱ្យស្ពានទាំងមូលបាក់ធ្លាក់ទាំងស្រុង ប្រវែង ៤៣ម៉ែត្រ ដែលធ្វើឱ្យការធ្វើដំណើររបស់ប្រជាពលរដ្ឋ ត្រូវកាត់ផ្ដាច់ កកស្ទះ ទាំងស្រុង។ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៧និង០០ព្រឹកថ្ងៃទី៣០ ខែតុលាឆ្នាំ២០២៥ នៅចំណុចស្ពានឆ្លូង ស្ថិតក្នុងភូមិសែនអភិវឌ្ឍន៍ ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ។ប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឱ្យដឹងថា អ្នកបើកបររថយន្តបង្កហេតុបានរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ​ ដោយបន្សល់ទុកនូវរថយន្ត V1 ម៉ាក HYUNDAI ក្បាលសណ្តោងពណ៌ស និងរ៉ឺម៉កពណ៌ក្រហម មិនមានស្លាកលេខ។ស្ពាននេះ ស្ថិតនៅជិតផ្សារ ១១៥ ក្នុងឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ ដោយឆ្លងកាត់ ព្រែកឆ្លូង ដែលជាខ្សែផ្លូវដ៏សំខាន់សម្រាប់សម្រួលចរាចរណ៍របស់ប្រជា ពលរដ្ឋក្នុងតំបន់ និងការដឹកជញ្ជូនទំនិញឆ្លងកាត់ទៅមក។យោងតាមប្រភពព័ត៌មាន និងការសន្និដ្ឋានបឋម ហេតុការណ៍បាក់ស្ពាននេះ គឺបណ្ដាល មកពីការបើកបរឆ្លងកាត់របស់រថយន្តខ្នាតយក្សដឹកដំឡូងដែលផ្ទុកលើសទម្ងន់។បច្ចុប្បន្ន ក្រុមការងារមន្ទីរសាធារណការ និង​ដឹកជញ្ជូនខេត្តក្រចេះ បានសហការជាមួយ រដ្ឋបាលស្រុកស្នួល កម្លាំងអធិការស្រុកស្នួល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កំពុងចុះសម្រួលស្ថានការណ៍នៅទីតាំងកើតហេតុ និងចាត់ចែងតាមនីតិវិធីច្បាប់ ដើម្បីរៀបចំដោះស្រាយបញ្ហាការធ្វើដំណើររបស់ប្រជាពលរដ្ឋឡើងវិញ៕ ដោយ សេង ម័រ

ប្រធានរដ្ឋសភាអាស៊ែប៊ៃហ្សង់ សម្តែងការពេញចិត្តចំពោះ កិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាង កម្ពុជា-អាស៊ែបៃហ្សង់ ទោះនៅតំបន់ភូមិសាស្រ្តឆ្ងាយពីគ្នា

2025/10/30 11:57:09 am        257
ឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា នាល្ងាចថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយលោកជំទាវ សាហ៊ីបា កាហ្វារ៉ូវ៉ា (Sahiba Gafarova) ប្រធានរដ្ឋសភានៃសាធារណរដ្ឋអាស៊ែប៊ៃហ្សង់ នៅវិមានរដ្ឋសភា នាទីក្រុងបាគូ នៃសាធារណរដ្ឋអាស៊ែប៊ៃហ្សង់។ លោកជំទាវប្រធានរដ្ឋសភាអាស៊ែប៊ៃហ្សង់ បានសម្តែងការពេញចិត្ដយ៉ាងខ្លាំងដែលគណៈប្រតិភូរដ្ឋសភាកម្ពុជា បានអញ្ជើញមកចូលរួមសន្និសីទសភាអន្តរជាតិ ដើម្បីរំលឹកខួបលើកទី៣០ឆ្នាំ នៃរដ្ឋធម្មនុញ្ញសាធារណរដ្ឋអាស៊ែប៊ៃហ្សង់ និងបានថ្លែងសុន្ទរកថាយ៉ាងមានអត្ថន័យ និងស្និទ្ធស្នាលបំផុត។ លោកជំទាវ សាហ៊ីបា កាហ្វារ៉ូវ៉ា ប្រធានរដ្ឋសភាអាស៊ែប៊ៃហ្សង់ បានកោតសរសើរពីភាពជោគជ័យរបស់កម្ពុជាលើការអភិវឌ្ឍប្រទេសជាតិ ដោយសារកត្តាប្រជាជនដែលបានចូលរួមយ៉ាងសកម្ម និងប្រព័ន្ធនយោបាយដែលអនុវត្តសមស្រប ជាពិសេសកម្ពុជាមានថ្នាក់ដឹកនាំប្រកបដោយសមត្ថភាពខ្ពស់និងភាពប៉ិនប្រសប់ គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាស្ថាបនិកសន្តិភាពកម្ពុជា។ ឯកឧត្តម វង សូត មានប្រសាសន៍ថា ដោយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា មានការមមារញឹកក្នុងបេសកកម្មការងារ ទើបចាត់តាំងឯកឧត្តម ដើម្បីដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា មកចូលរួមសន្និសីទសភាអន្តរជាតិ ជាប្រវត្តិសាស្ត្រនេះ។ ឯកឧត្តមអនុប្រធានទី២រដ្ឋសភា ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីថ្នាក់ដឹកនាំនៃព្រះរាជាណាចក្រកម្ពុជា រួមមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា ជូនដល់លោកជំទាវប្រធានរដ្ឋសភា និងថ្នាក់ដឹកនាំទាំងអស់របស់អាស៊ែប៊ៃហ្សង់។ ឯកឧត្តម មានប្រសាសន៍ថា ទោះបីបានអញ្ជើញមកដល់អាស៊ែប៊ៃហ្សង់ជាលើកដំបូង ប៉ុន្តែហាក់ដូចជាមានអារម្មណ៍ស្និទ្ធស្នាល និងកក់ក្តៅបំផុត។ ឯកឧត្តម ក៏បានឆ្លុះបញ្ចាំងអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ដែលបានត្រួសត្រាយផ្លូវដោយថ្នាក់ដឹកនាំជំនាន់មុនៗ រួមមាន សម្តេចតេជោ ហ៊ុន សែន និងសម្តេចចក្រី ហេង សំរិន ជាដើម។ លោកជំទាវ សាហ៊ីបា កាហ្វារ៉ូវ៉ា បានជំរុញឱ្យបង្កើនកិច្ចសហប្រតិបត្តិការ កាន់តែស៊ីជម្រៅថែមទៀតរវាងសភាទាំងពីរ ជាពិសេសតាមរយៈគណកម្មការជំនាញ និងក្រុមមិត្តភាពសភាផងដែរ និងតាមប្រការដែលមានចែងក្នុង MOU ដែលមានស្រាប់។ លោកជំទាវ មានប្រសាសន៍បន្ថែមថា លោកជំទាវមានបំណងនឹងអញ្ជើញក្រុមមិត្តភាពសភាកម្ពុជា ព្រមទាំងគណៈកម្មការជំនាញពាក់ព័ន្ធរបស់រដ្ឋសភាកម្ពុជា ទៅបំពេញទស្សនកិច្ចការងារ នៅអាស៊ែប៊ៃហ្សង់ និងរៀបចំកិច្ចប្រជុំដើម្បីសិក្សាលទ្ធភាពបង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្នា៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

បារាំងបើកការស៊ើបអង្កេតឧក្រិដ្ឋកម្មសង្គ្រាមជុំវិញការប្រព្រឹត្តរបស់អ៊ីស្រាអែលលើសកម្មជនកងនាវាមនុស្សធម៌
06/06/2026 02:06 PM
ប្រធានសភាលីបង់រិះគន់សេចក្តីព្រាងកិច្ចព្រមព្រៀងជាមួយអ៊ីស្រាអែលថា «មានការរៀបចំទុកជាមុន»
06/06/2026 02:06 PM
ក្រុមប្រឹក្សាសន្តិសុខUN ទាមទារឲ្យក្រុមហ៊ួទីដោះលែងបុគ្គលិកUNចំនួន ៧៣នាក់ ជាបន្ទាន់ ខណៈប្រារព្ធខួប២ឆ្នាំនៃចាប់ខ្លួនពួកគេ
06/06/2026 02:06 PM
មេដឹកនាំកំពូលអ៊ីរ៉ង់ផ្តល់ការលើកលែងទោសដល់អ្នកទោសជាង ២.០០០នាក់
06/06/2026 02:06 PM
រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖កម្ពុជាទទួលបានលេខ១ លើបរិស្ថានធម្មជាតិល្អបំផុតលើពិភលោក បានមកពីចូលរួមយ៉ាងសកម្មពីអ្នកពាក់ព័ន្ធទាំងអស់
06/06/2026 02:06 PM
សមាគម ព.អ.ត.ក ចេញប្រកាសព័ត៌មាន បន្ទាប់ពីការផ្សាយព័ត៌មានមិនពិត ពាក់ព័ន្ធត្បូងទទឹម និងត្បូងកណ្ដៀងកម្ពុជា
06/06/2026 02:06 PM
រុស្ស៊ី និងអ៊ុយក្រែន ដោះដូរឈ្លើយសឹកចំនួន ៣៧០នាក់ ជាចំនួនសរុបទាំងសងខាង
06/06/2026 01:06 PM
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អញ្ជើញចុះពិនិត្យទីតាំងក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ដើម្បីពិនិត្យលទ្ធភាពរៀបចំជាហេដ្ឋារចនាសម្ព័ន្ធគាំទ្រក្នុងការលើកកម្ពស់ការតភ្ជាប់ទីផ្សារក្នុងស្រុក
06/06/2026 01:06 PM
សម្ដេចតេជោ-ធិបតី តែងតែក្រើនរម្លឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាដោយវិធានការយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុត
06/06/2026 01:06 PM
សម្តេចតេជោ ហ៊ុន សែន ​ជំរុញដល់មន្ត្រីខេត្តកណ្តាលខិតខំបំពេញការងារបម្រើប្រជាជនដោយស្មោះត្រង់ និងមានទំនាក់ទំនងល្អជាមួយប្រជាជន
06/06/2026 12:06 PM