បីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
៣ថ្ងៃនៃសង្រ្កាន្តឆ្នាំថ្មីកោះកុង ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់
ខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
ភ្ញៀវទេសចរជិត ២លាននាក់ ទៅទស្សនាខេត្ដសៀមរាប នាឱកាសចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ

ព័ត៌មានជាតិ

សម្តេចប្រមុខរដ្ឋស្តីទី ផ្ញើសារអបអរសាទរ ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ «ការលើកកម្ពស់អក្ខរកម្មក្នុងយុគសម័យឌីជីថល»

2025/09/08 08:03:13 am        286
សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥នេះ បានផ្ញើសារអបអរសាទរ ទិវាអក្ខរកម្មអន្តរជាតិ ខួបលើកទី២៥ក្រោមប្រធានបទ «ការលើកកម្ពស់អក្ខរកម្មក្នុងយុគសម័យឌីជីថល» ខណៈថ្ងៃនេះដែរត្រូវបានសម្តេចតេជោចាត់ទុកថា ជាថ្ងៃដែលមានសារៈសំខាន់សម្រាប់ពិភពលោកទាំងមូលក្នុងការអាន និងសរសេរនោះ។តាមរយៈបណ្តាញសង្គមហ្វេសបុក និងឆាណែលតេលេក្រាម សម្តេចតេជោ ហ៊ុន សែន បានលើក ឡើងថានៅថ្ងៃទី៨ ខែកញ្ញា ២០២៥នេះ គឺជាខួបលើកទី២៥ (០៨ កញ្ញា ២០០០-៨ កញ្ញា ២០២៥) នៃទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ “ការលើកកម្ពស់អក្ខរកម្មក្នុងយុគសម័យឌីជីថល” ដែលជាថ្ងៃដ៏មានសារៈសំខាន់សម្រាប់ពិភពលោកទាំងមូល។ សម្តេចបានបន្ថែមថា«ថ្ងៃនេះគឺជាការរំឭកយើងឱ្យដឹងថា ការអាន ការសរសេរ និងការរៀនសូត្រគឺជាសិទ្ធិមូលដ្ឋានរបស់មនុស្សគ្រប់រូប ហើយក៏ជាកម្លាំងដ៏សំខាន់ក្នុងការកសាងសង្គមមួយប្រកបដោយវឌ្ឍនភាពផងដែរ»។សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានបញ្ជាក់ទៀតថា ការមានអក្ខរកម្មមិនត្រឹមតែជួយឱ្យយើងអាចទំនាក់ទំនងគ្នាទៅវិញទៅមកបានល្អប៉ុណ្ណោះទេ តែថែមទាំងជួយបើកទំព័រថ្មីនៃចំណេះដឹង និងឱកាសការងារផងដែរ។ វាជួយឱ្យយើងអាចចូលរួមយ៉ាងសកម្មក្នុងសង្គម ធ្វើការសម្រេចចិត្តបានត្រឹមត្រូវ និងការពារខ្លួនយើងពីការបោកប្រាស់ផ្សេងៗជាដើម។ ក្នុងឱកាសថ្ងៃប្រារព្ធទិវាអក្ខរកម្មអន្តរជាតិនេះដែរ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ក៏បានអំពានាវឲ្យបងប្អូនគ្រប់រូប ចូលរួមលើកកម្ពស់ការអប់រំ និងអក្ខរកម្មដល់ក្មេងៗ ក៏ដូចជាមនុស្សពេញវ័យដែលគ្មានឱកាសបានរៀនសូត្រផងដែរ។ ដោយសម្តេចបាន បញ្ជាក់បន្ថែមទៀតថា« ការចែករំលែកចំណេះដឹងតែងតែនាំមកនូវការរីកចម្រើន»៕អត្ថបទបាន ចក់

សម្តេចធិបតី ណែនាំឲ្យពង្រីកវិសាលភាពកម្មវិធីអក្ខរកម្ម ដើម្បីធានាឲ្យពលរដ្ឋគ្រប់រូបមានឱកាសសិក្សា ពេញមួយជីវិត

2025/09/08 07:49:30 am        369
ក្នុងឱកាសប្រារព្ធទិវាអក្ខរកម្មជាតិ ៨កញ្ញានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើការណែនាំដល់គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ឲ្យពង្រីកវិសាលភាពនៃកម្មវិធីអក្ខរកម្ម និងធានាត្រូវធានាថា ពលរដ្ឋគ្រប់រូបទទួលបានឱកាសសិក្សាពេញមួយជីវិត ដើម្បីក្លាយទៅជាពលរដ្ឋឌីជីថល និងចាប់យកប្រយោជន៍ពេញលេញពីការវិវត្តរបស់បច្ចេកវិទ្យា។តាមរយៈសារលិខិត ក្នុងឱកាសប្រារព្ធទិវាអក្ខរកម្មជាតិ ៨ កញ្ញា ២០២៥នេះ ក្រោមប្រធានបទ «ការលើកកម្ពស់ អក្ខរកម្មក្នុងយុគសម័យឌីជីថល» សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «ក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវរៀបចំគោលនយោបាយ ក្របខ័ណ្ឌច្បាប់ ស្តង់ដា ឬយន្តការចាំបាច់នានា ដើម្បី ពង្រីកវិសាលភាពនៃកម្មវិធីអក្ខរកម្ម និងធានាថា ពលរដ្ឋគ្រប់រូបទទួលបានឱកាសសិក្សាពេញមួយជីវិត ដើម្បី ក្លាយទៅជាពលរដ្ឋឌីជីថល និងចាប់យកប្រយោជន៍ពេញលេញពីការវិវត្តរបស់បច្ចេកវិទ្យាព្រមទាំងចូលរួម យ៉ាងសកម្មក្នុងសង្គមឌីជីថល»។សម្ដេចធិបតី បានលើកឡើងទៀតថា ក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវបង្កើតកម្មវិធីបណ្តុះបណ្តាលតាមគ្រប់រូបភាពលើផ្នែកឌីជីថល សម្រាប់ប្រជាជនកម្ពុជាគ្រប់វ័យ ក្នុងគោលបំណងជួយដល់ពួកគាត់ឱ្យមានសមត្ថភាពក្នុងការប្រើប្រាស់បច្ចេកវិទ្យា និងឧបករណ៍ ឌីជីថល សម្រាប់ជាប្រយោជន៍នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ប្រកបដោយប្រសិទ្ធភាព និងគុណភាពជាដើម។ សម្ដេចធិបតី ក៏បានអំពាវនាវឲ្យអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវចូលរួមយុទ្ធនាការប្រមូលសិស្សចូលរៀនឱ្យបានផុលផុស ចូលរួមអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមជ្ឈមណ្ឌលសិក្សា មជ្ឈមណ្ឌលសិក្សាសហគមន៍ មជ្ឈមណ្ឌលសិក្សាពេញមួយជីវិត មជ្ឈមណ្ឌលយុវជន និងគ្រប់គ្រងទិន្នន័យជនមានតម្រូវការ ដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យបានល្អ និងគ្រប់ជ្រុងជ្រោយ ព្រមទាំងជំរុញនិងលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលបាត់បង់ឱកាសរៀនសូត្រ ឬបោះបង់ការសិក្សា ឱ្យទទួលបានឱកាសរៀនសូត្រសាជាថ្មី ជាពិសេសត្រូវខិតខំបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ មានពិការភាព ឬជនមានតម្រូវការពិសេស ឱ្យទទួលបានការសិក្សារៀនសូត្រប្រកបដោយសមធម៌ និងបរិយាបន្ន។តាមរយៈសារលិខិតនេះដែរសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវឲ្យប្រធានរោងចក្រ សហគ្រាស និងក្រុមហ៊ុនឯកជន ពន្ធនាគារ និងមណ្ឌលអប់រំកែប្រែ សូមបន្តជំរុញការបើកថ្នាក់អក្ខរកម្ម និងភ្ជាប់ជាមួយនូវការប្រើប្រាស់បច្ចេកវិទ្យា គួបផ្សំជាមួយនឹងការបណ្តុះបណ្តាលមុខជំនាញ វិជ្ជាជីវៈផ្សេងៗ ដល់បងប្អូនកម្មករ កម្មការិនី បុគ្គលិក ជនជាប់ឃុំជាដើម ដើម្បីជាប្រយោជន៍របស់ពួកគាត់ ក្នុងការបង្កើនផលិតភាព និងប្រសិទ្ធភាពការងាររបស់ពួកគេទៅអនាគត។ លើសពីនេះ សម្ដេចធិបតី ក៏បានស្នើទៅវត្តអារាម និងវិហារសាសនា ត្រូវបំផុសចលនាព្រះសង្ឃ បព្វជិតសាសនា ចូលរួមជំរុញ និងលើកកម្ពស់កម្មវិធី អក្ខរកម្មវិជ្ជាជីវៈ ជាពិសេសការប្រើប្រាស់បច្ចេកវិទ្យាឱ្យកាន់តែខ្លាំងក្លាថែមទៀត តាមរយៈការផ្សព្វផ្សាយអប់រំ អំពីសារប្រយោជន៍នៃការប្រើប្រាស់ឌីជីថល ដែលបម្រើដល់ការសិក្សារៀនសូត្រ តម្លៃសីលធម៌ ចរិយាធម៌ និងលើកកម្ពស់ការរស់នៅជាពលរដ្ឋឌីជីថលក្នុងសង្គមជាដើម៕ អត្ថបទបាន ចក់

សម្តេច ម៉ែន សំអន ប្រារព្ធកិច្ចបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនជូនប្រទេសជាតិ នៅប្រាសាទនាគព័ន្ធ

2025/09/07 08:29:11 pm        276
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្ស សាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា បានប្រារព្ធពិធីអុជធូប ថ្វាយគ្រឿងសក្ការៈនិងបួងសួងសុំសេចក្ដីសុខសេចក្ដីចម្រើន ជូនដល់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស​​ នៅប្រាសាទនាគព័ន្ធ នៅតំបន់អច្ឆរិយៈអង្គរ ខេត្តសៀមរាប ថ្ងៃអាទិត្យ ១៥កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥។ សម្តេចកិត្តិសង្គហបណ្ឌិត បានបួងសួងប្រគេនពរជ័យដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងថ្វាយព្រះពរជ័យដល់ព្រះមហាក្សត្រ ព្រះមហាក្សត្រី និងគោរពជូនពរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត ថ្នាក់ដឹកនាំ សមាជិក-សមាជិកា ព្រឹទ្ធសភា រដ្ឋសភា មន្ត្រីរាជការ ព្រមទាំងប្រជាពលរដ្ឋខ្មែរ​ សូមឲ្យជួបតែសេចក្តីសុខ សេចក្តី​ចម្រើនគ្រប់ៗគ្នា ប្រទេសជាតិមានសន្តិភាពជារៀងរហូត​។ ជាពិសេស សូមឲ្យប្រទេសជាតិរួចផុតពីជំងឺដង្កាត់ គ្រោះកាចចង្រៃ ចៀសផុតពីគ្រោះរាំងស្ងួត និងសម្បូរណ៍សប្បាយជានិច្ចនិរន្ត​ និងប្រជាពលរដ្ឋខ្មែរ និងសូមឲ្យវីរៈកងទ័ពជួរមុខកម្ពុជាទទួលបានជ័យជំនះ ពីពួកឈ្លានពាន ៕

សម្តេចធិបតី៖ សុខុមាលភាពកងទ័ពទាំង១៨នាក់ ដែលថៃចាប់ទៅគឺជាបញ្ហានៃសេចក្តីថ្លៃថ្នូររបស់ជាតិ

2025/09/07 08:07:47 pm        561
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា សុខុមាលភាពរបស់កងទ័ពខ្មែរទាំង១៨នាក់ដែលថៃចាប់ទៅដោយខុសច្បាប់នោះ គឺជាបញ្ហានៃសេចក្ដីថ្លៃថ្នូររបស់ជាតិ និងជាកង្វល់ផ្នែកមនុស្សធម៌ជាបន្ទាន់។ ដូច្នេះសម្តេចនាយករដ្ឋមន្រ្តីបានផ្ដល់អាទិភាពខ្ពស់បំផុតលើការធានាឱ្យមានការដោះលែង និងធ្វើមាតុភូមិនិវត្តន៍របស់កងទ័ពកម្ពុជាទាំង១៨រូបឲ្យបានឆាប់ៗ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែល បានចេញនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥នេះ បានលើកឡើងថា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានផ្ដល់អាទិភាពខ្ពស់បំផុតលើការធានាឱ្យមានការដោះលែង និងធ្វើមាតុភូមិនិវត្តន៍ របស់កងទ័ពកម្ពុជាទាំង១៨រូប ដែលកងកម្លាំងថៃបានឃុំខ្លួន បន្ទាប់ពីបទឈប់បាញ់ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ។ក្រសួងការបរទេសកម្ពុជាបានឲ្យដឹងទៀតថា សម្តេចធិបតីនាយករដ្ឋមន្រ្តី បានណែនាំដោយផ្ទាល់ដល់ស្ថាប័នរបស់រាជរដ្ឋាភិបាល ក្នុងការរិះរកគ្រប់មធ្យោបាយ ដែលអាចធ្វើទៅបានតាមទ្វេភាគី តំបន់ និង អន្តរជាតិ «ដើម្បីធានានូវការវិលត្រឡប់មកវិញយ៉ាងឆាប់រហ័សនៃកងទ័ពទាំងនោះ(កងទ័ព១៨នាក់ដែលថៃចាប់ទៅ) ដោយសង្កត់ធ្ងន់ថា សុខុមាលភាពរបស់កងទ័ពដែលត្រូវបានឃុំខ្លួន គឺជាបញ្ហានៃសេចក្ដីថ្លៃថ្នូររបស់ជាតិ និងជាកង្វល់ផ្នែក មនុស្សធម៌ជាបន្ទាន់។ ការចូលរួមដោយផ្ទាល់របស់សម្តេចធិបតី ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់របស់កម្ពុជា ក្នុងការការពារប្រជាជនរបស់ខ្លួន រក្សាអធិបតេយ្យជាតិ និងដោះស្រាយបញ្ហាដោយសន្តិវិធីក្នុងស្មារតីភាពជាអ្នកជិតខាងល្អ និងការជឿទុកចិត្តគ្នាទៅវិញទៅមក»។ក្រសួងការបរទេសកម្ពុជា បានលើកឡើងទៀតថា ក្នុងការគាំទ្រដល់ការដឹកនាំរបស់សម្តេចធីបតីនាយករដ្ឋមន្ត្រី ឯកឧត្តមឧបនាយករដ្ឋមន្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុវត្តគំនិតផ្តួចផ្តើមការទូតយ៉ាងខ្ជាប់ខ្ជួន ដោយលើកឡើងជានិច្ចនូវបញ្ហានេះ ជាមួយដៃគូទ្វេភាគី តំបន់ និងអន្តរជាតិសំខាន់ៗ ក៏ដូចជា ជាមួយបណ្តាអង្គទូត នៅរាជធានីភ្នំពេញ និងឥស្សរជនបរទេស ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា រួមទាំងប្រេសិតពិសេសសម្រាប់កិច្ចសហប្រតិបត្តិការមេគង្គរបស់ជប៉ុន ដើម្បីអំពាវនាវឱ្យមានការ ដោះលែងកងទ័ពកម្ពុជាជាបន្ទាន់ផងដែរ។ ទាក់ទងនឹងទាហានកម្ពុជាទាំង១៨នាក់ ដែលថៃចាប់នោះក្រសួងការបរទេសកម្ពុជា ក៏បានឲ្យដឹងផងដែរថា ស្ថានតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក និងទីក្រុងហ្សឺណែវបានឈរនៅជួរមុខជានិច្ចក្នុងការតស៊ូមតិអន្តរជាតិ ដើម្បីជំរុញឱ្យធ្វើមាតុភូមិនិវត្តន៍នៃកងទ័ពកម្ពុជា ទាំង១៨នាក់ដែលថៃចាប់ទៅដោយខុសច្បាប់នោះ ហើយមួយវិញទៀត ស្ថានតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិថា បញ្ហាទាហានខ្មែរទាំង១៨នាក់នេះ គឺនៅតែស្ថិតក្នុងរបៀបវារៈអន្តរជាតិជានិច្ច។ក្រសួងការបរទេសបានបញ្ជាក់ថា«នៅទីក្រុងញូវយ៉ក ស្ថានបេសកកម្មបានលើកបញ្ហានេះជាផ្លូវការនៅអង្គការសហប្រជាជាតិ និងដៃគូ អាស៊ាន ដោយជំរុញឱ្យធ្វើមាតុភូមិនិវត្តន៍នៃកងទ័ពទាំងនោះ និងធានាថា បញ្ហានេះនៅតែស្ថិតក្នុងរបៀបវារៈអន្តរជាតិ។ នៅទីក្រុងហ្សឺណែវ ស្ថានបេសកកម្មបានកៀរគរយ៉ាងសកម្មនូវស្ថាប័នមនុស្សធម៌ និងសិទ្ធិមនុស្ស រួមមានគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) និងការិយាល័យឧត្តមស្នងការ អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ដើម្បីត្រួតពិនិត្យលក្ខខណ្ឌនៃការឃុំខ្លួន និងជំរុញឱ្យមានការគោរពអនុសញ្ញាហ្សឺណែវ»។បើតាមរយៈសេចក្តីប្រកាសព័ត៌មានខាងលើនេះ ក្រសួងការបរទេសកម្ពុជា ក៏បានឲ្យដឹងផងដែរថា គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ បានបញ្ជាក់ឡើងវិញផងដែរដល់កម្ពុជា នូវការទទួលស្គាល់របស់ខ្លួន ចំពោះកងទ័ពទាំង១៨រូបរបស់កម្ពុជា ដែលភាគីថៃចាប់ទៅដោយខុសច្បាប់នោះថា ជាអ្នកទោសសង្គ្រាម ព្រមទាំងបានអះអាងថា នឹងធ្វើដំណើរទស្សនកិច្ចតាមដានពួកគាត់ទាំង១៨នាក់នោះ នៅដើមខែកញ្ញានេះ ដើម្បីផ្ទៀងផ្ទាត់លក្ខខណ្ឌ និងធានានូវការទាក់ទងជាមួយក្រុមគ្រួសាររបស់ជនរងគ្រោះ៕អត្ថបទបាន ចក់

រដ្ឋបាលខណ្ឌ៧មករា បានរៀបចំពិធីសូត្រមន្តកាន់បិណ្ឌទី១ នៅវត្តព្រះពុទ្ធមានបុណ្យ

2025/09/07 07:12:59 pm        268
ភ្នំពេញ៖ រដ្ឋបាលខណ្ឌ៧មករា បានរៀបចំពិធីសូត្រមន្តកាន់បិណ្ឌទី១ នៃបុណ្យភ្ជុំបិណ្ឌ ដើម្បីឧទ្ទិសកុសល ផលបុណ្យជូនដល់បុព្វកាលរីជន មានមាតា បីតា ញាតិការទាំង៧សន្តានដែលបានចែកឋានទៅកាន់លោកខាងមុខ ទៅតាមទំនៀមទំលាប់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ នៅរសៀលថ្ងៃទី០៧ ខែកញ្ញាឆ្នាំ២០២៥នេះ។ក្នុងពិធីសូត្រមន្តកាន់បិណ្ឌទី១នេះ បានប្រារព្ធធ្វើឡើង ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្រ្តរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារគណបក្សមូលដ្ឋានខណ្ឌ៧មករា និងលោកជំទាវ ,លោក សោម សុវណ្ណ ប្រធានក្រុមប្រឹក្សាខណ្ឌ ,លោក ថេង សុថុល អភិបាលខណ្ឌ៧មករា និងលោកស្រី មន្រ្តីនិងសង្កាត់ រួមប្រជាពុទ្ធបរិសទ្ធ័ទីជិតទីឆ្ងាយយ៉ាងច្រើនកុះករ ប្រកបដោយសទ្ធាជ្រះថ្លា និងបរិសុទ្ធក្នុងព្រះពុទ្ធសាសនាផងដែរនៅវត្តព្រះពុទ្ធមានបុណ្យ នៅសង្កាត់វាលវង់ ខណ្ឌ៧មករា។ឯកឧត្តមបណ្ឌិត លី ឆេង បានសំណេះសំណាលជាមួយបងប្អូនប្រជាពុទ្ធបរិសទ្ធ័ បានចូលរួមក្នុងពិធីសូត្រមន្តកាន់បិណ្ឌក្នុងវត្តព្រះពុទ្ធមានបុណ្យ។ ឯកឧត្តមបានបញ្ជាក់ថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ក៏បានបានបង្ហាញពីមនោសញ្ចេតនាគ្រួសារខ្មែរ ស្គាល់បុណ្យ ស្គាល់បាប និងតែងនឹករលឹកដល់បុព្វការីជន ដែលបានចែកឋានទៅ។ ម៉្យាងទៀត ក៏ជាឱកាសជួបជុំ សាច់ញាតិ បងប្អូនធ្វើបុណ្យទាន ក៏ដូចជាការរួមចំណែក លើកដំកើងព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋផងដែរ។ ជាមួយគ្នានេះដែរ ក៏បាននាំយកនូវបច្ច័យ ព្រមទាំងគ្រឿងឧបភោគ បរិភោគមួយចំនួន វេរប្រគេនព្រះសង្ឃគ្រប់ព្រះអង្គ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនទៅដល់វិញ្ញាណក្ខន្ធបុព្វការីជនមាន មាតាបិតា ជីដូនជីតា ញាតិការទាំង៧សន្ដាន និងឥស្សរជន វីរជន យុទ្ធជន ដែលបានលះបង់ជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន។ក្នុងឱកាសនោះ ព្រះបិដកធម្មមេ ម៉ៅ នីម ព្រះចៅអធិការវត្តព្រះពុទ្ធមានបុណ្យ និងជាព្រះអនុគន្ធខណ្ឌ៧មករា បានមានសង្ឃដីការ បុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជាបុណ្យប្រពៃណីជាតិ ដែលប្រព្រឹត្តទៅពីថ្ងៃ១រោច ដល់ថ្ងៃ១៥ រោចខែភទ្របទ ត្រូវនឹងថ្ងៃទី០៨ ខែកញ្ញា ដល់ថ្ងៃទី២២ខែកញ្ញា ឆ្នាំ២០២៥។ក្នុងរដូវកាលនេះ ប្រជាពលរដ្ឋអ្នកកាន់ព្រះពុទ្ធសាសនាទីជិតទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្តាយនៅឯស្រុកកំណើត ដើម្បីរៀបចំ ម្ហូបអាហារ បាយសម្លរ ចង្ហាន់ យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅតាមទីអារាមនានា និងបានឧទ្ទិសកុសលផលបុណ្យ ដែលបានកើតឡើង ពីកម្លាំងសទ្ធាជ្រះថ្លា ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជូនដល់បុព្វការីជន មានមាតា បិតា ជីដូនជីតា ញាតិការទាំង៧សណ្តានដែលបានបាក់បែកចែកឋានទៅកាន់លោកខាងមុខហើយនោះ សូមបានទៅកាន់ឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ៕ អត្ថបទ៖ កុម្ភៈ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញក្នុងពិធីសូត្រមន្ត កាន់បិណ្ឌវេនទី១ នៅវត្តបទុមវតី

2025/09/07 06:24:10 pm        568
នាសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា បានអញ្ជើញដឹកនាំ សមាជិកសមាជិកា TYDA, អ.ម.ត, និង កាយឫទ្ធិនារីកម្ពុជា ចូលរួមក្នុងពិធីសូត្រមន្តបុណ្យកាន់បិណ្ឌវេនទី១ នៅវត្តបទុមវតីរាជវរារាម រាជធានីភ្នំពេញ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ក្នុងឱកាសអញ្ជើញទៅដល់ឧបដ្ឋានសាលាលោកជំទាវបណ្ឌិត បានអញ្ជើញអុជទៀនធូប ប្រគេនគន្ធពិដោរ ថ្វាយបង្គំព្រះពុទ្ធបដិមា និងព្រះសង្ឃ ព្រមទាំងសមាទានសីល រម្លឹក ដល់គុណបុណ្យព្រះរតនៈត្រៃយ៍តាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ពិសេសរម្លឹកដល់​ព្រះសម្មាសម្ពុទ្ធ​ព្រះបរមគ្រូនៃយើង ដែលព្រះអង្គបានត្រាស់ដឹងនូវអនុត្តរៈសម្មាសម្ពុទ្ធធិញាណ និង​ព្រះធម៌វិន័យដ៏វិសេសវិសាល បន្សល់ទុកឱ្យពុទ្ធបរិស័ទគ្រប់ជំនាន់ បានគោរពប្រតិបត្តិជាដ៏រាបរៀងមក។បុណ្យប្រពៃណីជាតិដ៏ធំនេះ ប្រជាពុទ្ធបរិស័ទនៅទូទាំងប្រទេស គោរពប្រតិបត្តិ ទំនៀមទំលាប់ ប្រកាន់ភ្ជាប់ប្រពៃណី ព្រះពុទ្ធសាសនា ហើយតែងតែធ្វើបុណ្យធ្វើទាន នៅគ្រប់រដូវកាលនៃពិធីបុណ្យនីមួយៗ ជារៀងរាល់ឆ្នាំ។ សម្រាប់ឱកាសនៃពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ឆ្នាំ២០២៥នេះ បានប្រព្រឹត្តទៅពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ហើយសម្រាប់ឆ្នាំនេះ បិណ្ឌ១ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥។ជារៀងរាល់ឆ្នាំនៅពេលដល់ ថ្ងៃ ខែ ដែលត្រូវប្រារព្ធ ពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិ​នៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេស ឪពុកម្ដាយ នៅ​ស្រុកកណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែល​គង់នៅវត្តអារាម ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធ ញាតិការទាំង៧សណ្តាន រួមមាន មាតា បិតា ជីដូន ជីតា បងប្អូនកូនចៅ គ្រូឧជ្ឈាយាចារ្យ បុព្វការីជន-បុព្វបុរសជាតិ កងពលនាយទាហាន វីរ:កងទ័ព ដែលបានពលីជីវិតការពារទឹកដី និងបងប្អូនជនរួមជាតិទាំងឡាយ ដែលបានលាចាកលោកនេះទៅកាន់លោកខាងមុខ ហើយសូមអញ្ជើញមកទទួលយកផល្លានិសង្ឃបានគ្រប់ៗគ្នា។ ក្នុងឱកាសនោះដែរលោកជំទាវបណ្ឌិត ក៏បានផ្ដល់អំណោយមនុស្សធម៌ដល់សមាគម លោកតាស៊ីក្លូជាង ១០០ នាក់ផងដែរ។សូមរម្លឹកថា ចាប់តាំងពីសម័យបុរាណកាល រហូតមកដល់បច្ចុប្បន្ននេះ ពិធីបុណ្យភ្ជុំបិណ្ឌ​តែង​តែប្រារព្ធនៅក្នុងរដូវវស្សា ព្រោះនៅក្នុងរដូវនេះ ពពួកប្រេត អាចមានឱកាសច្រើនក្នុងការស្វែង រកចំណីអាហារជាងរដូវផ្សេងៗ ទាំងអស់៕ អត្ថបទ៖ សំ ងីម

ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ ក្រសួងមុខងារសាធារណៈបង្ហាញស្មារតីទទួលខុសត្រូវខ្ពស់ និងត្រៀមលក្ខណៈរួចរាល់ធ្វើប្រតិបត្តិការជំរឿនមន្ត្រីជាក់ស្តែងសម្រេចលទ្ធផលជូនរាជរដ្ឋាភិបាល

2025/09/07 05:17:59 pm        429
ក្រោយទទួលបានសេចក្តីសម្រេចស្តីពីការតែងតាំងសមាសភាពក្រុមការងារ និងលេខាធិការដ្ឋាននៃគណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីជាក់ស្តែង ក្រុមការងារ នៃគណៈកម្មការធ្វើជំរឿនមន្រ្តី ទាំងអស់បានជួបជុំគ្នា ដើម្បីពិនិត្យសមាសភាពក្រុមការងារ តួនាទី ភារកិច្ច ការទទួលខុសត្រូវទៅតាមផ្នែកនិងគោលដៅនីមួយៗ។ កិច្ចប្រជុំនាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ ដែលដឹកនាំដោយ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ បានផ្សព្វផ្សាយ និងបញ្ជាក់ពីតួនាទី រួមជាមួយការពិភាក្សាផ្តល់ធាតុចូលបន្ថែម លើកិច្ចការងារបច្ចេកទេសត្រៀមអនុវត្តក្នុងដំណើរការយុទ្ធនាការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីជាក់ស្តែងទៅតាមគោលដៅទាំង៣។តាមរយៈការចូលរួមមតិយោបល់ក្នុងកិច្ចប្រជុំ ថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួងមុខងារសាធារណៈបានបង្ហាញឆន្ទៈ និងការតាំងចិត្ត រួមជាមួយក្នុងស្មារតីទទួលខុសត្រូវខ្ពស់ចំពោះការអនុវត្តការងារដ៏មានសារៈសំខាន់នាពេលខាងមុខ។ ទន្ទឹមនោះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ក៏បានសង្កត់ធ្ងន់ដែរថា ការងារនាពេលនេះ ជាការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធក្រសួង ស្ថាប័នផង និងជាការជំរឿនមន្ត្រីជាក់ស្តែងតាមរចនាសម្ព័ន្ធនីមួយៗផង។ ឯកឧត្តមក៏បានរំលឹកប្រសាសន៍របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដែលធ្លាប់បានលើកឡើងថា “ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងជាការរៀបចំទិន្នន័យដែលមានភាពច្បាស់លាស់ មានការឯកភាពគ្នា និងប្រើប្រាស់បានរួមគ្នា”។គួរជម្រាបថា ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃគ្រឹះស្ថានសិក្សាសាធារណៈ និង អង្គភាពសុខាភិបាលមូលដ្ឋាន នឹងចាប់ផ្តើមនៅរាជធានីភ្នំពេញ។ ដោយឡែក ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធក្រសួង ស្ថាប័ន នឹងចាប់ផ្តើមនៅក្រសួងមុខងារសាធារណៈ។

ប្រធានក្រុមការងារចុះជួយឃុំទួលសាលា អំពាវនាវពលរដ្ឋជឿជាក់លើរាជរដ្ឋាភិបាល ស្វែងរកសន្តិភាពជូនប្រទេសជាតិ ជុំវិញជម្លោះព្រំដែន

2025/09/07 05:09:11 pm        69
កំពង់ស្ពឺ៖ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំទួលសាលា ស្រុកបសេដ្ឋ លោកឧត្តមសេនីយ៍អគ្គានុរក្ស ទិន សុវណ្ណនី បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសរួមទាំងយុវជនឱ្យមានការជឿជាក់លើការដឹកនាំប្រកបដោយភាពម៉ឺងម៉ាត់ និងការដាក់ចេញយុទ្ធសាស្រ្តដោះស្រាយប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាក្នុងការស្វែងរកសន្តិភាពជូនប្រទេសជាតិ ជុំវិញបញ្ហាជម្លោះព្រំដែនដែលបង្កឡើងដោយកងទ័ពសៀម។ការអំពាវនាវដូច្នេះ ធ្វើឡើងក្នុងជំនួបសំណេះសំណាលជាមួយសមាជិក សមាជិកានៃគណបក្សប្រជាជនកម្ពុជាដែលទើបចូលថ្មីប្រមាណ១៩៣នាក់ នៅឃុំទួលសាលា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥ ។លោកឧត្តមសេនីយ៍អគ្គានុរក្ស ទិន សុវណ្ណនី បានលើកឡើងថា ជំហរកម្ពុជាតាំងពីដើមរៀងមក គឺអំណត់អត់ធ្មត់ជាខ្លាំង មិនចង់ឃើញឡើយការផ្ទុះអាវុធបង្កើតជាសង្គ្រាមបង្ក​ជាគ្រោះមហន្តរាយ​ដល់អាយុជីវិតវីរកងទ័ពនោះទេ ម្លោះហើយបានជាម្តងហើយម្តងទៀត ​ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាក់គោលដៅដ៏ធំជាងគេគឺប្រឹងប្រែង ​អត់ធ្មត់ហើយធ្វើការទូតដើម្បីបញ្ជៀសសង្គ្រាម ។លោកបានបន្តថា កម្ពុជាធ្លាប់ហែលឆ្លងភ្លើងសង្គ្រាមរាប់រយឆ្នាំមកហើយ ដូច្នេះថ្នាក់ដឹកនាំនៃប្រទេសកម្ពុជា គឺស្គាល់ច្បាស់ណាស់ពីយុទ្ធសាស្ត្រសង្គ្រាម។ មួយវិញទៀតសង្គ្រាម៥ថ្ងៃ នៅតាមព្រំដែនបានចប់ហើយ តែការស្រេកឃ្លានឈ្លានពានពីប្រទេសថៃមកលើកម្ពុជាមិនទាន់ចប់ទេ ដោយផែនការគេ ចង់វាយសង្គ្រុបយ៉ាងកំរោលមកលើកម្ពុជា សំអាងលើ សព្វាវុធទំនើបៗ និងចំនួនកងទ័ពច្រើនជាងកម្ពុជា។តែផែនការនេះ បានបរាជ័យដោយសារកងទ័ពដ៏អង់អាចក្លាហានកម្ពុជាទប់ជាប់។លោកបន្ថែមថា បទឈប់បាញ់ដែលផ្តួចផ្តើមឡើងដោយ អាមេរិក ចិន អាស៊ាន ជាខែលរារាំងមហិច្ឆតាឈ្លានពានរបស់ប្រទេសថៃ ហើយបង្កើតបានជាសង្គ្រាមការទូតដែលជាភាពខ្លាំងរបស់កម្ពុជាដែលខិតខំប្រឹងប្រែងសន្សំសំចៃតាំងពីថ្នាក់ដឹកនាំជំនាន់ចាស់ តាមរយៈបញ្ចូលកម្ពុជាទៅក្នុងសមគមអន្តរជាតិដោយមានការទទួលស្គាល់ និង កោតសរសើរមិនដាច់ពីមាត់ពីប្រទសជាសមាជិក។លោកឧត្តមសេនីយ៍អគ្គានុរក្សប្រធានក្រុមការងារ បានគូសបញ្ជាក់ថា ស្របតាមលំអានគំរូវីរភាពដឹកនាំដ៏អង់អាចរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា គឺសម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្តយកចិត្តទុកដាក់ខ្ពស់បំផុតលើកិច្ចការពារបូរណភាពទឹកដី ដោយឈរលើឆន្ទៈដោះស្រាយបញ្ហាព្រំដែនប្រកបដោយសន្តិវិធី ដើម្បីធានាបានអាយុជីវិតបងប្អូនវីរ:កងទ័ពដ៏អង់អាច។ក្នុងន័យនេះ លោកឧត្តមសេនីយ៍អគ្គានុរក្ស ទិន សុវណ្ណនី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រទេស បន្តស្មារតីវិញជាធ្លុងមួយ ក៏ប៉ុន្តែក៏មិនត្រូវធ្វើសកម្មភាពណាដែលនាំឱ្យប៉ះពាល់ដល់ជំហរដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈការប្រើប្រាស់យន្តការបច្ចេកទេស និងច្បាប់អន្តរជាតិជាគោលនោះឡើយ។ហើយជាកិច្ចតបស្នងដល់ការខិតខំរបស់ប្រមុខថ្នាក់ដឹកនាំនេះ ក្នុងនាមអាជ្ញាធរ គ្រប់ជាន់ថ្នាក់ សមត្ថកិច្ចទាំងបីប្រភេទ គប្បីខិតខំបម្រើ និងយកចិត្តទុកដាក់ក្នុងការផ្តល់​សេវាគ្រប់បែបយ៉ាង​ទៅដល់ពលរដ្ឋ និងការពារឱ្យបាននូវសុខសុវត្ថិភាព ក្នុងមូលដ្ឋានធ្វើយ៉ាងណា​ឱ្យពលរដ្ឋមានភាព​កក់ក្តៅនិងមានទំនុកចិត្តមកលើការដឹករបស់រាជរដ្ឋាភិបាលពិសេសគឺគណបក្សប្រជាជនកម្ពុជា៕

សម្ដេចធិបតី អបអរលោក Anutin ក្លាយជានាយករដ្ឋមន្ត្រីថៃថ្មី ខណៈកម្ពុជារងចាំធ្វើការជាមួយគ្នាស្ដារទំនាក់ទំនង និងសន្តិភាពប្រទេសទាំងពីរឡើងវិញ

2025/09/07 04:47:19 pm        921
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥នេះ បានផ្ញើសារលិខិត អបអរសាទរចំពោះលោក Anutin Charnvirakul ដែលក្លាយជានាយករដ្ឋមន្ត្រីទី៣២ នៃព្រះរាជាណាចក្រថៃ ខណៈកម្ពុជាកំពុងរងចាំធ្វើការជាមួយគ្នា ដើម្បីស្ដារទំនាក់ទំនង និងសន្ដិភាពរវាងប្រទេសទាំងពីរឡើងវិញ។ តាមរយៈលិខិតអបអរសាទរនេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ទៅកាន់ លោក Anutin នាយករដ្ឋមន្ត្រីថៃថ្មីថា ទាំងកម្ពុជា និងថៃ គឺជាប្រទេសជិតខាងគ្នាដោយភូមិសាស្ត្រ និងសមាជិកអាស៊ាន។ សម្ដេចបានថ្លែងថា សន្តិភាព ការរួមរស់ជាមួយគ្នាប្រកបដោយសុខដុមរមនា និងវិបុលភាពរួមគ្នារវាងប្រទេសទាំងពីរ គឺជាសេចក្តីប្រាថ្នារបស់ប្រជាជននៃប្រទេសទាំងពីរ។ សម្ដេចនាយករដ្ឋមន្រ្ដី បានថ្លែងបញ្ជាក់ថា សម្ដេចសង្ឃឹមយ៉ាងមុតមាំថា ជាមួយ នឹង​ការប្តេជ្ញាចិត្តរួម​គ្នារវាងសម្ដេច និងនាយករដ្ឋមន្ត្រីថៃថ្មីក្នុងការកសាងទំនាក់ទំនងស្និទ្ធស្នាល និងកិច្ច​សហប្រតិបត្តិការល្អ ប្រជាជនកម្ពុជា-ថៃ នឹងទទួលបាននូវភាពរុងរឿង និងរីកចម្រើន​ប្រកប​ដោយ​សុខដុមរមនា និងសប្បាយរីករាយ។ជាមួយនឹងស្មារតីនេះ​សម្ដេចធិបតី​នាយករដ្ឋមន្រ្ដី បានអះអាងថា សម្ដេចទន្ទឹងរង់ចាំ​ធ្វើការ​យ៉ាង​ជិតស្និទ្ធជាមួយលោក Anutin Charnvirakul ​ដើម្បីស្តារទំនាក់ទំនងរវាងកម្ពុជា និងថៃឱ្យមាន​ភាពប្រក្រតីឡើងវិញ ​កសាង​ទំនុកចិត្តគ្នាទៅវិញទៅមក និងប្រែក្លាយព្រំដែនរួមគ្នា​រវាងព្រះរាជាណាចក្រទាំងពីរឱ្យទៅជាសន្តិភាព​ កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍន៍ និងវិបុលភាពរួមគ្នា៕

ឯកឧត្តម ប៉េង ពោធិ៍នា ចុះជួបសំណេះសំណាលជាមួយមន្រ្តីរាជការ បុគ្គលិកសុខាភិបាល និងសួរសុខទុក្ខពលរដ្ឋកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យតេជោសែនកោះធំ

2025/09/07 04:36:35 pm        392
នាព្រឹកថ្ងៃអាទិត្យ ទី៧ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា ប្រធានក្រុមការងារ​រាជ​រដ្ឋាភិបាល ចុះមូលដ្ឋានស្រុកស្អាង និងស្រុកកោះធំ បានអញ្ជើញចុះជួបសំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកសុខាភិបាល និងសួរសុខទុក្ខបងប្អូនកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យតេជោសែនកោះធំ ដែលមានទីតាំង​ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២១ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។ ជំនួបនេះមានការចូលរួមពី ឯកឧត្តមសាស្ដ្រាចារ្យមហាបរិញ្ញា គង់ សន្យា អគ្គនាយកមន្ទីរពេទ្យ​កាល់ម៉ែត ​ឯកឧត្តម លោកជំទាវ លោក លោកស្រីក្រុមការងាររាជ​រដ្ឋាភិបាលចុះមូលដ្ឋាន​ស្រុកកោះធំ ថ្នាក់ដឹកនាំ និងបុគ្គលិកមន្ទីរពេទ្យតេជោសែនកោះធំ ព្រមទាំងអាជ្ញាធរមូលដ្ឋាន​ស្រុកកោះធំគ្រប់លំដាប់ថ្នាក់ ដែលត្រូវបានធ្វើឡើងក្នុងគោលបំណងពិនិត្យ​មើលពីស្ថានភាព​ជាក់ស្តែង ក៏ដូចជាស្វែងយល់ពីតម្រូវការចាំបាច់នានារបស់មន្ទីរពេទ្យ។ ឯកឧត្តម ប៉េង ពោធិ៍នា បានថ្លែងនូវការកោតសរសើរជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់រូបម្រើ​ការងារនៅក្នុងមន្ទីរពេទ្យតេជោសែនកោះធំ ដែលបានយកចិត្តទុកដាក់ខិតខំបំពេញការងារ និងផ្តល់សេវាជូនបងប្អូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរនាពេលកន្លងមក។ ឯកឧត្តមប្រធានក៏បានលើកទឹកចិត្ត និងជំរុញធ្វើយ៉ាងណាឱ្យការផ្តល់សេវា​សុខាភិបាល​កាន់តែមានភាពលឿនរហ័ស ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ ដើម្បីទទួលបាននូវការ​ជឿទុកចិត្តពីបងប្អូនដែលទៅទទួលយកសេវាពីមន្ទីរពេទ្យ។ ឆ្លៀតក្នុងឱកាសនោះ​ ឯកឧត្តមប្រធាន ក៏បាននាំយកនូវថវិកាមួយចំនួនជូនដល់ស្រ្តីឆ្លងទន្លេ និង​អ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅផ្នែកសង្រ្គោះបន្ទាន់ផងដែរ។ គួរបញ្ជាក់ថា មន្ទីរពេទ្យតេជោសែនកោះធំ ត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី១៣ ​ខែមីនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ​នៃព្រះរាជាណាចក្រកម្ពុជា។ មន្ទីរពេទ្យនេះបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ ដោយប្រើរយៈពេលសាងសង់ចំនួន ១៨ខែ និង១៣ថ្ងៃ នៅលើផ្ទៃដីប្រមាណ ១,៣ហិកតា ក្នុងនោះមានអគារថ្មីចំនួន ០៣ខ្នង ទំហំសរុបស្មើនឹង ១៤ ៧០០ម៉ែត្រក្រឡា។ គម្រោងសាងសង់មន្ទីរពេទ្យនេះ ​ដែលពីមុនជាមន្ទីរពេទ្យបង្អែកកោះធំ គឺជាគំនិតផ្តួចផ្តើមរបស់​ឯកឧត្តម ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកឧត្តម ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល​ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង ស្របតាមកម្មវិធី​នយោបាយ​របស់រាជរដ្ឋាភិបាល និងចក្ខុវិស័យសម្រាប់អភិវឌ្ឍជាតិរបស់សម្តេចតេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្រ្តី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ​ដែលតែងតែគិតគូរ​ យកចិត្តទុកដាក់ពីសុខទុក្ខ សុខភាព ​និងសុខមាលភាពរបស់ប្រជាពលរដ្ឋ។ មន្ទីរពេទ្យនេះបានក្លាយជាមណ្ឌលផ្តល់សេវាសុខាភិបាលសាធារណៈជូនដល់ប្រជាពលរដ្ឋប្រមាណជាង ៦០ម៉ឺននាក់​ ដែលរស់នៅក្នុងស្រុកស្អាង​ ស្រុកកោះធំ ​ស្រុកលើកដែក​ នៃខេត្តកណ្តាល និង​ស្រុកព្រៃកប្បាស ​នៃខេត្តតាកែវ ​និងតំបន់ជុំវិញ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ្នកវិទ្យាសាស្ត្របកស្រាយប្រវត្តិភូគព្ភសាស្ត្រនៃជ្រលងភ្នំ Grand Canyon
04/17/2026 08:04 PM
វិមានក្រឹមឡាំង៖ សហប្រតិបត្តិការយានដ្រូនរបស់អឺរ៉ុបជាមួយអ៊ុយក្រែន គឺជាការចូលរួមខ្លាំងឡើងៗ នៅក្នុងសង្គ្រាម
04/17/2026 08:04 PM
អតីតប្រធានាធិបតីមីយ៉ាន់ម៉ា មានសេរីភាព ក្រោយការលើកលែងទោស ពាក់ព័ន្ធការផ្ដន្ទាទោសក្រោយរដ្ឋប្រហារ
04/17/2026 08:04 PM
UN៖ ស្រ្តី និងក្មេងស្រី ៤៧នាក់ ត្រូវបានសម្លាប់ក្នុង ១ថ្ងៃ អំឡុងសង្រ្គាមហ្កាហ្សា
04/17/2026 08:04 PM
លោក Macron និងលោក Starmer រៀបចំកិច្ចប្រជុំកំពូលស្តីពីសន្តិសុខច្រកសមុទ្រ Hormuz
04/17/2026 08:04 PM
ប្រធានាធិបតីលីបង់ បញ្ជាក់ថា កិច្ចចរចាដោយផ្ទាល់ជាមួយអ៊ីស្រាអែល គឺ «សំខាន់ណាស់»
04/17/2026 07:04 PM
មនុស្ស ៦នាក់ ស្លាប់ និងមនុស្ស ៤៣នាក់ រងរបួសនៅអ៊ុយក្រែន ក្នុងការវាយប្រហាររបស់រុស្ស៊ី រយៈពេល ១ថ្ងៃកន្លងមកនេះ
04/17/2026 07:04 PM
រដ្ឋមន្រ្តីការពារជាតិ៖ អ៊ីស្រាអែលនឹងបន្តគ្រប់គ្រងទឹកដីដែលពួកគេដណ្តើមបាននៅភាគខាងត្បូងលីបង់
04/17/2026 07:04 PM
អាល្លឺម៉ង់មិនចូលរួមបេសកកម្មច្រកសមុទ្រ Hormuz នោះទេ រហូតដល់សន្តិភាពសម្រេចបាន
04/17/2026 07:04 PM
សភាហូឡង់គាំទ្រសំណើ ដើម្បីជំរុញឲ្យមានការផ្អាកកិច្ចព្រមព្រៀង EU-អ៊ីស្រាអែល
04/17/2026 07:04 PM