ករណី Online Scam សាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនជនជាតិចិន និង ជប៉ុន៨នាក់ នៅពន្ធនាគារ PJ
សមត្ថកិច្ចកំណត់បានហើយក្រុមមនុស្សដែលវាយបំផ្លាញរថយន្តនៅខណ្ឌដូនពេញ បើមិនចូលខ្លួននឹងមានវិធានការច្បាប់
បីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
៣ថ្ងៃនៃសង្រ្កាន្តឆ្នាំថ្មីកោះកុង ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់

ព័ត៌មានជាតិ

ទីក្រុង និងស្រុករបស់កម្ពុជាចំនួន៥ ទទួលបានពានរង្វាន់ទីក្រុងនិរន្តរភាពបរិស្ថានអាស៊ាន និងវិញ្ញាបនបត្រទទួលស្គាល់ដីស្អាត ទឹកស្អាត និងខ្យល់ស្អាត

2025/09/04 07:59:25 am        149
ទីក្រុងចំនួន៣ និងស្រុកចំនួន២ របស់ព្រះរាជាណាចក្រកម្ពុជា បានទទួលពានរង្វាន់ទីក្រុងនិរន្តរភាពបរិស្ថានអាស៊ាន (ASEAN ESC AWARD) និងវិញ្ញាបនបត្រទទួលស្គាល់ដីស្អាត ទឹកស្អាត និងខ្យល់ស្អាត រួមមាន១) ក្រុងសៀមរាប នៃខេត្តសៀមរាប ទទួលបានពានរង្វាន់ទីក្រុងនិរន្តរភាពបរិស្ថានឆ្នាំ២០២៥ ២) ក្រុងព្រះសីហនុ នៃខេត្តព្រះសីហនុ ទទួលបានវិញ្ញាបនបត្រទទួលស្គាល់សេដ្ឋកិច្ចចក្រា៣) ក្រុងតាខ្មៅ នៃខេត្តកណ្តាល ទទួលបានវិញ្ញាបនបត្រទទួលស្គាល់ទឹកស្អាត៤) ទីប្រជុំជនស្រុកត្បូងឃ្មុំ នៃខេត្តត្បូងឃ្មុំ វិញ្ញាបនបត្រទទួលស្គាល់ខ្យល់ស្អាតនិង៥) ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ទទួលបាន វិញ្ញាបនបត្រទទួលស្គាល់ទឹកស្អាត។ពិធីប្រគល់ពានរង្វាន់ទីក្រុងនិរន្តរភាពបរិស្ថានអាស៊ាន និងវិញ្ញាបនបត្រទទួលស្គាល់ដីស្អាត ទឹកស្អាត និងខ្យល់ស្អាត បានប្រារព្ធធ្វើឡើង ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ នៅក្នុងក្របខណ្ឌនៃកិច្ចប្រជុំរដ្ឋមន្រ្តីបរិស្ថានអាស៊ាន លើកទី១៨ នៅទីក្រុង Langkawi ប្រទេសម៉ាឡេស៊ី ក្រោមវត្តមានរបស់រដ្ឋមន្រ្តីបរិស្ថាននៃបណ្តាប្រទេសសមាជិក តំបន់នៃប្រជាជាតិអាស៊ីអាគ្នេយ៍ ក្នុងនោះគណៈប្រតិភូកម្ពុជាដឹកនាំដោយ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាននៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយអគ្គលេខាអាស៊ាន ផងដែរ។ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានវាយតម្លៃខ្ពស់ចំពោះជោគជ័យរបស់កម្ពុជា លើឆាកអន្តរជាតិ ដែលទីក្រុងនិងទីប្រជុំជនរបស់កម្ពុជាមានភាពស្អាត និងទទួលបានពានរង្វាន់ និងវិញ្ញាបនបត្រទទួលស្គាល់ទាំងនេះ ដែលឆ្លុះបញ្ចាំងនូវការដាក់ចេញនូវយុទ្ធសាស្រ្ត និងគោលនយោបាយត្រឹមត្រូវ របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសការដឹកនាំប្រកបដោយភាពវាងវៃខ្ពង់ខ្ពស់ និងមានភាពស្វាហាប់ ប្រកបដោយថាមពល របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ព្រមជាមួយការអនុវត្តតាមយុទ្ធសាស្រ្តចក្ក្រាវិស័យបរិស្ថាន ដែលមានសសរស្តម្ភចំនួន៣គឺ «ភាពស្អាត ភាពបៃតង និងចីរភាព»។ ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍ថាកន្លងមកនេះ យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន បាននិងកំពុងដាក់ចេញការងារជាអាទិភាព ដើម្បីធានាឱ្យបាននូវចីរភាពបរិស្ថាន និងសុក្រឹតកម្មបរិស្ថានកិច្ច ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់សេដ្ឋកិច្ចបៃតង សំដៅធានាសម្រេចគោលដៅកម្ពុជា បង្កើនគម្របបៃតង និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។ទាក់ទងនឹងភាពស្អាត ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធនាការជាច្រើន ដើម្បីធ្វើការអនុវត្តទប់ស្កាត់ការបំពុលបរិស្ថាន ដោយផ្តោតលើភាពស្អាតផ្ទៃដី ភាពស្អាតផ្ទៃទឹក និងភាពស្អាតផ្ទៃមេឃ ដែលមានការគាំទ្រ និងចូលរួមអនុវត្តសកម្មភាពពី ថ្នាក់ដឹកនាំ មន្រ្តីរាជការ ក្រសួងបរិស្ថាន និងក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី ខេត្ត អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ គ្រឹះស្ថានសាធារណៈ ផ្នែកឯកជន អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ យុវជនកម្ពុជា ព្រះសង្ឃ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋនៅទូទាំងប្រទេស គឺសំដៅធ្វើយ៉ាងណាឱ្យផ្ទះរបស់យើង សង្គមយើង ប្រទេសកម្ពុជាមានភាពស្អាត ដើម្បីសុខមាលភាពប្រជាពលរដ្ឋផង និងបរិស្ថានផង។ កន្លងមកក្រសួងបរិស្ថាន បានដាក់ចេញភាពស្អាតផ្ទៃដី តាមរយៈយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» មានអ្នកចូលរួមសរុបជាង ១១លាន អង្គ/នាក់។ យុទ្ធនាការ «កម្ពុជា ស្អាត ខ្មែរធ្វើបាន» បានជំរុញសកម្មភាពរួមគ្នា ចេញរើសសំរាម សំណល់ប្លាស្ទិក ក្នុងពេលតែមួយ ដើម្បីសម្អាតតាមផ្ទះ តាមមូលដ្ឋាន និងនៅតាមដងផ្លូវ។ រហូតមកដល់ពេលនេះ មានអ្នកចូលរួមក្នុងយុទ្ធនាការ ជាង ៦លាន អង្គ/នាក់។ យុទ្ធនាការសម្អាតផ្លូវជាតិ «ផ្លូវជាតិគ្មានសំរាម និងសំណល់ប្លាស្ទិក» បាននិងកំពុងជំរុញឱ្យបណ្តាក្រុង ស្រុក ខណ្ឌនៅតាមដងផ្លូវជាតិមានភាពស្អាត គ្មានសំរាម និងសំណល់ប្លាស្ទិករាយប៉ាយ។ដើម្បីភាពស្អាតផ្ទៃទឹក ក្រសួងបរិស្ថានបានផ្តោតលើការទប់ស្កាត់ និងកាត់បន្ថយការបំពុលទឹក ពីរោងចក្រ សហគ្រាស។ ក្រសួងបានអនុវត្តច្បាប់១០០% ដោយតម្រូវឱ្យប្រភពបំពុល ត្រូវបំពាក់និងដំណើរការប្រព្រឹត្តកម្មសំណល់រាវ និងធ្វើការបំពាក់ឧបករណ៍ស្វ័យប្រវត្តិតាមដានសំណល់រាវ ស្របតាមច្បាប់ជាធរមាន។ គិតត្រឹមខែសីហា ឆ្នាំ២០២៥ នេះ មានរោងចក្រចំនួន៥២ បានចុះកិច្ចសន្យារួច ក្នុងនោះមាន រោងចក្រចំនួន៤២ បានបំពាក់ឧបករណ៍ស្វ័យប្រវត្តិនេះរួចរាល់ ក្នុងនោះខេត្តកណ្តាល មានចំនួនច្រើនជាងគេ ហើយនឹងត្រូវប្រកាសជាខេត្តគំរូរបស់កម្ពុជា ដែលបានចូលរួមអនុវត្តភាពស្អាតផ្ទៃទឹក នៅពេលខាងមុខ។ចំពោះភាពស្អាតផ្ទៃមេឃ ក្រសួងបរិស្ថានបានអនុវត្តវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ តាមរយៈការបំពាក់ឧបករណ៍ និងស្ថានីយតាមដានត្រួតពិនិត្យគុណភាពខ្យល់ស្វ័យប្រវត្តិ នៅទូទាំងរាជធានី ខេត្តចំនួន ៥៩ទីតាំង រថយន្តចល័តត្រួតពិនិត្យគុណភាពខ្យល់ចំនួន៣គ្រឿង និងឧបករណ៍តាមដានត្រួតពិនិត្យគុណភាពខ្យល់ពីផ្កាយរណបចំនួន១គ្រឿង។ ទិន្នន័យទទួលបានពីឧបករណ៍ និងស្ថានីយតាមដានគុណភាពខ្យល់ត្រូវបានផ្សព្វផ្សាយជូនសាធារណៈបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព និងទទួលបានការគាំទ្រពីប្រជាពលរដ្ឋ។ បន្ថែមពីនេះ ក្រសួងបានដាក់ចេញវិធានការ ស្តីពីការហាមឃាត់ការដុតកម្ទេចក្រណាត់ និងសំណល់ឧស្សាហកម្មគ្រប់ប្រភេទនៅក្នុងឡចំហាយ ឡកំដៅ ឡឥដ្ឋ ដែលមិនមានបំពាក់ប្រព័ន្ធសម្អាត និងកាត់បន្ថយសារធាតុបំពុលខ្យល់ត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស៕

កម្ពុជាប្ដេជ្ញាចិត្តខ្ពស់ និងបង្ហាញពីជំហរក្នុងការរួមចំណែកដោះស្រាយបញ្ហាបរិស្ថានក្នុងតំបន់ និងពិភពលោក

2025/09/03 09:01:06 pm        125
ទីក្រុងឡាំងកាវី ប្រទេសម៉ាឡេស៊ី៖ នៅថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ២០២៥ នាកិច្ចប្រជុំរដ្ឋមន្ត្រីបរិស្ថានអាស៊ានលើកទី១៨ (18th AMME) ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានកម្ពុជា បានថ្លែងសុន្ទរកថាដ៏សំខាន់មួយ ដែលបានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ និង ជំហររបស់កម្ពុជា ក្នុងការរួមចំណែកដោះស្រាយបញ្ហាបរិស្ថានក្នុងតំបន់ និងពិភពលោក។ ក្នុងនោះ កម្ពុជាបានអនុវត្តនូវសកម្មភាពសំខាន់ៗជាច្រើនដូចជា គោលនយោបាយបរិស្ថាន ដោយបានអនុម័តយុទ្ធសាស្ត្រជាតិ "ការអភិវឌ្ឍន៍ប្រកបដោយភាពធន់ និរន្តរភាព និងរួមបញ្ចូល" និងយុទ្ធសាស្ត្ររយៈពេលវែងសម្រាប់ភាព អព្យាក្រឹតកាបូននៅឆ្នាំ ២០៥០។ ការគ្រប់គ្រងសំរាមប្លាស្ទិក និងការជំរុញឱ្យប្រជាជនកម្ពុជាច្រើនជាងពាក់កណ្តាលនៃប្រជាជនសរុបអនុវត្តគោលការណ៍ 4R (បដិសេធ កាត់បន្ថយ ប្រើឡើងវិញ និងកែច្នៃឡើងវិញ)។ ការអភិរក្សព្រៃឈើ និងបរិស្ថាន បានដាក់ចេញការដាំកូនឈើជាង ២លានដើម ក្នុងមួយឆ្នាំ ដើម្បីកាត់បន្ថយចំនួនចំណុចក្តៅនៃភ្លើងឆេះព្រៃ និងអនុវត្តច្បាប់បរិស្ថានតឹងរ៉ឹងដោយតម្រូវឱ្យវិស័យឯកជនដំឡើងប្រព័ន្ធប្រព្រឹត្តកម្មទឹកសំណល់ជាដើម។សកម្មភាពចម្បងទាំងនេះ គឺឈានឆ្ពោះទៅសម្រេចបានជាប្រទេសអាព្យាក្រឹតកាបូននៅឆ្នាំ២០៥០ ដោយបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវយុទ្ធសាស្ត្រជាតិរយៈពេលវែង ដែលក្នុងនោះមានយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ជាផែនការជាតិ និងមានយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ជាទិសដៅក្នុងការអនុវត្តការងារប្រកបដោយប្រសិទ្ធភាព និងការចូលរួម ដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ការពារបរិស្ថាន ធានាការបាត់បង់ជីវចម្រុះ និង ការបំពុលដោយប្លាស្ទិក។លើសពីនេះ កម្ពុជា ក៏បានអំពាវនាវ និងជំរុញឱ្យមានការចូលរួមពីបណ្តាប្រទេសក្នុងតំបន់អាស៊ាន តាមរយៈកិច្ចសហប្រតិបត្តការក្នុងតំបន់លើវិស័យសំខាន់ៗ និងគាំទ្រយ៉ាងមុតមាំតាមរយៈស្ថាប័ននានា ដូចជាមជ្ឈមណ្ឌលអាស៊ានសម្រាប់ជីវចម្រុះជាដើម។ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនេះគឺជាវេទិកាដ៏សំខាន់មួយ សម្រាប់ពួកយើងដើម្បីរៀបចំសម្រាប់ COP30 នាពេលខាងមុខនៅក្នុងប្រទេសប្រេស៊ីល។ សម្រាប់សេចក្តីថ្លែងការណ៍រួមរបស់អាស៊ានចំពោះCOP30 កម្ពុជាជឿជាក់ថា លទ្ធភាពទទួលបានសមធម៌នៃហិរញ្ញវត្ថុអាកាសធាតុ និងបច្ចេកវិទ្យាបៃតងដែលមានតម្លៃសមរម្យត្រូវតែជាធាតុផ្សំស្នូល។ បើគ្មានធនធានដែលអាចព្យាករណ៍បាន គ្មានរដ្ឋសមាជិកណាអាចអនុវត្តការប្តេជ្ញាចិត្តរបស់ខ្លួនបានពេញលេញនោះទេ។ ដូច្នេះ អាស៊ានត្រូវតែនិយាយដោយសំឡេងខ្លាំងមួយ ដើម្បីធានាថាកង្វល់របស់យើងត្រូវបានគេឮ និងគោរពក្នុងការចរចាជាសាកល៕

ពលរដ្ឋគំរូប្រគល់ កុលាលភាជន៍សម័យអង្គរចំនួន១ ជូនអាជ្ញាធរជាតិព្រះវិហារ

2025/09/03 08:47:29 pm        176
នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ផេង សំអឿន អគ្គនាយករង នៃអាជ្ញាធរជាតិព្រះវិហារ និងឯកឧត្តម ភិន សំណាង ប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងតម្កល់ឯកសារ បានទៅទទួលកុលាលភាជន៍ប្រភេទថូ ចំនួន១ ពី ប្រជាពលរដ្ឋចំនួន ២រូប។ពលរដ្ឋគំរូទាំង ២រូបខាងលើ គឺលោក ម៉ុក រ៉ាមី និង លោក វុធ វ៉ា រស់នៅក្នុងភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានប្រទេះឃើញ កុលាលភាជន៍នេះ នៅពេលជីកដីក្នុងបរិវេណលំនៅដ្ឋានរបស់ពួកគាត់។ ថូនេះ មានកម្ពស់ ៣១ សង់ទីម៉ែត្រ ទទឹង ១៩ សង់ទីម៉ែត្រ មានស្រទាប់រលោងពណ៌ត្នោត ផលិតនៅសម័យអង្គរ។អាជ្ញាធរជាតិព្រះវិហារ បានអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក ម៉ុក រ៉ាមី និងលោក វុធ វ៉ា ដែលស្ម័គ្រចិត្តប្រគល់កុលាលភាជន៍នេះសម្រាប់ថែរក្សាទុកនៅក្នុងសារមន្ទី ធម្មជាតិសកលសម្តេចតេជោ ហ៊ុន សែន ព្រះវិហារ ដើម្បីថែរក្សា ជាបេតិកភណ្ឌរបស់ជាតិ និងដើម្បីយកមករក្សាទុក និងសិក្សាស្រាវជ្រាវបន្ត។គួរបញ្ជាក់ថា កន្លងមក អាជ្ញារធរជាតិព្រះវិហារ តែងតែ បានទទួលវត្ថុបុរាណពី បណ្តាអង្គភាពនានា និងប្រជាពលរដ្ឋដែលបានប្រទះឃើញ ហើយស្ម័គ្រចិត្តប្រគល់ជូន សារមន្ទីរធម្មជាតិសកលសម្តេចតេជោ ហ៊ុន សែន ព្រះវិហារ៕

ស្វាយចន្ទីកម្ពុជា កំពុងមានវត្តមាននៅជប៉ុន ចំនួន ១៦ ៣២០ ទីតាំង ក្នុងផ្សារ Family Mart

2025/09/03 08:17:11 pm        393
ស្វាយចន្ទីកម្ពុជា កំពុងមានវត្តមានដាក់លក់ក្នុងផ្សារ Family Mart ដ៏ល្បី ដែលមានចំនួន ១៦ ៣២០ ទីតាំង នៅប្រទេសជប៉ុន ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធរវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន Mirarth Holdings Inc. ព្រមទាំង ក្រុមហ៊ុន ITOCHU Corporation នារសៀលថ្ងៃពុធ ទី៣ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងអូសាកា តំបន់កាន់សៃ ប្រទេសជប៉ុន លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន លោក Taniguchi Kentaro អគ្គនាយកក្រុមហ៊ុន Mirarth Energy Solutions Inc., គណៈប្រតិភូ Mirarth Holdings, Inc., តំណាងក្រុមហ៊ុន ITOCHU Corporation និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។លោកជំទាវ ចម និម្មល បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន Mirarth Holdings Inc. និងក្រុមហ៊ុនជាដៃគូទាំងអស់ ដែលមានកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងបានខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់ការកែច្នៃ និងនាំចេញស្វាយចន្ទីកម្ពុជាប្រកបដោយគុណភាព និងស្តង់ដារអន្តរជាតិ មកកាន់ទីផ្សារជប៉ុន និងទីផ្សារគោលដៅផ្សេងទៀត។ លោកជំទាវរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្ត និងគាំទ្រឱ្យក្រុមហ៊ុនបន្តកែច្នៃផលិតផលសក្តានុពលផ្សេងទៀត ក្រៅពីស្វាយចន្ទី ជាពិសេសផលិតផលពាក់ម៉ាកសម្គាល់ភូមិសាស្រ្ត (Geographical Indication Products)៕

ឯកឧត្តម ស៊ុន ចាន់ថុល៖ ចំនួនគម្រោងវិនិយោគ ៨ខែ ឆ្នាំ២០២៥ គឺជាតួលេខបំបែកកំណត់ត្រាច្រើនជាងគេ ៣០ឆ្នាំមកនេះ

2025/09/03 07:38:39 pm        226
ភ្នំពេញ ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លើកឡើងថា តួលេខ ចំនួនគម្រោងវិនិយោគ រយៈពេល៨ខែ ឆ្នាំ២០២៥នេះ គឺជាតួលេខបំបែកកំណត់ត្រាច្រើនជាងគេ ចាប់តាំងពីបង្កើតក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអស់រយៈពេលជាង ៣០ឆ្នាំកន្លងមក។ក្នុងជំនួប ទទួលការសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ លោក Ritesh Kumar Singh នាយកប្រតិបត្តិតែងតាំងថ្មីរបស់ ក្រុមហ៊ុនស្មាត អាស្សាតា (Smart Axiata) នារសៀលថ្ងៃពុធ ទី៣ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន ចាន់ថុល បានបង្ហាញថា រយៈពេល ៨ខែដំបូង ឆ្នាំ២០២៥ មានគម្រោងវិនិយោគជិត ៥០០គម្រោង ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ អត្រានេះគឺច្រើនជាងរយៈពេលពេញមួយឆ្នាំ២០២៤ ដែលមាន ៤១៤គម្រោង។ តួលេខរយៈពេល៨ខែ ឆ្នាំ២០២៥នេះ គឺជាតួលេខបំបែកកំណត់ត្រាច្រើនជាងគេ ចាប់តាំងពីបង្កើតក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអស់រយៈពេលជាង ៣០ឆ្នាំកន្លងមក។ឯកឧត្តម ស៊ុន ចាន់ថុល បានជម្រាបជូនអំពីវឌ្ឍនភាព នៃការងារទាក់ទាញវិនិយោគមកកម្ពុជា តាមរយៈការគោះទ្វារវិនិយោគនៅបរទេស ការរៀបចំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន និងការដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យាឌីជីថល។ ជាមួយគ្នានេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (ប្រព័ន្ធ cdcIPM) ផ្តល់លទ្ធភាពឱ្យវិនិយោគិនដាក់ពាក្យបានគ្រប់ពេលវេលា គ្រប់ទីកន្លែង បង្កើតតម្លាភាព ប្រសិទ្ធភាព ជាពិសេសការប្រើប្រាស់ e-Signature e-Stamp និង QRCode verify ផ្តល់លទ្ធភាពឱ្យធ្វើការពិនិត្យនីតិវិធី និងអនុម័តគម្រោង ដោយចុះហត្ថលេខា និងត្រាអេឡិចត្រូនិក បានលឿនរហ័ស និងចេញវិញ្ញាបនបត្រជាទម្រង់ឌីជីថលសម្រាប់ប្រើប្រាស់ជាផ្លូវការបានតែម្តង។គួរបញ្ជាក់ថា រយៈពេល ៨ខែ នៃ ឆ្នាំ២០២៥ នេះ គណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចុះបញ្ជីគម្រោងវិនិយោគចំនួន ៤៩១គម្រោង ក្នុងទំហំទុនវិនិយោគសរុប ប្រមាណ ៧,២ប៊ីលានដុល្លារអាម៉េរិក គឺគម្រោងវិនិយោគមានការកើនឡើងចំនួន ២០៤គម្រោង ស្មើនឹងប្រមាណ ៧១% ខណៈទុនវិនិយោគមានការកើនឡើងប្រមាណ ២,៥ប៊ីលានដុល្លារអាម៉េរិក ស្មើនឹង ប្រមាណ ៥០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។គួរបញ្ជាក់បន្ថែមថា ក្រុមហ៊ុនស្មាត អាស្សាតា បានបណ្តាក់ទុនវិនិយោគនៅកម្ពុជាតាំងពីឆ្នាំ២០០៨ បច្ចុប្បន្នបានបង្កើតការងារជូនប្រជាពលរដ្ឋជិត ៥ម៉ឺនកន្លែងទូទាំងប្រទេស បម្រើដល់អតិថិជនជាង ៨លាននាក់ ក្រោយទទួលបានការលើកទឹកចិត្តពីរាជរដ្ឋាភិបាល ស្របតាមការកំណត់ក្នុងច្បាប់ ស្តីពី វិនិយោគនៃព្រះរាជាណាចក្រកម្ពុជា និងបទដ្ឋានគតិយុត្តជាធរមាន៕

គម្រោងវិនិយោគនៅកម្ពុជា កើន ៧១% ខណៈទុនវិនិយោគកើន ២,៥ប៊ីលានដុល្លារអាម៉េរិក ក្នុងរយៈពេល ៨ខែ ឆ្នាំ២០២៥

2025/09/03 06:54:35 pm        292
រយៈពេល ៨ខែ នៃ ឆ្នាំ២០២៥ នេះ គណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចុះបញ្ជីគម្រោងវិនិយោគចំនួន ៤៩១គម្រោង ក្នុងទំហំទុនវិនិយោគសរុប ប្រមាណ ៧,២ប៊ីលានដុល្លារអាម៉េរិក គឺគម្រោងវិនិយោគមានការកើនឡើងចំនួន ២០៤គម្រោង ស្មើនឹងប្រមាណ ៧១% ខណៈទុនវិនិយោគមានការកើនឡើងប្រមាណ ២,៥ប៊ីលានដុល្លារអាម៉េរិក ស្មើនឹង ប្រមាណ ៥០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ តាមរយៈ សេចក្តីប្រកាសព័ត៌មាន ស្ដីពី “គម្រោងវិនិយោគចំនួន៥១ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៦០៨លានដុល្លារអាម៉េរិក ត្រូវបានចុះបញ្ជីដោយគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងខែសីហា ឆ្នាំ២០២៥” នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានកត់សម្គាល់ឃើញថា បើប្រៀបធៀបនឹង គម្រោងវិនិយោគដែលត្រូវបានចុះបញ្ជីក្នុងឆ្នាំ២០២៤ ដែលមានត្រឹមតែ ៤១៤គម្រោង ក្នុងរយៈពេល ៨ខែ នេះ គ.វ.ក. បានចុះបញ្ជីគម្រោងវិនិយោគលើសការចុះបញ្ជីគម្រោងវិនិយោគពេញមួយឆ្នាំ២០២៤ មានត្រឹម ៧៧គម្រោង។គួរបញ្ជាក់ថា ក្នុងខែសីហា ឆ្នាំ២០២៥ គណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចុះបញ្ជីគម្រោងវិនិយោគ សរុបចំនួន ៥១គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៦០៨លានដុល្លារ អាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ២៧ពាន់កន្លែង។ ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៣៥គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ១៦គម្រោង៕

ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងកម្មវិធី Plug and Play Cambodia Community Series: Scale and connect

2025/09/03 06:10:10 pm        173
នៅល្ងាចថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញជាអធិបតីក្នុងកម្មវិធី Plug and Play Cambodia Community Series: Scale and connect ដោយមានការចូលរួមពីលោក Jupe Tan នាយកផ្នែកកិច្ចសហប្រតិបត្តិការប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុន Plug and Play LLC ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ ក.ប.ទ. តំណាងស្ថាប័នអប់រំ និងតំណាងក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល ធនាគារ ធុរជន និងស្ថាបនិកធុរកិច្ចថ្មី សរុបប្រមាណ ១០០រូប នៅសណ្ឋាគារ Hyatt Regency Phnom Penh។ពិធីនេះ រៀបចំឡើងដោយ Plug and Play Cambodia និងមជ្ឈមណ្ឌលបច្ចេកវិទ្យានៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ដោយសហការជាមួយ ក.ប.ទ. ក្នុងគោលបំណងប្រមូលផ្ដុំសហគ្រាស វិនិយោគិន និងធុរកិច្ចថ្មី ដើម្បីផ្សារភ្ជាប់ទំនាក់ទំនង សំដៅផ្លាស់ប្តូរគំនិត បង្កើតភាពជាដៃគូ និងពង្រឹងមូលដ្ឋានគ្រឹះប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីឌីជីថលនៅកម្ពុជា។

គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ(ដីឥដ្ឋ -ថ្មគរ) សម្រេចបាន២៣% គិតត្រឹមដើមខែកញ្ញា ឆ្នាំ២០២៥

2025/09/03 05:45:31 pm        126
ភ្នំពេញ៖ នាថ្ងៃពុធ ទី៣ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្ដម សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគ្រប់គ្រងគម្រោងស្ពានឆ្លងកាត់ទន្លេមេគង្គ(ដីឥដ្ឋ-ថ្មគរ) បានដឹកនាំក្រុមការងារចុះពិនិត្យផ្លូវវៀងគម្រោង ចាប់ពីផ្លូវបំបែកផ្លូវលេខ១១៦ A (គ.ម២+៨០០) ដល់ផ្លូវជាតិលេខ១ ដែលត្រូវបានបិទជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ រហូតដល់ ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៨ និងពិនិត្យវឌ្ឍនភាពស្ពានឆ្លងកាត់ទន្លេមេគង្គ(ដីឥដ្ឋ-ថ្មគរ)។គិតត្រឹមដើមខែកញ្ញា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ(ដីឥដ្ឋ-ថ្មគរ)សម្រេចបាន២៣%ហើយ។ ក្រសួងសាធារណការ និងដឹកជញ្ជូន សូមជម្រាបជូនដំណឹងដល់សាធារណជន ប្រជាពលរដ្ឋ ប្រតិបត្តិករ និងក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ដែលធ្វើដំណើរឆ្លងកាត់តាម មហាវិថី ស៊ី ជីនពីង (ផ្លូវក្រវាត់ក្រុងទី៣) ជ្រាបថា ក្រសួងសាធារណការ និងដឹកជញ្ជូន បាននិងកំពុងអនុវត្តគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) មានទីតាំងផ្នែកខាងលិច នៅឃុំដីឥដ្ឋ ស្រុកកៀនស្វាយ និងខាងកើតស្ថិតនៅឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល។ ក្នុងអំឡុងពេលនៃការសាងសង់នេះ កំណាត់ផ្លូវមហាវិថី ស៊ី ជីនពីង ចាប់ពីផ្លូវបំបែកផ្លូវលេខ១១៦ A (គ.ម២+៨០០) ដល់ផ្លូវជាតិលេខ១ ត្រូវបានបិទជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង០៧ព្រឹក តទៅរហូតដល់ ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៨។សូមជម្រាបជូនថា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ(ដីឥដ្ឋ-ថ្មគរ) ជាប្រភេទស្ពានបេតុង ប្រវែងស្ពាន និងផ្លូវក្បាលស្ពានសរុប: ៣,៧០០ ម៉ែត្រ ដែលក្នុងនោះតួស្ពានមានប្រវែងសរុប ១,៦០០ ម៉ែត្រ និងទទឹង ២៦ម៉ែត្រ(៤គន្លងផ្លូវ)។ ផ្លូវតភ្ជាប់ក្បាលស្ពាន ប្រវែង ២,១០០ ម៉ែត្រ ទទឹងផ្លូវ ២៦ ម៉ែត្រ ក្រាលបេតុងកៅស៊ូ(AC) និងសាងសង់ផ្លូវបង្វែរទិសចរាចរណ៍ ចំនួន៤ខ្សែ។ រយៈពេលសាងសង់ ចំនួន៤៨ ខែ (គ្រោងនឹងបញ្ចប់ក្នុងឆ្នាំ២០២៨)៕

ក្រសួងបរិស្ថានបន្តចែកកូនឈើចម្រុះដោយឥតគិតថ្លៃក្នុងឆ្នាំ២០២៥ ជូនពលរដ្ឋយកទៅដាំ ដើម្បីជួយបង្កើនគម្របបៃតងនៅកម្ពុជា

2025/09/03 04:14:35 pm        403
ដើម្បីឱ្យស្របតាមរដូវកាល ក្នុងឆ្នាំ២០២៥ ក្រសួងបរិស្ថាននៅបន្តចែកជូនកូនឈើ ដោយ​ឥត​គិត​ថ្លៃ​ដល់​សាធារណជនពីថ្នាលបណ្តុះកូនឈើ របស់មន្ទីរបរិស្ថានរាជធានី ខេត្ត និង​តាម​ថ្នាល​បណ្តុះ​កូន​ឈើ​ថ្នាក់​តំបន់នានាផងដែរ។ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួអបរិស្ថាន បានឱ្យដឹងថា ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ ក្នុង​ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដែលមានកូនឈើចម្រុះ ចំនួនជាង ៣០ម៉ឺនដើម ក្នុង​មាន​ប្រភេទ​ឈើ​បេង នាងនួន រាំងទឹក ដើមគរ ដើមអំពិលទឹកបារាំង(ច័ន្ទគីរី) ដើមអំពិលផ្អែម ដើមក្ងោក លឿង​រាជ និងដើមផ្កាក្រដាស ជាដើម។ ដើម្បីទទួលបានកូនឈើយកទៅដាំ នៅថ្នាល​បណ្តុះកូ​ន​ឈើ​​ថ្នាក់តំបន់ ក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ សូមសាធារណជនមេត្តារួសរាន់ ទំនាក់​ទំនង​មក​ក្រសួង​បរិស្ថាន ឬទាក់ទង៖១) ឯកឧត្តម ខ្វៃ អាទិត្យា (Tel & Telegram: 012 683 968)២)លោកជំទាវ មាស ច័ន្ទធីតា (Tel & Telegram: 095 585 887)និង៣) ឯកឧត្តម សែម ហាក់ (Tel & Telegram: 085 755 566)អ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់បន្ថែមថា ប្រជាជន និងប្រទេសកម្ពុជា យើង​អាច​ទទួល​បាន​ប្រយោជន៍ជាច្រើននាពេលអនាគតពីការដាំដើមឈើ ទទួលបានផលទាំងសេដ្ឋកិច្ច និង​សុខុ​មាល​ភាព​។ ពោល គឺដើមឈើដែលបានដាំដុះទាំងអស់នោះ នៅពេលធំធាត់​ទៅនឹង​ស្រូប​យក​កាបូន ដែលយើងអាចលក់បាន សម្រាប់ជួយដល់ការអភិវឌ្ឍប្រទេសជាតិ និងចូលរួមចំណែក ឆ្លើយ​តប​នឹងការប្រែប្រួលអាកាសធាតុ ដែលជាបញ្ហាសកល ចូលរួមដល់ការអភិវឌ្ឍ និងសេដ្ឋកិច្ច​ប្រជា​ពលរដ្ឋ​នៅមូលដ្ឋាន តាមរយៈការរៀបចំអភិវឌ្ឍន៍គោលដៅលំហែបៃតងជាដើម។ សូមបញ្ជាក់ថា ក្នុងអាណត្តិទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​យុទ្ធ​សាស្ត្រ​បញ្ច​កោណ ដំណាក់កាលទី១ ហើយតាមរយៈយុទ្ធសាស្ត្រនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការណែនាំ និងចង្អុល​បង្ហាញ​ដល់​ក្រសួង​បរិស្ថាន ឱ្យរៀបចំឡើងនូវយុទ្ធសាស្ត្រចក្រា ដែលមានសសរស្ដម្ភបី នោះគឺ ភាពស្អាត ភាពបៃតង និង​ចីរភាព។នៅក្នុងសសរស្ដម្ភទីពីរ «ភាពបៃតង» គឺជំរុញការគ្រប់គ្រងតំបន់ការពារធម្មជាតិ ពង្រីក​ចលនា​ដាំ​ដើម​ឈើ និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន។ ក្រសួងបរិស្ថាន បានរៀបចំថ្នាល់​បណ្តុះ​កូន​ឈើ​នៅទូទាំងរាជធានីខេត្ត និងធ្វើការបណ្តុះកូនឈើប្រណិតដូចជា ក្រញូង បេង នាងនួង ធ្នង់ កកោះ ស្រឡៅ ប្រភេទកូនឈើហូបផ្លែ កូនឈើព្រៃលិចទឹក កោងកាង និងជា​ពិសេស​កូន​ត្នោត ដែលបណ្តុះ និងថែទាំផ្ទាល់ដោយ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និង​បានធ្វើការចែកកូនឈើដែលបានបណ្តុះទាំងនោះ ជូនដល់​សាធារណ​ជន​ដោយ​ឥត​គិត​ថ្លៃ​តាម​រយៈ​យុទ្ធនាការ«ពន្លកបៃតង»។ ក្រសួងបរិស្ថានបានជំរុញការបណ្តុះកូនឈើ នៅតាមថ្នាល របស់មន្ទីរបរិស្ថានទូទាំងប្រទេស និង​បាន​បង្កើតថ្នាលបណ្តុះកូនឈើ ថ្នាក់តំបន់ចំនួន៥ កន្លែងធំៗ នៅខេត្តត្បូងឃ្មុំ ខេត្តសៀមរាប ខេត្ត​មណ្ឌលគីរី ខេត្តកំពង់ស្ពឺ និងខេត្តកោះកុង។ នៅឆ្នាំ២០២៥ កូនឈើចម្រុះ ជាង ៣,៤លានដើម ក្នុង​នោះមានកូនឈើព្រៃ២លានដើម ឈើហូបផ្លែជាង១៤ម៉ឺនដើម និងកូនត្នោតជាង១,៣ លាន​ដើម ត្រូវបានបណ្តុះ និងបានចែកជូនសាធារណជន ជាបន្តបន្ទាប់យកទៅដាំ នៅតាម​ទី​សាធារណៈ​នានា តាមសាលារៀន វត្តអារាម តាមលំនៅឋាន និងដាំស្តារព្រៃតាមសហគមន៍ ។ល។ ក្នុងឆ្នាំ២០២៥នេះ កូនឈើ ចំនួន២,៧លានដើម ក្នុងនោះកូនត្នោតប្រមាណ៩០ម៉ឺនដើម ត្រូវបានចែកជូនប្រជាពលរដ្ឋយកទៅដាំរួចមកហើយ។ នៅក្នុងឆ្នាំនេះដែរ ក្រសួង​មាន​គម្រោង​ចែក​កូន​ឈើជូនសាធារណៈជនយកទៅដាំចំនួន៣លានដើម ក្នុងនោះកូ​ន​ត្នោត​ចំនួន​១​លាន​ដើម​៕

ទូតជប៉ុន អរគុណកម្ពុជា​បានខិតខំ​ដោយ​ស្មារតី​ទទួល​ខុស​ត្រូវ​ឆ្លើយ​តប​ប្រកប​ដោយ​ភាព​ទន់​ភ្លន់​ចំពោះ​ក្ដីកង្វល់ និងសំណូមពរនានារបស់វិនិយោគិនជប៉ុន

2025/09/03 04:00:24 pm        502
ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ទី៣ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុ​ប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកឧត្តម UENO Atsushi ឯកអគ្គរដ្ឋទូតវិសាមញ្ញ និង​ពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានដឹកនាំកិច្ចប្រជុំលើកទី៣០ នៃ​គណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ សមាគម​ធុរកិច្ចជប៉ុននៅកម្ពុជា(JBAC) គណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ច និង​ឧស្សាហ​កម្ម​ AEM-METI (AMEICC) ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន(JICA) អង្គ​ការ​ពាណិជ្ជកម្មក្រៅប្រទេសជប៉ុន(JETRO) និងតំណាង​ក្រុម​ហ៊ុន​ជប៉ុន​ដែល​មាន​ប្រតិបត្តិការ​វិនិយោគ​នៅ​កម្ពុជាទាំងផ្ទាល់ និងតាមប្រព័ន្ធ online សរុបចំនួនប្រមាណ ២០០រូប។កិច្ចប្រជុំទ្វេភាគីនេះគឺជាផ្នែកមួយនៃយន្តការថែទាំវិនិយោគ រៀបចំឡើង​ក្រោម​ក្រប​ខណ្ឌនៃ​កិច្ច​ព្រម​ព្រៀង​រវាងព្រះរាជាណាចក្រកម្ពុជា និងជប៉ុន ស្តីពីសេរីភាវូបនីយកម្ម ការជំរុញ និងការ​ការពារ​វិនិយោគ។ ក្នុងកិច្ចប្រជុំនេះ បញ្ហាប្រឈម ព្រមទាំងសំណើសុំនានារបស់ផ្នែកឯកជន ត្រូវ​បាន​លើកយកមកពិភាក្សា និងស្នើសុំការពិនិត្យដោះស្រាយ ដើម្បីបន្តជំរុញ​កិច្ច​សហការ​រវាង​រដ្ឋាភិបាល​កម្ពុជា និងវិស័យឯកជន។ ប្រធានបទដែលបានលើកមកពិភាក្សាក្នុងកិច្ចប្រជុំលើកទី៣០នេះ មានវិសាលភាព​គ្រប​ដណ្តប់​លើ​វិស័យ​ពន្ធដារ គយ បរិស្ថាន ពាណិជ្ជកម្ម ភស្ដុភារកម្ម ថាមពល សន្តិសុខ និងការងារ។ជា​កិច្ចចាប់ផ្ដើម ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ វត្តមាន​របស់ឯកឧត្តមឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា តំណាងក្រសួង-ស្ថាប័ន សមាគម អង្គការ និង​វិស័យឯកជនជប៉ុនដែលបានអញ្ជើញចូលរួមកិច្ចប្រជុំនាឱកាសនេះ។ ជាមួយគ្នានេះ ឯកឧត្តម​ឧប​នាយករដ្ឋមន្ត្រី ក៏បានថ្លែង​នូវ​អំណរ​គុណ​ជូន​ចំពោះ​វិនិយោគិន​ជប៉ុន​ទាំង​អស់​ដែល​បាន​មក​បណ្តាក់​ទុន​វិនិយោគ ពង្រឹង និងពង្រីកប្រតិបត្តិការធុរកិច្ច និងគម្រោងវិនិយោគរបស់ខ្លួន ដែល​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញពីការផ្តល់នូវសេចក្តីទុកចិត្តមកលើរាជរដ្ឋាភិបាលកម្ពុជា។លើកឡើងក្នុងឱកាសនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត សម្ដែងការសោក​ស្ដាយ​ចំពោះ​ការ​បាត់​បង់​ជីវិត​របស់​ទាហាន​ពលី​កម្ពុជា ក្នុងបញ្ហាជម្លោះកម្ពុជា-ថៃ។ រាជរដ្ឋាភិបាលជប៉ុនបានចូលរួមរំលែកទុក្ខជាមួយកម្ពុជា ដោយសម្រេចផ្តល់​ជំនួយ​ឥត​សំណង​សង្គ្រោះ​ប​ន្ទាន់ចំនួន ១,៨លានដុល្លារអាម៉េរិក ដើម្បីឆ្លើយតបទៅនឹងតម្រូវការមនុស្សធម៌ផងដែរ។ ប្រទេសជប៉ុនបន្តគាំទ្រលើការអនុវត្តនូវបទឈប់បាញ់ដែលសម្រេចដោយថ្នាក់ដឹកនាំកំពូលរបស់ប្រទេស​ទាំង​ពីរ។ ជាកិច្ចបន្តចំពោះកិច្ចការងារវិនិយោគ ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែង​អំណរ​គុណ​ជូន​ចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីដែលតែងតែគាំទ្រ និងផ្ដល់កា​រ​សម្រប​សម្រួល​រាល់​សំណូម​ពរ​នានា​របស់វិនិយោគិនជប៉ុន ពិសេសចូលរួមពង្រឹង​កិច្ច​សហ​ប្រតិប​ត្តិការ​ទ្វេភាគី​ស្តីពី​ការ​ជំរុញ និងទាក់ទាញវិនិយោគប្រកបដោយគុណភាព និងស្តង់ដារខ្ពស់។ ទន្ទឹមនឹងនេះ ឯកឧត្តម​ក៏​បាន​វាយ​តម្លៃ​ខ្ពស់ជូ​ន​ចំពោះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួង-ស្ថាប័នពាក់ព័ន្ធទាំង​អស់​ដែល​កន្លង​មក​បានខិតខំប្រឹងប្រែងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការសម្របសម្រួល និង​ផ្តល់​នូវ​ការ​ឆ្លើយតបប្រកបដោយភាពទន់ភ្លន់ចំពោះក្ដីកង្វល់ និងសំណូមពរ​នានា​របស់​វិនិយោ​គិន​ជប៉ុន​។ មុនបញ្ចប់កិច្ចប្រជុំនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្នើសុំឱ្យស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បន្ត​ជំរុញ និងសហការជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការរៀបចំបង្កើតកម្មវិធីនានា ដើម្បី​ទាក់​ទាញ​វិនិយោគិន និងផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយអំពីបរិយាកាសវិនិយោគ ការលើក​ទឹក​ចិត្ត និងសក្ដានុពលរបស់កម្ពុជាជូនវិនិយោគិនជប៉ុនឱ្យបានកាន់តែទូលំទូលាយមួយកម្រិតទៀត៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ករណី Online Scam សាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនជនជាតិចិន និង ជប៉ុន៨នាក់ នៅពន្ធនាគារ PJ
04/18/2026 09:04 AM
ប្រទេសជាច្រើនបានផ្តល់តួនាទីក្នុងបេសកកម្មការពារការដឹកជញ្ជូនតាមនាវានៅច្រកសមុទ្រ Hormuz
04/18/2026 09:04 AM
អ៊ីរ៉ង់៖ ច្រកសមុទ្រ Hormuz បើក ខណៈលោកTrump សម្លឹងឃើញកិច្ចព្រមព្រៀងឆាប់ៗនេះដើម្បីបញ្ចប់សង្គ្រាម
04/18/2026 08:04 AM
ប្រធានាធិបតីលីបង់៖ ប្រទេសលោកកំពុងធ្វើការលើ «កិច្ចព្រមព្រៀងអចិន្ត្រៃយ៍» ក្រោយបទឈប់បាញ់អ៊ីស្រាអែល
04/18/2026 08:04 AM
សមត្ថកិច្ចកំណត់បានហើយក្រុមមនុស្សដែលវាយបំផ្លាញរថយន្តនៅខណ្ឌដូនពេញ បើមិនចូលខ្លួននឹងមានវិធានការច្បាប់
04/17/2026 09:04 PM
អ្នកវិទ្យាសាស្ត្របកស្រាយប្រវត្តិភូគព្ភសាស្ត្រនៃជ្រលងភ្នំ Grand Canyon
04/17/2026 08:04 PM
វិមានក្រឹមឡាំង៖ សហប្រតិបត្តិការយានដ្រូនរបស់អឺរ៉ុបជាមួយអ៊ុយក្រែន គឺជាការចូលរួមខ្លាំងឡើងៗ នៅក្នុងសង្គ្រាម
04/17/2026 08:04 PM
អតីតប្រធានាធិបតីមីយ៉ាន់ម៉ា មានសេរីភាព ក្រោយការលើកលែងទោស ពាក់ព័ន្ធការផ្ដន្ទាទោសក្រោយរដ្ឋប្រហារ
04/17/2026 08:04 PM
UN៖ ស្រ្តី និងក្មេងស្រី ៤៧នាក់ ត្រូវបានសម្លាប់ក្នុង ១ថ្ងៃ អំឡុងសង្រ្គាមហ្កាហ្សា
04/17/2026 08:04 PM
លោក Macron និងលោក Starmer រៀបចំកិច្ចប្រជុំកំពូលស្តីពីសន្តិសុខច្រកសមុទ្រ Hormuz
04/17/2026 08:04 PM