សមត្ថកិច្ចកំណត់បានហើយក្រុមមនុស្សដែលវាយបំផ្លាញរថយន្តនៅខណ្ឌដូនពេញ បើមិនចូលខ្លួននឹងមានវិធានការច្បាប់
បីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
៣ថ្ងៃនៃសង្រ្កាន្តឆ្នាំថ្មីកោះកុង ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់
ខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ

ព័ត៌មានជាតិ

អ្នកនាំពាក្យរាជរដ្ឋាភិបាល៖កម្ពុជាក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានខិតខំការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដីយ៉ាងប្តូរផ្តាច់បំផុតតាមគ្រប់មធ្យោបាយ

2025/09/04 10:40:56 am        340
ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី៤ ខែកញ្ញានេះ បានចេញសេចក្ដីប្រកាសប័ត៌មានបញ្ជាក់ជូនសាធារណជនថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានខិតខំការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដីយ៉ាងប្តូរផ្តាច់បំផុតតាមគ្រប់មធ្យោបាយ។ អ្នកនាំពាក្យរាជរដ្ឋាភិបាល ចំពោះករណីដែលបានកើតឡើងនៅភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលភាគីថៃបានធ្វើសកម្មភាពជាឯកតោភាគី ចាប់តាំងពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ មកបានធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅ និងអាស្រ័យផលជាយូរលង់មកហើយ។រាជរដ្ឋាភិបាលកម្ពុជាបានធ្វើការយ៉ាងសកម្ម ដោយប្រើយន្តការគ្រប់លំដាប់ថ្នាក់ដែលមានជាធរមាន ដើម្បីតវ៉ាទៅកាន់ភាគីថៃ និងជូនដំណឹងទៅកាន់ភាគីពាក់ព័ន្ធ តាមគ្រប់មធ្យោបាយការទូតដោយស្របតាមច្បាប់អន្តរជាតិ រួមមាន៖- ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើកំណត់ទូតតវ៉ា ចំនួន ៣លើក ទៅកាន់ក្រសួងការបរទេសថៃ និងបានលើកឡើងក្នុងវេទិកានានា និងជាមួយអង្គការអន្តរជាតិជាច្រើនលើក រួមទាំងអង្គការសហប្រជាជាតិ ជាដើម។ ជាមួយគ្នានេះ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានរៀបចំដំណើរទស្សនកិច្ច និងពិនិត្យផ្ទាល់ ដោយមានការអញ្ជើញចូលរួមពីអង្គទូត ភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជា អង្គការមិនមែនរដ្ឋាភិបាលនានា ទៅកាន់ភូមិជោគជ័យ និងភូមិព្រៃចាន់ និងកន្លែងដែលរងគ្រោះពីការប៉ះទង្គិចប្រដាប់អាវុធ កាលពីចុងខែកក្កដាកន្លងទៅ។- កិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ(GBC) ចំនួន ១លើក និងគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគកម្ពុជា-ថៃ (RBC) ចំនួន ៤លើក កាលពីពេលកន្លងទៅ ដោយភាគីកម្ពុជាបានលើកឡើងជាចម្បង អំពីកិច្ចការពារបូរណភាពទឹកដីនេះដែរ។- រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានធ្វើលិខិតកំណត់ទូតតវ៉ា ចំនួន៣លើក ក្នុងនាមគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC) ទៅកាន់សមភាគីថៃ។- អាជ្ញាធរខេត្តបន្ទាយមានជ័យ បានធ្វើលិខិតតវ៉ា ចំនួន ២លើក ទៅកាន់អាជ្ញាធរខេត្តស្រះកែវរបស់ប្រទេសថៃ។- ជាមួយគ្នានេះ ស្ថាប័ននានារបស់រាជរដ្ឋាភិបាលកម្ពុជា ដូចជាគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក៏បានធ្វើកិច្ចការងារជាមួយដៃគូរបស់ខ្លួន ដោយបានដាក់ញ្ញត្តិសុំអន្តរាគមន៍ជាបន្ទាន់លើសកម្មភាពឯកតោភាគីរបស់ភាគីថៃ ជូនអ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិទទួលបានទីជម្រកសមរម្យ ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំតំបន់អាស៊ីអាគ្នេយ៍ គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស(អាយឆា) ទាំង១០ប្រទេស និងស្ថាប័នជាតិសិទ្ធិមនុស្សឯករាជ្យផ្សេងៗទៀត។ក្រៅពីនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តែងតែលើកឡើងពីបញ្ហានេះ នៅរាល់ជំនួបជាមួយថ្នាក់ដឹកនាំបរទេសសំខាន់ៗ ដោយជំរុញឱ្យមានកិច្ចអន្តរាគមន៍ដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី អនុលោមតាមកិច្ចព្រមព្រៀងទ្វេភាគី អនុសញ្ញា សន្ធិសញ្ញា និងច្បាប់អន្តរជាតិ។ នាពេលថ្មីៗនេះ ក្នុងដំណើរអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃបូក កាលពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥នៅទីក្រុងធានជីង ប្រទេសចិន សម្តេចធិបតីនាយករដ្ឋមន្ត្រី បានលើកបញ្ហានេះជាមួយ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម វ៉ាង ហ៊ូនឹង ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិនឯកឧត្តម អង់តូនីញ៉ូ ហ្គូទែរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិ និងឯកឧត្តម អានវ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រី នៃប្រទេសម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន។ សម្តេចធិបតី បានស្នើសុំឱ្យមានកិច្ចអន្តរាគមន៍ ដើម្បីជំរុញឱ្យមានការអនុវត្តប្រកបដោយប្រសិទ្ធភាពនិងពេញលេញនូវបទឈប់បាញ់តាមរយៈវត្តមានចាំបាច់នៃ យន្តការតាមដានដោយភាគីទីបី ដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ និងបញ្ឈប់ការពង្រីកតំបន់ជម្លោះ ការប្រើប្រាស់យោធាចូលកាន់កាប់ដោយខុសច្បាប់ និងបណេ្តញប្រជាពលរដ្ឋស៊ីវិលដោយបង្ខំចេញពីតំបន់ដែលបាននិងកំពុងរស់នៅជាយូរលង់មកហើយ ដើម្បីទប់ស្កាត់សកម្មភាពបង្កហេតុ និងបញ្ចៀសហានិភ័យដ៏ធ្ងន់ធ្ងរ ដែលអាចឈានដល់ការផ្ទុះអាវុធសារជាថ្មី និងការប្រឈមមុខដាក់គ្នាប្រកបដោយគ្រោះថ្នាក់។ ចំណែក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក៏បានប្រើប្រាស់យន្តការការទូតយ៉ាងសកម្មនៅគ្រប់ជំនួបជាមួយមេដឹកនាំបរទេស ដើម្បីរកដំណោះស្រាយដោយសន្តិវិធីអនុលោមតាមច្បាប់អន្តរជាតិ ក្នុងការការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដីកម្ពុជា។អ្នកនាំពាក្យរាជរដ្ឋាភិបាល បញ្ជាក់ជូនសាធារណជនថា ការការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី គឺជាអាទិភាពចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា តាំងពីអតីតកាលនៅពេលបច្ចុប្បន្ន និងតទៅអនាគត។ រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បន្តខិតខំធ្វើយ៉ាងណាឱ្យមានដំណោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី អនុលោមតាមច្បាប់អន្តរជាតិ ដើម្បីការពារអធិបតេយ្យជាតិបូរណភាពទឹកដី និងរក្សាបាននូវសុខសន្តិភាពដែលជាសេចក្តីត្រូវការចាំបាច់របស់ប្រទេសជាតិ និងប្រជាពលរដ្ឋ។ អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕

ក្រុមហ៊ុនវិស័យទេសចរណ៍នៅវៀតណាម ប្តេជ្ញាបន្តពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍តាមរយៈការនាំភ្ញៀវទេសចរពីវៀតណាមមកកម្ពុជាបន្ថែម

2025/09/04 10:30:49 am        131
ទីក្រុងហូជីមិញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក Pham Hoang Hung តំណាងក្រុមហ៊ុន Vietravel និងទទួលបន្ទុកផ្នែកអភិវឌ្ឍអាជីវកម្ម និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីជ្រាបពីសំណូមពរ និងបញ្ហាប្រឈមរបស់ក្រុមហ៊ុនក្នុងប្រតិបត្តិការនាំភ្ញៀវទេសចរវៀតណាម និងអន្តរជាតិមកកម្ពុជា ព្រមទាំងគំនិតផ្តួចផ្តើមថ្មីៗ ក្នុងការជំរុញវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ នៅសណ្ឋាគារ Rex Hotel។ឆ្លៀតក្នុងឱកាសនៃជំនួបដ៏មានសារៈសំខាន់ និងប្រកបដោយផ្លែផ្កា ឯកឧត្តមរដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការផ្តល់នូវយុទ្ធសាស្រ្តល្អៗដើម្បីអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាជាមួយរាជរដ្ឋាភិបាលកម្ពុជា តួយ៉ាង ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើឱ្យជួយផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជាឱ្យបានកាន់តែទូលំទូលាយ ដើម្បីទាក់ទាញភ្ញៀវវៀតណាម និងភ្ញៀវអន្តរជាតិ ឱ្យចូលមកទស្សនាកម្ពុជាកាន់តែច្រើនបន្ថែមទៀត។ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានយកឱកាសនេះបញ្ជាក់ជូនអំពីប្រទេសកម្ពុជា គឺជាគោលដៅទេសចរណ៍អន្តរជាតិប្រកបដោយសុវត្ថិភាព មិត្តភាព ផ្តល់ភាពកក់ក្តៅ និងទាក់ទាញ។ ក្នុងន័យនេះ កម្ពុជានៅតែប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ឥតប្រែប្រួល គឺថែរក្សាសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយគ្រប់ប្រទេសជាមិត្ត ទោះក្នុងកាលៈទេសៈណាក៏ដោយ ដើម្បីធានាដល់ការអភិវឌ្ឍលើគ្រប់វិស័យ ទាំងសេដ្ឋកិច្ច និងសង្គម ជាពិសេសគឺសុខសុវត្ថិភាព និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋកម្ពុជា បូករួមទាំងមិត្តវៀតណាម ភ្ញៀវទេសចរវៀតណាម និងភ្ញៀវទេសចរអន្តរជាតិទាំងអស់នៅកម្ពុជា។ ជាមួយគ្នានេះគូភាគី បានឯកភាពសហការរៀបចំដំណើរទស្សនកិច្ចស្វែងយល់សក្តានុពលទេសចរណ៍ (Famtrip) នាពេលខាងមុខ ដើម្បីវិស័យឯកជនកម្ពុជា និងក្រុមហ៊ុន បានជួបពិភាក្សាឈានដល់ការសម្រេចរៀបចំកញ្ចប់ទស្សនកិច្ចរួមគ្នា។

ប្រព័ន្ធបច្ចេកវិទ្យារបស់ CDC បានកំពុងសម្រួល និងធ្វើឱ្យប្រសើរឡើងសម្រាប់អ្នកវិនិយោគនៅកម្ពុជា

2025/09/04 10:23:36 am        204
មន្រ្តីជាន់ខ្ពស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បង្ហាញពីប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (cdcIPM) និងការប្រើប្រាស់ e-Signature e-Stamp និង QRCode verify ដែលប្រព័ន្ធទាំងនេះកំពុងជួយសម្រួលដល់វិនិយោគិន និងបានកំពុងធ្វើឱ្យប្រសើរឡើង នៃការទទួលបានគម្រោងថ្មីៗបន្ថែម។ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងជំនួបសម្តែងការគួរសម និង ពិភាក្សាការងារជាមួយ លោក Ritesh Kumar Singh នាយកប្រតិបត្តិតែងតាំងថ្មីរបស់ក្រុមហ៊ុនស្មាត អាស្សាតា (Smart Axiata) នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានយកឱកាសនេះ ដើម្បីជម្រាបជូនអំពីវឌ្ឍនភាពនៃការងារទាក់ទាញ វិនិយោគមកកម្ពុជា តាមរយៈការគោះទ្វារវិនិយោគនៅបរទេស ការរៀបចំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន និងការដាក់ឱ្យប្រើប្រាស់ នូវប្រព័ន្ធបច្ចេកវិទ្យាឌីជីថល។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជម្រាបជូនថា តាមរយៈការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (ប្រព័ន្ធ cdcIPM) របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានផ្តល់លទ្ធភាពឱ្យវិនិយោគិនដាក់ពាក្យបានគ្រប់ពេលវេលា គ្រប់ទីកន្លែង បង្កើត តម្លាភាព ប្រសិទ្ធភាព ជាពិសេសការប្រើប្រាស់ e-Signature e-Stamp និង QRCode verify ផ្តល់លទ្ធភាពឱ្យធ្វើការពិនិត្យនីតិវិធី និងអនុម័តគម្រោង ដោយចុះហត្ថលេខា និងត្រាអេឡិចត្រូនិក បានលឿនរហ័ស និងចេញវិញ្ញាបនបត្រជាទម្រង់ឌីជីថល សម្រាប់ ប្រើប្រាស់ជាផ្លូវការបានតែម្តង។ ជាលទ្ធផលវិជ្ជមាន រយៈពេល៨ ខែដំបូង ឆ្នាំ២០២៥ គម្រោងវិនិយោគជិត ៥០០ គម្រោង ត្រូវបាន អនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ តួលេខរយៈពេល៨ខែ ឆ្នាំ២០២៥នេះ គឺជាតួលេខបំបែកកំណត់ត្រាច្រើនជាងគេ ចាប់តាំង ពីបង្កើតក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអស់រយៈពេលជាង ៣០ ឆ្នាំកន្លងមក។បន្ថែមពីនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានណែនាំឱ្យក្រុមហ៊ុនសហការជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការចូលរួម ប្រើប្រាស់នូវសក្តានុពលសេវាដែលខ្លួនមាន ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ព្រមទាំងបានណែនាំឱ្យក្រុមហ៊ុន សហការជាមួយក្រុម ការងារបច្ចេកវិទ្យាឌីជីថលរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លើការធ្វើឌីជីថលូបនីកម្ម ក្នុងការផ្តល់សេវាសាធារណៈរបស់ស្ថាប័ន ឱ្យបាន កាន់តែប្រសើរបន្ថែមទៀត។សូមជម្រាបជូនថា ក្រុមហ៊ុនស្មាត អាស្សាតា បានបណ្តាក់ទុនវិនិយោគនៅកម្ពុជាតាំងពីឆ្នាំ២០០៨ បច្ចុប្បន្នបានបង្កើតការងារ ជូនបងប្អូនប្រជាពលរដ្ឋជិត ៥ ម៉ឺនកន្លែង ទូទាំងប្រទេស បម្រើដល់អតិថិជនជាង ៨ លាននាក់ ក្រោយទទួលបានការលើកទឹកចិត្តពី រាជរដ្ឋាភិបាល ស្របតាមការកំណត់ក្នុងច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា និងបទដ្ឋានគតិយុត្តជាធរមាន។ ភាពរីកចម្រើន របស់ក្រុមហ៊ុននេះ បានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចរបស់កម្ពុជាផងដែរតាមរយៈការចូលរួមបង់ចំណូលថវិកាជាតិ៕អត្ថបទ៖ សុន រ៉ាឌី,

ក្រសួងមុខងារសាធារណៈ​ ពិនិត្យ​ និងកែលម្អការផ្តល់សេវាសាធារណៈរបស់ខ្លួន​តាមរយៈការតាក់តែងនិយាមនីតិវិធីប្រតិបត្តិ​

2025/09/04 10:16:25 am        238
តាមរយៈការអនុវត្តវិធានការគន្លឹះទី២ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ពោលគឺការពង្រឹងសមត្ថភាព​ សមិទ្ធកម្មក្រសួង​ ស្ថាប័ន​ ក្រសួងមុខងារសាធារណៈបានពិនិត្យនិងកែលម្អលើការផ្តល់សេវាសាធារណៈ តាមរយៈការរៀបចំនិយាមនីតិវិធីប្រតិបត្តិសម្រាប់ការផ្តល់សេវាសាធារណៈរបស់ខ្លួន។ ដើម្បីអនុវត្តការងារនេះ​ ឯកឧត្តម​ យក់ ប៊ុនណា​ រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ​ បានដឹកនាំកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពការរៀបចំនិយាមនីតិវិធីប្រតិបត្តិ សម្រាប់ការផ្តល់សេវារបស់អគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈ នៃក្រសួងមុខងារសាធារណៈ។​ នៅក្នុងកិច្ចប្រជុំ​នេះ ឯកឧត្តមប្រចាំការបានប្រសាសន៌ថា ការគិតគូរឱ្យមានការរៀបចំនិយាមនីតិវិធីប្រតិបត្តិសម្រាប់ការផ្តល់សេវារបស់អង្គភាពចំណុះក្រសួងមុខងារសាធារណៈ គឺសំដៅធ្វើយ៉ាងណាឱ្យការផ្តល់សេវារបស់អង្គភាពនីមួយៗមានប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព ជាពិសេសកាត់បន្ថយពេលវេលា និងនីតិវិធីផ្សេងៗដែលពុំមានភាពចាំបាច់។ឯកឧត្តមប្រចាំការក៏បានអនុញ្ញាតឱ្យមានមតិយោបល់កែលម្អរពីសមាជិកអង្គប្រជុំដែលបានចូលរួមផងដែរ​ ក្នុងនោះឯកឧត្តម សុខ សង្វារ រដ្ឋលេខាធិការក៏បានចូលរួមជាមតិយោបល់ថា ការរៀបចំនិយាមនីតិវិធីប្រតិបត្តិនេះគឺដើម្បីដាក់ឱ្យអនុវត្តសេវាសាធារណៈ ប្រកបដោយវិជ្ជាជីវៈ មានមូលដ្ឋានព័ត៌មាន និងទិន្នន័យជាក់លាក់គ្រប់ជ្រុងជ្រោយ ព្រមទាំងពង្រឹងការអនុវត្តមុខងារ និងភារកិច្ចរបស់អគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសារធារណៈ និងភាគីពាក់ព័ន្ធ ក្នុងក្របខ័ណ្ឌសិទ្ធិអំណាច គណនេយ្យភាព និងការទទួលខុសត្រូវច្បាស់លាស់ សំដៅគាំទ្រដល់ដំណើរការណ៍ នៃការកែទម្រង់រដ្ឋបាលសាធារណៈ ការកសាងវប្បធម៌សេវាល្អ ងាយស្រួល ឆាប់រហ័ស ប្រសិទ្ធភាព និងជឿទុកចិត្តបាន។សូមជម្រាបផងដែរថា ការរៀបចំនិយាមនីតិវិធីប្រតិបត្តិនេះ មានវិសាលភាពអនុវត្តចំពោះអង្គភាព និងមន្រ្តីរាជការពាក់ព័ន្ធនឹងការផ្តល់សេវានានា របស់អគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈ នៃក្រសួងមុខងារសាធារណៈ តែប៉ុណ្ណេះ៕

សមាជិកសភាកម្ពុជាចូលរួមសន្និសីទ AFPPD ថ្នាក់តំបន់នៅហ្វីលីពីនស្តីពីប្រជាជន និងអភិវឌ្ឍន៍ (ICPD PoA) និងរបៀបវារៈឆ្នាំ២០៣០ ស្តីពីការអភិវឌ្ឍដោយចីរភាព

2025/09/04 10:06:18 am        113
ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន៖ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា ( គណៈកម្មការទី៨ ) និងជាអនុប្រធាន CAPPD នាព្រឹកថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូសភាសមាគមសមាជិកសភាកម្ពុជា (CAPPD) ចូលរួមសន្និសីទ AFPPD ថ្នាក់តំបន់ប្រចាំឆ្នាំ២០២៥ លើប្រធានបទការអនុវត្តកម្មវិធីសកម្មភាពនៃសន្និសីទអន្តរជាតិស្តីពីប្រជាជននិងអភិវឌ្ឍន៍ (ICPD PoA) និងរបៀបវារៈឆ្នាំ២០៣០ស្តីពីការអភិវឌ្ឍដោយ ចីរភាព ។ សន្និសីទប្រចាំឆ្នាំនេះមានគោលបំណងចែករំលែកបទ ពិសោធន៍ និងបញ្ហាប្រឈមនៅក្នុងការអនុវត្តកម្មវិធីសកម្មភាពនៃសន្និសីទអន្តរជាតិស្តីពីប្រជាជន និងអភិវឌ្ឍន៍ (ICPD PoA) និងជំរុញលើកកម្ពស់ការប្តេជ្ញាចិត្តរបស់សមាជិកសភាដែលមានតួនាទីជាតំណាងឱ្យប្រជាពលរដ្ឋ ចូលរួមយ៉ាងសកម្មជាមួយរដ្ឋាភិបាលសម្រេចឱ្យបាននូវគោលដៅនៃផែនការសកម្មភាព ICPD និងរបៀបវារៈឆ្នាំ២០៣០ ។ ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម សេង ញ៉ក់ សមាជិកគណៈកម្មការទី៨នៃរដ្ឋសភានិងជាសមាជិកគណៈកម្មាធិការប្រតិបត្តិ CAPPD បានចូលរួមធ្វើបទបង្ហាញផ្តោតលើយុវជននិងគោលនយោ បាយដើម្បីអនាគតប្រកបដោយចីរភាព។ ឯកឧត្តមបានចែករំលែកបទពិសោធន៍របស់កម្ពុជានៅក្នុងការ បង្កើត និងជំរុញការអនុវត្តគោលនយោបាយឆ្លើយតប ទៅនឹងបញ្ហារបស់យុវជន ក្នុងនាមកម្ពុជាជាប្រទេសដែលមានចំនួនយុវជនអាយុក្រោម៣៥ឆ្នាំ ប្រមាណ ៦៣ភាគរយ ។ សូមបញ្ជាក់ថា វេទិកា AFPPD មានការចូលរួមពីប្រទេសប្រមាណ ៣០ជាសមាជិកនៃវេទិកាសភាស្តីពីប្រជាជន និងអភិវឌ្ឍន៍(AFPPD) មកពីតំបន់អាស៊ីខាងត្បូង អាស៊ីអាគ្នេយ៍ មជ្ឍិមបូព៌ា និងតំបន់អាហ្រ្វិក រួមទាំងអង្គការដៃគូនានាមួយចំនួនទៀត សរុបប្រមាណ៧០នាក់ ៕

សម្តេចតេជោ ប្រមុខរដ្ឋស្តីទី ទទួលសាតាំងពីឯកអគ្គរដ្ឋទូតប្រទេសប៊ូគីណាហ្វាសូ

2025/09/04 09:46:06 am        322
ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៤ ខែកញ្ញា ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទទួលសាតាំងពីលោក Daouda BITIE ឯកអគ្គរដ្ឋទូតប្រទេសប៊ូគីណាហ្វាសូ នៅវិមានព្រឹទ្ធសភា។

កម្ពុជា-ជប៉ុន បានព្រមព្រៀងគ្នាពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថាន

2025/09/04 09:36:58 am        189
ប្រទេសកម្ពុជា និងជប៉ុន បានឯកភាពធ្វើការចុះអនុស្សារណៈនៃការយោគយល់គ្នា (MoU) ពង្រីកកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថានឱ្យកាន់តែប្រសើរឡើងថែមទៀត និងបន្តស្វែងរកអ្នកវិនិយោគពីជប៉ុន លើការផលិតផលិតផលប្លាស្ទិ ដែលយកចេញពីដំឡូងមីនៅកម្ពុជា។ លទ្ធផលផ្កែផ្កានៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ កម្ពុជា-ជប៉ុន បានធ្វើឡើងបន្ទាប់ពីជំនួបពិភាក្សារវាង ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ASAO Keiichiro រដ្ឋមន្ត្រីក្រសួងបរិស្ថាន ប្រទេសជប៉ុន នៅក្នុងអំឡុងស្នាក់នៅ និងអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីបរិស្ថានអាស៊ាន លើកទី១៨ នៅប្រទេសម៉ាឡេស៊ី នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥។ក្នុងជំនួបនេះ ឯកឧត្តម ASAO Keiichiro បានរំលឹកអំពីកិច្ចសហប្រតិបត្តិកាដ៏ល្អ រវាងក្រសួងបរិស្ថានជប៉ុន ជាមួយជាមួយក្រសួងបរិស្ថានកម្ពុជា លើការរៀបចំសិក្ខាសាលាលើកទី២២ ស្តីពីសារពើភ័ណ្ឌឧស្ម័នផ្ទះកញ្ចក់ (GHG) នៅអាស៊ី (WGIA22)” ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០២៥ នៅរាជធានីភ្នំពេញ។ ជាមួយគ្នានេះ ប្រទេសទាំង២ កម្ពុជា-ជប៉ុន  និងការចុះហត្ថលេលើលិខិតនៃកិច្ចសហប្រតិបត្តិការលើការពង្រឹងប្រព័ន្ធសារពើភណ្ឌឧស្ម័នផ្ទះកញ្ចក់ នៅក្រោមរបាយការតម្លាភាពពីរឆ្នាំម្តង នៅក្រោមអនុសញ្ញក្របខណ្ឌសហប្រជាជាតិ ស្តីពីគារប្រែប្រួលអាកាសធាតុ។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី អ៊ាង សុផល្លែត បានពាំនាំនូវការសួរសុខទុក្ខ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជាដល់ ឯកឧត្តម ASAO Keiichiro និងរាជរដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុន។ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងអំពីការពង្រីកកិច្ចសហប្រតិបត្តិការរវាងក្រសួងនៃប្រទេសទាំងពីរ ក្នុងកម្រិតអនុសារណៈនៃការយោកយល់គ្នា (MoU) លើគ្រប់ផ្នែករួមទាំងវិទ្យាសាស្រ្ត បច្ចេកវិទ្យាសម្រាប់កិច្ចការពារបរិស្ថានក្នុងតំបន់ ក៏ដូចជាពិភពលោក ក្នុងនេះរួមមាន ការពង្រឹយន្តការនៃកាអុនវត្តឥណទានកាបូនរួមគ្នា រថយន្តអគ្គិសនី ការកាត់បន្ថយសំណល់ប្លាស្ទិកហូរចូលសមុទ្រ និងការស្វែងរដៃគូវិនិយោគលើការផលិតប្លាស្ទិក ដែលអាចបំបែកធាតុ បានពីដំឡូងមីរបស់កម្ពុជា។

អភិបាលខេត្តបន្ទាយមានជ័យ ប្រាប់ទៅរដ្ឋបាលខេត្តស្រះកែវថា ការធ្វើសកម្មភាពដោយឯកតោភាគីណាមួយប៉ះពាល់ដល់ប្រជាពលរដ្ឋ ដែលកំពុងរស់នៅ និងអាស្រ័យផល ក្នុងតំបន់នោះ ជាការបំពានដល់ MOU ២០០០,កិច្ចព្រមព្រៀងឈប់បាញ់ រវាងកម្ពុជា និងថៃ

2025/09/04 08:44:36 am        810
បន្ទាយមានជ័យ ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បញ្ជាក់ទៅអភិបាលខេត្តស្រះកែវ ប្រទេសថៃ ជំវិញបញ្ហាផ្ទះប្រជាជនកម្ពុជា នៅតំបន់ព្រំដែន ខេត្តបន្ទាយមានជ័យ កម្ពុជា និងខេត្តស្រះកែវ ថៃ គឺជាបញ្ហាពាក់ព័ន្ធនឹងការគ្រប់គ្រងព្រំដែន និងការងារវាស់វែង ខណ្ឌសីមានិងបោះបង្គោលព្រំដែន ដែលជាសមត្ថកិច្ចរបស់គណៈកម្មាធិការព្រំដែន ទូទៅកម្ពុជា-ថៃ (GBC) និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) នៃប្រទេសទាំងពីរ កម្ពុជា-ថៃ ស្របតាមកិច្ចព្រមព្រៀងស្តីពី កិច្ចសហប្រតិបត្តិការព្រំដែន ចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ១៩៩៥ និងអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី ការវាស់វែង ខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ ឆ្នាំ២០០០ (MOU ២០០០)។ការធ្វើសកម្មភាពដោយឯកតោភាគីណាមួយ ប៉ះពាល់ដល់ប្រជាពលរដ្ឋដែលកំពុង រស់នៅ និងអាស្រ័យផលក្នុងតំបន់នោះ ជាការបំពានដល់ MOU ២០០០, កិច្ចព្រមព្រៀងឈប់បាញ់ រវាងកម្ពុជា និងថៃ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងស្មារតីនៃកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិកា ព្រំដែនទូទៅកម្ពុជា-ថៃ(GBC) នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី ព្រមទាំងស្មារតីនៃ កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) រវាងប្រទេសទាំងពីរ នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ។សូមអានខ្លឹមសារទាំងស្រុងក្នុងលិខិតខាងក្រោម ៖ 

សមត្ថកិច្ចបង្ក្រាបក្រុមក្មេងទំនើង ដែលបង្កហិង្សាលើយុវជន០២នាក់ រងរបួសនៅខណ្ឌទួលគោក

2025/09/04 08:08:37 am        986
ភ្នំពេញ ៖ ក្រុមក្មេងទំនើងចំនួន០៤នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច ផែនព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ធ្វើការស្រាវជ្រាវបង្ក្រាបបាន ក្រោយក្រុមទាំងនេះ បានបង្កហិង្សាទៅលើយុវជន០២នាក់ បណ្តាលឲ្យរងរបួស ។ ប្រតិបត្តិការនេះ ធ្វើឡើង ក្រោមបទបញ្ជារផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បន្ទាប់ពីអំពើហិង្សាខាងលើនេះ កើតឡើង កាលពីវេលាម៉ោង១៩ និង១៦នាទីយប់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៥ (គ្រាមេឃកំពុងធ្លាក់ភ្លៀង) នៅលើផ្លូវលេខ៦០៨ ក្រុមទី១០៩ ភូមិ២៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ។ជនសង្ស័យទាំង០៤នាក់មានឈ្មោះ ទី១ម៉ៅ ប្រុសហ៊ុល ភេទប្រុស អាយុ១៥ឆ្នាំ , ទី២ឈ្មោះ បោយ រ៉ាទី ភេទប្រុស អាយុ១៥ឆ្នាំ , ទី៣ឈ្មោះ វ៉ាន់ មករា ភេទប្រុស អាយុ១៥ឆ្នាំ, ទី៤ឈ្មោះ អូន ផានិត ភេទប្រុស អាយុ១៥ឆ្នាំ ។ ជនសង្ស័យទាំង០៤នាក់ ស្នាក់នៅបន្ទប់ជួល ផ្លូវរថភ្លើង ក្រុមទី១០៩ ភូមិ២៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ។ ប្រជាពលរដ្ឋបានថតច្បាស់អំពីសកម្មភាពដែលបានកើតឡើង ហើយបង្ហោះ វីដេអូ នៃសកម្មភាពហិង្សាទៅលើបណ្តាញសង្គម ដែលជាហេតុនាំកម្លាំងសមត្ថកិច្ចទទួលបានព័ត៌មាន ក៏បើកការចុះស្រាវជ្រាវតាមចាប់ខ្លួន ក្រុមជនសង្ស័យជាបន្ទាន់ និងបន្តបន្ទាប់តែម្តងទៅ ។ បច្ចុប្បន្ន ជនសង្ស័យទាំង០៤នាក់ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធី ៕ លីហេង

ទីក្រុង និងស្រុករបស់កម្ពុជាចំនួន៥ ទទួលបានពានរង្វាន់ទីក្រុងនិរន្តរភាពបរិស្ថានអាស៊ាន និងវិញ្ញាបនបត្រទទួលស្គាល់ដីស្អាត ទឹកស្អាត និងខ្យល់ស្អាត

2025/09/04 07:59:25 am        149
ទីក្រុងចំនួន៣ និងស្រុកចំនួន២ របស់ព្រះរាជាណាចក្រកម្ពុជា បានទទួលពានរង្វាន់ទីក្រុងនិរន្តរភាពបរិស្ថានអាស៊ាន (ASEAN ESC AWARD) និងវិញ្ញាបនបត្រទទួលស្គាល់ដីស្អាត ទឹកស្អាត និងខ្យល់ស្អាត រួមមាន១) ក្រុងសៀមរាប នៃខេត្តសៀមរាប ទទួលបានពានរង្វាន់ទីក្រុងនិរន្តរភាពបរិស្ថានឆ្នាំ២០២៥ ២) ក្រុងព្រះសីហនុ នៃខេត្តព្រះសីហនុ ទទួលបានវិញ្ញាបនបត្រទទួលស្គាល់សេដ្ឋកិច្ចចក្រា៣) ក្រុងតាខ្មៅ នៃខេត្តកណ្តាល ទទួលបានវិញ្ញាបនបត្រទទួលស្គាល់ទឹកស្អាត៤) ទីប្រជុំជនស្រុកត្បូងឃ្មុំ នៃខេត្តត្បូងឃ្មុំ វិញ្ញាបនបត្រទទួលស្គាល់ខ្យល់ស្អាតនិង៥) ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ទទួលបាន វិញ្ញាបនបត្រទទួលស្គាល់ទឹកស្អាត។ពិធីប្រគល់ពានរង្វាន់ទីក្រុងនិរន្តរភាពបរិស្ថានអាស៊ាន និងវិញ្ញាបនបត្រទទួលស្គាល់ដីស្អាត ទឹកស្អាត និងខ្យល់ស្អាត បានប្រារព្ធធ្វើឡើង ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ នៅក្នុងក្របខណ្ឌនៃកិច្ចប្រជុំរដ្ឋមន្រ្តីបរិស្ថានអាស៊ាន លើកទី១៨ នៅទីក្រុង Langkawi ប្រទេសម៉ាឡេស៊ី ក្រោមវត្តមានរបស់រដ្ឋមន្រ្តីបរិស្ថាននៃបណ្តាប្រទេសសមាជិក តំបន់នៃប្រជាជាតិអាស៊ីអាគ្នេយ៍ ក្នុងនោះគណៈប្រតិភូកម្ពុជាដឹកនាំដោយ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាននៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយអគ្គលេខាអាស៊ាន ផងដែរ។ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានវាយតម្លៃខ្ពស់ចំពោះជោគជ័យរបស់កម្ពុជា លើឆាកអន្តរជាតិ ដែលទីក្រុងនិងទីប្រជុំជនរបស់កម្ពុជាមានភាពស្អាត និងទទួលបានពានរង្វាន់ និងវិញ្ញាបនបត្រទទួលស្គាល់ទាំងនេះ ដែលឆ្លុះបញ្ចាំងនូវការដាក់ចេញនូវយុទ្ធសាស្រ្ត និងគោលនយោបាយត្រឹមត្រូវ របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសការដឹកនាំប្រកបដោយភាពវាងវៃខ្ពង់ខ្ពស់ និងមានភាពស្វាហាប់ ប្រកបដោយថាមពល របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ព្រមជាមួយការអនុវត្តតាមយុទ្ធសាស្រ្តចក្ក្រាវិស័យបរិស្ថាន ដែលមានសសរស្តម្ភចំនួន៣គឺ «ភាពស្អាត ភាពបៃតង និងចីរភាព»។ ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍ថាកន្លងមកនេះ យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន បាននិងកំពុងដាក់ចេញការងារជាអាទិភាព ដើម្បីធានាឱ្យបាននូវចីរភាពបរិស្ថាន និងសុក្រឹតកម្មបរិស្ថានកិច្ច ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់សេដ្ឋកិច្ចបៃតង សំដៅធានាសម្រេចគោលដៅកម្ពុជា បង្កើនគម្របបៃតង និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។ទាក់ទងនឹងភាពស្អាត ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធនាការជាច្រើន ដើម្បីធ្វើការអនុវត្តទប់ស្កាត់ការបំពុលបរិស្ថាន ដោយផ្តោតលើភាពស្អាតផ្ទៃដី ភាពស្អាតផ្ទៃទឹក និងភាពស្អាតផ្ទៃមេឃ ដែលមានការគាំទ្រ និងចូលរួមអនុវត្តសកម្មភាពពី ថ្នាក់ដឹកនាំ មន្រ្តីរាជការ ក្រសួងបរិស្ថាន និងក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី ខេត្ត អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ គ្រឹះស្ថានសាធារណៈ ផ្នែកឯកជន អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ យុវជនកម្ពុជា ព្រះសង្ឃ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋនៅទូទាំងប្រទេស គឺសំដៅធ្វើយ៉ាងណាឱ្យផ្ទះរបស់យើង សង្គមយើង ប្រទេសកម្ពុជាមានភាពស្អាត ដើម្បីសុខមាលភាពប្រជាពលរដ្ឋផង និងបរិស្ថានផង។ កន្លងមកក្រសួងបរិស្ថាន បានដាក់ចេញភាពស្អាតផ្ទៃដី តាមរយៈយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» មានអ្នកចូលរួមសរុបជាង ១១លាន អង្គ/នាក់។ យុទ្ធនាការ «កម្ពុជា ស្អាត ខ្មែរធ្វើបាន» បានជំរុញសកម្មភាពរួមគ្នា ចេញរើសសំរាម សំណល់ប្លាស្ទិក ក្នុងពេលតែមួយ ដើម្បីសម្អាតតាមផ្ទះ តាមមូលដ្ឋាន និងនៅតាមដងផ្លូវ។ រហូតមកដល់ពេលនេះ មានអ្នកចូលរួមក្នុងយុទ្ធនាការ ជាង ៦លាន អង្គ/នាក់។ យុទ្ធនាការសម្អាតផ្លូវជាតិ «ផ្លូវជាតិគ្មានសំរាម និងសំណល់ប្លាស្ទិក» បាននិងកំពុងជំរុញឱ្យបណ្តាក្រុង ស្រុក ខណ្ឌនៅតាមដងផ្លូវជាតិមានភាពស្អាត គ្មានសំរាម និងសំណល់ប្លាស្ទិករាយប៉ាយ។ដើម្បីភាពស្អាតផ្ទៃទឹក ក្រសួងបរិស្ថានបានផ្តោតលើការទប់ស្កាត់ និងកាត់បន្ថយការបំពុលទឹក ពីរោងចក្រ សហគ្រាស។ ក្រសួងបានអនុវត្តច្បាប់១០០% ដោយតម្រូវឱ្យប្រភពបំពុល ត្រូវបំពាក់និងដំណើរការប្រព្រឹត្តកម្មសំណល់រាវ និងធ្វើការបំពាក់ឧបករណ៍ស្វ័យប្រវត្តិតាមដានសំណល់រាវ ស្របតាមច្បាប់ជាធរមាន។ គិតត្រឹមខែសីហា ឆ្នាំ២០២៥ នេះ មានរោងចក្រចំនួន៥២ បានចុះកិច្ចសន្យារួច ក្នុងនោះមាន រោងចក្រចំនួន៤២ បានបំពាក់ឧបករណ៍ស្វ័យប្រវត្តិនេះរួចរាល់ ក្នុងនោះខេត្តកណ្តាល មានចំនួនច្រើនជាងគេ ហើយនឹងត្រូវប្រកាសជាខេត្តគំរូរបស់កម្ពុជា ដែលបានចូលរួមអនុវត្តភាពស្អាតផ្ទៃទឹក នៅពេលខាងមុខ។ចំពោះភាពស្អាតផ្ទៃមេឃ ក្រសួងបរិស្ថានបានអនុវត្តវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ តាមរយៈការបំពាក់ឧបករណ៍ និងស្ថានីយតាមដានត្រួតពិនិត្យគុណភាពខ្យល់ស្វ័យប្រវត្តិ នៅទូទាំងរាជធានី ខេត្តចំនួន ៥៩ទីតាំង រថយន្តចល័តត្រួតពិនិត្យគុណភាពខ្យល់ចំនួន៣គ្រឿង និងឧបករណ៍តាមដានត្រួតពិនិត្យគុណភាពខ្យល់ពីផ្កាយរណបចំនួន១គ្រឿង។ ទិន្នន័យទទួលបានពីឧបករណ៍ និងស្ថានីយតាមដានគុណភាពខ្យល់ត្រូវបានផ្សព្វផ្សាយជូនសាធារណៈបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព និងទទួលបានការគាំទ្រពីប្រជាពលរដ្ឋ។ បន្ថែមពីនេះ ក្រសួងបានដាក់ចេញវិធានការ ស្តីពីការហាមឃាត់ការដុតកម្ទេចក្រណាត់ និងសំណល់ឧស្សាហកម្មគ្រប់ប្រភេទនៅក្នុងឡចំហាយ ឡកំដៅ ឡឥដ្ឋ ដែលមិនមានបំពាក់ប្រព័ន្ធសម្អាត និងកាត់បន្ថយសារធាតុបំពុលខ្យល់ត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានាធិបតីលីបង់៖ ប្រទេសលោកកំពុងធ្វើការលើ «កិច្ចព្រមព្រៀងអចិន្ត្រៃយ៍» ក្រោយបទឈប់បាញ់អ៊ីស្រាអែល
04/18/2026 08:04 AM
សមត្ថកិច្ចកំណត់បានហើយក្រុមមនុស្សដែលវាយបំផ្លាញរថយន្តនៅខណ្ឌដូនពេញ បើមិនចូលខ្លួននឹងមានវិធានការច្បាប់
04/17/2026 09:04 PM
អ្នកវិទ្យាសាស្ត្របកស្រាយប្រវត្តិភូគព្ភសាស្ត្រនៃជ្រលងភ្នំ Grand Canyon
04/17/2026 08:04 PM
វិមានក្រឹមឡាំង៖ សហប្រតិបត្តិការយានដ្រូនរបស់អឺរ៉ុបជាមួយអ៊ុយក្រែន គឺជាការចូលរួមខ្លាំងឡើងៗ នៅក្នុងសង្គ្រាម
04/17/2026 08:04 PM
អតីតប្រធានាធិបតីមីយ៉ាន់ម៉ា មានសេរីភាព ក្រោយការលើកលែងទោស ពាក់ព័ន្ធការផ្ដន្ទាទោសក្រោយរដ្ឋប្រហារ
04/17/2026 08:04 PM
UN៖ ស្រ្តី និងក្មេងស្រី ៤៧នាក់ ត្រូវបានសម្លាប់ក្នុង ១ថ្ងៃ អំឡុងសង្រ្គាមហ្កាហ្សា
04/17/2026 08:04 PM
លោក Macron និងលោក Starmer រៀបចំកិច្ចប្រជុំកំពូលស្តីពីសន្តិសុខច្រកសមុទ្រ Hormuz
04/17/2026 08:04 PM
ប្រធានាធិបតីលីបង់ បញ្ជាក់ថា កិច្ចចរចាដោយផ្ទាល់ជាមួយអ៊ីស្រាអែល គឺ «សំខាន់ណាស់»
04/17/2026 07:04 PM
មនុស្ស ៦នាក់ ស្លាប់ និងមនុស្ស ៤៣នាក់ រងរបួសនៅអ៊ុយក្រែន ក្នុងការវាយប្រហាររបស់រុស្ស៊ី រយៈពេល ១ថ្ងៃកន្លងមកនេះ
04/17/2026 07:04 PM
រដ្ឋមន្រ្តីការពារជាតិ៖ អ៊ីស្រាអែលនឹងបន្តគ្រប់គ្រងទឹកដីដែលពួកគេដណ្តើមបាននៅភាគខាងត្បូងលីបង់
04/17/2026 07:04 PM