ពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ រៀបចំដោយសមាគមនិស្សិតខ្មែរនៅប្រទេសជប៉ុន
TOP STORY | ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឫទ័យ នឹងព្យាបាលដោយវះកាត់ នៅក្នុងមន្ទីរពេទ្យរដ្ឋធានីប៉េកាំង
ថ្ងៃទី៥នៃ «នគរសង្រ្កាន្ត» ពលរដ្ឋ យុវជន បន្តមកដើរលេងកម្សាន្ត និងកោតសរសើរពីការតាំងពិព័រណ៍ ក្នុងភូមិវប្បធម៌ ពិសេសការរៀបចំផ្សេងៗនៅភ្នំពេញ
ថ្លៃលក់រាយប្រេងសាំង និងម៉ាស៊ូត បន្តធ្លាក់ចុះ ខណៈរដ្ឋបន្តទម្លាក់ពន្ធដល់សូន្យ% ដើម្បីជួយពលរដ្ឋ

ព័ត៌មានជាតិ

ឯកឧត្តម ប៉ែន បូណា អំពាវនាវដល់ជនរួមជាតិ​យល់​អំពី​សារៈ​សំខាន់​នៃ​ការងារ​ការទូត​ដែល​ថ្នាក់​ដឹក​នាំ​កម្ពុជា​កំពុងធ្វើលើការដោះស្រាយជម្លោះព្រំដែនជាមួយថៃ

2025/08/31 05:28:34 pm        459
ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អង្គ​ភាព​អ្នក​នាំ​ពាក្យ​រាជ​រដ្ឋាភិបាល​ នៅក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃ​ការ​អនុវត្ត​បទ​ឈប់​បាញ់​រវាង​កម្ពុជា-ថៃ» នៅល្ងាចថ្ងៃអាទិត្យ ទី៣១ ខែសីហា ឆ្នាំ២០២៥នេះ បានអំពាវនាវដល់​ជន​រួម​ជាតិ​សូម​យល់​អំពីសារៈសំខាន់នៃការងារការទូតដែលថ្នាក់ដឹកនាំកម្ពុជាកំពុងធ្វើ ដើម្បីឈាន​ទៅ​ដោះ​ស្រាយ​បញ្ហា​ជម្លោះព្រំដែនជាមួយថៃ ខណៈបច្ចុប្បន្នកម្ពុជា​កំពុង​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាងខ្លាំង​ពីថ្នាក់ដឹកនាំ​កំពូល​នៅ​លើ​ពិភព​លោក​លើ​ការ​គាំទ្រ​ការ​អនុវត្ត​បទ​ឈប់​បាញ់​ជា​មួយ​ថៃ និងឈានទៅដោះស្រាយបញ្ហាវិវាទព្រំដែនព្រទេសទាំងពីរ។ឯកឧត្តម ប៉ែន បូណា បានថ្លែងថា ថ្នាក់ដឹកនាំកំពូលរបស់កម្ពុជាយើង បាន​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​បំផុត​លើ​ជម្លោះព្រំដែនដែលកំពុងកើតឡើងជាមួយថៃ មិនថាក្នុង ឬក្រៅប្រទេស ថ្នាក់ដឹកនាំ​កំពូល​កម្ពុជា​តែង​តែ​ធ្វើការងារការទូតយ៉ាងសកម្ម ដើម្បីការពារអធិបតេយ្យភាពជាតិ បូរណភាព​ទឹកដី ដោយសន្ដិវិធី ពីព្រោះថ្នាក់ដឹកនាំយើងផ្ដល់តម្លៃដល់សន្ដិភាពដែលបានមកដោយលំបាក និង​មាន​តម្លៃបំផុតសម្រាប់ប្រទេសជាតិ និងប្រជាពលរដ្ឋខ្មែរ។ អំពាវនាវ​ដល់​ជន​រួម​ជាតិ​យល់​អំពី​សារៈ​សំខាន់​នៃការងារការទូត ជាពិសេសយល់ពីទឹកចិត្តរបស់ថ្នាក់ដឹកនាំកម្ពុជាដែលខិតខំអត់ធ្មត់ កុំ​ឱ្យ​ផ្ទុះ​អាវុធ ដោយផ្ដោតការងារសំខាន់ទៅលើការងារការទូតដើម្បីការងារអធិបតេយ្យភាពជាតិ និង​បូរណភាពទឹកដីផង និងរក្សាបាននូវសុខសន្ដិភាពផង។ សូមជម្រាបថា ក្រោយមានកិច្ចព្រមព្រៀងបទឈប់បាញ់រវាងរវាងកម្ពុជា និងថៃ បណ្ដា​សហគមន៍​អន្តរជាតិ​ និងបណ្ដាមេដឹកនាំប្រទេសមហាអំណាចធំៗដូចជាសហរដ្ឋអាមេរិក ប្រទេសចិន និង​ប្រធាន​អាស៊ាន​ប្ដូរវេន រួមនឹងសហគមន៍​អន្តរជាតិ​ជា​ច្រើន​ទៀត​បាន​បង្ហាញ​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​ការទទួលបាននូវកិច្ចព្រមព្រៀងបទឈប់បាញ់រវាងប្រទេសកម្ពុជា និងថៃ និង​បាន​គាំទ្រ​លើ​ការផ្ដល់យន្តការលើការដោះស្រាយដោយសន្ដិវិធី និងច្បាប់អន្តរជាតិផងដែរ៕ 

គណៈប្រតិភូសភាសហរដ្ឋអាមេរិកប្រចាំរដ្ឋ Texas បានអញ្ជើញបំពេញទស្សនកិច្ច​នៅខេត្តសៀមរាប

2025/08/31 05:02:00 pm        578
នាថ្ងៃទី៣០-៣១ ខែសីហា ឆ្នាំ២០២៥ គណៈប្រតិភូសភាសហរដ្ឋអាមេរិកដឹកនាំដោយ​លោក​ជំទាវ បេត វ៉ាន់ ដាញ (Beth Van Duyne) សមាជិកសភាប្រចាំរដ្ឋ Texas រួមនឹង​ឯកឧត្តម​វេជ្ជបណ្ឌិត Richard McCormick សមាជិកសភាប្រចាំរដ្ឋGeorgia និង ឯកឧត្តម Suhas Subraanyam សមាជិកសភាប្រចាំរដ្ឋ Virginia បានមកបំពេញទស្សនកិច្ចនៅខេត្តសៀមរាប ដោយមានការទទួលការស្វាគន៍យ៉ាងកក់ក្តៅពី លោក យុន លីនណេ អភិបាលរងខេត្ត និងជា​តំណាង​ដ៏ខ្ពស់ខ្ពស់របស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប។ ការបំពេញទស្សនកិច្ចរបស់ លោកជំទាវ និងសមាជិកគណៈប្រតិភូនាពេលនេះ គឺដើម្បីសិក្សាស្វែងយល់ពីការអភិវឌ្ឍលើគ្រប់វិស័យរបស់ខេត្តសៀមរាបដែលជាខេត្តទេសចរណ៍លំដាប់ពិភពលោករបស់ព្រះរាជាណាចក្រកម្ពុជា ហើយលោកជំទាវបានថ្លែងអំ​ណរគុណ​ចំពោះ​ថ្នាក់ដឹកនាំខេត្ត និងកោតសរសើរចំពោះ​កិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ​ខេត្តក្នុង​ការអភិវឌ្ឍ​ដើម្បីទាក់​ទាញភ្ញៀវទេសចរ និងវិនិយោគិនគ្រប់ទិសទីឱ្យចូលមកធ្វើដំណើរកំសាន្ត និងធ្វើការ​វិនិយោគ​ក្នុងខេត្តដ៏មានសក្តានុពលមួយនេះ។ បើទោះបីជាការបំពេញទស្សនកិច្ចនេះមានភាពមមាញឹកខ្លាំងយ៉ាងណាក៏ដោយ ក៏លោកជំទាវ និងគណៈប្រតិភូបានចំណាយពេលវេលាចូលទស្សនាប្រាសាទអង្គរវត្ត ប្រាសាទតាព្រហ្ម និងប្រាសាទបុរាណនានាជាច្រើនទៀតក្នុងតំបន់រមណីដ្ឋានអង្គរផងដែរ និងពិសេសបានកោតសរសើរស្ងប់ស្ងែងពីស្ថាបត្យកម្ម ចម្លាក់ដ៏ស្មុគស្មាញ ល្អឥតខ្ចោះ ពពេញដោយភាពអស្ចារ្យ និងអាថ៌កំបាំងនៅពីក្រោយ និងជាទីមើលថ្ងៃរះដ៏ល្អបំផុតរបស់សម្បត្តិបេតិកភណ្ឌពិភពលោកនៃមហាប្រាសាទអង្គរវត្ត។ ក្រោយបញ្ចប់ការបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃ គណៈប្រតិភូបានធ្វើមាតុភូមិវិវត្តន៍ចេញពីខេត្តសៀមរាប នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ ប្រកបដោយសុវត្ថិភាព៕

សម្តេចធិបតីទទួលជួបពិភាក្សាការងារជាមួយប្រធានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ីនៅទីក្រុងធានជីន

2025/08/31 04:53:44 pm        363
ក្នុងឱកាស អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការងារសៀងហៃ បូក ដែល​ប្រារព្ធ​ធ្វើ​ឡើងនៅទីក្រុងធានជីន ប្រទេសចិន នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥នេះ សម្តេច​ម​ហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសម្តែងការគួរសម និង​ពិភាក្សាការងារជាមួយ ឯកឧត្តម Jin Liqun ប្រធានក្រុមប្រឹក្សាភិបាល និង​ជា​ប្រធាន​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធអាស៊ី នៅសាធារណរដ្ឋប្រជាមានិតចិន។សូមជម្រាបថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កំពុង​ដឹកនាំ គណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួម​កិច្ច​ប្រជុំ​កំពូលអ​ង្គការ​សហប្រ​តិបត្តិការ​សៀងហៃ បូក ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ខែសីហាដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ នៅ​ទីក្រុ​ងធានជីន សាធារណរដ្ឋ ប្រជាមានិតចិន តបតាមការអញ្ជើញរបស់ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋ ប្រជាមានិតចិន។ ក្នុងឱកាសនោះ សម្តេច​ធិប​តី​ក៏នឹង​អញ្ជើញ​ថ្លែង​សុ​ន្ទរក​ថា​ពាក់ព័ន្ធនឹងមូលបទនៃកិច្ចប្រជុំកំពូល «ការអនុវត្ត ពហុភាគីនិយម ការ​ធានា​នូវ​សន្តិសុខ​តំបន់ និងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព»។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ផ្ដល់អនុសាសន៍ ៥ចំណុច​ដល់ក្រុមការងារពាក់​ព័ន្ធ​នឹង​​ដំណើរ​ការ​កំណែ ដើម្បីធានាឱ្យបាន សុក្រឹតភាព យុត្តិធម៌ តម្លាភាព ប្រសិទ្ធភាព និងលទ្ធផល “អ្នកចេះគឺជាប់”

2025/08/31 03:52:29 pm        332
នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ នៅវិទ្យាល័យព្រះស៊ីសុវត្ថិ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និង​ជា​ប្រធាន​គណៈ​មេ​ប្រយោគ​ទូទាំងប្រទេស បានដឹកនាំកិច្ចប្រជុំណែនាំបច្ចេកទេសដល់ប្រធាន អនុប្រធានមណ្ឌល​កំណែ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ ដោយមានការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា, ឯកឧត្ដម កែវ ធីវុធ ឧបការី អង្គភាពប្រឆាំងអំពើពុករលួយ និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ ប្រធាន អនុ​ប្រធាន​មណ្ឌល​កំណែ គណៈកម្មការអប្បមាទមណ្ឌលកំណែ បុគ្គលិកអប់រំនាយកដ្ឋានកិច្ចការប្រឡង សរុប​ចំនួន​ប្រមាណ ២១១ រូប។ក្រសួងអប់រំបានកំណត់យកវិទ្យាល័យចំនួន១០ នៅរាជធានីភ្នំពេញធ្វើជាមណ្ឌលកំណែដោយ មួយ​មណ្ឌល​កំណែកែមួយមុខវិជ្ជា។ គណៈកម្មការកំណែ ពិសេសអ្នកកែ ត្រូវគោរព​ឱ្យ​បាន​នូវ​គោល​ការណ៍ដែ​លបានកំណត់នៅគ្រប់ដំណាក់កាលការងារ រួមមាន៖ (១) ការកំណត់ល្បឿន​នៃ​ការ​កែ​កិច្ច​ការបេក្ខជន (២) ការកំណត់ចំនួនដុំកិច្ចការដែលត្រូវកែ (៣).ការប្រជុំណែនាំ​អំពី​អត្រា​កំណែ និងរបៀបកែ (៤) ការកែដោយអ្នកកែពីរនាក់ និងការពង្រឹងយន្តការក្នុងការតាមដាន (៥) ការពង្រឹងយ៉ាងម៉ឺងម៉ាត់ការអនុវត្តនូវបទប្បញ្ញត្តិ និងកម្រិតវិន័យចំពោះអ្នកកែជាដើម។ល។ក្នុងគោលដៅធានាឱ្យបាននូវសុក្រឹតភាព យុត្តិធម៌ តម្លាភាព ប្រសិទ្ធភាព និងទទួលបានលទ្ធផល “អ្នក​ចេះគឺជាប់” ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្ដល់​អនុសាសន៍​ដល់​ក្រុម​ការងារ ពាក់ព័ន្ធនឹងដំណើរការកំណែ ដូចជា ៖ ១) ពង្រឹងយន្តការ​កំណែ​តាម​លំដាប់​លំដោយ​ឱ្យ​បាន​ត្រឹម​ត្រូវ​ពេ​ញលេញ មិនអនុញ្ញាតឱ្យរំលងជំហានណាមួយឡើយ ២) ពង្រឹងវិន័យ និង​ប្រសិទ្ធ​ភាព​ការងាររបស់ក្រុមមុខវិជ្ជា ៣) ពង្រឹងប្រព័ន្ធកែ២ដង ជាការផ្ទៀងផ្ទាត់ ពិនិត្យ​ពី​លើ​បន្ថែម ៤) បន្ថែមពីលើការណែនាំផ្ទាល់មាត់ ត្រូវតែមានការអនុវត្តសាកល្បងជាក់ស្តែង ដោយ​មាន​ការ​ណែនាំ​ពីប្រធានមណ្ឌល ៥) សូមផ្តោតលើការកែឱ្យបានត្រឹមត្រូវ និងយកចិត្ត​ទុក​ដាក់​លើ​ការ​រៀប​ចំ​លំហូរការងារ និងដុំសន្លឹកកិច្ចការបេក្ខជន។តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បាន​ដាក់​ចេញ​វិធានការថ្មីមួយចំនួនពាក់ព័ន្ធ​នឹង​ការហាមឃាត់ ៩ចំណុច ឆ្លើយតបនឹងស្ថានភាពថ្មីៗ​ក្នុង​ការ​ប្រឡង​ឆ្នាំនេះ ដូចជា៖(១) ចំពោះ​បុគ្គលិកអប់រំ៖ ការយកចូល និងប្រើប្រាស់ទូរស័ព្ទដៃនៅក្នុងមណ្ឌលកំណែ ត្រូវហាមឃាត់។ អ្នកដែលអ្នកប្រព្រឹត្តល្មើសគោលការណ៍ណែនាំណាមួយ នឹងត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់ និងមិនអនុញ្ញាតឱ្យចូលរួមក្នុងដំណើរការប្រឡងជារៀងរហូត។ សូម​រៀប​ចំ​ហឹប​សុវត្ថិភាព ដើម្បីរក្សាទុកទូរស័ព្ទរបស់ក្រុមការងារកំណែ ហើយសម្រាប់​អ្នក​ដែល​មិន​អាច​ទុក​ទូរ​ស័ព្ទ​ក្នុង​ហឹបសុវត្ថិភាពបានមុនចូលអនុវត្តការងារនៅក្នុងមណ្ឌលកំណែ ត្រូវលាលែង​ពី​ការ​ងារ​កំណែ​ភ្លាម​។(២) ហាមឃាត់ដាច់ខាតការថតទុក និងបង្ហោះសន្លឹកកិច្ចការសិស្ស។(៣) មិនត្រូវយកប្រធានវិញ្ញាសា និងអត្រាកំណែចេញពីប្រធានមណ្ឌល។(៤) ត្រូវ​ប្រគល់ប្រធានវិញ្ញាសា និងអត្រាកំណែជូ​ន​គណៈ​កម្មការ​កណ្តាល​នៃ​មណ្ឌល​កំណែ​វិញ​ជា​រៀង​រាល់​ថ្ងៃ​ក្រោយ​ពេលកែចប់។(៥) សម្រាប់មហាជនទូទៅ៖ ហាមឃាត់ការថតចម្លង និងផ្សព្វផ្សាយប្រធានវិញ្ញាសាកំណែ មុន​ពេល​ចេញ​លទ្ធផលប្រឡង។ អ្នកប្រព្រឹត្តល្មើសត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ ការធ្វើ​បែប​នេះ គឺដើម្បីរក្សាបាននូវប្រព័ន្ធប្រឡងដែលយុត្តិធម៌ សុក្រឹតភាព និងទុកចិត្តបាន ជាពិសេស​ដើម្បី​ទប់​ស្កាត់​ព័ត៌មានក្លែងក្លាយ សំដៅពង្រឹងជំនឿចិត្តបេក្ខជនចំពោះប្រព័ន្ធប្រឡង។(៦) ក្រសួងនឹងចេញប្រកាសគ្រប់គ្រងសាលាបង្រៀនគួរឯកជន ត្រៀមសម្រា​ប់​ការ​ប្រឡង​ទាំង​អស់ ដើម្បីបង្កើនការទទួលខុសត្រូវ(៧) ហាមបង្ហោះព័ត៌មានមិនច្បាស់ការ ​ដោយ​សង្កេត​ឃើញ​ថា​សាលា​បង្រៀ​នគួរ​ឯកជន​មួយ​ចំនួន​ចូល​ចិត្ត​បង្ហោះព័ត៌មាន​គ្មានប្រភពច្បាស់លាស់ ដើម្បីបង្កើនប្រជាប្រិយភាព(៨) ក្រសួង​នឹង​ថ្លឹង​ថ្លែង​រវាង​ផល​ប្រយោជន៍​រួម​របស់​ប្រទេស​ជាតិ​ដែល​ចាំ​បាច់​ក្នុង​ការ​អភិវឌ្ឍ​ធន​ធាន​មនុស្ស និងការត្រួតពិនិត្យផលប្រយោជន៍ឯកជន ដើម្បីបង្ការភាពអាណាធិបតេយ្យ(៩) ក្រសួងនឹងផ្សព្វផ្សាយប្រធានវិញ្ញាសា និងអត្រាកំណែជាសាធារណៈ ក្រោយ​ពេល​ប្រកាស​ល​ទ្ធ​ផល​ប្រឡងជាផ្លូវការ។ជាថ្មីម្ដងទៀត ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅដល់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសក្រុមការងារ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ដែល​បានផ្តល់កិច្ចសហការប្រកបដោយការទទួលខុស​ត្រូវខ្ពស់​តាំង​ពី​ចាប់​ផ្តើម​ការ​ប្រឡង​រហូត​មក​ដល់ពេលនេះ ដោយគូសបញ្ជាក់ថា ការចូលរួមរបស់អង្គភាពប្រឆាំងអំពើពុករលួយ គឺ​ជា​កូន​សោរ​ជោគជ័យមួយ ក្នុងការជំរុញប្រសិទ្ធភាពនៃការអនុវត្តយន្តការប្រឡង និងការទទួល​ខុស​ត្រូវ​ចំពោះ​មហាជនឱ្យមានភាពគត់មត់។ ជាមួយគ្នានេះ សូមជំរុញលើក​ទឹក​ចិត្ត​ឱ្យ​ក្រុម​ការងារ​បច្ចេក​ទេស​ទាំង​អស់​បន្ត​ខិតខំ​ប្រឹង​ប្រែង​សហការ​ចែក​រំលែក​បទ​ពិសោធ​គ្នា​ដើ​ម្បី​ជំរុ​ញឱ្យ​ដំណើរ​ការ​កំណែ​ឆ្នាំនេះ ប្រព្រឹត្តិទៅប្រកបដោយភាពរលូន និងជោគជ័យ រក្សាបាននូវសុក្រឹតភាព យុត្តិធម៌ និងលទ្ធផលទទួលយកបាន៕ 

សហគ្រាសទេសចរណ៍ធំៗ ពីរដ្ឋធានីប៉េកាំង និងទីក្រុងធានជីង ចំនួន១០ ចាប់អារម្មណ៍​លើ​សក្តា​នុពល​ទេសចរណ៍របស់កម្ពុជា

2025/08/31 01:44:37 pm        477
ក្នុងការអញ្ជើញអមដំណើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា ចូលរួមកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃ នៅទីក្រុងធានជីង សាធារណ​រដ្ឋ​ប្រជាមានិតចិន នាល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តី​ក្រសួងទេសចរណ៍ បានឆ្លៀតពេលវេលាអនុញ្ញាតជូនលោក-លោកស្រី ជា​ប្រធាន​សហ​គ្រាស​ទេសចរណ៍ធំៗ ដ៏មានសក្តានុពលមកពីរដ្ឋធានីប៉េកាំង និងក្រុងធានជីងចំនួន១០ស្ថាប័ន ចូល​ស្តាប់ពីសភាពការណ៍ពិតពាក់ព័ន្ធនយោបាយ សន្តិសុខ សង្គម សក្តានុពលទេសចរណ៍ យន្ត​ការ​លើក​ទឹកចិត្តក្នុងវិស័យទេសចរណ៍ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល និង​ពិភាក្សា​ការងារ​លើ​ការជំរុញលំហូរភ្ញៀវទេសចរពីប្រទេសចិនទៅកាន់ប្រទេសកម្ពុជា ឱ្យបានកាន់តែ​ច្រើន​បន្ថែម​ទៀត​។នាឱកាសជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានគូស​បញ្ជាក់​ពី​ការ​ធានា​លើ​សុខ​សុវត្ថិភាព​ជូន​ភ្ញៀវ​ទេសចរ​អន្តរជាតិដែលផ្តល់ជូនដោយរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបង្ហាញ​ពី​សក្ដា​នុពល​ទេសចរណ៍​កម្ពុជា​ដល់លោក-លោកស្រីដែលជាប្រធានសហគ្រាសទេសចរណ៍ ជាពិសេស​គោល​ដៅ​ទេសចរណ៍ និងផលិតផលទេសចរណ៍សំបូរបែប បដិសណ្ឋារកិច្ចដ៏រួសរាយ និងរាក់ទាក់​របស់​ប្រជា​ជន​ខ្មែរ ម្ហូបអាហារដ៏ឆ្ងាញ់ពិសា និងមានគ្រប់ជម្រើស។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានជម្រាប​ពី​ឱកាស​មាស​សម្រាប់វិនិយោគក្នុងវិស័យទេសចរណ៍កម្ពុជា ដោយហេតុថាជាទីផ្សារ​ដែល​មាន​សក្តា​នុពល​ (Emerging Market) និងវិស័យដែលមានសក្តានុពលនានា ដើម្បីទាក់ទាញភ្ញៀវទេសចរ និង​វិនិយោគិនពីរដ្ឋធានីប៉េកាំង និងក្រុងធានជីង មកទស្សនា និងវិនិយោគនៅប្រទេសកម្ពុជា ជាមួយ​នឹង​យន្តការលើកទឹកចិត្តនានា និងការផ្តល់អាទិភាពរបស់រាជរដ្ឋាភិបាល និងស្របតាម​ស្មារតី​នៃ​ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥» ដែលបានគាំទ្រដោ​យ​ប្រមុ​ខថ្នាក់​ដឹក​នាំ​កំពូល​នៃប្រ​ទេសទាំងពីរ។​ក្នុងជំនួបដ៏សំខាន់ និងប្រកបដោយផ្លែផ្កា ភាគីកម្ពុជា និងភាគីសហគ្រាសចិន បាន​ឯកភាព​ជំរុញ​ការ​រៀប​ចំ​កញ្ចប់ទស្សនកិច្ចបន្ថែមឱ្យកាន់តែច្រើនទៅកាន់កម្ពុជា, ការភ្ជាប់ជើង​ហោះ​ហើរ​ត្រង់​រវាង​ក្រុង​ធាន​ជីង រាជធានីភ្នំពេញ និងខេត្តសៀមរាប, ការផ្សព្វផ្សាយ​សក្តា​នុពល​ទេសចរណ៍​ឱ្យ​បាន​ទូលំ​ទូលាយ និងព័ត៌មានពិតពីកត្តាសុខសុវត្ថិភាព ប្រឆាំងព័ត៌មានក្លែងក្លាយ ជាពិសេស​គឺ​បាន​ព្រម​ព្រៀង​សហការរៀបចំ FAM Trip មកទស្សនាស្វែងយល់ពីសក្តានុពលទេសចរណ៍ និង​វិនិ​យោគ​នៅ​កម្ពុជា និងការសហការរៀបចំព្រឹត្តិការណ៍ទេសចរណ៍រួមគ្នានាឆ្នាំ២០២៥ ក្នុងក្រប​ខណ្ឌ​នៃ ​“ឆ្នាំទេសចរណ៍កម្ពុជា-ចិន​ ២០២៥”៕

ក្រុមគ្រួសារវីរកងទ័ពជួរមុខ៥៤គ្រួសារ នៅស្រុកព្រៃកប្បាសទទួលអំណោយ​ពីអភិបាល​ខេត្តតាកែវ

2025/08/31 01:20:58 pm        357
តាកែវ៖ អភិបាលខេត្តតាកែវ ឯកឧត្តម វ៉ី សំណាង រួមជាមួយថ្នាក់ដឹកនាំ រដ្ឋបាលខេត្ត នៅព្រឹកថ្ងៃអាទិត្យទី 30 ខែសីហាឆ្នាំ 2025 នេះបានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមកចែកជូន ក្រុមគ្រួសារវីរៈកងទ័ពជួរមុខ ចំនួន ៥៤គ្រួសារ ក្នុងស្រុកព្រៃកប្បាស។ថ្លែងនៅចំពោះមុខក្រុមគ្រួសារវីរៈកងទ័ព ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានសម្ដែង នូវការកើតសសើរ ដល់បងប្អូនវីរៈកងទ័ពទាំងអស់ ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ ក្នុងការប្រយុទ្ធ ជាមួយកងទ័ពសៀម ឈ្លានពាន និងបានធ្វើការទប់ស្កាត់មិនអោយក្រុមទាហ៊ានឈ្លានពានសៀម ចូលមក រំលោភបូរណភាពទឹកដីខ្មែរ យើងបានឡើយ។ គម្រូវីរៈភាពដ៍អង់អាចក្លាហានរបស់កងទ័ព ធ្វើឲ្យយើងទាំងអស់គ្នា មានការស្ងប់ស្ងែង និងចងចាំគ្មាន ថ្ងៃភ្លេចចំពោះគម្រូវីរៈភាពនេះ។ឯកឧត្តមអភិបាលខេត្តតាកែវ ក៍បានគោរពថ្លែងអំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ អ៊ុំ ពូមីង បងប្អូន ក្រុមគ្រូសារកងទ័ពទាំងអស់ ដែលបានលះបង់ប្ដី ឪពុក បងប្អូន កូនក្មួយ ឲ្យទៅប្រយុទ្ធតតាំង ជាមួយពួកសត្រូវ សៀមឈ្លានពាននៅសមរភូមិមុខ ហើយយើងទាំងអស់គ្នា ដែលនៅសមរភូមិក្រោយ នឹងធ្វើជាកំលាំងចលករ ជំរុញអ្នកនៅសមរភូមិមុខ តាមរយៈការលើកទឹកចិត្ត ផ្ដល់សម្ភារៈ ស្បៀងអាហារជូនទៅសមរភូមិមុខ ជាពិសេស យកចិត្តទុកដាក់ដល់ក្រុមគ្រូសារកងទ័ពគ្រប់បែបយ៉ាង។ឯកឧត្តម វ៉ី សំណាង ក៍បានលើកឡើងប្រាប់ក្រុមគ្រូសារកងទ័ព ពីបងប្អូនប្រជាពលរដ្ឋក្នុងខេត្តតាកែវ ដែលមានទឹកចិត្ត ស្នេហាជាតិ ដោយបានចំណាយ នូវធនធានផ្ទាល់ខ្លួន ទាំងថវិកានិងសម្ភារ:ជាស្បៀងអាហារ ផ្ដល់ជូនបងប្អូនជនភៀស សឹកជាពិសេសបានឧបត្តម្ភដលវីរកងទ័ពនៅសរភូមិមុខជាច្រើនផងដែរ៕

ក្រុមការងារចុះមូលដ្ឋានស្រុកបូរីជលសារជំរុញអាជ្ញាធរផ្តល់ឯកសារបញ្ជាក់អត្តសញ្ញាណជូនពលករទើបមកពីថៃ

2025/08/31 12:52:45 pm        369
ថ្លែងក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងនាំយកអំណាយ ប្រគល់ជូនពលករខ្មែរ ២៧ គ្រួសារ នៅឃុំបូរីជលសារ ស្រុកបូរីជលសារ ខេត្តតាកែវ ដែលទើបត្រឡប់មកពីប្រទេសថៃ លោក អ៊ុក សំនៀង អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកបូរីជលសារ បានធ្វើការណែនាំ និងជម្រុញដល់ រដ្ឋបាលឃុំ និងប៉ុស្តិ៍នគរបាល ត្រូវយកចិត្តទុកដាក់ផ្សព្វផ្សាយ និងខិតខំជំរុញផ្តល់ ឯកសារបញ្ជាក់អត្តសញ្ញាណជូនប្រជាពលរដ្ឋ ពិសេសពលករដែលទើបមកពីប្រទេសថៃនៅគ្រប់មូលដ្ឋានរបស់ខ្លួន។លោក អ៊ុក សំនៀង បានថ្លែងថាដោយកត់សម្គាល់ឃើញថា ប្រជាពលរដ្ឋខ្មែរដែលទើបត្រលប់មកពី ប្រទេសថៃ និងប្រជាពលរដ្ឋខ្មែរមួយចំនួនបានបាត់បង់ ខូចខាត ឬអស់សុពលភាពនូវឯកសារបញ្ជាក់អត្តសញ្ញាណ របស់ខ្លួន ឬមិនមានឯកសារគ្រប់គ្រាន់ និងមួយចំនួនទៀតពុំទាន់មានឯកសារបញ្ជាក់អត្តសញ្ញាណប្រើប្រាស់ នៅឡើយ (ដូចជាសំបុត្រកំណើត សៀវភៅស្នាក់នៅ និងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរជាដើម)។ បញ្ហានេះ បានបង្កជាឧបសគ្គសម្រាប់ពួកគាត់ក្នុងការស្វែងរកការងារធ្វើ ឬស្នើសុំសេវាផ្សេងៗសម្រាប់តម្រូវការប្រើប្រាស់ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។លោក អ៊ុក សំនៀង បានបន្តថាក្នុងស្ថានភាពជាក់ស្តែងបច្ចុប្បន្ន ដែលមានជម្លោះតាមព្រំដែនរវាងកម្ពុជានិងថៃ ប្រជាពលរដ្ឋខ្មែរជាច្រើន ដែលធ្លាប់រស់នៅ និងធ្វើការនៅប្រទេសថៃ បានវិលត្រលប់មកកាន់ព្រះរាជាណាចក្រកម្ពុជាវិញយ៉ាងគំហុក។ ក្នុងស្ថានភាពបែបនេះ រាជរដ្ឋាភិបាលកម្ពុជាដោយមានក្រសួងស្ថាប័នពាក់ព័ន្ធជាសេនាធិការ បានយកចិត្តទុក ដាក់ក្នុងការដោះស្រាយបញ្ហាប្រឈមជាច្រើន ដើម្បីសម្រួលដល់ការវិលត្រលប់របស់ប្រជាពលរដ្ឋខ្មែរមកកាន់ មាតុប្រទេសវិញ ក្នុងនោះមានដូចជាការផ្តល់មធ្យោបាយធ្វើដំណើរ កន្លែងស្នាក់នៅបណ្តោះអាសន្ន សម្ភារៈ ប្រើប្រាស់ផ្សេងៗ គ្រឿងឧបភោគបរិភោគ សេវាសុខាភិបាល និងឱកាសការងារជាដើម៕

TOP STORY | សម្ដេចធិបតីស្នើមិត្តចិនជំរុញឱ្យភាគីថៃជៀសវាងការប្រើប្រាស់កម្លាំងយោធា ដើម្បីដោះស្រាយ​បញ្ហាព្រំដែន​ដែលមិនទាន់ដាច់ស្រេច

2025/08/31 12:43:54 pm        397
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញ​ជួប​សម្តែងការគួរសម និង​ពិភាក្សា​​ការងារ​ជាមួយ ឯកឧត្តម វ៉ាង ហ៊ូនឹង ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន ថ្ងៃ​អាទិត្យ ទី៣១ ខែសីហា ឆ្នាំ២០២៥នេះ នៅសាធារណរដ្ឋប្រជាមានិតចិន។ក្នុងជំនួបនេះ ឯកឧត្តម វ៉ាង ហ៊ូនឹង បានបង្ហាញ​អារម្មណ៍​សប្បាយ​រីក​រាយ​ពាក់​ព័ន្ធ​នឹង​ការ​រីក​ចម្រើន​នៃ​កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យ។ សម្ដេចធិបតី បានថ្លែងថា ពាក់ព័ន្ធនឹងជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ប្រទេសចិន​គាំ​ទ្រ​ដល់ប​ទ​ឈប់​បាញ់​រវាង​កងទ័ពកម្ពុជានិងថៃ ក៏ដូចជាគាំទ្រដល់តួនាទី​របស់​ម៉ាឡេស៊ី​ក្នុង​ការ​សម្រប​សម្រួល​បទ​ឈប់បាញ់ និងជំរុញឱ្យទំនាក់​ទំនង​រវាង​ប្រទេស​កម្ពុជា​និង​ថៃ​ឆាប់​វិល​ត្រឡប់​ទៅ​រក​ប្រក្រតី​ភាព​នាពេលឆាប់ៗខាងមុខ។ សម្ដេចធិបតី បានថ្លែងថា សម្ដេចបានស្នើឱ្យមិត្តចិន ជំរុញឱ្យភាគីទាំង​ពីរ​ជៀសវាង​ការ​ប្រើ​ប្រាស់​កម្លាំង​យោធា​ដើម្បី​ដោះស្រាយបញ្ហាព្រំដែនដែលមិនទាន់ដាច់ស្រេច ជាពិសេសនៅតំបន់​ដែល​មាន​ប្រជា​ពលរដ្ឋរស់នៅ។ សូមឱ្យដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី តាមរយៈការ​ប្រើ​ប្រាស់​យន្ត​ការ​ព្រំដែន​ដែល​មានស្រាប់ (គឺគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ JBC) ដោយផ្អែ​ក​លើ​មូល​ដ្ឋាន​នៃកិច្ចព្រមព្រៀងរវាងកម្ពុជានិងថៃដែលមានជាធរមាន សន្ធិសញ្ញាពាក់ព័ន្ធ និង​ច្បាប់​អន្តរជាតិ​៕

មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំនាំយកអំណោយមនុស្សធម៌របស់សម្ដេចធិបតីជូន​​គ្រួសារ​យុទ្ធ​ជន​ដែល​មាន​ជីវភាព​លំបាក​នៅ​ស្រុក​សន្ទុក​ ខេត្ត​កំពង់​ធំ​

2025/08/31 12:37:39 pm        387
ឧត្តមសេនីយ៍ទោ សោម ស៊ុនមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធាន ស.អ.ក ខេត្ត បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបបរអធិបតី ហ៊ុន ម៉ាណែត និង​លោក​ជំទាវ​បណ្ឌិត​ ឧបត្ថម្ភជូនក្រុមគ្រួសារវីរយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាត នៅស្រុកសន្ទុក ខេត្តកំពង់ធំ។ ដោយអនុវត្តតាម បទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ កិតិ្តសឹង្គហបបណ្ឌិត គន់​ គីម ទេស​រដ្ឋមន្ត្រី​ អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នៅរសៀលថ្ងៃទី៣០ ខែ​សីហា ឆ្នាំ ២០២៥​ ឧត្តមសេនីយ៍ទោសោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និង​ជាប្រធាន ស.អ.ក ខេត្ត បានដឹកនាំសហការី ទៅសំណេះសំណាលសាកសួរសុខទុក្ខ លោក​ពល​បាល​ត្រី គង់ លីហូវ នៅអង្គភាព កងពលតូចលេខ៦​ ចំណុះកងពលធំអន្តរាគមន៍លេខ ២​ ប្រចាំ​ការ​នៅខេត្តឧត្តរមានជ័យ ដែលមានជំងឺប្រចាំកាយ​ មកសម្រាកព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ហើយ​គ្រួសារមា​ន​ជីវភាពលំបាកខ្វះខាត ដោយឪពុកជាជនពិការ ហើយ ម្ដាយ និងភរិយាមាន មាន​កូន​តូច​ៗ​ជាច្រើននាក់នៅក្នុងបន្ទុក។ បច្ចុប្បន្នគ្រួសារលោកប្រកបមុខរបរលក់ដូរម្ហូបអាហារបន្តិចបន្តួច នៅ​ជើង​ភ្នំ​សន្ទុក​ សម្រាប់​ចិញ្ចឹម​ជីវិត​ ស្ថិតនៅក្នុងភូមិសំណាក ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។ លោក គង់ លីហូវ បានបញ្ជាក់ថា ក្រៅពីភារកិច្ច ជាយុទ្ធជនការពារបូរណភាពទឹកដី នៅ​សមរភូមិ​មុខ​ក្នុង​ខេត្តឧត្តរមានជ័យ រូបលោកក៏ជាអ្នកប្រដាល់ ដែលធ្លាប់​ប្រកួត​នៅ​លើ​សៃ​វៀន​ជា​ច្រើន​លើក​កន្លង​រួច​មកហើយ។ តែបច្ចុប្បន្ននេះដោយសារប្រទេសជាតិកំពុងរងគ្រោះអសន្តិសុខ ដោយ​សារ​សង្គ្រាម​ឃ្លានពានទឹកដីពីសំណាក់បច្ចាមិត្តនៅតាមព្រំដែនកម្ពុជា-ថៃ បានតម្រូវឲ្យរូបលោក កាន់​អាវុធ​ត្រៀម​ប្រយុទ្ធតទល់ជាមួយសត្រូវឈ្លានពាន នៅតំបន់​ខេត្ត​ឧត្ដរមានជ័យ​ ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន, សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន, សម្ដេចមហាបបរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ​ ចមុន្នី តាមរយៈ​ឯកឧត្តម​ទេស​រដ្ឋ​មន្រ្តី គន់​ គីម សូមឱ្យលោកពលបាលត្រី គង់ លីហូវ ឆាប់បានជាសះស្បើយពីជំងឺ និង​ឆាប់​​បានវិលត្រឡប់ទៅកាន់អង្គភាពវិញ ដើម្បីបន្តបំពេញកាតព្វកិច្ចការពារដែនអធិបតេយ្យភាព និង​បូរណភាពទឹកដីរបស់កម្ពុជា ជាបន្តទៅទៀត ហើយនឹងសុំឲ្យលោកឪពុក ដែលជាជនពិការ មាន​សុខភាពល្អគ្រប់គ្រងដឹកនាំក្រុមគ្រួសារប្រកបដោយសុភមង្គល។ឧត្តមសេនីយ៍ទោ សោម​ ស៊ុន បាននាំយកនូវស្បៀងអាហារគ្រឿងឧបភោគ បរិភោគ ភេសជ្ជៈ សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួន ដែលជាអំណោយរបស់សម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនលោកពលបាលត្រី គង់ លីហូវ និងក្រុមគ្រួសារ ដើម្បី​ជួយ​ដោះ​ស្រាយ​នូវរាល់ការលំបាកក្នុងជីវភាពក្រុមគ្រួសារ និង​សម្រាប់​ដោះស្រាយ​ក្នុង​ការ​ព្យាបាល​ជំងឺ​ផងដែរ​​៕

ឯកឧត្តម ប៉ែន បូណា៖ ចាប់តាំងពីបទឈប់បាញ់ចូលជាធរមានមក រាល់វិនាទី រាល់ម៉ោង និងរាល់ថ្ងៃ យើងអាចទប់ស្កាត់បានមិនឱ្យមានមនុស្សស្លាប់

2025/08/31 11:46:52 am        332
ថ្លែងក្នុងសេចក្ដីសង្ខេបព័ត៌មានប្រចាំថ្ងៃនៅព្រឹកថ្ងៃទី៣១ ខែសីហានេះដែរ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា តម្លៃនៃកិច្ចព្រមព្រៀងឈប់បាញ់ដែលតម្រូវឱ្យមានការអត់ធ្មត់ ស្ងប់ស្ងៀម កុំឱ្យការផ្ទុះអាវុធ តែសកម្មខ្លាំងខាងផ្នែកការទូត។ ឯកឧត្តមថ្លែងថា សូរគ្រាប់កាំភ្លើងបានស្ងប់ស្ងាត់រយៈពេលជាង១ខែហើយ ពោល​គឺ​ចាប់​តាំង​ពី​បទ​ឈប់​បាញ់​ចូលជាធរមានកាលពីពាក់កណ្ដាលអធ្រាត្រថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ កិច្ចព្រម​ព្រៀង​ឈប់​បាញ់នេះកើតឡើងដោយសារតែគំនិតផ្តួចផ្ដើម និងការសម្របសម្រួល​ដោយ​ផ្ទាល់​ពី​សំណាក់​ប្រធានាធិបតីសហរដ្ឋអាមេរិក ឯកឧត្តម ដូណាល់ ជេ ត្រាំ តាមរយៈកិច្ចប្រជុំ​ពិសេស​នៅ​ទី​ក្រុង​ពូត្រាឆាយ៉ា ដែលមានប្រទេសម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ានធ្វើជាម្ចាស់ផ្ទះ ហើយ​និង​​មាន​ការចូលរួមយ៉ាងសកម្ម។ឯកឧត្តម​ ប៉ែន បូណា បានរម្លឹកថា ចាប់តាំងពីបទឈប់បាញ់ចូលជាធរមានមក រាល់វិនាទី រាល់នាទី រាល់ម៉ោង និងរាល់ថ្ងៃ យើងអាចទប់ស្កាត់បានមិនឱ្យមានមនុស្សស្លាប់ មិនឱ្យមាន​មនុស្ស​របួស​ មិនឱ្យមានការខូចខាតថ្មីៗទៀត ទាំងផ្នែកយោធា និងស៊ីវិល។ឯកឧត្តម​សង្កត់ធ្ងន់ថា «នេះគឺជាហេតុផលដែលរាជ​រដ្ឋាភិបាល​ខិតខំ​គោរព​កិច្ច​ព្រម​ព្រៀង​ឈប់​បាញ់​យ៉ាង​ម៉ឺងម៉ាត់។ ពីព្រោះអ្វី ពីព្រោះថ្នាក់ដឹកនាំរបស់យើងផ្ដល់តម្លៃខ្ពស់ដល់ជីវិតមនុស្ស និង​សុខ​សន្តិភាព​សម្រាប់ប្រទេសជាតិ និងប្រជាពលរដ្ឋ។ ទោះជាយ៉ាងណា រាជរដ្ឋាភិបាល​មិន​ដែល​ធ្វេស​ប្រហែស​សូម្បី​តែ​១វិនាទីឡើយ ចំពោះការការពារ អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ខ្ញុំសូ​មកត់សម្គាល់ថា នៅពេលដែលបទឈប់បាញ់ចូលជាធរមាន ការផ្ទុះអាវុធមិន​មែន​ជា​មធ្យោបាយ​ដើម្បី​ដោះស្រាយបញ្ហាទៀតឡើយ»។ ឯកឧត្តមបន្តថា ផ្ទុយទៅវិញ បើមានការផ្ទុះអាវុធជាយថាហេតុណាមួយកើតឡើង ភាគីដែល​បង្ក​នឹង​ក្លាយ​​​ជា​អ្នកបំផ្លាញកិច្ចព្រមព្រៀងឈប់បាញ់ បំផ្លាញសន្តិភាព និងបំផ្លាញ​កិច្ច​ខិត​ខំ​ប្រែង​ការ​ទូត​ទាំង​ឡាយដែលបានធ្វើកន្លងមក ហើយមិនត្រឹមតែបាត់បង់ការគាំទ្រពីអន្តរជាតិប៉ុណ្ណោះទេ តែ​ប្រទេសនោះក៏នឹងត្រូវគេដាក់ឱ្យទទួលខុសត្រូវចំពោះសោកនាដកម្មនានាដែលកើតឡើង។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​នៅ​ក្នុង​ដំណាក់​កាល​នៃ​ការ​អនុវត្ត​បទ​ឈប់​បាញ់​សមរភូមិប្រ​ដាប់​អាវុធ​ត្រូវ​បង្វែរ​មក​ជា​សមរភូមិការទូតវិញ និងកិច្ចពិភាក្សាគ្នារកដំណោះស្រាយដោយសន្តិវិធី។កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា ថៃ GCB កិច្ចប្រជុំគណៈ​កម្មាធិការ​ព្រំដែ​ន​ថ្នាក់​យោធ​ភូមិ​កម្ពុជា ថៃ RBC ដែលបានធ្វើជាបន្តបន្ទាប់កន្លងទៅនេះ និងគម្រោងដែល​នឹង​ប​ន្ត​ធ្វើ​នា​ពេល​ខាង​មុខនេះ គឺជាឧទាហរណ៍ស្រាប់។ ក្រៅពីកិច្ចប្រជុំទាំងនោះ សកម្មភាពការទូត​ក៏​បាន​ធ្វើ​យ៉ាង​មមា​ញឹកដែលមានដូចជា ការៀបចំដំណើរបេសកកម្មរបស់អង្គទូត ក្រុមអ្នកសង្កេតការណ៍​បណ្ដោះ​អាសន្ន ​IOT(Interim Observer Team) ដែលមានសមាសភាព​ជា​អនុព័ន្ធ​យោធា​បរទេស​ប្រចាំ​កម្ពុជាត្រូវបានរៀបចំឡើងជាច្រើនលើកច្រើនសាទៅកាន់តំបន់ព្រំដែនមានជម្លោះ និង​ទីតាំងដែលមានការខូចខាត ការប្រាស្រ័យទាក់ទងគ្នាជាប្រចាំរវាងថ្នាក់ដឹកនាំកំពូលកម្ពុជា ម៉ាឡេស៊ី ថៃ ក៏នៅតែបន្តធ្វើ ការរៀបចំកិច្ចប្រជុំជាមួយអង្គទូតនានាប្រចាំកម្ពុជា ក៏ត្រូវ​បាន​រៀប​ចំ​ធ្វើ​ជា​ច្រើន​លើក ខណៈដែលជំនួបជាច្រើនទៀត ត្រូវបានធ្វើនៅឯ​ក្រៅ​ប្រទេស​ដើម្បី​បង្ហាញ​ពី​ការ​ពិត​ដល់​សហគមន៍អន្តរជាតិ។ ការតវ៉ានិងកំណត់ទូតទៅកាន់ភាគីថៃ និងភាគីពាក់ព័ន្ធ​ក៏​ត្រូវ​បាន​ធ្វើ​ជា​ច្រើន​លើក​ច្រើនសា ចំណែកថ្នាក់ដឹកនាំកំពូល​របស់​យើង​វិញ​មិន​ថា​នៅក្នុ​ង​ប្រទេស​ឬ​ក្រៅ​ប្រទេស​ទេ តែងតែធ្វើសកម្មភាពការទូតយ៉ាងសកម្មបំផុតពាក់ព័ន្ធជម្លោះព្រំដែននេះ អាច​និយាយ​ដោយ​ខ្លីថា គ្រប់មធ្យោបាយការទូតទាំងអស់ និងច្បាប់អន្តរជាតិត្រូវបានប្រើប្រាស់យ៉ាងសកម្ម។ឯកឧត្តមអ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់បន្ថែមថា ដំណោះស្រាយ​បញ្ហា​ព្រំដែន​គឺ​ត្រូវ​ឈរ​លើ​យន្ត​ការបច្ចេកទេសច្បាប់ដែលមានការទទួលស្គាល់ជាអន្តរជាតិ ហើយដែលមាន​ការព្រ​ម​ព្រៀងពី​ភា​គីទាំងពីរ មិនអាចមានភាគីណាមួយទៅកំណត់ព្រំដែនជាឯកតោភាគីបានឡើយ។ ហេតុ​ដូច្នេះហើយបានជារាជរដ្ឋាភិបាលផ្ដោតខ្លាំងទៅលើសកម្មភាពការទូត និងច្បាប់អន្តរជាតិ ដោយ​សារនេះជាជម្រើសល្អបំផុត ពីព្រោះវាជាជម្រើសដែលអាចការពារបូរណភាពទឹកដីផង និង​ការ​ពារ​សន្តិភាពផង៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ព្យុះខ្សាច់បានវាយប្រហារតំបន់ស៊ីនជាំងរបស់ប្រទេសចិន
04/18/2026 05:04 PM
ប្រធានាធិបតីបារាំង ស្វាគមន៍ការបើកច្រកសមុទ្រ Hormuz ឡើងវិញនៅក្នុងកិច្ចប្រជុំពហុភាគី
04/18/2026 05:04 PM
អូស្ត្រាលី និងជប៉ុនចុះហត្ថលេខាលើកិច្ចសន្យាដើម្បីចាប់ផ្តើមកិច្ចព្រមព្រៀងនាវាចម្បាំងតម្លៃ៧ពាន់លានដុល្លារ
04/18/2026 05:04 PM
អ៊ុយក្រែនត្រៀមខ្លួនរួចជាស្រេចសម្រាប់កិច្ចប្រជុំថ្នាក់ដឹកនាំជាមួយរុស្ស៊ីក្រោមការសម្របសម្រួល
04/18/2026 05:04 PM
តម្លៃប្រេងឆៅធ្លាក់ចុះជាង ១០ ភាគរយ ខណៈច្រកសមុទ្រហ័រមូសបើកដំណើរការឡើងវិញ
04/18/2026 05:04 PM
ពលរដ្ឋលីបង់ភៀសខ្លួនពីសង្គ្រាមសម្រុកវិលត្រឡប់ទៅភាគខាងត្បូងវិញនៅថ្ងៃទីពីរនៃបទឈប់បាញ់ជាមួយអ៊ីស្រាអែល
04/18/2026 05:04 PM
អ្នកស្រុក Manipur របស់ឥណ្ឌាប្រមូលផ្ដុំដោយកាន់គប់ភ្លើង ជុំវិញការផ្ទុះដ៏សាហាវដែលបានសម្លាប់កុមារពីរនាក់
04/18/2026 05:04 PM
ពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ រៀបចំដោយសមាគមនិស្សិតខ្មែរនៅប្រទេសជប៉ុន
04/18/2026 04:04 PM
អាមេរិកបន្តលើកលែងទណ្ឌកម្មប្រេងរុស្ស៊ី ក្រោយមានសម្ពាធពីប្រទេសដែលកំពុងដោះស្រាយវិបត្តិតម្លៃប្រេងក្នុងពេលមានសង្គ្រាមអ៊ីរ៉ង់
04/18/2026 03:04 PM
អ៊ីរ៉ង់គំរាមបិទច្រកសមុទ្រហ័រមូស (Hormuz) ប្រសិនបើអាមេរិកនៅតែបន្តបិទកំពង់ផែរបស់ខ្លួន
04/18/2026 02:04 PM