ពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ រៀបចំដោយសមាគមនិស្សិតខ្មែរនៅប្រទេសជប៉ុន
TOP STORY | ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឫទ័យ នឹងព្យាបាលដោយវះកាត់ នៅក្នុងមន្ទីរពេទ្យរដ្ឋធានីប៉េកាំង
ថ្ងៃទី៥នៃ «នគរសង្រ្កាន្ត» ពលរដ្ឋ យុវជន បន្តមកដើរលេងកម្សាន្ត និងកោតសរសើរពីការតាំងពិព័រណ៍ ក្នុងភូមិវប្បធម៌ ពិសេសការរៀបចំផ្សេងៗនៅភ្នំពេញ
ថ្លៃលក់រាយប្រេងសាំង និងម៉ាស៊ូត បន្តធ្លាក់ចុះ ខណៈរដ្ឋបន្តទម្លាក់ពន្ធដល់សូន្យ% ដើម្បីជួយពលរដ្ឋ

ព័ត៌មានជាតិ

កម្ពុជាខិតខំដោះស្រាយជម្លោះព្រំដែនជាមួយថៃដោយសន្ដិវិធីក្នុងកម្រិតទ្វេភាគី កម្រិតតំបន់ និងអន្តរជាតិ

2025/08/31 11:38:08 am        310
ថ្លែងនៅក្នុងសេចក្ដីសង្ខេបព័ត៌មានប្រចាំថ្ងៃនៅព្រឹកថ្ងៃទី៣១ ខែសីហានេះដែរ ឯកឧត្តម ជុំ សុន្ទរី អ្នក​នាំ​ពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា ក្នុងការដោះ​ស្រាយ​ជម្លោះ​ព្រំ​ដែនជាមួយភាគីថៃ កម្ពុជាខិតខំអនុវត្តដោយសន្ដិវិធីក្នុងកម្រិតទ្វេភាគី កម្រិតតំបន់ និង​កម្រិត​អន្តរជាតិ។ឯកឧត្តម ជុំ សុន្ទរី បញ្ជាក់ថាកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាសម្រាប់ដំណោះស្រាយដោយសន្ដិវិធី ចំពោះ​ជម្លោះព្រំដែនកម្ពុជា-ថៃ ដោយកម្ពុជាបាន​ដំណើកា​រ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ការ​ទូត​តាម​វិធី​ជា​ច្រើន​ក្នុង​កម្រិតទ្វេភាគី កម្រិតតំបន់ និងកម្រិតអន្តរជាតិ ហើយក៏បានបំពេញ​បន្ថែម​ឱ្យ​ការ​ខិត​ខំ​ប្រឹង​ប្រែង​ទាំង​នោះជា​មួយនឹងវិធានការដែលបង្ហាញអំពីតម្លាភាព និងវិធានការមនុស្សធម៌ សំដៅ​សម្រេច​ឱ្យ​បាន​នូ​វដំណោះស្រាយដោយសន្ដិវិធីចំពោះជម្លោះព្រំដែនកម្ពុជា-ថៃ។ ឯកឧត្តមបន្តថា អភិក្រម​ទាំងអស់នេះបានគូសបញ្ជាក់ ជាថ្មីម្ដង​ទៀត​អំ​ពី​ការ​តាំង​ចិត្ត​ដ៏​ម៉ឺង​ម៉ាត់​របស់​កម្ពុជា​ក្នុង​ការ​កាត់​បន្ថយ​ភាពតានតឹង ការដោះស្រាយជម្លោះដោយសន្ដិវិធី ការការពារប្រជាជនស៊ីវិល និងការ​ប្រកាន់​ខ្ជាប់​នូវច្បាប់អន្តរជាតិ។ឯកឧត្តមបាន​បន្តថា ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងកម្រិតទ្វេភាគី កម្ពុជាបានស្វែង​រក​ជាប់​ជា​ប្រចាំ​ក្នុង​ការ​ដោះស្រា​យភាពតាងតឹងព្រំដែនជាមួយនឹងប្រទេសថៃ តាមរយៈយន្តការ​ទ្វេភាគី​ដែល​មាន​ស្រាប់។ កម្ពុជា បានចូលរួមយ៉ាងសកម្មនៅក្នុងគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) គណៈ​កម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) និងគណៈកម្មការ​ចម្រុះ​ខណ្ឌ​សីមា​ព្រំដែន​គោក​កម្ពុជា (JBC) ក្រោមក្របខណ្ឌនៃអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការវាស់​វែង និងខណ្ឌសីមាព្រំដែនគោករវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ ឬហៅថា អនុស្ស​រណៈ​នៃ​ការយោគយល់គ្នា ឆ្នាំ 2000 រវាងប្រទេសទាំងពីរ។ ក្នុងក្របខណ្ឌទ្វេភាគីនេះដែរ កម្ពុជា​ក៏​​បាន​ធ្វើការ​តវ៉ា​ជា​ផ្លូវ​ការ​ជាមួយ​នឹង​រដ្ឋាភិបាលថៃ​ប្រឆាំង​នឹង​សកម្ម​ភាព​យោធា​ថៃ​ជា​ឯកតោ​ភាគី​រួម​ទាំង​ការទន្រ្ទានចូលទឹកដីកម្ពុជារួមទាំងការទន្រ្ទានចូលទឹកដីកម្ពុជា ការដាក់រាយបន្លាលួស របាំង​រាំងផ្លូវ និងការគំរាមកំហែងក្នុងការបណ្ដេញជនស៊ីវិលដោយប្រើកម្លាំងជាដើម។ កម្ពុជាបាន​គូស​បញ្ជាក់ទៅភាគីថៃថា សកម្មភាពទាំងអស់នោះ គឺផ្ទុយនឹ ងអនុស្សរណៈនៃការយោគយល់គ្នា ឆ្នាំ 2000 រវាងកម្ពុជា-ថៃ និងជាការ​រំលោភ​បំពាន​ទៅ​លើ​កិច្ច​ព្រម​ព្រៀង​ដែល​សម្រេច​បាន​ដោយ​ភាគី​ទាំង​ពីរ។ កម្ពុជាក៏បានធ្វើការអំពាវនាវជាប់ជាប្រចាំឱ្យប្រទេសថៃអនុវត្តឱ្យបានពេញលេញនូវកិច្ចព្រមព្រៀងឈប់​បាញ់គ្នារវាងប្រទេសទាំងពីរ។ ចំណែក​កិច្ច​ខិតខំប្រឹងប្រែងក្នុងកម្រិងតំបន់ កម្ពុជាបានចូលរួមយ៉ាងសកម្ម និងដោយសុទ្ធចិត្ត​នៅ​ក្នុង​ការចរចាសន្ដិភាព ដែលសម្របសម្រួលដោយនាយកដ្ឋមន្រ្ដីម៉ាឡេស៊ី ឯកឧត្តម អានវ៉ា ហ៊ីប្រា​ហ៊ីម ដែលជាប្រធានប្ដូរវេនអាស៊ាន ជាមួយនឹងការចូលរួមយ៉ាងសកម្ម និងការគាំទ្រ​យ៉ាង​ខ្លាំង​ក្លា​របស់​សហរដ្ឋអាមេរិក និងសាធារណៈរដ្ឋប្រជាមានិតចិន នៅប្រទេសម៉ាឡេស៊ី។ ចំណែកិច្ចខិ​ត​ខំប្រឹងប្រែងក្នុងកម្រិតអន្តរជាតិ និងពហុភាគី ដោយកម្ពុជាបាន​ចូល​រួម​យ៉ាង​សកម្ម​នៅ​ក្នុង​ក្របខណ្ឌអន្តរជាតិ និងពហុភាគីដើម្បីដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ គូសបញ្ជាក់​អំពី​ការ​តាំងចិត្តរបស់កម្ពុជាក្នុងការដោះស្រាយជម្លោះដោយសន្ដិវិធី និងស្របទៅតាម​ច្បាប់​អន្តរជាតិ៕

កម្ពុជាបញ្ជាក់ជាថ្មីចំពោះការរក្សាបានយ៉ាងខ្ជាប់ខ្ជួនបទឈប់បាញ់ និងបន្ត​អំពាវ​នាវ​ភាគី​ថៃ​ឱ្យ​គោរព​ដូចគ្នា

2025/08/31 11:27:04 am        496
ថ្លែងក្នុងសេចក្ដីសង្ខេបព័ត៌មានប្រចាំថ្ងៃនៅព្រឹកថ្ងៃទី៣១ ខែសីហានេះ លោក​ជំទាវ​ឧត្តម​សេនីយ៍​ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិបានបញ្ជាក់ជាថ្មី ចំពោះ​ការ​រក្សា​បា​ន​យ៉ាង​ខ្ជាប់​ខ្ជួន​បទ​ឈប់បាញ់របស់កម្ពុជា ជាពិសេសការ​ខិតខំ​ស្វែង​រក​ការ​ដោះស្រាយ​ជម្លោះ​ព្រំដែន​រវាង​កម្ពុជា ​និងថៃដោយសន្ដិវិធី ជាមួយគ្នា​នេះ​កម្ពុជា​បន្ត​អំពាវនាវ​ឱ្យ​ភាគី​ថៃ​ត្រូវ​គោរព​ឱ្យ​បាន​ខ្ជាប់​ខ្ជួន​នូវ​កិច្ច​ព្រមព្រៀងបទឈប់បាញ់ដូចគ្នា។លោកជំទាវអ្នកនាំពាក្យក្រសួងការពារជាតិ បញ្ជាក់ កម្ពុជា​បាន​ប្ដេជ្ញា​ចិត្ត​យ៉ាង​ពេញ​លេញ​ចំពោះ​ការ​អនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់រវាងយោធាកម្ពុជា និងយោធាថៃ ដែលសម្រេច​បាន​តាម​រយៈ​កិច្ច​ខិត​ខំប្រឹងប្រែងនាំមុខដោយឯកឧត្តម ដូណាល់ ជេ ត្រឹម ប្រធានាធិបតី សហរដ្ឋអាមេរិក និង​ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្ដីម៉ាឡេស៊ី និងមាន​ការ​ចូលរួម​យ៉ាង​សកម្ម​ពី​សាធារណ​រដ្ឋ​ប្រជាមានិតចិន និងគោរពយ៉ាង​ខ្ជាប់​ខ្ជួន​នូវ​គោល​ការ​ឯកភាព​ទាំង​១៣​ចំណុច​នៅ​ក្នុង​កិច្ច​ប្រជុំវិសារមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ​២០២៥ នៅប្រទេសម៉ាឡេស៊ី ខណៈកិច្ច​ប្រជុំ​នោះ​ក៏​មាន​ការ​ចូល​រួម​ពី​សំណាក់​ប្រទេស​ម៉ាឡេស៊ី ​សហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិន។ លោកជំទាវ​បញ្ជាក់ថា ក្រោយមានបទឈប់បាញ់នេះ គឺបានទទួលការគាំទ្រ និងស្វាគមន៍ យ៉ាង​ទូលំ​ទូលាយពីសហគមន៍អន្តរជាតិ និងឆ្លុះបញ្ចាំងពីបំណងរួមសម្រាប់សន្ដិភាពក្នុងតំបន់។ ក្នុង​នាម​ជា​ប្រទេសដែលមានទំនួលខុសត្រូវខ្ពស់ និងស្រឡាញ់សន្ដិភាព កម្ពុជាបាន​ប្រកាន់​ខ្ជាប់​នូវ​លក្ខ​ខណ្ឌ​នៃបទឈប់បាញ់ ដោយជ្រើសយកការសន្ទនា និងកិច្ចសហប្រតិបត្តិការ ដោយមិន​ទទួល​យក​ការប្រឈមមុខដាក់គ្នា និងជម្លោះឡើយ។ លោកជំទាវអ្នកនាំពាក្យបញ្ជាក់ថា កម្ពុជាគូសបញ្ជាក់​សារ​ជា​ថ្មី​នូវ​គោល​ជំហរ​ដោះ​ស្រាយ​ដោយ​សន្ដិ​វិធី ស្មោះត្រង់ស្រាប់តាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញ​អាស៊ាន។ កម្ពុជា បន្តអំពាវនាវឱ្យភាគីថៃគោរពនូវលក្ខខណ្ឌនៃកិច្ចព្រមព្រៀងបទឈប់បាញ់ ព្រ​ម​ទាំង​ស្មារតី និងការឯកភាពគ្នានៅក្នុងកិច្ចប្រជុំវិសារមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) លើសពីនេះទៅទៀតកម្ពុជាបានប្រកាន់ខ្ជាប់ និងអនុវត្តនូវ​ស្មារតី​ដែល​ភាគី​ទាំង​ពីរ​បាន​ឯក​ភាព​គ្នានៅក្នុងកិច្ចប្រជុំវិសារមញ្ញគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC)​ នាពេលកន្លងមក ដោយភាគីទាំង​ពីរ​បាន​ឯកភាព​គ្នា​បង្កើត​ជំនឿ​ទុក​ចិត្ត​សំដៅ​កាត់​បន្ថយ​ភាព​តាន​តឹង រក្សាសន្ដិភាព​នៅ​តាម​បណ្ដោយ​ព្រំដែន​ដោ​យប្រើ​ប្រាស់​យន្ត​ការ​ផ្សេងៗ​ដើម្បី​ដោះ​ស្រាយ​ភាព​ខុសគ្នាដោយសន្ដិវិធី និងបញ្ជៀសការប៉ះទង្គិចគ្នា ក្នុងស្មារតីភាពជាអ្នកជិតខាងល្អ មិត្តភាព និងសាមគ្គីភាព ប្រសិនបើមាន​បញ្ហា​អ្វី​ត្រូវ​រួម​គ្នា​ដោះ​ស្រាយ​តាម​រយៈ​យន្តការ​ដែល​មាន​ស្រាប់​ក្នុង​ន័យនេះ កម្ពុជាស្នើឱ្យភាគីថៃអនុវត្តដូចគ្នានូវស្មារតីនេះ៕

កម្ពុជាដណ្ដើមបានមេដាយចំនួន​៤ ពីកម្មវិធីប្រកួតប្រជែងជំនាញអាស៊ាន លើកទី១៤ ឆ្នាំ២០២៥ នៅប្រទេសហ្វីលីពីន

2025/08/31 11:00:06 am        478
បេក្ខជនពីព្រះរាជាណាចក្រកម្ពុជា ដណ្ដើមបានមេដាយចំនួន៤ ពីកម្មវិធី​ប្រកួត​ប្រជែង​ជំនាញ​អាស៊ាន លើកទី១៤ ឆ្នាំ២០២៥ (World Skills ASEAN, Manila 2025) រួមមាន មេដាយ​សំរឹទ្ធិ (Bronze Medal) ចំនួន១, មេដាយឧត្តមភាព (Medallion for Excellence) ចំនួន ២, និង​ទទួលបានពានរង្វាន់ល្អឆ្នើម (Best of Nation Award) ចំនួន ១ នៅទីក្រុងម៉ានីល ប្រទេស​ហ្វីលី​ពីន ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥។លោក ចាន់ វិចិត្រ អគ្គនាយករងនៃអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដឹកនាំ​ប្រតិភូ​តំណាង​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ចំនួន ៣១រូប និងបេក្ខជនចំនួន ១៩រូប ដែលបានចូលរួម​ប្រកួត​ប្រជែង​លើ​មុខ​ជំនាញ​ចំនួន​ ១៣ជំនាញ ពីក្រសួងទេសចរណ៍ និងគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាល និងវិជ្ជាជីវៈ នៃ​ក្រសួង​ការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។កម្មវិធីប្រកួតប្រជែងនោះ មានគោលបំណង​ជំរុញកិច្ចសហ​ប្រតិបត្តិការ​បច្ចេក​ទេសរវាង​វិស័យ​អប់​រំ​បណ្តុះ​បណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ជាមួយ​ប្រទេស​ជាសមា​ជិក​អាស៊ាន ការជំរុញឱ្យមាន​កិច្ច​សហ​​ប្រតិបត្តិ​ការកាន់តែ​ជិតស្និទ្ធរវាងស្ថាប័នរដ្ឋាភិបាល ឧស្សាហកម្ម និយោជក​ជាមួយ​នឹង​គ្រឹះស្ថា​នអ​ប់រំបណ្តុះបណ្តាលបច្ចេកទេស និង​វិជ្ជាជីវៈ និងការផ្ត​ល់​ជាមធ្យោបាយ ដើម្បី​ទទួល​ស្គាល់​​ឧត្តមភាពការងារ និងអភិវឌ្ឍន៍យុវជន និងកម្មករជំនាញជំនាន់ថ្មីឱ្យមានជំនាញខ្ពស់។បេក្ខជន សិត ដារ៉ា មកពីវិទ្យាស្ថានប៉េ អេស អឺ (PSE) នៃអង្គការដើម្បីភាពញញឹមនៃកុមារ ទទួល​បាន​ពានរង្វាន់មេដាយសំរឹទ្ធិ ទាក់ទងនឹងមុខជំនាញរៀបការ៉ូ, បេក្ខជន ណន តាំងហេង និង អុល សុភារម្យ មកពីវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) ដណ្ដើម​បាន​ពាន​រង្វាន់​មេដាយ​ឧត្តមភាព ទៅលើមុខជំនាញ​ម៉ាស៊ីន​ស្វ័យ​ប្រវត្តិ​កម្ម និង​ពានរង្វាន់ល្អបំផុតលើមុខជំនាញ Cooking ដណ្ដើមដោយបេក្ខជន ចាង សុភ័ក្រ មកពីវិទ្យាស្ថានវិទ្យា​ស្ថានម្ហូបអា​ហារកម្ពុជានៃ​ក្រសួង​ទេសចរណ៍។គួរបញ្ជាក់ផងដែរថា កម្មវិធីប្រកួតប្រជែងនេះ មិន​ត្រឹម​តែ​ជា​ប្រកួត​ប្រជែង​ស្វែង​រក​អ្នក​បច្ចេក​ទេស​ដ៏​ឆ្នើម​បំផុតនោះទេ ប៉ុន្ដែគឺជាការផ្ដល់​ឱកាសដល់​យុវជន​ក្នុងការ​បង្ហាញទេ​ព​កោ​សល្យ ការច្នៃ​ប្រឌិត និងបង្កើនភាពជឿជាក់ទៅលើសមត្ថភាពរបស់ពួកគេនៅក្នុងតំបន់អាស៊ាន។ កម្មវិធីនេះ​ថែម​ទាំង​​លើកទឹក​ចិត្តដល់យុវជន​ឱ្យពង្រឹង​មុខ​ជំនាញ​របស់​ពួក​គេ ដើម្បីមានសមត្ថ​ភាព​គ្រប់​គ្រាន់​ក្នុង​ការ​អភិវឌ្ឍវិស័យឧស្សាហកម្ម និងសេដ្ឋកិច្ច៕

ក្រសួងអប់រំ ហាមឃាត់ការថត និងផ្សព្វផ្សាយប្រធានវិញ្ញាសា សន្លឹកកិច្ចការបេក្ខជន និង​អត្រា​កំណែ​ក្នុ​ងដំណើរការកំណែ សម្រាប់ការប្រឡងបាក់ឌុប, អ្នកល្មើស​នឹង​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខច្បាប់

2025/08/31 10:37:59 am        357
នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥នេះ ក្រសួងអប់រំ យុវជន និងកីឡា បាន​ចេញ​សេចក្តី​ណែនាំ ​ស្តីពីការហាមឃាត់ការថត និងផ្សព្វផ្សាយប្រធានវិញ្ញាសា សន្លឹកកិច្ចការបេក្ខជន និង​អត្រា​កំណែក្នុងដំណើរការកំណែ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ ហើយចំពោះអ្នកប្រព្រឹត្ត​ល្មើសនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់៕

រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញ​ពិនិត្យស្ថានភាពនៃការប្រគល់ដុំ និងបែងចែកសន្លឹក​កិច្ចការ​បេក្ខជន​តាម​មណ្ឌល​កំណែ នៅវិទ្យាល័យព្រះស៊ីសុវត្ថិ

2025/08/31 10:17:40 am        342
នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧប​នាយក​រដ្ឋ​មន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងប្រធានគណៈមេប្រយោគទូទាំងប្រទេស បាន​អញ្ជើញ​ចុះ​ពិនិត្យ​ស្ថាន​ភាពនៃការប្រគល់ដុំ និងបែងចែកសន្លឹកកិច្ចការបេក្ខជនតាមមណ្ឌលកំណែ នៅវិទ្យាល័យព្រះស៊ីសុវត្ថិ ដោយកិច្ចការបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យ​ប្រឡង​៖ ២៨ សីហា ២០២៥ នឹងត្រូវអប្បមាទទូទាំងប្រទេសប្រគល់ជូនប្រធាន អនុ​ប្រធាន​មណ្ឌល​កំណែ និងគណៈកម្មការកណ្ដាលមណ្ឌលកំណែនៅវិទ្យាល័យព្រះស៊ីសុវត្ថិ ដើម្បីដឹក​ជញ្ជូន​ទៅ​កាន់​មណ្ឌល​កំណែ​រៀងៗខ្លួន ក្រោមការពិនិត្យយ៉ាង​ហ្មត់​ចត់​បំផុត​ពី​អង្គភាព​ប្រឆាំង​អំពើពុ​ក​រលួយ។ តាមការគ្រោងទុក ក្រសួងបានកំណត់យកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ សម្រាប់​ប្រកាស​លទ្ធ​ផល​ប្រឡង​នៅទូទាំង​រាជធានី-ខេត្ត ព្រមទាំងមានការផ្សព្វផ្សាយ​តាម​បណ្ដាញ​ទំនាក់​ទំនង​សង្គម​ផ្លូវ​ការ​របស់ក្រសួងអប់រំ យុវជន និងកីឡាផងដែរ៕

ប្រធានាធិបតីចិន ស៊ី ជីនពីង៖ ចិនគាំទ្របទឈប់បាញ់រវាងកម្ពុជា-ថៃ និងចង់ឱ្យបង្កើត​ក្រុមអ្នក​សង្កេតការណ៍​អាស៊ាន (AOT) ឱ្យបានឆាប់

2025/08/31 08:59:05 am        340
នៅរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជួបប្រជុំការងារទ្វេភាគីជាមួយឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូល នៃអង្គការសហប្រតិបត្តិការសៀងហៃ បូក ពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងធានជីង សាធារណរដ្ឋប្រជាមានិតចិន។ក្នុងឱកាសនៃជំនួប ឯកឧត្តមប្រធានាធិបតី បានសម្តែងការស្វាគមន៍ប្រកបដោយមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ សម្តេចបវរធិបតី និងគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ដែលបានឆ្លៀតឱកាសដ៏មមាញឹក អញ្ជើញចូលរួមកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃ បូក នៅសាធារណរដ្ឋប្រជាមានិតចិននាពេលនេះ។ ឯកឧត្តមប្រធានាធិបតីបានចាត់ទុកវត្តមានរបស់សម្តេចបវរធិបតី គឺជាកាលានុវត្តភាពដ៏សំខាន់ ដើម្បីបន្តរឹតចំណងមិត្តភាពដែកថែប និងពង្រីកសាមគ្គីភាព​ ចិន-កម្ពុជា ឱ្យកាន់តែរឹងមាំថែមទៀត បន្ទាប់ពីទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម កាលពីខែមេសា កន្លងទៅ។ ពាក់ព័ន្ធនឹងស្ថានភាពនៅតាមព្រំដែនកម្ពុជា-ថៃ, ឯកឧត្តម ស៊ី ជីនពីង បានបញ្ជាក់ជាថ្មីពីជំហររបស់ចិនក្នុងការគាំទ្របទឈប់បាញ់, គាំទ្រយន្តការសង្កេតការណ៍បទឈប់បាញ់របស់អាស៊ានដែលដឹកនាំដោយម៉ាឡេស៊ី និងចង់ឱ្យបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ឱ្យបានឆាប់។ ទន្ទឹមនឹងនេះ ឯកឧត្តមប្រធានាធិបតីក៏បានគាំទ្រ និងផ្តល់ជំនួយមនុស្សធម៌ដល់កម្ពុជា ដើម្បីជួយស្តារឡើងវិញនូវការខូចខាត និងជួយសម្រួលដល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលរងគ្រោះពីការប៉ះទង្គិចប្រដាប់អាវុធកាលពីចុងខែកក្កដាកន្លងទៅ។ជាការឆ្លើយតប, សម្តេចបវរធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលតែងតែជួយគាំទ្រដល់ការអភិវឌ្ឍលើគ្រប់វិស័យរបស់កម្ពុជា។ សម្តេចបានគូសបញ្ជាក់ថា ការគាំទ្ររបស់មិត្តចិន គឺជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច, ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋកម្ពុជា។ សម្តេចបវរធិបតីក៏បានថ្លែងអំណរគុណចំពោះការចូលរួមយ៉ាងសកម្មរបស់មិត្តចិន ក្នុងការសម្របសម្រួលឱ្យមានបទឈប់បាញ់រវាងកម្ពុជា និងថៃ បានយ៉ាងឆាប់រហ័ស ដែលជាជំហានឈានទៅរកការការពារអាយុជីវិតប្រជាពលរដ្ឋ និងជួយស្តារជីវភាពរបស់ប្រជាជនដែលរងផលប៉ះពាល់។មុននឹងបញ្ចប់, ថ្នាក់ដឹកនាំទាំងពីរបានផ្លាស់ប្ដូរយោបល់អំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅលើវិស័យអាទិភាព ដែលរួមមាន៖ វិស័យនយោបាយ-ការទូត, សេដ្ឋកិច្ច-ពាណិជ្ជកម្ម, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងវិស័យសំខាន់ៗផ្សេងទៀត ក្នុងគោលដៅពង្រឹងសមត្ថភាពអភិវឌ្ឍដោយម្ចាស់ការខ្លួនឯង និង ពង្រឹងការការពារអធិបតេយ្យរបស់កម្ពុជា៕

សម្តេចតេជោនឹងជួបពិភាក្សាជាមួយថ្នាក់ដឹកនាំកំពូលៗវៀតណាម ក្នុងឱកាសអញ្ជើញ​ចូលរួមខួបលើកទី៨០ នៃបុណ្យឯករាជ្យជាតិវៀតណាម

2025/08/31 08:14:40 am        307
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នឹង​អញ្ជើញ​បំពេញ​ទស្សនកិច្ចប្រទេសវៀតណាមនៅដើមខែកញ្ញានេះ ដើម្បីចូលរួមពិធី​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី៨០ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យឯករាជ្យជាតិ​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម​ហើយក្នុងអំឡុងពេលទស្សនកិច្ចនេះសម្តេចតេជោ ក៏នឹងមានជំនួបទ្វេភាគី​ជាមួយ​ថ្នាក់​ដឹកនាំកំពូលៗវៀតណាម និងថ្នាក់ដឹកនាំប្រទេសមួយចំនួនទៀតផងដែរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ព្រឹទ្ធសភាកម្ពុជា។សេចក្តីប្រកាសព័ត៌មានរបស់ព្រឹទ្ធសភានាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥នេះ បាន​ឲ្យដឹង​ថា​តប​តាម​​ការ​អញ្ជើញរបស់ឯកឧត្តម តូ ឡឹម អគ្គលេខាធិការ នៃគ​ណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយ​នីស្ត​វៀតណាម សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជា​ណាចក្រ​កម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញ​បំពេញ​ទស្សនកិច្ច និងចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០នៃបដិវត្តន៍ខែសីហា និង​ទិវា​បុណ្យ​ឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ​២០២៥នេះ នៅរដ្ឋធានីហាណូយសាធារណរដ្ឋសង្គមនិយមវៀតណាម។សមាស​ភាព​គណៈប្រតិភូអមដំណើរ សម្ដេចតេជោ ក្នុងទស្សនកិច្ចនេះ រួមមាន សម្តេចពិជ័យ​សេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអនុប្រធានគណបក្ស សម្ដេច​កិត្តិ​សង្គ​ហ​បណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អនុប្រធានគណបក្ស និងជាប្រធាន​ក្រុម​ប្រឹក្សា​ជាតិ​រណសិរ្ស សាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ថ្នាក់ដឹកនាំជាន់ខ្ពស់ម​ក​ពីក្រសួង​/ស្ថាប័ន​នានា និងស្ថាប័ននីតិប្បញ្ញត្តិ កម្ពុជា។សេចក្តីប្រកាសព័ត៌មានបានលើកឡើងទៀតថា ស្របពេល​នៃកា​រអ​ញ្ជើញចូ​លរួម​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​ខាង​លើសម្ដេចតេជោ ប្រធានព្រឹទ្ធសភា នឹងមានជំនួបពិភាក្សាកា​រងារដាច់​ដោយឡែ​ក​ពីគ្នា​ ជាមួយថ្នាក់ដឹកនាំវៀតណាមរួមមានឯកឧត្តម តូ ឡឹម អគ្គលេខាធិការ​បក្ស​កុម្មុយ​នី​ស្ត​វៀតណាម ឯកឧត្តម ជិន ថាញ់មិន ប្រធានរដ្ឋសភា និងឯកឧត្តម ផាម មិញជិញ នាយករដ្ឋ​មន្ត្រី​។ ជាមួយនេះដែរ សម្តេចតេជោ ប្រធានព្រឹទ្ធសភា ក៏គ្រោងជួបពិភាក្សា ការងារ​ជាមួយ​ថ្នាក់​ដឹកនាំ​បរទេសដ​ទៃទៀ​តដែលនឹងអញ្ជើញចូលរួមពិធីរំលឹកខួបនេះផងដែរ។សេចក្តីប្រកាសដដែលក៏បានឲ្យដឹងផងដែរថានេះជាទស្សនកិច្ចលើកទី៣នៅក្នុងឆ្នាំ២០២៥ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានព្រឹទ្ធសភា និងជាប្រធាន​គណបក្ស​ប្រជាជនកម្ពុជា នៅសាធារណរដ្ឋសង្គមនិយម វៀតណាម ដែល​ជា​កា​រ​ឆ្លុះប​ញ្ចាំង​ពី​ការ​យក​ចិត្ត​ទុកដាក់និងការប្ដេជ្ញាចិត្តខ្ពស់បំផុតពីថ្នាក់ដឹកនាំនៃព្រះរាជាណាចក្រកម្ពុជា ចំពោះ​សារៈ​សំខាន់​នៃ​ការកសាងភាពជឿទុកចិត្តគ្នា និងការពង្រឹងទំនាក់ទំនង មិត្តភាពដ៏ល្អប្រសើរ​ជាមួយ​ប្រទេស​ជិតខាង នៅគ្រប់កម្រិត និងគ្រប់វិស័យ ជាពិសេសរវាងថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរ ក្នុង​គោលដៅធានាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ស្របតាមស្មារតី «ភាព​ជា​អ្នក​ជិត​ខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែង»៕ អត្ថបទ៖ បាន ចក់

ក្រសួងប្រៃសណីយ៍​ ប្រកាស​ផ្តល់ថវិកាសិក្សាដោយមិនគិតការប្រាក់(មិន​មែន​អាហារូបករណ៍) ដល់បេក្ខជនប្រឡងជាប់បាក់ឌុប សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល

2025/08/31 07:05:53 am        586
ដើម្បីគាំទ្រដល់ដំណើរការកសាងមូលធនមនុស្សឌីជីថលឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងរដ្ឋាភិបាលឌីជីថល ក៏ដូចជាបំពេញបន្ថែមលើការអនុវត្ត “កម្មវិធី​អាហា​រូប​ករណ៍​ទេព​កោសល្យឌីជីថលតេជោ” ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បាន​បង្កើត “កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល (ក.អ.ជ.ឌ.)” ដែលមានឈ្មោះជាភាសាអង់គ្លេសថា Digital Skill Development Program (DSDP) ដែល​ជា​កម្ម​វិធីផ្ត​ល់​ថវិកា​សិក្សា​ដោយ​មិន​គិត​ការ​ប្រាក់ (ជំនួយហិរញ្ញវត្ថុ) មិនមែនជាអាហារូបករណ៍ (Financial Aid without Interest)។ ក្នុងឆ្នាំសិក្សា ២០២៥-២០២៦ នេះ ក.ប.ទ. នឹងវាយតម្លៃជ្រើ​ស​រើស​បេក្ខ​ជន​ប្រឡង​ជាប់​សញ្ញា​បត្រ​មធ្យម​សិក្សាទុតិយភូមិឆ្នាំសិក្សា២០២៥ ដែលមានបំណង​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជំនាញ​បច្ចេក​វិទ្យាឌីជីថល នៅតាមគ្រឹះស្ថានឧត្តមសិក្សាដៃគូរបស់ ក.អ.ជ.ឌ. ចំនួន ៦ ដោយ​ភ្ជាប់​មក​ជា​មួយ​នូវ​ជំនាញ លក្ខខណ្ឌ និងអត្ថប្រយោជន៍ដូចខាងក្រោម៖ក. គ្រឹះស្ថានឧត្តមសិក្សា និងជំនាញសិក្សា1. បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT)៖‐ វិស្វកម្មសុសវែរ (Software Engineering)‐ វិទ្យាសាស្ត្រទិន្នន័យ (Data Science)‐ ពាណិជ្ជកម្មអេឡិចត្រូនិក (e-Commerce)‐ វិស្វកម្មទូរគមនាគមន៍និងបណ្តាញ (Telecommunications and Networking Engineering)‐ សន្តិសុខសាយប័រ (Cybersecurity)2. សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP)៖‐ ការគ្រប់គ្រងព័ត៌មានវិទ្យា / វិទ្យាសាស្ត្រកុំព្យូទ័រ (Information Technology Management / Computer Science)‐ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (Information and Communication Technology)‐ សន្តិសុខសាយប័រ (Cybersecurity)‐ បញ្ញាសិប្បនិម្មិត (Artificial Intelligence)‐ ហេដ្ឋារចនាសម្ព័ន្ធឌីជីថល (Digital Infrastructure)‐ ការអភិវឌ្ឍសុសវែរ (Software Development)‐ ការវិភាគទិន្នន័យ/ប្រព័ន្ធព័ត៌មាន (Data Analytics/Information Systems)‐ ការអភិវឌ្ឍនិងការរចនាកម្មវិធីអន្តរកម្ម (Interactive App Design and Development)3. សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP)៖‐ វិស្វកម្មទូរគមនាគមន៍ និងអេឡិចត្រូនិក (Telecommunications and Electronic Engineering)‐ វិស្វកម្ម និងវិទ្យាសាស្រ្តទិន្ន័យ (Data Science and Engineering)‐ ព័ត៌មានវិទ្យា (Information Technology)‐ វិស្វកម្មបច្ចេកវិទ្យាព័ត៌មាន (Information Technology Engineering)4. សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM)៖‐ សេដ្ឋកិច្ចបច្ចេកវិទ្យាឌីជីថល (Digital Economy)‐ បច្ចេកវិទ្យាហិរញ្ញវត្ថុ (Financial Technology)‐ សហគ្រិនភាពសកលនិងនវានុវត្តន៍ (Global Entrepreneurship and Innovation)5. វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC)៖‐ វិស្វកម្មសុសវែរ (Software Engineering)‐ វិស្វកម្មបញ្ញាសិប្បនិម្មិត និងសន្តិសុខសាយប័រ (AI Engineering and Cybersecurity)6. សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន (Paragon.U)៖‐ វិទ្យាសាស្ត្រកុំព្យូទ័រ (Computer Science)‐ គ្រប់គ្រងប្រព័ន្ធព័ត៌មាន (Management of Information Systems)‐ រចនាប្លង់ និងប្រព័ន្ធផ្សព្វផ្សាយ (Digital Arts and Design)។ខ. អត្ថប្រយោជន៍បេក្ខជនជ័យលាភីនៃ ក.អ.ជ.ឌ. នឹងទទួលបានអត្ថប្រយោជន៍ ដូចខាងក្រោម៖‐ ថវិកាបង់ថ្លៃសិក្សារហូតដល់ចប់ថ្នាក់បរិញ្ញាបត្រ ដោយមិនគិតការប្រាក់ (មិនមែនជាអាហារូបករណ៍)‐ ថវិកាសម្រាប់ទិញកុំព្យូទ័រយួរដៃ ១ គ្រឿង (ប្រសិនបើមានតម្រូវការ)‐ ថវិកាសម្រាប់បង់ថ្លៃជួលកន្លែងស្នាក់នៅ (ប្រសិនបើមានតម្រូវការ)‐ ការប្រឹក្សាយោបល់អំពីការសិក្សា ការស្នាក់នៅ និងការអភិវឌ្ឍអាជីព ‐ ឱកាសការងារល្អ និងប្រាក់បៀវត្សខ្ពស់ក្នុងវិស័យសាធារណៈនិងឯកជន និង‐ អត្ថប្រយោជន៍ផ្សេងទៀត ដែលទទួលបានតាមរយៈគ្រឹះស្ថានឧត្តមសិក្សានីមួយៗ។គ. លក្ខខណ្ឌនៃការជ្រើសរើសបេក្ខជនត្រូវគោរពតាមលក្ខខណ្ឌ ដូចខាងក្រោម៖‐ មានសញ្ជាតិខ្មែរ‐ ជាសិស្សដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៥ មាននិទ្ទេសរួម A B ឬ C‐ ជាបេក្ខជនដែលបានបំពេញគ្រប់លក្ខខណ្ឌនៃការចុះឈ្មោះចូលរៀន នៅតាមគ្រឹះស្ថានឧត្ដមសិក្សាដៃគូទាំង ៦‐ ឆ្លងកាត់ការវាយតម្លៃ (ជាការសម្ភាសន៍ ឬការធ្វើតេស្តសមត្ថភាព) ដោយលេខាធិការដ្ឋាននៃ ក.អ.ជ.ឌ.‐ ចុះកិច្ចសន្យាជាមួយលេខាធិការដ្ឋាននៃ ក.អ.ជ.ឌ. បន្ទាប់ពីត្រូវបានជ្រើសរើស‐ សិស្សដែលមានជីវភាពក្រីក្រ មកពីជនបទដាច់ស្រយាល ជនមានពិការភាព ឬសិស្សនារី ត្រូវបានលើកទឹកចិត្ត។ឃ. សំណុំលិខិតចុះឈ្មោះស្នើសុំបេក្ខជនត្រូវបំពេញពាក្យស្នើសុំតាមប្រព័ន្ធអនឡាញ (Online Application) ដោយត្រូវស្កេនភ្ជាប់ឯកសារយោងរួមមាន៖‐ រូបថតទំហំ 4x6‐ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬវិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ ឬលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិផ្លូវការ‐ អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន ឬសំបុត្រកំណើតក្នុងករណីបេក្ខជនត្រូវបានវាយតម្លៃជ្រើសរើសដើម្បីទទួលបានថវិកាសិក្សាដោយមិនគិតការប្រាក់ បេក្ខជនត្រូវប្រគល់ឯកសារថតចម្លងដោយមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច ឬឯកសារថតចម្លងដែលមានភ្ជាប់ QR Code ស្តង់ដាដែលអាចផ្ទៀងផ្ទាត់បានតាមថ្នាល verify.gov.kh របស់រាជរដ្ឋាភិបាល ជាអាទិ៍៖‐ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬវិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ ឬលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិផ្លូវការ‐ អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន ឬសំបុត្រកំណើត‐ សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ‐ ឯកសារសហព័ទ្ធ (ប្រសិនជាមាន) និង‐ អត្តសញ្ញាណប័ណ្ណ ឪពុក ម្តាយ ឬអាណាព្យាបាល។ង. កាលបរិច្ឆេទ និងការទទួលពាក្យ‐ បេក្ខជនត្រូវបំពេញពាក្យស្នើសុំតាមប្រព័ន្ធអនឡាញតាមរយៈតំណភ្ជាប់ https://go.gov.kh/mptc/dsdp-registration‐ កាលបរិច្ឆេទទទួលពាក្យគិតចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥‐ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមទូរសព្ទលេខ ១២៣។

គិតត្រឹមថ្ងៃទី៣០សីហានេះ ពលរដ្ឋ និងពលករខ្មែរទើប​ត្រឡប់ពី​ថៃជា​ង ១៩ម៉ឺន​នាក់ទទួល​បាន​ឱកាស​ការ​ងារ​តាម​រយៈ​ក្រសួង​ការ​ងារ និង​វិស័យ​ឯកជន

2025/08/30 04:47:44 pm        329
គិតត្រឹម​ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥នេះ ប្រជា​ពល​រដ្ឋ និង​ពលករ​ខ្មែរ​ដែល​ទើ​ប​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃប្រ​មា​ណជាង ១៩ម៉ឺន​នាក់​ទទួល​បាន​ឱកាស​ការ​ងារ​តាម​រយៈ​ក្រសួង​ការ​ងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ និង​វិស័យ​ឯក​ជន បន្ទាប់​ពីក្រ​សួង និង​ភាគី​ពាក់​ព័ន្ធ​បាន​ផ្សព្វ​ផ្សា​យ និង​នាំយក​ឱកាស​ការ​ងារ​ទៅដល់​មូល​ដ្ឋាន។ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជា​ជីវៈបាន​ថ្លែងថា គិតត្រឹមថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ មានប្រជាពលរដ្ឋ និងពលករខ្មែរដែលទើបវិលត្រឡប់មកពីប្រទេសថៃចំនួន ១៩ម៉ឺននាក់ទទួលបានឱកាស​ការ​ងារ​តាម​រយៈក្រសួង​ការ​ងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ និងវិស័យ​ឯ​ក​ជន។ឯកឧត្តមបាន​បន្ត​ថា ចាប់តាំ​ង​ពីពេលមាន​បញ្ហាទំនាស់​នៅតាម​ព្រំដែន​កម្ពុជា និងថៃ​នាពេល​កន្លង​មកនេះ បានធ្វើ​ឱ្យបង​ប្អូន​ពលករខ្មែរដែលធ្វើការ​ងារនៅ​ប្រទេស​ថៃ មាន​ការ​ភ័យ​ខ្លាច​ពីសុខ​សុវត្ថិ​ភា​ព ហើយពួ​ក​គាត់​បានស​ម្រុកចាក​ចេញពី​ប្រទេស​ថៃ​ជាបន្ត​បន្ទាប់​រហូត​មក​ដល់​ពេល​នេះ។ ទន្ទឹម​គ្នានេះ​ ក្រសួង​ការ​ងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ បាន​ចាប់​ផ្ដើម​យុទ្ធនា​ការ​ផ្សព្វ​ផ្សាយ​គ្រប់​ច្រក​ល្ហក ដើម្បី​ដោះស្រាយ​បញ្ហាជីវ​ភាព និង​ផ្ដល់ឱកាស​ការងារ​ថ្មីជូន​ពួក​គាត់​ដល់​ភូមិ​ស្រុក​។អ្នកនាំពាក្យរូប​នេះបាន​បន្ត​ថា រាជរដ្ឋា​ភិបា​ល ដែលមាន​ក្រសួង​ការ​ងារ និងបណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ​ជាសេនា​ធិការ បានយកចិត្ត​ទុកដាក់​យ៉ាងខ្លាំង​ចំពោះប្រជា​ពលរដ្ឋ​ក្នុង​ស្រុក និង​ពលករ​ខ្មែរដែល​ទើបវិល​ត្រឡប់មក​ពីប្រទេស​ថៃ គឺធ្វើយ៉ាង​ណានាំឱកាស​ការងារ​ជូនពួក​គាត់​ភ្លាមៗ ដើម្បីគាំពារ​ជីវភាព​ឱ្យបាន​ទាន់ពេល​វេលា។ក្រសួង​ការ​ងារ បានណែនាំដល់​មន្រ្តីជំនាញ​ក្រោមឱវាទ​ដែលមាន​ទីភ្នាក់​ងារជាតិ​មុខ​របរ និង​ការ​ងារ​(NEA) និងមន្រ្តី​ជំនាញ​ពាក់ព័ន្ធ​ បានចុះ​ប្រមូល​ទិន្នន័យ​តម្រូវ​ការកម្លាំង​ពល​កម្ម និង​តម្រូវ​ការ​ការ​ងារពី​គ្រប់​ក្រុម​ហ៊ុន និងគ្រឹះស្ថា​ន​ទាំង​តូចទាំងធំ​នៅទូទាំង​ប្រទេស ដើម្បី​យក​មក​ផ្សព្វ​ផ្សាយ និ​ង​នាំឱ​កាសកា​រងារទៅ​ដល់មូល​ដ្ឋាន ក៏ដូច​ជា​ដាក់​ប្រចាំ​ការ​នៅតាម​ច្រក​ព្រំដែន​កម្ពុជា-ថៃផង​ដែរ។ នេះបើ​តាម​អ្នក​នាំពាក្យក្រសួង​ការ​ងារ។បើតាម​ក្រសួង​ការ​ងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ សម្រាប់ទី​ផ្សារកា​រ​ងារនៅ​កម្ពុ​ជានៅ​ឆ្នាំ​២០២៥ កំពុងមាន​ភាព​ល្អប្រ​សើ និង​មានត​ម្រូវ​ការខ្ពស់​ដូច​ជា សេវា​ស្នាក់​នៅ និង​ភោជ្ជ​នីយ​ដ្ឋាន កម្មន្ដ​សាល ផលិត​គ្រឿង​អេឡិច​ត្រូ​និក និងឧបករណ៍អគ្គិ​សនី វាយ​នណ្ឌ កាត់​ដេរ ផលិត​ផល​ស្បែក​ជើង និងផលិត​ផលិត​ផល​ធ្វើ​ដំណើរ និង​កា​បូប អប់រំ ហិរញ្ញ​វត្ថុ និង​ធានា​រ៉ាប់​រង បច្ចេកវិទ្យា គម​នាគ​មន៍ និង​ព័ត៌មា​នវិទ្យា​(ICT) ដឹក​ជញ្ជូន និង​ស្ដុក​ទំនិញ និង​វិស័យ​សំណង់​៕

ឯកឧត្តម ស៊ី ជីនពីង៖ ចិននឹងបន្តផ្តល់ការគាំទ្រដល់កម្ពុជា និងពង្រឹងសមត្ថភាពកម្ពុជាលើការការពារអធិបតេយ្យភាពជាតិ

2025/08/30 04:29:25 pm        340
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា ជួបជាមួយ ឯកឧត្តម ស៊ី ជីនពីង(Xi Jinping) ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងជំនួបទ្វេភាគី និងពិភាក្សាការងារ ល្ងាចថ្ងៃសៅរ៍ ទី៣០ សីហា ២០២៥ នៅសាធារណរដ្ឋប្រជាមានិតចិន ។ ក្នុងជំនួបទ្វេភាគីឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន សន្យាបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរកម្ពុជា-ចិន។ ឯកឧត្តមប្រធានាធិបតី ផ្តល់សារៈសំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ។ ចិននឹងបន្តផ្តល់ការសហការគាំទ្រចំពោះប្រជាជនកម្ពុជា ក្នុងការកសាងនិងពង្រឹងសមត្ថភាពអភិវឌ្ឍន៍ ដោយម្ចាស់ការខ្លួនឯង ក៏ដូចជាការការពារអធិបតេយ្យភាពជាតិរបស់ខ្លួន។ ប្រទេសចិនគាំទ្រដល់បទឈប់បាញ់រវាងកងទ័ពកម្ពុជានិងថៃ ក៏ដូចជាគាំទ្រដល់យន្តការសង្កេតការណ៍បទឈប់បាញ់របស់អាស៊ានដែលដឹកនាំដោយម៉ាឡេស៊ី និងចង់ឱ្យបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ឱ្យបានឆាប់។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ព្យុះខ្សាច់បានវាយប្រហារតំបន់ស៊ីនជាំងរបស់ប្រទេសចិន
04/18/2026 05:04 PM
ប្រធានាធិបតីបារាំង ស្វាគមន៍ការបើកច្រកសមុទ្រ Hormuz ឡើងវិញនៅក្នុងកិច្ចប្រជុំពហុភាគី
04/18/2026 05:04 PM
អូស្ត្រាលី និងជប៉ុនចុះហត្ថលេខាលើកិច្ចសន្យាដើម្បីចាប់ផ្តើមកិច្ចព្រមព្រៀងនាវាចម្បាំងតម្លៃ៧ពាន់លានដុល្លារ
04/18/2026 05:04 PM
អ៊ុយក្រែនត្រៀមខ្លួនរួចជាស្រេចសម្រាប់កិច្ចប្រជុំថ្នាក់ដឹកនាំជាមួយរុស្ស៊ីក្រោមការសម្របសម្រួល
04/18/2026 05:04 PM
តម្លៃប្រេងឆៅធ្លាក់ចុះជាង ១០ ភាគរយ ខណៈច្រកសមុទ្រហ័រមូសបើកដំណើរការឡើងវិញ
04/18/2026 05:04 PM
ពលរដ្ឋលីបង់ភៀសខ្លួនពីសង្គ្រាមសម្រុកវិលត្រឡប់ទៅភាគខាងត្បូងវិញនៅថ្ងៃទីពីរនៃបទឈប់បាញ់ជាមួយអ៊ីស្រាអែល
04/18/2026 05:04 PM
អ្នកស្រុក Manipur របស់ឥណ្ឌាប្រមូលផ្ដុំដោយកាន់គប់ភ្លើង ជុំវិញការផ្ទុះដ៏សាហាវដែលបានសម្លាប់កុមារពីរនាក់
04/18/2026 05:04 PM
ពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ រៀបចំដោយសមាគមនិស្សិតខ្មែរនៅប្រទេសជប៉ុន
04/18/2026 04:04 PM
អាមេរិកបន្តលើកលែងទណ្ឌកម្មប្រេងរុស្ស៊ី ក្រោយមានសម្ពាធពីប្រទេសដែលកំពុងដោះស្រាយវិបត្តិតម្លៃប្រេងក្នុងពេលមានសង្គ្រាមអ៊ីរ៉ង់
04/18/2026 03:04 PM
អ៊ីរ៉ង់គំរាមបិទច្រកសមុទ្រហ័រមូស (Hormuz) ប្រសិនបើអាមេរិកនៅតែបន្តបិទកំពង់ផែរបស់ខ្លួន
04/18/2026 02:04 PM