ពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ រៀបចំដោយសមាគមនិស្សិតខ្មែរនៅប្រទេសជប៉ុន
TOP STORY | ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឫទ័យ នឹងព្យាបាលដោយវះកាត់ នៅក្នុងមន្ទីរពេទ្យរដ្ឋធានីប៉េកាំង
ថ្ងៃទី៥នៃ «នគរសង្រ្កាន្ត» ពលរដ្ឋ យុវជន បន្តមកដើរលេងកម្សាន្ត និងកោតសរសើរពីការតាំងពិព័រណ៍ ក្នុងភូមិវប្បធម៌ ពិសេសការរៀបចំផ្សេងៗនៅភ្នំពេញ
ថ្លៃលក់រាយប្រេងសាំង និងម៉ាស៊ូត បន្តធ្លាក់ចុះ ខណៈរដ្ឋបន្តទម្លាក់ពន្ធដល់សូន្យ% ដើម្បីជួយពលរដ្ឋ

ព័ត៌មានជាតិ

សមាជិកសភាអាមេរិក ចុះជួបពលរដ្ឋខ្មែររងគ្រោះដោយសារសង្គ្រាម នៅខេត្តព្រះវិហារ

2025/08/30 03:34:22 pm        234
នាថ្ងៃទី៣០ ខែសីហា ឆ្នាំ ២០២៥គណៈប្រតិភូសភាសហរដ្ឋអាមេរិក (CODEL) ដឹកនាំដោយលោកស្រី Beth Van Duyne ប្រធានគណៈប្រតិភូ និងជាសមាជិកសភាប្រចាំរដ្ឋ Texas បានអញ្ជើញចុះពិនិត្យដោយផ្ទាល់ពីស្ថានភាពរបស់ជនភៀសសឹកនៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើម ស្ថិតក្នុងស្រុកគូលែន ដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពី ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ។ក្នុងដំណើរទស្សនកិច្ចរបស់សភាសហរដ្ឋអាមេរិកនាពេលនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីស្វែងយល់ពីជីវភាពរស់នៅ និងទុក្ខលំបាករបស់ប្រជាពលរដ្ឋកម្ពុជា ដែលបង្ខំចិត្តចាកចេញពីផ្ទះសម្បែងដោយសារតែភ្លើងសង្គ្រាមឈ្លានពានពីសំណាក់កងទ័ពសៀម។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញទៅដល់អាកាសយានដ្ឋានអន្តរជាតិ Tianjin Binhai នៅទីក្រុងធានជីន ប្រកបដោយសុវត្ថិភាព

2025/08/30 01:59:20 pm        98
នៅរសៀលថ្ងៃសៅរ៍ ទី៣០ សីហា ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិ Tianjin Binhai នៅទីក្រុងធានជីន ប្រកបដោយសុវត្ថិភាព ព្រមទាំងបានការទទួលស្វាគមន៍ពីសំណាក់ ឯកឧត្តម HUANG Runqiu រដ្ឋមន្រ្តីក្រសួងអេកូឡូស៊ី និងបរិស្ថាន នៃសាធារណរដ្ឋប្រជាមានិតចិន។

ឯកឧត្តម គន់ គីម ណែនាំដល់ក្រុមការងារសមាជិកគណបក្សចូលរួមកាន់តែសកម្ម ក្នុងកិច្ចការមនុស្សធម៌ ជួយជនភៀសសឹក ដែលប្រឈមដោយសារជម្លោះព្រំដែន

2025/08/30 12:08:18 pm        311
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ណែនាំដល់សមាជិកគណបក្សចុះមូលដ្ឋានខេត្តឧត្តរមានជ័យ ចូលរួមឱ្យកាន់តែសកម្មក្នុងកិច្ចការមនុស្សធម៌ជួយជនភៀសសឹកដែលប្រឈមដោយសារជម្លោះព្រំដែន។នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម សមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តឧត្តរមានជ័យ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ និងទិសដៅអនុវត្តបន្តសម្រាប់ខែកក្កដា និងសីហា នៅទីស្នាក់ការគណបក្សខេត្ត។ កិច្ចប្រជុំនេះ មានការចូលរួមពីថ្នាក់ដឹកនាំក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត, ឯកឧត្តម មាន ចាន់យ៉ាដា ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងសមាជិក-សមាជិការគណៈកម្មាធិការសាខាគណបក្សក្រុង-ស្រុក, ឃុំ-សង្កាត់ និងភូមិ។ ជាកិច្ចចាប់ផ្តើម ឯកឧត្តម មាន ចាន់យ៉ាដា បានអានរបាយការណ៍ស្វាគមន៍ និងសង្ខេបរបស់គណកម្មាធិការគណបក្សខេត្ត និងសមាជិក-សមាជិការគណៈកម្មាធិការគណបក្សក្រុង-ស្រុក និងថ្នាក់មូលដ្ឋានបានចូលរួមក្នុងការអនុវត្តតាមផែនការសកម្មភាពតាមការចាត់តាំង ពិសេសបានឆ្លើយតបចំពោះសភាពការណ៍ចំពោះមុខដែលកើតឡើងដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ ដែលបានធ្វើឱ្យប្រជាជនជម្លៀសទៅកាន់ជំរុំដែលរៀបចំដោយអាជ្ញាធរមូលដ្ឋាននីមួយៗ។ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម មានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគណបក្សខេត្ត ក្នុងការដឹកនាំ និងសម្របសម្រួលទាន់សភាពការណ៍ចាប់តាំងពីជម្លោះព្រំដែនបានកើតឡើង និងចាត់ចែងទៅដោយការទទួលខុសត្រូវចំពោះសុខទុក្ខជនភៀសសឹកទាំងអស់ឱ្យទទួលបានស្បៀង រៀបចំជំរុំទីតាំងស្នាក់នៅបណ្តោះអាសន្ន ព្រមទាំងថែទាំសុខភាពជូនជនភៀសសឹកបានយ៉ាងល្អប្រសើរ។ជាមួយគ្នា ឯកឧត្តម គន់ គីម ថ្លែងថា តបតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក៏ដូចជាការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី មិនត្រឹមបានដឹកនាំការពារបូរណភាពទឹកដី និងអធិបតេយ្យភាពយ៉ាងម៉ឺងម៉ាត់ប៉ុណ្ណោះទេ, រាជរដ្ឋាភិបាលបានយកចិតត្តទុកខ្ពស់ដល់សុខសុវត្ថិភាពរបស់បងប្អូនជនភៀសសឹកតាមរយៈការបញ្ជូនស្បៀងជាបន្តបន្ទាប់ និងសម្ភារៈចាំបាច់សម្រាប់ប្រើប្រាស់ជាច្រើនចែកជូនដល់គ្រួសារជនភៀសសឹក។នាឱកាសនោះ ឯកឧត្តម គន់ បានណែនាំដល់ក្រុមការងារសមាជិកគណបក្សថ្នាក់ខេត្ត ក្រុង ស្រុក និងមូលដ្ឋានទាំងអស់សូមចូចូលរួមឱ្យកាន់តែសកម្មក្នុងកិច្ចការមនុស្សធម៌ជួយជនភៀសសឹកដែលប្រឈមដោយសារជម្លោះព្រំដែន ផ្អែកតាមគោលនយោបាយគណបក្សគឺ មិនទុកប្រជាជនណាម្នាក់នៅឯកោ ឬមិនបានយកចិត្តទុកដាក់គ្រប់កាកាលៈទេសៈ ជាពិសេសអំឡុងស្ថានការណ៍ជម្លោះព្រំដែន។បន្ថែមលើនេះ ឯកឧត្តម គន់ គីម បានស្នើដល់ក្រុមការងារគណបក្ស, អាជ្ញាធរខេត្ត និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ សូមបន្តយកចិត្តទុកដាក់ពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋភៀសសឹកដែលបន្តស្នាក់នៅជំរុំឱ្យទទួលបានស្បៀងគ្រប់គ្រាន់ និងជួយលើការថែទាំសុខុមាលភាពភៀសសឹក ពិសេសស្រ្តី និងកុមារឱ្យបានល្អប្រសើរ៕

ឯកអគ្គរដ្ឋទូតបារាំង ប្រគល់អំណោយសម្ភារៈអភិរក្សបណ្ណសារដល់ទីស្តីការគណៈរដ្ឋមន្រ្តី

2025/08/30 11:54:19 am        296
ឯកអគ្គរដ្ឋទូតបារាំង ប្រគល់អំណោយសម្ភារៈអភិរក្សបណ្ណសារដល់ទីស្តីការគណៈរដ្ឋមន្រ្តី ដែលនេះបង្ហាញឱ្យឃើញអំពីកិច្ចសហ- ប្រតិបត្តិការល្អ រវាងសាធារណរដ្ឋបារាំង និងព្រះរាជាណាចក្រកម្ពុជា និងការយកចិត្តទុកដាក់របស់បារាំង ចំពោះវិស័យបណ្ណសាររបស់ កម្ពុជា។ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការរដ្ឋមន្ត្រី ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាបណ្ណសារ លើកឡើងទទួលអំណោយសម្ភារៈអភិរក្ស បណ្ណសារ ពីឯកឧត្តម Olivier RICHARD ឯកអគ្គរដ្ឋទូតបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ នេះថា ចំពោះសម្ភារៈអភិរក្សបណ្ណសាររួមមាន ប្រអប់ និងសឺមីដាក់ឯកសារចំនួន ១0 ដុំ មានទម្ងន់ សរុប ១,៣៨១ គីឡូក្រាម ដែលជាអំណោយរបស់ក្រុមហ៊ុន Société Cauchard, ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលបារាំង តាមរយៈស្ថានទូតបារាំងប្រចាំកម្ពុជា និងក្រុមហ៊ុន Société Cauchard ដែលបានផ្តល់អំណោយ សម្ភារៈដ៏មានតម្លៃនេះ ដែលបង្ហាញឱ្យឃើញអំពីកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ និងការយកចិត្តទុកដាក់របស់បារាំង ចំពោះ វិស័យបណ្ណសាររបស់កម្ពុជា។ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបន្តថា ទំនាក់ទំនងកម្ពុជា-បារាំង ត្រូវបានបង្កើតឡើងជាច្រើនសតវត្សរ៍មកហើយ និង ត្រូវបានផ្សារភ្ជាប់ជាប្រវត្តិសាស្រ្តរួមមួយ និងតាមរយៈការគោរពគ្នាទៅវិញទៅមក ហើយឥទ្ធិពលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ត្រូវ បានឆ្លុះបញ្ចាំងឱ្យឃើញនៅក្នុងប្រព័ន្ធរដ្ឋបាល ប្រព័ន្ធច្បាប់ប្រព័ន្ធអប់រំ វប្បធម៌ និងក្នុងទិដ្ឋភាពជាច្រើនទៀត ដូចដែលមានបង្ហាញក្នុង បណ្ណសារជាតិកម្ពុជា ដែលត្រូវបានសម្ពោធនៅឆ្នាំ១៩២៦ និងមានបណ្តុំបណ្ណសារចាប់ពីសម័យអាណានិគម ចន្លោះឆ្នាំ ១៨៦៣ ដល់ឆ្នាំ ១៩៥៣ និងបន្តរហូតមកដល់បច្ចុប្បន្ន ហើយទំនាក់ទំនងនេះ ត្រូវបានធ្វើឱ្យកាន់តែប្រសើរឡើង ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងឯកឧត្តមប្រធានា ធិបតី អេម៉ានុយអ៊ែល ម៉ាក្រុង ។ឯកឧត្តម វង្សី វិស្សុត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានផ្តល់សារៈសំខាន់ទៅលើការអភិរក្ស និងការធ្វើទំនើបកម្មបណ្ណសារជាតិ ដែលជាការរក្សាទុកនូវចំណេះ ដឹង និងភស្តុតាងប្រវត្តិសាស្ត្រ មិនអាចកាត់ថ្លៃបានក្នុងការកំណត់អត្តសញ្ញាណ និងការការពារអធិបតេយ្យភាពជាតិ ជាមូលដ្ឋានគ្រឹះនៃការ កសាងជាតិ។ ឯកឧត្តម ក៏បានស្នើឱ្យស្ថានទូតបារាំង បន្តសហការជិតស្និទ្ធជាមួយទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីរិះរកមធ្យោបាយបន្ថែម ក្នុង ការធ្វើទំនើបកម្ម និងការពង្រឹងបណ្ណសារ ដែលជាផ្នែកមួយមិនអាចខ្វះបាននៃបេតិកភណ្ឌរួម និងបានថ្លែងអំណរគុណដល់ឯកអគ្គរដ្ឋទូត និងមន្ត្រីស្ថានទូត ចំពោះកិច្ចខិតខំប្រឹងប្រែង ក្នុងការពង្រឹងនិងពង្រីកយ៉ាងស៊ីជម្រៅ លើកិច្ចសហប្រតិបត្តិការនេះ៕ អត្ថបទ៖ សុន រ៉ាឌី

គ្រប់ទិដ្ឋភាពពិតនៃវិនាសកម្មបង្កលើកម្ពុជាក្នុងជម្លោះព្រំដែនកម្ពុជាថៃ ត្រូវបានលាតត្រដាងដល់ពិភពលោកបានឃើញ ខណៈដំណើរទស្សនកិច្ចអ្នកសារព័ត៌មានតំបន់អាស៊ីឈានដល់ទីបញ្ចប់

2025/08/30 11:34:36 am        245
(ព្រះវិហារ-ឧត្តរមានជ័យ-បន្ទាយមានជ័យ)៖ សម្រាប់រយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ អ្នកសារព័ត៌មានមកពីប្រទេសចិន ប្រទេសសមាជិកអាស៊ាន និងអ្នកសារព័ត៌មានកម្ពុជា ប្រមាណ៤០នាក់ បានធ្វើដំណើរទៅកាន់ខេត្តចំនួន៣ គឺ៖ ខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ ដើម្បីពិនិត្យស្ថានភាពជាក់ស្តែង ព្យសនកម្ម និងផលវិបាក ដែលបានកើតចេញពីជម្លោះព្រំដែនកម្ពុជាថៃ។ ក្នុងដំណើរទស្សនកិច្ចនេះ ពិសេសនៅពេលបានអញ្ជើញដល់ទីតាំងផ្សេងៗដែលបានទទួលរងការវាយប្រហាររពីសំណាក់កងទ័ពថៃ ក្រុមអ្នកសារព័ត៌មានបានធ្វើកិច្ចសម្ភាសន៍ជាមួយ ព្រះសង្ឃ នាយកសាលា ប្រធានមណ្ឌលសុខភាព អាជ្ញាធរខេត្ត/ស្រុក អ្នកជំនាញ ព្រមទាំងប្រជាពលរដ្ឋភៀសសឹក ដែលកំពុងស្នាក់បណ្តោះអាសន្ន តាមតំបន់ ដែលជាទីទួលសុវត្ថិភាពរៀបចំ​សម្រាប់​ការពារពួកគេពីគ្រាប់កាំភ្លើង និងការវាយប្រហារណាមួយដែលអាចកើតឡើង​ទៀត​ពីសំណាក់កងទ័ពថៃ តាមបណ្តោយព្រំដែន។ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការនិងអ្នកនាំពាក្យក្រសួងព័ត៌មាន ដែលបានដឹកនាំក្រុមការងារសម្របសម្រួលដំណើរទស្សនកិច្ចនេះ បានបញ្ជាក់ប្រាប់ថា ក្រុមអ្នកសារព័ត៌មានបានទៅដល់គោលដៅនីមួយៗ ក្នុងនោះមានតំបន់ជនភៀសសឹក ទីតាំងវត្តអារាម មណ្ឌលសុខភាព សាលារៀន ព្រមទាំងភូមិឋានប្រជាពលរដ្ឋខ្មែរ ដែលរងគ្រោះថ្នាក់ដោយសារការវាយប្រហារដោយគ្រាប់ផ្លោងធុនធ្ងន់របស់កងទ័ពថៃ ហើយបានផ្តិតយករូបភាពពិតនៃសោកនាដកម្ម ការបំផ្លិចបំផ្លាញ និងផលវិបាកដែលកើតចេញពីទង្វើអមនុស្សធម៌ទាំងនេះ។ ក្រុមអ្នកសារព័ត៌មានបានមើលឃើញដោយផ្ទាល់ភ្នែក នូវការវាយប្រហារ ដោយគ្រាប់ផ្លោង និងអាវុធធុនធ្ងន់របស់កងទ័ពថៃ ទាំងផ្លូវអាកាសដោយប្រើប្រាស់យន្តហោះចម្បាំង F-16 និងយន្តហោះ Gripen សម្រាប់ទម្លាក់គ្រាប់បែកMK84 ក៏ដូចជាការប្រើប្រាស់កាំភ្លើងធំ គ្រឿងសព្វាវុធធុនធ្ងន់ ក្នុងការផ្លោងគ្រាប់ប្រភេទ១០៥មីលីម៉ែត្រ ១២៧មីលីម៉ែត្រ និង១៥៥មីលីម៉ែត្រ ក្នុងនោះក៏មានស្លាកស្នាមជាច្រើនដែលបានបន្សល់ទុកពីការបាញ់ផ្លោងមកលើភូមិឋានប្រជាពលរដ្ឋស៊ីវិល ចាប់តាំងពីថ្ងៃផ្ទុះអាវុធដាក់គ្នាកាលពីថ្ងៃទី២៤ ខែកក្កដា រហូតដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ឯកឧត្តមអនុរដ្ឋលេខាធិការនិងអ្នកនាំពាក្យក្រសួងព័ត៌មាន ក៏បានគូសបញ្ជាក់ផងដែរអំពីសារៈសំខាន់នៃសកម្មភាពចុះយកព័ត៌មានដោយផ្ទាល់របស់អ្នកសារព័ត៌មានមកពីបណ្តាប្រទេសក្នុងតំបន់ ថាជាផ្នែកមួយដ៏មានសារៈសំខាន់ក្នុងវិស័យសារព័ត៌មាន ពិសេសពាក់ព័ន្ធនឹងការគ្រប់គ្រងសុវត្ថិភាព និងហានិភ័យនៅពេលចុះយកនិងរាយការណ៍ព័ត៌មានក្នុងតំបន់ជម្លោះព្រំដែន ដែលអ្នកសារព័ត៌មានចាំបាច់ត្រូវអនុវត្តដោយអាជីពនិងក្រមសីលធម៌ និងសហការជាមួយសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីធានាសុវត្ថិភាពសម្រាប់អ្នកសារព័ត៌មានខ្លួនឯងផង សម្រាប់ប្រជាជនដែលរស់នៅក្នុងសហគមន៍ដែលចុះទៅនោះផង ក៏ដូចជាដើម្បីបង្ការហានិភ័យកុំឱ្យកើតមាន និងចូលរួមរក្សាការពារសន្តិសុខជាតិ។ឯកឧត្តមអនុរដ្ឋលេខាធិការបានមានប្រសាសន៍បន្ថែមថា៖ «ការផ្សព្វផ្សាយ ជាបន្តបន្ទាប់របស់ក្រុមអ្នកសារព័ត៌មាន ទាំងពេលនេះ និងនាពេលកន្លងមក បានរួមចំណែកដ៏សំខាន់ក្នុងការបញ្ជូនជាសារ ឱ្យបានដល់អន្តរជាតិបានដឹង អំពីស្ថានភាពពិត វិនាសកម្មដែលកម្ពុជាបានទទួលរង និងទុក្ខវេទនារបស់ប្រជាជនកម្ពុជា ពិសេសជនភៀសសឹកដែលកំពុងរស់នៅ តាមជំរុំបណ្តោះអាសន្ន»។ ឯកឧត្តមបានមានប្រសាសន៍ថា៖ «ការផ្សាយរបស់សារព័ត៌មានជាតិ និងអន្តរជាតិ បានចូលរួមចំណែកលាតត្រដាងការពិតជូនដល់ពិភពលោកបានដឹងពីទុកសោកសង្រែងរបស់កម្ពុជា ព្រោះការវាយប្រហារដែលកងទ័ពថៃបានធ្វើ មិនត្រឹមបង្កមហន្តរាយមកលើទាហានកម្ពុជាប៉ុណ្ណោះទេ គឺថែមទាំងបានប៉ះពាល់ និងបង្កផលវិបាកធ្ងន់ធ្ងរមកលើពលរដ្ឋកម្ពុជា ជនស៊ីវីលជាច្រើនឥតគណនា។តាមរយៈការផ្សាយរបស់សារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយបរទេស ដែលបានចុះមកយកព័ត៌មានផ្ទាល់ ប្រជាជនកម្ពុជាបានអំពាវនាវឱ្យ ពិភពលោកផ្តល់យុត្តិធម៌សម្រាប់កម្ពុជា ដោយឈរលើការពិត និងសច្ចភាព។ ប្រជាជនកម្ពុជាប្រាថ្នាចង់បានតែសន្តិភាព ការរស់នៅដោយសុខដុមរមនា និងការអភិវឌ្ឍដែលផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ដោយការគោរពអធិបតេយ្យភាព បូរណភាពទឹកដី លើកកម្ពស់តម្លៃ នៃការរក្សាសាមគ្គីភាព ជាមួយប្រទេសជិតខាងទាំងអស់។ដំណើរទស្សនកិច្ចនេះត្រូវបានសម្របសម្រួលដោយក្រសួងព័ត៌មាន ដែលដឹកនាំដោយ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន តាមរយៈសិក្ខាសាលាថ្នាក់តំបន់ស្តីពី «ការគ្រប់គ្រងសុវត្ថិភាព និងហានិភ័យក្នុងការរាយការណ៍ស្តីពីជម្លោះ» "Safety and Risk Management Conflict Reporting” ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥។ ការចុះសិក្សានៅទីវាលផ្ទាល់ របស់អ្នកសារព័ត៌មាន បានផ្តល់ឱកាសដល់ក្រុមអ្នកសារព័ត៌មានក្នុងការ ស្វែងយល់ស៊ីជម្រៅមួយកម្រិតទៀត ដោយផ្សារភ្ជាប់ទ្រឹស្តីនិងការអនុវត្ត ពាក់ព័ន្ធនឹងការរាយកាណ៍ព័ត៌មានក្នុងស្ថានភាពតានតឹង និងជម្លោះព្រំដែន។ ក្នុងកម្មវិធីទាំងមូល អ្នកសារព័ត៌មានពីបណ្តាប្រទេសក្នុងតំបន់ ក៏បានចែករំលែកបទពិសោធន៍ និងការអនុវត្តល្អៗពាក់ព័ន្ធនឹងប្រធានបទឱ្យគ្នាទៅវិញទៅមកផងដែរ។

កម្ពុជាប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់គោរពបទឈប់បាញ់តាមស្មារតីនៃកិច្ចប្រជុំ (GBC) ១៣ចំណុច និងអំពាវនាវឱ្យភាគីថៃគោរពកិច្ចព្រមព្រៀងនេះ ឱ្យបានខ្ជាប់ខ្ជួនដូចគ្នា

2025/08/30 10:04:03 am        431
ថ្លែងនៅក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា បទឈប់បាញ់ដែលសម្រេចបាននៅក្នុងកិច្ចប្រជុំពិសេសរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជានិងនាយករដ្ឋមន្ត្រីស្តីទីថៃ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដែលជាគំនិតផ្ដួចផ្ដើមរបស់ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក និងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ(GBC) កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី ដែលមានការចូលរួមសង្កេតការណ៍ពីប្រទេសម៉ាឡេស៊ី សហរដ្ឋអាមេរិកនិងសាធារណរដ្ឋប្រជាមានិតចិន ដែលយន្តការនេះ គឺដើម្បីចូលរួមដោះស្រាយបញ្ហាដោយសន្តិវិធី ព្រមទាំងជៀសវាងការបង្កើនភាពតានតឹងនិងការប៉ះទង្គិចគ្នារវាងផ្នែកយោធាសាជាថ្មី។ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានថ្លែងបន្តថា កម្ពុជាសូមគូសបញ្ជាក់យ៉ាងម៉ឺងម៉ាត់និងច្បាស់លាស់បំផុតនូវការប្ដេជ្ញាចិត្តឥតងាករេរបស់ខ្លួនក្នុងការគោរពនិងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់ដែលសម្រេចបានកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងគោលការណ៍ឯកភាពគ្នាទាំង១៣ចំណុច នៅក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ(GBC) កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ កម្ពុជាក៏សូមអំពាវនាវឲ្យភាគីថៃគោរពនូវលក្ខខណ្ឌនៃកិច្ចព្រមព្រៀងបទឈប់បាញ់ព្រមទាំងស្មារតីដែលបានឯកភាពគ្នានៅក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅ(GBC)។លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបញ្ជាក់បន្ថែមថា កម្ពុជាក៏បានប្រកាន់ខ្ជាប់និងអនុវត្តតាមស្មារតីដែលបានឯកភាពគ្នាចេញពីកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ(RBC) នាពេលកន្លងមក។ ជាពិសេសកិច្ចប្រជុំវិសាមញ្ញថ្នាក់យោធភូមិភាគរវាងភូមិភាគទី៤កម្ពុជានិងកងទ័ពភូមិភាគទី២ថៃ ដែលទើបតែបញ្ចប់ទៅថ្មីៗនេះ ដោយភាគីទាំងពីរបានឯកភាពគ្នាបង្កើនជំនឿទុកចិត្តសំដៅកាត់បន្ថយភាពតានតឹងនិងរក្សាសន្តិភាពនៅតាមបណ្ដោយព្រំដែនដោយប្រើប្រាស់យន្តការផ្សេងៗ ដើម្បីដោះស្រាយភាពខុសគ្នាដោយសន្តិវិធីនិងបញ្ចៀសការប៉ះទង្គិចគ្នាក្នុងស្មារតីភាពជាអ្នកជិតខាងល្អ មិត្តភាព និងសាមគ្គីភាព។ ប្រសិនបើមានបញ្ហាអ្វីត្រូវរួមគ្នាដោះស្រាយតាមយន្តការដែលមានស្រាប់។ ក្នុងន័យនេះកម្ពុជាស្នើឲ្យភាគីថៃអនុវត្តដូចគ្នានូវស្មារតីនេះផងដែរ កម្ពុជាសូមគូសបញ្ជាក់សាជាថ្មី នូវគោលជំហរដោះស្រាយបញ្ហាដោយសន្តិវិធីស្មោះត្រង់និងស្របតាមច្បាប់អន្តរជាតិធម្មនុញ្ញអង្គការសហប្រជាជាតិនិងធម្មនុញ្ញអាស៊ាន៕

ក្រុមការងារក្រសួងកសិកម្មដឹកនាំសម្របសម្រួលក្រុមហ៊ុនទិញលក់ ដំឡូងមី ពោតក្រហម គ្រាប់ស្វាយចន្ទី និងគ្រាប់សណ្ដែកសៀង ជាមួយពលរដ្ឋនៅខេត្តប៉ៃលិន

2025/08/30 09:29:56 am        125
នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំក្រុមហ៊ុន Agro King Trading Co.ltd in Cambodia ជាបុត្រសម្ព័ន្ធក្រុមហ៊ុន Hong Nga Saigon Co.Ltd. ជាអ្នកប្រមូលទិញកសិផល រួមមាន ដំឡូងមី ពោតក្រហម គ្រាប់ស្វាយចន្ទី និងគ្រាប់សណ្ដែកសៀង ទៅប្រទេសវៀតណាម ជួបជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន និងទីលានសម្ងួតពោត ដំឡូង គ្រាប់ស្វាយចន្ទី (សៃឡូ) ចំនួន ៤ ទីតាំង នៅក្នុងខេត្តប៉ៃលិន។ក្នុងឱកាសនេះដែរ ឯកឧត្តមអនុរដ្ឋលេខាធិការ បានឱ្យដឹងថា ក្រុមហ៊ុន Agro King Trading Co.ltd in Cambodia ជាបុត្រសម្ព័ន្ធក្រុមហ៊ុន Hong Nga Saigon Co.Ltd. គ្រោងបញ្ជារទិញគ្រាប់ពោតក្រហម ចំនួន ៥០០,០០០តោន, ដំឡូងមី (បកសំបក និងកាប់ដោយដៃ) ចំនួន ៣០,០០០តោន, គ្រាប់ស្វាយចន្ទី ២,០០០តោន និងគ្រាប់សណ្ដែកសៀងចំនួន ២,០០០តោន ក្នុងមួយឆ្នាំ។ជាចុងបញ្ចប់ ឯកឧត្តមអនុរដ្ឋលេខាធិការ បានណែនាំឱ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តប៉ៃលិន ផ្សព្វផ្សាយ រៀបចំផែនការអាជីវកម្ម ដើម្បីផលិតតាមការបញ្ជាទិញរបស់ក្រុមហ៊ុន ដោយមានកិច្ចសន្យាច្បាស់លាស់៕

ឯកឧត្តមរដ្ឋមន្ត្រី​ ឌិត​ ទីណា​ អញ្ជើញចុះពិនិត្យការច្រូតនិងប្រមូលទិញស្រូវ​ នៅស្រុកថ្មគោល ខេត្តបាត់ដំបង

2025/08/30 09:20:54 am        170
នាព្រឹកថ្ងៃទី២៩​ ខែសីហា​ ឆ្នាំ២០២៥​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និងគណៈប្រតិភូអមដំណើរ អញ្ជើញចុះពិនិត្យការច្រូតនិងប្រមូលទិញស្រូវ​ នៅស្រុកថ្មគោល ខេត្តបាត់ដំបង។មន្ត្រីកសិកម្មគ្រប់ជាន់ថ្នាក់ ជាពិសេសមន្ត្រីកសិកម្មឃុំ-សង្កាត់​ បន្តជួយសម្របសម្រួលការច្រូត ការដឹក និងការជួយរករោងម៉ាស៊ីន និងឈ្មួញមកទិញដល់ទីវាល ដើម្បីជួយលំហូរទីផ្សាររបស់ប្រជាកសិករ។ ក្រសួងនឹងបន្តគាំទ្រការស្ដារមកវិញនៅរដូវក្រោយ តាមរយៈការចងក្រងជាសហគមន៍កសិកម្ម​ទំនើប​ និងការដាំដុះតាមកិច្ចសន្យា ដែលជួយពុកម៉ែបងប្អូនប្រជាកសិករកាត់បន្ថយថ្លៃដើម ហើយបញ្ចៀសពីហានិភ័យប្រែប្រួលថ្លៃក្នុងទីផ្សារ៕

សម្ដេចធិបតី ហ៊ុន ម៉ាណែត អរគុណប្អូនប្រុស អ៊ិន ប៊ុនរតនៈ ចំពោះរូបគំនូរ ដ៏ស្អាត និងមានអត្ថន័យមួយនេះ ដែលតំណាងអោយស្មារតីរួបរួមជាតិខ្មែរក្នុងបុព្វហេតុជាតិ និងប្រជាជន

2025/08/30 08:47:42 am        544
សម្ដេចធិបតី មានប្រសាសន៍ថា ក្នុងរូបគំនូរនេះ គឺមានរូបកងទ័ពឈរជាជួរបែរខ្នងមកខ្ញុំ រូបខ្ញុំដែលកំពុងឈរកាន់ឯកសារក្រោយចរចាបទឈប់បាញ់ហើយបែរខ្នងទៅកងទ័ព និងមានរូបប្រជាពលរដ្ឋខ្មែរជាច្រើនពេញផ្ទៃគំនូរ។ ប្អូនប្រុស រតនៈ បានប្រាប់ភរិយាខ្ញុំ អំពីអត្ថន័យនៃរូបគំនូរនេះ៖ រូបប្រជាពលរដ្ឋជាច្រើនពេលផ្ទៃគំនូរ គឺតំណាងទឹកដី និងប្រជាជនខ្មែរនៅទូទាំងប្រទេស។ រូបកងទ័ពឈរជាជួរបែរខ្នងមកខ្ញុំ គឺតំណាងអោយវីរកងទ័ព និងវីរនគរបាលជាតិយើង ដែលពេលនោះកំពុងប្រយុទ្ធនៅលើសមរភូមិ ក្នុងបុព្វហេតុការពារជាតិ ទឹកដី និងប្រជាជនរបស់យើង។ ចំណែកឯរូបខ្ញុំដែលកំពុងឈរកាន់ឯកសារក្រោយចរចាបទឈប់បាញ់ នៅថ្ងៃ ២៨ កក្កដា ២០២៥ នៅប្រទេសម៉ាឡេស៊ី ហើយបែរខ្នងទៅកងទ័ព គឺតំណាងអោយរាជរដ្ឋាភិបាលដែល​ខិតខំ​ស្វែងរក​សន្តិភាព និងការពារអាយុជីវិតវីរកងទ័ព និងប្រជាជន កុំអោយបន្តស្លាប់ដោយការប្រយុទ្ធគ្នា ដូចដែលបានកើតមានអស់រយៈពេល ៥ថ្ងៃ ៥យប់កន្លងទៅ (២៤-២៨ កក្កដា ២០២៥)។ ខ្ញុំជឿជាក់ថា បងប្អូនប្រជាពលរដ្ឋយើងទូទាំងប្រទេសប្រហែលជាអាចនៅចាំ អារម្មណ៍មួយនេះ ទោះជាការប្រយុទ្ធគ្នាបានបញ្ចប់រយៈមួយខែមកហើយ។ ខ្ញុំនៅចាំបានថា ថ្ងៃទី ២៨ កក្កដា នោះ មានបងប្អូនខ្មែរយើងច្រើននាក់ណាស់ដែលមិនចូលគេង ដោយនៅចាំមើលថាតើម៉ោង ១២យប់នោះពិតជាឈប់បាញ់គ្នាមែនឬទេ? ហើយមានបងប្អូនខ្លះ ឆ្ងល់ដោយអន្ទះសារថា ហេតុអ្វីចាំបាច់ត្រូវចាំដល់ម៉ោង ១២យប់ បានឈប់បាញ់គ្នា។ ហេតុអ្វីមិនឈប់ភ្លាមទៅ នៅចាំដល់ណាទៀត?  

សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអង្គការកិច្ចសហប្រតិបត្តិការសៀងហៃបូក នៅទីក្រុងធានជីន ប្រទេសចិន

2025/08/30 08:33:07 am        433
ភ្នំពេញ៖ តបតាមការអញ្ជើញរបស់លោក ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃបូក ដែលប្រព្រឹត្តទៅពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងធានជីន សាធារណរដ្ឋ ប្រជាមានិតចិន។អញ្ជើញអមដំណើរសម្តេចបវរធិបតី រួមមានលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយរដ្ឋមន្ត្រី មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល តំណាងពីសភាពាណិជ្ជកម្មកម្ពុជា និងសមាគមឧកញ៉ាកម្ពុជា។បើតាមសេចក្តីប្រកាសព័ត៌មានក្រសួងការបរទេសបានឱ្យដឹងថា ក្នុងឱកាសបំពេញទស្សនកិច្ចនេះ សម្តេចបវរធិបតី នឹងអញ្ជើញថ្លែងសុន្ទរកថា ពាក់ព័ន្ធនឹងមូលបទនៃកិច្ចប្រជុំកំពូល «ការអនុវត្ត ពហុភាគីនិយម ការធានានូវសន្តិសុខតំបន់ និងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព»។ក្នុងឱកាសនៃកិច្ចប្រជុំកំពូលនេះ សម្តេចបវរធិបតី នឹងជួបពិភាក្សាទ្វេភាគីជាមួយលោកប្រធានាធិបតី ស៊ី ជីនពីង ដើម្បីពិភាក្សាអំពីការពង្រឹង និងធ្វើឱ្យស៊ីជម្រៅបន្ថែមទៀតនូវភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ រវាងប្រទេសទាំងពីរ។សម្តេចបវរធិបតី ក៏នឹងរំពឹងជួបជាមួយថ្នាក់ដឹកនាំបរទេសមួយចំនួន ដើម្បីពិភាក្សាអំពីការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ព្យុះខ្សាច់បានវាយប្រហារតំបន់ស៊ីនជាំងរបស់ប្រទេសចិន
04/18/2026 05:04 PM
ប្រធានាធិបតីបារាំង ស្វាគមន៍ការបើកច្រកសមុទ្រ Hormuz ឡើងវិញនៅក្នុងកិច្ចប្រជុំពហុភាគី
04/18/2026 05:04 PM
អូស្ត្រាលី និងជប៉ុនចុះហត្ថលេខាលើកិច្ចសន្យាដើម្បីចាប់ផ្តើមកិច្ចព្រមព្រៀងនាវាចម្បាំងតម្លៃ៧ពាន់លានដុល្លារ
04/18/2026 05:04 PM
អ៊ុយក្រែនត្រៀមខ្លួនរួចជាស្រេចសម្រាប់កិច្ចប្រជុំថ្នាក់ដឹកនាំជាមួយរុស្ស៊ីក្រោមការសម្របសម្រួល
04/18/2026 05:04 PM
តម្លៃប្រេងឆៅធ្លាក់ចុះជាង ១០ ភាគរយ ខណៈច្រកសមុទ្រហ័រមូសបើកដំណើរការឡើងវិញ
04/18/2026 05:04 PM
ពលរដ្ឋលីបង់ភៀសខ្លួនពីសង្គ្រាមសម្រុកវិលត្រឡប់ទៅភាគខាងត្បូងវិញនៅថ្ងៃទីពីរនៃបទឈប់បាញ់ជាមួយអ៊ីស្រាអែល
04/18/2026 05:04 PM
អ្នកស្រុក Manipur របស់ឥណ្ឌាប្រមូលផ្ដុំដោយកាន់គប់ភ្លើង ជុំវិញការផ្ទុះដ៏សាហាវដែលបានសម្លាប់កុមារពីរនាក់
04/18/2026 05:04 PM
ពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ រៀបចំដោយសមាគមនិស្សិតខ្មែរនៅប្រទេសជប៉ុន
04/18/2026 04:04 PM
អាមេរិកបន្តលើកលែងទណ្ឌកម្មប្រេងរុស្ស៊ី ក្រោយមានសម្ពាធពីប្រទេសដែលកំពុងដោះស្រាយវិបត្តិតម្លៃប្រេងក្នុងពេលមានសង្គ្រាមអ៊ីរ៉ង់
04/18/2026 03:04 PM
អ៊ីរ៉ង់គំរាមបិទច្រកសមុទ្រហ័រមូស (Hormuz) ប្រសិនបើអាមេរិកនៅតែបន្តបិទកំពង់ផែរបស់ខ្លួន
04/18/2026 02:04 PM