ពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ រៀបចំដោយសមាគមនិស្សិតខ្មែរនៅប្រទេសជប៉ុន
TOP STORY | ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឫទ័យ នឹងព្យាបាលដោយវះកាត់ នៅក្នុងមន្ទីរពេទ្យរដ្ឋធានីប៉េកាំង
ថ្ងៃទី៥នៃ «នគរសង្រ្កាន្ត» ពលរដ្ឋ យុវជន បន្តមកដើរលេងកម្សាន្ត និងកោតសរសើរពីការតាំងពិព័រណ៍ ក្នុងភូមិវប្បធម៌ ពិសេសការរៀបចំផ្សេងៗនៅភ្នំពេញ
ថ្លៃលក់រាយប្រេងសាំង និងម៉ាស៊ូត បន្តធ្លាក់ចុះ ខណៈរដ្ឋបន្តទម្លាក់ពន្ធដល់សូន្យ% ដើម្បីជួយពលរដ្ឋ

ព័ត៌មានជាតិ

រដ្ឋមន្រ្តីសុខាភិបាល «ការចែករំលែកព័ត៌មានទៅវិញទៅមកជាប្រចាំ ជាចលករសំខាន់ក្នុងការជម្រុញកិច្ចការងារឱ្យទទួលបានជោគជ័យ»

2025/08/29 08:58:37 pm        103
ភ្នំពេញ ៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការដឹកនាំគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី២ (Steering Committee for Health Equity and Quality Improvement Project Phase 2 “H-EQIP 2”) ដើម្បីពិនិត្យវឌ្ឍនភាពការងារ បញ្ហាប្រឈមចម្បងៗ ដំណោះស្រាយ និងជូនអនុសាសន៍ទិសដៅបន្ទាប់, ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥។​ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ចំពោះវត្តមានចូលរួមពីគ្រប់ភាគីពាក់ព័ន្ធក្នុងគម្រោង និងសូមថ្លែងអំណរគុណ ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញភារកិច្ច ការចែករំលែកចំណេះដឹង និងទស្សនទានសុខាភិបាល ប្រកបដោយសមធម៌ និងគុណភាពខ្ពស់ សម្រាប់បម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ និងលើកទឹកចិត្តឱ្យក្រុមការងារបន្តកិច្ចសហការទៅមុខទៀត ដើម្បីប្រែក្លាយជាអត្ថប្រយោជន៍ដល់ប្រជាជន ជាពិសេសក្រុមប្រជាជនងាយរងហានិភ័យ។ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានផ្តល់នូវអនុសាសន៍មួយចំនួនដល់អង្គប្រជុំដូចខាងក្រោម៖១. ចែករំលែកព័ត៌មានទៅវិញទៅមកជាប្រចាំ ព្រោះការចែករំលែកនេះ ជាចលករសំខាន់ក្នុងការជម្រុញកិច្ចការងារឱ្យទទួលបានជោគជ័យ ដោយអាចដោះស្រាយរាល់បញ្ហាប្រឈមទាំងឡាយបានឆាប់រហ័ស។ ២. រៀបចំតារាងពិនិត្យ និងវិភាគវឌ្ឍនភាព និងបញ្ហាប្រឈម ដើម្បីឆ្លុះបញ្ចាំងពីសកម្មភាព ដែលបានអនុវត្ត និងសកម្មភាព ដែលត្រូវអនុវត្តបន្ត។៣. អនុវត្ត សកម្មភាពអទិភាព ដោយភាពបត់បែន គ្រប់ជ្រុងជ្រោយ និងបុរេសកម្ម។ ៤. បង្កើតផែនទីគំនិត (Brainstorming) ដើម្បីរៀបចំផែនការអនុវត្ត និងដោះស្រាយបញ្ហាប្រឈម ដែលធ្វើឱ្យរាំងស្ទះដល់ការអនុវត្តគម្រោង។កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ឯកឧត្តម លោកជំទាវ លោក លោកស្រី មកពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, តំណាងទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ, តំណាងធនាគារពិភពលោកប្រចាំនៅកម្ពុជា និងដៃគូរហិរញ្ញប្បទាន (KfW, KOICA, DFAT, GFF) និងលោក លោកស្រីប្រធាននាយកដ្ឋានទទួលបន្ទុកកិច្ចការ PBC នីមួយៗក្នុងគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី២ (H-EQIP 2) សរុបចំនួន ៣៦ រូប៕អត្ថបទ រដ្ឋា

សក្តានុពលទេសចរណ៍កម្ពុជា នឹងត្រូវផ្សព្វផ្សាយយ៉ាងទូលំទូលាយតាមរយៈក្រុមហ៊ុនអាកាសចរណ៍លំដាប់ពិភពលោក

2025/08/29 07:52:30 pm        201
ភ្នំពេញ៖ តបតាមការស្នេីសុំរបស់ក្រុមហ៊ុនផលិតស្ប៉តពាណិជ្ជកម្មពីសហរដ្ឋអាមេរិក Jacob Media United States នារសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនតំណាងក្រុមហ៊ុន និងក្រុមការងារថត ចូលជួបសម្តែងការគួរសម គោរពរាយការណ៍ពីដំណើរការថត និងគោរពស្នើសុំអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពីសំណាក់ឯកឧត្ដមរដ្ឋមន្ត្រី លើការងារថតឃ្លីបវីដេអូផ្សព្វផ្សាយសក្តានុពលទេសចរណ៍របស់ព្រះរាជាណាចក្រកម្ពុជាជូនក្រុមហ៊ុនអាកាសចរណ៍ Etihad Airways នាទីស្តីការក្រសួង។​ក្នុងឱកាសនៃជំនួបនេះ ឯកឧត្ដមរដ្ឋមន្ត្រី បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្លស់ដល់គំនិតផ្តួចផ្តើមដ៏ល្អ និងមានសារៈសំខាន់ ដល់ក្រុមហ៊ុនអាកាសចរណ៍ Etihad Airways និងក្រុមហ៊ុន Jacob Media United States ដែលបានសហការគ្នាថតវីដេអូផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជាដល់ប្រជាជនក្នុងតំបន់មជ្ឈឹមបូព៌ា និងពិភពលោកទាំងមូល។ ឯកឧត្តមរដ្ឋមន្រ្តី​ បានផ្ដល់អនុសាសន៍ណែនាំដល់ក្រុមផលិតករ ជួយផលិតវីដេអូឱ្យមានកម្រិតគុណភាពខ្ពស់ និងជួយសំរិតសំរាំងលើខ្លឹមសារ និងរូបភាព ហើយត្រូវសហការជាប់ជាប្រចាំជាមួយស្ថាប័នមានសមត្ថកិច្ចរបស់កម្ពុជា ជាពិសេសក្រសួងទេសចរណ៍ ដើម្បីអាចសម្រេចគោលដៅការងារដោយរលូន និងប្រកបដោយគុណភាពខ្ពស់។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានស្នើដល់ក្រុមការងារក្រុមហ៊ុន ជួយផ្សព្វផ្សាយពីស្ថានភាពសុខសន្តិភាព ស្ថិរភាពនយោបាយ សង្គម និងសុខសុវត្ថិភាពដែលកម្ពុជាផ្តល់ជូនដល់ភ្ញៀវទេសចរទាំងអស់អញ្ជើញមកកម្ពុជា ដូចដែលក្រុមការងារបានឃើញផ្ទាល់នាពេលនេះ។​ ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្រ្តី បានជូនពរដល់ក្រុមការងារបានជោគជ័យក្នុងភារកិច្ចដែលផ្តល់ដោយក្រុមហ៊ុនអាកាសចរណ៍ និងសូមធ្វើដំណើរត្រលប់ទៅវិញប្រកបដោយសុខសុវត្ថិភាព។​តំណាង និងក្រុមការងាររបស់ក្រុមហ៊ុន Jacob Media United States បានធ្វេីការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនឯកឧត្ដមរដ្ឋមន្ត្រីដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញាតជូនក្រុមការងារផលិតឃ្លីបបានចូលជួបសម្តែងការគួរសមនាពេលរសៀលនេះ និងបេ្តជ្ញាផ្សព្វផ្សាយពីព័ត៌មានពិតពីប្រទេសកម្ពុជាដែលបានជួបផ្ទាល់ ជាពិសេសបដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់កម្ពុជាដូចបានទទួលពីសំណាក់ឯកឧត្តមរដ្ឋមន្រ្តី ដល់ក្រុមគ្រួសារ មិត្តភក្តិ មិត្តរួមការងារ និង followers របស់ខ្លួនទាំងអស់។សូមបញ្ជាក់ជូនថាតាមរយៈប្រភពព័ត៌មានផ្សព្វផ្សាយជាសាធារណៈ ក្រុមហ៊ុនអាកាសចរណ៍ Etihad Airways ជាក្រុមហ៊ុនអាកាសចរណ៍ដ៏ធំលំដាប់ទី២ នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម (UAE) ដែលមានទីស្នាក់ការកណ្តាលរបស់ខ្លួននៅរដ្ឋធានី​អា​ប៊ុ​យ​ដា​ប៊ី ​«Abu Dhabi»​ មានយន្តហោះជាង១១០ គ្រឿង និងហោះហើរទៅកាន់គោលដៅជាង១២០ កន្លែង ក្នុងពិភពលោក ដោយបានដឹកអ្នកដំណើរជាង២០លាននាក់ក្នុងរយៈពេល១២ខែចុងក្រោយនេះ ហើយក្រុមហ៊ុន នឹងចាប់ផ្តើមជើងហោះហើរត្រង់ពីរដ្ឋធានី​អា​ប៊ុ​យ​ដា​ប៊ី ​«Abu Dhabi» មករាជធានីភ្នំពេញចាប់ពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញទទួលថវិកាចំនួន “៤៣៤លានរៀល” ពី សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា

2025/08/29 07:15:00 pm        147
នៅរសៀលថ្ងៃទី២៩ ខែ សីហា ឆ្នាំ២០២៥ «លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត» ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួល ថវិកាបរិច្ចាគចំនួន “៤៣៤,០០០,០០០រៀល” (បួនរយសាមសិបបួនលានរៀល) ពី សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា នៅសណ្ឋាគារ Raffles Le Royal ដោយមានការអញ្ជើញចូលរួមពី លោកអ្នកឧកញ៉ា លី ហួរ តំណាងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និង លោកជំទាវ ប៉ែន សុបភា អនុប្រធានប្រតិបត្តិ នៃក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា។ក្នុងនាមអនុប្រធានប្រតិបត្តិ នៃក្រុមប្រឹក្សាបរធនបាលមូលនិធិគន្ធបុប្ផាកម្ពុជា លោកជំទាវ ប៉ែន សុបភា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ដែលបាននាំយកថវិកាចំនួន “៤៣៤លានរៀល” មកបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីចូលរួមគាំទ្រ “យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៥ ដែលជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់បំផុតរបស់ «លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត» ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា និងដើម្បីបន្តគាំទ្រដល់កិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាក្នុងបេសកកម្មរផ្ដល់សេវាពិនិត្យ និងព្យាបាលទារកនិងកុមារកម្ពុជា ដោយឥតគិតថ្លៃ ប្រកបដោយគុណភាពខ្ពស់ ប្រសិទ្ធភាពខ្ពស់ និងមិនមានការរើសអើង។លោកអ្នកឧកញ៉ា លី ហួរ តំណាងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានសម្តែងនូវអារម្មណ៍រំភើប និងសប្បាយរីករាយជាខ្លាំងដែល «លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត» ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានចំណាយពេលវេលាដ៏មមាញឹក និងមានតម្លៃ ផ្តល់កិត្តិយសដល់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានចូលជួបសម្តែងការគួរសម និងចូលរួមបរិច្ចាគថវិកាជូនដល់ មូលនិធិគន្ធបុប្ផាកម្ពុជា ដោយផ្ទាល់។ លោកអ្នកឧកញ៉ាបញ្ជាក់បន្ថែមថា ថវិកាទាំងនេះគឺទទួលបានពីការចូលរួមបរិច្ចាគពីសប្បុរសជន ដែលជាសមាជិកអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា សម្រាប់សកម្មភាពសប្បុរសធម៌ជាមួយរាជរដ្ឋាភិបាល តាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជា ជាពិសេសការជួយអាយុជីវិត និងសង្គ្រោះកុមារកម្ពុជា ក្នុងស្មារតី “ខ្មែរស្រឡាញ់ខ្មែរ” ។ លោកអ្នកឧកញ៉ាបន្តថា ក្នុងនាមប្រធានសមាគម និងតំណាងឱ្យសមាជិកសមាជិកានៃសមាគម ដែលជាក្រុមហ៊ុនអ្នកអភិវឌ្ឍលំនៅឋាននៅកម្ពុជា សូមគាំទ្រយ៉ាងពេញទំហឹងក្នុងការបរិច្ចាគថវិកាប្រចាំឆ្នាំជូនមូលនិធិ។ ជាពិសេស សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតគោរពជូន «សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន» និង «សម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន» ជាស្ថាបនិក ចំពោះគំនិតលួចផ្ដើមដ៏ខ្ពង់ខ្ពស់ថ្លៃថ្លា ក្នុងការបង្កើត និងការសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវមូលនិធិគន្ធបុប្ផាកម្ពុជា ។ក្នុងជំនួបខាងលើនេះ «លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត» បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ «សម្តេចធិបតី» និង ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ដែលតែងតែបានចូលរួមសកម្មភាពមនុស្សធម៌ដោយសទ្ធាជ្រះថ្លា និងដោយស្ម័គ្រចិត្ត ជាបន្តបន្ទាប់ក្នុងការងារសង្គម និងជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលទាំងនេះបានឆ្លុះបញ្ចាំងអំពីការចូលរួមប្រកបដោយឆន្ទៈ និងបេះដូងមនុស្សធម៌ពិតៗ របស់សមាជិកសមាជិកា នៃសមាគម ក្នុងការជួយដល់សង្គមជាតិរបស់យើង។ ជាពិសេសក្នុងយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” នេះគឺជាការចូលរួមមួយដ៏សំខាន់បំផុត ក្នុងការជួយដល់ជីវិតកុមារកម្ពុជា។ «លោកជំទាវបណ្ឌិត» បានឱ្យដឹងថា យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា រយៈពេល១ខែពេញ កាលពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ បានបញ្ចប់ដោយជោគជ័យ មានសប្បុរសជនជិត៣០ម៉ឺននាក់ បានបរិច្ចាគថវិកាសរុប ៥.៥លានដុល្លារ។ ការចូលរួមបរិច្ចាគដើម្បីគាំទ្រយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៥ បង្ហាញថា សាធារណជនមានទឹកចិត្តសប្បុរសយ៉ាងផុសផុលជាងឆ្នាំមុន និងបានចូលរួមយ៉ាងសកម្មក្នុងស្មារតី “ខ្មែរជួយខ្មែរ” ដើម្បីរួមគ្នានាំក្តីសង្ឃឹម និងស្នាមញញឹមដល់ ទារក កុមារ និងស្ត្រីមានផ្ទៃពោះនៅកម្ពុជា។ «លោកជំទាវបណ្ឌិត» បានគូសបញ្ជាក់ថា ទោះបីជាយុទ្ធនាការនេះ ដល់ថ្ងៃបញ្ចប់ក៏ដោយ ក៏សាធារណជនដែលមានទឹកចិត្តសប្បុរសនៅតែអាចចូលរួមបរិច្ចាគ ដើម្បីរួមគ្នារក្សានិរន្តរភាព នៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ទាំងនៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប ក្នុងការបន្តបេសកកម្មពិនិត្យ និងព្យាបាលជំងឺដល់ ទារក និងកុមារ ព្រមទាំងសេវាសម្ភពដល់ស្ត្រីមានផ្ទៃពោះផងដែរ៕

ឯកឧត្តម ឡាយ សំកុល រួមជាមួយឯកឧត្តម ឈីវ យីស៊ាង ដឹកនាំកិច្ចប្រជុំជាមួយតំណាងក្រសួង/ស្ថាប័នពាក់ព័ន្ធ ដើម្បីត្រៀមរៀបចំទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមប្រធានាធិបតី និងលោកជំទាវទី១ នៃសាធារណរដ្ឋហ្វីលីពីន នៅព្រះរាជាណាចក្រកម្ពុជា

2025/08/29 07:00:10 pm        131
ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា រួមជាមួយឯកឧត្តម ឈីវ យីស៊ាង នាយកខុទ្ទកាល័យសម្តេចតេជោប្រធានព្រឹទ្ធសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយតំណាងក្រសួងព្រះបរមរាជវាំង, ទីស្តីការគណៈរដ្ឋមន្ត្រី, ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ដើម្បីពិភាក្សាអំពីវឌ្ឍនភាពនៃការត្រៀមរៀបចំដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមប្រធានាធិបតី និងលោកជំទាវទី១ នៃសាធារណរដ្ឋហ្វីលីពីន នៅព្រះរាជាណាចក្រកម្ពុជា នាពេលខាងមុខ។កិច្ចប្រជុំប្រព្រឹត្តទៅ នៅបន្ទប់ប្រជុំឯកឧត្តមអគ្គលេខាធិការ វិមានព្រឹទ្ធសភា នារសៀលថ្ងៃសុក្រ ៦កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥…។

ក្រុមអ្នកសារព័ត៌មានបរទេស បានបន្តបំពេញបេសកកម្មចុះយកព័ត៌មាន ដោយផ្ទាល់ទីតាំងភូមិព្រៃចាន់ និងភូមជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ដែលត្រូវកងទ័ពថៃ រាយបន្លាលួសព័ទ្ធយកដី និងផ្ទះពលរដ្ឋខ្មែរ បន្ទាប់ពីបទឈប់បាញ់ចូលជាផ្លូវការ

2025/08/29 06:41:29 pm        141
(បន្ទាយមានជ័យ)៖ ក្រោយបញ្ចប់បេសកកម្មចុះយកព័ត៌មានដោយផ្ទាល់នៅវត្តអារាម សាលារៀន មណ្ឌលសុខភាព និងទីតាំងផ្សេងទៀត ដែលរងការបំផ្លិចបំផ្លាញដោយគ្រាប់ផ្លោង និងការទម្លាក់គ្រាប់បែកពីលើយន្តហោះពីសំណាក់ទាហានថៃ នាពេលកន្លងមក នៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ នៅរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥នេះ ក្រុមអ្នកសារព័ត៌មានមកពីប្រទេសចិន សិង្ហបុរី ឥណ្ឌូនេស៉ី ម៉ាឡេស៉ី វៀតណាម ព្រមទាំងអ្នកសារព័ត៌មានកម្ពុជាជាច្រើននាក់ បានបន្តចុះយកព័ត៌មានទៅខេត្តឧត្តរមានជ័យ ដើម្បីពិនិត្យ និងធ្វើទស្សនកិច្ចទីតាំងដោយផ្ទាល់ទីតាំងភូមិព្រៃចាន់ និងភូមជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ដែលត្រូវកងទ័ពថៃ រាយបន្លាលួសព័ទ្ធយកដី និងផ្ទះប្រជពលរដ្ឋខ្មែរ បន្ទាប់ពីបទឈប់បាញ់រវាងកងទ័ពទាំងពីរជាផ្លូវការ។ក្នុងដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌មានមកពីតំបន់អាស៉ី លើទឹកដីខេត្តបន្ទាយមានជ័យ មានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ។នាឱកាសនោះដែរ ឯកឧត្តម អ៊ុ រាត្រី បានធ្វើបទបង្ហាញដល់អ្នកសារព័ត៌មានបរទេស និងកម្ពុជា ពីសកម្មភាពបំពានរបស់កងទ័ពថៃ ដោយបានបណ្តេញប្រជាពលរដ្ឋខ្មែរ ចេញពីលំនៅឋានទាំងគឃ្លើន មិនគោរពច្បាប់អន្តរជាតិ ច្បាប់មនុស្សធម៌ ជាពិសេសកងទ័ពថៃ បានរំលោភបំពានយ៉ាងខ្លាំងលើកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកងទ័ពទាំងពីរ។ ជាពិសេសសកម្មភាពបំពានរបស់កងទ័ពថៃ កាលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ថ្មីៗនេះ បានបន្តរាយបន្លាលួសព័ន្ធយកដីចម្ការអំពៅរបស់ប្រជាពលរដ្ឋខ្មែរ នៅភូមិជោគជ័យ ឃុំអីរបីជាន់ ប៉ុន្តែ សកម្មភាពបំពានមកលើដែនអធិបតេយ្យភាពកម្ពុជា មិនបានសម្រេចនោះទេ ពោលគឺដោយសារប្រជាពលរដ្ឋជាម្ចាស់ដី និងបងប្អូនប្រជាពលរដ្ឋខ្មែរ បានសហការគ្នាបណ្តេញកងទ័ពថៃ ឱ្យដកថយទៅវិញ ដោយមិនមានការប៉ះទង្គិចគ្នានោះឡើយ។ពិធីនេះសម្របសម្រួលដោយក្រសួងព័ត៌មាន ដែលដឹកនាំដោយ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន តាមរយៈសិក្ខាសាលាថ្នាក់តំបន់ស្តីពី «ការគ្រប់គ្រងសុវត្ថិភាព និងហានិភ័យក្នុងការរាយការណ៍ស្តីពីជម្លោះ» "Safety and Risk Management Conflict Reporting” ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥។សិក្ខាសាលាអមដោយការចុះសិក្សានៅទីវាលផ្ទាល់ របស់អ្នកសារព័ត៌មាន បានស្វែងយល់មួយកម្រិតបន្ថែមទៀតពីការរាយកាណ៍ក្នុងស្ថានភាពតានតឹង និងជម្លោះព្រំដែន។ ក្នុងនោះអ្នកសារព័ត៌មានក្នុងតំបន់ក៏បានចែករំលែកបទពិសោធន៍ និងការអនុវត្តល្អៗទៅវិញទៅមកផងដែរ។ គួរបញ្ជាក់ផងដែរថា បន្ទាប់ពីសិក្ខាសាលានាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ អ្នកសារព័ត៌មានអន្តរជាតិ បានធ្វើដំណើរទស្សនកិច្ចទៅទស្សនាកន្លែងស្នាក់នៅបណ្តោះអាសន្នក្នុងវត្តពោធិ៍៥០០០ដើម ស្ថិតនៅចំណុចអូរដូនស្ងួន ក្នុងភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ ដោយបានសម្ភាសជាមួយអាជ្ញាធរខេត្ត និងប្រជាពលរដ្ឋភៀសសឹក ផងដែរ។  ជាមួយគ្នានេះដែរ អ្នកសារព័ត៌មានតំបន់អាស៉ី បានចុះពិនិត្យស្ថានភាពជាក់ស្តែងនៅទីតាំងភូមិផ្អុង សង្កាត់កូនក្រៀល ក្រុងសំរោង ជាកន្លែងគ្រាប់កាំភ្លើងធំប្រភេទ ១០៥មីលីម៉ែត្រ ១២៧មីលីម៉ែត្រ និង១៥៥មីលីម៉ែត្រ បានផ្លោងដាក់ភូមិឋានប្រជាពលរដ្ឋស៉ីវិល។និងបន្តចុះពិនិត្យជាក់ស្តែងទីតាំងគ្រាប់បែក MK-84 ទម្ងន់ជាង១តោន ដែលកងទ័ពថៃទម្លាក់ពីលើយន្តហោះចម្បាំង F-16 លើផ្ទះប្រជាពលរដ្ឋក្នុងភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល៕

លោក ពេញ ធារម្យ អតីតអភិបាលរងខេត្តកំពត ត្រូវបានប្រកាសឱ្យចូលកាន់មុខតំណែងជាអភិបាលរងរាជធានីភ្នំពេញ

2025/08/29 06:04:09 pm        206
ភ្នំពេញ ៖ លោក ពេញ ធារម្យ អតីតអភិបាលរងខេត្តកំពត ត្រូវបានប្រកាសឱ្យចូលកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ ជំនួសលោក កើត ឆែ អភិបាលរង នៃអភិបាលរាជធានីភ្នំពេញ ដែលត្រូវបានតែងតាំងជាអភិបាលរងខេត្តកំពតរួចហើយកាលពីថ្ងៃ២៧ សីហាកន្លងមកនេះ។ ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញនេះបានធ្វើឡើងនារសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្ដម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ តំណាង ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយមានវត្តមានចូលរួមពីឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។ឯកឧត្ដម ឃួង ស្រេង មានប្រសាសន៍ថា គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ រក្សាបាននូវសន្តិសុខសុវត្ថិភាពយ៉ាងល្អប្រសើរ មិនឱ្យប្រជាពលរដ្ឋមានការព្រួយបារម្ភឡើយ។ ជាមួយគ្នានេះដែរ ខណៈមានជម្លោះនៅតាមព្រំដែន រដ្ឋបាលរាជធានីភ្នំពេញ បានគៀងគរសប្បុរជនឱ្យចូលរួមជាមួយរដ្ឋបាលរាជធានីក្នុងការបរិច្ចាកគ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់ និងថវិកា ដើម្បីប្រគល់ជូនទៅកងទ័ពជួរមុខ និងជនភៀសសឹក ចំនួន២១លើករួចមកហើយ។ឯកឧត្ដម ឃួង ស្រេង បន្តថា អនុវត្តតាមការចង្អុលណែនាំពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រដ្ឋបាលរាជធានី បានរៀបចំរថយន្តក្រុងសំរាប់ដឹកជញ្ជូនពលករមកពីប្រទេសថៃ ដោយបានប្រើប្រាស់រថយន្តចំនួន ៤៨០គ្រឿង។ ចំពោះការអភិវឌ្ឍរាជធានីឱ្យមានការអភិវឌ្ឍរីកចំរើន កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥កន្លងមកនេះ ដោយមានការអនុញ្ញាតិដ៏ខ្ពង់ខ្ពស់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត រដ្ឋបាលរាជធានីបានដាក់ឱ្យប្រើប្រាស់បណ្តោះអាសន្ន ស្ពានអាកាស សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្កើតឱ្យមានផ្លូវថ្មើរជើងចតុមុខ ដែលទទួលបានការពេញនិយមយ៉ាងខ្លាំងពីភ្ញៀវជាតិ និងបរទេស មកដើរលេងកំសាន្តក្នុង១ថ្ងៃពី៨ ទៅ១០ម៉ឺននាក់ រហូតធ្វើឱ្យរាជធានីភ្នំពេញជាប់ចំណាត់ថ្នាក់លេខ២លើពិភពលោក ឈ្មោះថា ជាទីក្រុងប្រជុំដោយភាពរីករាយនៅពេលរាត្រី។ក្នុងឱកាសនោះដែរ ឯកឧត្ដម ឃួង ស្រេង បានណែនាំឱ្យ លោក ពេញ ធារម្យ អភិបាលរងរាជធានីភ្នំពេញដែលទើបប្រកាសចូលកាន់តំណែង ត្រូវយកចិត្តទុកដាក់បំពេញការងារ ដោយសហការជាមួយរដ្ឋបាលខណ្ឌទាំង១៤ សង្កាត់ទាំង១០៥ មន្ទីរ អង្គភាពនានា អង្គការសង្គមស៊ីវិល ពិសេសគឺសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ។ឯកឧត្ដម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា បានលើកឡើងពីស្ថានភាពនៃជម្លោះព្រំដែន និងបានថ្លែងនូវការអរគុណចំពោះសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ដែលបានស្វែងរកសន្តិភាពជូនកម្ពុជានៅថ្ងៃទី២៨ ខែកក្កដា ដែលឈានទៅដល់មានបទឈប់បាញ់ដោយគ្មានលក្ខខណ្ឌ។ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការបានបញ្ជាក់ថា បើទោះបីមានបទឈប់បាញ់ក្តី ក៏ប៉ុន្តែស្ថានភាពព្រំដែននៅតែមានបញ្ហាស្មុគស្មាញមិនចេះចប់។ក្នុងឱកាសនោះដែរឯកឧត្ដមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា ក៏បានថ្លែងនូវការអរគុណផងដែរ ចំពោះក្រុមប្រឹក្សានិងគណៈអភិបាលរាជធានីភ្នំពេញ ដែលបានសម្រេចនូវលទ្ធផលការងារយ៉ាងល្អប្រសើរ ដែលនឹងរុញកម្ពុជាឱ្យសម្រេចបាននូវមហិច្ឆតារបស់ខ្លួន ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។លោក ពេញ ធារម្យ អភិបាលរងរាជធានីដែលត្រូវបានតែងតាំងថ្មីបានប្តេជ្ញាចិត្តថា ដើម្បីឆ្លើយតបទៅនឹងទំនុកចិត្តរបស់រាជរដ្ឋាភិបាលក៏ដូចជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ លោកនឹងខិតខំបំពេញការងារ ការពាររាជរដ្ឋាភិបាលទោះក្នុងតម្លៃណាក៏ដោយ ប្តេជ្ញាគោរពតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាលឱ្យបានម៉ឺងម៉ាត់បំផុត ប្តេជ្ញាគោរពតាមសេចក្តីសម្រេចនានារបស់ក្រសួងមហាផ្ទៃ។ ចូលរួមអនុវត្តឱ្យបានជោគជ័យនូវគោលនយោបាយភូមិសង្កាត់សុវត្ថិភាព។ ប្តេជ្ញាធានារក្សាសន្តិសុខសុវត្ថិភាព និងរក្សាសន្តិភាពឱ្យបានទោះបីក្នុងតម្លៃណាក៏ដោយ។ គោរពតាមការណែនាំរបស់ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញឱ្យបានម៉ឺងម៉ាត់បំផុត និងខិតខំបំពេញការងារប្រកបដោយស្មារតីបុរេសកម្ម៕

ឯកឧត្តម ឌិត ទីណា៖ ក្រសួងកសិកម្ម នឹងបន្តជួយកសិករក្នុងការស្ដារមកវិញលើការប្រមូលទិញស្រូវនារដូវកាលក្រោយ

2025/08/29 05:33:50 pm        222
ភ្នំពេញ ៖ ឯកឧត្ដម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងគណៈប្រតិភូអមដំណើរ នៅថ្ងៃម្សិលមិញ បានអញ្ជើញចុះពិនិត្យការប្រមូលទិញស្រូវ នៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។​ ក្នុងដំណើរចុះពិនិត្យការងារប្រមូលទិញស្រូវ កាលពីរសៀលថ្ងៃទី២៨ សីហា ឆ្នាំ២០២៥កន្លងទៅ ឯកឧត្តមរដ្ឋមន្រ្តី បានឱ្យដឹងថា ក្រុមការងារមន្ត្រីកសិកម្មគ្រប់ជាន់ថ្នាក់ បន្តនៅជាប់ជាមួយប្រជាពលរដ្ឋ ដើម្បីជួយដោះស្រាយបញ្ហាតម្លៃស្រូវក្នុងរដូវនេះ តាមរយៈការសម្របសម្រួលរោងម៉ាស៊ីនមកទិញដល់ទីវាល។ បន្ថែមពីនេះ ក្រសួងកសិកម្ម នឹងបន្តជ្រោមជ្រែងប្រជាកសិករក្នុងការស្ដារមកវិញនៅរដូវកាលក្រោយ តាមរយៈការចងក្រងជាសហគមន៍កសិកម្មទំនើប ដែលនឹងជួយកាត់បន្ថយថ្លៃដើមដាំដុះ និងតភ្ជាប់ទីផ្សារធានាថ្លៃទុកមុន។ ពាក់ព័ន្ធបញ្ហាស្រូវនេះដែរ កាលពីកន្លងទៅថ្មីៗនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលបានសម្រេចដកថវិកាចំនួន ២០លានដុល្លារអាម៉េរិក ពីមូលនិធិកម្មហិរញ្ញប្បទានពិសេសឲ្យធនាគារធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ផ្តល់ជាទុនបង្វិលដល់រោងម៉ាស៊ីនកិនស្រូវ ក្នុងការប្រមូលទិញស្រូវពីប្រជាកសិករមានតម្លៃសមរម្យ និងគ្រោងបន្តផ្តល់សុពលភាព ២ឆ្នាំបន្ថែមទៀត លើផ្នែកពន្ធដារដល់វិស័យកសិកម្ម។ឯកឧត្តមបណ្ឌិត កៅ ថាច អគ្គនាយកធនាគារធនាគារ ARDB បានលើកឡើងឱ្យដឹងថា តាមរយៈការផ្តល់ហិរញ្ញប្បទានដល់គ្រប់តួអង្គក្នុងខ្សែច្រវាក់តម្លៃផលិតកម្ម ជាទុនបង្វឹល ឬជាទុនវិនិយោគ គិតត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ធនាគារ ARDB មានសម្ពាធឥណទានទៅលើស្រូវ-អង្ករប្រមាណជា ២០០លានដុល្លារអាម៉េរិក ស្មើ ៤១% នៃឥណទានសរុប៕អត្ថបទ៖ ឈិត បូរ៉ាវី 

ក្រសួងអប់រំ៖ដំណើរការប្រឡងបាក់ឌុបពីរថ្ងៃនេះប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព ខណៈលទ្ធផលប្រឡងនឹងត្រូវប្រកាសនៅថ្ងៃទី២០ ខែកញ្ញាខាងមុខ

2025/08/29 05:30:28 pm        262
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅល្ងាចថ្ងៃទី២៩ ខែសីហានេះ បានចេញសេចក្ដីប្រកាសប័ត៌មានបញ្ជាក់ថា ដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ បានប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន និងស្របតាមគោលការណ៍ “អ្នកចេះគឺជាប់”។ក្រសួងអប់រំ បានឱ្យដឹងថា ដំណើរការសំណេរនៃការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ២៨ សីហា ២០២៥ បានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃគឺ ថ្ងៃទី២៨ និងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ ដែលមានបេក្ខជនចុះឈ្មោះប្រឡងសរុប ១៤៦,៧២០នាក់ ស្រី ៨១,៤៤២នាក់ ក្នុងនោះបេក្ខជនថ្នាក់វិទ្យាសាស្ត្រ ៤០,៦៧៨នាក់ (ស្រី ២៤,៥១៩នាក់) បេក្ខជនថ្នាក់ វិទ្យាសាស្ត្រសង្គម ១០៦,០៤២នាក់ (ស្រី ៥៦,៩២៣នាក់)។ មណ្ឌលប្រឡងសរុប ២៤១មណ្ឌល ត្រូវជា ៥,៩២៤បន្ទប់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រ ៧២មណ្ឌល ត្រូវជា ១,៦៥៥បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គម ១៦៩ មណ្ឌល ត្រូវជា ៤,២៦៩បន្ទប់។ ចំនួនគណៈមេប្រយោគទូទាំងប្រទេស និងគណៈកម្មការនានា នៅក្នុងដំណើរ ការសំណេរសរុប ៣១,២០៣នាក់។បើតាមសេចក្ដីប្រកាសរបស់ក្រសួងអប់រំ បើទោះបីមានភ្លៀងធ្លាក់នៅរាជធានី ខេត្តចំនួន១៧ រួមមានរាជធានីភ្នំពេញ ខេត្តក្រចេះ ស្ទឹងត្រែង តាកែវ កំពង់ឆ្នាំង ពោធិ៍សាត់ ព្រះវិហារ កំពង់ស្ពឺ កោះកុង កំពង់ចាម ព្រះសីហនុ សៀមរាប ប៉ៃលិន កណ្តាល បាត់ដំបង ព្រៃវែង និងរតនគិរី ប៉ុន្តែដំណើរការសំណេរនៅតែមានដំណើរការដោយរលូន មានសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ ដោយមានការយកចិត្តទុកដាក់បំពេញតួនាទី ភារកិច្ច និងទំនួលខុសត្រូវខ្ពស់ ពីសំណាក់ គណៈមេប្រយោគទូទាំងប្រទេស គណៈកម្មការអប្បមាទទូទាំងប្រទេស ជំនួយការអប្បមាទទូទាំងប្រទេស ប្រធាន អនុប្រធានមណ្ឌល គណៈកម្មការកណ្តាល គណៈកម្មការត្រួតពិនិត្យអគារ គណៈកម្មការអនុរក្ស ព្រមទាំងមានការចូលរួមសង្កេតការណ៍ដោយអង្គភាពប្រឆាំងអំពើពុករលួយ និងកិច្ចសហការជាមួយសហភាព សហព័ន្ធយុវជនកម្ពុជា មន្ត្រីសុខាភិបាល កងកម្លាំង និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់។ក្រសួងបានឱ្យដឹងថា ក្នុងរយៈពេល ២ថ្ងៃនេះ បេក្ខជនអវត្តមានសរុប ១,៨៧២នាក់ (ស្រី ៧៥១នាក់) ស្មើនឹង១,២៧ ភាគរយនៃបេក្ខជនមកប្រឡងសរុប ក្នុងនោះបេក្ខជនស្វ័យរិនអវត្តមាន ១,៥២២នាក់ (ស្រី ៥៨៦នាក់) និង បេក្ខជនចំណេះទូទៅអវត្តមាន ៣៥០នាក់ (ស្រី ១៦៥នាក់)។ បេក្ខជនមានបញ្ហាសុខភាព ២៦១ករណី ក្នុង នោះដាក់ឱ្យប្រឡងដាច់ដោយឡែក ៨៦ករណី ក្រោមការយកចិត្តទុកដាក់មើលថែទាំពីក្រុមគ្រូពេទ្យ។ បេក្ខជន មានជំងឺគ្រុនឈាម ១៣ករណី និងគ្រោះថ្នាក់ចរាចរណ៍ ៦ករណី។ គណៈមេប្រយោគមានបញ្ហាសុខភាព ៥៩ ករណី។ បេក្ខជនបោះបង់ការប្រឡងដោយសារបញ្ហាសុខភាព ៣ករណី។បេក្ខជនបានគោរពបទប្បញ្ញត្តិនៃការប្រឡង និងបានប្រឹងប្រែងធ្វើកិច្ចការតាមសមត្ថភាពរៀងៗខ្លួន ហើយការយកសំណៅឯកសារចូលមណ្ឌលប្រឡងមានចំនួនតិចតួចបំផុត។ បេក្ខជនដែលបានប្រព្រឹត្តកំហុស ឆ្គងមាន ២ករណី និងគណៈមេប្រយោគ និងគណៈកម្មការនានាមានកំហុសឆ្គង ៥ករណី ហើយត្រូវបានកត់ត្រា ក្នុងរបាយការណ៍ពិសេស។ដំណើរការសំណេរបានបញ្ចប់នៅម៉ោង ១៦:៣០រសៀល ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥។ ហឹបសន្លឹក កិច្ចការបេក្ខជន និងសំណុំឯកសារពាក់ព័ន្ធការប្រឡងត្រូវបានត្រួតពិនិត្យដោយហ្មត់ចត់បំផុត ដើម្បីត្រៀមនីតិវិធី បញ្ជូនមកកាន់រាជធានីភ្នំពេញសម្រាប់បន្តដំណើរការកំណែ។ក្រសួងអប់រំបញ្ជាក់ថា៖«ជារួម ដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ បានប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន និងស្របតាមគោលការណ៍ “អ្នកចេះគឺជាប់”។ តាមការគ្រោងទុក លទ្ធផលប្រឡងនឹងត្រូវប្រកាសនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ ផ្សព្វផ្សាយតាម បណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា facebook.com/moeys.gov.kh»៕

ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ចុះពិនិត្យអាកាសយានដ្ឋានអន្ដរជាតិតេជោ

2025/08/29 04:56:44 pm        182
កណ្ដាល៖ ឯកឧត្តម​សន្ដិបណ្ឌិត នេត សាវឿន ប្រធានគណៈកម្មាធិការជាតិសន្ដិសុខអាកាសចរណ៍ស៉ីវិល នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥នេះ បានអញ្ជើញចុះពិនិត្យអាកាសយានដ្ឋានអន្ដរជាតិតេជោ ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល ដែលត្រៀមនឹងដាក់ឲ្យដំណើរការនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ខាងមុខឆាប់ៗនេះ។ក្នុងឱកាសនោះ ក៏មានការចូលរួមពីឯកឧត្តម ប៉ែន វិបុល ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស, ឯកឧត្តម​បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ដ្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៉ីវិល ព្រមទាំងថ្នាក់ដឹកនាំ និងមន្ដ្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។នៅពេលចុះពិនិត្យនេះ មន្ដ្រីជាន់ខ្ពស់ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៉ីវិល ព្រមទាំងលោកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រងនៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) បានផ្តល់បទបង្ហាញអំពី ទិដ្ឋភាពទូទៅដ៏ល្អប្រណិតរបស់អាកាសយានដ្ឋានអន្តរជាតិតេជោ និងការត្រៀមខ្លួនរួចរាល់ក្នុងការទទួលជើងហោះហើរជាតិ និងអន្តរជាតិគ្រប់កម្រិត និងគ្រប់ប្រភេទពីគ្រប់ទិសទីនៅលើពិភពលោកមកកាន់ព្រះរាជាណាចក្រកម្ពុជា ។ក្រោយបញ្ចប់ទស្សនកិច្ចពិនិត្យហើយនោះ ឯកឧត្តម​សន្ដិបណ្ឌិត នេត សាវឿន បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះ អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាស្នាដៃកូនខ្មែរ និងជាសមិទ្ធផលដ៏អស្ចារ្យក្រោមសម័យតេជោធិបតី។ នេះគឺជាមោទនភាពសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប ដែលមានអាកាសយានដ្ឋានធំបំផុតលំដាប់អន្តរជាតិ និងជាតម្លៃបន្ថែមខ្ពស់សម្រាប់វិស័យទេសចរណ៍។ចំពោះមុខនូវអ្វីដែលត្រៀមដាក់ឲ្យដំណើរការឆាប់ៗនេះ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ក្នុងនាមជាប្រធានគណៈកម្មាធិការជាតិសន្ដិសុខអាកាសចរណ៍ស៉ីវិល បានណែនាំដល់គ្រប់បណ្ដាអង្គភាព ស្ថាប័នពាក់ព័ន្ធទាំងអស់ ពិសេសស្ថាប័នដែលទទួលបន្ទុកការងារសន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ ត្រូវត្រៀមលក្ខណៈម្ចាស់ការណ៍ឲ្យបានគ្រប់គ្រង គ្រប់ស្ថានភាពទាំងអស់ ដើម្បីធានាឲ្យដំណើរការនេះបានប្រព្រឹត្តទៅដោយជោគជ័យ។ឯកឧត្តម​សន្ដិបណ្ឌិត បានគូសបញ្ជាក់ទៀតថា មន្ដ្រីគ្រប់ផ្នែកទាំងអស់ដែលបម្រើការងារនៅក្នុងអាកាសយានដ្ឋានអន្ដរជាតិតេជោ គឺជាអ្នកដែលតំណាងឲ្យប្រទេសជាតិមុនគេ នៅចំពោះមុខភ្ញៀវជាតិ និងអន្ដរជាតិទាំងអស់ដែលធ្វើដំណើរមកកាន់ប្រទេសកម្ពុជាតាមរយៈជើងហោះហើរ ពោលត្រូវតែបំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ រក្សាសេចក្ដីថ្លៃថ្នូរ និងមានប្រសិទ្ធភាពខ្ពស់។ឯកឧត្តម​សន្ដិបណ្ឌិត នេត សាវឿន បានកត់សម្គាល់ថា អាកាសយានដ្ឋានអន្ដរជាតិតេជោ ត្រូវបានបំពេញទៅដោយឧបករណ៍ស៊េរីទំនើបៗចុងក្រោយគេបង្អស់ ដូច្នេះហើយមន្ដ្រីដែលបម្រើការងារត្រូវតែរៀនសូត្រឲ្យបានល្អិតល្អន់ និងត្រូវប្រាកដថា ឧបករណ៍ទំនើបហើយ សមត្ថភាពរបស់មន្ដ្រីត្រូវតែខ្លាំងដូចគ្នា។ លើសពីនេះ ក៏ត្រូវយកចិត្តទុកដាក់ជួយដល់អ្នកដំណើរប្រកបដោយភាពស្មោះត្រង់ សំដៅរក្សាកិត្តិយស កិត្យានុភាពជាតិ។សូមរំលឹកថា អាកាសយានដ្ឋានអន្តរជាតិតេជោបានចំណាយថវិកាសាងសង់អស់ទឹកប្រាក់ប្រមាណជាង ២០០០លានដុល្លារ ដំណាក់កាលទី១ និង ជាប់ចំណាត់ថ្នាក់លេខ ៩ នៃគម្រោងស្ថាបត្យកម្មពិភពលោកទាំង ១១ក្នុងឆ្នាំ២០២៥ ផ្អែកលើប្រណីតភាព រចនាបថ និងបរិស្ថានប្រកបទៅដោយរុក្ខជាតិបៃតង និងបានសាងសង់ឡើងលើផ្ទៃដីជាង ២ ៦០០ហិកតា។ ព្រលានយន្តហោះលំដាប់ 4F នេះអាចទទួលយន្តហោះខ្នាតធំចុះចតបានដូចជា ប្រភេទ Airbus A380 និង ប្រភេទ Boeing 747 និងអាចទទួលអ្នកដំណើរបានរហូតដល់ ១៣លាននាក់ ក្នុង១ឆ្នាំ ក្នុងដំណាក់កាលទី១ ៕ អត្ថបទ ​បាន ​សុខរិទ្ធិ​

ប្រមុខការពារជាតិអាមេរិកនឹងបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជានាពេលឆាប់ៗនេះ

2025/08/29 04:24:45 pm        168
រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក ឯកឧត្តម ភិត ហេកសិត Pete Hegseth នឹងបំពេញទស្សន កិច្ចនៅកម្ពុជានាពេលឆាប់ៗខាងមុខនេះ ដោយដំណើរទស្សនកិច្ចនេះនឹងមានកិច្ចពិភាក្សាគ្នាជាច្រើន ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អប្រសើរបន្ថែមទៀត លើវិស័យការពារជាតិនៃប្រទេសទាំងពីរ។ នៅក្នុងកិច្ចជំនួបជាមួយគណៈប្រតិភូសភាសហរដ្ឋអាមេរិក ដឹកនាំដោយលោកជំទាវ Beth Van Duyne សមាជិកសភាមកពីគណបក្សសាធារណរដ្ឋប្រចាំរដ្ឋ Texas នៃសហរដ្ឋអាមេរិក កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥នេះ នៅទីស្តីការក្រសួងការពារជាតិកម្ពុជា នាយឧត្តមសេនីយ៍ទៀ សីហា ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជាបានលើកឡើងថា បច្ចុប្បន្នកម្ពុជា និងអាមេរិកនៅសល់កិច្ចសហប្រតិបត្តិការដែលត្រូវបំពេញរួមគ្នាជាច្រើនទៀតជាពិសេសគឺឯកឧត្តមក៏កំពុងរង់ចាំស្វាគមន៍ជជែកពិភាក្សាកិច្ចការងារបន្ថែមទៀត ជាមួយឯកឧត្តម ភិត ហេកសិត (Pete Hegseth)រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក ដែលនឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលខាងមុខ។ នៅក្នុងកិច្ចជំនួបខាងលើនេះ ប្រមុខការពារជាតិកម្ពុជា និងលោកជំទាវ Beth Van Duyne បានសន្ទនាគ្នាជាច្រើន ដោយបានផ្តោតជាសំខាន់លើការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិកជាពិសេសលើវិស័យការពារជាតិទាំងពេលបច្ចុប្បន្ន ក៏ដូចជាចក្ខុវិស័យកិច្ចការពារជាតិ នាពេលអនាគតផងដែរ ។ ភាគីទាំងពីរបានកត់សំគាល់ពីលទ្ធផលជាវិជ្ជមាន នៃការចាប់ផ្តើមតភ្ជាប់ទំនាក់ទំនងល្អប្រសើរឡើងវិញជាលំដាប់ ចាប់តាំងពីឆ្នាំ២០២២ ពោលគឺបន្ទាប់ពីដំណើរទស្សន:កិច្ចរបស់លោកជំទាវ Beth Van Duyne ផ្ទាល់ក៏ដូចជាដំណើរទស្សនកិច្ច របស់ឯកឧត្តម ឡយ អូស្ទីន រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក កាលពីពេលកន្លងទៅនៅកម្ពុជា។ នៅក្នុងកិច្ចជំនួបនោះដែរនាយឧត្តមសេនីយ៍ ទៀ សីហា បានថ្លែងអំណរគុណ ចំពោះ លោកជំទាវ Beth Van Duyne សមាជិកសភា មកពីគណបក្សសាធារណរដ្ឋ ប្រចាំរដ្ឋ Texas នៃសហរដ្ឋអាមេរិក និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ជាការបង្ហាញនូវការយកចិត្តទុកដាក់របស់សហរដ្ឋអាមេរិក ក្នុងពេលដែលកម្ពុជាកំពុងជួបប្រទះនូវការលំបាកនាពេលនេះ។  ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ លោកជំទាវ Beth Van Duyne លើកឡើងថា មុនពេលមកដល់កម្ពុជា លោកជំទាវ និងគណៈប្រតិភូបានអញ្ជើញទៅប្រទេសថៃរួចហើយ ក្នុងនោះដែរវាពិតជាមានសារៈសំខាន់ណាស់ដែលក្រុមការងាររបស់លោកជំទាវ ទោះបីមិនមែនជាអ្នកទៅសម្រេចថាតើអ្នកណាខុសអ្នកណាត្រូវ ប៉ុន្តែជារឿងល្អដែលយើងបានស្តាប់ភាគីទាំងសងខាង ដើម្បីមើលឃើញពីបញ្ហាផ្ទុយគ្នា ហើយយកទៅវិភាគពិចារណា ទៅលើបញ្ហាទាំងអស់នោះ។ លោកជំទាវបានបន្ថែមទៀតថា ដូចអ្វីដែលឯកឧត្តមបានលើកឡើង គឺមានកងកំលាំងរបស់កម្ពុជា១៨រូប ដែលត្រូវបានចាប់ខ្លួនដោយភាគីថៃ ដែលជារឿងមួយគួរអោយសោកស្តាយ ហើយលោកជំទាវរីករាយក្នុងការបញ្ជូនសារដែលឯកឧត្តមបានលើកឡើងនេះដល់ភាគីម្ខាងទៀតផងដែរ។ជាមួយគ្នានោះដែរលោកជំទាវបានថ្លែងអំណរគុណ ចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលបានជជែកពិភាក្សា ដោយមានលទ្ធផលជាផ្លែផ្កាហើយលោកជំទាវមើលឃើញថា កម្ពុជា និងអាមេរិកមានប្រវត្តិនៃកិច្ចសហប្រតិបត្តិការក៏ដូចជាទំនាក់ទំនងយ៉ាងស៊ីជំរៅ និងមានតំលៃ ដូច្នេះលោកជំទាវសង្ឃឹមថា កិច្ចសហប្រតិបត្តការនិងទំនាក់ទំនងនេះនឹងអាចបន្តនិងអភិវឌ្ឍទៅមុខបន្ថែមទៀតដើម្បីផលប្រយោជន៍នៃប្រទេសទាំងពីរ៕ អត្ថបទបាន ចក់រូបភាព ក្រសួងការពារជាតិ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ព្យុះខ្សាច់បានវាយប្រហារតំបន់ស៊ីនជាំងរបស់ប្រទេសចិន
04/18/2026 05:04 PM
ប្រធានាធិបតីបារាំង ស្វាគមន៍ការបើកច្រកសមុទ្រ Hormuz ឡើងវិញនៅក្នុងកិច្ចប្រជុំពហុភាគី
04/18/2026 05:04 PM
អូស្ត្រាលី និងជប៉ុនចុះហត្ថលេខាលើកិច្ចសន្យាដើម្បីចាប់ផ្តើមកិច្ចព្រមព្រៀងនាវាចម្បាំងតម្លៃ៧ពាន់លានដុល្លារ
04/18/2026 05:04 PM
អ៊ុយក្រែនត្រៀមខ្លួនរួចជាស្រេចសម្រាប់កិច្ចប្រជុំថ្នាក់ដឹកនាំជាមួយរុស្ស៊ីក្រោមការសម្របសម្រួល
04/18/2026 05:04 PM
តម្លៃប្រេងឆៅធ្លាក់ចុះជាង ១០ ភាគរយ ខណៈច្រកសមុទ្រហ័រមូសបើកដំណើរការឡើងវិញ
04/18/2026 05:04 PM
ពលរដ្ឋលីបង់ភៀសខ្លួនពីសង្គ្រាមសម្រុកវិលត្រឡប់ទៅភាគខាងត្បូងវិញនៅថ្ងៃទីពីរនៃបទឈប់បាញ់ជាមួយអ៊ីស្រាអែល
04/18/2026 05:04 PM
អ្នកស្រុក Manipur របស់ឥណ្ឌាប្រមូលផ្ដុំដោយកាន់គប់ភ្លើង ជុំវិញការផ្ទុះដ៏សាហាវដែលបានសម្លាប់កុមារពីរនាក់
04/18/2026 05:04 PM
ពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ រៀបចំដោយសមាគមនិស្សិតខ្មែរនៅប្រទេសជប៉ុន
04/18/2026 04:04 PM
អាមេរិកបន្តលើកលែងទណ្ឌកម្មប្រេងរុស្ស៊ី ក្រោយមានសម្ពាធពីប្រទេសដែលកំពុងដោះស្រាយវិបត្តិតម្លៃប្រេងក្នុងពេលមានសង្គ្រាមអ៊ីរ៉ង់
04/18/2026 03:04 PM
អ៊ីរ៉ង់គំរាមបិទច្រកសមុទ្រហ័រមូស (Hormuz) ប្រសិនបើអាមេរិកនៅតែបន្តបិទកំពង់ផែរបស់ខ្លួន
04/18/2026 02:04 PM