ពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ រៀបចំដោយសមាគមនិស្សិតខ្មែរនៅប្រទេសជប៉ុន
TOP STORY | ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឫទ័យ នឹងព្យាបាលដោយវះកាត់ នៅក្នុងមន្ទីរពេទ្យរដ្ឋធានីប៉េកាំង
ថ្ងៃទី៥នៃ «នគរសង្រ្កាន្ត» ពលរដ្ឋ យុវជន បន្តមកដើរលេងកម្សាន្ត និងកោតសរសើរពីការតាំងពិព័រណ៍ ក្នុងភូមិវប្បធម៌ ពិសេសការរៀបចំផ្សេងៗនៅភ្នំពេញ
ថ្លៃលក់រាយប្រេងសាំង និងម៉ាស៊ូត បន្តធ្លាក់ចុះ ខណៈរដ្ឋបន្តទម្លាក់ពន្ធដល់សូន្យ% ដើម្បីជួយពលរដ្ឋ

ព័ត៌មានជាតិ

​ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ទស្សនកិច្ចរបស់គណៈប្រតិភូសភាសហរដ្ឋអាម៉េរិកនឹងពង្រឹង-ពង្រីកបន្ថែមទៀតទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗរវាងប្រទេសទាំងពីរ

2025/08/29 04:17:48 pm        170
ភ្នំពេញ៖ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នាព្រឹកថ្ងៃសុក្រ ទី២៩ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូសភាសហរដ្ឋអាម៉េរិក (CODEL) ដឹកនាំដោយលោកជំទាវ Beth Van Duyne ប្រធានគណៈប្រតិភូ និងជាសមាជិកសភាប្រចាំរដ្ឋ Texas។ទស្សនកិច្ចរបស់គណៈប្រតិភូសភាសហរដ្ឋអាម៉េរិកនាឱកាសនេះនឹងជួយជំរុញការផ្ដល់ព័ត៌មានអំពីភាពរីកចម្រើន និងសក្ដានុពលរបស់កម្ពុជា ពិសេសនឹងពង្រឹងនិងពង្រីកបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗរវាងប្រទេសទាំងពីរ ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ដើម្បីផលប្រយោជន៍រួម។មានប្រសាសន៍លើកឡើងក្នុងជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះសហរដ្ឋអាម៉េរិក ដែលសម្រេចបញ្ចុះអត្រាពន្ធលើទំនិញនាំចេញពីកម្ពុជាទៅកាន់សហរដ្ឋអាម៉េរិកពី៤៩% មកនៅត្រឹម ១៩%។ អត្រាពន្ធដែលកម្ពុជាទទួលបានគឺជាអត្រាល្អមួយដែលជួយជំរុញទាក់ទាញវិនិយោគិនមកបណ្តាក់ទុននៅកម្ពុជា និងជំរុញឱ្យការធ្វើពាណិជ្ជកម្មរវាងកម្ពុជា-អាម៉េរិកកាន់តែល្អប្រសើរជាងមុន។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណចំពោះ ឯកឧត្តមប្រធានាធិបតី Donald Trump ដែលបានជំរុញឱ្យមានបទឈប់បាញ់បានឆាប់រហ័សក្នុងបញ្ហាជម្លោះកម្ពុជា-ថៃ។ គោលជំហររបស់កម្ពុជាគឺមានភាពច្បាស់លាស់ក្នុងការរក្សាការពារសុខសន្តិភាពជូនប្រជាជាតិ ដែលប្រមុខថ្នាក់ដឹកនាំកម្ពុជាបានខិតខំកសាងមកដោយលំបាក។ គោលជំហរនេះក៏បានទទួលការជឿជាក់ពីឯកឧត្តមប្រធានាធិបតី Donald Trump ផងដែរ តាមរយៈសារលិខិតជូនសម្ដេចធិបតីនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ ថ្លែងអំណរគុណ និងកោតសរសើរកម្ពុជាដែលគាំទ្របេក្ខភាពឯកឧត្តមសម្រាប់ពានរង្វាន់ណូបែលសន្តិភាព។ក្នុងអង្គប្រជុំនេះក៏មានការគូសរំលេចជូនលោកជំទាវឱ្យបានជ្រាបអំពីសក្តានុពលវិជ្ជមាននានារបស់ព្រះរាជាណាចក្រកម្ពុជា មានជាអាទិ៍ សុខសន្តិភាពតាមរយៈរូបមន្តពិសេសគ្មានពីរ គឺ «នយោបាយឈ្នះ-ឈ្នះ» របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ក្នុងការប្រែក្លាយសង្គ្រាមឱ្យទៅជាសន្តិភាព ស្ថិរភាព ឯករាជ្យភាព សាមគ្គីភាព និងបូរណភាពទឹកដី លំនឹងម៉ាក្រូសេដ្ឋកិច្ច កម្លាំងពលកម្មវ័យក្មេងដែលមានលក្ខណៈរួចរាល់សម្រាប់បរិវត្តកម្មឌីជីថល ហេដ្ឋារចនាសម្ព័ន្ធអន្តរមធ្យោបាយដែលបាន និងកំពុងអភិវឌ្ឍឱ្យកាន់តែមានភាពសម្បូរបែប និងប្រទាក់ក្រឡា។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានបន្តលើកឡើងអំពីវឌ្ឍនភាពសំខាន់ៗរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងនីតិកាលទី៧ នៃរដ្ឋសភា ពិសេសក្នុងក្របខណ្ឌរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាលើកិច្ចការងារសម្របសម្រួល និងជំរុញកិច្ចវិនិយោគ។ ស្របតាមចក្ខុវិស័យដ៏វែងឆ្ងាយរបស់ប្រមុខថ្នាក់ដឹកនាំកម្ពុជា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបន្តធ្វើឱ្យប្រសើរឡើងនូវបរិយាកាសវិនិយោគនៅក្នុងប្រទេសកម្ពុជាតាមរយៈការធ្វើឌីជីថលូបនីយកម្ម ដោយដាក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (ប្រព័ន្ធ cdcIPM) ដែលផ្ដល់លទ្ធភាពទាំងស្រុងជូនវិនិយោគិនអាចដាក់ពាក្យស្នើសុំចុះបញ្ជីវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងតាមដានវឌ្ឍនភាពពាក្យស្នើសុំរបស់ខ្លួនបានដោយងាយស្រួល គ្រប់ពេលវេលា និងពីគ្រប់ទីកន្លែង។ ពិសេសការអនុម័តគម្រោងវិនិយោគរបស់ថ្នាក់ដឹកនាំចំណាយពេលវេលាតិច និងអាចអនុវត្តការងារបានគ្រប់ពេលវេលា និងពីគ្រប់ទីកន្លែងផងដែរ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាពជាមួយសហរដ្ឋអាម៉េរិក ដោយឈរលើគោលការណ៍គោរពគ្នាទៅវិញទៅមក ព្រមទាំងមានក្តីសោមនស្សរីករាយចំពោះភាពវិជ្ជមានក្នុងទំនាក់ទំនងទ្វេភាគីរាប់ចាប់ពីវិស័យវិនិយោគ ពាណិជ្ជកម្ម ការតភ្ជាប់រវាងប្រជាជននិងប្រជាជន និងទំនាក់ទំនងការទូត។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្នើសុំគណៈប្រតិភូសភាអាម៉េរិកបន្តជំរុញវិនិយោគិនអាម៉េរិកឱ្យមកបណ្តាក់ទុន និងធ្វើធុរកិច្ចនៅកម្ពុជាឱ្យបានកាន់តែប្រសើរឡើងបន្ថែមទៀត។ក្នុងឱកាសនេះ លោកជំទាវក៏បានថ្លែងអំណរគុណចំពោះបដិសណ្ឋារកិច្ចប្រកបដោយភាពកក់ក្តៅរបស់រាជរដ្ឋាភិបាលកម្ពុជា និងសម្តែងនូវភាពរីករាយដែលបានមកបំពេញទស្សនកិច្ចជាលើកទី២ នៅក្នុងប្រទេសកម្ពុជា។ ពិសេសជាងនេះ លោកជំទាវបានសម្តែងនូវការកោតសរសើរចំពោះអំពីការអភិវឌ្ឍដ៏ឆាប់រហ័សរបស់ប្រទេសកម្ពុជា និងការវិវត្តជាវិជ្ជមាននៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសកម្ពុជា និងសហរដ្ឋអាម៉េរិក។ តាមរយៈជំនួបជាមួយសម្តេចធិបតីនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំកម្ពុជាជាច្រើនរូបនៅក្នុងឱកាសដំណើរទស្សនកិច្ចនេះ លោកជំទាវបានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់លើការបន្តរីកលូតលាស់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលអនាគត។គួរបញ្ជាក់ថា តាមរយៈជំនួបកាលពីខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងវ៉ាស៊ីនតោន រវាងឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងលោកជំទាវផ្ទាល់ ពោលគឺអំឡុងពេលចរចាលើកិច្ចព្រមព្រៀងពន្ធបដិការ លោកជំទាវក៏បានលើកឡើងអំពីគោលបំណងក្នុងការបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងសហរដ្ឋអាម៉េរិកបន្ថែមផងដែរ។ សូមបញ្ជាក់បន្ថែមថា ទស្សនកិច្ចលើកទី១ របស់លោកជំទាវ Beth Van Duyne មកកាន់ប្រទេសកម្ពុជា គឺនៅអំឡុងខែសីហា ឆ្នាំ២០២២ កន្លងទៅ៕

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈផ្សព្វផ្សាយ «ទស្សនវិស័យមុខរបរ និងការងារ» ដែលជាត្រីវិស័យនាំផ្លូវយុវជនដើម្បីស្វែងរកការងារ និងត្រៀមខ្លួនចូលទីផ្សារការងារ

2025/08/29 04:04:18 pm        374
នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: បានអញ្ជើញ​ជាអធិបតីដ៏​ខ្ពង់ខ្ពស់ក្នុង​ពិធីបើកសិ​ក្ខាសាលាផ្សព្វផ្សាយទស្សនវិស័យមុខរបរ និងការងារ(Occupational Outlook) ឆមាសទី២ ឆ្នាំ២០២៥ ដើម្បីផ្សព្វផ្សាយពីតម្រូវការជំនាញ និងការងារសម្រាប់យុវជន ដោយ​បាន​បញ្ចូលបន្ថែមព័ត៌មានទាក់ទងនឹងតម្រូវការ គុណវុឌ្ឍិ និងជំនាញ សម្រាប់ជាត្រីវិស័យនាំផ្លូវយុវជនដែលស្វែងរកការងារដំបូង ក្នុងការជ្រើសរើស​មុខរបរដែល​មានតម្រូវការខ្ពស់​នៅក្នុងទីផ្សារការងារបច្ចុប្បន្ន និងអនាគត។ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ បានមានប្រសាសន៍ថា ទស្សនវិស័យមុខរបរ និងការងារនេះ ត្រូវបានប្រមូលធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធដូចជា ការប្រមូលទិន្នន័យ​តម្រូវការ​ងារ​ពីក្រុម​ហ៊ុន និងគ្រឹះស្ថាន ទិន្នន័យពីទីភ្ជាក់ងារជាតិមុខរបរ និងការងារ(NEA) និងទិន្នន័យតម្រូវការកម្លាំងពលកម្មដែលក្រុមហ៊ុន និងគ្រឹះស្ថាន​គ្រោងនឹងមាន​តម្រូវការ​នាពេល​អនាគត។ លើសពីនេះ ក្រសួងបាន ប្រមូលព័ត៌មានជាធាតុចូលពីរបាយការណ៍ថ្នាក់តំបន់ The Future of Work: Regional Perspectives របស់​ធនាគារ​អភិវឌ្ឍ​អាស៊ី (ADB) និង របាយការណ៍ថ្នាក់សកល The Future of Jobs Report 2025 របស់វេទិការសេដ្ឋកិច្ចពិភពលោក (World Economic Forum) ផងដែរ។ តាមរយៈលទ្ធផលនៃការអង្កេត និងវិភាគបានបង្ហាញថា ជំនាញដែលកំពុងមានតម្រូវការខ្ពស់នៅកម្ពុជានាពេលបច្ចុប្បន្ន និងអនាគត មានដូចជា ទំនាញបច្ចេកវិទ្យា, វិស្វកម្ម, គ្រប់គ្រងទិន្នន័យ, បដិវត្តកម្មឌីជីថល និងជំនាញផ្នែកផលិតកម្មនិងកម្មន្តសាលជាដើម ដែលទាមទារឱ្យមានការពង្រីក និងបង្កើនកម្មវិធីបណ្តុះបណ្តាលបន្ថែម។ទន្ទឹមគ្នានេះឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា៖ «ការផ្សព្វផ្សាយទស្សនវិស័យមុខរបរ និងការងារ» នាឱកាសនេះ គឺយើងចង់ទាញចំណាប់អារម្មណ៍​របស់យុវជន​ឱ្យបាន​យល់​ដឹង​អំពីការងារ មុខរបរ និងអាជីពដែលកំពុងមានតម្រូវការនៅលើទីផ្សារ។ ទាល់តែពួកគាត់ស្គាល់ពីតម្រូវការ តួនាទីអ្វី មុខរបរអ្វី ឬការងារអ្វី ដែលគេ​កំពុងត្រូវការ នោះ​ទើប​ពួក​គាត់ចាប់ផ្ដើមសួរខ្លួនឯងថា ដើម្បីធ្វើអាជីព មុខរបរ និងការងារដែលកំពុងមានត្រូវការនោះ តើពួកគាត់គួរតែរៀនជំនាញអ្វី ដើម្បីចាប់បាននូវឱកាសការងារ និងមុខ​របរនោះបាន»។នេះជាការបោះពុម្ភផ្សាយលើកទី៤ ដើម្បីជាផែនទីបង្ហាញផ្លូវសម្រាប់កំណត់ជំនាញអាទិភាព និងជម្រើសអាជីពនៅក្នុងវិស័យដែលកំពុងមានសក្ដានុពល​នៅព្រះរា​ជាណា​ចក្រ​កម្ពុជា ចាប់តាំងពីដើមឆ្នាំ២០២៤មក ដែលក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញផ្សាយ៕

សម្ដេចធិបតីបញ្ជាក់ជាថ្មីទៅប្រធានអាស៊ានប្តូរវេនចំពោះការប្ដេជ្ញាចិត្តរបស់កម្ពុជាលើការដោះស្រាយបញ្ហាជម្លោះព្រំដែនទាំងអស់ជាមួយប្រទេសជិតខាងដោយសន្តិភាព និងច្បាប់អន្តរជាតិ

2025/08/29 03:56:45 pm        611
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បាន​បញ្ជាក់​ជា​ថ្មីទៅកាន់ឯកឧត្តម ដាតុ ស្រី អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជា​ប្រធាន​អាស៊ាន​ប្តូរវេន ឆ្នាំ២០២៥ លើការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង គឺកម្ពុជា​នៅ​តែ​ប្តេជ្ញា​ចិត្តយ៉ាងមោះមុតចំពោះសន្តិសហវិជ្ជមាន និងភាពសុខដុមរមនាក្នុងតំបន់ និងបន្ត​សម្រេច​ឱ្យ​បាននូវដំណោះស្រាយតាមរយៈមធ្យោបាយសន្តិភាព និងការគោរព​ច្បាប់​អន្ត​រជាតិ​យ៉ាង​ពេញលេញ។តាមរយៈសារលិខិតរបស់សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ផ្ញើជូន ឯកឧត្តម ដាតុ ស្រី អាន់វ៉ា អ៊ីប្រា​ហ៊ីម​ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្នុងឱកាសដ៏នក្ខត្តឫក្សនៃទិវាបុណ្យជាតិលើកទី៦៨ របស់ប្រទេស​ម៉ាឡេស៊ី ​ដែលបានផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃទី២៩ ខែសីហានេះ សម្ដេចធិបតី បាន​សម្តែង​នូវ​ការ​អបអរសាទរយ៉ាងកក់ក្តៅជូនចំពោះ ឯកឧត្តម រដ្ឋាភិបាល និងប្រជាជន​ម៉ាឡេស៊ី​ក្នុង​ឱកាស​នេះ​។ សម្ដេចធិបតីបានថ្លែងថា ប្រទេសម៉ាឡេស៊ីគឺជាប្រទេសគំរូក្នុងការបង្រួបបង្រួមជាតិ និង​មាន​ភាព​សុខដុម​រមនា​ដ៏ត្រចះត្រចង់ក្នុងតំបន់របស់យើង កំពុងដើរតួនាទីយ៉ាងសំខាន់ទាំងក្នុងតំបន់ និង​លើ​វេទិកា​អន្តរជាតិ។សម្ដេចធិបតីបានថ្លែងថា កម្ពុជា និងម៉ាឡេស៊ីមានកិច្ចសហប្រតិបត្តិការល្អ និងជិតស្និទ្ធិ​ជាមួយ​គ្នា​អស់​ជា​ច្រើន​ទស្សវត្សមកហើយ។ ទំនាក់ទំនង និងភាពជាដៃគូរបស់យើង​ដែល​បាន​កើត​ចេញ​ពី​ការ​គោរ​ព​គ្នាទៅវិញទៅមក ការទុកចិត្តគ្នា និងកិច្ចសហប្រតិបត្តិការ​ជា​ប្រពៃណីដ៏​យូរអង្វែង​បាន​បន្ត​លូត​លាស់តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នា របស់យើង។ សម្ដេចធិបតីបានថ្លែងថា ក្រោមទស្សនៈដូចគ្នា និងផលប្រយោជន៍រួម ទំនាក់ទំនងរវាងកម្ពុជា និង​ម៉ាឡេស៊ី​នឹងបន្តរីក ចម្រើនកាន់តែរឹងមាំ និងនាំមកនូវប្រយោជន៍​ដ៏​ធំ​សម្បើម​សម្រាប់​ប្រជាជន​ប្រទេស​ទាំង​ពីរ ថែមទាំងរួម ចំណែកដល់ការរីកចម្រើនក្នុងការកសាងសហគមន៍អាស៊ាន។សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា៖«ខ្ញុំសូមឆ្លៀតយកឱកាសនេះ សម្តែងនូវ​អំណរ​អរគុណ​យ៉ាង​ជ្រាលជ្រៅចំពោះការគាំទ្រ និងការចូលរួម យ៉ាងបុរសកម្ម ជាបន្តបន្ទាប់ របស់​ម៉ាឡេស៊ីក្នុ​ងការជួយដោះស្រាយបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ក្នុង ឋានៈជាប្រធានអាស៊ានប្តូរវេន ឆ្នាំ​២០២៥។ ក្រោមការួមចំណែកដ៏ថ្លៃថ្លារបស់ឯកឧត្តម កិច្ចប្រជុំ វិសាមញ្ញ​នៃ​គណៈកម្មាធិការ​កិច្ច​ការ​ព្រំដែន​ទូទៅ ដែលបានរៀបចំកាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ បាន​នាំ​មក​នូវក្តីសង្ឃឹមថ្មីសម្រាប់សន្តិភាពយូរអង្វែងក្នុងតំបន់របស់យើង»។សម្ដេចបាន​បន្តថា៖«កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងមោះមុតចំពោះសន្តិសហវិជ្ជមាន និងភាព​សុខដុម​រមនាក្នុងតំបន់ និងបន្តសម្រេចឱ្យបាន​នូវដំណោះ​ស្រាយ​សម្រាប់​បញ្ហា​ជម្លោះ​ព្រំដែន​ទាំង​អស់​ជា​មួយ​ប្រទេសជិតខាង តាមរយៈមធ្យោបាយសន្តិភាព និងការគោរព​ច្បាប់​អន្ត​រ​ជាតិ​យ៉ាង​ពេញ​លេញ​»៕

ទេសរដ្ឋមន្រ្តី លី ធុជ បង្ហាញតម្រូវការបន្ទាន់ក្នុងកិច្ចការ​បោស​សម្អាត​យុទ្ធភណ្ឌ​បន្សល់ទុក​ពី​ជម្លោះ​ប្រដា​ប់អាវុធ ៥ថ្ងៃ រវាងកម្ពុជា-ថៃ ដល់តំណាងថ្មី UNDP ប្រចាំនៅកម្ពុជា

2025/08/29 03:12:17 pm        305
ភ្នំពេញ៖ នៅទីស្នាក់ការអាជ្ញាធរមីននាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុ ប្រធានទី១ អាជ្ញាធរមីន បានអនុញ្ញាតឱ្យលោក អេនរីកូ ហ្គាវេលីយ៉ា (Enrico Gaveglia) អ្នកតំណាងថ្មីនៃកម្មវិធីអភិវឌ្ឍន៍អង្គការ សហប្រជាជាតិប្រចាំកម្ពុជា​ចូល​ជួប​សម្តែង​ការ​គួរសម និងពិភាក្សាការងារ។ ក្នុងជំនួបនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានលើកពីតម្រូវ​ការ​បន្ទាន់​ក្នុង​កិច្ច​កា​រ​បោស​សម្អាត​យុទ្ធ​ភ័ណ្ឌ​គ្រឿងផ្ទុះ ដែលបន្សល់ទុកដោយសារជម្លោះប្រដាប់អាវុធរយៈ ពេល ៥ ថ្ងៃ រវាងកម្ពុជា-ថៃ នៅចំពោះមុខអ្នកតំណាងថ្មី UNDP ក្នុងនោះរួមមាន គ្រាប់ទម្លាក់ពី​លើ​អាកាស​គ្រាប់​បែក​ចង្កោម ​និងគ្រាប់ផ្លោង ជាដើម។ ឯកឧត្តម លី ធុជ ក៏បានស្នើសុំឱ្យ UNDP ពិចារណា និងកៀរ​គរ​ធន​ធាន​គាំទ្រ​បន្ថែមដល់សិក្សាវាយតម្លៃផលប៉ះពាល់ និងឈានដល់ការ​បោស​សម្អាត​យុទ្ធភ័ណ្ឌ​គ្រឿ​ង​ផ្ទុះ​ទាំងនោះ ដែលអនុវត្តដោយអង្គភាពស៊ីម៉ាក់ នៅតាមតំបន់អាទិភាព ដូចជាទីវត្តអារាម សា​លារៀន មណ្ឌលសុខភាព ភូមិឋាន និងតំបន់វាលស្រែ ជាដើម ដែលទទួលរងផលប៉ះពាល់ និង​ខូចខាតដោយសារយុទ្ធភ័ណ្ឌគ្រឿង ផ្ទុះពីសំណាក់យោធាថៃ ក្នុងគោល​ដៅ​ផ្តល់​នូវ​សុខសុ​វត្ថិភាព​ដល់ប្រជាពលរដ្ឋភៀសសឹក ក្រោយពេលត្រឡប់​ទៅ​ភូមិ​ឋាន​សម្រាប់​សកម្មភាព​ប្រចាំ​ថ្ងៃ​វិញ​។ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានគូសបញ្ជាក់បន្ថែមនៅកិច្ចការចំពោះមុខថា អាជ្ញាធរមីន មានបំណងរៀបចំនូវកម្មវិធីឆ្លើយតបបន្ទាន់ (Emergency Response Program) តាម​ការចាំបាច់ ដើម្បីស្វែងរកការគាំទ្រ និងកៀរគរធនធានពីបណ្តាប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ វិស័យ​ឯកជន និងសប្បុរជននានា ធ្វើការបោស​សម្អាត​យុទ្ធ​ភ័ណ្ឌ​គ្រឿង​ផ្ទុះ​នៅ​តាមតំ​បន់​ដែល​សេស​សល់ ក្នុងការរួមចំណែកលើកកម្ពស់សុខសុវត្ថិភាព និងលើកកម្ពស់​ជីវភា​ព​រស់​នៅ​របស់​ប្រជា​ពលរដ្ឋ​ឱ្យកាន់តែប្រសើរឡើងផងដែរ។ តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បាន​ថ្លែង​អំណរ​គុណ និងវាយ តម្លៃខ្ពស់ចំពោះការរួមចំណែករបស់ UNDP ដល់ការអភិវឌ្ឍនៅកម្ពុជា ក៏ដូចជា​បា​ន​រួម​ចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា គាំទ្រដល់​កិច្ច​សហប្រតិបត្តិ​ការ​សកម្មភាព​មីន​មនុស្ស​ធម៌ តាមរយៈគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល រួមមាន ការបោសសម្អាតមីន ការ​អប់រំ​ការ​យល់​ដឹង​ពីមី​ន ការជួយជនរងគ្រោះ ការបញ្ជ្រាបយេនឌ័រក្នុងសកម្មភាពមីន និងការពង្រឹង​សមត្ថ​ភាព ហើយក្នុងនោះ ប្រទេសអូស្ត្រាលី សាធារណៈរដ្ឋកូរ៉េ នូវែលហ្សេ ឡង់ និងលុចសំបួរ គឺម្ចាស់​វិភាគ​ទាន​មួយយ៉ាងសំខាន់ក្នុងគម្រោងនេះផងដែរ។ ឯកឧត្តមបណ្ឌិត លី ធុជ បានចាត់ ទុក UNDP ជាសម្លេងសហគមន៍ផ្តល់ជំនួយមួយយ៉ាងសំខាន់ និងជាដៃគូយ៉ា​ង​រឹង​មាំ​សម្រាប់​វិស័យ​សកម្មភាព​មីនមនុស្សធម៌នៅកម្ពុជា ។ ពាក់ព័ន្ធនឹងការងារបោសសម្អាតមីនតាមតំបន់ព្រំដែន ឯកឧត្តម​បានជម្រាបប្រាប់អ្នកតំណាងថ្មីUNDPថា ក្រោមការ ដឹក នាំប្រកប​ដោយ​ចក្ខុវិ​ស័យ​របស់​សម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាតែងតែឈរលើគោល ការណ៍ច្បាប់ និង​គោល​កា​រណ៍មនុស្សធម៌ ជាពិសេសចង់ប្រែក្លាយតំបន់ព្រំដែនទៅតំបន់សន្តិភាព មិត្តភាព កិច្ច​សហប្រតិបត្តិការ និងការអភិវឌ្ឍ។ ឯកឧត្តមបន្តទៀតថា សម្តេចធិបតីនាយករដ្ឋមន្រ្តី បាន​ដាក់​ចេញនូ​វ​គំ​និតផ្តួចផ្តើមថ្មីក្នុងការបោសសម្អាតមីនមនុស្សធម៌ តាមបណ្តោយព្រំដែន ដោយផ្តោត​​សំខាន់​ជាអាទិភាពលើតំបន់មានការខណ្ឌសីមាច្បាស់ លាស់ ទីកន្លែងដែលមានប្រជាជនរស់នៅ និង​ទីកន្លែងបម្រើដល់សេដ្ឋកិច្ចសង្គម។ លោក អេនរីកូ ហ្គាវេលីយ៉ា បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋា ភិបាល​កម្ពុជា​ ក្នុងការជម្រុញការអភិវឌ្ឍនៅកម្ពុជា ក្នុងនោះរួមកិច្ចការបោសសម្អាតមីនមនុស្សធម៌ ហើយ​លោក​ប្តេជ្ញា​បន្តកិច្ចសហ ប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាង UNDP និងអាជ្ញាធរមីន តាមរយៈ​គម្រោង​បោស​សម្អាត​មីនដើម្បីលទ្ធផល ក្នុងនោះក៏មានការរួមចំណែកគាំទ្រពីប្រទេសអូស្រ្តាលី សាធារណ​រដ្ឋ​កូរ៉េ ណូវែលហ្សឺឡង់ និង លុចសំបួរ ផងដែរ។លោក អេនរីកូ ហ្គាវេលីយ៉ា បន្តទៀតថា បច្ចុប្បន្ននេះ UNDP កំពុងរៀបចំគម្រោង​ថ្មី​មួយ​បន្ត​ពី​គម្រោង​បោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤ ដែលនឹងបញ្ចប់នៅចុងឆ្នាំ២០២៥ ខាង មុខនេះ ហើយ UNDP ក៏កំពុងបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការស្វែងការគាំទ្រ និងកៀ​រ​គរ​ធន​ធាន​បន្ថែមពីដៃគូអភិវឌ្ឍន៍ ដើម្បីរួមចំណែកដោះស្រាយនូវបញ្ហាមីនដែលនៅសេសសល់ និង​ធ្វើ​ឱ្យ​កម្ពុជា​អាច​សម្រេចបាននូវគោលដៅកម្ពុជាគ្មានមីនឆ្នាំ២០៣០។សូមបញ្ជាក់ថា ចាប់ពីឆ្នាំ២០០៦ ដល់ខែ កក្កដា ឆ្នាំ២០២៥ ការបោសសម្អាតមីន ក្រោម​គម្រោង​បោស​សម្អាត​មីនដើម្បីលទ្ធផល បាន ៤០៧ គីឡូម៉ែត្រការ៉េ និងផ្តល់ផល​ប្រយោជន៍​ដល់​ប្រជា​ជនក​ម្ពុជា​ប្រមាណ ១,៣ លាននាក់ ហើយការងារផ្សព្វផ្សាយការយល់ដឹងពីគ្រោះ ថ្នាក់ដោយ​សារ​មីន និងយុទ្ធភ័ណ្ឌគ្រឿងផ្ទុះ ការងារបង្កើនសមត្ថភាពការងារសង្គ្រោះជន រងគ្រោះ និងការងារ​បញ្ជា្រប​យេនឌ័រ ជាដើម ទទួលបានលទ្ធផលល្អប្រសើរតាមផែនការ។ ដោយឡែក​ការ​អនុវត្ត​គម្រោង​បោស​សម្អាតមីនដើម្បីលទ្ធផលដំណាក់ កាលទី៤ ចាប់ពីឆ្នាំ ២០២០ ដល់ខែកក្កដា ឆ្នាំ​២០២៥ ការបោស សម្អាតមីនដោយសម្រេចបាន ១៦៣ គីឡូម៉ែត្រការ៉េ និង ផ្តល់ផល ប្រយោជន៍​ដល់​ប្រជាជនកម្ពុជាចំនួន ៣៣៦.០៨៤ នាក់៕

គ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចុះព្យាបាលជំងឺជូនបងប្អូន តាមបន្ទាត់ព្រំដែននៅខេត្តបន្ទាយមានជ័យ

2025/08/29 02:56:03 pm        153
បន្ទាយមានជ័យ ៖ ខ្មែរស្រលាញ់ខ្មែរ ខ្មែរជួយខ្មែរ ខ្មែរសាមគ្គី ខ្មែរឈ្នះគ្រប់ស្ថានភាព ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ថ្នាក់កណ្តាល ចំនួន១៣៧នាក់ បានចុះអប់រំសុខភាព ពិនិត្យ ព្យាបាលជំងឺ ចែកថ្នាំ និងស្បៀងអាហារ ជូនដល់បងប្អូនប្រជាពលរដ្ឋ តាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងផ្តល់សេវាដោយឥតគិតថ្លៃ នៅក្នុងខេត្តបន្ទាយមានជ័យ។ ឯកឧត្តម លេង ផាលី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងប្រាប់ BTVព័ត៌មាន នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥នេះថា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បាននាំយកសម្ភារៈបរិក្ខារថ្នាំពេទ្យ និងស្បៀងអាហារមួយចំនួន ដែលជាអំណោយដ៏ថ្ងៃថ្លារបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី សហការជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ប្រចាំខេត្តបន្ទាយមានជ័យ ដែលដឹកនាំដោយឯកឧត្តមវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត អនុប្រធានប្រតិបត្តិ ទទួលបន្ទុកប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ប្រចាំខេត្តបន្ទាយមានជ័យ និងជាប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ រដ្ឋបាលខេត្តបន្ទាយមានជ័យ មន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ សហភាពសហព័ន្ធយុវជនកម្ពុជា អាជ្ញាធរដែលពាក់ព័ន្ធ និងមានការចូលរួមពី លោកជំទាវតំណាងរាស្ត្រ ខេត្តបន្ទាយមានជ័យផងដែរ។ ក្នុងការចុះអប់រំសុខភាព ពិនិត្យព្យាបាលជំងឺ ចែកថ្នាំ និងស្បៀងអាហារ ជូនដល់ជនភៀសសឹក តាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងផ្តល់សេវាដោយឥតគិតថ្លៃ បានចំនួន ១,២៥៨ នាក់ (មួយពាន់ពីររយហាសិបប្រាំបីនាក់) ស្រី៨៨៤នាក់ (ប្រាំបីរយប៉ែតសិបបួននាក់) និងបំពាក់ឧបករណ៍ជំនួយសំលេង បានចំនួន ២៦គ្រឿង (ក្នុងមួយគ្រឿងតម្លៃ ៣០០ដុល្លារ សរុបអស់ចំនួន ៧.៨០០ដុល្លារ) ដោយឥតគិតថ្លៃ។ មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៨ រហូតដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥កន្លងទៅនេះ។ ឯកឧត្តម លេង ផាលី ក៏បានពាំនាំការផ្ដាំផ្ញើសាកសួរសុខទុក្ខ និងសេចកី្តនឹករលឹកពីសំណាក់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី និងឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល។ ព្រោះថាកងទ័ពអាវស ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី នៅប្រកៀកស្មាជាមួយវីរកងទ័ពជួរមុខ និងប្រជាពលរដ្ឋគ្រប់កាលៈទេសៈ គ្រប់គ្រាលំបាក។ ក្នុងនាមជានីតិបុគ្គល នៃក្រុមគ្រួសារស.ស.យ.ក. ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានចូលរួមក្នុងចលនាសង្គមជាតិ ដោយរួបរួមជាមួយសកម្មភាពសង្គមរបស់ស.ស.យ.ក. បន្ថែមទៀត។ តាមរយៈការលះបង់នេះ បានសរបញ្ជាក់ពី ស្មារតី ២ ធ្នូ ដោយសមាជិក សមាជិកា ស.ស.យ.ក. សមាជិក សមាជិកា ក្រុមការងារក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី មកពីប្រភព មានតួនាទី និងមុខងារផ្សេងៗ មករួមគ្នា ដាក់ផលប្រយោជន៍ផ្ទាល់ខ្លួនដោយឡែក មកធ្វើការងារជាក្រុម ដើម្បីសម្រេចគោលដៅរួមមួយ សម្រាប់ប្រទេសជាតិ និងផ្តល់ជាគំរូដល់សង្គមជាតិ។ឯកឧត្តម លេង ផាលី បានបញ្ជាក់ផងដែរថា ការចូលរួមសកម្មភាពបម្រើសង្គម ជាការរៀនសូត្របន្ថែមនៅមូលដ្ឋានជាក់ស្តែង និងចូលរួមចំណែកលើកកម្ពស់សុខុមាលភាពប្រជាជន ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា អាណត្តិទី៧ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលមានសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ។ ក្នុងរយៈពេល ១៣ឆ្នាំ ឈានចូល ១៤ឆ្នាំ (០២ ធ្នូ ឆ្នាំ២០១២ ដល់ ២០ សីហា ឆ្នាំ២០២៥) ក្រោមការដឹកនាំចង្អុលបង្ហាញដោយផ្ទាល់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី មានសមាជិក សមាជិកាចំនួន ២៧,០០០នាក់ (ពីរម៉ឺន ប្រាំពីរពាន់ នាក់) ក្នុងនោះស្ត្រីមានចំនួន ១៨,៦៣០នាក់ (មួយម៉ឺន ប្រាំបីពាន់ ប្រាំមួយរយ សាមសិប នាក់) ដែលមាន ២៨ សាខា (ក្នុងនោះមានចំនួន ២៥ រាជធានី-ខេត្ត សាខា និងសាកលវិទ្យាល័យ ចំនួន ៣សាខា) បានបំពេញបេសកកម្មដ៏ថ្លៃថ្លាដោយទទួលបានលទ្ធផលប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលជាច្រើនឥតគណនា ក្នុងការចូលរួមអប់រំផ្សព្វផ្សាយ ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បណ្តុះបណ្តាលវគ្គសង្គ្រោះបឋម យកសំណាករកវីរុសកូវីដ-១៩ និងពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋ ផ្តល់សេវាដោយឥតគិតថ្លៃបានចំនួន ចំនួន ២,២៣៧លើក ព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋ បានចំនួន ១៣,៤០៤,៦៣៧នាក់ (ដប់បីលាន សែសិបម៉ឺន បួនពាន់ប្រាំមួយរយសាមសិបប្រាំពីរ នាក់) ក្នុងនោះស្ត្រីមានចំនួន ៦,៨៨៧,៧៣៣នាក់ (ប្រាំមួយលាន ប៉ែតសិបប្រាំបីម៉ឺន ប្រាំពីរពាន់ប្រាំពីររយសាមសិបបីនាក់) គិតត្រឹមថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ ច្រើនជាងចំនួន ៣ ភាគ ៤ នៃប្រជាជនសរុបទូទាំងប្រទេស ដែលមានចំនួន ១៧,៥៧៧,៧៦០នាក់ (ដប់ប្រាំពីរលានហាសិបប្រាំពីរម៉ឺនប្រាំពីរពាន់ប្រាំពីររយហុកសិប នាក់) ធៀបនឹងឆ្នាំ២០២៥ បើគិតសេវាជាមធ្យម ប្រជាពលរដ្ឋក្នុងម្នាក់ ចំណាយអស់ ៥០ដុល្លារ សរុបត្រូវចំណាយទាំងអស់ប្រហែល៦៧០,២៣១,៨៥០ដុល្លារ (ប្រាំមួយរយចិតសិបលាន ម្ភៃបីម៉ឺនមួយពាន់ប្រាំបីរយហាសិប ដុល្លារសហរដ្ឋអាមេរិក)។ ក្នុងពេលកន្លងមកនេះ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចំនួន ៤,៦០១នាក់ បានចុះបេសកកម្មតាមការឧទ្ទេសនាមរបស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយឥតគិតថ្លៃ និងដោយស្ម័គ្រចិត្តឥតគិតថវិកាបេសកកម្ម ដោយចាក់ជូនប្រជាពលរដ្ឋបានប្រមាណ ១១,៩១១,២០៣ដូស (ដប់មួយលានកៅសិបមួយម៉ឺនមួយពាន់ពីររយបីដូស) ក្នុង២៥ រាជធានី-ខេត្ត។ ទទួលបានការពិនិត្យ ព្យាបាល និងចែកថ្នាំជូនដោយឥតគិតថ្លៃពី ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដោយមានកិច្ចសហការជាមួយសាខាសកម្មជនក្រុមការងារយុវជនរាជធានីភ្នំពេញ សហភាពសហព័ន្ធយុវជនកម្ពុជា យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធិកម្ពុជា ក្រុមការងាររាជរដ្ឋាភិបាលចុះជួយរាជធានី ខេត្ត មន្ទីរសុខាភិបាលខេត្ត និងអាជ្ញាធរគ្រប់ជាន់ថ្នាក់។ឯកឧត្តម លេង ផាលី បានសង្កត់ធ្ងន់ថា ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ គឺជាស្មារតីមនុស្សធម៌សុទ្ធសាធ ដែលស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូនប្រជាពលរដ្ឋ ក្នុងនាមជាឈាមជ័រខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ  និងបង្កើនភាពសុខដុមរមនាក្នុងសហគមន៍ តាមរយៈការផ្ដល់សេវាសុខភាពសាធារណៈដោយឥតគិតថ្លៃ។ បញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរកភាពជោគជ័យ សុភមង្គល ជូនគ្រួសារ និងសង្គមជាតិ។ ដូចសព្វមួយដង ប្រជាពលរដ្ឋពិតជាមានក្តីរំភើបកក់ក្តៅឥតឧបមា គោរពថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះសម្តេចតេជោ ហ៊ុន សែន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក្នុងការជួយសកម្មភាពមនុស្សធម៌នេះ ជូនដល់ប្រជាពលរដ្ឋជារៀងរហូតមក គឺកើតចេញពីការឧបត្ថម្ភគាំទ្រ និងការចង្អុលបង្ហាញដោយផ្ទាល់ពីសំណាក់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី លោកតែងតែខ្វល់ខ្វាយគិតគូរ និងរួមសុខ រួមទុក្ខជាមួយប្រជាពលរដ្ឋដែលជួបការលំបាកក្នុងគ្រប់កាលៈទេសៈ។ យើងនាំគ្នារួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ ដើម្បីរួបរួមគ្នាធ្វើអំពើល្អ ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ ក្នុងបុព្វហេតុជាតិ និងមាតុភូមិរបស់យើង ជាពិសេសការចូលរួមលើកកម្ពស់សុខុមាលភាពប្រជាជន គឺនាំអោយមានកំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជា ស្របទៅតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា៕អត្ថបទ រដ្ឋា 

ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញពិនិត្យការកសាងហេដ្ឋារចនាសម្ព័ន្ធ និងសាងសង់​ផ្ទះជូន​អតីត​យុទ្ធជន នៅខេត្តបាត់ដំបង

2025/08/29 02:12:58 pm        319
តបតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​​ព្រឹទ្ធ​សភា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា, នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម​កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និង​ជាអគ្គលេខាធិការសមាគមអតី​ត​យុទ្ធជន​កម្ពុជា បានអញ្ជើញត្រួតពិនិត្យការស្ថាបនាផ្លូវ និងការសាងសង់ផ្ទះ ព្រមទាំងការស្តារ​ប្រឡាយ​ឡើងវិញសម្រាប់បម្រើជូនអតីតយុទ្ធជន ស្ថិតនៅភូមិព្រៃសិន ឃុំឆ្នាល់មាន់ ស្រុក​គាស់​ក្រឡ ខេត្តបាត់ដំបង។ ក្នុងពេលចុះពិនិត្យ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ថ្លែងថា យោង​តាម​អនុសាសន៍​របស់​សម្តេច​តេជោ ហ៊ុន សែន បានណែនាំឱ្យបន្តការពិនិត្យលើតម្រូវការជាក់ស្តែង និងដោះស្រាយ​ជូន​អតីត​យុ​ទ្ធជនគ្រប់រូបដែលជួបការលំបាក ដើម្បីផ្តល់ដី និងផ្ទះសម្រាប់​កសាង​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ។​ជាមួយគ្នានេះ ឯកឧត្តម អគ្គលេខាធិការ ថ្លែងទៀតថា ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ដូចជា ការ​ស្ថាបនា​ផ្លូវ និងការស្តារ​ប្រឡាយ​នា​ពេល​នេះ​ពិត​ជា​មាន​សារៈសំខាន់​សម្រាប់​បម្រើ​ដល់​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃជូនអតីតយុទ្ធជន និងក្រុមគ្រួសារ។ ឯកឧត្តម អគ្គលេខាធិការ បានសង្កត់ធ្ងន់ថា អស់រយៈពេលជាង១៧ឆ្នាំមកហើយ ដែល​សមាគម​អតីត​យុទ្ធជនកម្ពុជា ត្រូវបានបង្កើតឡើងដោយគំនិតផ្តួចផ្តើម ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ជាអតីត​នាយករដ្ឋ​មន្រ្តី​ដ៏​ឈ្លាស​វៃ​ប្រកប​ដោយ​គតិ​​បណ្ឌិត ធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព មានស្ថិរភាពនយោបាយ មានការ​អភិវឌ្ឍន៍​ឥត​ឈប់​ឈរ​លើគ្រប់វិស័យ។ឯកឧត្តម អគ្គលេខាធិការ បន្ថែមថាថា ក្នុងន័យនេះ រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា ជានិច្ច​កាល​បាន​បន្ត​អនុវត្ត​ និងដោះស្រាយ​ជូន​អតីត​យុទ្ធជន​ចុះ​ដោយ​ការ​ចុះ​ជួប​ផ្ទាល់​ជា​មួយ​បង​ប្អូន​អតីត​យុទ្ធ​ជន​នៅ​មូល​ដ្ឋាន ដើម្បីស្វែងយល់ពីសុខទុក្ខ និងការលំបាករបស់បងប្អូន ហើយបានរិះរក​គ្រប់​មធ្យោ​បាយ ដើម្បីជួយលើកស្ទួយជីវភាពអតីតយុទ្ធជនឱ្យទទួលបាននូវអត្ថប្រយោជន៍ជាច្រើន ដោយ​បាន​កែប្រែ​ជីវភាពរស់នៅកាន់តែល្អប្រសើរឡើង៕

ពលរដ្ឋភៀសសឹក៖ «ខ្ញុំធ្លាប់ឆ្លងកាត់គ្រាប់ផ្លោងរួចហើយ ខ្ញុំមិនចង់ឃើញការព្រាត់ប្រាស់កូនកំព្រា ស្ត្រីមេម៉ាយ មនុស្សពិកាទេ កម្ពុជា ត្រូវការសន្តិភាព»

2025/08/29 01:30:34 pm        150
ព្រះវិហារ៖ ថ្លែងនៅចំពោះមុខអ្នកសារព័ត៌មានមកពីតំបន់អាស៊ី ដែលចុះទៅសម្ភាស និងផ្តិតយករូបភាពនៅជំរុំភៀសសឹក ក្នុងវត្តពោធិ៍ ៥០០០ដើម ខេត្តព្រះវិហារ នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ប្រជាពលរដ្ឋដែលជាជនភៀសសឹករត់គេចពីគ្រាប់កាំភ្លើងបាញ់ស្រោច និងយន្តហោះទម្លាក់គ្រាប់ដែលភាគីថៃ ប្រើប្រាស់ក្នុងជម្លោះព្រំដែនជាមួយកម្ពុជា បានរៀបរាប់ទាំងទឹកភ្នែកថា ពួកគាត់មានវ័យចំណាស់ និងបានឆ្លងកាត់គ្រាប់ផ្លោងរួចទៅហើយ ដូច្នេះ ពួកគាត់មិនចង់លឺ មិនចង់ឃើញស្ថានភាពនេះកើតឡើងនោះទេ និងមិនចង់ឃើញការព្រាត់ប្រាស់សាច់ញាតិ កូនៗត្រូវកំព្រាឪពុក ម្តាយ ស្ត្រីមេម៉ាយ មនុស្សត្រូវធ្លាក់ខ្លួនពិកានោះទេ ប្រទេសកម្ពុជា ត្រូវការសន្តិភាព និងស្អប់សង្គ្រាម។រៀបរាប់នៅក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មានអន្តរជាតិ ចែញពីជំរុំភៀសសឹក លោកស្រី វ៉ាន់ គឹមយ៉ាន អាយុ៦៣ឆ្នាំ រស់នៅភូមិតេជោធម្មជាតិ បានថ្លែងថា នៅថ្ងៃដែលមានការផ្ទុះអាវុធដាក់គ្នារវាងកងទ័ពកម្ពុជា និងថៃ បានធ្វើឱ្យប្រជាពលរដ្ឋរស់នៅតាមព្រំដែនភ័យតក់ស្លូតយ៉ាងខ្លាំង ជាពិសេសខ្លួនគាត់ផ្ទាល់ដែលពីអតីតកាលបានឆ្លងកាត់ស្នូលគ្រាប់កាំភ្លើងដោយសារតែភ្លើងសង្គ្រាមជាដើម។«ខ្ញុំសូមឱ្យសមាជិកអាស៊ាន និងប្រទេសលើពិភពលោកមេត្តាជួយអន្តរាគមន៍ឱ្យបានឆាប់រហ័ស ដើម្បីបិទបញ្ចប់បញ្ហាដើម្បីឱ្យប្រជាពលរដ្ឋអាចវិលទៅលំនៅឋានវិញ និងបញ្ចប់សង្គ្រាមវិលទៅដូចដើមវិញ ខ្មែរមិនចង់បានសង្គ្រាមនោះទេ»។ នេះជាការលើកឡើងបន្ថែមរបស់លោកស្រី គឹមយ៉ាន។លោកស្រី វ៉ាន់ គឹមយ៉ាន បានថ្លែងថា បញ្ហាជម្លោះព្រំដែនជាមួយថៃ កងទ័ពថៃបានទម្លាក់គ្រាប់បែកមកចំផ្ទះសម្បែង បំផ្លាញភូមិឋាន ជាពិសេសគឺធ្វើស្លាប់ប្រជាជនស្លូតត្រង់ កងទ័ពបានពលី និងធ្វើឱ្យព្រាតប្រាស់សាច់ញាតិកូនត្រូវកំព្រាឪពុក ប្រពន្ធត្រូវមេម៉ាយ។ រៀបរាប់ទឹកភ្នែករលីងរលោង ស្ត្រីវ័យចំណាស់ បានទទូចយ៉ាងដូច្នេះថា៖ «សូមឱ្យថៃ ឈប់ទន្ទ្រានទឹកដីកម្ពុជាទៀតទៅ សូមឱ្យអស់លោក សហគមន៍អន្តរជាតិជួយប្រទេសខ្មែរ ផង ព្រោះខ្មែរធ្លាប់ឆ្លងកាត់សង្គ្រាម កុំធ្វើបាបខ្មែរពេក កូនចៅគ្មានក្តីសុខទេ ក្មេងមិនបានចូលរៀន។ ខ្មែរចង់បានសន្តិភាពណាស់ ខ្មែរស្អប់សង្គ្រាម ពីព្រោះឆ្អែតឆ្អន់នឹងសង្គ្រាម»។ចំណែកលោក វង់ សារឿន អាយុ៧២ឆ្នាំ ដែលជនភៀសសឹករត់ចេញពីផ្ទះសម្បែងជាមួយគ្រួសារ នៅភូមិសែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត បានថ្លែងថា ពួកគាត់ធ្លាប់តែរស់នៅដោយសុខស្រួល ជួបជុំក្រុមគ្រួសារយ៉ាងមានកក់ក្តៅ ប៉ុន្តែ ស្រាប់តែស្ថានការណ៍ព្រំដែនមានការប្រែប្រួលធ្វើឱ្យពួកគាត់ រួមជាមួយអ្នកភូមិជាច្រើនគ្រួសារ បានភៀសខ្លួនមករកទីមានសុវត្ថិភាព។ លោក សាវឿន បានរៀបរាប់យ៉ាងដូច្នេះថា៖ «ខ្ញុំបានរត់គេចពីសង្គ្រាម មករកទីមានសុវត្ថិភាព ដើម្បីគេចឱ្យផុតពីគ្រោះថ្នាក់ដោយសារសង្គ្រាម មុនមានសង្គ្រាមប្រជាពលរដ្ឋរា់នៅដោយសុខសាន្ត សង្ឃឹមថាសន្តិភាពនឹងមានឆាប់ ដើម្បីឱ្យពួកខ្ញុំអាចវិលទៅលំនៅឋានវិញ ដើម្បីប្រកបរបរចិញ្ចឹមជីវិត»។ជាមួយគ្នានេះដែរ លោក វង់ សាវឿន បានអំពាវនាវដល់សហគន៍អន្តរជាតិ សមាជិកអាស៊ាន និងអង្គការសហប្រជាជាតិ សូមប្រញាប់ចូលអន្តរាគមន៍ឱ្យបានឆាប់រហ័ស ដើម្បីបញ្ចាប់បញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ជាពិសេសធ្វើយ៉ាងឱ្យថៃ គោរពឱ្យបាននូវបទឈប់បាញ់ដែលខ្លួនព្រមព្រៀមគ្នាជាមួយនៅចំពោះសហរដ្ឋមេរិក និងប្រទេសម៉ាឡេស៉ី កាលពីពេលថ្មីៗនេះ។ បើតាមលោក ណុប វុទ្ធី អភិបាលរងខេត្តព្រះវិហារ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានអន្តរជាតិថា អាជ្ញាធរខេត្ត រាជរដ្ឋាភិបាល កាកបាទក្រហមកម្ពុជា ព្រមទាំងគ្រប់ភាគីពាក់ព័ន្ធបានយកចិត្តទុកដាក់យ៉ាងខ្លាំងពីបញ្ហាសុខទុកពលរដ្ឋភៀសសឹក។ ខណៈបច្ចុប្បន្ននេះ នៅទូទាំងខេត្តមានជំរុំភៀសសឹកចំនួន១៥ទីតាំង និងមានប្រជាពលរដ្ឋភៀសសឹក កំពុងបន្តស្នាក់នៅបណ្តោះអាសន្នប្រមាណ២ម៉ឺននាក់។លោកអភិបាលរងខេត្តព្រះវិហារ បានឱ្យដឹងថា ដោយឡែកសម្រាប់ជំរុំភៀសសឹក វត្តពោធិ៍ ៥០០០ដើម គឺបច្ចុប្បន្ននេះ មានពលរដ្ឋភៀសសឹកកំពុងស្នាក់នៅបណ្តោះអាសន្ន ប្រមាណ២០០០គ្រួសារ និងមានប្រមាណ ៧០០០នាក់ មកពីភូមិចំនួន៦ ដែលប្រឈមខ្ពស់ដោយសារជម្លោះព្រំដែន។គួរដឹងថា ការផ្ទុះអាវុធរវាងកម្ពុជា-ថៃ បានកើតឡើងនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ ដោយបានរាលដាលទៅកាន់ចំណុចផ្សេងៗទៀត នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ការប្រយុទ្ធគ្នានេះបានកើតឡើងបន្ទាប់ពីភាគីថៃ បានផ្ទុះអាវុធមុន នៅចំណុចប្រាសាទតាមាន់៕

ក្រុមអ្នកសារព័ត៌មានមកពីតំបន់អាស៊ីបន្តបំពេញបេសកកម្មចុះយកព័ត៌មានទីតាំងទម្លាក់គ្រាប់បែកពីលើយន្តហោះចម្បាំងរបស់កងទ័ពថៃ លើវត្តអារាម, មណ្ឌលសុខភាព, សាលារៀន និងផ្ទះសម្បែងពលរដ្ឋ នៅខេត្តឧត្តរមានជ័យ

2025/08/29 01:18:05 pm        370
ព្រះវិហារ៖ នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥នេះ ក្រុមអ្នកសារព័ត៌មានមកពីប្រទេសចិន សិង្ហបុរី ឥណ្ឌូនេស៊ី ម៉ាឡេស៊ី វៀតណាម ព្រមទាំងអ្នកសារព័ត៌មានកម្ពុជា ជាច្រើននាក់ បានបានធ្វើដំណើររាប់រយគីឡូម៉ែត្រ ចេញពីខេត្តសៀមរាប ទៅខេត្តឧត្តរមានជ័យ ដើម្បីពិនិត្យ និងធ្វើទស្សនកិច្ចទីតាំងដែលរងផលប៉ះពាល់ដោយគ្រាប់បែកទម្លាក់ពីលើយន្តហោះនៅភូមិផ្អុង សង្កាត់កូនក្រៀល ក្រុងសំរោង និងទីតាំងដែលរងផលប៉ះពាល់ដោយគ្រាប់បែក MK-84 នៅក្នុងភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ពិនិត្យលើមណ្ឌលសុខភាពតាមាន់សែនជ័យ ស្ថានីយប្រេងឥន្ធនៈដែលខូចខាត វត្តប្រសាទតាមាន់សែនជ័យ សាលាបឋមសិក្សាតាមន្តសែនជ័យ ដែលរងគ្រោះក្នុងជម្លោះព្រំដែនជាមួយថៃ។ ជាមួយគ្នានេះដែរ អ្នកសារព័ត៌មាននឹងបន្តទៅពិនិត្យនៅជំរុំសុវត្ថិភាព វត្តថ្មកំបោរ។ក្នុងដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌មានមកពីតំបន់អាស៉ី លើទឹកដីខេត្តឧត្តរមានជ័យ មានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ, ឯកឧត្តម ហេង រតនា អគ្គនាយកអង្គភាពស៉ីម៉ាក់ ព្រមទាំងអាជ្ញាធរមូលដ្ឋានជាច្រើនរូបទៀត។ជាមួយគ្នានេះដែរ អ្នកសារព័ត៌មានបានចុះពិនិត្យស្ថានភាពជាក់ស្តែងនៅទីតាំងភូមិផ្អុង សង្កាត់កូនក្រៀល ក្រុងសំរោង ជាកន្លែងគ្រាប់កាំភ្លើងធំប្រភេទ ១០៥មីលីម៉ែត្រ ១២៧មីលីម៉ែត្រ និង១៥៥មីលីម៉ែត្រ បានផ្លោងដាក់ភូមិឋានប្រជាពលរដ្ឋស៉ីវិល។និងបន្តចុះពិនិត្យជាក់ស្តែងទីតាំងគ្រាប់បែក MK-84 ទម្ងន់ជាង១តោន ដែលកងទ័ពថៃទម្លាក់ពីលើយន្តហោះចម្បាំង F-16 លើផ្ទះប្រជាពលរដ្ឋក្នុងភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល។នាឱកាសនោះដែរ ឯកឧត្តម ហេង រតនា បានធ្វើបទបង្ហាញពីគ្រោះថ្នាក់ និងផលប៉ះពាល់បណ្តាលមកពីគ្រាប់បែកធុនធំកងទ័ពថៃ ដែលបានផ្លោងដាក់លំនៅឋានរបស់ប្រជាជនជូនដល់អ្នកសារព័ត៌មានមកពីតំបន់អាស៉ី និងផែនការសកម្មភាពបោសសម្អាត និងបន្សាបគ្រាប់បែកធុនធំដែលមានបង្កប់ដោយផ្សែងពុលធ្វើឱ្យប៉ះពាល់សុខភាពយ៉ាងធ្ងន់ធ្ងររបស់ប្រជាពលរដ្ឋផងដែរ។ពិធីនេះសម្របសម្រួលដោយក្រសួងព័ត៌មាន តាមរយៈសិក្ខាសាលាថ្នាក់តំបន់ស្តីពី «ការគ្រប់គ្រងសុវត្ថិភាព និងហានិភ័យក្នុងការរាយការណ៍ស្តីពីជម្លោះ» "Safety and Risk Management Conflict Reporting” ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥។សិក្ខាសាលាអមដោយការចុះសិក្សានៅទីវាលផ្ទាល់ របស់អ្នកសារព័ត៌មាន បានស្វែងយល់មួយកម្រិតបន្ថែមទៀតពីការរាយកាណ៍ក្នុងស្ថានភាពតានតឹង និងជម្លោះព្រំដែន។ ក្នុងនោះអ្នកសារព័ត៌មានក្នុងតំបន់ក៏បានចែករំលែកបទពិសោធន៍ និងការអនុវត្តល្អៗទៅវិញទៅមកផងដែរ។ គួរបញ្ជាក់ផងដែរថា បន្ទាប់ពីសិក្ខាសាលានាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ អ្នកសារព័ត៌មាន បានធ្វើដំណើរទស្សនកិច្ចទៅទស្សនាកន្លែងស្នាក់នៅបណ្តោះអាសន្នក្នុងវត្តពោធិ៍៥០០០ដើម ស្ថិតនៅចំណុចអូរដូនស្ងួន ក្នុងភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ ដោយបានសម្ភាសជាមួយអាជ្ញាធរខេត្ត និងប្រជាពលរដ្ឋភៀសសឹក ផងដែរ។នៅខេត្តបន្ទាយមានជ័យ អ្នកសារព័ត៌មាននឹងធ្វើដំណើរទៅកាន់ឃុំអូរបីជាន់ រួមទាំងភូមិព្រៃចាន់ និងភូមិជោគជ័យ ស្រុកអូរជ្រៅ ជាកន្លែងដែលកងកម្លាំងថៃ បានរាយលួសបន្លាសព័ទ្ធយកផ្ទះប្រជាពលរដ្ឋកម្ពុជា៕

ស្ពានបេតុង ១កន្លែង នៅស្រុកជីក្រែង នឹងតភ្ជាប់ឆាប់ៗសម្រួលដល់ការធ្វើដំណើរ និងលើកកម្ពស់សេដ្ឋកិច្ចនៅមូលដ្ឋាន

2025/08/29 01:10:55 pm        258
ស្ពានបេតុងចំនួន១ កន្លែង នៅស្រុកជីក្រែង ខេត្តសៀមរាប ដែលស្ថិតក្រោមក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ នឹងតភ្ជាប់ឆាប់ៗ សម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ បម្រើដល់ការដឹកជញ្ជូន និងការធ្វើអាជីវកម្មនានា ដើម្បីចូលរួមចំណែកលើកកម្ពស់សេដ្ឋកិច្ច នៅមូលដ្ឋាន។លោកជំទាវ ឯក គន្ធវារី អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានលើកឡើងក្នុងការចុះត្រួតពិនិត្យវាយតម្លៃ លើការងារលទ្ធផលលើការងារស្ថាបនាស្ពានបេតុង ចំនួន១ កន្លែង ប្រវែង ៩០ ម៉ែត្រ ទទឹង ១០ ម៉ែត្រ និងការ ស្ថាបនាសំណង់សិល្បការ្យផ្សេងៗ ស្ថិតនៅភូមិចេក ឆ្លងទៅភូមិដុបត្នោត ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ នេះថា ជុំវិញការអភិវឌ្ឍនេះ ក្រសួងអភិវឌ្ឍន៍ជនបទបាននិងកំពុងបន្តបេសកម្មរបស់ខ្លួន ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ជំរុញការស្ថាបនា ការស្តារ និងការថែទាំ ព្រោះការតភ្ជាប់ទាំងស្ពាន និងបណ្តាញផ្លូវជនបទផ្សេងៗនៅតាមជនបទ ពិតជាមានសារៈសំខាន់ណាស់ ក្នុងនោះក្រៅពីការធ្វើដំណើរ ផ្លូវនិងស្ពានគឺជាសរសៃឈាមនៃសេដ្ឋកិច្ច បម្រើដល់ការដឹកជញ្ជូនដូចជា៖ ការដឹកកសិផលទៅកាន់ទីផ្សារ ទៅកាន់ឧស្សាហកម្ម រោងចក្រ និងសហគ្រាសនានា និងបម្រើដល់ការប្រកបមុខរបរផ្សេងៗរបស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋានផងដែរ។លោកជំទាវ បន្តថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះ រាជាណាចក្រកម្ពុជា បាននិងកំពុងបន្តកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ តាមរយៈការលើកកម្ពស់សេវាសង្គម នានាដូចជា៖ សេវាអប់រំ, សេវាសុខាភិបាល, សេវាទឹកស្អាត, អនាម័យ, ទូរគមនាគមន៍, ការពង្រីកវិសាលភាព នៃការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត និងបញ្ហាអនាម័យជនបទជាដើម ដើម្បីបន្តជំរុញលើកកម្ពស់សុខភាព និងជីវភាពរស់នៅរបស់ប្រជាជននៅតាមជនបទ ឱ្យមានជីវភាពកាន់តែប្រសើរ។ ចំពោះការស្ថាបនាស្ពានបេតុងខាងលើនេះ លោកជំទាវអនុរដ្ឋលេខាធិការ ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ដែលបានខិតខំប្រឹងប្រែងលើការងារស្ថាបនារបស់ខ្លួន សម្រេចបាន ៥៩%, លោកជំទាវ បានជំរុញលើការរងារស្ថាបនានេះឱ្យបានចប់តាមផែនការ ឬមុនផែនការ និងស្របតាមបទដ្ឋានបច្ចេកទេស ព្រោះការអភិវឌ្ឍនៅតាមជនបទនេះ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានយកចិត្តទុកដាក់បំផុត ទាំងការងារស្ថាបនា ការស្តារ និងការថែទាំ ដើម្បីសម្រួលដល់គមនាគមន៍ និងការផ្តល់សេវាសាធារណៈផ្សេងៗ ជូនប្រជាពលរដ្ឋគ្រប់ទិសទីនៅទូទាំងប្រទេស ដែលជាការរួមចំណែកដ៏សំខាន់ ក៏ដូចជាការកែប្រែ នូវលក្ខខណ្ឌរស់នៅរបស់សហគមន៍ជនបទ លើផ្នែកសេដ្ឋកិច្ច និងសង្គម និងការប្រែក្លាយតំបន់ជនបទឱ្យទៅជាតំបន់មានភាព រីកចម្រើន ក្រោមការដឹកនាំដ៏មុតស្រួចរបស់រាជរដ្ឋាភិបាល៕អត្ថបទ៖ សុន រ៉ាឌី

ឯកឧត្តម ឌិត ទីណា៖ ក្រសួងកសិកម្ម នឹងបន្តជួយកសិករក្នុងការស្ដារមកវិញលើការប្រមូលទិញស្រូវនារដូវកាលក្រោយ

2025/08/29 01:07:01 pm        192
ឯកឧត្ដម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងគណៈប្រតិភូអមដំណើរ នៅថ្ងៃម្សិលមិញ បានអញ្ជើញចុះពិនិត្យការប្រមូលទិញស្រូវ នៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ក្នុងដំណើរចុះពិនិត្យការងារប្រមូលទិញស្រូវ កាលពីរសៀលថ្ងៃទី២៨ សីហា ឆ្នាំ២០២៥កន្លងទៅ ឯកឧត្តមរដ្ឋមន្រ្តី បានឱ្យដឹងថា ក្រុមការងារមន្ត្រីកសិកម្មគ្រប់ជាន់ថ្នាក់ បន្តនៅជាប់ជាមួយប្រជាពលរដ្ឋ ដើម្បីជួយដោះស្រាយបញ្ហាតម្លៃស្រូវក្នុងរដូវនេះ តាមរយៈការសម្របសម្រួលរោងម៉ាស៊ីនមកទិញដល់ទីវាល។ បន្ថែមពីនេះ ក្រសួងកសិកម្ម នឹងបន្តជ្រោមជ្រែងប្រជាកសិករក្នុងការស្ដារមកវិញនៅរដូវកាលក្រោយ តាមរយៈការចងក្រងជាសហគមន៍កសិកម្មទំនើប ដែលនឹងជួយកាត់បន្ថយថ្លៃដើមដាំដុះ និងតភ្ជាប់ទីផ្សារធានាថ្លៃទុកមុន។ពាក់ព័ន្ធបញ្ហាស្រូវនេះដែរ កាលពីកន្លងទៅថ្មីៗនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលបានសម្រេចដកថវិកាចំនួន ២០លានដុល្លារអាម៉េរិក ពីមូលនិធិកម្មហិរញ្ញប្បទានពិសេសឲ្យធនាគារធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ផ្តល់ជាទុនបង្វិលដល់រោងម៉ាស៊ីនកិនស្រូវ ក្នុងការប្រមូលទិញស្រូវពីប្រជាកសិករមានតម្លៃសមរម្យ និងគ្រោងបន្តផ្តល់សុពលភាព ២ឆ្នាំបន្ថែមទៀត លើផ្នែកពន្ធដារដល់វិស័យកសិកម្ម។ឯកឧត្តមបណ្ឌិត កៅ ថាច អគ្គនាយកធនាគារធនាគារ ARDB បានលើកឡើងឱ្យដឹងថា តាមរយៈការផ្តល់ហិរញ្ញប្បទានដល់គ្រប់តួអង្គក្នុងខ្សែច្រវាក់តម្លៃផលិតកម្ម ជាទុនបង្វឹល ឬជាទុនវិនិយោគ គិតត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ធនាគារ ARDB មានសម្ពាធឥណទានទៅលើស្រូវ-អង្ករប្រមាណជា ២០០លានដុល្លារអាម៉េរិក ស្មើ ៤១% នៃឥណទានសរុប៕ អត្ថបទ៖ ឈិត បូរ៉ាវី 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ព្យុះខ្សាច់បានវាយប្រហារតំបន់ស៊ីនជាំងរបស់ប្រទេសចិន
04/18/2026 05:04 PM
ប្រធានាធិបតីបារាំង ស្វាគមន៍ការបើកច្រកសមុទ្រ Hormuz ឡើងវិញនៅក្នុងកិច្ចប្រជុំពហុភាគី
04/18/2026 05:04 PM
អូស្ត្រាលី និងជប៉ុនចុះហត្ថលេខាលើកិច្ចសន្យាដើម្បីចាប់ផ្តើមកិច្ចព្រមព្រៀងនាវាចម្បាំងតម្លៃ៧ពាន់លានដុល្លារ
04/18/2026 05:04 PM
អ៊ុយក្រែនត្រៀមខ្លួនរួចជាស្រេចសម្រាប់កិច្ចប្រជុំថ្នាក់ដឹកនាំជាមួយរុស្ស៊ីក្រោមការសម្របសម្រួល
04/18/2026 05:04 PM
តម្លៃប្រេងឆៅធ្លាក់ចុះជាង ១០ ភាគរយ ខណៈច្រកសមុទ្រហ័រមូសបើកដំណើរការឡើងវិញ
04/18/2026 05:04 PM
ពលរដ្ឋលីបង់ភៀសខ្លួនពីសង្គ្រាមសម្រុកវិលត្រឡប់ទៅភាគខាងត្បូងវិញនៅថ្ងៃទីពីរនៃបទឈប់បាញ់ជាមួយអ៊ីស្រាអែល
04/18/2026 05:04 PM
អ្នកស្រុក Manipur របស់ឥណ្ឌាប្រមូលផ្ដុំដោយកាន់គប់ភ្លើង ជុំវិញការផ្ទុះដ៏សាហាវដែលបានសម្លាប់កុមារពីរនាក់
04/18/2026 05:04 PM
ពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ រៀបចំដោយសមាគមនិស្សិតខ្មែរនៅប្រទេសជប៉ុន
04/18/2026 04:04 PM
អាមេរិកបន្តលើកលែងទណ្ឌកម្មប្រេងរុស្ស៊ី ក្រោយមានសម្ពាធពីប្រទេសដែលកំពុងដោះស្រាយវិបត្តិតម្លៃប្រេងក្នុងពេលមានសង្គ្រាមអ៊ីរ៉ង់
04/18/2026 03:04 PM
អ៊ីរ៉ង់គំរាមបិទច្រកសមុទ្រហ័រមូស (Hormuz) ប្រសិនបើអាមេរិកនៅតែបន្តបិទកំពង់ផែរបស់ខ្លួន
04/18/2026 02:04 PM