ពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ រៀបចំដោយសមាគមនិស្សិតខ្មែរនៅប្រទេសជប៉ុន
TOP STORY | ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឫទ័យ នឹងព្យាបាលដោយវះកាត់ នៅក្នុងមន្ទីរពេទ្យរដ្ឋធានីប៉េកាំង
ថ្ងៃទី៥នៃ «នគរសង្រ្កាន្ត» ពលរដ្ឋ យុវជន បន្តមកដើរលេងកម្សាន្ត និងកោតសរសើរពីការតាំងពិព័រណ៍ ក្នុងភូមិវប្បធម៌ ពិសេសការរៀបចំផ្សេងៗនៅភ្នំពេញ
ថ្លៃលក់រាយប្រេងសាំង និងម៉ាស៊ូត បន្តធ្លាក់ចុះ ខណៈរដ្ឋបន្តទម្លាក់ពន្ធដល់សូន្យ% ដើម្បីជួយពលរដ្ឋ

ព័ត៌មានជាតិ

កម្ពុជាស្នើសុំអាម៉េរិក ផ្ដល់ជំនួយបច្ចេកទេស សម្រាប់ការចាកចេញពីប្រទេសការអភិវឌ្ឍតិចតួចឆ្នាំ២០២៩

2025/08/29 12:59:10 pm        458
កម្ពុជាស្នើឱ្យសហរដ្ឋអាម៉េរិក ផ្ដល់នូវជំនួយបច្ចេកទេស និងការអភិវឌ្ឍសមត្ថភាពស្ថាប័ន ក្នុងដំណាក់កាលអន្តរកាល សម្រាប់រយៈពេលមធ្យម និងរយៈពេលវែងខាងមុខ សម្រាប់ការត្រៀមលក្ខណៈ ដើម្បីចាកចេញពីក្រុមប្រទេសដែលមានការអភិវឌ្ឍ តិចតួចនៅឆ្នាំ២០២៩ របស់កម្ពុជា។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងជំនួប ពិភាក្សាការងារជាមួយ គណៈប្រតិភូនៃសភាសហរដ្ឋអាម៉េរិក ដឹកនាំដោយលោកជំទាវ Beth Van Duyne សមាជិកសភា តំណាងរដ្ឋ Texas និងការចូលរួមពី ឯកឧត្តមបណ្ឌិត Rich McCormick សមាជិកសភាតំណាងរដ្ឋ Georgia និងឯកឧត្តម Suhas Subramanyam សមាជិកសភាតំណាងរដ្ឋ Virginia នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥, ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះគណៈប្រតិភូនៃសភាសហរដ្ឋអាម៉េរិកមកកាន់កម្ពុជា និងបានជម្រាបជូនស្ថានភាព និងការវិវឌ្ឍ នៃសង្គម-សេដ្ឋកិច្ចកម្ពុជា ដែលកំពុងរីកលូតលាស់ក្នុងរយៈកាលជាង៣ទសវត្សរ៍ចុងក្រោយនេះ។ បើទោះបីស្ថិតក្នុងបរិការណ៍ នៃភាពមិនប្រាកដប្រជាខ្ពស់, ភាពតានតឹងនៃភូមិសាស្ត្រនយោបាយ, និងហានិភ័យនានាក្នុងតំបន់ និងសកល។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បានសម្តែងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកិច្ចសហប្រតិបត្តិការលើកិច្ច ព្រមព្រៀងពន្ធគយបដិការរវាងកម្ពុជា-សហរដ្ឋអាម៉េរិក និងកិច្ចខិតខំប្រឹងប្រែងរបស់ ឯកឧត្តម Donald J. Trump ប្រធានាធិបតីសហរដ្ឋអាម៉េរិក ក្នុងការសម្របសម្រួលឱ្យមានបទឈប់បាញ់រវាងកម្ពុជា-ថៃ និងបានលើកឡើងពីចំណងមិត្តភាព ការទូតក្នុងរយៈពេល៧៥ឆ្នាំ នៃប្រទេសទាំងពីរ ព្រមទាំងបានគូសបង្ហាញអំពីសារសំខាន់ នៃការចូលរួមរបស់សហរដ្ឋអាម៉េរិក ក្នុងនាមជាដៃគូ-ពាណិជ្ជកម្ម និងដៃគូអភិវឌ្ឍន៍ ក្នុងការជំរុញដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច លើគ្រប់វិស័យរួមមានវិស័យកាត់ដេរ, វិស័យកម្មន្តសាលមិនមែនកាត់ដេរ, វិស័យសុខាភិបាល, វិស័យហិរញ្ញវត្ថុ និងវិស័យបដិសណ្ឋារកិច្ចជាដើម។ ក្នុងនោះផងដែរ, ស្របពេលដែលកម្ពុជាកំពុងត្រៀមលក្ខណៈ ដើម្បីចាកចេញពីក្រុមប្រទេសដែលមានការអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៩, ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ ក៏បានស្នើឱ្យសហរដ្ឋអាម៉េរិក ផ្ដល់នូវជំនួយបច្ចេកទេស និងការអភិវឌ្ឍសមត្ថភាពស្ថាប័នក្នុងដំណាក់ កាលអន្តរកាលនេះ សម្រាប់រយៈពេលមធ្យម និងរយៈពេលវែងខាងមុខ ។ជាការឆ្លើយតប, លោកជំទាវប្រធានគណៈប្រតិភូ បានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា និងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងជំហររបស់រាជរដ្ឋាភិបាល ដែលតែងតែប្រកាន់ខ្ជាប់នូវការខិតខំរក្សា សន្តិភាព និងស្ថិរភាពដែលជាមូលដ្ឋានគ្រឹះសម្រាប់កសាងប្រទេសជាតិឱ្យមានការរីកចម្រើន។ ទន្ទឹមនេះ លោកជំទាវប្រធាន គណៈប្រតិភូ ក៏បានគូសបង្ហាញថា សហរដ្ឋអាម៉េរិកនិងកម្ពុជា នឹងបន្តរឹតបន្តឹងចំណងសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច តាមរយៈការជំរុញពាណិជ្ជកម្ម និងវិនិយោគ, ការធ្វើបរិវត្តកម្មឌីជីថល, ការប្រើប្រាស់បញ្ញាសិប្បនិម្មិត, និងការលើកកម្ពស់បរិយាកាស ធុរកិច្ច, ព្រមទាំងការចូលរួមសហការទប់ស្កាត់ និងបង្ក្រាបលើបទល្មើសបច្ចេកវិទ្យា និងការឆបោកតាមប្រព័ន្ធអនឡាញ និងបញ្ហាអន្តោ- ប្រវេសន៍ សំដៅដល់ការកសាងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពភាពធន់ បរិយាប័ន្ន និងសមធម៌៕អត្ថបទ៖ សុន រ៉ាឌី,

បេក្ខជន​ប្រឡងបាក់ឌុបឆ្នាំ២០២៥នេះ បង្ហាញក្តីរំពឹងខ្ពស់ក្នុងការទទួលលទ្ធផលជោគជ័យ

2025/08/29 12:00:37 pm        1079
ចូលដល់ថ្ងៃទី២ នៃដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ក្រុមបេក្ខជនប្រឡងនៅមណ្ឌលរាជធានីភ្នំពេញ បានបង្ហាញក្តីរំពឹងខ្ពស់ចំពោះលទ្ធផលរបស់ពួកគេ ដោយសារបានធ្វើកិច្ចការរួចរាល់លើគ្រប់មុខវិជ្ជា បន្ទាប់ពីការខិតខំប្រឹងប្រែងរៀនសូត្រតាំងពីថ្នាក់ទាបរហូតមកដល់ថ្នាក់ទី១២។នៅក្នុងបទសម្ភាសន៍ជាមួយក្រុមបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅមណ្ឌលប្រឡងអនុវិទ្យាល័យ ហ៊ុន សែន ពោធិ៍ចិនតុង នាព្រឹកថ្ងៃទី២៩ ខែសីហានេះ ពួកគាត់បាននិយាយស្រដៀងគ្នា ចំពោះការចូលរួមប្រឡងនេះ មិនមានការភ័យព្រួយ ឬបារម្ភខ្លាំងទេ និងមានអារម្មណ៍សប្បាយរីករាយក្នុងការប្រឡងនេះ ពីព្រោះ រាល់កិច្ចការក្នុងពេលប្រឡង គឺធ្វើបានច្រើន បន្ទាប់ពីបានខិតខំរៀនសូត្រនិងត្រៀមខ្លួនរួចជាស្រេចតាំងពីថ្នាក់តូចមកម្ល៉េះ។ ក្រុមយុវជនទាំងនេះ បានឱ្យដឹងទៀតថា សម្រាប់ឆ្នាំនេះ គឺបានខិតខំប្រឹងឱ្យអស់ពីសមត្ថភាពមិនឱ្យឪពុកម្តាយខកបំណងឡើយ និងដើម្បីសម្រេចក្តីសុបិនរបស់ខ្លួនទៅថ្ងៃអនាគតខាងមុខ ដែលភាគច្រើនចង់ក្លាយជាគ្រូពេទ្យ។ ក្រុមយុវជន ក៏បានសម្តែងការអរសូមគុណដល់លោកគ្រូ អ្នកគ្រូ ដែលខំលះបង់កម្លាំងកាយចិត្តជួយបងៀនតាំងពីថ្នាក់ទី១ ដល់ថ្នាក់ទី១២។យោងតាមក្រសួងអប់រំ យុវជន និងកីឡា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) មានរយៈពេល ២ថ្ងៃ គឺថ្ងៃទី២៨ និង២៩ ខែសីហា ឆ្នាំ២០២៥។ ឆ្នាំនេះ បេក្ខជនដែលមានឈ្មោះប្រឡងថ្នាក់បាក់ឌុប មានចំនួនសរុបជាង ១៤ម៉ឺន ៦ពាន់នាក់។ ក្រសួងអប់រំ បានកំណត់យកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បីប្រកាសលទ្ធផលប្រឡងតាមមណ្ឌលសំណេរ នៃរាជធានី ខេត្តទាំង២៥ នៅទូទាំងប្រទេស៕ អត្ថប៖ ឈិត បូរ៉ាវី

ជំនាញកំពុងពន្លឿនធ្វើឯកសារអត្តសញ្ញាណកម្ម ដល់អតីតពលករមកថៃ សម្រាប់​ប្រើប្រាស់​កិច្ចការ​ផ្សេងៗ

2025/08/29 11:57:18 am        260
ភ្នំពេញ៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ កំពុងពន្លឿន​ការ​ធ្វើ​ឯកសារ​អត្ត​សញ្ញាណ​ក​ម្ម ក្នុងនោះមានសំបុត្រកំណើត សៀវភៅស្នាក់នៅ និងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដល់​បងប្អូនអតីតពលករ មកពីប្រទេសថៃ ដើម្បីឲ្យពួកគេ មានឯកសារកំណើតគ្រប់គ្រាន់ ទុក​សម្រាប់​ប្រើ​ប្រាស់ក្នុងកិច្ចការផ្សេងៗ ។ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ សេចក្តីណែនាំស្តីពី ការជំរុញ​ផ្ដល់​ឯកសារ​បញ្ជាក់​អត្ត​សញ្ញាណ​កម្មជូ​ន​ប្រជា​ពលរដ្ឋ​ខ្មែរ ដែលទើបវិលត្រឡប់មកពីប្រទេសថៃ និងប្រជាពលរដ្ឋខ្មែរ ដែលពុំទាន់​មាន​ឯកសារ​គ្រប់​គ្រាន់ ដែលមានមន្ត្រីពាក់ព័ន្ធតាំងពីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិជិត ៦ពាន់នាក់ ចូល​រួម​ប្រជុំដោយផ្ទាល់ និងតាមហ្សួម (Zoom) នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ ឧត្តមសេនីយ៍​ឯក​បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានថ្លែងថា ចាប់តាំងពី​មាន​ករណី​ទាហានថៃ លួចមកបាញ់ប្រហារកងទ័ពខ្មែរបណ្ដាលឲ្យពលីម្នាក់ កាលពីថ្ងៃទី២៨ ខែ​ឧសភា គឺមានសកម្មភាពពលករខ្មែរត្រឡប់មកស្រុកកំណើតវិញ ជាហូរហែរ ។ឯកឧត្តម បានបន្តថា ជាពិសេសចាប់ពីមានការផ្ទុះអាវុធដាក់គ្នា រវាងកងទ័ពកម្ពុជា-ថៃ ពីថ្ងៃទី២៤ ដល់​ទី២​៨ ខែសីហា ឆ្នាំ២០២៥ ចលនានៃការវិលត្រឡប់មកប្រទេសកំណើតវិញនេះ បានហក់​ឡើង​យ៉ាង​គំហុក ហើយមកដល់ពេលនេះ មានជាង៩២ម៉ឺននាក់ហើយ ដែលក្នុងចំណោមនេះ ពួក​គេ​មួយចំនួនពុំមានឯកសារកំណើត ឬអ្នកខ្លះទៀត ឯកសារហួសសុពលភាព ខូចខាត ឬ​បាត់​បង់​ជាដើម។ឧត្តមសេនីយ៍ឯកបណ្ឌិត គូសបញ្ជាក់ថា ពាក់ព័ន្ធនឹងបញ្ហានេះហើយ ទើបរាជរដ្ឋាភិបាល ណែនាំ​ដល់​មន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធខិតខំ ធ្វើយ៉ាងណាឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទើប​ត្រឡប់​ពី​ប្រទេស​ថៃ និងអ្នកពុំទាន់មានឯកសារអត្តសញ្ញាណកម្ម មានឯកសារសំបុត្រកំណើត សៀវភៅស្នាក់នៅ និង​អត្ត​សញ្ញាណបណ្ណសញ្ជាតិខ្មែរឲ្យបានគ្រប់ៗគ្នា ដែលការងារនេះ គឺអគ្គនាយកដ្ឋាន​អត្ត​សញ្ញាណ​កម្ម ក៏បានចាត់ចែងក្រុមការងារទទួលបន្ទុករួចរាល់ហើយផងដែរ ។ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បាន​ឲ្យ​ដឹង​ថា ការពន្លឿនធ្វើឯកសារអត្តសញ្ញាណកម្ម ដល់បងប្អូនអតីតពលករមកពីប្រទេសថៃ និង​អ្នក​ពុំ​ទាន់​មាននេះ ដើម្បីបង្កភាពងាយស្រួលដល់ពួកគេ ក្នុងការស្វែងរកការងារធ្វើ ឬស្នើសុំ​សេវា​ផ្សេង​ៗ សម្រាប់តម្រូវការប្រើប្រាស់ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ៕ អត្ថបទ បាន សុខរិទ្ធិ

កម្ពុជា-វៀតណាម ពង្រឹងសហប្រតិបត្តិការ គាំទ្រការធ្វើពាណិជ្ជកម្មទ្វេភាគីឱ្យកើនដល់ ២០ ពាន់លានដុល្លារ

2025/08/29 11:27:39 am        163
កម្ពុជា-វៀតណាម ពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ ឱ្យក្លាយជាដៃគូដ៏រឹងមាំ និងមានសក្តានុពលខ្លាំង គាំទ្រ ដល់យុទ្ធសាស្ត្រទាំងពីរ ក្នុងទិសដៅជំរុញការធ្វើពាណិជ្ជកម្មទ្វេភាគី ឱ្យកើនឡើងដល់២០ ពាន់លានដុល្លារអាម៉េរិក ក្នុងពេលខាងមុខ។ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ថ្លែងលើកឡើងក្នុងពិធីបើកកម្មវិធីជំរុញពាណិជ្ជកម្មកម្ពុជា-វៀតណាម នៅរសៀល នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ម្សិលមិញនេះថា កម្មវិធីជំរុញពាណិជ្ជកម្មកម្ពុជា-វៀតណាម ពិតជាមានតម្លៃ និងជា ឱកាសដ៏សំខាន់ អនុញ្ញាតឲ្យប្រទេសទាំងពីររួមគ្នាដោះស្រាយបញ្ហាប្រឈម និងលើកកម្ពស់កិច្ចសហការក្នុងវិស័យយុទ្ធសាស្ត្រនានា ជាពិសេសវិស័យកសិកម្ម, កសិ-ឧស្សាហកម្ម, ភស្តុភារកម្ម និងការអភិវឌ្ឍខ្សែច្រវាក់ផ្គត់ផ្គង់ជាដើម។ ខណៈពេលនេះ, បរិយាបទ ពិភពលោកបច្ចុប្បន្ន តម្រូវឲ្យយើងធ្វើការរួមគ្នា ដើម្បីកសាងបណ្តាញពាណិជ្ជកម្មឆ្លងដែន ប្រកបដោយប្រសិទ្ធភាព កែលម្អហេដ្ឋា រចនាសម្ព័ន្ធដឹកជញ្ជូន និងបង្កើនតម្លៃបន្ថែម នៃផលិតកម្មកសិកម្មរបស់យើង។ ការខិតខំប្រឹងប្រែងនេះ ពិតជាមានសារៈសំខាន់ សម្រាប់កំណើនសេដ្ឋកិច្ច និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនប្រទេសទាំងពីរផងដែរ។ឯកឧត្តមរដ្ឋលេខាធិការ បន្តថា ការជួបគ្នានេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ សម្រាប់សហគ្រិន ពាណិជ្ជករ អាជីវករ និងធុរជនកម្ពុជា-វៀតណាម មានឱកាសបានសិក្សាស្វែងយល់, ចែករំលែកគំនិត, បង្កើតភាពជាដៃគូពាណិជ្ជកម្ម រវាងពាណិជ្ជករនៃ ប្រទេសទាំងពីរ, ធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា ដើម្បីសម្រួលកិច្ចសហប្រតិបត្តិការឲ្យដំណើរការបានដោយរលូន និងជោគជ័យ។ ឯកឧត្តម ក៏បានលើកទឹកចិត្តដល់អ្នកចូលរួមទាំងអស់ ស្វែងយល់ពីតម្រូវការទីផ្សារ និងអភិវឌ្ឍផលិតផលរបស់ខ្លួន ឱ្យឆ្លើយតបទៅនឹង តម្រូវការទីផ្សារជាក់ស្តែង ប្រកបដោយប្រសិទ្ធភាពខ្ពស់។លោក Bui Quang Hung អគ្គនាយករងនៃទីភ្នាក់ងារជំរុញពាណិជ្ជកម្មវៀតណាម លើកឡើងផងដែរថា នៅក្នុងបរិបទ នៃការប្រែប្រួលដ៏ស្មុគស្មាញ នៃសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក កិច្ចការជំរុញការតភ្ជាប់រវាងធុរកិច្ចនៃប្រទេសទាំងពីរកាន់តែមាន សារៈសំខាន់។ តាមរយៈនៃវេទិកាផ្គូផ្គង់ពាណិជ្ជកម្មនេះ អាជីវករមិនត្រឹមតែចាប់យកព័ត៌មានទីផ្សារភ្លាមៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង បង្កើតនូវទំនាក់ទំនងសហប្រតិបត្តិការយូរអង្វែង រួមគ្នាចូលរួមយ៉ាងស៊ីជម្រៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ និងពិភពលោក។ នេះគឺ ជាមូលដ្ឋានគ្រឹះសម្រាប់ប្រទេសទាំងពីរ ដើម្បីសម្រេចឈានទៅបាននូវគោលដៅទំហំពាណិជ្ជកម្មទ្វេភាគី ឱ្យដល់កម្រិត ២០ ពាន់ លានដុល្លារអាម៉េរិក នាពេលខាងមុខនេះ តាមការតម្រង់ទិសរបស់ថ្នាក់ដឹកនាំនៃរដ្ឋាភិបាលទាំងពីរ។ លោក បន្តឱ្យដឹងថា ដើម្បីទាញយកសក្ដានុពលនៃកិច្ចសហប្រតិបត្តិការឱ្យមានប្រសិទ្ធភាព, នាយកដ្ឋានជំរុញពាណិជ្ជកម្ម (ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម) មានគ្រោងនឹងសម្របសម្រួលជាមួយដៃគូកម្ពុជា ដើម្បីអនុវត្តខ្លឹមសារសំខាន់ៗមួយចំនួន ដូចជា៖ រៀបចំផ្សាណាត់ និងតាំងពិព័រណ៍ទំនិញវៀតណាមនៅរាជធានីភ្នំពេញ និងខេត្ត-ក្រុងសំខាន់ៗមួយចំនួននៃប្រទេសកម្ពុជា, បង្កើតនិងរក្សាបាននូវប្រព័ន្ធទិន្នន័យអនឡាញ ដែលតភ្ជាប់អាជីវកម្មនៃប្រទេសទាំងពីរ គាំទ្រពាណិជ្ជកម្មឆ្លងព្រំដែនលឿន និង តម្លាភាព, និងការរៀបចំគណៈប្រតិភូស្ទង់មតិទីផ្សារ នាំធុរកិច្ចវៀតណាមមកទំនាក់ទំនងផ្ទាល់អ្នកនាំចូល និងអ្នកចែកចាយកម្ពុជា។សូមបញ្ជាក់ថា នៅក្នុងរយៈពេល៦ ខែ ដើមឆ្នាំ២០២៥នេះ ការធ្វើពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាម មានទំហំទឹកប្រាក់ជិត ៥ពាន់ លានដុល្លារ កើនជាង ៧% ក្នុងនោះកម្ពុជានាំចេញជិត ២ ៥០០ លានដុល្លារ កើនជាង ១០% ខណៈការនាំចូលជាង ២ ៥០០ លាន ដុល្លារ កើនជិត ៥% បើធៀបរយៈពេលដូចគ្នានិងឆ្នា២០២៤៕ អត្ថបទ៖ សុន រ៉ាឌី

ជំរឿនសត្វក្រៀលឆ្នាំ២០២៥នេះ ក្រុមការងារកត់ត្រាបានចំនួន ២១៤ ក្បាលកើនឡើងប្រមាណជា២០% បើធៀបនឹងលទ្ធផលឆ្នាំ២០២៤

2025/08/29 11:26:56 am        352
ក្រុមការងារអភិរក្សសត្វក្រៀលនៅកម្ពុជា ដែលដឹកនាំដោយអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិនៃក្រសួងបរិស្ថានបា នបង្ហាញអំពីលទ្ធផលវិជ្ជមានក្នុងឆ្នាំ២០២៥ នៃការធ្វើជំរឿនសត្វក្រៀល ដែលជាប្រភេទសត្វកំពុងរងគ្រោះ ឈានទៅជិតផុតពូជនៅក្នុងពិភពលោក(Grus antigone sharpii)។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានស្ដីពីលទ្ធផលជំរឿនសត្វក្រៀលក្នុងឆ្នាំ២០២៥។ការធ្វើជំរឿនសត្វក្រៀល បានធ្វើឡើងជារៀងរាល់ឆ្នាំ នៅគ្រប់ទីតាំងសំខាន់ៗក្នុងប្រទេសកម្ពុជា និងប្រទេសវៀតណាម ចាប់តាំងពីឆ្នាំ២០០០មក ដែលការធ្វើជំរឿននេះ បានផ្តល់នូវទិន្នន័យយ៉ាងសំខាន់អំពីស្ថានភាពប្រជាសាស្ត្រនៃប្រភេទសត្វដ៏កម្រនេះ និងកត្តាគំរាមកំហែងរបស់ពួកវា នៅក្នុងតំបន់អាងទន្លេមេគង្គក្រោម។    ការធ្វើជំរឿនសត្វក្រៀល នៅឆ្នាំ២០២៥នេះ ក្រុមការងារបានកត់ត្រាចំនួនសត្វក្រៀលសរុប២១៤ក្បាល នៅក្នុងប្រទេសកម្ពុជា ដែលជាចំនួនខ្ពស់បំផុត បើគិតពីឆ្នាំ២០២០មក ដោយមានការកើនឡើងប្រមាណជា២០% បើធៀបនឹងលទ្ធផលឆ្នាំ២០២៤ និងកើនដល់៣៧% បើធៀបនឹងលទ្ធផលឆ្នាំ២០២២។ ចំនួនសត្វក្រៀលដែលមានវត្តមាននៅតំបន់អាងទន្លេមេគង្គក្រោម មានការថយចុះគួរឱ្យព្រួយបារម្ភ ក្នុងអំឡុងទសវត្សចុងក្រោយនេះ ដោយលទ្ធផលជំរឿនប្រចាំឆ្នាំបានធ្លាក់ចុះពី៨៦៩ក្បាល ក្នុងឆ្នាំ២០១១ មកនៅត្រឹម១៥៦ក្បាល ក្នុងឆ្នាំ២០២២។ ដោយឡែកចាប់តាំងពីឆ្នាំ២០២២ សត្វក្រៀលបានចាប់ផ្តើមកើនឡើងវិញ។ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា «លទ្ធផលជំរឿននេះនាំមកនូវសុទិដ្ឋិនិយម ចំពោះការគ្រប់គ្រងនិងអភិរក្សប្រព័ន្ធតំបន់ការពារធម្មជាតិនៅកម្ពុជា»។ ឯកឧត្តមបានបន្ថែមថា «ការកើនឡើងចំនួនសត្វក្រៀល ក្នុងពេលធ្វើជំរឿនឆ្នាំ២០២៥ បានបង្ហាញអំពីលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញគោលនយោបាយ និងយុទ្ធសាស្រ្ត ធានាឱ្យបាននូវគុណភាពបរិស្ថាន សុវត្ថិភាពនៃប្រព័ន្ធអេកូឡូស៊ី និងការរស់នៅ ប្រកបដោយភាពសុខដុមរមនា។ ក្រសួងបរិស្ថាន បានដាក់ចេញយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ក្នុងនោះសសរស្តម្ភទី២គឺ «ភាពបៃតង» ដែលគាំទ្រដល់ការចូលរួមពី អាជ្ញាធរគ្រប់ថ្នាក់ សមត្ថកិច្ចគ្រប់ប្រភេទ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន សង្គមស៊ីវិល និងសហគមន៍មូលដ្ឋាន ក្នុងការកិច្ចខិតខំប្រឹងប្រែងពង្រឹងការអនុវត្តច្បាប់ ការពង្រឹងសមត្ថភាពនិងការប្រើប្រាស់បច្ចេកវិទ្យាថ្មី ក្នុងការគ្រប់គ្រងធនធានធម្មជាតិ ការបណ្តុះ ដាំដើមឈើឱ្យបានច្រើនដើម្បីបង្កើនគម្របបៃតង និងការលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន ដែលធ្វើឱ្យចំនួនសត្វព្រៃ ជាពិសេសប្រភេទសត្វក្រៀល មានការកើនឡើង»។សូមបញ្ជាក់ថា ការរាប់ចំនួនសត្វក្រៀលត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ ចាប់ពីខែធ្នូ ដល់ខែឧសភា នៅក្នុង   ទីតាំងសំខាន់ៗចំនួន១៣ ក្នុងប្រទេសកម្ពុជា និងប្រទេសវៀតណាម ដោយមានការសម្របសម្រួលពីក្រុមការងារអភិរក្សសត្វក្រៀលនៅកម្ពុជា(CSCWG)។ ការធ្វើជំរឿននេះអាចប្រព្រឹត្តទៅបាន តាមរយៈកិច្ចសហការរវាងស្ថាប័ន និងអង្គការមួយចំនួនរួមមាន៖ ក្រសួងបរិស្ថាន(MoE) អង្គការជីវិតធម្មជាតិនៅកម្ពុជា(NLC) អង្គការសមាគម     អភិរក្សសត្វព្រៃ(WCS) មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ(ACCB) មូលនិធិសត្វក្រៀលអន្តរជាតិ(ICF) អង្គការអភិរក្សតំបន់ដីសើម និងសត្វស្លាបព្រៃ (WWT) និងអ្នកពាក់ព័ន្ធផ្សេងទៀត។លោក Alistair Mould នាយកប្រចាំប្រទេសកម្ពុជានៃអង្គការសមាគមអភិរក្សសត្វព្រៃ(WCS) បានមានប្រសាសន៍ថា «លទ្ធផលជំរឿនសត្វក្រៀលដ៏ជោគជ័យទាំងនេះ បានឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែង       មិនចេះនឿយហត់ របស់សមាជិកក្រុមការងារអភិរក្សសត្វក្រៀលនៅកម្ពុជា សហគមន៍មូលដ្ឋាន និងអ្នកអភិរក្សផ្សេងទៀត ដែលបាននិងកំពុងធ្វើការនៅទីវាល»។កញ្ញា Christel Griffioen នាយកប្រចាំប្រទេសរបស់មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) បានលើកឡើងថា «តំបន់ដីសើម និងព្រៃរបោះរបស់ប្រទេសកម្ពុជា គឺជាបន្ទាយដ៏រឹងមាំ សម្រាប់គាំទ្រដល់សត្វក្រៀល ដែលជាប្រភេទសត្វមានសក្តានុពលធម្មជាតិ និងវប្បធម៌ដ៏ជ្រៀលជ្រៅ។ លទ្ធផលជំរឿនដ៏គាប់ប្រសើរក្នុងឆ្នាំ២០២៥នេះ បានឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែង និងកិច្ចសហការយ៉ាងជិតស្និទ្ធរបស់អង្គការដៃគូអភិរក្ស និងសហគមន៍មូលដ្ឋាន។ ការធានាបាននូវនិរន្តភាពនៃកិច្ចសហការគឺមានសារៈសំខាន់ណាស់ដើម្បីធានាអនាគតយូរអង្វែងសម្រាប់សត្វដ៏ស្រស់ស្អាត និងអស្ចារ្យនេះ»។លោក ប៊ូ វរសក្ស អនុប្រធានក្រុមការងារអភិរក្សសត្វក្រៀលនៅកម្ពុជា និងជានាយកអង្គការជីវិតធម្មជាតិនៅកម្ពុជា បានលើកឡើងថា «ក្រុមការងារអភិរក្សសត្វក្រៀលនៅកម្ពុជា បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងកិច្ចការពារសត្វក្រៀល និងទីជម្រករបស់វា។ តាមរយៈការអង្កេតតាមដានរួមគ្នា ការធ្វើផែនការយុទ្ធសាស្រ្ត ការអភិរក្សរួមគ្នា និងការផ្តួចផ្តើមអនុវត្តកសិកម្មមេត្រីភាពសត្វក្រៀល យើងបាននិងកំពុងពង្រឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីធានាថាប្រភេទសត្វតំបន់ដីសើមដ៏កម្រ ដែលកំពុងមានវត្តមាននៅអាស៊ីអាគ្នេយ៍     មួយនេះ នឹងបន្តកើនឡើង និងរួមចំណែកជាផ្នែកមួយ នៃសម្បត្តិបេតិកភណ្ឌធម្មជាតិរបស់កម្ពុជា»។

រដ្ឋមន្រ្តីក្រសួងការងារ៖ សាធារណរដ្ឋកូរ៉េជាប្រទេសមួយដែលជួយលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សរបស់កម្ពុជា

2025/08/29 11:16:28 am        134
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ តាមរយៈការប្តេជ្ញាចិត្ត និងការយកចិត្តទុកដាក់ខ្ពស់របស់រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េក្នុងការបន្តលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សរបស់ព្រះរាជាណាចក្រកម្ពុជា។ការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្រ្តីនេះ គឺធ្វើឡើង ក្នុងកម្មវិធីជួបជុំអតីតនិស្សិតខ្មែរសិក្សានៅសាធារណរដ្ឋកូរ៉េឆ្នាំ២០២៥ ដែលរៀបចំឡើងដោយស្ថានទូតសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅសណ្ឋាគារ Sun & Moon Riverside Hotel នាល្ងាចថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥។ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បានថ្លែងអំណរគុណចំពោះសាធារណរដ្ឋកូរ៉េ ដែលតែងតែចូលរួមគាំទ្រនិងផ្តល់ជំនួយដល់ការអភិវឌ្ឍប្រទេសកម្ពុជាលើគ្រប់វិស័យ ជាពិសេសលើការកសាងធនធានមនុស្ស និងការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា។ទន្ទឹមគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីជឿជាក់ថា តាមរយ: ការរួមចំណែករបស់អតីតនិសិ្សតដែលធ្លាប់សិក្សានៅសាធារណរដ្ឋកូរ៉េ នឹងបន្តពង្រឹងនិងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការបន្ថែមទៀត។ក្នុងឱកាសនោះ លោក គីម ហ្សន់ស៊ូ ភារៈធារីស្តីទីនៃស្ថានទូតសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ទំនាក់ទំនងរវាងសាធារណរដ្ឋកូរ៉េ និងព្រះរាជាណាចក្រកម្ពុជានាពេលបច្ចុប្បន្ននេះ គឺមានភាពជិតស្និទ្ធបំផុតខ្លាំងជាងពេលណាៗទាំងអស់។ កាលពីឆ្នាំមុន ជំនួបកំពូលដែលបានធ្វើឡើង ក្នុងដំណើរទស្សនកិច្ចរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅសាធារណរដ្ឋកូរ៉េ បានធ្វើឱ្យកម្រិតទំនាក់ទំនងនៃប្រទេសទាំងពីរ ទៅជាដៃគូយុទ្ធសាស្រ្ត ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែយ៉ាងស៊ីជម្រៅនៅគ្រប់វិស័យ៕

ក្រសួងរ៉ែ និងថាមពល ប្រើប្រាស់មូលនិធិរ៉ែអស់ ៦,៥ លានដុល្លារ លើការ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​មូលដ្ឋាន

2025/08/29 11:12:04 am        188
គិតត្រឹមខែកក្កដា ឆ្នាំ២០២៥ ក្រសួងរ៉ែ និងថាមពល បានប្រើប្រាស់មូលនិធិរ៉ែ ចូលរួម​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធក្នុងមូលដ្ឋាន បានចំនួន ៩៩ គម្រោង ចំណាយថវិកាអស់ ៦,៥ លាន​ដុល្លារ​អាមេរិក​ និង ៣១ គម្រោង គ្រោងនឹងអនុវត្តក្នុងឆមាសទី២ ឆ្នាំ២០២៥ នេះ មានថវិកាជាង ២,៦ លាន​ដុល្លារអាមេរិកបន្ថែម។ឯកឧត្តម អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ ក្រសួងរ៉ែ និងថាមពល លើក​ឡើង​ក្នុង​កម្ម​វិធីសំណេះសំណាល ស្តីពីការស្នើសុំមូលនិធិរ៉ែទ្រទ្រង់កិច្ចអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន នៅ​ថ្ងៃ​ទី២៨ ខែសីហា ឆ្នាំ២០២៥ នេះថា មូលនិធីរ៉ែ ទ្រទ្រង់កិច្ចអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន ត្រូវ​បាន​បង្កើតឡើងតាំងពីឆ្នាំ២០១៥ ក្រោមការផ្តួចផ្តើមរបស់ឯកឧត្តម ស៊ុយ សែម អតីត រដ្ឋ​មន្រ្តី​ក្រសួងរ៉ែ និងថាមពល ក្នុងគោលបំណង​បង្កើន​សុខដុម​នីយកម្ម​រវាង​សហគមន៍​មូល​ដ្ឋាន​ជាមួយ​នឹងការដ្ឋានរ៉ែ តាមរយៈការផ្តល់ ផលប្រយោជន៍ដោយផ្ទាល់ ឬដោយប្រយោល​ជូន​ដល់​សហគមន៍​មូល​ដ្ឋាន ដែលមានប្រតិបត្តិការធនធានរ៉ែ។ ឯកឧត្តម បន្តឱ្យដឹងថា ជាគោលការណ៍ មូលនិធិរ៉ែ ត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់សម្រាប់ អនុវត្តគម្រោងអភិវឌ្ឍន៍ដូចជា ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ទឹក ប្រើប្រាស់ការងារអប់រំ និងគម្រោងនានាពាក់ព័ន្ធទៅនឹងសុខុមាលភាពសហគមន៍មូលដ្ឋាន គិតត្រឹមខែកក្កដា ឆ្នាំ២០២៥ ក្រសួងរ៉ែ និងថាមពល បានប្រើប្រាស់មូលនិធិរ៉ែចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានទូទាំង ប្រទេសបានចំនួន ៩៩ គម្រោង ដោយបានចំណាយថវិកាអស់ប្រមាណ ៦,៥ លានដុល្លារអាមេរិក និងមាន ៣១ គម្រោងទៀត គ្រោងនឹងអនុវត្តក្នុងឆមាសទី២ ឆ្នាំ២០២៥នេះ ដែលគិតជា ថវិកាប្រមាណជាង ២,៦ លានដុល្លារអាមេរិកបន្ថែមទៀត។ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លើកឡើងថា ក្រោមការដឹកនាំបន្តដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តី បាននាំមកនូវ ស្ថិរភាពនយោបាយ សន្តិសុខរឹងមាំ ប្រជាពលរដ្ឋមានកម្រិតជីវភាពកាន់តែល្អប្រសើរឡើង និងបានណែនាំឱ្យក្រសួងរ៉ែ និងថាមពល ត្រូវបន្តប្រើប្រាស់មូលនិធិរ៉ែឱ្យកាន់តែមានប្រសិទ្ធភាព និងតម្លាភាព។ ក្រសួងរ៉ែ និងថាមពល ប្តេជ្ញាបន្តគ្រប់គ្រង និងប្រើប្រាស់មូលនិធិរ៉ែ សំដៅដល់ការចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋានឲ្យបានកាន់តែច្រើន ដែលមាន គម្រោងវិនិយោគធនធានរ៉ែ ស្ថិតនៅតំបន់នោះឱ្យមានប្រសិទ្ធភាព និងតម្លាភាព។ រ៉ែសំណង់បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់ វត្ថុធាតុដើម មានថ្មសំណង់ គ្រួស ខ្សាច់ជាដើម សម្រាប់បម្រើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ អគ្គិសនី កំពង់ផែ អាកាសយានដ្ឋាន ស្ពាន វារីអគ្គិសនី ទំនប់ ធារាសាស្ត្រ និងសំណង់នានាដទៃទៀតទូទាំងប្រទេស។ ចំណែកស៊ីម៉ងត៍, ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ផលិតផលស៊ីម៉ងត៍កម្ពុជាធ្លាប់តែធ្វើការនាំចូលទាំងស្រុង កាលពី អំឡុងទស្សវត្សរ៍ឆ្នាំ២០០០ ឥឡូវនេះត្រូវបានជំនួសវិញ ដោយផលិតផលស៊ីម៉ងត៍ក្នុងស្រុក ដែលឆ្លើយតបបានតាមតម្រូវការសាង សង់នានា និងឈានទៅរកការនាំចេញទៅក្រៅប្រទេសទៀតផង។ ចំណែកឯឧស្សាហកម្មអាជីវកម្មរ៉ែមាសកម្រិតអន្តរជាតិ បានលេច ចេញជារូបរាងកាលពីឆ្នាំ២០២១ ស្របតាមគោលនយោបាយជាតិស្តីពីធនធានរ៉ែផងដែរ។ បញ្ហានេះ អាជ្ញាធរឃុំសង្កាត់នីមួយៗ ដែលមានការធ្វើអាជីវកម្មរ៉ែនៅក្នុងតំបន់របស់ខ្លួន អាចដាក់សំណើរមកក្រសួងរ៉ែ និងថាមពល ស្នើសុំថវិកាពីមូលនិធីរ៉ែ ដើម្បីអភិវឌ្ឍន៍ មូលដ្ឋានរបស់ខ្លួនឲ្យចំគោលដៅ សម្រាប់យកទៅប្រើប្រាស់អភិវឌ្ឍឃុំសង្កាត់ជាប្រយោជន៍ដល់ពលរដ្ឋនៅមូលដ្ឋាន៕ អត្ថបទ៖ សុន រ៉ាឌី

តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ ជួបពិភាក្សាការងារជាមួយ អគ្គលេខាធិការ UN ជម្រាបជូនអំពីបច្ចុប្បន្នភាពនៃជម្លោះព្រំដែនកម្ពុជា-ថៃ

2025/08/29 10:52:14 am        301
ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំនៅអង្គការសហប្រជាជាតិ(អ.ស.ប.) បានជួបពិភាក្សាការងារជាមួយនឹងឯកឧត្តម António Guterres អគ្គលេខាធិការ អ.ស.ប. ជម្រាបជូនអំពីបច្ចុប្បន្នភាពនៃជម្លោះព្រំដែនកម្ពុជា-ថៃ ដោយបានគូសបញ្ជាក់ថា កម្ពុជាតែងតែគោរពបទឈប់បាញ់ដែលបានព្រមព្រៀងរវាងភាគីទាំងពីរ និងមានភាពអត់ធ្មត់ខ្ពស់បំផុតនៅចំពោះអំពើនៅតែបន្តរំលោភបទឈប់បាញ់ដោយទាហានថៃ។ ឯកឧត្តម បានសម្តែងក្តីបារម្ភយ៉ាងខ្លាំងចំពោះការទង្វើបង្កហេតុថ្មីៗរបស់ថៃ ជាពិសេស ការដាក់លួសបន្លាថ្មីៗនេះដោយកាត់យកភូមិ បណ្តេញប្រជាជនកម្ពុជាពីផ្ទះសម្បែងរបស់ខ្លួនដែលរស់នៅយូរមកហើយ និងបំផ្លាញផ្ទះសម្បែងរបស់គាត់ ជាដើម។ ឯកឧត្តម ក៏បន្ថែមថា កម្ពុជាមិនបានប្រើប្រាស់មីនថ្មីៗ ដូចការចោទប្រកាន់ដោយភាគីថៃនោះទេ។ មីននៅកម្ពុជា គឺជាមីនចាស់ដែលសល់ពីសង្គ្រាមស៊ីវិលនៅកម្ពុជា ហើយកម្ពុជា ក៏បានពន្យល់ទៅស្ថាប័ន អ.ស.ប. ពាក់ព័ន្ធរួចហើយដែរ និងបានប្រគល់រូបថតនៃការដាក់រាយបន្លាលួសរបស់ទាហានថៃ កាត់ភូមិអ្នកស្រុកកម្ពុជា និងរូបថតពន្យល់ពីមីនចាស់ និងមីនថ្មី ដែលធ្វើដោយ CMAC ។ប្រភព៖ តំណាងអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជានៅអង្គការសហប្រជាជាតិ

គណៈប្រតិភូសភាអាមេរិកកោតសរសើរចំពោះកំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់របស់កម្ពុជា

2025/08/29 10:44:57 am        311
ភ្នំពេញ៖ នារសៀល ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូសភាអាមេរិក ដឹកនាំដោយលោកជំទាវ Beth Van Duyne សមាជិកសភាប្រចាំរដ្ឋ Texas រួមនឹង​ឯកឧត្តម​វេជ្ជបណ្ឌិត​Richard McCormick សមាជិក​សភាប្រចាំរដ្ឋGeorgia និង​ឯកឧត្តម​ Suhas Subraanyam សមាជិក​សភា​ប្រចាំរដ្ឋ​ Virginia ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ក្នុងឱកាសនៃជំនួបនេះ,លោកជំទាវ Beth Van Duyne បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយ សម្ដេចបវរធិបតី ព្រមទាំងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនលើកំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់ ការធានាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច អត្រាអតិផរណាទាប ដែលកម្ពុជាសម្រេចបានក្នុងរយៈពេលប៉ុន្មានទសវត្សនេះ។ លោកជំទាវបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការដាក់ចេញនូវគោលនយោបាយសំខាន់ៗ ដើម្បីទាក់ទាញវិនិយោគិនបរទេស។ លោកជំទាវបានសម្ដែងនូវការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា ជាពិសេសលើវិស័យពាណិជកម្ម និងវិនិយោគ។ ជាមួយគ្នានេះ លោកជំទាវ ក៏បានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់លោកជំទាវ ដើម្បីចូលរួមចំណែកដល់ការពង្រឹងនិងពង្រីកទំនាក់ទំនងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរថែមទៀត។ ជាការឆ្លើយតប, សម្ដេចបវរធិបតីបានស្វាគមន៍ចំពោះលោកជំទាវ និងគណៈប្រតិភូដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ព្រមទាំងបានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោកជំទាវនឹងកាន់តែជួយជំរុញបន្ថែមទៀតនូវទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរបស់កម្ពុជា-អាមេរិក។ សម្តេចបវរធិបតីបានសង្កត់ធ្ងន់ថា កំណើនសេដ្ឋកិច្ចដែលកម្ពុជាសម្រេចបាននាពេលកន្លងមកគឺដោយសារការរក្សាបានសន្តិភាព និងស្ថិរភាព។ សម្ដេចបវរធិបតីបានគូសបញ្ជាក់ជូនលោកជំទាវថា កម្ពុជាថ្លែងអំណរគុណចំពោះ ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក Donald J. Trump ដែលបានសម្របសម្រួលឱ្យមានបទឈប់បាញ់រវាងកម្ពុជា និងថៃបានឆាប់រហ័ស។ បទឈប់បាញ់នេះបានជួយសង្រ្គោះអាយុជីវិតជាច្រើននាក់។ ហេតុនេះហេីយ​បាន​កម្ពុជា​ស្នេី ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក Donald J. Trump សម្រាប់​ពានរង្វាន់​ណូបែលសន្តិភាព​ ដែលស្របតាមសំណូមពររបស់ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស និងដើម្បីជាការថ្លែងអំណរគុណចំពោះឯកឧត្តមប្រធានាធិបតី Donald Trump ដែលឯកឧត្តមបានយកចិត្តទុកដាក់ដោយផ្ទាល់ ក្នុងការផ្ដួចផ្ដើមនិងជំរុញឱ្យមានបទឈប់បាញ់នេះ។ ជាមួយគ្នានេះ សម្ដេចបវរធិបតីក៏បានថ្លែងអំណរគុណរដ្ឋាភិបាលអាមេរិក ដោយបានសម្រេចទម្លាក់អត្រាពន្ធលើការនាំចូលទំនិញកម្ពុជា មកនៅត្រឹម១៩% នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥។ សម្ដេចបវរធិបតីក៏បានគូសរំលេចពីគោលនយោបាយ និងការដាក់ចេញកែទម្រង់សំខាន់ៗរបស់រាជរដ្ឋាភិបាលកម្ពុជា ដូចជាការធ្វើសម្រួលនីតិវិធីនៃការចុះបញ្ជីវិនិយោគឱ្យកាន់តែមានប្រសិទ្ធភាពជាងមុន ការរៀបចំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដើម្បីដោះស្រាយបញ្ហាប្រឈម និងសំណូមពររបស់វិស័យឯកជន ការដាក់ចេញនូវគោលនយោបាយការវិនិយោគជាក់ស្ដែង ក៏ដូចជាកញ្ចប់វិធានការលើកទឹកចិត្តនានាសំដៅទាក់ទាញវិនិយោគិនបរទេសមកកម្ពុជាឱ្យកាន់តែច្រើនថែមទៀត។  សម្ដេចបវរធិបតី និងលោកជំទាវ Beth Van Duyne ក៏បានពិភាក្សាអំពីការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗរវាងប្រទេសទាំងពីរ ដូចជា វិស័យសន្ដិសុខនិងការពារជាតិ ការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆ្លងដែន និងការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋកម្ពុជាពីសហរដ្ឋអាមេរិកមកកម្ពុជាជាដើម។ ក្នុងឱកាសនោះ សម្តេចធិបតីក៏បានជម្រាបជូនអំពីវឌ្ឍនភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ រួមទាំងការអនុវត្តបទឈប់បាញ់ផងដែរ សំដៅឈានទៅរកការស្តារឡើងវិញនូវនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ គណៈប្រតិភូ​សភាអាមេរិកក៏បានបញ្ជាក់ពីជំហរបស់​សហរដ្ឋអាមេរិកក្នុង​ការគាំទ្រ​បទឈប់បាញ់​ និង​វិលទៅរកសន្តិភាព​ និង​ស្ថិរភាពឡេីងវិញ​ ហេីយសហរដ្ឋ​អាមេរិកនឹង​បន្តយកចិត្តទុកដាក់តាមដានលេីការងារនេះ៕

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ស្នើឲ្យថៃគោរពស្មារតីនៃកិច្ចព្រមព្រៀងទាំងឡាយដូចកម្ពុជាដែរ

2025/08/29 09:15:07 am        267
អ្ននាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវ ម៉ាលី សុជាតា បានស្នើឲ្យថៃត្រូវគោរពឲ្យបានខ្ជាប់ខ្ជួនដូចកម្ពុជាដែរ នូវរាល់កិច្ចព្រមព្រៀងទាំងឡាយ ដែលបានឯកភាពគ្នានាពេលកន្លងទៅជាពិសេសគឺកិច្ចព្រមព្រៀងកាលពីថ្ងៃទី២៨ ខែកក្កដារវាងរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ និងស្មារតីឯកភាពនៃកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ GBC ទាំង១៣ចំណុច និងកិច្ចប្រជុំជាបន្តបន្ទាប់ទៀត នៃគណៈកម្មាធិការព្រំដែនកម្ពុជា និងថៃ RBC កម្រិតយោធភូមិភាគនៃប្រទេសទាំងពីរ។តាមរយៈសន្និសីទប្រចាំថ្ងៃ ស្តីពីការអនុវត្តបទឈប់បាញ់ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥នេះ លោកជំទាវម៉ាលី សុជាតា បានលើកឡើងថា ក្នុងរយៈពេលមួយខែនៃកិច្ចព្រមព្រៀងបទឈប់បាញ់ កម្ពុជាបានគោរពយ៉ាងម៉ឺងម៉ាត់បំផុតរាល់គ្រប់ចំណុចទាំងអស់ ដែលបានឯកភាពគ្នាជាមួយភាគីថៃ ខណៈកម្ពុជាចាត់ទុកថា ការផ្តល់តម្លៃនៃកិច្ចព្រមព្រៀងបទឈប់បាញ់ គឺជាការឆ្លុះបញ្ចាំងពីការផ្តល់តម្លៃដល់ជីវិតមនុស្ស បេះដូងស្រលាញ់សន្តិភាព និងអ្នកជិតខាងល្អជាដើម។លោកជំទាវ ម៉ាលី សុជាតា បានលើកឡើងថា ភាគីថៃត្រូវគោរពនូវរាល់ការឯកភាពគ្នាទាំងឡាយជា មួយកម្ពុជា ទាំងកិច្ចជំនួបរវាងរាជរដ្ឋាភិបាល កិច្ចជំនួបថ្នាក់រដ្ឋមន្រ្តីការពារជាតិ និងកិច្ចជំនួបកម្រិតថ្នាក់ យោធភូមិភាគ «ដោយភាគីទាំងពីរបានឯកភាពគ្នាបង្កើនជំនឿទុកចិត្ត សំដៅកាត់បន្ថយភាពតានតឹង និងរក្សាសន្តិភាពនៅតាមបណ្តោយព្រំដែន ដោយប្រើប្រាស់យន្តការផ្សេងៗ ដើម្បីដោះស្រាយភាពខុសគ្នា ដោយសន្តិវិធី និងបញ្ជៀសការប៉ះទង្គិចគ្នា ក្នុងស្មារតីភាពជាអ្នកជិតខាងល្អ មិត្តភាព សាមគ្គីភាព និងប្រ សិនបើមានបញ្ហាអ្វីត្រូវដោះស្រាយរួមគ្នាតាមយន្តការដែលមានស្រាប់។ ក្នុងន័យនេះកម្ពុជាសូមស្នើឲ្យភាគី ថៃអនុវត្តដូចគ្នានូវស្មារតីនេះ...»។ជាមួយគ្នានេះដែរ លោកជំទាវ ម៉ាលី សុជាតា បានប្រាប់ទៅភាគីថៃជាថ្មីម្តងទៀតថា កម្ពុជានៅតែ ប្រកាន់ជំហរដោះស្រាយរាល់បញ្ហាទាំងឡាយដោយសន្តិវិធី ស្មោះត្រង់ស្របតាមច្បាប់អន្តរជាតិ ធម្មនុញ្ញ អង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ានជាដើម៕ អត្ថបទបាន ចក់ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ព្យុះខ្សាច់បានវាយប្រហារតំបន់ស៊ីនជាំងរបស់ប្រទេសចិន
04/18/2026 05:04 PM
ប្រធានាធិបតីបារាំង ស្វាគមន៍ការបើកច្រកសមុទ្រ Hormuz ឡើងវិញនៅក្នុងកិច្ចប្រជុំពហុភាគី
04/18/2026 05:04 PM
អូស្ត្រាលី និងជប៉ុនចុះហត្ថលេខាលើកិច្ចសន្យាដើម្បីចាប់ផ្តើមកិច្ចព្រមព្រៀងនាវាចម្បាំងតម្លៃ៧ពាន់លានដុល្លារ
04/18/2026 05:04 PM
អ៊ុយក្រែនត្រៀមខ្លួនរួចជាស្រេចសម្រាប់កិច្ចប្រជុំថ្នាក់ដឹកនាំជាមួយរុស្ស៊ីក្រោមការសម្របសម្រួល
04/18/2026 05:04 PM
តម្លៃប្រេងឆៅធ្លាក់ចុះជាង ១០ ភាគរយ ខណៈច្រកសមុទ្រហ័រមូសបើកដំណើរការឡើងវិញ
04/18/2026 05:04 PM
ពលរដ្ឋលីបង់ភៀសខ្លួនពីសង្គ្រាមសម្រុកវិលត្រឡប់ទៅភាគខាងត្បូងវិញនៅថ្ងៃទីពីរនៃបទឈប់បាញ់ជាមួយអ៊ីស្រាអែល
04/18/2026 05:04 PM
អ្នកស្រុក Manipur របស់ឥណ្ឌាប្រមូលផ្ដុំដោយកាន់គប់ភ្លើង ជុំវិញការផ្ទុះដ៏សាហាវដែលបានសម្លាប់កុមារពីរនាក់
04/18/2026 05:04 PM
ពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ រៀបចំដោយសមាគមនិស្សិតខ្មែរនៅប្រទេសជប៉ុន
04/18/2026 04:04 PM
អាមេរិកបន្តលើកលែងទណ្ឌកម្មប្រេងរុស្ស៊ី ក្រោយមានសម្ពាធពីប្រទេសដែលកំពុងដោះស្រាយវិបត្តិតម្លៃប្រេងក្នុងពេលមានសង្គ្រាមអ៊ីរ៉ង់
04/18/2026 03:04 PM
អ៊ីរ៉ង់គំរាមបិទច្រកសមុទ្រហ័រមូស (Hormuz) ប្រសិនបើអាមេរិកនៅតែបន្តបិទកំពង់ផែរបស់ខ្លួន
04/18/2026 02:04 PM