គណៈបញ្ជាការឯកភាពរាជធានី បើកការចុះបង្ក្រាបទីតាំងឆបោកអនឡាញ និងគ្រឿងញៀននៅខណ្ឌមានជ័យ ឃាត់ជនបរទេស៥៥នាក់
រដ្ឋមន្រ្ដីក្រសួងយុត្តិធម៌ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់ក្នុងវិស័យយុត្តិធម៌
ត្រឹមសប្តាហ៍ទី៣ ខែមេសានេះ ក្រសួងបរិស្ថានបានបន្តបណ្តុះកូនឈើចម្រុះបានប្រមាណ ៣លានដើម សម្រាប់ចែកជូនសាធារណជនយកទៅដាំ ក្នុងគោលដៅបង្កើនគម្របបៃតងនៅកម្ពុជា
មន្រ្តីជំនាញកំពុងយកចិត្តទុកដាក់ខ្ពស់ថែរក្សាឯកសារប្រវត្តិសាស្រ្ដនៅសារមន្ទីរទួលស្លែងមិនឱ្យបាត់បង់

ព័ត៌មានជាតិ

អ្នកនាំពាក្យក្រសួងការបរទេស៖ កម្ពុជាឆ្លើយតបបំភ្លឺ៤ចំណុចចំពោះការចោទប្រកាន់របស់ក្រសួងការបរទេសថៃ

2025/08/28 05:26:53 pm        103
ភ្នំពេញ ៖ ថ្លែងនៅក្នុងឱកាសធ្វើសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃស្ដីពី«លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» ដែលធ្វើនៅទីស្តីការគណៈរដ្ឋមន្ត្រី នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស បានឆ្លើយតបបកស្រាយបំភ្លឺចំពោះការចោទប្រកាន់របស់ក្រសួងការបរទេសថៃ ដូចតទៅ៖១. កម្ពុជាសូមបដិសេធយ៉ាងម៉ឺងម៉ាត់ថាមិនបានប្រើប្រាស់ពលរដ្ឋស៊ីវិលធ្វើជាខែលនោះទេ ពីព្រោះពលរដ្ឋស៊ីវិលកម្ពុជា បានរស់នៅទីនោះតាំងពីយូរលង់មកហើយ។ តាមការពិតពលរដ្ឋកម្ពុជាគឺជាជនរងគ្រោះក្នុងសកម្មភាពយោធាជាឯកតោភាគី រួមមានទាំងការដាក់រាយលួសបន្លា និងរបាំងដែលរារាំងមិនឲ្យពួកគាត់ ចូលទៅកាន់លំនៅដ្ឋាននិងកសិដ្ឋានរបស់ពួកគាត់។២. កម្ពុជាបានធ្វើការបដិសេធជាច្រើនដងរួចមកហើយថា កម្ពុជាពុំបានដាក់មីនថ្មី ប្រឆាំងមនុស្សសោះឡើយ ពីព្រោះកម្ពុជាជាប្រទេសមួយក្នុងចំណោមបណ្ដាប្រទេសនៅលើពិភពលោកដែលរងផលវិបាកដោយសារគ្រាប់មីន គឺពុំមានគោលនយោបាយហេតុផលឬផលប្រយោជន៍អ្វីមួយក្នុងការប្រើប្រាស់អាវុធប្រកបដោយគ្រោះថ្នាក់នេះឡើយ។ ចំពោះឧបទ្ទវហេតុដែលកើតមានឡើងគឺជាផលវិបាកនៃគ្រាប់មីនដែលនៅសេសសល់តាំងពីជម្លោះប្រដាប់អាវុធ ក្នុងរយៈកាលរាប់ទសវត្សរ៍កន្លងមកនេះ រហូតដល់ពេលនេះនៅតែបន្តចោទជាគ្រោះថ្នាក់សម្រាប់ពលរដ្ឋស៊ីវិលទាំងសងខាងជាប់ព្រំដែន។៣. កម្ពុជាសូមអះអាងជាថ្មីម្តងទៀតនូវការគោរពដ៏ពេញលេញរបស់ខ្លួនចំពោះធម្មនុញ្ញអង្គការសហប្រជាជាតិ និងបណ្ដាសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិដទៃទៀត ដែលកម្ពុជាគឺជារដ្ឋភាគី។ ដូចនេះកម្ពុជាបានធ្វើការងារជាប់ជាប្រចាំក្នុងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយនឹងប្រព័ន្ធអង្គការសហប្រជាជាតិ និងបណ្ដាដៃគូអន្តរជាតិដើម្បីពង្រឹងការលើកស្ទួយនិងការការពារសិទ្ធិមនុស្ស។៤. កម្ពុជាសូមគូសបញ្ជាក់ជាថ្មីម្ដងទៀតអំពីសារៈសំខាន់នៃការកាត់បន្ថយភាពតានតឹងហើយនិងការចូលរួមរបស់កម្ពុជាប្រកបដោយស្ថាបនា។ នៅក្នុងន័យនេះ កម្ពុជានៅតែមានការតាំងចិត្តគោរពទៅតាមបទឈប់បាញ់ដែលបានឯកភាពគ្នាកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងភូត្រាចាយ៉ា ប្រទេសម៉ាឡេស៊ី និងកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការកិច្ចការព្រំដែនទូទៅ(GBC)នៅគូឡាឡាំពួរ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥។ កម្ពុជាអះអាងជាថ្មីម្ដងទៀតនូវការតាំងចិត្តក្នុងការដោះស្រាយដោយសន្តិវិធីនូវជំហរខុសគ្នា ការគោរពចំពោះច្បាប់អន្តរជាតិ ការលើកស្ទួយទំនាក់ទំនងជាអ្នកជិតខាងជាមួយនឹងគោលដៅធានានូវស្ថិរភាព និងសន្តិសុខព្រំដែនកម្ពុជា-ថៃ៕

គណៈប្រតិភូនៃប្រទេសសមាជិកអាស៊ាន និងប្រទេសទីម័រឡេស្តេ ប្រជុំបូកសរុបលទ្ធផល និង​ទស្សនៈ​ឆ្លុះប​ញ្ចាំងជុំវិញសិក្ខាសាលាស្ដីពីឌីជីថលូបនីយកម្មក្នុងរដ្ឋបាលសាធារណៈ

2025/08/28 04:44:10 pm        442
ក្រោយបញ្ចប់សិក្ខាសាលា ស្ដីពីឌីជីថលូបនីយកម្មក្នុងរដ្ឋបាលសាធារណៈសិក្ខាកាម នៃ​ប្រទេស​ជា​សមាជិក​អាស៊ាន និងទីម័រឡេស្តេ បានជួបជុំគ្នាចែក​រំលែក​នូវ​បទ​ពិសោធ​គ្នា​ទៅ​វិញ​ទៅ​មក​អំពី​ដំណើរ​ការ​រៀបចំនិងអនុវត្តឌីជីថលូបនីយកម្មក្នុងរដ្ឋបាលសាធារណៈក្នុងបរិបទប្រទេសខ្លួន។ កិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្ដម គង់ សុភី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និង​ជា​ប្រធាន​ក្រុមការងាររៀបចំសិក្ខាសាលានាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥។ មានប្រសាសន៍ក្នុងកិច្ចប្រជុំ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែង​អំណរ​គុណដ​ល់​គណៈ​ប្រតិភូ​​នៃប្រទេសសមាជិកអាស៊ាន និងប្រទេសទីម័រឡេស្តេ ព្រមទាំងលេខាធិការដ្ឋានអាស៊ាន ព្រម​ទាំង​បាន​លើក​ឡើងយ៉ាងលម្អិតអំពីតួនាទី និងអត្ថប្រយោជន៍នៃឌីជីថលូបនីយកម្មក្នុងរដ្ឋបាល​សាធារណៈ​សម្រាប់គ្រប់ប្រទេសទាំងអស់ មិនត្រឹមតែក្នុងក្របខ័ណ្ឌតំបន់ប៉ុណ្ណោះទេ ប៉ុន្តែក្នុងក្របខ័ណ្ឌអន្តរជាតិផងដែរ។ ដោយមានការសម្របសម្រួលពីលេខាធិការដ្ឋានអាស៊ាន សិក្ខាកាមបានបង្ហាញពីអារម្មណ៍រីករាយ និងបានថ្លែងអំណរគុណកម្ពុជាដែលបានធ្វើបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅ និងរៀបចំសិក្ខាសាលាបានយ៉ាងល្អ ធ្វើឱ្យសិក្ខាកាមគ្រប់រូបបានរៀនសូត្រ យល់ដឹងពីស្ថានភាពផ្សេងៗគ្នា ជាពិសេស សិក្ខាកាមនៃប្រទេសនីមួយៗបានរៀនសូត្រពីគ្នាទៅវិញទៅមកនូវបទពិសោធល្អៗ និងបញ្ហាប្រឈមរបស់ប្រទេសនីមួយៗក្នុងដំណើរធ្វើជីថលូបនីយកម្ម តាមរយៈបទបង្ហាញនិងវេទិកាពិភាក្សានិងសំណួរ-ចម្លើយ ក្នុងក្របខ័ណ្ឌប្រទេសសមាជិកអាស៊ាន និងទីម័រឡេស្តេ ព្រមទាំងក្របខ័ណ្ឌប្រទេសអាស៊ានបូកបីរយៈពេល២ថ្ងៃកន្លងទៅ។ មិនត្រឹមតែប៉ុណ្ណោះ ក៏មានការចែករំលែកលម្អិតបន្ថែមអំពីបច្ចុប្បន្នភាព តួនាទីដ៏ចាំបាច់ និងការកំណត់យកវិធីសាស្ត្រក្នុងការធ្វើឌីជីថលូបនីយកម្មក្នុងរដ្ឋបាលសាធារណៈរបស់ប្រទេសរៀងៗខ្លួនក្នុងក្របខ័ណ្ឌប្រទេសសមាជិកអាស៊ាន និងប្រទេសទីម័រឡេស្តេ។ ជាមតិបូកសរុប ឯកឧត្ដម គង់ សុភី រដ្ឋលេខាធិការក្រសួងមុខងារសារធារណៈ បានធ្វើការលើកឡើងនូវមូលដ្ឋានបីចំណុចក្នុងការជំរុញការធ្វើឌីជីថលូបនីយកម្មក្នុងរដ្ឋបាលសាធារណៈ រួមមាន៖ ១) ការផ្ដោតលើមនុស្ស (សំដៅផ្នត់គំនិតសមត្ថភាព) ២) រដ្ឋាភិបាល (សំដៅលើគោលនយោបាយ ច្បាប់ ការកែទម្រង់) ៣) ការប្រើប្រាស់បច្ចេកវិទ្យា (សំដៅលើសម្ភារៈឧបករណ៍ទាន់សម័យកាល)។សូមបញ្ជាក់ថា នាវេលារសៀលថ្ងៃដដែល គណៈប្រតិភូនៃប្រទេសសមាជិកអាស៊ាន និងប្រទេសទីម័រឡេស្តេ ព្រមទាំងលេខាធិការដ្ឋានអាស៊ាន នឹងអញ្ជើញទៅទស្សនារមណីយដ្ឋានវប្បធម៌ដ៏អស្ចារ្យរបស់កម្ពុជា នោះគឺប្រាសាទតាព្រហ្ម ដើម្បីបន្ថែមការឈ្វេងយល់ពីវប្បធម៌ដ៏ឧត្តុង្គឧត្តមរបស់កម្ពុជា ក៏ដូចជាផ្នែកមួយនៃការចូលរួមលើកកម្ពស់វិស័យទេសចរនៅខេត្តសៀមរាបផងដែរ។

អ្នកសារព័ត៌មានមកពីតំបន់អាស៊ី ចូលរួមសិក្ខាសាលាថ្នាក់តំបន់ ស្តីពី «ការគ្រប់គ្រងសុវត្ថិភាព និងហានិភ័យក្នុងការរាយការណ៍ស្តីពីជម្លោះ» នៅខេត្តសៀមរាប

2025/08/28 04:42:21 pm        138
(AKP សៀមរាប)៖ អ្នកសារព័ត៌មានមកពីប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី វៀតណាម ចិន សិង្ហបុរី និងកម្ពុជា អញ្ជើញចូលរួមសិក្ខាសាលាថ្នាក់តំបន់ ស្តីពី «ការគ្រប់គ្រងសុវត្ថិភាព និងហានិភ័យក្នុងការរាយការណ៍ស្តីពីជម្លោះ» (Safety and Risk Management Conflict Reporting) ដែលរៀបចំដោយក្រសួងព័ត៌មាន ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ នៅខេត្តសៀមរាប។សិក្ខាសាលានេះត្រូវបានបើកនាព្រឹកថ្ងៃទី២៨ ខែសីហា ក្រោមវត្តមានឯកឧត្តម ហាស់ សំអាត អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មាន និងឯកឧត្តម ស្លេះ អាល់ហ្វីន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន។គួរបញ្ជាក់ផងដែរថា បន្ទាប់ពីសិក្ខាសាលានាព្រឹកថ្ងៃទី២៨នេះ អ្នកសារព័ត៌មាននឹងចុះពិនិត្យ និងយកព័ត៌មាននៅទីតាំងដែលរងការប៉ះពាល់ដោយការវាយប្រហារដោយកងទ័ពថៃក្នុងខេត្តបន្ទាយមានជ័យ មណ្ឌលសុវត្ថិភាពពោធិ៍៥០០០ដើម ក្នុងខេត្តព្រះវិហារ និងភូមិជោគជ័យ និងភូមិព្រៃចាន់ ក្នុងខេត្តបន្ទាយមានជ័យ។

យុទ្ធនាការថ្ងៃទី១០ ក្រុមការងារក្រសួងការងារចុះទៅដល់រោងចក្រ សហគ្រាស ក្រុមហ៊ុនប្រមាណ ១ ៦០០ ដើម្បីជំរុញការផ្តល់ឱកាសការងារជូនដល់ពលករខ្មែរទើបត្រឡប់មកពីប្រទេសថៃ

2025/08/28 04:38:00 pm        97
ភ្នំពេញ៖ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តចុះជួបជាមួយតំណាងរោងចក្រ សហគ្រាស ក្រុមហ៊ុន និងសហជីព ប្រតិភូបុគ្គលិកជាច្រើនទីតាំងបន្ថែមទៀត នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីបង្កើននូវភាពជាដៃគូយ៉ាងជិតស្និទ្ធបន្ថែមទៀតរវាងអ្នកគ្រប់គ្រងសហគ្រាស ក្រុមហ៊ុន និងរោងចក្រ សហជីព និងប្រតិភូបុគ្គលិក ក្នុងការរួមគ្នាក្នុងស្មារតីខ្មែរស្រឡាញ់ខ្មែរ ខែ្មរជួយរកការងារឱ្យខ្មែរ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើនរឹងមាំថែមទៀត។គិតត្រឹមថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះទៅដល់សហគ្រាស ក្រុមហ៊ុន និងរោងចក្រ ប្រមាណជិត ១ ៦០០សហគ្រាស មានកម្មករនិយោជិតជាង ១លាននាក់។ ការចុះសំណេះសំណាលនេះ នឹងបន្តធ្វើរហូតដល់គ្រប់គោលដៅទូទាំងប្រទេស ដើម្បីក្តាប់បានស្ថានភាពតម្រូវការកម្លាំងពលកម្ម និងដឹងពីស្ថានភាពជាក់ស្តែង នៃការជ្រើសរើសពលករត្រឡប់មកពីប្រទេសថៃឱ្យចូលបម្រើការងារនៅតាមសហគ្រាស ក្រុមហ៊ុន និងរោងចក្រទាំងអស់នោះ។នាឱកាសនោះដែរ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួង បានថ្លែងអំណរគុណចំពោះការផ្ដល់ឱកាសការងារ និងទទួលយកបងប្អូនពលករខ្មែរ ដែលទើបត្រឡប់មកពីប្រទេសថៃឱ្យចូលបម្រើការងារ និងផ្តល់កិច្ចសហការសម្របសម្រួលដោយយកចិត្តទុកដាក់ និងទន់ភ្លន់ពីសំណាក់សហគ្រាស ក្រុមហ៊ុន និងរោងចក្រដល់បងប្អូនពលករ។ មិនតែប៉ុណ្ណោះ ការចុះទៅកាន់សហគ្រាស ក្រុមហ៊ុន និងរោងចក្រពីសំណាក់ថ្នាក់ដឹកនាំនាពេលនេះ ក៏ដើម្បីផ្ដល់ភាពកក់ក្ដៅដល់បងប្អូនពលករខ្មែរដែលទើបទទួលបានការងារនៅតាមសហគ្រាស ក្រុមហ៊ុន និងរោងចក្រផងដែរ។ជាមួយគ្នានេះ តំណាងភាគីសហគ្រាស ក្រុមហ៊ុន និងរោងចក្រ បានបង្ហាញអារម្មណ៍ត្រេកអរ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ព្រមទាំងក្រសួងក្នុងការជួយស្វែងរកការងារឱ្យពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ និងបានប្តេជ្ញាចិត្តចូលរួមជាមួយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងក្នុងការបំពេញបេសកកម្មនេះ។ក្នុងនោះផងដែរ ពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល ព្រមទាំងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានយកចិត្តទុកដាក់ និងជួយរកការងារឱ្យពួកគាត់។ ពួកគាត់ បានលើកឡើងថា ការបំពេញការងារនៅក្នុងស្រុកទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន មានភាពងាយស្រួល កក់ក្តៅក្នុងចិត្ត និងរស់នៅជិតក្រុមគ្រួសារ ដោយមិនចាំបាច់ចំណាយថវិកាលើការធ្វើលិខិតឆ្លងដែន។លើសពីនេះ ក៏ក្រុមការងារក្រសួងបានបន្តជំរុញឱ្យសហគ្រាស ក្រុមហ៊ុន និងរោងចក្រ សហការផ្ដល់ព័ត៌មានអំពីតម្រូវការកម្លាំងពលកម្មមកក្រសួងរៀងរាល់ ២សប្តាហ៍ម្តង និងការចូលរួមវេទិកាការងារ ឬយុទ្ធនាការសម្ភាសជ្រើសរើសបុគ្គលិកដោយផ្ទាល់ ឬតាមរយៈប្រព័ន្ធ Zoom ដែលក្រសួងរៀបចំក្នុងករណីមានតម្រូវការជ្រើសរើសបុគ្គលិក៕

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ស្នើ ឯកឧត្តម ដូណាល់ ត្រាំ បន្តចូលរួម​ដោះស្រាយ​ជម្លោះ​ព្រំដែន​កម្ពុជា និង​ថៃ​ដោយសន្តិវិធី ស្របតាមបំណងប្រាថ្នាពលរដ្ឋកម្ពុជាដែលស្រឡាញ់សន្តិភាព

2025/08/28 03:33:17 pm        812
នៅក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយ សមាជិកសភាសហរដ្ឋអាមេរិក ដែលដឹកនាំ ដោយ​លោកជំទាវ បេត វ៉ាន់ ដាញ (Beth Van Duyne) នៅព្រឹកថ្ងៃទី២៨ ខែសីហាឆ្នាំ២០២៥ នៅ​វិមានរដ្ឋសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធាន​រដ្ឋសភា​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា តាមរយៈគណៈប្រតិភូ បានស្នើជូន ឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ បន្ត​ចូល​រួម​លើក​កម្ពស់​ការអនុវត្តបទឈប់បាញ់ ឱ្យមានប្រសិទ្ធភាពខ្ពស់ និងចូលរួមស្វែង​រក​ដំណោះ​ស្រាយ​ដោយ​សន្តិវិធី នៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ស្របតាមបំណងប្រាថ្នា​របស់​ថ្នាក់​ដឹកនាំ​និង​ពលរដ្ឋ​កម្ពុជា​ ដែលស្រឡាញ់សន្តិភាព ចង់ការពារសុខសន្តិភាព និងកិច្ចសហ​ប្រតិបត្តិការ​ល្អ​ជា​មួយ​បណ្តា​ប្រទេស​ជាតិទំាងអស់ ដើម្បីជំរុញការអភិវឌ្ឍប្រទេសជាតិ សម្រេចបានគោល​ដៅ​អភិវឌ្ឍន៍​របស់​ខ្លួ​ននៅឆ្នាំ២០៣០និងឆ្នាំ២០២៥០។តាមរយៈសមាជិកសភាសហរដ្ឋអាមេរិក សម្តេចប្រធានរដ្ឋសភា ក៏បានថ្លែងអំណរគុណជាថ្មីទៀត ជូន ឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ និង ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីប្រទេសម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន ក៏ដូចជាសាធារណរដ្ឋប្រជាមានិតចិន និងបណ្តាប្រទេសជាមិត្តទាំងអស់ ដែលបានផ្តួចផ្តើមនិងសម្របសម្រួលឱ្យមានជំនួបចរចារវាងថ្នាក់ដឹកនាំប្រទេសកម្ពុជានិងថៃ សម្រេចបាននូវបទឈប់បាញ់កាលពីថ្ងៃទី២៨ ខែកក្កដាកន្លងមកនេះ បានជួយសង្រ្គោះអាយុជីវិតពលរដ្ឋ រាប់ម៉ឺននាក់ នៅក្នុងប្រទេសទំាងពីរ។សួមជម្រាបថាគណៈប្រតិភូសភាសហរដ្ឋអាមេរិក ដែលចូលជួបពិភាក្សាការងារជាមួយ សម្តេចប្រធានរដ្ឋសភា នាឱកាសនេះ បានអញ្ជើញមកពីគណបក្សទំាងពីររបស់សហរដ្ឋអាមេរិក គឺគណបក្សប្រជាធិបតេយ្យនិងគណបក្សសាធារណរដ្ឋ។ លោកជំទាវ បេត វ៉ាន់ ដាញ បានបញ្ជាក់ពីគោលបំណងដំណើរទស្សនកិច្ច មកកាន់កម្ពុជានាពេលនេះ ដើម្បីលើកកម្ពស់ចំណងមិត្តភាព កិច្ចសហប្រតិបត្តិការប្រទេសទំាងពីរឱ្យកាន់តែរឹងមាំបន្ថែម លើគ្រប់វិស័យ មានទំាងសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ បច្ចេកវិទ្យា សុខសន្តិភាពជាដើម។ លោកជំទាវបានគូសបញ្ជាក់ថាមុនមកបំពេញទស្សនកិច្ចនៅកម្ពុជា លោកជំទាវក៏បានបំពេញទស្សនកិច្ចនៅប្រទេសថៃផងដែរ។ តាមរយៈដំណើរទស្សនកិច្ចនេះ ឃើញថាប្រជាពលរដ្ឋប្រទេសទំាងពីរត្រូវការសន្តិភាព និងស្រឡាញ់សន្តិភាពដូចគ្នា។ សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា កម្ពុជាបានឆ្លងកាត់សង្រ្គាមជាច្រើនទសវត្សរ៍ បានហែលឆ្លងទុក្ខវេទនា វិនាសកម្មពីសង្រ្គាមច្រើនណាស់មកហើយ ដូច្នេះមិនចង់ឃើញសង្គ្រាមទៀតឡើយ។ ដោយគិតគូរពីអាយុវជីវិតពលរដ្ឋនិងសុខសន្តិភាព ជាអាទិភាព គ្រាន់តែមានការឈ្លានពានពីប្រទេសថៃភ្លាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសរសេរលិខិតសូមអន្តរាគមន៍ពី ឯកឧត្តមប្រធានាធិបតីអាមេរិក ស្វែងរកដំណោះស្រាយដោយសន្តិវិធី បញ្ចៀសការបង្ហូរឈាមដល់ពលរដ្ឋទំាងសងខាង។ ឆ្លើយតបការអន្តរាគមន៍ដ៏មានតម្លៃរបស់ ឯកឧត្តមប្រធានាធិបតី សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានស្នើសុំពានរង្វាន់ណូបែលសន្តិភាព ជូនឯកឧត្តមប្រធានាធិបតីអាមេរិក។ នៅក្នុងលិខិតផ្ញើជូនសម្តេចធិបតី វិញ ឯកឧត្តម ដូណាល់ ត្រាំ បានវាយតម្លៃថាសម្តេចធិបតី ហ៊ុន ម៉ាណែត ជាថ្នាក់ដឹកនាំដ៏ឆ្នើមមួយរូប ដែលផ្តល់តម្លៃលើជីវិតមនុស្ស និងស្រឡាញ់ សន្តិភាព និងបានគូសបញ្ជាក់ពីមោទនភាពរបស់ឯកឧត្តម ដែលបានចូលរួមជាផ្នែកមួយនៃកិច្ចព្រមព្រៀងបទឈប់បាញ់ សំដៅបញ្ចប់នូវសោកនាដកម្មនៃជម្លោះប្រដាប់អាវុធ និងបានសង្គ្រោះជីវិតមនុស្សរាប់ពាន់នាក់។សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថាពលរដ្ឋកម្ពុជាបានថ្លែងអំណរគុណចំពោះសហរដ្ឋអាមេរិក និងបណ្តាប្រទេសជាមិត្តទំាងអស់ដែលបានចូលរួមស្វែងរកដំណោះស្រាយដោយសន្តិវិធី។ តែបទឈប់បាញ់ស្ថិតនៅក្នុងស្ថានភាពផុយស្រួច នៅឡើយ ដូច្នេះកម្ពុជាស្នើសុំសហរដ្ឋអាមេរិកបន្តចូលរួមនិងសង្កេតការណ៍ ក៏ដូចជាស្វែងរកដោះស្រាយដោយសន្តិវិធី ជូនពលរដ្ឋកម្ពុជា ដែលស្រឡាញ់សន្តិភាព។ សម្តេចប្រធានរដ្ឋសភានិងសមាជិកសភាសហរដ្ឋអាមេរិក បានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជានិងសហរដ្ឋអាមេរិក ទំាងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ។ នៅក្នុងនោះសម្តេចក៏បានថ្លែងអំណរគុណជូនសហរដ្ឋអាមេរិកដែលបានបញ្ចុះពន្ធជូនកម្ពុជាពីចំនួន៤៩%មកនៅត្រឹម១៩%។ ការបញ្ចុះពន្ធនេះមានសារៈសំខាន់នៅក្នុងការចូលរួមលើកកម្ពស់សេដ្ឋកិច្ចជាតិនិងជីវភាពរបស់ពលរដ្ឋកម្ពុជា។ បន្ថែមពីនេះ សម្តេចបានស្នើសុំសមាជិកសភាសហរដ្ឋសអាមេរិកបន្តកៀរគរអ្នកវិនិយោគ អ្នកទេសចរ មកកម្ពុជាបន្ថែមទៀត។ជាការឆ្លើយតប លោកជំទាវ បេត វ៉ាន់ ដាញ បានបង្ហាញសុទិដ្ឋិយម ដោយហេតុថាអ្នកវិនិយោគសហរដ្ឋអាមេរិកជាច្រើនបានចាប់អារម្មណ៍មកបណ្តាក់ទុននៅកម្ពុជា។ ចំណែកអ្នកបានវិនិយោគនៅកម្ពុជាហើយ មានការពេញជាខ្លំាងនៅក្នុងការវិនិយោគនៅកម្ពុជា។ លោកជំទាវ បានគូសបញ្ជាក់ថានៅក្នុងដំណើរទស្សនកិច្ចនៅកម្ពុជាពេលនេះ គណៈប្រតិភូសភាសហរដ្ឋអាមេរិកនឹងជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រសួងស្ថាប័នជាច្រើន របស់កម្ពុជាក្នុងការជំរុញទំនាក់ទំនង កិច្ចសហប្រតិបត្តិការប្រទេសទំាងពីរឱ្យកាន់តែរឹងមាំឡើង លើគ្រប់វិស័យរួមទំាងការវិនិយោគនិងពាណិជ្ជកម្មជាដើម៕

គណៈកម្មាធិការអន្តរក្រសួងចុះពិនិត្យ និងវាយតម្លៃការស្ថាបនាផ្លូវក្រួសក្រហម១ខ្សែ ក្នុង​ស្រុកបាកាន ខេត្តពោធិ៍សាត់

2025/08/28 03:09:23 pm        495
ពោធិ៍សាត់៖ លោកជំទាវ ឯក សុគន្ធវារី អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាង​ឯកឧត្តម​ ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ និងជាអនុប្រធានគណៈកម្មាធិការលទ្ធកម្ម ​នា​ថ្ងៃ​ទី២៨ ខែសីហា ឆ្នាំ២០២៥ បានដឹកនាំគណៈកម្មាធិការអន្តរក្រសួង រួមមាន​ក្រសួង​អភិវឌ្ឍន៍​ជន​បទ និងក្រសួងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ និងវាយតម្លៃ លើការងារ​ស្ថាបនា​ផ្លូវ​ក្រាល​ដី​ល្បាយក្រួសចំនួន១ខ្សែ ស្ថិតនៅភូមិអូរតាប៉ោង ទៅភូមិស្រះម្កាក់ ឃុំអូរតាប៉ោង ស្រុក​បាកាន ខេត្តពោធិ៍សាត់ ស្ថាបនាដោយអង្គភាពវិស្វកម្ម សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម នាយកដ្ឋានវិស្វកម្ម ក្រសួងការពាជាតិ (ឧត្តមសេនីយ៍ឯក ធន វិមានច័ន្ទ) ដោយ​ប្រើ​ប្រាស់​ថវិកា​របស់​រាជ​រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ ។លោក ធីម សុធារ៉ា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ បានឲ្យដឹងថា ផ្លូវ១ខ្សែ​នេះ​ត្រូវ​បាន​បើក​ការដ្ឋានសាងសង់កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ដោយផ្លូវនេះ​មាន​ប្រវែង​៧៣០០​ម៉ែត្រ ទទឹង៨ម៉ែត្រ សាងសង់លូប្រអប់មុខពីរចំនួន១កន្លែង លូប្រអប់មុខ​មួយ​ចំនួន​១​កន្លែង ​លូមូលមុខបីចំនួន១កន្លែង លូមូលមុខពីរចំនួន៤កន្លែង លូមូល មុខមួយចំនួន៦កន្លែង និ​ង​មាន​ដំឡើងស្លាកចរាចរណ៍ និងស្លាកឈ្មោះផ្លូវចំនួន២កន្លែងផងដែរ ។ ជាមួយគ្នានោះអាជ្ញាធរ និងប្រជាពលរដ្ឋឃុំអូរតាប៉ោង បានសម្ដែងនូវសេចក្ដីសាទរ ដោយ​ទទួល​បាន​ផ្លូវ​ថ្មីធំទូលាយ និងថ្លែងអំណរគុណជាពន់ពេកចំពោះរាជរដ្ឋាភិបាល ដែល​ជា​និច្ចការ​តែង​តែ​យក​ចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងបាន​ដោះ​ស្រាយ​ការ​លំបាក​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​របស់ប្រជាពលរដ្ឋ បានគ្រប់កាលៈទេសៈ។ ដោយផ្លូវស្ថាបនាថ្មីនេះមានទទឹង៨ម៉ែត្រ បន្ថែម​លើផ្លូវលំចាស់ដែលមានទទឹងត្រឹមតែ៤ម៉ែត្រពិបាកធ្វើដំណើរ ចាប់​ពី​ចំនុច​ផ្លូវ​ជាតិ​លេខ​៥​ក្នុង​ ភូមិអូរតាប៉ោង ភ្ជាប់ទៅកាន់ភូមិជាច្រើនទៀតក្នុងឃុំអូរតាប៉ោង រហូតដល់ព្រំប្រទលឃុំមេទឹក ហើយផ្លូវនេះជាផ្លូវមានសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋធ្វើដំណើរមកកាន់ទីរួមស្រុកបាកាន មក​មន្ទីរ​ពេទ្យ មកផ្សារ មកសាលារៀន ជាពិសេស​គឺ​ដឹក​ក​សិ​ផល​ដែល​ប្រជា​ពលរដ្ឋ​តាម​ភូមិ​ដាំ​ដុះ​ផលិត​បាន។ ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវ ឯក សុគន្ធវារី រួមនិងគណៈកម្មាធិការអន្តរក្រសួង បានជួប​សំណេះ​សំ​ណាលជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋឃុំអូរតាប៉ោង ដោយបានលើក​ឡើង​ថា​ក្នុង​នាម​ជា​សេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុង​ជំរុញ​ការងារ​សា​ងសង់ ស្ដារឡើងវិញ កែលម្អ ពង្រីក ថែទាំ និងជួសជុលផ្លូវជនបទ ដើម្បី​បង្ក​ភាព​ងាយ​ស្រួល​ក្នុង​ការ​ធ្វើដំណើររបស់ប្រជាពលរដ្ឋ កាត់បន្ថយពេលវេលា និងកាត់បន្ថយ​ចំណាយ​លើ​ការ​ដឹក​ជញ្ជូន​កសិផល និងទំនិញផ្សេងៗនៅជនបទ។ដោយក្រសួង រួមនិងភាគីពាក់ព័ន្ធ កំពុងយកចិត្ត​ទុក​ដាក់ខ្ពស់លើការពង្រឹងសមត្ថភាពជំនាញក្នុងគោលដៅ បង្កើនគុណភាព និងធានាចីរភាព​ផ្លូវ​ជន​បទ ព្រោះនៅជនបទមានសារៈសំខាន់ ក្នុងការជំរុញផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ច​នៅ​ជនប​ទ​ជា​ពិសេស​ការ​កាត់បន្ថយគម្លាតតំបន់ជនបទ និងទីក្រុងផងដែរ ។ លោកជំទាវ ឯក គន្ធវារី ក៏បានស្នើ​ដល់​អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋដែលជាអ្នកទទួលផល សូមចូលរួមក្នុងការថែទាំផ្លូវ និងលូ ឱ្យ​បានល្អ​ប្រសើរ ដើម្បីរក្សាគុណភាពផ្លូវអោយបានគង់វង្សយូរអង្វែង ហាមដឹក​ជញ្ជូន​ទំនិញ​ធន់​ធ្ងន់​លើសចំនួនកំណត់ដែលធ្វើឲ្យផ្លូវងាយរងការខូតខាត ហើយត្រូវចាត់ទុកថាផ្លូវនេះ ជារបស់​យើង​ទាំងអស់គ្នា៕

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ស្នើឯកឧត្តម ដូណាល់ ត្រាំ បន្តចូលរួមដោះស្រាយជម្លោះព្រំដែនកម្ពុជា និងថៃដោយសន្តិវិធី ស្របតាមបំណងប្រាថ្នាពលរដ្ឋកម្ពុជា ដែលស្រឡាញ់សន្តិភាព

2025/08/28 02:26:05 pm        499
នៅក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយ សមាជិកសភាសហរដ្ឋអាមេរិក ដែលដឹកនាំ ដោយលោកជំទាវ បេត វ៉ាន់ ដាញ (Beth Van Duyne) នៅព្រឹកថ្ងៃទី២៨ ខែសីហាឆ្នាំ២០២៥ នៅវិមានរដ្ឋសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា តាមរយៈគណៈប្រតិភូ បានស្នើជូន ឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ បន្តចូលរួមលើកកម្ពស់ការអនុវត្តបទឈប់បាញ់ ឱ្យមានប្រសិទ្ធភាពខ្ពស់ និងចូលរួមស្វែងរកដំណោះស្រាយដោយសន្តិវិធី នៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ស្របតាមបំណងប្រាថ្នារបស់ថ្នាក់ដឹកនាំនិងពលរដ្ឋកម្ពុជា ដែលស្រឡាញ់សន្តិភាព ចង់ការពារសុខសន្តិភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយបណ្តាប្រទេសជាតិទំាងអស់ ដើម្បីជំរុញការអភិវឌ្ឍប្រទេសជាតិ សម្រេចបានគោលដៅអភិវឌ្ឍន៍របស់ខ្លួននៅឆ្នាំ២០៣០និងឆ្នាំ២០២៥០។តាមរយៈសមាជិកសភាសហរដ្ឋអាមេរិក សម្តេចប្រធានរដ្ឋសភា ក៏បានថ្លែងអំណរគុណជាថ្មីទៀត ជូន ឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ និង ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីប្រទេសម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន ក៏ដូចជាសាធារណរដ្ឋប្រជាមានិតចិន និងបណ្តាប្រទេសជាមិត្តទាំងអស់ ដែលបានផ្តួចផ្តើមនិងសម្របសម្រួលឱ្យមានជំនួបចរចារវាងថ្នាក់ដឹកនាំប្រទេសកម្ពុជានិងថៃ សម្រេចបាននូវបទឈប់បាញ់កាលពីថ្ងៃទី២៨ ខែកក្កដាកន្លងមកនេះ បានជួយសង្រ្គោះអាយុជីវិតពលរដ្ឋ រាប់ម៉ឺននាក់ នៅក្នុងប្រទេសទំាងពីរ។សួមជម្រាបថាគណៈប្រតិភូសភាសហរដ្ឋអាមេរិក ដែលចូលជួបពិភាក្សាការងារជាមួយ សម្តេចប្រធានរដ្ឋសភា នាឱកាសនេះ បានអញ្ជើញមកពីគណបក្សទំាងពីររបស់សហរដ្ឋអាមេរិក គឺគណបក្សប្រជាធិបតេយ្យនិងគណបក្សសាធារណរដ្ឋ។ លោកជំទាវ បេត វ៉ាន់ ដាញ បានបញ្ជាក់ពីគោលបំណងដំណើរទស្សនកិច្ច មកកាន់កម្ពុជានាពេលនេះ ដើម្បីលើកកម្ពស់ចំណងមិត្តភាព កិច្ចសហប្រតិបត្តិការប្រទេសទំាងពីរឱ្យកាន់តែរឹងមាំបន្ថែម លើគ្រប់វិស័យ មានទំាងសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ បច្ចេកវិទ្យា សុខសន្តិភាពជាដើម។ លោកជំទាវបានគូសបញ្ជាក់ថាមុនមកបំពេញទស្សនកិច្ចនៅកម្ពុជា លោកជំទាវក៏បានបំពេញទស្សនកិច្ចនៅប្រទេសថៃផងដែរ។ តាមរយៈដំណើរទស្សនកិច្ចនេះ ឃើញថាប្រជាពលរដ្ឋប្រទេសទំាងពីរត្រូវការសន្តិភាព និងស្រឡាញ់សន្តិភាពដូចគ្នា។ សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា កម្ពុជាបានឆ្លងកាត់សង្រ្គាមជាច្រើនទសវត្សរ៍ បានហែលឆ្លងទុក្ខវេទនា វិនាសកម្មពីសង្រ្គាមច្រើនណាស់មកហើយ ដូច្នេះមិនចង់ឃើញសង្គ្រាមទៀតឡើយ។ ដោយគិតគូរពីអាយុវជីវិតពលរដ្ឋនិងសុខសន្តិភាព ជាអាទិភាព គ្រាន់តែមានការឈ្លានពានពីប្រទេសថៃភ្លាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសរសេរលិខិតសូមអន្តរាគមន៍ពី ឯកឧត្តមប្រធានាធិបតីអាមេរិក ស្វែងរកដំណោះស្រាយដោយសន្តិវិធី បញ្ចៀសការបង្ហូរឈាមដល់ពលរដ្ឋទំាងសងខាង។ ឆ្លើយតបការអន្តរាគមន៍ដ៏មានតម្លៃរបស់ ឯកឧត្តមប្រធានាធិបតី សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានស្នើសុំពានរង្វាន់ណូបែលសន្តិភាព ជូនឯកឧត្តមប្រធានាធិបតីអាមេរិក។ នៅក្នុងលិខិតផ្ញើជូនសម្តេចធិបតី វិញ ឯកឧត្តម ដូណាល់ ត្រាំ បានវាយតម្លៃថាសម្តេចធិបតី ហ៊ុន ម៉ាណែត ជាថ្នាក់ដឹកនាំដ៏ឆ្នើមមួយរូប ដែលផ្តល់តម្លៃលើជីវិតមនុស្ស និងស្រឡាញ់ សន្តិភាព និងបានគូសបញ្ជាក់ពីមោទនភាពរបស់ឯកឧត្តម ដែលបានចូលរួមជាផ្នែកមួយនៃកិច្ចព្រមព្រៀងបទឈប់បាញ់ សំដៅបញ្ចប់នូវសោកនាដកម្មនៃជម្លោះប្រដាប់អាវុធ និងបានសង្គ្រោះជីវិតមនុស្សរាប់ពាន់នាក់។សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថាពលរដ្ឋកម្ពុជាបានថ្លែងអំណរគុណចំពោះសហរដ្ឋអាមេរិក និងបណ្តាប្រទេសជាមិត្តទំាងអស់ដែលបានចូលរួមស្វែងរកដំណោះស្រាយដោយសន្តិវិធី។ តែបទឈប់បាញ់ស្ថិតនៅក្នុងស្ថានភាពផុយស្រួច នៅឡើយ ដូច្នេះកម្ពុជាស្នើសុំសហរដ្ឋអាមេរិកបន្តចូលរួមនិងសង្កេតការណ៍ ក៏ដូចជាស្វែងរកដោះស្រាយដោយសន្តិវិធី ជូនពលរដ្ឋកម្ពុជា ដែលស្រឡាញ់សន្តិភាព។ សម្តេចប្រធានរដ្ឋសភានិងសមាជិកសភាសហរដ្ឋអាមេរិក បានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជានិងសហរដ្ឋអាមេរិក ទំាងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ។ នៅក្នុងនោះសម្តេចក៏បានថ្លែងអំណរគុណជូនសហរដ្ឋអាមេរិកដែលបានបញ្ចុះពន្ធជូនកម្ពុជាពីចំនួន៤៩%មកនៅត្រឹម១៩%។ ការបញ្ចុះពន្ធនេះមានសារៈសំខាន់នៅក្នុងការចូលរួមលើកកម្ពស់សេដ្ឋកិច្ចជាតិនិងជីវភាពរបស់ពលរដ្ឋកម្ពុជា។ បន្ថែមពីនេះ សម្តេចបានស្នើសុំសមាជិកសភាសហរដ្ឋសអាមេរិកបន្តកៀរគរអ្នកវិនិយោគ អ្នកទេសចរ មកកម្ពុជាបន្ថែមទៀត។ជាការឆ្លើយតប លោកជំទាវ បេត វ៉ាន់ ដាញ បានបង្ហាញសុទិដ្ឋិយម ដោយហេតុថាអ្នកវិនិយោគសហរដ្ឋអាមេរិកជាច្រើនបានចាប់អារម្មណ៍មកបណ្តាក់ទុននៅកម្ពុជា។ ចំណែកអ្នកបានវិនិយោគនៅកម្ពុជាហើយ មានការពេញជាខ្លំាងនៅក្នុងការវិនិយោគនៅកម្ពុជា។ លោកជំទាវ បានគូសបញ្ជាក់ថានៅក្នុងដំណើរទស្សនកិច្ចនៅកម្ពុជាពេលនេះ គណៈប្រតិភូសភាសហរដ្ឋអាមេរិកនឹងជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រសួងស្ថាប័នជាច្រើន របស់កម្ពុជាក្នុងការជំរុញទំនាក់ទំនង កិច្ចសហប្រតិបត្តិការប្រទេសទំាងពីរឱ្យកាន់តែរឹងមាំឡើង លើគ្រប់វិស័យរួមទំាងការវិនិយោគនិងពាណិជ្ជកម្មជាដើម៕

អំណោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានផ្ទះ និងដីឡូត៍​បានប្រគល់ជូន​អតីតយុទ្ធជន​ចំនួន ៤០គ្រួសារ នៅខេត្តបាត់ដំបង

2025/08/28 01:17:26 pm        299
នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញក្នុងពិធីប្រគល់ផ្ទះ និងដីឡូត៍ជូនអតីតយុទ្ធជនចំនួន ៤០គ្រួសារ ព្រមទាំងសម្ពោធដាក់ឱ្យប្រើប្រាស់ស្រះទឹក និងបើការដ្ឋានស្ថាបនាផ្លូវដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា កសាងតាមរយៈអ្នកឧកញ៉ា វិញ ហ៊ួរ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន កំពតផត។ អំណោយផ្ទះ និងដីឡូត៍ខាងលើ ស្ថិតនៅភូមិគោករកា ឃុំដូនបារ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ ពិធីនេះមានអញ្ជើញចូលរួមពី តំណាងក្រសួងការពារជាតិ, តំណាងក្រសួងអភិវឌ្ឍន៍បទ, តំណាងក្រសួងធនធាទឹក និងឧតុនិយម, អ្នកឧកញ៉ា វិញ ហ៊ួរ, ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានកិត្តិយស ស.អ.ក ខេត្ត, លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្ត និងជាប្រធាន ស.អ.ក ខេត្ត, ប្រធានមន្ទីរ/អង្គភាពជុំវិញខេត្ត, អាជ្ញាធរមូលដ្ឋាន និងអតីតយុទ្ធជនសរុបចំនួន ៣៥០នាក់៕

ឯកអគ្គរដ្ឋទូតទីម័រឡេស្តេថ្មីប្រសិទ្ធនាមសម្តេចតេជោថា «ជាវីរបុរសចំពោះថ្នាក់ដឹកនាំ និងប្រជាជនទីម័រឡេស្តេ»

2025/08/28 01:15:55 pm        423
នៅព្រឹកទី២៨ ខែសីហា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានអនុញ្ញាតឱ្យឯកឧត្តម Marcos dos Reis da Costa ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេថ្មីប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ ហ៊ុន សែន បានសម្តែងនូវការស្វាគមន៍ និងអបអរសាទរចំពោះ ឯកឧត្តម Marcos dos Reis da Costa ដែលត្រូវបានតែងតាំងឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពទីម័រឡេស្តេថ្មីប្រចាំកម្ពុជា ហើយវត្តមានដ៏ឆាប់រហ័សរបស់ឯកឧត្តមឯកអគ្គរដ្ឋទូតនៅកម្ពុជា បន្ទាប់ពីការចាកចេញរបស់ឯកឧត្តម Ermenegildo Kupa Lopes ឯកអគ្គរដ្ឋទូតចាស់ បង្ហាញពីការយកចិត្តទុកដាក់របស់ទីម័រឡេស្តេមកលើកម្ពុជា។ សម្តេចតេជោ បានថ្លែងអំណរគុណថ្នាក់ដឹកនាំទីម័រឡេស្តេ ជាពិសេសឯកឧត្តម José Ramos-Horta, ឯកឧត្តម Kay Rala Xanana Gusmão និង លោកជំទាវ Maria Fernanda Lay ដែលបានទទួលស្វាគមន៍ និងផ្តល់នូវបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅជាទីបំផុតជូនសម្តេច ក្នុងអំឡុងពេលទស្សនកិច្ចកាលពីខែឧសភាកន្លងទៅនេះ។នាឱកាសជំនួបនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្តែងនូវការគោរពដ៏ខ្ពង់ខ្ពស់ចំពោះសម្តេចតេជោ ដែលបានផ្តល់កិត្តិយសដល់ឯកឧត្តមចូលជួបសម្តែងការគួរសមនាពេលនេះ។ ឯកឧត្តមបានពាំនាំនូវសារសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់ឯកឧត្តមជូនសម្តេចតេជោ។ឯកឧត្តម ក៏បានពាំនាំនូវសារជាពិសេសរបស់ ឯកឧត្តម Kay Rala Xanana Gusmão ដែលថា “ឯកឧត្តមនាយករដ្ឋមន្រ្តី ចងចាំមិនភ្លេចនូវអនុសាសន៍របស់សម្តេចក្នុងការធ្វើការងារជាមួយអង្គការសហប្រជាជាតិ”។ ក្នុងនាមរដ្ឋាភិបាល និងប្រជាជនទីម័រឡេស្តេ ឯកឧត្តមបានសម្តែងនូវការដឹងគុណ និងអរគុណបំផុតចំពោះការគាំទ្រជាបន្តបន្ទាប់របស់សម្តេចតេជោក្នុងដំណើរការចូលជាសមាជិកពេញសិទ្ធិអាស៊ានរបស់ទីម័រឡេស្តេ។ឯកឧត្តមឯកអគ្គរដ្ឋទូត បានប្រសិទ្ធនាមសម្តេចតេជោថា ជាវីរបុរស ចំពោះថ្នាក់ដឹកនាំ និងប្រជាជនទីម័រឡេស្តេ ហើយឯកឧត្តម មានកិត្តិយស ដែលបានមកបំពេញបេសកកម្មនៅកម្ពុជា និងចូលរួមចំណែកបន្តកសាងនូវមិត្តភាពយូរអង្វែងរបស់ប្រទេសយើងទាំងពីរ។ ជាមួយគ្នានេះដែរ ឯកឧត្តម ក៏បានពាំនាំនូវសំណើរបស់លោកជំទាវ Maria Fernanda Lay ប្រធានសភាជាតិទីម័រឡេស្តេ ក្នុងការបង្កើតឱ្យមានក្រុមមិត្តភាពអន្តរសភារវាងប្រទេសយើងទាំងពីរផងដែរ។ជាកិច្ចឆ្លើយតប សម្តេចតេជោ បានថ្លែងអរគុណឯកឧត្តមឯកអគ្គរដ្ឋទូត ចំពោះសារផ្តាំផ្ញើសួរសុខទុក្ខ និងបានគូសបញ្ជាក់ថា សម្តេច មានសេចក្តីរីករាយក្នុងការចែករំលែកបទពិសោធរបស់កម្ពុជាក្នុងការស្វែងរកសន្តិភាព ជាពិសេសការធ្វើការងារជាមួយ UNTAC។ សម្តេចតេជោ បានបន្តរំលឹកអំពីកិច្ចខិតខំប្រឹងប្រែង និងបទពិសោធរបស់កម្ពុជាដើម្បីចូលជាសមាជិកអាស៊ាន ហើយរហូតមកទល់នឹងពេលនេះ ទីម័រឡេស្តេ បានប្រើពេល ១៤ឆ្នាំ ក្នុងការរង់ចាំក្លាយជាសមាជិកពេញសិទ្ធិអាស៊ាន។ សម្តេចតេជោ បានបន្តថា នៅពេលដែលកម្ពុជាចូលជាសមាជិកអាស៊ាន ប្រជាពលរដ្ឋកម្ពុជាម្នាក់ៗមានប្រាក់ចំណូលប្រមាណ ២៩៨ដុល្លារប៉ុណ្ណោះ ក្នុងខណៈពេលដែលបច្ចុប្បន្នប្រជាពលរដ្ឋទីម័រឡេស្តេម្នាក់ៗមានប្រាក់ចំណូលប្រមាណ ១ ៤៥៣ដុល្លារ។ ហេតុនេះ ការចូលជាសមាជិកអាស៊ានរបស់ទីម័រឡេស្តេ មិនមែនជាបន្ទុកលើអាស៊ាននោះទេ។ សម្តេចតេជោ បានបញ្ជាក់ផងដែរថា បើទោះបីសម្តេច ចាកចេញពីតំណែងជានាយករដ្ឋមន្រ្តី សម្តេចមានមោទនភាពដែល កម្ពុជាបន្តខិតខំប្រឹងប្រែងចលនាដៃគូពាក់ព័ន្ធផ្សេងៗទៀត ដើម្បីជំរុញគាំទ្រទីម័រឡេស្តេចូលសមាជិកពេញសិទ្ធិអាស៊ាន។សម្តេចតេជោ បានសង្កត់ធ្ងន់ថា ចំពោះទំនាក់ទំនងទ្វេភាគី យើងត្រូវខិតខំបន្តជំរុញបន្ថែមទៀត កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគទៅវិញទៅមក តាមរយៈឯកអគ្គរាជទូតកម្ពុជាប្រចាំទីម័រឡេស្តេ សំដៅធ្វើឱ្យទំនាក់ទំនងយើងកាន់តែស៊ីជម្រៅបន្ថែមទៀត។ សម្តេចតេជោ បានសម្តែងនូវក្តីសង្ឃឹមថា ទីម័រឡេស្តេ នឹងទទួលបានកិច្ចសហប្រតិបត្តិការជាច្រើនទៀត បន្ទាប់ពីចូលជាសមាជិកអាស៊ាន។សម្តេចតេជោ ក៏បានបញ្ជាក់ថា សម្តេច គឺជាអ្នកសន្តិភាពនិយម ហើយជាក់ស្តែងបន្ទាប់ពីស្វែងរកបានសន្តិភាពពេលលេញជូនកម្ពុជា សម្តេចក៏បានដាក់ចេញនូវគោលដៅពីរសំខាន់គឺប្រែក្លាយតំបន់អតីតសមរភូមិទៅជាតំបន់អភិវឌ្ឍន៍ និងប្រែក្លាយព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ឱ្យទៅជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ តួយ៉ាងព្រំដែនកម្ពុជាជាមួយ វៀតណាម និងឡាវជាដើម។នៅចុងបញ្ចប់ សម្តេចតេជោ បានជូនពរ ឯកឧត្តមឯកអគ្គរដ្ឋទូត និងសហការី សម្រេចបានជោគជ័យថ្មីៗបន្ថែមទៀត ដើម្បីកិច្ចសហប្រតិបត្តិការល្អនៃប្រទេសយើងទាំងពីរ៕

ប្រធានគណបក្សសហភាពសាមគ្គី និងអភិវឌ្ឍន៍មីយ៉ាន់ម៉ា៖ សម្ដេចបវរធិបតីជាអ្នកដឹកនាំមួយរូប ពោរពេញដោយសមត្ថភាព ចំណេះដឹង និងមានបទពិសោធន៍

2025/08/28 01:08:39 pm        378
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម U Khin Yi ប្រធានគណបក្សសហភាពសាមគ្គី និងអភិវឌ្ឍន៍មីយ៉ាន់ម៉ា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ក្នុងឱកាសនៃជំនួបនេះ, ឯកឧត្តម U Khin Yi បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចបវរធិបតីដែលបានអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានបង្ហាញនូវសេចក្ដីសោមនស្សដែលបានមកបំពេញទស្សនកិច្ចសាជាថ្មីម្ដងទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាពដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចបវរធិបតី ដែលជាថ្នាក់ដឹកនាំមួយរូប ពោរពេញដោយសមត្ថភាព ចំណេះដឹង និងជាពិសេស មានបទពិសោធន៍ច្រើន ខាងវិស័យកងទ័ព។ ឯកឧត្តមបានបន្ថែមទៀតថា គោលបំណងនៃដំណើរទស្សនកិច្ចរបស់ឯកឧត្តមនាពេលនេះ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងគណបក្សសហភាពសាមគ្គី និងអភិវឌ្ឍន៍មីយ៉ាន់ម៉ា និងគណបក្សប្រជាជនកម្ពុជា ដោយផ្ដោតទៅលើការភ្ជាប់ទំនាក់ទំនងទៅលើយុវជន ស្ត្រី និងកិច្ចសហប្រតិបត្តិការលើការងារបណ្ដាញផ្សព្វផ្សាយ។ ជាការឆ្លើយតប, សម្ដេចបវរធិបតីបានសម្ដែងនូវការស្វាគមន៍ ឯកឧត្តម U Khin Yi និងគណៈប្រតិភូដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ព្រមទាំងបានសម្ដែងនូវការរីករាយចំពោះវឌ្ឍនភាពនៃទំនាក់ទំនងរវាងគណបក្សទាំងពីរ។ សម្ដេចបវរធិបតីបានជំរុញ លើកទឹកចិត្ត និងគាំទ្រចំពោះការបន្តពង្រឹងទំនាក់ទំនងរវាង រដ្ឋនិងរដ្ឋ ក៏ដូចជាបក្ស និងបក្ស ពិសេសក្នុងក្របខ័ណ្ឌយុវជន នៃប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរថែមទៀត។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ប្រឈមសេចក្តីស្លាប់ក្នុងសមុទ្រ ដើម្បីស្វែងរកជីវិតល្អប្រសើរ
04/21/2026 09:04 PM
ជនអន្តោប្រវេសន៍ចង់បានភាពស្របច្បាប់ចំណាយពេលពេញមួយយប់នៅក្រៅសាលាក្រុងអេស្ប៉ាញ
04/21/2026 09:04 PM
EU រំពឹងថានឹងមានការសម្រេចចិត្តវិជ្ជមានលើប្រាក់កម្ចី ៩០ពាន់លានអឺរ៉ូដល់អ៊ុយក្រែននៅថ្ងៃពុធស្អែកនេះ
04/21/2026 09:04 PM
ខ្មាន់កាំភ្លើងសម្លាប់ស្រ្តីជនជាតិកាណាដាម្នាក់ និងមនុស្សជាច្រើននាក់ទៀតរងរបួសនៅពីរ៉ាមីត Teotihuacan
04/21/2026 09:04 PM
នាយអគ្គលេនាធិការកងទ័ពរុស្ស៊ី៖ កងកម្លាំងទីក្រុងមូស្គូ ដណ្តើមបានទឹកដី ១.៧០០គ.មក្រឡារបស់អ៊ុយក្រែនក្នុងឆ្នាំនេះ
04/21/2026 09:04 PM
ប្រភព៖ នាវាអ៊ីរ៉ង់ដែលរឹបអូសបានទំនងជាដឹកទំនិញប្រើបានទាំងយោធា និងស៊ីវិល
04/21/2026 09:04 PM
ឈីលី និងសហរដ្ឋអាមេរិក ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែ និងសន្តិសុខ
04/21/2026 09:04 PM
ក្រុមអ្នកវិទ្យាសាស្រ្តរចនាកម្មវិធីលើកដំបូងរបស់អាហ្វ្រិកខាងត្បូង ដើម្បីព្រមានពលរដ្ឋពីកម្រិតកង្វក់បរិយាកាស
04/21/2026 09:04 PM
ប្រេសិតក្រុមប្រឹក្សាសន្តិភាពមានសុទិដ្ឋិនិយមចំពោះការអនុវត្តផែនការតំបន់ហ្កាហ្សា
04/21/2026 09:04 PM
អាមេរិកមានជំនឿចិត្តថា កិច្ចប្រជុំសន្តិភាពជាមួយអ៊ីរ៉ង់នឹងបន្ត ខណៈឱសានវាទបទឈប់បាញ់ជិតមកដល់
04/21/2026 09:04 PM