គណៈបញ្ជាការឯកភាពរាជធានី បើកការចុះបង្ក្រាបទីតាំងឆបោកអនឡាញ និងគ្រឿងញៀននៅខណ្ឌមានជ័យ ឃាត់ជនបរទេស៥៥នាក់
រដ្ឋមន្រ្ដីក្រសួងយុត្តិធម៌ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់ក្នុងវិស័យយុត្តិធម៌
ត្រឹមសប្តាហ៍ទី៣ ខែមេសានេះ ក្រសួងបរិស្ថានបានបន្តបណ្តុះកូនឈើចម្រុះបានប្រមាណ ៣លានដើម សម្រាប់ចែកជូនសាធារណជនយកទៅដាំ ក្នុងគោលដៅបង្កើនគម្របបៃតងនៅកម្ពុជា
មន្រ្តីជំនាញកំពុងយកចិត្តទុកដាក់ខ្ពស់ថែរក្សាឯកសារប្រវត្តិសាស្រ្ដនៅសារមន្ទីរទួលស្លែងមិនឱ្យបាត់បង់

ព័ត៌មានជាតិ

ភូមិភាគ៤កម្ពុជា និងភូមិភាគ២ថៃសន្យាដោះស្រាយបញ្ហាដោយសន្តិវិធីបញ្ចៀសការប៉ះទង្គិចគ្នាក្នុងស្មារតីភាពជាអ្នកជិតខាងល្អ

2025/08/27 04:56:11 pm        159
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវម៉ាលី សុជាតា បានឲ្យដឹងថាក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ(RBC) រវាងយោធភូមិភាគទី៤របស់កម្ពុជា និងកងទ័ពភូមិភាគទី២របស់ថៃ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥នេះ ភាគីទាំងពីរបានឯកភាពគ្នាដោះស្រាយរាល់បញ្ហាដោយ សន្តិវិធី បញ្ជៀសការប៉ះទង្គិចគ្នា ក្នុងនាមជាអ្នកជិតខាងល្អ ប្រកបដោយសាមគ្គីភាព និងមិត្តភាព។ ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃនារសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥នេះ លោកជំទាវម៉ាលី សុជាតា បានបញ្ជាក់ថា កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ ដែលកម្ពុជាដឹកនាំដោយឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤កម្ពុជា ខណៈភាគីថៃ ដឹកនាំដោយឧត្តមសេនីយ៍ឯក ប៊ុនស៊ីន ផាតក្លាង មេបញ្ជាការកងទ័ពភូមិភាគទី២នោះភាគីទាំងពីរ បានឯកភាពគ្នាក្នុងការរក្សាទំនាក់ទំនងជាប្រចាំរវាងបណ្តាយោធភូមិភាគ និងតំបន់យោធា ព្រមទាំងបណ្តាអង្គភាព នៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ និងខិតខំដោះស្រាយរាល់បញ្ហាដោយសន្តិវិធី និងបញ្ចៀសការប៉ះទង្គិចគ្នា រួមទាំងគូសបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងទំនាក់ទំនង បន្ថែមទៀតនៅគ្រប់កម្រិត ដើម្បីកសាងជំនឿទុកចិត្ត និងលើកកម្ពស់ភាពជាអ្នកជិតខាងល្អជាដើម។ជាមួយគ្នានោះដែរ លោកជំទាវម៉ាលី សុជាតា ក៏បានបញ្ជាក់ផងផងដែរថា នៅក្នុងកិច្ចប្រជុំនោះ មេភូមិភាគ៤កម្ពុជា និងមេភូមិភាគទី៥របស់ថៃ ក៏បានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការអនុវត្តសេចក្តីសម្រេចនៃកិច្ចប្រជុំពិសេស នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា និងថៃ (GBC) កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ដែលធ្វើឡើងនៅប្រទេសម៉ាឡេស៊ីផងដែរ។មួយវិញទៀតភាគីទាំងពីរក៏បានប្តេជ្ញាចិត្តផងដែរ ក្នុងការជៀសវាងការចែកចាយព័ត៌មានមិនពិត ឬព័ត៌មានក្លែងក្លាយ ដើម្បីកាត់បន្ថយភាពតានតឹង កាត់បន្ថយសាធារណមតិអវិជ្ជមាន និងព្យាយាមបង្កើតនូវវិធានការជាក់ស្តែង សំដៅលើកកម្ពស់បរិយាកាសអំណោយផលសម្រាប់កិច្ចសន្ទនាដោយសន្តិវិធី។ បើតាមលោកជំទាវអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ក៏បានឲ្យដឹងផងដែរថា នៅក្នុងកិច្ចប្រជុំ ភាគីទាំងពីរបានឯកភាពគ្នាមិនពង្រីកវិសាលភាពនិងទំហំនៃវិវាទ រួមបញ្ចូលទាំងសកម្មភាពបង្កហេតុ របស់ទាហាន ឬប្រជាជនដែលអាចនាំឱ្យមានភាពតានតឹងដូចជាសម្ដីអុជអាល និងសកម្មភាពរបស់ទាហាន ដែលទន្ទ្រានចូលទីតាំងរបស់ភាគីម្ខាងទៀត នៅក្រោយពេលដែលបទឈប់បាញ់ចូលជាធរមាន នៅម៉ោង ២៤:០០នាទី (ម៉ោងក្នុងស្រុក) ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ផងដែរ៕អត្ថបទ បាន ចក់

រដ្ឋមន្រ្តីទេសចរណ៍៖សន្និសីទផ្សព្វផ្សាយទេសចរណ៍កម្ពុជា-ខេត្តយូណានដ៏ធំនឹងជួយជួយផ្សព្វផ្សាយសក្ដានុពលទេសចរណ៍កម្ពុជា-ចិន និងជាវេទិកាភ្ជាប់វិស័យឯកជនទេសចរណ៍ប្រទេសទាំងពីរ

2025/08/27 04:49:43 pm        100
ទីក្រុងគុនមិញ៖ តបតាមការអញ្ជើញរបស់ក្រុមហ៊ុន Yunnan Investment Group នៅរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាគណៈអធិបតីថ្លែងសុន្ទរកថាគន្លឹះ និងដឹកនាំប្រតិភូពីវិស័យទេសចរណ៍កម្ម្ពុជា ក្នុងសន្និសីទផ្សព្វផ្សាយទេសចរណ៍ កម្ពុជា-ខេត្តយូណាន ដោយមានការអញ្ជើញចូលរួមពីលោកប្រធានមន្ទីរវប្បធម៌ និងទេសចរណ៍ខេត្តយូណាន, លោក Liu Minglin នាយកប្រតិបត្តិក្រុមហ៊ុន Yunnan Investment Group សមាគមទេសចរណ៍ខេត្តយូណាន លោក លោកស្រីប្រធានសហគ្រាសទេសចរណ៍ធំៗ ក្នុងខេត្តយូណាន បណ្តាញសារព័ត៌មាន Influencers និងភ្ញៀវកិត្តិយសសរុបជាង១៥០រូប នាទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន។សន្និសីទនេះត្រូវបានរៀបចំជាពិសេស ដើម្បីជាវេទិកាធុរកិច្ចផ្សព្វផ្សាយ និងបង្ហាញសក្ដានុពលទេសចរណ៍កម្ពុជា-ចិន ពិសេសគឺការផ្តល់នូវព័ត៌មានពិតពីស្ថានភាពសុខសន្តិភាព និងសុវត្ថិភាពដែលកម្ពុជាផ្តល់ជូនភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជា និងជាឱកាសប្រតិភូក្នុងវិស័យឯកជនកម្ពុជា បានចូលរួមផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ដ៏សំបូរបែបរបស់កម្ពុជាដល់ខេត្តយូណានផ្ទាល់តែម្តង ដើម្បីទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនពីខេត្តយូណាន មកទស្សនា និងវិនិយោគនៅប្រទេសកម្ពុជា។ក្នុងសុន្ទរកថាគន្លឹះរបស់ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថានេះជាវេទិកាដ៏សំខាន់ និងឱកាសមាស សម្រាប់ភាគីឯកជននៃប្រទេសទាំងពីរដ៏មានសក្តានុពល បានជួបពិភាក្សាផ្ទាល់ដើម្បីបង្កើតកិច្ចសហការជាក់ស្តែង និងជាផ្លែផ្កាដោយអាចឈានបង្កើតកញ្ចប់ទស្សនកិច្ចរួមគ្នាបានឆាប់ ជាពិសេសគឺបានទទួលនូវព័ត៌មានពិតពីប្រទេសកម្ពុជា ព្រមទាំងយន្តការលើកទឹកចិត្តដល់ការវិនិយោគក្នុងវិស័យទេសចរណ៍នានាដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា និងការធានាជូនអ្នកវិនិយោគដ៏កក់ក្តៅ។តាមរយៈសន្និសីទផ្សព្វផ្សាយទេសចរណ៍កម្ពុជា-ខេត្តយូណានដ៏មានសារៈសំខាន់ រួមទាំងការចូលរួមដ៏សកម្ម និងប្តេជ្ញាចិត្តដ៏មុតមោះរបស់ភាគីរដ្ឋ និងឯកជននៃប្រទេសកម្ពុជា និងខេត្តយូណាននាពេលនេះ ពិតជាជួយពង្រឹង និងពង្រីកភាពជាដៃគូយុទ្ធសាស្ត្រក្នុងវិស័យទេសចរណ៍ ដើម្បីជំរុញប្រទេសកម្ពុជា និងខេត្តយូណានក្លាយជាគោលដៅទេសចរណ៍ដ៏សំខាន់ និងទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ និងការវិនិយោគកាន់តែច្រើន៕

​​ឯកឧត្តម អ៊ុច បូររិទ្ធ៖ ច្បាប់ដកសញ្ជាតិគឺប្រើសម្រាប់ជនណាដែលបំផ្លាញប្រយោជន៍ជាតិ ឬគប់គិតជាមួយបរទេសបំផ្លាញជាតិឯង

2025/08/27 04:35:46 pm        364
នារសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ (ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ) ដឹកនាំដោយ ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយមន្រ្តីរាជការ ប្រជាពលរដ្ឋចំនួន២៧០នាក់ នៅស្រុកបាធាយ ខេត្តកំពង់ចាម។ក្នុងឱកាសនោះ ឯកឧត្តមប្រធានក្រុមភូមិភាគទី២ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងបានជម្រាបជូនអង្គពិធីអំពីមូលហេតុ និងស្ថានការណ៍វិវត្តថ្មីៗ នៃការឈ្លានពានរបស់ប្រទេសថៃ យ៉ាងគឃ្លើន សាហាវព្រៃផ្សៃ អមនុស្សធម៌ និងប្រើគ្រប់កលល្បិចដើម្បីតែមហិច្ឆតាឈ្លានពានរបស់ខ្លួន មកលើបូរណភាពដែនដី និងអធិបតេយ្យភាពរបស់កម្ពុជា។ឯកឧត្តមប្រធានក្រុមភូមិភាគទី២ បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ត្រូវជឿជាក់លើថ្នាក់ដឹកនាំកម្ពុជា ដែលមានសម្តេចតេជោ និងសម្តេបវរធិបតី ក្នុងការដោះស្រាយវិវាទព្រំប្រទល់ជាមួយប្រទេសថៃដោយសន្តិវិធី ដោយផ្អែកលើច្បាប់ លើធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងតុលាការយុត្តិធម៌អន្តរជាតិ ICJ ដើម្បីនិរន្តរភាពសន្តិភាពសម្រាប់ប្រជាជនទាំងពីរកម្ពុជា និងថៃ។ ឯកឧត្តមបានគូសបញ្ជាក់ថា កម្ពុជាមិនចង់មានសង្រ្គាមជាមួយប្រទេសជិតខាងទេ កម្ពុជាត្រូវការសន្តិភាព។ កម្ពុជាបានប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេសឯករាជ្យ អព្យាក្រឹតជាអចិន្ត្រៃយ៍ និងមិនចូលបក្សសម្ព័ន្ធ។ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមប្រធានក្រុមភូមិភាគទី២ បានវាយតម្លៃខ្ពស់ចំពោះវីរភាពដ៏អង់អាច ក្លាហានរបស់វីរយុទ្ធជនយើង ដែលបាននិងកំពុងលះបង់កម្លាំងកាយ ចិត្ត បូជាអាយុជីវិត តស៊ូ អត់ធ្មត់ ក្រាញននៀល ក្នុងការការពារជាតិមាតុភូមិកម្ពុជា និងបានសម្តែងនូវមោទនភាពជាតិខ្ពស់ និងក្តីរំភើបជាអតិបរិមា ចំពោះស្មារតីស្នេហាជាតិមាតុភូមិ និងសាមគ្គីឯកភាពជាតិជាធ្លុងមួយរបស់បងប្អូនប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេស ក្នុងការចូលរួមឧបត្ថម្ភគាំទ្រទាំងកម្លាំងកាយ ចិត្ត និងសម្ភារៈ ស្បៀងអាហារ ជួយដល់វីរយុទ្ឋជន និងប្រជាជនភៀសសឹក។ មានតែខ្មែរយើងទេដែលស្រឡាញ់ខ្មែរ គ្មានបរទេសណាមកស្រឡាញ់ខ្មែរនោះទេ។ក្នុងឱកាសនោះផងដែរ ឯកឧត្តមប្រធានក្រុមភូមិភាគទី២ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន សូមមានការប្រុងប្រយ័ត្ន កុំជឿតាមការញុះញង់របស់ក្រុមជនជ្រុលនិយមមួយក្តាប់តូច ដែលតែងតែបកស្រាយខុសស្រឡះពីការពិត បំបាក់ស្មារតីកងទ័ព បង្អាប់ជាតិឯង គប់គិតជាមួយបរទេស ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ និងផលប្រយោជន៍ជាតិ។ ហេតុនេះហើយ ទើបរាជរដ្ឋាភិបាលបានរៀបចំច្បាប់ដកសញ្ជាតិ ដើម្បីប្រើសម្រាប់ជនណាដែលបំផ្លាញផលប្រយោជន៍ជាតិ ឬគប់គិតជាមួយបរទេសបំផ្លាញផលប្រយោជន៍ជាតិឯង។ ឯកឧត្តមបានបន្ថែមថា ការរៀបចំច្បាប់នេះឡើងគឺស្របតាមច្បាប់អន្តរជាតិ ហើយនៅក្នុងបណ្តាប្រទេសសមាជិកអង្គការសហប្រជាជាតិ ប្រទេសចំនួន១៥០ ដែលក្នុងចំនួននោះប្រទេសក្នុងតំបន់អាស៊ានចំនួន៩ មានច្បាប់នេះរួចទៅហើយ លើកលែងតែកម្ពុជាតែប៉ុណ្ណោះ។ប្រភព៖ នាយកដ្ឋានព័ត៌មាន

ឯកឧត្តម អ៊ី ឈាន និងលោកជំទាវ បាន ស្រីមុំ ផ្តល់កន្លែងស្នាក់នៅ និងអាហារ​ដល់​បេក្ខជន​ប្រឡងបាក់ឌុប

2025/08/27 04:24:12 pm        603
ប៉ៃលិន៖ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តប៉ៃលិន ជម្រាបជូនដល់មាតាបិតា ឬអាណាព្យា បាល និងបេក្ខជនតៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ទូទាំងខេត្តប៉ៃលិន នាសម័យប្រឡង នៅថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០២៥ ដោយមានការឧបត្ថម្ភគាំទ្រទាំងស្រុងពីឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិ បាលខេត្ត គឺរដ្ឋបាលខេត្តបានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា មន្ទីរអប់រំយុវជន និងកីឡា ខេត្ត និងកងកម្លាំងមានសមត្ថកិច្ច បានរៀបចំកន្លែងស្នាក់នៅ អាហារ ៣ពេល និងរថយន្តដឹកជញ្ជូនទៅ មណ្ឌលប្រឡង សម្រាប់បេក្ខជនដែលមានទីលំនៅឆ្ងាយពីមណ្ឌលប្រឡង ព្រមទាំងកន្លែងផ្ញើយានជំនិះ កង់-ម៉ូតូដោយឥតគិតថ្លៃ ។ បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បានសម្តែងនូវអារម្មណ៍រំភើបសប្បាយរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ឯកឧត្តម អ៊ី ឈាន និងលោកជំទាវបណ្ឌិត បាន ស្រីមុំ ដែលបានយកចិត្តទុក្ខដាក់ខ្ពស់ចំពោះពួកគាត់ ដូចជាការរៀនបំប៉នត្រៀមប្រឡង ឧបត្ថម្ភកន្លែងស្នាក់នៅ និងអាហារ ៣ពេល ក្នុង១ថ្ងៃ ព្រមទាំងការផ្ញើកង់-ម៉ូតូ ដោយឥតគិតថ្លៃ ដូច្នេះដើម្បីឆ្លើយតបទៅនឹងទឹកចិត្តដ៏ប្រពៃថ្លៃថ្លារបស់លោកទាំង២ ក្មួយៗ ចៅៗ ប្តេជ្ញានឹងខិតខំប្រឡង អោយទទួលបានលទ្ធផលជោគជ័យទាំងអស់គ្នា។ សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៥ ខេត្តប៉ៃលិន មានបេក្ខជន ប្រឡងចំនួន៦០៣នាក់ មាន២៥បន្ទប់ ដោយចែកចេញជា២មណ្ឌល ក្នុងនោះផ្នែកវិទ្យាសាស្ត្រ មានចំនួន ១៤៣នាក់ និងផ្នែកវិទ្យាសាសស្ត្រសង្គម មានចំនួន៤៦០នាក់ ៕

ក្រសួងអប់រំហាមឃាត់ការបង្ហោះប្រធានវិញ្ញាសាក្នុងដំណើការសំណេរសម្រាប់ការប្រឡងបាក់ឌុប

2025/08/27 04:17:31 pm        560
ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៧ សីហានេះ បានចេញសេចក្តីណែនាំដល់ គណៈមេប្រយោគ ប្រធានមណ្ឌលប្រឡង និងគណៈកម្មការនានា ព្រមទាំង បេក្ខជនទាំងអស់ ដោយ ហាមឃាត់ការបង្ហោះប្រធានវិញ្ញាសា ក្នុងដំណើរការសំណេរ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥។ក្រសួងអប់រំ បានបញ្ជាក់ថា ដើម្បីធានាបាននូវគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន និងចៀសវាងការដាក់ និងទទួលទណ្ឌកម្មនានា ចំពោះបេក្ខជន អនុរក្ស គណៈមេប្រយោគ និងគណៈកម្មការនានា ព្រមទាំងសាធារណជន ក្នុងអំឡុងពេលដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥។ ក្នុងនោះ ក្រសួងអប់រំ បានណែនាំដល់បេក្ខជន អនុរក្ស គណៈមេប្រយោគ ប្រធានមណ្ឌលប្រឡង និងគណៈកម្មការនានា៖ មិនត្រូវសរសេរ ឬថតចម្លងប្រធានវិញ្ញាសានៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ តាមគ្រប់ រូបភាព ដើម្បីបង្ហោះចែកចាយនៅតាមបណ្តាញសង្គមនានា, ការបង្ហោះប្រធានវិញ្ញាសាលើបណ្តាញសង្គមនានា ជាអំពើហាមឃាត់៕

ក្រសួងការងារ៖ ៩ថ្ងៃនៃយុទ្ធនាការបានចុះតាមរោងចក្រជាង១ ៥០០ ដើម្បីជំរុញការផ្តល់​ឱកាស​ការងារ​ជូនពលករមកពីថៃ

2025/08/27 04:06:51 pm        496
ភ្នំពេញ៖ គិតចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ​ក្រសួង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តចុះទៅកាន់រោងចក្រសហគ្រាសចំនួន ១ ៥៣០ ដែលមានកម្មករប្រមាណជាង ៩៨ម៉ឺននាក់នៅទូទាំងប្រទស ដើម្បី​ជំរុញ​ការ​ផ្តល់​ឱកាស​ការងារ និងផ្តល់ភាពកក់ក្តៅទៅដល់បងប្អូនពលករខ្មែរដែលទើបទទួលបានការងារ ក្រោយ​កា​រវិល​មកពីប្រទេសថៃវិញ។ នេះបើយោងតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ប្រភពក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី២៧ ខែសីហានេះ បានចេញផ្សាយឱ្យដឹងថា ការដាក់ចេញយុទ្ធនាការនេះ គឺធ្វើឡើងក្រោយពេលដែលពលករខ្មែរប្រមាណ ៩២ម៉ឺននាក់ បានវិលមកស្រុកកំណើតវិញ ក្រោយពេលដែលកម្ពុជា និងថៃមានជម្លោះព្រំដែនជាមួយគ្នាដែលភាគីថៃជាអ្នកចាប់ផ្តើម។បន្ថែមពីនេះ ក្នុងយុទ្ធនាការទៅតាមរោងចក្រសហគ្រាសនេះ ថ្នាក់ដឹកនាំ និងមន្ត្រីរបស់ក្រសួងការងារ ក៏បានជួបជាមួយរោងចក្រ សហគ្រាស ក្រុមហ៊ុន និងសហជីព ប្រតិភូបុគ្គលិកផងដែរ ហើយបានថ្លែងអំណរគុណចំពោះការផ្ដល់ឱកាសការងារ និងទទួលយកបងប្អូនពលករ ព្រមទាំងផ្តល់កិច្ចសហការសម្របសម្រួលដោយយកចិត្តទុកដាក់ និងទន់ភ្លន់។ជាមួយគ្នានេះ តំណាងភាគីសហគ្រាស ក្រុមហ៊ុន និងរោងចក្រ ក៏បានបង្ហាញអារម្មណ៍ត្រេកអរ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ព្រមទាំងក្រសួងក្នុងការជួយស្វែងរកការងារឱ្យពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ ហើយបានប្តេជ្ញាចិត្តចូលរួមបំពេញបេសកកម្មនេះឱ្យសម្រេចជោគជ័យផងដែរ។ដោយឡែក ពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃដែលទើបទទួលបានការងារ បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល ព្រមទាំងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានយកចិត្តទុកដាក់ និងជួយរកការងារឱ្យពួកគាត់។ បើតាមការបញ្ជាក់ដដែល ការបំពេញការងារនៅក្នុងស្រុកទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន មានភាពងាយស្រួល កក់ក្តៅក្នុងចិត្ត និងរស់នៅជិតក្រុមគ្រួសារ ដោយមិនចាំបាច់ចំណាយថវិកាលើការធ្វើលិខិតឆ្លងដែន និងចំណាយផ្សេងៗ។លើសពីនេះ ក៏ក្រុមការងារក្រសួងបានបន្តជំរុញឱ្យសហគ្រាស ក្រុមហ៊ុន និងរោងចក្រ សហការផ្ដល់ព័ត៌មានអំពីតម្រូវការកម្លាំងពលកម្មមកក្រសួងរៀងរាល់ ២សប្តាហ៍ម្តង និងការចូលរួមវេទិកាការងារ ឬយុទ្ធនាការសម្ភាសជ្រើសរើសបុគ្គលិកដោយផ្ទាល់ ឬតាមរយៈប្រព័ន្ធ Zoom ដែលក្រសួងរៀបចំក្នុងករណីមានតម្រូវការជ្រើសរើសបុគ្គលិក។បើតាម ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ការចុះសំណេះសំណាលនេះ នឹងបន្តធ្វើរហូតដល់គ្រប់គោលដៅទូទាំងប្រទេស ដើម្បីក្តាប់បានស្ថានភាពតម្រូវការកម្លាំងពលកម្ម និងដឹងពីស្ថានភាពជាក់ស្តែង នៃការជ្រើសរើសពលករត្រឡប់មកពីប្រទេសថៃឱ្យចូលបម្រើការងារនៅតាមសហគ្រាស ក្រុមហ៊ុន និងរោងចក្រទាំងអស់នោះ៕

ថ្នាលឌីជីថល ASEAN ACCESS និង KhmerSME កំពុងជំរុញដល់ការអភិវឌ្ឍ SME ឱ្យរីកលូតលាស់

2025/08/27 03:56:26 pm        536
ថ្នាលឌីជីថល ASEAN ACCESS និងថ្នាលព័ត៌មានជាតិ KhmerSME និងដើរតួជាកាតាលីករ ជំរុញ​ដល់ការអភិវឌ្ឍ SME ដោយផ្សារភ្ជាប់សហគ្រាសទៅនឹងខ្សែច្រវាក់ផ្គត់ផ្គង់ ការ​លើក​ទឹក​ចិត្ត​ការ​អភិវឌ្ឍតំបន់ប្រមូលផ្តុំ SME និងពង្រីកលទ្ធភាពចូលទីផ្សារ ក្នុងតំបន់ និងអន្តរជាតិ។ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅ​ក្នុង​កម្ម​ពិធី​បិទបញ្ចប់គម្រោង ពង្រឹងរចនាសម្ព័ន្ធ សម្រាប់ការលើកកម្ពស់សហគ្រាសធុនតូច និង​មធ្យម ​ក្នុងតំបន់អាស៊ាន (ASEAN-SME) នៅថ្ងៃទី២៥ សីហា ម្សិលមិញនេះ បានបង្ហាញ​សមិទ្ធ​ផល​ និងតួនាទីគម្រោងក្នុងការលើកកម្ពស់ភាពប្រកួតប្រជែង និងការផ្សារ​ភ្ជាប់​សហ​គ្រាស​ធុន​តូច​ និងមធ្យមក្នុងតំបន់ តាមរយៈថ្នាលឌីជីថល និងកិច្ចសហការឆ្លងប្រទេស។ឯកឧត្តម បន្តថា គម្រោងពង្រឹងរចនាសម្ព័ន្ធតំបន់ ដើម្បីជំរុញសហគ្រាសធុនតូច និងមធ្យម​ក្នុង​តំបន់​អាស៊ាន​នេះ ជាគំនិត ផ្តួចផ្តើមដែលមានសារៈប្រយោជន៍ គាំទ្រដល់ការផ្សារ​ភ្ជាប់​បណ្តា​សហគ្រាស​ធុនតូច និងមធ្យម ឱ្យទទួលបានសេវាគាំទ្រ ការផ្គូផ្គង អាជីវកម្មតាមថ្នាល​ព័ត៌មាន​ថ្នាក់​តំបន់​ ASEAN ACCESS និងថ្នាលព័ត៌មានជាតិ KhmerSME ។ ថ្នាលឌីជីថលទាំងនេះ ដើរ​តួជាកាតាលីករជំរុញដល់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ដោយផ្សារ​ភ្ជាប់​សហ​គ្រាស​ទៅ​នឹ​ង​ខ្សែ​ច្រវាក់ផ្គត់ផ្គង់, លើកទឹកចិត្ត ការអភិវឌ្ឍតំបន់ប្រមូលផ្តុំសហគ្រាសធុនតូច និងមធ្យម, លើក​កម្ពស់ការអនុវត្តគោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច, និង ពង្រីកលទ្ធ​ភាព​ចូល​ទី​ផ្សារ​ក្នុង​តំបន់ និងអន្តរជាតិ។លោកបណ្ឌិត Matthias Bickel នាយកអង្គការ GIZ ប្រចាំប្រទេសកម្ពុជា បានលើកឡើងថា ក្រុម​ការ​ងារគម្រោងបានខិតខំ ប្រឹងប្រែង ដើម្បីរួមចំណែកពង្រឹងសក្តានុពលសហគ្រាសធុនតូច និង​មធ្យម ដែលជាបេះដូងនៃសេដ្ឋកិច្ចរបស់អាស៊ាន តាមរយៈការ ពង្រីកលទ្ធភាពឈានចូលទីផ្សារ ការ​ចូលរួមសកម្មភាពអន្តរជាតិ ការរៀបចំគោលនយោបាយ និងការបង្កើតបរិយាកាសគតិយុត្ត ដែល​ធ្វើឱ្យសហគ្រាសកាន់តែមានភាពធន់។លោកបានបន្ថែមថា ពិធីនេះជាភស្តុតាងបង្ហាញសមិទ្ធផលនៃភាពជាដៃគូរបស់យើង និង​ជា​ការ​អបអរ​នូវអ្វីដែលយើងសម្រេច បានរួមគ្នា។ បទពិសោធដ៏មានតម្លៃពីការអនុវត្តគម្រោង នឹង​បន្ត​លើក​កម្ពស់ប្រព័ន្ធអេកូឡូស៊ីសហគ្រាសធុនមីក្រូ តូច និងមធ្យម នៅ កម្ពុជា សម្រាប់​ឆ្នាំ​បន្ត​បន្ទាប់​ខាង​មុខ​។ ភាគីអាល្លឺម៉ង់បានបង្ហាញការប្តេជ្ញាចិត្ត បន្តគាំទ្រដល់ការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជា តាមរយៈកិច្ចសហការទ្វេភាគី និងកម្មវិធីតំបន់នានារបស់ខ្លួន៕ អត្ថបទ៖ សុន រ៉ាឌី

ពិធីប្រកាសតែងតាំងនាយទាហាន នាយទាហានរង តំបន់ប្រតិបត្តិការសឹករងកោះកុង

2025/08/27 03:30:33 pm        765
លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង ព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ បាន​អញ្ជើញអមដំណើរឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុយ ហៀង មេបញ្ជាការ យោធភូមិភាគទី៣ ក្នុង​ពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង ជូននាយទាហាន នាយទាហានរង តំបន់​ប្រតិបត្តិ​ការ​សឹក​រង​កោះកុង។លោកជំទាវអភិបាលខេត្ត បង្ហាញអារម្មណ៍ថា លោកជំទាវពិតជាមានសេចក្តីរីករាយក្រៃលែង និង​សូម​ស្វាគមន៍ ចំពោះវត្តមានរបស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុយ ហៀង មេបញ្ជាការ យោធ​ភូមិ​ភាគ​ទី៣ ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក អញ្ជើញចូលរួមជាអធិបតីក្នុង ពិធី​«​ប្រកាស​តែង​តាំង​ផ្លាស់​ប្តូរ​មុខតំណែង ជូននាយទាហាន នាយទាហានរង នៃតំបន់ប្រតិបត្តិ​ការ​សឹក​រង​កោះ​កុង​»​នា​ឱកាសនេះ។ លោកជំទាវ​សូមចូលរួមអបអរសាទរចំពោះ លោកវរសេនីយ៍ឯក គង់ សុភាព និង​នាយទាហានចំនួន១១រូប ដែលត្រូវបានថ្នាក់ដឹកនាំក្រសួងការពារជាតិ និងថ្នាក់ដឹកនាំ នៃ បញ្ជា​ការដ្ឋានកងទ័ពជើងគោក បានផ្តល់សេចក្តីទុកចិត្តតែងតាំងជា មេបញ្ជាការ​រង​ និង​ជា​នាយ​សេនា​ធិការ ​នាយរងការិយាល័យ នាយផ្នែក និងមេបញ្ជាការងកងអនុសេនាធំ ចំណុះឱ្យតំបន់​ប្រតិបត្តិ​ការ​សឹករងកោះកុង។ លោកជំទាវអភិបាលខេត្ត សង្ឃឹមយ៉ាងមុតមាំថា នាយទាហាន នាយទាហានរង ទាំង១២រូប ដែល​ទើបទទួល បានការតែងតាំងមុខតំណែងថ្មីនៅពេលនេះ នឹងបន្តពង្រឹងការសាមគ្គីភាព ឯក​ភាព​ផ្ទៃ​ក្នុងឱ្យបានល្អ និងបន្តខិតខំយកអស់កម្លាំងកាយ កម្លាំងចិត្ត កម្លាំងប្រាជ្ញា​ស្មារតី​បំពេញ​តួនាទី​ភារកិច្ចរបស់ខ្លួនឱ្យបានល្អប្រសើរ ដោយត្រូវពង្រឹងកិច្ចការការពារជាតិ លើគ្រប់វិស័យ​នៅ​តាម​តំបន់​ព្រំដែន ល្បាតជាប្រចាំក្នុងភូមិ សាស្ត្រទទួលខុសត្រូវរៀងៗខ្លួន ដើម្បីតាម​ដាន​ត្រួត​ពិនិត្យ​គ្រប់​គ្រងសភាពការណ៍ និងចូលរួមទប់ស្កាត់ បទល្មើសគ្រប់ប្រភេទ នៅតាមតំបន់ព្រំដែន និង​សកម្មភាពឆ្លងដែនខុសច្បាប់ និងត្រូវរក្សាបាននូវសន្តិសុខ សណ្តាប់​ធ្នាប់​តា​ម​ខ្សែ​បន្ទាត់​ព្រំដែន និងផ្ទៃក្នុងភូមិសាស្ត្រខេត្តកោះកុងទាំងមូល៕ អត្ថបទ៖ឈឹម មករា

រដ្ឋមន្រ្តីក្រសួងបរិស្ថានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារបរិស្ថានប្រចាំឆមាសទី១ និងលើកទិសដៅបន្ត

2025/08/27 03:22:10 pm        151
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅព្រឹកថ្ងៃពុធ ទី២៧ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារបរិស្ថានប្រចាំឆមាសទី១ និងទិសដៅឆមាសទី២ឆ្នាំ២០២៥ នៅទីស្តីការក្រសួងបរិស្ថាន បានសង្កត់ធ្ងន់លើកត្តារួមសាមគ្គីពីថ្នាក់ដឹកនាំ មន្រ្តីរាជការគ្រប់ថ្នាក់ និងអ្នកពាក់ព័ន្ធ អង្គការជាតិ អន្តរជាតិ និងជាពិសេស ជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋាន តាមរយៈយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលជំរុញឱ្យកម្ពុជាមានភាពស្អាត បៃតង និងចីរភាព និងឆ្លើយតបនឹងគោលដៅយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងព្រះគុណ និងអំណរគុណ ដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងបរិស្ថាន ជាពិសេសរដ្ឋបាលថ្នាក់ក្រោមជាតិ អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រះសង្ឃ សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ យុវជន សមាគម អង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋ ទាំងអស់ ដែលបានចូលរួមយ៉ាងផុសផុល រួមចំណែកលើកកម្ពស់សោភ័ណភាពទីក្រុង ទីប្រជុំជននៅតាមបណ្តាផ្លូវជាតិទូទាំងប្រទេស កាន់តែស្រស់ស្អាត មានអនាម័យ ចូលរួមបណ្តុះ និងចែកកូនឈើ់ យកទៅដាំដើម្បីបង្កើនគម្របបៃតង និងការរៀបចំលើកកម្ពស់ជីវភាពសហគមន៍ឱ្យមានភាពប្រសើរជាងមុន ។ឯកឧត្តមរដ្ឋមន្រ្តី ក៏បានសំណូមពរដល់ អ្នកពាក់ព័ន្ធទាំងអស់ ទាំងវិស័យសាធារណៈ និងឯកជន រដ្ឋបាលរាជធានី ខេត្ត រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងអាជ្ញាធរមូលដ្ឋាន លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ បន្តរៀបចំសកម្មភាពចុះសំអាតផ្លូវជាតិ នៅតាមមូលដ្ឋានរៀងៗខ្លួន ការពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រងសំរាម សំណល់ប្លាស្ទិក ឱ្យបានល្អ ទប់ស្កាត់ការបំពុលបរិស្ថាន លើទឹក លើដី និងខ្យល់ ដើម្បីជំរុញឱ្យសង្គមកម្ពុជាស្អាត ប្រជាពលរដ្ឋមានសុខភាពល្អ មានបរិស្ថានស្អាត និងការស់នៅប្រកបដោយចីរភាព។សូមបញ្ជាក់ថា រហូតដល់ដល់ ខែមិថុនា ឆ្នាំ២០២៥ ក្រសួងបរិស្ថានបានបើកយុទ្ធនាការ កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ចេះទុកដាក់ និងញែកសំរាម តាមរយៈយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» មានការចូលរួមប្តេជ្ញាចិត្តពីសិស្សានុសិស្ស និងប្រជាពលរដ្ឋទូទាំងប្រទេសចំនួន១១ លានអង្គ/នាក់ និងយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» មានសិស្សានុសិស្ស និងប្រជាពលរដ្ឋ ចូលរួមអនុវត្តបានជាង៦លានអង្គ/នាក់។ នៅក្នុងទិសដៅបន្ត ក្រសួអបរិស្ថាន ជំរុញដល់ការងារគ្រប់គ្រង និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវប្រកបដោយប្រសិទ្ធភាព និងការច្នៃប្រឌិតខ្ពស់។ ដោយឡែក ក្រសួងបរិស្ថាននៅក្នុងឆ្នាំ២០២៥ បានបណ្តុះ និងចែកកូនឈើជូនប្រជាពលរដ្ឋដាំ តាមរយៈយុទ្ធនាការពន្លកបៃតង ចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ ២០២៥ សរុបចំនួណ ២,៧លានដើម ដែលជាការរួមចំណែកកាត់បន្ថយឧស្ម័ន កាបូនិកឈានឆ្ពោះទៅប្រទេស អាព្យាក្រឹតកាបូន, និងជាការប្តេជ្ញាចិត្តរួមគ្នា ក្នុងដំណើរផ្លូវឆ្ពោះទៅអនាគតរបស់អ្នកជំនាន់ក្រោយ។ នៅក្នុងទិសដៅបន្ត ក្រសួអបរិស្ថាន បន្តពង្រឹងការការអនុវត្តច្បាប់ សមត្ថភាពមន្រ្តី ការតាមដាន ស្រាវជ្រាវ និងជំរុញការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន ឱ្យមានប្រសិទ្ធភាព និងការទទួលខុសត្រូវបន្ថែមទៀត៕

រដ្ឋបាលខណ្ឌ៧មករា​ រៀបចំពិធីដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ទាំង៨ ឆ្នាំ២០២៥ ដែលមានក្រុមហ៊ុនចំនួន៦ក្រុមហ៊ុនចូលរួម

2025/08/27 03:15:15 pm        103
ភ្នំពេញ ៖ ក្នុងការដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ ឆ្នាំ២០២៥ដែលប្រើប្រាស់ថវិកាមូលនិធិសង្កាត់របស់រាជរដ្ឋាភិបាលកម្ពុជា នៅខណ្ឌ៧មករា មានក្រុមហ៊ុនចំនួន៦ក្រុមហ៊ុន បានចូលរួមដេញថ្លៃ នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥នេះ នៅសាលាខណ្ឌ៧មករា។ពិធីនេះបានធ្វើឡើងក្រោមវត្តមាន លោក ឯក ឃុនដឿន អភិបាលរងរាជធានីភ្នំពេញ តំណាងឲ្យ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ថេង សុថុល អភិបាលខណ្ឌ៧មករា មន្រ្តីជំនាញពាក់ព័ន្ធ និងលោក- លោកស្រីចៅសង្កាត់ ហើយនឹងក្រុមហ៊ុនបានចូលរួមដេញថ្លៃនៅក្នុងសង្កាត់ទាំង០៨នៃមូលដ្ឋានខណ្ឌ៧មករា។លោក ថេង សុថុល អភិបាលខណ្ឌ៧មករា ក្នុងឱកាសនោះបានលើកឡើងពីសមិទ្ធផលនៃការអនុវត្តគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ទាំង០៨សង្កាត់ ឆ្នាំ២០២៤ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដែលបានជួយស្ថាបនាហេដ្ឋារចនាសម្ព័ន្ធជាច្រើនដូចជា៖ ស្ថាបនាលូមេ ស្តាលូ ជួសជុលផ្លូវ ស្ថាបនា កែលំអ ដាក់ភ្លើងបំភ្លឺផ្លូវ និងរៀបការ៉ូឡានៅតាមដងផ្លូវនានា។ល។លោកអភិបាលខណ្ឌ បានបញ្ជាក់ សូមឲ្យក្រុមហ៊ុនដែលដេញថ្លៃបានក្នុងគម្រោងធ្វើការការងារឲ្យមានគុណភាព សោភ័ណ្ឌភាព ធានាបានក្នុងការដំណើរការដ្ឋាន ហើយបន្ថែមទៀតនោះ មន្រ្តីសង្កាត់តាមមូលដ្ឋាននីមួយៗ ត្រូវតាមដានត្រួតពិនិត្យ ឲ្យបានត្រឹមត្រូវ មិនត្រូវមានការត្រូវរ៉ូវគ្នា ដូចពាក្យលើកឡើងថា"ចាក់ក្រាសស៉ីស្ដើង ចាក់ស្ដើងស៉ីក្រាស " នោះឡើយ។ លោកអភិបាលខណ្ឌបានសង្កត់ធ្ងន់ថា មូលដ្ឋានខណ្ឌ៧មករា ជាខណ្ឌមួយក្នុងចំណោមខណ្ឌទាំង០៥ក្នុងកណ្ដាលរាជធានីភ្នំពេញ។លោក ឯក ឃុនដឿន អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ការចូលរួមរបស់វិស័យឯកជន តាមរបៀបប្រកួតប្រជែងក្នុងការចូលរួមដេញថ្លៃគម្រោងអភិវឌ្ឍន៍សង្កាត់នេះ មិនត្រូវមានការឃុបឃិតគ្នាក្នុងការដេញថ្លៃ ឬសន្យាអ្វីមួយក្រោយពេលដេញថ្លៃនោះទេ គឺដើម្បីកសាងសមិទ្ធិផលនានាក្នុងមូលដ្ឋានសង្កាត់ និងចូលរួមអភិវឌ្ឍន៍មូលដ្ឋានតាមតម្រូវការរបស់ប្រជាពលរដ្ឋ និងធ្វើឲ្យមានលក្ខណៈបច្ចេកទេស ស្ដងដារត្រឹមត្រូវ។ ក្រោយការដេញថ្លៃបានក្រុមហ៊ុនត្រូវគោរពនីតិវិធី កិច្ចសន្យា និងរយៈពេលកំណត់ក្នុងការអនុវត្តគម្រោង។មានសៀវភៅការដ្ឋានតាមការណែនាំរបស់ក្រុមគាំទ្របច្ចេកទេសខណ្ឌ និងសង្កាត់។ ធានាសុវត្ថិភាពការដ្ឋាន សុវត្ថិភាពសាធារណៈ និងរក្សារបរិស្ថានអនាម័យ ចាប់ពីពេលបើកការដ្ឋានអនុវត្តគម្រោង រហូត ដល់ពេលបិទការដ្ឋាន។ជាចុងក្រោយ លោក ឯក ឃុនដឿន អភិបាលរងរាជធានីភ្នំពេញ ក៏បានស្នើអោយគណកម្មការគ្រប់គ្រងគម្រោងសង្កាត់ត្រូវមានការតាមដានត្រួតពិនិត្យការអនុវត្តគម្រោងជាប្រចាំ ជាពិសេសគឺការពិនិត្យផ្ដល់យោបល់ដោយសរសេរចូលក្នុងសៀវភៅការដ្ឋានជាប្រចាំ មានការទទួលខុសត្រូវចំពោះលទ្ធផលគម្រោង។ លោកបានបន្តទៀតថា អ្នករៀបចំលទ្ធកម្មគម្រោងមូលនិធិសង្កាត់ មិនត្រូវដេញថ្លៃបានហើយធានាថាធ្វើបាន ហើយធ្វើមិនបាន ត្រូវមានការទទួលខុសត្រូវ។ លោកបញ្ជាក់ថា ទាំងមន្រ្តី និងក្រុមហ៊ុន មានការស៊ូកប៉ានគ្នា ធ្វើឲ្យគម្រោងមិនមានលក្ខណបច្ចេកទេសត្រូវ ពេលជំនាញស្រាវជ្រាវដឹងនោះ ទាំងមន្រ្តី ត្រូវមានវិធានការច្បាប់ និងក្រុមហ៊ុន មិនវត្តមានដេញថ្លៃលើកក្រោយបន្តទៀតឡើយ៕ អត្ថបទ៖ កុម្ភៈ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ប្រឈមសេចក្តីស្លាប់ក្នុងសមុទ្រ ដើម្បីស្វែងរកជីវិតល្អប្រសើរ
04/21/2026 09:04 PM
ជនអន្តោប្រវេសន៍ចង់បានភាពស្របច្បាប់ចំណាយពេលពេញមួយយប់នៅក្រៅសាលាក្រុងអេស្ប៉ាញ
04/21/2026 09:04 PM
EU រំពឹងថានឹងមានការសម្រេចចិត្តវិជ្ជមានលើប្រាក់កម្ចី ៩០ពាន់លានអឺរ៉ូដល់អ៊ុយក្រែននៅថ្ងៃពុធស្អែកនេះ
04/21/2026 09:04 PM
ខ្មាន់កាំភ្លើងសម្លាប់ស្រ្តីជនជាតិកាណាដាម្នាក់ និងមនុស្សជាច្រើននាក់ទៀតរងរបួសនៅពីរ៉ាមីត Teotihuacan
04/21/2026 09:04 PM
នាយអគ្គលេនាធិការកងទ័ពរុស្ស៊ី៖ កងកម្លាំងទីក្រុងមូស្គូ ដណ្តើមបានទឹកដី ១.៧០០គ.មក្រឡារបស់អ៊ុយក្រែនក្នុងឆ្នាំនេះ
04/21/2026 09:04 PM
ប្រភព៖ នាវាអ៊ីរ៉ង់ដែលរឹបអូសបានទំនងជាដឹកទំនិញប្រើបានទាំងយោធា និងស៊ីវិល
04/21/2026 09:04 PM
ឈីលី និងសហរដ្ឋអាមេរិក ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែ និងសន្តិសុខ
04/21/2026 09:04 PM
ក្រុមអ្នកវិទ្យាសាស្រ្តរចនាកម្មវិធីលើកដំបូងរបស់អាហ្វ្រិកខាងត្បូង ដើម្បីព្រមានពលរដ្ឋពីកម្រិតកង្វក់បរិយាកាស
04/21/2026 09:04 PM
ប្រេសិតក្រុមប្រឹក្សាសន្តិភាពមានសុទិដ្ឋិនិយមចំពោះការអនុវត្តផែនការតំបន់ហ្កាហ្សា
04/21/2026 09:04 PM
អាមេរិកមានជំនឿចិត្តថា កិច្ចប្រជុំសន្តិភាពជាមួយអ៊ីរ៉ង់នឹងបន្ត ខណៈឱសានវាទបទឈប់បាញ់ជិតមកដល់
04/21/2026 09:04 PM