ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញចូលរួមពិធីបើកជាផ្លូវការកិច្ចប្រជុំកំពូលលើកទី៣ នៃបណ្តាញទីក្រុងសកលសម្រាប់ចីរភាព 3rd G-NETS Leaders Summit នៅទីក្រុងតូក្យូ ប្រទេសជប៉ុន​
ប្រមុខការទូតកម្ពុជា ថ្លែងអំណរគុណសាធារណរដ្ឋឆែក បន្តផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ -ODA គាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា
កម្ពុជា-អាល្លឺម៉ង់ ប្តេជ្ញាចិត្តរួមគ្នាពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី
មន្រ្ដីជាន់ខ្ពស់រាជរដ្ឋាភិបាល អញ្ជើញចែកអំណោយរបស់អង្គការសម្ព័ន្ធពិភពឥស្លាមជូនប្រជាពលរដ្ឋភៀសសឹក នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ

ព័ត៌មានជាតិ

ឯកឧត្តម ឃឹម ហ្វីណង់៖ ការធ្លាក់ចុះថ្លៃស្រូវពាក់ព័ន្ធផ្ទាល់ពីការផ្អាកបញ្ជាទិញពីប្រទេសនាំចូលអង្ករ និងការប្រជែងទម្លាក់ថ្លៃអង្ករយ៉ាងគំហុកពីសំណាក់ប្រទេសនាំចេញ

2025/08/22 01:17:35 pm        805
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និង​នេសាទ នៅថ្ងៃទី២២ សីហា ឆ្នាំ២០២៥នេះថា ​ការធ្លាក់​ចុះថ្លៃស្រូវចាប់តាំង​ពី​ពាក់​កណ្តាល​ខែកក្កដា ឆ្នាំ២០២៥ ​គឺពាក់ព័ន្ធដោយផ្ទាល់​ទៅនឹងការផ្អាកបញ្ជាទិញពីប្រទេសនាំចូលអង្ករ ស្របពេល​ដែល​មានការប្រជែងទម្លាក់ថ្លៃអង្ករយ៉ាង​គំហុកពី​សំណាក់​ប្រទេសនាំចេញ ដែល​បង្កឱ្យមានបញ្ហាជា​សកលនៅលើទីផ្សារអង្ករអន្តរជាតិ។ ឯកឧត្តម ឃឹម ហ្វីណង់ បានឱ្យដឹងថា ស្ថានភាពនេះបានធ្វើឱ្យថ្លៃស្រូវសើមនៅតាម​ប្រទេសនានា​ក្នុងតំបន់​ រួមមាន​ទាំងកម្ពុជាដែរនោះ ​បន្តធ្លាក់ចុះជាបន្តបន្ទាប់ ខណៈពេលដែលរោងម៉ាស៊ីន​កិន​ស្រូវក្នុងស្រុកភាគច្រើនក៏កំពុងមានការកកស្ទះស្តុកអង្ករចាស់ ចុងអង្ករ និងកន្ទក់ជាច្រើនផងដែរ។ ជាវិធានការបន្ទាន់ដើម្បីជួយកាត់បន្ថយសម្ពាធលើថ្លៃស្រូវនៅតាមវាលស្រែ ក្រសួងកសិកម្មបានសហការជាមួយនឹងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម ធនាគារ ARDB អាជ្ញាធរថ្នាក់ក្រោមជាតិ និងសហព័ន្ធស្រូវអង្ករកម្ពុជា តាមរយៈការផ្ដល់ប្រាក់កម្ចីពិសេសឱ្យរោងម៉ាស៊ីនដៃគូជួយទិញស្រូវសើមដល់វាល ព្រមទាំងបានដាក់ពង្រាយមន្ត្រីទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិឱ្យជួយសម្របសម្រួលរកម្ចាស់រោងម៉ាស៊ីនទិញស្រូវ និងរករថយន្តដឹកឱ្យទាន់ពេលវេលា។ គោលដៅចម្បងនៃការអន្តរាគមន៍ទាំងនេះ គឺដើម្បីជួយស្តារថ្លៃស្រូវឱ្យបានកើនឡើងវិញមួយកម្រិត និងបញ្ចៀសការកកស្ទះការប្រមូលផលរបស់ប្រជាកសិករនៅតាមទីវាល។ ឯកឧត្តម បានបន្តថា ជាដំណោះស្រាយនៅរដូវកាលក្រោយៗ ក្រសួងកំពុងជំរុញលើកទឹកចិត្តឱ្យប្រជាកសិករងាកមកចូលរួមជាមួយសហគមន៍កសិកម្មទំនើប ដើម្បីរាជរដ្ឋាភិបាលអាចមានលទ្ធភាពអាចជួយទ្រទ្រង់ជាដើមទុនស្តារសមត្ថភាពផលិតកម្មឡើងវិញ តាមរយៈការផ្តល់កម្ចីការប្រាក់ទាប ការជួយកាត់បន្ថយថ្លៃដើម និងការងាកមកចាប់យកការធ្វើកសិកម្មតាមកិច្ចសន្យា ដែលជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការការពារកសិករពីបញ្ហាវិបត្តិថ្លៃដូចពេលបច្ចុប្បន្ន។ បើតាម ឯកឧត្តម ឃឹម ហ្វីណង់ បានបញ្ជាក់ថា កសិករដែលបានចូលរួមក្នុងសហគមន៍កសិកម្មទំនើបក្នុងរដូវកាលនេះ មិនបានជួបបញ្ហាធ្លាក់ថ្លៃដូចអ្នកនៅក្រៅសហគមន៍ឡើយ ដោយហេតុថារោងម៉ាស៊ីនដៃគូនៅតែបន្តទទួលទិញក្នុងថ្លៃខ្ពស់ដែលបានព្រមព្រៀងក្នុងកិច្ចសន្យាពីដើមរដូវ៕

ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋាន ​នាំយកទេយ្យទាន និងបច្ច័យប្រគេនព្រះសង្ឃ០៣វត្ត និងអាស្រមមួយនៅស្រុកបាទី

2025/08/22 12:24:01 pm        124
តាកែវ៖ ក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានឃុំកណ្ដឹងដឹកនាំដោយ ឯកឧត្តម គូន សារឿន កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ បាននាំយកទៀនព្រះវស្សា ទេយ្យវត្ថុ បច្ច័យ​ប្រគេន​ព្រះសង្ឃដែលគង់ចាំព្រះវស្សាចំនួន០៣វត្ត និងអាស្រម០១ រួមមាន វត្តបន្ទាយត្រាវ ស្ថិតនៅភូមិឱភាសាំង វត្តឃ្លាំងសៀម ស្ថិតភូមិក្រសាំង វត្តសុភីរ ហៅ វត្តកកោះ ស្ថិតនៅភូមិកណ្តឹងធំ និងអាស្រមថ្មអន្ទង ហៅ គិរីធម្មវ័ន ស្ថិតនៅភូមិឱភាសាំង ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ។ឱកាសនោះក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំកណ្ដឹង​ រួមទាំង​ពុទ្ធបរិស័ទ្ធបាននាំ​យក​នូវសម្ភារៈ ដូចជា ទៀនវស្សា ០៤គូ អង្ករ ០៩បាវស្មើ និង ៤៥០គីឡូក្រាម មី ២០កេស ទឹកត្រី ៣០យួរ ទឹកស៊ីអ៊ីវ ៣០យួរ ទឹកក្រូច ទឹកភេសជ្ជៈ ២០កេស ស្ករស ៣០ គីឡូក្រាម អំបិល ២០គីឡូក្រាម ទឹកសុទ្ធ ២០កេស ត្រីខកំប៉ុង ២០យួរ និងបច្ច័យប្រគេន ៤វត្ត សរុបជាថវិកា ៧,៩៨៨,២០០រៀល។សមាជិកក្រុមការងារ បានលើកឡើងថា កន្លងទៅបើទោះបីមានបញ្ហាជម្លោះព្រំដែន ក៏ក្រុម​ការងារ​រាជ​រដ្ឋាភិបាល​ ក៏ដូចជាក្រុមការងារគណបក្សប្រជាជនកម្ពុជា​ ចុះជួយមូលដ្ឋានឃុំកណ្តឹង ​ស្រុកបាទី ខេត្តតាកែវ តែងឆ្លៀតឱកាសប្រគេនព្រះសង្ឃនូវទៀនព្រះវស្សា​ ទេយ្យវត្ថុ បច្ច័យ ដើម្បី​សុំសេចក្តីសុខ សេចក្តីចំរើនជូនដល់វីរកងទ័ពកម្ពុជា ​និងថ្នាក់ដឹកនាំ ព្រមទាំងប្រជាជន​កម្ពុជាទាំងអស់គ្នា ៕ តារាវុទ្ធី

លទ្ធផលកិច្ចប្រជុំRBC យោធភូមិភាគទី៥កម្ពុជា និងកងទ័ពភូមិភាគទី១ថៃ ភាគី​ទាំង​ពីរ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ ក្នុងការអនុវត្តបទឈប់បាញ់ និងគោលការណ៍ឯកភាពទាំង១៣ចំណុច

2025/08/22 12:01:47 pm        582
ភ្នំពេញ៖ លទ្ធផលកិច្ចប្រជុំ RBC យោធភូមិភាគទី៥កម្ពុជា និងកងទ័ពភូមិភាគទី១ថៃ នៅ​ព្រឹក​ថ្ងៃ​ទី២២ ខែសីហានេះ នៅខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ ភាគីទាំងពីរ បានប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការអនុវត្តបទឈប់បាញ់ និងគោលការណ៍ឯកភាពទាំង១៣ចំណុច។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មាន អំពីលទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC)​ រវាងយោធភូមិភាគទី៥របស់កម្ពុជា និងកងទ័ពភូមិភាគទី១ របស់ថៃនៅព្រឹកនេះ។ សេចក្ដី​ប្រកាសព័ត៌មានបញ្ជាក់ថា គណៈប្រតិភូកម្ពុជា ដឹកនាំដោយ ឧត្តមសេនីយ៍ឯក ឯក សំអូន មេ​បញ្ជាការយោធភូមិភាគទី៥ និង​ជា​សហប្រធាននៃ​កិ​ច្ចប្រ​ជុំ​វិសាមញ្ញ​របស់​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធភូមិភាគ (RBC)។ គណៈប្រតិភូថៃ ដឹកនាំដោយ ឧត្តមសេនីយ៍ឯក Amarit Boonsuya មេបញ្ជាការ កងទ័ពភូមិភាគទី១ និងជាសហប្រធាន​នៃ​កិច្ច​ប្រជុំ​វិសាមញ្ញ​របស់​គណៈកម្មាធិការ​ព្រំដែនថ្នាក់យោធភូមិភាគ (RBC)។ បើតាមសេចក្ដីប្រកាសព័ត៌មានដដែល កិច្ចប្រជុំវិសាមញ្ញរបស់​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធ​ភូមិ​ភាគ​កម្ពុជា-ថៃ (RBC) បានបញ្ចប់ដោយ​ជោគជ័យ​នៅវេ​លាម៉ោ​ង​១១​:​១៥​នាទី​ព្រឹក​ថ្ងៃ​ដ​ដែល ដោយភាគីកម្ពុជា និងថៃបានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការអនុវត្តបទឈប់បាញ់ និងគោលការណ៍ឯកភាពទាំង១៣ចំណុច ការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងការស្តារប្រក្រតីភាពឡើងវិញនៅតាមតំបន់ព្រំដែន។ ភាគីទាំងពីរក៏បានឯកភាពគ្នាក្នុងការរៀបចំកិច្ចប្រជុំបន្ទាប់របស់គណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគ (RBC) ក្នុងរយៈពេលមួយខែក្រោយកិច្ចប្រជុំវិសាមញ្ញនេះ ឬតាមពេលវេលាសមស្រប ដោយប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញផ្តល់បទឧទ្ទេសនាមក្នុងវគ្គអប់រំ​នយោបាយ​របស់​គណបក្ស កម្រិត២ ជំនាន់ទី២០

2025/08/22 11:51:59 am        281
នារសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី សមាជិក​គណៈ​អចិន្ត្រៃយ៍​គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជារដ្ឋមន្រ្តី​ក្រសួង​មុខងារ​សាធារណៈ បានអញ្ជើញផ្តល់បទឧទ្ទេសនាមស្តីពី «ភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងគុណា​ធិបតេយ្យ​ក្នុ​ង​រដ្ឋបាលសាធារណៈ» ក្នុងវគ្គអប់រំនយោបាយរបស់គណបក្ស កម្រិត២ ជំនាន់ទី២០ ជូន​ដល់សមាជិក សមាជិកាគណបក្សប្រមាណ ១៤០នាក់ នៅ​ទី​ស្នាក់​ការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា (វិមាន ៧មករា រាជធានីភ្នំពេញ)។ក្នុងបទឧទ្ទេសនាម ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានរំលឹកអំពីទិដ្ឋភាពទូទៅនៃការកែទម្រង់រដ្ឋបាលសាធារណៈនៅក្នុងបរិបទកម្ពុជាចាប់តាំងពីប្រវត្តិនៃការកកើតរហូតមកដល់បច្ចុប្បន្ន។ ក្នុងនោះ ឯកឧត្តម ក៏បានរំលេចពីការអនុវត្តវិធានការគន្លឹះទាំង៣ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដែលជាកិច្ចការងារអាទិភាពរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា (គ.វ.រ.) ដែលដឹកនាំអនុវត្តដោយក្រសួងមុខងារសាធារណៈ។ ទន្ទឹមនេះ ឯកឧត្តម បានបន្ថែមថាការងារបន្ទាប់សំខាន់ដែលជាការងារអាទិភាពចំពោះមុខមួយទៀត គឺការអនុវត្តយុទ្ធនាការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងការជំរឿនមន្រ្តីជាក់ស្តែងនៅតាមគ្រឹះស្ថានសិក្សាសាធារណៈ, នៅតាមអង្គភាពសុខាភិបាលមូលដ្ឋាន, និងនៅតាមក្រសួង ស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ ដែលនឹងចាប់ផ្តើមអនុវត្តនាពេលឆាប់ៗខាងមុខនេះ។ ឯកឧត្តម បានលើកទឹកចិត្តឱ្យសិក្ខាកាមទាំងអស់ចូលរួមផ្សព្វផ្សាយពីគោលបំណងពិតប្រាកដនៃការធ្វើជំរឿន ដោយក្នុងនោះ ឯកឧត្តមបានផ្តាំផ្ញើថា “ស្មារតីនៃការធ្វើជំរឿននេះ គឺមិនមែនមានគោលបំណងដើម្បីស្វែងរកកំហុស មិនមែនជាការឈានដល់ការវះកាត់ ឬសើរើទិន្នន័យឯកសារចាស់ៗ ដើម្បីមានចំណាត់ការវិន័យ ឬធ្វើឱ្យបាត់ប្រយោជន៍ក្នុងនាមជាមន្រ្តីរាជការដែលខិតខំបំពេញការងារពិតប្រាកដនោះទេ។ គោលបំណងពិតប្រាកដនៃការធ្វើជំរឿន គឺដើម្បីកំណត់បានទិន្នន័យច្បាស់លាស់អំពីរចនាសម្ព័ន្ធមន្រ្តីជាក់ស្តែង ដែលទិន្នន័យទាំងអស់នេះគឺជាមូលដ្ឋានគ្រឹះមិនអាចខ្វះបានសម្រាប់ការរៀបចំផែនការគ្រប់គ្រង និងអភិវឌ្ឍធនធានមនុស្ស ការបែងចែកថវិកា និងការរៀបចំគោលនយោបាយនានាឱ្យមានប្រសិទ្ធភាព។” ឯកឧត្តមបានបន្ថែម៕

សាកលវិទ្យាល័យជាតិមានជ័យរៀបចំកម្មវិធីប្រកួតប្រជែងគំរូអាជីវកម្មនិស្សិត

2025/08/22 11:36:50 am        306
បន្ទាយមានជ័យ៖ក្រោមកិច្ចសហការ និងការគាំទ្រពីសហគ្រិនខ្មែរ សាកលវិទ្យាល័យជាតិមានជ័យបានរៀបចំកម្មវិធីគំរូអាជីវកម្មនិស្សិត នៃកម្មវិធីសហគ្រិនមហាវិទ្យាល័យរដូវកាលទី៣ ដែលមាននិស្សិតចូលរួមចំនួនប្រមាណ៣០នាក់ចូលរួមប្រកួតប្រជែង។នាថ្ងៃទី២១ ខែសីហា ឆ្នាំ ២០២៥ ក្រោមវត្តមាន ឯកឧត្តម ជា សឿន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិមានជ័យ និង គណៈកម្មការវាយតម្លៃពីមន្ទីរពាណិជ្ជកម្មខេត្ត សមាគមសហគ្រិនវ័យក្មេងខេត្តបន្ទាយមានជ័យ គណៈគ្រប់គ្រង សាស្ត្រាចារ្យ ក្រុមនិស្សិតបេក្ខជន និស្សិតប្រមាណជិត១៥០នាក់ ប្រារព្ធធ្វើឡើង នៅសាកលវិទ្យាល័យជាតិមានជ័យ។កម្មវិធីប្រកួតប្រជែងគំរូអាជីវកម្មនេះ រៀបចំកម្មវិធីបណ្តុះបណ្តាលរយៈពេល៤ថ្ងៃ សម្រាប់ផ្តល់ចំណេះដឹង និងគំនិតច្នៃប្រឌិតផ្សេងៗអោយមានគំនិតសហគ្រិនភាព និងបានជម្រុញដល់និស្សិតអោយមានការរៀបចំគំរូអាជីវកម្មថ្មី និងទទួលការរៀនសូត្របន្ថែមពីគ្រូបង្វឹករបស់យើងទាក់ទងការរៀបចំផែនការអាជីវកម្ម និងការផលិតផលគម្រូលើវិស័យកសិកម្ម និងបច្ចេកវិទ្យា។ ឯកឧត្តម បណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្តិនៃសហគ្រិនខ្មែរ បានមានប្រសាសន៍ក្នុងកម្មវិធីសម្ពោធគម្រោងសហគ្រិនមហាវិទ្យាល័យរដូវកាលទី៣ ថា «ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពដែលមានភាពរស់រវើក តែងតែមានការបង្កើតនវានវត្តន៍ថ្មី ថែទាំនវានុវត្តន៍ដែលមានស្រាប់ ជម្រុញនវានុវត្តន៍ដែលមានសក្តានុពល ហើយកម្មវិធីនេះ យុវសិស្សមានឱកាសបង្កើតនវានុវត្តន៍ថ្មី ដើម្បីទុកជាទុនសម្រាប់គំនិតច្នៃប្រឌិតថ្ងៃក្រោយ ដែលជាការអភិវឌ្ឍមូលធនមនុស្សស្របតាម យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា»។ ឯកឧត្តម ជា សឿន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិមានជ័យ បានមានប្រសាសន៍ថា សាកលវិទ្យាល័យជាតិមានជ័យមិនត្រឹមតែផ្តោតទៅលើការបង្រៀន និងការស្រាវជ្រាវប៉ុណ្ណោះទេ សាកលវិទ្យាល័យក៍មានបេសកម្មតម្រង់ទិសអភិវឌ្ឍន៍សមត្ថភាពស្រាវជ្រាវដោយផ្សារភ្ជាប់ ជាមួយឧស្សាហកម្មដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងខេត្តបន្ទាយមានជ័យ និងខេត្តជាប់ព្រំប្រទល់ផងដែរ។ឯកឧត្ដម បន្ថែមថា កម្មវិធីនេះគឺជាផ្នែកមួយរបស់កម្មវិធី សហគ្រិនមហាវិទ្យាល័យ (UniPreneur) ដែលបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់នវានុវត្តភាព និងសហគ្រិនភាព ទៅកាន់និស្សិត ដោយប្រែក្លាយគំនិតច្នៃប្រឌិតរបស់និស្សិត ឱ្យក្លាយទៅជាផលិតផលឬសេវាកម្ម ដែលអាចដោះស្រាយបញ្ហាប្រឈមប្រចាំថ្ងៃរបស់ប្រជាជន វិស័យសាធារណៈ និងវិស័យឯកជនជាដើម។ ក្រុមនិស្សិតឆ្នើមដែលទទួលបានជ័យលាភី នឹងមានឱកាសទៅចូលរួមក្នុងកម្មវិធីបណ្តុះគំនិតធុរកិច្ចថ្មី UnipreneurCamp រយៈពេល ៣ថ្ងៃ ពីថ្ងៃទី១២ រហូត ដល់ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ នៅសាកលវិទ្យាល័យជាតិមានជ័យ ក្នុងចំណោមនិស្សិតសាកលវិទ្យាល័យផ្សេងៗទៀតប្រមាណ៣០០នាក់។ សូមបញ្ជាក់ថា ក្រុមនិស្សិតជ័យលាភី៣ក្រុមត្រូវបានជ្រើសរើសដើម្បីទទួលបានពានរង្វាន់ និងមានឱកាសចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាលធុរៈកិច្ចថ្មីក្នុងកម្មវិធី UnipreneurSprint តាមអនឡាញរយៈពេល៤សប្តាហ៍មុននឹងពួកគេទៅបន្តការប្រកួតប្រជែងថ្នាក់ជាតិ (Unipreneur National Challenge ) ដើម្បីទទួលបានពានរង្វាន់ក្នុងព្រឹត្តិការណ៍ Awards Night ពីសហគ្រិនខ្មែរ (Khmer Enterprise) នៅពេលខាងមុខ៕

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ណែនាំដល់អាជ្ញាធរខេត្តមានជនភៀសសឹកបន្តយកចិត្តទុកដាក់ពីសុខទុក្ខពួកគាត់ឱ្យបានប្រសើរ

2025/08/22 11:27:04 am        272
យោងតាមរបាយការណ៍ គិតត្រឹមថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ ជនភៀសសឹកបានត្រឡប់ទៅលំនៅដ្ឋានចំនួន ៨៨៦គ្រួសារ និងមានជនភៀសសឹកបន្តស្នាក់នៅមណ្ឌលសុវត្ថិភាពសរុបចំនួន ៨,៦៩៤គ្រួសារ ស្មើនឹងចំនួនមនុស្ស ២៨,៤៤២នាក់ ដោយក្នុងនោះ មានខេត្តចំនួន៤ រួមមាន ឧត្តរមានជ័យ, បន្ទាយមានជ័យ, ព្រះវិហារ និងសៀមរាប។តាងនាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកមម្ពុជា និង ជាប្រធាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ រាជរដ្ឋាភិបាលបានបន្តគិតគូរយកចិត្តទុកដាក់ចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋជនភៀសសឹកទាំងអស់ និងបានត្រៀមស្បៀងបម្រុងគ្រប់គ្រាន់ ដែលមានរដ្ឋបាលថ្នាក់ក្រោមជាតិជាសេនាធិការ និងជាលេខាធិការដ្ឋាន គ.ជ.គ.ម។ក្នុងនាម គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានណែនាំដល់អាជ្ញាធរខេត្ត, មន្រ្តីជំនាញ និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ សូមបន្តយកចិត្តទុកដាក់ពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋភៀសសឹកដែលបន្តស្នាក់នៅជំរុំឱ្យទទួលបានស្បៀងគ្រប់គ្រាន់ និងជួយលើការថែទាំសុខុមាលភាពភៀសសឹក ពិសេសស្រ្តី និងកុមារឱ្យបានល្អប្រសើរ។

កម្ពុជា-ម៉ាឡេស៊ី ពង្រឹងកិច្ចសហប្រតិបត្តិការលើការវិនិយោគ និងពាណិជ្ជកម្មបន្ថែម

2025/08/22 11:07:19 am        307
កម្ពុជា-ម៉ាឡេស៊ី ពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ការងារ លើកិច្ចការទំនាក់ទំនងទ្វេរភាគី ដើម្បី​ពង្រឹង និងពង្រីកបន្ថែមនូវកិច្ច សហប្រតិបត្តិការ ជាពិសេសការទាក់ទាញវិនិយោគិនម៉ាឡេស៊ី ឱ្យ​មកបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើន។ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុង​ជំនួប​សម្តែង​ការ​គួរសម និង ពិភាក្សាការងារជាមួយ ឯកឧត្តម Shaharuddin Onn ឯកអគ្គ​រាជ​ទូត​វិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសម៉ាឡេស៊ី ប្រចាំព្រះរាជា ណាចក្រកម្ពុជា នៅថ្ងៃទី២១ ខែ​សីហា ឆ្នាំ២០២៥, តាមរយៈជំនួបនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរាជទូត បាន​ ធ្វើការជជែកពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ការងារ ពិសេសលើការពង្រឹងទំនាក់ទំនងទ្វេរភាគី ដើម្បី​ពង្រឹងនិងពង្រីកបន្ថែមទៀត លើ កិច្ចសហប្រតិបត្តិការនាពេលអនាគត ដោយរំពឹងថា នឹង​អាច​ទាក់​ទាញ​វិនិយោគម៉ាឡេស៊ីបានច្រើនមកកាន់កម្ពុជា ជាពិសេសលើ វិស័យ​ឧស្សាហកម្ម​កែ​ច្នៃ​ម្ហូប​អាហារ​ហាឡាល់ (Halal Food)។ឯកឧត្តមឯកអគ្គរាជទូត បានសម្តែងនូវថ្លែងអំណរគុណចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែល​បាន​អនុញ្ញាត​ឱ្យរូបឯកឧត្តម និងសហការី បានចូលជួបសម្តែង ការគួរសម និងពិភាក្សា​ការងារ​នា​ឱកា​ស​នេះ។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានសម្តែងនូវការកោត សរសើរ និងវាយតម្លៃខ្ពស់ ចំពោះ​កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការអនុវត្តបទឈប់បាញ់ ដែល​បាន​ឯកភាព ជាផ្លូវការកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅក្នុងទីក្រុងពូត្រាចាយ៉ា ប្រទេស​ម៉ាឡេស៊ី ​ដែលនេះបានបង្ហាញឱ្យឃើញពីការប្តេជ្ញា ចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការស្វែង​រក​សន្តិភាព និងស្ថិរភាពរវាងប្រទេសជិតខាង ដើម្បីគាំទ្រដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ជាតិ។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវក្តីសោមនស្សរីករាយ និងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ​រដ្ឋាភិបាលម៉ាឡេស៊ី ដែលមាន ឯកឧត្តម Anwar Ibrahim ជានាយករដ្ឋមន្ត្រី និងជា​ប្រធាន​អាស៊ាន​ឆ្នាំ២០២៥ ដែលបានជួយសម្របសម្រួលក្នុង កាលៈទេសៈដែលកម្ពុជានិងថៃ មាន​ការ​ប្រឈមដាក់គ្នាលើបញ្ហាព្រំដែន។ ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក្នុង​នាម​រាជ​រដ្ឋាភិបាលកម្ពុជា បានបង្ហាញនូវគាំទ្រ ចំពោះលទ្ធផ​ល​ដែល​សម្រេច​បានតា​មរយៈ​កិច្ច​ប្រជុំ​វិសាមញ្ញ​គណៈកម្មាធិការ ព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ក្នុង​ទី​ក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ីផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

កម្ពុជាជឿជាក់កិច្ចប្រជុំ RBCថ្ងៃនេះ នឹងទទួលបានលទ្ធផលល្អ រហូតដល់គោរពបាន នូវបទឈប់បាញ់ប្រកបដោយប្រសិទ្ធភាព

2025/08/22 10:47:32 am        313
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥នេះ ថ្នាក់ភូមិភាគីកម្ពុជា និងមានបើកកិច្ចប្រជុំវិសាមញ្ញ គណៈកម្មការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ(RBC) នៅខេត្តស្រះកែវប្រទេសថៃ ហើយលោកជំទាវរំពឹងថា កិច្ចប្រជុំនេះ នឹងទទួលបានផ្លែផ្កា​ល្អរហូតដល់អាចគោរពនូវ​កិច្ច​ព្រមព្រៀង បទឈប់បាញ់ប្រកបដោយប្រសិទ្ធភាព។ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ស្តីពីការអនុវត្តបទឈប់បាញ់ នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥នេះ លោកជំទាវ ម៉ាលី សុជាតា បានលើកឡើងថា ​កិច្ចប្រជុំជាលើកទី២ ថ្នាក់​បណ្តា​ភូមិភាគនេះ​គឺ ភាគីកម្ពុជាដឹកនាំដោយឧត្តមសេនីយ៍ឯក​ ឯក សំអូន មេបញ្ជាការយោធភូមិ​ភាគទី៥កម្ពុជា ​ខណៈភាគីថៃ​ដឹកនាំ​ដោយ​ឧត្តមសេនីយ៍ឯក អម្រឹតប៊ុន ស៊ីយ៉ា មេបញ្ជាការកងទ័ព​ភូមិភាគទី១ថៃ ​ហើយកិច្ចប្រជុំនេះនឹង​ពិភាក្សាគ្នាជាច្រើនលើកិច្ចព្រមព្រៀងទាំងឡាយ ដែលថ្នាក់​ដឹកនាំនៃប្រទេសទាំងពីរបានឯកភាពគ្នានៅប្រទេសម៉ាឡេស៊ី។លោកជំទាវ ម៉ាលី សុជាតា «យើងសង្ឃឹមថា​ កិច្ចប្រជុំនេះ (RBC)នឹងទទួលបានលទ្ធផលជាវិជ្ជមាន បន្ថែមទៀត​ដែលអនុញ្ញាត​ឲ្យភាគីទាំងពីរជំរុញ​ការអនុវត្តបទឈប់បាញ់ ឲ្យមានប្រសិទ្ធភាព​ពេញលេញ ​និងនាំមកវិញនូវសន្តិភាព​ ស្ថេរភាព និងស្ថានភាពប្រក្រតីភាពវិលត្រឡប់មកវិញ»។សូមបញ្ជាក់ថា កាលនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ កិច្ចប្រជុំលេខាធិការដ្ឋាន នៃ​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥ របស់កម្ពុជា និងកងទ័ពភូមិ​ភាគទី១ របស់ថៃ បានដំណើរការកិច្ចប្រជុំរបស់ខ្លួន ដោយភាគីទាំងពីរបានឯកភាពដំណើរការ​កិច្ចប្រជុំមួយ​ផ្នែក​តាមប្រព័ន្ធបច្ចេកវិទ្យា​អនឡាញ រយៈពេលពេញ១ថ្ងៃ។ជាលទ្ធផលកិច្ចប្រជុំក្រុមលេខាបានប្រព្រឹត្តទៅដោយ​មានការ​រីកចម្រើន​ជាវិជ្ជមានមួយចំនួន​គួរ​ឱ្យកត់សម្គាល់ ក្រោយពេលជួបប្រជុំពិភាក្សាគ្នា ​ដើម្បីត្រៀមសម្រាប់កិច្ចប្រជុំ វិសាមញ្ញរបស់​គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) នៅថ្ងៃនេះ៕អត្ថបទបានចក់

រដ្ឋមន្ត្រីក្រសួងការងារ និងឯកអគ្គរា​ជទូតចក្រ​ភពអង់​គ្លេសពិភាក្សាគ្នា ជំរុញ​កិច្ច​សហប្រតិបត្តិការ​ស្តីពី​ការ​អប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ

2025/08/22 10:17:57 am        300
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រី​ក្រសួង​ការ​ងារ និងបណ្ដុះប​ណ្ដាល​វិជ្ជា​ជីវៈ នារសៀល​ថ្ងៃទី​២១ ខែ​សីហា ឆ្នាំ២០២៥ បាន​ទទួល​ជួប​ពិភាក្សាកា​រ​ងារ​ជាមួ​យឯ​កឧត្ត​ម ដូមី​និក វីល្លៀ​ម (Dominic Williams) ឯក​អគ្គ​រាជ​ទូត​ចក្រភព​អង់​គ្លេស​ប្រចាំ​ព្រះរាជា​ណាចក្រ​កម្ពុជា ដើម្បី​សម្ដែង​ការ​គួរ​សម និង​ពិភាក្សា​ពីកិច្ច​សហ​ប្រតិបត្តិ​ការ​ក្នុង​វិស័យ​អប់រំ​បណ្ដុះ​បណ្ដាល​បច្ចេក​ទេស និង​វិជ្ជា​ជីវៈ​។កិច្ចពិភាក្សាដែលធ្វើឡើងនៅ​ទីស្ដី​ការ​ក្រសួង ឯកឧត្តម​រដ្ឋ​មន្រ្តី ហេង សួរ បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​​ទំនាក់​ទំនង​រវា​ងព្រះ​រាជាណា​ចក្រ​កម្ពុ​ជា និង​ចក្រភព​អង់​គ្លេស​នាពេល​កន្លង​មក ដែល​បាន​ជួយ​គាំ​​ទ្រដ​ល់ដំណើរការគ្រប់គ្រ​ងប្រព័​ន្ធកា​រ​ងារ កិច្ច​គាំពារ​ពលករ​ចំណាក​ស្រុក និង​ការ​អប់រំ​បណ្ដុះ​​បណ្ដាល​បច្ចេក​ទេស និង​វិជ្ជា​ជីវៈ ដើម្បី​រួមចំ​ណែក​ជាមួយ​រាជ​រដ្ឋាភិ​បាល​នៃព្រះ​រាជាណា​ចក្រក​​ម្ពុជា​ក្នុងកា​រអភិវឌ្ឍ​សេដ្ឋ​កិច្ច​ជាតិ​។ឯកឧត្តមរដ្ឋមន្រ្តី បានសង្ក​ត់ធ្ងន់​ទៅលើការ​ខិត​ខំប្រឹង​ប្រែង​របស់​រាជ​រដ្ឋាភិបាល​កម្ពុ​ជា ក្នុង​ការ​បង្កើត​ឱកាស​ការ​ងារ ការ​គាំពា​រ​សន្ដិ​សុខ​សង្គម និង​ការ​ដាក់​ចេញ​នូវកម្ម​វិធី​បណ្តុះ​បណ្តាល​បច្ចេក​ទេ​ស និង​វិជ្ជា​ជីវៈ ដែល​មាន​កិច្ច​សហកា​រល្អ​ជាមួយ​នឹង​ចក្រភ​ព​អង់​គ្លេស​។ បន្ថែម​លើ​នេះ ឯកឧត្តម​រដ្ឋ​មន្រ្តី​បាន​បញ្ជាក់​ថា រាជរដ្ឋាភិបាលកម្ពុ​ជាបាន​ត្រៀម​ខ្លួន​រួ​ច​រាល់ ក្នុងការបន្តកិច្ច​សហការ​ជាមួយច​ក្រភ​ពអង់​គ្លេស​ ដើម្បី​ពង្រីក និង​ពង្រឹង​ទំនាក់​ទំនង ភាពជាដៃគូក្នុងកា​រអភិវ​ឌ្ឍវិស័យអប់​រំបណ្ដុះប​ណ្ដាល​បច្ចេក​ទេស និង​វិជ្ជា​ជីវៈរ​វាងប្រ​ទេសទាំ​ង​ពីរ។ជាការឆ្លើ​យត​ប ឯកឧ​ត្តម ដូមី​និក វីល្លៀម (Dominic Williams) ឯក​អគ្គរាជ​ទូតចក្រ​ភព​អង់គ្លេ​ស​ប្រចាំព្រះរា​ជាណាច​ក្រកម្ពុ​ជា បាន​ឯកភា​ពចំ​ពោះកា​​រ​លើក​ឡើង​របស់​ឯកឧត្តម​រដ្ឋ​មន្រ្តី ហើយ​ចក្រ​ភព​អង់​គ្លេសនៅ​បន្ត​រក្សាទំ​នាក់​ទំនង​ល្អ និង​ការ​គាំទ្រ​ដល់​ដំណើរ​ការ​អភិវឌ្ឍ​វិស័យ​អប់រំ​បណ្ដុះ​បណ្ដាលប​ច្ចេក​ទេស​ និង​វិជ្ជា​ជីវៈ​នៅព្រះ​រាជា​ណាច​ក្រ​កម្ពុជា​។សូមបញ្ជក់ផងដែរថា បន្ទាប់ពីបញ្ចប់ជំ​នួបពិ​ភាក្សាការងារ ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បានអញ្ជើញ​ឯកឧត្តមឯកអ​គ្គរា​ជទូត​ច​ក្រភពអង់គ្លេ​សប្រចាំ​ព្រះរាជាណា​ចក្រក​ម្ពុជា​ និង​សហ​ការី ទៅទស្សនាបន្ទប់ផ្តល់ព័ត៌មាន ២៤​ម៉ោង តាម​រយៈ​លេខ​ទូរសព្ទ Hotline 1297 ដែល​បម្រើដ​ល់កា​រស្វែងរ​កកា​រ​ងារធ្វើរ​បស់ប​ង​ប្អូន​ប្រជាព​លរដ្ឋ ជាពិសេស ពលករខ្មែរដែលទើបវិលត្រឡប់មកពីប្រទេសថៃវិញ៕

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមអបអរសាទរខួបលើកទី៨០ឆ្នាំ ទិវាឯករាជ្យរបស់វៀតណាម

2025/08/21 08:45:12 pm        479
(ភ្នំពេញ)៖ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២១ ខែសីហា ឆ្នាំ២០២៥នេះ ស្ថានទូតវៀតណាម ប្រចាំនៅកម្ពុជា បានរៀបចំពិធីអបអរសាទរខួបលើកទី៨០ឆ្នាំទិវាឯករាជ្យ​របស់វៀត​ណាម (២/៩/១៩៤៥-២/៩/២០២៥)។ ពិធីនេះទទួលបានការផ្តល់កិត្តិយសអញ្ជើញ​ចូល​រួមយ៉ាងខ្ពស់ដោយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។ថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥ ជាថ្ងៃដ៏មហោឡារិកនៃការទទួលបានឯករាជ្យរបស់ប្រជា​ជាតិ​វៀតណាម ហើយក៏ជាថ្ងៃបង្កើតឡើងសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម ដែលសព្វថ្ងៃ គឺសាធារណរដ្ឋសង្គមនិយមវៀតណាម។ ថ្នាក់ដឹកនាំ និងប្រជាជន​វៀត​ណាម តែងបានប្រារព្ធពិធីអបអរសាទរថ្ងៃឯករាជ្យរបស់ខ្លួនយ៉ាងកងរំពងជារៀង​រាល់​ឆ្នាំនាថ្ងៃទី២ ខែកញ្ញា។ក្នុងពិធីអបអរសាទរនាល្ងាចថ្ងៃនេះ លោក ង្វៀន មីញ វ៉ូ ឯកអគ្គរដ្ឋទូតវៀតណាម​ប្រចាំ​នៅកម្ពុជា បានចាត់ទុកការអញ្ជើញចូលរួមជាកិត្តិយសរបស់សម្តេចតេជោ ហ៊ុន សែន ក៏ដូចជាថ្នាក់ដឹកនាំកម្ពុជាដទៃទៀត គឺជាសក្ខីភាពដ៏រឹងមាំនៃចំណងសាមគ្គីភាព មិត្ត​ភាព​ជាប្រពៃណី និងក្តីស្រលាញ់ដ៏ជ្រាលជ្រៅចំពោះប្រជាជនវៀតណាម។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្រាដែលទិវា​ឯករាជ្យ​ថៃ្ង​ទី២ ខែកញ្ញា ជិតមក​ដល់​​ប្រជាជនវៀតណាម ​មាន​អា​រម្មណ៍​រីករាយនៃការរំឭកព្រឹត្តិការណ៍ដ៏សំខាន់នេះ និង​ការចងចាំអំពីវីរភាព​ក្លា​ហាន​របស់យុទ្ធជន ដែលបានតស៊ូប្រយុទ្ធដើម្បីបុព្វហេតុ​យុត្តិ​ធម៌។ ទឹកចិត្តស្នេហាជាតិ និង​ពលីកម្មរបស់ពួកគេ ដើម្បីឆ្ពោះទៅទទួលបាន​សិទ្ធិ​ស្វ័យសម្រេច តែងតែត្រូវបាន​ចង​ចាំ និងដឹងគុណជានិច្ច។ ទិវាឯករាជ្យ គឺជាថ្ងៃចាប់​ផ្តើម​នៃយុគសម័យថ្មី ដែលកំណត់​ដោយភាពធន់, ការរួបរួម និងក្តីសង្ឃឹម។ សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចផងដែរថា ថ្ងៃឯករាជ្យជាតិរបស់វៀតណាម កាលពី៨០​ឆ្នាំ​មុន មិនគ្រាន់តែសម្រាប់ប្រជាជនវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែ គឺជា​កម្លាំង​ជំរុញសម្រាប់​បណ្តាប្រជាជាតិក្នុងតំបន់អាស៊ីអាគ្នេយ៍រួមទាំងកម្ពុជាផងដែរ ងើបឈរ ឡើងតស៊ូដើម្បីឯករាជ្យពីអាណានិគមនិយម។សម្តេចតេជោ បានសម្តែងការអបអរសាទរចំពោះមិត្តវៀតណាម ដែលបានធ្វើដំណើរ​យ៉ាង​ស្វា​ហាប់ក្នុង​ការ​អភិ​វឌ្ឍសង្គម-សេដ្ឋកិច្ច ជាពិសេសការទទួលបានកំណើន សេដ្ឋ​កិច្ចជាង៧ភាគរយ ក្នុងឆ្នាំ២០២៤។ ប្រធានព្រឹទ្ធសភាកម្ពុជា បានបង្ហាញ​ជឿ​ជាក់​ថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់​បក្សកុម្មុយនីស្តវៀត​ណាម ដែលមានលោក តូ ឡឹម អគ្គលេខាធិការជាប្រមុខ​ដឹក​នាំរដ្ឋាភិបាល និងប្រជា​ជន​​វៀតណាម នឹងសម្រេចបានទិសដៅសហ​ស្សវត្សរ៍​ចំនួន​ពីរ៖ទី១៖ ជាប្រទេសកំពុងអភិវឌ្ឍ ដែលមានឧស្សាហកម្មទំនើប និងមានប្រាក់ចំណូល​មធ្យម​កម្រិតខ្ពស់នៅឆ្នាំ២០៣០ ក្នុងឱកាសខួប ១០០ឆ្នាំ នៃការបង្កើតបក្ស​កុម្មុយ​នីស្ត​វៀតណាម និងទី២៖ ជាប្រទេសសង្គមនិយម ដែលមានការអភិវឌ្ឍ និងមានប្រាក់ចំណូល​កម្រិត​ខ្ពស់ នៅឆ្នាំ២០៤៥ ស្របពេលខួបលើកទី១០០ នៃការបង្កើតសាធារណរដ្ឋប្រជា​ធិបតេយ្យ​វៀតណាម ក៏ដូចជាការលើកស្ទួយកិត្យានុភាព និង តួនាទីរបស់វៀតណាមនៅ​លើឆាក​តំបន់ និងអន្តរជាតិ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ពលរដ្ឋអាមេរិកនាំគ្នាដង្ហែរក្បួននៅទីក្រុង Miami អំពាវនាវឲ្យមានការផ្លាស់ប្តូរនយោបាយនៅគុយបា
04/27/2026 08:04 PM
UN៖ ស៊ុយអែតបានរំលោភលើសិទ្ធិកុមារមានពិការភាពអាល់បានី តាមរយៈការនិរទេស
04/27/2026 08:04 PM
សេតវិមាន នឹងពិភាក្សាអំពីសន្តិសុខប្រធានាធិបតី និងគាំទ្រសេវាសម្ងាត់
04/27/2026 08:04 PM
អធិការបតីអាល្លឺម៉ង់ លើកឡើងថា អ៊ុយក្រែនអាចនឹងព្រមបាត់បង់ទឹកដី ដើម្បីបើកផ្លូវចូល EU
04/27/2026 08:04 PM
លោកស្រី Von der Leyen រិះគន់លោក Merz ដោយបញ្ជាក់ថា ការលុបទណ្ឌកម្មអ៊ីរ៉ង់ គឺឆាប់ពេក
04/27/2026 08:04 PM
សហភាពអឺរ៉ុប ពង្រីករយៈពេលដាក់ទណ្ឌកម្មលើមីយ៉ាន់ម៉ា ១ឆ្នាំទៀត
04/27/2026 07:04 PM
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញចូលរួមពិធីបើកជាផ្លូវការកិច្ចប្រជុំកំពូលលើកទី៣ នៃបណ្តាញទីក្រុងសកលសម្រាប់ចីរភាព 3rd G-NETS Leaders Summit នៅទីក្រុងតូក្យូ ប្រទេសជប៉ុន​
04/27/2026 07:04 PM
ប្រធានាធិបតីលីបង់ឆ្លើយតបទៅក្រុមហេសបូឡាថា ការនាំប្រទេសចូលទៅក្នុងសង្គ្រាម គឺ «ក្បត់ជាតិ»
04/27/2026 07:04 PM
ប្រមុខការទូតកម្ពុជា ថ្លែងអំណរគុណសាធារណរដ្ឋឆែក បន្តផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ -ODA គាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា
04/27/2026 07:04 PM
កម្ពុជា-អាល្លឺម៉ង់ ប្តេជ្ញាចិត្តរួមគ្នាពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី
04/27/2026 07:04 PM