កម្ពុជារៀបចំទិវាកម្មសិទ្ធិបញ្ញាពិភពលោក ឆ្នាំ២០២៦ នៅព្រឹកនេះ
ប្រមុខការទូតកម្ពុជានិងថៃពិភាក្សាត្រង់ទៅត្រង់មកលើស្ថានភាពព្រំដែន ទាំងវិធានការកសាងទំនុកចិត្តនានា
សម្ដេចធិបតី៖ ត្រឹមឆ្នាំ២០២៥ កម្ពុជាទទួលពាក្យស្នើសុំចុះបញ្ជីម៉ាកចំនួន ១៥ ៦៨៣ ខណៈ​ការ​ចុះ​ប​​ញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញនឹងជំរុញឱ្យមានកំណើនតម្រូវការផលិតផលលើទីផ្សារជាតិ និង​អន្តរជាតិ
ក្រសួងសុខាភិបាលបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពី «សុពលភាព និងការប៉ាន់ប្រមាណតម្លៃ នៃផែនការយុទ្ធសាស្រ្ត សម្រាប់កម្មវិធីបង្ការ ថែទាំ និងព្យាបាលជំងឺអេដស៍ និងកាមរោគ ២០២៦-២០៣០»

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមអបអរសាទរខួបលើកទី៨០ឆ្នាំ ទិវាឯករាជ្យរបស់វៀតណាម

2025/08/21 08:45:12 pm        479
(ភ្នំពេញ)៖ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២១ ខែសីហា ឆ្នាំ២០២៥នេះ ស្ថានទូតវៀតណាម ប្រចាំនៅកម្ពុជា បានរៀបចំពិធីអបអរសាទរខួបលើកទី៨០ឆ្នាំទិវាឯករាជ្យ​របស់វៀត​ណាម (២/៩/១៩៤៥-២/៩/២០២៥)។ ពិធីនេះទទួលបានការផ្តល់កិត្តិយសអញ្ជើញ​ចូល​រួមយ៉ាងខ្ពស់ដោយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។ថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥ ជាថ្ងៃដ៏មហោឡារិកនៃការទទួលបានឯករាជ្យរបស់ប្រជា​ជាតិ​វៀតណាម ហើយក៏ជាថ្ងៃបង្កើតឡើងសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម ដែលសព្វថ្ងៃ គឺសាធារណរដ្ឋសង្គមនិយមវៀតណាម។ ថ្នាក់ដឹកនាំ និងប្រជាជន​វៀត​ណាម តែងបានប្រារព្ធពិធីអបអរសាទរថ្ងៃឯករាជ្យរបស់ខ្លួនយ៉ាងកងរំពងជារៀង​រាល់​ឆ្នាំនាថ្ងៃទី២ ខែកញ្ញា។ក្នុងពិធីអបអរសាទរនាល្ងាចថ្ងៃនេះ លោក ង្វៀន មីញ វ៉ូ ឯកអគ្គរដ្ឋទូតវៀតណាម​ប្រចាំ​នៅកម្ពុជា បានចាត់ទុកការអញ្ជើញចូលរួមជាកិត្តិយសរបស់សម្តេចតេជោ ហ៊ុន សែន ក៏ដូចជាថ្នាក់ដឹកនាំកម្ពុជាដទៃទៀត គឺជាសក្ខីភាពដ៏រឹងមាំនៃចំណងសាមគ្គីភាព មិត្ត​ភាព​ជាប្រពៃណី និងក្តីស្រលាញ់ដ៏ជ្រាលជ្រៅចំពោះប្រជាជនវៀតណាម។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្រាដែលទិវា​ឯករាជ្យ​ថៃ្ង​ទី២ ខែកញ្ញា ជិតមក​ដល់​​ប្រជាជនវៀតណាម ​មាន​អា​រម្មណ៍​រីករាយនៃការរំឭកព្រឹត្តិការណ៍ដ៏សំខាន់នេះ និង​ការចងចាំអំពីវីរភាព​ក្លា​ហាន​របស់យុទ្ធជន ដែលបានតស៊ូប្រយុទ្ធដើម្បីបុព្វហេតុ​យុត្តិ​ធម៌។ ទឹកចិត្តស្នេហាជាតិ និង​ពលីកម្មរបស់ពួកគេ ដើម្បីឆ្ពោះទៅទទួលបាន​សិទ្ធិ​ស្វ័យសម្រេច តែងតែត្រូវបាន​ចង​ចាំ និងដឹងគុណជានិច្ច។ ទិវាឯករាជ្យ គឺជាថ្ងៃចាប់​ផ្តើម​នៃយុគសម័យថ្មី ដែលកំណត់​ដោយភាពធន់, ការរួបរួម និងក្តីសង្ឃឹម។ សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចផងដែរថា ថ្ងៃឯករាជ្យជាតិរបស់វៀតណាម កាលពី៨០​ឆ្នាំ​មុន មិនគ្រាន់តែសម្រាប់ប្រជាជនវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែ គឺជា​កម្លាំង​ជំរុញសម្រាប់​បណ្តាប្រជាជាតិក្នុងតំបន់អាស៊ីអាគ្នេយ៍រួមទាំងកម្ពុជាផងដែរ ងើបឈរ ឡើងតស៊ូដើម្បីឯករាជ្យពីអាណានិគមនិយម។សម្តេចតេជោ បានសម្តែងការអបអរសាទរចំពោះមិត្តវៀតណាម ដែលបានធ្វើដំណើរ​យ៉ាង​ស្វា​ហាប់ក្នុង​ការ​អភិ​វឌ្ឍសង្គម-សេដ្ឋកិច្ច ជាពិសេសការទទួលបានកំណើន សេដ្ឋ​កិច្ចជាង៧ភាគរយ ក្នុងឆ្នាំ២០២៤។ ប្រធានព្រឹទ្ធសភាកម្ពុជា បានបង្ហាញ​ជឿ​ជាក់​ថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់​បក្សកុម្មុយនីស្តវៀត​ណាម ដែលមានលោក តូ ឡឹម អគ្គលេខាធិការជាប្រមុខ​ដឹក​នាំរដ្ឋាភិបាល និងប្រជា​ជន​​វៀតណាម នឹងសម្រេចបានទិសដៅសហ​ស្សវត្សរ៍​ចំនួន​ពីរ៖ទី១៖ ជាប្រទេសកំពុងអភិវឌ្ឍ ដែលមានឧស្សាហកម្មទំនើប និងមានប្រាក់ចំណូល​មធ្យម​កម្រិតខ្ពស់នៅឆ្នាំ២០៣០ ក្នុងឱកាសខួប ១០០ឆ្នាំ នៃការបង្កើតបក្ស​កុម្មុយ​នីស្ត​វៀតណាម និងទី២៖ ជាប្រទេសសង្គមនិយម ដែលមានការអភិវឌ្ឍ និងមានប្រាក់ចំណូល​កម្រិត​ខ្ពស់ នៅឆ្នាំ២០៤៥ ស្របពេលខួបលើកទី១០០ នៃការបង្កើតសាធារណរដ្ឋប្រជា​ធិបតេយ្យ​វៀតណាម ក៏ដូចជាការលើកស្ទួយកិត្យានុភាព និង តួនាទីរបស់វៀតណាមនៅ​លើឆាក​តំបន់ និងអន្តរជាតិ៕

​ការថែទាំផ្លូវមានសារៈសំខាន់ណាស់ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅជនបទ

2025/08/21 08:12:43 pm        129
ព្រៃវែង ៖ ក្រសួងអភិវឌ្ឍន៍ជនបទ ចាត់ទុកការថែទាំប្រចាំផ្លូវនៅតាមជនបទ មានសារៈសំខាន់ណាស់ ក្នុងគោលដៅថែទាំផ្លូវឲ្យបានល្អ និងយូរ អង្វែង បង្កើតសុខុមរម្យនានៅក្នុងសង្គម និងបង្កលក្ខណៈកាន់តែស្រួលជូនដល់ប្រជាពលរដ្ឋសម្រាប់ការធ្វើដំណើរ និងការរកស៊ីទទួល ទានផ្សេងៗ ។​លោកជំទាវ ឯក គន្ធវារី អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ លើកឡើងនៅក្នុងការចុះត្រួតពិនិត្យ វាយតម្លៃដំណាក់កាល ទី១ លើការងារថែទាំប្រចាំផ្លូវក្រាលកៅស៊ូ DBST ចំនួន៩ខ្សែ ប្រវែងសរុបជាង៩១ គីឡូមែត្រ ស្ថិតនៅឃុំចំនួន១៥ និង១សង្កាត់ ក្នុងខេត្ត ព្រៃវែង នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ នេះថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា គឺបានសម្រេចនូវសមិទ្ធផលជាច្រើន ដែលជាមូលដ្ឋានសម្រាប់ រាជរដ្ឋាភិបាលបន្តវេន ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ។ ភាពជោគជ័យដ៏ត្រចះត្រចង់នេះ គឺកើតចេញ ពីកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយក្នុងប្រទេស ដែលបានបង្កលក្ខណៈឱ្យប្រជាជនមានលទ្ធភាពប្រកបរបរចិញ្ចឹមជីវិត។ចំណែកទាក់ទិនការអភិវឌ្ឍជនបទវិញ ក្រសួងអភិវឌ្ឍន៍ជនបទ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បាននិងកំពុងផ្ដោតការយក ចិត្តទុកដាក់យ៉ាងខ្លាំង លើការងារស្ថាបនាហេដ្ឋារចនាសម្ព័ន្ធជាពិសេសផ្លូវជនបទ ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើ ដំណើរ និងការប្រកបមុខរបរអាជីវកម្មផ្សេងៗ ដែលនេះគឺជាការចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ និងការកាត់បន្ថយភាពក្រីក្ររបស់ ប្រជាពលរដ្ឋនៅតាមជនបទ។ ជុំវិញផ្លូវខាងលើនេះ លោកជំទាវ បានកោតសរសើរដល់នាយកដ្ឋានផ្លូវលំជនបទ ដែលបានយកចិត្តទុកដាក់ថែទាំប្រចាំផ្លូវទាំង អស់បានល្អប្រសើរ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលរួមមាន៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដែលគោលដៅចម្បង ទាំងនេះគឺរក្សាចលនាការណ៍នៃសន្តិភាព កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍។ ចំណែកនៅក្នុងដំណាក់កាលបន្ត លោកជំទាវ បានលើក ទឹកចិត្តដល់នាយកដ្ឋានផ្លូវលំជនបទ បន្តយកចិត្តទុកដាក់នៅលើការងារថែទាំប្រចាំផ្លូវរបស់ខ្លួន ឱ្យបានរឹតតែល្អថែមទៀត ព្រោះផ្លូវមាន សារៈសំខាន់ណាស់ ជាសរសៃឈាមនៃសេដ្ឋកិច្ច ជាពិសេសសម្រួលដល់ការធ្វើដំណើរដល់សាធារណជនទូទៅ៕អត្ថបទ៖ សុន រ៉ាឌី

អតីតពលការិនីត្រឡប់មកពីប្រទេសថៃ បីនាក់បងប្អូន ទទួលបានការងារធ្វើភ្លាមៗ នៅក្នុងខេត្តស្វាយរៀង ដោយម្នាក់ៗទទួលបានប្រាក់ឈ្នួលប្រចាំខែជិត ៥០០ដុល្លាអាមេរិក

2025/08/21 06:55:06 pm        212
(ស្វាយរៀង)៖ អតីតពលការិនីដែលបានវិលត្រឡប់មកពីប្រទេសថៃ ទាំងបីនាក់បងប្អូន ដែលរួមមាន កញ្ញា សំ រក្សា កញ្ញា សំ លីដា និងកញ្ញា សូត្រ ចាន់នី មានស្រុកកំណើតនៅខេត្តក្រចេះ ទទួលបានការងារភ្លាមៗ តាមរយៈការជួយជ្រោមជ្រែងពីសំណាក់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅក្នុងរោងចក្រ ស៊ឺនសុង បូ ភែកឃីជីង (ខេមបូឌា) ឯ.ក នៅខេត្តស្វាយរៀង។ បើតាមលោក អ៊ូ រតនា អគ្គនាយករង នៃអគ្គនាយកដ្ឋានការងារ និងជាអនុប្រធានការិយាល័យអ្នកនាំពាក្យ របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានចុះទៅជួយអន្តរាគមន៍ផ្ទាល់ក្នុងការផ្គូផ្គង រវាងអ្នករកការងារធ្វើ ជាមួយរោងចក្រខាងលើបានឱ្យដឹងថា បងប្អូនគាត់ទាំងបីទទួលបានប្រាក់ឈ្នួលសរុបប្រចាំខែម្នាក់ៗ ចន្លោះពី ៤០០ ទៅ ៥០០ដុល្លាអាមេរិក។ ជាការឆ្លើយតបនូវអ្វីដែលទទួលបាន ពួកគាត់ទាំងបីនាក់បងប្អូន បានសំដែងក្ដីរីករាយដែលបានត្រឡប់មកស្រុកខ្មែរវិញ ហើយទទួលបានការងារនៅជិតផ្ទះ មិនដូចនៅស្រុកថៃ ពួកគាត់ទទួលបានការរើសអើងពីសំណាក់ជនអគតិមួយចំនួន ចាប់តាំងពីមានសង្គ្រាមមក។ ពួកគាត់សូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានគិតគូរជួយរកការងារធ្វើដល់បងប្អូនពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃវិញ និងអំពាវនាវដល់បងប្អូនដែលកំពុងធ្វើការនៅប្រទេសថៃឱ្យវិលត្រឡប់មកស្រុកវិញ ព្រោះនៅប្រទេសកម្ពុជាឥឡូវក៏សម្បូរការងារធ្វើដែរ។ ដើម្បីទទួលបានព័ត៌មានបន្ថែមអំពីឱកាសការងារ សូមទាក់ទងមក NEA តាមរយៈលេខទូរស័ព្ទ Hotline ១២៩៧៕

ឯកឧត្តម ឃឹម ហ្វីណង់៖ទោះបីជាថ្លៃស្រូវបច្ចុប្បន្ននៅតែបន្តជាបញ្ហាប្រឈមតែការចូលរួមប្រមូលទិញស្រូវពីរោងម៉ាស៊ីនដៃគូពិតជាបានជួយកាត់បន្ថយយ៉ាងច្រើនដល់ការកកស្ទះនៅតាមទីវាល

2025/08/21 06:40:48 pm        269
ភ្នំពេញ៖ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២១ សីហានេះ បានបង្ហោះរូបភាពភ្ជាប់ជាមួយសកម្មភាពម្ចាស់រោងម៉ាស៊ីនកិនស្រូវកំពុងចុះប្រមូលទិញស្រូវរបស់បងប្អូនកសិករ ជាមួយគ្នានេះឯកឧត្តមបានបញ្ជាក់ថា ទោះបីជាថ្លៃស្រូវបច្ចុប្បន្ននៅតែបន្តជាបញ្ហាប្រឈមតែការចូលរួមប្រមូលទិញស្រូវពីរោងម៉ាស៊ីនដៃគូពិតជាបានជួយកាត់បន្ថយយ៉ាងច្រើនដល់ការកកស្ទះនៅតាមទីវាល។ ឯកឧត្តម ឃឹម ហ្វីណង់ បានថ្លែងថា សកកម្មភាពក្នុងថ្ងៃនេះ នៅតាមរោងម៉ាស៊ីនដៃគូមួយចំនួន ក្នុងចំណោមរោងម៉ាស៊ីនកិនស្រូវចំនួន១៨ ដែលបានចូលរួមសហការជាមួយក្រសួងកសិកម្ម ជួយប្រមូលទិញស្រូវសែនក្រអូបនិងស្រូវស្រង៉ែនៅតាមមូលដ្ឋាន តាមរយៈការប្រើប្រាស់កញ្ចប់ថវិកាអន្តរាគមន៍ពិសេស។ឯកឧត្តម បានបន្តថា៖«ទោះបីជាថ្លៃស្រូវនាពេលបច្ចុប្បន្ននៅតែបន្តជាបញ្ហាប្រឈម តែការចូលរួមប្រមូលទិញស្រូវពីសំណាក់រោងម៉ាស៊ីនដៃគូទាំងនេះពិតជាបានជួយកាត់បន្ថយយ៉ាងច្រើនដល់ការកកស្ទះនៅតាមទីវាល»។ ឯកឧត្តមបានបន្តថា មន្ត្រីកសិកម្មនៅតាមមូលដ្ឋាននឹងនៅបន្តជួយគាំទ្រសម្របសម្រួលដល់ការប្រមូលទិញនិងការដឹកជញ្ជូនរបស់បងប្អូនកសិករយើង រហូតទាល់តែការប្រមូលផលត្រូវបានបញ្ចប់៕

ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ដឹកនាំប្រតិភូក្រសួងយុត្តិធម៌ចូលរួមវេទិកាច្បាប់អាស៊ាន ២០២៥ (ASEAN LAW FORUM 2025) និងការគាំទ្រសេចក្តីថ្លែងការណ៍រួមដោយរដ្ឋមន្រ្តីច្បាប់ និងយុត្តិធម៌អាស៊ាន

2025/08/21 06:20:35 pm        116
កូឡាឡំពួ ៖ ចាប់ពីថ្ងៃទី១៩-២១ ខែសីហា ឆ្នាំ២០២៥, ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានដឹកនាំគណៈប្រតិភូក្រសួងយុត្តិធម៌ចូលរួមវេទិកាច្បាប់អាស៊ាន ២០២៥ (ASEAN LAW FORUM 2025) និងការគាំទ្រនូវសេចក្តីថ្លែងការណ៍រួម ដោយរដ្ឋមន្រ្តីច្បាប់និងយុត្តិធម៌អាស៊ាន ស្តីពីការអភិវឌ្ឍមជ្ឈត្តកម្មនិងសន្ធានកម្មអន្តរជាតិ នៅរាជធានីកូឡាឡំពួ ប្រទេសម៉ាឡេស៊ី ដោយមានការចូលរួមអមដំណើរដោយ ឯកឧត្តម មាស សុកែវ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌, ឯកឧត្តមបណ្ឌិត ឃ្លោក ដារ៉ា ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការអន្តរជាតិ និងអភិវឌ្ឍន៍វិស័យយុត្តិធម៌ និងឯកឧត្តម យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋប្បវេណី។ វេទិកាច្បាប់អាស៊ាន ២០២៥ មានសមាជិកចូលរួមប្រមាណ ៥០០ នាក់ រួមមាន រដ្ឋមន្រ្តីច្បាប់និងយុត្តិធម៌អាស៊ាន មន្ត្រីជាន់ខ្ពស់នៃប្រទេសជប៉ុន និងសមាជិកអាស៊ាន លេខាធិការដ្ឋានអាស៊ាន អង្គការអន្តរជាតិ UNCITRAL មេធាវី មជ្ឍត្តករ វាគ្មិននិងអ្នកជំនាញក្នុងតំបន់អាស៊ាន និងពិភពលោក។  សេចក្តីថ្លែងការរួមដោយរដ្ឋមន្ត្រីច្បាប់និងយុត្តិធម៌អាស៊ាន ស្តីពីការអភិវឌ្ឍមជ្ឈត្តកម្មនិងសន្ធានកម្មអន្តរជាតិ មានគោលបំណងជម្រុញ៖ (១). ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ឱ្យសមស្របជាមួយស្តង់ដារអន្តរជាតិដែលមានស្រាប់ (២).ការទាញយកផលប្រយោជន៍ពីនវានុវត្តន៍ និងបច្ចេកវិទ្យា, និង (៣).ការពង្រឹងសិទ្ធិទទួលបានយុត្តិធម៌។សេចក្តីថ្លែងការណ៍រួមនេះ ត្រូវបានអនុម័តគាំទ្រដោយរដ្ឋមន្រ្តីច្បាប់និងយុត្តិធម៌អាស៊ាន ក្រោមអធិបតីភាព ឯកឧត្តម Dato’ Seri Anwar Ibrahim នាយករដ្ឋមន្រ្តីម៉ាឡេស៊ី។ក្នុងឱកាសនៃការចូលរួមវេទិការនេះ គណៈប្រតិភូក្រសួងយុត្តិធម៌កម្ពុជា បានជួបពិភាក្សាការងារជាមួយអនុរដ្ឋមន្ត្រីនៃខុទ្ទកាល័យនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ទទួលបន្ទុកផ្នែកច្បាប់ និងកំណែទម្រង់ស្ថាប័ន និងនាយកប្រតិបត្តិនៃមជ្ឍមណ្ឌលមជ្ឍត្តកម្មអន្តរជាតិអាស៊ាន (Asean International Arbitration Center -AIAC) ដើម្បីពិភាក្សាលើលទ្ធភាពនៃការបង្កើតកិច្ចសហប្រតិបត្តិការជាមួយគ្នាក្នុងវិស័យយុត្តិធម៌ ជាពិសេសការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងការគាំទ្រដល់កិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ អ.ដ.ក.៕

កម្ពុជាបន្តកោតសរសើរចំពោះតួនាទីចម្បងរបស់ប្រធានាធិបតី Donald J. Trump ក្នុងការសម្របសម្រួលឱ្យមានកិច្ចព្រមព្រៀងសន្តិភាពរវាងអាមេនី និងអាស៊ែបៃហ្សង់

2025/08/21 06:15:57 pm        150
ភ្នំពេញ៖ ព្រះរាជាណាចក្រកម្ពុជាស្វាគមន៍យ៉ាងកក់ក្តៅ និងកោតសរសើរបន្ថែមទៀតចំពោះតួនាទីចម្បងរបស់ឯកឧត្តមប្រធានាធិបតី Donald J. Trump ក្នុងការសម្របសម្រួលឱ្យមានកិច្ចព្រមព្រៀងសន្តិភាព រវាង អាមេនីនិងអាស៊ែបៃហ្សង់។ យោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី២១ ខែសីហានេះបានបញ្ជាក់ថា កម្ពុជាស្វាគមន៍យ៉ាងកក់ក្តៅចំពោះកិច្ចព្រមព្រៀងសន្តិភាពជាប្រវត្តិសាស្ត្រនាពេលថ្មីៗនេះ រវាង អាមេនីនិងអាស៊ែបៃហ្សង់ ដែលបង្ហាញពីការវិវត្តជាវិជ្ជមានឆ្ពោះទៅរកសន្តិភាព និងស្ថិរភាពយូរអង្វែងនៅ ក្នុងតំបន់កូសកាស (Caucasus) និងវិបុលភាពកាន់តែប្រសើរឡើងសម្រាប់ប្រជាជនជាទីរាប់អាននៃ ប្រទេសទាំងពីរ។អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបញ្ជា់ថា កម្ពុជាសូមកោតសរសើរបន្ថែមទៀតចំពោះតួនាទីចម្បងរបស់ឯកឧត្តមប្រធានាធិបតី Donald J. Trump ក្នុងការសម្របសម្រួលឱ្យមានកិច្ចព្រមព្រៀងសន្តិភាពជាប្រវត្តិសាស្ត្រនេះ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងដទៃ ទៀតរបស់ឯកឧត្តមប្រធានាធិបតីក្នុងការដោះស្រាយជម្លោះ និងការស្តារឡើងវិញនូវសន្តិភាព និងស្ថិរភាព ក្នុងតំបន់ផ្សេងៗ តាមរយៈចក្ខុវិស័យការទូត និងប្រកបដោយភាពច្នៃប្រឌិត។អ្នកនាំពាក្យ ក្រសួងការបរទេសកម្ពុជាបានបន្តថា ក្នុងនាមជាប្រទេសដែលស្រឡាញ់សន្តិភាព កម្ពុជាសូមបញ្ជាក់ជាថ្មីនូវការគាំទ្រ និងការប្តេជ្ញាចិត្ត របស់ខ្លួនចំពោះការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងគោលការណ៍នៃធម្មនុញ្ញ អង្គការសហប្រជាជាតិ៕

ត្រឹមថ្ងៃទី១៨សីហានេះសមត្ថកិច្ចបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបាន៧២ទីតាំងឃាត់ជនសង្ស័យ ៣,១៧០នាក់បញ្ចូនមេខ្លោង៦៦នាក់ទៅតុលាការ និងនិរទេសចេញពីកម្ពុជាជាង ២,៤៥០នាក់

2025/08/21 06:09:22 pm        323
ភ្នំពេញ៖ គិតចាប់ពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ នេះ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ក្រោមការចង្អុលបង្ហាញពីគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហៅកាត់ថា គ.ប. ឆ.ប. (ONLINE SCAMS) បានចាត់វិធានការបង្រ្កាបតាមគោលដៅចំនួន ៧២ ទីតាំង ក្នុង១៨ រាជធានី ខេត្ត ដោយបានឃាត់ខ្លួនជនសង្ស័យសរុបចំនួនប្រមាណ ៣,១៧០នាក់ មាន១៩សញ្ជាតិ។ ក្នុងយុទ្ធនាការបង្ក្រាបសកម្មភាពឆបោកអនឡាញក្នុងនោះដែរ សមត្ថកិច្ចបានចាត់វិធានការបញ្ជូនមុខសញ្ញាសង្ស័យជាមេខ្លោងចំនួន៦៦នាក់ និងបក្ខពួករបស់ពួកគេទៅតុលាការដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់ជាធរមាន ខណៈជនបរទេសពាក់ព័ន្ធការឆបោកអនឡាញចំនួនសរុបប្រមាណជាង ២,៤៥០ នាក់ និរទេសចេញពីកម្ពុជា។យោងតាម លទ្ធផលប្រតិបត្តិការបង្ក្រាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ទូទាំងព្រះរាជាណាចក្រកម្ពុជា បង្ហាញដោយ លេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥នេះបានឱ្យដឹងថា៖ ក្នុងប្រតិបត្តិការបោសសម្អាតអំពើឆបោកអនឡាញនៅខេត្តកំពតកាលពីពេលថ្មីៗនេះ សមត្ថកិច្ចបានបង្រ្កាបនិងឃាត់ខ្លួនមេខ្លោងចំនួន ១៤ នាក់ ដែលពាក់ព័ន្ធនឹងករណីឆបោកអនឡាញ អំពើឃាតកម្ម និងការជួញដូរមនុស្ស ដែលវាបានក្លាយជាប្រតិបត្តិការបង្រ្កាបទ្រង់ទ្រាយធំមួយក្នុងចំណោមប្រតិបត្តិការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមអ៊ីនធឺណិត ក្នុងរយៈពេលប្រមាណ៦០ថ្ងៃ គិតចាប់ពីខែមិថុនា ដល់ពាក់កណ្តាលខែសីហា ឆ្នាំ២០២៥ នេះ ក្នុងនោះសមត្ថកិច្ចក៏បានជួយសង្រ្គោះជនរងគ្រោះដោយអំពើជួញដូរ និងបានបំបែកបណ្តាញឧក្រិដ្ឋជនឆបោក និងសំបុកនៃការជួញដូរមនុស្ស។គួររំលឹកផងដែរថា ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ យុទ្ធនាការបង្រ្កាបរបស់រាជារដ្ឋាភិបាលកម្ពុជា ដោយក្រសួង ស្ថាប័ន គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធ ជាសេនាធិការរបស់រាជរដ្ឋាភិបាល បានបង្រ្កាបក្រុមឧក្រិដ្ឋជនឆបោកអនឡាញ និងអំពើល្មើសពាក់ព័ន្ធ សរុបប្រមាណជាង ២៤,០០០ (ជាងពីរមឺុន ៤ពាន់) ក្នុងនោះជនបរទេសចំនួន២៣,៩៩០ នាក់ត្រូវបាននិរទេសចេញពីកម្ពុជា។ ជាមួយគ្នានេះ សមត្ថកិច្ចបានជួយសង្រ្គោះជនរងគ្រោះពីអំពើជួញដូរ និងអំពើឆបោកអនឡាញ សរុបចំនួនប្រមាណជាង ៤,៨០០នាក់ មាន ២៧សញ្ជាតិ។សូមរំលឹកបន្ថែមដែរថាក្រោយការបង្កើតគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) កម្ពុជាបានផ្តោតលើការស្រាវជ្រាវ ស៊ើបអង្កេត បង្រ្កាប និងបោសសម្អាត ព្រមទាំងចាត់វិធានការច្បាប់លើជនសង្ស័យ ដោយទទួលបានលទ្ធផលជាបន្តបន្ទាប់ ដោយមានការចូលរួមពីក្រសួង ស្ថាប័ន គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅចូលរួមចំណែកថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ក្នុងក្របខណ្ឌនៃកិច្ចខិតខំទាំងនេះ កិច្ចសហប្រតិបត្តិការអន្តរជាតិមានសារៈសំខាន់ រួមចំណែកដល់កិច្ចប្រឹងប្រែងរួមគ្នា ដើម្បីប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលបាននិងកំពុងកើតមានឡើងក្នុងប្រទេសជាច្រើន។ សូមបញ្ជាក់ថា ក្នុងការអនុវត្តយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ សមត្ថកិច្ចចម្រុះនឹងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងតឹងរឹងបំផុតចំពោះមេខ្លោងទាំងឡាយដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ៕

ក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុនចិនមួយចុះហត្ថលេខានាំចេញដំឡូងមីស្ងួតចំនួន៥០ម៉ឺនតោនទៅកាន់ប្រទេសចិនសម្រាប់ឆ្នាំ២០២៥-២០២៦

2025/08/21 06:00:40 pm        121
ភ្នំពេញ៖ នៅរសៀលថ្ងៃថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន ឯកឧត្តមអគ្គនាយក Zhou Yijue និងគណៈប្រតិភូជាន់ខ្ពស់មកពីតំបន់ស្វយ័តក្វាងស៊ី និងតំណាងក្រុមហ៊ុន COFCO Biotechnology Co., Ltd. ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងក្រសួងពាណិជ្ជកម្ម ជាមួយនិងក្រុមហ៊ុន COFCO Biotechnology Co., Ltd. ដើម្បីនាំចេញដំឡូងមីស្ងួតចំនួន ៥០០ ០០០ តោនទៅកាន់ប្រទេសចិនសម្រាប់ឆ្នាំ២០២៥-២០២៦។ពិធីចុះហត្ថលេខានេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម គណៈប្រតិភូជាន់ខ្ពស់មកពីតំបន់ស្វយ័តក្វាងស៊ី និងតំណាងក្រុមហ៊ុន COFCO Biotechnology Co., Ltd.។អនុស្សរណៈនៃការយោគយល់គ្នានេះ បានឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងពាណិជ្ជកម្មក្នុងនាមជាសេនាធិការ ក្នុងការលើកកម្ពស់ផលិតផលក្នុងស្រុក ពង្រីកនិងធ្វើពិពិធកម្មទីផ្សារ ព្រមទាំងការចូលរួមពង្រឹងសមត្ថភាពផលិតកម្ម និងកែច្នៃឱ្យស្របតាមស្តង់ដារគុណភាពអន្តរជាតិក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់។សូមគូសបញ្ជាក់ជូនថា ក្នុងរយៈពេលប្រាំមួយខែនេះ ក្រសួងពាណិជ្ជកម្ម បានសម្របសម្រួលជំរុញការប្តេជ្ញាចិត្តនាំចេញដំឡូងមីស្ងួតសរុបជាង ៧០០ ០០០តោន ទៅកាន់ប្រទេសចិន ។ អនុស្សរណៈនៃការយោគយល់គ្នា សម្រាប់នាំចេញ ដំទ្បូងមីស្ងួត ៥០០ ០០០តោន នាថ្ងៃនេះ គឺបន្ថែមពីលើ អនុស្សរណៈនៃការយោគយល់គ្នាសម្រាប់ការនាំចេញដំទ្បូងមីស្ងួតចំនួន ២០០ ០០០ តោន ដែលបានចុះហត្ថលេខាក្នុងខែមីនា ឆ្នាំ២០២៥ កន្លងទៅ ដែលការណ៍នេះ បង្ហាញឱ្យឃើញពីវឌ្ឍនភាព និងការកើនឡើងនូវទំនុកចិត្តលើផលិតផលកសិកម្មកម្ពុជា និងជាជំហានឆ្ពោះទៅមុខដ៏សំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មកម្ពុជា-ចិន៕

ក្រុមការងារក្រសួងកសិកម្ម ចុះជួបជាមួយ​ម្ចាស់រោងម៉ាស៊ីនកិនស្រូវ ដើម្បីបង្កើនការប្រមូលទិញស្រូវពីប្រជាកសិករនៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ

2025/08/21 05:27:46 pm        127
នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុម​ការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកមង្គលបូរី រួមជាមួយ​តំណាង​នាយកដ្ឋានដំណាំស្រូវ និងលោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុក និងជាអនុប្រធានអចិន្រ្តៃយ៍ក្រុមការងាររាជ​រដ្ឋាភិបាល​ចុះមូលដ្ឋានស្រុក អភិបាលរងស្រុក នាយករដ្ឋបាល ក្រុមប្រឹក្សាឃុំ ព្រមទាំងមន្រ្តីកសិកម្មឃុំ បានអញ្ជើញជួបជាមួយម្ចាស់រោង​ម៉ាស៊ីនកិន​ស្រូវ ស៊ីវ ឡាយ រោងម៉ាស៊ីនកិនស្រូវ ហ្វាង លី និងរោងម៉ាស៊ីន​កិនស្រូវ ភាគ ឈួយ ក្នុងស្រុកមង្គលបូរី ដើម្បីក្តាប់បានព័ត៌មានពីទីផ្សារស្រូវ និងជំរុញឱ្យម្ចាស់រោងម៉ាស៊ីនកិនស្រូវក្នុងស្រុកជួយបង្កើនការប្រមូលទិញស្រូវរបស់ប្រជាកសិករបន្ថែមទៀតដើម្បីកុំឱ្យមានការកកស្ទះ។ នៅក្នុងកិច្ចជំនួបនោះដែរ ម្ចាស់រោងម៉ាស៊ីនកិនស្រូវធំៗទាំងបីនេះ បាន​លើកឡើងថា រយៈកាលកន្លងមកក៏ដូចជាពេលនេះ ពួកគាត់តែងតែជួយ​សម្រួលក្នុងការប្រមូលទិញស្រូវរបស់ប្រជាកសិករ និងមិនដែល​ឱ្យមាន​ការ​លំបាកទេ ដោយរោងម៉ាស៊ីនជួយទិញទាំងអស់ ហើយសន្យានឹងបន្ត​ជួយ​​សម្រួលក្នុងការប្រមូលទិញស្រូវពីប្រជា​កសិករបន្តទៀត៕

សិស្សានុសិស្សនៅសាលាបឋមសិក្សាវត្តលលៃ មកធ្វើទស្សនកិច្ចសិក្សានៅប្រាសាទអង្គរវត្ត ដើម្បីឈ្វេងយល់ពីប្រវត្តិសាស្រ្តខ្មែរ

2025/08/21 05:20:02 pm        223
សៀមរាប៖នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ សិស្សានុសិស្សថ្នាក់ទី៥ និងទី៦ នៃសាលាបឋមសិក្សាវត្តលលៃ បានធ្វើទស្សនកិច្ចនៅប្រាសាទអង្គរវត្ត។ដំណើរទស្សនកិច្ចសិក្សានេះ បន្ទាប់ពីបានសិក្សានៅក្នុងថ្នាក់រៀន អស់រយៈពេលជាច្រើនខែមក អំពីកម្មវិធីអប់រំអំពីបេតិកភណ្ឌ។ សិស្សានុសិស្សត្រូវអនុញ្ញាតឱ្យចុះសិក្សាផ្ទាល់នៅទីតាំងប្រវត្តិសាស្រ្ត ដើម្បីឱ្យកុមារសិក្សាពីប្រវត្តិសាស្រ្តតាមលក្ខណៈវិទ្យាសាស្ត្រ ដែលបានបង្ហាញនៅតាមប្រាង្គប្រាសាទជាក់ស្តែង និងឱ្យកុមារសិក្សាអំពីកិច្ចការថែរក្សា អភិរក្សវត្ថុសិល្បៈ ដែលបានមកពីកំណាយស្រាវជ្រាវនានា ដើម្បីឱ្យពួកគាត់ក្លាយទៅជាធនធានមនុស្ស ជាអ្នកបន្តវេន ថែរក្សា មរតកវប្បធម៌ ដែលបុព្វបុរសបានបន្សល់ទុក៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីស្រាអែល៖ ត្រូវការចំណាត់ការ ជុំវិញការបាញ់រ៉ូកែត និងយានដ្រូនរបស់ក្រុមហេសបូឡា
04/28/2026 10:04 AM
អាមេរិក និងអ៊ីរ៉ង់ ប៉ះសម្តីគ្នានៅUN បន្ទាប់ពីទីក្រុងតេអេរ៉ង់ទទួលបានតួនាទី មិនរីកសាយនុយក្លេអ៊ែរ
04/28/2026 10:04 AM
AFC ជូនដំណឹងកម្ពុជា មាន ២ក្លិបប៉ុណ្ណោះ ត្រូវលេងពានលំដាប់ទី២ ទ្វីបអាស៊ី ឆ្នាំ២០២៦/២៧
04/28/2026 10:04 AM
តម្លៃប្រេងកើនឡើង ខណៈការប្រឈមដាក់គ្នាក្នុងសង្គ្រាមអ៊ីរ៉ង់-អាមេរិក ហាក់ពុំមានពន្លឺនៃការបញ្ចប់នៅឡើយ
04/28/2026 10:04 AM
កម្ពុជារៀបចំទិវាកម្មសិទ្ធិបញ្ញាពិភពលោក ឆ្នាំ២០២៦ នៅព្រឹកនេះ
04/28/2026 10:04 AM
ប្រមុខការទូតកម្ពុជានិងថៃពិភាក្សាត្រង់ទៅត្រង់មកលើស្ថានភាពព្រំដែន ទាំងវិធានការកសាងទំនុកចិត្តនានា
04/28/2026 09:04 AM
អ៊ីរ៉ង់ថ្លឹងថ្លែងការចរចាជាមួយអាមេរិក ខណៈទីក្រុងវ៉ាស៊ីនតោន ពិនិត្យឡើងវិញលើសំណើថ្មីរបស់ទីក្រុងតេអេរ៉ង់
04/28/2026 09:04 AM
សម្ដេចធិបតី៖ ត្រឹមឆ្នាំ២០២៥ កម្ពុជាទទួលពាក្យស្នើសុំចុះបញ្ជីម៉ាកចំនួន ១៥ ៦៨៣ ខណៈ​ការ​ចុះ​ប​​ញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញនឹងជំរុញឱ្យមានកំណើនតម្រូវការផលិតផលលើទីផ្សារជាតិ និង​អន្តរជាតិ
04/28/2026 09:04 AM
ក្រសួងសុខាភិបាលបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពី «សុពលភាព និងការប៉ាន់ប្រមាណតម្លៃ នៃផែនការយុទ្ធសាស្រ្ត សម្រាប់កម្មវិធីបង្ការ ថែទាំ និងព្យាបាលជំងឺអេដស៍ និងកាមរោគ ២០២៦-២០៣០»
04/28/2026 09:04 AM
ឧត្តមមន្រ្តីអាស៊ានកម្ពុជា ចូលរួមកិច្ចប្រជុំឧត្តមន្ត្រីអាស៊ាន-សហភាពអឺរ៉ុប ត្រៀមរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុប
04/28/2026 09:04 AM