កម្ពុជាធ្វើជាម្ចាស់ផ្ទះសិក្ខាសាលាស្តីពី ការបង្កើតកិច្ចសហប្រតិបត្តិការស្ថាប័នប្រវត្តិសាស្ត្រយោធាអាស៊ាន(AMHIC)”
មន្ត្រីជាន់ខ្ពស់ការបរទេស៖កម្ពុជាបានជ្រើសរើសអ្នកផ្សះផ្សាពីររូបរួចហើយ ខណៈភាគីថៃមានពេល២១ថ្ងៃ ដើម្បីជ្រើសរើសអ្នកផ្សះផ្សាពីររូបដែរ
កម្ពុជាធ្វើជាម្ចាស់ផ្ទះសិក្ខាសាលាស្តីពី ការបង្កើតកិច្ចសហប្រតិបត្តិការស្ថាប័នប្រវត្តិសាស្ត្រយោធាអាស៊ាន(AMHIC)”
សម្តេចតេជោ ចែករំលែកបទវិភាគអ្នកជំនាញភូមិសាស្ត្រនយោបាយថៃ «អន្ទាក់​របស់កម្ពុជា! តើ Anutin នាំប្រទេសឱ្យចាញ់ក្តីនៅ​តុលាការ​អន្តរជាតិម្តងទៀតឬ?»

ព័ត៌មានជាតិ

ទ័ពមួកខៀវកម្ពុជាជាង ១៨០រូប វិលត្រឡប់ពីប្រទេសលីបង់ ដោយសុវត្ថិភាព

2026/05/10 11:21:59 am        537
នៅល្ងាចថ្ងៃទី៩ ខែឧសភា ទ័ពមួកខៀវកម្ពុជាចំនួន ១៨៤រូប ដែលបំពេញ​បេសកកម្ម​ថែ​រក្សា​សន្តិភាព​អង្គ​ការសហប្រជាជាតិ នៅប្រទេសលីបង់ UNIFIL បានវិលត្រឡប់មក​ដល់​មាតុ​ប្រទេស​វិញ​ប្រកប​ដោយសុវត្ថិភាព ក្រោយពីការធ្វើដំណើរវិលត្រឡប់របស់កងនេះ បានពន្យាពេល និង​ខក​ជើង​ហោះហើរប្រមាណជិត ៣ខែ ដោយសារបញ្ហាវិបត្តិសង្គ្រាមអ៊ែរ៉ង់ អ៊ីស្រាអ៊ែល អាម៉េរិច ។បើតាមលោកវរសេនីយ៍ឯក ព្រឹម អូ មេបញ្ជាកងវិស្វកម្មពហុជំនាញលេខ៨៦៣ បាន​ថ្លែង​នៅ​ឯ​អាកាស​យាន​ដ្ឋានអន្តរជាតិតេជោ ថ្លែងថា ជាក់ស្តែងនៅក្នុង​ដំណើរ​បំពេញ​បេស​ក​កម្ម​ថែរ​ក្សា​សន្តិភាព​អង្គ​ការសហប្រជាតិ នៅប្រទេសលីបង់រយៈពេល ១ឆ្នាំ គឺបានបញ្ចប់នៅខែមីនា ឆ្នាំ​២០២៦ ហើយនៅដំណើរបេសកកម្មនោះ កង​កម្លាំង​មួក​ខៀវ​កម្ពុជា​យើ​ង​បាន​ធ្វើ​ការ​ងារ​ទទួល​បាន​ជោគ​ជ័យលើសមិទ្ធិផលការងារជាច្រើន ដូចជា ការសាងសង់សំណង់ផ្តេក សំណង់បញ្ឈរ និង​ការដោះមីន កំទិចគ្រាប់អាវុធយុទ្ធភ័ណ្ឌ នៅតាមតំបន់ព្រំដែនប្រទេសលីបង់ និងអ៊ីស្រាអ៊ែល។ឯកឧត្តម ឧត្តមសេនីយ សែម រតនា អគ្គនាយកទីស្តីមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពថ្លែងថា ប្រមុខ​ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងការពារជាតិមានការយកចិត្តទុកដាក់ និង​តាម​ដាន​សុខ​ទុក្ខ ចំពោះកងកម្លាំងមួកខៀវកម្ពុជា ដែលបំពេញបេសក​កម្ម​រក្សា​សន្តិភាព​អង្គ​ការ​សហ​ប្រជា​ជាតិ​នៅប្រទេស​លីបង់។ឯកឧត្តម បន្តថា នៅក្នុងដំណើរបំពេញបេសកកម្មនេះ កងកម្លាំងទ័ពមួកខៀវកម្ពុជា គឺបាន​បំពេញ​ទទួលបានជោគជ័យ និងបានប្រកាន់ខ្ជាប់នូវការគោរពតាមនីតិវិធីអង្គការសហប្រជាជាតិ គោរព​បទបញ្ជា និងវិន័យអង្គការបានល្អប្រសើរ និងទទួលបាន​ការ​កោត​សរសើរ​ច្រើន​មជ្ឈ​ដ្ឋាន​អន្តរជាតិ​។ឯកឧត្តម សែម រតនា បានក្រើនរំលឹកឲ្យកងកម្លាំងគោរពតាមការណែនាំក្រុមពេទ្យ និងនាំគ្នាទៅ​ស្វែង​រក​ការព្យាបាលបន្ទាន់ ករណីមានរោគសញ្ញាជំងឺគ្រុនរើឡើងវិញ៕ អត្ថបទ ស៊ុម សុខជា

រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញសំណេះសំណាលជាមួយនាយទាហាន ពលទាហាន អតីតយុទ្ធជន និងនិវត្តជនជាង១០០គ្រួសារ ក្នុងខេត្តកំពង់ឆ្នាំង

2026/05/10 11:08:02 am        144
ខេត្តកំពង់ឆ្នាំង៖ នាព្រឹកថ្ងៃអាទិត្យ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងប្រគល់អំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី និងលោកជំទាវបណ្ឌិត ជូនដល់នាយទាហាន ពលទាហាន អតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកំពង់ឆ្នាំង នៅទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ស្ថិតនៅក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ ពិធីសំណេះសំណាលនានេះឱកាសនេះមានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវតំណាងរាស្ដ្រមណ្ឌលកំពង់ឆ្នាំង, ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទនិងជាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង, ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត, កងកម្លាំងទាំង ៣ប្រភេទ, អាជ្ញាធរមូលដ្ឋាន ព្រមទាំងនាយទាហាន ពលទាហាន អតីតយុទ្ធជន និងនិវត្តជនចំនួនសរុប ១០០នាក់ ដោយក្នុងនោះអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលជួបការលំបាកចំនួន ៤០នាក់។ ជាកិច្ចចាប់ផ្ដើម ឯកឧត្តមឧត្តមសេនីយ៍ត្រី អ៊ុ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានធ្វើរបាយការណ៍ស្វាគមន៍ដោយបានជម្រាបជូនអំពីស្ថានភាពទូទៅរបស់ទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងបានរំលេចនូវការចូលរួមចំណែករបស់ក្រុមការងាររាជរដ្ឋាភិបាលក្នុងការយកចិត្តទុកដាក់ជួយឧបត្ថម្ភ និងគាំទ្រដល់ទាហាន ពលទាហាន អតីតយុទ្ធជន និងនិវត្តជន ព្រមទាំងគ្រួសារកងទ័ព ជាពិសេសការចូលរួមក្នុងការកសាងនូវសមិទ្ធនានានៅក្នុងទីបញ្ជាការដ្ឋានផងដែរ។ ជាមួយគ្នានោះ ឯកឧត្តម បានជម្រាបជូនអំពីតួនាទី ភារកិច្ច និងការប្ដេជ្ញាចិត្តរបស់កងទ័ពក្នុងការការពារសុខសន្ដិភាព អធិបតេយ្យភាព និងបូរណភាពទឹកដីជូន ជាតិ សាសនា និងព្រះមហាក្សត្រ។ បន្ទាប់ពីស្ដាប់របាយការណ៍ស្វាគមន៍រួចមក ឯកឧត្តម ឆាយ ឫទ្ធិសែន បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការលះបង់គ្រប់បែបយ៉ាងរបស់បងប្អូនកងទ័ពទាំងអស់ ក្នុងបុព្វហេតុរក្សាការពារ បូរណភាពទឹកដី និងប្រជាជន ព្រមទាំងបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ សេចក្តីនឹករលឹក និងពរសព្ទសាធុការពីសំណាក់ប្រមុខថ្នាក់ដឹកនាំកំពូលនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់ថ្នាក់ដឹកនាំ ទាហាន ពលទាហាន អតីតយុទ្ធជន និងនិវត្តជនក្នុងអង្គពិធីទាំងមូលផងដែរ។ ឯកឧត្តមរដ្ឋមន្ដ្រី បានមានប្រសាសន៍លើកឡើងដោយបានគូសបញ្ជាក់អំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា តាំងពីនីតិកាលកន្លងមកក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រមុខរដ្ឋស្តីទី រហូតដល់រាជរដ្ឋាភិបាលបច្ចុប្បន្ន ក្នុងនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំបន្ដវេនប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី លើសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនកងទ័ព អតីយុទ្ធជន និងនិវត្តជន ព្រមទាំងក្រុមគ្រួសារ តាមរយៈការចុះជួបសួរសុខទុក្ខ ការជួយឧត្ថម្ភគាំទ្រ ការរៀបចំទីតាំង និងលំនៅឋាន ព្រមទាំងការបណ្ដុះបណ្ដាលជំនាញដើម្បីលើកកម្ពស់កម្រិតជីវភាពឱ្យបានល្អប្រសើរបន្ថែមទៀត។ ជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋមន្ដ្រី បានអំពាវនាវដល់បងប្អូននាយទាហាន ពលទាហាន អតីតយុទ្ធជន និវត្តជន និងក្រុមគ្រួសារទាំងអស់ សូមបន្តជឿទុកចិត្ត លើកងកម្លាំងយោធាកម្ពុជា និងជឿជាក់លើការដឹកនាំរបស់ប្រមុខដឹកនាំកំពូលរបស់កម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងត្រូវបន្តរួមសាមគ្គីជាធ្លុងមួយ ដែលជាខឿនដ៏សំខាន់រឹងមាំនៃសមរភូមិក្រោយ ដើម្បីគាំទ្រលើកទឹកចិត្តនិងផ្តល់កម្លាំងចិត្តដល់កងទ័ពឈរជើងការពារព្រំដែន និងទឹកដីកម្ពុជា ឱ្យបានស្ថិតស្ថេរគង់វង្ស។ នៅចុងបញ្ចប់ ជាមួយនឹងការឆ្លើយតបទៅនឹងសំណូមពររបស់អង្គភាព ឯកឧត្តមរដ្ឋមន្ត្រី ក៏បាននាំយកនូវអំណោយដែលជាគ្រឿងឧបភោគបរិភោគ និងថវិកាដ៏ថ្លៃថ្លារបស់ សម្តេចធិបតីនាយករដ្ឋមន្ដ្រី និងលោកជំទាវបណ្ឌិត ជូនដល់នាយទាហាន ពលទាហាន អតីតយុទ្ធជន និងនិវត្តជន ទាំង១០០នាក់ ដោយម្នាក់ៗទទួលបាន អង្ករ ចំនួន ០១ការ៉ុង, មី ០១កេស, ត្រីខ ០១យួរ, ទឹកត្រី ០១យួរ, ទឹកស៊ីអ៊ីវ ០១យួរ, ព្រមទាំងថវិកាមួយចំនួនផងដែរ៕

សម្ដេចធិបតី អំពាវនាវឱ្យអនុវត្ដពេញលេញភ្លាមៗនូវសេចក្ដីប្រកាសរួមកម្ពុជា-ថៃ និងវាស់វែង និង​ខណ្ឌ​សីមា​ព្រំដែនប្រទេសទាំងពីរជាបន្ទាន់

2026/05/10 10:49:06 am        687
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បាន​អំពាវ​នាវ​ឱ្យ​មាន​ការ​អនុវត្ដ​ដោយ​ពេញ​លេញ​ភ្លាម​ៗ និងទាំងស្រុងនូវសេចក្ដីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ជាពិសេស​ចំណុច​ទី៣​ ដោយត្រូវចាប់ផ្ដើមដំណើរការឡើងវិញជាបន្ទាន់នូវការវាស់វែង និងខណ្ឌសីមា​របស់​គណៈ​កម្មការ​ចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ស្របតាមកិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់​ដោយ​គ្មាន​ការ​ពន្យារពេលបន្តទៀត។ការលើកឡើងបែបនេះរបស់សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បាន​ធ្វើ​ឡើង​ក្នុង​ឱកាស​សន្និសីទ​សារ​ព័ត៌មាន​រួម​គ្នាកាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ក្រោយពីបញ្ចប់កិច្ចប្រជុំត្រីភាគី (កម្ពុជា ហ្វីលីពីន និងថៃ) នៅឯកោះសេប៊ូ ប្រទេសហ្វីលីពីន ទីដែលមេដឹក​នាំ​អាស៊ាន​ចូល​រួម​ប្រជុំ​កំពូល​អាស៊ាន​ដែល​មានហ្វីលីពីនជាម្ចាស់ផ្ទះ។ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ជាថ្មីតាម​រយៈ​សន្និសីទ​សារព័ត៌​មាន​នៅ​ថ្ងៃ​ទី១០ ខែឧសភា ឆ្នាំ២០២៦នេះថា ក្នុងកិច្ចប្រជុំត្រីភាគីកម្ពុជា ហ្វីលីពីន និងថៃនេះ កិច្ច​ប្រជុំ​បាន​ពិភាក្សាអំពីការចាប់ផ្ដើមឡើងវិញ នូវរាល់យន្ដការដែលមានស្រាប់ ជាពិសេស គណៈ​កម្មការ​ចម្រុះខណ្ឌសីមាព្រំដែនគោក (JBC), គណៈកម្មាធិការព្រំដែនទូទៅ (GBC) និងគណៈ​កម្មាធិការ​ព្រំដែន​ថ្នាក់យោធភូមិភាគ (RBC) បន្ទាប់ពីរដ្ឋាភិបាលថ្មី​របស់​ប្រទស​ថៃ​បាន​ចាប់​ផ្ដើម​អនុវត្ដ​ការងាររបស់ខ្លួនបានយ៉ាងពេញលេញរួចមក។ ឯកឧត្តមបន្តថា ក្នុងឱកាសនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រីសង្ឃឹមជឿជាក់ថា យន្តការនេះ គឺ​ពិត​ជា​ចាំបាច់ក្នុងការធានាបញ្ចប់ការបង្កើតអង្គហេតុសម្រេចលើទីតាំងជាក់ស្តែង (faits accomplis) និងដើម្បីធានាថា អធិបតេយ្យភាព បូរណភាពទឹកដី និងខ្សែព្រំដែនអន្តរជាតិ ត្រូវ​បាន​គោរព​ ស្របតាមច្បាប់អន្តរជាតិ និងសន្ធិសញ្ញា ព្រមទាំងកិច្ចព្រមព្រៀងដែលមានស្រាប់ ហើយ​ក​ម្ពុជាសូមរម្លឹកឡើងវិញថា ខ្សែព្រំដែន​មិន​អាច​ត្រូវ​បាន​ផ្លាស់​ប្ដូរ​ឬ​កំណត់​ដោយ​ការ​ប្រើ​ប្រាស់​កម្លាំង ឬតាមរយៈការបង្កើតអង្គហេតុសម្រេចលើទីតាំងជាក់ស្ដែង (faits accomplis) ​នោះ​ទេ៕

អ្នកនាំពាក្យបញ្ជាក់ជាថ្មី៖ កម្ពុជានឹងប្រើប្រាស់យន្តការ​នៃការផ្សះផ្សារ​ដោយ​ចាប់​បង្ខំ​ឋិត​ក្រោម​អនុសញ្ញា ​UNCLOS ដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតគ្នារវាងកម្ពុជា និងថៃ

2026/05/10 10:37:23 am        267
ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ជាថ្មីថា រាជ​រដ្ឋាភិបាល​កម្ពុជា​បានសម្រេចថា នឹងប្រើប្រាស់យន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ ឬជា​ភាសា​អង់​គ្លេស​ហៅថា Compulsory Conciliation ដែលស្ថិតនៅក្រោម​អនុសញ្ញា​អង្គ​ការ​សហប្រជា​ជាតិ​ស្តីពី​នីតិសមុទ្រ (UNCLOS) ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ផ្អែក​លើ​មូល​ដ្ឋាន​ច្បាប់ ក្នុងការដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតគ្នារវាងកម្ពុជា និងថៃ។ ការសម្រេចរបស់រាជរដ្ឋាភិបាលបែបនេះ បន្ទាប់ពី​រាជ​រដ្ឋាភិបាល​ថៃ​បាន​ដក​ខ្លួន​ចេញ​ជាឯក​តោភាគី​ចេញ​ពីអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ កាលពីពេលថ្មីៗនេះ។ ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចថា នឹងប្រើប្រាស់យន្ត​ការ​នៃ​ការ​ផ្សះផ្សារដោយចាប់បង្ខំ ឬជាភាសាអង់គ្លេសហៅថា Compulsory Conciliation ដែល​ស្ថិត​នៅ​ក្រោម​អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីស្វែង​រក​ដំណោះ​ស្រាយ​​​ដោយ​សន្តិវិធី ផ្អែកលើមូលដ្ឋានច្បាប់ ក្នុងការដោះស្រាយ​តំបន់​ទាមទារ​ដែន​សមុទ្រ​ត្រួត​គ្នារ​វាង​កម្ពុជា ​និងថៃ។ នេះជាការប្រកាសឱ្យដឹងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត តាមរយៈសារផ្ញើជូនប្រជាពលរដ្ឋ កាលពីថ្ងៃអង្គារ ទី៥ ខែឧសភា ឆ្នាំ២០២៦ ក្រោយពីគណៈរដ្ឋមន្ត្រីថៃអនុម័តដកខ្លួនពីអនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជា-ថៃ ឬហៅកាត់ថា MOU-2001 ឬភាគីថៃហៅថា MOU-44។ ឯកឧត្តម ប៉ែន បូណា បានរម្លឹកថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា យន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ (Compulsory Conciliation) ត្រូវបានបង្កើតឡើងដោយអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីជួយទៅដល់រដ្ឋភាគីក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី និងស្របទៅតាមច្បាប់អន្តរជាតិ។ ដូច្នេះការសម្រេចចិត្តរបស់កម្ពុជាឆ្លុះបញ្ចាំងឱ្យឃើញអំពីសេចក្តីសង្ឃឹមដ៏ស្មោះត្រង់ដែលប្រទេសទាំងពីរអាចសម្រេចបាននូវដំណោះស្រាយមួយ ដោយយុត្តិធម៌ យូរអង្វែង និងស្របទៅតាមច្បាប់អន្តរជាតិ ដែលនឹងអនុញ្ញាតឱ្យប្រជាជននៃប្រទេសទាំងពីររស់នៅជាមួយគ្នាដោយសន្តិភាព ស្ថេរភាព និងសេចក្តីសុខ។ សូមបញ្ជាក់ថា ភ្លាមៗក្រោយពីការសម្រេចរបស់គណៈរដ្ឋមន្ត្រីថៃក្នុងការបញ្ចប់ជាឯកតោភាគីពីអនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជានិងថៃ ទាក់ទងនឹងតំបន់ទាមទារដែនសមុទ្រត្រួតគ្នា ឬហៅថា MOU-2001 ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ តាមរយៈលោកជំទាវ អ៊ាត សោភា រដ្ឋមន្ត្រីស្តីទី បានធ្វើបទបង្ហាញជូនតំណាងស្ថានបេសកកម្មការទូត និងអង្គការអន្តរជាតិប្រចាំកម្ពុជា ដោយជម្រាបជូនអំពីការខកចិត្តរបស់កម្ពុជាចំពោះការលុបចោល MOU-2001 ពីសំណាក់ភាគីថៃ និងការសម្រេចចិត្តរបស់កម្ពុជាក្នុងការប្រើប្រាស់យន្តការផ្សះផ្សារដោយចាប់បង្ខំក្រោមអនុសញ្ញា UNCLOS៕

ព្រះសង្ឃនៅខេត្ដសៀមរាប បន្ដនាំយកសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ទៅផ្តល់ជូនកងទ័ពជួរមុខ ក្នុង​ខេត្ត​ឧត្តរមានជ័យ

2026/05/10 10:23:31 am        220
ព្រះសង្ឃនៅខេត្ដសៀមរាប ដឹកនាំដោយព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ព្រះគ្រូចៅ​អធិកា​រ​វត្ត​ប្រាសាទ​គោក​ចក ក្រុងសៀមរាប ខេត្តសៀមរាប និងជាទីប្រឹក្សាពុទ្ធិកសមាគមកម្ពុជរដ្ឋ នៅ​រសៀល​ថ្ងៃ​ទី៩ ខែឧសភា ឆ្នាំ២០២៦នេះ បាននាំយក សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ទៅផ្តល់ជូន​វីរកង​ទ័ព​ជួរមុខ ក្នុងខេត្តឧត្តរមានជ័យ។សម្ភារៈទាំងនោះមា​ន​អង្រឹង សូឡា កៅស៊ូតង់ វិទ្យុកទាក់ទង ថវិកាចំនួន៥០ម៉ឺន​រៀល​សម្រា​ប់​ធ្វើ​ដំបូល​រោង​ស្នាក់នៅ និងសម្ភារៈប្រើប្រាស់ជាច្រើនទៀត។ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន បានមានសង្ឃដីកាថា ក្នុងស្មារតីខ្មែររួបរួមសាមគ្គីគ្នា លើក​ទឹក​ចិត្ត​​ដល់​បងប្អូនកងទ័ព​ដែល​កំពុងឈរ​ជើង​តាម​បន្ទាត់​ព្រំដែន​ការ​ពារ​បូរណ​ភាព​ទឹក​ដី​ពី​ការ​ឈ្លាន​ពាន​ពី​ប្រទេសថៃ។ ព្រះអង្គរួមជាមួយជាមួយញាតិញោម បាននាំយកសម្ភារប្រើប្រាស់​ប្រចាំ​ថ្ងៃ​ទៅ​ជូន​ដល់​កងទ័ពដែលនៅព្រំដែនកម្ពុជា-ថៃ។ ហើយការផ្តល់ជូននូវសម្ភារៈទាំងនេះមិនមែនថារាជរដ្ឋាភិបាលខ្វះខាតនោះទេតែជាការចូលរួមជួយឧបត្ថម្ភ​បន្ថែម។ ព្រះអង្គបាន​បន្ថែមថា យើងពិតជាមានមោទកភាពចំពោះវីរៈកងទ័ព ពោរពេញដោយឆន្ទៈ មនសិការ ស្មារ​តីក្លាហាន និងសេចក្តីស្មោះត្រង់ចំពោះជាតិ ដែលពួកគាត់បានសុខ​ចិត្ត​យក​ទ្រូង​ពាំង​គ្រាប់​រំសេវ និងអាវុធគ្រប់ប្រភេទ ប្តូរយកសុខសន្តិភាពជូនប្រជាជនកម្ពុជាទាំងមូល ដែល​យើង​អាច​​សម្រានលក់ ហូបឆ្ងាញ់ ប្រកបដោយស្នាមញញឹម និងភាពកក់ក្តៅជាមួយក្រុមគ្រួសារ។ ព្រះអង្គ​បានសម្តែងការគោរពដឹងគុណជានិច្ចចំពោះកងទ័ពទាំងអស់ ហើយតាំងចិត្ត​ចង​ចាំ​ជា​និច្ច​នូវ​គំរូវីរភាពមិនអាចកាត់ថ្លៃបាននេះជារៀងរហូត៕

សមត្ថកិច្ចរាជធានីភ្នំពេញ បង្ក្រាបទីតាំង Online Scams ២កន្លែងក្នុងខណ្ឌ៧មករា និង​ឃាត់​ខ្លួន​ជន​បរទេស ៥៨នាក់ភាគច្រើនជនជាតិឥណ្ឌូនេស៊ី

2026/05/10 10:15:21 am        200
ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានបើកប្រតិបត្តិការទ្រង់ទ្រាយធំ បង្ក្រាប​ទីតាំងសង្ស័យបង្កប់អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ២កន្លែងផ្សេងគ្នា ក្នុង​ភូមិ​សាស្ត្រ​ខណ្ឌ៧មករា កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦។ប្រតិបត្តិការ​បង្ក្រាបនេះ ធ្វើឡើងក្រោមបទបញ្ជា ពី ឯកឧត្តម ឃួង ស្រេង អភិបាលនៃ​គណៈ​អភិបាល​រាជធានីភ្នំពេញ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជា​ស្នងការ​នគរបាលរាជធានីភ្នំពេញនិងមានការចូលរួមពីអាជ្ញាធរខណ្ឌ៧ មករា ។ ករណីទី១៖ បង្ក្រាបនៅសណ្ឋាគារ ប៊ីផ្លិស អគារលេខ ៥៥ ផ្លូវលេខ ១១៣ ភូមិ២ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា ដោយមានការសម្របសម្រួលនីតិវិធីពី លោកស្រី ភី ស៊ីថន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។ ករណីនេះ អាជ្ញាធរបានឃាត់ខ្លួនមនុស្សសរុបចំនួន ៥៥នាក់ (ស្រី ៩នាក់) ដែលសុទ្ធសឹងជាជនជាតិឥណ្ឌូនេស៊ី ក្នុងនោះមានម្នាក់គ្មានលិខិតឆ្លងដែន និង ២៧នាក់ផ្សេងទៀតបានហួសទិដ្ឋាការ (Visa)។ ដកហូតបានទូរសព្ទដៃចំនួន ២៨០ គ្រឿង, កុំព្យូទ័រយួរដៃ ចំនួន ៨ គ្រឿង,លិខិតឆ្លងដែនឥណ្ឌូនេស៊ី ចំនួន ៣០ ច្បាប់ និងរថយន្តម៉ាក Alphard ពណ៌ខ្មៅ ១គ្រឿង (ផ្លាកលេខ ភ្នំពេញ 2CC-3190)។ផ្អែកតាមការកោសលវិច័យបឋមលើឧបករណ៍បច្ចេកវិទ្យា សមត្ថកិច្ចបានរកឃើញរូបភាពនារីស្រស់ស្អាតជាច្រើន និងឯកសារសម្រាប់ប្រើប្រាស់ក្នុងការនិយាយលួងលោមអូសទាញបែបស្នេហា។ សមត្ថកិច្ចបានសន្និដ្ឋានថា ទីតាំងនេះបានលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ក្នុងរូបភាព "Romance Scams" (ឆបោកតាមស្នេហា) មានគោលដៅលើជនរងគ្រោះនៅក្នុងប្រទេសឥណ្ឌូនេស៊ី។ករណីទី២ ៖ សមត្ថកិច្ចជំនាញ សហការណ៍ជាមួយកម្លាំងនគរបាលខណ្ឌ៧មករា និងមានការសម្របសម្រួលពីលោកសេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យ និងបង្ក្រាបនៅមជ្ឈមណ្ឌលអូឡាំព្យាអាគារ S3 ក្នុង បន្ទប់ BB cake ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ដោយរកឃើញបុរសជនជាតិចិនចំនួន ៣ នាក់ ក្នុងនោះគ្មានលិខិតឆ្លងដែន ចំនួន ១ នាក់ និងដកហូត សម្ភារៈរួមមានៈ កុំព្យូទ័រ All inone ២គ្រឿង ,⁠monitors ១គ្រឿង និងទូរសព្ទ៤គ្រឿង។ករណីទី២នេះ សមត្ថកិច្ចជំនាញសន្និដ្ឋានថា ជាករណី ឆបោក online Scames ក្រោមរូបភាពអូសទាញវិនិយោគ។បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ និងចាត់ការតាមច្បាប់ជាធរមាន។សូមរម្លឹកថា ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានអនុម័តកាលពីថ្ងៃទី៦ ខែមេសា និងបានកំពុងអនុវត្តន៍ចាប់តាំងពីថ្ងៃទី៧ខែមេសា ឆ្នាំ២០២៦មក។ ជាមួយច្បាប់នេះ បទល្មើស ព្រហ្មទណ្ឌថ្មី ចំនួន៥ ត្រូវបានបង្កើតឡើង ដើម្បីធានាដល់ប្រសិទ្ធភាពក្នុងការ អនុវត្ត គឺរួមមានៈ ១- បទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ២- បទរៀបចំ ឬដឹកនាំមជ្ឈមណ្ឌល ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ៣- បទជ្រើសរើស ឬបណ្តុះបណ្តាល អ្នកដទៃឱ្យចូលរួមប្រព្រឹត្តអំពើឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា ៤- បទប្រមូលក្នុងចេតនាទុច្ចរិតនូវឯកសារសម្គាល់អត្តសញ្ញាណ ឬឯកសារ ព័ត៌មានផ្ទាល់ខ្លួននានារបស់អ្នកដទៃ និង៥- ការបង្កើត ទម្រង់ពិសេសនៃបទល្មើសសម្អាតប្រាក់។ បទល្មើសទាំងនេះបានកំណត់ដាក់ទោស ជនល្មើស ត្រូវប្រឈមនឹងការជាប់ពន្ធនាគារខ្ពស់ បំផុតរហូតដល់១ជីវិត និងពិន័យជាប្រាក់ដល់ទៅ១ ០០០លានរៀល​ថែមទាំងការរឹប​អូសទ្រព្យសម្បត្តិ​របស់ជនល្មើសផងដែរ៕

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តបារាំង និងក្រុមគ្រូពេទ្យខ្មែរ ចុះទៅពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋភៀសសឹកដោយឥតគិតថ្លៃ ក្នុងឃុំស្លក្រាម

2026/05/10 10:07:44 am        167
ក្រុមគ្រូពេទ្យស្ម័គ្រចិត្តបារាំង Advance European Medicare Center AEMC French Doctors របស់ប្រទេសបារាំង និងក្រុមគ្រូពេទ្យខ្មែរ អញ្ជើញចុះទៅពិនិត្យ និងព្យាបាលជូន ប្រជាពលរដ្ឋភៀសសឹក ដោយឥតគិតថ្លៃ ដែលកំពុងស្នាក់នៅក្នុងជម្រកបណ្តោះអាសន្ន (ផ្ទះអតីតយុទ្ធជន) ក្នុងភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ជិត ៣ ០០០គ្រួសារ នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦នេះ។ក្នុងឱកាសនោះ ក៏មានវត្តមានលោក ឃ្លោក នួយ អភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ តំណាងឯកឧត្តម អ៊ុរាត្រី អភិបាលខេត្ត និងលោកស្រី ទេព មូណា រួមជាមួយក្រុមគ្រូពេទ្យស័្មគ្រចិត្តឱសថស្ថាន ដឺឡាហ្គារ ផងដែរ។ក្រុមហ៊ុនដែលបានជួយឧបត្ថម្ភក្នុងការចុះទៅពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃក្នុងឱកាសនោះរួមមាន AEMC ឱសថស្ថាន ដឺឡាហ្គារ និងHamariya។គិតត្រឹមថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ ម្សិលមិញនេះ មានជនភៀសសឹកជាង ៣២ ០០០នាក់ មិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញនៅឡើយ និងកំពុងស្នាក់នៅតាមជម្រកបណ្តោះអាសន្នដែលរាជរាជរដ្ឋាភិបាល បានរៀបចំជូន បន្ទាប់ពីទាហានឈ្លានពានថៃបានរំលោភបំពានតាមរយៈការរាយបន្លាលួស ដាក់ទូកុងតឺន័របិទផ្លូវចេញចូលផ្នែកខ្លះនៃភូមិរបស់ពួកគាត់ និងបំផ្លិចបំផ្លាញផ្ទះសម្បែង បន្ទាប់ពីបទឈប់បាញ់ចូលជាធរមានកាលពីខែធ្នូ ឆ្នាំ២០២៥កន្លងទៅ។

បណ្ដេញជន​ជាតិចិន ៣១៨នាក់ ចេញពីកម្ពុជាពាក់​ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)

2026/05/10 10:00:54 am        226
នៅយប់ថ្ងៃទី៩ឈានចូលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ អនុវត្តតាម​អនុសាសន៍​​ដ៏ខ្ពង់ខ្ពស់ របស់​ឯក​ឧត្តម​អភិ​សន្តិ​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិបណ្ឌិត និង​ថ្នាក់​​ដឹ​កនាំ​ក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក​អន្តោ​ប្រវេសន៍ បាន​ណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី សហការជាមួយស្ថានទូតចិន បន្តធ្វើ​ការ​បណ្តេញ​ជន​ជាតិចិនសរុបចំនួន ៣១៨នាក់ ស្រី០១នាក់ ពាក់​ព័ន្ធករណីឆ​បោក​តាម​ប្រព័​ន្ធ​បច្ចេក​វិទ្យា​ (Online Scams) និងករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ ត្រូវបានបណ្ដេញចេញ​តាម​រយៈ​យន្ត​ហោះពិសេស ក្នុងនោះជនជាតិចិន ១៦៥នាក់ ត្រូវបានបណ្ដេញ​ចេញ​តាម​ប៉ុស្តិ៍​នគរបា​ល​ច្រកទ្វារ​អាកាសយានដ្ឋានអន្តរជាតិតេជោ និងចំនួន ១៥៣នាក់ ត្រូវបានបណ្ដេញ​ចេញ​តាម​ប៉ុស្តិ៍​ន​គរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។អគអគ្គនាយកអន្តោប្រវេសន៍បញ្ជាក់ថា ការបណ្ដេញចេញជនជាតិបរទេសខាងលើនេះ គឺ​ជា​ការ​អនុវត្ត​តាម​វិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់ សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្រ្តី ​នៃ​ព្រះរាជាណាចក្រកម្ពុជា និងការ​ទទួល​ដឹកនាំ​តម្រង់​ទិស​យ៉ាង​មុត​មាំ​បំផុត​របស់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងកិច្ចខិតខំ​ប្រឹង​ប្រែង​បោស​សំអាត និងលុប​បំបាត់​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​បច្ចេ​​កវិទ្យា​ដែល​កើត​មាន​ក្នុង​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា​ទាំងអស់ ដើម្បីធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយ​គ្មាន​ការ​លើក​លែង​នោះ​ឡើយ ជាពិសេសចំពោះមេខ្លោងដែលនៅពីក្រោយ ក៏ដូចជាការជួយសង្គ្រោះដល់ជនរងគ្រោះដែលត្រូវមេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាណាមួយហើយត្រូវបានមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ៕ អត្ថបទ៖ វង្ស សុភាព

ផ្ទះទេវតា១ ខ្នងដោយមានភ្ជាប់ប្រព័ន្ធទឹកស្អាត និងភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ត្រូវបានប្រគល់ជូនពលរដ្ឋខ្វះខាតជីវភាពនៅខេត្តកំពង់ធំ

2026/05/09 06:37:39 pm        211
នៅព្រឹកថ្ងៃសៅរ៍ ទី៩ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា បានអញ្ជើញប្រគល់អំណោយផ្ទះទេវតា១ខ្នងទៀត ដែលជាផ្ទះទី៣៣៣ ត្រូវបានផ្ដល់ជូនលោកយាយ ឡុញ សឿន មានអាយុ៨៣ឆ្នាំ រស់នៅភូមិអន្សរក្រហាយ ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ លោកយាយជាស្ត្រីមេម៉ាយ ដោយលោកតាជាប្តីបានស្លាប់ចោលលោកយាយជាច្រើនឆ្នាំមកហើយ លោកយាយរស់នៅជាមួយកូន និងតូចៗក្នុងកម្រិតជីវភាពលំបាក។ ក្នុងឱកាសនោះ ឯកឧត្តម និងលោកជំទាវ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលជានិច្ចកាលលោកទាំង៤ តែងគិតគូរពីសុខទុក្ខដល់ប្រជាពលរដ្ឋគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ បន្ថែមលើអំណោយផ្ទះខាងលើ ឯកឧត្តម និង លោកជំទាវ ក៏បានផ្តល់នូវប្រព័ន្ធទឹកស្អាត និងបំពាក់ភ្លើងសូឡានៅមុខផ្ទះ និងក្នុងផ្ទះជូនដល់លោកយាយម្ចាស់ផ្ទះទៀតផង។ លោកជំទាវក៏បាននាំយកនូវអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតបន្ថែមមួយចំនួនទៀតផងដែរ រួមមាន ៖ អង្ករ១០០គីឡូក្រាម, ត្រីខ១កេស, មីចំនួន៥កេស, ទឹកដោះគោខាប់ ១កេស, ពួក១, ប្រេងកូឡូ១ប្រអប់ធំ, ប្រេងខ្យល់១ប្រអប់ធំ ,ចានដែក១, ឆ្នាំងតូច១, ឆ្នាំងធំ១, ខ្ទះឆា១, វែងឆា១, វែងបាយ១, វែងសំឡ១, ស្លាបព្រា និងសម១ឡូ, កំសៀវ១, ចានបាយចំនួន៥, ចានសម្លចំនួន៥, តែ ១ គីឡូក្រាម,ខ្នើយចំនួន២,មុងចំនួន២,ភួយចំនួន២,កន្ទេលចំនួន២,ស្ករសចំនួន៥គីឡូក្រាមទឹកស៊ីអុីវចំនួន៣យួរ,វិទ្យុ FM១គ្រឿង, ថ្មដាក់វិទ្យុចំនួន២ ស្បែកជើងចំនួន២គូរ,ថ្នាំនឹងច្រាសដុសធ្មេញចំនួន៥ឈុត,សាប៊ូដុំចំនួន១២ដុំតូច,ថ្នាំពេទ្យចំនួន៥ប្រអប់តូច,ខោអាវចំនួន២កំប្លេរ និងថវិកាចំនួន ៥០ម៉ឺនរៀល ព្រមទាំងអំណោយរបស់សម្ដេចតេជោ និងសម្ដេចកត្តិព្រឹទ្ធបណ្ឌិត ជាឃីត (កញ្ចប់ៗ) មានជាសម្ភារៈប្រើប្រាស់ សំលៀកបំពាក់ និងថវិកា ចែកជូនលោកយាយ លោកតាដែលបានចូលរួមនាឱកាសនោះ។ ជាមួយគ្នានោះ ឯកឧត្តម និងលោកជំទាវ ក៏បានចែកកាតាប ដែលមានជាសម្ភារៈសិក្សាជាច្រើនមុខ ជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ទៅដល់ក្មួយៗសិស្សានុសិស្សចំនួន១០០នាក់៕

ក្រសួងសុខាភិបាលចេញសេចក្តីប្រកាសព័ត៌មានស្តីពីការការពារខ្លួនពីការឆ្លងវីរុសហាន់តា (Hantavirus)

2026/05/09 05:58:16 pm        290
ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា វីរុសហាន់តា (Hantavirus) គឺជាវីរុសដែលអាចបង្កជំងឺធ្ងន់ធ្ងរលើមនុស្ស។ រហូតមកដល់ពេលនេះ កម្ពុជាមិនទាន់រកឃើញករណី វីរុសហាន់តាលើមនុស្សនៅឡើយទេ។ មនុស្សអាចឆ្លងវីរុសនេះតាមរយៈការប៉ះពាល់ជាមួយសត្វកកេរ(កណ្តុរ កំប្រុក ស្កា សំពោច)ជាពិសេសទឹកនោម លាមក និងទឹកមាត់របស់វា។ ការឆ្លងតាមរយៈការខាំ ឬខ្លាចដោយសត្វកកេរ អាចកើតមាន ប៉ុន្តែកម្រ។ ថ្មីៗនេះមានការឆ្លងជំងឺបង្កដោយវីរុសហាន់តា រកឃើញលើភ្ញៀវធ្វើដំណើរនៅលើនាវា ទេសចរណ៍មួយគ្រឿងដែលមានទង់ជាតិហូឡង់ និងផ្ទុកអ្នកដំណើរមកពី២៨ប្រទេស ដោយមានករណីសង្ស័យ ៨នាក់ បញ្ជាក់វិជ្ជមាន ៥នាក់ និងស្លាប់ ៣នាក់។ ការឆ្លងត្រូវបានសង្ស័យថាពាក់ព័ន្ធនិងការប៉ះពាល់សត្វកណ្តុរ នៅភាគខាងត្បូងប្រទេសអាហ្សង់ទីន។ អង្គការសុខភាពពិភពលោកបានវាយតម្លៃថា ហានិភ័យនៃការរាលដាល ជាសកលមានកម្រិតទាប ពីព្រោះវីរុសហាន់តាមិនងាយឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទេ ប៉ុន្តែទោះយ៉ាងណា ក្រសួងសុខាភិបាល បានផ្សព្វផ្សាយចំណេះដឹងនិងណែនាំដល់ក្រុមឆ្លើយតបបន្ទាន់ គ្រូពេទ្យទូទាំងប្រទេស អ្នក ទទួលទូរសព្ទ១១៥ និងផ្តល់សារអប់រំសង្ខេបតាមបណ្តាញទំនាក់ទំនងសង្គម និងបន្តពង្រឹងការតាមដាន និងឆ្លើយតបជាប្រចាំ ហើយមានមន្ទីរពិសោធន៍ដែលមានលទ្ធភាពធ្វើតេស្តរកវីរុសនេះផងដែរ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជាធ្វើជាម្ចាស់ផ្ទះសិក្ខាសាលាស្តីពី ការបង្កើតកិច្ចសហប្រតិបត្តិការស្ថាប័នប្រវត្តិសាស្ត្រយោធាអាស៊ាន(AMHIC)”
06/05/2026 07:06 AM
បម្រែបម្រួលអាកាសធាតុធ្វើឲ្យប៉ះពាល់ដល់កសិករចិញ្ចឹមឃ្មុំនៅកូរ៉េខាងត្បូង
06/04/2026 08:06 PM
EU និង UNICEF បញ្ជូនគ្រឿងផ្គត់ផ្គង់សង្រ្គោះជំងឺអេបូឡាទៅកាន់កុងហ្គោ ខណៈផ្ទុះការរីករាលដាលឆ្លង
06/04/2026 08:06 PM
មន្ត្រីជាន់ខ្ពស់ការបរទេស៖កម្ពុជាបានជ្រើសរើសអ្នកផ្សះផ្សាពីររូបរួចហើយ ខណៈភាគីថៃមានពេល២១ថ្ងៃ ដើម្បីជ្រើសរើសអ្នកផ្សះផ្សាពីររូបដែរ
06/04/2026 08:06 PM
កម្ពុជាធ្វើជាម្ចាស់ផ្ទះសិក្ខាសាលាស្តីពី ការបង្កើតកិច្ចសហប្រតិបត្តិការស្ថាប័នប្រវត្តិសាស្ត្រយោធាអាស៊ាន(AMHIC)”
06/04/2026 08:06 PM
មាន​អ្នក​ស្លាប់ច្រើន​នាក់​ ក្នុងហេតុការណ៍​ធ្លាក់យន្តហោះនៅតំបន់ Istria របស់​ក្រូអាត
06/04/2026 08:06 PM
ឆ្មាំបដិវត្តន៍អ៊ីរ៉ង់អំពាវនាវឲ្យ​អ៊ីស្រាអែលដកទ័ពទៅកាន់ទីតាំងមុនសង្គ្រាម នៅលីបង់
06/04/2026 08:06 PM
ប្រទេស ១១ នៅអឺរ៉ុប អំពាវនាវឲ្យ​ EU មានច្បាប់ទិដ្ឋាការកាន់តែតឹងរ៉ឹង សម្រាប់ជនជាតិរុស្ស៊ី
06/04/2026 07:06 PM
អ៊ីស្រាអែលឃុំខ្លួនក្រុមបាតុករជ្វីហ្វជ្រុលនិយម បន្ទាប់ពី​បាន​វាយប្រហារលំនៅ​ឋាន​របស់ចៅក្រម
06/04/2026 07:06 PM
បទឈប់បាញ់នៅលីបង់ បង្កើនក្តីសង្ឃឹមពី​ការ​មាន​វឌ្ឍនភាព សម្រាប់កិច្ចព្រមព្រៀងអ៊ីរ៉ង់
06/04/2026 07:06 PM