កម្ពុជា រកឃើញសត្វព្រៃសំខាន់ៗជាច្រើននៅភាគខាងជើងប្រទេស
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបែងចែកភាគលាភឆ្នាំ២០២៥ ជាង ២៨,៧ ប៊ីលានរៀលជូនភាគហ៊ុនិក
កម្ពុជា-សិង្ហបុរី ពិភាក្សាអំពីលទ្ធភាព នៃការជំរុញនាំចេញផលិតផលកម្ពុជាទៅកាន់ទីផ្សារសិង្ហបុរី
ព្រឹត្តិការណ៍ “ដើរ ២ ៧០០ ជំហាន ដើម្បីទារកនិងកុមារកម្ពុជា” ប្រមូលថវិកាបានជាង ២ ១០០ លានរៀល

ព័ត៌មានជាតិ

ជន​ជាតិចិន ៣១៩នាក់ ពាក់​ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា

2026/05/09 01:24:21 pm        240
នៅយប់ថ្ងៃទី៨ឈានចូលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ អនុវត្តតាម​អនុសាសន៍​​ដ៏ខ្ពង់ខ្ពស់ របស់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិបណ្ឌិត និង​ថ្នាក់​ដឹកនាំ​ក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក​អន្តោ​ប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី សហការជាមួយស្ថានទូតចិន បន្តធ្វើ​ការ​បណ្តេញ​ជន​ជាតិចិនសរុបចំនួន ៣១៩នាក់ ស្រី០១នាក់ ពាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ ត្រូវបានបណ្ដេញចេញ​តាមរយៈយន្តហោះពិសេស ក្នុងនោះជនជាតិចិន ១៦៦នាក់ ត្រូវបានបណ្ដេញចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ និងចំនួន ១៥៣នាក់ ត្រូវបានបណ្ដេញចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋាន អន្តរជាតិសៀមរាបអង្គរ។ការបណ្ដេញចេញជនជាតិបរទេសខាងលើនេះ គឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់ សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងការទទួលដឹកនាំតម្រង់ទិសយ៉ាងមុតមាំបំផុតរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសំអាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យាដែលកើតមានក្នុងព្រះរាជាណាចក្រកម្ពុជាទាំងអស់ ដើម្បីធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែងនោះឡើយ ជាពិសេសចំពោះមេខ្លោងដែលនៅពីក្រោយ ក៏ដូចជាការជួយសង្គ្រោះដល់ជនរងគ្រោះដែលត្រូវមេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាណាមួយហើយត្រូវបានមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ៕

សម្ដេចតេជោ ហ៊ុន សែន៖ ត្រូវបង្កើនការយកចិត្តទុកដាក់ផ្ដល់អាហារូបករណ៍ដល់កូនៗ អតីតយុទ្ធជន និងយុទ្ធជនឈរជើងនៅសមរភូមិមុខ

2026/05/09 12:01:29 pm        257
សម្ដេចតេជោ ហ៊ុន សែន ប្រមុខដ្ឋស្ដីទី ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានមានប្រសាសន៍ អំពាវនាវឱ្យមានការយកចិត្តទុកដាក់ក្នុងការផ្ដល់អាហារូបករណ៍ដល់កូនៗ អតីតយុទ្ធជន និងយុទ្ធជនដែលកំពុងឈរជើងនៅសមរភូមិមុខ ព្រមទាំងយុទ្ធជនពលី និងពិការ ដើម្បីចូលរួមលើកកម្ពស់ និងពង្រឹងការអប់រំ កសាងធនមនុស្សនៅសមរភូមិក្រោយ។ សម្ដេចតេជោ បានមានប្រសាសន៍បន្ថែមទៀតថា សមាគមសិស្ស-និស្សិត អាហារូបករណ៍​សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន (អ.ម.ត.) ត្រូវពិនិត្យលទ្ធភាព និងផ្ដល់ឱកាសខ្ពស់ជូនចំពោះកូនៗ អតីតយុទ្ធជន និងយុទ្ធជន ដែលនេះ​ក៏ជាផ្នែកមួយក្នុងការតបស្នងសងគុណនូវវីភាពរបស់យុទ្ធជន និងអតីតយុទ្ធជន ដែលបាន​ធ្វើពលិកម្ម​ក្នុងបុព្វហេតុជាតិ មាតុភូមិ និងប្រជាជន។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះ នៅក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តកំពត-ខេត្តកែប នាព្រឹកថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២៦៕

សម្ដេចធិបតី៖ ការប្រើប្រាស់កម្លាំង និងការបង្កើតអង្គហេតុសម្រេចលើទីតាំងជាក់ស្តែង (Faits accomplis) ដើម្បីផ្លាស់ប្តូរខ្សែបន្ទាត់ព្រំដែន គឺជាការណ៍មួយដែលកម្ពុជា មិនអាចទទួលយកបានជាដាច់ខាត

2026/05/09 11:48:28 am        203
ភ្នំពេញ៖ ក្នុងជំនួបត្រីភាគី កម្ពុជា-ហ្វីលីពីន-ថៃ កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានថ្លែងរម្លឹក​យ៉ាង​ទទូចថា ការប្រើប្រាស់កម្លាំង និងការបង្កើតអង្គហេតុសម្រេចលើទីតាំងជាក់ស្តែង (Faits accomplis) ដើម្បីផ្លាស់ប្តូរខ្សែបន្ទាត់ព្រំដែន គឺជាការណ៍មួយដែលកម្ពុជាមិនអាចទទួលយកបានជាដាច់ខាត។ ជំនួបត្រីភាគី កម្ពុជា-ហ្វីលីពីន-ថៃ នេះ ត្រូវបានសម្របសម្រួលដោយ ឯកឧត្តម Ferdinand R. Marcos Jr ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន ជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Anutin Charnvirakul នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រថៃ កាលពីល្ងាចថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ នៅទីក្រុងសេប៊ូ សាធារណរដ្ឋហ្វីលីពីន។កិច្ចប្រជុំត្រីភាគីនេះ បានពិភាក្សាអំពីវិធានការកាត់បន្ថយភាពតានតឹងរវាងថៃ និងកម្ពុជា និងការកសាងទំនុកចិត្តគ្នាទៅវិញទៅមកឡើងវិញ។ ក្នុងឱកាសនោះ សម្តេចធិបតី បានថ្លែងរម្លឹក​យ៉ាងទទូចថា៖«ការប្រើប្រាស់កម្លាំង និងការបង្កើតអង្គហេតុសម្រេចលើទីតាំង​ជាក់ស្តែង (Faits accomplis) ដើម្បីផ្លាស់ប្តូរខ្សែបន្ទាត់ព្រំដែន គឺជាការណ៍មួយដែលកម្ពុជាមិនអាចទទួលយក​បានជាដាច់ខាត»។ ទន្ទឹមនេះ សម្តេចធិបតី និងនាយករដ្ឋមន្ត្រីថៃ ប្តេជ្ញាចិត្តរួមគ្នាថា នឹងធ្វើឱ្យទំនាក់ទំនងកម្ពុជា-ថៃ មានប្រក្រតីភាពឡើងវិញជាលំដាប់ ក្នុងគោលដៅសម្រេចឱ្យបាននូវសន្តិភាព​យូរអង្វែងរវាងប្រទេស​ជិតខាងទាំងពីរ។ សម្តេចធិបតី បានលើកឡើងថា ត្រូវតែចាប់ផ្តើមឡើងវិញនូវរាល់យន្តការដែលមានស្រាប់ជាពិសេស គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) គណៈកម្មាធិការព្រំដែនទូទៅ (GBC) និងគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) បន្ទាប់ពីរដ្ឋាភិបាលថ្មីរបស់ប្រទេសថៃបានចាប់ផ្ដើមអនុវត្ដការងាររបស់ខ្លួនបានយ៉ាងពេញលេញរួចមក។ សម្តេចធិបតីនាយករដ្ឋមន្ត្រី សង្ឃឹមជឿជាក់ថា យន្តការនេះ គឺពិតជាចាំបាច់ក្នុងការធានាបញ្ចប់ការបង្កើតអង្គហេតុសម្រេចលើទីតាំងជាក់ស្តែង (faits accomplis) និងដើម្បីធានាថា អធិបតេយ្យភាព បូរណភាពទឹកដី និងខ្សែព្រំដែនអន្តរជាតិ ត្រូវបានគោរពស្របតាមច្បាប់អន្តរជាតិ និងសន្ធិសញ្ញាព្រមទាំងកិច្ចព្រមព្រៀងដែលមានស្រាប់។ ការណ៍នេះក៏នឹងជួយលើកកម្ពស់ទំនុកចិត្ត និងនាំមកនូវសន្តិភាពយូរអង្វែងរវាងប្រទេសទាំងពីរ។សម្ដេចធិបតីនាយករដ្ឋមន្រ្ដីថ្លែងថា កម្ពុជាក៏បានវាយតម្លៃខ្ពស់ ចំពោះតួនាទីដ៏សំខាន់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងបានថ្លែងអំណរគុណដល់ប្រទេសសមាជិកអាស៊ានចំពោះការគាំទ្រ និងការចូលរួមចំណែកជាបន្ដបន្ទាប់ហើយកម្ពុជាបានផ្តល់កិច្ចសហប្រតិបត្ដិការពេញទំហឹង និងអំពាវនាវឱ្យពង្រឹងតួនាទីរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីផ្ទៀងផ្ទាត់ និងធានាដល់ការអនុវត្ដបទឈប់បាញ់ និងរាល់វិធានការដែលបានព្រមព្រៀងគ្នា។ក្នុងកិច្ចប្រជុំត្រីភាគីនេះ ក៏បានពិភាក្សាអំពីទិសដៅទៅអនាគត សម្រាប់ការដោះស្រាយការទាមទារដែនសមុទ្រត្រួតគ្នា ជាមួយនឹងការសម្រេចចិត្តរបស់កម្ពុជាក្នុងការប្រើប្រាស់ «យន្តការផ្សះផ្សារដោយចាប់បង្ខំ» ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) បន្ទាប់ពីការដកខ្លួនរបស់ប្រទេសថៃចេញពីអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១។ កម្ពុជាជឿជាក់ថា នេះគឺជាមាគ៌ាសន្តិវិធីដែលនឹងនាំទៅរកដំណោះស្រាយប្រកបដោយយុត្តិធម៌សម្រាប់ភាគីទាំងពីរ។ សម្តេចធិបតី បានគូសបញ្ជាក់ថា កម្ពុជានៅតែប្រកាន់ខ្ជាប់យ៉ាងមុតមាំចំពោះការដោះស្រាយជម្លោះដោយសន្តិវិធីផ្អែកលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានស្រាប់ រួមទាំងការប្តេជ្ញាចិត្តដែលបានបញ្ជាក់យ៉ាងច្បាស់នៅក្នុងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងសេចក្តីប្រកាសរួម ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ កម្ពុជាត្រៀមខ្លួនជាស្រេច ក្នុងការបោះជំហានទៅមុខប្រកបដោយស្មារតីស្ថាបនាឆាប់រហ័ស និងដោយសុឆន្ទៈ៕

សម្ដេចធីបតី៖ អាស៊ាននៅតែជាគំរូនៃពហុភាគីនិយមផ្អែកលើច្បាប់ និងជាកម្លាំងសម្រាប់សន្តិភាព ស្ថិរភាព កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការប្រកបដោយស្ថាបនា

2026/05/09 11:33:57 am        182
ភ្នំពេញ៖ ក្របខ័ណ្ឌកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ និងកិច្ចប្រជុំពាក់ព័ន្ធចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦នេះ នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាបានគូសបញ្ជាក់ថា អាស៊ាននៅតែជាគំរូនៃពហុភាគីនិយមផ្អែកលើច្បាប់ និងជាកម្លាំងសម្រាប់សន្តិភាព ស្ថិរភាព កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការប្រកបដោយស្ថាបនា។ក្នុងក្របខ័ណ្ឌកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ និងកិច្ចប្រជុំពាក់ព័ន្ធ, សម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ត្រូវបានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ និងអញ្ជើញចូលរួមពិធីជប់លៀងផ្លូវការប្រកបដោយ កិត្តិយសយ៉ាងក្រៃលែង ដែលរៀបចំដោយ ឯកឧត្តមFerdinand Romualdez Marcos Jr. ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន និងលោកជំទាវ Louise Araneta-Marcos នៅទីក្រុងសេប៊ូប្រទេសហ្វីលីពីន។សម្តេចធិបតីនាយករដ្ឋមន្ត្រីបានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គ និងកិច្ចប្រជុំចង្អៀត នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ ក្រោមមូលបទ «ដំណើរឆ្ពោះទៅកាន់អនាគតរួមគ្នា»។ នៅក្នុងកិច្ចប្រជុំកំពូលនេះ ថ្នាក់ដឹកនាំអាស៊ាន បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការជំរុញការកសាងសហគមន៍អាស៊ាន ការពង្រឹងភាពធន់ក្នុងតំបន់ និងការលើកកម្ពស់មជ្ឈភាពនិងឯកភាពអាស៊ាន ក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមនានា ដែលកំពុងកើតមានឡើង ជាពិសេសពាក់ព័ន្ធនឹងសន្តិសុខថាមពល សន្តិសុខស្បៀងអាហារ សុវត្ថិភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋអាស៊ាន។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា អាស៊ាននៅតែជាគំរូនៃពហុភាគីនិយមផ្អែកលើច្បាប់ និងជាកម្លាំងសម្រាប់សន្តិភាព ស្ថិរភាព កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការប្រកបដោយស្ថាបនា។ ភាពពាក់ព័ន្ធ និងអំណាចទន់របស់អាស៊ាន គឺកើតចេញពីតួនាទីជាអន្តរការីដែលអាចជឿទុកចិត្តបាន និងមានអព្យាក្រឹតភាពក្នុងការចូលរួមជាមួយបណ្តាភាគីដោយយុត្តិធម៌ និងភាពជឿជាក់នៅក្នុងបរិបទដែលពិភពលោកកាន់តែប្រឈមចំពោះភាពបែកបាក់។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើតម្រូវការក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលក្នុងតំបន់ ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាពទៅនឹងវិបត្តិខាងក្រៅ ព្រមទាំងរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់។ ថ្នាក់ដឹកនាំអាស៊ានក៏បានអនុម័ត (១) ពិធីសារសេប៊ូស្តីពីវិសោធនកម្មធម្មនុញ្ញអាស៊ាន (២) សេចក្តីថ្លែងការណ៍អាស៊ានស្តីពីកិច្ចសហប្រតិបត្តិការលម្ហសមុទ្រ (៣) សេចក្តីប្រកាសថ្នាក់ដឹកនាំអាស៊ានស្តីពីការឆ្លើយតបទៅនឹងវិបត្តិនៅមជ្ឈិមបូព៌ា (៤) សេចក្តីថ្លែងការណ៍អាស៊ានស្តីពីការផ្តល់អំណាចដល់យុវជនក្នុងសកម្មភាពអាកាសធាតុ និងភាពធន់ទៅនឹងគ្រោះមហន្តរាយ និង (៥) សេចក្តីថ្លែងការណ៍ថ្នាក់ដឹកនាំអាស៊ានស្តីពីការបង្រួបបង្រួមអាស៊ានលើការឆ្លើយតបគ្រោះមហន្តរាយ៖ ពិធីសារយុទ្ធសាស្ត្រអាស៊ានសម្រាប់ការផ្លាស់ប្តូរក្នុងគ្រាអាសន្ន និងគ្រប់ជ្រុងជ្រោយ (ASPECT)៕

យុវជនគណបក្សថ្នាក់កណ្តាល រៀបចំវេទិកាពិភាក្សាជាមួយយុវជនគណបក្សក្រសួង/ស្ថាប័ន នៅវិមាន៧មករា

2026/05/09 11:15:02 am        236
ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការ នៃគណៈអចិន្ត្រៃយ៍​យុវជនបក្សថ្នាក់កណ្តាល តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រធានយុវជន​គណបក្សថ្នាក់កណ្តាល និងឯកឧត្តម កែវ រតនៈ សមាជិកគណៈកម្មាធិការ​កណ្តាលគណបក្ស​ប្រជាជនកម្ពុជា អនុប្រធានយុវជន​គណបក្សថ្នាក់កណ្តាល ​អញ្ជើញជាអធិបតី វេទិកាពិភាក្សាជាមួយ​យុវជនគណបក្សក្រសួង/ស្ថាប័ន ចំនួន ១៤ ដោយមានសមាជិក សមាជិកាចូលរួមជាង ២ ២០០នាក់ នៅវិមាន៧មករា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦។

សម្តេចតេជោ ហ៊ុន សែន ជំរុញដល់អ្នកផលិតអំបិលទាំងអស់ ចូលរួមធានាការផ្គត់ផ្គង់ និងទទួលខុសត្រូវលើសុខុមាលភាពពលរដ្ឋ

2026/05/09 10:07:08 am        394
សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា ជម្រុញដល់អ្នកផលិតអំបិលទាំងអស់ ពិសេសក្នុងខេត្តកំពត និងកែប មិនត្រឹមតែមានតួនាទីជាអ្នកផ្គត់ផ្គង់ដ៏សំខាន់នោះទេ ប៉ុន្តែត្រូវមានតួនាទីទទួលខុសត្រូវដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋផងដែរ។ ការលើកឡើងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៦នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសមាជិក-សមាជិកាក្រុមប្រឹក្សាខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ និងមន្ត្រីនៃមន្ទីរ-អង្គភាពនានាជុំវិញខេត្ត២ចំនួនបន្ថែមទៀតគឺខេត្តកំពត និងខេត្តកែប សរុបចំនួន១១៨២នាក់ នៅទីរួមខេត្តកំពត។ សម្តេចតេជោ ហ៊ុន សែន លើកឡើងថា អ្វីដែលខេត្តកំពត និងខេត្តកែបមាន តែខេត្តដទៃគ្មាននោះ គឺអំបិល។ កំពតមានសក្កានុពលលើការផលិតអំបិល និងខេត្តកែបមានមួយផ្នែកដែរ និងបានដើរតួសំខាន់ជួយផ្គត់ផ្គង់ដល់ខេត្តដទៃផ្សេងទៀត។ ត្រង់ចំណុចនេះសម្តេចតេជោ បានណែនាំដល់អាជ្ញាធរខេត្តកំពតជំរុញផ្សព្វផ្សាយដល់អ្នកផលិតអំបិលទាំងអស់ ចូលរួមទទួលខុសត្រូវលើសុខុមាលភាពលរដ្ឋគឺការកាត់បន្ថយជំងឺពកករលើប្រជាពលរដ្ឋ ខណៈដែលបច្ចុប្បន្នការផលិតមានការផលិតអំបិលប្រភេទអំបិលអ៊ីយ៉ូត។សម្តេចតេជោ លើកឡើងទៀតថា កំពត ដើរតួជាអ្នកផ្គត់ផ្គង់ផង ប៉ុន្តែក៏ដើរតួនាទីទទួលខុសត្រូវលើ​សុខុមាលភាពលើអ្នកទទួលទានឬអ្នកប្រើប្រាស់ ចូលរួមទប់ស្កាត់ជំងឺ ហើយក៏ត្រូវគិតគូរ​លើបញ្ហាចរាចរផ្គត់ផ្គង់ផងដែរ។សូមបញ្ជាក់ថា ខេត្តកំពត ជាខេត្តមួយដែលមានទីតាំងអំណោយផលក្នុងការផលិតអំបិលតាមរយៈការបង្ហូរទឹកសមុទ្រចូលមកដីស្រែ ដែលមានផ្ទៃដីសរុប ៣ ៤៨៩,៤៨ ហិចតា ។ ការផលិតអំបិលនៅខេត្ត កំពត មានរយៈពេលពី៥ខែ ទៅ៦ខែ ក្នុង១ឆ្នាំ ហើយក៏ជាប្រភពដ៏សំខាន់សំរាប់ការផ្គត់ផ្គង់ តាមតម្រូវការប្រើប្រាស់ក្នុងស្រុកដែលមានប្រហែល ១០ម៉ឺនតោនក្នុង១ឆ្នាំ ។ ផ្ទៃដីស្រែអំបិលសរុបចំនួន ៣ ៤៨៩,៤៨ហិចតា ចែកចេញជា ៦មណ្ឌល មានក្រុមផលិតអំបិលចំនួន ១៧១ក្រុម មានពលកម្មចំនួន ១,៤៧៤នាក់ ស្រី ៥៥៧ នាក់ និងឃ្លាំងសរុបចំនួន ៥៣៦ឃ្លាំង ។ ផលិតអំបិលបានចំនួន ៣១ ៣៨២តោន អំបិលលក់ចេញចំនួន ៨១ ១៦៧តោន និងអំបិលសល់ក្នុងឃ្លាំងសរុបចំនួន ១ ០៧៥ តោន ។ តំលៃអំបិលលក់ចេញក្នុងឆ្នាំ២០២៥ អំបិល ស មានតម្លៃចាប់ពី ១៨ ០០០រៀល ដល់ ១៩ ០០០ រៀល ក្នុងមួយបាវ (៥០គីឡូក្រាម) អំបិលខ្មៅ មានតម្លៃ ចាប់ពី ១២ ០០០រៀល ដល់ ១៣ ០០០ រៀល ក្នុងមួយបាវ (៥០គីឡូក្រាម) ៕ អត្ថបទ៖ ពៅ រក្សា

សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា និងមន្ត្រីនៃមន្ទីរអង្គភាពជុំវិញខេត្តកំពត និងខេត្តកែប

2026/05/09 08:14:19 am        244
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៦នេះ បន្តអញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ និងមន្ត្រីនៃមន្ទីរ-អង្គភាពនានាជុំវិញខេត្ត២ចំនួនបន្ថែមទៀតគឺខេត្តកំពត និងខេត្តកែប សរុបចំនួន១១៨២នាក់។ ការចុះជួបសំណេះសំណាលនេះ ជាការចុះជួបដោយផ្ទាល់ ក្នុងការជំរុញរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ចំពោះក្រុមប្រឹក្សា និងមន្ត្រីនានា នៅតាមបណ្តាខេត្ត បន្តបំពេញការងារបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋអោយបានល្អ កុំអោយមានការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ និងបង្កើនប្រសិទ្ធភាពការងារនៅមូលដ្ឋាន។ ម្យ៉ាងទៀតជាការធ្វើគណនេយ្យភាពរវាងសមាជិកព្រឹទ្ធសភាជាមួយអង្គបោះឆ្នោត ដែលជាសមាជិកក្រុមប្រឹក្សានៅតាមបណ្តាឃុំសង្កាត់នានានៅទូទាំងប្រទេស។សូមបញ្ជាក់ថា យោងតាមរបាយការណ៍របស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត និង ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានអោយដឹងថា ខេត្តកំពត ជាខេត្តមានសក្តានុពលធនធានធម្មជាតិ សម្រាប់ការអភិវឌ្ឍពហុវិស័យ ដូចជា វិស័យកសិកម្ម ពាណិជ្ជកម្ម ឧស្សាហកម្ម និងទេសចរ....។ មានឆ្នេរសមុទ្រប្រវែង ៦៦,៥គីឡូម៉ែត្រ ធនធានសមុទ្រសម្បូរបែប ឧទ្យានជាតិ ព្រះមុន្នីវង្សបូកគោ កំពង់ផែធំៗ ចំនួន៥កន្លែង រោងចក្រស៊ីម៉ង ចំនួន៤កន្លែង វារីអគ្គសនីផលិតថាមពលបាន ចំនួន១៩៤,១មេកាវ៉ាត់ ព្រមទាំងមានប្រព័ន្ធគណនាគមន៍តភ្ជាប់គ្នាជាច្រើនដូចជា ផ្លូវជាតិលេខ៣ លេខ៤១ លេខ៤៣ លេខ៣១ លេខ៣២ លេខ៣៣ និងផ្លូវរថភ្លើងមួយខ្សែតភ្ជាប់ពី ភ្នំពេញមក កំពតនិងទៅខេត្តព្រះសីហនុ។ ការគ្រប់គ្រងរដ្ឋបាលដែនដី បែងចែកជា ៩ក្រុង-ស្រុក ៩៣ឃុំ-សង្កាត់ និង ៤៩១ភូមិ ប្រជាពលរដ្ឋសរុប ៧២៣ ៩៥៤ នាក់ (ស្រី ៣៧៣ ២៥១ នាក់) = ១៨៤ ៦៤៨គ្រួសារ។ មានដង់ស៊ីតេប្រជាជនចំនួន ១៤៨,១៧ នាក់ ក្នុងមួយគីឡូម៉ែត្រការ៉េ។ ប្រជាជនក្នុងខេត្តកំពត ប្រកបរបរក្នុងផ្នែកផ្សេងៗមានដូចជា មុខរបរចម្បងក្នុងផ្នែក កសិកម្មមានចំនួន ៧២,៤%, បម្រើការងារចម្បងផ្នែកសិប្បកម្មមានចំនួន ០.៥% និង បម្រើការងារចម្បងក្នុង ផ្នែកសេវាកម្មមានចំនួន ២៧.១%។ សេដ្ឋកិច្ចខេត្តកំពតឆ្នាំ២០២៥ មានទំហំប្រមាណ១ ៦១២,៤លានដុល្លារ មានកំណើនសេដ្ឋកិច្ច ៩% ធៀបនឹងឆ្នាំ២០២៤ និងចំណូលសម្រាប់មនុស្សម្នាក់ ២១២៦,៤ដុល្លារ។ កំណើន សេដ្ឋកិច្ច តាមវិស័យបីធំៗមាន កសិកម្ម មានប្រមាណ ៨៨៥,៩ លានដុល្លារ, ឧស្សាហកម្ម មានប្រមាណ ៣០៥,៥លានដុល្លារ និងសេវាកម្ម មានប្រមាណ ៤១២,០លានដុល្លារ។ចំណែកខេត្តកែបមានចម្ងាយប្រមាណ ១៧៥Km ពីរាជធានីភ្នំពេញ។ ខេត្តមាន ព្រំប្រទល់ខាងកើត ខាងជើង ខាងលិច ជាប់នឹងខេត្តកំពត និងខាងត្បូងជាប់តំបន់ទឹកប្រវត្តិសាស្ត្រកម្ពុជា-វៀតណាម។ មានទំហំផ្ទៃដីគោកសរុប ១៨៧,២៤គ.ម២ ព្រមទាំងមានផ្ទៃសមុទ្រ និងមានកោះចំនួន១៣។ រដ្ឋបាលដែនដីចែកចេញជាក្រុង ១ ស្រុក ១ មាន៥ឃុំសង្កាត់ និង១៨ភូមិ។ មានប្រជាពលរដ្ឋសរុប ១១,១៧៤ គ្រួសារ មនុស្សសរុបចំនួន ៤៦,៥៦១នាក់ ស្រីចំនួន ២៣,៦៩៦នាក់ អាយុ១៨ឆ្នាំឡើង ៣០.៥៤៨នាក់។ មុខរបរចម្បងរបស់ប្រជាពលរដ្ឋ គឺការធ្វើស្រែចំការ នេសាទសមុទ្រ ផលិតអំបិល និងអាជីវកម្មទេសចរណ៍។ ប្រជាពលរដ្ឋចំណាកស្រុកសរុបចំនួន ១៩៣៤នាក់ (ស្រី ៩៤៣នាក់) ក្នុងនោះចំណាក ស្រុកក្នុងប្រទេសចំនួន ១៦៦៨នាក់ (ស្រី ៨២៣នាក់) និងចំណាកស្រុកក្រៅប្រទេសចំនួន ២៦៦ នាក់ (ស្រីចំនួន ១២០នាក់)។ នៅទូទាំងខេត្ត ប្រជាពលរដ្ឋមានការងារធ្វើ(គិតត្រឹម ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦)សរុប ២៧.៤០០នាក់ ស្រី១៣.៥៦៤នាក់ ស្មើនឹង៨៨,៧០%។ដោយកត្តាសក្តានុពល និងភូមិសាស្ត្រមានអំណោយផល ខេត្តកែប បានជំរុញកំណើនទំហំសេដ្ឋកិច្ចខេត្ត រួមចំណែកកាត់បន្ថយភាពក្រីក្រ បានថយចុះពីអត្រា១២.៨៤% នៅឆ្នាំ២០១៧ មកត្រឹម ២.០៧% នៅឆ្នាំ២០២៦៕

ផ្លូវជនបទជាសរសៃឈាមដែលតភ្ជាប់ ជំរុញដល់ដំណើរអន្តរកម្មសេដ្ឋកិច្ចមូលដ្ឋាន

2026/05/08 09:47:28 pm        44
ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងបន្តផ្តោតយកចិត្តទុកដាក់ លើការងារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវនៅតាមជនបទ ជំរុញការ តភ្ជាប់ឱ្យមានភាពប្រទាក់ក្រឡា លើកកម្ពស់ការរស់នៅរបស់ប្រជាពលរដ្ឋ និងជំរុញដល់ចលនាសេដ្ឋកិច្ចនៅជនបទឱ្យកាន់តែ រីកចម្រើន។​ឯកឧត្តម ជី ស៊ីថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លើកឡើងនៅ ក្នុងការដឹកនាំគណៈកម្មការអន្តរក្រសួង ចុះត្រួតចុះពិនិត្យ វាយតម្លៃបញ្ចប់សុពលភាព លើការងារស្ថាបនាផ្លូវ និងការងារជួសជុលស្ដារ ឡើងវិញផ្លូវចំនួន២គម្រោង ស្ថិតនៅស្រុកបវេល និងស្រុកសំឡូត ខេត្តបាត់ដំបង នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ នេះថា ជុំវិញការ អភិវឌ្ឍនៅតាមជនបទ រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ នៃរដ្ឋសភា, ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបន្តកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ តាមរយៈការលើកកម្ពស់សេវា សង្គមនានា ជាពិសេសការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ដឹកជញ្ជូននៅជនបទ និងការបន្តលើកកម្រិតផ្លូវជនបទ ពីផ្លូវក្រាល ក្រួសក្រហម ទៅជាផ្លូវក្រាលកៅស៊ូ ឬផ្លូវបេតុងជាដើម។ឯកឧត្តមរដ្ឋលេខាធិការ លើកឡើងបន្ថែមថា ចំណែកការអភិវឌ្ឍផ្លូវនៅជនបទ គឺជាការវិនិយោគដ៏ចាំបាច់របស់រាជរដ្ឋាភិបាល ដែលមានក្រសួងអភិវឌ្ឍន៍ជនបទជាសេនាធិការផ្ទាល់ បាននិងកំពុងយកចិត្តទុកដាក់នៅលើការងារផ្លូវជនបទ​ ធ្វើយ៉ាងណាជំរុញ អភិវឌ្ឍន៍ផ្លូវឱ្យមានប្រទាក់ក្រឡា ព្រោះផ្លូវមានសារៈសំខាន់ណាស់ ផ្លូវគឺជាសរសៃរឈាមនៃសេដ្ឋកិច្ច ជាក់ស្តែង ផ្លូវទាំងពីរគម្រោង ខាងលើនេះ បាននិងកំពុងរួមចំណែកលើកកម្ពស់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។ តាមរយៈផ្លូវនេះដែរ, ឯកឧត្តមបានវាយតម្លៃខ្ពស់ ដល់នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ដែលបានខិតខំប្រឹងប្រែងនៅលើការងារស្ថាបនា និងថែទាំរហូតបញ្ចប់នូវសុពលភាព ដោយរក្សាបាននូវគុណភាពផ្លូវបានល្អប្រសើរជូនប្រជាពលរដ្ឋមូលដ្ឋាន។សូមបញ្ជាក់ថា គម្រោងទី១៖ គឺការងារស្ថាបនាផ្លូវក្រាលដីល្បាយក្រួសចំនួន ១ខ្សែ មាន២កំណាត់ ប្រវែងសរុប ២ ៧៥០ ម៉ែត្រ ទទឹង ៨ ម៉ែត្រ រួមជាមួយការអភិវឌ្ឍសំណង់ផ្សេងៗ ស្ថិតនៅភូមិអូរឫស្សី ភូមិយុត្តិធម៌ និងភូមិដំណាក់តាស៊ុត ឃុំបឹងប្រាំ ស្រុកបវេលខេត្តបាត់ដំបង និងគម្រោងទី២៖ ការងារជួសជុលស្តារឡើងវិញផ្លូវក្រាលល្បាយថ្មភ្នំចំនួន១ខ្សែ ប្រវែង ៤ ០០០ ម៉ែត្រ ទទឹង ៨ ម៉ែត្រ រួមជាមួយសំណង់សិល្បការ្យដូចគ្នា ស្ថិតនៅភូមិសំឡូតឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង គម្រោងទាំងពីរអនុវត្តដោយនាយក ដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ៕អត្ថបទ៖ សុន រ៉ាឌ

ក្រុមហ៊ុនហ្វីលីពីន បង្ហាញការចាប់អារម្មណ៍ខ្ពស់ក្នុងការស្វែងរកកាលានុវត្តភាពវិនិយោគនៅកម្ពុជា

2026/05/08 08:40:24 pm        155
នៅរសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Jude Aguilar ប្រធាសភាពាណិជ្ជកម្ម និងឧស្សាហកម្មហ្វីលីពីន (PCCI) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ នៅកោះសេប៊ូ សាធារណរដ្ឋហ្វីលីពីន ដែលប្រព្រឹត្តទៅនៅថ្ងៃទី៧-៨ ខែឧសភា ឆ្នាំ២០២៦។ក្នុងឱកាសនៃជំនួប, លោកប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មហ្វីលីពីន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសម្ដេចធិបតីដែលបានចំណាយពេលដ៏មមាញឹក អនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនាឱកាសនេះ។ លោកប្រធានបានគោរពជម្រាបជូនសម្តេចធិបតីអំពីកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរជាមួយសភាពាណិជ្ជកម្មកម្ពុជា (CCC) តាមរយៈការរៀបចំព្រឹត្តិការណ៍ និងសកម្មភាពធុរកិច្ចនានាប្រកបដោយផ្លែផ្កា នាពេលកន្លងមក។ បន្ថែមលើនេះ, លោកប្រធាន ក៏បានជម្រាបជូន សម្តេចធិបតី អំពីផែនការបន្តពង្រឹង និង ពង្រីក ទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការអាជីវកម្ម រវាងសភាពាណិជ្ជកម្មនៃ ប្រទេសទាំងពីរ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចធុរកិច្ច កាន់តែសកម្មបន្ថែមទៀត។ លោកប្រធានបានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ និងពេញចិត្តចំពោះកំណើនទ្វេដងនៃទំហំពាណិជ្ជកម្ម ហ្វីលីពីន-កម្ពុជា ក្នុងត្រីមាសទី១ នៃឆ្នាំ២០២៦។ លោកប្រធានបានគោរពជម្រាបជូនសម្ដេចធិបតីថា នៅក្នុងឆ្នាំ២០២៦ នេះ សភាពាណិជ្ជកម្ម និងឧស្សាហកម្មហ្វីលីពីន គ្រោងនឹងរៀបចំដំណើរទស្សនកិច្ចធុរកិច្ចទៅកាន់កម្ពុជា ដើម្បីស្វែងរកកាលានុវត្តភាពវិនិយោគថ្មីៗបន្ថែមទៀត។ លោកប្រធាន ក៏បានគូសបញ្ជាក់បន្ថែមថា បច្ចុប្បន្នមានក្រុមហ៊ុនហ្វីលីពីនបានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំង និងមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើវិស័យសក្តានុពលសំខាន់ៗមួយចំនួន រួមមាន៖ វិស័យវេចខ្ចប់ និងការកែច្នៃចំណីអាហារ, វិស័យកសិ-ទេសចរណ៍, និងវិស័យអាកាសចរណ៍ ជាពិសេសការអភិវឌ្ឍតំបន់រមណីយដ្ឋាននៅតាមបណ្តាខេត្តជាប់ឆ្នេរសមុទ្រ ជាដើម។ លោកប្រធាន ក៏បានបង្ហាញជំនឿជឿជាក់យ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការដ៏ល្អរវាងសភាពាណិជ្ជកម្មនៃប្រទេសទាំងពីរ នឹងបង្កើតនូវសកម្មភាពធុរកិច្ច, អាជីវកម្ម និងពាណិជ្ជកម្មប្រកបដោយថាមវ័ន្តបន្ថែមទៀត រវាងប្រទេសទាំងពីរ។ជាការឆ្លើយតប, សម្ដេចធិបតីបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងសភាពាណិជ្ជកម្មនៃប្រទេសទាំងពីរ និងបានលើកទឹកចិត្តឱ្យសភាពាណិជ្ជកម្មទាំងពីរបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ និងស្វែងរកកាលានុវត្តភាពថ្មីៗទៀត ដើម្បីលើកកម្ពស់ការតភ្ជាប់រវាងវិស័យឯកជននៃប្រទេសទាំងពីរ ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជាបានត្រៀមខ្លួនរួចជាស្រេច​ ក្នុងការគាំទ្រទៅដល់វិស័យឯកជន។ ពាក់ព័ន្ធទៅនឹងវិស័យកសិ-ទេសចរណ៍, សម្ដេចធិបតីបានគូសបញ្ជាក់អំពីសក្តានុពលរបស់ប្រទេសកម្ពុជា ក៏ដូចជាកាលានុវត្តភាពដែលប្រទេសទាំងពីរអាចចាប់យកក្នុងការតភ្ជាប់វិស័យកសិ-ទេសចរណ៍ជាមួយគ្នា តាមរយៈការតភ្ជាប់ទីផ្សារទេសចរណ៍ជាមួយគ្នា រវាងកោះសេប៊ូ និងខេត្តសៀមរាប ក៏ដូចជាខេត្តព្រះសីហនុ។ ក្នុងន័យនេះ, សម្ដេចធិបតីលើកទឹកចិត្តឱ្យកោះសេប៊ូបន្តពិភាក្សាជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ក្នុងការរៀបចំឱ្យមានជើងហោះហើរត្រង់រវាងកោះសេប៊ូ និងខេត្តសៀមរាប។ សម្ដេចធិបតីក៏បានសង្កត់ធ្ងន់អំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលនៅក្នុងការលើកកម្ពស់ ក៏ដូចជាការថែរក្សាបរិស្ថានវិនិយោគនៅកម្ពុជា​ ប្រកបដោយភាពធន់, ភាពទាក់ទាញ និង សុខសុវត្ថិភាព។ជាទីបញ្ចប់, សម្ដេចធិបតីបានលើកទឹកចិត្តឱ្យសភាពាណិជ្ជកម្មនៃប្រទេសទាំងពីរបន្តជំរុញកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀត ដើម្បីស្វែងរក កាលានុវត្តភាពថ្មីៗ ក្នុងការពង្រីកការវិនិយោគ, ធុរកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕

សម្តេចធិបតី អញ្ជើញចូលរួមពិធីជប់លៀងផ្លូវការ នៅទីក្រុងសេប៊ូ

2026/05/08 08:13:34 pm        33
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយបណ្តាថ្នាក់ដឹកនាំនៃប្រទេសអាសាន និងអគ្គលេខាធិការអាស៊ាន អញ្ជើញចូលរួមពិធីជប់លៀងផ្លូវការ ដែលរៀបចំដោយឯកឧត្តមប្រធានាធិបតីហ្វីលីពីន និងលោកជំទាវ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅសាធារណរដ្ឋហ្វីលីពីន នាយប់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គណៈកម្មការប្រតិបត្តិ Soccer League បង្ហើបមហិច្ឆតាធំមួយ សម្រាប់ត្រៀមខួបលើកទី១០
06/05/2026 09:06 AM
លីបង់៖ កិច្ចព្រមព្រៀងបទឈប់បាញ់ដ៏ទូលំទូលាយ ជាឱកាសចុងក្រោយរបស់ខ្លួនក្នុងពេលក្រុមហេសបូឡា ច្រានចោល
06/05/2026 09:06 AM
គោព្រៃកម្ពុជា ទទួលបានការសសើរពីគ្រូទាំងសងខាង ក្រោយយកឈ្នះប៊ូតង់ ៤-០
06/05/2026 09:06 AM
អង្គការឃ្លាំមើលនុយក្លេអ៊ែររបស់ UN បានលើកឡើងពីការព្រួយបារម្ភនៃការរីកសាយនៅទីតាំងរបស់អ៊ីរ៉ង់
06/05/2026 09:06 AM
មេដឹកនាំអ៊ុយក្រែន សន្យាកំណត់ពេលវេលាច្បាស់លាស់សម្រាប់ការចរចាស្តីពីសមាជិកភាពសហភាពអឺរ៉ុប
06/05/2026 09:06 AM
កម្ពុជា រកឃើញសត្វព្រៃសំខាន់ៗជាច្រើននៅភាគខាងជើងប្រទេស
06/05/2026 09:06 AM
មេដឹកនាំអ៊ុយក្រែន ស្នើឲ្យមានជំនួបពិភាក្សាទល់មុខគ្នាក្នុងលិខិតបើកចំហរផ្ញើទៅកាន់លោក Putin
06/05/2026 09:06 AM
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបែងចែកភាគលាភឆ្នាំ២០២៥ ជាង ២៨,៧ ប៊ីលានរៀលជូនភាគហ៊ុនិក
06/05/2026 08:06 AM
ក្រុមហេសបូឡា ច្រានចោលបទឈប់បាញ់រវាងអ៊ីស្រាអែល-លីបង់ គាំទ្រដោយអាមេរិក
06/05/2026 08:06 AM
កម្ពុជា-សិង្ហបុរី ពិភាក្សាអំពីលទ្ធភាព នៃការជំរុញនាំចេញផលិតផលកម្ពុជាទៅកាន់ទីផ្សារសិង្ហបុរី
06/05/2026 08:06 AM