កម្ពុជា រកឃើញសត្វព្រៃសំខាន់ៗជាច្រើននៅភាគខាងជើងប្រទេស
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបែងចែកភាគលាភឆ្នាំ២០២៥ ជាង ២៨,៧ ប៊ីលានរៀលជូនភាគហ៊ុនិក
កម្ពុជា-សិង្ហបុរី ពិភាក្សាអំពីលទ្ធភាព នៃការជំរុញនាំចេញផលិតផលកម្ពុជាទៅកាន់ទីផ្សារសិង្ហបុរី
ព្រឹត្តិការណ៍ “ដើរ ២ ៧០០ ជំហាន ដើម្បីទារកនិងកុមារកម្ពុជា” ប្រមូលថវិកាបានជាង ២ ១០០ លានរៀល

ព័ត៌មានជាតិ

ការវិនិយោគផ្លូវនៅជនបទ ជាការឆ្លើយតបទៅនិងការស់នៅដ៏ចាំបាច់របស់ប្រជាជន

2026/05/08 07:54:23 pm        18
ក្រសួងអភិវឌ្ឍន៍ជនបទ ចាត់ទុកការស្ថាបនា ស្តារ ថែទំា និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធ គឺជាការវិនិយោគដ៏ចាំបាច់ ដើម្បីសម្រួល ដល់គមនាគមន៍ និងការផ្តល់សេវាសាធារណៈផ្សេងៗ ដើម្បីចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ឯកឧត្តម ប៉ែន ពេជ្រសាលី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ ដឹកនាំគណៈកម្មការអន្តរក្រសួងរួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាព លើការងារថែទាំខួបផ្លូវចំនួន ២ខ្សែ ក្រាលខ្សាច់ស ប្រវែងសរុបជិត ១០ គីឡូម៉ែត្រ ទទឹងខ្នងលើ ៤,៥ ម៉ែត្រ និង ៥ ម៉ែត្រ ស្ថិតក្នុងឃុំទួលព្រេជ និងឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល ដែលអនុវត្តដោយ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល។ឯកឧត្តមរដ្ឋលេខាធិការ លើកឡើងថា ជុំវិញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវនៅតាមជនបទនេះ ក្រសួងអភិវឌ្ឍន៍ជនបទ ដែលបាននិងកំពុងបន្តបេសកកម្មរបស់ខ្លួន ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ លើការងារស្ថាបនា ស្តារ និងការថែទាំ ព្រោះការតភ្ជាប់ បណ្តាញផ្លូវនៅតាមជនបទពិតជាមានសារៈសំខាន់ណាស់ ក្នុងនោះក្រៅពីការធ្វើដំណើរ ផ្លូវគឺជាសរសៃឈាមនៃសេដ្ឋកិច្ចបម្រើដល់ ការដឹកជញ្ជូនដូចជា ការដឹកទំនិញ ឬកសិផលទៅកាន់ទីផ្សារ, ទៅកាន់រោងចក្រ, ឧស្សាហកម្ម និងសហគ្រាសនានា ក៏ដូចជាការប្រកប មុខរបរផ្សេងៗសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋផងដែរ។ជុំវិញផ្លូវខាងលើនេះ ឯកឧត្តមបានវាយតម្លៃខ្ពស់ ចំពោះមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល ដែលបានខិតខំប្រឹងប្រែងលើ ការងារថែទាំរហូតដល់បញ្ចប់សុពលភាពផ្លូវ ដោយរក្សានូវគុណភាពល្អប្រសើរ។ ឯកឧត្តមបន្ថែមថា ជុំវិញការអភិវឌ្ឍផ្លូវនៅតាមជនបទ នេះ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានយកចិត្តទុកដាក់បំផុត ជាពិសេសរដ្ឋមន្ត្រី តែងតែចំណាយពេល វេលាដ៏មានតម្លៃ មិនគិតនឿយហត់ ដោយបានអញ្ជើញចុះពិនិត្យជាប្រចាំ ទាំងការងារស្ថាបនា ការស្តារ ការថែទាំ និងគម្រោងដែលត្រូវ អភិវឌ្ឍន៍ថ្មីៗជាដើម ដើម្បីសម្រួលដល់គមនាគមន៍ និងការផ្តល់សេវាសាធារណៈផ្សេងៗ ជូនប្រជាពលរដ្ឋគ្រប់ទិសទីនៅទូទាំងប្រទេស ក្នុងគោលដៅកែប្រែលក្ខខណ្ឌរស់នៅរបស់សហគមន៍ជនបទលើផ្នែកសេដ្ឋកិច្ច និងសង្គម៕អត្ថបទ៖ សុន រ៉ាឌី

កម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត

2026/05/08 07:46:27 pm        137
រសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី ក្នុងឱកាសនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ នៅកោះសេប៊ូ សាធារណរដ្ឋហ្វីលីពីន ដែលប្រព្រឹត្តទៅនៅថ្ងៃទី៧-៨ ខែឧសភា ឆ្នាំ២០២៦។ក្នុងឱកាសនៃជំនួប, ឯកឧត្តម Anwar Ibrahim បានបង្ហាញនូវក្ដីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយសម្ដេចធិបតី សាជាថ្មីម្ដងទៀត ដោយឯកឧត្តមបានបញ្ជាក់ថា ជំនួបជាញឹកញាប់រវាងឯកឧត្តមនិងសម្ដេចធិបតី ឆ្លុះបញ្ចាំងអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងម៉ាឡេស៊ី និង កម្ពុជា។ បន្ថែមលើនេះ, ឯកឧត្តម Anwar Ibrahim បានសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនងទ្វេភាគី និងបានគូសបញ្ជាក់អំពីការប្ដេជ្ញាបន្តជំរុញទំនាក់ទំនងនេះឱ្យកាន់តែរីកចម្រើន ទូលំទូលាយ និង រឹងមាំបន្ថែមទៀត ជាពិសេសការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសក្ដានុពល សម្រាប់ជាប្រយោជន៍ដល់ជាតិ និងប្រជាជននៃប្រទេសទាំងពីរ។ជាការឆ្លើយតប, សម្ដេចធិបតី បានថ្លែងអំណរគុណឯកឧត្តម Anwar Ibrahim ដែលបានដើរតួនាទីយ៉ាងសកម្ម ក្នុងការសម្របសម្រួលឱ្យមានបទឈប់បាញ់រវាងកម្ពុជា និងថៃ ចំនួន ២ លើក, ២៨ កក្កដា និង ២៧ ធ្នូ ឆ្នាំ២០២៥។ សម្ដេចធិបតី បានគូសបញ្ជាក់ថា តួនាទីរបស់ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីភាពរបស់រដ្ឋជាសមាជិកអាស៊ាន ដែលបានបំពេញតួនាទីដ៏សំខាន់ ក្នុងការធានាស្ថិរភាព វិបុលភាព និងចីរភាព នៅក្នុងតំបន់អាស៊ាន។ បន្ថែមលើនេះ, សម្ដេចធិបតី ក៏បានពិភាក្សាជាមួយឯកឧត្តម Anwar Ibrahim អំពីការជំរុញកិច្ចសហប្រតិបត្តិការ ផ្នែកពាណិជ្ជកម្ម និងវិនិយោគ ជាពិសេស ការផ្ដោតលើឧស្សាហកម្មហាឡាល់ (Halal Industry) ដែលជាឧស្សាហកម្មមួយមានសក្ដានុពលខ្ពស់ចំពោះកម្ពុជា ក្នុងកិច្ចទំនាក់ទំនងពាណិជ្ជកម្មជាមួយម៉ាឡេស៊ី។ សម្ដេចធិបតីក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលម៉ាឡេស៊ី ដែលបានគាំទ្រកម្ពុជា និងបានបញ្ជូនអ្នកបច្ចេកទេសផ្នែកអាហារហាឡាល់មកកាន់កម្ពុជា ដើម្បីរៀបចំហេដ្ឋារចនាសម្ព័ន្ធ និង វេទិកាគាំទ្រ សំដៅធ្វើយ៉ាងណាឱ្យកម្ពុជាក្លាយជាប្រទេសដែលទទួលបានសិទ្ធិក្នុងការនាំចេញអាហារហាឡាល់។មុននឹងបញ្ចប់, ប្រមុខរដ្ឋាភិបាលទាំងពីរក៏បានពិភាក្សាអំពីការថែរក្សាស្ថិរភាព និង សន្តិភាព ក្នុងតំបន់ ក៏ដូចជាការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-ម៉ាឡេស៊ី លើវិស័យការពារជាតិ និងសន្តិសុខ។

ក្រសួងបរិស្ថាននឹងធ្វើការបិទផលិតកម្មរោងចក្រផលិតដំណាប់ស្វាយមួយកន្លែង នៅភ្នំពេញ និងរោងចក្របោកគក់នៅក្នុងខេត្តកណ្តាល ក្រោយរារាំងមិនឱ្យសមត្ថកិច្ចចូលត្រួតពិនិត្យករណី សង្ស័យប្រព្រឹត្តបទល្មើស បង្ហូរសំណល់រាវមានពណ៌ខ្មៅ និងក្លិនស្អុយ ចូលក្នុងប្រឡាយទឹកសាធារណៈ

2026/05/08 07:42:14 pm        108
ក្រសួងបរិស្ថាននឹងធ្វើការបិទដំណើរការអាជីវកម្មជាបណ្ណោះអាសន្ន ចំពោះរោងចក្រចំនួន២ទីតាំងគឺ ១-រោងចក្រផលិតដំណាប់ស្វាយ (ពុំមានឈ្មោះ) និង២-រោងចក្របោកគក់ជំរះក្អែល ឈ្មោះ Kniteracy Asia Company Limited Garment, Knitting ដែលពាក់ព័ន្ធនឹងការបង្ហូរសំណល់រាវមានពណ៌ខ្មៅ និងក្លិនស្អុយ ចូលក្នុងប្រឡាយទឹកសាធារណៈ នៅទីតាំងភូមិសាស្ត្រនៃសង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ និងឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។ សមត្ថកិច្ច នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ​២០២៦ ត្រូវបានរារាំង​មិនឱ្យចុះត្រួតពិនិត្យ​នៅក្នុងទីតាំងរោងចក្រ ទាំង២ខាងលើ ពាក់ព័ន្ធនឹងបញ្ហាបំពុលបរិស្ថានឡើយ។ ឆ្លើយតប នឹងបញ្ហានេះ ក្រសួងបរិស្ថានសម្រេចបិទផលិតកម្មរោងចក្រជាបណ្ណោះអាសន្ន ស្របតាមក្រមបរិស្ថាននិងធនធានធម្មជាតិ និងបទដ្ឋានគតិយុត្តជាធរមានរបស់កម្ពុជា។យោងតាម ក្រមបរិស្ថាន និងធនធានធម្មជាតិ នៃព្រះរាជាណាចក្រកម្ពុជា រោងចក្រសហគ្រាស ដែលមិនសហការ ឬរារាំងមិនឱ្យមន្ត្រីបរិស្ថានចូលត្រួតពិនិត្យការបំពុល ត្រូវរងទណ្ឌកម្ម តាមផ្លូវច្បាប់ជាធរមាន។ ក្រមបរិស្ថាននិងធនធានធម្មជាតិ មាត្រា៨១៥. ត្រង់ចំណុច ក បានចែងតួនាទីនិងភារកិច្ចរបស់មន្ត្រីអធិការកិច្ចរបស់ក្រសួងទទួលបន្ទុកវិស័យបរិស្ថាននិងធនធានធម្មជាតិ ដែលក្នុងនោះបានចង្អុលបង្ហាញ ការធ្វើអធិការកិច្ច តាមដាន ស្រាវជ្រាវ ត្រួតពិនិត្យ និងជំរុញការអនុវត្តបញ្ញតិនៃក្រមនេះពាក់ព័ន្ធនឹង កិច្ចការពារបរិស្ថាន និងកិច្ចគាំពារបរិស្ថាន ក្រោមសមត្ថកិច្ច​របស់ក្រសួងទទួលបន្ទុកវិស័យបរិស្ថាន និងធនធានធម្មជាតិ។ ដូចគ្នាដែរ អនុក្រឹត្យលេខ ២៤១ អនក្រ.បក ចុះថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ ស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងបរិស្ថាន ត្រង់មាត្រា២. មាត្រា២២. មាត្រា២៧. ក៏មានចែងអំពីតួនាទីមន្រ្តីជំនាញក្រសួងបរិស្ថាន មានសមត្ថកិច្ចពិនិត្យ បទល្មើសបរិស្ថាននៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ក្នុងនាមមន្ត្រីអធិការកិច្ចគាំពារបរិស្ថាន របស់ក្រសួងបរិស្ថាន ទទួលបាននីតិសម្បទាជានគរបាលយុត្តិធម៌ ហើយមានអំណាចឆែកឆេរ ចាប់យកវត្ថុតាង កោះហៅបុគ្គលពាក់ព័ន្ធនឹងបំពេញកិច្ចនីតិវិធីដទៃទៀត។ លើសពីនេះ ប្រកាសលេខ ០១៩ ប្រ.ក ប.ស្ថ ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ ស្ដីពីនីតិវិធីនៃការត្រួតពិនិត្យ និងការធ្វើអធិការកិច្ចការបំពុល បរិស្ថាន ត្រង់ប្រការ៦.ប្រការ៩.ប្រការ១០.ប្រការ១១.ប្រការ១៥.ប្រការ១៩.ក៏មានចែង អំពីម្ចាស់ ឬតំណាងស្របច្បាប់របស់ទីតាំងផលិតកម្ម អាជីវកម្ម ឬសេវាកម្ម ដែលរារាំងការចូលក្នុងទីតាំង ឬពុំព្រមផ្តល់កិច្ចសហការសម្រាប់ការបំពេញភារកិច្ចរបស់មន្ត្រីអធិការកិច្ច ដូចមានចែងកំណត់នៅក្នុងប្រកាសនេះ ត្រូវទទួលទណ្ឌកម្ម ឬទោសអនុលោមតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន៕

សម្តេចធិបតីនាយករដ្ឋមន្ត្រី អនុញ្ញាតជូន ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មហ្វីលីពីន ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ

2026/05/08 07:07:35 pm        27
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជូន លោក Jude Aguilar ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មហ្វីលីពីន ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅទីក្រុងសេប៊ូ សាធារណរដ្ឋហ្វីលីពីន នាល្ងាចថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦ ក្នុងឱកាសដែលសម្តេចធិបតីដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។

ឯកឧត្តម គន់ គីម អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ទីស្នាក់ការសមាគម អ.ន.ក.ខេត្តក្រចេះ

2026/05/08 07:00:54 pm        83
នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងនិវត្តជនកម្ពុជា បានអញ្ជើញអបអរសាខួបលើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តក្រចេះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលមានទីតាំងស្ថិតនៅ សង្កាត់អូរឫស្សី ក្រុងក្រចេះ។ពិធីនេះមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ អ.ន.ក., ឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងជាប្រធាន អ.ន.ក.ខេត្ត, ថ្នាក់ដឹកនាំគណៈកម្មាធិការសមាគមខេត្ត, ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត, កងកម្លាំងប្រដាប់អាវុធ, អាជ្ញាធរមូលដ្ឋាន និងអតីតយុទ្ធជន និងនិវត្តជន សរុបចំនួន ៧០០នាក់។ឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងជាប្រធាន អ.ន.ក.ខេត្ត បានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលបានផ្តល់អគារទីស្នាក់សម្រាប់មន្រ្តីបម្រើ និងផ្តល់សេវាជូនសមាជិកដែលមានតម្រូវការ ឬបញ្ហាប្រឈម។ ឯកឧត្តម វ៉ា ថន ថ្លែងថា ទីស្នាក់ការសមាគមខេត្ត នឹងក្លាយជាទីកន្លែងមួយបង្កលក្ខណៈងាយស្រួលសម្រាប់ទទួលការដោះស្រាយរាល់សំណើ និងសំណូមពររបស់សមាជិក។បន្ទាប់ពី ឯកឧត្តម អភិបាលខេត្ត មានមតិស្វាគមន៍, ឯកឧត្តម គន់ គីម មានប្រសាសន៍ថា យោងតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគម បានដាក់ចេញគោលការណ៍ក្នុងការកែសម្រួលសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាតាមបណ្តារាជធានី-ខេត្ត, ក្រុង- ស្រុក និងសាខាសមាគមឃុំ-សង្កាត់កាលពីកន្លងទៅ គឺដើម្បីផ្តល់លទ្ធភាពដល់ការអនុវត្តគោលការណ៍ និងការយកចិត្តទុកដាក់ជូនអតីតយុទ្ធជន និងនិវត្តជនទាំងអស់ដែលបានមកជ្រកក្រោមឆ័ត្រមួយរបស់សមាគម។ឯកឧត្តម គន់ គីម បញ្ជាក់ថា អតីតយុទ្ធជន និងនិវត្តជនទាំងអស់ដែលបានមកជ្រកក្រោមឆ័ត្រមួយរបស់សមាគម, គណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាលសមាគម បានសម្រេចរៀបចំប្រព័ន្ធគ្រប់គ្រងទិន្ន័យអតីតយុទ្ធជន និងនិវត្តជនដែលនឹងត្រូវដាក់ពាក្យចូលជាសមាជិក ឬសំណើផ្សេងៗដែលនឹងសម្រួលការងារបម្រើជូនសមាជិកទាំងអស់របស់សមាគម។ឯកឧត្តម គន់ គីម បញ្ជាក់ទៀតថា ប្រព័ន្ធគ្រប់គ្រងទិន្នន័យសមាជិកនេះ មានអត្ថប្រយោជន៍ក្នុងការអនុវត្តផែនការសកម្មភាពការងារ ដូចជា ការកំណត់អត្តសញ្ញាណសមាជិក និងក្រុមគ្រួសារក្នុងបន្ទុក, កំណត់បែងចែងចំពោះសមាជិកដែលជួបការលំបាកដើម្បីទទួលបានផ្ទះ និងដីសម្បទានសង្គមកិច្ច, កំណត់សមាជិកដែលទទួលបានប័ណ្ណសមធម៌ និងបន្តផ្តល់ប័ណ្ណសមធម៌ដល់សមាជិកដែលពុំទាន់ទទួលបាន ព្រមទាំងកំណត់ពីចំនួនសមាជិកមរណភាពដែលទទួលបានប្រាក់បេឡាមរណសង្គ្រោះ។ឯកឧត្តម គន់ គីម បន្តថា ការរៀបចំប្រព័ន្ធគ្រប់គ្រងទិន្នន័យនេះ គឺជាផ្នែកមួយស្របតាមយុទ្ធសាស្រ្ត បញ្ចកោណ ដំណាក់កាលទី១ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានទី១សមាគម ដោយកំណត់អាទិភាពលើ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ជាចុងបញ្ចប់ ឯកឧត្តម គន់ គីម បាននាំយកការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនអតីតយុទ្ធជន និងនិវត្តជនទាំងអស់ សូមរក្សាសុខភាពឱ្យបានល្អ ដើម្បីបន្តទទួលបានការយកចិត្តទុកដាក់ និងអត្ថប្រយោជន៍បន្ថែមទៀតពីរាជរដ្ឋាភិបាល៕

មន្រ្តីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវក្រាលបេតុង១ខ្សែ នៅស្រុកស្អាង ខេត្តកណ្តាល

2026/05/08 06:33:48 pm        22
មន្រ្តីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញបើកការដ្ឋានការងារលើកកម្រិតគុណភាពផ្លូវក្រាលបេតុងចំនួន១ខ្សែ មានប្រវែង ១ ៧០០ ម៉ែត្រ ដែលគម្រោងផ្លូវនេះគឺជាសមិទ្ធផលថ្មីជូនប្រជាពលរដ្ឋនៅឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល មានផ្លូវល្អសម្រាប់ធ្វើដំណើរ ការដឹកជញ្ជូនទំនិញ និងការរកស៊ីទទួលទានផ្សេងៗ។ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លើក ឡើងក្នុងពិធីបើកការដ្ឋានការងារលើកកម្រិតគុណភាពផ្លូវក្រាលបេតុងចំនួន១ខ្សែ មានប្រវែង ១ ៧០០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ និង សំណង់សិល្បការ្យផ្សេងៗ ស្ថិតនៅឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ នេះថា ជុំវិញការអភិវឌ្ឍ មានការរីកចម្រើនឥតឈប់ឈរនេះ បានកើតចេញពីនយោបាយឈ្នះ-ឈ្នះ ដែលដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា ធ្វើឱ្យកម្ពុជាទទួលបានសន្តិភាពពេញលេញ ដោយចាប់ផ្តើមមានឱកាសសម្រាប់ធ្វើការអភិវឌ្ឍប្រទេសជាតិ ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ ប្រជាពលរដ្ឋនៅទូទាំងប្រទេស “សន្តិភាពនាំមកនូវការអភិវឌ្ឍ” មានសន្តិភាពនាំឱ្យយើងទាំងអស់រស់នៅសុខសាន្ត និងមានក្តីសង្ឃឹម។ឯកឧត្តមរដ្ឋលេខាធិការ លើកឡើងបន្ថែមថា ជុំវិញការស្ថាបនាផ្លូវនេះ ក្រសួងអភិវឌ្ឍន៍ជនបទ ដែលជាសេនាធិការដ៏សំខាន់របស់រាជរដ្ឋាភិបាល បាននិងកំពុងចូលរួមយ៉ាងសកម្មក្រោមចក្ខុវិស័យលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតប្រជាជននៅតំបន់ ជនបទ ប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដើម្បីទទួលបាននូវការអភិវឌ្ឍ និងការរស់នៅដោយសុខដុម និងស៊ីវិល័យ ជាក់ស្តែងផ្លូវ១ខ្សែដែលបើកការដ្ឋាននាពេលនេះ បន្ទាប់ពីសាងសង់រួច ផ្លូវនេះនឹងបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ ចំណេញពេលវេលា និងកាត់បន្ថយការចំណាយលើការដឹកជញ្ជូនទំនិញ ឬផលិតផលផ្សេងៗទៅកាន់ទីផ្សារ និង ងាយស្រួលក្នុងការទទួលបាននូវសេវាសាធារណៈផ្សេងៗផងដែរ។ជុំវិញគម្រោងផ្លូវខាងលើនេះ, ឧត្តមសេនីយ៍ទោ ផាន់ ជីវ័ន្ត ប្រធានកងវិស្វកម្ម របស់នាយកដ្ឋានស្ថាបនា និងវិស្វកម្ម នៃអគ្គ- នាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ថ្លែងថា គម្រោងការងារលើកកម្រិតគុណភាពផ្លូវក្រាលបេតុងចំនួន១ខ្សែខាងលើនេះ គ្រោងស្ថាបនារយៈពេល ១២ខែ បន្ទាប់ពីការបើកការដ្ឋាននេះ, ក្នុងនោះលោកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅជាប់ នឹងគម្រោងស្ថាបនាផ្លូវនេះ សូមមានការយោគយល់ និងអធ្យាស្រ័យ ប្រសិនមានការប៉ះពាល់តិចតួចនៅពេលចាប់ផ្តើមស្ថាបនា ដើម្បី ទុកឱកាសដល់ក្រុមការងារស្ថាបនា ជំរុញការរស្ថាបនាឱ្យបានចប់ទៅតាមផែនការ ឬមុនផែនការ ដើម្បីឆ្លើយតបទៅនិងការរស់នៅ របស់ប្រជាពលរដ្ឋ មានផ្លូវល្អសម្រាប់ធ្វើដំណើរ។ឯកឧត្តម ប៉ាល់ ចន្ទតារា ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំតាលន់ ថ្លែងនូវការសាទរ ដែលបានផ្តល់ផ្លូវបេតុងជូន ប្រជាពលរដ្ឋ ដែលនេះបានបង្ហាញឱ្យឃើញអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវ ព្រោះផ្លូវ មានសារៈសំខាន់ណាស់ សម្រាប់ធ្វើដំណើរ និងបង្កើតបរិយាកាសដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន៕អត្ថបទ៖ សុន រ៉ាឌី

កម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ

2026/05/08 05:26:21 pm        141
នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមអាហារពេលព្រឹកការងារជាមួយ ឯកឧត្តម ឡេ មិញ ហ៊ុង (Le Minh Hung) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និង ឯកឧត្តម សនសៃ ស៊ីផាន់ដន (Sonexay Siphandone) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងឱកាសនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ នៅកោះសេប៊ូ សាធារណរដ្ឋហ្វីលីពីន។ ក្នុងឱកាសនៃជំនួប ថ្នាក់ដឹកនាំនៃប្រទេសទាំងបីបានសម្តែងនូវការរីករាយចំពោះទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ព្រមទាំងបានគូសបញ្ជាក់អំពីសារៈសំខាន់នៃជំនួបអាអាហារពេលព្រឹកជាប្រពៃណី រវាងនាយករដ្ឋមន្ត្រីទាំងបី ដែលជាវេទិកាសម្រាប់ការផ្លាស់ប្តូរព័ត៌មាន និងការលើកកម្ពស់បន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ។ ថ្នាក់ដឹកនាំក៏បានសង្កត់ធ្ងន់ថា ក្នុងបរិការណ៍ដែលស្ថានភាពតំបន់ និងពិភពលោកបន្តប្រែប្រួលប្រកបដោយភាពស្មុគស្មាញ ការបន្តពង្រឹងទំនាក់ទំនង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបីកាន់តែមានសារៈសំខាន់។ ថ្នាក់ដឹកនាំទាំងបី​ ក៏បានពិភាក្សាអំពីអាទិភាព និងគំនិតផ្តួចផ្តើមសំដៅជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ ក្នុងវិស័យនយោបាយ, សន្តិសុខ និងការពារជាតិ, សេដ្ឋកិច្ច និងពាណិជ្ជកម្ម, ការវិនិយោគ, ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត, ការតភ្ជាប់ថាមពល និងការតភ្ជាប់ទេសចរណ៍ រួមទាំងការបង្កើនជើងហោះហើរត្រង់ទៅវិញទៅមករវាងប្រទេសទាំងបី។ ក្នុងឱកាសនោះ សម្តេចធិបតីបានសង្កត់ធ្ងន់លើការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងការពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ ដោយផ្អែកលើឧត្តមភាពរៀងៗខ្លួននៃប្រទេសទាំងបី។ សម្តេចធិបតីក៏បានគូសបញ្ជាក់អំពីការបន្តជំរុញការតភ្ជាប់ផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរឆ្លងកាត់ព្រំដែន និងការផ្លាស់ប្តូរទំនិញ។ ជាមួយប្រទេសឡាវ សម្តេចធិបតីបានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធពន្លឿនការជ្រើសរើសទីតាំងសាងសង់ស្ពានឆ្លងកាត់ទន្លេរពៅ (កម្ពុជា) - ទន្លេសេឡាំផាវ (ឡាវ) ។ ជាមួយប្រទេសវៀតណាម សម្តេចធិបតីបានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធពន្លឿនការកំណត់ទីតាំងតភ្ជាប់គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងគម្រោងផ្លូវល្បឿនលឿនហូជីមិញ-ម៉ុកបៃ។ ជាមួយគ្នានេះ សម្តេចធិបតីក៏បានផ្តួចផ្តើមឱ្យមានការពិនិត្យលទ្ធភាពក្នុងការអភិវឌ្ឍគម្រោងតភ្ជាប់បណ្តាញអគ្គិសនីរវាងប្រទេសទាំងបី តាមរយ:ការប្រើប្រាស់បណ្តាញបញ្ជូនអគ្គីសនីដែលមានស្រាប់ ព្រមទាំងបានលើកទឹកចិត្តឱ្យអាជ្ញាធរពាក់ព័ន្ធ នៃប្រទេសទាំងបី ពិនិត្យលទ្ធភាពរៀបចំកញ្ចប់ផលិតផលទេសចរណ៍រួម។ មុននឹងបញ្ចប់ សម្តេចធិបតីបានអញ្ជើញថ្នាក់ដឹកនាំឡាវ និងវៀតណាម ចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ក្នុងខែវិច្ឆិកា ឆ្នាំនេះ៕

មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ កិច្ចប្រជុំគណៈកម្មការកិច្ចសហប្រតិបត្តិការ រក្សាសន្តិសុខរបៀបរៀបរយតាមបណ្តោយព្រំដែន កម្ពុជា-ឡាវ ឡាវ-កម្ពុជា លើកទី៤ ឆ្នាំ២០២៦

2026/05/08 04:51:51 pm        98
ភ្នំពេញ ៖ នៅរសៀលថ្ងៃសុក្រ ទី៨ ខែឧសភា ឆ្នាំ២០២៦ ដោយអនុវត្តន៍បទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅបន្ទប់ប្រជុំអគារសេនាធិការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ទោ ស សំបូរធន មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលផែនការងារប្រតិបត្តិការ និងផែនការងារហ្វឹកហ្វឺន-អន្តរាគមន៍ បានអញ្ជើញដឹកនាំអង្គប្រជុំដើម្បីផ្សព្វផ្សាយ ៖១) ផែនការ ការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ កិច្ចប្រជុំគណៈកម្មការកិច្ចសហប្រតិបត្តិការ រក្សាសន្តិសុខ របៀបរៀបរយតាមបណ្តោយព្រំដែនកម្ពុជា-ឡាវ ឡាវ-កម្ពុជា លើកទី៤ ឆ្នាំ២០២៦។២) ត្រួតពិនិត្យការត្រៀមរៀបចំបើកវគ្គបណ្តុះបណ្តាលនាយទាហានរងនៃកងរាជអាវុធហត្ថ ជំនាន់ទី៤៨។កិច្ចប្រជុំផ្សព្វផ្សាយផែនការនេះមានការអញ្ជើញចូលរួមពីសំណាក់នាយសេនាធិការរង ស្នងការ ស្នងការរង នាយកវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល មេបញ្ជាការគ្រប់អង្គភាពចំណុះអ.ហ.ផ.ទ និងបានភ្ជាប់វីដេអូ Conference ទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី-ខេត្តដែលមានការពាក់ព័ន្ធ។

គ.វ.រ. បើកកិច្ចប្រជុំពិភាក្សាលើរបៀបវារៈសំខាន់ៗចំនួន៤ បន្ថែមទៀត ដើម្បីពន្លឿន​ការ​កែទ​ម្រង់​រដ្ឋបាល​សាធារណៈ

2026/05/08 04:46:39 pm        169
លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ (គ.វ.រ.) របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានបើកកិច្ចប្រជុំលើកទី១៤ របស់​ខ្លួន ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈសំខាន់ៗចំនួន ៤ ដែលសុទ្ធ​សឹង​ជា​សមិទ្ធ​ផល​ថ្មីៗ​នៃការអនុវត្តវិធានការគន្លឹះទាំង៣ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ។កិច្ចប្រជុំនេះ ត្រូវបានដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃ គ.វ.រ. ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវជារដ្ឋមន្ត្រី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី សមាជិក-សមាជិកានៃ គ.វ.រ. និងថ្នាក់ដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប។របៀបវារៈសំខាន់ៗទាំង៤ ដែលត្រូវបានលើកយកមកពិភាក្សា ដើម្បីសម្រួចការងារកែទម្រង់ឱ្យកាន់តែមានប្រសិទ្ធភាព អង្គប្រជុំបានផ្តោតការពិភាក្សាយ៉ាងយកចិត្តទុកដាក់លើរបៀបវារៈទាំង ៤ រួមមាន៖ (១). របាយការណ៍វឌ្ឍនភាពនៃការអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្ម ក្នុងរដ្ឋបាលសាធារណៈ (២). សេចក្តីព្រាងអនុក្រឹត្យស្តីពីការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំ ស្តីពីការកំណត់ និងការពិពណ៌នាមុខតំណែង (៣). សេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា (៤). សេចក្តីព្រាងអនុក្រឹត្យស្តីពីបណ្តាញអគ្គលេខាធិការដ្ឋាន ក្រសួង-ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ។មានប្រសាសន៍បើកកិច្ចប្រជុំ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានរំលឹកឡើងវិញអំពីទិដ្ឋភាពទូទៅ និងប្រវត្តិនៃការកែទម្រង់រដ្ឋបាលសាធារណៈនៅក្នុងបរិបទកម្ពុជា ដែលជាការប្តេជ្ញាចិត្តចំពោះការធ្វើទំនើបកម្មរដ្ឋបាលសាធារណៈ។ ឯកឧត្តមបានគូសបញ្ជាក់យ៉ាងច្បាស់ពីសារៈសំខាន់នៃការអនុវត្តវិធានការគន្លឹះទាំង៣ ក្នុងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដែលជាកិច្ចការងារអាទិភាពរបស់រាជរដ្ឋាភិបាល។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាល នឹងបន្តពង្រឹងប្រព័ន្ធរដ្ឋបាលសាធារណៈឱ្យកាន់តែមុតស្រួច សំដៅធ្វើទំនើបកម្មស្ថាប័នរដ្ឋ ឱ្យក្លាយទៅជារដ្ឋបាលសាធារណៈទំនើប ប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ។ឆ្លៀតក្នុងឱកាសនោះ ក្នុងនាមក្រសួងមុខងារសាធារណៈ និងជាលេខាធិការដ្ឋាន គ.វ.រ. ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ភាគីពាក់ព័ន្ធទាំងអស់ ចំពោះកិច្ចសហការដ៏ល្អកន្លងមក ដែលបានរួមគ្នាប្រែក្លាយចក្ខុវិស័យរបស់សម្តេចធិបតី ឱ្យលេចចេញជារូបរាង និងលទ្ធផលជាក់ស្តែង ស្របតាមអភិក្រម «ពង្រឹងជាជាងពង្រីក» និង «រៀបចំផ្ទះឱ្យរៀបរយ»។ គួរជម្រាបជូនផងដែរថា របាយការណ៍ និងសេចក្តីព្រាងអនុក្រឹត្យទាំងឡាយដែលកំពុងពិនិត្យ និងពិភាក្សានេះ សុទ្ធសឹងតែបានឆ្លងកាត់ការពិភាក្សាយ៉ាងម៉ត់ចត់ជាច្រើនលើករួចមកហើយ ទាំងក្នុងកម្រិតបច្ចេកទេស និងកម្រិតអន្តរក្រសួង ដើម្បីប្រមូលធាតុចូល និងមតិយោបល់ពីក្រសួង-ស្ថាប័នពាក់ព័ន្ធ រួមទាំងការដ្ឋានកែទម្រង់ទាំង៥ របស់រាជរដ្ឋាភិបាលផងដែរ៕

សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី នៅហ្វីលីពីន

2026/05/08 04:44:30 pm        111
នៅរសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអញ្ជើញជួបជាមួយ ឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្នុងជំនួបទ្វេភាគី និងពិភាក្សាការងារ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ប្រទេសហ្វីលីពីន។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អបអរសាទរ ក្រុមបាល់បោះអង្គុយជនពិការកម្ពុជាទាំងបុរស និងនារី ឈ្នះមេដាយ​មាសការ​ប្រកួត​កម្រិត​អាស៊ី
06/05/2026 10:06 AM
គ្រួសារ Glazer ពិចារណាលក់ភាគហ៊ុននៅ Manchester United ក្រោយកាន់កាប់ក្លិបជាង ២០ ឆ្នាំ
06/05/2026 10:06 AM
លោកប្រធានាធិបតីចិន Xi Jinping នឹងទៅបំពេញទស្សនកិច្ចកូរ៉េខាងជើងនៅថ្ងៃទី ៨ដល់ ៩ ខែមិថុនាខាងមុខ
06/05/2026 10:06 AM
គណៈកម្មការប្រតិបត្តិ Soccer League បង្ហើបមហិច្ឆតាធំមួយ សម្រាប់ត្រៀមខួបលើកទី១០
06/05/2026 09:06 AM
លីបង់៖ កិច្ចព្រមព្រៀងបទឈប់បាញ់ដ៏ទូលំទូលាយ ជាឱកាសចុងក្រោយរបស់ខ្លួនក្នុងពេលក្រុមហេសបូឡា ច្រានចោល
06/05/2026 09:06 AM
គោព្រៃកម្ពុជា ទទួលបានការសសើរពីគ្រូទាំងសងខាង ក្រោយយកឈ្នះប៊ូតង់ ៤-០
06/05/2026 09:06 AM
អង្គការឃ្លាំមើលនុយក្លេអ៊ែររបស់ UN បានលើកឡើងពីការព្រួយបារម្ភនៃការរីកសាយនៅទីតាំងរបស់អ៊ីរ៉ង់
06/05/2026 09:06 AM
មេដឹកនាំអ៊ុយក្រែន សន្យាកំណត់ពេលវេលាច្បាស់លាស់សម្រាប់ការចរចាស្តីពីសមាជិកភាពសហភាពអឺរ៉ុប
06/05/2026 09:06 AM
កម្ពុជា រកឃើញសត្វព្រៃសំខាន់ៗជាច្រើននៅភាគខាងជើងប្រទេស
06/05/2026 09:06 AM
មេដឹកនាំអ៊ុយក្រែន ស្នើឲ្យមានជំនួបពិភាក្សាទល់មុខគ្នាក្នុងលិខិតបើកចំហរផ្ញើទៅកាន់លោក Putin
06/05/2026 09:06 AM